Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

កុមារជាទំពាំងស្នងឫស្សី និងជាក្តីសង្ឃឹមរបស់គ្រួសារនិងប្រទេសជាតិទាំងមូល ដូចនេះការធំធាត់របស់ពួកគាត់ទាំងរាងកាយនិងបញ្ញា ក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ផងដែរ។ យ៉ាងណាមិញ ប្រសិនបើកុមារធំធាត់ឡើងក្នុងស្ថានភាពមិនល្អដោយទទួលនូវការញាំញីពីសំណាក់ជំងឺមេរោគនានាជុំវិញខ្លួន នោះកម្លាំងកាយនិងកម្លាំងបញ្ញាក៏ត្រូវថយចុះទៅតាមនោះដែរ។ ងាកមកប្រទេសកម្ពុជាយើងវិញ ក្នុងរយៈពេល១០ឆ្នាំ(២០០០-២០១០) អត្រាមរណៈរបស់កុមារនៅកម្ពុជាបានធ្លាក់ចុះក្នុងអត្រាមួយដែលគួរឲ្យកត់សម្គាល់ ពោលគឺពី៩៥នាក់ទៅ៤៥នាក់ក្នុងកុមារ១០០០នាក់។ យ៉ាងណាមិញ យោងតាមរបាយការណ៍របស់មន្ទីរពេទ្យកុមារអង្គរក្នុងឆ្នាំ២០១៥ អ្នកជំងឺសរុបដែលបានមកទទួលការព្យាបាលពីមន្ទីរពេទ្យមានសរុបចំនួន ១៦៨ ២២៦នាក់ក្នុងឆ្នាំ២០១៤ ហើយចំនួននេះបានកើនឡើងដល់ទៅ១៨៦ ៣៥៨នាក់ក្នុងឆ្នាំ២០១៥។ ម្យ៉ាងទៀត ជំងឺភាគច្រើនដែលរកឃើញមានដូចជា ជំងឺឆ្លងរោគនៅផ្លូវដង្ហើម ជំងឺហឺត ជំងឺឆ្លងរោគនៅក្រពះពោះវៀន ជំងឺឆ្លងរោគនៅក្នុងឈាម ជំងឺឆ្កែខាំ និងជំងឺគ្រុនឈាម៖ •ផ្នែកអ្នកជំងឺមិនស្នាក់នៅមន្ទីរពេទ្យ (Outpatient department) បានទទួលព្យាបាលអ្នកជំងឺ១៣២ ១៣៣នាក់ក្នុងឆ្នាំ២០១៥ ហើយជំងឺដែលជួបញឹកញាប់គឺជំងឺរលាកផ្លូវដង្ហើមខាងលើនិងខាងក្រោម និងបញ្ហាឆ្កែខាំ។ •ផ្នែកអ្នកជំងឺស្នាក់នៅមន្ទីរពេទ្យ (Inpatient department) បានទទួលព្យាបាលអ្នកជំងឺចំនួន ៣ ៤១១នាក់ ដែលជាញឹកញាប់មានជំងឺរលាកផ្លូវដង្ហើមខាងលើ ជំងឺឆ្លងក្នុងឈាម ជំងឺបង្កឡើងដោយវីរុស និងក្តៅខ្លួន។ •ផ្នែកទារកទើបកើត បានទទួលព្យាបាលអ្នកជំងឺចំនួន៤៥៧នាក់ ដែលជំងឺជួបញឹកញាប់ដូចជា ជំងឺឆ្លងពេលទើបនឹងកើត(Neonatal infection) បញ្ហាកើតមុនខែ(Premature birth) និងបញ្ហាឡើងលឿងពេលទើបនឹងកើត(Neonatal jaundice)។ •ផ្នែកសង្គ្រោះបន្ទាន់និងជំងឺធ្ងន់ បានទទួលអ្នកជំងឺសរុប ២៧ ៩១៥នាក់ក្នុងនោះរួមមាន ២៧ ០៣៥នាក់ព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ឯ៨៨០នាក់ទៀតនៅផ្នែកជំងឺធ្ងន់ ហើយជំងឺដែលជួបញឹកញាប់រួមមាន ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ជំងឺគ្រុនឈាម និងបញ្ហាឆ្កែខាំ។ •ផ្នែកជំងឺធ្មេញ បានទទួលអ្នកជំងឺសរុប ៨២ ២០៣នាក់ក្នុងនោះ ៥៩ ៣៣៨នាក់បានទទួលការព្យាបាល ឯ២២ ៨៦៥នាក់ទទួលការអប់រំសុខភាពមាត់ធ្មេញ។ •ផ្នែកជំងឺភ្នែក បានទទួលអ្នកជំងឺសរុប ១៧ ៤៧៥នាក់ក្នុងនោះ ១៤ ០៧៤នាក់ទទួលការពិគ្រោះជំងឺ ២ ៦៨៨នាក់ទទួលការវះកាត់តិចតួច ៧១៣នាក់ទទួលការវះកាត់ធំ។ ជំងឺដែលជួបភាគច្រើនគឺជំងឺឆ្លងនៅនឹងភ្នែក និងបញ្ហាស្ទះក្រពេញទឹកភ្នែក។ តាមរបាយការណ៍ឆ្នាំ២០១៥របស់មន្ទីរពេទ្យកុមារអង្គរដែលបានរៀបរាប់ខាងលើ យើងឃើញថាភាគច្រើននៃជំងឺដែលកុមារបានកើតជាប្រភេទជំងឺឆ្លងដែលក្នុងនោះមានដូចជា ជំងឺរលាកផ្លូវដង្ហើមខាងលើ ជំងឺរលាកផ្លូវដង្ហើមខាងក្រោម ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ជំងឺឆ្លងក្នុងឈាម ជំងឺបង្កឡើងដោយវីរុស ជំងឺគ្រុនឈាម ជំងឺឆ្លងនៅភ្នែកជាដើម។ ជំងឺទាំងនេះ សុទ្ធតែមានឱកាសខ្ពស់ក្នុងការបង្ការការកើតជំងឺបានពីកុមារ ដូចជាអនាម័យក្នុងការរស់នៅ នាំកូនទៅទទួលវ៉ាក់សាំងការពារជំងឺឲ្យបានគ្រប់មុខ ប៉ុន្តែចំនួននៃកុមារដែលកើតជំងឺឆ្លងបែរជាកើនឡើងដល់ទៅជិត២០ ០០០នាក់ក្នុងមួយឆ្នាំ(ពីឆ្នាំ២០១៤ដល់២០១៥)។ ផ្អែកលើការកើនឡើងនៃចំនួនអ្នកជំងឺនេះ អ្នកផ្តល់សេវាសុខាភិបាលគួរបង្កើននូវ៖ •ការអប់រំពីអនាម័យនិងវិធីបង្ការការឆ្លងជំងឺ •ការជម្រុញឲ្យប្រជាជនអនុវត្តវិធីបង្ការទាំងនេះឲ្យប្រកបដោយប្រសិទ្ធភាព •ការលើកទឹកចិត្តឲ្យពួកគាត់នាំកូនមកចាក់ថ្នាំបង្ការឲ្យបានគ្រប់មុខ។

Share

ហួសពីថ្ងៃ១៤កុម្ភៈនេះ បើមើលទៅនៅតែរកពន្លឺអីមិនឃើញទៀត  (អត់មានអ្នកសារភាពឬក៏គេបដិសេដអីហ្នឹង)   គ្នាយើងខ្លះគួរតែទៅលេងសារមន្ទីរម្តងហើយ ទៅរកកន្លែងសមរម្យទុកឲ្យហើយនោះអី!    និយាយលេងទេ… តែក៏ដូចមែនដែរ  ព្រោះថាអ្នកខ្លះនៅភ្នំពេញយូរហើយ  តែមិនដឹងសារមន្ទីរជាតិបែរមុខទៅខាងណាផង។ ឥឡូវ ចុងសប្តាហ៍ហ្នឹង ទំនេរៗកុំយកពេលគិតច្រើននាំតែសៅហ្មងចិត្ត  ទៅទស្សនាសារមន្ទីរជាតិកម្ពុជាម្តងទៅ  យ៉ាងហោចណាស់អ្នកនឹងអាចចាស់ចិត្ត ចាស់គំនិតខ្លះ ហើយក៏អាចមានអារម្មណ៍ប្លែកៗដែលមិនធ្លាប់មានផងដែរ។  ជឿចុះវាមិនត្រឹមផ្តល់ចំណេះដឹងដល់អ្នកហើយអ្នកក៏នឹងមិនធុញទ្រាន់ឡើយ  ដោយសារអ្វីៗនៅទីនោះ ក៏ដូចជាសកម្មភាពជាច្រើនទៀត អាចនឹងធ្វើឲ្យអ្នកពេញចិត្តនឹងចំណាយពេលពេញមួយថ្ងៃនៅទីនោះតែម្តង។   ស្រួលមិនស្រួលអាចនឹងជួបអ្នក single អាជីពដូចគ្នានៅទីនោះផងមិនដឹង… •ទីតាំង៖ ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ម្តុំព្រះបរមរាជវាំងដែលមានព្រំប្រទល់ខាងជើងជាប់ទៅនឹងផ្លូវ ១៧៨ ខាងត្បូងជាប់ទៅនឹងផ្លូវ ១៨៤ និងខាងកើតជាប់នឹងផ្លូវ ១៣ •កាលវិភាគបើកបិទ៖ មានបើកឲ្យចូលទស្សនាពីម៉ោង ៨ព្រឹកដល់ម៉ោង  ៥ល្ងាចជារៀងរាល់ថ្ងៃរួមទាំងចុងសប្តាហ៍ផងដែរ •លក្ខខណ្ឌក្នុងការចូលទស្សនា ៖  សម្រាប់ភ្ញៀវខ្មែរ ត្រូវចំណាយត្រឹមតែ៥០០រៀលប៉ុណ្ណោះ និងមិនមានបង់ថ្លៃចំពោះកូនក្មេង និងសិស្សសាលា ខណៈពេលភ្ញៀវបរទេសត្រូវចំណាយ   ៥ដុល្លាក្នុងម្នាក់។ •មានសេវាកម្មមគ្គទេសក៍ផ្ទាល់ខ្លួន ឬជាក្រុមផងដែរ។ ហេតុអ្វីបានជាយើងគួរតែទៅទស្សនាសារមន្ទីរជាតិ? ជាមួយនឹងអាយុកាលជិតមួយសតវត្ស(សាងសង់ឡើងនៅកំឡុងឆ្នាំ១៩១៧ដល់១៩២៤)   និងរចនាបថដ៏បុរាណ ព្រមទាំងជាកន្លែងដ៏សំខាន់ជាងគេក្នុងការតម្កល់នូវវត្ថុមានតម្លៃ   និងវត្ថុប្រវត្តិសាស្ត្រជាច្រើន សារមន្ទីរជាតិអាចចាត់ទុកជាកន្លែងដ៏ទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍សម្រាប់ទេសចរ។ ម្យ៉ាងទៀត ការពិតទៅ វប្បធម៌នៃការចូលទស្សនាសារមន្ទីរ ពិតជាពេញនិយមខ្លាំងណាស់នៅបរទេស ហើយយើងក៏បានឃើញដែរថា មានជនបរទេសជាច្រើនបានចូលទស្សនាសារមន្ទីរជាតិរបស់ខ្មែរ អញ្ចឹងហេតុអ្វីបានជាវាមិនមែនជាអ្វីដែលយើងគួរធ្វើ បើសិនជាវាផ្តល់នូវការយល់ដឹង  ក៏ដូចជាជួយលើកស្ទួយវប្បធម៌ជាតិ និងជាការបង្ហាញអំពីមោទនភាពមួយរបស់យើងផងនោះ? ដោយឡែក  សម្រាប់អ្នកចូលចិត្តទៅទស្សនាសារមន្ទីរទើបដឹងថាមានអត្ថប្រយោជន៍ជាច្រើនទៀតដែលអាចទទួលបានដូចជា ការទទួលបានផ្នត់គំនិតថ្មីៗ ច្នៃពីស្នាដៃចាស់ ជាពិសេសបើអ្នកជាមនុស្សមានគំនិតបែបសិល្បៈ  និងការពង្រីកចំណេះដឹងទូទៅឲ្យបានទូលំទូលាយ ក៏ដូចជាយល់ពីវប្បធម៌នៃការរស់នៅរបស់មនុស្សនាសម័យមុន  តាមរយៈឯកសារជាច្រើនដែលតម្កល់ទុកនៅទីនោះ ព្រមទាំងការទទួលបានឱកាសក្នុងការចូលរួមក្នុងសកម្មភាព និងកម្មវិធីផ្សេងៗដូចជាការតាំងពិព័រណ៍ជាដើម   (ដើម្បីទទួលបានព័ត៌មានបន្ថែម អ្នកអាចចូលគេហទំព័ររបស់សារមន្ទីរផ្ទាល់)។ ក្រៅពីនោះ អ្នកអាចស្គាល់មនុស្សថ្មីៗដែលមានផ្នត់គំនិតចាស់ទុំ ចូលចិត្តស្វែងយល់ និងឲ្យតម្លៃស្នាដៃដូនតា ក៏ដូចជាអាចអនុវត្តចំណេះដឹងទូទៅ    ព្រមទាំងភាសាទំនាក់ទំនងរបស់អ្នកតាមរយៈការប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរផងដែរ។ មិនខ្វះអី្វធ្វើទេនៅសារមន្ទីរ ប៉ុន្តែដែលសំខាន់ៗមិនគួររំលងនោះគឺ… •ដើរមើលវត្ថុបុរាណដើម្បីទទួលបានចំណេះដឹង​ និងកុំភ្លេចកត់ទុក ក៏ដូចជាសួរនាំបន្ថែមនូវព័ត៌មានសំខាន់ៗ (កុំឲ្យថាមកវិញដៃទទេ) •រួចសម្រាកនៅមាត់ស្រះស្រូបខ្យល់បរិសុទ្ធបន្តិចសិន ឬក៏និយាយលេងជាមួយមិត្តភក្តិ •ពេលថ្ងៃត្រង់ និងរសៀល អាចចូលអង្គុយផឹកភេសជ្ជៈ និងញ៉ាំអាហារសិននៅហាងកាហ្វេក្នុងបរិវេណសារមន្ទីរ •ល្ងាចត្រជាក់បន្តិច អ្នកគួរថតរូបលេងនៅតាមបរិវេណជុំវិញកុំឲ្យខកខានឲ្យសោះ ព្រោះទេសភាពនៅសារមន្ទីរជាតិពិតជាអស្ចារ្យ (ប្រយ័ត្នត្រង់បរិវេណហាមមិនឲ្យថតរូប) ជាពិសេសនៅពេលថ្ងៃរាបលិច ចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យជាមួយនឹងអគារពណ៌ឈាមជ្រូករបស់សារមន្ទីរពិតជាផ្តល់ឲ្យអ្នកនូវរូបភាពដ៏ល្អឥតខ្ចោះ  ហើយធានាថាអ៊ែម! •អាចចូលមើល   ឬជាវវត្ថុអនុស្សាវរីយ៍ដូចជាចម្លាក់  ផសកាត  ឬសៀវភៅជាដើមដែលមានលក់នៅបរិវេណសារមន្ទីរជាតិ •ពេលល្ងាចចេញមកវិញ   មានអារម្មណ៍ថាអស់កម្លាំងបន្តិច តែអ្នកអាចឆ្លៀតដើរកម្សាន្តនៅជិតៗនោះ ដូចជាតាមមាត់ទន្លេ ឬបរមរាជវាំង ស្រូបខ្យល់បរិសុទ្ធ រកអីញ៉ាំ និងលំហែកាយតែម្តង។ គន្លឹះខ្លះៗសម្រាប់អ្នកចូលទស្សនាសារមន្ទីរកុំឲ្យឆ្គង •អានការណែនាំ និងបម្រាមមុនចូល •មើលស្លាកសញ្ញាណែនាំ (ដូចជាការហាមថតរូប) និងផែនទីនៅក្នុងសារមន្ទីរជាតិ(យ៉ាងហោចណាស់ដឹងថាបន្ទប់ទឹកនៅត្រង់ណាដែរ) •អ្នកគួរមានអាកប្បកិរិយាសមរម្យ កុំច្រងេងច្រងាង និងឡូឡា ចៀសវាងធ្វើឲ្យខូចខាតវត្ថុដាក់តាំង ឬប៉ះពាល់ដល់អ្នកទស្សនាដទៃ •បើអ្នកចង់ខ្ចីឯកសារសម្រាប់ធ្វើការស្រាវជ្រាវ ឬចង់បានរូបភាពសម្រាប់ចងក្រង អាចអីុម៉ែលទៅកាន់សារមន្ទីរដើម្បីស្នើយកពាក្យបំពេញ ឬទាក់ទងបុគ្គលិកនៅទីនោះផ្ទាល់ •អ្នកក៏អាចចូលរួមបរិច្ចាគតាមលទ្ធភាព  ដែលថវិកានេះនឹងត្រូវប្រើសម្រាប់ដំណើរការសារមន្ទីរ ការបង្កើតជាកម្មវិធីផ្សេងៗដើម្បីរក្សាទុក និងការពារវត្ថុបុរាណ។ និយាយរួម អ្នកគួរតែទៅសារមន្ទីរជាតិឲ្យបានយ៉ាងហោចម្តងទើបសមជាកុលបុត្រកុលធីតាខ្មែ។ ម្យ៉ាង បានដើរលេងហើយ បានស្វែងយល់ទៀត គឺពិតជាល្អណាស់ ដូចនេះបើមានពេលគួរឆ្លៀតទៅផងណា៎…

Share

ដោយសារពីអត្ថបទមុន យើងបានណែនាំខ្លះៗរួចមកហើយអំពីប្រភេទ និងត្រេននៃការធ្វើដំណើរនៅពេលបច្ចុប្បន្ន ប៉ុន្តែការស្លៀកពាក់យ៉ាងណាឲ្យស័ក្តិសមទៅនឹងដំណើរកម្សាន្តនីមួយៗ គឺជារឿងមួយផ្សេងទៀត។ ជាការពិត ពេលទៅដើរលេងម្តងៗ ដែលខ្វល់ជាងគេគឺសម្លៀកបំពាក់ហ្នឹងហើយ មិនមែនតែដើម្បីថតរូបហ្គោលឲ្យបានស្អាតៗនោះទេ តែក៏ដើម្បីបង្កើនទំនុកចិត្ត ទទួលបានផាសុកភាព   និងជាពិសេសគឺភាពស័ក្តិសមផងដែរ។ តែនិយាយដល់រឿងជ្រើសរើសការស្លៀកពាក់ ក៏ធ្វើឲ្យឈឺក្បាលមិនតិចដែរ ហើយក៏មិនអាចលេងសើចបានដូចគ្នា ដូចនេះ កុំប្រាប់ណា៎ថាអ្នកស្លៀកពាក់ស្ទាយដដែលៗ មិនថាទៅដើរលេងបែបណាក៏ដោយ?កុំលេងសើច… ដំណើរកម្សាន្តនៅតំបន់សមុទ្រ ជាមួយនឹងអាកាសធាតុល្អៗ  ខ្យល់ត្រជាក់រួមជាមួយទេសភាពនៃសមុទ្រ  នារីៗអាចជ្រើសរើសយកអាវវាលដៃ រលុងឬរឹបមិនមែនជាបញ្ហាហើយ ស្លៀកជាមួយនឹងខោខ្លី និងអាវស្បៃពីក្រៅ។ ឯបុរសអាចលេងអាវវាលក្លៀក ជាមួយនឹងអាវសាច់ក្រណាត់ពីក្រៅ ស្លៀកជាមួយនឹងខោខ្លីត្រឹមជង្គង់។ សម្លៀកបំពាក់ទាំងនេះ មិនត្រឹមផ្តល់ផាសុកភាព ស័ក្តិសមនឹងបរិយាកាស តែក៏អាចងាយសម្រាប់ការលេងទឹកផងដែរ។ យ៉ាងណាក៏កុំភ្លេចឲ្យសោះនូវសម្ភារៈមួយចំនួនដូចជាវ៉ែនតាខ្មៅធំៗ មួកស្អាតៗ និងស្បែកជើងផ្ទាត់សម្រាប់ការដើរលេងនៅលើខ្សាច់។ ដំណើរកម្សាន្តបែបកីឡា សំដៅដល់ដំណើរកម្សាន្តដោយជិះកង់ ឬក៏ឡើងភ្នំជាដើម។ អ្នកប្រាកដជាធ្លាប់ឃើញអ្នកដែលធ្វើដំណើរកម្សាន្តប្រភេទនេះក្នុងឈុតសម្លៀកបំពាក់បែបកីឡារាងជិតៗបន្តិច ហើយក៏ភាគច្រើនជាប្រភេទក្រណាត់ដែលមិនជ្រាបទឹក ដែលវាផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ការពារពីកម្តៅថ្ងៃ ការពារការប្រឡាក់ឬសើម ហើយក៏ជួយរក្សាជាតិទឹកនៅក្នុងខ្លួនបានល្អផងដែរ។ ចំពោះមិត្តនារីៗ អ្នកគួរត្រៀមអាវកាក់សម្រាប់ហាត់កីឡា ពីព្រោះអាវកាក់ដែលអ្នកពាក់រាល់ថ្ងៃមិនផ្តល់ផាសុកភាពគ្រប់គ្រាន់ដល់អ្នកសម្រាប់សកម្មភាពទាំងនេះឡើយ។    ដោយឡែក ការជិះកង់ ឬការឡើងភ្នំទាមទារឲ្យអ្នកត្រៀមផងដែរនូវសម្ភារៈ ព្រមទាំងស្បៀងផ្ទាល់ខ្លួនមួយចំនួន តែក៏មិនអាចយកជាប់ខ្លួនច្រើនពេកដែរ ដូចនេះ អ្នកត្រូវការសាក់កាដូមាំមួយសម្រាប់ដាក់របស់ដែលសំខាន់ៗប៉ុណ្ណោះ។ ដំណើរកម្សាន្តបែបផ្សងព្រេង (Backpacking) វាមិនខុសពីដំណើរកម្សាន្តបែបកីឡា ដោយសារតែអ្នកដំណើរត្រូវដើរច្រើនជាមួយនឹងសាក់កាដូរបស់ខ្លួនទៅកន្លែងជាច្រើន។ ដំណើរកម្សាន្តប្រភេទនេះជារឿយៗត្រូវចំណាយរយៈពេលយូរ ដូចនេះអ្វីដែលអ្នកត្រូវត្រៀមក៏មានច្រើនដែរ និងគ្រប់បែបយ៉ាង។ អ្នកត្រូវមានប្រភេទសម្លៀកបំ-ពាក់លក្ខណៈដើរលេងបែបលំហែ បែបកីឡា និងបែបគេងយប់អាស្រ័យនឹងកាលៈទេសៈ  និងកន្លែងដែលអ្នកទៅដល់។ ក្រៅពីនោះ អ្នកមិនត្រូវភ្លេចអាវ និងខោការពារភ្លៀង ព្រមទាំងស្បែកជើងដ៏រឹងមាំមួយគូផងដែរ។ ដំណើរកម្សាន្តបែប Business អ្វីដែលចាំបាច់ក្នុងដំណើរកម្សាន្តប្រភេទនេះ គឺត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងភាពថ្លៃថ្នូរ។ អ្នកត្រូវត្រៀមសម្លៀកបំពាក់ផ្លូវការសម្រាប់ចូលរួមប្រជុំ ឬការពិភាក្សាផ្សេងៗតាមជំនាញរបស់អ្នក ក៏ដូចជាសម្លៀកបំពាក់បែបសាមញ្ញតែថ្លៃថ្នូរទុកសម្រាប់ការចុះអង្កេតទីផ្សារ  ឬទស្សនកិច្ចកន្លែងសាធារណៈណាមួយ។ និយាយរួមវាមិនសូវខុសពីសម្លៀកបំពាក់ទៅធ្វើការឡើយ គ្រាន់តែពេលខ្លះអ្នកក៏អាចលេងស្ទាយបែបលំហែទៅតាមទីកន្លែងដែលអ្នកចុះបេសកកម្មផងដែរ។ ដំណើរកម្សាន្តបែបទស្សនកិច្ចសិក្សា ភាគច្រើនដំណើរទស្សនកិច្ចបែបនេះធ្វើឡើងជាមួយនឹងក្រុមហ៊ុន ឬសាលានានា។ ជួនកាលខាងស្ថាប័ន   មានជាសម្លៀកបំពាក់រួមសម្រាប់អ្នកទស្សនា ប៉ុន្តែពេលខ្លះស្ថាប័នមិនកំណត់។ ដូចនេះក្នុងសកម្មភាពនេះ អ្នកមិនចាំបាច់លេងខ្លួនពេកទេ ទាំងបុរសនិងសុភាពនារី អ្នកអាចពាក់អាវយឺត ជាមួយនឹងខោខូវប៊ូយ ឬសំពត់ បូកនឹងស្បែកជើងប៉ាតាឬផ្សេងៗតាមចំណង់ចំណូលចិត្ត។   ប៉ុន្តែអ្វីដែលសំខាន់ត្រូវដឹងថាអ្នកនៅមានអ្វីធ្វើពេញមួយថ្ងៃ   ដូចនេះការស្លៀកសម្លៀកបំពាក់ត្រូវមានភាពងាយស្រួលក្នុងការបត់បែន។ ដំណើរកម្សាន្តក្នុងក្រុង អាចចាត់ទុកថាជាការដើរលេងធម្មតាដូចជាទៅមើលកុន ដើរផ្សារទំនើប ទិញទំនិញ ទៅញ៉ាំអាហារ រួចថតរូបបង្ហោះក្នុង Facebook អីជាដើម។ ដូចនេះការស្លៀកពាក់គឺនិយាយបានថាហ្រ្វីស្ទាយ(មិនប្រកាន់) ដែលអ្នកអាចស្លៀកពាក់អ្វីតាមរសនិយមរបស់អ្នក ប៉ុន្តែត្រូវប្រាកដថាវាក៏ ទាន់សម័យផងដែរ។ នារីៗជាមួយនឹងរ៉ូបខ្លីៗលើជង្គង់បន្តិច ស្ពាយកូនកាបូប និងពាក់ស្បែកជើងកែងបន្តិច ឬក៏ស្បែកជើងប៉ាតា ជាស្ទាយសាមញ្ញតែពេញនិយម និងមានភាពទាក់ទាញមែនទែន។ ចំណែកបុរសៗវិញ គ្រាន់តែអាវយឺត ឬអាវក្រណាត់កឌុប ពាក់ជាមួយនឹងខោខូវប៊ូយ បូកនឹងស្បែកជើងប៉ាតា ឬស្បែកជើងស្បែកប្រាកដជាអ៊ែម។ ដំណើរកម្សាន្តមានច្រើនប្រភេទ ស្ទាយនៃការស្លៀកពាក់ក៏មានច្រើនបែប ប៉ុន្តែភាពស័ក្តិសមគ្នា (a good matching) មិនមែនកើតឡើងបានគ្រប់ពេលទេ ហើយអ្នកពិតជាត្រូវបន្ស៊ីវាឲ្យល្អទើបមិនបាក់កាលីប។   តែទោះយ៉ាងណា មនុស្សម្នាក់ៗសុទ្ធតែមានអត្តសញ្ញាណផ្ទាល់ខ្លួនដែរ ដូចនេះអ្នកអាចបញ្ចូលស្ទាយជាគោលរបស់អ្នកទៅក្នុងប្រភេទនៃការស្លៀកពាក់នីមួយៗរបស់អ្នកបានដូចគ្នា។

Share

ដំបូន្មានជាច្រើនជុំវិញបញ្ហាស្បែកមុខរបស់អ្នក ប៉ុន្តែតើដំបូន្មានទាំងនោះគួរឲ្យទុកចិត្តដែរឬទេ?  តើអ្នកបានសាកល្បងហើយឬនៅ?   ខ្លាចទេក្នុងការសាកល្បង? ខ្លាចតែមិនអាចជួយបាន ថែមទាំងបង្កបញ្ហាបន្ថែមមែនទេ?   ហេតុនេះហើយ ទើបដំបូន្មានពីអ្នកជំនាញច្បាស់លាស់ក៏ដូចជាវេជ្ជបណ្ឌិតសើស្បែកផ្ទាល់ គឺជាអ្វីដែលអ្នកត្រូវការបំផុត ជាពិសេសគឺសម្រាប់បញ្ហាស្បែកមុខតែម្តង។ ពីលោកវេជ្ជបណ្ឌិត អែម សំអុល ឯកទេសផ្នែកជំងឺសើសែ្បក នៅគ្លីនិកសើស្បែក BC Skin Clinic and Laserដែលលោកបានបញ្ចប់ការសិក្សាថ្នាក់ជំនាញឯកទេសពីប្រទេសថៃតាមរយៈអាហារូបករណ៍របស់អង្គការចៃកា  ព្រមជាមួយនឹងបទពិសោធន៍ក្នុងការសិក្សាទៅលើជំនាញកែសម្ផស្សដោយគ្មានការឈឺចាប់ដែលហៅថា“ Noninvasive aesthetic medicine ” ពីប្រទេសសិង្ហបុរី និងជប៉ុន ដំបូន្មានជាច្រើនទៅលើបញ្ហាស្បែកមុខនឹងត្រូវបានបង្ហាញដូចខាង ក្រោម៖ ការកំណត់វិធីសាស្ត្រដោះស្រាយបញ្ហាស្បែកមុខ ​វិធីសាស្រ្តក្នុងការថែរក្សាស្បែកមុខត្រូវបានចែកចេញជា២របៀបធំៗគឺតាមបែបវេជ្ជសាស្រ្ដ  និងតាមបែបធម្មជាតិ  ដែលត្រូវបានធ្វើឡើងទៅតាមបញ្ហាមុខ និងប្រភេទស្បែកមុខ  ហើយខាងក្រោមនេះជាករណីខ្លះៗនៃបញ្ហាមុខ    រួមជាមួយនឹងវិធីសាស្ត្រដោះស្រាយជាក់លាក់របស់វា។ 1.ចំពោះស្បែកមុខដែលសម្បូរខ្លាញ់   ឬមុន  ( ភាគច្រើនកើតមានចំពោះយុវវ័យ ) •ការថែរក្សាតាមបែបធម្មជាតិត្រូវផ្អែកទៅលើកត្តាមួយចំនួនដូចជាចំណីអាហារ និងអនាម័យ ដោយត្រូវធ្វើការកាត់បន្ថយនូវការទទួលទានអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ ព្រោះ ខ្លាញ់ទាំងនោះនឹងត្រូវបានបញ្ជូនមកគល់រោមកាន់តែច្រើន ដែលបណ្ដាលឲ្យកើតមុន។ ក្រៅពីនោះ យើងត្រូវធ្វើការសម្អាតស្បែកមុខយ៉ាងហោចឲ្យបាន២ដងក្នុងមួយថ្ងៃដើម្បីជម្រះខ្លាញ់  ឬភាពកខ្វក់លើស្បែកមុខ   ចៀសវាងការកកើតមុនដែលបណ្ដាលមកពីការផលិតខ្លាញ់ច្រើន   ឬក៏បណ្ដាលមកពីការរលាកគល់រោមដែលនាំឲ្យមានជាមុនខ្ទុះ។ •បែរទៅរកការថែទាំតាមបែបវេជ្ជសាស្រ្ដវិញ បុគ្គលដែលមានស្បែកមុខខ្លាញ់ ឬកើតមុនអាចប្រើប្រាស់ផលិតផលថែរក្សាស្បែកមួយចំនួនដូចជាហ្វូមលាងសម្អាតមុខ រួមជាមួយនឹងថ្នាំលាបព្យាបានមុននិងបណ្ដុះកោសិកា ដែលស័ក្តិសមទៅនឹងប្រភេទស្បែកមុខរបស់ខ្លួន ក៏ដូចជាស្របទៅតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ ដើម្បីចៀសវាងការប្រើប្រាស់ផលិតផលខុសដែលនាំឲ្យកាន់តែធ្ងន់ធ្ងរ។    បន្ថែមពីលើការប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខនានា ការប្រើប្រាស់ម៉ាស៊ីន ឬការម៉ាស្សាទៅលើស្បែកមុខអាចបង្កើននូវប្រសិទ្ធភាពថែមមួយកម្រិតទៀត   ដោយការប្រើប្រាស់ត្រូវបានកំណត់អាស្រ័យទៅតាមប្រភេទនៃស្បែកនីមួយៗ។ 2.ស្បែកដែលមានបញ្ហាជាំ  ( អាចកើតមានលើមនុស្សគ្រប់វ័យ ) •ការថែទាំតាមបែបធម្មជាតិតម្រូវឲ្យអ្នកជំងឺត្រូវចៀសវាងពីការរងនូវកម្ដៅថ្ងៃតាមដែលអាចធ្វើទៅបាន ជាពិសេសនៅចន្លោះរវាងម៉ោង៩ព្រឹករហូតដល់ម៉ោង៤រសៀល  ព្រោះថាវាអាចធ្វើឲ្យស្បែកមានភាពខ្មៅស្រអាប់   ឬជាំបានដោយងាយ។ ត្រូវចងចាំថាកម្តៅថ្ងៃធ្វើឲ្យស្បែក ជាំ ឡើងអាចម៍រុយ  ឆាប់ចាស់និងជ្រីវជ្រួញ ។ •ការព្យាបាលតាមបែបវេជ្ជសាស្រ្ត ត្រូវលាបថ្នាំទៅលើស្បែកដែលជាំទៅតាមវេជ្ជបញ្ជា និងលាបឡេការពារកម្តៅថ្ងៃជាប្រចាំមុនពេលចេញត្រូវកម្តៅថ្ងៃ។ ដោយឡែក ការព្យាបាលមុខជាំមានការលំបាក ហើយត្រូវការពេលវេលាយូរ។ 3.ភាពជ្រីវជ្រួញ ឬយារធ្លាក់  ( កើតមានទៅលើមនុស្សវ័យកណ្តាល និងវ័យចំណាស់ ) ការថែទាំតាមបែបវេជ្ជសាស្រ្ដមួយចំនួនអាចនឹងត្រូវបានណែនាំដូចជា៖ -លាបឡេ  ឬក្រែមដែលផ្តល់សំណើម   និងបណ្តុះកោសិកាដល់ស្បែកជាប្រចាំ -ចាក់ Botox ដើម្បីបំបាត់ភាពជ្រីវជ្រួញនៅត្រង់ប្រជុំចិញ្ចើម ថ្ងាស និងជុំវិញរង្វង់ភ្នែក -ចាក់Fillerដើម្បីបំពេញកន្លែងដែលផត ឬខូង ជាពិសេសត្រង់ថ្ពាល់ - ចាក់វីតាមីនបំប៉នស្បែកមុខ និងក ( Meso-therapy)                                                                                                                                               therapy ) -ចាក់ថ្នាំរំលាយខ្លាញ់នៅក្បំក ។-ល-។ -ការទាញបន្តឹងស្បែកមុខដោយប្រើអំបោះរលាយ ឬអាចឈានទៅរកការវះកាត់ដើម្បីទាញបន្តឹងស្បែកមុខ។ ការថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ដមានផលប៉ះពាល់ដែរឬទេ? ហើយស្បែកប្រភេទណាដែលត្រូវបានហាមឃាត់មិនឲ្យប្រើ? មិនមានប្រភេទស្បែកណាមួយដែលត្រូវហាមប្រាមមិនឲ្យប្រើប្រាស់នោះទេ   ប៉ុន្តែរាល់ការជ្រើសយកវិធីសាស្ត្រណាមួយយកមកប្រើប្រាស់ត្រូវការការវិភាគ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ពីគ្រូពេទ្យជំនាញជាមុនសិន។ ដោយឡែកចំពោះផលរំខានអាចកើតមានដោយកត្តា៣គឺ    កំហុសជំនាញវិជ្ជាជីវៈ ផលិតផលក្លែងក្លាយ និងកត្តាអ្នកជំងឺផ្ទាល់ដោយសរីរាង្គរបស់អ្នកជំងឺមិនអាចទទួលយកនូវថ្នាំដែលបានប្រើប្រាស់បើទោះបីជាបានធ្វើការពិនិត្យត្រឹមត្រូវក៏ដោយ។      នៅក្នុងករណីនេះគ្រូពេទ្យនឹងធ្វើការផ្លាស់ប្ដូរការព្យាបាល និងលុបបំបាត់ផលរំខានដល់អ្នកជំងឺទៅតាមស្ថានភាពជាក់ស្តែងដែលកើតមានឡើង។ ដំបូន្មានមួយទៀតរបស់លោកវេជ្ជបណ្ឌិតទាក់ទងនឹងបញ្ហាខាងលើគឺ ការបញ្ឈប់ការប្រើឡេលាយ ដោយងាកមកប្រើផលិតផលសុទ្ធដែលបានឆ្លងកាត់ការពិសោធន៍ត្រឹមត្រូវជំនួសវិញ ដោយសារឡេលាយទាំងនេះមិនត្រឹមតែបង្កផលប៉ះពាល់ដល់សុខភាពស្បែកប៉ុណ្ណោះទេ វាក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះវាអាចជ្រាបតាមស្បែកទៅបំផ្លាញសរីរាង្គខាងក្នុងដូចជាថ្លើម និងតម្រងនោមជាដើម។

Share

ពេលចំណងស្នេហាផ្អែមល្អែមជាពេលដ៏មានន័យបំផុតសម្រាប់អ្នកមានស្នេហា ប៉ុន្តែពេលដែលមានបញ្ហាឈ្លោះគ្នាវិញ តើអ្នកមានអារម្មណ៍បែបណា? សុភាពបុរសទាំងឡាយប្រាកដជាប្រឈមមុខច្រើននឹងការរករឿងទាំងរឿងតូចរឿងធំ ពីសំណាក់មិត្តស្រីរបស់ខ្លួន ហើយជួនកាលរឿងតូចក៏ក្លាយជារឿងធំនៅពេលដែលអ្នកមើលរំលង និងខកខានការរកវិធីផ្សះផ្សា។ មិត្តនារីតែងតែងយកចិត្តទុកដាក់ និងឲ្យតម្លៃលើរបស់តូចតាចដែលបង្ហាញពួកគេអំពីសារសំខាន់ និងតម្លៃរបស់គេចំពោះអ្នក។ តើអ្នកមិនដឹងគួរធ្វើយ៉ាងណាមែនទេ? កុំបារម្ភអី...ហេល៍ថាមនឹងជួយដោះស្រាយកង្វល់របស់អ្នកជាមួយនឹងវិធីងាយៗ៨យ៉ាងខាងក្រោម... បន្តផ្ញើរសារ ៖ មនុស្សស្រីនឹងមិនចង់លើកទូរស័ព្ទ ឬឆ្លើយតបសារមកកាន់អ្នកឡើយ នៅពេលដែលគេខឹងអ្នក ប៉ុន្តែគេនឹងចុចមើលទូរស័ព្ទរបស់ខ្លួនជានិច្ច ដើម្បីរង់ចាំមើលសាររបស់អ្នក។ ប្រសិនបើមិនមានទេ កំហឹងនឹងកាន់តែធ្ងន់ធ្ងរឡើងមិនខាន។ បើអ្នកជាអ្នកខុស អ្នកត្រូវតែផ្ញើសារដោយសរសេរពាក្យថា«សុំទោស» ដោយបន្ថែមនូវពាក្យរ៉ូមែនទិក ផ្អែមល្អែម និងបញ្ជោរនាងដើម្បីឲ្យនាងបានសប្បាយចិត្ត។ មិនត្រូវអង្គុយចាំសាររបស់នាងឡើយ ព្រោះនាងកំពុងរង់ចាំអ្នក... បង្ហាញខ្លួនជាមួយនឹងកាដូ ៖ កាដូ និងភាពភ្ញាក់ផ្អើលជាមិត្តល្អបំផុតរបស់នារីៗ។ អ្នកអាចទៅចាំនៅមុខផ្ទះ មុខរបងសាលា ឬកន្លែងធ្វើការរបស់នាង ជាមួយនឹងកាដូផ្សេងៗ(ជាបាច់ផ្កា តុក្កតា...) និងកាត«សុំទោស»ដែលបង្ហាញពីទឹកចិត្តរបស់អ្នក នោះនាងនឹងទន់ចិត្ត ហើយអត់ទោសឲ្យអ្នកមិនខាន។ កាតសុំទោស ៖ មនុស្សស្រីចូលចិត្ត ពេលដែលមនុស្សជាទីស្រលាញ់របស់ខ្លួនចេះបង្ហាញពីទឹកចិត្តរបស់គេដោយស្មោះ និងប្រកបដោយភាពឆ្នៃប្រឌិត។ ប្រសិនបើអ្នកទាំងពីរជាគូស្វាមីភរិយា ឬស្នាក់នៅជាមួយគ្នា អ្នកអាចដាក់កាត់នោះនៅក្រោមខ្នើយ នៅលើអេក្រង់កុំព្យូទ័រ អេក្រង់ទូរស័ព្ទ ឬទ្វារទូទឹកកកជាដើម។ នាងប្រាកដជាយល់ថាអ្នកគួរឲ្យស្រលាញ់ជាមិនខាន។   ធ្វើកាយវិការប្លែកៗ ៖ ប្រសិនបើគេងរង៉ក់ មិនព្រមនិយាយរកអ្នក ពេលនៅក្បែរគ្នានោះ ចូរព្យាយាមរកនឹករឿងកំប្លែងស្ងួតមកនិយាយ ដើម្បីផ្លាស់ប្តូរបរិយាកាស។ បន្ថែមពីលើនេះ អ្នកក៏អាចធ្វើការអាវ៉ង់ហើយនិយាយពាក្យ«សុំទោស» រាំជាមួយនឹងកាយវិការប្លែកៗ ឬធ្វើមុខបែបកំប្លែងនៅចំពោះមុខនាង   នោះនាងនឹងមិនអាចទប់សំណើចបាន ហើយញញឹមឡើងជាមិនខាន។ ចំណាយពេលខ្លះ ដើម្បីប៉ះប៉ូវ ៖ សុំច្បាប់មួយថ្ងៃ ដើម្បីចំណាយពេលនៅជាមួយគ្នា។ បង្កើតគម្រោងមួយ ដោយរួមបញ្ចូលការទទួលទានអាហារនៅកន្លែងដែលនាងចូលចិត្ត មើលកុន ទៅមើលការប្រគុំតន្រ្តី និងសកម្មភាពផ្សេងៗទៀតដោយផ្តោតលើចំណូលចិត្តរបស់នាង។ ហើយផ្តល់ឲ្យនាងនូវអាទិភាពខ្ពស់ជាងរឿងផ្សេងៗទៀត។ និយាយបញ្ជោរ ៖ ការបញ្ជោរ ឬកោតសរសើរ ជាអ្វីដែលមិត្តនារីចង់លឺជាងគេ។ ព្យាយាមលើកសរសើរអំពីគុណសម្បត្តិរបស់នាង មិនថារូបរាងកាយ ឬកិច្ចការងារដែលនាងបានធ្វើ ហើយបន្ថែមនូវអារម្មណ៍អំណរគុណរបស់អ្នកចំពោះវត្តមានរបស់នាងក្នុងបេះដូងរបស់អ្នក រួមជាមួយនឹងទឹកចិត្តស្រលាញ់ដ៏ជ្រាលជ្រៅរបស់អ្នកផងដែរ។ ការនិយាយទាំងអស់នេះនឹងធ្វើឲ្យគេប្រែជាអៀនមុខក្រហម ហើយភ្លេចពីរឿងងរង៉ក់មិនខាន។   ធ្វើឲ្យនាងរំភើបខ្លាំង ៖ ប្រសិនបើនាងពិតជាមនុស្សសំខាន់នៅក្នុងជីវិតរបស់អ្នក ហើយជម្លោះនោះមានលក្ខណៈធ្ងន់ធ្ងរនោះ អ្នកគួរតែធ្វើកិច្ចការខ្លះដែលផ្តល់ឲ្យនាងនូវភាពភ្ញាក់ផ្អើលលក្ខណៈខ្លាំងក្លាដូចគ្នា។ វាអាចជាការសុំនាងរៀបការ ពិធីជប់លៀងមួយសម្រាប់រូបនាង កាដូផ្ទាល់ដៃដែលប្រើប្រាស់ពេលវេលា និងការតាំងចិត្តមុតមាំក្នុងការធ្វើ ឬសំបុត្រដំណើរកំសាន្តទៅកាន់កន្លែងណាមួយតែពីរនាក់ ក៏អាចជួយសម្រាលនូវកំហឹង ឬអាការៈអន់ចិត្តរបស់នាងដែរ។ ប្រើកែវភ្នែកបរិសុទ្ធ(បែបកំសត់) ៖ ទឹកចិត្តខាងក្នុងរបស់អ្នកអាចនឹងបង្ហាញបានតាមរយៈកែវភ្នែកដ៏បរិសុទ្ធរបស់អ្នក ហេតុនេះហើយប្រើកែវភ្នែកនោះសម្លឹងមើលទៅកាន់នាង នោះនាងនឹងញញឹម ឬសើចមិនខាន ហើយកែវភ្នែកបែបនោះពិតជាមានភាពទាក់ទាញមែនទែន។    «មានរបស់ខ្លះ ហួសហើយមិនអាចស្រោចស្រង់វិញបានទេ...ហេតុនេះហើយ ទាន់ពេលដែលមានឱកាស  អ្នកមិនគួរបណ្តោយឲ្យពេលវេលាហួសពេកនោះទេ...ប្រសិនបើគេជាមនុស្សសំខាន់របស់អ្នក កុំធ្វើឲ្យគេពិបាកចិត្តណា៎...»

Share

ជំងឺរលាកប្រហោងឆ្អឹងមុខ គឺជាជំងឺផ្លូវដង្ហើមមួយប្រភេទដែលកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅគ្រប់វ័យ មិនថាប្រុសឬស្រីឡើយ។ ជំងឺនេះនឹងផ្តល់ផលវិបាកធ្ងន់ធ្ងរជាច្រើនចំពោះអ្នកជំងឺ ប្រសិនជាពួកគេមិនបានយល់ដឹង និងមិនបានធ្វើការព្យាបាលឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។ ដោយឡែក ជំងឺនេះមានមូលហេតុកាចសាហាវជាច្រើនទៀតដែលអ្នកមិនបានដឹង។  តាមរយៈការផ្តល់បទសម្ភាសន៍របស់លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង វេជ្ជបណ្ឌិតឯកទេសត្រចៀកច្រមុះបំពង់ក និងជាប្រធានអគារត្រចៀកច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង បានឲ្យដឹងថាជំងឺរលាកប្រហោងឆ្អឹងមុខកើតមានជាច្រើនករណីនៅកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសដទៃជាច្រើនទៀត។ យោងទៅតាមស្ថិតិនៅអាមេរិក មានរហូតដល់ ៣០ទៅ៣៥លាននាក់ដែលបានរងការប៉ះពាល់ដោយជំងឺនេះ ដែលស្មើប្រហែលនឹង ០,៥ ទៅ១%ក្នុងចំណោមករណីជំងឺផ្លូវដង្ហើមទាំងអស់។ កាន់តែគួរឲ្យចាប់អារម្មណ៍គឺ វាជាជំងឺជាប់លំដាប់ទី៣ដែលត្រូវព្យាបាលដោយអង់ទីប៊ីយូទិក ឬថ្នាំផ្សះច្រើនជាងគេ។ ជាមួយនឹងបទពិសោធន៍ការសិក្សាវគ្គឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលភ្នំពេញ និងទីក្រុងលីយុងប្រទេសបារាំងផ្នែកត្រចៀកច្រមុះ បំពង់កផ្ទាល់ លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង បច្ចុប្បន្នក៏ជាប្រធានសមាគមគ្រូពេទ្យត្រចៀកច្រមុះបំពង់ក និងសល្យសាស្ត្រក្បាលនិងកកម្ពុជា  ព្រមទាំងជាសាស្ត្រាចារ្យមួយរូបផងដែរ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យសុខាភិបាលខេមរភូមិន្ទផ្នែកត្រចៀកច្រមុះបំពង់ក បានរៀបរាប់យ៉ាងច្បាស់ថា «ជំងឺរលាកប្រហោងឆ្អឹងមុខ ឬ rhinosinusitis  គឺជាការរលាកប្រហោងឆ្អឹងមុខមួយឬច្រើន ដោយសារមេរោគ ឬមិនមែនមេរោគ ដែលក្នុងនោះចែកជា២ទម្រង់ធំៗរួមមានទម្រង់ស្រួចស្រាវ (acute rhinosinusitis) និងទម្រង់រ៉ាំរ៉ៃ (chronic rhinosinusitis)។» គួរបញ្ជាក់ថា ការរលាកនេះអាចកើតមាននៅទីតាំងផ្សេងៗនៃប្រហោងឆ្អឹងមុខដែលក្នុងនោះមានដូចជា ការរលាកនៅត្រង់ឆ្អឹងថ្ពាល់ ឬហៅថា maxillary sinusitis ការរលាកនៅប្រហោងឆ្អឹងថ្ងាស ឬ frontal sinusitis រីឯការរលាកនៅត្រង់ប្រជុំឆ្អឹងហៅថា ethmoid sinusitis និងការរលាកនៅឆ្អឹងខាងក្រោយហៅថា sphenoid sinusitis។ កត្តាប្រឈម ថ្វីត្បិតតែជំងឺរលាកប្រហោងឆ្អឹងមុខអាចកើតលើមនុស្សគ្រប់វ័យទាំងស្រី និងប្រុស ប៉ុន្តែមនុស្សពេញវ័យ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ឬមានជំងឺរលាកច្រមុះរ៉ាំរ៉ៃ ទាក់ទងនិងអាល្លែកហ្ស៊ី ឬមិនអាល្លែកហ្ស៊ី ជាអ្នកដែលមានកត្តាប្រឈមក្នុងការកើតជំងឺនេះខ្ពស់ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង។ មូលហេតុបង្ក ចំពោះមូលហេតុបង្កជំងឺមិនត្រូវបានកំណត់ឲ្យច្បាស់លាស់ទេ តែយើងអាចបែងចែកតាមទម្រង់២ធំៗរបស់ជំងឺ  គឺទម្រង់ស្រួចស្រាវ និងរ៉ាំរ៉ៃ៖ • ចំពោះទម្រង់ស្រួចស្រាវ ៖ ដែលមានរោគសញ្ញាកើតឡើងតិចជាងមួយខែ ច្រើនមានមូលហេតុទាក់ទិននឹងការបង្ករោគដោយពពួកវីរុស (viral infection) ដែលមានអាត្រាពី១០ទៅ១៥% ហើយក៏អាចជាការបង្ករោគដោយបាក់តេរីផងដែរ។ មិនតែប៉ុណ្ណោះ អាល្លែកហ្ស៊ី ក៏ជាមូលហេតុមួយនៃការរលាកនេះដែលសង្កេតឃើញជាញឹកញាប់។ • ចំពោះទម្រង់រ៉ាំរ៉ៃ ៖  ដែលជាទូទៅរោគសញ្ញាបន្តអូសបន្លាយលើសពី៣ខែវិញ ភាគច្រើនបណ្តាលមកពីការព្យាបាលជំងឺផ្លូវដង្ហើមពីមុនមិនបានត្រឹមត្រូវ ឬគ្រប់គ្រាន់។ ម្យ៉ាងទៀត ករណីដែលការអាល្លែកហ្ស៊ី មិនត្រូវទទួលបានការព្យាបាលទេនោះ ក៏អាចបណ្តាលឲ្យក្លាយជាទម្រង់រ៉ាំរ៉ៃផងដែរ។ ក្រៅពីនេះ ការបង្ករោគដោយពពួកផ្សិត(fungal rhinosinusitis) ព្រមទាំងបម្រែបម្រួលទ្រង់ទ្រាយនៃប្រហោងឆ្អឹងមុខ (anatomical variation) ឧទាហរណ៍ការវៀចឆ្អឹងច្រមុះ ឬមានបញ្ហាធ្មេញ សុទ្ធតែជាមូលហេតុបង្កនៃការរលាកឆ្អឹងមុខ ដែលមិនអាចព្យាបាលដោយប្រើថ្នាំទេ ពោលគឺទាមទារឲ្យដោះស្រាយបញ្ហាឆ្អឹងវៀចនោះ ឬក៏ព្យាបាលធ្មេញតែម្តង។ ចុងក្រោយជាការខូចមុខងារកោសិការោមនៅនឹងច្រមុះ(mucociliary function) ដែលធ្វើឲ្យមុខងារនៃការបក់ចេញប្រែប្រួល ក៏បណ្តាលឲ្យកើតជំងឺនេះដែរ។ រោគសញ្ញា រោគសញ្ញានៃជំងឺរលាកប្រហោងឆ្អឹងមុខវិញ គឺបង្ហាញឡើងទៅតាមទម្រង់នីមួយៗនៃជំងឺដូចគ្នា៖ •ទម្រង់ស្រួចស្រាវ ៖ អ្នកជំងឺអាចមានអាការៈឈឺនៅតាមមុខ ឬណែននៅនឹងផ្ទៃមុខ និងពិសេសគឺឈឺកាន់តែខ្លាំងឡើងនៅពេលដែលគាត់អោនទៅមុខ។ រួមជាមួយគ្នាផងនោះ អាចមានអាការៈផ្សេងទៀតដូចជា តឹងច្រមុះ ហៀរសំបោរដែលដំបូងមានសភាពថ្លា រួចក៏ទៅជាខាប់ទៅៗ មានការថយចុះនូវការដឹងក្លិន ឬអាចបាត់បង់ការដឹងក្លិនតែម្តង ក្តៅខ្លួន អស់កម្លាំងល្ហិតល្ហៃ ឈឺក្បាលផ្នែកខាងក្រោយ ឬឈឺកញ្ចឹងក ធុំក្លិនមាត់ ធ្លាក់កំហាកនៅក ក្អក ណែននៅក្នុងបំពង់ក ហឹងត្រចៀកឬរលាកក្នុងត្រចៀកតែម្តង។  •ទម្រង់រ៉ាំរ៉ៃ ៖  គេសង្កេតឃើញរោគសញ្ញាដែលមានពីទម្រង់ស្រួចស្រាវហាក់ដូចជាថយចុះវិញ ដោយបន្សល់ត្រឹមតែការឈឺក្បាលតិចតួច ធ្លាក់កំហាកទៅក ក្អក ធុំក្លិនមាត់ ឬតឹងច្រមុះ អស់កម្លាំងតិចតួច ដែលជាទូទៅសឹងតែមិនធ្វើឲ្យអ្នកជំងឺចាប់អារម្មណ៍ឡើយ។  ការធ្វើរោគវិនិច្ឆ័យ មិនខុសពីចំណុចដែលបានរៀបរាប់ខាងលើ ការធ្វើរោគវិនិច្ឆ័យក៏ទាក់ទងនឹងទម្រង់នៃជំងឺដែរ។ ជាក់ស្តែង ចំពោះទម្រង់ស្រួចស្រាវ ជាទូទៅការធ្វើរោគវិនិច្ឆ័យពឹងផ្អែកតែលើសញ្ញាគ្លីនិក ដោយនោះក្នុងការសួរនាំអាការៈ និងសភាពជំងឺរបស់គាត់  រយៈពេលដែលកើតមានជំងឺនេះ ទីតាំងដែលមានការឈឺចាប់ សួរពីសញ្ញានៃការឈឺចាប់ ពិសេសផ្តោតលើសញ្ញានៃការឈឺកាន់តែខ្លាំងនៅពេលអោនទៅមុខ និងភាពមិនធូរស្រាលនៃជំងឺដោយការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់។  ករណីនៅមានការសង្ស័យ យើងអាចធ្វើការពិនិត្យមើលក្នុងច្រមុះរបស់គាត់បន្ថែម ដែលបច្ចុប្បន្នគេជ្រើសរើសពិនិត្យតាម endoscopy ដោយសារយើងអាចដឹងពីសភាពនៃសាច់ច្រមុះ ភាពហើម ព្រមទាំងមើលឃើញសំបោរដែលហូរចេញពីប្រហោងឆ្អឹងមុខបានច្បាស់។ ពេលខ្លះទៀត ការធ្វើតេស្តប៉ារ៉ាគ្លីនិកមួយចំនួនដូចជា ការថតវិទ្យុសាស្ត្រ និងការថតស្កេន ឬថតមើលធ្មេញ ក៏ត្រូវបានអនុវត្តបន្ថែមផងដែរ។ ករណីជំងឺវិវឌ្ឍលើសពី៣ខែ ការធ្វើរោគវិនិច្ឆ័យនឹងមានការលំបាកជាង ដោយសារយើងត្រូវធ្វើការពិនិត្យ និងវាយតម្លៃឡើងវិញនូវការព្យាបាលដែលបានអនុវត្តកន្លងមកថាវាត្រឹមត្រូវឬអត់។ ដោយផ្អែកលើការថត endoscopy យើងអាចរកមើលថា តើមានខ្ទុះ ឬមានបម្រែបម្រួលណាមួយដូចជាមានឆ្អឹងវៀចដែលបិទនៅរន្ធឆ្អឹងជាដើម។ ក៏អាចអនុវត្តផងដែរតាមរយៈការថតស្កេន ការធ្វើតេស្តរកសារធាតុដែលធ្វើឲ្យអាល្លែកហ្ស៊ី (អាល្លែកហ្សែន) និងថតធ្មេញដូចនៅក្នុងទម្រង់ស្រួចស្រាវដែរ។  ករណីចាំបាច់គេអាចធ្វើការបណ្តុះមេរោគសម្រាប់កំណត់ប្រភេទមេរោគ ឬផ្សិតឲ្យបានច្បាស់ ដើម្បីផ្តល់ការព្យាបាលឲ្យបានត្រឹមត្រូវ។ គួរគួបផ្សំផងដែរនូវការធ្វើការវាយតម្លៃលើកត្តាផ្សេងៗ ដែលទាក់ទងដល់ការព្យាបាលមិនបានជោគជ័យដូចជា អ្នកជំងឺទឹកនោមផ្អែម ប្រព័ន្ធការពារខ្សោយ របេង ការកើតមានដុំសាច់នៅច្រមុះជាដើម។ ការព្យាបាល •ការព្យាបាលជាចម្បងនៅក្នុងទម្រង់ស្រួចស្រាវ ៖ តម្រូវឲ្យប្រើប្រាស់ថ្នាំ។ គួរបញ្ជាក់ថា ការប្រើថ្នាំក្នុងជំងឺនេះមាន២បែប គឺថ្នាំដែលព្យាបាលតាមរោគសញ្ញាផ្ទាល់ ដោយពពួកប្រឆាំងការរលាកដូចជា corticosteroids និងពពួកប្រឆាំងអាលែ្លកហ្ស៊ី antihistaminic ជាដើម និងមួយទៀត គឺថ្នាំសម្រាប់ព្យាបាលមូលហេតុផ្ទាល់ ឧទាហរណ៍ដូចជាថ្នាំប្រឆាំងបាក់តេរី ក្នុងករណីមូលហេតុពីការបង្ករោគដោយបាក់តេរីផ្ទាល់។ ទន្ទឹមនឹងនោះ ត្រូវពន្យល់អ្នកជំងឺអំពីជំងឺរបស់គាត់ដោយបញ្ជាក់អំពីមូលហេតុបង្ក ការព្យាបាល និងការតាមដាន រួមជាមួយការអប់រំគាត់ឲ្យចៀសវាងនូវមូលហេតុបង្កផ្សេងៗផងដែរ។  •ការព្យាបាលទម្រង់រ៉ាំរ៉ៃ ៖ មានការលំបាកជាងបន្តិចដោយសារតែវេជ្ជបណ្ឌិតត្រូវស្វែងយល់   និងវាយតម្លៃនូវការព្យាបាលពីមុនមកថាបានត្រឹមត្រូវឬអត់   ហើយករណីដែលមិនត្រឹមត្រូវ ទាមទារឲ្យធ្វើការព្យាបាលឡើងវិញ។ រួមជាមួយគ្នានោះ តម្រូវឲ្យមានការណែនាំបន្ថែមទៅអ្នកជំងឺឲ្យប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ និងចៀសវាងកត្តាប្រឈមផ្សេងៗដទៃទៀត។  ដោយឡែក មានការស្រាវជ្រាវរកនូវមូលហេតុផ្សេងៗផងដែរដូចជា ការបង្ករោគដោយផ្សិត ដែលតម្រូវឲ្យព្យាបាលដោយថ្នាំប្រឆាំងផ្សិត ឬបម្រែបម្រួលរបស់ឆ្អឹងមុខផ្ទាល់ ឬសាច់ច្រមុះកណ្តាលធំពេកបិទលើប្រហោងឆ្អឹង ដែលការវះកាត់ត្រូវបានជ្រើសរើសមកប្រើប្រាស់។ បន្ទាប់ពីវះកាត់ហើយ ការតាមដានការព្យាបាល និងបន្តការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ តមចំណីអាហារ និងចៀសវាងមូលហេតុបង្កផ្សេងៗ ត្រូវតែអនុវត្តដើម្បីបង្ការការកើតឡើងវិញ (recurrent) ចៀសវាងការវះកាត់ម្តងហើយម្តងទៀត។  វិធីបង្ការ ការបង្ការជំងឺរលាកប្រហោងឆ្អឹងមុខអាចនឹងមានការពិបាកបន្តិច ទោះយ៉ាងណាការផ្សព្វផ្សាយការណែនាំដល់ប្រជាជនឲ្យបានយល់ច្បាស់ពីជំងឺ និងមូលហេតុបង្កជំងឺ អាចជួយកាត់បន្ថយហានិភ័យក្នុងការប្រឈមមុខនឹងជំងឺបានមួយកម្រិតធំ។ ម្យ៉ាងទៀត ការទៅជួប និងប្រឹក្សាជាមួយគ្រូពេទ្យ ឲ្យបានទៀងទាត់ក៏សំខាន់ ដើម្បីចៀសវាងការវិវត្តឡើងនៃជំងឺផងដែរ។ សរុបមកវិញ ប្រសិនបើមានការសង្ស័យឬអាការៈខុសប្រក្រតីណាមួយកើតឡើង ត្រូវទៅជួបពិនិត្យជាមួយគ្រូពេទ្យឯកទេសឲ្យបានឆាប់រហ័ស ចៀសវាងការអូសបន្លាយពេលមិនព្យាបាលត្រឹមត្រូវ ឬព្យាបាលដោយខ្លួនឯង ដែលអាចបង្កឲ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ រួចអាចវិវត្តទៅជារ៉ាំរ៉ៃដែលធ្វើឲ្យអ្នកជំងឺប្រឈមនឹងផលវិបាកជាច្រើន រួមទាំងខាតបង់ពេលវេលា និងថវិកាទៀតផង។ លោកវេជ្ជបណ្ឌិតក៏បានសំណូមពរដល់គ្រូពេទ្យ និងប្រព័ន្ធផ្សព្វផ្សាយនានា សូមជួយបង្កើនការផ្សព្វផ្សាយដើម្បីឲ្យប្រជាជនកាន់តែមានការយល់ដឹង ក៏ដូចជាបង្កើនការជឿទុកចិត្តដល់ពួកគាត់ ដើម្បីសុខុមាលភាពរបស់ប្រជាជនយើង និងកាត់បន្ថយលំហូរអ្នកជំងឺទៅបរទេស៕ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេវាអ្វី? សេវាពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយ តម្លៃប៉ុន្មាន? មិនគិតថ្លៃ នៅទីណា? មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃណា? រយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី ២០-២៤ ខែកុម្ភៈ ឆ្នាំ២០១៧ Credit Photo: ទំព័រហ្វេសប៊ុក ម​ន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share

ជាការពិតណាស់ ការកាត់សក់ជារឿងធម្មតាមួយប៉ុណ្ណោះ ប៉ុន្តែម្នាក់ៗមុននឹងសម្រេចចិត្តទៅកាត់សក់ក៏មានគោលបំណងរបស់ខ្លួនដែរ។ តែអ្នកមានដឹងអាថ៌កំបាំងពីក្រោយគោលបំណងរបស់អ្នកដែរឬទេ? គោលបំណងខ្លះសមស្របនឹងការធ្វើបែបនេះ តែខ្លះក៏ជាការយល់ច្រឡំ ដែលអ្នកគួរយល់ដឹងដើម្បីកុំឲ្យខាតពេលវេលាហើយបែរជាមិនបានលទ្ធផលដែលខ្លួនចង់បានថែមទៀត។ ១. ពេលដែលសក់ជ្រុះច្រើនជាងធម្មតា  ការពិតសក់មានវដ្តរបស់របស់វាក្នុងការលូតលាស់ឬក៏ជ្រុះទៅវិញ ទោះយ៉ាងណាមិញ ក្រៅពីកត្តាជំងឺមួយចំនួន ក៏មានកត្តាមួយចំនួនទៀតជះឥទ្ធិពលដល់ការជ្រុះមុនពេលកំណត់ផងដែរ មិនថាសុខភាពទូទៅ តុល្យភាពចំណីអាហារ កត្តាខាងក្រៅដូចជាសារធាតុពុល កំដៅជាដើមដែលអាចឲ្យសក់ និងស្បែកក្បាលអ្នកមានសុខភាពមិនល្អងាយនឹងជ្រុះរួមជាមួយកត្តានៃទម្ងន់របស់សក់ ឬក៏ការលេងម៉ូតសក់ធម្មតារបស់អ្នកក្លាយទៅជាបន្ទុករបស់សក់របស់អ្នកទៅវិញ។ ការកាត់សក់ក្នុងប្រវែងសមល្មមមួយអាច ជួយកាត់បន្ថយបន្ទុករបស់គល់សក់របស់អ្នក ព្រោះវាធ្វើឲ្យស្រាលជាងមុន។ ដោយឡែក សក់ម៉ូតថ្មីអាចឲ្យអ្នកទម្លាក់សក់ និងកាត់បន្ថយការលើកចងឬក្រងបានមួយរយៈដែរដើម្បីបង្ហាញម៉ូតសក់។ ២. ពេលដែលសក់ហាក់ដូចជាគ្មានសុខភាព សក់គ្មានសុខភាពទីនេះសំដៅដល់សក់ស្ងួត និងបែកចុង គ្មានភាពរស់រវើក។ ការកាត់សក់ដើម្បីជម្រុសសក់បែកចុងធ្វើឲ្យសក់របស់អ្នកមើលទៅពេញស្អាត និងឃើញក្រាស់និងភ្លឺរលោងជាងមុន។ ម្យ៉ាង សក់បែកចុងក៏ជាកត្តារាំងដល់ការលូតលាស់របស់សក់ផងដែរ ដូចនេះសក់របស់អ្នកអាចធ្វើការលូតលាស់ដូចប្រក្រតីវិញក្រោយពីកាត់ផ្នែកបែកចុងនេះចេញ។  ក្រៅពីនេះ អ្នកក៏អាចដោះស្រាយបញ្ហាសក់ជំពាក់ដោយសារសក់ដែលជំពាក់គ្នានៅខាងចុងៗផងដែរ ក៏ដូចជាការងាយស្រួលក្នុងការថែទាំផងដែរ បើសិនអ្នកមានសក់ខ្លីជាងមុន។ ៣. ពេលដែលអ្នកស្ត្រេស  ការផ្លាស់ប្តូរផ្នែកខ្លះនៃខ្លួនអ្នកទៅជាល្អជាងមុន អាចធ្វើឲ្យអ្នកបង្កើនជំនឿចិត្ត និងកាត់បន្ថយភាពស្មុគស្មាញបានមួយកម្រិតធំ។នេះទាក់ទងនឹងកត្តាផ្លូវចិត្តដែលពិតជាសំខាន់ក្នុងការជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាឡើងវិញ ឬក៏អាចមានថាមពលប្រឈមមុខនិងដោះស្រាយបញ្ហាបានផងដែរ។ ៤. ពេលមានជំងឺ ដូចបញ្ជាក់ពីលើ ជំងឺមួយចំនួនអាចធ្វើឲ្យអ្នកជ្រុះសក់មួយរយៈ ឬដោយសារតែផលរំខានពីការប្រើប្រាស់ថ្នាំមួយចំនួន។ ដូចនេះ ក្នុងអំឡុងពេលនេះ អ្នកអាចធ្វើការកាត់សក់ឲ្យខ្លីសិន ដើម្បីចៀសវាងការភ្ញាក់ផ្អើលនឹងការឃើញទំហំនៃការជ្រុះសក់ខ្លាំងពេក ដែលអាចជៈឥទ្ធិពលដល់អារម្មណ៍របស់អ្នក។    ៥. ដល់ពេលដែលគួរផ្លាស់ប្តូរម៉ូតសក់ហើយ បើអ្នកខានកាត់សក់ ឬផ្លាស់ប្តូរម៉ូតជាយូរមកហើយ គួរតែដល់ពេលដែលអ្នកត្រូវកាត់សក់ម្តងហើយដើម្បីឲ្យទាន់នឹងសម័យកាល ទោះជាអ្នកមានសក់ដែលមានសុខភាពល្អស្រាប់ក៏ដោយ ។ សំខាន់ ក្នុងកាលៈទេសៈខ្លះ ក៏ជាការល្អក្នុងការផ្លាស់ប្តូរម៉ូតសក់ ដូចជាការឡើងមុខតំណែង ចូលកម្មវិធីពិសេសៗជាដើម ដើម្បីបង្កើននូវជំនឿចិត្ត។ ដោយឡែក ការផ្លាស់ប្តូរម៉ូតសក់ អាចផ្តល់ឲ្យអ្នកនូវអារម្មណ៍ថ្មីៗ បំបាត់ភាពធុញថប់ផងដែរ។   បញ្ជាក់ ៖  សូមកុំកាត់សក់ដោយសាររំពឹងគិតថាវានឹងដុះលឿនជាងមុន ការដែលជឿថាការកាត់សក់អាចជម្រុញឲ្យសក់ដុះលឿនជាងធម្មតា ត្រូវបានអ្នកជំនាញខាងសរសៃសក់បដិសេធថាជារឿងមិនត្រឹមត្រូវ។ សក់របស់យើងជាទូទៅនឹងលូតតិចជាងកន្លះអ៊ីញក្នុងមួយខែ ទោះជាអ្នកកាត់សក់ ឬក៏អត់ក៏ដោយ។ ប៉ុន្តែ គេទទួលស្គាល់ថាពេលខ្លះវាពិតជាមានការលូតលឿនជាងធម្មតា តែមូលហេតុអាចទាក់ទងនឹងចំណីអាហារបំប៉ន ឬសុខភាពឯណោះទេ។

Share

គ្រប់គ្នាជ្រុះសក់ជាប្រចាំ ខ្លះជ្រុះហើយដុះវិញជាធម្មតា ឬប្រើរយៈពេលយូរទើបដុះវិញតាមវដ្តនៃសក់ ប៉ុន្តែចុះបើសក់អ្នកជ្រុះហើយមិនដុះវិញនោះ តើអ្នកគួរធ្វើយ៉ាងណា? ចង់ដឹងច្បាស់ តាមដានការធ្វើបទសម្ភាសន៍របស់ហេលស៍ថាម លើប្រធានបទ «Cicatricial Alopecia» ជំងឺជ្រុះសក់ដែលមិនដុះវិញ ជាមួយលោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសខាងជំងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ តើអ្វីទៅជាការជ្រុះសក់មិនដុះវិញ ឬ Cieatricial Alopecai? ការជ្រុះសក់មិនដុះវិញ ដែលភាសាអង់គ្លេសហៅថា Cicatricial  Alopecia ឬ scarring alopecia មកពីពាក្យ Cicatricial មានន័យថាផ្លែឬសម្លាក រីឯalopecia ជាការជ្រុះសក់។ ដូចនេះ Cicatricia Alopecia ជាជំងឺជ្រុះសក់មួយប្រភេទមានលក្ខណៈជាផ្លែឬសម្លាកនៅលើស្បែកក្បាល ផ្តើមចេញដោយការបំផ្លាញទៅលើគល់សក់ហើយជំនួសដោយជាលិកាសម្លាក ឬផ្លែដែលធ្វើឲ្យស្បែកក្បាលក្រិន ហើយសក់លែងដុះតែម្តង។ ជាទូទៅ  Cicatricial Alopecia ចែកចេញជាពីរទម្រង់ផ្សេងទៀត៖ •Primary Cicatricial Alopecia ជាការរលាកទៅលើគល់រោមតែម្តងសំដៅលើមូលហេតុណាក៏ដោយធ្វើឲ្យមានបញ្ហាលើគល់រោមផ្ទាល់។ •Secondary Cicatricial Alopecia មិនសំដៅលើគល់រោមប៉ុន្មាននោះទេ វាអាចមានដូចជាការរលាកភ្លើង ការប្រើកាំរស្មីលើមហារីក ដែលបណ្តាលឲ្យខូចស្បែកកន្លែងនោះ។ ចំពោះទម្រង់ Primary Cicatricial Alopecia ក៏មានបែងចែកជា ៣ប្រភេទទៀត ដោយពឹងផ្អែកលើការច្រឹបសាច់យកទៅមើល(Biopsy)៖ ⊕ ប្រភេទកោសិកា lymphocytes ជួបប្រទះច្រើនជាងគេ មាន៤ជំងឺ៖ •Discoid Lupus  Erythematosus  •Lichen Planopilaris ចែកចេញជាជំងឺ៣ទៀតគឺ Classic Lichen, Planopilaris  Frontal Fibrosing Alopecia និង Graham Little Syndrome •Classic Pseudopelade    •Central Centrifugal Alopecia ⊕ ប្រភេទកោសិកា Neutrophil មាន៣ជំងឺ៖ •Keratosis follicularis spinulosa decalvans •Folliculitis decalvans •Dissecting cellulitis  ⊕ ប្រភេទកោសិកាទាំងពីរ Lymphocyte និង Neutrophil ដែលហៅថា mixed មានជំងឺ៣សំខាន់គឺ៖ •Folliculitis keloidalis •Folliculitis necrotisan  •Erosive follicular dermatosis  តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យសក់ជ្រុះហើយមិនដុះឡើងវិញ? មូលហេតុដែលធ្វើឲ្យសក់ជ្រុះហើយមិនដុះវិញនេះមិនទាន់មានការសិក្សាណាមួយត្រូវបានបង្ហាញនៅឡើយទេគ្រាន់តែមានករណីសង្ស័យថាអាចបណ្តាលមកពីការថយចុះនូវអង់ស៊ីមម៉្យាងហៅថា Peroxisome Proliferator activated receptor Gama ដែលអង់ស៊ីមនេះជួយការពារកុំឲ្យខូចគល់សក់។ បើកាលណាអង់ស៊ីមមួយនេះថយចុះបង្កឲ្យក្រពេញខ្លាញ់បំបែកខ្លួនធ្វើមុខងារមិនបានល្អក្លាយទៅជាកកខ្លាញ់នាំឲ្យកោសិកា lymphocyte និង neutrophilមានប្រតិកម្មនៅកន្លែងនោះបណ្តាលឲ្យបំផ្លាញគល់រោម។ បញ្ហានេះហាក់ដូចជាគ្មានកត្តាជម្រុញអ្វីផ្សេងទៀតនោះទេ  ដូចបានបញ្ជាក់ខាងលើ ការជ្រុះសក់ក្នុងករណីនេះកើតលើប្រជាជនមានសុខភាពល្អលើជនជាតិអាមេរិកស្បែកខ្មៅ និងមានកើតច្រើនលើបុរសស្ត្រីនៅវ័យកណ្តាល។ តើរោគសញ្ញានៃជំងឺជ្រុះសក់មិនដុះវិញនេះស្តែងចេញដូចម្តេចខ្លះ? រោគសញ្ញាមានការស្តែងចេញខុសៗពីគ្នាទៅតាមប្រភេទជំងឺ ដូចជា ជំងឺលើកោសិកា Lymphocyte កោសិកាNeutrophil និងកោសិកាទាំងពីរចូលគ្នាតែម្តង។ ដំបូងអ្នកជំងឺអាចមានចេញជា រមាស់ ក្រហម ក្តៅអ្នកខ្លះមានវាលម្តុំៗ ទាល់តែច្រឹបស្បែកយកទៅពិនិត្យទើបដឹង រីឯអ្នកខ្លះទៀតមានការដូរពណ៌ស្បែកតែម្តង (depigmentation) អាចមានឡើងពណ៌ទៅជាខ្មៅជាដើម។ តើការធ្វើរោគវិនិច្ឆ័យជំងឺជ្រុះសក់ប្រភេទនេះមានវិធីណាខ្លះ? លោកអ្នកគួរធ្វើការណាត់ជួបគ្រូពេទ្យបើអ្នកមានសញ្ញារមាស់ ក្រហម ក្តៅ ទ្រាំមិនបាននោះគ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យដោយផ្អែកលើសញ្ញាគ្លីនិកបន្ទាប់មកទើបច្រឹបយកសាច់ទៅធ្វើវិភាគ ដើម្បីបែងចែកថាស្ថិតនៅក្នុងប្រភេទណាមួយ។ តើអាចព្យាបាលបានដោយវិធីណាខ្លះ? ការព្យាបាលអាចសង្ឃឹមបានជោគជ័យច្រើន បើធ្វើឡើងខណៈពេលវាស្ថិតក្នុងទម្រង់សកម្ម មានន័យថា នៅត្រង់គល់រោមមិនទាន់ត្រូវបានបំផ្លាញអស់។ ក្នុងនោះដែរ គេអាចប្រើពពួកថ្នាំប្រឆាំងការរលាកដូចជា di-hydrochloroquine ពពួក corticosteroid  ឬពពួកថ្នាំលេបតាមមាត់ cyclosporine  ដើម្បីទប់កុំឲ្យកោសិកាមានប្រតិកម្មខុស។ ម៉្យាងទៀត អាចប្រើថ្នាំលាបនៅហ្នឹងកន្លែង ប្រភេទ steroid ពពួក corticosteroid ពពួក immuno modulator ហៅថា TACROLIMUS។ ក្រៅពីនេះគេក៏មានព្យាបាលដោយចាក់ពពួក triamcinolone ក្នុងគោលការណ៍បំបាត់កុំឲ្យមានការបំផ្លាញនៅគល់រោមតាមរយៈតួនាទី២ យ៉ាងប្រឆាំងនឹងការរលាកផង និង ទប់កុំឲ្យកោសិកាមានប្រតិកម្មខុសផង។ បើអ្នកទុកបញ្ហាជ្រុះសក់នេះឲ្យហួសពេល ក្លាយជា ជាលិកាផ្លែ ឬ សម្លាក (scars tissue) ការព្យាបាលឲ្យសក់ដុះវិញមិនអាចធ្វើបាននោះទេ គ្រូពេទ្យអាចត្រឹមធ្វើការវះកាត់ ជំនូសដោយចិតសក់ពីម្តុំណាមួយមកដាក់ជំនួសបានមួយចំនួន ប៉ុន្តែការធ្វើបែបនេះបានចំពោះតែទំហំតូចៗប៉ុណ្ណោះ។ ករណីអ្នកជំងឺមិនទទូលការព្យាបាលឲ្យបានទាន់ពេលវេលាទេ នោះគាត់អាចនឹងប្រឈមជាមួយបញ្ហាទំពែកមួយជីវិតតែម្តង  ម៉្យាងវិញទៀតវាអាចប៉ះពាល់ខាងផ្លូវចិត្ត មានការរើសអើងពីសង្គមអាចឈានរហូតដល់អាចសម្លាប់ខ្លួនបានទៀតផង។ យោងតាមការរៀបរាប់ខាងលើដោយសារតែមូលហេតុរបស់វាយើងមិនអាចដឹងច្បាស់   ដូចនេះហើយយើងមិនអាចធ្វើការការពារបាននោះទេ ប៉ុន្តែបើដឹងបានទាន់ពេលវានឹងកាត់បន្ថយការជ្រុះកាន់តែប្រសើរ។ ប្រជាជនយើងជាទូទៅស្ថិតនៅអាយុកំពុងពេញវ័យទាំងស្ត្រីទាំងបុរស ប្រសិនបើមានបញ្ហាជ្រុះសក់ខុសធម្មតាជាពិសេសមានរមាស់ មានក្រហម មានបញ្ហាក្តៅក្បាល ឬមានហើម គួរមកជួបពិគ្រោះជាមួយគ្រូពេទ្យ ព្រោះកាលណាព្យាបាលបានទាន់ពេលវេលាអាចចៀសវាងនូវផលវិបាកទៅថ្ងៃក្រោយ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មនុស្សមួយចំនួនបានមើលរំលងលើបញ្ហាសុខភាពផ្លូវចិត្ត ប៉ុន្តែអ្នកមិនអាចមានសុខភាពល្អដោយគ្មានសុខភាពផ្លូវចិត្ល្អបានឡើយ។ ដូច្នេះ អ្នកគួរយល់ដឹងពីវិធីមួយចំនួនដើម្បីថែទាំសុខភាពផ្លូវចិត្តរបស់អ្នក។ ៧ចំណុចខាងក្រោមនេះអាចជួយអ្នកបាន ៖ ១. និយាយអំពីអារម្មណ៍របស់ខ្លួន និយាយអំពី អារម្មណ៍របស់អ្នកគឺមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ។ វាជាផ្នែកមួយដែលអាចធ្វើឲ្យយើងមានអារម្មណ៍ល្អ និងមានសុខភាពល្អ។ បង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកដទៃអាចឲ្យអ្នកធូរស្រាលក្នុងចិត្ត និងចៀសផុតពីរោគតានតឹង។ ២. រៀនពីរបៀបក្នុងការដោះស្រាយជាមួយនឹងភាពតានតឹង ព្យាយាមធ្វើអ្វីមួយដើម្បីរំសាយភាពតានតឹងរបស់អ្នកដូចជា ធ្វើយោគៈ ធ្វើលំហាត់ប្រាណ ដកដង្ហើមចូលជ្រៅៗ កម្សាន្ដជាមួយធម្មជាតិ ឬលេងជាមួយសត្វចិញ្ចឹមរបស់អ្នក។ ចូរចងចាំថាត្រូវសើចឲ្យបានច្រើន អ្នកស្រាវជ្រាវបានបង្ហាញថាសំណើចអាចបង្កើនប្រព័ន្ធការពារ សម្រាលការឈឺចាប់ សម្រាកកាយ និងជួយកាត់បន្ថយភាពតានតឹង។ ៣ ហូបចុកល្អ ខួរក្បាលរបស់អ្នកត្រូវការសារធាតុចិញ្ចឹមចម្រុះឲ្យបានគ្រប់គ្រាន់ដើម្បីអាចបំពេញមុខងារបានល្អ ក៏ដូចជាសរីរាង្គដទៃទៀតក្នុងរាងកាយដែរ។ របប-អាហារដែលល្អសម្រាប់សុខភាពរាងកាយរបស់អ្នកក៏ល្អសម្រាប់សុខភាពផ្លូវចិត្តផងដែរ។ ៤ ចៀសវាងពីគ្រឿងស្រវឹង និងថ្នាំផ្សេងៗ មនុស្សភាគច្រើនជារឿយៗប្រើប្រាស់គ្រឿងស្រវឹង ឬថ្នាំផ្សេងៗដើម្បីគ្រប់គ្រងអារម្មណ៍របស់ខ្លួន។ អ្នកខ្លះផឹកដើម្បីជម្នះការភ័យខ្លាច ភាពឯកា ឬកាត់បន្ថយភាពតានតឹងប៉ុន្តែក្នុងធាតុពិតគ្រឿងស្រវឹង និងថ្នាំផ្សេងៗធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញឡើង។ ៥ គេងឲ្យបានគ្រប់គ្រាន់ ការគេងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្ត។ នៅពេលដែលយើងគេងបានគ្រប់គ្រាន់ វាធ្វើឲ្យយើងកាន់តែងាយស្រួលរំសាយភាពតានតឹង ក្ដោបក្ដាប់ចំណងបញ្ហាបានល្អមានភាពសុទិដ្ឋិនិយម និងមានការចងចាំល្អ។ អ្នកអាចដឹងបានថាអ្នកគេងបានគ្រប់គ្រាន់នៅពេលដែលអ្នកគ្មានអារម្មណ៍ថាងងុយគេងនៅពេលថ្ងៃ។ ៦ រក្សាទំនាក់ទំនង គ្មានអ្វីល្អជាងការណាត់ជួបគ្នានោះទេ ប៉ុន្តែវាមិនមែនតែងតែអាចធ្វើបានដូច្នេះអ្នកអាចទូរស័ព្ទទៅរកពួកគេផ្ញើសារ ឬសន្ទនាតាមអុីនធើណេតជំនួសវិញ។ ការរក្សាទំនាក់ទំនងឲ្យបានល្អជាមួយពួកគេនិងជាផលល្អសម្រាប់អ្នក! ៧ ទទួលជំនួយនៅពេលអ្នកត្រូវការ គ្មាននរណាម្នាក់ជាមនុស្សអស្ចារ្យទេ។ ពេលខ្លះយើងមានអារម្មណ៍នឿយហត់នៅពេលដែលអ្វីៗមិនទៅតាមគម្រោង ឬទទួលរងសម្ពាធណាមួយពីសំណាក់សង្គមគ្រួសារ និងការងារ។ បើសិនជាវាលើសលុបខ្លាំងពេកហើយអ្នកគិតថាអ្នកមិនអាចដោះស្រាយបានគួរសួររកជំនួយ។ គ្រួសារ ឬមិត្តភកិ្តរបស់អ្នកប្រហែលជាអាចជួយដោះស្រាយបាន៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សហគ្រិនភាពជាក្តីប្រាថ្នារបស់បុគ្គលមិនតិ    ចនោះទេក្នុងសម័យថ្មីនេះ ជាក់ស្តែងណាស់ គ្រប់គ្នាសុទ្ធតែចង់ឲ្យអាជីវកម្មរបស់ខ្លួនមានភាពរលូន និងកាត់បន្ថយនូវហានិភ័យផ្សេងៗ។ តើមានជំនាញអ្វីខ្លះដែលមិនអាចមើលរំលងបានក្នុងនាមជាសហគ្រិនមួយរូប? លោកបណ្ឌិត ឃឹម លាង ដែលជាប្រធានផ្នែកអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្លាស់ប្តូរវប្បធម៌នៅមជ្ឃមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក៏បានផ្តល់ជូនបទសម្ភាសន៍ជាមួយហេលស៍ថាមចែករំលែកនូវចំណេះដ៏មានគុណតម្លៃសម្រាប់បុគ្គលជាសហគ្រិនពេលបច្ចុប្បន្ន ឬចង់ក្លាយជាសហគ្រិននាពេលខាងមុខ… តើសហគ្រិនគួរមានលក្ខណៈសម្បត្តិបែបណាខ្លះ? -ស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ ៖ ត្រូវសួរខ្លួនឯងថា ហេតុអ្វីចង់ក្លាយជាសហគ្រិន? ដោយមានការរៀបចំគោលដៅជីវិត និងបែងចែកពេលវេលា ព្រមទាំងការងារឲ្យបានច្បាស់លាស់។ ម្យ៉ាងទៀត ត្រូវស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯង ជាពិសេសដឹងថាខ្លួនពូកែ ឬមានជំនាញអ្វីខ្លះ? -មានចំណេះដឹង និជំនាញគ្រប់គ្រាន់លើផ្នែកពាក់ព័ន្ធ ៖  ការគ្រប់គ្រងហិរញ្ញវត្ថុ ការស្វែងរក និងគ្រប់គ្រងទីផ្សារ។ល។ ហើយក៏មិនអាចរំលងបាននូវព័ត៌មានសង្គម តំបន់ និងសកលលោក ដើម្បីប្រមូលព័ត៌មានសំខាន់ៗសម្រាប់អាជីវកម្មរបស់ខ្លួន។ -មានផែនការច្បាស់លាស់ ៖ ត្រង់នេះ គឺផ្តោតលើគម្រោងអាជីវកម្ម ដែលនឹងដាក់ចេញជារូបរាងក្នុងពេលសមស្របណាមួយ ក្រោយការរៀបចំយ៉ាងល្អិតល្អន់ ត្រួតពិនិត្យ និងប្រឹក្សាជាមួយអ្នកមានបទពិសោធន៍។ តើមានជំនាញអ្វីខ្លះដែលសហគ្រិនគួរតែស្វែងយល់? តាមការពិតទៅ ជំនាញដែលត្រូវបណ្តុះបណ្តាលអាស្រ័យលើពេលវេលា និងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ព្រោះថាបុគ្គលមួយចំនួនមានជំនាញខ្លះដែលខ្លាំងហើយស្រាប់ ដូចនេះត្រូវបណ្តុះបណ្តាលនូវចំណុចខ្វះខាតរបស់ខ្លួន តែជាទូទៅ សហគ្រិនគួរតែមានជំនាញដូចខាងក្រោម ៖ -គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ៖ គុណប្រយោជន៍នឹងផ្តល់ជូនស្ទើរតែគ្រប់ផ្នែកទាំងអស់នៃជំនួញរបស់អ្នក ប្រសិនបើអ្នកមានផ្នត់គំនិតទូលំទូលាយក្នុងការបង្កើតថ្មី -ការធ្វើទីផ្សារ ៖ រាប់បញ្ចូលទាំងដំណាក់កាលមុន      អំឡុងពេលនិងក្រោយប្រឡូកចូលទៅក្នុងទីផ្សារគោលដៅតាមរយៈការសិក្សា វិភាគ គ្រប់គ្រង ពុះចំណែក អភិវឌ្ឍ ។ល។ -ជំនាញគ្រប់គ្រង ៖ មានផ្នែកជាច្រើននឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក រួមមានធនធានមនុស្ស សម្ភារៈ ហានិភ័យជាដើម -គណនេយ្យ និងហិរញ្ញវត្ថុ ៖ ចំណេញ ឬខាត តិចតួច ឬច្រើនក៏អាស្រ័-យលើកម្រិតនៃការយល់ដឹងពីជំនាញទាក់ទងនឹងប្រាក់កាសនេះដែរ។ តើជំនាញសហគ្រិនភាពមានភាពចាំបាច់សម្រាប់បុគ្គលណាខ្លះ? ជាពិសេសសម្រាប់បុគ្គលដែលមានភាពខ្វះខាតខាងបទពិសោធន៍ក្នុងការចាប់ផ្តើមអាជីវកម្ម រួមមានបុគ្គលិកបម្រើការងារតាមបណ្តាក្រុមហ៊ុននានា សិស្សនិស្សិតសិក្សាជំនាញនេះ ឬផ្សេងៗ ព្រមទាំងម្ចាស់អាជីវកម្មជាលក្ខណៈគ្រួសារដែលពុំទាន់មានប្រព័ន្ធច្បាស់លាស់ជាដើម។ ទោះស្ថិតនៅក្នុងវ័យ ឬមានកម្រិតចំណេះដឹងប៉ុណ្ណា សុទ្ធតែអាចទាញប្រយោជន៍បានដូចគ្នា ប៉ុន្តែគ្រាន់តែស្ថិតនៅក្នុងរូបភាពផ្សេងៗពីគ្នា តួយ៉ាងសហគ្រិនដែលមានចំណេះដឹងយូរឆ្នាំហើយ ត្រូវពង្រឹងការយល់ដឹងលើការគ្រប់គ្រងធនធានមនុស្ស (ដឹងពីចិត្តសាស្រ្ត និងរឿងរ៉ាវគ្រប់យ៉ាង ព្រោះថាប្រាក់ចំណូលក៏អាស្រ័យលើបុគ្គលិកដែរ) ព្រមទាំងធនធានផ្សេងៗ។ ភាពជោគជ័យក្រោយការបណ្តុះបណ្តាល៖ -យល់ដឹងច្បាស់ពីអ្វីជាសហគ្រិនភាព តាមរយៈការស្វែងយល់ពីទ្រឹស្តីជាសកលដែលអាចអនុវត្តបានពិតៗ បទពិសោធន៍អាជីវកម្មពីបុគ្គលដែលបានឆ្លងកាត់រួច ការចុះទៅសិក្សាផ្ទាល់ពីស្ថាប័ន ក៏ដូចជាទីតាំងអាជីវកម្មមួយចំនួន -មានការត្រៀមខ្លួនរួចរាល់សម្រាប់ការឈានជើងចូលប្រឡូកក្នុងវិស័យជំនួញ -មានសមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្ម ឬជំនួញប្រកបដោយស្ថេរភាពនិងភាពរីកចម្រើនរុងរឿង សារសម្រាប់អ្នកអាន៖ អ្នកដែលចង់ចាប់ផ្តើមប្រកបរបររកស៊ីដំបូង គួរតែមានការស្វែងយល់ពីព័ត៌មានឲ្យបានច្រើន ដើម្បីត្រៀមខ្លួនទុកជាមុនជានិច្ច ដោយចៀសវាងដាច់ខាតនូវការសម្លឹងមើលភាពជោគជ័យរបស់គេ ហើយក៏ជ្រួលជ្រើមតាមគេ ព្រោះវាមានភាពប្រថុយប្រថានខ្ពស់មែនទែន។ បន្ទាប់មក ត្រូវតែចាប់ផ្តើមឲ្យបានរហ័សបន្តិច ព្រោះសហគ្រិនជាទូទៅមានភាពឆ្លាតវៃ និងឆ្លៀតឱកាសនិយម គឺ«ចង់ធ្វើអ្វីត្រូវធ្វើឲ្យហើយ កុំទុកឡើយឲ្យគេធ្វើមុន»។  សហគ្រិនទាំងអស់អាចទទួលបានការបណ្តុះបណ្តាលនៅCJCC ផ្ទាល់តែម្តង (ឆមាសទី១ចាប់ពីខែមេសាដល់ខែកញ្ញា និងឆមាសទី២ គឺចាប់ពីខែតុលា) ដែលជាកន្លែងមួយដែលអាចកែប្រែនូវអ្វីដែលបានគិតឲ្យទៅជាការពិត តាមរយៈការតម្រង់ទិស និងការត្រៀមខ្លួនរួចរាល់ជាសហគ្រិន។

Share

អ្វីទៅជាបាយភ្នែក? ជំងឺបាយភ្នែកកើតមានការស្រអាប់របស់កែវភ្នែក។ ជាធម្មតា កែវភ្នែកមានលក្ខណៈថ្លាធ្វើតួនាទីរួមពន្លឺ ឲ្យចំលើសរសៃប្រសាទបាតភ្នែក។ ពេលកើតបាយភ្នែកសរសៃប្រសាទបាតភ្នែកទទួលពន្លឺបានមិនពេញល្អធ្វើឲ្យអ្នកជំងឺមានខ្សែភ្នែកស្រអាប់ដូចសំឡឹងឆ្លងកាត់កញ្ចក់ស្រអាប់ តែមិនមានអាការៈហើមរលាក ឬឈឺចាប់តែកែវភ្នែកស្រអាប់ឡើងការមើលឃើញក៏នឹងធ្លាក់ចុះ។ ការយល់ដឹងពីជំងឺបាយភ្នែក បាយភ្នែកមិនមែនជាជំងឺឆ្លងហើយវានឹងមិនរាលដាលពីភ្នែកម្ខាងទៅម្ខាងទៀតទោះបីភាគច្រើននឹងកើតឡើងព្រមគ្នាទាំងសងខាងតែអាការៈអាចធ្ងន់ធ្ងរមិនស្មើគ្នា។ ការប្រើខ្សែភ្នែកច្រើនមិនមែនជាមូលហេតុរបស់បាយភ្នែក ឬធ្វើឲ្យអាការៈរបស់ជំងឺនេះធ្ងន់ធ្ងរឡើយ។ បាយភ្នែករមែងកើតឡើងយ៉ាងយឺតៗ ខ្សែភ្នែករបស់អ្នកជំងឺភាគច្រើននឹងស្រអាប់ស្រវាំងរហូតមើលឃើញមិនច្បាស់អាចប្រើពេលយូរ ឬច្រើនខែច្រើនឆ្នាំជាទូទៅបាយភ្នែកចាត់ទុកជាជំងឺដែលព្យាបាលបានផលល្អណាស់។ មូលហេតុរបស់បាយភ្នែក មូលហេតុរបស់បាយភ្នែកដែលជួបភាគច្រើនបំផុត គឺវ័យ ភាពជរាដែលធ្វើឲ្យកែវភ្នែកស្រអាប់ ហើយឡើងរឹងដែលបាយភ្នែកប្រភេទនេះអាចកើតឡើងបានខ្លះចំពោះអ្នកជំងឺដែលមានអាយុ៤០ឆ្នាំឡើងទៅ។ ឧបទ្ទវហេតុ បាយភ្នែកកើតឡើងបានជាមួយមនុស្សគ្រប់វ័យ ប្រសិនគ្រាប់ភ្នែកទទួលអន្តរាយពីការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដូចជារបស់មុត សារធាតុគីមី ឬពន្លឺកាំរស្មី។ មូលហេតុដែលបង្កឡើងដោយជំងឺផ្សេងៗ ជំងឺបាយភ្នែកដែលបង្កឡើងដោយជំងឺទូទៅមួយចំនួនដូចជាការឆ្លងមេរោគ ជំងឺទឹកនោមផ្អែម ការទទួលទានថ្នាំប្រភេទខ្លះ និងជំងឺភ្នែកខ្លះអាចជាមូលហេតុជម្រុញឲ្យកែវភ្នែកស្រអាប់។ លក្ខណៈតពូជ និងភាពខុសធម្មតាពីកំណើត៖ ក្នុងករណីអ្នកជំងឺនៅក្មេងខ្ចីបាយភ្នែកកកើតឡើងតាំងពីនៅក្នុងផ្ទៃពោះម្តាយដូចជាម្តាយមានជំងឺស្អូចក្នុងខណៈមានផ្ទៃពោះតែក្នុងប្រការខ្លះបាយភ្នែកក៏កើតឡើងដោយគ្មានមូលហេតុពិតដែរ។ អាការៈរបស់បាយភ្នែក ខ្សែភ្នែកស្រវាំងដូចមានពពកបាំងហើយស្រវាំងលឿន ឬយឺតខ្លាំង ឬតិច អាស្រ័យទៅតាមកម្រិត និងទីតាំងរបស់ភាពស្រអាប់ក្នុងសាច់កែវភ្នែក ប្រសិនជាចំក្នុងបរិវេណខាងៗ អ្នកជំងឺនឹងនៅមើលឃើញបានច្បាស់តាមធម្មតា។ អ្នកជំងឺអាចឃើញវត្ថុបែកជាពីរជួរ Diplopia និងស៊ូពន្លឺមិនបានអាការៈលើកដំបូងរបស់បាយភ្នែកក្នុងប្រការខ្លះខ្សែភ្នែកអ្នកជំងឹ និងខ្លីឡើងនឹងធ្វើឲ្យត្រូវការប្តូរវ៉ែនតាញឹកញាប់ ពេលបាយភ្នែកឡើងខ្លាំងខ្សែភ្នែក នឹងស្រអាប់រហូតវ៉ែនតាជួយអ្វីក៏មិនបានកូនក្រមុំភ្នែកធម្មតាឃើញពណ៌ខ្មៅក្លាយជាពណ៌លឿង ឬស។ ពាក្យដាស់តឿន ប្រសិនទុកចោលរហូតបាយភ្នែកទុំហួសទៅអាចកើតជំងឺទឹកដក់ក្នុងភ្នែកនិងជំងឺរលាកប្រស្រីភ្នែក ដែលធ្វើឲ្យភ្នែកឈឺឡើងក្រហមនិងអាចខ្វាក់បាន។ វិធីព្យាបាលបាយភ្នែក ក្នុងករណីខ្លះវេជ្ជបណ្ឌិតខ្លះអាចប្រើថ្នាំបន្តក់ភ្នែក ដើម្បីព្យាយាមបង្អង់ភាពធ្ងន់ធ្ងររបស់បាយភ្នែក តែមិនមានថ្នាំប្រភេទណាមួយអាចកាត់បន្ថយ ឬបញ្ឈប់បាយភ្នែកបានទេ ពេលខ្សែភ្នែកស្រអាប់ស្រវាំងធ្វើឲ្យមានការពិបាកក្នុងការប្រើជីវិតប្រចាំថ្ងៃបាន។ ការវះកាត់ ឬការបំបែកបាយភ្នែកជាវិធីព្យាបាលដែលជួយធ្វើឲ្យកែវភ្នែករបស់អ្នកជំងឺថ្លាឡើង និងមើលឃើញបានដូចដើម។ ដំណាក់កាលព្យាបាល វេជ្ជបណ្ឌិតឯកទេសភ្នែកនឹងត្រួតពិនិត្យវិនិច្ឆ័យគ្រាប់ភ្នែកយ៉ាងលំអិតដើម្បីញែកប្រភេទ ទីតាំង និងភាពធ្ងន់ធ្ងររបស់បាយភ្នែក ក្រៅពីនេះវេជ្ជបណ្ឌិតនៅត្រូវការវាស់សម្ពាធទឹកភ្នែក និងពិនិត្យទឹកចាហួយភ្នែកជាមួយសរសៃប្រសាទភ្នែកបាតភ្នែកយ៉ាងលំអិតដើម្បីឲ្យដឹងច្បាស់ថាបាយភ្នែកជាមូលហេតុមួយធ្វើឲ្យខ្សែភ្នែកស្រអាប់ស្រវាំង ឬមានជំងឺផ្សេងៗមកផ្សំជាមួយ។ វិធីបកបាយភ្នែក វិធីដែលនិយមប្រើជាទូទៅមាន២វិធីក្រោយពីការបញ្ចេញបាយភ្នែកហើយវេជ្ជបណ្ឌិតនឹងដាក់កែវភ្នែកសិប្បនិមិ្មតឲ្យចំពោះអ្នកជំងឺ ដើម្បីឲ្យមើលឃើញបានច្បាស់ជាធម្មតា។ វិធីបំបែកបាយភ្នែកដោយប្រើ Ultrasound (Phacoemulcification Machine) ការរំលាយបាយដោយប្រើ Ultrasound គឺជាវិធីចុងក្រោយបំផុតដែលបានទទួលការនិយមយ៉ាងខ្លាំងហើយគ្លីនិកភ្នែក ម៉េង រត្ន័នីន ជាគ្លីនិកឯកជនដំបូងបំផុតក្នុងប្រទេសដែលនាំវិធីព្យាបាលនេះមកបម្រើសេវាអ្នកជំងឺ។ ក្នុងការប្រើវិធីនេះវេជ្ជបណ្ឌិតបើកចន្លោះតូចប្រមាណ ២.២មម កន្លែងជញ្ជាំងភ្នែកដើម្បីស៊កបញ្ចូលសម្ភារៈបំបែក និងកម្ទេចបាយភ្នែករហូតអស់ទុកតែសំបកក្រោយរបស់កែវភ្នែកដែលកើតពីការព្យាបាលវិធីនេះមានខ្នាតតូចណាស់ទើបជាសះបានដូចធម្មតាយ៉ាងលឿនដោយមិនត្រូវការដេរក្រោយពីការរំលាយបាយ។ អ្នកជំងឺអាចមើលឃើញយ៉ាងច្បាស់បានទាន់ពេលអ្នកជំងឺ អាចប្រើជីវិតប្រចាំថ្ងៃភាគច្រើនបានតាមធម្មតាតែគួរបន្ថែមការប្រុងប្រយត្ន័ក្នុងការថែរក្សា។ ត្រូវធ្វើការសំអាតគ្រាប់ភ្នែក ទទួលទានថ្នាំ និងដាក់បន្តក់ថ្នាំតាមការណែនាំរបស់វេជ្ជបណ្ឌិតយ៉ាងហ្មត់ចត់។ ការវះកាត់ភ្នែកឡើងបាយបែបបើកមុខរបួសធំ វេជ្ជបណ្ឌិតអាចប្រើវិធីនេះវះកាត់ដែលជាវិធីដើមដោយបើកមុខរបួសវែងប្រមាណ ១០មម តាមជួរស្នាមតភ្ជាប់រវាងកញ្ចក់ភ្នែកខ្មៅ និងជញ្ជាំងភ្នែកសបរិវេណពាក់កណ្តាលលើគ្រាប់ភ្នែក ដើម្បីយកគ្រាប់កែវភ្នែកដែលឡើងបាយចេញនៅសល់សំបកស្រោមកែវភ្នែកផ្នែកខាងក្រោយទុកជាថង់ ។ គ្រូពេទ្យនឹងដាក់កែវភ្នែកសិប្បនិមិ្មតចូលទៅជំនួសក្នុងថង់នេះក្រោយមកទើបដេរបិទមុខរបួសដោយចេសនីឡុងប្រភេទពិសេស។ ហេតុអ្វីត្រូវដាក់កែវភ្នែកសិប្បនិមិត? IOL  (IntraOcular Lens) ក្រោយពីការបញ្ចេញកែវភ្នែកដែលជាបាយភ្នែកអស់ហើយគ្រាប់ភ្នែកនឹងមិនមានកែវភ្នែកធ្វើតួនាទីបង្រួមពន្លឺដែលនាំឲ្យខ្សែភ្នែកនៅស្រវាំង។ ដូចនេះ ទើបគ្រូពេទ្យដាក់កែវភ្នែកសិប្បនិមិ្មត ដើម្បីឲ្យមើលឃើញបានជាធម្មតា។ កែវភ្នែកសិប្បនិមិ្មតមានអាយុកាលប្រើការបានយូររហូតអស់មួយជីវិត។ មកដល់បច្ចុប្បន្ននេះគេប្រើកែវភ្នែកសិប្បនិមិ្មតពណ៌លឿងដើម្បីជួយទប់នឹងពន្លឹព្រះអាទិត្យ និងការពារសសៃបាតភ្នែកព្រមទាំងធ្វើឲ្យគំហើញកាន់តែប្រសើរ។ ក្នុងករណីខ្លះក្រោយពីដាក់កែវភ្នែកសិប្បនិមិ្មតនេះរយៈពេលយូរខ្សែភ្នែកដែលធ្លាប់ឃើញច្បាស់ក៏នឹងស្រវាំងបន្តិចម្តងៗគ្រូរពេទ្យនឹងកែបញ្ហានេះបានយ៉ាងលឿនហើយងាយមិនឈឺចាប់ដោយប្រើ Laser (Yzag Laser) កំចាត់ភាពស្រអាប់នេះឲ្យអស់បានទាន់ពេលហើយមើលឃើញដូចធម្មតា។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ                                           

Share
Top