Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ទិវានៃក្តីស្រលាញ់មកដល់កៀកមែនទែនហើយ តើអ្នកមានគម្រោងសម្រាប់ខ្លួនឯងនិងមនុស្សជាទីស្រលាញ់ដើម្បីប្រារព្ធឲ្យមានន័យហើយឬនៅ? លើកនេះសុំណែនាំជូនអ្នកមានគូម្តង ថាថ្ងៃបុណ្យនៃក្តីស្រលាញ់ (Valentine’s Day) ញ៉ាំអាហារពេលល្ងាចយ៉ាងណាខ្លះ ដើម្បីចំណាយពេលឲ្យសមតម្លៃនឹងមួយឆ្នាំមានម្តង ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។ ១. ញ៉ាំអាហារក្រោមពន្លឺភ្លើងទាន ធ្លាប់តែឮក្នុងរឿង ហើយអ្នកខ្លះធ្លាប់ទាំងជ្រេញគេទៀត! តែតាមពិតទៅធ្វើបែបនេះពិតជាបង្កើនបរិយាកាសឲ្យកាន់តែស្ងប់ស្ងាត់ ព្រមទាំងក្នុងចិត្តរបស់អ្នកទាំងពីរផងដែរ។ មិនជឿសាកមើលទៅ! ២. ភិចនិច (Picnic) ខ្ចប់ទៅញ៉ាំអីនៅខាងក្រៅ ក្រាលកន្ទេល ដាក់បាសបើកចម្រៀងតិចៗកំដរបរិយាកាស ញ៉ាំម្ហូបចម្អិនខ្លួនឯងយកមកស្រាប់ ឬចម្អិនភ្លាមៗប្រសិនបើត្រៀមសម្ភារមកស្រេច និយាយរឿងសប្បាយៗជាមួយគ្នា មើលទេសភាព (ប្រសិនបើនៅតាមមាត់ទឹក ឬកន្លែងមើលថ្ងៃលិចបានទៀត កាន់តែរ៉ូមែននិក) ហើយប្រសិនបើនៅដល់យប់ អ្នកគួរដេកមើលផ្កាយ និងព្រះច័ន្ទនោះអ្នកនឹងទទួលបានអារម្មណ៍កាន់តែល្អលើសមុនទៅទៀតរួមទាំងក្លាយជាថ្ងៃដ៏មានន័យមិនអាចបំភ្លេចបាន។ ៣. ភោជនីយដ្ឋានសំណព្វចិត្ត អ្នកណាក៏មានកន្លែង ឬម្ហូបដែលចូលចិត្តបំផុតដែរ ដូចនេះ អ្នកគួរនាំដៃគូរបស់អ្នកទៅកន្លែងដែលគេចូលចិត្តជាទីបំផុត កម៉្មង់ម្ហូបសំណព្វចិត្តហើយញ៉ាំជាមួយគ្នាឲ្យមានក្តីសុខ នោះអាហារមួយពេលនេះកាន់តែមានន័យខុសធម្មតា។ ៤. ចម្អិនម្ហូបនៅផ្ទះ អ្នកខ្លះថាញ៉ាំម្ហូបផ្ទះរាល់ថ្ងៃមិនទ្រលាន់ទេអី? ត្រូវហើយ យើងញ៉ាំបាយផ្ទះរាល់ថ្ងៃមែន តែយើងអាចបង្កើតម្ហូបសម្រាប់ជប់លៀងផ្សេងៗទៀតដូចជា គោឡើងភ្នំ សាច់អាំងBBQ ឬធ្វើអីក៏បាន ឲ្យតែអ្នកគិតថា វាជាអាហារសម្រាប់ជប់លៀងជាមួយអ្នកនៅផ្ទះទៅបានហើយ។ សម្រាប់អ្នកខ្លះមិនសូវបានញ៉ាំបាយជុំគ្នាជាមួយអ្នកផ្ទះប៉ុន្មានទេ ដូច្នេះបានជាចង់ឆ្លៀតឱកាសប្រាប់អ្នកឲ្យទៅញ៉ាំអាហារជុំជាមួយគ្រួសារ អ្នកផ្ទះ ឬហៅអ្នកជាទីស្រលាញ់មកញ៉ាំនៅផ្ទះជាមួយជាដើម។ ***BONUS => និយាយពាក្យ «ស្រលាញ់» ឲ្យអស់ពីចិត្ត អ្នកដឹង គេដឹង អ្នកគ្រប់គ្នាដឹង ហើយមិនបាច់និយាយក៏ដឹង ប៉ុន្តែឆ្លៀតឱកាសពិសេស ក្រោយអាហារពេលល្ងាចមានន័យ ឬមិនមានក៏ដោយអ្នកគួរតែនិយាយប្រាប់មនុស្សជាទីស្រលាញ់របស់អ្នកនូវពាក្យ «ស្រលាញ់» មួយម៉ាត់នេះឲ្យបានជាដាច់ខាត។ ពាក្យមួយនេះវាមិនពិបាកនឹងនិយាយទេហើយក៏មិនធ្ងន់អីដែរគ្រាន់តែនិយាយត្រង់ៗនោះ។ សារភាពពាក្យក្នុងចិត្តទាំងប៉ុន្មានមកឲ្យអស់ ប្រាប់គេថាអ្នកស្រលាញ់គេខ្លាំងប៉ុណ្ណាដូចពេលដែលអ្នកសារភាពលើកដំបូងនោះទៅ យ៉ាងហោចណាស់ ពាក្យទាំងនោះធ្វើឲ្យគេចាំក្នុងចិត្តថាអ្នកនៅស្រលាញ់គេដដែល ឬច្រើនជាងមុនហើយក៏បង្កើនចំណងរបស់អ្នក ទាំងពីរឲ្យកាន់តែស្អិតរមួតជាងមុនទៅទៀត។ ខ្ញុំជឿជាក់ថានរណាៗក៏ចង់ឮពាក្យនេះចេញពីដៃគូរបស់ខ្លួនដែរ ហើយកាន់តែរំភើបនឹងសប្បាយចិត្តលើសមុន ប្រសិនបើបានឮអ្នកនិយាយចេញពីចិត្ត មិនប្រឌិតកុហកពិតមែន។ ថ្វីត្បិតថាទិវានេះមានប្រភពមកពីបរទេស តែវាមិនជាកំហុសអ្វីទេ គ្រាន់តែយើងចង់បង្ហាញក្តីស្រលាញ់ចេញមុខចេញមាត់ម្តងនោះ។ ប្រារព្ធថ្ងៃនេះជាមួយមនុស្សជាទីស្រលាញ់ទៅ ទាន់នៅមានឱកាស កុំឲ្យទុកពេលចោលកន្លងទៅយូរ នាំស្តាយក្រោយ។ ស្រលាញ់មនុស្សជុំវិញខ្លួនរបស់អ្នកឲ្យខ្លាំងដូចថ្ងៃស្អែក លែងមានទៀត! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

នរណាមាន Crush ខ្លះលើកដៃតិចមើល៎! Crush សំដៅលើអ្នកដែលយើងលួចមានចិត្ត ឬលួចស្រលាញ់ តែសុំសរសេរជាភាសាអង់គ្លេសអ៊ីចឹងស្រួលយល់ជាង។ ដូចដឹងស្រាប់ហើយថា ថ្ងៃ១៤ កុម្ភៈ Valantine’s Day ឬខ្មែរយើងនិយមហៅបុណ្យសង្សារនោះជិតមកដល់ហើយ ក៏មានអ្នកមួយចំនួន គេមានគូគេស្រាប់ ឯអ្នកមួយចំនួនក៏មិនមាន រីឯមួយចំណែកផ្សេងទៀតក៏ Crush លើគេ។ ជាមួយគ្នានេះ អ្នកមាន Crush ធ្លាប់គិតចង់សារភាពខ្លះអត់? ហើយមានដេញពេលាបានថ្ងៃល្អនៅ? ចុះបើរើសយកថ្ងៃពិសេស ដូចថ្ងៃបុណ្យសង្សារអ៊ីចឹងយ៉ាងម៉េចវិញទៅ? យ៉ាងណាៗ យើងមានមតិពីរសម្រាប់អ្នកជ្រើសរើសដោយខ្លួនឯងសាកមើល។ ១. វាយស្លាប់ក៏មិនសារភាពដែរ ខំលាក់យូរហើយ ឲ្យសារភាពយ៉ាងម៉េចភ្លាមៗចឹង? ខ្លាចថាសារភាពហើយ គេអត់ខ្វល់ទៅគិតម៉េចទៅ? ណាមួយ គិតថាថ្ងៃ១៤ កុម្ភៈហ្នឹងដូចមិនសមនឹងប្រាប់ទេ... គិតៗទៅ ប្រសិនបើពេលវេលាស័កិ្ដសមមកដល់ ចាំនិយាយប្រាប់ Crush ហើយ មិនចាំបាច់យកពេលល្អ ឬថ្ងៃពិសេសអ៊ីចឹងៗអីទេ។ ណាមួយ គេខាងនោះមិនដឹងគិតយ៉ាងណាទេ បើសុខៗមកសារភាពចំថ្ងៃបុណ្យសង្សារនោះ ខ្លាចថាយើងគិតអីមិនល្អលើគេ ឬគេមិនទទួលយកយើងផងក៏ថាបាន។ ម៉េចក៏ដោយ យើងមិនទាន់ហ៊ានប្រថុយប្រាប់គេទេ ចាំមើលស្ថានការណ៍តទៀតសិន ព្រោះថាប្រសិនបើឱកាសមកដល់ មិនចាំបាច់ថ្ងៃពិសេសអ្វីនោះទេ គ្រប់យ៉ាងវានឹងទៅតាមដំណើររបស់វាហើយ។ ២. ចាំកាលទៀត ថ្ងៃល្អមកដល់ហើយ ទិវានៃក្ដីស្រលាញ់ជាឱកាសដ៏ល្អមួយដើម្បីសារភាព ប្រសិនបើអ្នកឆ្លាត តែត្រូវប្រាកដចិត្តផងថា Crush អ្នកមិនទាន់មានម្ចាស់ទេណា! កុំចេះតែហ៊ាន! អ្នកប្រហែលជាមានការភ័យខ្លាចនិងការព្រួយបារម្ភខ្លះៗ អំពីការសារភាព ក្តីស្រលាញ់របស់អ្នកទៅកាន់គេប៉ុន្តែការចាប់ផ្តើមអ្វីថ្មីគឺកើតឡើងដោយសារភាពក្លាហាន។ ម៉្យាងទៀត វាជាថ្ងៃដែលពោរពេញទៅដោយបេះដូងនៃក្តីស្រលាញ់ និងការបើកចំហមនោសញ្ចេតនាចំពោះគ្នាទៅវិញទៅមកដូចនេះវា ស័កិ្តសមបំផុតសម្រាប់ប្រាប់ទៅកាន់ Crush ថាអ្នកមានចិត្តលើគេ។ វាមិនមែនជារឿងអីធំដុំ ឬលំបាកខ្លាំងណាស់ទេដោយគ្រាន់តែប្រាប់គេពីរឿងដែលយើងបានលាក់ក្នុងចិត្តនោះ គ្រាន់តែអ្នកបង្ហាញភាពក្លាហានទៅ។ ទាន់មានឱកាសល្អជិតមកដល់ គួរតែឆាប់ប្រាប់គេភ្លាមទៅប្រយ័ត្នមានអ្នកកាត់មុខកាត់មាត់ណា៎! ឱកាសមិនមែនមានគ្រប់ពេលទេ ហើយឱកាសល្អរិតតែពិបាករកថែមទៀត អ៊ីចឹងខំលាក់ទុកម្នាក់ឯងអីទៀត! ស្រួលមិនស្រួល គេ Crush យើងវិញដែរអីទៅ មិនឡូយ! មិនទាន់អស់ទេ៎! ប្រសិនបើអ្នកមានបំណងចង់សារភាពប្រាប់ Crush ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ យើងមានវិធីខ្លះៗ ដើម្បីជួយអ្នកបានខ្លះ ប្រសិនបើមានប្រសិទ្ធភាព Crush ព្រមក្លាយជាសង្សារ មកប្រាប់ Blogger វិញផងណា។ តោះ! អានសាកមើល៎... • ប្រើបទចម្រៀងបង្ហាញពីចិត្ត៖ កុំទាន់អាលថាហួសសម័យ! សតវត្សទី ២១ហើយមែន តែនៅមានប្រសិទ្ធភាពដែរ។ យកចិត្តទុកដាក់ចំពោះទំនុកចម្រៀង និងជ្រើសរើសយកបទចម្រៀងដែលពាក់ព័ន្ធនឹងអ្នកទាំងពីរ ហើយមានភ្លេងមានទំនុកច្រៀងយ៉ាងជ្រាលជ្រៅបែបចាក់ដោត! ប្រសិនបើអ្នកមានគំនិតច្នៃប្រឌិតនិងទេពកោសល្យ អ្នកអាចសាកល្បងច្រៀងចម្រៀងផ្ទាល់ខ្លួនរបស់អ្នក។ • និយាយចំៗតែម្តង៖ មិនពិបាករៀបចំយូរ ឬគិតច្រើនទេ សាកនិយាយប្រាប់គេត្រង់ៗតែម្តងទៅ វាមិនទៅពិបាកខ្លាំងទេ។ អ្នកអាចណាត់ជួបគេនៅកន្លែងណាមួយដែលអាចនិយាយគ្នាបាន ហើយសារភាពទល់មុខគ្នា២នាក់ហ្នឹងទៅ។ • បង្កើតភាពភ្ញាក់ផ្អើលសម្រាប់គេ៖ ឲ្យគេនូវអំណោយតូចៗ ហើយយកវាទៅដាក់ក្នុងថង់កាបូបនៅកន្លែងធ្វើការ ឬនៅខាងក្រៅផ្ទះរបស់គេ។ វិធីនេះអាចនឹងនាំស្នាមញញឹមដល់គេ ហើយភ្ជាប់ជាមួយសំបុត្រ ឬផុសកាតសរសេរផ្ទាល់ដៃអ្នកផងដើម្បីបង្ហាញគេថា គេសំខាន់សម្រាប់អ្នក។ • ផ្ញើសារ៖ ប្រសិនបើអ្នកមិនហ៊ាននិយាយផ្ទាល់ អ្នកអាចប្រើប្រាស់សារទូរស័ព្ទ ឬសារ Facebook ជាដើម។ អ្នកអាចសរសេររៀបរាប់ពីចិត្តអ្នកឲ្យគេដឹងតាមសារដែលអ្នកផ្ញើ ប៉ុន្តែត្រូវប្រាកដចិត្តថាគេនឹងអានគ្រប់យ៉ាងដែលអ្នកបានសរសេរ ដូចជារង់ចាំគេតបសិនដើម្បីប្រាកដចិត្តថាគេបានឃើញនិងអានសាររបស់យើង ហើយព្យាយាមកុំសរសេរវែងៗខ្លាំងពេក ចៀសវាងគេធុញ។ សង្ឃឹមថាអ្នកមាន Crush គ្រប់រូបបានអាននូវអត្ថបទមួយនេះ នឹងសម្រេចចិត្តថាគួរធ្វើយ៉ាងណាជាមួយ Crushរបស់អ្នកឲ្យសមស្របតាមកាលៈទេសៈ។  បើមិនទាន់ហ៊ានសារភាព អ្នកគួរសួរខ្លួនឯងថា «ហេតុអ្វី?» តើអ្នកមានហេតុផលអ្វីសមស្រប ចំពោះការដែលមិនសារភាពហើយសម្រាប់អ្នកមានបំណងនឹងប្រាប់ តើគួរជ្រើសរើសវិធីណា ដើម្បីឲ្យគេបើកភ្លើងខៀវ។ ហើយសម្រាប់អ្នកមានគូហើយ សូមចំណាយពេលជាមួយមនុស្សជាទីស្រលាញ់របស់អ្នកឲ្យមានសុភមង្គលណា៎! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

គ្មាននរណាម្នាក់ចង់បញ្ចប់ជីវិតខ្លួនឯងនោះទេ ពួកគេគ្រាន់តែចង់បញ្ឈប់នូវការឈឺចាប់ដែលអ្នកដទៃមិនអាចយល់ ឬមិនបានឮពីសម្រែកស្វែងរកជំនួយរបស់ពួកគេតែប៉ុណ្ណោះ។ មូលហេតុជាក់លាក់ដែលបង្ខំឲ្យបុគ្គលសម្រេចចិត្តសម្លាប់ខ្លួននៅមិនទាន់អាចកំណត់បាននៅឡើយ តែគេអាចសង្កេតឃើញថា អារម្មណ៍អស់សង្ឃឹម ស្អប់ខ្លួនឯង ភាពឯកោ និងការឈឺចាប់ បានរុញច្រានឲ្យបុគ្គលមួយចំនួនហ៊ានបញ្ចប់ជីវិតខ្លួនឯងជាជាងទទួលយកដំណោះស្រាយណាមួយ ដែលមានមនុស្សប្រមាណ ១ លាននាក់រៀងរាល់ឆ្នាំ បានរងគ្រោះពីបញ្ហានេះ (តាមរបាយការណ៍អង្គការសុខភាពពិភពលោក)។ កត្តាជំរុញ ការប្រឈមទៅនឹងការបញ្ចប់ជីវិតខ្លួនឯង អាចបណ្តាលមកពីកត្តាដែលសង្កេតឃើញមានញឹកញាប់ដូចជា៖ • បញ្ហាផ្លូវចិត្ត៖ ជាមូលហេតុរ៉ាប់រងអត្រានៃការសម្លាប់ខ្លួនដល់ទៅ ៩០% ដែលភាគច្រើនបណ្តាលមកពីការបាក់ទឹកចិត្តធ្ងន់ធ្ងរ ជំងឺ Bipolar Disorder ឬការប៉ះទង្គិចផ្លូវចិត្តខ្លាំងក្លា។ • ហ្សែន៖ ៥៥% នៃការធ្វើអត្តឃាតខ្លួនឯងអាចបន្តមកពីសមាជិកគ្រួសារដែលធ្លាប់មានបញ្ហានេះពីមុនមក ឬមានជំងឺផ្លូវចិត្ត។ • គ្រួសារ និងសង្គម៖ ការខ្វះទីពឹង ភាពក្រីក្រការរងសម្ពាធពីសង្គម ឬគ្រួសារ ភាពឯកោ ការបាត់បង់ការងារ ឬមនុស្សនៅជុំវិញខ្លួន ធ្វើឲ្យបុគ្គលទទួលរងពីបញ្ហាស្រេ្តស នាំឲ្យអត្រាដែលអាចបញ្ចប់ជីវិតខ្លួនឯងអាចកើនឡើង។ ដំណោះស្រាយ ការការពារ ឬដំណោះស្រាយចំពោះបញ្ហាធ្វើអត្តឃាត ផ្តើមចេញដោយការសង្កេតមើលសញ្ញាដំបូង ហើយដោះស្រាយដោយយកចិត្តទុកដាក់ជាបន្ទាន់ ដើម្បីអាចជួយជីវិតចេញផុតពីភាពខ្មៅងងឹតនេះបាន។ អំឡុងពេលនោះដែរ អ្នកគួរស្វែងយល់នូវទង្វើដែលគួរធ្វើ និងគួរចៀសវាងមួយចំនួនដែលមានដូចជា៖ អ្វីគួរធ្វើ ១.    និយាយចេញមក៖ បើទោះបីអ្នកហាក់ចង់ផ្តាច់ខ្លួនចេញពីមនុស្សគ្រប់គ្នាក៏ដោយ តែការពិភាក្សាឬប្រាប់រឿងរ៉ាវក្នុងចិត្តដល់មិត្តភក្តិជិតស្និទ្ធ ឬក្រុមគ្រួសារ នៅតែជាជម្រើសដ៏ល្អនៅពេលអ្នកបាក់ទឹកចិត្ត ២.    ចេញទៅខាងក្រៅ៖ អ្នកអាចចំណាយពេលនៅខាងក្រៅ ឬជាមួយធម្មជាតិ យ៉ាងហោចណាស់៣០នាទី រៀងរាល់ថ្ងៃ ៣.    ធ្វើលំហាត់ប្រាណ៖ ជំរុញខ្លួនឯងឲ្យហាត់ប្រាណឲ្យបានជាប្រចាំ ដោយអាចចាប់ផ្តើមជាជំហានបន្តិចម្តងៗ ត្រឹមរយៈពេល ១០នាទី រៀងរាល់ថ្ងៃ ៤.    សរសេរកាលវិភាគ៖ កត់ត្រាកិច្ចការដែលត្រូវធ្វើផ្ទាល់ខ្លួនជាប្រចាំ ហើយបន្តធ្វើវាដោយអត់ធ្មត់ បើទោះបីអ្នកមិនទាន់អាចផ្តោតអារម្មណ៍បានពេញលេញនៅឡើយក៏ដោយ ៥.    ត្រលប់រកការងារដែលអ្នកចូលចិត្ត៖ ស្វែងរកអ្វីដែលជាចំណូលចិត្តរបស់អ្នក និងអនុវត្តឡើងវិញ ៦.    រំឭកគោលដៅផ្ទាល់ខ្លួន៖ មិនថាជាគោលដៅតូចៗ ដូចជា ការដើរកម្សាន្ត សៀវភៅសម្រាប់អាន ការសាកល្បងអ្វីដែលថ្មីៗ ឬចូលរួមការងារក្នុងសង្គមក៏ដោយ អ្នកគួរសរសេរទុក ដើម្បីរំឭកដល់ខ្លួនឯងជារឿយៗ។   អ្វីមិនគួរធ្វើ ១.    ការនៅម្នាក់ឯង៖ ភាពឯកោ អាចអូសទាញអ្នកកាន់តែខ្លាំងក្នុងការធ្វើអត្តឃាត ដូច្នេះត្រូវស្វែងរកជំនួយ ឬនៅក្បែរមិត្តភក្តិ និងសមាជិកគ្រួសារ ២.    ចៀសវាងអាល់កុល ឬសារធាតុញៀន៖ កុំបន្លប់ខ្លួនឯង ដោយប្រើប្រាស់គ្រឿងស្រវឹង ឬប្រភេទថ្នាំណាមួយ ដែលវារឹតតែធ្វើឲ្យអ្នកកាន់តែមានភាពស្មុគស្មាញ ៣.    ទម្លាប់មិនល្អ៖ ចៀសវាងស្តាប់ចម្រៀងកំសត់ឬរំឭកដល់អតីតកាលណាមួយតាមរយៈការមើលរូបថត ឬសំបុត្រចាស់ៗ ដែលទាំងនោះសុទ្ធសឹងតែអំណោយផលដល់អារម្មណ៍អវិជ្ជមាន ៤.    គិតពីភាពអវិជ្ជមាន៖ កុំភ្ជាប់ការគិតទៅលើអារម្មណ៍ដែលចង់បញ្ចប់ជីវិត ដោយឡែក អ្នកអាចជំនួសមកវិញតាមរយៈការធ្វើសកម្មភាពនានាដែលអាចជួយបន្លប់ ឬផ្តល់ឲ្យខ្លួនឯងសម្រាកក្នុងរយៈពេលណាមួយ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មានដែលគិតថាសុខភាពផ្លូវចិត្ត មានតម្លៃដូចទៅនឹងសុខភាពផ្លូវកាយឬទេ? បុគ្គលភាគច្រើនហាក់ខ្វះភាពក្លាហានក្នុងការនិយាយចេញពីសុខភាពផ្លូវចិត្ត ក៏ដូចជាមិនច្បាស់ថា ពេលវេលាណាមួយដែលខ្លួនគួរស្វែងរកការព្យាបាលពីអ្នកជំនាញផ្លូវចិត្ត។ ប្រសិនអ្នកមិនអាចបែងចែកបាននូវភាពមិនប្រក្រតី ដែលខ្លួនកំពុងមាន ឬមិនច្បាស់ថាខ្លួនមានបញ្ហាផ្លូវចិត្តក្នុងកម្រិតណានោះ អាកប្បកិរិយាខាងក្រោម អាចជាគន្លឹះជួយអ្នកក្នុងការសម្រេចចិត្តទទួលយកការប្រឹក្សាពីនរណាម្នាក់។ អារម្មណ៍តឹងតែង ញឹកញាប់ប៉ុណ្ណាហើយ ដែលអ្នកមានអារម្មណ៍តឹងតែង? ការប្រឈមមុខទៅនឹងកំហឹង ឬព្រួយបារម្ភជាប្រចាំ អាចជាបន្ទុកទៅលើបុគ្គលម្នាក់ៗ បណ្តាលឲ្យមានភាពស្មុគស្មាញ ដែលអ្នកអាចមានអាការៈភ័យព្រួយជ្រុលទៅលើបញ្ហាដែលមិនទាន់កើតឡើងទាល់តែសោះ។ ប្រសិនយល់ថា ជីវិតរបស់អ្នកកំពុងស្ថិតក្នុងស្ថានភាពតឹងតែង ប្រហែលជាដល់ពេលអ្នកគួរស្វែងរកជំនួយពីនរណាម្នាក់។ មិនអាចបញ្ឈប់ការគិត ភាពឈឺចាប់ពីការបាត់បង់សមាជិកណាមួយនៃគ្រួសារ មិត្តភក្តិ ឬអ្នកដែលជាទីស្រឡាញ់ ជាមូលហេតុគ្រប់គ្រាន់ទៅហើយ សម្រាប់ឲ្យអ្នកស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញ។ “ពេលវេលាជាថ្នាំព្យាបាល” ជាពាក្យត្រូវបានលើកឡើងញឹកញាប់ យ៉ាងណាមិញ វាមិនអាចមានប្រសិទ្ធភាពសម្រាប់គ្រប់ករណីនោះទេ។ គុណវិបត្តិនៃការបាត់បង់អ្វីមួយ អាចនាំឲ្យការបំពេញកិច្ចការប្រចាំថ្ងៃធ្លាក់ចុះ និងធ្វើឲ្យអ្នកមានអារម្មណ៍ផ្តាច់ខ្លួនចេញពីមនុស្សជុំវិញ ដែលទាមទារឲ្យអ្នកគួរធ្វើការសង្កេតមើល និងទទួលយកដំណោះស្រាយជាបន្ទាន់។ រោគសញ្ញាសុខភាពប្លែកៗ សុខភាពផ្លូវចិត្តមិនល្អ អាចនាំយកឥទ្ធិពលអាក្រក់ដល់រាងកាយរបស់អ្នក។ តាមការស្រាវជ្រាវបានបង្ហាញថា ការបាក់ទឹកចិត្តអាចនាំយកបញ្ហាសុខភាពរាងកាយមកជាមួយ ដូចជាវិបត្តិលើក្រពះ ឈឺក្បាល ឬផ្តាសាយញឹកញាប់ជាដើម។ បន្ថែមពីនោះ អាការៈរមួលសាច់ដុំ ឬឈឺចាប់ផ្នែកកដែលមិនមានកត្តាបង្កជាក់លាក់ ក៏អាចជាភស្តុតាងបញ្ជាក់ពីការប្រឈមទៅនឹងបញ្ហាស្ត្រេសធ្ងន់ធ្ងរ ដែលអ្នកគួរតែស្វះស្វែងរកការប្រឹក្សាផ្នែកផ្លូវចិត្ត។ ប្រើប្រាស់សារធាតុផ្សេងៗ ប្រសិនអ្នកយល់ថាខ្លួនឯងកំពុងប្រើប្រាស់ ឬទទួលទានសារធាតុ ឬឱសថប្រភេទណាមួយក្នុងបរិមាណច្រើន ក្នុងបំណងសម្រាលនូវអារម្មណ៍ឈឺចាប់ អាចជាសញ្ញាបង្ហាញថាអ្នកកំពុងតែចង់រើបម្រាស់ចេញពីជំងឺធ្លាក់ទឹកចិត្តដែលកំពុងតែវាយលុក។ ម្យ៉ាងទៀត អ្នកប្រហែលជាអាចបាត់បង់ចំណង់អាហារ ឬញ៉ាំច្រើនហួសប្រមាណដែលសុទ្ធសឹងតែឈានដល់ដំណាក់កាលទាមទារការពិគ្រោះជាមួយអ្នកជំនាញដើម្បីប្រឹក្សាផ្លូវចិត្ត។ ទទួលបានពាក្យស្តីបន្ទោស ផ្លាស់ប្តូរអាកប្បកិរិយាចំពោះការងារ ឬសមត្ថភាពថយចុះ សុទ្ធតែអាចស្តែងឡើងចំពោះបុគ្គលដែលកំពុងប្រយុទ្ធជាមួយជំងឺធ្លាក់ទឹកចិត្ត។ អ្នកអាចនឹងមានអារម្មណ៍កាន់តែឃ្លាតឆ្ងាយពីកាតព្វកិច្ច​ ការងារប្រចាំថ្ងៃ បើទោះបីវាធ្លាប់ផ្តល់នូវភាពសប្បាយរីករាយចំពោះអ្នក ម្យ៉ាងទៀត អ្នកអាចនឹងត្រូវរងនូវពាក្យស្តីបន្ទោសពីសំណាក់ថ្នាក់លើពីការធ្លាក់ចុះនៃគុណភាពការងារ ដែលអ្នកគួរស្វែងរកជំនួយផ្នែកផ្លូវចិត្ត។ ទំនាក់ទំនងប្រេះឆា ការទាក់ទងជាមួយមនុស្សជាទីស្រឡាញ់ បានប្រែទៅជាការមិនពេញចិត្ត ឬអាចឈានដល់មានបញ្ហាណាមួយដោយហេតុថាអ្នកហាក់មិនយល់ពីអារម្មណ៍ ឬអាកប្បកិរិយាដែលកំពុងមានអំឡុងពេលធ្លាក់ទឹកចិត្ត។ ក្នុងដំណាក់កាលនេះការប្រេះឆាណាមួយ អាចបណ្តាលមកពីការបាក់ទឹកចិត្តធ្ងន់ធ្ងរ​ ដែលអ្នកមិនអាចបកស្រាយបានដោយខ្លួនឯង ដូចនេះការស្វែងរកការប្រឹក្សាជាជម្រើសដែលអាចជួយសម្រួលដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក។   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បុគ្គលក្នុងអាយុ ជាមធ្យម ២១ ឆ្នាំ ទាំងបុរស និងស្រ្តី បូកផ្សំជាមួយអាការៈផ្លូវចិត្តប្រែប្រួលមួយចំនួនដែលមិនអាចបកស្រាយបាន អាចជារោគសញ្ញានៃជំងឺផ្លូវចិត្តធ្ងន់ធ្ងរមួយប្រភេទគឺ Bipolar Disorder ។ និយមន័យ Bipolar Disorder ជាជំងឺផ្លូវចិត្តប្រភេទធ្ងន់ និងរ៉ាំរ៉ៃមួយ ដែលអាចលាប់មកវិញប្រសិនមិនបានទទួលការព្យាបាលត្រឹមត្រូវ។  អ្នកជំងឺហាក់មានអារម្មណ៍ឡើងចុះ ដែលម្តងអាចស្តែងចេញជាការបាក់ទឹកចិត្តខ្លាំង (Depression) រួចប្រែទៅជាមានទឹកចិត្តឡើងខ្ពស់ខ្លាំងជាងធម្មតា (Mania) ។ម៉្យាងទៀត វាក៏ត្រូវបានគេហៅផងដែរថាជាជំងឺអារម្មណ៍ ២ ដែលមានការប្រែប្រួលក្នុងរយៈពេលកំណត់ណាមួយរវាងអារម្មណ៍ពិបាកចិត្ត និងសប្បាយចិត្តជ្រុល។ ជំងឺ Bipolar Disorder ក៏ត្រូវបានចែកចេញជាបីប្រភេទទៀតដូចជា៖ ១.    Bipolar Disorder I៖ អ្នកជំងឺមានអារម្មណ៍ធ្លាក់ទឹកចិត្ត (Depression) និងឆ្លាស់គ្នាជាមួយអារម្មណ៍រីករាយខ្លាំង(Mania) ២.    Bipolar Disorder II៖ អ្នកជំងឺមានអារម្មណ៍ធ្លាក់ទឹកចិត្ត (Depression) និងឆ្លាស់គ្នាជាមួយអារម្មណ៍សប្បាយក្នុងកម្រិតមិនសូវខ្លាំង (Hypomania) ៣.    Cyclothymic disorder៖ ជាទម្រង់ស្រាលរបស់ Bipolar Disorder I ដែលអារម្មណ៍ប្រែប្រួលជុំវិញសភាពធម្មតា ចន្លោះពី Hypomania និង Dysthymia (ធ្លាក់ទឹកចិត្តមធ្យម)។   មូលហេតុបង្កជំងឺ ជំងឺ Bipolar Disorder នៅមិនទាន់អាចកំណត់ពីមូលហេតុបង្កច្បាស់លាស់នៅឡើយ តែគេឃើញមានកត្តាចូលរួមជាច្រើនដូចជា៖ •    កត្តាតំណពូជ •    កត្តាខួរក្បាល៖ អតុល្យភាពនៃប្រព័ន្ធសរសៃប្រសាទក្នុងខួរក្បាល •    កត្តាបរិយាកាស (ស្រេ្តស ឬបាក់ទឹកចិត្ត) •    កត្តា Psychodynamic ៖ ជាលក្ខខណ្ឌមួយដែលខួរក្បាលធ្វើការឆ្លើយតបដើម្បីការពារខ្លួននៅពេលមានជំងឺធ្លាក់ទឹកចិត្ត •    កត្តា Psychopharmacologic ៖ បណ្តាលមកពីឱសថមួយចំនួនដូចជា ឱសថប្រឆាំងជំងឺធ្លាក់ទឹកចិត្ត (Antidepressants) និង ឱសថផ្សេងទៀត។ រោគសញ្ញា ក្នុងដំណាក់កាលធ្លាក់ទឹកចិត្តខ្លាំង អ្នកជំងឺអាចមាន៖ •    អាការៈពិបាកចិត្តខ្លាំង •    គេងមិនលក់ •    ញ៉ាំអាហារមិនឆ្ងាញ់ ស្រកទម្ងន់ •    ចង់នៅស្ងាត់តែឯង ផ្តាច់ខ្លួនចេញពីសង្គម •    បាត់បង់ចំណង់ចំណូលចិត្ត •    ធ្វើការ ឬ គិតគូរអ្វីៗស្ទក់យឺតជាងមុន •    គ្មានអារម្មណ៍ចង់រៀន រកស៊ី ធ្វើការ.... ឡើយ •    មានអារម្មណ៍ថាខ្លួនឯងមានកំហុសអ្វីមួយ •    មានអារម្មណ៍ធុញថប់ ឆាប់ខឹង •    ខ្សោយផ្លូវភេទ •    គិតថាខ្លួនឯងគ្មានតម្លៃ រស់នៅគ្មានន័យ •    មិនសប្បាយចិត្ត ឬអាចធ្វើអត្តឃាត។ ក្នុងដំណាក់កាលសប្បាយខ្លាំងជ្រុល អ្នកជំងឺអាចមាន៖ •    គេងតិចជាងធម្មតា •    និយាយលឿនញាប់មិនឲ្យគេកាត់ •    និយាយអួតអំពីខ្លួនឯង អំពីការងារ អំពីទុរកិច្ច •    ការគិតលឿនជ្រុល ឬមានគំនិតលោតផ្លោះ ហោះហើរ •    ងាយទទួលការរំខាន •    ឆាប់ប្រកាន់ខឹង •    អារម្មណ៍សប្បាយខ្លាំងខុសធម្មតា •    តែងខ្លួនប្លែកខុសធម្មតា •    ចេះតែចង់ចាយលុយខ្ជះខ្ជាយមិនស្ដាយ •    ចំណង់ផ្លូវភេទកើនឡើងខ្លាំងខុសធម្មតា។   ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ដំបូងត្រូវធ្វើការសាកសួរពីប្រវត្តិរបស់អ្នកជំងឺ ឬសមាជិកគ្រួសារ អំពីការប្រែប្រួលនៃអាការៈផ្លូវចិត្ត និងពិនិត្យសាកសួរអ្នកជំងឺផ្ទាល់។ បន្ទាប់មកទើបអាចធ្វើការព្យាបាលឲ្យបានជាសះស្បើយតាមរយៈការផ្តល់ថ្នាំ រួមផ្សំនឹងការផ្ដល់ប្រឹក្សាពីសំណាក់គ្រូពេទ្យជំនាញ។ ផលវិបាក ក្នុងករណីស្ថានភាពជំងឺពុំទទួលបានការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាចបង្កផលវិបាកទៅលើដូចជា៖ •    ខ្លួនឯង៖ មិនអាចប្រកបការងារបាន និងខាតបង់ពេលវេលា និងថវិកាកាន់តែច្រើនក្នុងករណីការព្យាបាលមិនបានជាសះស្បើយបន្ថែមពីនោះ អ្នកជំងឺអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬឈានដល់ការធ្វើអត្តឃាត •    គ្រួសារ៖ បង្កជាការរំខាន ឬបញ្ហាដល់សមាជិកគ្រួសារទាំងផ្លូវកាយ និងចិត្ត បាត់បង់ថវិកា ពេលវេលា ចំណែកសុភមង្គលក្នុងគ្រួសារបែរជាថយចុះ •    សង្គម៖ ខាតបង់ធនធានមនុស្សដើម្បីកសាង និងការពារប្រទេស ក៏ដូចជាបន្ទុកទៅលើវិស័យសុខាភិបាល។ ការការពារ វិធីសាស្រ្តការពារត្រូវធ្វើឡើងទៅតាមមូលហេតុតួយ៉ាង៖ •    បុគ្គលដែលមានសមាជិកគ្រួសារធ្លាប់ប្រឈមទៅនឹងជំងឺផ្លូវចិត្ត គួរមានការប្រុងប្រយ័ត្នពីសម្ពាធផ្លូវចិត្ត និងកាត់បន្ថយស្រេ្តស •    កាលណាមានអាការៈគេងមិនលក់ត្រូវប្រញាប់ស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស និងចៀសវាងប្រើប្រាស់ឱសថដោយខ្លួនឯង។ សូមចងចាំថា ជំងឺផ្លូវចិត្តគឺបណ្តាលមកពីដំណើរមិនប្រក្រតីនៃសរីរាង្គខួរក្បាល  ដូច្នេះយើងត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លូវចិត្តរបស់យើង ដោយកុំខ្មាសអៀនក្នុងការស្វែងរកការប្រឹក្សា និងការព្យាបាល។ បកស្រាយដោយ ៖ សាស្រា្តចារ្យ   វេជ្ជបណ្ឌិត ហួត លីនណា ឯកទេសវិកលវិទ្យាជំនាន់ទី១ និងអនុបណ្ឌិតជំងឺផ្លូវចិត្ត និងខួរក្បាល ប្រចាំគ្លីនិកជំនាញផ្លូវចិត្ត និងខួរក្បាល ហួត លីនណា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ពិបាកចិត្ត ឬភ័យព្រួយ ហាក់ជាអារម្មណ៍កំពុងដើរទន្ទឹមគ្នាជាមួយជីវិតប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗយ៉ាងណាមិញ ក្នុងលក្ខខណ្ឌដែលអារម្មណ៍បែបនោះបន្តអូសបន្លាយលើសពី ២អាទិត្យ វាអាចជាសញ្ញាព្រមាននៃជំងឺធ្លាក់ទឹកចិត្តដែលត្រូវបានបកស្រាយតាមរយៈភស្តុតាងជាច្រើននៅតាមប្រទេសមួយចំនួន តួយ៉ាង នៅសហរដ្ឋអាមេរិក វាបានប៉ះពាល់លើមនុស្សពេញវ័យជាង ១៧ លាននាក់ក្នុង មួយឆ្នាំ។ បើទោះបីជំងឺធ្លាក់ទឹកចិត្ត ភាគច្រើនជាប់ពាក់ព័ន្ធជាមួយដំណើរការគិត ឬអារម្មណ៍ តែវាក៏អាចរាលដាលទៅដល់ប្រសិទ្ធភាពនៃដំណើរការសរីរាង្គមួយចំនួនជាពិសេសក្នុងករណីមិនទទួលបានការព្យាបាលទាន់ពេលវេលា។ ការប៉ះពាល់ទាំងនោះមានទៅលើដូចជា៖ ប្រព័ន្ធសរសៃប្រសាទ អារម្មណ៍ពិបាកចិត្ត សោកសៅ ឬអាម៉ាស់ ក្នុងសភាពមិនអាចគ្រប់គ្រងបាន ជាសញ្ញាដែលបង្ហាញពីទំនាក់ទំនងនៃបញ្ហាផ្លូវចិត្តទៅនឹងប្រព័ន្ធសរសៃប្រសាទ ដោយអាចបកស្រាយបានតាមរយៈអារម្មណ៍ប្រែជាទទេស្អាត អស់សង្ឃឹម ឬមិនយល់ពីអាកប្បកិរិយាដែលខ្លួនកំពុងប្រព្រឹត្ត។ ខ្លះទៀត អាចមានអារម្មណ៍ល្ហិតល្ហៃជាប្រចាំ ប៉ះពាល់ដល់ដំណេក ឆាប់ខឹង មួម៉ៅ ឬបាត់បង់ចំណូលចិត្តលើទម្លាប់ពីមុនមក។ ការរក្សាប្រសិទ្ធភាពការងារ ឬបំពេញកាតព្វកិច្ច នានា បានប្រែក្លាយទៅជាបញ្ហាទៅវិញ ចំពោះ បុគ្គលដែលកំពុងប្រឈមជាមួយជំងឺធ្លាក់ទឹកចិត្តបណ្តាលមកពីការធ្លាក់ចុះសមត្ថភាពក្នុងការផ្តោតអារម្មណ៍ ការចងចាំចុះខ្សោយ និងពិបាកធ្វើការ សម្រេចចិត្ត។ ចំណែកបញ្ហាផ្លូវចិត្តដែលឈានដល់ដំណាក់កាលធ្ងន់ធ្ងរ អាចបង្កជាអាការៈឈឺចាប់ផ្នែកក្បាល រាងកាយ និងការឈឺចាប់ផ្សេងទៀតដែលមិនឆ្លើយតបការព្យាបាលជាមួយឱសថមួយចំនួនដែលនោះជាលទ្ធផលនៃជំងឺសរសៃប្រសាទដូចជាជំងឺបាត់បង់ការចងចាំ (Alzheimer) ជំងឺប្រកាច់ឬប៉ះពាល់ដំណើរការសរសៃប្រសាទផ្សេងទៀត។ ប្រព័ន្ធរំលាយអាហារ អ្នកជំងឺធ្លាក់ទឹកចិត្ត អាចនឹងញ៉ាំច្រើន ឬបាត់បង់ ចំណង់អាហារ ដែលសុទ្ធសឹងតែអាចបង្កការប៉ះពាល់ទៅដល់មុខងារប្រព័ន្ធរំលាយអាហារយ៉ាងធ្ងន់ធ្ងរ។ ការប្រកាន់ខ្ជាប់ទម្លាប់មិនល្អបែបនេះអាចឲ្យអ្នកជំងឺបែរជាមានបញ្ហាលើសទម្ងន់ ឬបាត់បង់សារជាតិចិញ្ចឹមសំខាន់ៗក្នុងករណីថយចុះការទទួលទានអាហារ ហើយស្ថានភាពកាន់តែពិបាកក្នុងការព្យាបាល ដរាបណាអ្នកជំងឺព្រម ផ្លាស់ប្តូរ ឬប្រកាន់ខ្ជាប់របបអាហារដែលត្រឹមត្រូវត្រឡប់មកវិញ។ រោគសញ្ញាបណ្តាលមកពីការផ្លាស់ប្តូរទម្លាប់ការញ៉ាំអាហារមានដូចជា៖ •    ឈឺពោះ •    រមួល •    ទល់លាមក •    កង្វះសារជាតិចិញ្ចឹម។ ដូច្នេះអ្នកជំងឺបាក់ទឹកចិត្ត ត្រូវរក្សានូវរបបអាហារ ឲ្យបានត្រឹមត្រូវ បើទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ដោយហេតុថាសារធាតុចិញ្ចឹម មិនត្រឹមតែផ្តល់ឲ្យអ្នកឆ្អែតនោះទេ វាក៏មានមុខងារក្នុងការរក្សាឲ្យបាននូវដំណើរការរាងកាយផងដែរ។ ផ្អែកតាមការសិក្សា អ្នកជំងឺធ្លាក់ទឹកចិត្តហាក់មានការធ្លាក់ចុះនូវសារធាតុចិញ្ចឹមចាំបាច់មួយចំនួនដូចជា៖ •    អូមេហ្គា ៣ •    វីតាមីន បេ •    សារធាតុរ៉ែ •    ពពួកអាស៊ីតអាមីនេ។ ប្រព័ន្ធបេះដូង និងភាពស៊ាំ អ័រម៉ូនស្ត្រេសមានសមត្ថភាពទៅបង្កើនល្បឿននៃចង្វាក់បេះដូង ធ្វើឲ្យសរសៃឈាមប្រែជារឹង នាំឲ្យលេចឡើងជាជំងឺបេះដូងក្នុងរយៈពេលកំណត់ណាមួយ។ ការលាប់ឡើងវិញនៃជំងឺបេះដូងភាគច្រើនទាក់ទងនឹងជំងឺបាក់ទឹកចិត្តច្រើនជាងលក្ខខណ្ឌ ឬជំងឺផ្សេងទៀតដូចជា៖ •    ការជក់បារី •    ជំងឺទឹកនោមផ្អែម •    សម្ពាធឈាមឡើងខ្ពស់ •    ឬកូឡេស្តេរ៉ុលកើនឡើង។ បន្ថែមពីលើការប្រឈមនៃជំងឺបេះដូង បញ្ហាធ្លាក់ទឹកចិត្តក៏បង្កជាបន្ទុកទៅលើប្រព័ន្ធភាពស៊ាំរាងកាយបណ្តាលឲ្យអ្នកមានហានិភ័យខ្ពស់ទៅលើការឆ្លងមេរោគ ឬជំងឺទូទៅផ្សេងៗ។ តាមរយៈរបាយការណ៍នៃការសិក្សាមួយក៏បានបង្ហាញផងដែរពីទំនាក់ទំនងនៃប្រតិកម្មរលាក (ងាយប្រឈមនឹងបញ្ហាសុខភាព) ជាមួយបញ្ហាបាក់ទឹកចិត្តបើទោះបីការបកស្រាយមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ការប្រឈមមុខជាមួយបម្រែបម្រួលប្រចាំថ្ងៃ រួមទាំងភាពសប្បាយរីករាយ ឬសេចក្តីទុក្ខ សុទ្ធតែមានឥទ្ធិពលលើការគិត និងអារម្មណ៍ដែលមិនអាចចៀសផុត។ ការគិតអវិជ្ជមាន ជាអ្វី? អ្នកប្រហែលជាអាចយល់ថាខ្លួនមានអារម្មណ៍ និងការគិតតែមួយប្រភេទ ដោយការពិតអារម្មណ៍​របស់បុគ្គលម្នាក់ៗស្តែងចេញមាន​​​​​​​​​​​​ពីរប្រភេទ គឺការគិតវិជ្ជមាន និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អវិជ្ជមាន។ ពេលខ្លះ ការគិតអវិជ្ជមានបានធ្វើការវាយលុក នាំឲ្យអារម្មណ៍ហាក់ដូចជាធ្លាក់ចុះ ដែលភាគច្រើនបណ្តាលមកពីទំនាក់ទំនងអស្ថិរភាពរវាងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។   ផលវិបាក និងដំណោះស្រាយ បុគ្គលដែលតែងតែភ្ជាប់ខ្លួនជាមួយការគិត និងឃើញអ្វីតែក្នុងភាពអវិជ្ជមាន នោះវានឹងក្លាយជាទម្លាប់ ឬជាវដ្តបន្តគ្នា ដែលភាពអវិជ្ជមាននឹង បន្តនាំយកភាពអវិជ្ជមានផ្សេងដទៃទៀត ជាលទ្ធផលវាអាចបំផ្លាញដល់អត្តចរិត និងអាកប្បកិរិយា។ ប្រសិនបើគ្មានការដោះស្រាយ មើលរំលង ឬបណ្តោយឲ្យការគិតកាន់តែស្ថិតក្នុងភាពងងឹតនោះ រូបរាងកាយ និងសុខភាពផ្លូវចិត្តក៏កាន់តែថយចុះ រហូតឈានដល់ជំងឺថប់អារម្មណ៍ ឬ ជំងឺធ្លាក់ទឹកចិត្តជាដើម។យ៉ាងណាមិញ ទោះបីជាអ្នកហាក់មិនអាចដកខ្លួន ចេញបានទាំងស្រុងពីការគិតបែបនេះ តែគន្លឹះខាងក្រោមនេះអាចជាជំនួយដើម្បីសម្រួល និងហ្វឹកហាត់ការគិតឲ្យបានល្អជាងមុន ដោយអ្នក គ្រាន់តែអនុវត្តតាម ដូចជា៖ •    សម្រាក ចំណាយពេលតែ ២ ទៅ ៣នាទី រៀងរាល់ថ្ងៃ សម្រាប់ផ្តល់ឲ្យអ្នកនូវពេលវេលាសម្រាកដែលអាចគ្រប់គ្រងអារម្មណ៍ត្រឡប់មកវិញ មុនពេលការគិតនោះកាន់តែអាក្រក់។ អ្នកអាចជ្រើសរើសវិធីសាស្រ្តដូចជា ការសមាធិ កីឡាយោគៈ ឬគ្រាន់តែដកដង្ហើមឲ្យបានវែងៗ ម៉្យាងទៀត​ លំហាត់ប្រាណបែបថៃជី (Tai Chi) ក៏ត្រូវបានណែនាំពីសំណាក់អ្នកជំនាញផងដែរ ដើម្បីអាចប្រមូលយកអារម្មណ៍ដែលល្អៗត្រឡប់មកវិញ។ •    សរសេរវាទុក ​កាន់ប៊ិចរបស់អ្នក រួចចាប់ផ្តើមសរសេរពីបញ្ហា ឬការគិតអវិជ្ជមានទៅលើក្រដាស ឬសៀវភៅដែលអាចជួយអ្នកស្វែងយល់ឲ្យបានកាន់តែច្បាស់ពីអារម្មណ៍នោះ និងនាំយកអារម្មណ៍វិជ្ជមានមកវិញ។ បន្ថែមពីនោះ ការមានទម្លាប់សរសេរកំណត់ហេតុពីអាកប្បកិរិយា ឬស្ថានភាពដែលជាមូលហេតុនាំឲ្យមានការគិតអវិជ្ជមានអាចឲ្យអ្នកបង្កើនការដោះស្រាយបញ្ហាដែលកើតមាន ជាជាងការមើលរំលង ឬបណ្តោយឲ្យការគិតកាន់តែមានភាពស្មុគស្មាញ។ •    កុំបង្ខំផ្លូវចិត្ត មានការលើកឡើងជាច្រើន ជុំវិញវិធីសាស្រ្តដែលតម្រូវឲ្យអ្នកបង្ខំខ្លួនឯងឲ្យឈប់គិត នៅរាល់ពេល មានការវាយលុកពីអារម្មណ៍អវិជ្ជមាន យ៉ាងណាមិញ ទង្វើនេះហាក់ដូចជាគ្មានប្រសិទ្ធភាពទៅវិញដោយហេតុថា បុគ្គលម្នាក់ៗនឹងមិនអាចបញ្ឈប់ការគិតបាននោះទេ ដរាបណានៅមានជីវិត។ យកល្អអ្នកត្រូវរៀន សង្កេតមើលពីបញ្ហា និងស្គាល់ឲ្យកាន់តែច្បាស់ពីខ្លួនឯង។ •    ចៀសវាងកត្តាមូលហេតុ កុំព្យាយាមថែទាំតែរូបរាងកាយខាងក្រៅ ពីព្រោះបញ្ហាផ្លូវចិត្តក៏អាចជាជំងឺមួយដែលអ្នកគួរស្វែងយល់ និងគួរត្រូវបានយកចិត្តទុកដាក់ការពារជាមុនផងដែរ។ តួយ៉ាង អ្នកអាចដកខ្លួនចេញពីបុគ្គលដែលតែងសាយភាយភាពអវិជ្ជមានដល់អ្នកដទៃ ទីតាំងដែលផ្តល់ភាពស្មុគស្មាញ ចៀសវាងចំណាយពេលច្រើនទៅលើបញ្ហាដែលកើតមាននៅក្នុងបណ្តាញសង្គម ដែលហាក់មានការបន្លើស ឬផ្តល់នូវស្លាកស្នាមអវិជ្ជមានដល់អារម្មណ៍របស់អ្នក។ •    ភ្ជាប់ខ្លួនជាមួយសន្តិភាព រៀនបណ្តុះទឹកចិត្តទទួលយក និងពេញចិត្តអ្វី ដែលជាខ្លួនឯង ព្រោះវាជាលក្ខខណ្ឌដែលអ្នកត្រូវ រស់នៅជាមួយអស់មួយជីវិត។ ក្នុងករណីព្យាយាមកែប្រែនូវអ្វីដែលមិនអាចទៅរួច មិនត្រឹមតែ គ្មានលទ្ធផលនោះទេ ថែមទាំងផ្តល់ឲ្យអ្នករស់នៅជាមួយសង្គ្រាមផ្លូវចិត្តទៅវិញ។ គួរចាំថា ការបញ្ឈប់អារម្មណ៍ ឬការគិតអវិជ្ជមានបានទាំងស្រុងពីផ្លូវចិត្ត ទាមទារភាពអត់ធ្មត់ និងការប្រឹងប្រែងរបស់បុគ្គលម្នាក់ៗផ្ទាល់ខ្លួន។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

«សុខភាពផ្លូវចិត្តពិតជាសំខាន់សម្រាប់បុគ្គលគ្រប់រូប មិនថាសម្រាប់ជាតិសាសន៍ណានោះឡើយ» នេះបើយោងតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកជំនាញឯកទេសវិកលវិទ្យា និងការបំពានគ្រឿងញៀន និងជាប្រធានផ្នែកពិគ្រោះសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជានាយកនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ។ លោកក៏បានបញ្ជាក់ផងដែរថា បញ្ហាផ្លូវចិត្តដែលកើតមានញឹកញាប់ជាងគេ គឺ ជំងឺថប់បារម្ភ ធ្លាក់ទឹកចិត្ត វិកលចរិត និងបញ្ហាផ្លូវចិត្តដោយការប្រើប្រាស់គ្រឿងញៀន ហើយវាអាចកើតមានចំពោះមនុស្សគ្រប់វ័យតែភាគច្រើនក្នុងយុវភាព (បុរសអាយុ ២០-៣៥ ឆ្នាំ និងស្ត្រី ២៥-៣៥ឆ្នាំ)។ តើមានកត្តាអ្វីខ្លះ ដែលមានទំនាក់ទំនងជិតសិ្នទ្ធទៅនឹងសុខភាពផ្លូវចិត្ត? •    កត្តាសង្គមសាស្ត្រ៖ សំដៅដល់សង្គមខ្នាតតូចនិងធំ រួមមានការប្រាស្រ័យទាក់ទងរវាងមនុស្សចាប់ពី២នាក់ឡើងទៅ សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។ ដរាបណាបុគ្គលម្នាក់ៗមានទំនាក់ទំនងល្អ ចេះចែករំលែកសេចក្តីសុខឲ្យគ្នាទៅវិញទៅមក ក៏មិនមានទំនាស់ ឬហិង្សាក្នុងគ្រួសារហើយមានការរស់នៅចុះសម្រុងគ្នា ចំណែកឯប្រទេសជាតិ ក៏មិនសូវមានបញ្ហាសោកនាដកម្ម(សង្គ្រាម គ្រោះធម្មជាតិ…) ផ្សេងៗទេនោះ ការប៉ះទង្គិចបញ្ហាផ្លូវចិត្តក៏មិនសូវកើតមានដែរ។ •    កត្តាគីមីសាស្ត្រ៖ ការប្រើប្រាស់សារធាតុគីមីមួយចំនួន ស្របច្បាប់ និងមិនស្របច្បាប់ ដែលអាចបណ្តាលឲ្យមានការប៉ះទង្គិចដល់សុខភាពខួរក្បាល និងមិនអាចគ្រប់គ្រងស្មារតីបានល្អ  ដូចជាការសេពគ្រឿងញៀន អាភៀន ឬការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ជាដើម។ •    កត្តាចិត្តសាស្ត្រ៖ ប្រសិនបើបុគ្គលម្នាក់ទទួលបានការចិញ្ចឹមបីបាច់ផ្នែកចិត្តសាស្ត្រ ក៏ដូចជាការគាំទ្រផ្លូវចិត្តបានល្អនោះ ពេលដែលចម្រើនវ័យទៅគឺប្រាកដជាមានភាពរឹងមាំ ហើយក៏មិនងាយaប្រឈម ឬទទួលការប៉ះទង្គិចពីកត្តាផ្សេងនោះដែរ។ តើបុគ្គលដែលមានបញ្ហាផ្លូវចិត្ត មានការប្រឈមទៅនឹងអ្វីខ្លះដែរ? •    បុគ្គល៖ ការគេង និងញ៉ាំមិនសូវបាន ជាហេតុនាំឲ្យមានបញ្ហាសុខភាពផ្លូវកាយរ៉ាំរ៉ៃ ហើយជាទូទៅ ក៏លែងចង់បំពេញកិច្ចការងារអ្វី ហើយជាលទ្ធផលក៏ត្រូវបាត់បង់ឱកាស និងចំណូលសេដ្ឋកិច្ច ជួនកាលអាចបង្កជាប្រតិកម្មទាន់ហន់ រួមមានការធ្វើអត្តឃាត ឬធ្វើមនុស្សឃាតទៀតផង។ •    គ្រួសារ៖ បាត់ចំណូលទ្រទ្រង់ជីវភាពគ្រួសារបាត់បង់សុភមង្គល ព្រមទាំងបង្កើននូវបន្ទុកដល់សមាជិកដទៃ។ •    សង្គម៖ បញ្ហាអសន្តិសុខ ដូចជា ការប្រើប្រាស់គ្រឿងញៀន ការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ។ល។ តើការគិត និងសុខភាពផ្លូវចិត្តមានទំនាក់ទំនងយ៉ាងដូចម្តេចខ្លះ? មនុស្សភាគច្រើនបានយល់ច្រឡំថា ផ្លូវចិត្ត គឺពាក់ព័ន្ធនឹងបេះដូង តែតាមការពិត វាមានទំនាក់ទំនងជិតស្និទ្ធជាមួយខួរក្បាល (ប្រព័ន្ធប្រសាទកណ្តាល)។ ហេតុនេះហើយ ពេលខួរក្បាលមានបញ្ហា ការគិតក៏នឹងមានបញ្ហាដែរ ហើយផ្លូវចិត្តក៏មានការប៉ះទង្គិចផងដែរ។ រីឯអារម្មណ៍វិញ វាក៏មានឥទ្ធិពលលើខួរក្បាលផងដែរ។ តើផលវិបាកនៃការគិតច្រើន រួមមានអ្វីខ្លះ? វាអាស្រ័យទៅលើបែបផែននៃការគិត បើសិនជាបុគ្គលម្នាក់មានស្មារតីល្អ ចេះគិតបានត្រូវ គិតបែបវិជ្ជមាននោះ វាក៏មិនមានផលវិបាកអ្វីដែរ។ផ្ទុយទៅវិញ បើម្នាក់នោះគិតច្រើនហើយផ្តោតតែលើភាពអវិជ្ជមាននោះ ផលវិបាកនឹងកើតមានច្រើន ដែលអាចជាបញ្ហាផ្លូវចិត្ត ហើយនាំឲ្យមានផលប៉ះពាល់ដូចដែលបានរៀបរាប់ខាងលើ។   តើបុគ្គលមួយរូបគួរមានលក្ខណៈសម្បត្តិបែបណាខ្លះ ដើម្បីមានសមត្ថភាពក្នុងការគ្រប់គ្រងការគិត និងថែទាំសុខភាពផ្លូវចិត្តខ្លួនឯងបាន? •    មានអារម្មណ៍ល្អចំពោះខ្លួនឯង៖ គ្រប់ពេលវេលា ចេះធ្វើឲ្យខ្លួនឯងសប្បាយ •    មានអារម្មណ៍ល្អចំពោះអ្នកដទៃ៖ មើលគេក្នុងផ្លូវល្អ មានទំនាក់ទំនងល្អ សាមគ្គីគ្នាកសាងនិងរួមរស់ជាមួយគ្នា តាមផ្លូវយុត្តិធម៌ •    មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា៖ ចេះប្រឈម ទប់ទល់ និងដោះស្រាយបញ្ហាដោយខ្លួនឯង ឬសុំជំនួយពីអ្នកដទៃ។ តើលោកវេជ្ជបណ្ឌិតមានសារអ្វីសម្រាប់ចែករំលែកបន្ថែម អំពីការថែទាំសុខភាពផ្លូវចិត្តឬទេ? ត្រូវចាំថា«សុខភាពបរិបូរពេញលេញ គឺសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ ព្រមគ្នាតែម្តង» ហើយត្រូវតែចេះទទួលស្គាល់ និងលើកទឹកចិត្តខ្លួនឯងមានមោទនភាពជាមួយនឹងអ្វីដែលខ្លួនឯងមាន។ រាល់ពេលមានបញ្ហាផ្លូវចិត្ត ដំបូងត្រូវចេះជួយខ្លួនឯងក្នុងការគ្រប់គ្រងភាពតានតឹងក្នុងចិត្ត តាមរយៈការអប់រំសុខភាពផ្លូវចិត្ត ដូចជាការធ្វើសមាធិ ឬស្តាប់ព្រះធម៌តាមបែបព្រះពុទ្ធសាសនា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏គួរចេះប្រើប្រាស់ពេលវេលាដោយបែងចែកពេលវេលាសម្រាកកាយចិត្ត ដោយការធ្វើលំហាត់កីឡា ឬដើរកម្សាន្ត។ ក្នុងករណីមិនអាចជួយខ្លួនឯងបាន អ្នកក៏ត្រូវទទួលជំនួយពីគ្រូពេទ្យជំនាញឯកទេសផ្លូវចិត្ត តាមរយៈការពិគ្រោះ និងព្យាបាលតាមបែបចិត្តសាស្ត្រ ដែលរួមមានទាំងសេវារដ្ឋ និងឯកជន។ បកស្រាយដោយ​៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ប្រធានផ្នែកពិគ្រោះសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យើងម្នាក់ៗបាន និងកំពុងចំណាយពេលមួយភាគបីនៃរយៈពេលពេញមួយថ្ងៃរបស់យើងបំពេញការងារនៅកន្លែងធ្វើការ។ និយាយទៅ វាមានរយៈពេលយូរគួរសម ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាពេលវេលាដើរលឿន ប្រសិនបើយើងរីករាយនឹងធ្វើការងារនោះ។   ដើម្បីធ្វើឲ្យមានភាពរីករាយនៅកន្លែងធ្វើការប្រហែលជាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាអាចធ្វើទៅបាន។ សម្រាប់រូបខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ គឺបានចាត់ទុកការិយាល័យដូចជាផ្ទះ ហើយមិត្តរួមការងារជាគ្រួសាររួចទៅហើយ ហេតុដូចនេះហើយ ការងារមិនមែនជាសម្ពាធ តែវាប្រៀបបានជាកម្លាំងជំរុញទឹកចិត្តឲ្យគ្រួសារមួយនេះដើរឆ្ពោះទៅកាន់គោលដៅរួមមួយជាមួយគ្នា។ វាជាការពិតដែលថាម្នាក់ៗមានវិធីសាស្រ្តផ្សេងគ្នាក្នុងការធ្វើការងារ ហើយខ្ញុំក៏មិនមែនជាអ្នកជំនាញអ្វីដែរ គ្រាន់តែថ្មីៗនេះ បានអាននូវអត្ថបទមួយដែលគិតថានឹងអាចជួយដល់អ្នកធ្វើការងារបានច្រើនជាពិសេសអ្នកដែលកំពុងតែមានអារម្មណ៍មិនល្អចំពោះកន្លែងធ្វើការរបស់ខ្លួនដោយប្រការណាមួយ។ ក្នុងនោះ គេបានលើកនូវវិធីសាស្ត្រ៥យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបង្កើតឲ្យមាននូវភាពរីករាយនៅកន្លែងធ្វើការរបស់ខ្លួន ដែលមានដូចខាងក្រោម៖ 1.កំណត់គោលដៅតូចៗ៣ជារៀងរាល់ថ្ងៃ ជួនកាល វាអាចនឹងពិបាកបន្តិចក្នុងការធ្វើឲ្យខ្លួនអ្នកយល់ថា អ្នកកំពុងតែធ្វើឲ្យគម្រោងការមានដំណើរការក្នុងពេលដែលមានការរំខានមិនចេះចប់មិនចេះហើយនៃការទទួលអីុម៉ែល ការហៅទូរស័ព្ទ និងការផ្តល់អាទិភាពទៅលើការងារជាដើម។ អ្នកអាចកំណត់នូវចំណុចតូចៗ៣យ៉ាងដែលអ្នកចង់សម្រេចឲ្យបានជារៀងរាល់ថ្ងៃហើយបន្ទាប់មកគូសវាចេញនៅពេលដែលអ្នកបានធ្វើវារួច។ ការធ្វើដូចនេះអាចរំឭកខ្លួនអ្នកអំពីដំណើរការងារដ៏អស្ចារ្យដែលអ្នកកំពុងធ្វើ។ 2.ចៀសវាងគំនិតអវិជ្ជមាននៅកន្លែងធ្វើការ មិនថាអ្នករីករាយប៉ុណ្ណាទេ ភាពអវិជ្ជមាន ការនិយាយដើមគ្នា និងការត្អូញត្អែររបស់អ្នករួមការងារអាចប៉ះពាល់ដល់ថាមពលរបស់អ្នក។ ផ្ទុយមកវិញ អ្នកគួរតែព្យាយាមរាប់អានជាមួយអ្នករួមការ-ងារណាដែលមានភាពវិជ្ជមាន រួសរាយរាក់ទាក់ និងអាចផ្តល់នូវទំនាក់ទំនងការងារល្អៗជាដើម។ កាន់តែប្រសើរជាងនេះ អ្នកគួរតែធ្វើជាមនុស្សម្នាក់ដែលពោរពេញទៅដោយភាពវិជ្ជមាន និងចេះយកអាសាអ្នកដទៃ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យការងាររបស់អ្នកកាន់តែប្រសើរ។ 3.ចាត់ទុកកន្លែងធ្វើការជារបស់អ្នក ដោយហេតុថា អ្នកនឹងចំណាយពេលវេលាដ៏យូរនៅកន្លែងធ្វើការរបស់អ្នក អ្នកនឹងចូលចិត្តវាប្រសិនបើអ្នកធ្វើឲ្យវាមានផាសុកភាព ស្រស់ស្រាយ និងឆ្លុះបញ្ចាំងពីខ្លួនអ្នក។ អ្នកគួរតែរៀបចំវាឲ្យមានលក្ខណៈសាមញ្ញ ផ្ទុយទៅវិញ ប្រសិនបើអ្នកពង្រាយនៅកន្លែងដែលអ្នកធ្វើការវិញ វាអាចនាំឲ្យមានការរំខាន។ 4.មានភាពម្ចាស់ការលើការអភិវឌ្ឍវិជ្ជាជីវៈរបស់អ្នក ការអភិវឌ្ឍវិជ្ជាជីវៈនឹងជួយឲ្យអ្នកមានអារម្មណ៍ថាអ្នកបានផ្សារភ្ជាប់នឹងការងាររបស់អ្នក និងធ្វើឲ្យអ្នកក្លាយជាអ្នកជំនាញម្នាក់។ អ្នកគួរតែទទួលយកនូវដំបូន្មានល្អៗពីមេ ឬចៅហ្វាយរបស់អ្នក ប៉ុន្តែអ្នកត្រូវធ្វើជាអ្នកដឹកនាំផ្លូវជីវិតរបស់ខ្លួនអ្នកផ្ទាល់។ អ្នកត្រូវយកចិត្តទុកដាក់ចំពោះគោលដៅរបស់អ្នក ជាជាងផ្តោតអារម្មណ៍លើបច្ចុប្បន្នភាព។ អ្នកគួរតែមានវិធានការជាក់លាក់មួយដែលអាចនាំអ្នកឲ្យទៅដល់គោលដៅរបស់អ្នក។ 5.ផ្ដោតសំខាន់ទៅលើអនាគត ប្រសិនបើអ្នកជួបប្រទះនឹងរឿងមិនល្អប៉ុន្មានថ្ងៃនោះវាមិនសូវអាក្រក់ទេ ព្រោះថាអ្នកមានគោលដៅដ៏ច្បាស់លាស់ និងមានរយៈពេលដ៏វែងមួយ ហើយអ្នកអាចឃើញថាការងាររបស់អ្នកនាពេលបច្ចុប្បន្ននេះ វាស័ក្តិសមនឹងគោលដៅពេលអនាគតរបស់អ្នក ឬអត់។   អ្នកគួរតែខិតខំធ្វើការនាពេលបច្ចុប្បន្ន តែអ្នកមិនត្រូវបំភ្លេចពីគោលដៅនាពេលអនាគតរបស់អ្នកទេ។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការសម្រេចឲ្យបាននូវគោលដៅយូរអង្វែង (ជាទូទៅ វាអាចមានរយៈពេលពី១ទៅ៣ឆ្នាំ)។ អ្នកគួរតែរៀបចំផែនការដើម្បីសម្រេចគោលដៅរបស់អ្នកដូចខាងក្រោម៖ 1.ធ្វើឲ្យការគិតរបស់អ្នកមានភាពច្បាស់លាស់ និងប្រាកដប្រជា 2.បង្កើតជាផែនការផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯង 3.កំណត់រង្វាន់ និងផលប្រយោជន៍របស់អ្នក 4.កំណត់ឧបសគ្គ និងការប្រកួតប្រជែង 5.ធ្វើសេចក្ដីព្រាងទុកចំពោះដំណោះស្រាយនានា 6.បង្កើតជាផែនការក្នុងការអនុវត្ត 7.កំណត់យកនូវវិធីសាស្រ្តក្នុងការតាមដានការវិវឌ្ឍនៃផែនការរបស់អ្នក 8.សរសេរចេញមកនូវការតាំងចិត្តដ៏មុតមាំរបស់អ្នក 9.កំណត់ប្រភពធនធាន 10.ធ្វើវាឲ្យបាន។ យើងគួរតែបង្កើតជាតារាងពេលវេលាមួយសម្រាប់ជំហាននីមួយៗ ហើយអនុវត្តមួយជំហានម្ដងៗ មិនត្រូវបង្ខំឡើយ។ ម្យ៉ាងទៀត ត្រូវប្រាកដថាការងារប្រចាំថ្ងៃរបស់យើង  នឹងនាំយើងឲ្យទៅកាន់ជំហានបន្ទាប់នៃផែនការរបស់យើង។ សង្ឃឹមថាគន្លឹះ​​ខាងលើនេះ​​ នឹងអាចជួយអ្នកឲ្យមានអារម្មណ៍ល្អនៅកន្លែងធ្វើការរបស់អ្នក…Happy office hours… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ពេលខ្លះមានអារម្មណ៍ថាហត់នឿយណាស់ Stress ណាស់ តែក៏មិនប្រាកដច្បាស់ថា កម្រិតដែលខ្លួនឯងកំពុងតែប្រឈមហ្នឹង នឹងបង្កជាបញ្ហាអ្វីដែរឬអត់ដល់សុខភាពផ្លូវចិត្ត? ជាក់ស្តែង បុគ្គលម្នាក់ៗមានប្រតិកម្មទៅនឹង Stress របស់ខ្លួនតាមវិធីផ្សេងៗពីគ្នា   ហើយក៏មិនមានតេស្តណាមួយពិតប្រាកដដែលអាចបង្ហាញពីកម្រិតនៃ Stress របស់អ្នកបានជាក់លាក់នោះដែរ។  យ៉ាងណាមិញ សម្រាប់តេស្តខាងក្រោមនេះ នឹងបង្ហាញលទ្ធផលជាទូទៅមួយ ដែលអ្នកគួរតែសាកល្បងធ្វើ ដើម្បីយល់ដឹងអំពីទំនាក់ទំនងនៃបញ្ហាផ្លូវចិត្ត និងកម្រិត Stress ដែលអ្នកកំពុងប្រឈម… សូមធ្វើការជ្រើសរើសរវាង “Yes” និង “No” សម្រាប់សកម្មភាពខាងក្រោមនេះ   ហើយកុំភ្លេចធ្វើការឆ្លើយដោយភាពស្មោះត្រង់ណា៎… វិធីបូកពិន្ទុ ៖ សូមធ្វើការបូកសរុបពិន្ទុទៅតាមចម្លើយ ដែលអ្នកបានឆ្លើយតបដោយ ចម្លើយ Yes = ១ ពិន្ទុ No = ០ ពិន្ទុ សរុប ៖ ____________ 1  ឧស្សាហ៍យកការងារមកធ្វើនៅផ្ទះ         2  មិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើការងារដែលត្រូវបំពេញ         3  ច្រានចោល ឬគេចវេសពីបញ្ហា ដោយសង្ឃឹមថាវានឹងកន្លងផុតទៅ         4  ធ្វើការដោយខ្លួនឯង ដើម្បីប្រាកដថាកិច្ចការត្រូវបានធ្វើយ៉ាងល្អនិងត្រឹមត្រូវ         5   មើលស្រាលពេលវេលាក្នុងការសម្រេចកិច្ចការ 6  មានអារម្មណ៍ថាមានកាលបរិច្ឆេទកំណត់នៃការងារច្រើន         7 ជំនឿចិត្តលើខ្លួនឯងជាក់ស្តែងមានតិចជាងអ្វីដែលរំពឹងទុក         8   មានអារម្មណ៍ថាខុសឆ្គង  នៅពេលដែលសម្រាក ហើយមិនបានធ្វើអ្វីសោះ   9  តែងតែគិតដល់បញ្ហាផ្សេងៗ ទោះបីជាក្នុងពេលដែលត្រូវសម្រាកក៏ដោយ     10  នៅតែមានអារម្មណ៍ថាអស់កម្លាំង និងហត់នឿយ បើទោះជាបានគេងគ្រប់គ្រាន់ក៏ដោយ         11   ជាញឹកញាប់ បញ្ចប់ឃ្លាដែលគេនិយាយ បើសិនជាមាននរណានិយាយយឺតៗមួយៗ         12   មានទម្លាប់ញ៉ាំ ដើរ និយាយ និងបើកបរលឿន 13   មានបម្រែបម្រួលទម្លាប់នៃការញ៉ាំ (ញ៉ាំតិចឬច្រើនពេក) ជួនក៏មិនបានញ៉ាំអាហារ       14  ធុញទ្រាន់ និងមិនស្រណុកចិត្ត រាល់ពេលត្រូវរង់ចាំ         15   បើមានរឿងរ៉ាវ ឬនរណារំខានអ្វី ជាទូទៅ មិនបញ្ចេញមកក្រៅនោះទេ 16   រាល់ពេលដែលលេងកីឡា   ឬល្បែងអ្វីមួយ   គឺតែងតែចង់យកឈ្នះលើគេជានិច្ច         17   ផ្លាស់ប្តូរអារម្មណ៍ញឹកញាប់ រារែកក្នុងការសម្រេចចិត្ត ប្រមូលផ្តុំអារម្មណ៍ ហើយខ្សោយការចងចាំ         18  មានទំនោរក្នុងការចាប់កំហុស និងរិះគន់អ្នកដទៃ ជាជាងលើកសរសើរ     19  ស្តាប់យោបល់អ្នកដទៃ បើទោះជាមានគំនិតផ្ទាល់ខ្លួនហើយក៏ដោយ         20  បាត់បង់ចំណង់ផ្លូវភេទ         21   មានទម្លាប់សង្គ្រឺតធ្មេញ         22  ឈឺចាប់សាច់ដុំ ជាពិសេសត្រង់ក ក្បាល   ខ្នងផ្នែកក្រោម ស្មា         23  សមត្ថភាពបំពេញការងារហាក់ដូចជាទាប  ជាងមុន         24   ដូចជាចង់ទទួលទានជាតិអាល់កុល កាហ្វេនអ៊ីន នីកូទីន និងគ្រឿងញៀនផ្សេងៗ   25   មានអារម្មណ៍ថាមិនមានពេលសម្រាប់ធ្វើអ្វី  ដែលខ្លួនឯងចូលចិត្ត         លទ្ធផល ៖ -ពិន្ទុ តិចជាង ឬស្មើ ៤ ៖ អ្នកមិនមានការប្រឈមនឹងជំងឺទាក់ទិននឹង Stress ឡើយ។ -ពិន្ទុ ៥-១៣ ៖ អ្នកមានការប្រឈមទៅនឹងជំងឺទាក់ទងនឹង Stress ដែលប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត ឬផ្លូវកាយ។ ដូចនេះ អ្នកគួរតែប្រឹក្សាជាមួយនឹងអ្នកជំនាញផ្លូវចិត្ត ដើម្បីស្វែងរកដើមហេតុពិតប្រាកដនៃបញ្ហានេះ។ -ពិន្ទុ ស្មើ ឬច្រើនជាង ១៤ ៖ អ្នកប្រឈមខ្លាំងមែនទែនទៅនឹងបញ្ហានេះ ហើយក៏បានបណ្តុះនូវឥរិយាបថមិនល្អដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ងាយប្រឈមនឹងជំងឺទាក់ទិននឹង Stress ដែលរួមមានដូចជា ជំងឺទឹកនោមផ្អែម ប្រកាំង ឈឺខ្នង ឬចុករួយកសម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង បញ្ហាផ្លូវចិត្ត(ជំងឺធ្លាក់ទឹកចិត្ត ថប់អារម្មណ៍…)។ ហេតុដូចនេះហើយ អ្នកចាំបាច់ស្វែងរកគ្រូពេទ្យ ឬអ្នកជំនាញ ដើម្បីទទួលបានការប្រឹក្សា។ ប្រភព ៖  © International Stress Management Association UK – 2013 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ជាធម្មតា ពេលដែលយើងកំពុងជិះកង់ ម៉ូតូ ឬ ដើរលេងក្នុងភ្នំពេញ យើងមិនសូវចាប់អារម្មណ៍ឃើញរូបគេគូរលើជញ្ជាំងនោះទេ។ ទាល់តែព្យាយាមរកមើលវាទើបឃើញ ដោយសារវាភាគច្រើនលាក់ខ្លួន សម្ងំនៅក្នុងប្លុកដែលមិនសូវមានមនុស្សរស់នៅ ឬនៅក្នុងផ្លូវតូចៗជាដើម។ មូលហេតុនេះហើយដែលធ្វើឲ្យសិល្បៈប្រភេទនេះខុសគេ ដោយសារយើងតែងជួបវាដោយមិនបានរំពឹងទុក ហាក់ដូចជាប្រទះឃើញរឿងសម្ងាត់មួយអញ្ចឹង។ តែបើអញ្ចឹង យើងធ្វើយ៉ាងណាទើបរកពួកវាឃើញ? អ្នកអាចធ្វើដូចពួកយើង ខ្ចប់នំចំនី និងទឹក ហើយដើររកពួកវាមួយរសៀលនៅថ្ងៃសម្រាកណាមួយ។ គ្រាន់តែបេសកកម្មដើររកពួកវាហ្នឹង ក៏សប្បាយទៅហើយ! តើអ្នកធ្លាប់បានឃើញគំនូរទាំងនេះនៅក្នុងទីក្រុងភ្នំពេញទេ? នេះតម្រុយខ្លះ៖ នៅជិតៗរាជវាំងយើងហ្នឹងឯង។ ខំប្រឹងរកមើលផ្ទះវីឡាចាស់មួយនៅលើផ្លូវសម្តេចសុធារស។ បន្ទាប់មក ដើរទៅផ្លូវ ២៤៤ និងផ្លូវតូចៗដែលនៅជិតៗនោះ។ បើរកឃើញ កុំភ្លេចផ្ញើររូបដែលអ្នកថតបានមកឲ្យយើងផង! អត្ថបទជាភាសាអង់គ្លេស ៖ Art Gallery in Your Streets  អត្ថបទដោយ ៖ Vayo -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

Share
Top