Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មូលហេតុដែលបង្កឲ្យមានជំងឺឫសដូងបាត (Cause of Hemorrhoid) 1. កត្តាធម្មជាតិ គ្រប់មនុស្សទាំងអស់សុទ្ធតែមានកំពកសសៃឈាមវ៉ែន៣ដុំនៅក្នុងរន្ធគូថដូចគ្នាទាំងអស់ ដែលភាសាបរទេសឲ្យឈ្មោះថា (HemorrhoidVein)ឬ សរសៃឈាមវ៉ែន។ 2. កត្តាពូជ(Genetic) បើឪពុក ឬម្តាយមានជំងឺឫសដូងបាត និងចម្លងជំងឺឫសដូងបាត ឲ្យទៅកូននៅក្នុងផ្ទៃ ឲ្យកើត ជំងឺឫសដូងបាត ដោយស្វ័យប្រវត្តិ។ 3. កត្តាការងារ -អ្នកដែលធ្វើការងារណាដែលអង្គុយច្រើន ដូចជាជាងដេរ ជាងវិទ្យុម៉ាញ៉េ បើកបរ រថយន្ត រថភ្លើង អ្នកធ្វើការងារការិយាល័យជាដើម -អ្នកធ្វើការធ្ងន់លើកដាក់ លីសែងអ្នកឡើង ដើមឈើ ឡើងដើមត្នោត។ល។ 4. កត្តាចំណីអាហារ -អ្នកញ៉ាំច្រើន ញ៉ាំសាច់ច្រើន  -អ្នកញ៉ាំម្ទេសច្រើន  -អ្នកញ៉ាំក្រៀមក្រោះ ខ្វះសម្លទឹក ខ្វះបន្លែ ខ្វះផ្លែឈើ មានជាតិសរសៃ -អ្នកញ៉ាំទឹកតិច -អ្នកឧស្សាហ៍ញុំាផ្លែឈើលេបគ្រាប់ដូចជា គ្រាប់ត្របែក គ្រាប់ទៀប គ្រាប់ព្រីង កំពីងរាជ។ល។ ដែលក្រពះពោះវៀនពុំអាចរំលាយគ្រាប់ផ្លែឈើទាំងនោះបាន។ 5. កត្តាអនាម័យ និងការបន្ទោបង់ -គ្រួសារដែលពុំទាន់មានបង្គន់អនាម័យ ពុំមានទឹកសម្រាប់លាងសំអាតទ្វារលាមក ក្រោយពេលបត់ជើងធំម្តងៗ។ -អ្នកដែលឧស្សាហ៍មានលាមករឹងក្តៀន ឧស្សាហ៍ទល់លាមក អ្នកឧស្សាហ៍រាករូសយូរថ្ងៃ ព្យាបាលពុំជា។ -អ្នកដែលឧស្សាហ៍កិតជូតទ្វារលាមកដោយវត្ថុរឹងៗ ដូចជា ស្មៅ ចំបើង ស្លឹកឈើ មែកឈើ ក្តត្នោត គ្រាប់ត្នោត ឬ ក្រដាសរឹងជាដើម។ 6. កត្តាផ្សេងៗ អ្នកដែលធាត់ អ្នកដែលពុំសូវបានហាត់ប្រាណ ស្ត្រីមានគភ៌ ស្ត្រីឆ្លងទន្លេ តាមធម្មជាតិ (តាមទ្វារមាស)។ 7. កត្តារួមភេទខុសផ្លូវធម្មជាតិ រួមភេទតាមរន្ធគូថ តាមទ្វារធំ (Anal Intercourse) 8. កត្តាជំងឺផ្សេងៗ -អ្នកដែលមានជំងឺក្អករ៉ាំរ៉ៃ -អ្នកដែលលេបថ្នាំផ្សះច្រើន -អ្នកដែលមានជំងឺក្រិនថ្លើម -អ្នកដែលមានជំងឺលើសឈាម -អ្នកស្ទះសសៃឈាមក្នុងថ្លើម -អ្នកធ្លាប់វះកាត់ទ្វារលាមក។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

Share

ហេតុអ្វីមានការឈឺចាប់ និង ឈាមក្រហមស្រស់ពេលបន្ទោបង់ ?   តើលោកអ្នកធ្លាប់មានការឈឺចាប់ និងមានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់ឫទេ ?  ប្រជាជនទូទៅតែងតែយល់ថា រាល់គ្រប់រោគសញ្ញាដែលកើតមាននៅតំបន់ទ្វារលាមកសុទ្ធតែជាជំងឺឫសដូងបាត ។ ក៏ប៉ុន្តែការពិតទៅ មានជំងឺផ្សេងៗទៀតជាច្រើនក្រៅពីជំងឺឫសដូងបាត ។ រោគសញ្ញាខាងលើនេះអាចបណ្ដាលមកពីមូលហេតុជាច្រើន ដែលក្នុងចំណោមនោះការដាច់រលាត់ទ្វារលាមក (Fissure anale) គឺជាមូលហេតុដែលជួបញឹកញាប់ជាងគេ ។  I- តើការដាច់រលាត់ទ្វារលាមក (Fissure anale) ជាអ្វី ? Fissure anale គឺជាការដាច់រលាត់ស្បែកនៃច្រកទ្វារលាមកដែលបង្កឲ្យមានការឈឺចាប់ខ្លាំងនិង មានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់ ។ ជំងឺនេះអាចកើតមានលើមនុស្សប្រុសស្រី គ្រប់វ័យ សូម្បីតែកូនក្មេងតូចៗ ។ II- មូលហេតុនៃការដាច់រលាត់ទ្វារលាមក មូលហេតុសំខាន់ៗមាន3គឺ៖  1-លាមករឹង  2-រាករូសខ្លាំង  3-ស្ត្រីទើបនឹងសម្រាលរួច មូលហេតុកម្រផ្សេងៗទៀតដូចជា៖ ជំងឺកាមរោគ របេង មហារីកបាត រលាកពោះវៀនរ៉ាំរ៉ៃ(Maladie de Cronh) ។ល។ III- តើវាជាជំងឺធ្ងន់ធ្ងរដែរឫទេ ? ភាគច្រើននៃជំងឺនេះមិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ និងអាចព្យាបាលជាសះស្បើយ។ ក៏ប៉ុន្តែអាចកើតមានឡើងវិញ ប្រសិនបើលោកអ្នកមានបញ្ហាក្នុងការបន្ទោបង់ទៀត។ ប្រសិនបើជំងឺនេះទើបតែកើតមាន វាអាចនឹងជាសះស្បើយយ៉ាងងាយ។ ប៉ុន្តែក្នុងករណីដែលលោកអ្នកមានអាការៈបែបនេះជាប់មករហូតចាប់ពីពីរខែឡើងទៅ យើងហៅថាជាការរលាត់ដាច់រ៉ាំរ៉ៃដែលតម្រូវឲ្យមានការព្យាបាលត្រឹមត្រូវ។ IV-ការធ្វើរោគវិនិច្ឆ័យ ដោយសារតែរោគសញ្ញាមានភាពស្រដៀងគ្នារវាងជំងឺផ្សេងៗ នៅនឹងបាត ការធ្វើរោគវិនិច្ឆ័យតម្រូវឲ្យមានការសាកសួរយ៉ាងល្អិតល្អន់គួបផ្សំនឹងការពិនិត្យយ៉ាងម៉ត់ចត់។ រោគសញ្ញាសំខាន់ៗរួមមាន៖ 1- ឈឺចាប់ ឬ ក្រហាយផ្សាពេលកំពុង និងបន្ទាប់ពីបន្ទោបង់ 2- មានឈាមពណ៌ក្រហមស្រស់បន្តិចបន្តួចតាមបាតពេលបន្ទោបង់ 3- រមាស់ទ្វារលាមក V-វិធីព្យាបាល 1-ការព្យាបាលដោយថ្នាំ ការព្យាបាលដោយថ្នាំ គឺជាជម្រើសទីមួយសម្រាប់ការរលាត់ដាច់ថ្មីៗក៏ដូចជារ៉ាំរ៉ៃ។ គោលការណ៍ដែលសំខាន់ជាងគេបំផុតក្នុងការព្យាបាលជំងឺនេះ គឺព្យាបាលមូលហេតុនៃជំងឺ (លាមករឹង រាករូស កាមរោគ របេង ។ល។)។ ហើយក៏មានថ្នាំលាបជួយឲ្យឆាប់សះ និងថ្នាំលេបបំបាត់ការឈឺចាប់។ 2-ការវះកាត់ ការព្យាបាលអាចឈានទៅដល់ការវះកាត់ក្នុងករណី៖ 1-ជំងឺរ៉ាំរ៉ៃមិនជាសះស្បើយ បន្ទាប់ពីការព្យាបាលដោយការប្រើថ្នាំ 2-ការដាច់រលាត់ដែលបង្ករោគ ឬក្លាយជាបូស  3-មានរោគសញ្ញាដែលសង្ស័យថាជាជំងឺមហារីកបាត VI-វិធីបង្ការកុំឲ្យកើតជំងឺនេះ វិធីការពារ គឺការបរិភោគបន្លែផ្លែឈឺ ទឹកស្អាតឲ្យបានច្រើន និងហាត់ប្រាណ ដើម្បីបង្ការលាមករឹង ឬរាក។ សម្រាប់ព័ត៌មានលំអិតបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕  ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖  017 55 33 17 / 070 55 33 17 / 066 55 33 17

Share

ជំងឺឫសដូងបាតគឺជាអ្វី? ជំងឺឫសដូងបាត គឺជាការរីកធំសសៃឈាមវ៉ែននៅក្នុងរន្ធគូថដែលបណ្តាលពីការរលាក ឬដាច់ស្បែកការពារសសៃឈាមវ៉ែនធ្វើឲ្យសសៃឈាមវារីកធំម្តងបន្តិចៗ ហើយវិវឌ្ឈទៅជា​ជំងឺឫសដូងបាតដោយស្វ័យប្រវត្តិ។ ឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងបទពិសោធន៏ពីការព្យាបាលជំងឺឫសដូងបាតជូនអ្នកជំងឺដែលបានមកព្យាបាល នៅគ្លីនិក​ តូច យ៉ាន យើងខ្ញុំចំនួនជាង ៩ពាន់នាក់​ហើយទើបលទ្ធផលសិក្សារកឃើញថា ជំងឺឫសដូងបាត ជាជំងឺរ៉ាំរ៉ៃ ជាប្រភពបង្កឲ្យមាន​ជំងឺផ្សេងៗទៀតជាច្រើន និងប៉ះពាល់ដល់សុខភាពទូទៅយ៉ាងធ្ងន់ធ្ងរបង្កឲ្យកោសិកា ជាលិកា ទូទៅពុល និងមានជំងឺរ៉ាំរ៉ៃដែលអ្នកជំងឺនឹកស្មានមិនដល់ ហើយគ្រូពេទ្យដាក់រោគវិនិច្ឆ័យមិនត្រូវព្យាបាលជំងឺទាំងនោះពុំជា បើពុំបានព្យាបាលជំងឺឫសដូងបាតឲ្យជាមុនទេនោះ។ អាសយដ្ឋាន ៖ ផ្ទះលេខ១៦-១៨ ផ្លូវលេខ ១៦ បុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកអ្នកអាចពិគ្រោះជម្ងឺជាមួយខ្ញុំបាទ វេជ្ជបណ្ឌិត តូច យ៉ាន ដោយផ្ទាល់បានតាមរយះទូរសព្ទ័លេខ ០១២ ៨៥៥ ៩២២/០៧០ ៨៥៥ ៩២២/០៩៧ ៩៧ ៩៧ ៨៨២ ឬតាមទូរសព្ទ័ពិគ្រោះជំងឺ ដោយមិនអស់ប្រាក់លេខ ១៨០០ ២០ ១៩៨៩។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

Share

តាំងពី១៥០០ឆ្នាំមុនគ្រិស្តសករាជ នៅក្នុងគម្ពីរបុរាណអេហ្សីប មានការសរសេរពីជំងឺម៉្យាងដែលអ្នកជំងឺនោមច្រើន និង ស្រេកទឹក។ កាលនោះមិនទាន់មានពាក្យទឹកនោមផ្អែមនៅទ្បើយទេ។ ៤០០ឆ្នាំមុនគ្រិស្តសករាជ Charaka និងShushrata (ពេទ្យល្បីនៅឥណ្ឌា) បានបរិយាយអំពីភាពផ្អែមរបស់ទឹកនោមដែលមានស្រមោចរោម។ Charaka និងShushrataក៏បានបរិយាយផងដែរអំពីអ្នកជំងឺដែលស្រមោចរោមទឹកនោមមានពីរក្រុម៖ ក្រុមមួយធាត់​​ និងចូលចិត្តហូបផ្អែម ឯក្រុមមួយទៀតស្គម។  នៅសតវត្សទី២Aretaeusដែលជាគ្រូពេទ្យរ៉ូមាំងក្រិច(ល្បីខ្លាំងសឹងតែប្រហែលHippocratesដែរ) បានបរិយាយដោយច្បាស់ជាងអ្នកមុនៗអំពីអាការៈអ្នកជំងឺដូចជាស្រេកទឹក នោមច្រើន ខ្វះជាតិទឹកក្នុងខ្លួន ហើអាចស្លាប់។ Aretaeusបានបង្កើតពាក្យទឹកនោមផ្អែម ឬហៅថា Diabetes (ពាក្យនេះមកពីពាក្យក្រិច​ διαβαινω, diabaino)។ នៅសតវត្សទី១៧ Thomas Willisដែលជាកាយវិភាគវិទូ និងជាវេជ្ជបណ្ឌិតដ៏ល្បីនៅកាលនោះ។ មានស្នាដៃជាច្រើនរបស់គាត់ដូចជាការបរិយាយអំពី Circle of Willis និងកាយវិទ្យាផ្សេងៗទៀត។ Thomas Willis បានថែម ពាក្យMellitusទៅលើ Diabetes (Diabetes Mellitus) ដើម្បីសង្កត់ន័យអំពីភាពផ្អែមនៃទឹកនោម។ តែគាត់ក៏នៅតែមិនទាន់អាចពន្យល់បានហេតុអ្វីបានជាទឹកនោមមានរសជាតិផ្អែម។ ជារួមវាហាក់ដូចជាThomas Willisបានរកឃើញជាថ្មីនូវអ្វីដែលCharaka និងShushr-ataបានរៀបរាប់ពី៤០០ឆ្នាំមុនគ្រិស្តសករាជ។ Claude Bernard ជាសរីរៈវិទូ និងអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សែនល្បីជាតិបារាំង បានរកឃើញថា ថ្លើមអាចស្តុកជាតិស្ករ (Glycogens)។ ហើយថ្លើមអាចបញ្ចេញជាតិស្ករមកវិញ ពេលអត់ហូបអាហារ។  នៅឆ្នាំ១៨៦៩ Paul Langerhans (សរីរៈវិទូជាតិអាទ្បឺម៉ង់) បានរៀបរាប់ពីរចនាសម្ព័នរបស់ Islets ក្នុងលំពែង។ ក្រោយមកគេនាំគ្នា សន្មត់ហៅ langerhans islets។  ឆ្នាំ១៨៨៩ Oskar Minkowski (បារាំង) Joseph von Merin (អាទ្បឺម៉ង់) នាក្រុងស្ត្រាសប៊ួរ ប្រទេសបារាំង បានបរិយាយអំពីទំនាក់ទំនងរវាងលំពែង និងជំងឺទឹកនោមផ្អែម។ ពួកគាត់បានពិសោធន៍ដោយកាត់លំពែងសត្វសុនខ ក្រោយមកសុនខទាំងនោះមានទឹកនោមផ្អែម។  នាពាក់កណ្ដាលឆ្នាំ ១៩២១ Frederick Grant Banting (វេជ្ជបណ្ឌិតវះកាត់វ័យក្មេង ជាតិកាណាដា) និង Charles Herbert Best (ជាតិកាណាដា ហើយកាលនោះនៅជានិស្សិត) បានធ្វើការស្រាវជ្រាវ នៅវិទ្យាស្ថានរបស់សាស្ត្រាចារ្យ ល្បីឈ្មោះJohn Macleod (ជាតិស្កត់លែន) នាសាកលវិទ្យាល័យតូរ៉ុនតូ ប្រទេសកាណាដា។ Frederick Grant Banting និង Charles Herbert Best បានចំរាញ់ចេញពីលំពែងសុនខ នូវវត្ថុរាវម៉្យាងដែលអាចព្យាបាលសុនខដែលមានទឹកនោមផ្អែម។ ដល់ចុងឆ្នាំ១៩២១ អ្នកជំនាញគីមីសាស្ត្រ James Collip (កាណាដា) បានចូលរួមក្នុងក្រុម តាមការហៅរបស់John Macleod ហើយធ្វើបន្សុតកម្ម វត្ថុរាវនោះ ដែលក្រោយមក សាស្ត្រាចារ្យJohn Macleod ដាក់ឈ្មោះ Insulin (អាំងស៊ុយលីន)។  ឆ្នាំ១៩២៣គណៈកម្មការណូបែលបានផ្ដល់ជ័យលាភីដល់Frederick Grant Banting និង John Macleod សំរាប់របកគំហើញ។ Frederick Grant Banting ខឹងជាខ្លាំង ដោយគិតថាគាត់គួរបានរង្វាន់ជាមួយCharles Best។ Frederick Grant Banting បានចែកប្រាក់រង្វាន់ជាមួយ Charles Best។ ឯ John Macleod ក៏បានចែកជាមួយ James Collip។  អាំងស៊ុយលីនដំបូង ក្នុងប្រវត្តិសាស្ត្រ! ទិព្វឱសថដែលជួយជីវិតអ្នកជំងឺរហូតមក។  ខែមករា ឆ្នាំ១៩២១ Leonard Thompson (ពេលនោះគាត់អាយុ១៤ឆ្នាំ) ជាអ្នកជំងឺទីមួយក្នុងប្រវត្តិសាស្រ្តដែលបានទទួលការព្យាបាលដោយអាំងស៊ុយលីន។ គាត់រស់នៅរហូតដល់អាយុ២៧ឆ្នាំ មុនពេលគាត់មរណភាពដោយសាររលាកសួត។  ទិវាជំងឺទឹកនោមផ្អែមពិភពលោកប្រារព្ធដើម្បីនាថ្ងៃ១៤ វិច្ឆិការៀងរាល់ឆ្នាំ។ ទិវានេះបង្កើតដោយ International Diabetes Federation នៅឆ្នាំ១៩៩១។ សហពន័្ធជំងឺទឹកនោមផ្អែមអន្តរជាតិ បង្កើតតាំងពីឆ្នាំ១៩៥០ មានសមាគមចំនួន២៣០មកពី១៦០ប្រទេសចូលរួម៕   បកស្រាយដោយ ៖  វេជ្ជបណ្ឌិត ស៊ុំ សត្ថា​ វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ Diabetes Care Center សម្រាប់អត្ថបទ ទាក់ទងនឹងជំងឺទឹកនោមផ្អែម៖  គន្លឹះ៨ចំណុច ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២ និងបង្ការផលវិបាកនានា ជំងឺទឹកនោមផ្អែម និងផលវិបាកទៅលើភ្នែក © 2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

គ្លីនិក តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាត - ព្យាបាលដោយ បច្ចេកទេស វិទ្យាសាស្រ្តថ្មីទំនើប (ចាក់ និងលេបថ្នាំពេទ្យសម័យ មិនបាច់វះកាត់ មិនបាច់សម្រាកពេទ្យ) - ធានាព្យាបាលជាគ្រប់ប្រភេទជំងឺឫសដូងបាត (ទោះបីដុះ៥០ ឬ៦០ឆ្នាំហើយក្តី ឬកំពុងទុំហូរឈាម កំពុងឈឺចាប់ធ្ងន់ធ្ងរក្តី) - ព្យាបាលរយៈពេលខ្លី (៣ទៅ៥ថ្ងៃយ៉ាងយូរបំផុត ធានាមិនដុះវិញ) - ព្យាបាលរួចចេញប័ណ្ណធានារ៉ាប់រងជូនអ្នកជំងឺធានាជូនមួយជីវិត  - ក្នុងរយៈពេលព្យាបាល អ្នកជំងឺ ពុំមានការឈឺចាប់ អាចដេក ដើរ ឈរ អង្គុយ ហូបចុក លក់ដូរ ធ្វើការងារបានដូចធម្មតា មិនបាច់សម្រាកពេទ្យ។ - ពិនិត្យ ពិគ្រោះ ថត ជំងឺឫសដូងបាត ម្នាក់តម្លៃ ៥$(២០០០០រៀល)។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត - លោក លោកស្រី អាចពិនិត្យ ពិគ្រោះ ថត ជំងឺឫសដូងបាត ជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន ដោយផ្ទាល់ ឬ តាមរយៈទូរស័ព្ទលេខ Tel: 012 855 922 /070 855 922 /016 955 822/097 97 97 882  ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989 ឬ មកកាន់ផ្ទះលេខ 16-18 ផ្លូវលេខ16 ក្នុងបុរីពិភពថ្មី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទីកន្លែងព្យាបាលជំងឺឫសដូងបាត -សាខាទី១ ៖ គ្លីនិក តូច យ៉ាន ផ្ទះលេខ ១៦-១៨ ផ្លូវលេខ១៦ក្នុងបុរីពីភពថ្មីទី១ ភូមិត្រពាំងថ្លឹង ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ -សាខាទី២ ៖ ផ្ទះលេខ៨ ផ្លូវលេខ៧ ក្នុងបូរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ -សាខាទី៣ ៖ ផ្ទះលេខ៤ ផ្លូវលេខ១ ក្នុងបុរីពីភពថ្មី កាំបូល ជាប់ផ្លូវជាតិលេខ៤ ភូមិកាំបូល សង្កាត់កាំបូល ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ -សាខាទី៤ ៖ ផ្ទះលេខ៤៥ ផ្លូវចូលវត្តសុភាឃួន ក្នុងបុរីលឹមឈាងហាក់ ពោធិចិនតុង ទល់មុខព្រលានយន្តហោះភ្នំពេញ  ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍នសែនជ័យ រាជធានីភ្នំពេញ -សាខាទី៥ ៖ ផ្ទះលេខ៤២ កែងផ្លូវហាណូយ ជាប់ហាងសាំង កាល់តិច(ផ្លូវ ផ្សារដីហុយ) ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពិនិត្យ ពិគ្រោះ ថតជំងឺឫសដូងបាត ម្នាក់តម្លៃ ៥$  (២០០០០រៀល) ទូរស័ព្ទលេខ Tel: 012 855 922 /070 855 922 /016 955 822/097 97 97 882 លោក លោកស្រី អាចទូរស័ព្ទពិគ្រោះជំងឺផ្ទាល់ ជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាត តាមរយៈទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989 (គ្មានអ្នកណាដឹងពីការឈឺចាប់ ការលំបាក ជាជាងអ្នកជំងឺខ្លួនឯងនោះទេ)

Share

បញ្ហាជ្រុះសក់ នាពេលបច្ចុប្បន្ន មានការកើតឡើងច្រើនក្នុងប្រទេសកម្ពុជាយើង ហើយវាកើតមានចំពោះមនុស្សគ្រប់វ័យទាំងអស់។ សូម្បីទារកអាយុក៣ទៅ៤ខែក៏ជួបបញ្ហានេះដែរ តែមូលហេតុនៃការជ្រុះសក់របស់ពួកគាត់បណ្ដាលមកពីទទួលអ័រម៉ូនពីម្ដាយតាំងពីគាត់នៅក្នុងផ្ទៃ។ យ៉ាងណាមិញ ចំណុចគួរកត់សម្គាល់នោះ គឺមូលហេតុភាគច្រើននៃការជ្រុះសក់របស់មនុស្សធំនាពេលបច្ចុប្បន្ន ដោយសារតែការប្រើប្រាស់គ្រឿងសម្អាងតុបតែងសក់ និងបញ្ហាស្ត្រេសរបស់ពួកគាត់។  ដើម្បីចង់ដឹងថាអ្នកមានបញ្ហាសក់ជ្រុះដែលត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រាន់តែជាការជ្រុះសក់ធម្មជាតិនោះ ជាដំបូង ត្រូវយល់ដឹងពីវដ្តជីវិតសក់ជាមុនសិន៖  ១. វគ្គ Anagen មានរយៈពេល១ ទៅ៥ឆ្នាំជាដំណាក់កាលដែលសក់លូតលាស់។ ប្រសិនបើអ្នកមានសក់ជ្រុះនៅដំណាក់កាលនេះត្រឹម៥ទៅ១០សរសៃពេលច្បូតសក់ម្ដងនោះ អ្នកត្រូវទៅជូបនឹងគ្រូពេទ្យហើយ ព្រោះការជ្រុះសក់នៅដំណាក់កាលនេះ សក់ពិបាកនិងដុះឡើងវិញប្រសិនបើគ្មានការព្យាបាល។ ២. វគ្គ Catagen មានរយៈពេល៤ ទៅ៦សប្ដាហ៍ជាដំណាក់កាលដែលសក់អ្នកនៅហ្នឹង។  ៣. វគ្គ Telogen ជាដំណាក់កាលដែលសក់ជ្រុះ។ ដំណាក់កាលនេះសក់អ្នកអាចនឹងជ្រុះពី៥០ទៅ១០០សរសៃក្នុងមូយថ្ងៃជារឿងធម្មតា បើអ្នកច្បូតសក់ឃើញសក់របស់អ្នកជ្រុះប្រមាណត្រឹម៧ទៅ៨សរសៃក៏ជាការធម្មតាដែរ។ ប៉ុន្តែ បើអ្នកសង្កេតឃើញថាវាជ្រុះច្រើនជាងនេះអ្នកមានបញ្ហាសក់ជ្រុះដែលត្រូវព្រួយបារម្ភហើយ។ បញ្ហាដែលបណ្ដាលឲ្យសក់ជ្រុះមានច្រើន ប៉ុន្តែកត្តាចំបងដែលបណ្ដាលឲ្យសក់ជ្រុះមានដូចជា៖ -បញ្ហាស្ត្រេស៖ ទាំងផ្លូវកាយ និងផ្លូវចិត្តដែលជម្រុញឲ្យវដ្តនៃការលូតលាស់នៃសក់មានរយៈខ្លី និងឆាប់ជ្រុះ។ -កត្តាបុរស ឬតំណពូជ៖ បង្កឡើងដោយសារអ័រម៉ូនអង់ដ្រូសែនដែលមានច្រើនពេលមនុស្សពេញវ័យ។ វាបណ្ដាលឲ្យសក់ជ្រុះនៅម្ដុំខាងមុខ និងកណ្ដាល។ ចំពោះមនុស្សស្រីវិញអាចជាកត្តាតំណពូជ សក់ជ្រុះពេលអស់រដូវដោយសារការប្រើប្រាស់ថ្នាំពន្យាកំណើត ឬក្រោយពេលសម្រាល។ -ការខ្វះអាហារូបត្ថម្ភ៖ បញ្ហានេះក៏បណ្ដាលឲ្យសក់ជ្រុះដែរ ដូចជាកង្វះវីតាមីន B12 ជាតិដែក ស័ង្កសី និងខ្វះប្រូតេអ៊ីនដោយសារទម្លាប់មិនបរិភាគសាច់ប្រចាំថ្ងៃ។  -ជំងឺក្រពេញ៖  ជំងឺក្រពេញមួយចំនួនក៏អាចឲ្យមានបញ្ហានេះដែរ ដូចជាជំងឺទឹកនោមផ្អែម ជំងឺពកកជាដើម។  -ការប្រើប្រាស់ថ្នាំ៖  ថ្នាំព្យាបាលជំងឺឈាមខាប់ដូចជា ​អាស្ពឺរីន(Aspirin) ​អរប៉ារីន(Heparin) និងថ្នាំព្យាបាលជំងឺបេះដូង បេតាប្លុកខឺ( Betabloc​-ker)ក៏ជាមូលហេតុមូយដែរ ការព្យាបាលដោយចាក់គីមី (Chemical therapy) សម្រាប់អ្នកជំងឺមហារីកក៏អាចឲ្យជ្រុះសក់បានដែរ។  -កត្តាជំងឺ៖ ជំងឺផ្លូវចិត្ត(Trichotillomania)ជាជំងឺដែលតែងកើតលើក្មេងអាយុក៨ទៅ១៣ឬ១៤ឆ្នាំដោយអ្នកជំងឺចូល​ចិត្តបោចសក់ខ្លួនឯង ហើយគេអាចដឹងបានដោយសារសក់របស់គេបាត់នៅដំណាក់កាលផ្សេងៗគ្នា ជំងឺផ្សិតដែលឲ្យសក់ដាច់មួយកំណាត់ជំងឺប្រព័ន្ធភាពសុំាដូចជាជំងឺលុយពីស(lupus)ដែលកើតឡើងដោយសារវត្តមានគោលិកាឈាមសច្រើននៅតាមស្បែកក្បាលដែលនាំឲ្យរលោកគល់រោម ហើយអាចឲ្យដំបៅពិបាកនឹងព្យាបាល និងជំងឺដំពកច្រើននៅដៃស្បូន(Polycystic ovarian)។  -ការតុបតែងសក់៖  ទម្លាប់បែបនោះក៏អាចបណ្ដាលឲ្យសក់ជ្រុះដូចជាការចងសក់តឹងពេកជាដើម។  ការធ្វើរោគវិនិច្ឆ័យ ដើម្បីធ្វើរោគវិនិច្ឆ័យលើសក់ជ្រុះនេះមានច្រើន ដូចជាការពិនិត្យលើស្បែកក្បាលពិនិត្យឈាម ពិនិត្យសក់ ឆ្លុះអេកូ និងថតកាំរស្មី។ ប៉ុន្តែ ករណីសក់ជ្រុះរបស់មនុស្សប្រុសដោយសារតែអ័រម៉ូនមិនចាំបាច់ធ្វើការពិនិត្យទេ។ ចំពោះការពិនិត្យស្បែកក្បាល៖  ១.រកមើលពីវត្តមានអង្គែ -បើអង្គែរាយប៉ាយត្រូវរកមើលរកមើលនៅតាមត្រចៀក និងមុខទៀត នេះជាសញ្ញានៃជំងឺស្ត្រេស និងSeborrehic dermatitis -បើអង្គែនៅជ្ដុំៗគ្នាគេត្រូវរកវត្តមានរបស់ផ្សិតដោយការធ្វើតេស្តរហ័ស និងបណ្តុះផ្សិតនោះដើម្បីរកថា ថ្នាំប្រភេទណាអាចសម្លាប់វាបាន។  -រកមើលដំបៅព្រោះវាអាចជាជំងឺលុយពីស(Lupus) ជំងឺផ្សិតរុំារៃ ឬបូស។  ២. ចំពោះការពិនិត្យសក់ -ធ្វើTricogramaគឺ គ្រូពេទ្យនឹងដកសក់អ្នកប្រមាណ៥០សរសៃទៅពិនិត្យថាតើអ្នកមានសក់ចំនួនប៉ុន្មានខ្លះក្នុងដំណាក់កាលនីមួយៗនៃវដ្តជីវិតរបស់សក់  -ដកសក់យកទៅបណ្តុះរកផ្សិត។ ចំពោះការពិនិត្យរកមើលគ្រាប់ឈាមមានថាតើមានខ្វះឈាមទេរកបរិមាណអ័រម៉ូន ពិសេសអ័រម៉ូនទីរ៉ូអ៊ីត រាប់ចំនួនស័ង្កសី ដែក វត្តមាននៃអង់ទីករ និងវត្តមានមេរោគជំងឺស្វាយ។ ៣. ចំពោះការពិនិត្យអេកូ - មនុស្សស្រី ៖ រកមើលពីដុំពកនៃដៃស្បូន (Polycystic ovarian) -មនុស្សប្រុស ៖ រកមើលពីសភាពប្រូស្តាតរបស់អ្នក។ ៤. ចំពោះការពិនិត្យកាំរស្មី គឺរកមើលពីសុខភាពសួតរបស់អ្នកជំងឺ។ ការព្យាបាល បញ្ហាភាគច្រើនត្រូវធ្វើការព្យាបាលមូលហេតុដើមដែលបណ្ដាលឲ្យសក់ជ្រុះនោះដូចជាស្ត្រេស ជំងឺ លុយពីស (Lupus) ជំងឺផ្សិតបញ្ហាខ្វះប្រូតេអ៊ីន ខ្វះវីតាមីនខ្វះគ្រាប់ឈាម ជំងឺក្រពេញដូចជា ជំងឺទឹកនោមផ្អែម ជំងឺពកក។  បញ្ហាជ្រុះសក់របស់មនុស្សប្រុស (Androgenic alopecia) ការព្យាបាលត្រូវការរយៈពេលប្រហែល១ឆ្នាំ ហើយគ្រូពេទ្យណែនាំឲ្យប្រើថ្នាំបាញ់ដូចជា Minoxidil ព្រមទាំងអាចឲ្យប្រើផ្គួបជាមួយថ្នាំលេច Finasteride ហើយក៏អាចមានវិធីផ្សេងៗទៀត ដូចជាការដាំសក់ជាដើម។  បញ្ហាជ្រុះសក់លើស្ត្រី ករណីជ្រុះសក់ដោយសារបម្រែបម្រួលអ័រម៉ូនខុសធម្មតាពីវ័យក្មេងគ្រូពេទ្យនឹងធ្វើការព្យាបាលអ័រម៉ូនទៅក្នុងកម្រិតធម្មតាវិញ។ ករណីស្ត្រីអស់រដូវគ្រូពេទ្យនឹងព្យាបាលដោយបន្ថែមអ័រម៉ូន​ឲ្យគាត់វិញ។ រីឯស្ត្រីដែលជ្រុះសក់ដោយសារតែការប្រើប្រាស់ថ្នាំពន្យាកំណើតពួកគាត់ត្រូវទៅជួបជាមួយគ្រូពេទ្យសម្ភព ដើម្បីផ្លាស់ប្ដូរថ្នាំប្រើវិញ។ ករណីជ្រុះសក់ក្រោយសម្រាលវាជារឿងធម្មតា និងមិនត្រូវការព្យាបាលទេព្រោះសក់នឹងឈប់ជ្រុះហើយដុះវិញក្នុងរយៈពេល៣ខែក្រោយពេលសម្រាល។  វិធីបង្ការ ការរក្សាអនាម័យខ្លួនប្រាណជាការសំខាន់ក្នុងការការពារពីការឆ្លងពីពពួកមេរោគផ្សិត ជាពិសេសកុមារដែលមិនទាន់ចេះរក្សាអនាម័យខ្លួនឯង។ មួយវិញទៀត ចំពោះអ្នកសម័យថ្មីដែលចូលចិត្តតុបតែងសក់នោះគួរជ្រើសរើសការតុបតែងបែបណាមិនផ្ដល់សម្ពាធដល់សក់ខ្លាំងពេកដូចជាការទាញសក់ជាដើម ឯការសម្ងួតសក់ក៏គួរកាត់បន្ថយខ្លះដែរ ព្រោះវាក៏ជាកត្តាដែលបណ្ដាលឲ្យជ្រុះសក់ផងដែរ។ លើសពីនេះ ការប្ដូរពណ៌សក់បើទោះជាលាបពណ៌សក់ខ្មៅក៏ដោយ អ្នកគួរជ្រើសរើសផលិតផលដែលត្រូវនឹងស្បែកក្បាលរបស់អ្នក ចៀសវាងការប្ដូរម៉ាកផលិតផលតាមគ្នា ព្រោះវាក៏អាចបំផ្លាញសក់អ្នកដែរ។  ជាចុងក្រោយ លោកសាស្ត្រចារ្យសូមផ្ដាំផ្ញើទៅអ្នកដែលមានសក់ជ្រុះទាំងអស់ថា ការព្យាបាលបញ្ហានេះ ត្រូវព្យាបាលពីមូលហេតុខាងដើមជាមុនសិន ដូចនេះ អ្នកជំងឺគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញព្រោះការប្រើប្រាស់ថ្នាំបាញ់តែមួយមុខអាចនឹងមិនគ្រប់គ្រាន់សម្រាប់ការព្យាបាលបញ្ហារបស់អ្នក។    បកស្រាយដោយ ៖ លោកសាស្ត្រចារ្យ  ម៉ី ស៊ីថាច  បម្រើការនៅមន្ទីរពេទ្យព្រះកុសមៈ ជាប្រធានផ្នែកនៃមន្ទីរពេទ្យ និងជាប្រធានផ្នែកជំងឺសើស្បែកនៃសាកលវិទ្យាសាស្ត្រសុខាភិបាល និងទទួលបន្ទុកបណ្តុះបណ្ដាលជំងឺសើស្បែក។  ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មុននឹងធ្វើការបកស្រាយខ្ញុំបាទសូមអភ័យទោសចំពោះមិត្តសុភាពនារីទាំងឡាយនូវពាក្យពេចន៍ប្រើប្រាស់ក្នុងអត្ថបទនេះអាចនឹងមិនពិរោះស្ដាប់តែវាជារឿងសំខាន់មួយដែរនៅក្នុងសង្គមគ្រួសារសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរយល់ដឹង។ បញ្ហាផ្លូវភេទជារឿយៗជាប្រធានបទហាមឃាត់ហើយបុរសជាច្រើនមានបញ្ហាក្នុងការនិយាយអំពីពួកគាត់។ទោះជាយ៉ាងណាក៏ដោយ ការនិយាយ ជាមួយអ្នកជំនាញថែទាំសុខភាពអំពីវា អាចជួយ លោកអ្នកឲ្យដឹងបន្ថែមអំពីជម្រើសនៃការព្យាបាលនិងវិធីបញ្ឈប់ស្ថានភាពដ៏អាក្រក់ដែលកើតឡើង។ជាក់ស្តែងជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារនៃកម្សោយផ្លូវភេទរបស់បុរសពី 50% ទៅ 60%ក្នុងពេលម្តង ឬច្រើនដង នៅពេលដែល ជំងឺវិវឌ្ឍទៅមុខ ហើយវាកើតឡើងមុន10 ទៅ 15 ឆ្នាំជាងបុរសដែលគ្មានជំងឺទឹកនោមផ្អែម។ តើជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារផ្លូវភេទយ៉ាងដូចម្តេច? ជំងឺទឹកនោមផ្អែមអាចមានផលប៉ះពាល់អវិជ្ជមានច្រើនចំពោះមុខងារផ្លូវភេទរួមមាន: •ប្រព័ន្ធអ័រម៉ូនដែលគ្រប់គ្រងការផលិតតេស្តូស្តេរ៉ូន(Testosterone) គឺជាអ័រម៉ូនចំណង់ផ្លូវភេទដែលអត្រាអាចធ្លាក់ចុះ •ប្រព័ន្ធសរសៃប្រសាទ(ញាណដឹង)ដែលអាចថយចុះផ្លូវភេទប្រសិនបើអ្នកជំងឺមានការខូចខាតសរសៃប្រសាទ(Neuropathy) ដែលជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែម •ប្រព័ន្ធសរសៃឈាមអាទែរបស់លិង្គ អាច ដំណើរការមិនល្អ ឬស្ទះ •ប្រព័ន្ធភាពស៊ាំដែលបណ្តាលឲ្យបុរសកើតជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់នៃការឆ្លងមេរោគ ដូចជាមេរោគផ្សិតទៅ​លើស្បែកគ្របក្បាលលិង្គ។ ភាពកម្សោយផ្លូវភេទ ជំងឺទឹកនោមផ្អែមគឺជាមូលហេតុចម្បងនៃជំងឺខ្សោយផ្លូវភេទ(លិង្គ)។ហេតុដូច្នេះបញ្ហាខ្សោយផ្លូវភេទគឺជាបញ្ហាចំណង់សិចដែលជាញឹកញាប់ជួបប្រទះនឹងបុរសដែលមានជំងឺទឹកនោមផ្អែម។​ភាពកម្សោយផ្លូវភេទមានផលប៉ះពាល់អវិជ្ជមានទៅលើគុណភាពជីវិតរបស់បុរសដោយមិនគិតពីអាយុនិងអាចជាសញ្ញាដំបូងនៃជំងឺសរសៃឈាមបេះដូង។នោះហើយជាមូលហេតុសំខាន់ក្នុងការពិភាក្សាជាមួយអ្នកជំនាញថែទាំសុខភាព។ កត្តាហានិភ័យ •អាយុ  •រយៈពេលនៃការកើតជំងឺទឹកនោមផ្អែម  •ព្យាបាលជំងឺទឹកនោមផ្អែមមិនបានល្អ  •ជក់បារី  •លើសសម្ពាធឈាម •លើសជាតិខ្លាញ់ក្នុងឈាម •កង្វះអ័រម៉ូន អង់ដ្រូសែន( Androgen ជាអ័រម៉ូនភេទបុរស)  •ជំងឺសរសៃឈាមបេះដូង។ មូលហេតុ ដោយសារជំងឺទឹកនោមផ្អែមជំរុញឲ្យមានភាពរឹងក្រិននៃសរសៃឈាម (Atherosclerosis) និងលិង្គត្រូវបាន​ចញ្ចឹមដោយសរសៃឈាមតូចៗ ហើយសរសៃឈាមទាំងនេះត្រូវបានប៉ះពាល់។ នៅពេលដែលលំហូរឈាមមិនបានល្អ បញ្ហាខ្សោយផ្លូវភេទអាចលេចឡើង។ លើសពីនេះទៅទៀត ជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងមិនបានល្អអាចស្ទះសសៃឈាមអាកទែរបស់លិង្គ និងនាំឲ្យមានផលវិបាកដែលប៉ះពាល់ដល់សរសៃប្រសាទរបស់លិង្គ។ ដូច្នេះ ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យខូចសរសៃឈាមនិងសរសៃប្រសាទដែលរារាំងការឡើងរឹងរបស់លិង្គ។​បើទោះបីជាលោកអ្នកមានអ័រម៉ូនបុរសធម្មតា ហើយមានចំណង់ រួមភេទក៏ដោយ ក៏លោកអ្នកនៅតែមិនអាចទទួលបានលិង្គ ឡើងរឹងដែរ។ ទិដ្ឋភាពផ្លូវចិត្តរបស់ជំងឺទឹកនោមផ្អែមក៏អាចជះឥទ្ធិពលដល់មុខងារផ្លូវភេទដែរដូចជាភាពតក់ស្លុតនៃការធ្វើរោគវិនិច្ឆ័យ ការព្រួយបារម្ភអំពីជំងឺជាដើម។ ការព្យាបាល ជាការសំខាន់ណាស់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ការធ្វើរោគវិនិច្ឆ័យបញ្ហាផ្លូវភេទនិងស្វែងរកការព្យាបាលដ៏សមស្រប។ពេលខ្លះ ថ្នាំSildenafil(Viagra®), Vardenafi(Levitra®),Tadalafil​(Cialis®)នឹងត្រូវចេញវេជ្ជបញ្ជា។មានវិធីជាច្រើនដើម្បីមានជីវិតផ្លូវភេទឲ្យសកម្មធម្មតាទោះបីជាមានបញ្ហាផ្លូវភេទក៏ដោយ។ចិត្តវិទូឬអ្នកឯកទេសខាងសិចអាចជួយលោកអ្នកបាន។ចូរពិភាក្សាអំពីបញ្ហានេះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក!!! វិធីការពារ ការណែនាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ភាពចាស់ជរា​ និងជំងឺទឹកនោមផ្អែមលើសកម្មភាពផ្លូវភេទ និងបង្ការជំងឺប្រព័ន្ធសរសៃប្រសាទ មានដូចជា៖ •គ្រប់គ្រងជាតិស្ករ ខ្លាញ់ក្នុងឈាមឲ្យបានល្អ •ទទួលយករបៀបរស់នៅដែលមានសុខភាពល្អ៖ បញ្ឈប់ការជក់បារីរក្សាទម្ងន់ឲ្យបានល្អធ្វើលំហាត់ប្រាណចៀសវាងការផឹកស្រាច្រើនហួសប្រមាណ ថែរក្សាជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុខដុមរមនាជាមួយសកម្មភាពផ្លូវភេទ ជាទៀងទាត់ និងរៀនបន្ធូរភាពតានតឹង (Stress)៕ បកស្រាយដោយ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាវេជ្ជបណ្ឌិតនៃគ្លីនិកវេជ្ជបណ្ឌិត នៅ គីមសាន ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ការព្យាបាលជំងឺមហារីកពោះវៀនធំនៅតែទាមទារអនុវត្តឡើងតាមវិធីសាស្រ្តផ្សេងៗបើទោះបីភាគរយនៃអត្រាការរស់រាន់មានជីវិត ៥ឆ្នាំពឹងផ្អែកលើដំណាក់កាលនៃជំងឺតួយ៉ាង៖ •ដំណាក់កាលទី I៖ ក្នុងអត្រាច្រើនជាង ៩០% •ដំណាក់កាលទី II៖ ក្នុងអត្រា ៧០% - ៨៥% •ដំណាក់កាលទី III៖ ក្នុងអត្រា ២៤% - ៥៩% •ដំណាក់កាលទី IV៖ ក្នុងអត្រាតិចជាង ៥% វិធីសាស្រ្តនៃការព្យាបាលជំងឺ ការព្យាបាលជំងឺមហារីកពោះវៀនធំពឹងផ្អែកលើទីតាំងនៃមហារីកនិងដំណាក់កាលជំងឺនីមួយៗ។សម្រាប់ដំណាក់កាលដំបូង ការព្យាបាលអាចធ្វើឡើងដោយការកាត់ចេញនូវ​ជាលិ​កាមហារីក និងកែប្រែសុខភាពឡើងវិញ ចំណែកគោលបំណងចម្បងនៃការព្យាបាលចំពោះជំងឺក្នុងដំណាក់កាលធ្ងន់ធ្ងរគឺ​ផ្តោត​សំខាន់ទៅលើការថែទាំ(ដើម្បីបង្កើនគុណភាពជីវិត​​រប​ស់​​អ្នកជំងឺដោយគ្រប់គ្រងការឈឺចាប់ និងភាពគ្មានផា​សុក​ភាព) ជាជាងការព្យាបាល។ ជម្រើសនៃការព្យាបាលនៃជំងឺមហារីកពោះវៀនធំអាចធ្វើឡើងតែឯងឬរួមបញ្ចូលគ្នាពីវិធីសាស្រ្តទាំងបួនខាងក្រោមដូចជា៖ 1- ការវះកាត់ (ជាជម្រើសការព្យាបាលដែលពេញនិយម) ក្នុងដំណាក់កាលដំបូងនៃជំងឺការកាត់ចេញនៅទីតាំងផ្ទាល់អាចធ្វើឡើងអំឡុងពេលថតឆ្លុពោះវៀន(colonoscopy)ដើម្បីយកចេញនូវដុំ polypឬដុំមហារីកតូចៗ។ប្រសិនដុំមហារីកមានសភាពធំត្រូវទាមទារឲ្យមានការកាត់ផ្នែកខ្លះនៃពោះវៀនធំដែលមានដុំមហារីកតាមរយៈការវះកាត់ដោយចំហ ឬវិធីសាស្រ្តទំនើបដោយប្រើប្រាស់ឧបករណ៍ជំនួយជាប្រព័ន្ធកាមេរ៉ា និងឧបករណ៍តូចៗសម្រាប់ចាក់បញ្ចូលហៅថា Laparoscopic surgery។ ការវះកាត់បែបនេះ គឺដើម្បីយកចេញនូវជាលិកាដែលមានដុំមហារីក ជាលិកាដែលនៅក្បែរ និងក្រពេញទឹក​រងៃ​ (lymph nodes) បន្ទាប់មកនឹងមានការភ្ជាប់សារជាថ្មីនូវចុងកោសិកាពោះវៀនដែលមានសុខភាពល្អ។ ក្នុងករណីចុងពោះវៀនត្រូវការពេលមួយរយៈសម្រាប់ជាសះស្បើយឬអ្នកជំនាញមិនអាចធ្វើការភ្ជាប់ពោះវៀនធំឡើងវិញ នោះការចោះចុងពោះវៀននឹងត្រូវធ្វើឡើង (Colostomy)។ ដំណើរការនេះជាការបើកចុងពោះវៀនហៅថាstomaនៅលើ ពោះដើម្បីអនុ-ញ្ញាតឲ្យកាកសំណល់ពីពោះវៀនធំអាចស្តុកទុកក្នុងថង់ដែលបានដាក់បញ្ចូល(Colostomy bag)។ ការដាក់បញ្ចូល colostomy bag អាចធ្វើឡើងជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ ដែលបញ្ហានេះនឹងត្រូវធ្វើការបកស្រាយក្នុងទស្សនា​វដ្តីហេលស៍ថាមនៅលេខក្រោយ។ 2- ការព្យាបាលបែបគីមី (Chemotherapy) ជាការប្រើឱសថប្រឆាំងមហារីកដើម្បីសម្លាប់កោសិកាមហា​រីក។ឱសថធ្វើការជ្រាបចូលទៅក្នុងចរន្តឈាមនិងមានឥទ្ធិ​ពលទៅលើកោសិកាមហារីកពេញរាងកាយ ដោយគេអាចប្រើប្រាស់ក្រោមទម្រង់ជាការលេប ឬចាក់តាមសរសៃវ៉ែន។  3- ការព្យាបាលឲ្យចំគោលដៅ (Targeted Cancer Therapy) សម្រាប់ជំងឺមហារីកពោះវៀនធំដែលបានរាលដាលគួរទទួលបានការព្យាបាលជាប្រភេទឱសថ ឬសារធាតុដែលទៅបញ្ឈប់​ការលូតលាស់ និងការរីករាលដាលនៃមហារីក ដោយវាមានសកម្មភាពទៅរំខានដល់ម៉ូលេគុលពិសេសសម្រាប់ការលូត លាស់ និងរាលដាលនៃដុំមហារីក។  4- ការព្យាបាលដោយកាំរស្មី (Radiation therapy) ជាការប្រើប្រាស់កាំរស្មីកម្រិតខ្ពស់ក្នុងការសម្លាប់កោសិកាមហារីកដោយវាមានឥទ្ធិពលតែនៅលើតំបន់ដែលមានកោសិកាមហារីកប៉ុណ្ណោះ។ជាទូទៅការព្យាបាលដោយកាំរស្មីអាចធ្វើឡើងអំឡុងពេលជាមួយគ្នានៃការព្យាបាលបែបគីមីហើយវាអាចអនុវត្តសម្រាប់ការព្យាបាលជំងឺមហារីកចុងពោះវៀនធំផងដែរ។ ការព្យាបាលដោយកាំរស្មីត្រូវបានចែកចេញជាពីរ៖  •ខាងក្រៅ (External)៖ ជាការប្រើប្រាស់ម៉ាស៊ីនដើម្បីបញ្ចូលកាំរស្មីទៅកាន់តំបន់នៃជំងឺ។ •ខាងក្នុង (Internal)៖ បញ្ចូលសារធាតុកាំរស្មីតាមរយៈការសកបញ្ចូលទៅតំបន់មហារីក ដោយប្រើប្រាស់ ម្ជុល បំពង់ ខ្សែ និងម្ជុល Catheter។  ផលវិបាកនៃជំងឺ ផលវិបាកនានានៃជំងឺមហារីកពោះវៀនធំអាចនឹងកើតឡើងមានសភាពធ្ងន់ធ្ងរនិងទាមទារការព្យាបាលឲ្យបានទាន់​ពេលវេលា មុនពេលបញ្ហាមួយចំនួនស្តែងចេញដូចជា៖ •ស្ទះពោះវៀន (ផ្នែកខ្លះ ឬទាំងអស់) •ហូរឈាមក្នុងពោះវៀន •ខ្វះឈាម (ថយចុះកម្រិតអេម៉ូក្លូប៊ីន) ដោយសារតែមានការហូរឈាមក្នុងក្រពះ •ដាច់រហែកពោះវៀន (ដាច់រហែកផ្នែកជញ្ជាំងពោះវៀននៅតំបន់មហារីក)។ ការស្វែងរកការពិនិត្យឲ្យបានឆាប់រហ័សពីវេជ្ជបណ្ឌិតផ្នែកមហារីកឬគ្រូពេទ្យវះកាត់ខាងពោះវៀនជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការបញ្ចៀសបញ្ហាដែលអាចនឹងកើតមានឡើងតាមការរៀបរាប់ខាងលើ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មនុស្សមួយចំនួនមានការយល់ច្រឡំរវាងផ្នែកប្រព័ន្ធប្រសាទនិងផ្នែកផ្លូវចិត្ត។ដោយឡែកផ្នែកប្រព័ន្ធប្រសាទគឺជាជំងឺទាំងឡាយណា ដែលទាក់ទងទៅនឹង ការខូចខាតដល់មជ្ឈមណ្ឌលប្រសាទកណ្តាល ប៉ះពាល់ដល់បរិប្រសាទ(សរសៃប្រសាទតូចៗ)រំខានដល់មុខងារ៤ធំៗ ក្នុងផ្នែកប្រព័ន្ធប្រសាទ៖ •មុខងារជាន់ខ្ពស់៖ សម្រាប់គិតគូរ ពិចារណា លើភាពសប្បាយរីករាយ ថ្លឹងថ្លែងអារម្មណ៍  •មុខងារចលនា៖ រាល់ចលនា សកម្មភាពរាងកាយទាំងអស់ ស្ថិតនៅក្រោមការបញ្ជារបស់ ប្រព័ន្ធប្រសាទកណ្តាល •មុខងារនៃការដឹង៖ ដឹងដោយអារម្មណ៍ ឬ ដោយការប៉ះ ទាក់ទងនឹងការដឹងដោយញាណ •មុខងារលំនឹងនិងការសម្របសម្រួល។ ចំណោមបញ្ហាដែលអាចប៉ះពាល់ដល់មុខងារចលនា ត្រូវបានស្តែងឡើងជាច្រើនប្រភេទ ដែល Ministroke ក៏ជាជំងឺមួយអាចរំខានដល់មុខងារនេះផងដែរ។ តើអ្វីជា Ministroke?  Ministroke ឬក្នុងភាសាបច្ចេកទេសហៅថា Transient Ischemic Attack (TIA) ជាការស្ទះសរសៃឈាមបណ្តោះអាសន្នមានន័យថាវាជាលទ្ធផលដែលកើតឡើងនៅពេលដែលមានការថយចុះនូវបរិមាណឈាម ដោយសារតែការស្ទះ នៃសរសៃឈាមតូចៗដែលទៅចិញ្ចឹមផ្នែកណាមួយនៃខួរក្បាលក្នុងរយៈពេលខ្លី ឬបណ្តោះអាសន្ន(២៤ម៉ោង) នាំឲ្យមានការខូចខាតទៅលើសាច់ខួរក្បាល និងមិនអាចត្រឡប់មករកសភាពធម្មតាវិញបានទេ។ មូលហេតុ និងកត្តាជំរុញ វាមានមូលហេតុជាច្រើនដែលចូលរួមបង្កជាបញ្ហានេះ តែតាមការសិក្សាសង្កេតឃើញថា ការលើសសម្ពាធឈាមគឺជា ភ្នាក់ងារចម្បងដែល បង្កឲ្យមានMinistrokeនេះឡើង។ ក្រៅពីនេះមានកត្តាផ្សេងទៀតដូចជា៖ •កំណកឈាម ដែលភាគច្រើនបង្កឡើងដោយ ជំងឺបេះដូង ជាពិសេសអ្នកដែលមានជំងឺជាំសាច់ដុំបេះដូង (Myocardial Infarction)ដោយបង្កើតបានជាកំណកឈាមហើយអណ្ដែតចូលទៅក្នុងសរសៃឈាម តូចៗ ដែលទៅចិញ្ចឹមខួរក្បាល។ •ការរួមត្បៀតនូវសរសៃឈាមក្នុងខួរក្បាលដែលបណ្ដាលមកពីកត្តាមួយចំនួនដូចជា៖  - ជំងឺសរសៃឈាមតំណពូជ - អ្នកដែលមានវ័យចំណាស់ - អ្នកជំងឺទឹកនោមផ្អែម  - បុគ្គលដែលមានលើសជាតិខ្លាញ់ក្នុងឈាម ជាដើម…ដែលបញ្ហាទាំងនេះធ្វើឲ្យខូចនូវរចនាសម្ព័ន្ធរបស់សរសៃឈាមក៏ដូចជាធ្វើឲ្យរលាកសរសៃឈាម។ ចំពោះកត្តាជំរុញផ្សេងទៀតមានដូចខាងក្រោម៖ •អាយុលើសពី៤០ឆ្នាំ •បុគ្គលដែលធាត់ លើសទម្ងន់ ដែលអាច គណនាទៅតាមBMI (Body Mass Index)  •គ្រួសារសាច់ញាតិដែលមានប្រវត្តិ ធ្លាប់មាន វិបត្តិកំណកឈាម •មានប្រវត្តិជំងឺបេះដូង ឬប្រឹសបេះដូង •លើសសម្ពាធឈាម និងជាតិខ្លាញ់ក្នុងឈាមខ្ពស់ •អ្នកជំងឺទឹកនោមផ្អែម •អ្នកដែលចូលចិត្តផឹកសុរាច្រើន ឬសេព គ្រឿងញៀន…។ សញ្ញាដែលនឹងលេចឡើងចំពោះអ្នកជំងឺ នៅក្នុង​​ Ministroke វាអាចស្តែងចេញនូវសញ្ញា​ប្រហាក់ប្រហែលនឹងជំងឺStrokeដែរ។ ក្នុងនោះ​មានពាក្យកាត់ជាភាសាអង់គ្លេសដែលអាចឲ្យ​ យើងងាយចាំគឺ FAST ដោយដកស្រង់ ចេញពី ឯកសារ “មគ្គទេសក៍ស្ដីពីការស្ដារលទ្ធភាព ពលកម្មសម្រាប់អ្នកជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនៅកម្ពុជា” ដែលត្រូវបានបោះពុម្ពផ្សាយពីក្រសួងសុខាភិបាលក្នុងឆ្នាំ២០១៦។ FAST មានន័យថា៖ •​F: Face (ខ្សោយមុខ)៖ មុខអ្នកជំងឺអាចមានវៀច ឬធ្លាក់មួយចំហៀង(ឆ្វេងឬស្ដាំ) ភ្លាមៗ •A: Arm (ខ្សោយដៃ)៖ ដៃអ្នកជំងឺអាចទន់ ឬមិនអាចលើកបានភ្លាមៗ •S: Speech (ពិបាកនិយាយ)៖ អ្នកជំងឺអាច មានការប្រែប្រួលការនិយាយភ្លាមៗ ដូចជា និយាយមិនច្បាស់ ឬនិយាយមិនចេញ •T: Time (ពេលវេលា)៖ ពេលវេលាជារឿងសំខាន់សម្រាប់ការព្យាបាល និងសង្គ្រោះជីវិត អ្នកជំងឺ។ ក្រៅពីនេះអ្នកជំងឺអាចមានអាការៈឈឺក្បាល ឬវិល​មុខភ្លាមៗ ស្រវាំង ឬពិការភ្នែក (មួយចំហៀង) ភ្លាមៗ ដែលជាសញ្ញាបន្ថែមលើសញ្ញាគោលដូចបានរៀបរាប់ខាងលើ។ វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យបានឆាប់គឺជារឿងសំខាន់សម្រាប់អ្នកជំងឺនេះ។ មានវិធីសាស្រ្តក្នុងកា​វិនិច្ឆ័យជាច្រើនដែលយើងនឹងធ្វើចំពោះអ្នកជំងឺនេះ។យើងត្រូវធ្វើការពិនិត្យអ្នកជំងឺចាប់ពីក្បាលដល់ចុងជើងដោយ៖ •ផ្នែកក្បាល៖ គឺអ្នកជំងឺមានសភាពឈឺក្បាលភ្លាមៗហើយមុខចាប់ផ្ដើមវៀចមួយចំហៀងស្របពេលនោះការនិយាយស្ដីរបស់អ្នកជំងឺ ក៏មានការប្រែប្រួល ដោយនិយាយស្ដាប់មិនច្បាស់ និងនិយាយស្ដាប់គ្នាមិនបាន •ផ្នែកដៃ៖ ភ្លាមៗអ្នកជំងឺស្រាប់តែទន់ដៃមួយចំហៀង ឬមិនអាចធ្វើចលនាបានតែម្ដង •ផ្នែកជើង៖ ក្នុងពេលនោះជើងបាត់បង់លំនឹងភ្លាមៗ មិនអាចដើរ ឬអង្គុយបាន។   បន្ថែមពីលើការពិនិត្យការថតខួរក្បាលដោយស៊ីធីស្គែនឬអ៊ឹមរ៉ាយ(MRI)បង្កភាពងាយស្រួលក្នុងការកំណត់សម្គាល់នូវទីតាំង ឬទំហំនៃការប៉ះពាល់របស់ខួរក្បាល និងអាចញែកចេញភ្លាមៗនូវ Strokeដែលបណ្ដាលមកពីការដាច់សរសៃឈាម ឲ្យ(Hemorrhagic stroke) ឬបញ្ហាផ្សេងៗទៀត ដែលអាចស្ដែងនូវ រោគសញ្ញាប្រហាក់ប្រហែលបាន។ ការធ្វើអេកូ Doppler នៅនឹងសរសៃអាកទែការ៉ូទីត(Caroti​dArteries)គឺសំខាន់សម្រាប់ស្វែងរកថាតើមានការកកស្ទះនូវកំណកឈាមនៅនឹងសរសៃឈាមនេះដែរឬទេ។ ក្នុងករណីសង្ស័យ​ថាមានការស្ទះសរសៃឈាមណាមួយ ដែលផ្ដល់ដោយអេកូ Doppler នោះ យើងអាច ធ្វើការចាក់ទឹកថ្នាំចូលទៅក្នុងសរសៃឈាមដើម្បីរកមើលការស្ទះពិតប្រាកដ​​ហៅថា​Angiographyព្រោះសរសៃអាកទែការ៉ូទីត (Carotid Arteries) ជាសរសៃដែលសំខាន់ក្នុងការដឹកនាំ ឈាមទៅកាន់ខួរក្បាល។ ដូច្នេះយើងចាំបាច់ត្រូវ កំណត់ថាសរសៃនេះគ្មានការកកស្ទះ បើមាន នោះ វានឹងផ្តល់ហានិភ័យខ្ពស់ចំពោះជំងឺ ហើយ យើងក៏នឹងមានវិធានការណ៍ផ្សេងទៀត។ ការព្យាបាលរួមទាំងបច្ចេកទេសផ្សេងទៀតមានដូចជាការពិនិត្យឈាមថតកាំរស្មីអ៊ិចសួតអេកូបេះដូង និងវាស់អគ្គិសនីបេះដូងជាដើម(EKG)។ល។ ការធ្វើរោគវិនិច្ឆ័យនេះនឹងត្រូវបាន​ធ្វើឡើងដោយស្ថាប័នជំនាញផ្នែកប្រព័ន្ធប្រសាទ ដើម្បីបញ្ជាក់ រោគវិនិច្ឆ័យឲ្យបានជាក់លាក់ រួចឈានទៅរកការ ទប់ស្កាត់ឲ្យបានទាន់ពេលវេលា មុននឹងអ្នកជំងឺវិវឌ្ឍទៅរកជំងឺ Stroke​ពិតប្រាកដ។ ការព្យាបាល ការព្យាបាល Ministroke គឺផ្អែកទៅតាមលទ្ធផលនៃរោគវិនិច្ឆ័យខាងលើ និងមូលហេតុដែលបង្ក។ ក្នុងនោះការព្យាបាល​ដោយប្រើឱសថ ដូចជា ពពួកប្រឆាំងកំណកឈាមមាន អាស្ពីរីន (Aspirin) កម្រិតទាបគឺ៧៥ ឬ៨១មីលីក្រាម ដែលជាឱសថសាមញ្ញ និងមិនសូវថ្លៃ លើកលែងតែអ្នកដែលមានជំងឺក្រពះ  ទើបធ្វើការប្ដូរទៅក្រុមឱសថផ្សេងទៀត ដូចជា Clopidogrel ជាដើម និងការព្យាបាលដោយវះកាត់ (Angioplasty)។ ក្នុងឱកាសនេះអ្នកជំងឺត្រូវជួបវេជ្ជបណ្ឌិត ឯកទេសដើម្បីស្រាវជ្រាវកត្តាហានិភ័យនៃសរសៃឈាមបេះដូង ។ ពេលវេលាជារឿងសំខាន់ក្នុងការសង្គ្រោះ និងព្យាបាលជំងឺ ដូច្នេះ ប្រសិនបើអ្នកជំងឺមិនបានមកទាន់ពេលវេលាឬមិនបានទទួលការព្យាបាល នោះទេ ការប្រឈមនឹងភាពធ្ងន់ធ្ងររបស់ជំងឺអាចនឹងកើតមាន ហើយឱកាសនៃការកើតឡើងទៅ ជាStrokeក៏អាចនឹងប្រឈមខ្ពស់ដែរ ដែលជំរុញឲ្យអ្នកជំងឺមានពិការភាពជាអចិន្ត្រៃយ៍ ឬរហូតបាត់បង់ជីវិតបាន។ វិធីសាស្ត្របង្ការ ដើម្បីការពារ Ministroke គួរអនុវត្តឲ្យបានដូចខាងក្រោម៖ •ការធ្វើលំហាត់ប្រាណជាប្រចាំ និងរក្សា តុល្យភាពទម្ងន់ខ្លួន •រក្សានូវសម្ពាធឈាមក្នុងករណីមានលើសសម្ពាធឈាម •បរិភោគចំណីអាហារ មិនប្រៃពេក និងមិន ពោរពេញដោយជាតិខ្លាញ់ •ពិសាថ្នាំបញ្ចុះជាតិខ្លាញ់ក្នុងឈាម ក្នុងករណីលើសជាតិខ្លាញ់ខ្ពស់ •គ្រប់គ្រងជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺ ទឹកនោមផ្អែម •កាត់បន្ថយការជក់បារី ផឹកស្រា ឬអាចកាត់ផ្តាច់កាន់តែល្អ •ការជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពជាទៀងទាត់គឺជារឿងដែលសំខាន់បំផុតក្នុងគ្រប់ប្រភេទជំងឺ។ អំឡុងពេលដែលមានMinistroke ឬTIA គឺការបញ្ឈប់នូវលំហូរឈាមទៅចិញ្ចឹមខួរក្បាលក្នុងរយៈពេលខ្លី ឬបណ្តោះអាសន្នមួយ។វាមិនដូចStrokeតែម្តងទេដែលអាចឲ្យមានការខូចខាតនូវសាច់ខួរក្បាលខ្លាំងក្លានិងអាចបង្កជាពិការភាពអចិន្រៃ្តយ៍បាន។ ចំណែកឯរោគសញ្ញា គឺវាអាច ស្តែងចេញប្រហាក់ប្រហែលគ្នាដូចបានរៀបរាប់ខាងលើ(FAST)។ចំណែកឯការធ្វើរោគវិនិច្ឆ័យនិងព្យាបាលទាន់ពេលវេលាគឺជារឿងសំខាន់ដែលអាចកាត់បន្ថយនូវភាពធ្ងន់ធ្ងររបស់អ្នកជំងឺបាន។ ក្រោយមានMinistrokeម្តងហើយអ្នកជំងឺត្រូវតែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងមកពិនិត្យជំងឺជាប្រចាំដើម្បីចៀសវាងនូវបញ្ហាម្តងទៀត។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ មហាបរិញ្ញា បណ្ឌិតវេជ្ជសាស្រ្តឯកទេសនិងឯកទេសប្រព័ន្ធសរសៃប្រសាទសរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ស្ថានភាព Alzheimer លើពិភពលោក ចំពោះប្រទេសឧស្សាហកម្មរីកលូតលាស់មួយចំនួន ដូចជា ប្រទេសជប៉ុន រុស្សី ហុងកុង កាណាដា អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលលក្ខខណ្ឌសុខភាពនៃប្រទេសទាំងនោះមានការរីកចម្រើន​ជាហេតុ​ធ្វើឲ្យមនុស្សមានអាយុវែង។ ទន្ទឹមនឹងការរីកចម្រើនផ្នែកសុខមាលភាពប្រជាជន និងផ្នែកសេដ្ឋកិច្ចប្រទេស​ទាំងនោះត្រូវបានបង្ហាញថា មានលេចចេញនូវអ្នកជំងឺ  Alzheimer ច្រើនគួរឲ្យកត់សម្គាល់ ដែលផ្ទុយពីប្រទេសចិន និងប្រទេសឥណ្ឌា។ចំពោះប្រទេសកម្ពុជាយើងពុំទាន់មានការសិក្សាណាមួយ​ដែលបង្ហាញពីទិន្នន័យច្បាស់លាស់អំពីភាគរយនៃជំងឺនេះទេ ប៉ុន្តែជាក់ស្តែងចំពោះមន្ទីរពេទ្យព្រះកុសុមៈក៏ធ្លាប់បានទទួលអ្នកជំងឺ Alzheimer សម្រាកព្យាបាល និងពិគ្រោះមួយចំនួនធំ។ និយមន័យ Alzheimer ជាជំងឺមួយទាក់ទងទៅនឹងភាពចាស់ជរារបស់មនុស្សយើង ដែលមានន័យថាកាលណាវ័យកាន់តែ​ចាស់ អត្រានៃការកើតជំងឺ Alzheimer មានកាន់តែច្រើន។ ជាទូទៅ Alzheimer មានលក្ខណៈសម្គាល់ ឬសញ្ញា ៣យ៉ាងសំខាន់ រួមមាន៖ •​ ការផ្លាស់ប្តូរចរិតរបស់អ្នកជំងឺ • ការផ្លាស់ប្តូរប្រព័ន្ធបញ្ជាការក្នុងប្រព័ន្ធប្រសាទ • ការផ្លាស់ប្តូរទៅលើផ្នែកចិត្តសាស្ត្រ​ និងលក្ខណៈសម្បត្តិទូទៅរបស់អ្នកជំងឺ។ មូលហេតុ Alzheimer មានមូលហេតុទាក់ទងនឹងរូបសាស្ត្ររបស់ខួរក្បាល កាលណាវ័យកាន់តែចាស់ ឬលើសពី៦០ឆ្នាំ៖ •ថយចុះទំហំខួរក្បាល •មានការរីកធំនូវប្រព័ន្ធថង់ទឹកក្នុងខួរក្បាល (Ventricular System)  •​ បាត់បង់សមត្ថភាពរបស់ណឺរ៉ូន (Neuron Loss Function) ក្នុង Central NeuronSystem ជាមធ្យម១០% • ណឺរ៉ូនទាំងអស់មានសភាពក្រិន រឹង ក្រាស់ ដែលធ្វើឲ្យបាត់បង់សមត្ថភាពក្នុងការបញ្ជូន ព័ត៌មានពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀត។ កត្តាហានិភ័យ • អាយុ៖ អាយុកាន់តែវែងកាន់តែមាន អត្រាហានិភ័យកាន់តែខ្ពស់។ • ជំងឺប្រចាំកាយ៖ អ្នកជំងឺទឹកនោមផ្អែម លើសឈាម និងលើសជាតិខ្លាញ់ជាដើម។ • អ្នកញ៉ាំស្រាឬបារី។ រោគវិនិច្ឆ័យ Alzheimer ត្រូវបានធ្វើរោគវិនិច្ឆ័យដោយការជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសផ្នែក​​ ប្រព័ន្ធប្រសាទ និងផ្នែកចិត្តសាស្ត្រដើម្បីតាមដាននូវសញ្ញានានាដូចបានរៀបរាប់ខាងលើ។​ក្រៅពីនេះអ្នកជំងឺក៏តម្រូវឲ្យមានការថតរូប​ភាពវេជ្ជសាស្ត្រលើផ្នែកខួរក្បាលរបស់ពួកគាត់ ដូចជាCT ស្កែន និង MRI (Magnetic Resonance Imaging) បន្ថែមទៀតផងដែរ។ ការព្យាបាល រហូតដល់សព្វថ្ងៃនេះAlzheimerពុំទាន់មានការព្យាបាលណាមួយដាច់ដោយឡែកនោះទេ។ ករណីអ្នកជំងឺមានជំងឺ​ប្រចាំកាយ ដូចជា ទឹកនោមផ្អែម លើសឈាម ឬលើសជាតិខ្លាញ់ គ្រូពេទ្យ នឹងណែនាំឲ្យធ្វើការព្យាបាលជំងឺទាំងនេះជាមុនសិន។ បន្ទាប់មកអ្នកជំងឺអាចព្យាបាលAlzheimerដោយប្រើប្រាស់ថ្នាំមួយចំនួនពាក់ព័ន្ធនឹងការធ្វើឲ្យមាន​ដំណើរការល្អប្រសើរឡើងវិញនូវមុខងាររបស់ប្រព័ន្ធប្រសាទ។ ក្រៅពីនេះក៏ត្រូវណែនាំឲ្យទទួលទាន​​​​អាហារដែលមានតុល្យភាពនិងរក្សាអនាម័យខ្លួនប្រាណរួមជាមួយនឹងការថែទាំលើកទឹកចិត្តទាំងក្រុមគ្រូពេទ្យក្រុមគ្រួសារក៏ដូចជាសហគមន៍ទាំង​មូល។ គួរបញ្ជាក់ផងដែរ ថា Alzheimer គ្មានការព្យាបាលណាមួយជាក់លាក់ឲ្យជាសះស្បើយនោះទេ។ ផលវិបាក អ្នកជំងឺ Alzheimer នឹងប្រឈមជាមួយផលវិបាក  ដូចខាងក្រោម៖ • ការវង្វេងវង្វាន់ • បាត់បង់សមត្ថភាពក្នុងការឮ ឬស្តាប់ • បាត់បង់សមត្ថភាពក្នុងការមើល • សាច់ដុំមានសភាពទន់ និងញ័រ។ ការការពារ • រក្សាអនាម័យទាំងខ្លួនប្រាណ និងផ្លូវចិត្ត (ការបន្ថយស្ត្រេស) • កាត់បន្ថយការប្រឈមជាមួយជំងឺផ្សេងៗ • ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ • ចៀសវាងការញ៉ាំស្រា និងជក់បារីញឹកញាប់ • គួរធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត អ៊ីវ វិចិត្រ ឯកទេសវះកាត់ប្រព័ន្ធប្រសាទមានតួនាទីជាប្រធានអគារផ្នែកវះ​កាត់ប្រព័ន្ធ​ប្រសាទនៃមន្ទីរពេទ្យព្រះកុសុមៈនិងជាប្រធានសមាគមផ្នែកវះកាត់ប្រព័ន្ធប្រសាទកម្ពុជាព្រមទាំងត្រូវបានតែងតាំងជា​​គ្រូពេទ្យផ្នែកវះកាត់ប្រព័ន្ធប្រសាទពិភពលោក ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺមុខក្រហម គឺជាជំងឺរលាកសើស្បែកម្យ៉ាងដែលស្បែកមុខឡើងក្រហមចំណុចកន្ទួលក្រហម និងកន្ទួលក្រហមមានខ្ទុះ  និងមានឃើញនូវសរសៃឈាមតូចឆ្មារៗលើមុខជាពិសេសលើថ្ពាល់  ថ្ងាស  ច្រមុះ ចង្កា ករណីខ្លះអាចមានលើសែ្បកក្បាល ត្រចៀកកនិងផ្នែកខាងលើនៃដងខ្លួន។ ជំងឺនេះអាចច្រឡំនឹងជំងឺមុនជំងឺប្រតិកម្មអាលែ្លកហ្ស៊ីស្បែកឬជំងឺស្បែកផ្សេងៗ ទៀត។ ជំងឺមុខក្រហមកើតលើអាយុចន្លោះពី៣០ឆ្នាំទៅ​៥០ឆ្នាំ​ភាគច្រើនកើតលើស្រ្តីជាងបុរសតែបើកើតលើបុរសជាទូទៅមានដុំពករលាក និងការរីកប៉ោងធំនៃក្រពេញខ្លាញ់នៃស្បែកនាំឲ្យច្រមុះរីកធំ(Rhinophyma)។ មូលហេតុ មូលហេតុនៃការរកឃើញនេះមិនត្រូវបានគេដឹងនោះទេប៉ុន្តែវាអាចដោយសារតែការរួមបញ្ចូលគ្នានៃកត្តាតំណពូជ និងបរិស្ថាន។កត្តាមួយចំនួនអាចបង្កឬធ្វើឲ្យជំងឺមុខក្រហមធ្ងន់ធ្ងរដោយការបង្កើនលំហូរឈាមទៅលើផ្ទៃនៃស្បែករបស់ អ្នក។ កត្តាមួយចំនួននេះរួមមាន៖ • ភេសជ្ជៈក្តៅ និងហឹរ • ជាតិអាល់កុល • សីតុណ្ហភាពត្រជាក់ ឬក្តៅខ្លាំង • ពន្លឺព្រះអាទិត្យ ឬខ្យល់ • ការរំជួលអារម្មណ៍ • ថ្នាំដែលពង្រីកសរសៃឈាម រួមទាំងថ្នាំសម្ពាធឈាមមួយចំនួន • ការលាបថ្នាំ ឬគ្រឿងសម្អាងដែលមានជាតិគ័រទីកូអ៊ីតរយៈពេលយូរ ក្នុងហេតុផលព្យាបាលជំងឺឬកែសម្ផស្ស ឬមួយការចាក់ឬលេបថ្នាំជាតិសេ្តរ៉យ(Steroid) ម្តងហើយម្តងទៀត។ សញ្ញា និងរោគសញ្ញា ដោយសារជំងឺមុខក្រហមមានសញ្ញានិងរោគសញ្ញាជាច្រើនអ្នកវិទ្យាសាស្ត្របានកំណត់ជំងឺមុខក្រហមជាបួនប្រភេទ។  ១ ប្រភេទErythematotelangiectatic Rosacea ៖  មានការរលាកក្រហមនៃស្បែកជាប្រចាំរួមជាមួយការកើតឡើងនូវសរសៃឈាមតូចឆ្មារៗលើស្បែក។ ២ ប្រភេទPapulopustular Rosacea ៖ មានកន្ទួលពងៗ ឬខ្ទុះត្រង់គល់រោម តែគ្មានគ្រាប់-មុនដូចជំងឺមុនទេ។ ៣ ប្រភេទPhymatous Rosacea ៖ ជាទូទៅមានដុំពករលាក និងការរីកប៉ោងធំក្រពេញខ្លាញ់នៃស្បែកនាំឲ្យច្រមុះរីកធំ(Rhinophyma)។ ៤ Ocular Rosacea ៖ ភ្នែក និងត្របកភ្នែក ក្រហម ស្ងួតរោលជួនកាលរមាស់ រលាក និងមានអារម្មណ៍ថាមានអ្វីមួយក្នុងភ្នែក។   រោគវិនិច្ឆ័យ(គ្លីនិក) -ផ្អែកលើសញ្ញាគ្លីនិក និងប្រវត្តិជំងឺ៖ កន្លែងស្បែកមានបញ្ហាកាន់តែធ្ងន់នៅពេលរងពន្លឺថ្ងៃ ពេលញុាំកាហ្វេ ស្រា និង គ្រឿងហឹរ។ ការព្យាបាល -ត្រូវការពារមុខពីពន្លឺថ្ងៃដូចជាពាក់មួកការពារ ឬប្រើឆ័ត្រពេលប៉ះនឹងកំដៅថ្ងៃ ឬ ប្រើប្រាស់ក្រែមការពារកំដៅថ្ងៃ -ចៀសវាងហូបកាហេ្វក្តៅ ស្រា គ្រឿងហឹរ -ចៀសវាងប្រើថ្នាំមានជាតិសេ្តរ៉យ(Steroid) ដោយគ្មានការណែនាំពីគ្រូពេទ្យ -ប្រើឱសថប្រភេទលាប និងលេប។ ចំពោះប្រភេទជំងឺមុខក្រហម ដែលពិបាកព្យាបាលអាចព្យាបាលដោយវិធីវះកាត់ឬដោយប្រើម៉ាស៊ីនឡេសែ។  ក្នុងករណីចាំបាច់គួរទៅទទួលសេវាពិគ្រោះ  និងព្យាបាលជំងឺពីគ្រូពេទ្យជំនាញឬមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផ្នែកជំងឺសើស្បែកផ្ទាល់ ដើម្បីទទួលបាននូវការព្យាបាលដ៏សមស្រប និងត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្តទំនើបទាន់សម័យ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស វេជ្ជបណ្ឌិតឯកទេសជំងឺសើស្បែក និងកាមរោគ  និងជានាយផ្នែក​​រងជំងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top