- Jul 21, 2017 |
- 7 years ago |
- 3.1K views
ការសិក្សាបង្ហាញថា៖ អាពាហ៍ពិពាហ៍ និងភាពជាឪពុកធ្វើឲ្យបុរសឡើងទម្ងន់
ការសិក្សាថ្មីមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Bath នៃចក្រភពអង់គ្លេសបានរកឃើញថា «អាពាហ៍ពិពាហ៍ធ្វើឲ្យបុរសឡើងទម្ងន់ហើយ ថ្ងៃដំបូងនៃភាពជាឪពុកបានធ្វើឲ្យបញ្ហាកាន់អាក្រក់» និងបានបង្ហាញឲ្យដឹងថា «បុរសដែលបានរៀបអាពាហ៍ពិពាហ៍រួច មានម៉ាសរាងកាយ (Body Mass Index ឬBMI) ខ្ពស់ជាងបុរសដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ប្រហែលជា៣ផោន» នោះគឺភាគច្រើនបណ្ដាលមកពីការទទួលទានអាហារ ដែលមិនសូវល្អសម្រាប់សុខភាព។ នៅពេលដែលក្លាយជាឪពុក យើងបានឃើញថាបុរសមានការកើនឡើងនៃ BMI បន្ទាប់ពីកំណើតកូនរបស់ពួកគេ ប៉ុន្តែមិនមែននៅពេលដែល ប្រពន្ធរបស់ពួកគេកំពុងមានផ្ទៃពោះនោះទេ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា លទ្ធផលនេះបានបញ្ជាក់ពីទ្រឹស្ដីមួយចំនួន ដែលបានលើកឡើង នៅក្នុងការស្រាវជ្រាវចាស់ៗ។ ទិន្នន័យបានបង្ហាញថា មនុស្សដែលនៅលីវហើយកំពុងស្វែងរកអាពាហ៍ពិពាហ៍ គឺមាននិន្នាការក្នុងការរក្សារាង និងមានការខិតខំប្រឹងប្រែង ជាងដៃគូរបស់ពួកគេ ហើយក៏បានបញ្ជាក់ថា អាពាហ៍ពិពាហ៍នាំឲ្យមានការជួបជុំគ្នាញឹកញាប់ក្នុងសង្គម ដែលការជួបជុំទាំងនោះជាទូទៅមាន អាហារដ៏ច្រើន។ អ្នកដឹកនាំការស្រាវជ្រាវ លោកស្រីវេជ្ជបណ្ឌិត Joanna Syrda បាននិយាយថា “វាពិតជាមានប្រយោជន៍សម្រាប់បុគ្គលម្នាក់ក្នុងការស្វែងយល់អំពី កត្តាសង្គមមួយណាដែលអាចជះឥទ្ធិពលទៅលើការឡើងទម្ងន់ ជាពិសេស គឺអ្នកដែលរៀបអាពាហ៍ពិពាហ៍រួច និងអ្នកដែលក្លាយជាឪពុកគេរួចហើយ ដើម្បីឲ្យពួកគេអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវអំពីបញ្ហាសុខភាព និងសុខុមាលភាពរបស់ពួកគេ។ សម្រាប់បុរសដែលរៀបអាពាហ៍ពិពាហ៍រួច ហើយមានបំណងចង់ជៀសវាងការកើនឡើងនៃ BMI នោះមានន័យថា ពួកគេត្រូវគិតអំពីការផ្លាស់ប្ដូរចិត្តគំនិត អាកប្បកិរិយា និងទម្លាប់ នៃការញ៉ាំរបស់ពួកគេ។” ការសិក្សានេះបានសិក្សាទៅលើគូស្វាមីភរិយាដែលស្រលាញ់ភេទផ្ទុយគ្នាក្នុងសហរដ្ឋអាមេរិករវាងឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៣ ដោយប្រើទិន្នន័យដែលបាន មកពី Panel Study of Income Dynamics ដែលត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្ដី Social Science and Medicine។ ការសិក្សាកន្លង មកបាន បង្ហាញថា «បុរសដែលមាន BMI ខ្ពស់គឺមានការផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពផ្សេងទៀតជាច្រើន»។ យោងទៅតាមការសិក្សាមួយកាលពីឆ្នាំ២០១៦ដែលធ្វើឡើងដោយសហគមន៍អឺរ៉ុបសម្រាប់ការសិក្សាអំពីភាពធាត់ ហើយសិក្សាទៅលើបុរសប្រមាណ ១៥០០០០ នាក់ដែលមានកម្រិត BMI ខ្ពស់ និងទំហំចង្កេះធំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តេត។ ក្រុមអ្នកស្រាវជ្រាវបានកំណត់ថារាល់ការកើនឡើង ៥គីឡូក្រាមក្នុងមួយម៉ែត្រការ៉េក្នុង BMI នាំឲ្យមានការកើនឡើង១០%នៃការវិវឌ្ឍជាជំងឺមហារីក ហើយរាល់ការកើនឡើង ១០សង់ទីម៉ែត្រទៅលើទំហំចង្កេះ គឺអាចបង្កើនហានិភ័យដល់ទៅ១៣%។ ការសិក្សាមួយទៀតក្នុងឆ្នាំ២០១៦ដែលធ្វើឡើងដោយ Elsevier Health Sciences ក្នុងប្រទេសហូឡង់ ក៏បានរកឃើញពីទំនាក់ទនងរវាងបុរស វ័យជំទង់ ដែលមានបញ្ហាលើសទម្ងន់ និងហានិភ័យក្នុងការវិវឌ្ឍជាជំងឺថ្លើមធ្ងន់ធ្ងរនៅពេលចាស់ទៅ។ បើភាពជាឪពុកម្តាយ ធ្វើឲ្យអ្នកជាឪពុក និងម្តាយឃ្លាយឆ្ងាយពីការទៅកន្លែងហាត់ប្រាណនោះ អ្នកឯកទេសផ្នែកសម្បទា Harley Pasternak បានផ្ដល់គន្លឹះនៃការហាត់ប្រាណមួយចំនួនដែលអ្នកអាចធ្វើបាននៅផ្ទះដូចជា៖ 1. ផ្លាស់ប្តូរបរិយាកាសរបស់អ្នក៖ ប្រសិនបើអាកាសធាតុល្អ អ្នកគួរតែចំណាយពេលខ្លះនៅខាងក្រៅផ្ទះ ដោយធ្វើការហែលទឹក ឬ ហាត់ប្រាណនៅតាមសួនច្បារ។ 2. ការហាត់ប្រាណបែបបន្ទន់ជង្គង់ងើបចុះឡើង ឬបន្ទន់រាងកាយផ្នែកខាងលើ (Lunges and squats)៖ អ្នកមិនចាំបាច់ទៅកន្លែងហាត់ប្រាណ ដើម្បីធ្វើការហាត់ប្រាណនោះទេ។ 3. លើកដុំទម្ងន់ (Hand weights)៖ អ្នកអាចរកទិញដុំទម្ងន់ទាំងនោះ ដើម្បីធ្វើការហាត់ប្រាណនៅផ្ទះបានដោយចាប់ផ្ដើមជាមួយនឹងដុំទម្ងន់មួយគូសិន ហើយអ្នកអាចតម្លើងដុំទម្ងន់បន្ថែម នៅពេលដែលអ្នកកាន់តែរឹងមាំ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share