Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

គេចាត់ទុកការរលូតកូនញឹកញាប់ គឺគភ៌មិនមានការលូតលាស់ក្រោមអាយុ ២០សប្តាហ៍ លើសពី៣ដងឡើង។ គេប្រទះឃើញស្ថានភាពនេះ កើតមានលើស្ត្រី ៣ទៅ ៥នាក់ក្នុងចំណោមស្ត្រី១០០នាក់។ ស្ត្រីដែលមានអាយុក្រោម ៣០ឆ្នាំ នឹងអាចជួបការរលូតកូនម្តងទៀត ២៥ ភាគរយ។ ចំពោះស្ត្រីដែលមានអាយុលើសពី៤០ឆ្នាំ នឹងអាចជួបការរលូតកូនម្តងទៀត ចន្លោះ ៥០ ទៅ ៦០ភាគរយ។ គ្រប់ស្ត្រីដែលជួបនឹងការរលូតកូនញឹកញាប់មិនមែនបានន័យថា ស្ត្រីមិនអាចមានកូននោះទេ គឺស្ត្រីអាចនៅមានឱកាស ក្នុងការសម្រាលបុត្រធម្មតាដូចគេដូចឯង គ្រាន់តែស្ត្រីនឹងអាចមានភាគរយនៃការរលូតកូនឡើងវិញ គឺអាស្រ័យទៅនឹងមូលហេតុនៃការរលូតកូន។ មូលហេតុនៃការរលូតកូនមួយភាគធំ មិនមានភាពច្បាស់លាស់ទេ។ មូលហេតុផ្សេងទៀតអាចមកពី៖ •    កត្តាហ្សែន គេសង្កេតឃើញ ៥០ភាគរយនៃការរលូតកូនគឺបណ្តាលមកពីកត្តាហ្សែន ពិសេសស្ត្រីអាយុកាន់តែច្រើន អត្រាជួបនឹងភាពខុសប្រក្រតីលើកូនកាន់តែកើន អត្រានៃការរលូតក៏កាន់តែខ្ពស់ដែរ។ •    កត្តាប្រព័ន្ធភាពសុំា ដូចជាជំងឺ Thrombophilia ដែលជាជំងឺតំណពូជ ហើយរ៉ាប់រងចន្លោះ ១២ទៅ១៥ ភាគរយនៃការរលូតកូនញឹកញាប់។ ជំងឺអង់ទីករប្រឆាំងនឹងគ្រាប់ឈាម ពិសេសលើស្ត្រីមានក្រុមឈាមប្រភេទដក ក៏ជាមូលហេតុនៃការរលូតកូនញឹកញាប់ដែរ។ •    កត្តាស្បូនខុសប្រក្រតី ដូចជាករណីមានដុំ ស្បូនទីតាំងក្នុងស្រទាប់រដូវ ឬស្បូនមានសន្ទះខណ្ឌជាពីរ ភាពស្អិតក្នុងស្បូន ឬការអន់ខ្សោយនៃមាត់ស្បូន។ •    កត្តាអ័រម៉ូន កង្វះខាតអ័រម៉ូន Progesteone ការលើសនូវជាតិស្ករក្នុងឈាម ការលើសឬខ្វះនូវអ័រម៉ូនក្រពេញទីរ៉ូអុីត ជាមូលហេតុដែលឲ្យមានការរលូតកូនញឹកញាប់។ ការឆែកសុខភាពក្នុងករណីរលូតកូនញឹកញាប់ ជាធម្មតាស្ត្រីតែងតែមានអារម្មណ៍ភ័យនៅពេលដែលចាប់ផ្តើមមានផ្ទៃពោះថ្មី បន្ទាប់ពីមានប្រវត្តិរលូត។ ជាទូទៅការសិក្សាបញ្ជាក់ថា ការមានប្រវត្តិរលូត១ ឬ២ដង ស្ត្រីនៅតែអាចមានអត្រាមានបុត្រដូចស្ត្រីមិនធ្លាប់មានប្រវត្តិរលូតកូន។ តែចំពោះស្ត្រី ដែលមានប្រវត្តិរលូតលើសពីបីដងឡើង អាចត្រូវឆែករកមើលមូលហេតុមួយចំនួន ដើម្បីត្រៀមខ្លួនទទួលគភ៌សាជាថ្មីទៀត។ ការឆែកសុខភាពរួមមាន៖ •    ការពិនិត្យរោគស្រ្តី និងអេកូស្បូន ដើម្បីមើលនូវភាពខុសប្រក្រតីនៃស្បូន ឬមាត់ស្បូន •    ការឆ្លុះក្នុងស្បូន ដើម្បីមើលឲ្យកាន់តែច្បាស់នូវភាពខុសប្រក្រតីក្នុងស្រទាប់រដូវ ដូចជា ដុំស្បូន ដែលពិបាកមើលតាមអេកូ ឬស្អិតស្រទាប់រដូវជាដើម។ •    ការច្រិបស្រទាប់រដូវយកទៅវិភាគ ដើម្បីរកមើលនូវភាពខុសប្រក្រតីនៃស្រទាប់រដូវ •    តេស្តឈាមមួយចំនួន ដូចជាតេស្តឈាម រកកម្រិតអ័រម៉ូន Progesterone ដែលទាក់ទងជាមួយគុណភាពនៃមេជីវិតស្ត្រី និងជួយស្រទាប់រដូវឲ្យចិញ្ចឹមកូនបានល្អក្នុងពេលពពោះ។ ការលើស ឬខ្វះនូវអ័រម៉ូនក្រពេញទីរ៉ូអ៊ីត ក៏ជះឥទ្ធិពលលើការលូតលាស់កូនដែរ។ ការលើសជាតិស្ករ ក៏ជាកត្តាឲ្យមានការរលូតកូនញឹកញាប់ដែរ។ ការឆែកមើលតេស្តឈាមរកមើលជំងឺតំណពូជ ទាំងស្ត្រី និងបុរស អាចឲ្យយើងដឹងពីមូលហេតុ និងការរៀបចំខ្លួនត្រៀមយកកូនសាជាថ្មី។ ជាតិវីតាមីនដេ និងការមើលទាក់ទងនឹងប្រព័ន្ធភាពសុំា បើក្នុងករណីមានបញ្ហាយើងអាចធ្វើការការពារបានមុន។ គេសង្កេតឃើញលទ្ធផលនៃការធ្វើតេស្តទាំងនេះនឹងជួបតែ ៥០ ភាគរយដែលមានបញ្ហា។ ចំពោះស្ត្រីដែលតេស្តឈាមឃើញមិនមានបញ្ហា គេថាស្ត្រីនោះមានការរលូតកូនដោយឯកឯង មិនមាន មូលហេតុច្បាស់លាស់ទេ។ មន្ទីរសម្រាកព្យាបាល និងសម្ភពមាតា មានទទួលនូវការឆែកសុខភាព និងពិគ្រោះ ក្នុងករណីមាន ការរលូតកូនញឹកញាប់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង អាសយដ្ឋាន៖ ផ្ទះលេខ៤ ផ្លូវ៥៤៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ លេខទូរស័ព្ទ៖ ០១២/០៧០ ៦៨ ៥០ ៧៥ អ៊ីម៉ែល៖  doctor_tysovannaroth@yahoo.com បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព រោគស្ត្រី និងជាប្រធានផ្នែកសម្ភពរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ការក្អែទឹកដោះចំពោះកុមារអាចបណ្តាលមកពីការបំបៅដោះមិនបានត្រឹមត្រូវ ឬឆ្អែតជ្រុល។ បើទោះបីបញ្ហានេះហាក់មានសភាពធម្មតា ការដោះស្រាយក៏គួរត្រូវធ្វើឡើងដែលនឹងត្រូវបានបកស្រាយពីសំណាក់វេជ្ជបណ្ឌិតតាមរយៈបញ្ហាដែលបានលើកឡើងខាងក្រោម។ សំណួរ៖ ទារិកាអាយុ ៥ខែ ទម្ងន់ ៧គីឡូក្រាមមានអាការៈក្អកជាញឹកញាប់ និងពេលខ្លះមានការក្អែទឹកដោះ (ក្អួត) ពេលដែលបំបៅ។ តើនេះជាបញ្ហាធម្មតាឬយ៉ាងណា? តើមានវិធីសាស្ត្រណាអាចការពារកុំឲ្យមានបញ្ហានេះដែរឬទេ? ចម្លើយ៖ ចំពោះបញ្ហានេះ យើងត្រូវដឹងថា តើកូនកើតមកគ្រប់ខែដែរឬទេ៖ ***    ករណីទារកកើតមិនគ្រប់ខែមាន ៖ អាយុ៩ខែ១០ថ្ងៃ តែមានទម្ងន់ក្រោម ២.៥ គ.ក និង កើតមកមានទម្ងន់ធម្មតា ២.៨ គ.ក តែកើតក្រោម៩ខែ១០ថ្ងៃ អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំកុមារមានសភាពខ្សោយ។ ***    ករណីកើតមកគ្រប់ខែអាចមកពី ៖ •    បើកុមារមានអាការៈផ្តាសាយដោយមានស្លេស្មនោះពេលក្អកអាចទាក់ស្លេស្មមក ក៏ធ្វើឲ្យក្អែដែរ •    បំបៅទឹកដោះច្រើនពេក ឬឆ្អែតពេក ហើយឲ្យទារកគេងភ្លាម •    នៅពេលបំបៅដោះធម្មតា មានលាយឡំដោយខ្យល់ និងទឹកដោះ ហើយប៉ះជាមួយអាស៊ីតក្រពះវាអាចធាក់ខ្យល់ចេញមក មានទាំងទឹកដោះមកជាមួយដែរ (ក្អែ ឬក្អួត)។ ***    ដើម្បីការពារបញ្ហានេះ អ្នកត្រូវ ៖ •    បើទារកអាយុក្រោម ១ឆ្នាំកន្លះ មានជំងឺផ្តាសាយ និងមានស្លេស្ម មិនអាចព្យាបាលដោយប្រើថ្នាំបំបាត់ស្លេស្មនោះទេ ព្រោះអាចបណ្តាលឲ្យរលាកពោះវៀន។ ជម្រើសល្អបំផុត គឺគួរប្រើសេរ៉ូមប្រៃដោយបន្តក់តាមច្រមុះ ៦ទៅ៧ដងក្នុងមួយថ្ងៃពេលបំបៅដោះ ឬបឺតស្លេស្មតាមមាត់ ឬច្រមុះ។ •    កុំឲ្យកុមារបៅឆ្អែតពេក ដោយត្រូវកំណត់ពេលបំបៅដោះឲ្យបានទៀងទាត់ •    រៀងរាល់បន្ទាប់ពីបំបៅដោះទារករួច កុំទាន់ដាក់ទារកឲ្យគេងភ្លាមៗ ត្រូវធ្វើចលនាដោយបីទារកដាក់លើស្មា អង្អែលខ្នងទារកតិចៗ រហូតដល់ខ្យល់ធាក់ឡើងតាមមាត់ នោះទឹកដោះនឹងធ្លាក់ចុះវិញ •    ករណីទារកឧស្សាហ៍ក្អែ ដើម្បីចៀសវាងពីគ្រោះថ្នាក់ ត្រូវដាក់កុមារឲ្យគេងផ្អៀង។ ប្រសិនអនុវត្តចំណុចខាងលើនៅតែមិនមានប្រសិទ្ធភាព អ្នកត្រូវធ្វើអេកូពោះ។ បើនៅតែរកមើលមិនឃើញពីមូលហេតុ ត្រូវធ្វើ ASP (Abdomen Sans Preparation) ឬធ្វើស៊ីធីស្កេន ដើម្បីមើលថាតើផ្លូវអាហារ ជាពិសេសពោះវៀនមានរមួលឬស្ទះដែរឬទេ។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ជា គឹមហោ ឯកទេសរោគកុមារ នាយករងប្រតិបត្តិមន្ទីរពេទ្យចំការមន និងជាប្រធានគ្លីនិក ពេជ្រស័ក្តិសិទ្ធិ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ទាចទឹក គឺជាការប្រមូលផ្តុំនៃសារធាតុរាវនៅក្នុងស្រោមពោះដែលជាក់ស្តែងជំងឺនេះត្រូវបានដឹងថាកើតមានច្រើនចំពោះអ្នកជំងឺដែលមានជំងឺថ្លើមជាពិសេស។ ដោយឡែក មានការរាយការណ៍ផងដែរអំពីករណីបញ្ហាទាចទឹកដែលកើតមានចំពោះទារកតាំងពីនៅក្នុងផ្ទៃ។ សំណួរ៖ នាងខ្ញុំអាយុ ២៦ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ ទម្ងន់ ៥៦គីឡូក្រាម កំពុងមានផ្ទៃពោះ៥ខែហើយ។ ខ្ញុំបានទៅអេកូ គ្រូពេទ្យបាននិយាយថា កូនរបស់ខ្ញុំមិនអាចទុកបានទេ ដោយសារមានជំងឺទាចទឹក។ តើកូនខ្ញុំកើតទាចទឹកបណ្តាលមកពីមូលហេតុអ្វី? តើខ្ញុំគួរធ្វើយ៉ាងណាដើម្បីការពារបញ្ហានេះកុំឲ្យកើតឡើងនៅលើកក្រោយទៀត? ចម្លើយ៖ ជំងឺទាចទឹកចំពោះទារកក្នុងផ្ទៃ គឺជាស្ថានភាពមួយដែលបរិមាណសារធាតុរាវសេរីមួយចំនួនបានប្រមូលផ្តុំនៅក្នុងពោះរបស់ទារក។ មានមូលហេតុច្រើនដែលអាចបណ្តាលឲ្យមានបញ្ហានេះ ដោយក្នុងនោះករណីភាគច្រើនគឺមិនអាស្រ័យនឹងម្តាយផ្ទាល់ទេ។ ស្ត្រីអាចកាត់បន្ថយហានិភ័យនេះនៅពេលមានផ្ទៃពោះលើកក្រោយបានតាមរយៈការថែទាំ និងទទួលការពិនិត្យតាមដានតាំងពីមុនពេលមានផ្ទៃពោះ (Preconception care) ។ ការថែទាំសុខភាពជាមុន គឺមានសារសំខាន់ទាំងចំពោះម្តាយ និងទារកដែលគោលដៅនៃការថែទាំគឺដើម្បីពិនិត្យ និងតាមដានរកកត្តាហានិភ័យនានាដែលនាំឲ្យមានបញ្ហានៅពេលមានផ្ទៃពោះ ក៏ដូចជាដើម្បីដឹង និងធ្វើចំណាត់ការទៅលើបញ្ហាសុខភាពផ្សេងៗ ដែលអ្នកជាម្តាយមានតាំងពីមុនពេលមានផ្ទៃពោះផងដែរ។ សរុបមកអ្នកត្រូវប្រាកដថាខ្លួនមានសុខភាពល្អទាំងផ្នែកសរីរាង្គកាយ និងផ្នែកអារម្មណ៍ មុនពេលឈានចូលក្នុងដំណាក់កាលនៃការមានផ្ទៃពោះប្រកបដោយសុខភាពបាន។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ         

Share

ការសម្រេចចិត្តមានកូននៅវ័យក្មេងពេកមិនត្រូវបានណែនាំទេ ដោយសារតែករណីនៃបញ្ហាសុខភាពជាច្រើនត្រូវបានសង្កេតឃើញកើតមានចំពោះម្តាយ និងទារក។ តើស្ត្រីពិតជាពុំគួរមានផ្ទៃពោះនៅពេលនេះ ឬយ៉ាងណា? ហើយប្រសិនបើសម្រេចចិត្តមានផ្ទៃពោះនៅពេលនេះ តើនឹងមានបញ្ហាអ្វីខ្លះដែលពួកគេអាចប្រឈម? សំណួរ៖ នាងខ្ញុំមានអាយុ១៦ឆ្នាំ កម្ពស់១ម៉ែត្រ៥៩ ទម្ងន់៤១គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។ នាងខ្ញុំទើបនឹងរៀបការបានប្រហែលជា២ខែមកហើយ ពួកយើងកំពុងមានគម្រោងនឹងមានកូន ដូច្នេះ នាងខ្ញុំចង់សួរអ្នកគ្រូពេទ្យថា តើនាងខ្ញុំនៅក្មេងពេក ឬយ៉ាងណា? តើការមានកូននៅវ័យក្មេង អាចមានគុណវិបត្តិ ឬគុណសម្បត្តិដូចម្តេចខ្លះ? តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីចៀសវាងបញ្ហាទាំងនោះ? ចម្លើយ៖ ការមានទម្ងន់នៅក្នុងវ័យក្មេង អាចនឹងមិនមានភាពងាយស្រួលនោះទេ ក៏ប៉ុន្តែ វាពិតជាអាចទៅរួច បើប្អូន និងគ្រួសារប្អូនបានសម្រេចចិត្តហើយទៅលើពេលវេលាសម្រាប់ការមានកូន។ បើតាមអង្គការសុខភាពពិភពលោក (WHO)មានក្មេងស្រីជាង ១៥ លាននាក់ក្នុងមួយឆ្នាំ បានរៀបការមុនអាយុ ១៨ឆ្នាំ ហើយ ៩០% នៃការផ្តល់កំណើតគឺបានពីក្មេងស្រីអាយុពី ១៥ ទៅ ១៩ឆ្នាំដែលបានរៀបការហើយ។ យោងតាមស្ថិតិផងដែរការមានទម្ងន់នៅវ័យក្មេង នៅតែជាមូលហេតុចម្បងគេនៃការស្លាប់របស់ម្តាយ និងទារក។ ម្យ៉ាងទៀត ម្តាយដែលមានវ័យក្មេង (១០ ទៅ ១៩ឆ្នាំ)អាចប្រឈមនឹងបញ្ហាក្រឡាភ្លើង និងការឆ្លងរោគក្នុងឈាម ខ្ពស់ជាងម្តាយដែលមានអាយុពី ២០ ទៅ ២៤ឆ្នាំ។ ក្រៅពីនោះស្រ្តីមានទម្ងន់នៅក្នុងវ័យជំទង់ក៏អាចជួបនឹងបញ្ហាផ្នែកសតិអារម្មណ៍បញ្ហាផ្លូវចិត្ត និងសង្គមខ្លាំងជាងស្ត្រីដទៃផងដែរ។ សំណួរសួរថា តើប្អូនគួរធ្វើយ៉ាងណា? ចម្លើយគឺ ប្អូនគួរទៅជួបនឹងវេជ្ជបណ្ឌិតផ្នែករោគស្ត្រីដើម្បីពិគ្រោះអំពីជម្រើសដែលអាចទៅរួច និងស័ក្តិសមសម្រាប់ប្អូនក្នុងការកាត់បន្ថយការមានផ្ទៃពោះមុនអាយុ ១៨ឆ្នាំ តាមរយៈការប្រើប្រាស់មធ្យោបាយពន្យារកំណើតសិន ឬស្វែងយល់ពីលទ្ធភាពផ្សេងៗក្នុងការមានផ្ទៃពោះក្នុងពេលនេះ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ANNA ROSLYAKOVA ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

វាជាចម្លើយមួយ ដែលកាលពីក្មេង ចាស់ៗធ្លាប់ប្រាប់ខ្ញុំថា ទឹកដោះនឹងក្លាយជាឈាម នៅពេលដែលយើងយកវាទៅហាលថ្ងៃ … តើវាជាការពិតទេ សម្រាប់ជំនឿនេះ ?  តាមការពិតទៅ ទឹកដោះម្តាយរបស់យើង ត្រូវបានផលិតចេញពីក្រពេញទឹកដោះ ក្រោមការភ្ញោចនៃអរម៉ូនប្រូឡាក់ទីន (Prolactin) ដែលផលិតចេញពីទងសណ្តំខួរក្បាលផ្នែកខាងមុខ (Anterior pituitary gland) ។ អរម៉ូន Prolactin នេះ វានឹងអាចធ្វើការបាន ដរាបណាស្រ្តីឆ្លងទន្លេហើយ ព្រោះតែកម្រិតអរម៉ូន estrogen និងprogesterone ចុះទាប ។ មួយវិញទៀតសោត នៅក្រោយពេលដែលគាត់សម្រាលហើយ ក្រោមអំពើនៃអរម៉ូនខាងលើ  វានឹងចម្រាញ់ជាទឹកដោះដ៏បរិសុទ្ធ ដែលមានសារធាតុផ្សំដូចជា ស្ករប្រភេទឡាក់តូស (Lactose), Casein (ប្រូតេអ៊ីននៃទឹកដោះ), ជាតិខ្លាញ់ (Lipids) និងជាពិសេស នៅក្នុងទឹកដោះអ្នកម្តាយ (ជាពិសេសទឹកដោះដំបូង) វាសំបូរទៅដោយអង់ទីករប្រភេទ A (IgA) ពោល គឺវាចូលរួមបង្ការការយាយីពីមេរោគបានមួយចំនួន ។  ជារួមមក «ទឹកដោះម្តាយមិនមែនជាឈាមទេ» តែវាជាការផ្សំឡើងពីស្ករ, Casein, ខ្លាញ់ និងអង់ទីករ តែប៉ុណ្ណោះ ។  នេះជាការផ្ញើសារមួយជូនទៅកាន់អនាគតមាតាគ្រប់រូប «ការបំបៅដោះកូន ពិតជាមានគុណប្រយោជន៍ណាស់ ក្នុងការជួយឲ្យបុត្រធីតាលោកអ្នកមានសុខភាពល្អ និងចៀសវាងពីជំងឺដង្កាត់នានាបានមួយចំនួនផងដែរ» ។  បកស្រាយដោយ ៖ ហេង សុធារិទ្ធ និស្សិតផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល 

Share

កោសិកាដើមខ្ចីៗ ឬ ស្ទឹមសែល (stem cells)  ជាកោសិការស់ មានសមត្ថភាពអាចជួសជុលសរីរាង្គដែលឈឺ និងធ្វើឲ្យមុខងារវាប្រសើរជាងមុន។ កោសិកាដើមខ្ចីៗ ដែលមាននៅក្នុងឈាម និងសាច់ទងសុកទារកទើបកើត ឬ ខ្លាញ់ក្បាលពោះរបស់មនុស្សពេញវ័យ នឹងត្រូវបានចម្រាញ់ បន្សុទ្ធដោយបច្ចេកវិទ្យាទំនើបបំផុតក្នុងមន្ទីរពិសោធន៍ MEDEZE BANGKOK STEM CELL ហើយបណ្តុះបន្ថែម លាយចំណីអាហារ រួចបង្កករហូតដល់ដក១៩៦ដឺក្រេក្រោមសូន្យ ហើយរក្សាទុករហូតពេញមួយជីវិត ឬរហូតដល់ពេលយកមកប្រើប្រាស់។ ករណីត្រូវការប្រើប្រាស់ យើងនឹងយកវាមករំលាយ និងធ្វើឲ្យវាសកម្មឡើងវិញ មុនព្យាបាលដោយបច្ចេកវិទ្យាកោសិកាជួសជុលសរីរាង្គនេះ (stem cell therapy)។  ជំងឺមួយចំនួនដែលថ្នាំពេទ្យនៅមានកម្រិត ឬតំរូវឲ្យព្យាបាលដោយប្តូរសរីរាង្គថ្មី ការព្យាបាលដោយកោសិកាស្ទឹមសែលនេះ អាចជាជម្រើស និងផ្តល់ក្តីសង្ឃឹមថ្មីជាទីពេញចិត្ត ស្របតាមការសិក្សាបែបវិទ្យាសាស្រ្តទំនើបត្រឹមត្រូវក្នុងយុគសម័យនេះ។ សារៈប្រយោជន៍័ខ្លីៗនៃការរក្សាទុកកោសិកាស្ទឹមសែល ពី៖ 1-ឈាមទងសុក (ទារកទើបកើត)៖ សម្រាប់ព្យាបាលជំងឺឈាមមួយចំនួនរបស់ទារកនេះ ឬព្យាបាលបងប្អូនគាត់បង្កើត 2-សាច់ទងសុក (ទារកទើបកើត)៖ សម្រាប់ព្យាបាលទារកនេះទៅថ្ងៃអនាគត ឬ ឳពុកម្តាយ តាយាយគាត់នូវជំងឺមួយចំនួនដូចជា ក្រិនថ្លើម ទឹកនោមផ្អែម ខ្សោយតំរងនោម ចាស់វង្វេង ជំងឺប្រព័ន្ធការពារ ឈឺ ឬសឹកសន្លាក់ រក្សាវ័យកុំឲ្យឆាប់ចាស់ -ល។  3-រក្សាទុកកោសិកាដើមពីខ្លាញ់ក្បាលពោះ (មនុស្សពេញវ័យ)៖ សម្រាប់យកមកព្យាបាលខ្លួនគាត់ផ្ទាល់នូវជំងឺមួយចំនួនដូចជា ក្រិនថ្លើម ទឹកនោមផ្អែម ខ្សោយតំរងនោម ចាស់វង្វេង ជំងឺប្រព័ន្ធការពារ ឈឺ ឬសឹកសន្លាក់ រក្សាវ័យកុំឲ្យឆាប់ចាស់ -ល។  យើងក៏មានសេវាបន្ថែម ដូចជា៖ -ផ្គត់ផ្គង់ និងព្យាបាលដោយកោសិកាដើម Stem cells supply and treatment! -តេស្តវាស់សកម្មភាពប្រឆាំងជំងឺមហារីក Natural Killers Tests! -តេស្តវាស់សកម្មភាពប្រពន្ធ័ការពាររាង្គកាយ Immune tests! -ព្យាបាលមហារីកដោយ ប្រពន្ធ័ការពារ Natural Killers Cells! មន្ទីរពិសោធន៍ MEDEZE BANGKOK STEM CELL មាន ៖ -ទីតាំង ៖ នៅទីក្រុងបាំងកក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០  -ទីស្នាក់ការនៅទីក្រុងភ្នំពេញ ៖  អគារ D22-23, បុរី One Park, សង្កាត់ដូនពេញ ខណ្ឌទួលគោក ទូរស័ព្ទ/Line/Telegram/WhatsApp : ០៦៩ ៨៧៧ ៦៨៨ ឬ ០១៦ ៩០៥ ២៩៧ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ៖ https://medezestemcell.com/en អត្ថបទដោយ ៖  MEDEZE BANGKOK STEM CELL CAMBODIA ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះប៉ះពាល់ទៅលើស្ត្រីដែលមានគភ៌ប្រមាណ៦-៨%។ ជំងឺនេះសំដៅលើការកើនឡើងនៃសម្ពាធឈាមរហូតដល់ 140/90mmHg ឬខ្ពស់ជាងនេះ ក្រោយពីការពពោះបានរយៈពេល២០សប្ដាហ៍ ដោយមិនមានរោគសញ្ញាសំខាន់ៗនៃជំងឺបម្រុងក្រឡាភ្លើង។ ប្រសិនបើសម្ពាធឈាមនៅពេលមានផ្ទៃពោះកើនឡើងរឹតតែខ្ពស់ និងរយៈពេលនៃការកើតមាននេះកាន់តែឆាប់ នោះការប្រឈមនឹងបញ្ហាផ្សេងៗកើតមានកាន់តែខ្ពស់។  ម្នាក់ក្នុងចំណោម៤នាក់នៃអ្នកជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះនឹងបន្តកើតជំងឺបម្រុងក្រឡាភ្លើង អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល ឬបន្ទាប់ពីសម្រាល។ តើអ្វីខ្លះ ជាកត្តាជម្រុញឲ្យកើតមានជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះ? កត្តាជម្រុញឲ្យមានជំងឺនេះនឹងមាន ប្រសិនបើអ្នក៖ -មានគភ៌ជាលើកដំបូង -ធាត់ជ្រុល -មានអាយុលើសពី៤០ឆ្នាំ -មានសញ្ជាតិជាអាមេរិកកាត់អាហ្រ្វិច -ធ្លាប់មានប្រវត្តិ ឬមានក្រុមគ្រួសារកើតជំងឺនេះ ឬជំងឺបម្រុងក្រឡាភ្លើង -មានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ឬជំងឺទឹកនោមផ្អែម -មានគភ៌ដែលកំពុងពពោះជាកូនភ្លោះ។ តើរោគសញ្ញានៃជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះអាចមានអ្វីខ្លះ? រោគសញ្ញាសំខាន់ គឺសម្ពាធឈាមកើនឡើងពេលមានផ្ទៃពោះ ឯរោគសញ្ញាផ្សេងទៀតមានដូចជា ឈឺពោះ ឈឺក្បាលខ្លាំង បញ្ហាលើគំហើញ កម្រិតទឹកនោមថយចុះ ឬគ្មានតែម្ដង វត្តមានឈាមក្នុងទឹកនោម មានអារម្មណ៍ស្រាលក្បាល ឬអារម្មណ៏ក្អួតចង្អោរខ្លាំងជាដើម។  តើជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះមានផលប៉ះពាល់អ្វីខ្លះ? ជំងឺនេះអាចធ្វើឲ្យឈាមដែលហូរទៅកាន់សុកថយចុះជាហេតុបង្កឲ្យទារកមានទម្ងន់ស្រាល។ បើទោះជាផលប៉ះពាល់ខាងក្រោមនេះមិនសូវមាន ប៉ុន្តែជំងឺលើសឈាមនៅពេលមានផ្ទៃពោះអាចឲ្យមានបញ្ហាដូចជា៖  -ការដាច់ចេញនៃសុក -ម្ដាយប្រកាច់ -ខ្សោយតម្រងនោមបណ្ដោះអាសន្ន -បញ្ហាទៅលើថ្លើម -បញ្ហាកំណកឈាម -ការសម្រាលកូនទាំងមិនទាន់គ្រប់ខែ។ តើជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះអាចគ្រប់គ្រងបានដោយវិធីណាខ្លះ? ប្រសិនបើជំងឺនេះមានលក្ខណៈស្រាលទេ អ្នកអាចព្យាបាលនៅផ្ទះបានដោយការសម្រាកនៅក្នុងបរិយាកាសមួយដែលស្ងៀមស្ងាត់ កាត់បន្ថយសកម្មភាពផ្សេងៗដោយការសម្រាកបែបទៅខាងឆ្វេង និងអនុវត្តការបរិភោគអាហារតាមការណែនាំរបស់គ្រូពេទ្យ។ ប៉ុន្តែប្រសិនជាវាមានសភាពធ្ងន់ធ្ងរវិញ (សម្ពាធឈាមនៅត្រឹម 160/110mmHg ឬខ្ពស់ជាងនេះ) អ្នកជំងឺត្រូវបានឲ្យពិសាថ្នាំបញ្ចុះសម្ពាធឈាម និងត្រូវគេងពេទ្យដល់ពេលសម្រាល។  តើជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះនឹងបាត់ទៅវិញ ក្រោយពេលសម្រាលដែរឬទេ ? ស្ត្រីដែលមានបញ្ហានេះតែងតែមានសម្ពាធឈាមប្រែមកពីធម្មតាវិញ ក្រោយពេលសម្រាល។ ប៉ុន្តែស្ត្រីមួយចំនួន សម្ពាធឈាមរបស់គាត់នៅខ្ពស់ដដែល។ ប្រសិនបើសម្ពាធឈាមអ្នកនៅតែខ្ពស់បន្ទាប់ពីសម្រាលបានយ៉ាងតិចណាស់៣ខែ ស្ថានភាពនេះហៅថា«ការលើសសម្ពាធឈាមរុំាំរ៉ៃ (chronic hypertension)»។ ដូច្នេះ ស្ត្រីមានផ្ទៃពោះគ្រប់រូបគួរតែអញ្ជើញទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកកត់សម្គាល់នូវសភាពដូចជា ការថយចុះនៃចលនារបស់គភ៌ ការកន្ត្រាក់នៃស្បូន អារម្មណ៍ក្អួតចង្អោរដែលមិនអាចដោះស្រាយបាន មានការហូរឈាមតាមទ្វារមាស និងរោគសញ្ញាជាច្រើនទៀតដែលធ្វើឲ្យអ្នកបារម្ភ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការថែទាំសុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់ នៅអំឡុងពេលមានផ្ទៃពោះដោយសារបម្រែបម្រួលអ័រម៉ូន ដែលអាចបណ្ដាលឲ្យមានជំងឺអញ្ចាញប៉ះពាល់ដល់ទារក្នុងផ្ទៃ។ ខាងក្រោមនេះ ជាវិធីសាស្ត្រថែរក្សាសុខភាពមាត់ធ្មេញមុនពេល អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ... ១.មុនពេលមានផ្ទៃពោះ អ្នកគួរតែព្យាយាមធ្វើការណាត់ជួបជាមួយទន្តបណ្ឌិត ដើម្បីទទួលបានការសម្អាត ការពិនិត្យជាលិកាអញ្ចាញ និងបញ្ហាសុខភាពមាត់ធ្មេញផ្សេងទៀត មុននឹងគ្រោងមានផ្ទៃពោះ។ ២.អំឡុងពេលមានផ្ទៃពោះ -ប្រាប់ទន្តបណ្ឌិតរបស់អ្នកអំពីការមានផ្ទៃពោះ ដោយធ្វើការព្យាបាលនៅត្រីមាសទី១ និងពាក់កណ្ដាលទី២នៃត្រីមាសទី៣ ត្រូវបានចៀសវាង បើមិនមានអ្វីបន្ទាប់ -ជម្រាបទន្តបណ្ឌិតអំពីឈ្មោះថ្នាំ និងកម្រិតនៃការប្រើប្រាស់ដែលអ្នកកំពុងទទួលទាន -ចៀសវាងការថតកាំរស្មី Xនៅពេលមានគភ៌។ ប៉ុន្តែ នៅសម័យបច្ចុប្បន្ន បច្ចេកវិទ្យាបានធ្វើឲ្យការថតនេះមានសុវត្ថិភាពច្រើនជាងនៅសម័យមុន  -មិនត្រូវខកខានការណាត់ជួបជាមួយទន្តបណ្ឌិតទេ ព្រោះនៅពេលមានផ្ទៃពោះ ជំងឺអញ្ចាញធ្មេញត្រូវតែពិនិត្យមើលឲ្យបានញឹកញាប់ -រក្សាខ្ជាប់នូវអនាម័យមាត់ធ្មេញ ដើម្បីកាត់បន្ថយបញ្ហាផ្សេងៗ -ប្រសិនបើអ្នកមិនមានអារម្មណ៍ល្អជាមួយថ្នាំដុសធ្មេញ អ្នកអាចជ្រើសយកប្រភេទថ្នាំដុសធ្មេញផ្សេងទៀតដោយធ្វើការសាកសួរយោបល់របស់គ្រូពេទ្យ -ខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ ដើម្បីឲ្យមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយការក្អួតចង្អោរ -មិនត្រូវបរិភោគអាហារសម្រន់មានជាតិស្ករច្រើនពេកតាមតែការចង់នោះទេ ព្រោះវាប្រឈមនឹងរោគពុកធ្មេញ -បរិភោគអាហារល្អៗសម្រាប់សុខភាព ដូចជាយ៉ាអួ ឈីស និងផលិតផលទឹកដោះគោ ដែលមានផលល្អដល់ធ្មេញ និងអញ្ចាញរបស់ទារកដែលចាប់ផ្ដើមកើតតាំងពី៣ខែនៅក្នុងពោះម្ដាយ។ ៣.បន្ទាប់ពីសម្រាលកូន ប្រសិនបើអ្នកមានបញ្ហាអញ្ចាញធ្មេញ និងជាលិកាជុំវិញធ្មេញនៅពេលមានផ្ទៃពោះ អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យភ្លាមៗ ដើម្បីធ្វើការព្យាបាល និងពិនិត្យមើលបញ្ហាផ្សេងៗ។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំមានអាយុ២៤ឆ្នាំ ភេទស្រី ទម្ងន់ ៤៨គីឡូក្រាម កម្ពស់១ម៉ែត្រ៥៥ ជាបុគ្គលិកការិយាល័យ។ ខ្ញុំមានប្រវត្តិធ្លាប់រលូតកូនកាលពី១ឆ្នាំមុន ហើយប៉ុន្មានខែចុងក្រោយនេះ ខ្ញុំមាន សុខភាពល្អធម្មតា និងព្យាយាមចងមានកូនម្តង ទៀតតែមិនអាចមាន។ តើនេះដោយសារតែខ្ញុំធ្លាប់មានប្រវត្តិរលូតកូនពីមុនមក ឬយ៉ាងណា ទើបធ្វើឲ្យពិបាកមានកូនម្តងទៀត? ចម្លើយ ៖ ភាគច្រើននៃការរលូតកូន តែងបណ្តាលមកពីទារកដែលមិនទាន់កើត មានបញ្ហា ទាក់ទងនឹងហ្សែនធ្ងន់ធ្ងរ។ ជាទូទៅ បញ្ហានេះអាចជាប់ទាក់ទងនឹងម្តាយ មួយវិញទៀត អាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖ ជំងឺឆ្លង ការប្រើថ្នាំ ដូចជាថ្នាំទឹកនោមផ្អែម ឬថ្នាំទាក់ទងក្រពេញទីរ៉ូអុីត បញ្ហាអ័រម៉ូន ការឆ្លើយតបនៃប្រព័ន្ធភាពសុំា បញ្ហារាងកាយរបស់ម្តាយ និងភាពមិនប្រក្រតីនៃស្បូន ដែលអ្នកអាចទៅពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ។ ជម្រើសនៃការរៀបចំ របៀបរស់នៅដែលមានផាសុកភាពមុនពេលមានគភ៌ និងអំទ្បុងពេលមានគភ៌ គឺពិតជាមានសារសំខាន់ណាស់សម្រាប់អ្នក និងកូនក្នុងផ្ទៃ។ ការប្រើប្រាស់វីតាមីនមុនពេលសម្រាល ឬ ផលិតផលអាស៊ីតហ្វូលិកគឺល្អបំផុត នៅដើម ២ ទៅ ៣ ខែមុនពេលមានគភ៌។ អ្នកត្រូវព្យាយាមរក្សាទម្ងន់ និង បរិភោគជាតិកាហ្វេអុីន ឲ្យមានកំណត់ ចៀសវាងការពិសាស្រា ជក់បារី និងប្រភេទថ្នាំញៀនផ្សេងទៀត ដោយគ្មានការអនុញ្ញាត។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិតb ឯកទេសផ្នែកសម្ភពនិងរោគស្ត្រីនៃ Anna Women and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

និយមន័យ ជំងឺកូនក្រៅស្បូនគឺសំដៅទៅលើការកាត់សម្បុករបស់អំប្រ៊ីយ៉ុងនៅខាងក្រៅតួស្បូន។ វាអាចកើតមានឡើងនៅក្នុងដៃស្បូន (Tubal pregnancy) នៅក្នុង(ovarian pregnancy)។ កូនក្រៅស្បូនមិនអាចលូតលាស់ធំបាន និងមិនអាចរស់បាននោះទេ។ ការលូតលាស់ធំវាមិនអាចបណ្ដាលឲ្យមានបញ្ហាដល់ស្បូនរបស់អ្នកម្ដាយ។ ជំងឺនេះគឺទាមទារអោយមានការព្យាបាលភ្លាមៗ ព្រោះការព្យាបាលនេះវាផ្ដល់ផលល្អសម្រាប់ស្ត្រីក្នុងការមានកូនបន្ទាប់ទៀត។ ប្រសិនបើយើងមិនធ្វើការព្យាបាលយឺតអាចបណ្ដាលឲ្យប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតដោយសារហូរឈាម។  រោគសញ្ញា គឺដំបូងសញ្ញាវាដូចទៅការមានផ្ទៃពោះធម្មតា៖ ការបាត់រដូវ ក្អួតចង្អោរ តឹងណែនដើមទ្រូង ហើយនៅពេលដែរយើងធ្វើតេស្តពិនិត្យលទ្ធផលគឺវិជ្ជាមាន។ កូនក្រៅស្បូនមិនអាចលូតលាស់ដូចកូនធម្មតានោះទេ។ ការហូរឈាមតិចៗថែមទាំងអាការៈឈឺពោះឬត្រគាកវាជាសញ្ញារបស់ជំងឺកូនក្រៅស្បូនដែលគប្បីត្រូវប្រុងប្រយ័ត្ន។ បើមានការលេចធ្លាយនៅដៃស្បូន(fallopian tube) វាអាចបណ្ដាលឲ្យមានអារម្មណ៍រោយស្មា មិងមានចលនារបស់ពោះវៀនដោយសារការហូរឈាមបង្កើតទៅជាដុំឈាមដែលប៉ះពាល់ដល់សរសៃប្រសាទជិតៗនោះ។ ប្រសិនបើដាច់រហែកនៅដៃស្បូនវិញ(fallopian tube ruture) ការហូរឈាមនឹងមានបរិមាណច្រើនពេញពោះហើយក៏បង្កឲ្យមានអាការៈឈឺក្បាល និងអាចដួលសន្លប់ទៀតផល។ ប្រសិនបើអ្នកមានអាការៈដូចជា៖ ធ្លាក់ឈាមតិចៗតាមទ្វារមាស ឈឺពោះឬត្រគាក រោយស្មា ឈឺក្បាល និងឧស្សាហ៍សន្លប់កំឡុងពេលមានផ្ទៃពោះនោះគប្បីទៅជួបពេទ្យឲ្យបានត្រឹមត្រូវ និងឲ្យបានទាន់ពេលវេលា។  មូលហេតុ  ទីតាំងដែលកើតមានច្រើនជាងគេគឺនៅដៃស្បូន (Tubal pregnancy) ដែលបណ្ដាលមកពីស៊ុតជាប់គាំងនៅពេលដែលវារំកិលខ្លួនទៅផ្នែក1/3ខាងក្រៅនៃដៃស្បូនទៅកាន់តួរស្បូនដោយសារតែកោសិការរបស់ដៃស្បូនទៅកាន់តួស្បូនដោយសារតែកោសិការបស់ដៃស្បូនខូចខាត ឬកំរិតអ័រម៉ូនមិនមានតុល្យភាព ឬភាពលូតលាស់មិនប្រក្រដីរបស់ស៊ុត។  កត្តាដែលបង្ក កូនក្រៅស្បូនអាចមាន ១%ទៅ៣% ក្នុងចំណោមការមានផ្ទៃពោះដោយបណ្ដាលមកពីកត្តាផ្សេងៗដូចជា៖  -ធ្លាប់មានកូនក្រៅស្បូនពីមុន -មានការរលាកឬឆ្លងមេរោគនូវដៃស្បូន -មានបញ្ហាក្នុងការមានកូន(fertility issue) -ភាពមិនប្រក្រដីរបស់ស្បូន (កំណើត ឬធ្លាប់មានប្រវត្តិយកកូនចេញ) -ការជក់បារី -ការប្រើប្រាស់វីធីពន្យាកំណើតខុស ផលវិបាក  ប្រសិនបើមានកូនក្រៅស្បូនហើយមិនធ្វើការព្យាបាល ឬព្យាបាលយឺតពេលអាចបណ្ដាលឲ្យមានការធ្លាយស្បូន និងការហូរឈាមខ្លាំងក្លាដែរអាចឲ្យបាត់បង់ជីវិត។ ការធ្វើរោគវិនិច្ឆ័យ ប្រសិនបើគ្រូពេទ្យសង្ស័យទៅលើការមានកូនក្រៅស្បូន ប្រាកដណាស់គាត់នឹងពិនិត្យរកមើលកន្លែងដែលឈឺ និងពិនិត្យរកមើលសាច់ដុំនៅក្នុងដៃស្បួន និងអូវែ។ ហើយដើម្បីបញ្ជក់ឲ្យកាន់តែច្បាស់ថាពិតជាមានកូនក្រៅស្បូនមែន គេត្រូវធ្វើតេស្តឈាម និងអេកូ។  ក្នុងករណីបន្ទាន់ មានការហូរឈាមខ្លាំងចំពោះស្ត្រីមានផ្ទៃពោះ ការសនិ្នដ្ឋានការមានកូនក្រៅស្បូនគឺមានភាគច្រើន និងតម្រូវអោយធ្វើការវះកាត់ភ្លាមៗ។  ការព្យាបាល  -ការយកកូនចេញ (abortion) ស៊ុតមិនអាចលូតលាស់ធំនៅខាងក្រៅស្បូននោះទេ ដើម្បីចៀសវាងការមានគ្រោះថ្នាក់ដល់ជីវិតម្ដាយ យើងត្រូវតែធ្វើការយកចេញ -ប្រើថ្នាំ (methotrexate) ប្រសិនបើកូនក្រៅស្បូនត្រូវបានរកឃើញមុន ឬទាន់ពេលវេលា គេប្រើថ្នាំបញ្ឃប់ការលូតលាស់របស់ស៊ុត និងរំលាយកោសិកានោះ។  -ការវះកាត់ ក្នុងករណីហូរឈាមខ្លាំង បណ្ដាលមកពីការដាច់រហែកដៃស្បូន និងរកឃើញកូនក្រៅស្បូនយឺតពេលដែលមិនអាចប្រើប្រាស់ថ្នាំ និងវិធីសាស្ត្រផ្សេងបាននោះការវះកាត់ជាជម្រើសល្អ។ ការការពារ យើងមិនអាចធ្វើការការពារមិនឲ្យមានកូនក្រៅស្បូនបាននោះទេ ប៉ុន្តែយើងអាចកាត់បន្ថយកត្តាដែលបង្កឲ្យមាន ដូចជាឈប់ជក់បារី កាត់បន្ថយចំនួនដៃគួររួមភេទ និងប្រើប្រាស់ស្រាមអនាម័យសម្រាប់ការពារកុំឲ្យមានការឆ្លងមេរោគ (sexually transmitted infections) និងកាត់បន្ថយមូលហេតុនៃជំងឺរលោក(pelvic inflammatory disease)។ ជាចុងក្រោយ ហេលស៍ថាម សូមផ្ដាំផ្ញើដល់ប្រិយមិត្តអ្នកអាន និងស្ត្រីដែលមានផ្ទៃពោះទាំងអស់គួរគប្បីទៅពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីបញ្ជាក់ថាមិនមែនជាកូនក្រៅស្បូននោះទេ។ ការដឹងមុនជាមធ្យាបាយដ៏ប្រសើរសម្រាប់ការព្យាបាល និងវិធីបង្ការកុំឲ្យមានបញ្ហាគ្រោះថ្នាក់ដល់ជីវិត ហើយងាយស្រួលក្នុងការពារប្រសិនបើចង់មានកូនលើកក្រោយទៀត។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំអាយុ២៧ឆ្នាំ កម្ពស់១ម៉ែត្រ៥៥ ទម្ងន់៥២គីឡូក្រាម ជាស្ត្រីមេផ្ទះ។ ខ្ញុំមានប្រវត្តិជំងឺរលាកថ្លើមប្រភេទB ហើយក៏បានទទួលការព្យាបាលជាសះស្បើយរួចហើយដែរ។ ប៉ុន្តែ ខ្ញុំឆ្ងល់ថា តើវាអាចនឹងមានផលប៉ះពាល់សម្រាប់ខ្ញុំអំឡុងពេលមានផ្ទៃពោះដែរឬទេ? បើមាន តើខ្ញុំគួរធ្វើដូចម្តេច? ចម្លើយ ៖ ជំងឺរលាកថ្លើម គឺជាការរលាកនៃសរីរាង្គថ្លើម។ ចំពោះជំងឺរលាកថ្លើមប្រភេទ B ជាការចម្លងនៃមេរោគរលាកថ្លើម B ទៅកាន់សរីរាង្គថ្លើម។ នៅពេលបុគ្គលម្នាក់បានឆ្លងវីរុសជំងឺរលាកថ្លើមប្រភេទB វាអាចសម្ងំនៅក្នុងរាងកាយរបស់មនុស្សពេញមួយជីវិត ហើយបង្កជាបញ្ហាថ្លើមរ៉ាំរ៉ៃ។ ការចម្លងនៃរលាកថ្លើមប្រភេទ B មិនបង្កជាបញ្ហាដល់អ្នកឬកូនក្នុងផ្ទៃនៅពេលពពោះនោះទេ តែវាអាចរាលដាលដល់ទារកអំឡុងពេលសម្រាលតាមបែបធម្មជាតិ ឬការវះកាត់។ គ្រប់ស្រ្តីមានផ្ទៃពោះទាំងអស់គួរធ្វើតេស្តរកមេរោគរលាកថ្លើមប្រភេទ B អំឡុងពេលត្រីមាសទីមួយ។ ប្រសិនបើលទ្ធផលនៃការធ្វើតេស្តរកឃើញពីភាពវិជ្ជមាននៃមេរោគរលាកថ្លើម B នោះទារកដែលកើតមកនឹងត្រូវបានចាក់ថ្នាំភ្លាមៗនៅក្នុងបន្ទប់សម្រាល។ ម៉្យាងទៀត នៅរាល់មុនពេលសម្រេចចិត្តក្នុងការពពោះ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញជាមុនសិន។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃ Anna Women and Baby’s Centre ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំ រស់នៅចោមចៅ។ នាងខ្ញុំសូមជម្រាបសួរអ្នកគ្រូពេទ្យថា ចំពោះស្រ្តីមានផ្ទៃពោះ តើអាចបន្តធ្វើការរហូតដល់ពេលណា? ការងារកម្រិតស្រាល ឬធ្ងន់? ចម្លើយ ៖ ចំពោះស្រ្តីមានផ្ទៃពោះគឺទាក់ទងនឹងការងារជាប្រចាំរបស់គាត់។ យើងត្រូវដឹងថាតើការងារប្រចាំថ្ងៃរបស់គាត់មានអ្វីខ្លះ? ប្រសិនបើការងារប្រចាំថ្ងៃរបស់គាត់ស្ថិតក្នុងលក្ខខណ្ឌធម្មតានោះ គាត់អាចធ្វើបានរហូតទៅដល់កន្លះខែ ឬមួយខែមុនពេលសម្រាល។ បើនៅប្រទេសគេ គេអនុញ្ញាតឲ្យសម្រាកប្រាំមួយសប្តាហ៍មុនសម្រាល និងដប់សប្តាហ៍ក្រោយពេលសម្រាល ដែលសរុបទាំងអស់ គឺដប់ប្រាំមួយសប្តាហ៍។ ប៉ុន្តែតាមច្បាប់នៅក្នុងប្រទេសយើងវិញ ការសម្រាកមាតុភាពគឺមានរយៈពេលតែបីខែប៉ុណ្ណោះ ដោយគិតទាំងមុន និងក្រោយពេលសម្រាល។ ដូច្នេះយើងអាចលៃលកពេលវេលាសម្រាករបស់យើងតាមការគួររៀងៗខ្លួន ប៉ុន្តែគាត់ត្រូវសម្រាកយ៉ាងតិចបំផុតក៏មួយសប្តាហ៍មុនពេលសម្រាលដែរ។  យើងក៏ត្រូវដឹងដែរថា ក្នុងករណីដែលលក្ខខណ្ឌការងារមិនល្អ វាអាចធ្វើឲ្យទារកក្នុងផ្ទៃកើតមិនគ្រប់ខែបាន (ដូចជាធ្វើការធ្ងន់ហួសកម្លាំង ធ្វើដំណើរយូរផ្លូវឆ្ងាយ និងហត់ខ្លាំង) ឧទាហរណ៍ដូចជា ឈរធ្វើការយូរពេកលើសពី ៤ម៉ោងក្នុងមួយថ្ងៃ ទម្រង់នៃការធ្វើការងារពិបាកដោយដៃនៅក្នុងលំហ ឬលុតជង្គង់យូរ ធ្វើការជាចង្វាក់ជាមួយម៉ាស៊ីន ធ្វើការជាមួយម៉ាស៊ីនដោយប្រើកម្លាំង និងនៅកន្លែងដែលមានរំញ័រខ្លាំង ការលើកទម្ងន់ធ្ងន់ហួសពី ១០គីឡូក្រាម ចប់ការងារមួយចូលការងារមួយទៀតភ្លាមដោយមិនបានសម្រាក។ និយាយរួមគ្រប់ការងារដែលពិបាក ហត់ហួសកម្លាំង ឬក៏ធ្វើដំណើរយូរសុទ្ធតែប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ។ ចំណុចមួយទៀតគឺទាក់ទងនឹងបរិស្ថានជុំវិញកន្លែងធ្វើការ ដូចជាសម្លេងខ្លាំងជាប់រហូត សីតុណ្ហភាពត្រជាក់ អាកាសធាតុស្ងួត ឬសើមខុសពីធម្មតា អាកាសធាតុអាប់អួរ និងមានជាតិពុល។ ដូច្នេះពេលមានផ្ទៃពោះ បើជួបប្រទះនឹងការងារដូចបានរៀបរាប់ខាងលើ គប្បីសុំផ្លាស់ប្តូរការងារទៅកន្លែងផ្សេងដែលមិនប៉ះពាល់ដើម្បីចៀសវាងផលមិនល្អដល់គភ៌។ ដោយឡែកបើសិនសុខភាពម្តាយ ឬទារកក្នុងផ្ទៃមិនល្អនោះ ទោះបីជាលក្ខខណ្ឌការងារប្រសើរយ៉ាងណាក៏នៅតែអាចមានបញ្ហាកើតឡើងចំពោះគាត់ដែរ។  ដូច្នេះ ស្រ្តីមានផ្ទៃពោះគួរតែមកជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យសុខភាពម្តាយ និងទារកឲ្យបានទៀងទាត់។ ក្នុងករណីដែលគ្រូពេទ្យរកឃើញថាមានបញ្ហាដែលទាក់ទងទៅនឹងសុខភាពមាតា ឬទារកនោះគ្រូពេទ្យនឹងអនុញ្ញាតច្បាប់ទៅតាមភាពជាក់ស្តែង។  បកស្រាយដោយ ៖ អ្នកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា នាយអគាររោគស្រ្តី និងសម្ភព នៅមន្ទីរពេទ្យព្រះកុសុមៈ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top