-
Apr 12, 2019
|
-
5 years ago
|
-
3.2K views
មុខអ្នកចុចមើលអត្ថបទហ្នឹងដឹងតែដេកផ្ទះស្អាតហ្មងចូលឆ្នាំហ្នឹង រួមទាំងអ្នកសរសេរផងដែរ ដេកផ្ទះទៀតហើយឆ្នាំហ្នឹង។ កនយើងអើយ! មិនបានទៅណាចូលឆ្នាំ ហើយនៅដេកផ្ទះដូចគ្នាអ៊ីចឹងបានយើងយល់គ្នាត្រូវទេ? យ៉ាងណាៗ កុំឲ្យនៅផ្ទះអផ្សុក ហើយទៅច្រណែនអ្នកដើរលេងនោះ មកអានអត្ថបទនេះថាតើចូលឆ្នាំគួរធ្វើអ្វីខ្លះ ដើម្បីបន្លប់កុំឲ្យកើតទុកមិនសុខចិត្ត មិនបានទៅណាហ្នឹងគេនុះ!
១. ជប់លៀង
បើថាជ្រុលមិនបានដើរលេងហើយ នៅផ្ទះជប់លៀងឲ្យណាណីម្តងមើល! ក្នុងឱកាសសម្រាកចូលឆ្នាំ អ្នកប្រាកដជាបានជួបជាមួយគ្រួសារ សាច់ញាតិ បងប្អូនខ្លះ ហើយឆ្លៀតពេលហ្នឹង រៀបចំញ៉ាំអីជុំគ្នាទៅ។ អ្នកអាចសាករៀបចំជប់លៀងបែបគ្រួសារ ឬមិត្តភក្តិ បែបតូចតាច ដូចជាអាំងសាច់ប៊ីប៊ីឃ្យូ មាន់ដុត អីអ៊ីចឹងទៅ ហើយរើសមុខម្ហូបតាមចិត្តដែលអ្នកចង់។ តាមពិតទៅ ការរៀបចំនេះក៏ជួយបង្កើនភាពស្រស់ស្រាយ និងសិ្នតស្នាលរវាងគ្រួសារ ឬមិត្តភក្តិជាដើម រួមទាំងបង្កើនភាពសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំខ្មែរ ដែលបានសម្រាកគ្រប់គ្នាផងដែរ។
២. លេងល្បែងផ្សេងៗ
និយាយរួចមុនហ្នឹងហើយថាមានឱកាសជុំគ្នាច្រើន រួចប្រាកដជាអាចលេងល្បែងកំដរខ្លះៗដូចជា បៀរ ខ្លាឃ្លោកជាដើម ហើយប្រសិនបើរៀងទាន់សម័យទៀតអាចមានជា UNO, JENGA, MONOPOLY និងរបស់លេងផ្សេងៗច្រើនទៀត សម្រាប់លេងជាមួយគ្នាច្រើន។ ប៉ុន្តែយើងមិនគាំទ្រនូវល្បែងស៊ីសងនោះទេ ព្រោះយើងគ្រាន់តែចង់ណែនាំនូវល្បែងខ្លះ សម្រាប់លេងកំដរបរិយាកាស កុំឲ្យអផ្សុកតែប៉ុណ្ណោះ។
៣. មើលរឿង
មិនងាយមានឱកាសបានឈប់ទេលោកអើយ! អ្នកដែលនិយមចូលចិត្តមើលរឿង ឬភាគដ្រាម៉ាអី ត្រូវម៉ាច់ហើយបានថ្ងៃឈប់ច្រើនថ្ងៃចឹងមើលឲ្យណាណីទៅ! ជាការពិតមួយ សម្រាប់អ្នកចូលចិត្តមើលរឿង គឺរកតែពេលទំនេរ អាលបានតភាគ ឬមើលរឿងថ្មីទៀត ហើយសម្រាប់អ្នកមិនសូវស្គាល់កន្លែងសម្រាប់មើលរឿង យើងមានកម្មវិធីខ្លះនៅខ្មែរសម្រាប់មើល ដូចជា NETFLIX, IFLIX, SOYO, JAIKON,... ប៉ុន្តែទាំងអស់នេះអត់ហ្វ្រីទេ ប៉ុន្តែក៏មាន Websites ជាច្រើនសម្រាប់មើលបានហ្រ្វីៗផងដែរ។ តោះចាំកាល!
៤. អានសៀវភៅ
ក្រៅពីអ្នកដែលចូលចិត្តមើលរឿង ក៏មានអ្នកចូលចិត្តអានសៀវភៅដែរ (អង់គ្លេសហៅថា BOOKWORM នុះអី!) ហើយជឿថាក៏មានអ្នកអានច្រើនប្រភេទដែរ ដូចអ្នកខ្លះចូលចិត្តអានប្រលោមលោក សៀវភៅត្លុក សៀវភៅបែបអភិវឌ្ឍខ្លួន សៀវភៅសម្រាប់រៀនក៏មាន ព្រោះនិយាយរួមទៅចំណូលចិត្តអ្នកអានខុសគ្នា ប៉ុន្តែសរុបមកវិញ អ្នកក៏អាចចាយពេលសម្រាកច្រើនថ្ងៃមកអានសៀវភៅកំដរដែរ មិនថាសៀវភៅប្រភេទណាទេពួកវាសុទ្ធតែមានប្រយោជន៍ដូចគ្នា។ មេឃក្តៅណាស់ ដើរលេងអីទេ នាំខូចស្បែក! មិនបាច់ទៅណាទេ! ដេកផ្ទះ ផឹកកាហ្វេទឹកកក តែទឹកកក អានសៀវភៅបានស្ទាវ!
៥. លេងហ្គេម Online
គាស់គីឡូ ប្រមូលគ្នាដេកផ្ទះហ្នឹង មកលេងហ្គេម Online ជុំគ្នាទៀត បានកាន់តែស្ទាវ ប៉ុន្តែ យើងក៏ជឿថា មិនមែនគ្រប់គ្នាទេ ដែលលេងហ្គេម Online ដូចជា PUBG, Rule of Survival, DOTA, Warcraft, Dynasty Worrior, GTA, Clash of Clans,... មានច្រើនណាស់ស្គាល់មិនអស់ទេបងប្អូនអើយ! និយាយមកវិញ ចង់ថាទាន់មានពេលដេកផ្ទះបានយូរ កុំឲ្យខាតពេលផង អ្នកមានគ្នា គាស់គីឡូមក អាលបានបាញ់ កាប់ ចាក់គ្នាលេង ហាហា៎! ហើយអ្នកអត់ដែលលេង អាចសាកលេងសាកមើលក្រែងលបានវក់ហ្នឹងគេដែរ។
អានហើយនៅ មុខអ្នកអត់បានដើរលេងទាំងឡាយ? យើងកំសត់ដូចគ្នាទេ បានយើងយល់ចិត្ត ហើយសរសេររៀបរាប់ចេញនូវអត្ថបទមួយនេះ។ ក្នុងឱកាសចូលឆ្នាំ កុំទៅតូចចិត្តតូចថ្លើម អត់មានបានដើរលេងហ្នឹងគេអី! យើងមកមើលរករបស់លេងសប្បាយៗវិញធ្វើម៉េចបើវាសនាមនុស្សយើងខុសគ្នាទៅហើយ។
សូមសុខសប្បាយគ្រប់គ្នាទាំងអ្នកធ្វើដំណើរ និងអ្នកដេកផ្ទះណ៎ា!
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share