- Feb 15, 2017 |
- 7 years ago |
- 4.2K views
ហួន សំអាត «គំហើញជាថ្មីជាក្តីសង្ឃឹមដ៏ធំធេងរបស់អ្នកជំងឺ»
នៅក្នុងវិស័យសុខាភិបាល យើងឃើញមាននូវឯកទេសជាច្រើនសម្រាប់និស្សិតជ្រើសរើសទៅតាមក្តីប្រាថ្នា និងការស្រលាញ់របស់ខ្លួន ដែលឯកទេសនីមួយៗជាក់ស្តែងណាស់ គឺមានលក្ខណៈពិសេសផ្សេងៗពីគ្នាដែលសុទ្ធតែអាចឲ្យអនាគតគ្រូពេទ្យមានឱកាសក្នុងការចូលរួមចំណែកក្នុងការជួយអភិវឌ្ឍវិស័យដ៏សំខាន់មួយនេះ និងជួយសង្គ្រោះដល់ប្រជាជនដែលជួបប្រទះនឹងបញ្ហាសុខភាព។ ក្នុងនោះផងដែរ ឯកទេសចក្ខុរោគ ជាឯកទេសមួយព្យាបាលមិនត្រឹមតែផ្លូវកាយនោះទេ គឺថែមទាំងជួយដល់ផ្លូវចិត្តរបស់អ្នកជំងឺផងដែរ ជាក់ស្តែង វាប្រៀបបាននូវការផ្តល់នូវក្តីសង្ឃឹមថ្មីមួយដល់ពួកគាត់តាមរយៈការសម្រួលដល់គំហើញ។ លោក ហួន សំអាត ជានិស្សិតឯកទេសភ្នែកមួយរូប ដែលនឹងបញ្ចប់ការសិក្សាវគ្គឯកទេសនាពេលប៉ុន្មានខែខាងមុននេះ (ខែធ្នូ ឆ្នាំ២០១៦)។ ក្នុ្នងនាមជារៀមច្បងមួយរូប លោកក៏បានផ្តល់នូវកិច្ចសម្ភាសន៍ជាមួយនឹងហេលស៍ថាម ដើម្បីរួមចំណែកចែករំលែកនូវបទពិសោធន៍នៃការសិក្សាលើឯកទេសចក្ខុរោគរបស់ខ្លួនទៅកាន់សិស្សប្អូនជំនាន់ក្រោយ។ គួរបញ្ជាក់ផងដែរថា លោកក៏ធ្លាប់បានសិក្សានៅប្រទេសកូរ៉េខាងត្បូង ក្នុង Inje University College of Medicine កាលពីឆ្នាំ២០១៤កន្លងទៅនេះផងដែរ។ មូលហេតុដែលជម្រុញចិត្តឲ្យជ្រើសរើសយកជំនាញមួយនេះ ដោយសារតែការសម្លឹងមើលឃើញថា ចំនួនគ្រូពេទ្យផ្នែកចក្ខុរោគនៅប្រទេសកម្ពុជាយើងហាក់ដូចជានៅមានតិចតួចនៅឡើយ ជាក់ស្តែង គឺចំនួនប្រជាជនមានច្រើន ស្របពេលដែលចំនួនគ្រូពេទ្យបែរជាមានតិច។ អ្វីដែលរឹតតែពិសេសនោះ គឺលោកមានការយល់ឃើញថាការធ្វើជាគ្រូពេទ្យផ្នែកចក្ខុរោគនេះអាចជួយឲ្យអ្នកជំងឺដែលមើលមិនឃើញ(ឡើងបាយភ្នែក) ហើយអស់សង្ឃឹម អាចមើលឃើញឡើងវិញ។ ដោយ ឡែក ភ្នែកក៏ជាសរីរៈមួយដ៏សំខាន់សម្រាប់បុគ្គលគ្រប់រូបផងដែរ។ ការត្រៀមខ្លួនចូលសិក្សាឯកទេសចក្ខុរោគ លោកក៏បានផ្តល់ជូននូវដំបូន្មានថា អ្នកគប្បីសួរខ្លួនឯងជាមុនសិនថាតើពិតជាពេញចិត្ត និងស្រលាញ់ឯកទេសនេះពិតមែនឬ? ហេតុអ្វីបានជាសម្រចចិត្តជ្រើសរើសយកឯកទេសមួយនេះ? លុះត្រាតែច្បាស់ជាមួយខ្លួនឯងសិន ទើបអាចធានាបានថាពេលវេលាដែលបានចំណាយទៅលើការសិក្សានេះនឹងមិនត្រូវបានខ្ជះខ្ជាយឡើយ។ ចំណែកផ្នែកចំណេះដឹងដែលត្រូវត្រៀមរួមមានដូចជា ត្រូវខិតខំប្រឹងសិក្សារៀនសូត្រឲ្យបានល្អ ដើម្បីប្រលងចូលផ្នែកឯកទេសឲ្យជាប់ ព្រមទាំងចេះប្រើប្រាស់ភាសាអង់គ្លេស ព្រោះថាឯកសារ និងគ្រូជនជាតិបរទេស ជាទូទៅប្រើប្រាស់ភាសាអង់គ្លេស។ បញ្ហាដែលជួបប្រទះក្នុងការសិក្សាកន្លងមក សំអាតបានប្រាប់ដល់ហេលស៍ថាមថា មិនសូវជាមានច្រើនប៉ុន្មាននោះទេ ព្រោះភាគច្រើនមានទាំងសិស្សច្បង និងសាស្រ្តាចារ្យ ផ្តល់ឱកាសជំនាញ និងបង្ហាត់បង្រៀនយ៉ាងអស់ពីចិត្ត។ យ៉ាងណាមិញ ការសិក្សាឯកទេសអ្វីក៏រមែងមានឧបសគ្គផងដែរ ជាក់ស្តែងវាជាមុខវិជ្ជាមួយដែលថ្មីហើយដាច់ដោយឡែកពីមុខវិជ្ជាផ្សេង ចំណែកឯការប្រើប្រាស់ភាសាទៀតសោត ក៏ត្រូវបានផ្លាស់ប្តូរពីភាសាបារាំងទៅជាភាសាអង់គ្លេសវិញ។ ដើម្បីជម្នះលើបញ្ហាដែលបានលើកឡើង និស្សិតត្រូវខិតខំសិក្សាភាសាសអង់គ្លេសឲ្យបានមាំទាំបន្ថែមទៀត ព្រមទាំងព្យាយាមសិក្សាស្រាវជ្រាវនូវឯកសារទាក់ទងនឹងមុខវិជ្ជាភ្នែកនេះ។ វិធីក្នុងការបង្កើនចំណេះដឹងបន្ថែមទៅលើអ្វីដែលបានសិក្សាពីសាលារៀន និស្សិតគប្បីស្វែងរកមើលវីដេអូនៅលើ Youtube ឬស្រាវជ្រាវបន្ថែមនៅលើប្រព័ន្ធអ៊ីនធឺណែតអំពីរបៀបវះកាត់ ព្រមទាំងអាននូវ Journal ផ្សេងៗដើម្បីធ្វើការយល់ដឹងពីការវិវឌ្ឍ និងវិធីសាស្រ្តព្យាបាលថ្មីៗ។ ក្រោយពីបញ្ចប់ ការសិក្សាឯកទេស និស្សិតអាចធ្វើការពិគ្រោះជំងឺ និងផ្តល់ដំបូន្មានត្រឹមត្រូវដល់អ្នកជំងឺ។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចធ្វើការវះកាត់ (ឡើងបាយកន្ទុយថ្លែន ទឹកដក់ក្នុងភ្នែក) ផងដែរ។ បំណងប្រាថ្នាទៅថ្ងៃអនាគត ចង់ធ្វើជាគ្រូពេទ្យម្នាក់ដែលមានក្រមសីលធម៌វិជ្ជាជីវៈ មានសមត្ថភាពខ្ពស់ក្នុងការព្យាបាលអ្នកជំងឺ ហើយក៏ចង់ចូលរួមកាត់បន្ថយ ពិការភាពនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបន្តចែករំលែកចំណេះដឹងដល់អ្នកជំនាន់ក្រោយ។ លោកក៏បានបញ្ជាក់ផងដែរពីអ្វីដែលជម្រុញចិត្តលោករហូតមក នោះ គឺ «ខ្ញុំអាចធ្វើគ្រប់ការងារទាំងអស់បាន ដោយសារមានម្នាក់ដែលជួយដល់ខ្ញុំ (I can do all the things through Christ who strengthens me. Philippians 4:13)»។
Share