- Aug 16, 2017 |
- 7 years ago |
- 4.6K views
កុំព្រងើយកន្តើយនឹងស្ត្រេស!!! កាយ ចិត្ត និងអាកប្បកិរិយារបស់អ្នកនឹងផ្លាស់ប្តូរ បើមានវា…
ការស្គាល់ពីការស្ត្រេសលើសកម្រិត ជីវិតយើងមិនថាក្នុងដំណាក់កាលណានោះទេ ទាំងវ័យសិក្សា ធ្វើការងារ និងធ្វើជំនួញ គឺពោរពេញទៅដោយបទពិសោធន៍ថ្មីៗ និងការស្រាវជ្រាវ ពេលកំណត់យកកិច្ចការ និងការទាមទារផ្សេងៗ។ ចំពោះបុគ្គលភាគច្រើន របៀបរស់នៅបែបនេះអាចធ្វើឲ្យមានអារម្មណ៍ថប់បារម្ភ និងស្ត្រេស។ ទោះជាយ៉ាងណាក៏ដោយស្ត្រេសមិនមែនតែងតែអាក្រក់នោះទេ។ ប្រសិនបើវាស្ថិតនៅក្នុងកម្រិតមួយតិច វាអាចជួយជម្រុញឲ្យអ្នកធ្វើអ្វីមួយឲ្យអស់ពីសមត្ថភាពស្របពេលដែលអ្នកស្ថិតនៅក្រោមសម្ពាធ។ ប៉ុន្តែនៅពេលដែលអ្នករស់នៅក្នុងភាពអាសន្នយូរ ចិត្ត និងរាងកាយរបស់អ្នកអាចរងការប៉ះពាល់ពីវា ហើយអ្នកអាចចាប់ផ្តើមបាត់បង់នូវភាពម្ចាស់ការលើខ្លួនឯង។ ស្ត្រេស គឺជាការប្រមូលផ្ដុំគ្នា។ សញ្ញាដំបូងនៃការស្ត្រេសអាចមានដូចជាឈឺក្បាល ឆាប់ខឹងធ្វើទុក្ខក្រពះ ឬការគេងមិនបានលក់ស្រួល។ នៅពេលអ្នករៀនសម្គាល់សញ្ញាដំបូងនៃភាពស្ត្រេស អ្នកនឹងដឹងថារោគសញ្ញាទាំងនេះ គឺជាវិធីមួយដែលរាងកាយព្យាយាមប្រាប់អ្នកឲ្យបន្ថយល្បឿន និងរកវិធីដើម្បីបំបាត់ការស្ត្រេស។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះសញ្ញាទាំងនេះទេ ស្រេ្តស និងជំងឺថប់បារម្ភរបស់អ្នកអាចបន្តកើតឡើង និងបណ្តាលឲ្យមានការរំខានយ៉ាងធ្ងន់ធ្ងរលើផ្លូវចិត្ត ផ្លូវកាយ ការសិក្សានិងសង្គម។ ស្ត្រេសអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នក សមត្ថភាពក្នុងការប្រមូលផ្តុំស្មារតី ឬការប្រាស្រ័យទាក់ទង ហើយវាអាចមានផលប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកដែលធ្វើឲ្យអ្នកងាយនឹងមានជំងឺ។ អ្វីដែលជាដំណឹងល្អនោះ គឺថា…អ្នកអាចការពារខ្លួនអ្នកបានដោយដឹងពីសញ្ញា និងរោគសញ្ញានៃស្ត្រេស និងការចាត់វិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់របស់វា។ ភាពខុសគ្នារវាងជំងឺថប់បារម្ភ និងស្ត្រេស ស្ត្រេស គឺជាភាពប្រក្រតីនៃការឆ្លើយតបខាងរាងកាយដែលអ្នកមាន នៅពេលអ្នកប្រឈមមុខនឹងបញ្ហាមួយ។ ជំងឺថប់បារម្ភ គឺជាការបញ្ចូលគ្នានៃលក្ខខណ្ឌផ្សេងៗ និងមានភាពស្រដៀងគ្នាទៅនឹងការភ័យខ្លាច។ ជារឿយៗ វាកើតឡើងភ្លាមៗដោយពុំអាចកំណត់ពីមូលហេតុបាន។ ចំពោះមនុស្សមួយចំនួន ការព្រួយបារម្ភ និងការថប់បារម្ភអាចនឹងក្លាយទៅជាបញ្ហាដ៏ធំធេង និងរំខានដល់គុណភាពនៃជីវិតរបស់ពួកគេ។ ការព្រួយបារម្ភច្រើនហួសប្រមាណ និងយូរអង្វែងអាចបង្ហាញពីជំងឺថប់បារម្ភ ហើយវានឹងទាមទារឲ្យមានការការព្យាបាលខុសៗគ្នា។ ផលប៉ះពាល់ទូទៅនៃការស្ត្រេស ស្ត្រេសអាចប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង។ អ្នកអាចមានរោគសញ្ញាផ្នែកផ្លូវចិត្ត ផ្នែកឥរិយាបថ ផ្នែករាងកាយ និងផ្នែកអារម្មណ៍។ ខណៈពេលដែលរោគសញ្ញាទាំងនេះជាទូទៅច្រើនកើតមានក្នុងពេលដែលស្ត្រេស ប៉ុន្តែចំពោះអ្នកដែលមានជំងឺថប់បារម្ភអាចនឹងជួបប្រទះបញ្ហាទាំងនេះទោះបីជាគ្មានវត្តមានស្ត្រេសក៏ដោយ។ ទៅលើរាងកាយរបស់អ្នក៖ ឈឺក្បាល ឈឺសាច់ដុំ ឈឺទ្រូង អស់កម្លាំង ការផ្លាស់ប្តូរចំណង់ផ្លូវភេទ ឈឺក្រពះ បញ្ហានៃការគេង ឈឺជាញឹកញាប់។ ទៅលើអារម្មណ៍របស់អ្នក៖ ថប់បារម្ភ ការនៅមិនស្ងៀម ខ្វះការលើកទឹកចិត្ត ឬការផ្តោតអារម្មណ៍ ឆាប់ខឹង ភាពក្រៀមក្រំ ឬការធ្លាក់ទឹកចិត្ត ភ្លេចច្រើន អារម្មណ៍គ្មានសុវត្ថិភាព។ ទៅលើអាកប្បកិរិយារបស់អ្នក៖ ញ៉ាំច្រើន ឬមិនឃ្លាន ភាពងាយនឹងផ្ទុះកំហឹង ការប្រើប្រាស់គ្រឿងញៀនឬគ្រឿងស្រវឹង ការផ្ដាច់ខ្លួនពីសង្គម ការដេកច្រើនពេកឬតិចពេក មានបញ្ហាផ្នែកទំនាក់ទំនង ការយំចំពោះរឿងបន្តិចបន្តួច(ព្រោះពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបាន) ការគេចវេសឬការព្យាយាមពន្យាពេលមិនព្រមធ្វើអ្វីមួយ។ វិធីគ្រប់គ្រងការស្ត្រេស ការគ្រប់គ្រងស្ត្រេស គឺជាជំនាញដ៏សំខាន់មួយ ហើយវាគឺមានតម្លៃក្នុងការចំណាយពេលវេលា ដើម្បីរកវិធីបន្ថយស្ត្រេសដែលល្អបំផុតសម្រាប់អ្នក។ ការយកចិត្តទុកដាក់លើគំនិត និងរាងកាយរបស់អ្នកអាចជួយអ្នកក្នុងការគ្រប់គ្រងកម្រិតស្ត្រេសរបស់អ្នក និងជួយអោយអ្នកមានម្ចាស់ការលើខ្លួនឯង។ ខាងក្រោមនេះ គឺជាការផ្តល់យោបល់មួយចំនួន៖ • ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ • បរិភោគអាហារដែលល្អសម្រាប់សុខភាព (ស្ករ និងអាហារកែច្នៃអាចធ្វើឲ្យស្ត្រេសកាន់តែអាក្រក់) • ហាត់ប្រាណឲ្យបានទៀងទាត់ អ្នកគួរធ្វើនូវការហាត់ប្រាណណាដែលអ្នកចូលចិត្តដែលអនុញ្ញាតឲ្យអ្នកបញ្ចេញភាពតានតឹងបាន • រៀនពីបច្ចេកទេសដកដង្ហើម ដើម្បីបំបាត់ភាពតានតឹង • យកចិត្តទុកដាក់លើគំនិតអវិជ្ជមានរបស់អ្នក • ការសមាធិ • រកទីកន្លែងស្ងប់ស្ងាត់ ដើម្បីសិក្សា • អនុវត្តការនិយាយថា «ទេ» ចំពោះស្ថានភាព និងអ្នកដែលបន្ថែមភាពស្ត្រេសទៅលើជីវិតរបស់អ្នក • ម៉ាស្សា • និយាយជាមួយមិត្តភក្តិ ឬនរណាម្នាក់ដែលអ្នកទុកចិត្ត • កំណត់ការទទួលជាតិកាហ្វេអ៊ីនរបស់អ្នក • ជៀសវាងការប្រើគ្រឿងស្រវឹង ឬគ្រឿងញៀនដទៃទៀត ដើម្បីកាត់បន្ថយភាពស្ត្រេសរបស់អ្នក • គ្រប់គ្រងពេលវេលា និងថាមពលរបស់អ្នក។ អ្នកអាចផ្តល់អាទិភាពការងារដែលអ្នកត្រូវធ្វើដោយមិនត្រឹមតែផ្អែកលើពេលវេលានោះទេ អ្នកត្រូវគិតពីថាមពលរបស់អ្នកសម្រាប់ភារកិច្ចនោះដែរ។ • សើច! មើលភាពយន្តកំប្លែង ឬព្យាយាមសាកល្បងLaugh Yoga។ • ចំណាយពេលវេលា ដើម្បីសំរាកលំហែកាយ ភាពសប្បាយ និងធ្វើអ្វីដែលជាចំណូលចិត្តរបស់អ្នក។ ការទទួលយកជំនួយ មនុស្សភាគច្រើនតែងតែមានអារម្មណ៍ថាពួកគេអាចមានលទ្ធភាពដោះស្រាយអ្វីគ្រប់យ៉ាង។ ប្រសិនបើការព្រួយបារម្ភ និងស្ត្រេសហួសកម្រិតអាចជះឥទ្ធិពលដល់គុណភាពនៃជីវិតរបស់អ្នក នោះវាគឺជាពេលដែលត្រូវទទួលយកជំនួយហើយ។ គ្រូពេទ្យផ្នែកសុខភាពផ្លូវចិត្តអាចផ្ដល់នូវជម្រើសនៃការព្យាបាលផ្សេងៗដែលអាចជួយអ្នកឲ្យមានការធូរស្បើយ។ វាមានឯកសារជាច្រើនដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលស្ត្រេស និងការថប់បារម្ភអាចប៉ះពាល់ដល់អ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share