Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

រៀងរាល់ពេលមានបញ្ហាសុខភាព តើសេវាសុខភាពណាមួយដែលអាចជួយអ្នកបាន? ឬយ៉ាងហោចណាស់ បើអ្នកកំពុងទទួលសេវាសុខភាពណាមួយ តើអ្នកដឹងទេថាអ្នកកំពុងទទួល បានសេវាប្រភេទណា ឬកម្រិតណា?   វាពិតជាមានភាពស្មុគស្មាញខ្លាំង នៅពេលដែលអ្នក ឬក្រុមគ្រួសារជួបប្រទះនឹងបញ្ហាសុខភាពស្របពេលដែលអ្នកមិនដឹងថា តើអ្នកណាអាចជួយអ្នកបាន ខណៈសេវាសុខភាពមានជាច្រើនប្រភេទ ដែលអាចធ្វើឲ្យអ្នកស្ទាក់ស្ទើរចិត្តមិនដឹងថា សេវាសុខភាពណាមួយអាចជួយអ្នកបានពិតប្រាកដ។ ត្រង់ចំណុចនេះ ថ្វីត្បិតតែការទៅជួបនឹងអ្នកផ្តល់សេវាសុខាភិបាលដែលនៅជិតអ្នកជាជម្រើសងាយស្រួល ហើយពួកគេក៏អាចជាអ្នកតម្រង់ទិសបន្តផងដែរ ក៏ប៉ុន្តែចំពោះស្ថានភាព និងតម្រូវការខុសៗគ្នានៃបញ្ហាសុខភាព ដែលខ្លះជាស្ថានភាពធម្មតាខ្លះពិសេស ខ្លះមានលក្ខណៈបន្ទាន់ និងខ្លះមិនបន្ទាន់ វាពិតជាចាំបាច់ឲ្យអ្នកយល់ដឹងអំពីសេវាសុខភាពនីមួយៗដែលត្រូវបានបែងចែកជាប្រភេទខុសៗគ្នា ដើម្បីទទួលបានភាពងាយស្រួលសម្រាប់ខ្លួនអ្នក និងក្រុមគ្រួសារ។   1 សេវាសុខភាពបឋម ជាចំណុចដំបូងនៃការផ្តល់ប្រឹក្សា ពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងដោះស្រាយបញ្ហាសុខភាពទៅកាន់អ្នកជំងឺដែលអាចធ្វើឡើងដោយវេជ្ជបណ្ឌិតទូទៅ អ្នកជំនាញព្យាបាលដោយចលនា គិលានុបដ្ឋាកយិកា និងឆ្មបជាដើម។ វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី ក៏អាចចាត់ទុកជាអ្នកផ្តល់សេវាដំបូងសម្រាប់ស្ត្រីផងដែរ។ ក្រៅពីនោះ ឱសថការីដែលមានសញ្ញាបត្រត្រឹមត្រូវ ជាអ្នកផ្តល់សេវាសុខភាពបឋមដែលត្រូវបានប្រើប្រាស់ញឹកញាប់ ដោយសារបណ្តាញដ៏ច្រើននៅក្នុងសហគមដែលវាជាលក្ខណៈងាយស្រួលក្នុងការទទួលយកសេវាដោយអ្នកជំងឺ។ កន្លែងថែទាំបឋមផ្តល់នូវសេវាសុខភាពទូលំទូលាយ មិនថាជាការគ្រប់គ្រងបញ្ហាសុខភាពទូទៅនៅក្នុងស្ថានភាពស្រួចស្រាវឬរ៉ាំរ៉ៃ រួមបញ្ចូលទាំងសេវាមូលដ្ឋានសម្រាប់សុខភាពស្រ្តី និងកុមារព្រមទាំងផែនការគ្រួសារ ក៏ដូចជាការផ្តល់ជាការចាក់វ៉ាក់សាំងការពារបានទៀតផង។ ពួកគេក៏អាចផ្តល់ការណែនាំ និងតម្រង់ទិសទៅកាន់អ្នកជំងឺទៅរកការសម្រេចចិត្តត្រឹមត្រូវសម្រាប់សុខភាព និងការព្យាបាលរបស់ពួកគេផងដែរ។   2 សេវាសុខភាពកម្រិតទី២ ការដែលអ្នកត្រូវបានបញ្ជូន ឬចង្អុលបង្ហាញពីសេវាសុខភាពបឋមទៅកាន់ផ្នែកសេវាសុខភាពបន្ទាប់មានន័យថា អ្នកនឹងត្រូវបានថែទាំ និងព្យាបាលដោយអ្នកឯកទេសជាក់លាក់ទៅតាមបញ្ហាដែលអ្នកកំពុងមាន។ ជាទូទៅអ្នកផ្តល់សេវាសុខភាពបឋមរបស់អ្នកនឹងបញ្ជូនអ្នកបន្តទៅកាន់អ្នកជំនាញដែលមានឯកទេសនៅក្នុងករណីដែលមានការចាំបាច់ណាមួយដែលមិនអាចធ្វើបានដោយសេវាសុខភាពបឋម។ ការថែទាំ និងព្យាបាលនៅជំហានបន្ទាប់នេះ អាចរួមបញ្ចូលនូវការព្យាបាលចាំបាច់សម្រាប់រយៈពេលខ្លីមួយចំពោះជំងឺធ្ងន់ធ្ងរ របួសឬក៏បញ្ហាសុខភាពមួយចំនួនទៀត ដែលប្រៀបដូចជាផ្នែកសង្គ្រោះបន្ទាន់មួយនៅក្នុងមន្ទីរពេទ្យដូច្នោះដែរ។ វាក៏រួមបញ្ចូលផងដែរនូវជំនាញពិសេសៗសម្រាប់ស្ថានភាពមួយចំនួនដូចជា ដំណើរការសម្រាលកូន ការថែទាំអ្នកជំងឺលក្ខណៈពិសេស និងសេវាថតឆ្លុះលក្ខណៈវេជ្ជសាស្ត្រជាដើម។ ជាទូទៅសេវាសុខភាពកម្រិតទី ២នេះត្រូវផ្តល់នៅក្នុងមន្ទីរពេទ្យ។ ទោះយ៉ាងណា អ្នកផ្តល់សេវាកម្រិតនេះ ដូចជាវេជ្ជបណ្ឌិតផ្នែកបញ្ហាផ្លូវចិត្តទន្តពេទ្យ គ្រូពេទ្យព្យាបាលដោយចលនា (អាចស្ថិតក្នុងសេវាសុខភាពកម្រិតដំបូង ឬកម្រិតទី២) មិនមែនសុទ្ធតែធ្វើការតែនៅក្នុងមន្ទីរពេទ្យនោះឡើយ ។   3 សេវាសុខភាពកម្រិតទី៣ នៅពេលដែលអ្នកជំងឺទទួលការព្យាបាលនៅមន្ទីរពេទ្យស្រាប់ (អ្នកជំងឺក្នុង) ឬត្រូវបានបញ្ជូនពីសេវាព្យាបាលកម្រិតបឋម ឬកម្រិតទី២  និងត្រូវការនូវការព្យាបាលដែលកាន់តែជាក់លាក់ នោះមានន័យថាអ្នកជំងឺនឹងត្រូវបានបញ្ជូនទៅកាន់កន្លែងព្យាបាលកម្រិតទី ៣។ នៅក្នុងការថែទាំនិងព្យាបាលនៅកម្រិតនេះ ទាមទារនូវអ្នកជំនាញកាន់តែជាក់លាក់ និងបរិក្ខារពិសេសៗមួយចំនួនផងដែរ ដែលក្នុងនោះអាចរួមមាននូវការវះកាត់លើសរសៃឈាមអាកទែ ដំណើរការលាងឈាម ការវះកាត់នៅនឹងខួរក្បាល ការព្យាបាលពន្យារជីវិត ព្រមទាំងដំណើរការ ឬការព្យាបាល និងគ្រប់គ្រងដែលមានលក្ខណៈស្មុគស្មាញផ្សេងទៀត។ គួរបញ្ជាក់ថា ការថែទាំ និងព្យាបាលនៅកម្រិតនេះ ភាគច្រើនអាចមានតែនៅមន្ទីរពេទ្យធំៗប៉ុណ្ណោះ។   4 សេវាសុខភាពកម្រិតទី៤ ជាសេវាពិសេសបន្ថែមពីលើសេវាកម្រិតទី៣ ដែលធ្វើឡើងកាន់តែជាក់លាក់ ក៏ប៉ុន្តែការអនុវត្តនេះពុំសូវមានភាពទូលំទូលាយឡើយ ដែលមានន័យថា វាអាចមានផ្តល់ជូនតែក្នុងមន្ទីរពេទ្យធំៗប៉ុណ្ណោះ។ ការស្រាវជ្រាវវេជ្ជសាស្រ្ត និងការធ្វើរោគវិនិច្ឆ័យ ឬក៏ដំណើរការវះកាត់ដែលមានលក្ខណៈពិសេសខុសពីធម្មតាជាដើម អាចត្រូវបានចាត់ទុកជាសេវាសុខភាពកម្រិតទី៤។   5 សុខភាពសាធារណៈ (Public Health) សុខភាពសាធារណៈជាសេវាដែលមានគោលបំណងធ្វើឲ្យសុខភាព និងសុខមាលភាពរបស់ប្រជាជនកាន់តែប្រសើរតាមរយៈការលើកកម្ពស់សុខភាព ការការពារជំងឺ ការព្យាបាល និងថែទាំក៏ដូចជាទម្រង់ផ្សេងៗទៀតនៃការធ្វើអន្តរាគមន៍ទាក់ទងនឹងសុខភាព។ នៅប្រទេសកម្ពុជាសុខភាពសាធារណៈ ក៏សំដៅដល់ការផ្តល់សេវាសុខភាពបឋម និងការថែទាំដោយការព្យាបាលផងដែរ ដែលសេវាទាំងនេះត្រូវផ្តល់ជូនតាមរយៈបណ្តាញនៃមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ សកម្មភាពមួយចំនួនត្រូវបានផ្តល់ជូនដល់អ្នកជំងឺក្រៅពីទីតាំងសុខភាព ដូចជាការសង្កេតលើសុវត្ថិភាពចំណីអាហារ ការចុះចែកស្រោមអនាម័យ ការចុះព្យាបាល ឬបង្រៀនអំពីសុខភាពជាលក្ខណៈសហគម និងការអនុវត្តផ្សេងទៀតសម្រាប់ការពារនូវជំងឺឆ្លង ឬការរីករាលដាលនៃជំងឺជាដើម។     ដើម្បីអាចឲ្យអ្នកជ្រើសរើសបានត្រឹមត្រូវ និងទាន់ពេលវេលានូវសេវាសុខភាពដែលអាចជួយអ្នកបាននៅពេលមានបញ្ហាសុខភាពណាមួយអ្នកពិតជាមិនអាចមើលរំលងនូវការយល់ដឹងអំពីសេវាសុខភាពនីមួយៗខាងលើបានឡើយ។ យ៉ាងណាមិញ អ្នកនៅតែអាចទៅជួបជាមួយនឹងអ្នកជំនាញដែលអ្នកតែងតែអាចពិគ្រោះជាមួយបាន ឬនៅជិតអ្នកបំផុត ដើម្បីសុំយោបល់ក៏ដូចជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវផ្សេងទៀតផងដែរ។   ជាការរួមចំណែកក្នុងការជ្រើសរើសស្ថាប័នផ្តល់សេវាសុខភាពដែលអាចទុកចិត្តបាន ហេលស៍ថាម សូមធ្វើការណែនាំលោកអ្នកនូវជម្រើសទីមួយក្នុងការស្វែងរកគ្លីនិកនៅកម្ពុជា ដោយគ្រាន់តែចូលទៅកាន់www.healthtime.tips ឬទាញយកHealthogo App ព្រមទាំងតាមដាននូវចំណេះដឹងសុខភាពប្រកបដោយទំនុកចិត្តនៅលើទំព័រហ្វេសប៊ុករបស់យើង។   Facebook : Healthtime Pro សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល                    Healthogo សម្រាប់សាធារណជន   ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការសិក្សាស្រាវជ្រាវថ្មីមួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទក្នុងទស្សនាវដ្ដី The British Medical Journal Open បាននិយាយថា ការចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំប្រភេទ Proton-pump inhibitors (PPIs) (វាមានមុខងារធ្វើការបញ្ឈប់អាស៊ីតដ៏ច្រើនលើសលប់ក្នុងក្រពះ) មានការផ្សារភ្ជាប់ជាមួយនឹងការបង្កើនហានិភ័យដែលធ្វើឲ្យឆាប់ស្លាប់ពីមូលហេតុផ្សេងៗប្រមាណ ២៥%។ គួរបញ្ជាក់ផងដែរថា ការស្រាវជ្រាវនេះមិនបានធ្វើការសិក្សាទៅលើថ្នាំ Proton-pump inhibitors ដែលគ្មានវេជ្ជបញ្ជា ឬក៏ម៉ាកថ្នាំណាមួយដែលចេញដោយវេជ្ជបញ្ជាឡើយ។ ជាទូទៅថ្នាំប្រភេទនេះត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ចំពោះអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេលយូរ ហើយFDA នៃសហរដ្ឋអាមេរិកក៏អនុញ្ញាតឲ្យប្រើប្រាស់ថ្នាំប្រភេទនេះដោយគ្មានវេជ្ជបញ្ជាក្នុងកម្រិតទាបហើយរយៈពេលដ៏ខ្លីមួយ។   ការប្រៀបធៀប បើយោងតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត Ziyad Al-Aly (អ្នកនិពន្ធជាន់ខ្ពស់នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Washington) បានឲ្យដឹងថា ការស្រាវជ្រាវពីមុនបានបង្ហាញពីទំនាក់ទំនងរវាងការប្រើប្រាស់ថ្នាំ Proton-pump inhibitors ទៅនឹងការបង្កើនហានិភ័យដែលបណ្ដាលឲ្យសុខភាពមិនល្អ ក្នុងនោះមានច្រើនដែលបានបង្ហាញថាការប្រើប្រាស់ថ្នាំទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺមួយចំនួនដូចជាជំងឺតម្រងនោម ការបាក់ឆ្អឹង ជំងឺរលាកសួត ជំងឺវិកលចរិក ការឆ្លងមេរោគ C. diff និងជំងឺសរសៃឈាមបេះដូង។ លោក Al-Aly និងសហការីរបស់លោកបានសួរសំណួរដ៏សាមញ្ញមួយថា តើនេះមានន័យថាមានការកើនឡើងហានិភ័យនៃការស្លាប់ឬ? ដើម្បីឆ្លើយនឹងសំណួរនេះពួកគេបានពិនិត្យមើលទិន្នន័យរបស់ក្រសួងកិច្ចការអតីតយុទ្ធជនអាមេរិក(មានប្រព័ន្ធកត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិចដ៏ធំជាងគេក្នុងពិភពលោក) ដែលមានទិន្នន័យប្រមាណជា ៣.៥លាននាក់ ដែលអាចធ្វើការពិនិត្យមើលអ្នកជំងឺជាច្រើន និងអាចធ្វើការតាមដានពួកគេក្នុងរយៈពេល៦ឆ្នាំ ដើម្បីសិក្សាទៅលើការស្រាវជ្រាវ។ ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀបអ្នកដែលបានប្រើប្រាស់ថ្នាំ Proton-pump inhibitors ជាមួយនឹងអ្នកដែលប្រើប្រាស់ថ្នាំប្រភេទដទៃទៀតដែលជួយកាត់បន្ថយអាស៊ីតក្រពះគឺ ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន H2 ឬត្រូវបានគេស្គាល់ថាជា H2 blockers។ ពួកគេក៏បានធ្វើការប្រៀបធៀបមួយទៀតដែលមានរួមបញ្ចូលអ្នកដែលប្រើប្រាស់ថ្នាំ Proton-pump inhibitors ជាមួយនឹងអ្នកដែលមិនមានប្រើថ្នាំ H2 blockers ឬPPIs។ ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាអ្នកដែលប្រើ Proton-pump inhibitors មានហានិភ័យខ្ពស់នឹងការស្លាប់ ២៥% ដែលបណ្ដាលមកពីមូលហេតុទាំងអស់ បើធៀបជាមួយនឹងអ្នកដែលប្រើថ្នាំ H2 blockers។ លោកបានពន្យល់ថាប្រសិនបើមានអ្នកជំងឺចំនួន៥០០នាក់ប្រើប្រាស់ថ្នាំ Proton-pump inhibitors រយៈពេលមួយឆ្នាំនោះនឹងមានម្នាក់ស្លាប់ ដែលអាចបណ្ដាលមកពីការប្រើប្រាស់ថ្នាំ និងបានបន្តថាប្រសិនបើអ្នកជំងឺប្រើថ្នាំ PPIs នេះកាន់តែយូរនោះហានិភ័យដែលពួកគេប្រឈមនឹងការឆាប់ស្លាប់គឺកាន់តែខ្ពស់។ នៅពេលដែលប្រៀបធៀបរវាងអ្នកប្រើថ្នាំ Proton-pump inhibitors ជាមួយនឹងអ្នកដែលមិនមានប្រើថ្នាំ H2 blockers ឬPPIs ការវិភាគបានបង្ហាញថាមានកម្រិតហានិភ័យខ្ពស់ប្រមាណ២៥%ស្មើគ្នាត្រូវបានរកឃើញ។ លោក Al-Aly និងសហការីរបស់លោកបាននិយាយថាវាពុំមានហេតុផលជីវសាស្ត្រណាមួយច្បាស់លាស់ក្នុងការពន្យល់អំពីទំនាក់ទំនងរវាង PPIs និងការកើនឡើងហានិភ័យនៃការស្លាប់នោះទេ។ ភស្ដុតាងបានបង្ហាញថា ថ្នាំទាំងនេះបានធ្វើការផ្លាស់ប្ដូរលក្ខណៈនៃហ្សែន បង្កើនសកម្មភាពរបស់DNA ខណៈពេលដែលបន្ថយសកម្មភាពដទៃទៀត ប៉ុន្តែវាអាចបណ្ដាលមកពីភាពខុសគ្នានៃហ្សែននេះ។ លោក Al-Aly និងសហការីរបស់លោកបានសន្និដ្ឋានថាភស្តុតាងវិទ្យាសាស្ត្រដែលកំពុងតែរីកចម្រើនបានបង្ហាញថាមានផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំទាំងនេះ។ ពួកគេនិយាយថា គួរតែមានការដាក់កំហិតទៅលើរយៈពេលប្រើប្រាស់ និងការប្រើប្រាស់ថ្នាំប្រភេទនេះរបស់អ្នកជំងឺ ដោយមានការបញ្ជាក់តាមបែបវេជ្ជសាស្ត្រ។​ យ៉ាងណាមិញ វាគឺជាការសិក្សាបែបសង្កេត ដូច្នេះពុំមានសេចក្ដីសន្និដ្ឋានណាមួយជាក់លាក់ឡើយ។ ម្យ៉ាងទៀត ក៏មានសំណួរជាច្រើនត្រូវបានចោទសួរទៅលើលទ្ធផលនៃការសិក្សានេះពីសំណាក់អ្នកវិទ្យាសាស្រ្តដទៃ​ ក៏ដូចជាបុគ្គលពាក់ព័ន្ធផងដែរ។ ប៉ុន្តែ លោក Al-Aly និងសហការីរបស់លោកនៅតែជឿជាក់ថា ភស្តុតាងវិទ្យាសាស្ត្រដែលកំពុងតែរីកចម្រើនបានបង្ហាញថាវាមានផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំទាំងនេះ ហេតុនេះហើយ ការកំណត់ឲ្យប្រើតែក្នុងលក្ខខ័ណ្ឌវេជ្ជសាស្ត្រដែលចាំបាច់ គឺជាជម្រើសល្អបំផុត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

សំណួរ៖ ខ្ញុំបាទមានអាយុ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦៨ទម្ងន់៦៣គីឡូក្រាម មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។ ប្រហែលជា១ឆ្នាំជាងនេះ ខ្ញុំតែងមានបញ្ហាបំពង់ក  មានស្លេស្មជាប្រចាំ និងឧស្សាហ៍ឈឺក្បាលពេលព្រឹក។ អ្វីដែលសំខាន់នោះ គឺខ្នងរបស់ខ្ញុំបែរជាមានមុនខុសធម្មតា។ ក្រោយមកខ្ញុំក៏ទៅពិនិត្យ ហើយគ្រូពេទ្យបានឲ្យថ្នាំគ្រាប់សម្រាប់លេប ប៉ុន្តែហាក់ដូចជាមិនបានធូរស្រាលទាល់តែសោះ។ ខ្ញុំចង់សួរថា តើបញ្ហាស្លេស្មនៅបំពង់កជាប្រចាំនេះ បណ្តាលមកពីមូលហេតុអ្វី? តើមានវិធីសាស្រ្តណាអាចព្យាបាលឲ្យជាសះស្បើយឬទេ? ចម្លើយ ៖ តាមអាការៈរបស់ប្អូន បណ្តាលមកពីប្អូនមានបញ្ហារលាកបំពង់ករុំារ៉ៃ ឬអាល្លែកហ្ស៊ីបំពង់ក ព្រោះបញ្ហាទាំងនេះធ្វើឲ្យប្អូនជួបប្រទះបញ្ហាស្លេស្មក្នុងរយៈពេលយូរបែបនេះ។ ក្រៅពីនេះ វិធីព្យាបាលដែលត្រឹមត្រូវ គឺគប្បីជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការព្យាបាល និងដំបូន្មាន និងត្រូវរកមូលហេតុបង្កឲ្យច្បាស់ ហើយចៀសវាង( Avoid allergen ) ទើបការព្យាបាលមានប្រសិទ្ធភាព។ ​ បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំ អាយុ៤៧ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ខ្ញុំសង្កេតឃើញថាប៉ុន្មានខែកន្លងមកនេះ រដូវរបស់ខ្ញុំតែងតែមកច្រើនខុសធម្មតាហើយនៅមានអាការៈឈឺក្បាលតិចតួចប៉ុន្មានថ្ងៃដំបូង។ ខែខ្លះវិញក្នុងរយៈពេលមួយខែខ្ញុំ មករដូវពីរដង។ តើលក្ខណៈបែបនេះមានការប៉ះពាល់ដល់សុខភាពរបស់ខ្ញុំដែរឬទេ? ចម្លើយ ៖ វដ្ដរដូវធម្មតារបស់ស្រ្ដី គឺមានរយៈពេល២៨ថ្ងៃ និងមានការប្រែប្រួលជាធម្មតា ពី២៥ថ្ងៃទៅ៣៥ថ្ងៃ។ បរិមាណឈាមរដូវវិញមាន ប្រហែល៣០មីលីលីត្រ និងមានរយៈពេលយ៉ាងច្រើន១សប្ដាហ៍ប៉ុណ្ណោះ។ ការមករដូវច្រើនញឹកញាប់ធ្វើឲ្យមានផលរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ និងសុខភាព (ហេវ ហត់ ស្លេកស្លាំង) ក្នុងករណីនេះសូមប្អូនស្រីអញ្ជើញទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីរកមូលហេតុ និងទទួលការព្យាបាលសមស្រប។ បកស្រាយដោយ ៖  សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ហួត សេង ឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំអាយុ 24 ឆ្នាំ មានផ្ទៃពោះ 2 ខែហើយ។ ខ្ញុំតែងតែឮពីបញ្ហាសុកពាំងមាត់ស្បូន តើវាជាបញ្ហាធ្ងន់ធ្ងរឬយ៉ាងណា? តើមានវិធីបង្ការទេ? ចម្លើយ ៖ សុក ជារចនាសម្ព័ន្ធមួយដែលលូតលាស់នៅក្នុងស្បូននៅអំឡុងពេលមានផ្ទៃពោះ ហើយមានតួនាទីផ្តល់នូវអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមដល់ទារក ព្រមទាំងដឹកជញ្ជូនចេញមកវិញនូវកាកសំណល់។ បញ្ហាសុកពាំងមាត់ស្បូនអាចកើតឡើងនៅពេលសុករបស់ទារកគ្របដោយផ្នែក ឬទាំងស្រុងលើមាត់ស្បូនរបស់ម្តាយ។ សុកពាំងមាត់ស្បូនអាចបណ្តាលឲ្យមានការហូរឈាមធ្ងន់ធ្ងរនៅអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល។  អ្នកថែទាំសុខាភិបាលរបស់អ្នកនឹងណែនាំឲ្យអ្នកចៀសវាងសកម្មភាពដែលអាចបង្កឲ្យមានការកន្ត្រាក់ដូចជាការរួមភេទ ការបាញ់លាងទ្វារមាស ការប្រើប្រាស់សំឡីអនាម័យប្រភេទឆ្នុកឬក៏សកម្មភាពដែលអាចបង្កើនការប្រឈមនឹងការហូរឈាមដូចជា រត់ ចោងហោង និងការលោតជាដើម។ មូលហេតុពិតនៃបញ្ហាសុកពាំងមាត់ស្បូនមិនទាន់ត្រូវបានដឹងពិតប្រាកដឡើយ ប៉ុន្តែមានកត្តាមួយចំនួនអាចជំរុញឲ្យប្រឈមនឹងបញ្ហានេះបានរួមមាន សម្លាករបួសនៅនឹងស្បូន (ការវះកាត់ពីមុន ឬការវះកាត់សម្រាលកូន) ការកាត់ដុំសាច់នៅស្បូន ការធ្លាប់មានបញ្ហាសុកពាំងមាត់ស្បូន ការពពោះកូន លើសពីមួយនៅអាយុ 35ឆ្នាំ ឬលើសពីនេះ ស្ត្រីជក់បារី ការប្រើប្រាស់កូកាអ៊ីន ព្រមទាំងការឆ្លងកាត់ដំណើរការពង្រីកមាត់ស្បូន ដើម្បីធ្វើការចៀរ ឬកាត់យកជាលិកាមកពិនិត្យជាដើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រី នៃ Anna Women and Baby’s Center © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ ខ្ញុំបាទ មានអាយុ ២៨ឆ្នាំ ទម្ងន់ ៥០គីឡូក្រាម សព្វថ្ងៃ មានមុខរបរជានិស្សិត។ ខ្ញុំមានចម្ងល់ទាក់ទងនឹងសុខភាព ដោយសារខ្លួនខ្ញុំផ្ទាល់មានអាការៈ ចេញទឹកមាត់ ឡើងស្លេស្ម គេងមិនលក់ មានជាតិរំអិលក្នុងមាត់ និងឆ្អល់ពោះ ហើយរោគសញ្ញានេះមានរយៈពេល ៣ឆ្នាំមកហើយ។ ក្រៅពីអាការៈខាងលើ ខ្ញុំមានអារម្មណ៍ថប់ដង្ហើម និងគិតច្រើន។ តើខ្ញុំមានបញ្ហាអ្វី ហើយត្រូវព្យាបាលដោយរបៀបណា? ចម្លើយ ៖ យោងតាមការរៀបរាប់របស់ប្អូនខាងលើនេះ  បញ្ហារបស់ប្អូនអាចបណ្ដាលមកពីក្រពះ បញ្ហាថប់អារម្មណ៍ ឬ មកពីពពួកសត្វល្អិត(ព្រូន)។ ដូច្នេះ មុននឹងទទួលបានការព្យាបាលដ៏ត្រឹមត្រូវ និង មានប្រសិទ្ធភាព ប្អូនគប្បីទៅ ពិគ្រោះ និងទទួលការពិនិត្យពីគ្រូពេទ្យទូទៅ ឬ គ្រូពេទ្យឯកទេស ដើម្បីវាយតម្លៃក្នុងការធ្វើរោគវិនិច្ឆ័យ។ បកស្រាយដោយ វេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្រាប់បេក្ខភាពដែលបានដាក់ពាក្យប្រឡងក្របខណ្ឌនៃក្រសួងសុខាភិបាល អាចពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួន ជាពិសេសមណ្ឌល និងអគារប្រឡង លេខបន្ទប់ លេខតុ របស់ខ្លួនបានហើយ ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ២:៣០ រសៀល … គួរបញ្ជាក់ផងដែរថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧នេះ គឺមានការបែងចែកមណ្ឌលប្រឡងមានចំនួន៣ ទៅតាមមុខជំនាញក្នុងនោះរួមមាន៖ សម្រាប់បេក្ខជនដែលមានមុខជំនាញ បរិញ្ញាបត្រគិលានុបដ្ឋាក បរិញ្ញាបត្រឆ្មប និងឆ្មបមធ្បម មណ្ឌលប្រឡងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សូមចុច ត្រង់នេះ  សម្រាប់បេក្ខជនដែលមានមុខជំនាញ វេជ្ជបណ្ឌិត/វេជ្ជបណ្ឌិតឯកទេស ទន្តបណ្ឌិត ឱសថការី អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម  អ្នកវិទ្យុសាស្រ្ត អ្នកបច្ចកទេសព្យាបាលដោយចលនា ទន្តគិលានុបដ្ឋាក ព័ត៌មានវិទ្យា និងគណនេយ្យ មណ្ឌលប្រឡងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត សូមចុច ត្រង់នេះ  សម្រាប់បេក្ខជនដែលមានមុខជំនាញ គិលានុបដ្ឋាក-យិកាមធ្បម មណ្ឌលប្រឡងសាកលវិទ្យាល័យជាតិគ្រប់គ្រង សូមចុច ត្រង់នេះ  ហេលស៍ថាម ក៏សូមជូនពរឲ្យបេក្ខជន និងបេក្ខនារីចូលរួមប្រឡងទាំងអស់មានសំណាងល្អ និងទទួលបានលទ្ធផលដូចចិត្តប្រាថ្នា... សម្រាប់ព័ត៌មានពីការជ្រើសរើស  ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន សម្រាប់ការចែករំលែកបទពិសោធន៍បន្ថែមពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? / កុំភ្លេចចាប់អារម្មណ៍ពីយុទ្ធសាស្រ្តសុខាភិបាល​ និងសេវាសុខភាពប្រជាជន សម្រាប់អ្នកត្រៀមប្រឡងចូលក្របខណ្ឌពេទ្យ   / បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ ប្រភព ៖ ទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល

Share

ភ្នែកជាសរីរាង្គមួយដ៏សំខាន់សម្រាប់យើងគ្រប់គ្នា ដោយហេតុថាគំហើញដែលយើងមានរាល់ថ្ងៃ គឺពឹងផ្អែកទៅលើភ្នែកនេះឯង។ បើទោះជាមានពេលខ្លះ យើងបានដឹងពីវិធីថែទាំ  និងបង្ការខ្លួនយើងពីបញ្ហាផ្សេងៗដែលអាចកើតមានហើយក៏ដោយ ក៏នៅតែមានកត្តាជំរុញផ្សេងទៀតដែលបណ្តាលឲ្យយើងកើតមាននូវជំងឺ ឬបញ្ហារំខានខ្លះដែលមិនអាចចៀសវាងបាន។ ក្នុងករណីដែលមានថ្លោះថ្លោយធ្វើឲ្យភ្នែកមានបញ្ហានោះ តើអ្នកដឹងអត់ថាគួរទៅគ្លីនិកណា? ហេលស៍ថាម ក៏សូមណែនាំនូវស្ថាប័នផ្តល់សេវាកម្មសុខភាពដែលអាចស្រាយបញ្ហាសុខភាពភ្នែករបស់អ្នកបានចំនួន៣ ៖   គ្លីនិកភ្នែក ម៉េង រ័ត្ននីន (វេជ្ជបណ្ឌិត ងឺ ម៉េង) មន្ទីរឯកទេសព្យាបាលចក្ខុរោគ ម៉េង រត្ននីន ជាមជ្ឈមណ្ឌលថែរក្សាភែ្នកដំបូងបំផុតនៅប្រទេសកម្ពុជា ដែលមានឯកទេសក្នុងការព្យាបាលចក្ខុរោគ ដោយប្រើថ្នាំ និងការវះកាត់ ​និង ត្រូវបានបំពាក់ដោយឧបករណ៍វះកាត់ទំនើបចុងក្រោយគេបង្អស់ដែលប្រកបដោយការថែទាំដែលមានស្តង់ដា និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់សុខភាពកែវភែ្នករបស់លោកអ្នក។ ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលថែរក្សាភែ្នកយើងខ្ញុំ គឺជាមជ្ឈមណ្ឌលថែរក្សាភែ្នកតែមួយគត់ដែលបានចូលរួមកិច្ចសហការជាមួយមន្ទីរពេទ្យភ្នែក រត្ននីន នៅទីក្រុងបាងកកប្រទេសថៃ។ គ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់  ជាមួយនឹងសេវាកម្មដែលប្រកបដោយទំនុកចិត្ត​ក្រោមការផ្តល់ជូនដោយវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ ដែលមានបទពិសោធន៍ការងារក្នុងការព្យាបាល​ ក៏ដូចជាដោះស្រាយបញ្ហាភ្នែករបស់អ្នក គ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់ ក៏ជាជម្រើសល្អមួយសម្រាប់លោកអ្នកក្នុងការស្រាយនូវកង្វល់ និងវិបត្តិនៃសុខភាពភ្នែករបស់លោកអ្នក។   មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ​​  មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ផ្តល់នូវសេវាកម្មដ៏ល្អវិសេសក្នុងការថែទាំសុខភាពភ្នែកទាក់ទិននឹងចក្ខុ ឱសថ ​និងបន្ទប់ពិសោធន៍ ដោយមានផងដែរនូវបន្ទប់អង្កេត និងបន្ទប់ដែលអាចសាច់ញាតិ ឬក្រុមគ្រួសារ មើលឃើញដំណើរការនៃការវះកាត់។ មន្ទីរពេទ្យក៏ជាមន្ទីរពេទ្យដែលបានបើកដំណើរការនូវការព្យាបាលដោយកាំរស្មី (LASIK) ចំពោះអ្នកដែលចង់ឈប់ពាក់វ៉ែនតា និងសេវាព្យាបាលផ្លាស់ប្ដូរកញ្ចក់ភ្នែក (Corneal transportation)ដំបូងគេបង្អស់នៅកម្ពុជា ព្រមទាំងបាននាំមកជូននូវការវះកាត់បាយភ្នែកដំបូងគេនៅកម្ពុជា។   កុំបង្អង់ពេលយូរ​ រាល់ពេលដែលអ្នកមានបញ្ហាសុខភាពភ្នែក ព្រោះថាការពន្យារពេលនៃការព្យាបាលអាចនឹងត្រូវ ចំណាយធនធានច្រើន ទាំងថរិកា និងពេលវេលា… បញ្ជាក់ ៖ លោកអ្្នកអាចស្វែងយល់បន្ថែមពីព័ត៌មានទូទៅនៃគ្លីនិកនីមួយៗ រួមមាន សេវាកម្ម ម៉ោងធ្វើការ ក្រុមការងារ តម្លៃព្យាបាល​ ដោយគ្រាន់តែចុចលើឈ្មោះគ្លីនិកនីមួយៗ... ស្វែងរកសេវាកម្មសុខភាពដែលអាចទុកចិត្តបានផ្សេងទៀតតាមរយៈ www.healthtime.tips © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការដាច់សរសៃនៅត្រង់ជង្គង់ មានកើតច្រើនលើ មនុស្សវ័យកណ្តាលច្រើនជាពិសេសក្នុងវ័យលេងកីឡា តែពួកគេហាក់ដូចជាមិនទាន់យល់ច្បាស់​ ពីបញ្ហានេះនៅឡើយទេ។ ដោយបញ្ហាដាច់សរសៃនៅត្រង់ជង្គង់ ត្រូវបានមើលរំលងពីផលវិបាករបស់វា ហេតុនេះ មន្ទីរសម្រាកព្យាបាលលឹម តាំង តាមរយៈការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស​ បាក់បែកឆ្អឹង​ និងសន្លាក់ បម្រើការនៅមន្ទីរសម្រាកព្យាបាល​ លឹម តាំង ផ្ទាល់ បានបង្ហាញពីមូលហេតុ ផលវិបាក និង​ការព្យាបាល តាមរយៈវីដេអូ ខាងក្រោម ចំពោះបញ្ហាដាច់សរសៃនៅត្រង់ជង្គង់។ 

Share

អ្នកញៀននឹងកាហ្វេជាច្រើន ជារឿយៗតែងតែនិយាយថា «ការទទួលភេសជ្ជៈដែលមានរសជាតិល្វីងនេះធ្វើឲ្យជីវិតរស់នៅមានន័យ» ប៉ុន្តែទម្លាប់មួយនេះក៏អាចជួយឲ្យពួកគេរស់បានយូរដែរ នេះបើយោងតាមការបកស្រាយរបស់ការសិក្សាអន្តរជាតិធំៗចំនួនពីរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានបញ្ជាក់ថារបាយការណ៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុបដែលបានធ្វើការផ្សព្វផ្សាយនៅក្នុង Annals of Internal Medicine មិនបានបង្ហាញថា «កាហ្វេគឺពិតជាហេតុផលដែលធ្វើឲ្យអ្នកដែលទទួលទានកាហ្វេអាចរស់បានយូរទេ»។ ផ្ទុយទៅវិញ ការសិក្សាស្រាវជ្រាវទាំងពីរនេះមានលក្ខណៈជាការសង្កេតមានន័យថាពួកគេបានបង្ហាញពីទំនាក់ទំនងរវាងការទទួលទានកាហ្វេ និងទំនោរទៅរកភាពមានអាយុវែងប៉ុន្តែពួកគេមិនបានពន្យល់ពីមូលហេតុដែលនៅពីក្រោយទំនាក់ទំនងទាំងពីរនេះទេ។ ការសិក្សាទីមួយត្រូវបានដឹកនាំដោយ The International Agency for Research on Cancer (IARC) និង Imperial College London។ ពួកគេបានសង្កេតទៅលើមនុស្សជាងកន្លះលាននាក់ដែលរស់នៅក្នុងប្រទេសចំនួន ១០ក្នុងទ្វីបអឺរ៉ុប។ ការសិក្សាបានបង្ហាញថា អ្នកដែលទទួលទានកាហ្វេ ៣កែវក្នុងមួយថ្ងៃទំនងជារស់បានយូរជាងអ្នកដែលមិនផឹកកាហ្វេ។ អ្នកស្រាវជ្រាវបានពណ៌នាការសិក្សានេះថាជាការវិភាគមួយដ៏ធំបំផុតអំពីឥទ្ធិពលនៃការទទួលទានកាហ្វេរបស់ប្រជាជនអឺរ៉ុប។ លោក Marc Gunter គឺជាអ្នកដឹកនាំការស្រាវជ្រាវមកពី IARC និងជាអតីតអ្នកដឹកនាំនៃសាសាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Imperial បាននិយាយថា “យើងបានរកឃើញថាការទទួលទានកាហ្វេក្នុងកម្រិតមួយច្រើនបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃការស្លាប់ពីមូលហេតុជាច្រើន ជាពិសេសនោះគឺពីជំងឹសរសៃឈាមបេះដូង និងជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ”។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺថា លទ្ធផលនៃការសិក្សាទាំងនេះគឺស្រដៀងគ្នានៅទូទាំងប្រទេសទាំង ១០ក្នុងទ្វីបអឺរ៉ុបជាមួយនឹងទម្លាប់នៃការទទួលទានកាហ្វេនិងទំនៀមទម្លាប់របស់ពួកគេ។ ការសិក្សាទីពីរមានការចូលរួមពីប្រជាជនចម្រុះជាតិសាសន៍ដែលរស់នៅក្នុងសហរដ្ឋអាមេរិកប្រមាណជា ១៨០.០០០នាក់ ដែលបានបង្ហាញថា អ្នកដែលទទួលទានកាហ្វេមានការថយចុះហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង មហារីក ជំងឹដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម និងជំងឺតម្រងនោម។ អ្នកដែលទទួលទានកាហ្វេមួយកែវក្នុងមួយថ្ងៃ គឺមាន ១២%មិនសូវស្លាប់ដោយសារជំងឺទាំងនេះទេ បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនទទួលទានកាហ្វេសោះ ចំពោះអ្នកដែលទទួលទានកាហ្វេពី ២ទៅ៣កែវក្នុងមួយថ្ងៃគឺអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺទាំងនេះបានដល់ទៅ១៨%។ លោកស្រីវេជ្ជបណ្ឌិត Veronica Setiawan ដែលជាសាស្ត្រាចារ្យរងនៅឯមហាវិទ្យាល័យវេជ្ជសារស្ត្រ Keck នៃសាកលវិទ្យាល័យ Southern California បាននិយាយថា“យើងមិនអាចនិយាយបានទេថាការទទួលទានកាហ្វេអាចនឹងធ្វើឲ្យអ្នកមានអាយុវែង ប៉ុន្តែយើងគ្រាន់តែឃើញថាវាមានទំនាក់ទំនងមួយ”។ “ប្រសិនបើអ្នកចូលចិត្តទទួលទានកាហ្វេ បន្តទម្លាប់នេះចុះ។ ប្រសិនបើអ្នកមិនមែនជាអ្នកទទួលកាហ្វេទេ ដូច្នេះ អ្នកគួរតែពិចារណាចាប់ផ្ដើមទទួលទានវាទៅ។”   សារដាស់តឿនពីអ្នកជំនាញ អ្នកជំនាញដែលមិនបានចូលរួមក្នុងការសិក្សាស្រាវជ្រាវចុងក្រោយនេះ បានធ្វើការដាស់តឿនក្នុងការបកស្រាយនូវលទ្ធផលដែលទទួលបានពីការសិក្សានេះ។ ឧទាហរណ៍ ការសិក្សារបស់អឺរ៉ុបបានមិនរាប់បញ្ចូលអ្នកដែលមានជំងឺមហារីក អ្នកជំងឺបេះដូង ឬជំងឺទឹកនោមផ្អែមទេ គឺថាពួកគេធ្វើការសិក្សាទៅលើតែអ្នកដែលមានអាយុលើសពី ៣៥ឆ្នាំហើយជាទូទៅមានសុខភាពល្អ។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសាកសួរអំពីការទទួលទានកាហ្វេតែម្ដងគត់នៅពីដំបូង ហើយពួកគេមិនបានធ្វើការប្រមូលយកទិន្នន័យថ្មីទេក្នុងរយៈពេលនៃការសិក្សានេះដែលរួមបញ្ចូលទាំងការតាមដានជាមធ្យមមានរយៈពេល១៦ឆ្នាំ។ ទីបំផុតការសិក្សាបានរកឃើញសញ្ញានៃទំនាក់ទនងមួយរវាងស្ត្រីដែលទទួលកាហ្វេក្នុងបរិមាណមួយដ៏ច្រើន និងហានិភ័យខ្ពស់ប្រឈមនឹងការស្លាបដោយជំងឺមហារីក ប៉ុន្តែពួកគេមិនបានសង្កត់ធ្ងន់ទៅលើការរកឃើញនេះទេដោយនិយាយថា វាអាចមិនត្រឹមត្រូវ។ លោកសាស្ត្រាចារ្យ Naveed Sattar ជាសាស្ត្រាចារ្យផ្នែកមេតាបូលីសនៃសាកលវីទ្យាល័យ Glasgow បាននិយាយថា “សេចក្ដីសន្និដ្ឋាននេះមិនអាចបញ្ចុះបញ្ចូលខ្ញុំឲ្យចាប់ផ្ដើមទទួលទានកាហ្វេ ឬណែនាំអ្នកដទៃឲ្យទទួលទានកាហ្វេកាន់តែច្រើនដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូងនោះទេ។ ទោះបីជាការសិក្សាមានទំហំធំប៉ុនណាក៏ដោយក៏ខ្ញុំនៅតែមិនជឿជាក់ថាទំនាក់ទំនងរវាងកាហ្វេ និងការកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺបេះដូងនេះ គឺជាទំនាក់ទំនងដ៏ត្រឹមត្រូវមួយ ហើយកាហ្វេពិតជាមានការការពារយ៉ាងនេះមែននោះទេ”។ លោកបានបន្តថាចំណុចខ្សោយមួយនៃការសិក្សានេះ គឺមនុស្សនឹងបញ្ឈប់ ឬកាត់បន្ថយការទទួលទានកាហ្វេរបស់ពួកគេនៅពេលពួកគេឈឺ ដូច្នេះ ការសិក្សានេះ គឺនៅមានការលំអៀង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ថៃជី ជាសិល្បៈព្យាបាលបុរាណមួយបែបមានប្រយោជន៍រាប់សតវត្សក្នុងការជួយទាញយកថាមពលមកក្នុងខ្លួនទាំងមូលរបស់អ្នកដែលមានដើមកំណើតពីប្រទេសចិន។ ថៃជីសំដៅដល់ដូចជាការសមាធិបែបមានចលនាដោយមានការណែនាំពីអ្នកជំនាញសុខភាពដោយផ្ទាល់។ ការអនុវត្ត ពឹងផ្អែកលើទំនាក់ទំនងរវាងអារម្មណ៍ និងរាងកាយទាំងមូលដើម្បីជួយបង្កើតឲ្យមានសមមូលនៃផាសុកភាពផ្លូវកាយនិងផ្លូវចិត្តល្អ។ មួយនៃអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ថៃជីសម្រាប់មនុស្សវ័យចំណាស់ គឺថាទោះបីជាបុគ្គលនោះមានកម្រិតកាយសម្បទារប៉ុណ្ណា ក៏អាចអនុវត្តបានដែរ ព្រោះវាត្រូវបានធ្វើឡើងក្នុងទម្រង់យឺតៗ ដែលជាការបត់បែនបែបសម្រាក។ ចលនារបស់ថៃជីជួយលើកទឹកចិត្តឲ្យអ្នកហាត់មានឥរិយាបថសមស្រប និងពឹងផ្អែកលើចលនាទន់ភ្លន់ ដែលវាហាក់ដូចជាបង្ខំឲ្យបុគ្គលជាអ្នកហាត់ ឲ្យផ្តោតអារម្មណ៍ និងដកដង្ហើមវែងជាងធម្មតា ជាបច្ចេកទេស២ដ៏សំខាន់ដែលភាគច្រើនត្រូវបានគេមើលរំលង។ យោងតាមការសិក្សាមួយចំនួន អាចសន្និដ្ឋានចំពោះចំណុចវិជ្ជមាន២នៃថៃជី ទៅលើឆ្អឹង និងសន្លាក់ ជាពិសេសចំពោះមនុស្សវ័យចំណាស់ដែលមានដូចខាងក្រោម៖ 1. កាត់បន្ថយការឈឺចាប់៖ ថៃជីត្រូវបានគេស្គាល់យ៉ាងច្បាស់ថា សមត្ថភាពរបស់វាក្នុងការបន្ថយអារម្មណ៍ឈឺចាប់ ចំពោះមនុស្សចាស់។ ដោយផ្អែកតាមអាយុ មនុស្សចាស់ភាគច្រើនអាចមានផលប៉ះពាល់ដល់ ភាពរឹងមាំនៃសន្លាក់ឆ្អឹង ខ្សោយសាច់ដុំ ភាពទន់ខ្សោយ ចលនាមានកំណត់ និងការបាត់បង់តុល្យភាព។ ការរួមផ្សំគ្នានៃលក្ខខណ្ឌទាំងនេះ នឹងធ្វើឲ្យមានការវិវឌ្ឍទៅជា ឈឺឆ្អឹង សាច់ដុំ និងសន្លាក់ដែលធ្វើឲ្យពួកគេពិបាកសូម្បីតែសកម្មភាពសាមញ្ញៗដូចជាឡើងលើគ្រែគេង និងក្រោកពីគេង។ មនុស្សវ័យចំណាស់មួយចំនួនបាននិយាយថា ពួកគេបានប្រឈមជាមួយនឹងការឈឺចាប់ជាច្រើនជាមួយនឹងសកម្មភាពធម្មតាប្រចាំថ្ងៃ ដូចជា ងូតទឹក ឬស្លៀកពាក់។ ដោយឡែក ចលនាទន់ភ្លន់ប្រកបដោយស្ថេរភាពនៃថៃជីត្រូវបានបង្កើតឡើងដើម្បីសំរួលសាច់ដុំ បង្កើនភាពបត់បែនឲ្យកាន់តែប្រ-សើរជាងមុន និងជួងពង្រឹងសាច់ដុំដែលខ្សោយមួយចំនួន ដោយមិនបង្កឲ្យមានផលប៉ះពាល់ដល់រាងកាយឡើយ។ ឆ្លងតាមការសិក្សាកន្លងមក អ្នកជំងឺវ័យចំណាស់មួយចំនួនអាចបញ្ឈប់ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់បាន ក្នុងរយៈពេល៤សប្តាហ៍បន្ទាប់ពីការហាត់ថៃជី។ 2. បន្ថយការរលាកសន្លាក់៖ ផលវិជ្ជមាននៃថៃជីមានប្រយោជន៍ ជាពិសេសក្នុងការកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ចំពោះអ្នកជំងឺវ័យចំណាស់។ ចលនាទន់ភ្លន់ និងចលនាសាមញ្ញ ប្រៀបដូចជាការធ្វើលំហាត់ប្រាណតិចតួច ដែលនឹងមិនធ្វើឱ្យធ្ងន់ធ្ងរដល់រោគសញ្ញានៃជំងឺរលាកសន្លាក់ ដែលមនុស្សចាស់ភាគច្រើនជួបប្រទះ។ តាមការណែនាំពីអ្នកជំនាញរលាកសន្លាក់បង្ហាញថា ថៃជីជួយបន្ធូរសន្លាក់ និងធ្វើឱ្យមានចលនាកាន់តែច្រើន ចំពោះអ្នកជំងឺរលាកសន្លាក់។ ភាគច្រើននៃចលនាថៃជី គឺផ្តោតទៅលើភាពប្រសើរឡើងនៃសន្លាក់ជង្គង់ ផ្នែកមួយនៃផ្នែកទូទៅបំផុតនៃរាងកាយ ដែលទទួលរងផលប៉ះពាល់ពីជំងឺរលាកសន្លាក់ខ្លាំងជាងគេ។  លើសពីនេះទៀតវាជាចលនាដែលផ្តោតលើរាងកាយផ្នែកខាងលើ ជួយដល់សាច់ដុំនៃស្មា និងដៃឱ្យមានចលនាកាន់តែប្រសើរ និងបង្កើនភាពបត់បែន។ កាលណាសាច់ដុំអ្នកជំងឺវ័យចំណាស់មានចលនា និងបត់បែនបានកាន់តែច្រើន នោះរោគសញ្ញានៃជំងឺរលាកសន្លាក់នឹងមានការថយចុះ។ ត្រឹមតែ២ចំណុច តែវាក៏គ្រប់គ្រាន់ដែលអាចឲ្យថៃជី ក្លាយជាជម្រើសរបស់អ្នក…! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ករណីមានសញ្ញាព្រមានណាមួយលេចឡើង និងត្រូវបានសង្ស័យថាមានទំនាក់ទំនងនឹងជំងឺមហារីកថ្លើមនោះការទៅជួបជាមួយវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័សដើម្បីធ្វើរោគវិនិច្ឆ័យគឺជារឿងដ៏ចាំបាច់។ ទោះបីជាមិនទាន់មានសញ្ញាណាមួយកើតឡើងក៏ដោយ ការរកជំងឺមហារីកថ្លើមតាមរយៈការពិនិត្យសុខភាព ត្រូវបានណែនាំផងដែរ ដើម្បីបង្កើនឱកាសក្នុងការរស់រានចំពោះអ្នកជំងឺកំពុងមានជំងឺនេះដោយមិនបានដឹងខ្លួន។ I. ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកថ្លើមតេស្ត និងដំណើរការសម្រាប់ធ្វើរោគវិនិច្ឆ័យ៖ 1. តេស្តគ្លីនីក   ដំបូង វេជ្ជបណ្ឌិតនឹងធ្វើការសាកសួរអំពីរោគសញ្ញាមិនប្រក្រតីរបស់អ្នក ឧទាហរណ៍ ការឈឺចាប់ ឬមិនស្រួលនៅផ្នែកពោះ ចង្អោរ បាត់ចំណង់អាហារ ស្រកទម្ងន់ និងការប្រែប្រួលនៃស្បែកជាដើម។ បន្ទាប់ពីនោះ អ្នកជំនាញនឹងត្រួតពិនិត្យលើរាងកាយអ្នកជំងឺតាមរយៈការមើលលើពណ៌ស្បែក និងភ្នែក ទំហំកូនកណ្តុរ (lymph nodes) ស្តាប់សួត បេះដូង ព្រមទាំងពិនិត្យផ្នែកពោះ ដើម្បីមើលពីការរីកនៃថ្លើម និងលំពែង ក៏ដូចជាវត្តមាននៃសារធាតុរាវនៅក្នុងពោះ។ ក្រៅពីនោះគឺការរកមើលសញ្ញាផ្សេងៗដែលបង្ហាញអំពីភាពមិនប្រក្រតីរបស់ថ្លើម។ 2. តេស្តឈាម    ការធ្វើតេស្តឈាមអាចបង្ហាញអំពីការថយចុះនៃកម្រិតគ្រាប់ឈាមក្រហម អេម៉ូក្លូប៊ីន ប្លាកែត និង/ឬ គ្រាប់ឈាមស។ តេស្តនេះក៏អាចបង្ហាញនូវការកើនឡើងនៃដំណើរការ ឬមុខងាររបស់ថ្លើម ព្រមទាំងអាចកំណត់រក Alfa-fetoprotein (AFP) ដែលជាធាតុសម្គាល់មួយនៃដុំមហារីកផងដែរ។ 3. តេស្តវិទ្យុសាស្ត្រ   • ការពិនិត្យពោះតាមបច្ចេសទេស Ultrasound ៖ បង្ហាញថា 75%នៃករណីមហារីកថ្លើម មានដុំសាច់ដែលមានលក្ខណៈ multifocal (ដុំសាច់ច្រើន)។ ដោយឡែក ដុំសាច់ដែលមានទំហំធំជាង 2ស.ម អាចមានឱកាសច្រើនជាង 95% ក្នុងការក្លាយជាដុំមហារីក ចំពោះអ្នកជំងឺដែលមានបញ្ហាក្រិនថ្លើមស្រាប់។ • CT-scan (Computed Tomography) ឬ MRI-scan (Magnetic Resonance Imaging) នៅតំបន់ពោះ ៖ ជាបច្ចេកទេសថតដោយការចាក់បញ្ចូលតាមសរសៃឈាមនូវសារធាតុរាវ (contrasts) ដែលអាចថតឃើញ។ វាត្រូវបានអនុវត្តដើម្បីថតយករូបភាពជាក់លាក់នៃថ្លើម (3D)។ វិធីសាស្ត្រនេះអាចឲ្យរកឃើញនូវដុំសាច់តូចៗនៅនឹងថ្លើម បង្ហាញនូវទំហំ និងទីតាំងនៃដុំសាច់ ព្រមទាំងភាពរីករាលដាលរបស់វា។   តេស្តទាំងពីរនេះអាចផ្តល់នូវលទ្ធផលជាក់លាក់រហូតដល់ 80%។ • ការថត X-ray និង/ ឬ CT-scan លើប្រអប់ទ្រូង ៖ ធ្វើឡើងដើម្បីតាមដានរកដុំសាច់មហារីក ដែលអាចរីករាលដាលទៅដល់ក្នុងសួត (Distant metastases)។ • ការថតលើប្រព័ន្ធសរសៃឈាម ឬទឹករងៃនៅនឹងថ្លើម (Angiography of the liver) និងការថតមួយតួខ្លួនតាមរយៈ PET-scan (Positron emission tomography) ៖  ជាការថតដោយប្រើមុខងារនៃសារធាតុនុយក្លេអែរសម្រាប់សង្កេតលើដំណើរការមេតាបូលីសក្នុងរាងកាយនិងត្រូវបានធ្វើតែក្នុងករណីខ្លះប៉ុណ្ណោះ។ 4. ការពិនិត្យជាលិកា (Histopathological examinations) ដំណើរការនៃការពិនិត្យជាលិកា៖ វិធីសាស្ត្រនេះប្រព្រឹត្តទៅដោយការច្រឹបយកដុំសាច់ (Biopsy) ពីសរីរាង្គថ្លើមយកមកពិនិត្យ។ គួរបញ្ជាក់ថា ដំណើរការច្រឹបសាច់ត្រូវធ្វើឡើងក្រោមការពិភាក្សាជាមួយអ្នកជំនាញផ្សេងៗរួមទាំងវេជ្ជបណ្ឌិតឯកទេសវះកាត់សរីរាង្គថ្លើម។ ការច្រឹបសាច់ត្រូវធ្វើឡើងដោយប្រើប្រាស់ម្ជុលតូចស្តើង ឬក្រាស់ដើម្បីចាក់បញ្ចូលតាមស្បែកនៅតំបន់កណ្តាលនៃពោះផ្នែកខាងស្តាំ (Right flank) ចូលទៅដល់ថ្លើមដើម្បីកាត់នូវជាលិកា។ នៅអំឡុងពេលនេះ វេជ្ជបណ្ឌិត ក៏អាចប្រើប្រាស់បច្ចេកទេស ultrasound ឬ CT-scan ក្នុងពេលតែមួយផងដែរដើម្បីប្រាកដថាម្ជុលតម្រង់ទៅរកដុំសាច់នៅលើថ្លើមពិតមែន។ ការបង្ហាញនូវលទ្ធផលថាជា ដុំសាច់មហារីក(Malignant) ឬដុំសាច់មិនមែនមហារីក (Benign) គឺអាស្រ័យនឹងការពិនិត្យតាមបែបវិទ្យុសាស្ត្រ។ ក្នុងករណីខ្លះ វេជ្ជបណ្ឌិតវះកាត់ក៏អាចធ្វើការច្រឹបកោសិកាអំឡុងពេលថតឆ្លុះក្នុងប្រហោងពោះដោយប្រើបំពង់ទីបតូចមួយដែលត្រូវបានសូកបញ្ចូលតាមការវះកាត់តូច (laparoscopy) ផងដែរ។ ជាលិកាថ្លើមដែលត្រូវបានកាត់ចេញមក នឹងត្រូវយកទៅពិនិត្យនៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដោយប្រើប្រាស់មីក្រូស្កុប។ កត្តាប្រឈមនៃដំណើរការច្រឹបជាលិកា៖ ការហូរឈាម គឺជាកត្តាប្រឈមមួយពីព្រោះ ថ្លើមជាសរីរាង្គដែលមានសរសៃឈាមជាច្រើន។ ក្រៅពីនោះ បញ្ហាកកឈាម គឺជាកត្តាប្រឈមដែលអាចកើតលើអ្នកជំងឺមហារីកថ្លើមមួយចំនួន។ កត្តាប្រឈមកំរមួយក្នុងដំណើរការនេះផងដែរគឺ ការរាលដាលនៃកោសិកាមហារីកតាមរយៈម្ជុល។ ករណីហាមឃាត់ក្នុងការអនុវត្តការច្រឹបជាលិកា (Biopsy)៖ • អ្នកជំងឺមានសភាពខ្សោយពេកក្នុងការទទួលយកការព្យាបាលមហារីកប្រភេទណាមួយ • អ្នកជំងឺមានបញ្ហាក្រិនថ្លើមធ្ងន់ធ្ងរ និងកំពុងរង់ចាំការប្តូរសរីរាង្គថ្លើម • អ្នកជំងឺដែលអាចមានលទ្ធភាពក្នុងការកាត់ចេញនូវដុំសាច់ទាំងមូល។ ដំណើរការច្រឹបជាលិកានេះក៏ត្រូវបានចៀសវាងផងដែរក្នុងករណីដែលឃើញមានសញ្ញាទូទៅទាក់ទងនឹងសរសៃឈាមចំពោះមហារីកថ្លើម (Typical vascular signs) តាមរយៈបច្ចេកទេសវិទ្យុសាស្ត្រពិសេស (Multiple-phase multidetector CT-scan និង Dynamic contrast-enhanced MRI-scan)។ ភាពខុសគ្នារវាងអ្នកជំងឺក្នុងដំណើរការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើម៖ ខាងក្រោមនេះជាឧទាហរណ៍នៃភាពខុសគ្នារវាងអ្នកជំងឺម្នាក់ៗក្នុងដំណើរការធ្វើរោគវិនិច្ឆ័យ៖ • ចំពោះអ្នកជំងឺដែលមិនអាចព្យាបាលបាន និងមានផលវិបាកធ្ងន់ធ្ងរពីបញ្ហាក្រិនថ្លើម និងមហារីកថ្លើមត្រូវបានហាមឃាត់ក្នុងវិធីសាស្ត្រ ធ្វើរោគវិនិច្ឆ័យមួយចំនួន (ឧ. ការច្រឹបជាលិកា)។ • អ្នកជំងឺដែលត្រូវបានសង្ស័យថាមានការរីករាលដាលនៃកោសិកាមហារីកថ្លើម (Distant metastases) ត្រូវទទួលការពិនិត្យបន្ថែមតាមរយៈ X-ray ឬ CT-scan chest, PET-scan។ • សម្រាប់ការច្រឹបយកកោសិកាមកវិភាគ អាចត្រូវបានពន្យារពេលក្នុងការអនុវត្ត ឬក៏ចៀសវាងតែម្តងអាស្រ័យនឹងពេលវេលា ឬដំណាក់កាលនៃការព្យាបាលជាក់លាក់របស់អ្នកជំងឺ។ កត្តាដែលបង្កឲ្យមានការធ្វើរោគវិនិច្ឆ័យខុស៖ ជាទូទៅ ជំងឺមហារីកថ្លើមមិនមានបង្ហាញនូវរោគសញ្ញាណាមួយឡើយ រហូតទាល់តែជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ដូចនេះការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើមអាចត្រូវបានពន្យារពេល ឬមើលរំលងតែម្តង។ ក្រៅពីនោះ រោគសញ្ញាខ្លះនៃមហារីកថ្លើមអាចមានភាពស្រពិចស្រពិល និងប្រហាក់ប្រហែលនឹងជំងឺដទៃរួមមានផ្តាសាយ (Influenza) ក្រិនថ្លើម មហារីកលំពែង រលាកពោះវៀនរលាកក្រពះ ក្រួសទឹកប្រមាត់ និងការមិនរំលាយអាហារ។ II. តេស្តសម្រាប់ត្រួតពិនិត្យរកមហារីកថ្លើម(Screening Tests) គឺជាតេស្តទាំងឡាយដែលត្រូវបានអនុវត្តដើម្បីរកមើលជំងឺមហារីកមុនពេលដែលមានការលេចចេញនូវរោគសញ្ញាណាមួយ។ តេស្តទាំងនេះអាចជួយឲ្យវេជ្ជបណ្ឌិតរកឃើញ និងធ្វើការព្យាបាលជំងឺមហារីកថ្លើមបានតាំងពីដំណាក់កាលដំបូង កំណត់ទីតាំងមហារីក ក៏ដូចជាអាចធ្វើការវះកាត់ដុំសាច់នោះបានងាយផងដែរ ដែលទាំងនេះអាចជួយបង្កើនឱកាសក្នុងការរស់រានរបស់អ្នកជំងឺ។ អ្នកដែលគួរស្វែងរកការ ត្រួតពិនិត្យមហារីកថ្លើម៖ • អ្នកជំងឺដែលមានបញ្ហាក្រិនថ្លើមប្រភេទណាមួយ • អ្នកជំងឺដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទបេ និង/ ឬ សេ, អ្នកជំងឺមានផ្ទុកមេរោគអេដស៍ • អ្នកជំងឺលើសទម្ងន់ និងមានជំងឺទឹកនោមផ្អែម • អ្នកជំងឺដែលមានដុំសាច់មិនមែនមហារីកនៅថ្លើម (Benign liver masses) • អ្នកដែលបានពិសាស្រារយៈពេលយូរ។ តេស្តសម្រាប់ស្វែងរកជំងឺមហារីករួមមាន៖ 1. បច្ចេកទេស Ultrasound (Ultrasonography examination)៖ នេះជាតេស្តដែលប្រើប្រាស់នូវរលកសំឡេងក្នុងការបង្កើតជារូបភាពនៃថ្លើម ដើម្បីវាយតម្លៃពីស្ថេរភាពរបស់ថ្លើម និងរកនូវដុំសាច់ដែលអាចមាននៅនឹងថ្លើម។ បច្ចេកទេសនេះត្រូវបានណែនាំចំពោះអ្នកដែលត្រូវការរកមើលមហារីកថ្លើម និងគួរធ្វើឡើងរាល់ 6 ទៅ 12 ខែម្តងហើយការត្រួតពិនិត្យតាមរយៈបច្ចេកទេសនេះចាំបាច់ត្រូវធ្វើឡើងនៅពេលព្រឹក មុនពេលបរិភោគអាហារ។ បច្ចេកទេស Ultrasound ជាការធ្វើរោគវិនិច្ឆ័យទូទៅមួយដែលមានតម្លៃថោក ផ្តល់សុវត្ថិភាព (មិនប្រើប្រាស់កាំរស្មី) និងមានអត្ថប្រយោជន៍ចំពោះអ្នកអនុវត្ត ដោយសារវាជាដំណើរការថតរូបភាពដំបូងគេដែលមានទំនាក់ទំនងផ្ទាល់នឹងការត្រួតពិនិត្យបែបគ្លីនីក។ ក្រៅពីនោះ រូបភាព និងព័ត៌មានដែលទទួលបានក៏មានភាពត្រឹមត្រូវជាក់លាក់។ ក៏ប៉ុន្តែ សមត្ថភាពនៃបច្ចេកទេសនេះក៏មានកម្រិតផងដែរដែលតម្រូវឲ្យវេជ្ជណ្ឌិតត្រូវពិចារណា និងកត់ចំណាំទុក។ ដោយឡែក  Ultrasound គឺជាវិធីសាស្ត្រដែលទាមទារឲ្យមានអ្នកអនុវត្តផ្ទាល់ដូចនេះហើយ ភាពដែលអាចអនុវត្តឡើងវិញរបស់វាត្រូវបានកាត់បន្ថយ។ 2. ការធ្វើតេស្តឈាមរក Alfa-fetoprotein (AFP)៖ កោសិកាមហារីកថ្លើមអាចបង្កើតជាធាតុសម្រាប់សម្គាល់ (Marker) មួយហៅថា Alfa-fetoprotein ដែលអាចរកឃើញតាមរយៈការពិនិត្យឈាម និងឃើញមានកើនឡើងពី  50 ទៅ75% ចំពោះអ្នកជំងឺមហារីកថ្លើម។ គួររំលឹកឡើងវិញថា ធាតុសម្រាប់សម្គាល់នោះជាសារធាតុគីមីដែលបង្កើតឡើងដោយប្រភេទកោសិកាមហារីកជាក់លាក់មួយ និងត្រូវបានរកឃើញនៅក្នុងឈាមក្នុងកម្រិតខ្ពស់ជាងធម្មតា។ ទោះយ៉ាងណា មិនមែនមានតែអ្នកជំងឺដែលមានមហារីកថ្លើមមានការផលិតធាតុសម្គាល់នេះឡើយ តែអ្នកដែលមានបញ្ហាក្រិនថ្លើមក៏អាចមានការកើនឡើងនូវកម្រិតសារធាតុនេះផងដែរ បើទោះជាគេពុំមែនមហារីកថ្លើមក៏ដោយ។ AFP ក៏អាចមានការកើនឡើងផងដែរ ចំពោះស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺដែលមានបញ្ហាតាំងពីកំណើត។ សរុបមក បើសិនជាមិនមានការកើនឡើងនៃ AFP ក៏មិនមែនមានន័យថាអ្នកជំងឺពុំមានកោសិកាមហារីកថ្លើមដែរ ហើយប្រសិនបើកម្រិតរបស់ AFP កើនឡើង នោះក៏មិនអាចកំណត់បានថាអ្នកមានជំងឺមហារីកដូចគ្នា។ ហេតុនេះ ការធ្វើតេស្តឈាមរកធាតុសម្គាល់នេះតែឯង មិនអាចគ្រប់គ្រាន់ក្នុងការសន្និដ្ឋានលើមនុស្សគ្រប់គ្នាឡើយ។ ការរកមើលសារធាតុសម្គាល់នេះចាំបាច់ត្រូវធ្វើរៀងរាល់ 3ទៅ 6ខែម្តងចំពោះអ្នកជំងឺដែលមានបញ្ហាក្រិនថ្លើម ឬមានដុំសាច់នៅនឹងថ្លើម ហើយជាទូទៅត្រូវបានធ្វើឡើងនៅថ្ងៃតែមួយនឹងការធ្វើតេស្តតាមរយៈ Ultrasound ទៅលើថ្លើម។ អ្នកជំងឺត្រូវមកពិនិត្យឈាមនៅពេលព្រឹក  មុនពេលបរិភោគអាហារ។ ដោយសារតែនៅកម្ពុជាពុំទាន់មានផ្តល់នូវកម្មវិធីត្រួតពិនិត្យថ្នាក់ជាតិចំពោះមហារីកថ្លើមកម្រិតដំបូង ដូចនេះ ការមកទទួលការតាមដានសុខភាពឲ្យបានទៀងទាត់ជាមួយ វេជ្ជបណ្ឌិតត្រូវបានណែនាំជាពិសេសចំពោះអ្នកដែលមានការប្រឈមខ្ពស់នឹងជំងឺមហារីកថ្លើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ  ព្រមទាំងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top