- May 17, 2017 |
- 7 years ago |
- 40.4K views
ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ?
ការប្រលងក្របខណ្ឌក្នុងឆ្នាំ ២០១៧ កាន់តែឈានជិតចូលមកដល់ ហើយដើម្បីចូលរួមចំណែកនៃដំណើរការប្រលងនោះ ក្រុមការងារ ហេលស៍ថាម បានធ្វើបទសម្ភាសជាមួយបេក្ខភាពមួយរូបដែលបានជាប់ជាស្ថាព័រក្នុងការប្រលងក្របខណ្ឌនាឆ្នាំ ២០១៦ដើម្បីជាការចែករំលែកជាគន្លឹះសំខាន់ៗសម្រាប់ការប្រលងឲ្យបានជោគជ័យ។ គួរបញ្ជាក់ផងដែរ ឱសថការី ឡាយ លីដា សព្វថ្ងៃកំពុងបម្រើការងារនៅការិយាល័យស្រុកប្រតិបត្តិស្ទោង ក្នុងតំណែងជាបុគ្គលិកឃ្លាំងឪសថ ដោយបានបញ្ចប់ការសិក្សាមុខជំនាញឱសថសាស្រ្តក្នុងឆ្នាំ ២០១៦ពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ សំណួរដែលចេញក្នុងការប្រលង៖ ជាប្រភេទសំណួរបើក ដែលក្នុងនោះរួមមានសំណួរបច្ចេកទេសចំនួន ៦សំណួរ និងសំណួរវប្បធម៍ចំនួន ១៤សំណួរ ពុំមានសំណួរពហុជម្រើសឬសំណួរផ្ទាល់មាត់ទេ។ មុនពេលប្រលងបេក្ខភាព៖ គួរព្យាយាមរំលឹកមេរៀនបច្ចេកទេសដែលបានរៀនពីមហាវិទ្យាល័យកន្លងមក ដោយប្រើប្រាស់នូវសៀវភៅក៏ដូចជាឯកសារដែលបានសន្សំទុកពីការសិក្សាក្នុងមហាវិទ្យាល័យកន្លងមក រឺអាចស្រាវជ្រាវតាមរយៈប្រព័ន្ធអ៊ីនធឺណេត។ បន្ថែមពីនេះទៀតបេក្ខភាពគួរតែព្យាយាមតាមដានព័ត៌មាន ដែលកើតឡើងក្នុងប្រទេសនាពេលថ្មីៗ និងព្យាយាមអាននូវវប្បធម៍ទូទៅឲ្យបានច្រើនតាមរយៈការអានកាសែត ស្ដាប់វិទ្យុ ឬជាវសៀវភៅវប្បធម៍ទូទៅពីបណ្ណាគារផ្សេងៗ រឺក៏អាចសិក្សាពីបណ្ដាញសង្គម FACEBOOK តាមរយៈគេហៈទំព័រ «ត្រៀមប្រលងក្របខណ្ឌពេទ្យ» ឬទាក់ទងសិស្សច្បង មិត្តភក្តិដើម្បីសុំខ្ចីឯកសារមកថតចំលង។ រយៈពេលត្រៀមជាមុនសម្រាប់ការប្រលង៖ ជាការពិតណាស់ បេក្ខភាពនិមួយៗពិតជាមមារញឹកណាស់ក្នុងការសិក្សានៅសាលា ក៏ដូចជាការប្រលងក្នុងសាលា ដូចនេះបេក្ខភាពពុំមានពេលច្រើនក្នុងការត្រៀមប្រលងក្របខណ្ឌនោះទេ។ តែយ៉ាងណាក៏ដោយបេក្ខភាព គួរតែត្រៀមខ្លួនយ៉ាងតិចមួយឆ្នាំ មុនពេលប្រលងដោយគ្រាន់តែចំណាយពេលមួយម៉ោងក្នុងមួយថ្ងៃ។ ដូចដែលបានដឹងស្រាប់ការប្រលងក្របខណ្ឌគឺទាមទារការត្រៀមលក្ខណៈជាច្រើនពីព្រោះថាវិញ្ញាសារក្នុងពេលប្រលងរួមមានសំណួរបច្ចេកទេសព្រមទាំងសំណួរវប្បធម៍ទូទៅដូចនេះប្រសិនបើបេក្ខភាពអាចត្រៀមខ្លួនមុនពេលប្រលងបានរឹតតែយូររឹតតែល្អ។ ក្នុងអំឡុងពេលប្រលងវិញ ទង្វើដែលបេក្ខភាពគួរធ្វើ និងចៀសវាងក្នុងពេលប្រលងរួមមាន៖ - បេក្ខភាពត្រូវតែទៅដល់មណ្ឌលប្រលងអោយបានមុនម៉ោង ពុំត្រូវទៅយឺតនោះទេ និងត្រូវប្រាកដថាបានយកបង្កាន់ដៃទៅជាមួយផងដែរ - ត្រូវគោរពតាមការណែនាំរបស់លោកគ្រូ អ្នកគ្រូដែលជាអនុរក្ស - ត្រូវគោរពតាមបទបញ្ជាដែលអនុរក្សបានអានឲ្យស្ដាប់ក្នុងអំឡុងពេលប្រលងអោយបានខ្ជាប់ខ្ជួន - បេក្ខភាពពុំត្រូវជជែកគ្នា និង លួចចម្លងឯកសារក្នុងពេលប្រលងជាដាច់ខាត។ គន្លឹះ ឬតិចនិកដែលជួយជំរុញឲ្យការប្រលងបានជោគជ័យ៖ ខ្ញុំពុំមានតិចនិកអ្វីពិសេសនោះទេដោយគ្រាន់តែ នាងខ្ញុំព្យាយាមតាមដានព័ត៍មានដែលកើតឡើងក្នុងស្រុក អានសៀវភៅ ក៏ដូចជាឯកសារផ្សេងៗដែលទាក់ទងនឹងវប្បធម៍ទូទៅ សិក្សាតាមប្រព័ន្ធអ៊ីនធឺណេត ព្រមទាំងគេហទំព័រក្នុង FACEBOOK និងព្យាយាមស្រាវជ្រាវរកវិញ្ញាសារដែលធ្លាប់ចេញប្រលងក្នុងឆ្នាំកន្លងមកដើម្បីយល់ឲ្យបានច្បាស់ពីការប្រលងក្នុងគោលបំណងជួយសម្រួលដល់ការត្រៀមខ្លួនរបស់នាងខ្ញុំ។ ម៉្យាងវិញទៀតសំណួរដែលធ្លាប់ចេញកន្លងមកក៏អាចចេញទៀតផងដែរ។ បន្ថែមពីនេះ នាងខ្ញុំបានព្យាយាមរំឭកមេរៀនបច្ចេកទេស ដែលនាងខ្ញុំបានសិក្សាក្នុងមហាវិទ្យាល័យកន្លងមក។ អ្វីដែលសំខាន់នោះ គឺនាងខ្ញុំបានគោរពតាមបទបញ្ជាក្នុងអំឡុងពេលប្រលង ពីព្រោះថាក្នុងករណីដែលបេក្ខភាពល្មើសវិន័យក្នុងពេលប្រលងអនុរក្សអាចនឹងដកសិទ្ធិប្រលងពីបេក្ខភាពនោះ។ ឧបសគ្គក្នុងការប្រលងចូលក្របខណ្ឌនេះ៖ ជាការពិតណាស់ការប្រលងចូលក្របខណ្ឌពេទ្យ គឺពិតជាមានឧបសគ្គចំពោះបេក្ខភាពនិមួយៗ។ នាងខ្ញុំផ្ទាល់ក៏មិនខុសពីបេក្ខភាពដទៃទៀតដែរ ឧបសគ្គនោះគឺនាងខ្ញុំត្រូវការរំលឹកមេរៀនក៏ដូចជាអានវប្បធម៍ទូទៅឲ្យបានច្រើនតាមដែលអាចធ្វើបាន ដូចនេះនាងខ្ញុំត្រូវការពេលវេលាច្រើនក្នុងការត្រៀមខ្លួន។ បន្ថែមពីនេះទៀតចំនួនបេក្ខភាព ដែលក្រសួងសម្រេចជ្រើសរើសគឺមានចំនួនតិច ដូចនេះការប្រលងនេះ គឺពិតជាមានលក្ខណៈប្រកួតប្រជែងណាស់ តួយ៉ាង ក្នុងករណីឆ្នាំដែលនាងខ្ញុំបានប្រលងក្រសួងបានសម្រេចជ្រើសរើសតែម្នាក់ប៉ុណ្ណោះសម្រាប់ប៉ុស្តិដែលនាងខ្ញុំបានជ្រើសរើស។ ជាចុងក្រោយ ចំពោះនិសិ្សតជំនាន់ក្រោយដែលចង់ប្រលងចូលក្របខណ្ឌគួរតែព្យាយាមឆ្លៀតពេលរំលឹកមេរៀនឲ្យបានលឿនកុំចាំដល់កៀកថ្ងៃប្រលងពីព្រោះថាការប្រលងនេះទាមទារឲ្យយើងអានច្រើន។ បន្ថែមពីនេះទៀតនិស្សិតត្រូវសម្រេចចិត្តឲ្យច្បាស់ក្នុងពេលជ្រើសរើសប៉ុស្តិ ពីព្រោះថាបន្ទាប់ពីជោគជ័យក្នុងការប្រលងហើយបេក្ខជន នឹងត្រូវបានតម្រូវឲ្យបម្រើការងារនៅមណ្ឌលនោះយ៉ាងហោចណាស់៥ឆ្នាំ។លើសពីនេះទៅទៀត និស្សិតទាំងអស់គួរតែគោរពនូវវិន័យក្នុងអំឡុងពេលប្រលងឲ្យបានខ្ជាប់ខ្ជួន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share