Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ដើម្បីជាការចែករំលែកដល់និស្សិតជំនាន់ក្រោយ ជាពិសេសអ្នកដែលត្រៀមចុះកម្មសិក្សានៅមន្ទីរពេទ្យ និស្សិតឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមឆ្នាំទី៣ ជំនាន់ទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមួយរូបដែលមានឈ្មោះថា ឆេង ឆាយ បានចូលរួមចែករំលែកនូវបទពិសោធន៍ ក៏ដូចជាដំបូន្មានដ៏មានអត្ថន័យ ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម… គួរបញ្ជាក់ផងដែរថា ការក្លាយជានិស្សិតឯកទេសម្នាក់ក្នុងជំនាញមួយនេះ គឺជាគោលបំណងធំបំផុត នៅពេលដែលឈានចូលដល់ខ្ទង់ម្ភៃជាង នោះគឺគិតចាប់ពីពេលដែលលោកបានសិក្សាអំពីមុខវិជ្ជាដែលមានការទាក់ទងទៅនឹងបេះដូងនេះតែម្ដង។ ហើយកត្តាចម្បងមួយទៀតដែលជំរុញយុវនិស្សិតឲ្យស្រលាញ់ និងចូលចិត្តជំនាញមួយនេះ គឺកត្តាសង្គមនេះតែម្ដង ដោយសារតែបរិបទសង្គមកម្ពុជាសព្វថ្ងៃ នៅមានការខ្វះខាតគ្រូពេទ្យឯកទេសខាងបេះដូងនេះនៅឡើយ ជាក់ស្ដែងនៅក្នុងរាជធានីភ្នំពេញយើងសព្វថ្ងៃ ចំនួនគ្រូពេទ្យឯកទេសនេះ ក៏ពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវការដែលមានសព្វថ្ងៃនៅឡើយដែរ។ ដោយសារកត្តាទាំងនេះហើយទើបធ្វើឲ្យលោកខិតខំជំនះគ្រប់ឧបសគ្គ ដើម្បីសម្រេចគោលបំណងនេះឲ្យបានជោគជ័យ ក៏ដូចជាដើម្បីបម្រើដល់ប្រទេសជាតិ និងប្រជាជនរបស់យើងផងដែរ។  តើត្រូវត្រៀមខ្លួនដូចម្តេចខ្លះ ក្រោយពេលដែលជាប់ជានិស្សិតឯកទេស? (ការចែករំលែកបទពិសោធន៍ពីការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យ) យើងគប្បីត្រូវ៖ 1.ការរៀបចំខ្លួន (Appearance) ៖ ក្រៅពីសមត្ថភាព និងចំណេះជំនាញពិតប្រាកដជាគ្រូពេទ្យ ការចេះស្លៀកពាក់ និងរៀបចំខ្លួនឲ្យបានស្អាតបាត គឺបង្ហាញពីសេចក្ដីថ្លៃថ្នូរ និងទំនុកចិត្តរបស់អ្នកមកលើខ្លួនអ្នកជាគ្រូពេទ្យផ្ទាល់។ ជាក់ស្ដែងដើម្បីទទួលបានទំនុកចិត្តពីក្រុមគ្រួសារក៏ដូចជាអ្នកជំងឺ យើងត្រូវមានទំនុកចិត្តលើខ្លួនឯងជាមុនសិន។  2.ការគោរពពេលវេលា (Be punctual) ៖ នេះជាកាតព្វកិច្ចទី២ដែលយើងត្រូវប្រកាន់ខ្ជាប់ក្នុងពេលចុះកម្មសិក្សានៅតាមមន្ទីរពេទ្យ ព្រោះវាស្ដែងនូវទំនួលខុសត្រូវមួយក្នុងនាមយើងជានិស្សិតឯកទេសម្នាក់។ វាជាការប្រសើរខ្លាំងណាស់ បើអ្នកអាចមកពេទ្យពីព្រឹកព្រលឹមបន្តិច ហើយចាប់ផ្ដើមការដើរសួរពីស្ថានភាពជំងឺឲ្យបានមុនពេលដែលគ្រូពេទ្យធ្វើវា។  3.វិន័យ (Self-discipline) ៖ វិន័យផ្ទាល់ខ្លួន គឺជាផ្នែកដ៏សំខាន់មួយដែលជួយឲ្យអ្នកអាចអភិវឌ្ឍខ្លួនអ្នកឲ្យមានភាពរីកចម្រើន និងប្រសើរឡើង។ អ្នកត្រូវចងចាំជានិច្ចថា អ្នកចេះនូវវិជ្ជាមួយដែលអាចជួយព្យាបាលអ្នកជំងឺឲ្យជាសះស្បើយបាន។ ហើយការដែលអ្នកបានឃើញអ្នកជំងឺអាចចាកចេញពីមន្ទីរពេទ្យដោយសុខសប្បាយ និងស្នាមញញឹម គឺជាគោលដៅចុងក្រោយក្នុងការព្យាបាលរបស់អ្នក។ 4.សហភាតរ/ស្មារតីធ្វើការងារជាក្រុម (Team work) ៖ ជំនាញវេជ្ជសាស្ត្រ គឺជាជំនាញមួយដែលទាមទារឲ្យមានការសហការគ្នា ធ្វើការងារជាក្រុម ដើម្បីបង្កើននូវគុណភាពនៃការព្យាបាល អ្នកជំងឺឲ្យបានកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត អ្នកត្រូវមានទំនាក់ទំនងល្អរវាងនិស្សិតចុះកម្មសិក្សាជាមួយគ្នា បុគ្គលិក និងចេះចែករំលែកបទពិសោធន៍ទៅវិញទៅមក ឬស្នើសុំជាយោបល់ពីគ្រូពេទ្យរៀមច្បងនៅក្នុងផ្នែកក៏ដូចជាក្នុងមន្ទីរពេទ្យ លើសពីនេះទៅទៀត ត្រូវបន្តធ្វើការសិក្សាស្រាវជ្រាវទាក់ទងនឹងផ្នែកវេជ្ជសាស្រ្តនេះឲ្យបានច្រើនបន្ថែមទៀត។  5.ភាពអំណត់ (Be patient) ៖ អ្នកត្រូវរក្សាឲ្យបាននូវភាពអំណត់របស់អ្នក និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ក្នុងពេលដែលអ្នកបំពេញការងារ ព្រោះថាពេលខ្លះក្រុមគ្រួសាររបស់អ្នកជំងឺអាចមានការខឹងក្រោធបន្តិចបន្តួចនោះក៏ដោយសារតែពួកគេមានអារម្មណ៍ខ្វល់ខ្វាយខ្លាំងពីស្ថានភាពរបស់អ្នកជំងឺ។ ជាមួយគ្នានេះផងដែរ អ្នកត្រូវចេះរៀបចំពាក្យពេចន៍ក្នុងការនិយាយស្ដី និងពន្យល់ក្រុមគ្រួសារអ្នកជំងឺឲ្យបានសមរម្យ និងច្បាស់លាស់ពីស្ថានភាពរបស់អ្នកជំងឺ។ 6.ចាត់ទុកអ្នកជំងឺដូចជាសាច់ញាតិរបស់អ្នក (Be empathy) ៖ ក្រុមគ្រួសារ និងអ្នកជំងឺផ្ទាល់សុទ្ធតែមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាសុខភាពរបស់ពួកគាត់។ ដូច្នេះ អ្នកគប្បីត្រូវតែយល់ពីអារម្មណ៍មួយនេះ ហើយអ្នកត្រូវតែពន្យល់ពីស្ថានភាពជំងឺ ផែនការនៃការព្យាបាល និងបកស្រាយរាល់លទ្ធផលដែលអ្នកទទួលបានក្រោយពីអ្នកបានសុំ ទៅឲ្យពួកគាត់បានដឹង។  7.អ្នកគួរចំណាយពេលឲ្យច្រើនបន្តិចជាមួយអ្នកជំងឺ (A bit more input will bring a better result) ៖ អ្នកអាចធ្វើការដើរសួរពីការវិវឌ្ឍនៃសភាពជំងឺរបស់ពួកគាត់ឲ្យបានពីរដងក្នុងមួយថ្ងៃ គឺព្រឹកមួយដង និងល្ងាចមួយដង ឬលើសពីនេះ កាន់តែប្រសើរ។ ការសាកសួរពីស្ថានភាពជំងឺ នៅពេលល្ងាច គឺអាចធ្វើទៅដោយគ្រាន់តែការសួរសង្ខេបខ្លីៗអំពីអាការៈក្នុងខ្លួនរបស់គាត់ សកម្មភាពបែបនេះវាបានបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកចំពោះពួកគាត់ និងអាចជួយជំរុញឲ្យពួកគាត់ឆាប់បានធូរស្រាល ជាពិសេសនោះ គឺផ្នែកផ្លូវចិត្តតែម្ដង។  លោកក៏បានលើកឡើងផងដែរថា «ទំនុកចិត្តជាកត្តារួមផ្សំមួយដ៏ចម្បងដែលចូលរួមចំណែកយ៉ាងសំខាន់ចំពោះប្រសិទ្ធភាពនៃការព្យាបាល ដូច្នេះ យើងទាំងអស់គ្នា ត្រូវកសាងទំនុកចិត្តលើខ្លួនឯង នេះមិនមែនសម្រាប់ខ្ញុំ តែសម្រាប់យើងទាំងអស់គ្នាដែលកំពុងតែប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលតែមួយ។»    ជាចុងក្រោយ ការចែករំលែកបទពិសោធន៍ខាងលើនេះមិនចំពោះតែនិស្សិតឯកទេសនោះទេ វាគឺសម្រាប់និស្សិតពេទ្យគ្រប់រូបដែលអាចជ្រើសរើសយកទៅអនុវត្តបានចំពោះចំណុចណាដែលអ្នកគិតថាល្អ។ សម្រាប់រូបលោកផ្ទាល់ លោកបាន និងកំពុងតែធ្វើវា ហើយនឹងធ្វើវាឲ្យរឹតតែប្រសើរជាងនេះទៀត។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្នេហាជាច្បាប់ធម្មជាតិដែលមិនថាអ្នកនៅក្នុងវិស័យណា ឋានៈណា ប្រទេសណា វ័យណា នោះទេ គឺសុទ្ធតែមិនអាចចៀសវាងបាន គ្រាន់តែមានរសជាតិ និងសាច់រឿងផ្សេងៗពីគ្នា… ក្នុងនោះផងដែរ អ្នកនៅក្នុងវិស័យសុខាភិបាលខ្លះ ក៏តែងតែចូលចិត្តប្រើពាក្យបច្ចេកទេសមកប្រើប្រាស់ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះមនុស្សជាទីស្រលាញ់។ តែ…បើនិយាយជាមួយអ្នកនៅក្នុងវិស័យដូចគ្នា មិនអីនោះទេ តែបើអ្នកផ្សេងនោះ កុំភ្លេចបកប្រែ ឬពន្យល់ប្រាប់គេផង មិនអញ្ចឹងទេ ប្រាកដជាស្វីតតែឯងមិនខាន… ថ្ងៃមុន ទំនេរក៏searchលេងៗ ហើយក៏បានដូចចិត្តមែន…ឃ្លាខាងក្រោមនេះ ទម្រាំតែយល់ គឺថា…យកឲ្យបងប្រុស(មោទនភាពក្នុងនាមជាប្អូនរបស់វេជ្ជបណ្ឌិតមួយរូប XD) តោះ! អ្នកណាខ្លះអានយល់? ធ្លាប់ដែលនិយាយទៅកាន់នរណាអត់ហ្នឹង? អាចអានបានជាការកម្សាន្តជាមួយគ្នា.. 1.    Blood is red, Cyanosis is blue…I get Tachycardia when I think of you… 2.    I AORTA feel how much I Love you… 3.    Are you a Pleural Effusion?  Because I can’t breathe when you are around… 4.    You give me premature ventricular contractions… 5.    You make my Dopamine levels go all silly… 6.    From the AORTA to the APEX, I love you with my whole heart… 7.    You must be a red blood cell because you take the oxygen away from my lung & straight to m y heart... 8.    Are you Pulmonary Embolism? Because you take my breathe away… 9.    You must be Aphasia because you left me speechless… 10.    I need a shot of Love vaccine… 11.    I think you are suffering from a lack of Vitamin Me... 12.    Your calves must ache because you’ve been back-marching through my mind all day... 13.    Are you C-reactive protein? Cause you have acute phase... 14.    ICU in my dreams... 15.    Can I be your ophthalmologist ‘cause I can’t stop looking into your eyes... 16.    You’re the sinoatrial node of my heart. Without you, even a defibrillator won’t save me... 17.    I hope someday to be your emergency contact... 18.    I get all Kluver-Bucy around you... 19.    You must be my coronary artery because you’re wrapped around my heart... 20.    Do you have a band aid? Cos I just scraped my heart falling for you... 

Share

«តាមការពិតទៅ រៀនអីក៏មិនស្រួលដែរ និយាយរួមទៅ ពាក្យថា«រៀន»មួយម៉ាត់ គឺមិនសំដៅចំពោះមុខវិជ្ជាពេទ្យតែមួយមុខនោះទេ គឺគ្រប់មុខវិជ្ជាសុទ្ធតែពិបាកទាំងអស់» នេះបើយោងតាមសម្តីដ៏មានអត្ថន័យរបស់ កញ្ញា អ៊ិត ម៉ូលីកា ដែលជានិសិ្សតវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត(UP) និងជាអតីតសមាជិកស្ម័គ្រចិត្តនៃក្លឹបសិក្សារបស់សាលាផ្ទាល់ដែលមានឈ្មោះថា UP-Med ដែលមានតួនាទីជាអ្នកបង្ហាត់បង្ហាញផ្នែកPhysiology រយៈពេល២ឆ្នាំផងដែរ។ ស្របពេលជាមួយគ្នានេះផងដែរ កញ្ញាក៏មានបទពិសោធន៍ខ្លះៗទាក់ទិននឹងការសិក្សាផ្នែកវេជ្ជសាស្រ្ត ដើម្បីជាការចែករំលែកជូនដល់និស្សិតជំនាន់ក្រោយជាពិសេសអ្នកដែលមានបំណងចូលសិក្សាផ្នែកនេះដែរ… បំណងប្រាថ្នា និងឆន្ទៈក្នុងការសិក្សាផ្នែកវេជ្ជសាស្រ្ត កម្លាំងជំរុញទឹកចិត្ត និងគម្រូនៃភាពជាវេជ្ជបណ្ឌិតនៃលោកអ្នកមានគុណទាំងពីរ បានបណ្តុះចិត្តខ្ញុំឲ្យស្រលាញ់ ហើយក៏តែងតែមានចិត្តស្រលាញ់ និងបំណងយកការងារនេះជាមុខរបរអនាគត បើទោះបីជាត្រូវលះបង់ច្រើន ទាំងពេលវេលា និងថវិកាក៏ដោយ។ ជាក់ស្តែងណាស់ ការដែលបានឃើញនូវជីវភាពរស់នៅក្នុងនាមជាវេជ្ជបណ្ឌិតតាំងពីតូចៗមក ប្រៀបបានដូចជាជីផ្សាំចិត្តស្រលាញ់របស់ខ្ញុំ រួមផ្សំនឹងបំណងរបស់លោកអ្នកមានគុណទាំងពីរផងនោះ ទើបវាផលបណ្តាលចិត្តឲ្យមានឆន្ទៈមុតមាំក្នុងការឈានជើងដើរចូលក្នុងវិស័យមួយនេះរហូតមក។ ភាពខុសគ្នារវាងការសិក្សាផ្នែកវេជ្ជសាស្រ្ត និងមុខវិជ្ជាដទៃក្នុងវិស័យសុខាភិបាល តាមការពិតទៅ ភាពខុសគ្នាមានតែនៅត្រង់មុខ«នាទីការងារ»តែប៉ុណ្ណោះ ព្រោះថាគ្រប់មុខវិជ្ជាទាំងអស់ក្នុងវិស័យសុខាភិបាលគឺសុទ្ធតែមានគោលដៅរួម២យ៉ាងសំខាន់ៗ រួមមាន «ការជួយសង្គ្រោះជីវិតមនុស្ស និងការការពារថែរក្សាសុខភាពរបស់មនុស្ស»។   លក្ខណៈសម្បត្តិដែលគួរមាន ក្នុងនាមជានិស្សិតវេជ្ជសាស្រ្តមួយរូប  -ឆន្ទៈ ៖ ជាចំណុចដែលសំខាន់ជាងគេ ព្រោះថាបើសិនជាចូលរៀនដោយមិនមានឆន្ទៈ នោះគឺ ប្រហែលជាពិបាកនឹងសម្រេចបានគោលដៅ។ ជាក់ស្តែង សូមមានចិត្តស្រលាញ់ដោយខ្លួនឯង មិនមែនយកតាមអ្នកដទៃ ឬការបង្ខិតបង្ខំពីសំណាក់នរណាម្នាក់ឡើយ។ ឧទាហរណ៍ ៖ ប្អូនៗខ្លះមិនបានស្រលាញ់ពេញចិត្តនឹងរៀនទេ តែដោយសារការបង្ខំពីសំណាក់គ្រួសាររបស់គាត់ ម៉ាក់ប៉ា ឬបងប្អូន ដែលស្រលាញ់ ហើយចង់ឲ្យកូនណាម្នាក់ក្នុងចំណោមបងប្អូនក្លាយជាពេទ្យ ឬការដែលឃើញគ្រូពេទ្យនៅមន្ទីរពេទ្យគ្រងអាវសឆ្នូតក្រហម ឬខៀវដើរនៅក្នុងមន្ទីរពេទ្យ មើលទៅឡូយ តែកុំភ្លេចថា ម្នាក់ៗសុទ្ធតែមានទំនួលខុសត្រូវលើជីវិតមនុស្សរៀងៗខ្លួន ការធ្វេសប្រហែសតែប៉ុន្មានវិនាទីក៏អាចឲ្យគេស្លាប់ដែរ។ -សុខភាព ៖ នាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូប ចាំបាច់ណាស់ត្រូវមានសុខភាព និងកាយសម្បទារឹងមាំ ព្រោះថាអ្នកត្រូវការកម្លាំង និងថាមពលក្នុងការមើលថែទាំអ្នកជំងឺ។  -ធនធាន ៖ បើទោះជានិស្សិតខ្លះមានឱកាសទទួលបានអាហារូបករណ៍ ដែលបានកាត់បន្ថយថ្លៃចំណាយលើថ្លៃសិក្សាក៏ដោយ ក៏មិនអាចចៀសផុតនូវការចំណាយប្រចាំថ្ងៃដែរ ដែលដូចដែលបានដឹងស្រាប់ គឺថាការសិក្សាមានរយៈពេលច្រើនឆ្នាំ។ ដូចនេះហើយ ត្រូវប្រាកដថាមានធនធានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងអំឡុងពេលសិក្សានេះ ដើម្បីចៀសវាងបញ្ហាផ្នែកថវិកាជាដើម។ -ពេលវេលា ៖ វាជាការពិតដែលត្រូវទទួលស្គាល់ ព្រោះថាការសិក្សាផ្នែកវេជ្ជសាស្រ្តទូទៅ គឺត្រូវការរយៈពេល៨ឆ្នាំទៅហើយ ហើយប្រសិនបើសិក្សបន្តយកឯកទេសទៀតនោះ គឺសរុប១០-១១ឆ្នាំ អាស្រ័យលើឯកទេសដែលចង់សិក្សា។ ដូចនេះ ត្រូវត្រៀមចិត្តទទួលថាត្រូវរៀនប្រហែលពីថ្នាក់ទី១ដល់ថ្នាក់ទី១២សាដើមមកវិញ។ មតិយោបល់ចំពោះពាក្យដែលគេតែងនិយាយថា«រៀនពេទ្យមិនស្រួលនោះទេ» សម្រាប់ខ្ញុំ មិនចំពោះតែមុខវិជ្ជាពេទ្យទេដែលពិបាក មុខវិជ្ជាផ្សេងទៀតក៏ពិបាក គ្រាន់តែមានការពិបាកខុសប្លែកពីគ្នា អាស្រ័យថាតើយើងស្រលាញ់វាប៉ុណ្ណា?ចង់បានប៉ុណ្ណា?ហើយមានទំនួលខុសត្រូវលើវាប៉ុណ្ណា? «រៀនពេទ្យមិនស្រួលនោះទេ» បានក្លាយជាពាក្យសាមញ្ញដែលគេគ្រប់គ្នាតែងនិយាយ។ វាជាការពិត ត្រឹមតែរៀន ពិបាកដូចគ្នា តែគ្រូពេទ្យទាំងអស់មានរឿងពិបាកមួយទៀត ដែលមិនអាចចៀសបានគឺ «ជីវិតគេស្ថិតនៅលើដៃយើង ហើយការធ្វេសប្រហែសរបស់យើងត្រឹមតែប៉ុន្មានវិនាទី អាចឲ្យគេមានឱកាសរស់ ឬស្លាប់បាន»។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

គ្រាន់តែអានចំណងជើង ក៏កាត់ន័យបានខ្លះៗទៅហើយថា អត្ថបទនេះនឹងនិយាយអំពីអ្វី។ ប្រាកដណាស់ គឺអំពីការសិក្សារបស់និស្សិតពេទ្យ។ ដើម្បីជាគន្លឹះដល់ការសិក្សានៃនិស្សិតជំនាន់ក្រោយ យុវនិស្សិត ប៊ុន ច័ន្ទវិចិត្រ ដែលសព្វថ្ងៃជានិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ក៏បានចូលរួមចែករំលែកនូវបទពិសោធន៍ និងមតិយោបល់របស់ខ្លួនដែលរួមមានដូចខាងក្រោម… ហេលស៍ថាម ៖ តើហេតុអ្វីបានជាជ្រើសរើសមុខវិជ្ជាមួយនេះ? វិចិត្រ ៖ ព្រោះតែវាជាចំណង់ចំណូលចិត្តដែលមានតាំងពីកំណើតសម្រាប់រូបខ្ញុំ និងមានបំណងរួមចំណែកចង់ជួយទៅដល់ប្រជាពលរដ្ឋទូទៅដែលមានបញ្ហាទាក់ទិនទៅនឹងសុខភាពមាត់ធ្មេញ។ ជាមួយគ្នានេះដែរ ខ្ញុំក៏មានគម្រោងបង្កើតអាជីវកម្មផ្ទាល់ខ្លួន ស្របពេលដែលមានចំណាប់អារម្មណ៍លើវិស័យវិទ្យាសាស្រ្តសុខាភិបាលផងនោះ ខ្ញុំក៏ធ្លាប់គិតចង់ជ្រើសរើសផ្នែកវេជ្ជសាស្រ្តដែរ គ្រាន់តែកាលនោះ គិតថាពិបាកជាងផ្នែកនេះ តែក្រោយមកទើបដឹងថាពិបាកមិនខុសគ្នាប៉ុន្មាននោះទេ។ ហេលស៍ថាម ៖ តើមាននរណាដែលកម្លាំងជំរុញទឹកចិត្តកន្លងមកទេ? វិចិត្រ ៖ អ្នកគាំទ្រ និងផ្តល់កម្លាំងចិត្តកន្លងមក គឺក្រុមគ្រួសារផ្ទាល់តែម្តង ដែលតែងតែនិយាយលើកទឹកចិត្តជានិច្ច ព្រមទាំងជួយជ្រោមជ្រែងគ្រប់រឿងរ៉ាវ និងគ្រប់ពេលវេលា ជាពិសេសបញ្ហាថ្លៃសិក្សា គឺពួកគាត់មិនឲ្យបារម្ភឡើយ។ ហេលស៍ថាម ៖ តើបានជួបប្រទះនូវភាពលំបាក ឬឧបសគ្គអ្វីខ្លះ?  តើបានជំនះវាដោយរបៀបណា? វិចិត្រ ៖ ឧបសគ្គដែលកើតមាននៅក្នុងកំឡុងពេលសិក្សារួមមាន៖ មេរៀនច្រើន  និងពិបាកយល់ដែលជាទូទៅត្រូវបានប្រើប្រាស់ភាសាបច្ចេកទេសដោយសាស្រ្តាចារ្យ  តម្រូវឲ្យមានការចងចាំល្អ ហើយក៏តម្រូវឲ្យមានការអនុវត្តផ្ទាល់ផងដែរ។  គន្លឹះដែលចម្បងជាងគេ គឺត្រូវរៀនពីដើមឆ្នាំ ដោយចៀសវាងដាច់ខាតនូវការចាំដល់ពេលប្រឡងទើបមើលមេរៀន ព្រោះថាទម្លាប់បែបនោះនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែល«រៀនដើម្បីតែជាប់ មិនមែនរៀនដើម្បីចេះ»នោះទេ ហើយជាលទ្ធផលអ្នកក៏មិនអាចចងចាំ និងចេះអ្វីបានច្រើននោះឡើយ ហើយថែមទាំងអាចបង្កជាបញ្ហាដល់សុខភាពរបស់អ្នកផងដែរ។  ម្យ៉ាងវិញទៀត ការស្តាប់នូវការពន្យល់របស់សាស្រ្តាចារ្យនៅក្នុងម៉ោងសិក្សា គឺអាចជួយយើងបានត្រឹមតែ៣០-៤០% តែប៉ុណ្ណោះ ហេតុនេះហើយ ការសាកសួរបន្ថែមទៅកាន់ពួកគាត់ និងការស្វ័យសិក្សាជាលក្ខណៈបុគ្គល ឬជាក្រុម ជាការចាំបាច់បំផុត ដើម្បីទទួលបានលទ្ធផលល្អក្នុងការសិក្សា។ ចំណែកការអនុវត្តវិញ បើសិនជាអាចគួរតែព្យាយាមភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងសិស្សច្បង ឬសាស្រ្តចារ្យដែលមានគ្លីនិក ដើម្បីសុំធ្វើការស្ម័គ្រចិត្ត និងសិក្សាបន្ថែមអំពីការអនុវត្តផ្ទាល់នូវទ្រឹស្តីដែលបានខិតខំសិក្សានៅក្នុងថ្នាក់ ក៏ដូចជាសាលារៀនង ដើម្បីបានយល់ដឹងកាន់តែច្បាស់បន្ថែមពីដំណើរការ និងដំណាក់កាលនៃការព្យាបាលជាក់ស្តែង ព្រោះថាសម្រាប់ការសិក្សាផ្នែកនេះ គឺទ្រឹស្តី និងការអនុវត្តចាំបាច់ណាស់ត្រូវដើរស្របគ្នា។ ហេលស៍ថាម ៖ សម្រាប់ការរៀនពេទ្យនេះដែរ តើមានទង្វើអ្វីខ្លះដែលនិស្សិតពេទ្យគួរធ្វើ និងមិនគួរធ្វើ? វិចិត្រ ៖ នេះគ្រាន់តែជាមតិយោបល់ ក៏ដូចជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះ ប្រហែលជាមានចំណុខ្លះអាចនឹងលើសលួស ឬខ្វះខាត។ សម្រាប់ខ្ញុំ មានទង្វើមួយចំនួនដែលនិស្សិតពេទ្យគួរធ្វើរួមមាន ៖ -ខិតខំរៀនឲ្យបានច្បាស់លាស់ ដើម្បីក្លាយជាខ្លួនជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូបដែលអាចព្យាបាលអ្នកជំងឺបានដោយប្រសិទ្ធភាព និងសុវត្ថិភាព -ផ្សព្វផ្សាយនូវចំណេះដឹងដែលខ្លួនបានដឹងទៅកាន់មនុស្សនៅជុំវិញខ្លួន -ចៀសវាងដាច់ខាតនូវការអួតអាង ឬមានចរិតឆ្មើងឆ្មៃ ព្រោះថាទង្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់និស្សិតដទៃទៀត -ប្រកបការងារប្រកបដោយក្រមសីលធម៌ជានិច្ច ដោយគោរព និងព្យាបាលអ្នកជំងឺគ្រប់គ្នាឲ្យដូចជាសមាជិកគ្រួសាររបស់អ្នកដែរ -ចូលរួមការងារសង្គមតាមរយៈការចុះបេសកកម្មនៅតាមខេត្ត ឬតំបន់ផ្សេងៗ ដើម្បីជាការរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាហ្វឹកហាត់បន្ថែមនូវជំនាញរបស់ខ្លួនផងដែរ។ ហេលស៍ថាម ៖ តើបងមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់ប្អូនៗដែលមានបំណងចង់ជ្រើសរើសចូលសិក្សាផ្នែកវិស័យសុខាភិបាលនេះដែរឬទេ? ចម្លើយ ៖ ត្រូវតែមានការតាំងចិត្ត និងប្តេជ្ញាចិត្តឲ្យបានមុតមាំ មិនចុះចាញ់នូវរាល់ឧបសគ្គ ឬបញ្ហាទាំងឡាយដែលកើតមានឡើយ។ គួរបញ្ជាក់ផងដែរថា វិចិត្រក៏បានចែករំលែកផងដែរនូវគន្លឹះជូនដល់អនាគតនិស្សិតផ្នែកសុខាភិបាលដែលមានបំណងប្រលងចូលសាលាពេទ្យ​តាមរយៈអត្ថបទ  អ្នកត្រៀមប្រលងពេទ្យ គួររៀនអនុវត្តលំហាត់ក្នុងសៀវភៅពុម្ពលើមុខវិជ្ជាទាំង៣ឲ្យបានច្រើន ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

គោរពជូនអនាគតអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងឡាយ សូមចងចាំ…ចាំនូវអារម្មណ៍ជាអ្នកជំងឺ ចងចាំនូវអាការៈឈឹចាប់ដែលមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ចងចាំនូវពេលដែលត្រូវជួបពេទ្យឯកទេសមួយហើយមួយទៀត ជាពិសេសអារម្មណ៍រង់ចាំ និងរំពឹងថាវេជ្ជបណ្ឌិតណាម្នាក់នឹងអាចធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងជាក់លាក់ ដោយធ្វើការបង្ហាញយ៉ាងច្បាស់អំពីអ្វីដែលអ្នកកំពុងប្រឈម។ ហើយក៏ចងចាំនូវអារម្មណ៍ងឿងឆ្ងល់ដោយសារតែមិនដឹងពីមូលហេតុនៅពីក្រោយអាការៈឈឺចាប់ដែលកំពុងមាន ហើយក៏មានអារម្មណ៍ភ័យខ្លាចនឹងដឹងការពិតនៃរោគវិនិច្ឆ័យនៃជំងឺដែលអាចនឹងឆក់ទាញយកអាយុជីវិតរបស់អ្នក… ចងចាំនូវការចំណាយពេលយូរក្រោមការថែទាំនៅក្នុងគ្លីនិក ឬមន្ទីរពេទ្យ ឬបន្ទប់ពិគ្រោះជំងឺ ឬនៅក្នុងផ្ទះខ្លួនគេងលើគ្រែរង់ចាំលទ្ធផលនៃការធ្វើតេស្ត ឬទន្ទឹងរង់ចាំដល់ថ្ងៃណាត់ជួបនឹងគ្រូពេទ្យម្តងទៀត ដោយអ្នកបាន ឬកំពុងឆ្លងកាត់ការសិក្សា និងបណ្តុះបណ្តាល ក៏ដូចជាបង្ហាត់បង្ហាញនៅសាលាពេទ្យ ហើយក៏បានសិក្សាផងដែរនូវអ្វីដែលត្រូវឆ្លងកាត់នៅលើវិថីនៃការក្លាយជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូបដូចដែលអ្នកធ្លាប់បានស្រមៃ ហើយក៏កុំភ្លេចមានអំណរនូវអ្វីគ្រប់យ៉ាងដែលអ្នកបានជួបប្រទះនៅលើវិថីមួយនេះ… ប្រាកដណាស់ គឺមានពេលខ្លះ អ្នកគិតថា ពិបាកណាស់…ហត់ណាស់…ប្រហែលជាមិនអាចធ្វើបានទេ!!! ប្រហែលជាទៅមិនដល់គោលដៅទេ!!!ហើយអារម្មណ៍បែបនេះក៏កើតមានជាញឹកញាប់ផងដែរ ប៉ុន្តែត្រូវចាំថា…នេះហើយជា រសជាតិជីវិត…រឿងអស្ចារ្យមិនមែនងាយស្រួលសម្រេចនោះទេ… អ្នកមានជីវិតមួយនេះ អ្នកពិតជាសំណាង ព្រោះមានអ្នកខ្លះកំពុងតែប្រាថ្នាចង់ក្លាយជាអ្នក… នៅថ្ងៃដែលអ្នកគ្រងអាវពេទ្យ អ្នកនឹងយល់ឃើញថា «អ្នកមិនមែនប្រឹងប្រែងដើម្បីតែពិន្ទុល្អ ឬខ្ពស់នោះទេ គឺដើម្បីជួយសង្រ្គោះជីវិតមនុស្ស»។ អាវពេទ្យដែលអ្នកគ្រងលើខ្លួនជារៀងរាល់ថ្ងៃ ប្រៀបបាននឹងនិមិត្តសញ្ញានៃការប្តេជ្ញាចិត្តរបស់អ្នកចំពោះអ្នកជំងឺ។ ចាប់ពីថ្ងៃនោះទៅ ជីវិតអ្នកនឹងត្រូវបានពលីលើការព្យាបាលអ្នកជំងឺ និងបង្ហាត់បង្ហាញនូវអ្វីអ្នកដែលបានដឹងបានរៀន។ សូមកុំលះបង់ការប្រឹងប្រែងតិច ដើម្បីទទួលបានប្រាក់ច្រើន…ត្រូវមានឆន្ទៈក្នុងការរៀនអ្វីដែលថ្មី និងប្រឹងប្រែងអស់ពីលទ្ធភាពរបស់អ្នក ព្រោះថាការដឹងល្មមរបស់អ្នក អាចនឹងមិនល្មមសម្រាប់ការជួយទាញយកជីវិតរបស់នរណាម្នាក់ចេញពីយមរាជឡើយ។ សូមឲ្យវត្តមានរបស់អ្នកនៅពេលដែលអ្នកដើរចូលទៅក្នុងបន្ទប់អ្នកជំងឺ ធ្វើឲ្យពួកគាត់មានអារម្មណ៍ធូរស្បើយខ្លះ បើទោះជាអ្នកមិនបានធ្វើការរោគវិនិច្ឆ័យក៏ដោយ។ កុំធ្វើជាពេទ្យម្នាក់់ ដែលអ្នកជំងឺឃើញហើយក៏ភ័យ ឬស្លុតចិត្តថែម… ជាក់ស្តែង កាតព្វកិច្ចរបស់អ្នកមិនមែនត្រឹមតែផ្តល់ថ្នាំ និងគម្រោងនៃការព្យាបាលប៉ុណ្ណោះទេ អ្នកគឺជាអ្នកគាំទ្រដ៏ជិតស្និទ្ធបំផុតរបស់អ្នកជំងឺ…ជីវិត គឺផុតស្រួយណាស់…វាអាចនឹងបាត់បង់ ឬផ្លាស់ប្តូរទៅ នៅក្នុងពេលមួយប៉ប្រិចភ្នែកប៉ុណ្ណោះ…ប៉ុន្តែ អ្នកពិតជាពិសេស…អ្នកជារនាំងការពារការបាត់បង់នូវកាដូដ៏មានតម្លៃ(ជីវិត)របស់អ្នកជំងឺ ដោយការប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងយមរាជ សូមចងចាំថា អ្នកជំងឺជាភាវៈមានជីវិតដែលមានសតិអារម្មណ៍ ឆន្ទៈ គ្រួសារ អាកប្បកិរិយា និងភាពវៃឆ្លាត។ ពួកគេមិនមែនជាករណីសិក្សា ដែលត្រូវវិភាគ ហើយត្រឡប់ទៅផ្ទះវិញនោះទេ។ ត្រូវចាំក្នុងចិត្តថា ថ្ងៃណាមួយ អ្នកនឹងដូចជាពួកគាត់ដែរ «ចាស់ ឈឺ ស្លាប់» ដែលគ្មាននរណាម្នាក់អាចគេចវេសបានទេ សូមធ្វើការព្យាបាលអ្នកជំងឺគ្រប់គ្នាដោយក្តីគោរព និងទឹកចិត្តអាណិតអាសូរដែលអ្នកក៏ចង់បានដូចគ្នា ស្តាប់នូវក្តីបារម្ភរបស់ពួកគាត់ និងឆ្លើយតបនឹងសំណួរ ក៏ដូចជាចម្ងល់របស់គាត់។ ពេលខ្លះ ប្រាកដជាហត់ណាស់…អស់កម្លាំងណាស់ ជាមួយនឹងវេនធ្វើការជាង១២ម៉ោង ប៉ុន្តែសូមចាំថា ពេលវេលាតិចតួចដែលអ្នកចំណាយបន្ថែមជាមួយនឹងអ្នកជំងឺ គឺមានតម្លៃខ្លាំងណាស់ ហើយប្រាកដណាស់ធ្វើឲ្យមានការផ្លាស់ប្តូរខ្លាំងណាស់សម្រាប់ពួកគាត់។ សូមចាំថា..ត្រូវមានអំណរដែលអ្នកបានឈានជើងមកកាន់វិថីមួយនេះ។ សូមគោរពនូវទំនួលខុសត្រូវដែលអ្នកត្រូវរ៉ាប់រង ហើយព្យាបាលអ្នកជំងឺឲ្យដូចជាពេលដែលអ្នកជាអ្នកជំងឺម្នាក់ដែរ។ សូមប្រឹងប្រែងឲ្យអស់ពីលទ្ធភាពរបស់អ្នក និងក្លាយជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូបដែលល្អបំផុតតាមដែលអ្នកអាចធ្វើបាន ដោយក្តីគោរពស្រលាញ់រាប់អាន ប្រភព ៖ Letter to a future doctor

Share

តើមានប៉ុន្មាននាក់ ដែលឧស្សាហ៍យកលេសថាហត់នឿយណាស់ ឬរវល់ណាស់ គ្មានពេលហាត់ប្រាណទេ? ជាក់ស្តែង និស្សិតពេទ្យម្នាក់ៗប្រាកដជាមានកាលវិភាគមមាញឹកណាស់ ហើយជាទូទៅ ក៏សឹងតែមិនមានពេលគេងគ្រប់គ្រាន់ផង តើអាចនឹងមានពេលណាសម្រាប់លំហាត់ប្រាណ? ជួនកាល ចប់ម៉ោងបំពេញកាតព្វកិច្ច ក៏អស់កម្លាំងតាមហ្នឹងដែរទៅហើយ…ហើយបើចង់ហាត់ប្រាណ គួរបែងចែកពេលបែបណាទៅ? តើភាពរវល់ជាហេតុផល ឬគ្រាន់តែជាលេសទេ? នៅក្នុ្ងងអត្ថបទនេះផងដែរ នឹងនាំអារម្មណ៍មិត្តអ្នកអានមកជួបជាមួយនឹង លោក ឈុន ដាវីឌ ជានិស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យល័យពុទ្ធិសាស្រ្ត ដែលចង់ដាស់តឿន ក៏ដូចជាផ្ញើសារបង្ហាញអំពីគុណប្រយោជន៍នៃលំហាត់ប្រាណសម្រាប់គ្រប់គ្នា មិនថារវល់យ៉ាងណាក្តីនោះទេ ជាពិសេសគឺនិស្សិពេទ្យផ្ទាល់តែម្តង។ សម្រាប់លោក ការហាត់ប្រាណអាចជាការលេងកីឡាផ្សេងៗ ការរត់ ការជិះកង់ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ហើយរបៀបហាត់នៃលំហាត់ប្រាណនីមួយៗគឺ មាននៅក្នុងប្រព័ន្ធអ៊ិនធឺណែតជាពិសេសនៅក្នុង Youtube ដែលមានបង្ហាញពីរបៀបហាត់ផ្សេងៗ ដែលធ្វើឲ្យលំហាត់ប្រាណមានប្រសិទ្ធភាព។ គុណប្រយោជន៍នៃលំហាត់ប្រាណ ការហាត់ប្រាណជាទូទៅ គឺធ្វើឲ្យមានសុខភាពល្អ រាងកាយរាំងមាំ ប្រឆាំងនឹងជំងឺផ្សេងៗ ប្រព័ន្ធការពារក្នុងរាងកាយរឹងមាំ សម្រស់កាន់តែស្អាត មើលទៅក្មេងជាងអាយុ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និង ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លាជានិច្ច។ ចំពោះនិស្សិតពេទ្យ ការហាត់ប្រាណប្រៀបដូចជាកន្លែងមួយដែលអាចឲ្យបញ្ចេញអារម្មណ៍តានតឹង មិនថានៅកន្លែងហាត់ប្រាណ ឬក៏នៅផ្ទះ ឬក៏លេងកីឡា ពេលមកពីសាលាហត់ ឬក៏ស្រ្តេស ខ្ញុំតែងតែទៅហាត់ប្រាណ វាជួយឲ្យខ្ញុំបំភ្លេចអត់ទាំងភាពតានតឹងទាំងអស់នោះ ព្រមទាំងជួយឲ្យខ្ញុំមានសុខភាពល្អ និង រាងកាយរឹងមាំថែមទៀត វាថែមទាំងជួយឲ្យរាងកាយយើងប្រឆាំងនឹងជំងឺផ្សេងបាន ដូចជាជំងឺទឹកនោមផ្អែម និង ជំងឺសរសៃឈាមផ្សេងៗបាន។ ខ្លះៗគួរយល់ដឹងអំពីលំហាត់ប្រាណ ការហាត់ប្រាណក្នុងក្លឹបហាត់បែងចែកដូចជា មនុស្សខ្លះចង់ហាត់ប្រាណ ដើម្បីឲ្យស្រកគីឡូ ខ្លះទៀតចង់ហាត់ប្រាណឲ្យរូបរាងកាយស្អាតស្លីមថែរក្សាគីឡូរបស់គេ (ស្រី) ខ្លះទៀតចង់បានឲ្យមានសាច់ដុំធំស្អាត។  សម្រាប់មនុស្សប្រុសដែលចង់បានរាងកាយមាំមួន និង សាច់ដុំស្អាត គឺ  -ត្រូវមានកាលវិភាគក្នុងការហាត់ជាប្រចំាថ្ងៃប្រៀបដូចនឹងកាលវិភាគសាលាអញ្ចឹង ពីថ្ងៃច័ន្ទ ដល់ថ្ងៃ សៅរ៍ ហើយយើងទុកថ្ងៃអាទិត្យជាថ្ងៃសម្រាក។  -ត្រូវប៉ាន់ស្មាននូវអ្វីដែលយើងអាចធ្វើទៅរួច ដោយមិនត្រូវបង្ខំខ្លួនឯងឲ្យហួសសមត្ថភាពយើងទេ  -ត្រូវធ្វើអី្វទៅតាមដំណាក់កាលរបស់វា ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់យើងដូចជា ការគ្រិចថ្លោះ ឈឺឆ្អឹង និង ឈឺសាច់ដុំ។ល។  មនុស្សភាគច្រើនធ្វើលំហាត់ប្រាណដដែលៗ ឧទាហរណ៍ថា គាត់ចង់បានទ្រូងធំស្អាត គាត់ធ្វើលំហាត់ប្រាណទៅលើសាច់ដុំទ្រូងជារៀងរាល់ថ្ងៃ ពីព្រោះគាត់ចង់បានឲ្យឡើងសាច់កន្លែងនោះ តែការធ្វើដូចនេះមិនត្រឹមត្រូវទេ វាធ្វើឲ្យសាច់ដុំទៅជាក្រិនទៅវិញ ដូចនេះយើងត្រូវតែមានកាលវិភាគក្នុងការហាត់ប្រាណឲ្យបានច្បាស់ យើងធ្វើលំហាត់ប្រាណទៅដងខ្លួនយើងទាំងមូល ជាមូលហេតុឲ្យយើងហាត់ប្រាណដោយគ្មានភាពដដែលៗ និង ធុញទ្រាន់ក្នុងការហាត់នោះដែរ។  ចំពោះមនុស្សស្រីក៏ត្រូវមានកាលវិភាគហាត់ដូចនឹងបុរសដែរ គឺហាត់ទាំងដងខ្លួនខាងលើ (Upper body) និង ដងខ្លួនខាងក្រោម (Lower body) ដែលភាគច្រើនគាត់ផ្តោតលើការកាត់បន្ថយជាតិខ្លាញ់លើក្បាលពោះ និង លំហាត់ប្រាណទៅលើទង្គៀក(គូទ) ផ្ទុយពីបុរសដែលហាត់ប្រាណគាត់ផ្តោតទៅលើការហាត់លើដងខ្លួនខាងលើ ដែលមនុស្សភាគច្រើនគេនិយាយថា អ្នកហាត់ប្រាណខ្លះធំលើ តូចក្រោម។  គន្លឹះឆ្លៀតពេលហាត់ប្រាណ សម្រាប់និស្សិតពេទ្យ ខ្ញុំយល់ពីអារម្មណ៍ដែលពេលខ្លះត្រូវងើបពីព្រលឹមរៀបចំទៅចុះកម្មសិក្សាដល់មន្ទីរពេទ្យ ថ្ងៃត្រង់ត្រូវទៅសាលារៀនរហូត ហើយត្រូវរៀនភាសាក្រៅម៉ោង មកដល់ផ្ទះត្រូវរៀនមេរៀនបន្ថែម ឬមើលសៀវភៅ និង ពេលខ្លះត្រូវចុះយាមនៅមន្ទីរពេទ្យទៀត ភាពទាំងអស់នេះវាធ្វើឲ្យយើងមានភាពអស់កម្លាំងខ្លាំង ពេលដល់ផ្ទះម្តងៗ។ ប៉ុន្តែបើយើងចង់បានរាងកាយស្អាតមាំមួន យើងត្រូវធ្វើការបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ ។ ជាក់ស្តែង បើត្រូវចុះកម្មសិក្សាដល់ម៉ោង ១២ ថ្ងៃត្រង់ ហើយចូលរៀនម៉ោង ២រសៀល អាចយកពេលវេលា ១ម៉ោងសម្រាប់ហាត់ប្រាណ ១ម៉ោងទៀតទុកសម្រាប់រៀបចំទៅសាលា វាមិនធ្វើឲ្យយើងជាន់គ្នាទេ បើយើងចេះបែងចែកកាលវិភាគឲ្យបានល្អនោះ បើយើងគ្មានពេលសម្រាកសោះនៅពេលថ្ងៃ យើងអាចហាត់ប្រាណដោយប្រើរយៈពេល៣០នាទី នៅផ្ទះខ្លួនយើងក៏បាន។  អ្វីដែលសំខាន់ជាងគេបំផុត គឺការប្តេជ្ញាចិត្តក្នុងការចំណាយពេលយកមកហាត់ប្រាណសម្រាប់សុខភាពយើង មនុស្សម្នាក់ៗបើគ្មានការប្តេជ្ញាចិត្តនោះទេ គឺមិនទទួលបានភាពជោគជ័យនោះដែរ ការហាត់ប្រាណតម្រូវឲ្យយើងមានការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីសម្រេចនូវអ្វីដែលយើងចង់បាន។  របបអាហារដែលគួរមាន រួមផ្សំនឹងលំហាត់ប្រាណ ចំពោះចំណីអាហារ គឺជាកត្តាមួយដ៏សំខាន់ដែលជួយឲ្យយើងមានរាងកាយស្អាតដែលយើងចង់បាន ក្នុងការសិក្សារបស់គ្រូបង្វឹកជំនាញ (Professional trainer) ការហាត់បា្រណបានតែ ៣០% ចំណែកឯចំណីអាហារគឺត្រូវការ ៧០% ដែលអាចធ្វើឲ្យយើងមានរាងកាយស្អាតល្អនោះ។ អ្វីដែលខ្ញុំលើកទឹកចិត្តក្នុងការទទួលទាន គឺ អាហារដែលសំបូរជាតិប្រូតេអ៊ីន និងអាហារដែលមានជាតិខ្លាញ់តិច រួមជាមួយបន្លែផ្លែឈើ។  -ចំពោះអ្នកចង់រក្សាទម្ងន់ និង ចង់ស្រកគីឡូ ៖ អាហារមិនសូវជាខុសគ្នាប៉ុន្មាននោះទេ គេត្រូវការអាហារដែលគ្មានជាតិខ្លាញ់ និង កុំសូវញ៉ាំផ្អែមពេក ជាពិសេសពេលល្ងាច យើងប្តូរពីការញុំាបាយមកញុំាបន្លែវិញ (Salad)។ -ចំពោះអ្នកចង់ឡើងគីឡូ ៖ តម្រូវឲ្យខិតខំប្រឹងញុំាបន្តិច មិនថាអាហារមានជាតិខ្លាញ់ច្រើន និង ផ្អែមទេ។ ការរៀបចំរបបអាហារសំខាន់សម្រាប់អ្នកហាត់ប្រាណណាស់ ដែលជាកត្តាជំរុញធ្វើខ្លួនប្រាណរបស់យើងមានការប្រែប្រួល ពីស្គមទៅរាងស្អាត មានសាច់ដុំ(ចំពោះមនុស្សប្រុស) និង រាងស្លីមស្អាត(ចំពោះមនុស្សស្រី)។  សារជូនដល់មិត្តអ្នកអាន ជាចុងក្រោយ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនមិត្តអ្នកអានទាំងអស់ ឲ្យធ្វើលំហាត់ប្រាណមិនថា មិត្តរវល់យ៉ាងណានោះទេ យើងអាចធ្វើលំហាត់ប្រាណរយៈពេលតែ៣០នាទីក្នុង១ថ្ងៃក៏បាន ឲ្យបាន៣ថ្ងៃក្នុង១សប្តាហ៍ មិនថាលំហាត់បែបណាទេ។ មិនថាជាការហាត់ប្រាណនៅ Gym លេងកីឡាផ្សេងៗ ហែលទឹក ឬក៏រត់នោះទេ អ្វីដែលអ្នកទាំងអស់គ្នាពេញចិត្ត សូមធ្វើវា ព្រោះសុទ្ធតែផ្តល់អត្ថប្រយោជន៍ចំពោះយើងជាច្រើនដូចខ្ញុំរៀបរាប់ខាងលើស្រាប់៕     ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

«បើធ្វើការជាមួយនឹងឯកទេសដែលខ្លួនស្រលាញ់  អញ្ចឹងគួរតែសប្បាយចិត្តនឹងធ្វើវា ដូចខ្ញុំចឹងដែរ» នេះជាការអះអាងរបស់យុវនិស្សិត តាំង ចាន់ណារ៉ុង ដែលជានិសិត្សឯកទេសផ្នែកវិកលវិទ្យា ជំនាន់ទី១១ ឆ្នាំទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានជម្នះនូវបំណងរបស់គ្រួសារជាអ្នករកស៊ី រហូតបានឈានជើងចូលសាលាពេទ្យតាមក្តីប្រាថ្នា។  គ្រាន់តែលឺពាក្យថា«វិកលវិទ្យា» តើនឹកគិតដល់អ្វីមុនគេដែរ? មិនថាពីមុនធ្លាប់គិតបែបណា ឬមានរូបភាពយ៉ាងណាខ្លះមកលើផ្នែកនេះ អត្ថបទខាងក្រោមនេះនឹងបង្ហាញជូនមិត្តអ្នកអាននូវរឿងរ៉ាវជាច្រើនអំពីឯកទេសវិកលសាស្រ្ត… តើការចូលរៀនពេទ្យដំបូង មានភាពលំបាកបែបណាខ្លះទៅ? ការចាប់ផ្តើមដំបូងក្រោយពេលប្រលងជាប់ ប្រាកដណាស់វាពិតជាមានភាពលំបាកពីមួយឆ្នាំទៅមួយឆ្នាំ ហើយការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យរឹតតែពិបាក ព្រោះវាទាមទារឲ្យខិតខំបន្ថែមទាំងការរៀននៅសាលា ទាំងការរៀននៅមន្ទីរពេទ្យតាមរយៈការចុះអនុវត្តផ្ទាល់ និងការរៀនតាមរយៈសៀវភៅ ឬអ៊ិនធឺណែត ជាដើម។ ចំណែក ភាសាបារាំងនិងអង់គ្លេស ក៏ត្រូវរៀនបន្ថែម ដើម្បីមានភាពងាយស្រួល ក្នុងការមើល អាន និងយល់ ពីមេរៀន ឬជំងឺនីមួយៗ។ ហេតុអ្វីបានជាសម្រេចជ្រើសរើសយកផ្នែកឯកទេសវិកលវិទ្យា ( ជំងឺផ្លូវចិត្ត) នេះ? វាមិនមែនជារឿងចៃដន្យនោះទេ តែវាជាគោលទៅតាំងពីខ្ញុំនៅជានិស្សិតវេជ្ជសាស្រ្តឆ្នាំទី៤មកម្ល៉េះ។ ឆ្លងកាត់ការសិក្សាមុខវិជ្ជាវិកលវិទ្យា( Psychiatry ) នៅឆ្នាំទី៤ ទី៥ និងទី៦ និងការចុះកម្មសិក្សាផ្នែកវិកលវិទ្យា នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត វាកាន់តែធ្វើឲ្យខ្ញុំចង់ដឹង ចង់លឺ ចង់ឃើញ ឲ្យស៊ីជម្រៅរៅនៅក្នុងផ្នែកនេះកាន់តែខ្លាំង។ តើការសិក្សាផ្នែកវិកលសាស្ត្រនេះមានលក្ខណៈពិសេសបែបណាខ្លះ?  ការសិក្សាផ្នែកវិកលវិទ្យានេះ ក៏ដូចជាផ្នែកផ្សេងទៀតដែរ វាទាមទារឲ្យមានភាពអំណត់អត់ធ្មត់ តស៊ូ ព្យាយាម និងការចុះកម្មសិក្សានៅមន្ទីរពេទ្យ រួមទាំងការសិក្សាផ្នែកទ្រឹស្ដីនៅសាលាឲ្យបានទៀងទាត់ ជាពិសេសត្រូវចេះស្វែងរកចំណេះដឹងបន្ថែមទៀត តាមប្រព័ន្ធinternet  ឬសៀវភៅវេជ្ជសាស្រ្តនានា ដើម្បីដើរទាន់វេជ្ជសាស្រ្តនៃប្រទេសជឿនលឿន។  ប៉ុន្តែលក្ខណៈពិសេសមួយនៃផ្នែកវិកលវិទ្យានេះ គឺវាមានភាពខុសគ្នាខ្លះៗទៅតាមជាតិសាសន៍ និង ប្រពៃណីនៃប្រជាជននីមួយៗ។ ឧទាហរណ៍ថា មនុស្សម្នាក់គាត់បានលឺសំលេងប្លែកៗ  ឬមើលឃើញអ្វីប្លែកៗដែលអ្នកដទៃមើលមិនឃើញ។ បើតាមវិទ្យាសាស្រ្ត ឬ ប្រទេសនៅអឺរ៉ុប គេគិតថាជារោគសញ្ញា ឬជំងឺសរសៃប្រសាទ( psychotic symptoms ) ប៉ុន្តែបើតាមប្រពៃណីក្នុងប្រទេសយើង ឬប្រទេសខ្លះដូចជាថៃ ចិន នោះ គេគិតថាជាភាពធម្មតា ជាអ្នកមានបុណ្យបារមី ឬមានអ្នកតាមកកាន់។  តើការសិក្សាផ្នែកវិកលសាស្ត្រនេះ តើមានភាពលំបាក និងឧបសគ្គអ្វីខ្លះ? -ការយល់ដឹងពីទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរ និងជំនឿរបស់ប្រជាជន ៖ នេះជាបញ្ហាចោទមួយ ដែលត្រូវធ្វើការវែកញែក និងចែកឲ្យដាច់ថា តើមនុស្សម្នាក់ដែលមកនៅពីមុខ ឬមកពិគ្រោះជំងឺ មានភាពធម្មតា ឬមិនធម្មតា? ហើយក៏ត្រូវនិយាយពន្យល់វែកញែកទៅកាន់គាត់ ឬក្រុមគ្រួសារគាត់បែបណា? ថាគាត់មានជំងឺផ្លូវចិត្ត ឬអត់? ដោយផ្អែកលើទ្រឹស្ដីវិទ្យាសាស្រ្ត និងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។  -បញ្ហាភាសាបរទេស ៖ រាល់ទ្រឹស្ដីអ្នកប្រាជ្ញ រោគសញ្ញានៃជំងឺ និង សៀវភៅនានា សុទ្ធសឹងជាភាសាអង់គ្លេសទាំងអស់ ហេតុដូចនេះ ត្រូវបន្តការរៀនបំប៉នភាសាបន្ថែម ដើម្បីងាយអាន ងាយស្វែលយល់ឲ្យកាន់តែស៊ីជម្រៅ។   ក្រៅពីការសិក្សានៅសាលា តើមានសកម្មភាពអ្វីខ្លះ ដែលនិសិ្សតផ្នែកវិកលសាស្ត្រគួរធ្វើ ដើម្បីឲ្យការសិក្សា និងការងារនាពេលអនាគតទទួលបានជោគជ័យ? -ខិតខំត្រងត្រាប់ស្ដាប់លោកគ្រូអ្នកគ្រូ និងសាស្រ្តាចារ្យ ពន្យល់ណែនាំទាំងនៅសាលាក្តី ទាំងនៅមន្ទីរពេទ្យក្តី  -គោរពពេលវេលា ការចុះកម្មសិក្សាអនុវត្តន៍ជាក់ស្ដែងនៅមន្ទីរពេទ្យ  -យកចិត្តទុកដាក់ក្នុងការដកស្រង់យកបទពិសោធន៍ដែលទទួលបានពីពេលចុះកម្មសិក្សានៅមន្ទីរពេទ្យ ដែលនឹងជួយឲ្យមានគ្រឹះសមល្មមសម្រាប់ធ្វើការងារនាពេលអនាគត -ដឹងពីប្រពៃណីទំនៀមទម្លាប់អរូបីនៃប្រជាជនខ្មែរកាន់តែច្រើន ដើម្បីចេះថ្លឹងថ្លែងពីកម្រិតធ្ងន់ធ្ងររបស់ជំងឺ។ បន្ថែមពីលើជំនាញរឹងដែលទទួលបានពីសាលា តើនិស្សិតផ្នែកវិកលសាស្ត្រគួរមានជំនាញអ្វីខ្លះទៀត សម្រាប់ការប្រកបវិជ្ជាជីវៈមួយនេះ? -ជំនាញ និងចំណេះដឹងខ្លះៗទាក់ទងនឹងជំងឺផ្លូវកាយដែលអាចឲ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺធ្ងន់ធ្ងរ ក្រៅតែពីជំងឺផ្លូវចិត្ត  -ជំនាញក្នុងការទំនាក់ទំនង ៖ ពាក្យសម្តីនិយាយស្ដីគួរតែជាសម្តីលើកទឹកចិត្ត ( ក្នុងករណីអ្នកជំងឺត្រូវការការលើកទឹកចិត្ត ឬធ្លាក់ទឹកចិត្ត ) និងនិយាយច្បាស់ៗ ងាយស្ដាប់ ងាយយល់ (វាល្អសម្រាប់អ្នកជនបទ ឬមានការសិក្សាទាប )។  -ការគិត ៖ ការគិត( គិតមុននិយាយចេញមកក្រៅនៅមុខអ្នកជំងឺ ឬក្រុមគ្រួសារគាត់ ) ដែលនឹងអាចឲ្យយើងជៀសផុតពីការនិយាយដែលជះឥទ្ធិពលអាក្រក់ដល់អ្នកជំងឺ ដែលពេលខ្លះវាអាចស្មើនឹងពាក្យថា «  មាក់ងាយមាក់ថោក ជាន់ពន្លិចបន្ថែម» -ការសង្កេត ៖ អាចជួយឲ្យយើងដឹងបានខ្លះៗ ថាតើអ្វីដែលអ្នកជំងឺ ឬក្រុមគ្រួសារគាត់និយាយ ជាពាក្យពិត ឬកុហក? ថាតើគាត់មានទំនុកចិត្តលើយើង ឬអត់? ជាពិសេស គឺការសង្កេតទៅលើអ្នកជំងឺកាចៗមួយចំនួន ដែលអាចបង្កគ្រោះថ្នាក់ដល់យើង ព្រោះអារម្មណ៍របស់ពួកគាត់មិនទៀងទាត់ទេ។  តើការងារប្រភេទនេះបានជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវចិត្តដែរឬទេ? តើមានវិធីសាស្ត្រក្នុងការការពារជាមុនអ្វីខ្លះ? ផលប៉ះពាល់ វាតែងតែមានគ្រាន់តែតិច ឬច្រើន។ ដើម្បីចៀសវាង និងការពារខ្លួនខ្ញុំ គឺដាច់ខាតមិនយកអារម្មណ៍និង ព័ត៌មានរបស់អ្នកជំងឺ មកគិតពេលនៅក្រៅមន្ទីរពេទ្យ ឬ ម៉ោងធ្វើការឡើយ។ បើយើងបណ្តោយឲ្យអារម្មណ៍ទាំងនោះតាមយើងជាប់នៅពេលទំនេរ នោះយើងនឹងងាយធ្លាក់ទៅក្នុងវិបត្តិនៃបញ្ហាផ្លូវចិត្តជាក់ជាមិនខាន។ វិធីសាស្រ្តផ្សេងទៀត រួមមានដូចជាការហាត់ប្រាណ ដើរលេង អានសៀវភៅ និងជួបជុំមិត្តនិយាយគ្នាលេង សុទ្ធតែអាចធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ។ តើនិស្សិតវិកលសាស្ត្រនឹងអាចចូលរួមចំណែកបែបណាខ្លះក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាយើង? ការថែរក្សាការពារ និង ព្យាបាលសុខភាពផ្លូវចិត្តប្រជាជនកម្ពុជាទាំងពេលបច្ចុប្បន្ន និងនាពេលអនាគ ដោយការចុះទៅតាមសហគមន៍ ពន្យល់ណែនាំពីមូលហេតុផ្សេងៗដែលអាចឲ្យកើតមានជំងឺ  វិធីដោះស្រាយ ឬការតទល់នឹងបញ្ហាដោយរបៀបណា ព្រមទាំងការព្យាបាល ដោយប្រើថ្នាំ និងពន្យល់ណែនាំពីការប្រព្រឹត្តទៅនៃថ្នាំ ផលរំខាន ...  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រៀនផ្នែកអ្វីក៏មានលក្ខណៈពិសេសដែរ…ហើយក៏ល្អ និងស័ក្តិសមសម្រាប់និស្សិតផ្សេងៗគ្នាដែរ…មិនមែនថា ម្នាក់រៀនទៅល្អ-ចេះ ហើយម្នាក់ទៀតក៏អាចធ្វើបានដូចគ្នានោះទេ…ជាក់ស្តែង រៀនពេទ្យនេះផ្ទាល់ មិនមែនថារើសអើសនោះទេ ប៉ុន្តែប្រសិនបើមិនមានឆន្ទៈផ្ទាល់ខ្លួនក្នុងការសិក្សាទេ ប្រហែលជានឹងជួបប្រទះនឹងភាពលំបាកច្រើន ដែលសឹងតែអាចឲ្យបោះបង់ចោលក៏ថាបាន។ ប៉ុន្តែ…សម្រាប់អ្នកដែលស្រលាញ់ចូលចិត្ត ហើយតែងតែខំប្រឹងរហូតនោះ មិនថាលទ្ធផលយ៉ាងណា ជឿជាក់ថាប្រាកដជាអាចធ្វើបានមិនខាន។  ចង់ដឹងថារៀនពេទ្យមានអ្វីខ្លះខុសប្លែកនោះ? សូមតាមដានជាមួយនឹងការបកស្រាយរបស់យុវនិស្សិត លី ហ្សូកា ជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឆ្នាំទី៦នៃសាកលវិទ្យាល័យអន្តរជាតិ និងជាអតីតសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរថ្នាក់ខេត្តប្រចាំបាត់ដំបងហើយទទួលបាននិទ្ទេសB (លំដាប់ពិន្ទុ99.766)ប្រចាំវិទ្យាល័យព្រះមុនីវង្សនៃថ្នាក់ទុតិយភូមិផងដែរ… កត្តាជំរុញឲ្យសម្រេចចិត្តរៀនមុខវិជ្ជាពេទ្យ •កត្តាផ្ទាល់ខ្លួន ៖ ទឹកចិត្តស្រលាញ់មុខវិជ្ជាសុខាភិបាលនេះជាខ្លាំង តាំងពីនៅថ្នាក់បឋមសិក្សាម៉្លេះ ទោះជាពេលនោះ មិនដឹងថារៀនពេទ្យហ្នឹងមានន័យធំប៉ុណ្ណា គ្រាន់តែដឹងថា «ធំឡើង ខ្ញុំនឹងធ្វើជាគ្រូពេទ្យឲ្យបាន» ហើយជាពិសេស ការងារសង្គមផ្នែកសុខាភិបាលនៅតាមតំបន់ក្រីក្រជាការងារដែលខ្ញុំប្រាថ្នាតាំងពីកុមារ ព្រោះវាជាក្ដីសុខមួយដែលពិបាកនឹងបរិយាយ •កត្តាគ្រួសារ ៖ បើក្រឡេកមើលស្ថានភាពគ្រួសារ នាងខ្ញុំកើតក្នុងគ្រួសារខ្សែស្រឡាយដែលមានជីតា ម៉ាក់ អ៊ំប្រុស ស្រីនិងញាតិមិត្តជាគ្រូពេទ្យ ដូចនេះហើយ ទើបគ្រួសារជួយជំរុញបន្ថែមឲ្យដើរក្នុងវិស័យនេះ និយាយរួមទៅ គឺបន្តវង្សត្រកូល  •កត្តាបរិយាកាស ៖ តាំងពីតូចមក មន្ទីរពេទ្យ(កន្លែងម៉ាក់ធ្វើការ)ប្រៀបដូចជាផ្ទះទី២ ព្រោះម៉ាក់ជាពេទ្យ ខ្ញុំស្ទើរតែទៅតាមម៉ាក់ខ្ញុំទៅប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងស្ទើរគ្រប់វេនយាម។ ដូចនេះហើយ រាល់កាយវិការ និងសកម្មភាពនៅក្នុងមន្ទីរពេទ្យតែងតែសិ្ថតក្នុងការចងចាំនៃវ័យកុមាររបស់ខ្ញុំស្ទើរទាំងអស់ ជាពិសេសភាពលំបាករបស់អ្នកជំងឺ ហើយខ្ញុំប្រាប់ខ្លួនខ្ញុំថា «នឹងធ្វើជាគ្រូពេទ្យ និងជួយពួកគាត់ឲ្យបាន» •កត្តាសង្គម ៖ បើក្រឡេកមើលតាមតំបន់ជនបទ ការអប់រំផ្នែកសុខាភិបាលនៅមានកម្រិត នាងខ្ញុំពិតជាចង់ពង្រឹងប្រព័ន្ធអប់រំផ្នែកសុខាភិបាលដល់ប្រជាជនឲ្យបានរឹងមាំ ព្រោះចំណេះដឹងជាកត្តាមួយសំខាន់ ដើម្បីបញ្ចៀសពីបញ្ហាសុខភាពទាំងឡាយ។  ភាពខុសប្លែកនៃការសិក្សាផ្នែកសុខាភិបាល និងមុខវិជ្ជាដទៃ •ការប្រើប្រាស់ភាសាបរទេស ៖  គឺ ភាសាអង់គ្លេស ឬភាសាបារាំង ដោយសារពេទ្យភាគច្រើនប្រើប្រាស់ភាសា ដើម្បីសិក្សា ហើយមានគ្រូជាសាស្រ្តចារ្យបរទេសមកបង្រៀន បើមិនចេះភាសាច្បាស់លាស់ គឺពិបាកក្នុងការរៀន ព្រោះថា ភាសាជាយានសំខាន់ក្នុងវិស័យនេះ។ កាលណាបើយើងចេះច្បាស់ អាចជួយយើងឲ្យមានភាពងាយស្រួលក្នុងការអានសៀវភៅ ព្រោះថាសៀវភៅភាគច្រើនសរសេរជាភាសាអង់គ្លេស ឬភាសាបារាំង មិនតែប៉ុណ្ណោះ ភាសាបរទេសក៏ជាយានមួយជួយយើងក្នុងការផ្លាស់ប្ដូរបទពិសោធន៍រវាងនិសិ្សតពេទ្យក្នុងតំបន់អាស៊ានឬនិស្សិតអឺរ៉ុបផងដែរ។ • ថវិកា ៖ ពេទ្យជាមុខវិជ្ជាមួយ ដែលត្រូវចំណាយលុយច្រើនជាងមុខវិជ្ជាដទៃ ជាក់ស្តែង ថ្លៃសាលា បង់ថ្លៃហើយអស់លុយថ្លៃទិញមេរៀន និងសៀវភៅបន្ថែមទៀត។  •រយៈពេលសិក្សា ៖ រៀនពេទ្យចំណាយពេលយូរឆ្នាំទម្រាំរៀនចប់ សម្រាប់ថ្នាក់វេជ្ជបណ្ឌិតទូទៅ ចំណាយពេល៨ឆ្នាំ បើបន្តថ្នាក់ឯកទេស៤ឆ្នាំទៀត សរុប គឺ១២ឆ្នាំ និស្សិតខ្លះរៀន១០ឆ្នាំ ប្រសិនបើគាត់ប្រលងជាប់ថ្នាក់ឯកទេសតាំងពីឆ្នាំទី៦។ រយ:ពេល១០ឆ្នាំប្លាយ មិនមែនឆាប់ទេ…បើក្រឡេកមើលមិត្តវិទ្យាល័យដែលមិនមែនរៀនពេទ្យ អ្នកខ្លះមានការងារធ្វើហើយ អ្នកខ្លះឈានដល់បង្កើតគ្រួសារ ក្លាយជាម្ដាយឪពុកគេ មានគ្រួសារមួយដ៏រឹងមាំហើយក្រឡេកមើលខ្លួនឯង នៅសុំលុយអ្នកផ្ទះបង់សាលា និងថ្លៃជីវភាពនៅឡើយ។ •កាលវិភាគមមាញឹក ៖ និសិ្សតពេទ្យភាគច្រើន មិនថាខ្ញុំមិនថាគេ ភាគច្រើនរវល់ខ្លាំង ពេលខ្លះគ្មានពេលជិតសិ្នទ្ធនឹងគ្រួសារ ពេលខ្លះ សូម្បីតែពេលបុណ្យទានក៏ត្រូវប្រចាំការនៅមន្ទីរពេទ្យដែរ ព្រោះនេះជាភារកិច្ច ពេលខ្លះស្ទើរតែគ្មានពេលមើលខ្លួនឯងផង រៀនផង ទៅពេទ្យផង យាមផង បើនិយាយពីមេរៀនតែងតែកើនច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយបើមិនខំរៀនពីដើមឆ្នាំទេ ពេលប្រលងប្រាកដជាពិបាក។  •ទំនួលខុសត្រូវ ៖ និស្សិតពេទ្យរូបណាក៏ត្រូវស្ពាយជាប់ពាក្យថា«ទំនួលខុសត្រូវ»រហូត លុះដល់ពេលធ្វើជាគ្រូពេទ្យ ត្រូវមានទំនួសខុសត្រូវកាន់តែខ្ពស់ ព្រោះមុខវិជ្ជាដែលត្រូវរៀន និងធ្វើការជាមួយ គឺទាក់ទងនឹងជីវិតមនុស្ស មិនអាចធ្វើអ្វីមួយឲ្យរួចពីដៃនោះទេ។  •រៀនពេទ្យ គឺរៀនមួយជីវិត ៖ ត្រូវកាន់សៀវភៅរហូត ព្រោះតែងតែមានការUpdateថ្មីទាក់ទងនឹងជំងឺ ឬការព្យាបាលថ្មីៗ បើមិនខំអានមិនខំស្រាវជ្រាវ ច្បាស់ជាគ្មានការរីកចម្រើនក្នុងវិស័យនេះទេ។ ការចូលរួមក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ក្នុងនាមជានិសិ្សតផ្នែកវេជ្ជសាស្រ្តមួយរូប គឺជាអ្នកផ្សព្វផ្សាយអប់រំដល់ប្រជាជនឲ្យយល់ច្បាស់ពីបញ្ហាសុខភាព ការការពារ ការថែសុខភាព ក៏ដូចជាបញ្ចៀសពីជំងឺ អនាម័យ និងការសង្រ្គោះបឋមផ្សេងៗ ព្រោះមានតែកត្តាអប់រំមួយគត់ជាកត្តាសំខាន់ ដូចគេតែងតែនិយាយថា «ការពារប្រសើរជាងព្យាបាល»។  ជាក់ស្ដែង សាស្រ្តចារ្យនៃសាលាពេទ្យមួយចំនួន បានដឹកនាំក្រុមនិសិ្សតទៅចួលរួមក្នុងការងារសង្គមមានដូចជាទាក់ទងនឹងសុខភាពសាធារណ: ការអប់រំផ្នែកសុខភាពងាយៗនៅតាមផ្ទះដែលពួកគាត់អាចធ្វើបាន ការសង្រ្គោះបឋម និងណែនាំពីវិធីបង្ការ ព្រមទាំងបង្ហាញពីអនាម័យផ្សេងៗ ដើម្បីទទួលបានសុខភាពល្អ ។  មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាឱកាសក្នុងការធ្វើស្រាវជ្រាវឲ្យដឹងថាប្រជាជននៅក្នុងភូមិមួយនោះភាគច្រើនមានបញ្ហាសុខភាពផ្នែកអ្វី ដើម្បីងាយស្រួលក្នុងការរិះរកវិធីកែខៃបញ្ហាទាំងនោះ។ ទន្ទឹមនឹងគ្នាផងដែរ ក្រុមនិស្សិតក៏អាចចូលរួមព្យាបាល ផ្ដល់ប្រឹក្សាផ្នែកសុខាភិបាលដោយមិនគិតថ្លៃដល់ប្រជាជនផងដែរ។  ទាំងអស់នេះហើយដែលសរបញ្ជាក់ថា បញ្ញវន្ត័បានដើរតួសំខាន់ជួយដល់ការអភិវឌ្ឍក្នុងសង្គម ដោយហេតុថាបើប្រជាជនយល់ដឹងច្បាស់ពីការពារ និងថែរក្សាសុខភាពបានល្អ ប្រាកដណាស់ អត្រានៃការឈឺក៏ថយចុះ ហើយសង្គមជាតិក៏នឹងរីកចម្រើនផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បន្ថែមពីលើសៀវភៅសិក្សាដែលសមស្របតាមកម្មវិធីសិក្សារបស់សាលា និស្សិតពេទ្យគ្រប់រូបប្រាកដជាត្រូវការចំណាយពេលច្រើនលើស្វ័យសិក្សា ដែលជាចាំបាច់នឹងត្រូវការសៀវភៅដែលជាបណ្តុំនៃអត្ថបទប្រកបដោយគុណតម្លៃ និងអត្ថប្រយោជន៍ ជាពិសេសជាប្រភពនៃព័ត៌មានដែលអាចទុកចិត្តបាន។ ជាការរួមចំណែកមួយក្នុងការសម្រួលដល់ការសិក្សារបស់និស្សិតពេទ្យឆ្នាំទី១ និងឆ្នាំផ្សេងៗទៀត ខ្ញុំក៏សូមចែករំលែកនូវសៀវភៅ៨ក្បាលខាងក្រោមនេះ ដែលខ្ញុំបានឃើញលីងមួយដែលមិត្តភក្តិបានស៊ែរនៅលើហ្វេសប៊ុក ហើយខ្ញុំក៏បានធ្វើការបកប្រែបញ្ចប់ និងកែសម្រួលពាក្យពេចន៍ខ្លះៗពីប្រភពដើម (ដែលមានបញ្ជាក់ជូននៅខាងក្រោម)។ ដោយសារតែមិនមែនជានិស្សិតពេទ្យ ទើបពាក្យពេចន៍មិនសូវជាបានសមសួន ឬមិនត្រូវបច្ចេកទេស ប៉ុន្តែខ្ញុំក៏បានសូមឲ្យមិត្តភក្តិជានិស្សិតពេទ្យមួយរូបជួយធ្វើការកែសម្រួលដែរ មុននឹងធ្វើការចែករំលែកនៅទីនេះ…សង្ឃឹមថាគ្រប់គ្នានឹងមិនប្រកាន់ឡើយ… ១. Gray’s Anatomy for Students, 3rd Edition   វាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សាកាយវិភាគសាស្រ្ត (Anatomy) របស់និស្សិតក្នុងវិស័យសុខាភិបាលគ្រប់គ្នា ដែលពិតជាជួយសម្រួលដល់ការសិក្សាមុខវិជ្ជាមួយនេះតាមរយៈការចងក្រងនូវមេរៀនសំខាន់ៗ អមជាមួយនឹងរូបភាពយ៉ាងច្បាស់ និងការបកស្រាយយ៉ាងក្បោះក្បាយ។ ២. Human Physiology - Stuart Ira Fox | 12th Edition (2011) មុខវិជ្ជាដ៏សំខាន់មួយទៀត គឺសរីរវិទ្យា(Physiology) ដែលអាចឲ្យនិស្សិតបានសិក្សាស្វែងយល់អំពីមុខងារ និងដំណើរការរបស់សរីរាង្គកាយ។ បន្ថែមពីលើអ្វីដែលបានសិក្សាពីសាលានោះ ការអាន និងស្វ័យសិក្សាតាមរយៈសៀវភៅមួយនេះ នឹងជួយពង្រឹង និងពង្រីកនូវការយល់ដឹងរបស់អ្នកបានមួយកម្រិតទៀតជាក់ជាមិនខាន។ ៣. Histology: A Text and Atlas, with Correlated Cell and Molecular Biology, 6th Edition ជាសៀវភៅជីវវិទ្យាដ៏ល្អឯកសម្រាប់និស្សិតសុខាភិបាល ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ កម្រងអត្ថបទ និងAtlas ទាំងនេះ ប្រៀបបានជាបណ្តុំនៃសៀវភៅសិក្សាដែលមានបង្ហាញអំពីមុខងារ និងសញ្ញាណគ្លីនិកនៃជាលិកាសាស្រ្ត(Histology) ដែលត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈរូបភាព និងរូបថត។  Atlas ជាច្រើនត្រូវបានបង្ហាញនៅគ្រប់មេរៀន ដោយមានរូបធំៗ ដែលត្រូវបានរចនា និងរៀបចំឡើងជាមួយនឹងពណ៌យ៉ាងស្អាត និងត្រជាក់ភ្នែក។ ៤. Medical Terminology Systems 7th Edition (2012) នេះប្រៀបបាននឹងកញ្ចប់នៃឯកសារដែលប្លែកពីគេ ដែលអាចរកបានតាមអនឡាញនៅDavisPlus និង The Medical Language Lab ដែលនឹងផ្តល់នូវបទពិសោធន៍នៃការសិក្សាបែបថ្មី ដើម្បីឲ្យការសិក្សាកាន់តែច្បាស់ពីភាសានៅក្នុងវិស័យវេជ្ជសាស្រ្ត តាមរយៈបណ្តុំនៃពាក្យពេចន៍ និងបច្ចេកវិទ្យា។ មេរៀននៅក្នុងសៀវភៅនេះ ត្រូវបានចងក្រងទៅតាមលំដាប់លំដោយនៃប្រព័ន្ធក្នុងរាងកាយរបស់យើង និងបានផ្ដោតសំខាន់ទៅលើការផ្គុំពាក្យ។ ៥. Lippincott Illustrated Review Biochemistry វាជាឯកសារដំបូង និងល្អជាងគេបំផុតសម្រាប់ការសិក្សាផ្នែកជីវគីមីវិទ្យា ដែលជួយដល់និស្សិតក្នុងការសិក្សា ស្វែងយល់ និងរួមបញ្ចូលព័ត៌មានដែលត្រូវការវិភាគ និងមានភាពស្មុគស្មាញបានលឿន។ ៦. Longman's Medical Embryology-T.W. Sadler-12th edition Longman's Medical Embryology ជាប្រភពនៃឯកសារដ៏សំខាន់សម្រាប់ការសិក្សាអំពីការលូតលាស់នៃអំប្រ៊ីយ៉ូ សម្រាប់និស្សិតវេជ្ជសាស្រ្ត គិលានុបដ្ឋាក និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដោយបានផ្ដោតសំខាន់យ៉ាងខ្លាំងទៅលើសញ្ញាណគ្លីនិក។ អត្ថបទនៅក្នុងនេះត្រូវបានចាត់ទុកជាឯកសារ ក៏ដូចជាធនធានប្រកបដោយគុណតម្លៃសម្រាប់ការសិក្សាដោយសារតែវាមានការបង្ហាញអំពីសញ្ញាគ្លីនិក ការសង្ខេបខ្លីៗ កាថដោះស្រាយបញ្ហា ការបង្ហាញ និងរូបភាពគ្លីនិក… ៧. First Aid for the USMLE Step 1 2014 វាជាសៀវភៅដែលលក់ដាច់ជាងគេនៅពិភពលោក ជាមួយនឹងការពិតដែលត្រូវបានធ្វើតេស្តសាកល្បងបញ្ជាក់ជាង1,250 និងផ្តល់នូវភាពងាយស្រួលក្នុងការចងចាំដល់សិស្សានុសិស្ស។ រឿងរ៉ាវជាក់ស្តែងប្រមាណជាង1,250 ករណីបានផ្តល់នូវភាពងាយស្រួលដល់និស្សិតក្នុងការត្រៀមប្រលង USMLE។ ៨. Marieb Human Anatomy & Physiology  9th Edition វាជាសៀវភៅដែលជាជំនួយដ៏មានប្រយោជន៍សម្រាប់ការសិក្សាអំពីកាយវិភាគវិទ្យា និងការសិក្សាអំពីមុខងារក៏ដូចជាការដំណើរការនៃសរីរាង្គរបស់មនុស្ស ហើយលក្ខណៈពិសេសរបស់សៀវភៅនេះគឺការបញ្ចូលគ្នារវាងAnatomy & Physiology។ អត្ថបទមេរៀនមានលក្ខណៈងាយមើល ងាយយល់ និងមានមេរៀនដែលគេទើបតែសិក្សារកឃើញថ្មីៗ។ បញ្ជាក់ ៖ សូមចុចលើចំណងជើងនៃសៀវភៅនីមួយៗ ដើម្បីចូលទៅកាន់លីងសម្រាប់ទាញយក ប្រសិនបើមានឯកសារអ្វីបន្ថែមទៀត ដែលអ្នកគិតថាមានអត្ថប្រយោជន៍ដល់ការសិក្សាផ្នែកសុខាភិបាល អ្នកក៏អាចធ្វើការចែករំលែកបានដោយធ្វើការ Commentខាងក្រោមអត្ថបទនេះផ្ទាល់ ឬបង្កើតអត្ថបទថ្មីដោយខ្លួនឯងដូចជាខ្ញុំដែរ តាមរយៈ លីងនេះ… ប្រភព ៖  Angkor Rean

Share

មិនដឹងថាមានប៉ុន្មាននាក់ដែលមានបំណងចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសដែលខ្លួនប្រាថ្នា? ហើយក៏មិនដឹងថាមានប៉ុន្មាននាក់ក្នុងចំណោមនោះ ដែលធ្លាប់បានដាក់ពាក្យហើយ តែក៏មិនបានសម្រេចដូចចិត្តប្រាថ្នា? ប្រសិនបើអ្នកមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍នោះ អត្ថបទនេះអាចនឹងជាគុណប្រយោជន៍ដល់អ្នកក្នុងការត្រៀមខ្លួន និងយល់ដឹងពីគន្លឹះផ្សេងៗនៃការដាក់ពាក្យ ស្វែងរកព័ត៌មាន ការប្រឡង និងឆន្ទៈពីរៀមច្បងមួយរូប… លោកវេជ្ជ. អោម ណាវុធ ដែលជាវេជ្ជបណ្ឌិតអនុបណ្ឌិតផ្នែកជំងឺតំបន់ត្រូពិក (Master of Clinical Tropical Medicine) ពីសាកលវិទ្យាល័យមហិតល (Mahidol University) ប្រទេសថៃ និងបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតពី សាកលវិទ្យាល័យអន្តរជាតិ (IU) ប្រទេសកម្ពុជា និងបច្ចុប្បន្នបម្រើការងារជាវេជ្ជបណ្ឌិតហាត់ការ(Fellowship) នៅផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្តល់កិត្តិយសធ្វើការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាអនុសាសន៍ដ៏ថ្លៃថ្លៃរបស់លោកអំពីការសិក្សាតាមរយៈអាហារូបករណ៍នៅប្រទេសថៃរបស់លោក តាមរយៈកិច្ចសម្ភាសន៍ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម… សំណួរ ៖ តើលោកបានទទួលបានអាហារូបករណ៍អ្វី? តើអាចនិយាយដោយសង្ខេបបានទេអំពីអាហារូបករណ៍នេះបានទេ? ចម្លើយ ៖ នេះជាប្រភេទអាហារូបរណ៍ក្រោមព្រះរាជទានពីព្រះអង្គម្ចាស់ក្សត្រី សិរិនថន នៃព្រះរាជាណាចក្រថៃ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា គឺមកកាន់ក្រសួងអប់រំ យុវជន និងកីឡា  ដែលមានផ្តល់ជូននិស្សិតកម្ពុជាប្រមាណ២២០នាក់ជារៀងរាល់ឆ្នាំ សម្រាប់ទៅសិក្សាគ្រប់មុខវិជ្ជាពីថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈរហូតដល់ថ្នាក់បណ្ឌិតនៅគ្រប់សាកលវិទ្យាល័យទូទាំងប្រទេសថៃ។ សំណួរ ៖ តើអាចបង្ហាញដោយត្រួសៗបានទេអំពីដំណាក់កាលនៃការទទួលបានអាហារូបករណ៍នេះ? ចម្លើយ ៖  អំពីដំណាក់កាលនៃការដាក់ពាក្យ -អាហារូបករណ៍នេះ ជាទូទៅនឹងមកដល់ក្រសួងអប់រំ ហើយប្រកាសឲ្យនិស្សិតចាប់ផ្តើមដាក់ពាក្យនៅអំឡុងចុងខែកញ្ញា និងដើមខែតុលា ប្រមាណជាពីរសប្តាហ៍ក្នុងការដាក់ពាក្យ។  -ដំណាក់កាលទីពីរ គឺការត្រៀមខ្លួនប្រឡងដែលជាទូទៅ គឺនៅក្នុងខែធ្នូ ចំណែកឯកាលបរិច្ឆេទ គឺមិនទៀង អាស្រ័យលើខាងភាគីថៃជាអ្នកកំណត់ ដូច្នេះនិស្សិតមានពេលប្រមាណពីរខែសម្រាប់ត្រៀមខ្លួនការប្រឡង។ អំពីវិញ្ញាសាប្រឡង មាន២ដំណាក់កាល គឺការសរសេរ និងសម្ភាសន៍ផ្ទាល់មាត់ដែលធ្វើឡើងដោយភាគីថៃតែម្តងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។  -សម្រាប់កម្រិតចាប់ពីបរិញ្ញាបត្រចុះក្រោម ៖ ការប្រឡងនឹងផ្តោតលើចំណេះដឹងទូទៅថ្នាក់ទុតិយភូមិ ដូចជាគណិត រូបវិទ្យា និងគីមីវិទ្យជាដើម។  -ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ៖ ការប្រឡងគឺផ្តោតលើ ភាសាអង់គ្លេស ឬថៃ (សម្រាប់មុខវិជ្ជាដែលរៀនជាភាសាថៃប៉ុណ្ណោះ) ដែលវិញ្ញាសាប្រហាក់ប្រហែលនឹង TOEFL ឬ IELTS។ ឯការសម្ភាសន៍អាស្រ័យលើភាគីថៃដែលសួរជាភាសាអង់គ្លេស ឬភាសាថៃ។  សម្គាល់ ៖ គ្រប់និស្សិតទាំងអស់មិនមែនសុទ្ធទាមទារឲ្យចេះភាសាថៃឡើយ តែបើចេះស្រាប់ គឺជារឿងដែលល្អ បំផុតសម្រាប់ខ្លួនឯងក្នុងការរស់នៅប្រទេសថៃ តែមុខវិជ្ជាខ្លះតម្រូវឲ្យចេះថៃតែម្តង។  សំណួរ ៖ ដើម្បីត្រៀមខ្លួនក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ តើលោកបានធ្វើអ្វីខ្លះដែរ? ចម្លើយ ៖  -ការសាកសួរព័ត៌មានពីខាងក្រសួង អ.យ.ក (នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍) គឺជារឿងសំខាន់មុនគេ ព្រោះគេនឹងជម្រាបយើងយ៉ាងច្បាស់នូវកាលបរិច្ឆេទនៃការដាក់ពាក្យ និងប្រឡង និងប្រភេទមុខវិជ្ជា។ ការក្តាប់បាននូវព័ត៌មាននៃការប្រឡង គឺជាចំណុចជោគជ័យទីមួយបាត់ទៅហើយ។  -ដើម្បីឲ្យការប្រឡងសង្ឃឹមបានជោគជ័យខ្ពស់ ការត្រៀមខ្លួនជាមុន គឺជារឿងសំខាន់បំផុតដែលអាចខុសគ្នាទៅតាមកម្រិតសិក្សាដូចដែលបានរៀបរាប់ខាងលើ។ ចំពោះកម្រិតថ្នាក់អនុបណ្ឌិតដូចខ្ញុំ គឺចាំបាច់ត្រូវពង្រឹងបន្ថែមនូបភាសាអង់គ្លេសតាមរយៈការហាត់សមធ្វើលំហាត់បែប TOEFL ដែលក្នុងនោះមានជំនាញអាន វេយ្យករណ៍ និងវាក្យសព្ទ ឲ្យបានច្រើន។  -ចំពោះការសម្ភាសន៍ យើងអាចប៉ាន់ប្រមាណលើសំណួរដែលអាចនឹងសួរនៅពេលសម្ភាសន៍ បើយើងមិនច្បាស់ទេ យើងអាចស្វែងរកមើលក្នុងGoogleនូវសំណួរណាដែលគេឧស្សាហ៍សួរបំផុតសម្រាប់ពេលសម្ភាសន៍។  -ការសាកសួរនូវបទពិសោធន៍ពីនិស្សិតចាស់ៗក៏រឹតតែមានប្រយោជន៍ ចំពោះយើងមួយកម្រិតទៀត។  សំណួរ ៖ តើលោកគិតថា មានកត្តាអ្វីខ្លះដែលជំរុញឲ្យខ្លួនបានទទួលអាហារូបករណ៍មួយនេះ? ចម្លើយ ៖ -កត្តាក្នុងខ្លួន ៖ ការតាំងចិត្ត ការត្រៀមខ្លួន ផែនការ និងការទាញយកឱកាសល្អ ជារឿងមួយដែលសំខាន់សម្រាប់ ការចាប់យកនូវអាហារូបរណ៍នេះដោយជោគជ័យ។  -កត្តាក្រៅខ្លួន(គ្រួសារ និងមិត្តភក្តិ)៖ ការជួយជ្រោមជ្រែងក្នុងការលើកទឹកចិត្ត និងផ្តល់ជាមតិយោបល់ ជាចលករមួយដែលពន្យុះនូវឆន្ទៈឲ្យកាន់តែពុះកញ្ជ្រោលថែមទៀត។ ជាក់ស្តែង បើគ្មានការលើកទឹកចិត្តទេ ពេលខ្លះការតាំងចិត្ត ឬផែនការអាចនឹងថយអានុភាព។ សំណួរ ៖ តើការសិក្សាតាមរយៈអាហារូបករណ៍នេះមានលក្ខណៈពិសេសបែបណាខ្លះ? ចម្លើយ ៖ វាជាការបើកឱកាសឲ្យនិស្សិតដែលមានសមត្ថភាពអាចបន្តការសិក្សា ដើម្បីពង្រឹងបន្ថែមនូវចំណេះដឹងរបស់ខ្លួន។ មួយវិញទៀត វាជាអាហារូបករណ៍ពេញលេញ១០០% ដែលភាគីអ្នកផ្តល់បានឧបត្ថម្ភសព្វបែបយ៉ាង ទាំងការស្នាក់នៅ ថ្លៃសិក្សា និងកម្រៃប្រចាំខែ ព្រមទាំងជាជំនួយគ្មានសំណងដែលក្រោយរៀនចប់ គឺនិស្សិតអាចទៅធ្វើការនៅប្រទេសរបស់ខ្លួន ឬស្ថាប័ននានាបានជាធម្មតា។  សំណួរ ៖ ចំពោះនិស្សិតដែលចង់បានអាហារូបករណ៍ដូចជាលោកវេជ្ជបណ្ឌិត ឬអាហារូបករណ៍ផ្សេងទៀត ជាពិសេសនិស្សិតពេទ្យ ដែលភាគច្រើនមិនសូវមានពេលច្រើន តើគួរធ្វើបែបណាខ្លះ ដើម្បីអាចទទួលបានឱកាសល្អបែបនេះ? ចម្លើយ ៖ ប្រាកដណាស់ និស្សិតពេទ្យភាគច្រើនមិនសូវមានពេលវេលាគ្រប់គ្រាន់ ក៏ប៉ុន្តែមិនមែនអត់ទាល់តែសោះនោះទេ។ បើគិតថានឹងចិញ្ចឹមចិត្តព្យាយាមឆក់ឱកាសទៅសិក្សានៅក្រៅប្រទេសហើយ សូម -និស្សិតទាំងអស់ពង្រឹងសមត្ថភាពគ្រឹះទៅតាមមុខវិជ្ជារបស់ខ្លួនឲ្យបានរឹងមាំ  -សិក្សាពីព័ត៌មានលម្អិតពីការដាក់ពាក្យអាហារូបករណ៍ដែលអាចតាមរយៈវេបសាយ សិក្ខាសាលា ឬការចែករំលែកចំណេះដឹងពីរៀមច្បងនូវប្រភេទអាហារូបករណ៍ដែលខ្លួនចង់បាន ឬប្រទេសដែលខ្លួនចង់ទៅ។ ដោយសារតែយើងគ្មានពេលវេលាគ្រប់គ្រាន់បែបនេះ ហើយទើបយើងត្រូវត្រៀមខ្លួនជាមុន ដើម្បីឲ្យផែនការបានជោគជ័យកាន់តែខ្ពស់។  មិនថានិស្សិតពេទ្យ ឬនិស្សិតថ្នាក់ដទៃទេ «ការត្រៀមខ្លួន និងការក្តោបយកឱកាស»គឺ ជារឿងចាំបាច់មួយ ព្រោះថាមានអាហារូបរណ៍ក្រៅប្រទេសជាច្រើន តែងតែផ្តល់ឱកាសឲ្យនិស្សិតបរទេស ជាពិសេសនិស្សិតកម្ពុជាអាចទៅបន្តចំណេះដឹងបន្ថែមទៀតបាន។  ខ្ញុំយល់ថា «ការឆក់យកឱកាស និងក្តាប់បានព័ត៌មានអាហារូបករណ៍» គឺជារឿងសំខាន់ជាងគេ ចំណែកឯ«សមត្ថភាព»អាចនឹងក្លាយជារឿងបន្ទាប់ ព្រោះថាបើយើងមានសមត្ថភាព តែមិនបានដឹងពីព័ត៌មានអាហារូបករណ៍ តើយើងនឹងដាក់ពាក្យតាមណា? ចុះបើយើងដឹងព័ត៌មានហើយតែគិតថា គ្មានសមត្ថភាព តើនឹងជាប់ដែរឬទេ? ត្រង់នេះយើងត្រូវពិចារណាឡើងវិញថា មាននិស្សិតច្រើនណាស់ ដែលធ្លាប់ធ្លាក់ក្នុងការប្រឡងយកអាហារូបករណ៍ទៅក្រៅប្រទេសទម្រាំនឹងពួកគេអាចប្រឡងជាប់ជាស្ថាពរ?  ហេតុនេះហើយ… -ចាំបាច់ត្រូវចាប់យកឱកាសឲ្យបាន បើធ្លាក់គឺជាបទពិសោធន៍សម្រាប់ពង្រឹងសមត្ថភាពទៅលើកក្រោយទៀត។  -កុំរារែក និងអស់សង្ឃឹម ព្រោះថាការមានប្រវត្តិប្រឡងធ្លាក់អាហារូបករណ៍នៅតែប្រសើរ ជាងអ្នកដែលមិនធ្លាប់ប្រឡងសោះ។  -ការតស៊ូ តាំងចិត្តសម្រាប់គោលដៅនៃការសិក្សាបន្តនឹងសម្រេចបើអ្នកមិនបោះបង់ តែវានឹងបាត់បង់បើអ្នកមិនចង់បន្ត។ សំណួរ ៖ តើលោកអាចប្រាប់បានទេថា ព័ត៌មាននៃអាហារូបករណ៍ផ្សេងៗពិសេសសម្រាប់និស្សិតពេទ្យ អាចរកបាននៅទីណាខ្លះ? ចម្លើយ ៖ មានប្រភព ជាពិសេសគេហទំព័រជាច្រើនដែលដែលតែងតែបង្ហោះពីអាហារូបករណ៍ថ្មី ទូទាំងពិភពលោក និងបង្ហាញពីវិធីសាស្ត្រល្អក្នុងការដាក់ និងចំណេះផ្សេងៗទៀតដែលទាក់ទងនឹងការស្នើសុំអាហារូបករណ៍ដូចជា ៖  -ទំព័រហ្វេសប៊ុកក្រសួងអប់រំ  -គេហទំព័រ Scholarship Positions -ទំព័រហ្វេសប៊ុក Scholarship for Khmer -គេហទំព័រ ASEANOP.COM ។ល។ សំណួរ ៖ ជាចុងក្រោយ តើលោកវេជ្ជបណ្ឌិតមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់មិត្តអ្នកអានជាពិសេសនិស្សិតពេទ្យដែលប្រាថ្នាចង់បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស? ចម្លើយ ៖ សរុបពីខាងលើមក គឺសុទ្ធតែជាចំណុចជាសារវន្តដែលខ្ញុំសង្ឃឹមថានឹងអាចជាប្រយោជន៍ដល់និស្សិតនានាដែលមានបំណងចង់បានអាហារូបរណ៍ទៅសិក្សាបន្តនៅបរទេស។ «ផែនការជាក់លាក់  ការតាំងចិត្តមិន បោះបង់ ការលើកទឹកចិត្តខ្លួនឯង និងពីអ្នកជុំវិញខ្លួន រួមជាមួយនឹងសមត្ថភាពចំណេះដឹងនៃជំនាញរបស់ខ្លួន រួមទាំងការចាប់យកឱកាសដែលមាននោះ អ្នកនឹងអាចសម្រេចនូវក្តីប្រាថ្នានៃការទទួលបានអាហារូបករណ៍ថ្នាក់បន្តបានយ៉ាងជោគជ័យ»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ធ្លាប់មានអារម្មណ៍បែបនេះទេ? ជាពិសេសពេលឆ្នាំដំបូងៗ លក្ខណៈថា…ជួនកាល ក៏កើតមានឡើងដោយមិនខ្លួនតែម្តង…នេះបើតាមអ្វីដែលបងប្រុសជាវេជ្ជបណ្ឌិតរបស់ខ្ញុំបានប្រាប់… ហើយវាក៏ត្រូវបាននិស្សិតពេទ្យជាច្រើនទទួលស្គាល់ថាជាអ្វីដែលខ្លួនមានពិតមែនដែរ…និយាយឲ្យស្រួលស្តាប់ទៅ វាប្រៀបបាននឹងអាការៈនៃស្ថានភាពផ្លូវចិត្តមួយដែលប៉ះទង្គិចដល់អារម្មណ៍ និងអាកប្បកិរិយានៃនិស្សិតពេទ្យ ដែលភាគច្រើនបានប្រាប់ឲ្យដឹងថា ច្រើនកើតមានក្នុងឆ្នាំដំបូងនៃចូលរៀនរបស់ពួកគេ… សាកបន្តអាន ហើយគិតឡើងវិញទៅមើល ថាខ្លួនអ្នកធ្លាប់មានអារម្មណ៍បែបហ្នឹងដែរឬអត់? ហើយក៏សូមឆ្លើយប្រាប់ផង ថាតើមាន ឬមិនមាន? នៅពេលសិក្សាលើជំងឺណាមួយ ដោយអាន ឬស្វែងយល់ពីចង្កោមនៃរោគសញ្ញានៃជំងឺនោះ ក៏តាំងចាប់ផ្តើមគិតថាដូចត្រូវនឹងអាការៈដែលខ្លួនមានដល់ហើយ ដល់ថ្នាក់ពេលខ្លះទៅធ្វើការពិនិត្យបញ្ជាក់ទៀត ដើម្បីប្រាកដថាអ្វីដែលខ្លួនគិតនោះ គឺមិនត្រឹមត្រូវនោះទេ។ អារម្មណ៍មួយហ្នឹង តែងតែកើតមានជារឿយៗ ទាំងដែលពេលខ្លះ មានសុខភាពល្អ និងរឹងមាំសោះហ្នឹងណា… ជាក់ស្តែងណាស់ ខ្ញុំនេះឃើញបងប្រុសខ្ញុំផ្ទាល់ កាលពីប៉ុន្មានឆ្នាំមុនហ្នឹង គឺគាត់ភ័យមិនតិចនោះទេ ហើយភ័យដល់ខ្ញុំទៀត ព្រោះរាល់លើក ឲ្យតែមានរឿងអី ក៏គាត់ប្រាប់ខ្ញុំមុនគេ ហើយក៏ពឹងឲ្យលាក់ប៉ាម៉ាក់ទៀត។ និយាយទៅ…កាលគាត់នៅរៀនហ្នឹង ពេលអាការៈហ្នឹងរើឡើងម្តងៗ ខ្ញុំនេះដំបូងៗស្លន់ស្លោ ដល់យូរៗទៅក៏ស៊ាំទៅហើយ… ចង់ដឹងដល់ហើយថា នរណាខ្លះធ្លាប់មានបទពិសោធន៍បែបហ្នឹង? ប្រាប់ផងបានទេ???

Share

តើនរណាដែលនៅក្បែរស្ត្រីមានផ្ទៃពោះច្រើនជាងគេ មុន និងក្រោយពេលសម្រាល បន្ទាប់ពីក្រុមគ្រួសារ? ចម្លើយ គឺប្រាកដជា ឆ្មប ជាមិនខាន…តើអ្នកបានដឹងច្រើនប៉ុណ្ណាដែរអំពី«ការសិក្សា និងការងារជាឆ្មប»?  តោះ! ស្វែងយល់ជាមួយគ្នា…តាមរយៈការចែករំលែកបទពិសោធណ៍របស់កញ្ញា លឿង ផូស្រីណុច ដែលបានបញ្ចាប់ថ្នាក់បរិញ្ញាប័ត្រឆ្មប  និងសព្វថ្ងៃកំពុងបម្រើការងារនៅគ្លីនិកឯកជនមួយកន្លែងផងដែរ… មូលហេតុដែលសម្រេចចិត្តយកជំនាញឆ្មប ដោយសារការស្រលាញ់តាំងពីក្មេង ជាពិសេសចង់ជួយស្ត្រីមានផ្ទៃមានពោះឲ្យរួចពីគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាជួយពួកគាត់ឲ្យយល់ពីសេវាសុខាភិបាលនាពេលបច្ចប្បន្ន ដើម្បីកុំឲ្យមានជំនឿលើធ្មបបុរាណ និងអបិយជំនឿរច្រើនពេក។  លក្ខណៈពិសេសនៃការសិក្សាផ្នែកឆ្មប វាមានភាពខុសប្លែកពីជំនាញផ្សេងដោយសារឆ្មប គឺត្រូវស្ថិតនៅក្បែរស្ត្រីជាម្តាយច្រើនជាងអ្នកផ្សេងបន្ទាប់ពីគ្រួសាររបស់ពួកគាត់ ជាពិសេសនៅពេលសម្រាល ។ នៅពេលដែលមានបញ្ហា ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែមករកឆ្មបមុនគេ ដើម្បីជួយឲ្យធូរស្រាលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។  លក្ខណៈសម្បតិ្ដដែលនិស្សិតឆ្មបគួរមាន ដើម្បីទទួលបានជោគជ័យ មិនខុសគ្នាពីមុខវិជ្ជាផ្សេងប៉ុន្មាននោះទេ តែអ្វីដែលចាំបាច់នោះគឺ ត្រូវមានភាពអំណត់អត់ធ្មត់។ ក្រៅពីការប្រឹងប្រែងរៀនសូត្រ និងបំពេញកិច្ចការងារ និស្សិតឆ្មបត្រូវអត់ទ្រាំ ព្រោះពេលខ្លះ មិនបានគេងគ្រប់គ្រាន់ទេនៅពេលយប់បើសិនជាចំវេនយាម។ ម្យ៉ាងទៀត បើថ្ងៃខ្លះ ត្រូវជួបជាមួយនឹងអ្នកជំងឺអុកឡុកទៀត គឺរឹតតែត្រូវទ្រាំ។ ឧបសគ្គចម្បងនៃការសិក្សាជំនាញនេះ  -ត្រូវច្បាស់ថាខ្លួនឯងអាចជួយស្ត្រីមានផ្ទៃពោះម្នាក់នោះពីគ្រោះថ្នាក់ដែរឬទេ ? បើសិនជាអាច គឺ ជួយដោយវិធីណា?  -បន្ទាប់ពីសម្រាលកូនហើយ តើផ្លូវចិត្តស្ត្រីបានប្រសើរឡើងវិញហើយឬនៅ ?  សំណួរទាំងនេះហើយដែលតែងតែផុសនៅក្នុងខួរក្បាលរបស់ខ្ញុំ ហើយវាក៏ជាឧបសគ្គដែរ ហើយខ្ញុំអាចជំនះវាបានដោយការខំប្រឹងប្រែងរៀនសូត្រ និងទៅអនុវត្តផ្ទាល់នៅតាមមន្ទីរពេទ្យនោះឯង  ដោយព្យាយាមត្រងត្រាប់ស្តាប់ និងសង្កេតមើលពីសកម្មភាពរបស់បុគ្គលិកទាំងនោះថាតើមានអ្វីខ្លះដែលគួរប្រព្រឹត្តតាម ហើយអ្វីខ្លះដែលមិនគួរ? ការងារដែលនិស្សិតឆ្មបអាចធ្វើបាន បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចធ្វើការតាមគ្លីនិកឯកជន ក្រុមហ៊ុន និងអង្គការផ្សេងៗជាច្រើន ហើយបើសិនជាអាចប្រលងក្របខ័ណ្ឌចូលបម្រើការងាររដ្ឋកាន់តែប្រសើរ ។  ឆ្នាំដែលសប្បាយ និងពិបាកជាងគេ ឆ្នាំសិក្សាដែលសប្បាយជាងគេសម្រាប់ខ្ញុំ គឺគ្មានទេ ព្រោះគ្រប់ឆ្នាំ គឺសប្បាយទាំងអស់ ដោយសារមានមិត្តភក្ដិ រួមថ្នាក់យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក មិនដែលឈ្លោះគ្នានោះទេ។ ចំណែកឆ្នាំដែលពិបាកបំផុត គឺឆ្នាំដំបូង ដែលត្រូវរៀនពាក្យបច្ចេកទេសថ្មីៗជាច្រើនដែលមិនធ្លាប់ស្គាល់ ឬលឺពីមុនមក ជាពិសេសវាជាភាសាបរទេសទៀតផង។ ឈានចូលដល់ឆ្នាំទី៤ គឺរឹតតែពិបាក ព្រោះមានកាតព្វកិច្ចជាច្រើនត្រូវបំពេញ រួមមាន ត្រូវទៅស្ដារនៅពេទ្យផង ធ្វើសារណាផង ត្រៀមប្រលងចេញផង  ហើយសំនួរមិនតិចទេ ថែមទាំងមានប្រលង អនុវត្តជំនាញតិចនិកទៀតផង… អត្ថន័យនៃការងារជាឆ្មប ការងារ ឬអាជីពនេះពិតជាមានន័យធំធេងណាស់សម្រាប់ខ្ញុំ  ព្រោះវាបានផ្ដល់ឲ្យខ្ញុំនូវចំណេះដឹងជាច្រើនទាក់ទងនឹងស្ត្រី មិនថាសុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទនោះទេ ដែលសុទ្ធតែមានសារសំខាន់សម្រាប់ជីវិតរបស់មនុស្សទូទៅ។ ហើយខ្ញុំក៏អាចដឹងថាស្ត្រីមានផ្ទៃពោះភាគច្រើនត្រូវការអ្វី? ចូលចិត្តអ្វី? ហើយអ្វីដែលល្អសម្រាប់គាត់?។ ខ្លះៗអំពីឆ្មប «ឆ្មប ចូលចិត្តប្រើពាក្យសម្តីអសុរោះ» ទាក់ទងនឹងសម្ដីអសុរោះ វាអាចជាការពិត ហើយក៏អាចជារឿងមិនពិតដែរ ព្រោះសម្ដីមិនល្អភាគច្រើនលេចលឺពីឆ្មបចាស់ៗ ដោយសារតែពួកគាត់ហត់ពេក មានអ្នកជំងឺច្រើន មិនបានគេងគ្រប់គ្រាន់ ឬដោយសារកត្តាចរិតលក្ខណៈរបស់បុគ្គលជាដើម ។ ដោយឡែក ក៏នៅមានឆ្មបមួយចំនួនដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌ មានវិជ្ជាជីវៈជាគ្រូពេទ្យម្នាក់ដែរ ហើយយើងមិនអាចយកមនុស្សមួយក្ដាប់ មកវាយតម្លៃឆ្មបទាំងអស់នោះទេ។  «ការងារឆ្មប គ្រាន់តែបង្កើតកូនឲ្យគេតែប៉ុណ្ណោះ» មិនពិតនោះទេ ពួកគាត់មានតួនាទីថែទាំស្ត្រី អប់រំចាប់តាំងពីមិនទាន់មានផ្ទៃពោះរហូតដល់សម្រាលរួច ក្នុងរយៈពេលជាច្រើនសប្ដាហ៍ ដោយត្រូវធ្វើការអប់រំអំពីចំណុចគួរយល់ដឹងជាច្រើនរួមមានដូចជា របបអាហារ បែបបទនៃការរស់នៅ សុខភាពផ្លូវភេទ ផ្លូវចិត្ត និងរឿងជាច្រើនទៀត។  សំណូមពរ និងសារជូនដល់មិត្តអ្នកអាន -អ្នកអាចស្អប់ចំពោះអ្នកដែលប្រើពាក្យពេចន៍ និងកាយវិការមិនសមរម្យដាក់អ្នក តែសូមកុំស្អប់ ឬរិះគន់មនុស្ស ឬពេទ្យដែលល្អ សូមមេត្តាប្រើគំនិតបែបត្រិះរិះវិនិច្ឆ័យដោយប្រើវិចារណញាណខ្លូនឯង។  ពិតជាសូមចិត្តកុំចេះតែហៃអើតាមគ្នា ឃើញគេជេរ  ក៏ជេរតាមគេ ហើយខ្ញុំសូមអ្នកគិតថា «គ្រប់ការងារទាំងអស់មិនថាវិស័យណានោះទេ គឺតែងតែមានមនុស្សល្អ និងអាក្រក់ជានិច្ច» ។  -បើបងប្អូនសិស្សនិស្សិតដែលមានបំណងចង់ចូលរៀនមុខជំនាញនោះ  ឬមុខជំនាញផ្សេងក៏ដោយ សូមបងប្អូនពិចារណាថា «តើប្អូនស្រលាញ់ដោយខ្លូនឯង ឬឪពុកម្ដាយបង្ខំ?»។ បើប្អូនស្រលាញ់ជំនាញនេះ គឺត្រូវប្រឹងប្រែងរៀនសូត្រ និងទៅអនុវត្តនៅមន្ទីរពេទ្យឲ្យបានខ្ជាប់ខ្ជួន ព្រោះការរៀនជំនាញនេះ បើមិនទៅធ្វើ គឺមិនចេះនោះទេ។ ជាចុងបញ្ចប់ សូមជួយប្រើប្រាស់ភាសា កាយវិការ និងឥវិយាបថឲ្យល្អ ដើម្បីឲ្យអ្នកជំងឺ ក៏ដូចជាស្ត្រីមានផ្ទៃពោះមានការទុកចិត្តមកលើយើង និងលុបបំបាត់ពាក្យថា«ពេទ្យឆ្មប សម្ដីមិនល្អ»។ល។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top