Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ពីចំណងអាពាហ៍ពិពាហ៍ជាមួយនឹងភរិយាហើយ លោកឱពុកក៏ត្រូវមានចំណងជាមួយនឹងបុត្រាបុត្រីរបស់ខ្លួនដែរ។ មិនថាអ្នកមានកិច្ចការងាររវល់ដល់កម្រិតណានោះទេ អ្នកត្រូវតែឆ្លៀត ដើម្បីបំពេញកាតព្វកិច្ចជាឱពុកល្អមួយរូប ជាពិសេសគឺ ដើម្បីផ្តល់ជាភាពជាគម្រូ និងភាពកក់ក្តៅដល់កូន។ ដូច្នេះ តើធ្វើដូចម្តេចទើបក្លាយជាប៉ាៗល្អបាន?  · គោរពភរិយា ៖ កិច្ចការចំបងដែល ឱពុកត្រូវតែធ្វើ ដើម្បីកូនរបស់ខ្លួននោះ គឺគោរពម្តាយរបស់គេ។ គ្រួសារដែលមានឱពុកម្តាយគោរពគ្នាទៅវិញទៅមក ធ្វើឲ្យកូនមានអារម្មណ៍ថាបរិយាកាសនៅជុំវិញខ្លួន មានសុវត្ថិភាព ហើយនៅពេលដែលគេឃើញរូបភាពបែបនោះ គេក៏ទទួលអារម្មណ៍ថាខ្លួនគេផ្ទាល់ត្រូវបានយកចិត្តទុកដាក់ និងគោរពផងដែរ។ · ចំណាយពេលនៅជាមួយកូន ៖ កូននឹងមានអារម្មណ៍កក់ក្តៅ​ និងស្និទ្ធស្នាល ពេលដែលឱពុករបស់ខ្លួនចំណាយពេលច្រើនជាមួយគេ ហើយងាយនឹងស្តាប់បង្គាប់តាមអ្នក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនសូវរវីរវល់នឹងសុខទុក្ខរបស់គេទេនោះ គេនឹងច្រានចោលរាល់ការនិយាយរបស់អ្នកទៅកាន់គេម្តងៗ ហើយនិងបង្កជាគន្លាតរវាងអ្នក និងគេផងដែរ។ ក្មេងៗលូតលាស់រហ័សណាស់ ហេតុនេះហើយ សូមកុំឲ្យឱកាសរំលងផុតឲ្យសោះ។ · បង្កើតឱកាសនិយាយជាមួយកូនឲ្យបានច្រើន ៖ ដោយសារឱពុកភាគច្រើននិយាយជាមួយកូនតែពេលដែលមានបញ្ហាអ្វីខុសឆ្គងប៉ុណ្ណោះ ហេតុនេះហើយ រាល់ពេលដែលលឺម្តាយប្រាប់ថា “ប៉ាមានរឿងចង់និយាយជាមួយ”  កូនតែក្រាញននាលមិនចង់ស្តាប់។ ដើម្បីចៀសវាងបញ្ហានេះ អ្នកគួរចាប់ផ្តើមនិយាយជាមួយពួកគេតាំងពីនៅវ័យក្មេងឲ្យហើយ អំពីនេះអំពីនោះ ដើម្បីកុំឲ្យមានអារម្មណ៍ទើសទាល់ពេលអនាគត។ · ប្រៀនប្រដៅ​ និងដាក់កម្រិតដោយក្តីស្រលាញ់ ៖ ក្មេងទាំងឡាយចង់បាននូវការណែនាំ និងការកំហិតអ្វីមួយដែលមានហេតុផលច្បាស់លាស់។ ដូច្នេះ អ្វីដែលអ្នកអាចធ្វើបាន គឺរំលឹកពីគុណវិបត្តិផ្សេងៗដែលអាចនឹងកើតមានប្រសិនបើគេធ្វើរឿងនោះហើយលើកទឹកចិត្តដល់ពួកគេតាមរយៈការផ្តល់នូវរង្វាន់លើកទឹកចិត្តខ្លះៗ សម្រាប់ការប្រតិបត្តិតាមអ្វីដែលគេគោរពតាមអ្វីដែលអ្នកបានប្រាប់។ · ធ្វើជាបុគ្គលគម្រូ ៖ សម្រាប់កូនស្រីដែលបានចំណាយពេលច្រើនជាមួយនឹងឱពុកដែលតែងផ្តល់ភាពកក់ក្តៅដល់គេ​ នឹងយល់ពីសារសំខាន់នៃការដែលត្រូវបានគោរព និងគិតគូរពីលក្ខណៈសម្បត្តិស្វាមីរបស់ខ្លួន ដើម្បីជ្រើសរើសឲ្យបានត្រឹមត្រូវ។ រីឯកូនប្រុសវិញ ឱពុកអាចបង្ហាត់បង្ហាញពីភាពស្មោះត្រង់ ភាពទំនួលខុសត្រូវ និងការប្រមាថមើលងាយផ្សេងៗ។​ · ជាគ្រូបង្រៀន ៖ ឱពុកដែលបង្ហាត់បង្រៀនកូនអំពីដែលត្រូវ​​ និងខុស​​ ហើយផ្តល់កម្លាំងចិត្តឲ្យគេខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនោះ នឹងឃើញថាកូនរបស់ខ្លួនធ្វើការជ្រើសរើសផ្លូវជីវិតសម្រាប់ខ្លួនឯងបានត្រឹមត្រូវ។ · ទទួលទានអាហារជុំគ្នាជាលក្ខណៈគ្រួសារ​ ៖​ ការទទួលទានអាហារ(ពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច) ជាមួយគ្នាចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការបង្កើនគុណភាពនៃគ្រួសារ។  វាជាឱកាសមួយសម្រាប់កូនចែករំលែកពីអ្វីដែលគេកំពុងធ្វើ និងចង់ធ្វើ ហើយអ្នកក៏អាចឆ្លៀតពេលស្តាប់​  និងផ្តល់ដំបូន្មានដល់គេវិញផងដែរ។ · អានឲ្យកូនអ្នកស្តាប់ ៖ ទោះបីជាសម័យបច្ចេកវិទ្យាជឿនលឿនបាននាំមកជូននូវទូរទស្សន៍ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗក៏ដោយ ការអានឲ្យកូនស្តាប់មុនពេលចូលគេង នឹងជួយរឹតចំណងរវាងអ្នក និងកូនឲ្យកាន់តែស្អិតរមួតទៀត។ ហើយវានឹងបង្កើតជាទម្លាប់ល្អមួយសម្រាប់កូនរបស់អ្នក ដើម្បីការអភិវឌ្ឍខ្លួនដោយផ្ទាល់ និងអាជីព។ · បង្ហាញក្តីស្រលាញ់ ៖ ក្មេងត្រូវការអារម្មណ៍សុវត្ថិភាពដែលបានមកពីការដឹងថាខ្លួនត្រូវបានយកចិត្តទុកដាក់ និងស្រលាញ់ពីក្រុមគ្រួសារ។ ហេតុនេះហើយ ឱពុកម្តាយ ជាពិសេសឱពុកត្រូវតែចេះបង្ហាញអារម្មណ៍ទាំងនោះដល់គេ និងឧស្សាហ៍អោប ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពជិតស្និទ្ធ។ · ដឹងថាតួនាទីជាឱពុកនឹងមិនងាយបញ្ចប់នោះឡើយ ៖ ទោះបីជាក្រោយពេលដែលគេធំធាត់ ហើយដល់វ័យដែលចាកចេញពីផ្ទះទៅរស់នៅដោយខ្លួនឯងហើយក៏ដោយ ក៏គេនៅតែត្រូវការជាចាំបាច់នូវដំបូន្មាន និងពាក្យពេចន៍ល្អៗពិគ្រោះយោបល់ជាមួយនឹងឱពុករបស់គេជានិច្ច។ មិនថាជាបញ្ហាបន្តការសិក្សា​ ការងារ ឬ អាពាហ៍ពិពាហ៍នោះទេ ឱពុកនៅតែជាទីប្រឹក្សាដ៏ល្អរបស់កូនៗជានិច្ច។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

និយមន័យ ជំងឺរលាកសួតចំពោះកុមារគឺជាការបង្ករោគស្រួចស្រាវទៅលើសាច់សួតរបស់កុមារ ដែលអាចឲ្យកុមារបាត់បង់ជីវិតបាន ប្រសិនបើមិនព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។ជាធម្មតាសួតរបស់កុមារត្រូវបានការពារយ៉ាងល្អដោយប្រព័ន្ធការពារពីធម្មជាតិ។ នៅពេលដែលប្រព័ន្ធការពារនេះខូច ឬ ចុះខ្សោយ បូកផ្សំការប្រឈមមុខនឹងមេរោគកាចសាហាវ ឬ បន្ទុកមេរោគច្រើនវានឹងបណ្តាលឲ្យមេរោគអាចជ្រាបចូលក្នុងសាច់សួតនឹងបង្កទៅជាជំងឺរលាកសួត ដែលភាគច្រើនគឺឆ្លងតាមផ្លូវដង្ហើម។ រោគសញ្ញា រោគសញ្ញាដែលក្មេងតែងតែជួបប្រទះជាញឹកញាប់៖ • ក្តៅខ្លួន • ដកដង្ហើមញាប់ ឬ ពិបាកដកដង្ហើម • ក្អក • ឈឺទ្រូង • ឈឺពោះ។ លើសពីនេះនៅមានរោគសញ្ញាមួយចំនួនដែលត្រូវបានតាមដានឃើញដោយគ្រូពេទ្យ៖ • ថយចុះសំឡេងដង្ហើម • ចង្វាក់ដង្ហើមញាប់ • លឺសូរសំឡេងដូចអំបិលផ្ទុះពេលស្តាប់សួត • វិបត្តិដង្ហើមដូចជា ឡើងស្វាយ ផើតផតច្រមុះផតទ្រូង….. មូលហេតុ និងកត្តាប្រឈម មូលហេតុនៃជំងឺរលាកសួតលើកុមារ ភាគច្រើនបណ្តាលមកពី ពពួកអតិសុខុមប្រាណ ដូចជា បាក់-តេរី វីរុស ផ្សិត និងពពួកប៉ារ៉ាស៊ីត។ ជំងឺរលាកសួតនេះផងដែរមានភាពខុសៗគ្នាទៅតាមអាយុ ជាឧទាហរណ៍ ចំពោះទារកទើបនឹងកើតអាចបង្កឡើងដោយ Streptococcusក្រុមB, Gram negative bacilli, Listeria, Streptococcus pneumonia។ រីឯមួយចំនួនតូចអាចបណ្តាលមកពីមូលហេតុផ្សេងទៀតដូចជា ការឈ្លក់ចំណីអាហារ ឬអាស៊ីតក្រពះ ការស្លាក់របស់រឹង ការឈ្លក់ទៅនឹងពពួកអុីដ្រូកាបូនដូចជាប្រេងកាតជាដើម។ មានកត្តាជាច្រើនដែលជម្រុញឲ្យកុមារប្រឈមនឹងការកើតជំងឺនេះ រួមមាន៖ • កត្តាកុមារផ្ទាល់៖ ប្រព័ន្ធភាពស៊ាំចុះខ្សោយ ខ្វះអាហារូបត្ថម្ភ មិនបានបៅដោះម្តាយ និងមានផ្ទុកមេរោគអេដស៍។ • កត្តាខាងក្រៅ៖ ខ្យល់ ឬបរិយាកាសកខ្វក់ ការស្នាក់នៅប្រមូលផ្តុំអនាធិបតេយ្យ និងកុមារដែលឳពុកម្តាយជក់បារី។ ការធ្វើរោគវិនិច្ឆ័យ ចំពោះការធ្វើរោគវិនិច្ឆ័យជំងឺរលាកសួតលើកុមារជាដំបូង ត្រូវពឹងផ្អែកទៅលើរោគសញ្ញា ដូចបានរៀបរាប់ខាងលើ រួមជាមួយការពិនិត្យអមវេជ្ជសាស្រ្តសំខាន់ៗដូចជា៖ • ការរាប់គ្រាប់ឈាម (អេម៉ូក្រាម) • ការថតសួតដោយកាំរស្មីអុិច • ការបណ្តុះមេរោគក្នុងឈាម • ការពិនិត្យមើលទឹកក្នុងស្រោមសួត ប្រសិនបើមាន • ការធ្វើតេស្តសេរ៉ូឡូហ្ស៊ី រកមេរោគមួយចំនួន ដូចជា Mycoplasma pneumonia។ ការព្យាបាល ជាទូទៅ ការព្យាបាល ត្រូវពឹងផ្អែកទៅលើភាពធ្ងន់ធ្ងររបស់ជំងឺ៖ • បើសិនជាកុមារមានសញ្ញាធ្ងន់ធ្ងរដូចជា ឡើងស្វាយ ពិបាកដកដង្ហើមឬដកដង្ហើមញាប់ ផតទ្រូងមិនបៅឬមិនទទួលទានអាហារ ក្អួត បាត់បង់ជាតិទឹកខ្លាំង មានប្រកាច់ ឬបាត់បង់ស្មារតី កុមារដាច់ខាតត្រូវតែសម្រាកពេទ្យ ដើម្បីទទួលការមើលថែ តាមដាន និង ព្យាបាលឲ្យបានដិតដល់។     • ប៉ុន្តែ ប្រសិនបើកុមារគ្មានសញ្ញាធ្ងន់ធ្ងរដូចខាងលើ កុមារអាចសម្រាកព្យាបាលនៅផ្ទះបាន ដោយគ្រាន់តែប្រើប្រាស់ឱសថ ឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា។ ករណីដែលកុមារមិនបានទទួលការព្យាបាល ឬព្យាបាលមិនទាន់ពេលវេលា កុមារនឹងប្រឈមជាមួយការដក់ខ្ទុះក្នុងស្រោមសួត ដែលអាចបង្កផលវិបាកមួយចំនួនទៀត ដូចជា រលាកស្រោមខួរក្បាល រលាកសន្លាក់មានខ្ទុះ និងរលាកឆ្អឹងសាច់ដុំ។ វិធីបង្ការ • អនុវត្តក្បួនអនាម័យឲ្យបានខ្ជាប់ខ្ជួន • ចៀសវាងការនៅប្រមូលផ្តុំគ្នាជាមួយក្មេងឈឺ • ទទួលទានអាហារមានជីវជាតិគ្រប់គ្រាន់ • ចាក់ថ្នាំបង្ការឲ្យបានត្រឹមត្រូវ • ត្រូវពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ និងមិនត្រូវប្រើឱសថដោយខ្លួនឯង។ ក្មេងតូចៗងាយនឹងឆ្លងជំងឺបំផុត ហេតុដូចនេះ ចាំបាច់ត្រូវនាំកុមារទៅទទួលថ្នាំបង្ការ ឲ្យបានគ្រប់មុខទៅតាមកម្មវិធីជាតិ។ ប្រសិនបើមានរោគសញ្ញាដូចជា ក្អក ក្តៅ ហត់ ត្រូវនាំកុមារទៅជួបជាមួយវេជ្ជបណ្ឌិត ឬកន្លែងផ្តល់សេវាសុខាភិបាលឲ្យបានលឿន។ ម៉្យាងវិញទៀត ជំងឺរលាកសួត គឺជាជំងឺដែលអាចព្យាបាលឲ្យជាសះស្បើយ បើកុមារទទួលការពិនិត្យ ព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា។ បកស្រាយដោយ  ៖ លោកវេជ្ជបណ្ឌិត ណយ ពិសី គ្រូពេទ្យជំងឺកុមារទូទៅ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

Share

ក្រពេញទីរ៉ូអុីត ជាផ្នែកមួយនៃប្រព័ន្ធអង់ដូគ្រីនក្នុងរាងកាយរបស់មនុស្សទូទៅ ដែលមានទីតាំងស្ថិតនៅតំបន់ផ្នែកខាងក្រោយនៃបំពង់កដោយស្ថិតនៅខាងមុខនិង សងខាងនៃបំពង់ខ្យល់។ ដំណើរការនៃក្រពេញនេះ គឺរ៉ាប់រងក្នុងការបញ្ចេញនូវអ័រម៉ូនចំនួនពីរប្រភេទ គឺ Triiodothyronine (T3) និងThyroxin(T4) ដែលការបញ្ចេញនោះទាមទារឲ្យមានវត្តមាននៃសារជាតិអុីយ៉ូត ដែលបានមកពីប្រភពចំណីអាហារ។ បន្ថែមពីនេះ បរិមាណកម្រិតនៃការបញ្ចេញអ័រម៉ូនទាំងពីរ ច្រើនឬតិចវាស្ថិតនៅក្រោមការបញ្ជាពី អ័រម៉ូនម៉្យាងទៀតហៅថា TSH ReleasingHormone (TRH)ដែលបញ្ជេញដោយផ្នែកមួយនៃខួរក្បាលហៅថាHypothalamus។ ជាទូទៅមុខងាររបស់ប្រពេញទីរ៉ូអុីតគឺគ្រប់គ្រងនូវការធ្វើមេតាប៉ូលីស ក្នុងរាងកាយ(គ្រប់គ្រងការបំលែងថាមពលក្នុងរាងកាយ)ហើយវាក៏សម្រួលនូវមុខងារមួយចំនួនទៀតដូចជា ការដកដង្ហើម ចង្វាក់បេះដូង ប្រព័ន្ធខួរក្បាល កម្តៅរាងកាយ និងមុខងារផ្សេងទៀត។ ភាពលើស ឬខ្វះនៃអ័រម៉ូនទាំងពីរក្នុងចរន្តឈាម ជាសញ្ញាណមិនល្អដែលបណ្តាលឲ្យមានជំងឺពីរប្រភេទ គឺ Hypothyroidism(ការខ្វះ)និងHyperthyroidism(ការលើស) ដែលអាចកើតឡើងលើកុមារផងដែរ។ Hypothyroidism និយមន័យ ជាការថយចុះនៃការបញ្ចេញបរិមាណអ័រម៉ូនទីរ៉ូអុីត ដែលមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់សារពាង្គកាយ។ គេសង្កេតឃើញមានមូលហេតុ ២ ប្រភេទចំពោះជំងឺHypothyroidism តួយ៉ាងដូចជា៖ • Congenital Hypothyroidism៖ ជាប្រភេទជំងឺHypothyroidismកើតលើកុមារដែលទើបនឹងកើត ដែលច្រើនកើតឡើងដោយសារតែម្តាយពុំទទួលបានសារជាតិអុីយ៉ូតគ្រប់គ្រាន់ក្នុងកំឡុងពេលពពោះ។ ម្យ៉ាងវិញទៀតវាអាចបណ្តាលមកពីការលូតលាស់ខុសប្រក្រតី នៃប្រពេញទីរ៉ូអុីតដែលអាចស្តែងចេញជាAthyreosis(គ្មានការលូតលាស់នៃក្រពេញទីរ៉ូអុីត)Hypoplastic(ក្រពេញលូតលាស់ខ្លាំងខុសធម្មតា) និងEctopic (ក្រពេញស្ថិតនៅខុសទីតាំង)។ យ៉ាងណាមិញ គេមិនទាន់អាចធ្វើការសន្និដ្ឋានច្បាស់លាស់ចំពោះមូលហេតុនៃការប្រែប្រួលទាំងនោះនៅឡើយ តែវាអាចបង្កឡើងពីមុខងាររបស់ហ្សែននៃរាងកាយរបស់កុមារមួយចំនួន។ • Acquired Hypothyroidism៖ ជាទូទៅ ករណីនេះអាចកើតឡើងចំពោះកុមារដែលមានវ័យចាប់ពី៦ ទៅ ១២ ឆ្នាំ ដែលបណ្តាលមកពីភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំរបស់កុមារដែលឲ្យឈ្មោះថាHashimoto’sthyroiditisដោយប្រព័ន្ធភាពស៊ាំនៃរាងកាយធ្វើការប្រឆាំង ទៅនឹងក្រពេញទីរ៉ូអុីត បង្កឲ្យមានការរលាក និងបាត់បង់សមត្ថភាពក្នុងការបញ្ចេញអ័រម៉ូនទីរ៉ូអុីត។   រោគសញ្ញា រោគសញ្ញា និងផលវិបាកនៃជំងឺ Hypothyroidism នេះគឺមានភាពខុសគ្នាពីកុមារម្នាក់ ទៅម្នាក់ទៀត។ ចំពោះករណីកង្វះអ័រម៉ូនទីរ៉ូអុីតពីកំណើតកុមារអាចប្រឈមនឹងរោគសញ្ញាមួយចំនួនដូចជា ការថយចុះនៃការលូតលាស់ទម្រង់មុខខុសធម្មតា(coarse facialfeatures)អណ្តាតរីកធំក្រាស់ ស្បែកស្ងួត មិនសូវរវាសរវៃ ផ្ចិតលៀន និងសមត្ថភាពបញ្ញាចុះខ្សោយ។ ចំណែករោគសញ្ញាដែលមានជាទូទៅចំពោះកុមារអាចជា៖ • ឡើងទម្ងន់ខ្លាំង • អស់កម្លាំង • ទល់លាមក • លូតលាស់យឺត • យឺតយ៉ាវនៃភាពពេញវ័យ។ ការធ្វើរោគវិនិច្ឆ័យ • តាមដានសភាពកុមារទើបនឹងកើត៖ ជាវិធីសាស្រ្តអាចចាប់បានសញ្ញានៃជំងឺ Hypothyroidism មុនពេលស្តែងចេញជារោគសញ្ញា ដែលតែងតែអនុត្តចំពោះករណី Congenital Hypothyroidism។ • ពិនិត្យមុខងាររបស់ក្រពេញទីរ៉ូអុីត៖ ប្រសិនបើការពិនិត្យវិជ្ជមាន ត្រូវបន្តធ្វើតេស្តបន្ថែមទៀតដែលជាការកំណត់ឲ្យកាន់តែច្បាស់ ដូចជារកកម្រិតអ័រម៉ូនthyroxine (T4), free T4 និង thyroid-stimulating hormone (TSH) នៅក្នុងឈាម។ • ថតក្រពេញទីរ៉ូអុីត (thyroid ultrasonography ឬ radionuclide scan)៖ ធ្វើការចាក់បញ្ចូល ឬលេបសារធាតុ Radioactiveទៅក្នុងខ្លួន ដោយរង់ចាំរយៈពេល ៦ ទៅ ២៤ ម៉ោង នោះសារធាតុ Radioactive នឹងទៅប្រមូលផ្តុំនៅក្រពេញទីរ៉ូអុីតដើម្បីបញ្ជូនរូបភាពទៅកាន់ម៉ាស៊ីនដើម្បីធ្វើការពិនិត្យពីការលូតលាស់របស់ក្រពេញ ថាតើវាស្ថិតនៅខុសទីតាំង ឬមានទំហំខុសធម្មតា។   ការព្យាបាល គ្មានវិធីសាស្រ្តដើម្បីព្យាបាលឲ្យជាសះស្បើយនោះទេ តែអ្នកជំងឺអាចតម្រូវឲ្យប្រើប្រាស់នូវអ័រម៉ូនទីរ៉ូអុីតជាថ្នាំជំនួស (synthetic thyroxin T4)ដែលវាជាមធ្បោបាយព្យាបាលដែលមានសុវត្ថិភាព   និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពជំងឺ។ បន្ថែមពីការព្យាបាលនោះផងដែរ កុមារត្រូវតែទទួលបានការ តាមដានយ៉ាងម៉ត់ចត់ចំពោះការវិវឌ្ឍរបស់ជំងឺ និងប្រសិទ្ធភាពរបស់ថ្នាំ។ Hyperthyroidism និយមន័យ ចំពោះកុមារ ជំងឺ Hyperthyroidism អាចកើតឡើងមិនសូវជាញឹកញាប់ ប៉ុន្តែវាជាជំងឺដែលគ្រោះថ្នាក់ដល់ជីវិតមួយ ដែលស្តែងឡើងដោយការបញ្ចេញនូវអ័រម៉ូនទីរ៉ូអុីតច្រើនខុសធម្មតាចូលទៅក្នុងចរន្តឈាម។  កុមារអាចមានជំងឺនេះតាំងពីវ័យជាទារកក្នុងផ្ទៃពោះដោយឆ្លងពីម្តាយហើយវាកើតឡើងដោយសារតែម្តាយមានផ្ទុកនូវជំងឺម្យ៉ាង ដែលអង្គបដិបក្ខក្នុងខ្លួនមានសកម្មភាព ខ្លាំងធ្វើការភ្ញោចឲ្យមានការបញ្ចេញនូវអ័រម៉ូនទីរ៉ូអុីតច្រើនខុសធម្មតា(Gra-ves disease)។ ម៉្យាងវិញទៀត វាអាចបង្កឡើងដោយសារការរលាកនូវក្រពេញទីរ៉ូអុីត ពីពពួក បាក់តេរី (Acute thyroiditis)ឬ វីរុស (Subacute thyroiditis) ផងដែរ។ រោគសញ្ញា ជំងឺអាចបង្កជារោគសញ្ញាដូចជា៖ • បាត់បង់ចំណង់អាហារ • មួម៉ៅ • សម្ពាធឈាមឡើងខ្ពស់ • បេះដូងលោតញាប់ • ក្បាលតូច • ស្រកទម្ងន់ • អស់កម្លាំង។ ការធ្វើរោគវិនិច្ឆ័យ • ពិនិត្យមុខងារក្រពេញទីរ៉ូអុីត៖ ជាទូទៅគេត្រូវពិនិត្យមើលនូវកម្រិតនៃអ័រម៉ូន Triiodothyronine (T3) និង Thyroxine T4និង Thyroid stimulating hormone (TSH) នៅក្នុងឈាម។ • ថតក្រពេញទីរ៉ូអុីត (Thyroid ultrasonography ឬ radionuclidescan)៖ ជាវិធីសាស្រ្តដើម្បីដឹងថា តើវាអាចមានការប្រែប្រួលរបស់ក្រពេញទីរ៉ូអុីត ឬអាចមានការរលាកជាដើម។ ការព្យាបាល • ប្រើប្រាស់ថ្នាំប្រភេទ Antithyroid ដូចជា Methimazole ឬ Propylthiouracil។កំឡុងពេលប្រើប្រាស់ថ្នាំត្រូវមានការតាមដានឲ្យបានញឹកញាប់ ដើម្បីចៀសវាងបញ្ហានានាដែលអាចបង្កឡើងដោយសារប្រភេទថ្នាំទាំងនោះ។ • ការព្យាបាលការរលាកក្រពេញទីរ៉ូអុីតដោយពពួកបាក់តេរីអាចប្រើប្រាស់នូវពពួកថ្នាំផ្សះតាមការចាក់ ឬលេប ចំណែកការបង្កដោយពពួកវីរុស គឺអាចជាទៅវិញដោយខ្លួនវា តែអាចព្យាបាលសម្រន់ការឈឺចាប់ ដោយពពួកថ្នាំបំបាត់ការឈឺចាប់នានា។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ហួត យុវលាភ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

និយមន័យ បញ្ហាអាល្លែកហ្ស៊ីអាហារលើកុមារកើតឡើង នៅពេលកុមារញ៉ាំអាហារ ឬសារធាតុណាមួយចូលក្នុងខ្លួនធ្វើឲ្យមានប្រតិកម្មជាមួយនឹងប្រព័ន្ធការពាររាងកាយ ដោយការលេចចេញជាសញ្ញាផ្សេងៗ ហើយផ្តល់ផលវិបាកជាច្រើន។ ប្រតិកម្មអាល្លែកហ្ស៊ីដែលកើតឡើង មានបែបបទរបស់វាពីស្រាលទៅធ្ងន់ ឬអាចឈានដល់បាត់បង់ជីវិតទៀតផង។ ម៉្យាងវិញទៀត អាល្លែកហ្ស៊ីអាហារនេះ ច្រើនជួបប្រទះចំពោះក្មេងជាងមនុស្សចាស់ ពិសេសក្មេងក្រោមអាយុ១ឆ្នាំ។  មូលហេតុ មកដល់បច្ចុប្បន្ននេះ ករណីអាល្លែកហ្ស៊ីអាហារចំពោះកុមារតែងកើតមានឡើងដោយឯកឯង គ្មានមូលហេតុណាមួយ ដែលត្រូវបានកំណត់ច្បាស់លាស់នោះទេ។ មានការសម្គាល់ខ្លះថា នៅពេលឳពុកម្តាយមានអាល្លែកហ្ស៊ីជាមួយអ្វីមួយកូនកើតមកអាចនឹងមានអាល្លែកហ្ស៊ីដែរ ប៉ុន្តែក៏មិនមានការសិក្សាណាមួយបង្ហាញថាវាជាបញ្ហាតពូជឡើយ។  រោគសញ្ញា ទាក់ទងនឹងអាល្លែកហ្ស៊ី អាចមានការងាយស្រួលក្នុងការកត់សម្គាល់។ បើចំពោះក្មេងតូចៗដែល ភាគច្រើន តែងមានអាល្លែកហ្សុីជាមួយនឹងទឹកដោះគោ រោគសញ្ញាមានដូចជា រមាស់ស្បែក ក្អក ហត់ ឈឺពោះ ក្អួត ក្អែញឹកញាប់ ហើមពោះ រាករ៉ាំរ៉ៃដែលអាចច្រឡំជាមួយជំងឺរាកដោយសារមេរោគផងដែរ។ ក្នុងករណីធ្ងន់ធ្ងរ(Anaphylaxis) ក្មេងអាចមានអាការៈ ចុះសម្ពាធឈាម និងពិបាកដកដង្ហើមខ្លាំង ហើយអាចឈានដល់ការប៉ះពាល់អាយុជីវិតផងដែរ។  ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យដែលសាមញ្ញបំផុត គឺឲ្យកុមារសាកល្បងញ៉ាំអាហារដែលសង្ស័យ រួចចាំសង្កេតមើលថាតើ មានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើដែរឬទេ។ ការធ្វើបែបនេះត្រូវស្ថិតក្រោមការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់ វេជ្ជបណ្ឌិត។ វិធីរោគវិនិច្ឆ័យមួយផ្សេងទៀតគឺ ធ្វើឡើងដោយការធ្វើតេស្តនៅលើស្បែក៖ កោសស្បែកឲ្យដាច់បន្តិចរួចដាក់សារធាតុដែលសង្ស័យពីលើប្រសិនបើពិតជាមានអាល្លែកហ្ស៊ីជាមួយនឹងសារធាតុនោះមែន នៅលើស្បែកក្មេងនឹងលេចចេញជាសញ្ញាកន្ទួលក្រហម ប៉ុន្តែការធ្វើតេស្តនេះទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ព្រោះក្មេងខ្លះអាច នឹងមានប្រតិកម្មខ្លាំង ដល់ថ្នាក់ថប់ដង្ហើម ឬគាំងបេះដូង ស្លាប់ភ្លាមៗ។ ការធ្វើរោគវិនិច្ឆ័យមួយប្រភេទទៀត គឺការធ្វើតេស្តឈាម ដោយដាក់សារធាតុដែលមានការសង្ស័យ ចូលទៅក្នុងឈាមដែលបូម បន្ទាប់មក នឹងឃើញមានប្រតិកម្មរវាងសារធាតុទៅតោងជាមួយនឹងប្រព័ន្ធការពារ តាមរយៈការបាញ់បញ្ចាំងកាំរស្មី។ ការព្យាបាល និងផលវិបាក ក្មេងតូចៗមានការងាយស្រួលក្នុងការព្យាបាលណាស់ ដោយពួកគេមិនមានញ៉ាំអ្វីផ្តេសផ្តាសក្រៅពីទឹកដោះគោ ផ្ទុយមកវិញ មានការពិបាកចំពោះក្មេងធំបន្តិច៖ ក្មេងចេះដើរ និងក្មេងចូលរៀន។ ការព្យាបាលចំពោះករណីអាល្លែកហ្ស៊ីអាហារលើក្មេង គឺត្រូវស្វែងយល់ថា ក្មេងមានអាល្លែកហ្ស៊ីជាមួយនឹងប្រភេទអាហារមួយណា រួចបញ្ឈប់ការ ញ៉ាំអាហារនោះ។ ការប្រើប្រាស់ថ្នាំអាល្លែកហ្ស៊ីឬប្រើថ្នាំចាក់ភ្លាមៗ អាចត្រូវបានណែនាំចំពោះក្មេងមានអាល្លែកហ្ស៊ីខ្លាំង។ អាល្លែកហ្ស៊ីអាហារច្រើនប៉ះពាល់លើប្រព័ន្ធរំលាយអាហារ ដែលអាចច្រឡំនឹងជំងឺផ្សេងទៀត ហើយបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវឬទាន់ពេលវេលានោះក្មេងអាចប្រឈមនឹងជំងឺកង្វះអាហារូបត្ថម្ភ ជាមូលហេតុចម្បងងាយនឹងឆ្លងមេរោគនិងជំងឺមួយចំនួន ប៉ះពាល់ដល់បញ្ញា និងអាចរហូតដល់បាត់បង់ជីវិតទៀតផង។ ការការពារ ក្មេងមានអាល្លែកហ្ស៊ីជាមួយអាហារណាត្រូវចៀសវាងអាហារនោះ និងត្រូវសរសេរជាតារាងរៀបរាប់ពីប្រភេទអាហារដែលក្មេងមានអាល្លែកហ្ស៊ីភ្ជាប់នឹងដៃក្មេងជានិច្ច ដើម្បីឲ្យគ្រប់គ្នាដឹង។ បើក្មេងមានអាល្លែកហ្ស៊ីជាមួយនឹងទឹកដោះគោ គួរប្តូរដោយយកប្រភេទដែលមានអាល្លែកហ្ស៊ីតិច(hypoallergic)។ បកស្រាយដោយ  ៖ លោកស្រីវេជ្ជបណ្ឌិត លីម ស៊ីវឡាំង វេជ្ជបណ្ឌិតនៃគ្លីនិកជាតិសើស្បែក និងកាមរោគ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ជំងឺធ្មេញកុមារដែលមិនគួរមើលរំលងលក្ខណៈទូទៅរបស់ធ្មេញមិនថាកុមារ ឬមនុស្សពេញវ័យ លក្ខណៈជាទូទៅ របស់ធ្មេញចែកចេញជា ៣ ស្រទាប់ដូចជាកាចា(ផ្នែកខាងក្រៅ) ភ្លុក និងបណ្តូលធ្មេញ ដែលជាស្រទាប់ផ្នែកខាងក្នុងរបស់ធ្មេញ ។ បន្ថែមពីនេះធ្មេញមានរួមបញ្ចូលនូវសារធាតុម្យ៉ាងដែលឲ្យឈ្មោះថា Cementum ដែលព័ទ្ធជុំវិញឫសរបស់ធ្មេញ និង Ligament សម្រាប់ភ្ជាប់ពី Cementum ទៅកាន់ឆ្អឹង ដែល វាបង្កឲ្យធ្មេញមានចលនាតិចៗជាធម្មតា។ គប្បីកុំចាត់ទុកសុខភាពមាត់ធ្មេញរបស់កុមារជាបញ្ហាតូចតាច ផ្ទុយទៅវិញ វាជាប្រភពមេរោគ និងជាកត្តាបង្កជំងឺជាច្រើនដែលបង្អាក់ការលូតលាស់របស់កុមារ និងប្រឈមទៅនឹងសុខភាពទូទៅដូចជាក្តៅខ្លួន រាកជាដើម។ ដំណាក់កាលវិវឌ្ឍនៃធ្មេញកុមារជាទូទៅ កុមារមានធ្មេញទាំងអស់ចំនួន២០ ដែលផ្នែកខាងលើមានចំនួន១០ បូករួមជាមួយផ្នែក ខាងក្រោម ចំនួន១០បន្ថែមទៀត។ ចំពោះដំណុះធ្មេញព្រៃចាប់ផ្តើមក្នុងអាយុ ៦ខែ រហូតដល់៣ឆ្នាំ ហើយធ្មេញនឹងមានការផ្លាស់ប្តូរពីធ្មេញព្រៃទៅធ្មេញស្រុកចាប់ពីអាយុ ៦ឆ្នាំ និងចប់សព្វគ្រប់ក្នុង កំឡុងអាយុ១៣ឆ្នាំ។ យ៉ាងណាមិញ ធ្មេញព្រៃរបស់កុមារមានលក្ខណៈខុសគ្នាពីមនុស្សពេញវ័យ ផ្អែកលើសភាព ២យ៉ាង៖ • មានពណ៌សល្អក់ដូចទៅនឹងពណ៌របស់ ទឹកដោះ ដែលខុសពីធ្មេញរបស់មនុស្សពេញវ័យដែលមានពណ៌ស។ • វាមានក្បាលធ្មេញតូច និងឫសខ្លី ដែលផ្ទុយ ពីមនុស្សពេញវ័យ។ កត្តាប្រឈម និងការប៉ះពាល់កុមារដែលស្ថិតក្នុងអាយុចាប់ពី ២ឆ្នាំ ទៅ ៧ឆ្នាំជាវ័យដែលងាយទទួលរងបញ្ហាសុខភាពមាត់ធ្មេញច្រើនជាងគេ ដោយពួកគេមិនទាន់ចេះថែរក្សាការពារធ្មេញដោយខ្លួនឯង។ កត្តាដែលប៉ះពាល់ និងបង្ករោគ មានដូចជាការផ្តល់របបអាហារដែល មិនអំណោយផល និង ការលើសឬខ្វះនូវសារធាតុរ៉ែមួយចំនួន។នៅពេលដែលធ្មេញទទួលរងនូវជាតិស្ករច្រើនពីចំណីអាហារ វាត្រូវបានបំលែង ឲ្យទៅជាជាតិអាស៊ីត ដែលបណ្តាលមកពីពពួកមេរោគមួយចំនួននាំឲ្យខូចខាតសភាពរបស់ធ្មេញក្នុងពេលវេលាគ្រប់គ្រាន់ណាមួយ។  មួយវិញទៀតទម្លាប់នៃការបំបៅទឹកដោះគោ ដែលខុសពីទឹកដោះធម្មជាតិ ក៏អាចនាំឲ្យធ្មេញឈានទៅរកការខូចខាតផងដែរ ដែលបញ្ហាទាំងនោះមានដូចជា៖ • ធ្មេញពុក • ពណ៌របស់ធ្មេញមានសភាពខុសធម្មតា(ខ្មៅ ឬត្នោត) • មានទំហំមិនប្រក្រតី • មិនរឹងមាំ និងស្តើង • ងាយស្រៀវ។ រោគសញ្ញា និងរោគវិនិច្ឆ័យ គន្លឹះមួយចំនួនក្នុងការរករោគសញ្ញានៃជំងឺធ្មេញរបស់កុមារមានដូចជា៖ • ការពិនិត្យមើលការប្រែប្រួលនូវសភាពពណ៌របស់ធ្មេញ • កុមារពិបាកក្នុងការទំពារ • មានចំណីអាហារដែលអាចជាប់នៅតាមចន្លោះធ្មេញ  ដែលបង្កឲ្យមានការឈឺចាប់។ ជាទូទៅ កុមារដែលមានបញ្ហាមាត់ធ្មេញ ទាមទារឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិកដែលមានទន្តបណ្ឌិតពោរពេញទៅដោយជំនាញច្បាស់លាស់ទើបអាចធានាបាននូវការធ្វើរោគវិនិច្ឆ័យបាន ត្រឹមត្រូវ និងច្បាស់លាស់។ ការព្យាបាល និងការការពារ ចំពោះការព្យាបាលប្រែប្រួលទៅតាមសភាពធ្មេញតួយ៉ាង៖ • កុមារដែលមានចង្អូរធ្មេញជ្រៅប្រឈមទៅនឹង ការពុកធ្មេញ គឺតម្រូវឲ្យមានការប៉ះបិទជម្រៅនៃ ចង្អូរទាំងនោះដែលឲ្យឈ្មោះថា Fissure Sealant។ • ប្រើប្រាស់សារធាតុភ្លុយអរ (Fluoride) លាបត្រង់កន្លែងធ្មេញដែលមានការខូចខាត អាចការពារការពុកធ្មេញទាន់ពេលវេលា។ • ចំពោះធ្មេញដែលមានដំណាក់កាលធ្ងន់ធ្ងរអាចឈានទៅរកការព្យាបាលដោយជ្រើសរើសនូវការដាក់ធ្មេញប្រភេទ stainless steel crown សម្រាប់កុមារ។ • ធ្វើការដកធ្មេញព្រៃមុនអាយុ ក្នុងករណីដែលមិនអាចរក្សាទុកធ្មេញ ដែលមានបញ្ហានោះតទៅទៀតបាន។ ការការពារទាមទារឲ្យមានការផ្តល់អាហារដែលមានជាតិវីតាមីន និងសារធាតុរ៉ែឲ្យបានគ្រប់គ្រាន់ និងទៀងទាត់តាមពេលវេលាជាពិសេសចំណីអាហារប្រភេទមើមដែលវាសម្បូរ ទៅដោយជាតិ ភ្លុយអរ និងកាល់ស្យូមគួរតែផ្តល់ឲ្យកុមារឲ្យបានច្រើន ដូចជាការ៉ុត និងដំឡូងបារាំងជាដើម។ ចៀសវាងផ្តល់អាហារដែលមានជាតិស្ករច្រើនជាពិសេសផលិតផលស្ករគ្រាប់។ បន្ថែមពីនេះ អាណាព្យាបាលមិនត្រូវបន្តក់ជាតិថ្នាំភ្លុយអរដោយខ្លួនឯងទៅលើធ្មេញក្មេង ដែលមិនបានទទួលវេជ្ជបញ្ជាពីទន្តបណ្ឌិតទេ។             ផលប៉ះពាល់ធ្ងន់ធ្ងរករណីដែលមិនបានទទួលការព្យាបាលទាន់ពេលវេលាអាចបង្កជាបញ្ហា៖ • ធ្មេញព្រៃខូច និងជ្រុះមុនអាយុ • បាត់ចំណង់ចំណីអាហារ ដែលអាចបង្កជាជំងឺទៅថ្ងៃអនាគត • ប៉ះពាល់ដល់ការសិក្សា។ ចំពោះកុមារដែលមានប្រវត្តិធ្លាប់ទទួលរងនូវ បញ្ហាធ្មេញបានបន្សល់ទុកនូវផលអវិជ្ជមានពេលពេញវ័យដូចជា៖ • បាត់បង់សោភ័ណភាពផ្ទៃមុខ ដោយទម្រង់នៃធ្មេញស្រុកដុះមិនបានល្អ • បញ្ហាលើមុខងារទំពា ងាយបង្កជាជំងឺមាត់ធ្មេញផ្សេងៗ • បាត់បង់ទំនុកចិត្ត។ បកស្រាយដោយ ៖ លោកទន្តបណ្ឌិត អ៊ឹង ប៉ោលាង នៃមន្ទីរព្យាបាលធ្មេញ អេឡេហ្គង់ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។     

Share

សំណួរ៖ នាងខ្ញុំអាយុ 23 ឆ្នាំរស់នៅរាជធានីភ្នំពេញ។ ខ្ញុំមានកូនប្រុសអាយុ ៣ខែ។ ខ្ញុំ និងប្តីចេះតែស្តាប់ឮសំឡេងកូនខ្ញុំស្រមុកដូចសំឡេងឆ្មា។ ខ្ញុំឆ្ងល់ណាស់ថាក្មេងតូច ក៏អាចស្រមុកដែរ។ តើវាជារឿងធម្មតាឬក៏ជាបញ្ហាដែលត្រូវទៅជួបគ្រូពេទ្យ? ចម្លើយ៖ កូនរបស់លោកស្រីប្រហែលជាមានបញ្ហានៅអាមីដាល់ ឬរលាកច្រមុះ។ នៅពេលគេង អាមីដាល់អាចរីកធំ ឬអាល្លែកហ្ស៊ីច្រមុះរ៉ាំរ៉ៃដែលធ្វើឲ្យមានសំបោរ និងតឹងច្រមុះ ធ្វើឲ្យត្បៀតផ្លូវដង្ហើមដែលនាំឲ្យឮសំឡេង។ ដូចនេះ ដំណោះស្រាយ គឺត្រូវជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យច្រមុះថាតើមានបញ្ហាអាល្លែកហ្ស៊ីឬក៏អត់ និងមើលសាច់អាមីដាល់ថាធំកម្រិតណា ត្រូវកាត់ចេញឬក៏អត់ និងកាត់នៅពេលណា ព្រមទាំងវាយតម្លៃថាវាអាចប៉ះពាល់ដល់ការលូតលាស់និងការរៀនសូត្ររបស់ក្មេងឬទេ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ

Share

អត្រាជំងឺមហារីកលើកុមារបើផ្អែកតាមស្ថិតិនៅបណ្តាប្រទេសអឺរ៉ុប អត្រាជំងឺមហារីកលើកុមារមានប្រហែល ១៣០ ករណីក្នុងចំណោមកុមារអាយុតិចជាង ១៥ឆ្នាំ ១លាននាក់។ ចំណែកនៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថិតិបង្ហាញ ពីអត្រាជំងឺនេះនៅឡើយទេ តែបើផ្អែកតាមតួលេខនេះ អត្រាជំងឺមហារីកលើកុមារអាយុក្រោម ១៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជាយើងមានប្រហែល ៦៣០ ករណីថ្មី ក្នុង ១ឆ្នាំ។ ជំងឺនេះមានជាង ៤០ប្រភេទ ហើយវាអាចកើតលើក្មេងគ្រប់អាយុទាំងអស់។ ជំងឺមហារីកកុមារដែលកើតជាញឹកញាប់មានដូចជា៖ •    ជំងឺមហារីកឈាមស្រួចស្រាវ •    ជំងឺមហារីកកូនកណ្តុរ •    ជំងឺមហារីកខួរក្បាល •    ជំងឺមហារីកប្រព័ន្ធប្រសាទ •    ជំងឺមហារីកតម្រងនោម •    ជំងឺមហារីកថ្លើម •    ជំងឺមហារីកឆ្អឹង •    ជំងឺមហារីកភ្នែក         លក្ខណៈខុសគ្នានៃជំងឺមហារីកកុមារ និងមនុស្សពេញវ័យជំងឺមហារីកលើកុមារ និងលើមនុស្សពេញវ័យ មានលក្ខណៈខុសគ្នាច្រើនទាំង ទីតាំង ប្រភេទរោគសញ្ញា ភាពធ្ងន់ធ្ងរ ការវិវឌ្ឍ និងវិធី ព្យាបាល។ ជាទូទៅជំងឺមហារីកលើកុមារមានការលូតលាស់លឿនជាងជំងឺមហារីក ដែលកើតលើមនុស្សចាស់ប៉ុន្តែការសិក្សាវិទ្យា សាស្ត្រ បានបង្ហាញថា ជំងឺមហារីកលើកុមារ ឆ្លើយតបនឹងការព្យាបាលបានល្អជាង និងមានអត្រាជាសះស្បើយច្រើនជាង។         មូលហេតុ មហារីកលើកុមារភាគច្រើនមិនមានមូលហេតុពិតប្រាកដទេ។ មានកត្តារួមផ្សំមួយចំនួនដូចជា៖ •    កត្តាហ្សេនេទិក ដែលបណ្តាលមកពីការខូចខាតនៃហ្សែន •    ការបង្ករោគដោយវីរុស (HIV, Epstein-Barr  Virus) •    សារជាតិវិទ្យុសកម្ម។         រោគសញ្ញា រោគសញ្ញាប្រែប្រួលទៅតាមប្រភេទ និងទីតាំងនៃជំងឺមហារីក តួយ៉ាងដូចជា៖ +    មហារីកឈាមស្រួចស្រាវ -    អាចកើតលើកុមារគ្រប់វ័យ -    ក្តៅខ្លួនរ៉ាំរ៉ៃ មិនឆ្លើយតបនឹងថ្នាំផ្សះ -    សញ្ញាហូរឈាម ដូចជា ជាំស្បែក ឈាមអញ្ចាញធ្មេញ ឈាមច្រមុះ -    ស្លេកស្លាំង -    អណ្តើក ថ្លើម កូនកណ្តុររីកធំ។ +    មហារីកតម្រងនោម -    ភាគច្រើនកើតលើក្មេងអាយុក្រោម ៨ឆ្នាំទំហំពោះរីកធំ ជួនកាលអាចស្ទាបប៉ះដុំ -    ជួនកាលនោមឈាម  ឬ  លើសសម្ពាធឈាម។     ការព្យាបាល តាមលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា ជំងឺមហារីកខ្លះអាចព្យាបាលជាសះ- ស្បើយស្ទើរតែ ១០០%  ឯខ្លះទៀតមានឱកាសជាសះស្បើយតិចតួច។ ជារួមជំងឺនេះអាចព្យាបាលជា សះស្បើយ ៧០%  ចំណែកវិធីព្យាបាល និងរយៈពេលព្យាបាលខុសគ្នាទៅតាមប្រភេទនីមួយៗ។ វិធីសាស្ត្រដែលប្រើអាចមានដូចជា ៖ •    ការព្យាបាលដោយថ្នាំគីមី និងថ្នាំជីវសាស្ត្រជំនាន់ថ្មីទំនើបៗ ដែលមានប្រសិទ្ធភាពខ្ពស់ និងមិនសូវមានផលវិបាក •    ការព្យាបាលដោយកាំរស្មីបែបទំនើប •    ការព្យាបាលដោយការវះកាត់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ម្លិះ រដ្ឋា វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងជំងឺឈាមកុមារនៃមន្ទីរពេទ្យកាល់ម៉ែត

Share

ជំងឺទឹកនោមផ្អែម មានច្រើនប្រភេទ តែប្រភេទដែល  ច្រើនជាងគេគឺ ជំងឺទឹកនោមផ្អែមប្រភេទ២(៩០%ទៅ៩៥%នៃករណីជំងឺទឹកនោមផ្អែមសរុប) និងជំងឺទឹកនោមផ្អែមប្រភេទ១(៥%ទៅ១០%នៃករណីជំងឺទឹកនោមផ្អែមសរុប)។ ក្រៅពីនេះ មានប្រភេទជំងឺទឹកនោមផ្អែមលើស្ត្រីមានផ្ទៃពោះ(Gestational diabetes) និងជំងឺទឹកនោមផ្អែមដែលបង្កឡើងដោយបញ្ហាផ្សេងៗទៀត(Secondary diabetes)។ ជំងឺទឹកនោមផ្អែមនេះផងដែរ ច្រើនកើតមានលើមនុស្សធំ ប៉ុន្តែក៏មានជំងឺទឹកនោមផ្អែមដែលកើតឡើងលើកុមារផងដែរ។ អត្ថបទនេះ នឹងបកស្រាយលម្អិតពីជំងឺទឹកនោមផ្អែមប្រភេទ១ ដែលកើតមានច្រើនលើកុមារ។ និយមន័យ ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាជំងឺរ៉ាំរ៉ៃ ដែលធ្វើឲ្យមុខងារកោសិកាបេតា របស់លំពែងខូចទាំងស្រុង ធ្វើឲ្យអត្រាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ដែលគេហៅថា Insulin-dependent diabetes។ ជំងឺនេះជាលក្ខខណ្ឌមួយដែលមុខងារកោសិកាបេតា(Beta cells) របស់លំពែងមិនអាចផលិតអាំងស៊ុយលីន។ ជំងឺនេះកើតមានច្រើនចំពោះកុមារ និងក្មេងជំទង់ តែគេក៏សង្កេតឃើញមានកើតលើមនុស្សវ័យផ្សេងទៀតដែរ។ មូលហេតុ គ្មានមូលហេតុច្បាស់លាស់ណាមួយនៃជំងឺទឹកនោមផ្អែមប្រភេទនេះ ត្រូវបានបង្ហាញនៅឡើយទេ។ អ្នកវិទ្យាសាស្ត្រគ្រាន់តែដឹងថា ភាគច្រើនប្រព័ន្ធភាពស៊ាំការពាររាងកាយ នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលជាធម្មតាសម្លាប់បាក់តេរី និងវីរុសបង្ករោគ ច្រឡំបំផ្លាញកោសិកាអាំងស៊ុយលីន អ័រម៉ូនផលិតនៅហ្នឹងលំពែង។ ហ្សែនក៏អាចដើរតួនាទីក្នុងដំណើរការនេះ និងប៉ះពាល់ទៅលើវីរុសជាច្រើនដែលអាចបង្កជាជំងឺនេះ។ កត្តាដែលជម្រុញឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២ រួមមាន៖ •កត្តាហ្សែន ប្រវត្តិគ្រួសារ •កត្តាបរិស្ថានជុំវិញ •ការប៉ះពាល់ជាមួយពពួកវីរុសដូចជា Epstein-Barr virus, coxsackie virus, rubella or cytomegalovirus •កង្វះបរិមាណវីតាមីនD •កត្តារបបអាហារមួយចំនួនរួមមានទឹកដែលមានផ្ទុកនីត្រាត។ រោគសញ្ញា រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ១ លេចឡើងក្នុងដំណាក់កាលដំបូងនៃជំងឺ ដែលខុសពីរោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ២មានលក្ខណៈស្ងប់ស្ងាត់នៅដំណាក់កាលដំបូងហើយលេចចេញនៅដំណាក់កាលធ្ងន់ទៅហើយក្នុងរយៈពេល៥ទៅ១០ឆ្នាំ។ នេះជាហេតុដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មកជួបនឹងគ្រូពេទ្យក្នុងដំណាក់កាលដំបូង។ រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ១មានដូចជា៖ •បទជើងតូចញឹក •ស្រេកទឹក •ញ៉ាំច្រើន •ស្រកទម្ងន់ •ស្រវាំងភ្នែក។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម អាចធ្វើបានតាម៤ប្រភេទ៖ ១. ពិនិត្យរកជាតិស្ករក្នុងឈាមពេលពោះទទេ(ពោះទទេរយៈពេលយ៉ាងតិច៨ម៉ោង)៖ ជាតិស្ករច្រើនជាង ១២៦ម.ក្រ/ដ.ល ២. ពិនិត្យរក HbA1c មានច្រើនជាងឬស្មើ ៦.៥% ៣. ពិនិត្យរកជាតិស្ករដោយចៃដន្យ៖ ជាតិស្ករធំជាង ២០០ម.ក្រ/ដ.ល បូករួមជាមួយនឹងរោគសញ្ញា ៤. ពិនិត្យជាតិស្ករ ២ម៉ោងក្រោយឲ្យអ្នកជំងឺបរិភោគជាតិស្ករ ៧៥ក្រាម៖ ជាតិស្ករច្រើនជាង ២០០ម.ក្រ/ដ.ល។ ការធ្វើតេស្តនេះ ប្រើតែក្នុងការសិក្សា ស្រាវជ្រាវតែប៉ុណ្ណោះ។ ការព្យាបាល ការព្យាបាលជំងឺទឹកនោមផ្អែមទាំងប្រភេទ១ និងប្រភេទ២ ត្រូវធ្វើការព្យាបាលនិងតាមដានអស់មួយជីវិត។ ដោយឡែក ជំងឺទឹកនោមផ្អែមប្រភេទ១ អាចព្យាបាលបានតែដោយឱសថប្រភេទចាក់ប៉ុណ្ណោះ។ ដូចនេះ ករណីដែលអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺទឹកនោមផ្អែម តែមិនមានឱសថអាំងស៊ុយលីនប្រភេទចាក់សម្រាប់ព្យាបាលទេនោះ អ្នកជំងឺគឺមិនអាចបន្តអាយុបានយូរទេ។ ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវធ្វើការព្យាបាលនិងតាមដានរហូតដល់ជាតិស្ករចុះដល់កម្រិត ពោលគឺ៖ •ជាតិស្ករមុនអាហារ ត្រូវស្ថិតនៅចន្លោះ ៩០ម.ក្រ/ដ.ល ទៅ ១៣០ម.ក្រ/ដ.ល •ជាតិស្ករ២ម៉ោងក្រោយអាហារ ត្រូវទាបជាងឬស្មើ ១៨០ម.ក្រ/ដ.ល •HbA1c តិចជាង ៧%។ វិធានការព្យាបាល •ចាក់អាំងស៊ុយលីនពី២ទៅ៥ដងក្នុងមួយថ្ងៃ •គ្រប់គ្រងរបបអាហារពិសេសអាហារផ្អែម •ធ្វើលំហាត់ប្រាណជាប្រចាំ លើកលែងតែក្មេងតូច •តាមដានកម្រិតជាតិស្ករមុននិងក្រោយអាហារជាប្រចាំ។ ផលវិបាក ករណីអ្នកជំងឺមិនបានអនុវត្តតាមវិធានការនៃការព្យាបាលឲ្យបានខ្ជាប់ខ្ជួន ផលវិបាកភ្លាមៗដែលជួបញឹកញាប់បំផុតគឺការឡើងជាតិស្ករក្នុងឈាមខ្ពស់ខ្លាំងដែលអាចធ្វើឲ្យអ្នកជំងឺសន្លប់។ ឯផលវិបាករ៉ាំរ៉ៃ បញ្ញាដែលប្រឈមចម្បងគេនោះគឺខូចតម្រងនោម ដែលអាចឈានទៅដល់ការលាងឈាមឬផ្សាំតម្រងនោមក្នុងដំណាក់កាលចុងក្រោយ។ ក្រៅពីនេះ មានខូចខាតដល់៖ •ភ្នែក •ប្រព័ន្ធប្រសាទបញ្ជា •សរសៃឈាមធំៗ៖ ស្ទះត្បៀតសរសៃឈាមបេះដូង ស្ទះត្បៀតសរសៃឈាមដែលអាចធ្វើឲ្យមានដំបៅរលួយនៅជើង ឬស្ទះត្បៀតសរសៃឈាមខួរក្បាល(Stroke)។ សរុបមក អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវធ្វើការព្យាបាលនិងតាមដានជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ នោះផលវិបាកនៃជំងឺនេះនឹងអាចចៀសវាងបានទាំងស្រុង ឬកើតក្នុងរយៈពេលយូរទៀតមិនមែនកើតភ្លាមៗទេ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ ទីក្រុងភ្នំពេញ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺរលាកទងសួតតូច ជាជំងឺកើតមានលើកុមារដែលមានអាយុមិនលើសពី២ឆ្នាំ ហើយភាគច្រើនបង្កឡើងដោយពពួក Respiratory syncytial virus និងមួយចំនួនទៀតបង្កឡើងដោយមេរោគដទៃទៀតដូចជា Adenovirus  ជាដើម។  ជាទូទៅ ៧០%ទៅ៨០%នៃកុមារដែលតែងឃើញមានការចម្លងនូវជំងឺនេះ គឺមានអាយុក្រោមមួយឆ្នាំ និងជាពិសេស ចំពោះទារកដែលមានអាយុជុំវិញ៦ខែ។ របៀបចម្លងរោគ ដោយហេតុថាវាជាជំងឺប្រព័ន្ធផ្លូវដង្ហើម មេរោគត្រូវបានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការដកដង្ហើម ទឹកមាត់ ឬសមាសធាតុផ្សេងៗដែលមាននៅក្នុងផ្លូវដង្ហើម។ កត្តាប្រឈម អាកាសធាតុត្រជាក់ ជាកត្តាចម្បងដែលនាំឲ្យកុមារងាយប្រឈមទៅនឹងការចម្លងជំងឺរលាកទងសួតតូចនេះ ហើយជំងឺនេះនឹងធ្វើការវិវឌ្ឍពីស្រាលទៅធ្ងន់ក្នុងករណីដែលមានលក្ខខណ្ឌអនុញ្ញាតដូចជា ក្មេងកើតមិនគ្រប់ខែ ក្មេងកើតមិនគ្រប់ទម្ងន់ ក្មេងដែលមានប្រព័ន្ធការពារចុះខ្សោយ ឬក្មេងដែលកង្វះអាហារូបត្ថម្ភជាដើម។ រោគសញ្ញា ជំងឺនេះត្រូវបានចែកចេញជា២ទម្រង់ គឺទម្រង់ស្រាល និងធ្ងន់ ដែលជាធម្មតាវាស្ដែងឡើងនូវរោគសញ្ញាសំខាន់៤ គឺ ក្ដៅខ្លួន  ហៀរសំបោរក្អក ហើយបន្ទាប់មកចាប់ផ្ដើមដង្ហក់ដែលឃើញមានជាការទាញទុចដើមទ្រូង(Chest retraction)។ ក្នុងករណីដែលវាវិវឌ្ឍទៅជាស្ថានភាពធ្ងន់ធ្ងរ ក្រៅពីរោគសញ្ញាទាំង៤នេះ គេឃើញមានការឡើងស្វាយរួមបញ្ចូលផងដែរ ដែលភាគច្រើនកើតមានលើអ្នកជំងឺដែលស្ថិតក្នុងការប្រឈមខ្ពស់ដូចដែលបានរៀបរាប់ខាងលើ។ ការធ្វើរោគវិនិច្ឆ័យ ត្បិតតែវាជាជំងឺប្រព័ន្ធផ្លូវដង្ហើមក៏ពិតមែន ប៉ុន្តែការធ្វើរោគវិនិច្ឆ័យមិនត្រូវបានរំពឹងលើការថតកាំរស្មីអ៊ិចលើសួតនោះទេ លើកលែងតែក្នុងករណីដែលមានផលវិបាកប៉ុណ្ណោះដោយវាត្រូវបានពឹងផ្អែកទៅតាមរោគសញ្ញាចម្បងទាំង ៤ខាងលើ កត្តាអាយុរបស់អ្នកជំងឺរួមផ្សំជាមួយការពិនិត្យទៅលើសួតដែលមានដូចជា៖ •ការស្ដាប់៖ ឃើញមានការថយចុះនៃសំឡេងដង្ហើមរបស់សួត និងឮជាសំឡេងបែបដកដង្ហើមតឹងៗ (Wheezing ឬ Rhonchi)ដែលជាសញ្ញាបញ្ជាក់ថាមានការប៉ះពាល់ដល់ទងសួត ឬទងសួតតូច។ ប៉ុន្តែ នៅពេលដែលមានផលវិបាកឈានដល់ការរលាកលើសាច់សួតទៅជារលាកកូនថង់សួត(Alveolitis)ឬ Bronchopneumonia វានឹងប្ដូរទៅជាសំឡេងដូចអំបិលផ្ទុះ (Crackle) វិញ។ •ការគោះ៖ ដោយសារតែមានការស្ទះនៅនឹងទងសួតតូច វាបណ្ដាលឲ្យមានជាជំងឺដែលធ្វើឲ្យមានកង្វះអុកស៊ីសែនដោយសារតែការខូចខាតថង់តូចៗនៃសួត (Emphysema)ដែលនាំឲ្យពេលគោះឮសូរជា Hypersonority  ឬ Tympanic នៅនឹងបាតសួត។ ប្រសិនបើជំងឺនេះបានធ្វើឲ្យសាច់វិវឌ្ឍទៅជាជំងឺ Atele-ctasis ការគោះនឹងឮសូរជា Dullness ។   ការព្យាបាល ជាទូទៅ ជំងឺនេះនឹងធូរស្បើយក្នុងរយៈពេល៤ទៅ៥ថ្ងៃ បន្ទាប់ពីទទួលបានការព្យាបាលរោគសញ្ញាដូចជា៖ -ប្រើប្រាស់ថ្នាំបញ្ចុះកម្តៅ (Antipyreticdrug) ជាពពួកបារ៉ាសេតាមុល (Paracetamol)(15មក/គីឡូក្រាម) ដោយមិនលើសពី៤ដងក្នុងមួយថ្ងៃ ដើម្បីបន្ថយកម្ដៅ។ ម្យ៉ាងទៀត ត្រូវចៀសវាងការប្រើប្រាស់អាស្ពីរីន(Aspirin) ទៅលើក្មេងដែលវាអាចបណ្ដាលឲ្យមានអន្តរកម្ម (interaction) ហើយបង្កទៅជា Reye’s syndrome (ជាជំងឺកម្រតែកាចសាហាវដែលស្ដែងឡើងជាការហើមខួរក្បាល និងថ្លើម) -លាងសម្អាតច្រមុះដោយប្រើប្រាស់សេរ៉ូមប្រៃ (Hypertonic សេរ៉ូម) -ការប្រើប្រាស់ឱសថពង្រីកទងសួតដូចជាពពួកថ្នាំពង្រីកសរសៃទងសួត (Bronchodilator)មិនត្រូវបានណែនាំឲ្យប្រើប្រាស់ទៅលើក្មេងដែលមានអាយុតិចជាង៦ខែទេ ដោយគេជ្រើសយកការប្រើប្រាស់ Ventoline ឬ Epinephrine ជំនួសវិញ -យើងត្រូវធ្វើការបង្រ្គប់ជាតិទឹកដែលបានបាត់បង់ទៅលើក្មេងតាមការផឹក ឬដាក់សេរ៉ូម ក្នុងករណីដែលក្មេងមិនអាចផឹកបាន -ថ្នាំប្រឆាំងនឹងវីរុស (Antiviral drug) ពពួកImmunoglobulin និង អង់ទីប៊ីយ៉ូទិកត្រូវនឹងប្រភេទមេរោគ(Adaptable antibi-otic)ដែលត្រូវបានធ្វើការប្រើប្រាស់នៅតែក្នុងទម្រង់ធ្ងន់ធ្ងរ ឬមានការលេចចេញនូវផលលំបាកតែប៉ុណ្ណោះ។ ផលវិបាក ក្នុងករណីដែលអ្នកជំងឺមានកត្តាប្រឈមដែលនាំឲ្យជំងឺនេះវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរទៅជាជំងឺមួយចំនួនដូចជា៖ •Atelectasis •Bronchoalveolitis •Bronchopneumonia •ក្នុងករណីកម្រមួយចំនួន វាក៏ឈានដល់ការវិវឌ្ឍទៅជាជំងឺរលាកស្រោមសួត ខ្យល់ក្នុងស្រោមសួត ឬទឹកក្នុងថង់សួត ផងដែរ។   ដោយរួមផ្សំនឹងកត្តាសុខភាពដទៃទៀត គេសង្កេតឃើញការកើតឡើងវិញនៃជំងឺហឺតទៅក្មេងដែលធ្លាប់កើតជំងឺរលាកទងសួតតូចនេះ។ វិធីបង្ការ ពុំទាន់មានវ៉ាក់សាំងណាដែលអាចបង្ការការចម្លងជំងឺនេះនៅឡើយទេ ប៉ុន្តែយើងអាចកាត់បន្ថយការចម្លងដោយការថែរក្សាអនាម័យក្នុងការរស់នៅដូចជា ការលាងសម្អាតដៃឲ្យបានស្អាតជាដើម បន្ថែមពីលើការថែរក្សាអនាម័យកុមារគួរទទួលបានការចាក់ថ្នាំបង្ការមួយចំនួនដូចជា Anti-influenzavaccine(អាយុលើសពី៦ខែ) Pneumo-coccal vaccine(PCV) និង Hemophlousinfluenza B vaccine (Hib)ដែលមានស្រាប់ក្នុងកម្មវិធីថ្នាំបង្ការជាតិ។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យមហាបរិញ្ញា អ៊ុំ សុខុម សាស្រ្តាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យអន្តរជាតិ វិទ្យាស្ថានវិទ្យាសាស្រ្ត និងសុខាភិបាលខេមរភូមិន្ទ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការមិនរីកធំធាត់ គឺជាបញ្ហាមួយដែលកើតឡើងជាញឹកញាប់ចំពោះកុមារ ហើយជាទូទៅមិនសូវមានការចាប់អារម្មណ៍ពីឪពុកម្ដាយទេ។ និយមន័យ កុមារដែលមិនមានការរីកធំធាត់ មានន័យថាកុមារនោះមានការលូតលាស់ផ្នែករាងកាយមិនបានល្អ ជាពិសេសមិនឡើងទម្ងន់បើធៀបនឹងអាយុ និងកម្ពស់របស់គាត់។ មូលហេតុ មូលហេតុដែលបណ្ដាលឲ្យកុមារមិនឡើងទម្ងន់និងមិនរីកលូតលាស់មាន ដូចជា៖ -កុមាររើសចំណី -កុមារមានជំងឺពីកំណើត ជំងឺរ៉ាំរ៉ៃ ឬជំងឺសត្វល្អិតក្នុងពោះវៀន -កុមាររស់ក្នុងគ្រួសារមានជីវភាពក្រីក្រ ឬក៏រស់នៅក្នុងប្រទេសមានសង្គ្រាម។ កត្តាដែលបង្ក និងកុមារដែលប្រឈម មានកត្តាមួយចំនួនដែលធ្វើឲ្យកុមារប្រឈមទៅនឹងការមិនរីកលូតលាស់នេះគឺ -គ្រួសារដែលមានជីវភាពក្រីក្រ -កុមារដែលរស់នៅខ្វះអនាម័យ -កុមារមានជំងឺរ៉ាំរ៉ៃ (ជំងឺរបេង ជំងឺតម្រងនោម ជំងឺអេដស៍) -កុមារដែលរស់នៅក្នុងប្រទេសមានសង្គ្រាម -កុមារដែលមានជំងឺពីកំណើត -កុមារដែលមានសុខភាពមិនល្អ ឈឺញឹកញាប់មានប្រព័ន្ធការពារខ្សោយ។ រោគសញ្ញា នៅពេលកុមារមិនមានការរីកលូតលាស់មានស្តែងចេញជារោគសញ្ញាដូចជា កុមារមិនឡើងទម្ងន់ ឬស្រកទម្ងន់ជារៀងរាល់ខែ  កុមារមិនញ៉ាំចំណី   កុមារអស់កម្លាំងល្វឹងល្វើយ ស្លេកស្លាំង កុមារមានរោគសញ្ញារាករ៉ាំរ៉ៃបណ្ដាលមកពីជំងឺពោះវៀន ឬប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរ និងកុមារមានសកម្មភាពមិនរហ័សរហួន។ រោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យកុមារអាចជាជំងឺកង្វះអាហារូបត្ថម្ភ ជំងឺបេះដូងពីកំណើត ជំងឺរ៉ាំរ៉ៃ (របេង អេដស៍)។ ការព្យាបាល ដើម្បីឲ្យកុមារមានការរីកលូតលាស់ឡើងវិញ ឪពុកម្តាយគ្រប់រូបត្រូវព្យាយាមបំប៉នចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ដល់កុមារ ហើយត្រូវព្យាបាលជំងឺដែលកុមារមានតាំងពីកំណើត ឬព្យាយាមតាមដាន និង ស្វែងរកជំងឺរ៉ាំរ៉ៃ ព្រមទាំងព្យាបាលជំងឺនេះផងដែរ។ លើសពីនេះទៅទៀត មាតាបិតាត្រូវចេះពីវិធីសាស្រ្តថែទាំកុមារ និងចិញ្ចឹមកុមារឲ្យបានល្អ ហើយត្រូវជ្រើសរើសចំណីអាហារបំប៉នណាដែលមិនប្រតិកម្មនឹងខ្លួនកុមារ។ ចំណីអាហារដែលអាចធ្វើឲ្យកុមាររីកធំធាត់គឺចំណីអាហារណាដែលមានអនាម័យល្អ និងមានជីវជាតិគ្រប់គ្រាន់មានន័យថាកុមារអាចបៅទឹកដោះម្ដាយ បរិភោគបបរគ្រឿងគ្រប់មុខ ឬ បាយជាមួយម្ហូបដែលមានសាច់ បន្លែ ស៊ុត គ្រឿងក្នុងមាន់  ឬជ្រូក រួមទាំងផ្លែឈើនិងភេសជ្ជៈណាដែលទ្រទ្រង់សុខភាព។ (សារធាតុចិញ្ចឹម៣ប្រភេទចាំបាច់សម្រាប់កុមារ) ផលវិបាក កុមារនឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមិនបានទទួលការព្យាបាល ឬព្យាបាលមិនទាន់ពេលវេលា កុមារនឹងមានជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងអាចរហូតដល់បាត់បង់ជីវិត។ ការបង្ការ ដើម្បីចៀសវាងកុំឲ្យកុមារមានជំងឺនេះ ឬកុំឲ្យវាវិវឌ្ឍកាន់តែធ្ងន់ធ្ងរ គឺត្រូវនាំកុមារទៅពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញខាងកុមារ ឬខាងកង្វះអាហារូបត្ថម្ភ ម៉្យាងទៀត ឪពុកម្តាយគ្រប់រូបគួរតាមដានសុខភាពរបស់កូនឲ្យបានដិតដល់ និងទទួលការរៀនសូត្រអប់រំអំពីការថែទាំសុខភាពកុមារឲ្យបានល្អ។ លើសពីនេះទៅទៀត ប្រសិនបើកុមារមានជំងឺពីកំណើត គួរតាមដានជាមួយគ្រូពេទ្យជំនាញឲ្យបានទៀងទាត់។ ការចិញ្ចឹមបុត្រធីតាមិនមែនជាការងាយស្រួលនោះឡើយ ជាពិសេសចំពោះឪពុកម្ដាយដែលមានវ័យក្មេងខ្ចី ដែលពុំទាន់មានបទពិសោធន៍ក្នុងជីវិត។ ដូច្នេះ សូមយកចិត្តទុកដាក់ថែទាំបុត្រធីតារបស់លោកអ្នក ទាំងសុខភាព និងការរៀនសូត្រឲ្យបានល្អនោះ ទើបអនាគតរបស់ពួកគាត់បានរុងរឿង។ បកស្រាយជូនដោយ ៖ លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារជាតិ និងជាម្ចាស់ មន្ទីរសម្រាកព្យាបាល និងសម្ភព​ ឈួ អ៊ីសេង © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ក្មេងនៅក្នុងទីក្រុងត្រូវបានគេរកឃើញថាកើតជំងឺម៉្ញូបច្រើនជាងក្មេងដែលរស់នៅជនបទនេះ បើតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត ស៊ុន សារិន អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង។ជំងឺម៉្ញូបអាចកើតមាននៅលើកុមារតូចៗដែលឪពុកម្តាយអាចដឹងថាកូនរបស់ខ្លួនម៉្ញូបបានតាមរយៈការឃើញក្មេងធ្វើព្រិចភ្នែកឲ្យតូចនៅពេលសម្លឹងរបស់នៅឆ្ងាយ ហើយនៅពេលមើលទូរទស្សន៍ពួកគាត់តែងតែទៅឈរនៅជិតកញ្ចក់ទូរទស្សន៍ និងជារឿយៗតែងតែប្រាប់មនុស្សធំថាគាត់មើលរបស់ឆ្ងាយមិនច្បាស់ទេ។ ម្យ៉ាងទៀត ឪពុកម្តាយក៏អាចដឹងថាកូនរបស់ខ្លួនមានបញ្ហាគំហើញតាមរយៈគ្រូបង្រៀនផងដែរ ដោយសារតែគ្រូអាចសង្កេតឃើញសិស្សមិនចម្លងអក្សរលើក្តារខៀន តែបែរជាចម្លងតាមមិត្តភក្តិនៅជិតទៅវិញ។ ការធ្វើរោគវិនិច្ឆ័យ ម៉្ញូបអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការវាស់គំហើញដោយរកឃើញថាគំហើញរបស់ក្មេងទាបជាងធម្មតា។ ចំណែកឯការវាស់វ៉ែនតាវិញ ពីមុនគេវាស់ភ្នែកដោយប្រើ Retinoscope តែបច្ចុប្បន្នដោយសារបច្ចេកទេសរីកចម្រើនគេប្រើ Autorefractor  វិញ។ មូលហេតុ -ប្រវត្តិគ្រួសារ ៖ នៅក្នុងគ្រួសារមានអ្នកកើតម៉្ញូប នោះក្មេងនឹងមានឱកាសក្នុងការកើតជំងឺនេះ។ -ការងារជិត ៖ ការទម្លាប់ឲ្យកូនធ្វើអ្វីនៅជិតភ្នែកពេកដូចជា ការអានសៀវភៅដោយឱនជិតក្រដាសសៀវភៅ ការមើលគំនូរជីវចលលើiPad ការលេងហ្គេម ឬប្រើប្រាស់ Smartphone សម្រាប់មើលជាដើម។ -កង្វះអាហារូបត្ថម្ភ។ ការព្យាបាល -បើករណីតពូជ គឺមិនអាចព្យាបាលឲ្យជាបានទេ។ -ករណីមកពីទម្លាប់មិនល្អដូចជាការលេងហ្គេមនោះ ឪពុកម្តាយគួរតែឲ្យកូនកែទម្លាប់នេះចោល ព្រោះភ្នែករបស់ក្មេងងាយកើត ក៏ងាយបាត់ទៅវិញដែរ។ -ផ្តល់អាហារឲ្យគ្រប់គ្រាន់សម្រាប់កូនអ្នក ប្រសិនបើគេខ្វះអាហារូបត្ថម្ភ។ -ការកែគំហើញរបស់ក្មេងឲ្យមើលឃើញច្បាស់ដូចធម្មតាវិញក៏ចាំបាច់ត្រូវធ្វើដែរ។ ដូចនេះ ការពាក់វ៉ែនតាឡង់ទីដកត្រូវបានធ្វើឡើងលើកុមារដែលត្រូវការវ៉ែនតាជាជំនួយ។ យ៉ាងណាមិញ ចំពោះអ្នកដែលមិនចង់ពាក់វ៉ែនតាអាចជ្រើសរើសការបាញ់កាំរស្មីឡេសឺដែលធ្វើឲ្យកញ្ចក់ភ្នែកស្តើងជាងមុន និង Power lens ទាបជាងមុននាំឲ្យកំនុំរូបភាពត្រូវរ៉េទីន តែការព្យាបាលនេះទាមទារការរង់ចាំឲ្យពួកគាត់មានអាយុចាប់ពី២០ឆ្នាំឡើងទៅ និងនៅពេលដែលភ្នែករបស់គាត់ឈប់លូតលាស់។ ផលវិបាក វាអាចនឹងកើតមានឡើងចំពោះកុមារផ្ទាល់ និងមនុស្សនៅជុំវិញខ្លួនរបស់គាត់ដូចជា៖ -វិវឌ្ឍទៅជាភ្នែកខ្ជិល (Lazy eyes) ៖ ករណីម៉្ញូបនេះកើតឡើងលើកុមារតាំងពីពួកគាត់មានអាយុក្រោម៨ឆ្នាំហើយឪពុកម្តាយមិនបានដឹងថាកូនមានម៉្ញូប ឬមិនបានប្រើប្រាស់វ៉ែនតានោះ ពេលដែលគាត់មានអាយុច្រើនជាង៨ឆ្នាំ ភ្នែករបស់គាត់នឹងវិវឌ្ឍទៅជាភ្នែកខ្ជិលពោល គឺទោះបីជាគាត់ពាក់វ៉ែនតានៅពេលធំក៏ដោយក៏គាត់មិនអាចមើលឆ្ងាយច្បាស់ដែរ -វិវឌ្ឍទៅភ្នែកស្រលៀង -ការសិក្សាថយចុះ ៖ ដោយសារតែកុមារមិនអាចមើលឃើញច្បាស់ នោះការចាប់យកមេរៀនរបស់គាត់ក៏មិនបានល្អដែរ -គ្រោះថ្នាក់ពេលបើកបរ ៖ ការមើលមិនច្បាស់ធ្វើឲ្យអ្នកបើកបរពិបាកក្នុងការពិនិត្យមើលផ្លូវ ឬភ្នែកមិនរហ័ស។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតចង់ផ្តាំទៅកាន់មាតាបិតាគ្រប់រូបថា គួរយកកូនទៅពិនិត្យភ្នែកមុនពេលពួកគាត់ចូលរៀន ដើម្បីការពារការវិវឌ្ឍទៅរកជំងឺភ្នែកខ្ជិល ឬស្រលៀង ហើយប្រសិនបើពួកគាត់ត្រូវបានរកឃើញថាមានម៉្ញូបហើយនោះ ត្រូវឲ្យកូនរបស់លោកអ្នកពាក់វ៉ែនតា ដើម្បីឲ្យកូនៗរបស់អ្នកមើលឃើញច្បាស់ និងការពារការវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរឡើង និងមិនគួរមានជំនឿថា «ការពាក់វ៉ែនតានេះអាចធ្វើឲ្យម៉្ញូបកាន់តែឡើងដឺក្រេ» ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

និយមន័យ ភាពធាត់របស់កុមារ គឺអាស្រ័យទៅលើទំនាក់ទំនងរវាងទម្ងន់ និងគ្រោះថ្នាក់ (ជំងឺ) ដែលអាចកើតមានឡើង ទាំងរយៈពេលខ្លី និងវែង ចំពោះកុមារ។ ករណីគ្រោះថ្នាក់រយៈពេលខ្លី ពុំសូវជួបប្រទះនោះទេនៅវ័យកុមារ និងជំទង់ ប៉ុន្តែច្រើនប្រឈមមុខក្នុងពេលពេញវ័យតែម្តង។ ដូចនេះ និយមន័យអាចខុសគ្នា ទៅតាមការសិក្សានីមួយៗដែលជាទូទៅ៖ •បញ្ហាលើសទម្ងន់ (Overweight) របស់កុមារគឺ ការលើសនូវទម្ងន់២០% (ចាប់ពី៩៧ percentile) លើសពីកម្ពស់រំពឹងទុក។ •ជំងឺធាត់ហួស (Obesity) របស់កុមារ គឺការលើសនូវទម្ងន់៥០% លើសពីកម្ពស់រំពឹងទុក។ ការឲ្យនិយមន័យនេះ គឺគិតទៅលើរូបមន្តមួយ ហៅថាសន្ទស្សន៍ទម្ងន់ BMI (Body Mass Index)ដោយធ្វើការចែកទម្ងន់(គិតជាគីឡូក្រាម) និងកម្ពស់(គិតជាម៉ែត្រ)លើកជាការេ ។ ប៉ុន្តែរូបមន្តនេះ មិនត្រូវបានអនុវត្ត ចំពោះក្មេងក្រោមអាយុ២ឆ្នាំនោះទេ។ បើយោងតាមអង្គការសុខភាពពិភពលោក បានឲ្យនិយមន័យថា គឺជាការប្រមូលផ្តុំមិនធម្មតា ឬលើសជាតិខ្លាញ់ ដែលអាចផ្តល់គ្រោះថ្នាក់ដល់សុខភាព។ មូលហេតុ និងកត្តាជម្រុញ ការលើសទម្ងន់ និងជំងឺធាត់ហួស ចំពោះកុមារអាចមានមូលហេតុ និងកត្តាជម្រុញជាច្រើនរួមមាន៖ •កត្តាចំណីអាហារ៖ ក្មេងៗចូលចិត្តបរិភោគអាហារសម្បូរដោយខ្លាញ់ ហើយមានកាឡូរីខ្ពស់ ព្រោះតែងាយស្រួលក្នុងការទិញ និងមានរសជាតិឆ្ងាញ់ (fast food)។ •កត្តាអសកម្មភាព៖ កុមារគ្មានការនិយមលេងកម្សាន្ត ហាត់កីឡា នេះក៏ព្រោះតែមានការកើនឡើងនូវបច្ចេកវិទ្យាថ្មីៗ។ •កត្តាតំណពូជ៖ តាមការសិក្សាមួយបានបង្ហាញថា ឳពុកម្តាយធាត់ទាំងពីរនាក់ អាចមានហានិភ័យខ្ពស់ដល់កូន រហូតដល់៨០% បើធាត់តែម្នាក់ក្នុងចំណោមពួកគាត់ អត្រាហានិភ័យអាចនៅត្រឹម៤០% ប៉ុន្តែអាចមានហានិភ័យត្រឹម៧% ទោះជាគ្មាននរណាម្នាក់ធាត់ក៏ដោយ។ ម៉្យាងទៀត ជំងឺក្រូម៉ូសូមទី២១ រួមនឹង ជំងឺ Turner Syndrome ក៏ជាជំងឺតពូជ ដែលអាចឲ្យក្មេងប្រឈមនឹងធាត់ហួសនេះដែរ។ •ការប្រើប្រាស់ថ្នាំ៖ ភាគច្រើនគឺពពួកអាំងស៊ុយលីន ថ្នាំពន្យារកំណើត និងពពួក Cortisol។ •ជំងឺអង់ដូគ្រីន៖ កង្វះអ័រម៉ូនទីរ៉ូអ៊ីត ឬកង្វះអ័រម៉ូនលូតលាស់ (Growth Hormone)។ •កត្តាចិត្តសាស្រ្ត៖ កុមារមួយចំនួនចូលចិត្តញ៉ាំរាល់ពេលដែលពួកគេធុញទ្រាន់ និងតានតឹងក្នុងអារម្មណ៍។ •កត្តាបរិយាកាស៖ ការផ្សព្វផ្សាយអំពីចំណីអាហារដែលប៉ះពាល់ដល់សុខភាពក្រោមរូបភាពផ្សេងៗ។ •កត្តាសង្គម និងវប្បធម៌៖ ទម្លាប់ក្នុងការបរិភោគក្នុងគ្រួសារ ក៏ដូចជាឳពុកម្តាយជាដើម។ រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យ កុមារម្នាក់អាចកំណត់បានថាលើសទម្ងន់ តាមការគណនាសន្ទស្សន៍ទម្ងន់ (BMI) ដោយយកទម្ងន់(គិតជាគីឡូក្រាម)ចែកជាមួយកម្ពស់(គិតជាម៉ែត្រ)លើកជាការេ។ ជាលទ្ធផល ទទួលបាន៖ •ខ្វះទម្ងន់៖  < ១៨,៥ •ធម្មតា៖ ១៨,៥-២៥ •លើសទម្ងន់៖  ២៥-៣០ •ធាត់ហួស៖  > ៣០ ការព្យាបាល វាពិតជាមានការលំបាកក្នុងការព្យាបាលក្មេងដែលមានបញ្ហានេះ ព្រោះវាតម្រូវឲ្យមានការចូលរួមជាក្រុម ពីគ្រូពេទ្យជំនាញជាច្រើន រួមមាន គ្រូពេទ្យផ្នែករោគកុមារ អ្នកឯកទេសខាងចំណីអាហារ និងគ្រូពេទ្យឯកទេសចិត្តសាស្រ្ត ទាំងគ្រួសារ និងកុមារផ្ទាល់។ គោលការណ៍សំខាន់ក្នុងការព្យាបាលរួមមាន៖ •ការអប់រំ និងលើកទឹកចិត្តពីគ្រួសារ  សាលារៀន ព្រមទាំងគ្រូពេទ្យ •ការផ្លាស់ប្តូររបបចំណីអាហារ •ការបង្កើតសកម្មភាពដូចជារត់លេង ឬហាត់ប្រាណ •ឳពុកម្តាយត្រូវដើរជាគម្រូ •ការប្រើប្រាស់ថ្នាំ ជាប្រភេទថ្នាំលេប ដែលមានការណែនាំពីគ្រូពេទ្យឲ្យបានត្រឹមត្រូវ •ការវះកាត់ខ្លាញ់ ពិសេសខ្លាញ់ក្បាលពោះ លុះត្រាតែនៅក្នុងករណីមានផលវិបាកណាមួយកើតឡើងដែលតម្រូវការឲ្យមានការវះកាត់ទើបបានប្រើវិធីនេះ។ ផលវិបាក ករណីមិនទទួលយកការព្យាបាលឲ្យទាន់ពេលវេលាទេនោះ កុមារអាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖ •បញ្ហាបេះដូង និងសរសៃឈាម៖ លើសឈាមកើនឡើងពពួកខ្លាញ់ក្នុងសរសៃឈាម ដាច់សរសៃឈាមខួរក្បាល •ប្រឈមនឹងជំងឺសួត៖ ជំងឺហឺត ជំងឺស្ទះផ្លូវដង្ហើមស្លាប់ ឬដេកស្លាប់ (sleep apnea) •ប្រឈមនឹងជំងឺតម្រងនោម៖ រលាកតម្រងនោម •ប្រឈមនឹងជំងឺក្រពះពោះវៀន ថ្លើម៖ ងាយហើមពោះ ក្រួសក្នុងថង់ទឹកប្រម៉ាត់ ច្រាលទឹកក្រពះ ខ្លាញ់រុំថ្លើមទៅជាក្រិនថ្លើម •ប្រឈមនឹងជំងឺអង់ដូគ្រីន៖ ជំងឺទឹកនោមផ្អែមប្រភេទ២ •ប្រឈមនឹងជំងឺស្បែក៖ ដុះផ្សិត និងប្រេះស្រកា •វិបត្តិសាច់ដុំ និងឆ្អឹង៖ ងាយបាក់ឆ្អឹង និងពុកឆ្អឹង •ប្រឈមនឹងបញ្ហាផ្លូវចិត្ត៖ ធ្លាក់ទឹកចិត្ត ថយចុះគុណភាពជីវិត លែងចង់ទៅរៀន ឯកកា ដកខ្លួនពីសង្គម •ជំងឺមហារីក៖ មហារីកសុដន់ មហារីកមាត់ស្បូន និងមហារីកថ្លើម។ ការបង្ការ នេះមិនមែនជាជំងឺឆ្លងទេ ហើយវាអាចការពារបានដោយវិធីមួយចំនួន៖ • កុមារខ្លួនឯងផ្ទាល់៖  ត្រូវកំណត់ការបរិភោគអាហារណាដែលសម្បូរដោយជាតិខ្លាញ់ និងស្ករ បង្កើនការបរិភោគបន្លែ និងសកម្មភាពកីឡាឲ្យបានច្រើន រួមទាំងផ្លាស់ប្តូររបៀបក្នុងការរស់នៅដូចជា កាត់បន្ថយការជិះយានជំនិះ ឬអង្គុយមួយកន្លែងលេងហ្គេមជាដើម។ •សាលារៀន ៖ ត្រូវផ្តល់ឲ្យនូវរបបអាហារសុខភាពអប់រំ ព្រមទាំងបង្ហាញនូវផលប៉ះពាល់ដល់ក្មេង ពីការបរិភោគមិនល្អមួយចំនួន។ •គ្រួសារ ៖ ត្រូវធ្វើការផ្លាស់ប្តូរទម្លាប់ក្នុងការញ៉ាំ និងការរស់នៅ។ គ្មានអព្ភូតហេតុធ្វើឲ្យស្គមនោះទេ គឺមានតែការធ្វើឲ្យមានតុល្យភាពរវាងការញ៉ាំ និងការលេងកីឡាប៉ុណ្ណោះ ទើបអាចរក្សានូវទម្ងន់បានល្អ... ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top