Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នារសៀលថ្ងៃទី ២២ ខែកុម្ហ: ឆ្នាំ២០១៧ នេះ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសឆ្នាំទី១ ទី២ និង ទី៣ របស់មហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" សរុបប្រមាណជាង៤០០នាក់ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី "ការតម្រង់ទិសនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស" នៅសាលសាស្រ្តាចារ្យ មី សាមឺឌី ជាន់ទី៩ អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣) ទីតាំងទី១ នៃ ស.វ.ស។ សិក្ខាសាលានេះ ប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស និង វត្តមានអញ្ជើញចូលរួមពីសំណាក់លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង មន្រ្តីរាជការ បុគ្គលិក របស់មហាវិទ្យាល័យវេជ្ជសាស្រ្ត និង ឯកឧត្តម លោក-លោកស្រ្តីសាស្រ្តាចារ្យ ជាប្រធាន អនុប្រធានដេប៉ាតីម៉ង់ទាំង២១ ថ្នាក់វេជ្ជបណ្ឌិតឯកទេសរបស់មហាវិទ្យាល័យវេជ្ជសាស្រ្ត។ មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមសាកលវិទ្យាធិការបានសម្តែងនូវការអបអរសាទរចំពោះនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងអស់ ជាពិសេសនិស្សិតឆ្នាំទី១ថ្មី ដែលទើបនឹងប្រឡងជាប់ចូលរៀននាឆ្នាំសិក្សាថ្មីនេះ។ ឯកឧត្តមបានលើកឡើងពីការរីកចម្រើនក្នុងការបណ្តុះបណ្តាលនៅមហាវិទ្យាល័យវេជ្ជសាស្រ្ត ក៏ដូចជាសាកលវិទ្យាល័យទាំងមូល ពីការបង្រៀនតែទ្រឹស្តី (Content Based) ធ្វើយ៉ាងណាខិតខំកែសម្រួលដោយផ្តោតទៅលើចំណេះធ្វើជាគោល (Competency Based Education) តាមរយៈការអនុវត្តន៏ដោយផ្ទាល់នៅមន្ទីពិសោធន៍បង្ហាញត្រាប់ (Skill and Simulation Laboratory) របស់សាកលវិទ្យាល័យ ឱ្យច្រើនបំផុតតាមតែអាចធ្វើទៅបាន។  ឯកឧត្តមសាកលវិទ្យាធិការបានស្នើសុំលោក-លោកស្រ្តីសាសាចារ្យទាំងអស់ មេត្តាជួយ និង ការគាំទ្របន្ថែមទៀត ដើម្បីឱ្យការបណ្តុះបណ្តាលនៅ ស.វ.ស ឈានទៅរកការបណ្តុះបណ្តាលបែប Competency Based Education ដែលមានការបង្រៀនទ្រឹស្តី និង ការអនុវត្តផ្ទាល់នៅមន្ទីពិសោធន៍បង្ហាញត្រាប់ មុននឹងការអនុវត្តជាមួយនឹងអ្នកជំងឺដោយផ្ទាល់។ ជាមួយគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានបង្ហាញពីឱកាសសម្រាប់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ស.វ.ស ក្នុងការបន្តការសិក្សារបស់ខ្លួននៅប្រទេសបារាំង តាមរយៈការផ្តល់អាហារូបករណ៏ពីរដ្ឋាភិបាលបារាំង។ ឯកឧត្តមបានក្រើនរំព្ញកដល់និស្សិតទាំងអស់ត្រូវខិតខំរៀនភាសាបន្ថែម ពិសេសគឺភាសាបារាំង និង ភាសាអង់គ្លេស ដើម្បីអាចមានឱកាសទៅសិក្សាបន្តបន្ថែមទៀតនៅបរទេស។ ឯកឧត្តមសាកលវិទ្យាធិការ បានគោរពថ្លែងនូវអំណរគុណជូនចំពោះឯកឧត្តម លោក-លោកស្រ្តីសាស្រ្តាចារ្យ ទាំងអស់ដែលបានគាំទ្រដោយគ្មានលក្ខខណ្ឌដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ គួរបញ្ជាក់ផងដែរថា សិក្ខាសាលាការតម្រង់ទិសនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់សាកលវិទ្យាល័យក្នុងគោលបំណងបង្ហាញផ្លូវជូននិស្សិតថ្នាក់ឯកទេសចូលរៀនឆ្នាំសិក្សាថ្មីនៅស.វ.ស បានជ្រាបបន្ថែមទៀតអំពីបទបញ្ជាផ្ទៃក្នុងសម្រាប់និស្សិតស.វ.ស អំពីកម្មវិធីសិក្សា សេវានិស្សិត ការទំនាក់ទំនងរបស់និស្សិត ផែនការយុទ្ធសាស្រ្ត ចក្ខុវិស័យ និង ការរៀបចំឯកសារសម្រាប់បន្តការសិក្សានៅប្រទេសបារាំង ក្នុងកម្មវិធី DFMS-DFMSA ផងដែរ។ ----------------------- + Website: http://www.uhs.edu.kh/  + Social Media: https://www.facebook.com/uhs.edu.kh + Youtube: https://www.youtube.com/UHSEduKh

Share

ប្រសិនបើអ្ននកចង់យល់ដឹងអំពីជំងឺទឹកនោមផ្អែមប្រភេទទី១ សូមធ្វើការតាមដានជាមួយនឹងកិច្ចសម្ភាសន៍រវាងហេលស៍ថាម និង វេជ្ជបណ្ឌិត សេង សេរី អ្នកឯកទេសជំងឺទឹកនោមផ្អែម  ដែលកំពុងបម្រើការងារនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) និងមានគ្លីនិកផ្ទាល់ខ្លួនមួយផងដែរ។ ការប្រឈមទៅនឹងជំងឺ ជំងឺទឹកនោមផ្អែមប្រភេទទី១ ច្រើនកើតមានតាំងពីកូនក្មេងហើយអ្នកជំងឺត្រូវតែព្យាបាលដោយការចាក់អាំងស៊ុយលីន ជារៀងរាល់ថ្ងៃតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ អ្នកជំងឺអាចរស់នៅ រៀនសូត្រ ប្រកបការងារបានជាធម្មតាហើយមានអាយុយឺនយូរដូចអ្នកដទៃ គ្រាន់តែត្រូវការចាក់អាំងស៊ុយលីនមួយជីវិតតែប៉ុណ្ណោះ។ មាតាបិតាដែលមានកូនកើតជំងឺទឹកនោមផ្អែមប្រភេទទី១នេះ មិនត្រូវអស់សង្ឃឹម ឬបន្ទោសទៅលើបាបកម្ម ព្រេងវាសនានោះទេ គឺមាតាបិតាត្រូវតែបំពេញកាតព្វកិច្ចដែលជាគម្រូល្អ ដោយមានទំនួលខុសត្រូវខ្ពស់ដោយនាំកូនទៅជួបគ្រូពេទ្យឯកទេស ជួយលើកទឹកចិត្តកូនឲ្យប្រកាន់ខ្ជាប់ជាប្រចាំនូវដំបូន្មានគ្រូពេទ្យ មាតាបិតាត្រូវចងចាំថាកូនលោកអ្នកអាចមានប្រាជ្ញា ស្មារតីឆ្លាតវាងវៃ មិនចាញ់អ្នកដទៃឡើយ។ ផលវិបាកនៃជំងឺ ជាក់ស្តែង អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ច្រើនក្នុងពិភពលោកដែលទទួលបានជោគជ័យក្នុងជីវិតទាក់ទងនឹងកម្លាំងកាយ ឬប្រាជ្ញាស្មារតី គឺគេអាចក្លាយជាអ្នកសិល្បៈ កីឡាករ និងអ្នកវិទ្យាសាស្រ្តល្បីៗលើលោក។ ក្នុងនោះផងដែរ លោកBret Michaels ជាជនជាតិអាមេរិចមួយរូប ដែលបានកើតជំងឺទឹកនោមផ្អែមប្រភេទទី១នេះតាំងពីអាយុ៦ឆ្នាំ ហើយក៏បានធ្វើការចាក់អាំងស៊ុយលីនមួយថ្ងៃ៤ដង ជារៀងរាល់ថ្ងៃ។ សព្វថ្ងៃនេះ គាត់ជាអ្នកចម្រៀងរ៉ុកដ៏ល្បី ព្រមទាំងជាអ្នកនិពន្ធបទភ្លេងផង និងអ្នកដឹកនាំរឿងផងដ សិល្បករផង ហើយរកលុយបានរាប់លានដុល្លារ រហូតផ្តល់លុយជួយដល់សមាគមជំងឺទឹកនោមផ្អែមឲ្យខិតខំស្រាវជ្រាវរកថ្នាំមកព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាទៅថ្ងៃអនាគត។ នេះសរបញ្ជាក់ថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ក៏នៅតែមានប្រាជ្ញាស្មារតី និងភាពឆ្លាតវៃដូចអ្នកធម្មតាផងដែរ។ ការប្រើប្រាស់ថ្នាំ ថ្នាំអាំងស៊ុយលីន ជាអរម៉ូនអាំងស៊ុយលីនដែលគេចម្រាញ់វាដាក់ក្នុងដប អំពូល ជាស្ទីឡូ ឬ ជានាឡិកាសម្រាប់ចាក់ក្រោមស្បែកចូលក្នុងស្រទាប់ខ្លាញ់ ឬសរសៃព្យាបាលអ្នកជំងឺទឹកនោមផ្អែមឲ្យរស់នៅបានយូរដូចមនុស្សធម្មតា។ ចំពោះអ្នកជំងឺទឹកនោមផ្អែមខ្លះ ដែលកំពុងព្យាបាលដោយថ្នាំគ្រាប់ គ្រូពេទ្យអាចប្តូរមកចាក់អាំងស៊ុយលីនភ្លាមវិញ នៅក្នុងករណីមានការវះកាត់ជំងឺធ្ងន់ធ្ងរផ្សេងៗ ឬករណីពិសេសផ្សេងៗទៀត។ ថ្នាំនេះមានច្រើនប្រភេទ ដែលគ្រូពេទ្យឯកទេសជាអ្នកជ្រើសរើស អ្វីដែលសំខាន់នោះ គឺអ្នកជំងឺត្រូវចាំគ្រូពេទ្យប្រាប់ថា តើអ្នកត្រូវចាក់ប៉ុន្មានដងក្នុងមួយថ្ងៃ? ប៉ុន្មាននាទីមុនបាយ? ឬចាក់រាល់ថ្ងៃ នៅម៉ោងប៉ុន្មាន? ដោយមិនគិតពីពេលទទួលទានបាយ។ ជម្រើសទាំងនោះ គឺអាស្រ័យលើ រយៈពេលនៃការចាប់ផ្តើមធ្វើសកម្មមភាពរបស់ថ្នាំ រយៈពេលសកម្មភាពរបស់ថ្នាំខ្ពស់បំផុត និងរយៈពេលសកម្មភាពរបស់ថ្នាំធម្មតា៖ •ចាក់មួយថ្ងៃ៤ដង សម្រាប់ថ្នាំដែលមានសកម្មភាពបានចន្លោះពី៤ទៅ៦ម៉ោង •ចាក់មួយថ្ងៃ២ដង សម្រាប់ថ្នាំដែលមានសកម្មភាពបាន១២ម៉ោង •ចាក់មួយថ្ងៃ១ដង សម្រាប់ថ្នាំដែលមានសកម្មភាពបាន២៤ម៉ោង វិធីប្រើប្រាស់ថ្នាំ ចំពោះលក្ខណៈរូបនៃថ្នាំ ថ្នាំខ្លះយើងមើលទៅឃើញមានពណ៌សថ្លា ខ្លះពណ៌សល្អក់ ដូចទឹកបាយ។ ពេលចាក់ យើងត្រូវគ្រលែងវា២ទៅ៣ដង (ចៀសវាងកុំក្រឡុកវា ព្រោះវាធ្វើឲ្យបែកគ្រាប់ថ្នាំ ហើយបណ្តាលឲ្យបាត់បង់ប្រសិទ្ធភាពរបស់ថ្នាំ) ឲ្យវាមានល្បាយស្មើរសាច់ល្អ ទើបយើងចាក់វា។ អាំងស៊ុយលីនអាចចាក់ចូលទៅក្នុងសរសៃវ៉ែន ឬលាយបញ្ចូលក្នុងសេរ៉ូមបាន តែវិធីនេះមានតែគ្រូពេទ្យទេដែលអាចយល់ពីការប្រើប្រាស់របស់វាបាន។ កន្លែងចាក់អាំងស៊ុយលីនលើខ្លួនយើងមានច្រើនកន្លែង គឺនៅលើស្បែកពោះជុំវិញផ្ចិត នៅលើសាច់ដុំដើមដៃទាំងសងខាងនៅលើសាច់ដុំភ្លៅទាំងសងខាង និងនៅលើកំប៉េះគូថទាំងសងខាង។ អ្នកជំងឺត្រូវចាក់តាមទីកន្លែងដែលគ្រូពេទ្យរបស់អ្នកបានប្រាប់ មិនត្រូវចាក់តាមចិត្តឯងនោះទេ។ ជាទូទៅ យើងប្រើម្ជុលចាក់ក្រោមស្បែក បានសេចក្តីថាយើងចាក់ឲ្យថ្នាំចូលទៅក្នុងស្រទាប់ខ្លាញ់នៃខ្លួនយើង ទើបថ្នាំនោះមានប្រសិទ្ធភាពល្អតាមដែលយើងចង់បាន។ របៀបចាក់វាអាស្រ័យទៅនឹសណ្ឋានស្បែកពោះ និងប្រវែងរបស់ម្ជុល មានន័យថា ម្ជុលលើសពី១០មម ឡើងទៅ ហើយស្បែកពោះឲ្យជ្រួញបន្តិច ហើយយើងចាក់ទៅលើកន្លែងជ្រីវជ្រួញនោះ។ បើអ្នកមានស្បែកពោះក្រាស់ ឬដុះពោះ យើងអាចចាក់ត្រង់៩០អង្សាតែម្តង ចំពោះម្ជុលដែលមានប្រវែងតិចជាង៥មម គឺយើងអាចចាក់វាត្រង់៩០អង្សាតែម្តង។ ការទុកដាក់ថ្នាំ អ្នកជំងឺទឹកនោមផ្អែមភាគច្រើនតែងមានកង្វល់ច្រើនអំពីការទុកដាក់អាំងស៊ុយលីន ហើយតែងតែយកលេសនេះ ដើម្បីបដិសេធការព្យាបាលថ្នាំនេះ។ តាមការពិតទៅ  អាំងស៊ុយលីនដែលត្រូវបានបើកគម្របហើយ យើងអាចរក្សាទុកតាមខ្លួនបានដដែល(ដូចជា សំពៀតខោអាវ សំពៀតកាបូបធ្វើការ ឬកាបូបលុយ ហើយចំពោះពពួកដូចស្ទីឡូ គេអាចទុកវាក្នុងហោប៉ៅអាវដូចប៊ិច)។ ធ្វើយ៉ាងណាកុំឲ្យតែត្រូវពន្លឺថ្ងៃ និងកំដៅខ្លាំងពេក។ វាអាចរក្សាប្រសិទ្ធភាពរបស់វាល្អក្នុងខែទី១ ហើយដល់ខែទី២ ឬ៣ វាអាចបាត់បង់ប្រសិទ្ធភាពវាខ្លះៗ។ ដូច្នេះ អាំងស៊ុយលីនដែលយើងចង់ទុកប្រើច្រើនខែតទៅមុខទៀត ហើយមិនទាន់បើកគ្របប្រើ យើងគួរទុកវាក្នុងទូទឹកកក  ធុងទឹកកក(តែកុំឲ្យកក) ឬធ្វើការខ្ចប់ជាមួយនឹងថង់កៅស៊ូចងសណ្តូនជាមួយដុំថ្ម ហើយទម្លាក់ទៅក្នុងក្អម ពាង ឬអាងទឹកដែលនៅក្នុងម្លប់។ មានតែការចាក់ថ្នាំ និងតាមដានជាប្រចាំប៉ុណ្ណោះទើបអាចជួយឲ្យអ្នកជំងឺទឹកនោមផ្អែមចៀសផុតនូវសោកនាដកម្មជាច្រើនដែលអាចនឹងកើតមាន ហើយការរស់នៅទៀតសោតក៏បានយូរអង្វែង និងអាចប្រកបការងារចិញ្ចឹមជីវិតបានដូចអ្នកដែលគ្មានជំងឺទឹកនោមផ្អែម។ ហេតុនេះហើយ សាមីខ្លួនផ្ទាល់ ក៏ដូចជាឳពុកអ្នកម្តាយនៃអ្នកជំងឺទឹកនោមផ្អែម គប្បីមើលថែទាំសុខភាពខ្លូនឲ្យបានឌិតដល់ ហើយប្រសិនបើមានចម្ងល់ ឬបញ្ហាចោទអ្វី ត្រូវធ្វើការសាកសួរ ឬប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ ដោយចៀសវាងជាដាច់ខាតនូវការជឿតាមតៗគ្នា។

Share

ដោយសារតែការមមាញឹកនឹងការងារ ឬបំណងចង់ផ្លាស់ប្តូរបរិយាកាសការទទួលទានអាហារ បុគ្គលក៏ដូចជាក្រុមគ្រួសារមួយចំនួនមានទំនោរ និងចំណូលចិត្តក្នុងការភ្លក្សនូវរសជាតិថ្មី តាមរយៈការទទួលទានអាហារនៅតាមភោជនីយដ្ឋានផ្សេងៗ។ យើងខ្ញុំ សូមធ្វើការណែនាំនូវចំណុចខ្លះៗដែលលោកអ្នកគួរធ្វើការពិចារណារាល់ពេលអ្នកចេញទៅទទួលទានអាហារនៅក្រៅផ្ទះ ៖ •ពិនិត្យស្ថានភាពហាង ៖  ចំណាប់អារម្មណ៍ដំបូង គឺជាចំណុចមួយដែលមិនអាចមើលរំលងបាន។ ប្រសិនបើមានការរៀបចំខាងក្រៅប្រកបដោយភាពទាក់ទាញ និងផាសុកភាពនោះ មិនថាយើងមិនថាគេប្រាកដជាចង់ចូលមិនខានទេ។ •បញ្ជីម្ហូបអាហារ ៖ ដើម្បីចៀសវាងបញ្ហាខកចិត្ត ឬភ្ញាក់ផ្អើល អ្នកគួរពិនិត្យមើលតម្លៃម្ហូបអាហារជាមុនសិន មុននឹងធ្វើការកុម្ម៉ង់ម្ហូបអាហារ ឬភេសជ្ជៈសម្រាប់ទទួលទាន។ •បុគ្គលិកបម្រើសេវាកម្ម ៖ ដោយសារតែបញ្ហាចំណីអាហារអាចនឹងបង្កផលប៉ះពាល់ច្រើនដល់សារពាង្គកាយស្ទើរតែទាំងមូល ជាពិសេសប្រព័ន្ធរំលាយអាហារ ហេតុនេះហើយបុគ្គលិកជាពិសេសផ្នែកលើកម្ហូប ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់អនាម័យជានិច្ច។ •អនាម័យម្ហូបអាហារ ៖  ភោជនីយដ្ឋានភាគច្រើនផ្តោតលើចំណុចនេះខ្លាំងជាងគេ ដោយដាក់លក់នូវម្ហូបអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ អនាម័យខ្ពស់ និងសេវាកម្មល្អ ព្រោះជាប្រភេទអាជីវកម្មផ្នែកចំណីអាហារ តែក៏មានហាងខ្លះ បើកឲ្យតែបើក ហើយលក់ក៏មិនខ្វល់ខ្វាយពីអតិថិជនទៀត។ •កន្លែងចម្អិនម្ហូបអាហារ ៖ កន្លែងចម្អិនអាហារក្នុងហាងមួយចំនួនបើកចំហ ដែលអាចឲ្យភ្ញៀវពិនិត្យមើលការចម្អិនអាហាររបស់ចុងភៅបាន។ ហេតុនេះហើយ អ្នកអាចពិនិត្យមើលថាតើមានអនាម័យឬទេ។ •ម្ហូបអាហារ ៖ ទទួលទានតែអាហារណាដែលក្តៅ  ឬទើបតែចម្អិនហើយ ព្រោះថាអាហារដែលត្រជាក់អាចជាអាហារដែលត្រូវបានទុកយូរ ដែលអាចបណ្តាលឲ្យមានការលូតលាស់របស់បាក់តេរី។ •ភេសជ្ជៈ ៖ បើជាភេសជ្ជៈកំប៉ុង ឬដប អ្នកគួរចាំធ្វើការបើកដោយខ្លួនឯង ដើម្បីចៀសវាងបញ្ហាផ្សេងៗ។ •អាហារគួរចៀសវាង ៖ អ្នកគួរចៀសវាងការទទួលទានសាច់ ស៊ុត ឬអាហារដែលចម្អិនមិនទាន់ឆ្អិនល្អ។ ប្រសិនបើជួបប្រទះនឹងបញ្ហានេះ សូមកុំរារែកក្នុងការសុំឲ្យគេធ្វើការចម្អិនបន្ថែមទៀត។

Share

ពីមុន បើប្រាប់គេថាអ្នកចូលចិត្តអានសៀវភៅ ដូចជាមិនមានអ្វីប្លែកប៉ុន្មានទេ ប៉ុន្តែបច្ចុប្បន្នគឺពិតជាប្លែក។ សម័យដែលរាល់គ្នាមានសកម្មភាព និងនិន្នាការប្លែកៗជាច្រើន ឯបច្ចេកវិទ្យាក៏កាន់តែទំនើប តើមានអ្នកណាខ្លះនៅតែចូលចិត្តចំណាយពេលវេលាជាមួយសៀវភៅ? ប៉ុន្តែការអានត្រូវបានជម្រុញ និងលើកទឹកចិត្តជាបន្តបន្ទាប់ពីសំណាក់ស្ថាប័ន អង្គការនានា ជាពិសេសយុវជនជាច្រើននៅតាមសាលា និងសហគមន៍ ដោយបង្កើតជាក្លឹបសម្រាប់អ្នកអាន និងសកម្មភាពផ្សេងៗ។ រីឯវត្ដមាននៃបណ្ណាល័យជាច្រើនដែលបើកជាសេរីដល់អ្នកអាន ក៏ដូចជាបណ្ណាល័យចល័តនានានៅតាមសហគមន៍ក៏បញ្ជាក់អំពីការលើកទឹកចិត្តឲ្យមានការអានផងដែរ។ ជាពិសេស យុវជនគំរូមួយចំនួនបានកា្លយជានិមិត្តរូបរបស់មិត្តយុវវ័យ ក៏ដូចជាប្រជាជនទូទៅតាមរយៈការអានរបស់ពួកគេទៀតផង។ ជាលទ្ធផល ការអានហាក់ដូចជាបានទទួលការគាំទ្រយ៉ាងខ្លាំងពីមនុស្សសម័យថ្មីតែម្តង។ ជុំវិញ trend ថ្មីនេះដែរ អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់យុវជនគំរូមួយរូបគឺលោក លី តារា ជាមួយនឹងបទពិសោធន៍នៃការអានសៀវភៅបានដល់ទៅ៧៧៩ក្បាលក្នុងរយៈពេល៣ឆ្នាំ ដែលពេលនេះ លោកនឹងចូលរួមចែករំលែកដល់អ្នកទាំងអស់គ្នា តាមរយៈ ហេលស៍ថាម ទាក់ទិននឹងបទពិសោធន៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ។ ហេលស៍ថាម៖    តើអ្វីទៅដែលគួរឲ្យចាប់អារម្មណ៍អំពីការអាន? តារា៖ គឺវាបង្រៀនឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលចេះគិតគូរច្រើនជាងមុន ព្រមទាំងចេះវែកញែកវិភាគនូវរឿងរ៉ាវកើតឡើងចំពោះសាច់រឿង  ជាពិសេសខ្លឹមសារនីមួយៗក្នុងសៀវភៅ  ដោយពេលខ្លះគ្រាន់តែជួបប្រទះនូវពាក្យអ្វីមួយ យើងអាចគិតភ្លាមៗជាក់ស្តែងមកក្នុងស្ថានភាពដែលយើងកំពុងរស់នៅ ហើយយកមកអនុវត្តដើម្បីឲ្យការរស់នៅកាន់តែល្អប្រសើរ។ ភាពវៃឆ្លាត និងរហ័សរហួនទាំងនេះសុទ្ធតែបានមកពីការអានសៀវភៅច្រើន។ ហេលស៍ថាម៖ តើការអានប្រកបដោយប្រសិទ្ធភាពគួរតែមានលក្ខណៈបែបណា? តារា៖ ប្រសិទ្ធភាពនៃការអានមានកត្តា៣សំខាន់ៗ៖ ល្បឿន ការយល់ និងការចងចាំ។ អ្នកចាប់ផ្តើមអានដំបូងគឺមានការពិបាកបន្តិចដើម្បីឲ្យកត្តាទាំង៣នោះមានលំនឹង ដូច្នេះអ្នកគួរកុំខ្វល់ច្រើន គួររៀនជាសន្សឹមៗ ឬក៏អាចចាប់ផ្តើមអនុវត្តនូវចំណុចណាមួយខាងលើសិន។ ហេលស៍ថាម៖ វិធីសាស្រ្តអ្វីដែលតារាប្រើ   ដើម្បីបង្កើតទម្លាប់អានបានប្រសើរយ៉ាងនេះ? តារា៖ ដើម្បីបង្កើតឲ្យបានទម្លាប់អានមួយជោគជ័យគឺយើងត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់អំពីសារប្រយោជន៍បន្ទាប់ពីអានសៀវភៅ។ ហើយអ្វីដែលជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំកន្លងមក គឺខ្ញុំមានវិធីសាស្រ្ត ជំពាក់ខ្លួនឯង។ ជារឿយៗ យើងអាចនឹងមិនអានឲ្យចប់នូវអ្វីដែលយើងបានកំណត់ទុកនោះទេ ដូចនេះយើងអាចជំពាក់ទំព័រ ឬសៀវភៅដែលយើងកំពុងអានបាន។ ឧទាហរណ៍ យើងកំណត់ថាក្នុងមួយអាទិត្យនេះ យើងត្រូវតែអានបញ្ចប់សៀវភៅមួយក្បាលដែលមាន២៥០ទំព័រ តែផ្ទុយទៅវិញ យើងអានចប់បានត្រឹមតែ២០០ទំព័រតែប៉ុណ្ណោះ ដូច្នេះក្នុងអាទិត្យថ្មីយើងក៏ចាប់ផ្តើមអានសៀវភៅថ្មី តែដោយសារតែយើងបានជំពាក់ទំព័រខ្លួនឯងនៅសៀវភៅចាស់ ដូច្នេះយើងបានពន្លឿនការអានសៀវភៅថ្មីឲ្យឆាប់ចប់ និងអានសងទំព័រសៀវភៅចាស់វិញ។ ស្តាប់ទៅដូចជាត្រូវចំណាយពេលច្រើន អញ្ចឹងយើងក៏គួរតែបង្កើតទម្លាប់អានឲ្យបានរាល់ថ្ងៃ គ្រប់នាទីដែលយើងគិតថាអាចអានសៀវភៅបានដូចជាមុនពេលញុំាបាយ និងរង់ចាំមិត្តភក្តិជាដើម។ ដោយឡែក អ្នកអានច្រើនចូលចិត្តសេរីភាព មិនចូលចិត្តដាក់សម្ពាធ ដូច្នេះការទម្លាប់អានតាមសម្រួល មិនបង្ខំ អាចធ្វើឲ្យការអានមានការរីកចម្រើន និងពេញចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ។ ហេលស៍ថាម៖ រហូតមកដល់ពេលនេះ តើតារាបានទទួលបានអត្ថប្រយោជន៍អ្វីខ្លះហើយពីការអាន? តារា៖ តាមបទពិសោធន៍អានកន្លងមក    ខ្ញុំបានទទួលអត្ថប្រយោជន៍ច្រើនដែលខ្ញុំមិនធ្លាប់ដឹងពីមុន តួយ៉ាងខ្ញុំលែងមានអារម្មណ៍ថាខ្លាចគេ ព្រោះជាធម្មតានៅក្នុងបរិបទសិក្សា ឬការងារតែងមានការប្រកួតប្រជែង តែដោយសារខ្ញុំបានអានសៀវភៅច្រើនដូច្នេះខ្ញុំដឹងអ្វីច្រើនដែលមិនបានបង្រៀននៅក្នុងសាលា ឬជួបប្រទះផ្ទាល់។ មិនតែប៉ុណ្ណោះខ្ញុំក៏បានយកចំណេះដឹងទាំងប៉ុន្មានមកចែករំលែកទៅអ្នកផ្សេង ក៏ដូចជាអាជីពការងាររបស់ខ្ញុំ និងជាអ្នកដឹកនាំយុវជន២០០នាក់ដែលចូលចិត្តអានសៀវភៅផងដែរ។ ហើយខ្ញុំក៏ជឿជាក់ថា  នៅថ្ងៃអនាគតបទពិសោធន៍ទាំងនេះអាច ជួយខ្ញុំក្នុងការប្រកបមុខរបរ ឬអាជីវកម្មផ្សេងៗដូចគ្នាដែរ។ ហេលស៍ថាម៖ ចូលចិត្តអានយ៉ាងនេះ តើមានអ្នកណាជាអ្នកជម្រុញទឹកចិត្តដែរឬទេ? តារា៖ គ្មានអ្នកណាក្រៅពីខ្លួនឯងនោះទេ។ ហេលស៍ថាម៖ អញ្ចឹង តើតារាគិតថាអាចជួយជម្រុញទឹកចិត្តអ្នកដទៃឲ្យចូលចិត្តអានតាមរបៀបណា? តារា៖ ចំណុចសំខាន់បំផុតគឺបង្ហាញពីអត្ថប្រយោជន៍នៃការអានប្រសើរជាងការនិយាយប្រាប់ឲ្យគេធ្វើតាមយើង។ ហេលស៍ថាម៖ អ្នកអានដ៏ល្អម្នាក់គួរមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ? តារា៖ អ្នកអានដ៏ជោគជ័យ និងល្អម្នាក់គួរតែមានការប្តេជ្ញាខ្ពស់ក្នុងការចង់រៀនរបស់ថ្មី បន្ទាប់មកចែករំលែកចំណេះដឹងដល់អ្នកដទៃ ទើបអាចញុំាងឲ្យគាត់កាន់តែចង់អាន ចង់ចេះបន្ថែមទៀត។ ហេលស៍ថាម៖ តារាចង់ផ្តល់សារទៅដល់មិត្តអ្នកអាន និងមិត្តចង់អានយ៉ាងដូចម្តេចខ្លះ? តារា៖ សូមលើកទឹកចិត្តឲ្យយុវជនទាំងអស់ចូលរួម Community អានជាមួយអ្នកដទៃឲ្យបានច្រើន ព្រមទាំងចេះចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក ហើយព្យាយាមបង្កើតទម្លាប់អានដោយខ្លួនឯង ទោះបីមានភាពមមាញឹកជាមួយកិច្ចការផ្សេងៗក៏ដោយ ព្រោះការអានពិតជាផ្តល់អត្ថប្រយោជន៍ច្រើនដែលនឹកស្មានមិនដល់។

Share

ជំងឺច្រាលទឹកអាស៊ីតក្រពះ ត្រូវបានគេកត់សម្គាល់ឃើញថាមានការកើតមានច្រើនណាស់ចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ តាមប្រសាសន៍របស់លោកសាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ប្រធានផ្នែកថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត និងបានបញ្ចប់ការសិក្សាជំនាញក្រពះពោះវៀននៅប្រទេសបារាំង ថា«សព្វថ្ងៃនេះ មានអ្នកជំងឺដែលមានបញ្ហាច្រាលទឹកអាស៊ីតក្រពះនេះ មកជួបពិគ្រោះជំងឺ និងទទួលការព្យាបាលជារៀងរាល់ថ្ងៃ»។ ដូចនេះហើយ ហេលស៍ថាម នឹងនាំមកជូនមិត្តអ្នកអាននូវចំណេះដឹងថ្មីស្តីអំពី «ជំងឺច្រាលទឹកអាស៊ីតក្រពះ» ក្រោមការបកស្រាយដោយលោកសាស្រ្តាចារ្យផ្ទាល់... លក្ខណៈទូទៅ ជំងឺច្រាលទឹកអាស៊ីតក្រពះអាចកើតមានជាករណីធម្មតាដោយទឹកនៅនឹងក្រពះឡើងមកបំពង់អាហារក្នុងរយៈពេលខ្លី ហើយមិនញឹកញាប់ទេ គឺមិនច្រើនជាង ៦ទៅ៧ដងក្នុងមួយថ្ងៃ តែបើករណីជំងឺវិញ គឺទឹកអាស៊ីតដែលនៅក្នុងក្រពះនោះឡើងមកបំពង់អាហាររយៈពេលយូរ ហើយលើសពី ៦ទៅ៧ដងក្នុងមួយថ្ងៃ។ រោគសញ្ញា -ជំងឺនេះស្តែងចេញជារោគសញ្ញាពិសេស ដូចជាភើជូដូចទឹកខ្មេះ និងក្តៅពីផ្នែកខាងក្រោមនៃបំពង់អាហារដល់បំពង់ក -រោគសញ្ញាមិនពិសេសមានដូចជា ឆ្អល់ចុងដង្ហើម ពិបាករំលាយអាហារ មានអារម្មណ៍ថាមានអ្វីស្លាក់នៅនឹងក មានស្លេស្មច្រើននៅបំពង់ក ឈឺបំពង់ក ក្អក និងដំបៅមាត់។ ការធ្វើរោគវិនិច្ឆ័យ -ការធ្វើរោគវិនិច្ឆ័យលើជំងឺមួយនេះ អាចធ្វើបានភ្លាមៗ ប្រសិនបើអ្នកជំងឺមានលេចឡើងនូវរោគសញ្ញាពិសេស តែក៏មានការធ្វើតេស្តឆ្លុះក្រពះផងដែរ ប្រសិនបើមានការសង្ស័យថាអ្នកជំងឺអាចនឹងមានជំងឺផ្សេងទៀតដូចជា ជំងឺដំបៅក្រពះ មហារីកក្រពះ និងរកវត្តមាននៃមេរោគដែលបង្កបញ្ហាដល់ក្រពះ។ -ចំពោះអ្នកជំងឺដែលមានរោគសញ្ញាមិនពិសេសវិញ ការឆ្លុះក្រពះត្រូវធ្វើដោយផ្អែកលើកត្តាអាយុ (លើសពី៤០ឆ្នាំ) ប្រវត្តិគ្រួសារមានអ្នកកើតបញ្ហាក្រពះពោះវៀន ពិសាស្រា ឬអ្នកជំងឺស្រកទម្ងន់ខុសធម្មតា។ ការព្យាបាល ទាក់ទងទៅនឹងការព្យាបាល មាន២យ៉ាងគឺ ៖ អ្នកជំងឺត្រូវធ្វើការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ ៖ -គ្រូពេទ្យនឹងឲ្យអ្នកជំងឺដែលធាត់បញ្ចុះទម្ងន់របស់គាត់ ព្រោះកត្តាធាត់ជាការជម្រុញឲ្យកើតបញ្ហាច្រាលអាស៊ីតនេះដែរ -ត្រូវបរិភោគទាំងអាហារ និងទឹកតិចនៅពេលយប់ហើយ -ត្រូវពិសាអាហារពេលល្ងាចឲ្យបាន៤ម៉ោងមុនពេលចូលគេង -បរិភោគសាច់តិច តែបន្លែ និងផ្លែឈើច្រើន -បញ្ឈប់ការពិសាស្រា និងបារី ព្រមទាំងកាត់បន្ថយកាហ្វេ -ចៀសវាងការប្រើថ្នាំមួយចំនួនដែលឲ្យអាស៊ីតក្រពះកើនឡើង ដូចជាថ្នាំលើសឈាម (ស្នើរឲ្យគ្រូពេទ្យគាត់ប្តូរថ្នាំ) និងថ្នាំវីយ៉ាក្រាជាដើម -ត្រូវធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីចៀសវាងការឡើងទម្ងន់ ជាពិសេសដុះពោះ -ចំពោះទម្លាប់នៃការគេង គ្រូពេទ្យស្នើសុំឲ្យអ្នកជំងឺកល់ជើងគ្រែ ដើម្បីលើកក្បាលដំណេកគាត់ឲ្យខ្ពស់ដល់ ៣០ ស.ម.។ ការប្រើប្រាស់ថ្នាំ៖ សម្រាប់ការព្យាបាលដោយថ្នាំវិញ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំបន្សាបជាតិអាស៊ីត រយៈពេល២ខែ ឬយូរជាងនេះទៅតាមស្ថានភាពរបស់អ្នកជំងឺ។ យ៉ាងណាមិញ ការព្យាបាលជំងឺនេះ មិនអាចព្យាបាលឲ្យជានោះទេ តែគ្រូពេទ្យអាចព្យាបាលឲ្យបាត់នូវរោគសញ្ញាដែលលេចឡើង ដើម្បីមិនឲ្យប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកជំងឺ ដូចនេះ ការព្យាបាលអាចនឹងមានពេលយូរ។ ប៉ុន្តែ ការប្រើប្រាស់ថ្នាំរយៈពេលយូរបែបនេះ អាចនឹងប៉ះពាល់អ្នកជំងឺមួយចំនួនដូចជា បើអ្នកជំងឺមានមេរោគនៅក្នុងក្រពះ នោះពួកគាត់ត្រូវធ្វើការព្យាបាលមេរោគនេះសិន ទើបប្រសើរ។ ជាចុងក្រោយ លោកសាស្រ្តាចារ្យសូមផ្តែផ្តាំដល់មិត្តអ្នកអានទាំងអស់ថា រាល់បញ្ហាទាំងអស់ដែលកើតមានចំពោះសុខភាព លោកអ្នកគួរតែមកស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះការឆាប់មកទទួលការព្យាបាល នោះការចំណាយធនធានក៏តិចផងដែរ ហើយងាយនឹងការពារពីការកើតឡើងវិញ និងពីផលវិបាកផ្សេងៗ តួយ៉ាងដូចជាជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជាពិសេសជំងឺច្រាលទឹកអាស៊ីតក្រពះ ប្រសិនបើលោកអ្នកអាចធ្វើបានតាមវិធីបង្ការដែលបានរៀបរាប់ខាងលើ នោះការប្រឈមទៅនឹងជំងឺនេះនឹងត្រូវបានកាត់បន្ថយដល់ទៅ ៩០%។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សព្វថ្ងៃនេះ បុគ្គលិកការិយាល័យភាគច្រើន ត្រូវការប្រើប្រាស់កុំព្យូទ័រជាប្រចាំ។ ការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងជារៀងរាល់ថ្ងៃ អាចបណ្តាលឲ្យភ្នែកឈឺ ឬអាចរបួសភ្នែក។ វាអាចបណ្តាលឲ្យភ្នែករបស់អ្នកមើលមិនច្បាស់ មានអារម្មណ៍ថាឈឺភ្នែក និងពិបាកក្នុងការសម្របទៅនឹងពន្លឺផ្សេងៗ។ ខាងក្រោមនេះគឺជាវិធីថែទាំភ្នែករបស់អ្នកពីរោគសញ្ញាទាំងនេះ៖ ១. ទុកពេលឲ្យភ្នែករបស់អ្នកសម្រាក អ្នកគួរតែក្រោកចេញពីតុធ្វើការរបស់អ្នក ដើម្បីសម្លឹងមើលអ្វីដែលនៅឆ្ងាយពីអ្នកប្រហែលជា ១០វិនាទី រហូតដល់ភ្នែករបស់អ្នកអាចមើលចំណុចនៅឆ្ងាយៗបាន និងឲ្យភ្នែកអ្នកសម្រាក។ ២. ធ្វើចលនាភ្នែក ប្រសិនបើអ្នកអង្គុយមុខកុំព្យូទ័ររយៈពេលវែង ហើយមិនមានពេលអាចដើរទៅណាបាន អ្នកអាចធ្វើចលនាភ្នែករបស់អ្នកទៅតាមទិសទ្រនិចនាឡិកា ធ្វើចលនាពីឆ្វេងទៅស្តាំ ពីលើចុះក្រោម។ ធ្វើបែបនេះ ៣ដងសម្រាប់ចលនានីមួយៗដើម្បីឲ្យភ្នែករបស់អ្នកសម្រាក។ ៣. រក្សាសំណើមភ្នែក មនុស្សភាគច្រើនដែលផ្តោតអារម្មណ៍ខ្លាំងទៅលើការងារ មិនសូវបានព្រិចភ្នែកញឹកញាប់ ទេដូចនេះធ្វើឲ្យភ្នែករបស់អ្នកស្ងួត។ អ្នកអាចធ្វើឲ្យភ្នែករបស់អ្នកមានសំណើមវិញដោយការព្រិចភ្នែកឲ្យបានញឹកញាប់ ឬអាចប្រើប្រាស់សូលុយស្យុងបន្តក់ភ្នែកដើម្បីផ្សើមភ្នែកអ្នក។ អ្នកត្រូវចងចាំថា រាល់ការប្រើប្រាស់ផលិតផលណាមួយត្រូវសុំការណែនាំពីវេជ្ជបណ្ឌិតជាមុនសិន។ ៤. ដកដង្ហើមឲ្យបានទៀងទាត់ នៅពេលដែលអ្នកផ្តោតអារម្មណ៍ខ្លាំងទៅលើអេក្រង់កុំព្យូទ័រ ធ្វើឲ្យដង្ហើមរបស់អ្នកធ្លាក់ចុះដោយមិនដឹងខ្លួន។ ដូចនេះ អ្នកត្រូវដកដង្ហើមឲ្យបានទៀងទាត់ ដើម្បីឲ្យលំហូរឈាមអ្នកបានល្អ។ ៥. ដាក់កុំព្យូទ័រនៅលើតុទាប ឬប្រើកុំព្យូទ័រដែលអាចចល័តបាន ដូចនេះភ្នែករបស់អ្នកអាចសម្លឹងចុះ ក្រោមនៅពេលធ្វើការសម្លឹងចុះក្រោម ជាមធ្យោបាយមួយដែលភ្នែករបស់អ្នកត្រូវបានគ្របដោយត្របកភ្នែកហើយព្រិចភ្នែកបានច្រើន និងចេញទឹកភ្នែកបានច្រើន។ ៦. កំណត់លើការប្រើប្រាស់contact lenses ប្រសិនបើអ្នកពាក់ contact lenses តែភ្នែករបស់អ្នកមិនសូវមានសំណើម អ្នកគួរតែប្តូរមកប្រើប្រាស់វ៉ែនតាធម្មតាជំនួសវិញ។ មនុស្សដែលប្រើប្រាស់កុំព្យូទ័ររយៈពេលវែង គួរធ្វើការត្រួតពិនិត្យភ្នែករៀងរាល់ ៦ខែម្តង។ ៧. បរិភោគអាហារដែលមានប្រយោជន៍សម្រាប់ភ្នែក អាហារដែលសម្បូរសារធាតុ DHA ដែលមានប្រយោជន៍សម្រាប់កែវភ្នែក និងការពារភ្នែកពីការខូចខាត ឬ ជំងឺភ្នែកឡើងបាយមានដូចជា ត្រីសមុទ្រ ការ៉ុត និងបន្លែបៃតង រួមបញ្ចូលទាំងគ្រាប់ធញ្ញជាតិដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយ ការខូចខាតកោសិកាភ្នែក និងធ្វើឲ្យសមត្ថភាពនៃការមើលកាន់តែប្រសើរ។ ៨. បរិភោគផ្លែឈើ និងបន្លែ ផ្លែឈើ និងបន្លែដែលសម្បូរវីតាមីន A វីតាមីនA ជួយឲ្យភ្នែកមានសុខភាពល្អ។ អាហារដែលសម្បូរវីតាមីនA រួមមាន ផ្លែស្វាយ ប៉េងប៉ោះ ឪឡឹក ការ៉ុត ល្ពៅ ដំឡូងជ្វា គ្រាប់ធញ្ញជាតិ ត្រីនិងស៊ុត។

Share

បន្ទាប់ពីប្រលងជាប់បាក់ឌុបនៅឆ្នាំ២០០៨ លោក ហ៊ុយ ស៊ីវអ៊ឺ បានទទួលអាហារូបករណ៍រយៈពេល៥ឆ្នាំថ្នាក់វិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលហៅកាត់ថាសាលាតិចណូ។ បន្ទាប់ពីសិក្សាបាន២ឆ្នាំ លោកបានប្រលងជាប់ ចូលសិក្សានៅសាលា Ecole Polytechnique ដែលជាសាលាវិស្វកម្មដ៏ល្បីល្បាញនៅប្រទេសបារាំង។ បន្ទាប់ពីការតស៊ូរយៈពេល៣ឆ្នាំលោកបានបញ្ចប់ថ្នាក់វិស្វករជំនាញថាមពលនៃសតវត្សទី២១ ដែលផ្តោតសំខាន់ទៅលើថាមពលកកើតឡើងវិញមានដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី  ថាមពលដើរដោយកម្លាំងខ្យល់ ។ល។ ការសិក្សាក៏បានផ្តោតទៅលើប្រភេទថាមពលមួយទៀតគឺថាមពលបរមាណូ ឬ នុយក្លេអ៊ែរ។ ដោយចាប់អារម្មណ៍ទៅលើថាមពលប្រភេទនេះលោកក៏បានសម្រេចចិត្តរៀនជំនាញវិស្វកម្មនុយក្លេអ៊ែរដោយចំណាយរយៈពេល១ឆ្នាំកន្លះនៅសាលាEcole des Mines de Paris។ សព្វថ្ងៃលោកជាវិស្វករផ្នែកសិក្សាគម្រោងថាមពលនៅប្រទេសបារំាងមួយរូបផងដែរ។ ហេលស៍ថាម ៖ ហេតុអ្វីបានជាចង់សិក្សាផ្នែកថាមពលនុយក្លេអ៊ែរ? ស៊ីវអ៊ឺ ៖  ការពិតទៅ អគ្គិសនី និងថាមពល ជាមុខវិជ្ជាដែលខ្ញុំចូលចិត្តតាំងពីតូចមកម៉្លេះ។ បើសិនជាយើងរំលឹកទៅដល់ការសិក្សានៅសាលាតិចណូ ខ្ញុំក៏បានជ្រើសរើសជំនាញថាមពលដូចគ្នាដែរប៉ុន្តែដោយសារត្រូវទៅសិក្សានៅប្រទេសបារំាងខ្ញុំក៏ផ្អាកការសិក្សានៅសាលាតិចណូសិន។   អំឡុងពេលសិក្សានៅសាលា Ecole Polytechnique ខ្ញុំបានជ្រើសរើសមេរៀនថាមពលនុយក្លេអ៊ែរ ដើម្បីបកស្រាយចម្ងល់របស់ខ្លួនពីព្រោះថាកាលពីរៀននៅវិទ្យាល័យខ្ញុំធ្លាប់លឺពាក្យប្រតិកម្មនុយក្លេអ៊ែខ្លះៗដែរហើយក៏តែងចង់ស្វែងយល់ពីវា រហូតដល់មានពួកម៉ាកខ្លះចេះតែនិយាយចំអកលេងថា «សង្ស័យតែពេលធំទៅ ខ្ញុំទៅរៀនផ្នែកហ្នឹងទេ... ឥលូវដូចពាក្យគេនិយាយ មែន !!!» ទន្ទឹមនឹងគ្នានេះដែរ ខ្ញុំតែងតែសាកសួរខ្លួនឯងថា «ហេតុអ្វីបានជាប្រទេសអភិវឌ្ឍជាច្រើនជ្រើសរើសយកថាមពលប្រភេទនេះបើទោះបីវាអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ?» តួយ៉ាងប្រទេសបារំាងដែលជាប្រទេស ប្រើប្រាស់នុយក្លេអ៊ែរហូតដល់៨០ភាគរយដើម្បីផលិតអគ្គិសនីរបស់ខ្លួន និងប្រទេសអាមេរិក អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ជាដើម។ តើកម្ពុជាអាចពិចារណាលើថាមពលប្រភេទនេះទេ? ដោយចិត្តចង់ស្វែងយល់បន្តខ្ញុំបានសម្រេចរៀនបន្តនៅសាលាមួយទៀតគឺ Ecole des Mines de Paris ដើម្បីក្លាយខ្លួនជាវិស្វករជំនាញថាមពលនុយក្លេអ៊ែរ។ សម្រាប់សិស្សនិស្សិតដែលមានបំណងចង់រៀនផ្នែកថាមពលខ្ញុំគិតថាប្រទេសយើងក៏មានសាលាដែលមានគុណភាពដែរ តែប្រសិនបើជាថាមពលនុយក្លេអ៊ែរ បើសិនជាមានឱកាសនិងលទ្ធភាពគួរតែបន្តការសិក្សានៅបរទេស ជាពិសេសក្នុងប្រទេសដែលប្រើប្រាស់ថាមពលប្រភេទនេះពីព្រោះប្រទេសយើងនៅខ្វះខាតធនធានផ្នែកនេះនៅឡើយ។ ហេលស៍ថាម ៖ តើការសិក្សាផ្នែកនេះត្រូវចំណាយពេលប៉ុន្មានឆ្នាំដែរ? ស៊ីវអ៊ឺ ៖ សម្រាប់ការសិក្សានៅសាលារបស់ខ្ញុំដែលជា Grande Ecole នៅប្រទេសបារំាងយើងត្រូវសិក្សាថ្នាក់មូលដ្ឋានរយៈពេល២ឆ្នាំសិនហើយ១ឆ្នាំទៅ១ឆ្នាំកន្លះទៀតសម្រាប់ជំនាញដែលចង់បាន។ មុននឹងចាប់ផ្តើមនៅសាលានេះសិស្សម្នាក់ៗសុទ្ធតែបានរៀនត្រៀមរយៈពេលពីរឆ្នាំរួចជាស្រេច (ដូចនឹងករណីខ្ញុំបានរៀនពីរឆ្នាំនៅស្រុកខ្មែរមុននឹងចូលរៀនសាលានេះ)។ ប៉ុន្តែសម្រាប់នៅប្រទេសនិយាយភាសាអង់គ្លេសរយៈពេលនៃការសិក្សា គឺដូចនៅប្រទេសកម្ពុជាដែរ គឺបរិញ្ញាបត្រត្រូវការរយៈពេល៤ឆ្នាំ បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ និងបណ្ឌិតប្រើប្រាស់រយៈពេលពី៣ទៅ៥ឆ្នាំ។ ដូច្នេះ សញ្ញាបត្រវិស្វករនៅប្រទេសបារាំងដូចគ្នាទៅនឹងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់។ ហេលស៍ថាម ៖ ក្នុងការសិក្សាផ្នែកថាមពលនេះតើមានមុខវិជ្ជាសំខាន់ៗអ្វីខ្លះ? ស៊ីវអ៊ឺ ៖ សម្រាប់មុខវិជ្ជាសំខាន់ៗរួមមានដូចជា ៖  Neutronics, Nuclear Physics, Thermo-hydaulics, Particle Physics, Gerneral about Nuclear plant, Energy and Environment, Research projects, ... ហេលស៍ថាម ៖ ក្នុងចំណោមមុខវិជ្ជាទាំងនោះតើមានមុខវិជ្ជាណាខ្លះដែលមានភាពលំបាកជាងគេ? ហេតុអ្វី? ស៊ីវអ៊ឺ ៖ មុខវិជ្ជា ២ដែលខ្ញុំគិតថាពិបាកជាងគេ គឺ Neutronics និង Thermo-hydraulics ព្រោះមានភាពស្មុគស្មាញពិបាកយល់ ប៉ុន្តែខ្ញុំក៏ចូលចិត្តមុខវិជ្ជាទាំង២ជាងគេដែរ ដោយសារតែអាចសិក្សាពីអាថ៌កំបាំងបែបវិទ្យាសាស្រ្តពីក្រោយថាមពលនុយក្លែអ៊ែ។ ហេលស៍ថាម ៖ តើឆ្នាំមួយណា ជាឆ្នាំដែលរវល់ ពិបាក ឬមមាញឹកជាងគេ? ហេតុអ្វី? ស៊ីវអ៊ឺ ៖ ពីរឆ្នាំដំបូងដែលមកដល់ប្រទេសបារាំង ការសិក្សាមានភាពលំបាកខ្លាំងដោយសារកត្តាមួយចំនួន ៖ •មិនទាន់អាចទម្លាប់នឹងភាសាបារាំងពីព្រោះគ្រប់មេរៀនទំាងអស់សុទ្ធតែជាភាសាបារាំង •លក្ខណៈខុសគ្នានៃប្រព័ន្ធសិក្សាក៏ជាកត្តាចម្បងដែលធ្វើឲ្យយើងពិបាកនឹងតាមទាន់មេរៀន •មេរៀនពិបាកស្មុគស្មាញហើយច្រើនមុខ (ពីរឆ្នាំមូលដ្ឋាន) •វប្បធម៌មានលក្ខណៈខុសគ្នា និងត្រូវឃ្លាតឆ្ងាយពីគ្រួសារជាដើម។ ហេលស៍ថាម ៖ តើការងារអ្វីខ្លះដែលនិស្សិតជំនាញនេះអាចធ្វើបានក្រោយបញ្ចប់ការសិក្សា? ស៊ីវអ៊ឺ ៖ អ្វីដែលជាឧបសគ្គគឺថានៅប្រទេសកម្ពុជាហាក់ដូចជាមិនទាន់មានការចាប់អារម្មណ៍ខ្លាំងទៅលើវិស័យថាមពលនុយក្លេអ៊ែរដូច្នេះវាធ្វើឲ្យនិស្សិតភាគច្រើនដែលចង់រៀនត្រូវផ្លាស់ប្តូរចិត្តវិញ។ ប៉ុន្តែតាមការពិតទៅការអភិវឌ្ឍផ្នែកនុយក្លេអ៊ែរក៏អាចបង្វែរទៅរកវិស័យផ្សេងដូចជា វិស័យពេទ្យ វិស័យឧស្សាហកម្ម វិស័យសុវត្ថិភាពចំណីអាហារ និងជាពិសេសសន្តិសុខប្រទេសជាតិទាក់ទងនឹងកាកសំនល់នុយក្លេអ៊ែរ និងការរីកសាយភាយនៃប្រូក្រាមអាវុធនុយក្លេអ៊ែរ។ ហេលស៍ថាម  ៖ ការសិក្សានៅបរទេសមានភាពខុសប្លែកពីការសិក្សានៅកម្ពុជាយ៉ាងណាខ្លះ?   ស៊ីវអ៊ឺ ៖ ក្នុងជំនាញនេះវាច្បាស់ណាស់ដែលថានៅបរទេសគេមានបទពិសោធន៍ និង ការអប់រំប្រកបដោយគុណភាពជាងប្រទេសកម្ពុជាយើង។ ប៉ុន្តែចំណុចមួយគួរតែជាមោទនភាពនោះគឺនិស្សិតកម្ពុជាយើងទៅបន្តការសិក្សានៅក្រៅប្រទេសប្រកបដោយភាពជោគជ័យដូច្នេះប្រព័ន្ធសិក្សានៅប្រទេសយើងក៏មិនមែនអន់ពេកដែរ។   ម្យ៉ាងទៀតការសិក្សានៅបរទេសអាចឲ្យយើងមានឱកាសស្វែងយល់ពីពិភពខាងក្រៅតែក៏មិនមែនសុទ្ធតែល្អទំាងអស់នោះដែរ ពីព្រោះយើងក៏ខ្វះខាតពីស្ថានភាពជាក់ស្តែងនៅប្រទេសរបស់ខ្លួនរួចទៅហើយ។ ហេលស៍ថាម ៖ តើលោកបានប្រទះនឹងឧបសគ្គអ្វីខ្លះ? ហើយបានជម្នះដោយវិធីអ្វីខ្លះដែរ? ស៊ីវអ៊ឺ ៖ ការខិតខំប្រឹងប្រែង និងស៊ូទ្រំាប្រាកដណាស់គឺផ្តល់នូវលទ្ធផលវិជ្ជមានដែលអាចឲ្យយើងជម្នះបាននូវឧបសគ្គគ្រប់យ៉ាងហើយខ្ញុំផ្ទាល់តែងតែមានការតស៊ូជានិច្ចដើម្បីក្តីសុបិនរបស់ខ្លួន និងរីករាយនឹងទទួលយកលទ្ធផលទំាងអស់នៃជម្រើសដែលខ្លួនបានជ្រើសយក ។ ហេលស៍ថាម ៖ តើលោកមានពាក្យពេចន៍អ្វីខ្លះសម្រាប់ធ្វើការចែកជូនដល់និស្សិតជំនាន់ក្រោយដែលមានបំណងដើរតាមគន្លងនៃការសិក្សាដូចជាលោក? ស៊ីវអ៊ឺ ៖ មិនថាក្នុងកាលៈទេសៈណាគឺត្រូវតែតស៊ូកុំខ្លាចរអានឹងភាពបរាជ័យ ពីព្រោះបើយើងកាន់តែខ្លាចវា វាកាន់តែមករកយើង។ កុំបាក់ទឹកចិត្តសម្រាប់អ្នកដែលប្រលងធ្លាក់ពេលដែលដាក់ពាក្យសុំទៅសិក្សានៅក្រៅប្រទេសដោយហេតុថាមិនមែនអ្នកដែលបានទៅរៀនក្រៅប្រទេសទាំងអស់សុទ្ធតែមានសមត្ថភាពជាងអ្នកដែលរៀននៅក្នុងមាតុប្រទេសទេ។ បើសិនជាមានឱកាសគួរតែរៀនអ្វីដែលយើងប្រាថ្នាដើម្បីចៀសវាងនូវការស្តាយក្រោយនៅពេលអនាគត។ «ប្រសិនបើអ្នកមានបំណងចង់រៀន ឬក៏ចង់ពិភាក្សាលើការសិក្សាជំនាញមួយនេះខ្ញុំរីករាយនឹងស្វាគមន៍អ្នកទំាងអស់គ្នាតាមរយៈទំព័ររបស់ខ្ញុំផ្ទាល់គឺ huyseaver.wordpress.com ។»

Share

បច្ចុប្បន្ននេះ មនុស្សមួយចំនួនធំបានងាកមកបង្កើតអាជីវកម្មដោយខ្លួន ប៉ុន្តែអាជីវកម្មខ្លះក៏បានបិទទៅវិញមុននឹងមានការរីកចម្រើន ហើយក៏មានអាជីវកម្មមួយចំនួនបានរីកលូតលាស់លឿនគួរឲ្យកត់សម្គាល់ផងដែរ។  តើអ្វីដែលជម្រុញឲ្យអាជីវកម្មមួយអាចរីកចម្រើនបាន និងមានស្ថេរភាព? ឆ្លើយតបនឹងសំនួរទាំងនេះ ជាថ្មីម្តងទៀត សម្រាប់ខែកុម្ភៈនេះ Park Café និង Educational Development Institute បានបន្តសហការណ៍គ្នានាំយកការពិភាក្សាពាណិជ្ជកម្មថ្មីដែលផ្តោតលើ «ការអភិវឌ្ឍន៍យុទ្ធសាស្រ្តហិរញ្ញវត្ថុក្នុងការចាប់ផ្តើមអាជីវកម្ម និងពង្រីកអាជីវកម្ម» ដោយមានការគាំទ្រពីស្ថាប័នជំនាញផ្នែកសហគ្រិនភាព CIC, JCI, YEAC និងបណ្តាលស្ថាប័នធំៗមួយចំនួនទៀត។  សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែកុម្ភៈ នេះនៅផាកកាហ្វេសាខាត្រសក់ផ្អែម ចាប់ពីម៉ោង០៥:៣០នាទីល្ងាចតទៅ  ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកត្តិយស ដែលនឹងចូលរួមធ្វើការចែករំលែកបទពិសោធន៍ដ៍មានតម្លៃដោយរួមមាន៖  -លោក ប៉ិច បូឡែន អគ្គនាយកនៃក្រុមហ៊ុន Westline Education Group  - លោក គុយ វ៉ាត់ អគ្គនាយកនៃក្រុមហ៊ុន V-Trust Group  -លោក ម៉ៅ សាវិន ប្រធានផ្នែកវិនិយោគជាន់ខ្ពស់នៃ Emerging Markets Investment Advisers កម្ពុជា។  វាគ្មិនទាំង៣រូប នឹងចូលរួមបកស្រាយនូវចម្ងល់ ក៏ដូចជាចំនុចគន្លឹះសំខាន់ៗ ដែលអាជីវកម្មនីមួយៗគួររៀបចំ និងពិនិត្យឲ្យបានច្បាស់លាស់ក្នុងអត្ថន័យធានាឲ្យមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនៃអាជីវកម្មនោះ។  លោកអ្នកប្រាកដជាចង់ដឹងថា «អ្វីដែលហៅថាយុទ្ធសាស្រ្តហិរញ្ញវត្ថុ?» ព្រោះវាពិតជាមានសារៈសំខាន់ចំពោះអនាគតរបស់ក្រុមហ៊ុនមួយដែលកំពុងធ្វើអាជីវកម្មក្នុងទីផ្សារ ដោយហេតុថាយុទ្ធសាស្រ្តស្ថេរភាពហិរញ្ញវត្ថុ ឬ Financial Strategy នឹងជួយឲ្យក្រុមហ៊ុនរបស់លោកអ្នកធានាបានស្ថេរភាពក្នុងការវិវឌ្ឍខ្លួន និងគ្រប់គ្រងលំហូរហិរញ្ញវត្ថុក្នុងក្រុមហ៊ុនដោយប្រសិទ្ធភាព។ មានបំណងស្វែងយល់កាន់តែស៊ីជម្រៅនូវចំណុចសំខាន់ខាងលើ ដើម្បីអាជីវកម្មរបស់លោកអ្នក សូមកុំភ្លេចជួបជាមួយពួកគាត់ទាំងអស់គ្នា នៅថ្ងៃទី ២៧ ខែកុម្ភៈនេះ…នៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម ចាប់ពីម៉ោង ០៥: ៣០នាទីល្ងាចតទៅ… សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ 012 232 823 ឬក 077 676 423 ក្នុងការកក់សំបុត្រចូលរួម។ គួរបញ្ជាក់ផងដែរថា កម្មវិធីកិច្ចសន្ទនាពាណិជ្ជកម្មនេះនឹងបន្តមានជារៀងរាល់ខែដែលផ្តោតលើចំណុចគន្លឹះនៃអាជីវកម្មនីមួយៗ…កុំភ្លេចតាមដានជាមួយទាំងអស់គ្នាថាតើប្រធានបទក្នុងខែបន្ទាប់ជាអ្វី?ហើយមានការចូលរួមវាគ្មិនរូបណាខ្លះដែរ?

Share

បញ្ហាភ្នែកខុសកំនុំរូបភាព បានកើតឡើងចំពោះប្រជាជនដល់ទៅជិត ៩០%ក្នុងសហរដ្ឋអាមេរិក តែនៅកម្ពុជា ករណីជំងឺនេះ មានត្រឹមតែ ១៣%ប៉ុណ្ណោះនៃប្រជាជនទូទាំងប្រទេស។ នេះ ជាតួលេខមួយល្អដែលប្រជាជនខ្មែរមិនទទួលរងនូវបញ្ហាភ្នែកបែបនេះច្រើនទេ តែក៏អាចបញ្ជាក់ផងដែរថា ការយល់ដឹងពីវារបស់ប្រជាជនយើង ក៏នៅមានកម្រិតនៅឡើយ។ ហេលស៍ថាមសូមនាំមកជូនមិត្តអ្នកអាននូវការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ពីបញ្ហាកំហុសកំនុំ។ ចំពោះភ្នែកធម្មតា កំនុំរូបភាព ត្រូវធ្លាក់លើសរសៃបាតភ្នែក ដែលនាំឲ្យយើងអាចមើលឃើញរូបភាពទាំងឆ្ងាយ និងជិតបាន។ ប៉ុន្តែ ករណីកំហុសកំនុំ ភ្នែកមិនអាចមើលឃើញរូបភាពនៅឆ្ងាយ និងជិតបាន ដោយសារកំនុំរូបភាពមិនធ្លាក់លើសរសៃបាតភ្នែកទេ ។ កំហុសកំនុំនេះ ចែកចេញជាបី គឺ ភ្នែកមីញូប(Myopia) ភ្នែកខ្លី(Hyperopia) និងភ្នែកអាស្ទីម៉ាត(Astigmatism)។ ១. ភ្នែកម្ញ៉ូប (Myopia) ភ្នែកម្ញ៉ូប គឺជាភ្នែកដែលមើលឆ្ងាយមិនច្បាស់តែមើលជិតច្បាស់ដោយសារទំហំភ្នែកធំ នាំឲ្យកំនុំរូបភាពធ្លាក់នៅខាងមុខសរសៃបាតភ្នែក ដូចនេះអ្នកជំងឺត្រូវការវ៉ែនតាដក។ រោគសញ្ញាភ្នែកមីញូបមានដូចជា មើលឆ្ងាយមិនច្បាស់ អ្នកជំងឺពេលមើលឆ្ងាយធ្វើភ្នែកព្រឹមៗ រោយនិងស្រវាំងភ្នែក។ មូលហេតុនៃការកើតជំងឺនេះ អាចជាកត្តាតំណពូជឬការខំប្រឹងសម្លឹងច្រើនពេលសិក្សា។ វិធីព្យាបាលភ្នែកម្ញ៉ូបគឺ ករណីអ្នកជំងឺមានភ្នែកម្ញ៉ូបតាំងពីក្មេង ត្រូវពាក់វ៉ែនតារហូតដល់គាត់អាយុ១២ឆ្នាំ ដើម្បីឲ្យសរសៃបាតភ្នែកធ្វើការវិវត្ត ព្រោះប្រសិនបើអ្នកជំងឺមិនពាក់វ៉ែនតាពីតូចទេ វានឹងធ្វើឲ្យភ្នែកខ្ជិល(Amblyopia) ហើយបើទោះគាត់ធំឡើងចង់ពាក់វ៉ែនតាវិញ ក៏មើលឆ្ងាយមិនឃើញដែរ។ ក្រោយអាយុ១២ឆ្នាំ ប្រសិនបើគាត់អាចពាក់ Contact lenses បាន គាត់អាចពាក់វ៉ែនតាផង Contact lenses ផង។ នៅអាយុ ១៨ឆ្នាំ បើគាត់មិនចង់ពាក់វ៉ែនតាទេ គាត់អាចជ្រើសរើសការព្យាបាលដោយកាំរស្មី (LASIK) គឺការបាញ់កាំរស្មីលើកញ្ចក់ភ្នែកឲ្យស្តើងបន្តិច ហើយការព្យាបាលនេះធ្វើត្រឹមរយៈពេលតែ ៥ទៅ ១០នាទីប៉ុណ្ណោះ។  ប៉ុន្តែចំពោះអ្នកម្ញ៉ូបជ្រៅពី ១០០០ ទៅ ២០០០ដឺក្រេ ការព្យាបាលដោយLASIK មិនអាចធ្វើបានទេ តែគេអាចធ្វើ ICL គឺដាក់ Lens នៅលើកែវភ្នែកខាងក្នុងរបស់យើង ព្រោះប្រសិនបើយើងធ្វើ LASIK ចំពោះភ្នែកដែលមានដឺក្រេខ្ពស់បែបនេះ ត្រូវបាញ់កញ្ចក់ភ្នែកយើងស្តើងខ្លាំងតែតាមធម្មតា យើងត្រូវរក្សាកម្រាស់ភ្នែកយ៉ាងហោចណាស់ ៣០០មីក្រុង។ សព្វថ្ងៃ ការព្យាបាលដោយ LASIK មានការពេញនិយមច្រើននៅលើពិភពលោក ជាពិសេសយុវវ័យ។ បន្ទាប់ពីការព្យាបាលដោយ LASIK ភ្នែកអាចនឹងស្ងួតបន្តិច ដូចនេះយើងត្រូវការទឹកភ្នែកសិប្បនិមិ្មតមួយរយៈ និងត្រូវការថ្នាំបន្តក់ ព្រមទាំងការការពារមួយចំនួន ដូចជាត្រូវពាក់វ៉ែនតាដើម្បីការពារខ្យល់ពេលធ្វើដំណើរ។ ២. ភ្នែកខ្លី (Hyperopia) Hyperopia ឬ ភ្នែកខ្លី ជាភ្នែកដែលកំនុំរូបភាពធ្លាក់ទៅនៅក្រោយសរសៃបាតភ្នែក ដូច្នេះយើងមើលឆ្ងាយនិងជិតសុទ្ធតែមិនឃើញ។ ភ្នែកប្រភេទនេះ ត្រូវការវ៉ែនតាបូក ដើម្បីឲ្យកំនុំរូបភាពធ្លាក់លើសរសៃបាតភ្នែក។ រោគសញ្ញារបស់វា គឺមើលឆ្ងាយមិនឃើញ អ្នកជំងឺធ្វើភ្នែកព្រឹមៗ ពេលមើលឆ្ងាយដូចអ្នកជំងឺមីញូបដែរ។ វិធីព្យាបាលមានដូចជាពាក់វ៉ែនតា ឬអាចធ្វើ LASIK បានដូចគ្នាទៅនឹងភ្នែកមីញូប។ ៣. ភ្នែកអាស្ទីម៉ាត(Astigmatism) ភ្នែកអាស្ទីម៉ាត គឺជាភ្នែកដែលមានកំណោងកញ្ចក់ភ្នែកមិនស្មើធ្វើឲ្យកំនុំរូបភាពធ្លាក់លើសរសៃបាតភ្នែកមិនស្មើគ្នា ដែលជាហេតុនាំឲ្យមើលមិនច្បាស់។ រោគសញ្ញានៃភ្នែកអាស្ទីម៉ាត រួមមានមើលឆ្ងាយមិនច្បាស់មើលជិតក៏មិនច្បាស់ ហើយឃើញរូបភាពវៀច។ ភ្នែកប្រភេទនេះ ត្រូវការវ៉ែនតាដើម្បីឲ្យភ្នែកមើលឃើញឆ្ងាយបាន ហើយអាចមានអាស្ទីម៉ាតបូក ឬដក។ បញ្ហានេះ ក៏អាចព្យាបាលបានដោយកាំរស្មីដែរ។ បញ្ហាភ្នែកមនុស្សចាស់(Presbyopia) មនុស្សដែលមានភ្នែកធម្មតា ចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ ការសម្របសម្រួល(Accommodation) របស់ភ្នែកនឹងចុះថយ ដែលជាហេតុធ្វើឲ្យគាត់ពិបាកមើលរូបភាពដែលនៅជិត។ បញ្ហាភ្នែកនេះ គេហៅថាPresbyopia។ ដូចនេះហើយ មនុស្សចាស់ដែលមានភ្នែកធម្មតាត្រូវការវ៉ែនតាដើម្បីមើលអក្សរ ប៉ុន្តែចំពោះអ្នកមីញូបវិញពួកគាត់មិនចាំបាច់ត្រូវការវ៉ែនតាទេ ព្រោះភ្នែកម្ញ៉ូបអាចមើលជិតឃើញ។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ សូមជម្រាបដល់អ្នកជំងឺដែលមានបញ្ហាភ្នែក គួរតែមកជួបជាមួយនឹងគ្រូពេទ្យភ្នែក ជាពិសេសអ្នកដែលមានបញ្ហាភ្នែកខុសកំនុំ។ សព្វថ្ងៃ ការព្យាបាលបញ្ហាភ្នែកខុសកំនុំដោយកាំរស្មី មានធ្វើហើយនៅប្រទេសកម្ពុជាយើង។ ដូចនេះ លោកអ្នកអាចមកជួបពិភាក្សា និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ ដើម្បីអាចធ្វើការព្យាបាលដោយបច្ចេកវិទ្យាទំនើប ដោយមិនចាំបាច់ពាក់វ៉ែនតា។

Share

ការថែរក្សាធ្មេញរបស់អ្នកគឺជាការសំខាន់ណាស់។ មនុស្សភាគច្រើនដឹងថាស្ករគ្រាប់ និងអាហារផ្សេងៗដែលមានជាតិផ្អែមអាចធ្វើឲ្យធ្មេញខូចបាន ប៉ុន្តែចុះផ្លែឈើ? អ្នកប្រហែលជាធ្លាប់ឮហើយថាការដុសធ្មេញ និងសម្អាតចន្លោះធ្មេញ២ដងក្នុង១ថ្ងៃ គឺជាជម្រើសដ៏ល្អបំផុតក្នុងការថែរក្សាធ្មេញរបស់អ្នកឲ្យមានសុខភាពល្អ។ ប៉ុន្តែអាហារមួយចំនួនដែលអាចធ្វើឲ្យធ្មេញខូចបានទោះជាមានការសម្អាតយ៉ាងណាក៏ដោយ។ ខាងក្រោមនេះជាអាហារទាំង៦យ៉ាងដែលធ្វើធ្មេញខូចបានៈ ១.ផ្លែប៉ោម ផ្លែប៉ោមគឺមានជាតិអាស៊ីតខ្ពស់វាធ្វើឲ្យរឹងនៅកាចាធ្មេញរបស់អ្នក ខណៈពេលដែលការញុំផ្លែប៉ោម១ផ្លែអាចឲ្យអ្នកមានសុខភាពល្អចៀសឆ្ងាយពីគ្រូពេទ្យក៏ដោយ។ អាស៊ីតនោះអាចឲ្យអ្នកទៅជួបពេទ្យធ្មេញលឿនផងដែល។ ការញុំផ្លែប៉ោមគឺល្អគ្រាន់តែអ្នកត្រូវតែច្បាស់ថាលាងសម្អាតមាត់របស់អ្នកជាមួយទឺក ឫទឹកខ្ពុលមាត់លឿនតាមដែលអាចធ្វើទៅបាន។ ២. ទឹកកក អ្នកប្រហែលជាភ្ញាក់ផ្អើលហើយថាមនុស្សប៉ុន្មានអ្នកដែលគិតថាទឹកកកល្អសំរាប់ធ្មេញ។ វាធ្វើពីទឹកហើយអត់មាននូវជាតិស្ករ ឬសារជាតិផ្សេងទេ។ ប៉ុន្តែការទំពារលើរបស់ដែលរឹងអាចធ្វើឲ្យធ្មេញរបស់អ្នកងាយឈឺចាប់ទៅជាជំងឺធ្មេញបន្ទាន់មួយហើយអាចធ្វើឲ្យខូចដល់កាចាធ្មេញផងដែរ។ ៣. ពោតលីង ពោតលីងគឺច្បាស់ណាស់ពិតជាជាប់នៅនឹងធ្មេញរបស់អ្នកហើយកន្លែងដែលនៅចន្លោះធ្មេញរបស់អ្នកនឹងដុះបាក់តេរីផងដែរ។ វាមិនអីទេដែលញ៉ាំពោតលីងមួយកញ្ចប់គ្រាន់តែអ្នកត្រូវតែច្បាស់ថាលាងសម្អាតមាត់របស់អ្នកជាមួយទឹក ឬទឹកខ្ពុរមាត់លឿនតាមដែលអាចធ្វើទៅបាន។ ៤. ស្ករគ្រាប់រឹងៗ អ្នកបានដឹងរួចមកហើយថាជាតិស្ករនៅក្នុងស្ករគ្រាប់ គឺជាបញ្ហា ហើយស្ករគ្រាប់រឹងគឺកាន់តែគ្រោះថា្នក់ ព្រោះថាពួកយើងបានបៀមវាក្នុងមាត់រយៈពេលយូរ។ ៥. បន្លែត្រាំ របស់ត្រាំគឺបានធ្វើឡើងជាមួយទឹកខ្មេះដែលមានអាស៊ីតខ្ពស់ហើយពេលខ្លះក៏មានស្ករដែរ។ ខណៈពេលដែលបន្លែធ្វើឲ្យមានសុខភាពល្អតែទឹកអំបិលធ្វើឲ្យខូចធ្មេញរបស់អ្នកវិញ។ ផឹកទឹកជាមួយអាហាររបស់អ្នកជួយសម្អាតអាស៊ីត និងស្ករចេញពីធ្មេញរបស់អ្នក។ ៦. ប៊័ររសជាតិសណ្តែកដី ដោយសារតែវាស្អិតនិងមានស្ករទៀតនោះប៊័ររសជាតិសណ្តែកដីមិនត្រឹមតែចិញ្ចឹមបាក់តេរីប៉ុណ្ណោះទេតែវាធ្វើឲ្យបាក់តេរីទាំងនោះងាយស្រូលក្នុងការច្រៀតចូលក្នុងចន្លោះធ្មេញផងដែរ។ បើមើលតាមធម្មជាតិទៅគឺប៊័រសណ្តែកដីដែលគ្មានជាតិស្ករគឺកាត់បន្ថយបញ្ហាផងដែរ។

Share

អារម្មណ៍ពីរក្នុងពេលតែមួយក៏តែងតែកើតមានចំពោះអ្នកដែលទើបតែទទួលបានការងារថ្មី គឺអារម្មណ៍សប្បាយលាយភ័យ ដោយសារតែគេទោះចង់ ឬមិនចង់ ក៏ត្រូវប្រឈមនឹងអ្វីដែលថ្មីជាច្រើន ទាំងការងារ និងមនុស្ស។ អារម្មណ៍មួយនេះនិយោជិកណាក៏ធ្លាប់ជួបដែរ... ប៉ុន្តែ ហេលស៍ថាមនឹងនាំមកជូនលោកអ្នកនូវគន្លឹះនៃទង្វើគួរធ្វើ និងមិនគួរធ្វើ ក្នុងពេលចូលធ្វើការងារដំបូងដែលមានដូចខាងក្រោម ៖ ទង្វើគួរធ្វើ ៖ •គិតក្នុងផ្លូវវិជ្ជមាន ព្រោះថាការគិតបែបវិជ្ជមាននឹងជួយឲ្យលទ្ធផលការងារក៏វិជ្ជមានដូចគ្នា (បើទោះជាពេលខ្លះ អ្នកអាចនឹងបង្កើតកំហុសខ្លះក៏ដោយ)។ •មានឆន្ទៈក្នុងការរៀន និងប្រឹងប្រែងឲ្យអស់ពីចិត្ត ដូចដែលគេតែងនិយាយថា «No Pain, No Gain»។ •ដាក់ចិត្តរៀនសូត្រគ្រប់ពេលវេលា តាមរយៈការស្តាប់ សង្កេត និងសាកសួរសំណួរ (បើទោះជាពេលខ្លះ វាអាចនឹងរំខានដល់មិត្តរួមការងារខ្លាំងក៏ដោយ)។ •រៀបចំខ្លួន និងរបស់ប្រើប្រាស់ឲ្យបានរៀបរយ ជាពិសេសតុធ្វើការសម្រាប់អ្នកធ្វើការក្នុងការិយាល័យ ព្រោះថាតុដែលរញ៉េរញ៉ៃក៏អាចប៉ះពាល់ដល់សតិអារម្មណ៍ក្នុងការធ្វើការផងដែរ។ •សម្របខ្លួន និងរាប់អានជាមួយនឹងមិត្តរួមការងារ ដោយចៀសវាងដាច់ខាតនូវការធ្វើអ្វីតែម្នាក់ឯង ឬកាត់ផ្តាច់ខ្លួនចេញពីអ្នកដទៃ ព្យាយាមបង្កើតឱកាសធ្វើការទំនាក់ទំនងជាមួយនឹងពួកគេ ដើម្បីស្គាល់ចិត្ត និងពង្រីកនូវខ្សែបណ្តាញឲ្យហើយ។ ទង្វើគួរចៀសវាង ៖ •កុំឲ្យឧបសគ្គដែលជួបប្រទះបន្លាចអ្នក ឬធ្វើឲ្យអ្នករារែកចិត្តក្នុងការតស៊ូបន្ត។ បើទោះជាមានហេតុការណ៍អាក្រក់ដល់កម្រិតណាក៏ដោយ ជំនួសឲ្យការបោះបង់ចោល អ្នកគួរតែបង្វែរការគិតដោយចាត់ទុកវាជាមេរៀនមួយសម្រាប់ការងារ ក៏ដូចជាជីវិត។ ត្រូវចាំថា «អាចដួលបាន តែសំខាន់ក៏ត្រូវចេះក្រោកឡើងវិញ ហើយបន្តដើរទៅមុខទៀត»។ •ការដែលបានទទួលការងារមួយដោយជោគជ័យ មិនមែនមានន័យថាអ្នកអាចនឹងរក្សាការងារនោះដោយជោគជ័យឡើយ។ កុំអាងតែថាបានជាប់ជាបុគ្គលិកពេញសិទ្ធិហើយ រួចក៏ព្រលែងដៃមិនខ្វល់ពីអ្វី។ ការងារណាក៏មានការកំណត់ គោលដៅ និងការរំពឹងទុកដែរ ហើយនិយោជកក៏មិនរារែកនឹងដកហូតការងាររបស់អ្នកដែរ ប្រសិនបើអ្នកមិនបានបំពេញកាតព្វកិច្ចបានត្រឹមត្រូវដូចអ្វីដែលគេបានរំពឹងទុក។ •ប្រឹងប្រែងហក់លោតហួសពេក ដូចដែលតែងនិយាយថា កុំប្រឹងរត់ ទាំងដែលមិនទាន់ដើរបាននឹងនរស្រួលបួល។ ជាការពិតណាស់ ដែលនិយោជិកណាក៏ចង់ឲ្យការងារ ឬស្នាដៃរបស់ខ្លួនអស្ចារ្យ និងលេចធ្លោដែរ តែត្រូវមើលពីលទ្ធភាព និងតួនាទីរបស់ខ្លួនផង។ •ខ្លាចរអានឹងសាកល្បងនូវអ្វីដែលខ្លួនមិនធ្លាប់ធ្វើពីមុនមក កុំភ្លេចណាថា «ការងារនឹងបង្រៀនមនុស្សណាដែលប្រឹងប្រែងប៉ុណ្ណោះ»។ នរណាៗក៏ចាប់ផ្តើមពីលើកដំបូងទៅដែរ...

Share

មើលសៀវភៅ ផឹកកាហ្វេ ផឹកកាហ្វេ មើលសៀវភៅ ផឹកយូរៗទៅ បិទសៀវភៅ ផឹក(តា៎)កាហ្វេ! (បិទសៀវភៅសិន ចាំផឹកកាហ្វេអស់ចាំមើលតទៀតហ្នឹងណា…) កំណាព្យមួយដ៏មានន័យជូនចំពោះបងៗ និងប្អូនៗដែលចូលចិត្តទៅមើលសៀវភៅ ឬមើលមេរៀននៅខាងក្រៅ ជាពិសេសនៅហាងកាហ្វេតែម្តង។ ហាងកាហ្វេសម័យនេះ ហាក់ក្លាយទៅជាស្នាក់ការកណ្តាលជំនួសឲ្យការឡើងភ្នំផឹកតែសម្រាប់អ្នកក្លាហានមកពីគ្រប់បក្ស  ដើម្បីជួបជុំគ្នាផឹកកាហ្វេ និងសាកល្បងវិជ្ជាគុនទាក់ទងនឹងមេរៀន ក៏ដូចជាកិច្ចការស្រាវជ្រាវផ្សេងៗផងដែរ។     សំណួរសួរថា តើកន្លែងសម្រាប់អ្នកគុននិយមបែបអ្នកសិក្សាគួរមានលក្ខណៈបែបណា? ទីតាំងនៅជិតៗសាលា ជាកន្លែងដែលសិស្សនិស្សិតអាចឆ្លៀតពេលទំនេរពីម៉ោងសាលាមកបាន ដោយមិនចាំបាច់ចំណាយពេលជិះទៅណាឆ្ងាយ   ហើយក៏ជាកន្លែងដែលអាចជួបជុំគ្នាបានទាំងថ្ងៃសៅរ៍ និងអាទិត្យផងដែរ។ ជាក់ស្តែង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងបរិវេណនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)  ហាងកាហ្វេធម្មជាតិ(Nature Café) ជាកន្លែងដែលសិស្សនិសិ្សតមិនត្រឹមមកពីសាកលវិទ្យាល័យផ្ទាល់ តែក៏មកសឹងតែពីគ្រប់សាលាមិនថាសាលាពេទ្យ សាលាតិចណូ ឬសាលាច្បាប់ជាដើម ចូលចិត្តមកជួបជុំគ្នាញ៉ាំអាហារ រៀនជាក្រុម និងពិភាក្សាគ្នាយ៉ាងហូរហែរមិនថាថ្ងៃធម្មតា ឬចុងសប្តាហ៍ឡើយ។ បរិយាកាសបែបធម្មជាតិ     ខ្យល់អាកាសបរិសុទ្ធ រុក្ខជាតិនៅជុំវិញពណ៌បៃតង ពិតជាអំណោយផលដល់ការមើលសៀវភៅ និងការតាំងអារម្មណ៍រៀនដែលត្រូវចំណាយរយៈ-ពេលយូរៗ ដោយយ៉ាងហោចណាស់អ្នកអាចក្រឡេកមើលទេសភាពឲ្យភ្នែកបានសម្រាកខ្លះ ក៏ដូចជាដកដង្ហើមវែងៗ ដើម្បីកុំឲ្យស្រេ្តសពេក។ ម្យ៉ាងទៀត ការនិយាយពិភាក្សាគ្នា ក៏នឹងមិនចោទជាបញ្ហាសំឡេងរំខានខ្លាំងឡើយជាមួយនឹងបរិវេណធំទូលាយ និងមិនមានជញ្ជាំងបិទជិត ដូចជានៅ Nature Café ។ ជាពិសេស បរិយាកាសដែលសម្បូរដោយអ្នករៀន   នឹងជម្រុញឲ្យអ្នកព្យាយាមរៀនដូចគ្នាដែរ។ រចនាបទបែបសាមញ្ញៗ  ជាការពិតដែលយុវវ័យច្រើនចូលចិត្តកន្លែងដែលឡូយៗ និងតុបតែងគួរឲ្យស្រឡាញ់ ក៏ប៉ុន្តែក្នុងកាលៈទេសៈខ្លះ កន្លែងដែលតុបតែងបែបសាមញ្ញគឺល្អបំផុត ជាពិសេសសម្រាប់ការរៀនដែលមិនត្រូវមានការបែកអារម្មណ៍។ ម្យ៉ាងទៀត វាគួរជាកន្លែងមានតុ និងកៅអីដែលផ្តល់ផាសុកភាពសម្រាប់ទាំងអ្នកដែលចង់អង្គុយរៀនតែឯង និងទាំងអ្នកអង្គុយលក្ខណៈជាក្រុមផងដែរ។  ក្រៅពីនោះ  ដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សា កន្លែងកុម្ម៉ង់គួរនៅឆ្ងាយពីកន្លែងអង្គុយបន្តិច។ អាហារប្លែកៗទៅតាមរសនិយមរបស់យុវវ័យ ក្នុងនោះ ការភ្លក្សរសជាតិដែលបង្ហាញពីវប្បធម៌របស់ប្រទេសដទៃពិតជាគួរឲ្យចាប់អារម្មណ៍ ហើយក៏អាចជាចំណីចំណេះដឹងបន្ថែមផងដែរ។ Nature Café ជាកន្លែងដែលអាចផ្តល់រសជាតិអាហារទាំងបែបខ្មែរ និងបែបជប៉ុនជាមួយនឹងគោលបំណងក្នុងការបង្ហាញពីវប្បធម៌របស់ប្រទេសទាំងពីរទៅដល់និសិត្ស និងសាស្ត្រាចារ្យខ្មែរ  ក៏ដូចជានិស្សិត  និងសាស្ត្រាចារ្យបរទេសដូចជាជប៉ុនផ្ទាល់ផងដែរ។ សេវាកម្មប្រកបដោយទំនុបចិត្ត បើនិយាយពីសេវាកម្មបែបជប៉ុន គឺតម្រូវឲ្យអតិថិជនទាំងអស់ត្រូវតម្រង់ជួរដើម្បីកុម្ម៉ង់ និងបង់ប្រាក់ ទើបបុគ្គលិកលើករបស់ដែលភ្ញៀវកុម្ម៉ង់ទៅជូន ដែលវាជួយសម្រួលដល់ការងាររបស់បុគ្គលិកមួយចំណែក  ព្រមទាំងផ្តល់អតិភាពដល់អ្នកមកមុនផងដែរ។ ដែលគួរឲ្យចាប់អារម្មណ៍ពី Nature Café គឺមិនប្រើនូវធុងសំរាមតូចៗនៅក្រោមតុនីមួយៗនោះទេ មានន័យថាអតិថិជនត្រូវយកសំរាមរបស់ខ្លួនទៅចោលនៅក្នុងធុងសំរាមធំៗដោយខ្លួនឯង ដែលបង្ហាញពីការស្រឡាញ់បរិស្ថាន និងភាពមានទំនួលខុសត្រូវរបស់ពួកគេ។នុស្សម្នាក់ៗ  ហើយអ្នកក៏ដូចគ្នា    គួរតែមានលក្ខខណ្ឌផ្ទាល់ខ្លួនដែលអាចជម្រុញឲ្យអ្នករៀនបានល្អដោយមិនចាំបាច់ចេញមកហាងកាហ្វេរាល់ពេលអី ពេលខ្លះបរិវេណសាលា  បណ្ណាល័យសាធារណៈនិងក្លិបសិក្សា  ឬផ្ទះតែម្តងក៏ជាកន្លែងល្អដែរ។   សរុបមក មានលក្ខខណ្ឌច្រើនទៀតសម្រាប់អ្នកសិក្សាទៅតាមរសនិយមរបស់មនុស្សម្នាក់ៗ  ហើយអ្នកក៏ដូចគ្នា    គួរតែមានលក្ខខណ្ឌផ្ទាល់ខ្លួនដែលអាចជម្រុញឲ្យអ្នករៀនបានល្អដោយមិនចាំបាច់ចេញមកហាងកាហ្វេរាល់ពេលអី ពេលខ្លះបរិវេណសាលា  បណ្ណាល័យសាធារណៈនិងក្លិបសិក្សា  ឬផ្ទះតែម្តងក៏ជាកន្លែងល្អដែរ។   សូមអរគុណដល់លោក ស៊ាង និមល អ្នកគ្រប់គ្រងទូទៅរបស់ Nature Café  សម្រាប់ព័ត៌មានគំរូពីអាហារដ្ឋានធម្មជាតិ...

Share
Top