-
Jan 21, 2017
|
-
7 years ago
|
-
4K views
ការររស់នៅទីក្រុងភ្នំពេញ ថ្វីបើមានការកំសាន្តបែបទំនើប និងមិនខ្វះកន្លែងសម្រាប់ហូបចុក តែមនុស្សជាច្រើន ក៏នៅតែមានអារម្មណ៍ធុញថប់ ហើយក៏ចង់ប្តូរបរិយាកាសងាកទៅរកការសម្រាកកំសាន្តបែបស្ងប់ស្ងាត់ និង បែបធម្មជាតិម្តងម្កាលផងដែរ។ ចុះអ្នកវិញ ធ្លាប់មានអារម្មណ៍បែបនេះទេ៎? បើនឹកឃើញដល់ធម្មជាតិ…អ្នកមិនគួរមើលរំលងខេត្តកំពតឡើយ ព្រោះថាខេត្តនេះសម្បូរទៅដោយធម្មជាតិដ៏ស្រស់ត្រកាល ដូចជាទឹកឈូ ភ្នំ និងព្រែកជាដើម។ ថ្ងៃនេះ Health Time សូមណែនាំឲ្យលោកអ្នកស្គាល់រមណីយដ្ឋានមួយចំនួនដែលលោកអ្នកអាចទៅកំសាន្តជាលក្ខណៈគ្រួសារ ឬមិត្តភក្តិ នាពេលចុងសប្តាហ៍…
ជិះរ៉កកាត់ព្រែក៖
នៅចម្ងាយប្រមាណជា ១០គីឡូម៉ែតពីទីរួមខេត្តកំពត លោកអ្នកអាចទទួលនូវការកំសាន្តដោយជិះរ៉កកម្ពស់ប្រមាណជា ១៥ម៉ែត្រកាត់ព្រែកកំពតពីត្រើយម្ខាងទៅត្រើយម្ខាង ដោយគ្រាន់តែចំណាយប្រាក់៣០,០០០ រៀលប៉ុណ្ណោះសម្រាប់ការជិះម្តង។
ចំណាំ៖ ការជិះរ៉កស្ថិតនៅឧទ្យានដងព្រែក ដែលលោកអ្នកគ្រាន់តែជិះតាមផ្លូវទឹកឈូទៅហួសខ្លោងទ្វារវត្តស្នំប្រាំពីរ មួយផ្លូវត្រូវបត់ស្តាំ ជិះប្រមាណជា ១០នាទី អ្នកនឹងឃើញមនុស្សម្នាជាច្រើនកំពុងសើចក្អាកក្អាយនឹងការកំសាន្តនៅទីនោះ។
ទំនាក់ទំនងលេខទូរស័ព្ទ៖ ០៣១ ២៣០ ០៣៣៣
ជិះទូក ឬ Kayak
ក្រៅពីការជិះរ៉កកំសាន្ត លោកអ្នកមិនចាំបាច់ជិះទៅណាទៀតទេ គឺលោកអ្នកអាចកំសាន្តមួយបែបទៀតនៅឧទ្យានដងព្រែកនោះតែម្តង គឺការជិះទូកកំសាន្ត និង kayak ដែលលោកអ្នកចំណាយត្រឹមតែ ២០,០០០រៀលតែប៉ុណ្ណោះសម្រាប់ទូកលក្ខណៈគ្រួសារ
ដែលជិះបាន៣នាក់ និង ទូកសម្រាប់ម្នាក់ដែលមានតម្លៃត្រឹមតែ ៨,០០០ រៀល ហើយតម្លៃនេះ លោកអ្នកអាចជិះដោយពុំមាន
កំណត់ម៉ោងនោះទេ។
បរិភោគអាហារលើទូកតាមដងស្ទឹងកំពត
ពេលល្ងាច អ្នកប្រហែលជាអស់កម្លាំងហើយ ដូច្នេះលោកអ្នកគួរសម្រាកស្រស់ស្រូបអាហារលើទូក២ជាន់ ដែលលោកអ្នកអាចទិញអាហារពីក្រៅមុនឡើងទូក ឬកុម្ម៉ង់អាហារលើទូកក៏បាន។ ការជិះទូកចាប់ផ្តើមពីម៉ោង៤ល្ងាច និងមានការចេញទូកបន្តបន្ទាប់ តែលោកអ្នកគួរឡើងទូកម៉ោង ៤ ឬ ៤:៣០ ដើម្បីអាចទស្សនាទេសភាពដងស្ទឹងកំពតបានច្បាស់ គយគន់មេអំបៅ និងសត្វអំពិលអំពែកទៀតផង។ អ្វីដែលមិនគួរឲ្យជឿនោះ គឺតម្លៃក្នុងការជិះទូករយៈពេល ២ម៉ោង៣០នាទីត្រឹមតែ ១០,០០០រៀលតែប៉ុណ្ណោះ និងមានជូនទឹកក្រូចមួយកំប៉ុងដោយឥតគិតថ្លៃទៀតផង។
យ៉ាងណាមិញ…បើលោកអ្នកមានពេលគ្រប់គ្រាន់ កំពតត្រូវការពេលប្រមាណជា៤ទៅ៥ថ្ងៃសម្រាប់កំសាន្ត ព្រោះខេត្តនេះមានទីកំសាន្តជាច្រើនកន្លែងទៀត ដូចជាចំការម្រេច ទឹកឈូ ល្អាងភ្នំ ភ្នំបូកគោជាដើម។ រមណីយដ្ឋានបែបធម្មជាតិជាច្រើនកំពុងរង់ចាំវត្តមានរបស់លោកអ្នក…
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share