- Feb 10, 2017 |
- 7 years ago |
- 3.3K views
អាហារដែលគួរមានក្នុងកន្រ្តកពិចនិច
នៅខែកុម្ភៈនេះអាកាសធាតុដូចជាត្រជាក់ល្មម មិនទាន់ក្តៅពេកអំណោយផលដល់ការចេញទៅពិចនិចនៅខាងក្រៅ ជំនួសឲ្យការញ៉ាំអាហារនៅផ្ទះ ឬក៏តាមហាងអាហារផ្សេងៗ។ និយាយចឹង ពិចនិចក៏ជាគំនិតល្អមួយដែរប្រសិនបើគិតដល់ការចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ គ្រួសារ និងមិត្តភក្តិ បង្កើតពេលវេលាផ្ទាល់ខ្លួនដ៏ពេញលេញមួយសម្រាប់គ្នា។ គ្រាន់តា៎គិតក៏សប្បាយដែរ...អញ្ចឹងចាប់ផ្តើមរៀបចំមេនញូងាយៗ ផ្តល់សុខភាពល្អ និងរសជាតិឆ្ញាញ់ដែលគួរតែមានក្នុងកន្រ្តកសម្រាប់ពិចនិចរបស់អ្នកតែម្តងទៅ។ 1.អាហារសម្រន់៖ និយាយទៅបើទៅពិចនិច មិនមានរបស់ញ៉ាំលេង ដូចមិនសមជាពិចនិចទេ។ គ្រាប់ធញ្ញជាតិ មិនថាជាសណ្តែកដី គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់រីករាយជាដើម សុទ្ធតែសម្បូរប្រូតេអ៊ីន និងខ្លាញ់មិនឆ្អែតដែលល្អសម្រាប់សុខភាព។ ទោះយ៉ាងណា អ្នកក៏ត្រូវកម្រិតបរិមាណក្នុងការញ៉ាំផងដែរ ពិសេសចំពោះធញ្ញជាតិខ្ចប់ស្រេចដែលមានអំបិល។ ស៊ុតស្ងោរ មិនត្រឹមសម្បូរប្រូតេអ៊ីន វាក៏ងាយរក ងាយធ្វើ និងមានតម្លៃថោកទៀត។ មិនចាំបាច់ត្រូវត្រៀមអីច្រើនក្រៅពីទឹកស៊ីអ៊ីវ ឬក៏អំបិលម្រេចក្រូចឆ្មារទៅក៏រួចស្រេច សំខាន់ញ៉ាំបានទាំងព្រឹក និងថ្ងៃ។ សាច់ត្រីក្រៀម សម្បូរដោយប្រភេទខ្លាញ់ល្អ អូមេហ្គា៣ ហើយក៏មានរសជាតិឆ្ញាញ់ជក់មាត់ផងដែរ។ តំណាប់ផ្លែឈើក្រៀម សម្បូរដោយជាតិកាកសរសៃដែលល្អក្នុងការរក្សាលំនឹងជាតិស្ករ និងអ័រម៉ូន ព្រមទាំងអាចការពារពីជំងឺមួយចំនួនដោយសារសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាផងដែរ។ 2.អាហារចម្បង ៖ ចំណាយពេលធ្វើដំណើរ និងលេងច្រើនដែរ អញ្ចឹងក៏ត្រូវញ៉ាំឲ្យឆ្អែតដែរ។ ស៊ូស៊ីកូនកាត់ អ្នកគ្រាន់តែត្រូវការបន្ទះឫស្សីសម្រាប់មូលបន្ទះសារ៉ាយសមុទ្រ បាយ ការ៉ុត ត្រសក់ ពងទាចៀន និងគីមឈីជាដើម។ អាហារបែបនេះមិនត្រឹមងាយយកតាមខ្លួន ងាយកាត់ចែកគ្នាញ៉ាំ និងថែមទាំងសប្បាយទៀតផងបើអ្នកញ៉ាំបណ្តើរធ្វើជុំគ្នាបណ្តើរ។ សាន់វិច ជាប្រភេទអាហារសាមញ្ញសម្រាប់ពិចនិចទៅហើយ។ យ៉ាងណាមិញ ការវេចខ្ចប់ទុកមុនអាចប្រើជាក្រដាស ឬក៏ថង់រុំអាហារធម្មតា ដើម្បីងាយយកតាមខ្លួន ឬក៏អាចកៀបក្នុងម៉ាស៊ីនកម្តៅឲ្យហើយតែម្តងដើម្បីកុំឲ្យពិបាកជ្រុះពេលញ៉ាំ។ សាឡាត់ បន្លែគ្រប់ពណ៌ ធ្វើឲ្យថ្ងៃពិចនិចកាន់តែស្រស់ស្រាយ និងមិនទ្រលាន់។ អ្នកអាចប្រើបន្លែចម្រុះ និងរៀបចំឲ្យមានសោភ័ណភាព រួចបន្ថែមសាច់ទ្រូងមាន់ ឬសាច់ត្រី ស៊ុតស្ងោរ និងស្រូបដោយទឹកម៉ាញ៉េនេស ឬទឹកបន្លែផ្សេងៗទៅតាមចំណូលចិត្ត។ ប៊ីប៊ីឃ្យូ មានទាំងសាច់ និងបន្លែដោតលើចង្កាក់តែមួយ ហើយក៏អាំងញ៉ាំក្តៅៗតែម្តង។ អ្នកគ្រាន់តែមានចង្រ្កានអាំងសាច់ប្រភេទប្រើធ្យូង ហើយត្រៀមអាហារចម្រុះដូចជាសាច់ និងបន្លែ តែកុំភ្លេចទឹកជ្រល់ជាទឹកត្រីកោះកុង ឬអំបិលម្រេចក្រូចឆ្មារផងដែរ។ 3.ភេសជ្ជៈ៖ ជាក់ស្តែងក្រៅពីទឹកបរិសុទ្ធ អ្នកក៏អាចមានជាមេនញូផ្សេងៗជាច្រើនទៀតដូចជា៖ ទឹកផ្លែឈើ រសជាតិគ្រប់មុខនៃទឹកផ្លែឈើស្រស់បន្ថែមទឹកកកឲ្យត្រជាក់ ពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងសម្រាកពិតៗ។ ទឹកតែម្លិះជាមួយក្រូចឆ្មារ អាចបន្ថែមស្ករ និងទឹកកកទៀត ដែលមិនត្រឹមតែឈ្ងុយ តែក៏ផ្តល់អារម្មណ៍ជ្រះកល្អទៀតផង។ 4.បង្អែម៖ ទុកលាងមាត់ក្រោយពេលអាហារចម្បង។ ផ្លែឈើ រៀបចំផ្លែឈើ ដោយលាងសម្អាត និងចិតដាក់ប្រអប់ជាស្រេច ហើយក្លាសេឲ្យត្រជាក់ដើម្បីបង្កើនរសជាតិ។ បើអាចកុំភ្លេចយកម្ជូរ និងអំបិលម្ទេសផង ព្រោះថាពេលធ្វើដំណើរទៅអ្នកប្រហែលជាអស់កម្លាំង ឬពុលឡាន ផ្លែឈើអាចលើកកម្លាំងអ្នកមកវិញបាន។ ការ៉េម ទៅពិចនិចបើមានការ៉េមញ៉ាំប្រាកដជាល្អ ពិសេសនៅពេលអាកាសធាតុរៀងក្តៅបន្តិច។ តែយកល្អគួរធ្វើការ៉េមក្នុងទូទឹកកកខ្លួនឯង ព្រោះវាអាចទុកបានយូរមិនងាយរលាយទេ។ វិធីធ្វើគឺសាមញ្ញ គ្រាន់តែប្រើទឹកដោះគោខាប់ នំស្រួយនិងផ្លែឈើផ្សេងៗលាយវាបញ្ជូលគ្នា ដាក់ក្នុងប្រអប់ ហើយបង្កកវាទុកពីយប់ទៅជាការស្រេច។ 5.ផ្សេងៗ -ធុងទឹកកកតូចល្មមសម្រាប់ដាក់ទឹកកក ឬដាក់ក្លាសេ បន្លែ ផ្លែឈើផ្សេងៗ (ដាក់របស់ដែលត្រូវការញ៉ាំមុននៅខាងលើ កុំឲ្យពិបាករើ និងបើកធុងទឹកកកច្រើនដង ឬយូរៗ) -កម្រាល ឬកន្ទេលសម្រាប់អង្គុយលេង (និងឆ័ត្រផងដែរបើអាច) កៅអីតូចៗ អង្រឹងឬប៉ៅអី គេងលេង -សម្ភារៈសម្រាប់រៀបទទួលទានដូចជា ចានស្លាបព្រា ចង្កឹះ សម កែវ កាំបិទ ជ្រុញតូចជាដើម។ អាហារដូចជាច្រើនមុខដែរហើយ នៅឡើយតែរើសកន្លែងដែលជាទូទៅគឺ ទៅក្រៅក្រុងត្រង់ទីវាលសម្បូរម្លប់ឈើ ឬមានស្រះទឹក រមណីយដ្ឋានធម្មជាតិ គិរីរម្យ(វាំងចាស់) ចំការព្រីង ជាដើម។ ចុងក្រោយ គឺរើសថ្ងៃទៅ កុំទុកគម្រោងចោលយូរនាំតែខាតឱកាសនៃការរីករាយនឹងអាកាសធាតុនៅរដូវនេះ...
Share