- Aug 07, 2017 |
- 7 years ago |
- 6.1K views
ការវិនិយោគលើឧបករណ៍វេជ្ជសាស្រ្តទំនើប ក្នុងការលើកកម្ពស់ វិស័យសុខាភិបាល
ធនធានមនុស្ស និងធនធានបច្ចេកទេស ទន្ទឹមនឹងការរីកចំរើននៃវិទ្យាសាស្ត្រសុខាភិបាល ដែលរួមមានទាំងធនធានមនុស្ស ក៏ដូចជាបច្ចេកទេស និងឧបករណ៍វេជ្ជសាស្ត្រសុខាភិបាលថ្មីៗផងដែរនោះ ដែលទាំងនេះជាចលករ មួយដ៏ធំក្នុងការលើកកម្ពស់ និងប្រសិទ្ធភាពកាន់តែខ្ពស់ ជាមួយនឹងផ្តល់ភាពងាយស្រួលដល់ការព្យាបាលផងដែរ។ តួយ៉ាងមន្ទីរពេទ្យសូរិយា ដែលជាមន្ទីរពេទ្យមួយ មានទាំងវេជ្ជបណ្ឌិតជំនាញឯកទេស និងមានឧបករណ៍វេជ្ជសាស្រ្ត ទំនើបៗ។ លោកវេជ្ជបណ្ឌិត អ៊ុន កែវសិលា ដែលជាវេជ្ជបណ្ឌិតជំនាញឯកទេស ផ្នែក ក្រពះ ពោះវៀន និងថ្លើម នៅមន្ទីរពេទ្យសូរិយាបានបញ្ជាក់ថា នៅមន្ទីរពេទ្យសូរិយា បានវិនិយោគទៅលើ ឧបករណ៍ឆ្លុះដែលជាបច្ចេកវិទ្យាចុងក្រោយ (ដែលនៅអឺរ៉ុប កំពុងតែប្រើបច្ចេកវិទ្យានេះ) មានតម្លៃដល់ទៅ ១៥មឺុនដុល្លារ ដែលសូម្បីតែមន្ទីរពេទ្យ ប្រទេសជិតខាងមួយចំនួន ក៏មិនទាន់មានដែរ។ គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យសូរិយាជា មន្ទីរពេទ្យមួយដែល ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ និងជាមន្ទីរមួយដែល សេវាកម្មលើផ្នែកជំងឺទូទៅ និងមានជំនាញឯកទេសសំខាន់ៗមួយចំនួន ដូចជា ផ្នែកសម្ភពនិងរោគស្ត្រី ជំនាញឯកទេសក្រពះ ពោះវៀន និងថ្លើម ក៏ដូចជាឬសដូងបាត ជំនាញឯកទេសជំងឺទឹកនោមផ្អែមផងដែរ។ អ្វីដែលពិសេសនៅមន្ទីរពេទ្យសូរិយា លោកវេជ្ជបណ្ឌិត សិលា បានឲ្យដឹងទៀតថា «នៅទីនេះ យើងក៏មាន ម៉ាស៊ីនកៀបសុដន់ ដើម្បីឆែកមើលរកដុំមហារីកផងដែរ ព្រោះយើងចង់លើកកម្ពស់ ការការពារឲ្យមុន ព្រោះយើងមិនចង់ឲ្យហួសពេល ហើយបានព្យាបាលទេ។» ទស្សនៈវិស័យដើម្បីលើកកម្ពស់វិស័យសុខាភិបាល លោកវេជ្ជបណ្ឌិតសិលា បានសង្កត់ធ្ងន់លើចំនុចសំខាន់មួយ គឺផ្តល់សេវាទៅដល់អ្នកជំងឺ ក្នុងតំលៃមួយដែលអាចទទួលយកបាន ជាមួយបច្ចេកទេសទំនើប។ ស្របទៅនឹងទស្សនៈវិស័យមួយនេះ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ដូច្នេះហើយទើបមន្ទីរពេទ្យសូរិយា វិនិយោគលើគ្រឿងម៉ាស៊ីនដែលមានតម្លៃថ្លៃ ទោះជាដឹងថា ការដាក់ប្រើប្រាស់មិនចំនេញសោះឡើយ ក៏ព្រោះតែដើម្បីលើក កម្ពស់តំហែទាំសុខភាពអ្នកជំងឺ ឲ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ ចំពោះជំនាញឯកទេស ក្រពះ ពោះវៀន ថ្លើម នៅមន្ទីរពេទ្យសូរិយា ក៏បានសហការ ជាមួយគ្រូពេទ្យ ២នាក់ទៀត ក៏ដូចជាគ្រូពេទ្យជំនាញផ្នែក ឬសដូងបាត និងផ្នែកវះកាត់ផងដែរ។ ដើម្បីពង្រីកការយល់ដឹងបន្ថែម របស់ប្រជាពលរដ្ឋទូទៅ លោកវេជ្ជបណ្ឌិតបង្ហាញប្រាប់ថា ជាទូទៅនៅមន្ទីរពេទ្យសូរិយា តែងតែបណ្តុះបណ្តាល ចំណេះដឹងដល់អ្នកជំងឺ តាមរយៈ ប្រព័ន្ធ ទំនាក់ទំនងសង្គមផ្សេងៗ ដោយបន្តុះបណ្តាលឲ្យយល់ពីជំងឺនីមួយៗផងដែរ។ មួយវិញទៀត ប្រសិនបើអ្នកជំងឺមកពិគ្រោះផ្ទាល់ ខាងមន្ទីរពេទ្យតែងតែប្រាប់ពី ដំណើរការដែលត្រូវព្យាបាល ហើយយើងឲ្យគាត់ជាអ្នកសម្រេច ចិត្តខ្លួនឯង ថាពួកគាត់ចង់ព្យាបាលតាមបែបណាមួយ។ ចំណេះដឹងបន្ថែមសម្រាប់ការថែទាំសុខភាព ក្នុងនោះផងដែរលោកវេជ្ជបណ្ឌិត សិលា បានគូសបញ្ជាក់ពីការថែទាំផ្នែកប្រព័ន្ធរំលាយអាហរ របស់ប្រជាជនទូទៅ នៅប្រទេសកម្ពុជាថា ប្រជាជនទូទៅភាគច្រើន មិនទាន់មានតំហែទាំល្អប៉ុន្មានឡើយ ដោយសារសព្វថ្ងៃ អាហារ មានគីមីច្រើន ហើយអ្នកជំងឺភាគច្រើនមិនសូវយកចិត្តទុកដាក់ ឲ្យបានម៉ត់ចត់។ បើនិយាយពីរបបអាហាររបស់ ពួកគាត់ ភាគច្រើន គឺមិនសូវទទួលទានបន្លែឲ្យបានច្រើន ព្រោះជាចាំបាច់ បើនិយាយពីប្រព័ន្ធរំលាយអាហារ គឺបន្លែបៃតង ការហាត់ប្រាណ និងការហូបទឹកឲ្យបានច្រើន ការហូបគ្រឿងស្រវឹងមានកម្រិត គឺជាផ្នែកមួយក្នុងការថែទាំផ្នែកប្រព័ន្ធ រំលាយអាហារឲ្យបានល្អ បូករួមទាំងការទៅត្រួតពិនិត្យជាមួយគ្រូពេទ្យផងដែរ។ លោកគ្រូពេទ្យសិលា ក៏បានបន្ថែមទៀតថា ចំពោះអ្នកជំងឺដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ គួរឆ្លុះក្រពះ ពោះវៀន ដើម្បីតាមដានសុខភាព ប្រព័ន្ធរំលាយអាហារ ទោះបីអត់មានរោគសញ្ញា ណាមួយក៏ដោយ តែបើគាត់មានបងប្អូន សាច់ឈាមបង្កើតរបស់គាត់ មានប្រវត្តិជំងឺ មហារីកពោះវៀន គាត់ត្រូវប្រឈម មុខគ្រោះថ្នាក់។ ដូច្នេះគាត់ចាំបាច់ត្រូវពិនិត្យឲ្យបានមុនអាយុ៥០ឆ្នាំ។ តែអ្នកជំងឺភាគច្រើន គ្រាន់តែលឺឆ្លុះ ក្រពះ ពោះវៀន គឺមានការភ័យខ្លាចបាត់ទៅហើយ ព្រោះកាលពីមុន ការឆ្លុះក្រពះ ពោះវៀន គឺមានការក្អូតចង្អោរ តែឥឡូវយើងប្រើថ្នាំឲ្យអ្នកជំងឺលេប ហើយសម្រាករយៈពេល១០ទៅ ១៥នាទី ទើបយើងធ្វើការឆ្លុះត្រួតពិនិត្យមើល។ ផលវិបាកដែលធ្លាប់ឆ្លងកាត់ លោកវេជ្ជបណ្ឌិត សិលាប្រាប់ឲ្យដឹងថា កន្លងមកខាងមន្ទីរពេទ្យក៏មាន ផលវិបាកមួយចំនួនផងដែរ ដែលកន្លងមកអ្នកជំងឺភាគច្រើនមកជួបយើង នៅហួសពេលក្នុងការព្យាបាលហើយ ដែលតាមការពិតទៅ ពួកគាត់មិនបានធ្វើការព្យាបាល និងការពារឲ្យបានត្រឹមត្រូវ។ លោកវេជ្ជបណ្ឌិតក៏បានធ្វើការ ប្រៀបធៀបពីដំណើរការធ្វើការព្យាបាលផងដែរថា« បើប្រៀបធៀបជាមួយនឹងស្រុកបារាំង ចំពោះការចំនាយផ្សេងៗ គឺជាទំនួលខុសត្រូវរបស់រដ្ឋ ហេតុនេះតំលៃនៃការព្យាបាលមិនបានចោទជាបញ្ហា។ តែចំពោះស្រុកខ្មែរយើងខុសគ្នា ព្រោះការចំនាយជាបន្ទុករបស់អ្នកជំងឺទាំងស្រុង ដូចនេះការព្យាបាលគឺមើលថាជំងឺមួយណា ធ្ងន់ធ្ងរជាង។» ដោយប្រៀបធៀបការទៅពិគ្រោះនៅក្រៅប្រទេស និងក្នុងស្រុក របស់អ្នកជំងឺផងដែរថា ពេលពួកគាត់ត្រូវមកជួបពេទ្យក្នុងស្រុកច្រើនដង គាត់តែងតែមិនពេញចិត្ត បើគាត់ទៅពេទ្យក្រៅប្រទេស ត្រូវអស់លុយច្រើនក៏ពួកគាត់មិនមាត់ដែរ។ យើងមើលឃើញថា អ្នកជំងឺមានកំរិតយល់ដឹងរបស់គាត់នៅមានកំរិតនៅឡើយ។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត សិលា បង្ហាញថាគោលការណ៍សំខាន់ ក្នុងនាមជាវេជ្ជបណ្ឌិត គឺទី១ ត្រូវគោរពក្រមសីលៈធម៌គ្រូពេទ្យ ត្រូវមានសុជីវធម៌ ហើយអ្វីដែលសំខាន់ គឺត្រូវគិតពីផលប្រយោជន៍របស់អ្នកជំងឺជាចំបង។ ពេលយើងទទួលអ្នកជំងឺ មកព្យាបាល យើងត្រូវគិតយ៉ាងម៉េចឲ្យអ្នកជំងឺ ចំណាយអស់តិចបំផុត ហើយពេលគាត់ចំនេញវិញបានច្រើន។ ជាចុងក្រោយលោកវេជ្ជបណ្ឌិត ក៏បានផ្តល់ជាសារដល់ប្រជាពលរដ្ឋទូទៅថា «ខ្ញុំ គឺគ្រាន់តែចង់ឲ្យប្រជាជនយើង ធ្វើការត្រួតពិនិត្យសុខភាពរបស់គាត់ ទោះបីគាត់អត់មានរោគសញ្ញាអ្វីក៏ ដោយ»៕
Share