Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

  ស្របទៅនឹងការរីកចម្រើន នៃវិស័យសុខាភិបាលបច្ចុប្បន្នធ្វើឲ្យមានកំណើននូវតម្រូវការ ការប្រើប្រាស់ឱសថ និងសំភារៈបរិក្ខារពេទ្យ។ ដូច្នេះ ឆ្លើយតបទៅនឹង កំណើននៃតម្រូវការនេះ ធ្វើឲ្យមានការរីកលូតលាស់នូវ សហគ្រាសផលិតឱសថជាច្រើននៅទូទាំងពិភពលោក។ ក្នុងនោះដែរ SUNLIFE ជារោងចក្រផលិត ចែកចាយឱសថ និងសមា្ភរៈបរិក្ខារពេទ្យ ​ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ​ ហើយក៏មានសន្ទុះនៃការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ឱសថបំប៉ន vitamin, mineral, medical tea, diagnostic product, beauty product… និងសមា្ភរៈបរិក្ខារពេទ្យជាច្រើនប្រភេទ ដែលស្ថិតក្រោមទម្រង់សម្បូរបែប ដូចជា គ្រាប់ ម្សៅ ក្រែម រាវ ប៉ូម៉ាត (tablets, soft / hard gelatin capsules, powders, ointments, creams, liquids)។ លើសពីនេះទៅទៀត គ្រប់ខ្សែសង្វាក់ផលិតកម្ម របស់សហគ្រាសផលិតឱសថ SUNLIFE សុទ្ធតែផលិតដោយយោងទៅតាមគោលការណ៍នៃការណែនាំរបស់ GMP / HACCP / IFS ហើយមានការទទួលស្គាល់ជាអន្តរជាតិពី DIN ISO 9001 & DIN ISO 13485 និងទទួលបានវិញ្ញាបនបត្រ GMP និងការទទួលស្គាល់គុណភាព ដែលបានបញ្ជាក់អំពីស្ដង់ដារអន្តរជាតិ ថែមទាំងទទួលបានវិញ្ញាបនបត្រនៃការប្រើប្រាស់វត្ថុធាតុដើមសរីរាង្គដែលជាហេតុ ធ្វើឲ្យផលិតផលទាំងអស់ មានគុណភាពល្អគួរឲ្យជឿទុកចិត្តបាន។ មួយវិញទៀត កត្តាដែលធ្វើឲ្យក្រុមហ៊ុន SUNLIFE ទទួលបានការគាំទ្រច្រើនគឺដោយសារសហគ្រាស មានគោលការណ៍ធានាឲ្យបាន ការផ្តល់ជូនអតិថិជន នូវផលិតផលដែលមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ជាចម្បង បូករួមទាំងសោភ័ណភាពតម្លៃ និងការវេចខ្ចប់សម្បូរបែបសម្របទៅតាមតម្រូវការទីផ្សារ។ បន្ថែមពីនេះសហគ្រាសផ្តល់ជូននូវសេវាកម្មរហ័ស ប្រកបទៅដោយការច្នៃប្រឌិត មានជំនាញច្បាស់លាស់ និងបត់បែនទៅតាមគម្រោង និងផលិតផលនីមួយៗ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ គួរបញ្ជាក់ផងដែរថា រហូតមកទល់បច្ចុប្បន្ននេះ SUNLIFE មានការផ្គត់ផ្គង់ទូលំទូលាយ នៅទូទាំងពិភពលោក និងមានដៃគូរសហការណ៍ជាច្រើន ដោយបានពង្រីកដៃគូរចែកចាយទាំងក្នុងស្រុក និងក្រៅស្រុក រហូតដល់ទៅជាង ៧០ ប្រទេសនៅលើពិភពលោក បូករួមទាំង ទ្វីបអឺរ៉ុប និងអាស៊ី រួមមាន ប្រទេសបារាំង អូស្រ្ដាលី អ៊ីតាលី​ ស៊ុយអែត កូរ៉េ ជប៉ុន តែវ៉ាន់ និង ប្រទេសជាច្រើនទៀត ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលនាំចូលផ្ដាច់មុខដោយ​ ក្រុមហ៊ុនអរុណរស្មីហ្វាម៉ា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អ្នកប្រាកដជាបានលឺព័ត៌មានថ្មីៗនេះហើយអំពីការស្លាប់របស់តារាចម្រៀងដ៏ល្បីមួយរូប Chester Bennigton សមាជិកមួយនៃក្រុមតន្រ្តីLinkin Park ដែលគាត់ក៏ជាអាយដុលមួយរូបរបស់ខ្ញុំដែរ…ស្តាយណាស់!!!ចាប់ពីពេលនេះទៅ…លែងបានលឺសម្លេងផ្ទាល់របស់គាត់ទៀតហើយ នៅឡើយតែសម្លេងថតទុកនៃបទចម្រៀងដ៏មានអត្ថន័យជាច្រើនរបស់គាត់។ នេះពិតជាសោកនាដកម្មមួយសម្រាប់ប្រិយមិត្តអ្នកគាំទ្រជាច្រើនរួមទាំងខ្ញុំដែរ… ត្រលប់ទៅស្តាប់ចម្រៀងរបស់គាត់ភាគច្រើន ក៏អាចដឹងថាមានបញ្ហាជាច្រើននៅក្នុងជីវិតដែលគាត់ត្រូវប្រឈមដែរ។ ជាពិសេស គឺអាល់ប៊ុមចុងក្រោយបង្អស់ដែលទើបតែបានចេញថ្មីៗនេះ(One More Light 2017 មានបង្ហាញខាងក្រោមអត្ថបទនេះ) ដែលមានមនុស្សជាច្រើនគិតថាវាជា«លិខិតបណ្តាំនៃការស្លាប់»របស់គាត់។  សម្រាប់ការសម្រេចចិត្តចាកចេញដោយលែងត្រលប់នេះ ក៏បានក្លាយប្រធានបទក្តៅគគុកនៃការពិភាក្សាផងដែរ ដោយអ្នកខ្លះគិតថា វាជាជម្រើសល្អក្នុងការបញ្ចប់នូវជីវិតដែលមានតែភាពទុក្ខសោក និងភាពខ្មៅងងឹត ស្របពេលដែលអ្នកខ្លះក៏បានគិតថា គាត់ជាមនុស្សអាត្មានិយមដែលយករួចខ្លួនតែម្នាក់ឯងហើយទុកចោលនូវប្រពន្ធកូនរបស់ខ្លួនបែបនេះ។ តើអ្នកគិតយ៉ាងណាដែរ? សួរថានរណាដែលមិនធ្លាប់បាក់ទឹកចិត្ត និងអស់សង្ឃឹម? នរណាដែលមិនធ្លាប់យល់អារម្មណ៍មួយនេះ? ប្រហែលជាគ្មានទេ…រាល់ពេលដែលអារម្មណ៍មួយនោះកើតឡើងម្តងៗ គឺជាពេលដែលចាប់ផ្តើមគិតឃើញថា ជីវិតមានតែភាពស្មុគស្មាញ និងងងឹតតែម្តង។ ការគិតបែបអវិជ្ជមានក៏ផ្តើមចូលមកគ្របដណ្តប់ខួរក្បាល មិនថាក្រលេកមើលទៅជ្រុងណានៃពិភពលោកនោះទេ គឺមានអារម្មណ៍ថា មិនមែនជាកន្លែងសម្រាប់ខ្លួនឯងឡើយ។ អារម្មណ៍ឯកោក៏កើតមាន ស្របពេលដែលកម្លាំងចិត្ត និងកាយកាន់តែខ្សោយៗទៅរហូតដល់លែងថាមពល និងជំនឿចិត្តក្នុងរឿងគ្រប់យ៉ាង សូម្បីតែរឿងដែលមិនពាក់ព័ន្ធនឹងខ្លួនឯងសោះ។ ប្រសិទ្ធភាពការងារក៏ធ្លាក់ចុះ សុខភាពក៏ទ្រុឌទ្រោម ហើយក៏លែងចង់ធ្វើអ្វីៗទាំងអស់។ រឿងក្នុងចិត្តដែលកប់ជ្រៅនោះ ក៏មិនដឹងថាបើកបង្ហាញនរណា លាក់យូរទៅកាន់តែយូរទៅ រហូតដល់ដំណាក់កាលមួយដែលលែងមានសូម្បីតែកម្លាំងចិត្តក្នុងការរស់នៅបន្ត។ គិតត្រលប់ទៅវិញបន្តិច តើធ្លាប់គិតចង់សម្លាប់ខ្លួនប៉ុន្មានដងហើយមកដល់សព្វថ្ងៃនេះ? (ប្រាប់តាមត្រង់ចុះ…ខ្ញុំធ្លាប់មិនតិចដងនោះទេ ជាពិសេស គឺពេលយប់…កាន់តែគិត កាន់តែយល់ថា បើសិនជាទៅបាត់ ប្រហែលជាលែងអីហើយ) ប៉ុន្តែ…ខ្ញុំអរគុណខ្លួនឯង!!! អរគុណដែលមិនព្រមបណ្តោយឲ្យស្រមោលខ្មៅមួយនោះទាញយកអ្វីៗគ្រប់យ៉ាងចេញពីខ្ញុំ ជាពិសេសគឺកាដូជីវិតដែលមានតែមួយគត់នេះ…ចាំបានថា…ពេលនោះ បានអានអត្ថបទមួយពីអាយដុលម្នាក់ដែលខ្ញុំតែងតែស្ញប់ស្ញែង (អត្ថបទគាត់ គឺ បាក់ទឹកចិត្ត) ហើយអ្វីដែលខ្ញុំចងចាំជាងគេ គឺ គាត់បានបង្ហាញថា មិនថាមនុស្សជោគជ័យប៉ុណ្ណា រឹងមាំដូចជាគាត់ប៉ុណ្ណា គឺតែងតែមានពេលមួយដែលដូចយើងគ្រប់គ្នាដែរ គឺពេលដែលលែងមានទឹកចិត្តទាំងស្រុង និងគិតដល់ចង់គេចវេសពីបញ្ហាប្រឈមដោយការសម្លាប់ខ្លួន។ តែ…គាត់ក៏បានប្រាប់ដែរថា៖ «បើយើងដឹងហើយថា អ្នកណាក៏ចៀសមិនផុតពីបញ្ហាទៅហើយ ហេតុអីយើងមិនរៀនយកបញ្ហាធ្វើជាលំហាត់សាកល្បងសម្រាប់ជីវិតយើងវិញទៅ? ពេលជួបបញ្ហាទាំងឡាយ យើងគ្រាន់តែគិតថាយើងកំពុងហាត់សម ដើម្បីឲ្យក្លាយជាជើងខ្លាំងមួយរូប គិតថាយើងពិតជាមានសំណាងណាស់ដែលមានឱកាសជួបកាលទេសៈលំបាកបែបហ្នឹង អញ្ចឹងផុតដំណាក់កាលហ្នឹង ប៉ុន្មានឆ្នាំទៀតខ្ញុំនឹងខ្លាំងជាងនេះ។ វាមិនមែនជារឿងងាយទេ ដែលចង់កែប្រែការគិតពីបញ្ហាឲ្យទៅជាសំណាងវិញនោះ ក៏ប៉ុន្តែអ្នកត្រូវហាត់សមការគិតនេះជាប្រចាំពេលដែលអ្នកជួបបញ្ហា បន្តិចម្តងៗ អ្នកនឹងលែងសូវមានអារម្មណ៍តានតឹងខ្លាំង។ តែក៏មិនមែនថាអ្នកក្លាយជាមនុស្សលែងបារម្ភ លែងពិបាកចិត្តដែរ អ្នកនៅតែអាចយំ យំហើយ យំទៀត យំឲ្យធូរចិត្ត ហើយបន្តដំណើរទៅមុខទៀត។ គ្រាន់តែការហាត់សមចិត្តអ្នកបែបនេះ នឹងធ្វើឲ្យអ្នកពិបាកចិត្តក្នុងរយៈពេលខ្លី ហើយបន្តដំណើរទៅមុខដោយភាពរឹងមាំ និងមានទំនុកចិត្ត។» និយាយទៅ….ខ្ញុំក៏រន្ធត់ដែរ ដែលបានលឺពីដំណឹងមរណភាពរបស់អាយដុល Chester Bennington ដែលខំស្រលាញ់មកជាយូរ តែក៏សង្ឃឹមថា អ្នកគ្រប់គ្នានឹងយល់ថា…ការស្រាយបញ្ហាដោយការគេចវេសទៅដោយការលាចេញពីពិភពលោកនេះ អាចនឹងមិនមែនជាជម្រើសដែលត្រឹមត្រូវឡើយ!!!  សូមកុំលាក់ទុកវាបានទេ? រកនរណាម្នាក់ដែលអ្នកទុកចិត្ត ហើយនិយាយប្រាប់វាទៅកាន់គេ…មិនប្រាកដថាអាចជួយបាន តែយ៉ាងហោចណាស់ក៏គេនឹងជួយឲ្យអ្នកមានអារម្មណ៍ថា«អ្នកមិនឯកានោះឡើយ»។ គ្រប់គ្រងខ្លួនឯងឲ្យបានសិន រួចសឹមរកផ្លូវស្រាយបញ្ហាតាមក្រោយ ហើយត្រូវចាំថា «សេដបាន តែហាមសេដយូរ!!!»

Share

សាស្រ្តាចារ្យវេជ្ជ. ឯក ម៉េងលី «ជំងឺរលាកដៃស្បូន ជាក្តីបារម្ភរបស់ស្រ្តី ហើយជំងឺនេះ គឺសំដៅលើការរលាកដៃស្បូនតែម្ខាង ឬ ទាំងសងខាង (លើប្រដាប់បន្តពូជរបស់ស្រ្តីផ្នែកខាងលើ)»។ មូលហេតុដែលបណ្តាលឲ្យមានជំងឺនេះគឺ ជាទូទៅអាស្រ័យនឹងរូបភាពនៃការចម្លងរោគ។ 85% បណ្តាលមកពីការឆ្លងតាមរយៈការរួមភេទ និង​ 15%​ មកពីឆ្លងពីមូលហេតុវេជ្ជសាស្រ្ត។ ក្នុងករណីដែលទទួលការព្យាបាលបានត្រឹមត្រូវ ៨០%នៃជំងឺមានការជាសះស្បើយល្អ ប៉ុន្តែ ២០% នឹងមានសំណល់នៃវិបត្តិក្រោយពេលព្យាបាល។   ផលវិបាកសំដៅដល់ឥទ្ធិពលមិនល្អដែលបន្សល់ពីជំងឺរលាកដៃស្បូន។ ក្នុងនោះត្រូវបានចែកចេញជាពីរ គឺផលវិបាករយៈពេលខ្លី និងរយៈពេលវែង។ •រយៈពេលខ្លី៖  អាចមានជា ការរលាកស្រោមអាងត្រគាក ការកកើតខ្ទុះក្នុងដៃស្បូន និងមេរោគក្នុងឈាម ។ •រយៈពេលវែង៖  មានទឹកដក់ក្នុងដៃស្បូន ការស្អិតក្នុងអាងត្រគាកដែលជាមូលហេតុបណ្តាលឲ្យឈឺអាងត្រគាករ៉ាំរ៉ៃ ២០% មានកូនក្រៅស្បូន (ប្រឈម ១០ ដង) ការខូចខាតក្រពេញដៃស្បូន វិបត្តិនៃការមិនមានកូន ៧០%ការកកើតឡើងវិញនៃជំងឺជាដើម៕ ស្វែងយល់បន្ថែមពីការរលាកដៃស្បូន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

តាមការរាយការណ៍បង្ហាញថា ជំងឺផ្លូវដង្ហើមគឺជាមូលហេតុសំខាន់ ធ្វើឲ្យមានការកើនឡើងនូវការមានជំងឺ និងការស្លាប់ចំពោះស្រ្តីមានផ្ទៃពោះ។ អំឡុងពេលមានផ្ទៃពោះ ប្រព័ន្ធផ្លូវដង្ហើមរបស់ស្រ្តីមានការផ្លាស់ប្តូរទាំង សរីរវិទ្យា និងកាយវិភាគវិទ្យាយ៉ាងខ្លាំង រួមជាមួយការផ្លាស់ប្តូរផ្នែករូបរាងកាយ និងផ្លូវចិត្តផង អាចរំខានដល់ដំណើរការនៃប្រព័ន្ធផ្លូវដង្ហើមដែលប៉ះពាល់ មិនត្រឹមទៅលើសុខភាពរបស់ស្រ្តី តែក៏គ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃផងដែរ។  តើអំឡុងពេលមានផ្ទៃពោះមានការផ្លាស់ប្តូរអ្វីខ្លះលើផ្លូវដង្ហើម? បម្រែបម្រួលអ័រម៉ូន ជានិច្ចកាលអាចប៉ះពាល់ទៅដល់ផ្លូវដង្ហើមផ្នែកខាងលើរបស់ស្រ្តី នេះដោយសារតែការពង្រីកខ្លួនរបស់ស្បូន ជាមួយនឹងការលូតលាស់ របស់ទារក ព្រមទាំងសកម្មភាពអ័រម៉ូនផងនោះ ធ្វើឲ្យទីតាំងប្រអប់ទ្រូងរបស់ស្ត្រីត្រូវបានផ្លាស់ប្តូរ។ ខ្យល់ដកដង្ហើមចេញចូលរបស់ស្រ្តី ត្រូវបានកើនឡើង ក្នុងត្រីមាសដំបូងនៃការមានផ្ទៃពោះ បន្ទាប់មកវានឹងក្លាយជាធម្មតាវិញ។ ការកើនឡើងនូវខ្យល់ចេញចូលនេះ (hyperventilation)  បណ្តាលឲ្យចង្វាក់បេះដូងរបស់ស្រ្តីអាចត្រូវបានកើនឡើង ហើយប្រសិនបើវានៅតែបន្តកើនឡើងរហូតដល់ពេលសម្រាល វានឹងធ្វើឲ្យមានការពិបាក ក្នុងការសម្រាលកូន និងអាចជាមូលហេតុនៃជំងឺព្រាយក្រឡាភ្លើង ដែលជាការឡើងសម្ពាធឈាមក្នុងពេលសម្រាលផងដែរ។ តើជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃណាខ្លះ ដែលច្រើនកើតចំពោះស្រ្តីមានផ្ទៃពោះ? រោគសញ្ញានៃជំងឺផ្លូវដង្ហើមធម្មតាដែលតែងកើតឡើងញឹកញាប់់បំផុតលើស្ត្រី ភាគច្រើន ធ្វើឲ្យស្ត្រីខ្លួនឯងមិនចាប់អារម្មណ៍ ហើយធ្វើការងារជាធម្មតា ដែលទង្វើនេះ ពិតជាមានឥទ្ធិពលមិនល្អដល់ស្រ្តី  និងកូន។ ជំងឺរ៉ាំរ៉ៃដែលអាចជួបប្រទះរួមមាន៖ • ជំងឺពិបាកដកដង្ហើម អំឡុងពេលមានផ្ទៃពោះ ការពិបាកដកដង្ហើមគឺជារឿងទូទៅមួយ  ដែលប្រហែលជា៦០% នៃស្ត្រីធ្លាប់មានអាការៈនេះ ដោយសារការប្រឹង ក្រៅពីនេះគឺជាករណី ពិបាកដកដង្ហើមនៅពេលសម្រាក។ ករណីទាំងនេះគឺត្រូវបានដឹងដែរថា ជាការពិបាកដកដង្ហើមធម្មតារបស់ស្ត្រីមានផ្ទៃពោះ ដែលអាការៈនេះ នឹងថយចុះទៅវិញ តាមពេលវេលា និងមិនរំខានដល់ជីវិតឡើយ ក៏ប៉ុន្តែ ប្រសិនបើស្រ្តីជួបវិបត្តិនេះញឹកញាប់  គួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។ • ជំងឺហឺត ជំងឺហឺត ត្រូវបានរាយការណ៍ថា ជាជំងឺដែលកើតឡើងញឹកញាប់បំផុតចំពោះស្ត្រីមានផ្ទៃពោះ។ បើមានរោគសញ្ញាណាមួយនៃជំងឺហឺតអំឡុងពេលមានផ្ទៃពោះ ពិសេសនៅសប្តាហ៍ទី២៤ ដល់ទី៣៦ វាអាចនឹងកាន់តែពិបាក។ ការមានផ្ទៃពោះ គឺជាមូលហេតុមួយ ដែលធ្វើឲ្យជំងឺហឺតរឹតតែវិវឌ្ឍ ហើយទារកដែលកើតមក នឹងមានជំងឺនេះកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត។ ការតឹងទ្រូង ពិបាកដកដង្ហើម ដកដង្ហើម‌ឮសូរ ក្អកញឹកញាប់ និងពិបាកគេង គឺជាសញ្ញាបញ្ជាក់ថា ជាជំងឺហឺត។ ការគ្រប់គ្រងជំងឺហឺតក្នុងពេលមានផ្ទៃពោះ គឺការចៀសវាងនូវមូលហេតុបង្កមួយចំនួន បញ្ឈប់ការជក់បារី និងចៀសវាងការក្អួតចង្អោរញឹកញាប់ ដោយការញ៉ាំអាហារតិច ហើយយឺតៗ។ • Cystic Fibrosis Cystic Fibrosis ជាជំងឺទាក់ទងនឹងហ្សែន ដែលវាមានផលប៉ះពាល់បំផុតទៅលើសួត និងលំពែង។ ប្រសិនបើមានជំងឺនេះក្នុងកម្រិតស្រាល  របបអាហារគ្រប់គ្រាន់ អាចជួយស្ត្រីឲ្យធន់បាននៅអំឡុងពេលមានផ្ទៃពោះ។ បើស្ត្រីមានផ្ទៃពោះដែលកំពុងមានជំងឺ Cystic Fibrosis គួរតែត្រូវបានសង្កេត និងតាមដានឲ្យបានល្អបំផុត។ • ជំងឺរលាកទងសួត កាលណារលាកទងសួតពេលមានផ្ទៃពោះ វានឹងឲ្យទៅជារលាកសួត ព្រោះតម្រូវការបរិមាណឧស្ម័នអុកស៊ីហ្សែនមិនអាចនាំទៅដល់ទារកក្នុងផ្ទៃបាន ជាហេតុ​ អាចឲ្យទារក សម្រាលមុនកំណត់ និងមិនគ្រប់គីឡូក្នុងអត្រាខ្ពស់បំផុត។ ករណីគ្រុនក្តៅ រួមជាមួយរលាកទងសួតពេលមានផ្ទៃពោះ អាចបង្កើននូវឱកាស វិវឌ្ឍជា Spina bifida អាចឲ្យទារកស្លាប់បាន។ • ខ្សោយផ្លូវដង្ហើម មិនញឹកញាប់ ប៉ុន្តែ អ្នកជក់បារីមានអត្រាខ្ពស់បំផុត ចំពោះបញ្ហាខ្សោយផ្លូវដង្ហើមនេះ ដែលជាការពិបាកផ្លាស់ប្តូរឧស្ម័នក្នុងសរសៃឈាមតូចៗនៃសួត។ ការពិគ្រោះយោបល់ និងការត្រួតពិនិត្យ មានសារសំខាន់យ៉ាងខ្លាំងពីព្រោះ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ពិតជាពិបាកដោះស្រាយក្នុងពេលមានផ្ទៃពោះ  ហើយជាទូទៅ ការពិនិត្យសុខភាពអ្នក  មុន និងក្នុងពេលមានផ្ទៃពោះ ជាជម្រើសល្អបំផុត។ បន្ថែមពីលើនេះទៀត  ចំពោះស្ត្រីមានជំងឺហឺត  ឬជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃផ្សេងទៀតស្រាប់  គួរតែបង្កើនការប្រុងប្រយ័ត្នបន្ថែមទៅលើស្ថានភាពរបស់ខ្លួន ដើម្បីអាចរកវិធានការក្នុងការព្យាបាលយ៉ាងមានប្រសិទ្ធភាព។ អត្ថបទនេះនាំមកជូនដោយ Dr. Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ​ Anna Women and Baby's Center។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

មានការបង្កើតថ្មីមួយដ៏អស្ចារ្យដែលអាចនឹងក្លាយជាបដិវត្តវេជ្ជសាស្ត្រនោះ  គឺជាវិធីមួយ ដើម្បីរកមើលជំងឺមុនពេលវាលេចចេញជារោគសញ្ញា។ ការសិក្សាថ្មីមួយ ដែលបានផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តី Scientific Reports បានបង្ហាញពីរបៀបដែលការវិភាគរបស់ប្រព័ន្ធកុំព្យូទ័រ (Artificial Intelligence ឬAI) នៃការស្កេនវេជ្ជសាស្ត្រធម្មតា អាចប្រែក្លាយទៅជាអ្នកព្យាករណ៍ដ៏មានឥទ្ធិពលអំពីសុខភាពរបស់មនុស្ស និងហានិភ័យ នៃការស្លាប់បាន។   ចំពោះការសិក្សានេះដែរ ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ម៉ាស៊ីនមួយដែលអាចរៀន និងប្រើក្បួនដោះស្រាយ ដើម្បីវិភាគលើការស្កេនទ្រូងមនុស្សប្រមាណ៤៨នាក់ ដែលពួកគេសុទ្ធតែមានអាយុលើសពី៦០ឆ្នាំ។ ដោយការប្រើប្រាស់ទិន្នន័យពីការស្កេនប្រព័ន្ធនេះ អាចធ្វើការព្យាករណ៍ពីឱកាស ដែលអ្នកចូលរួមក្នុងការស្រាវជ្រាវ នឹងស្លាប់ក្នុងរយៈ៥ឆ្នាំ បើយោងទៅតាមការសិក្សានេះបានឲ្យដឹងថា ការព្យាករណ៍នេះមានភាពត្រឹមត្រូវដល់ទៅ៧០% ហើយវាមានភាពត្រឹមត្រូវដូចគ្នា នឹងការទស្សន៍ទាយនៃការស្លាប់ដោយគ្រូពេទ្យជំនាញដែរ។ ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យពីអ្នកជំងឺដែលបានរស់ ឬស្លាប់ក្នុងរយៈពេល៥ឆ្នាំ ហើយទិន្នន័យទាំងនេះ អាចឲ្យពួកគេអាចធ្វើតេស្តទៅលើប្រព័ន្ធនៃការព្យាករណ៍នេះ។ ការស្កេនទ្រូង គឺជាវិធីដ៏ល្អបំផុតក្នុងការពិនិត្យសុខភាព ព្រោះថាការស្កេនអាចឲ្យគ្រូពេទ្យមើលឃើញនូវសរីរាង្គ និងជាលិកាសំខាន់ៗ​ ដូចជា បេះដូង សួត និងសរសៃឈាមសំខាន់ៗ។ អ្នកជំនាញតែងតែប្រើរូបភាពវេជ្ជសាស្ត្រទាំងនេះ ដើម្បីស្វែងរកដុំសាច់ និងសិក្សាពីលក្ខណៈរបស់វា ដូចជា ចំនួនបន្ទះនៃដុំខ្លាញ់ ដែលធ្វើឲ្យស្ទះសរសៃឈាមជាដើម។ ប្រព័ន្ធនៃម៉ាស៊ីននេះធ្វើការតាមវិធីផ្សេងៗគ្នាដោយកំណត់នូវការប្រែប្រួលក្នុងចំណោមអ្នកជំងឺ ដើម្បីរកមើលភាពមិនប្រក្រតី ដែលអាចបង្កជាគ្រោះថ្នាក់ដល់ជីវិត។   ការធានានៃវិទ្យុសកម្ម ការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីវិភាគលើទិន្នន័យដែលបានមកពីការស្កេនទ្រូង និងធ្វើការគណនាហានិភ័យដោយគ្មានគ្រូពេទ្យជំនាញត្រួតពិនិត្យ ឬធ្វើការបកស្រាយលទ្ធផលស្កេននោះ។ លោកវេជ្ជបណ្ឌិត Luke Oakden-Rayner ដែលជាអ្នកដឹកនាំការសិក្សានេះបាននិយាយថា ទោះបីជាការសិក្សានេះមានចំនួនអ្នកជំងឺដែលចូលរួមតិចក្ដី ការស្រាវជ្រាវរបស់យើងបានបង្ហាញថា កុំព្យូទ័របានរៀនចំណាំរូបភាពដ៏ស្មុគស្មាញនៃជំងឺ ហើយចំណុចនេះហើយ គឺជាអ្វីដែលទាមទារឲ្យអ្នកជំនាញធ្វើការហ្វឹកហាត់បន្ថែម។ លោកបានបន្តទៀតថា ការស្រាវជ្រាវរបស់ពួកយើង បានបើកបង្ហាញនូវ កម្មវិធីថ្មីមួយនៃការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រក្នុងការវិភាគរូបភាពវេជ្ជសាស្ត្រ និងអាចផ្ដល់ក្ដីសង្ឃឹមថ្មី សម្រាប់ការរកឃើញនៃជំងឺធ្ងន់ធ្ងរ ដែលត្រូវការ ការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រ។ គំនិតជាមូលដ្ឋាននៃប្រព័ន្ធកុំព្យូទ័រនេះ គឺចំនួនទិន្នន័យផ្នែកសុខភាពដ៏ច្រើន អាចត្រូវបានធ្វើការវិភាគ ដើម្បីកំណត់ថា ភាពខុសគ្នាបន្តិចបន្តួចក្នុងចំណោមមនុស្សទាំងអស់ អាចមានផលប៉ះពាល់អ្វីខ្លះដល់ជំងឺ ឬលក្ខខណ្ឌសុខភាពរបស់ពួកគេ។ ការអភិវឌ្ឍនៃបច្ចេកវិទ្យាប្រភេទនេះ គឺជាគោលបំណងដ៏ធំមួយក្នុងការបន្តការខិតខំប្រឹងប្រែងស្រាវជ្រាវទៅលើការចៀសវាង និងព្យាបាលជំងឺរបស់កម្មវិធី Precision Medicine Initiative។ ការស្រាវជ្រាវអំពីវិធីសាស្រ្តក្នុងការចៀសវាង និងការព្យាបាលនៃជំងឺជាច្រើនបានផ្តោតលើកត្តាហ្សែន ព្រោះថាហ្សែនរបស់មនុស្ស​ មានផ្ទុកនូវព័ត៌មានជាច្រើនអំពីសុខភាពរបស់យើង ក្នុងនោះមានដូចជា កត្តាដែលអាចឲ្យកើតជំងឺណាមួយជាដើម។ ប៉ុន្តែហ្សែន គឺមិនសូវជាមានប្រយោជន៍ទេ ក្នុងការប្រាប់ឲ្យដឹងប្រភេទជំងឺរ៉ាំរ៉ៃ និងជំងឺដែលទាក់ទងនឹងអាយុ ដូចជា ជំងឺបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែម។ ជំងឺទាំងនេះស្ថិតក្នុងចំណោមជំងឺ បង្កគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែតាមរយៈការសិក្សាបានបង្ហាញថាប្រហែលជា៧០% ទៅ៩០% នៃការសង្កេតតាមដានទៅលើលក្ខណៈនៃជំងឺទាំងនោះ គឺមិនទាក់ទង នឹងហ្សែននោះទេ ព្រោះថារបៀបរស់នៅ និងបរិស្ថានបានដើរតួយ៉ាងសំខាន់ ខណៈពេលដែលហ្សែនអាចឲ្យយើងដឹងពីព័ត៌មានតិចតួចអំពីជំងឺទាំងនោះ។ ដើម្បីអនុវត្តវិធីវេជ្ជសាស្ត្រនេះទៅលើលក្ខខ័ណ្ឌទាំងនោះ ក្រុមអ្នកស្រាវជ្រាវត្រូវការប្រភពទិន្នន័យសុខភាពផ្សេងៗគ្នា។ ក្រុមអ្នកស្រាវជ្រាវបានពន្យល់ថា ការស្កេនដ៏សាមញ្ញមួយ អាចបង្ហាញពីព័ត៌មានគ្រប់ប្រភេទអំពីសរីរាង្គខាងក្នុងរបស់មនុស្សម្នាក់ ហើយវាគឺជាកន្លែងទីមួយដែលរោគសញ្ញានៃជំងឺជាច្រើន បានបង្ហាញខ្លួន។ ដូច្នេះ ប្រព័ន្ធមួយនេះអាចវិភាគលើលទ្ធផលស្កេន និងធ្វើការស្វែងរកកត្តាបង្កជំងឺដោយស្វ័យប្រវត្តិ ហើយអាចធ្វើការព្យាករណ៍អំពីការអភិវឌ្ឍ នៃជំងឺជាច្រើន។ ទោះបីជាការសិក្សាថ្មីៗនេះមានភាពជោគជ័យក៏ដោយ តែការសិក្សានេះមានទំហំតូច ហើយផ្តោតទៅលើតែទិន្នន័យដែលបានពីការស្កេន។ វាទាមទារឲ្យមាន ការសិក្សាស្រាវជ្រាវបន្ថែមទៀត ប៉ុន្តែ អ្នកវិទ្យាសាស្ត្របានសង្ឃឹមថាវិធីសាស្ត្រស្រដៀងគ្នានេះ អាចអនុវត្តបានទូលំទូលាយ ហើយអាចជួយដល់គ្រូពេទ្យ ក្នុងការកំណត់រោគសញ្ញានៃជំងឺ និងធ្វើការព្យាបាលបានឆាប់រហ័ស។ លោក Oakden-Rayner បាននិយាយថា ជំនួសឲ្យការផ្តោតសំខាន់លើ ការធ្វើរោគវិនិច្ឆ័យជំងឺ ប្រព័ន្ធកុំព្យួទ័រស្វ័យប្រវត្តិនេះ អាចធ្វើការព្យាករណ៍អំពីលទ្ធផលវេជ្ជសាស្ត្រ ដោយការបញ្ចូលទិន្នន័យដ៏ច្រើន និងការកំណត់លក្ខណៈគំរូ នៃជំងឺ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

សូមបង្ហាញមិនចំពោះ លោកគ្រូពេទ្យម្នាក់ មានរូបរាងខ្ពស់ មាឌដំបង សម្បុរសណ្តែកបាយ សក់ស្កូវមួយៗ អាយុប្រហែលខ្ទង់សែក្រាស់​ និយាយសំលេងស្រាលបន្តិច តែប្រកបដោយសីលធម៌​។​ ​ ​​តាម​ដែរបានដឹងលោកគ្រូធ្វើការនៅមន្ទីរពេទ្យរដ្ឋ និងទទួលពិគ្រោះជំងឺក្នុងគ្លីនិកផ្ទាល់ ក្រៅពីម៉ោងធ្វើការរដ្ឋផងដែរ។ លោកគ្រូជាមនុស្សមានរបៀប (ខ្ញុំដឹងតាមរយៈការរៀបចំក្នុងបន្ទប់ពិនិត្យក្នុងគ្លីនិករបស់គាត់) ហើយអ្វីដែលខ្ញុំបានឃើញបន្ថែមទៀតនោះគឺ រូបតំណាងប្រទេសនីមួយៗ លើជញ្ជាំងទូទឹកកករបស់គាត់ ដែលគាត់បានអញ្ជើញទៅធ្វើកម្មសិក្សា និងប្រជុំនានា ដោយមានមិនតិចជាង ២០ប្រទេសឡើយ។ វេជ្ជបណ្ឌិតមួយរូបដែលបានសិក្សាមិនក្រោមរយៈពេល ១០ឆ្នាំ និងសិក្សាស្រាវជ្រាវពីវិទ្យាសាស្រ្តថ្មីជារៀងរាល់ថ្ងៃ ដែលគ្រាន់តែឃើញឯកសារលើតុក៏បានដឹង។ បញ្ចប់ការពិពណ៌នាពី ចំណុចដែលខ្ញុំបានមើលឃើញត្រឹមនេះ ចំណុចដែលចាក់ដល់បេះដូងរបស់ខ្ញុំនោះ គឺទឹកចិត្តរបស់គាត់ក្នុងនាមជាវេជ្ជបណ្ឌិតមួយរូប ដែលមានគោលជំឈររបស់ខ្លួនគឺខិតខំព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ និងលើក្រមសីលធម៌ជាធំ​ពេលខ្លះមិនយកតម្លៃសេវាកម្មលើការពិគ្រោះជំងឺ ពេលខ្លះទៀតក៏សឹងតែមិនយកតម្លៃលើការព្យាបាល ចំពោះអ្នកជំងឺមកពីខេត្តដែលមានជីវភាពមិនធូរធារ។ ក្រៅពីការងាររដ្ឋ និងឯកជនដ៏មមារញឹក លោកគ្រូធ្វើការក្នុងសមាគមគ្រូពេទ្យជាច្រើនដែរ ដែលបញ្ជាក់ពីការចូលរួមចំណែកក្នុងសង្គម ដើម្បីលើកស្ទួយវិស័យសុខាភិបាល ក្នុងប្រទេសផងដែរ។ អ្វីដែរដឹងនោះគឺលោកគ្រូមិនសូវមានពេលទំនេរច្រើនទេ សម្រង់សំដីរបស់លោកគ្រូ គ្រាន់តែមើលមុខគ្រូក៏អាចដឹង ។  ក្រៅពីនេះទៀតនោះ លោកតែងតែចូលរួមចែករំលែកចំណេះដឹងពីសុខភាព ក្នុងកម្មវិធីទូរទស្សន៍ ក៏ដូចជាអត្ថបទក្នុងទស្សនាវត្តីសុខភាពផងដែរ ក៏ដូចជាបណ្តាញសង្គមនានា(លោកគ្រូថា ការចែករំលែកចំណេះដឹងតាមរយៈនេះគឺបានទៅដល់មនុស្សបានភាគច្រើន)។ ចំណុច​នេះគឺពិតជាកោតសរសើរដល់ទឹកចិត្តរបស់លោកគ្រូ ដែលមានឆន្ទះក្នុងការចែករំលែក ទោះជាចំណាយពេលច្រើនក្នុងការរៀបរៀងអត្ថបទមួយ ក៏ដូចជាការធ្វើបទបង្ហាញនីមួយៗ ដោយមិនគិតពីកំរៃ។ សរុបមក​ការរៀបរាប់ទាំងនេះមិនអាចបរិយាយពីភាពរំជួលចិត្តរបស់ខ្ញុំចំពោះទឹកចិត្តដ៏មោះមុតរបស់គ្រូបានឡើយ ដូចដែលលោកគ្រូបានលើកឡើងថា ។​ បញ្ជាក់៖ អ្វីដែលបានរៀបរាប់ខាងលើជាអ្វីដែលបានឃើញ និងជួបផ្ទាល់មិនមែនជាការប្រឌិតឡើយ។    

Share

មិនខុសពីរាល់សប្តាហ៍នោះទេ…សម្រាប់សប្តាហ៍ទី៣នៃននែកក្កដានេះ យើងក៏ឃើញមានអត្ថបទចំនួ៣ ដែលមានការចូលអានច្រើនជាងគេ ស្របពេលដែលអត្ថបទផ្សេងទៀត ក៏មានការចាប់អារម្មណ៍មិនសូវគ្នាប៉ុន្មានដែរ។ មានVidal 2017នៅក្នុងដៃឬនៅ? ជាការចែករំលែកពីអតីតនិស្សិតឱសថសាស្រ្តមួយរូបអំពី Vidal ដែលជាវចនានុក្រម រួមបញ្ចូលនូវព៌ត៍មានជាច្រើនទាក់ទងនឹងឧសថ ការព្យាបាល និងការអនុវត្តផ្សេងទៀតក្នុងវិស័យសុខាភិបាល ដែលជាជំនួយ និងជាតម្រូវការយ៉ាងចាំបាច់សម្រាប់ អ្នកក្របកវិជ្ជាជីវៈសុខាភិបាល ឱសថការី ក៏ដូចជា គិលានុបដ្ឋានជាដើម។ បើមិនទាន់មានទេ អាចចូលទៅក្នុងលីងខាងលើ និងធ្វើការទាញយកដោយឥតគិតថ្លៃបាន… ជំងឺគាំងបេះដូងហានិភ័យខ្ពស់ ចំពោះស្ត្រីអស់រដូវ  វេជ្ជបណ្ឌិត មិន សេងលាប ឯកទេសជំងឺបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត «ជំងឺគាំងបេះដូងជាជំងឺដែលកើតចេញមកពីការត្បៀត ឬការស្ទះនៃសរសៃឈាមបេះដូង» ។ វាអាចកើតឡើងសន្សឹមៗរហូតដល់ដំណាក់កាលណាមួយ វានឹងស្ទះជិតឈឹងតែម្តង ឬអាចកើតឡើងភ្លាមៗដោយកំណកឈាម ធ្វើឲ្យស្ទះ។ ដោយឡែក ចំពោះស្ត្រីអស់រដូវវិញ ពុំមានលក្ខណៈខុសគ្នាច្រើននោះទេ គ្រាន់តែអាចនិយាយបានថា… [ការសិក្សា] អ្នកដែលទទួលទានកាហ្វេពិតជាអាចរស់យូរបានមែនទេ?  អ្នកញៀននឹងកាហ្វេជាច្រើន ជារឿយៗតែងតែនិយាយថា «ការទទួលភេសជ្ជៈដែលមានរសជាតិល្វីងនេះធ្វើឲ្យជីវិតរស់នៅមានន័យ» ប៉ុន្តែទម្លាប់មួយនេះក៏អាចជួយឲ្យពួកគេរស់បានយូរដែរ នេះបើយោងតាមការបកស្រាយរបស់ការសិក្សាអន្តរជាតិធំៗចំនួនពីរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានបញ្ជាក់ថារបាយការណ៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុបដែលបានធ្វើការផ្សព្វផ្សាយនៅក្នុង Annals of Internal Medicine មិនបានបង្ហាញថា «កាហ្វេគឺពិតជាហេតុផលដែលធ្វើឲ្យអ្នកដែលទទួលទានកាហ្វេអាចរស់បានយូរទេ»។ ផ្ទុយទៅវិញ ការសិក្សាស្រាវជ្រាវទាំងពីរនេះមានលក្ខណៈជាការសង្កេតមានន័យថាពួកគេបានបង្ហាញពី…. © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការផ្តល់ឲ្យរាងកាយបានសម្រាក ដោយគ្រាន់តែអង្គុយ រួចបិទភ្នែក និងដកដង្ហើមឲ្យបានវែងៗ ជាឥរិយាបទមួយនៃកីឡាយោគៈយ៉ាងសាមញ្ញបំផុត តែវាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ សម្រាប់សម្រួលទៅដល់ស្រ្តីក្នុងវ័យក្រោយអស់រដូវ។   ឈានដល់វ័យចំណាស់ ចាប់ពី ៥០ឆ្នាំឡើង ស្រ្តីកំពុងស្ថិតក្នុងកំឡុងពេលនៃការអស់រដូវ ដែលនេះជាច្បាប់ធម្មជាតិនៃរូបរាងកាយ។ វាជាពេលវេលា មួយដែលគួបផ្សំទៅដោយ ការប្រែប្រួលនូវផ្លូវកាយ និងចិត្តរបស់ស្រ្តី និងការត្រៀមខ្លួនឈានចូលដល់វ័យចំណាស់នៃជីវិត។ សព្វថ្ងៃ កីឡាយោគៈត្រូវបានគេ ទទួលស្គាល់ និងត្រូវបានអនុវត្តពីសំណាក់ស្រ្តីជាច្រើន ដែលពួកគេជឿថា វាជាប្រភេទកីឡាមួយដែលនាំមកនូវការហ្វឹកហាត់ផ្លូវចិត្ត និងផ្លូវកាយ ក៏ដូចជា ដោះស្រាយនូវបញ្ហានានាដែលនឹងអាចកើតមានកំឡុងពេលអស់រដូវនោះ។ ៦ ចំណុចខាងក្រោមនឹងណែនាំអ្នកឲ្យកាន់តែច្បាស់ពីអ្វីដែលកីឡាយោគៈអាចជួយសម្រួលនូវភាពលំបាកចំពោះស្រ្តីស្ថិតក្នុវ័យក្រោយអស់រដូវ។   កាត់បន្ថយស្រេ្តស៖ កីឡាយោគៈសម្រួល ដង្ហើមរបស់អ្នក ដែលវាអាចជួយដោះស្រាយភាពតានតឹងក្នុងចិត្ត សម្រួលដល់ការគិតអវិជ្ជមាន និងជួយលាង សម្អាតផ្លូវចិត្តរបស់ស្រ្តីឲ្យស្ថិតក្នុងស្ថានភាពល្អប្រសើរឡើងវិញ។ ម៉្យាងទៀតកីឡា យោគៈអាចផ្តល់ឲ្យអារម្មណ៍បានធូរស្បើយ ដែលមានប្រសិទ្ធភាពបំផុត អាចឲ្យស្រ្តីគ្រប់គ្រងកំហឹងរបស់ខ្លួនបាន។   បន្ធូរការឈឺចាប់៖ ក្នុងវ័យក្រោយអស់រដូវ ស្រ្តីអាចងាយទទួលរងការឈឺចាប់លើផ្នែករាងកាយមួយចំនួនដូចជា ខ្នង ក ឬសន្លាក់ជាដើម ដូច្នេះការធ្វើ ចលនាយឺតៗនៃកីឡាយោគៈអាចជួយសម្រួលនូវភាពបត់បែនរបស់សន្លាក់ ក៏ដូចជាផ្តល់ឲ្យសាច់ដុំនៃរាងកាយអាចធ្វើលំហាត់ប្រាណបានយ៉ាងល្អ។ ថយចុះអាការៈក្រហល់ក្រហាយ៖ ភាពក្តៅក្រហល់ក្រហាយ ជាអាការៈដែលកើតមាន ជាទូទៅស្ទើរតែ ៨០% នៃស្រ្តីទាំងអស់ដែលឈា ​ចូលពេលក្រោយ អស់រដូវ។ ​អាការៈនោះស្តែង​ ឡើងដោយរួមបញ្ចូលនូវការ​ កើនឡើងសីតុណ្ហភាពនៅក្នុងរាងកាយ និងចង្វាក់ជីពចរញាប់ ដែលធ្វើឲ្យភាពក្តៅកើត មាននៅលើផ្ទៃមុខបន្តរហូតដល់ក និងដៃជាដើម ចំណែកសីតុណ្ហភាពក្នុងរាងកាយ អាចនឹងឡើងចុះ ឬបាត់ភ្លាមៗ ដែលជាហេតុបណ្តាលឲ្យស្រ្តី មានអារម្មណ៍រងា និងស្អិតពេញខ្លួន។ ការហាត់កីឡាយោគៈជាវិធីសាស្រ្តយ៉ាងល្អ អាចជួយសម្រួលដល់អ្នក ដែលជាការល្អកំឡុងពេលហាត់ អ្នកគួរតាមដាន នូវចង្វាក់ដង្ហើម ដើម្បីឲ្យផ្លូវចិត្តមានសភាពស្ងប់ស្ងាត់។     បំបាត់ការអស់កម្លាំង៖ បម្រែបម្រួលអ័រម៉ូន ក្នុងរាងកាយស្រ្តី តួយ៉ាងដូចជាការថយចុះនូវ អ័រម៉ូន Progesterone ជាដើមចមអាចឲ្យ ស្រ្តីតែងបាត់បង់ កម្លាំង រួមជាមួយការបាក់ទឹកចិត្តផងដែរ។ កាយវិការនៃកីឡាយោគៈដោយ ការគេងរួចកល់ខ្នងរបស់អ្នកដោយខ្នើយ  អាចជួយបំបាត់អាការៈ អស់កម្លាំងបាន រួមនឹងធ្វើឲ្យប្រសើរឡើងនៃចលនាដង្ហើម និងចរន្តឈាម។   បន្ថយសម្ពាធឈាម៖ កីឡាយោគៈ អាចជួយ កាត់បន្ថយអាការៈបែកញើសកំឡុងពេលទទួល ទាន​ដំណេករបស់ស្រ្តី ដោយវាទៅបន្ថយសម្ពាធឈាម និងនាំមកវិញនូវដំណើរការយ៉ាងល្អនៃ​អុកស៊ីហ្សែន និងចរន្តឈាម។     បង្កើនការចងចាំ៖ ស្របពេលដែលស្រ្តីកំពុងមានបញ្ហាប្រឈមមួយចំនួនលើរាងកាយការគិត និងការចងចាំក៏ថយចុះទៅតាមនោះ​ផងដែរ ដែលបណ្តាល មកពីបម្រែបម្រួលនៃ​អ័រម៉ូនក្នុងរាងកាយ។ កីឡាយោគៈត្រូវបានគេ​ វាយ​តម្លៃថា អាចជួយឲ្យសមត្ថភាពនៃការគិតបានល្អឡើងវិញ។   ស្របពេលដែល កីឡាយោគៈបានផ្តល់អត្ថប្រយោជន៍ដែលមិនគួរមើលរំលង អ្នកក៏គួរតែចេះធ្វើការជ្រើសរើសនូវប្រភេទណាមួយដែលសមស្របទៅនឹង កម្លាំងរបស់អ្នក ដោយហេតុថាប្រភេទកីឡាយោគៈខ្លះក៏ទាមទារនូវកាយវិការធ្ងន់ធ្ងរដែលប្រហែលជាអ្នកមិនអាចទ្រាំទ្របាន។     ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

តាមរយៈប្រសាសន៍របស់លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី បានឲ្យដឹងថា«ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខច្រើនកើត ជាពិសេសចាប់ពីអាយុ30ឆ្នាំឡើងទៅហើយ ក៏អាចមានស្នាមជ្រួញខ្លះកើតចាប់ពីអាយុ25ឆ្នាំដែរ»។ វាអាចមានកត្តាចម្បងចំនួនពីរដែលបង្កឲ្យមានបញ្ហាជ្រីវជ្រួញគឺ កត្តាខាងក្នុង​ (តំណពូជ អាយុច្រើន)​ និង កត្តាខាងក្រៅ (កម្តៅថ្ងៃ គេងមិនគ្រប់គ្រាន់ ជក់បារី)។​ ទាក់ទងនឹងការព្យាបាល បើគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញវានឹងអាចបង្កឲ្យមានបញ្ហាដល់ស្បែកធ្ងន់ធ្ងរ។ ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាសម្ផស្ស យើងមានវិធីផ្សេងៗជាច្រើនទៀតដូចជា៖ ការប្រើថ្នាំលាប ការប្រើថ្នាំចាក់ ការភៀលមុខ Face lifting with laser, Botox, Thread lift, ការប្រើម៉ាស៊ីនបន្តឹងស្បែកមុខ និង Surgery. នៅពេលលោកអ្នកទទួលការព្យាបាលរួច លោកអ្នកគួរមានវិធីការពារ ឬថែរក្សាផ្ទៃមុខដោយមាន ការការពារពីកម្តៅថ្ងៃឲ្យបានល្អ និងលាបឡេថែរក្សាស្បែកឲ្យបានជាប្រចាំទើបយើងទទួលផលរយៈពេលយូរ។   ស្វែងយល់បន្ថែម ការប្រឆាំងនឹងភាពជ្រីវជ្រួញ ពីលោកវេជ្ជបណ្ឌិត យិន​ វុឌ្ឍី ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការសិក្សាថ្មីមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Bath នៃចក្រភពអង់គ្លេសបានរកឃើញថា «អាពាហ៍ពិពាហ៍ធ្វើឲ្យបុរសឡើងទម្ងន់ហើយ ថ្ងៃដំបូងនៃភាពជាឪពុកបានធ្វើឲ្យបញ្ហាកាន់អាក្រក់» និងបានបង្ហាញឲ្យដឹងថា «បុរសដែលបានរៀបអាពាហ៍ពិពាហ៍រួច មានម៉ាសរាងកាយ (Body Mass Index ឬBMI) ខ្ពស់ជាងបុរសដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ប្រហែលជា៣ផោន» នោះគឺភាគច្រើនបណ្ដាលមកពីការទទួលទានអាហារ ដែលមិនសូវល្អសម្រាប់សុខភាព។   នៅពេលដែលក្លាយជាឪពុក យើងបានឃើញថាបុរសមានការកើនឡើងនៃ BMI បន្ទាប់ពីកំណើតកូនរបស់ពួកគេ ប៉ុន្តែមិនមែននៅពេលដែល ប្រពន្ធរបស់ពួកគេកំពុងមានផ្ទៃពោះនោះទេ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា លទ្ធផលនេះបានបញ្ជាក់ពីទ្រឹស្ដីមួយចំនួន ដែលបានលើកឡើង នៅក្នុងការស្រាវជ្រាវចាស់ៗ។   ទិន្នន័យបានបង្ហាញថា មនុស្សដែលនៅលីវហើយកំពុងស្វែងរកអាពាហ៍ពិពាហ៍ គឺមាននិន្នាការក្នុងការរក្សារាង និងមានការខិតខំប្រឹងប្រែង ជាងដៃគូរបស់ពួកគេ ហើយក៏បានបញ្ជាក់ថា អាពាហ៍ពិពាហ៍នាំឲ្យមានការជួបជុំគ្នាញឹកញាប់ក្នុងសង្គម ដែលការជួបជុំទាំងនោះជាទូទៅមាន អាហារដ៏ច្រើន។         អ្នកដឹកនាំការស្រាវជ្រាវ លោកស្រីវេជ្ជបណ្ឌិត Joanna Syrda បាននិយាយថា “វាពិតជាមានប្រយោជន៍សម្រាប់បុគ្គលម្នាក់ក្នុងការស្វែងយល់អំពី កត្តាសង្គមមួយណាដែលអាចជះឥទ្ធិពលទៅលើការឡើងទម្ងន់ ជាពិសេស គឺអ្នកដែលរៀបអាពាហ៍ពិពាហ៍រួច និងអ្នកដែលក្លាយជាឪពុកគេរួចហើយ ដើម្បីឲ្យពួកគេអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវអំពីបញ្ហាសុខភាព និងសុខុមាលភាពរបស់ពួកគេ។ សម្រាប់បុរសដែលរៀបអាពាហ៍ពិពាហ៍រួច ហើយមានបំណងចង់ជៀសវាងការកើនឡើងនៃ BMI នោះមានន័យថា ពួកគេត្រូវគិតអំពីការផ្លាស់ប្ដូរចិត្តគំនិត អាកប្បកិរិយា និងទម្លាប់ នៃការញ៉ាំរបស់ពួកគេ។”                 ការសិក្សានេះបានសិក្សាទៅលើគូស្វាមីភរិយាដែលស្រលាញ់ភេទផ្ទុយគ្នាក្នុងសហរដ្ឋអាមេរិករវាងឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៣ ដោយប្រើទិន្នន័យដែលបាន មកពី  Panel Study of Income Dynamics ដែលត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្ដី Social Science and Medicine។ ការសិក្សាកន្លង មកបាន  បង្ហាញថា «បុរសដែលមាន BMI ខ្ពស់គឺមានការផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពផ្សេងទៀតជាច្រើន»។   យោងទៅតាមការសិក្សាមួយកាលពីឆ្នាំ២០១៦ដែលធ្វើឡើងដោយសហគមន៍អឺរ៉ុបសម្រាប់ការសិក្សាអំពីភាពធាត់ ហើយសិក្សាទៅលើបុរសប្រមាណ ១៥០០០០ នាក់ដែលមានកម្រិត BMI ខ្ពស់ និងទំហំចង្កេះធំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តេត។ ក្រុមអ្នកស្រាវជ្រាវបានកំណត់ថារាល់ការកើនឡើង ៥គីឡូក្រាមក្នុងមួយម៉ែត្រការ៉េក្នុង BMI នាំឲ្យមានការកើនឡើង១០%នៃការវិវឌ្ឍជាជំងឺមហារីក ហើយរាល់ការកើនឡើង ១០សង់ទីម៉ែត្រទៅលើទំហំចង្កេះ គឺអាចបង្កើនហានិភ័យដល់ទៅ១៣%។         ការសិក្សាមួយទៀតក្នុងឆ្នាំ២០១៦ដែលធ្វើឡើងដោយ Elsevier Health Sciences ក្នុងប្រទេសហូឡង់ ក៏បានរកឃើញពីទំនាក់ទនងរវាងបុរស វ័យជំទង់ ដែលមានបញ្ហាលើសទម្ងន់ និងហានិភ័យក្នុងការវិវឌ្ឍជាជំងឺថ្លើមធ្ងន់ធ្ងរនៅពេលចាស់ទៅ។         បើភាពជាឪពុកម្តាយ ធ្វើឲ្យអ្នកជាឪពុក និងម្តាយឃ្លាយឆ្ងាយពីការទៅកន្លែងហាត់ប្រាណនោះ អ្នកឯកទេសផ្នែកសម្បទា Harley Pasternak បានផ្ដល់គន្លឹះនៃការហាត់ប្រាណមួយចំនួនដែលអ្នកអាចធ្វើបាននៅផ្ទះដូចជា៖ 1. ផ្លាស់ប្តូរបរិយាកាសរបស់អ្នក៖ ប្រសិនបើអាកាសធាតុល្អ អ្នកគួរតែចំណាយពេលខ្លះនៅខាងក្រៅផ្ទះ ដោយធ្វើការហែលទឹក ឬ ហាត់ប្រាណនៅតាមសួនច្បារ។ 2.  ការហាត់ប្រាណបែបបន្ទន់ជង្គង់ងើបចុះឡើង ឬបន្ទន់រាងកាយផ្នែកខាងលើ (Lunges and squats)៖ អ្នកមិនចាំបាច់ទៅកន្លែងហាត់ប្រាណ ដើម្បីធ្វើការហាត់ប្រាណនោះទេ។​ 3.  លើកដុំទម្ងន់ (Hand weights)៖ អ្នកអាចរកទិញដុំទម្ងន់ទាំងនោះ ដើម្បីធ្វើការហាត់ប្រាណនៅផ្ទះបានដោយចាប់ផ្ដើមជាមួយនឹងដុំទម្ងន់មួយគូសិន ហើយអ្នកអាចតម្លើងដុំទម្ងន់បន្ថែម នៅពេលដែលអ្នកកាន់តែរឹងមាំ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ករណីកំហុសកំនុំភ្នែកមិនអាចមើលឃើញរូបភាពឆ្ងាយ និងជិតបានទេ ដោយសារកំណុំរូបភាពមិនធ្លាក់លើសរសៃបាតភ្នែកទេ។   បញ្ហាកំនុំភ្នែកចែកចេញជាបីប្រភេទ ប៉ុន្តែការព្យាបាលពុំសូវមានភាពខុសគ្នាប៉ុន្មានទេ។ · ភ្នែកម៉្ញូប៖ ការព្យាបាលដែលប្រសើរបំផុត គឺ ការពាក់វ៉ែនតាប្រភេទដក ឬការប្រើ Contact lenses ។ ការព្យាបាលដោយកាំរស្មី (LASIK) ​​​​   និងការវះកាត់ត្រូវបានពិចារណា ក្នុងករណីម៉្ញូបជ្រៅ។ · ភ្នែកខ្លី៖  ត្រូវជ្រើសរើសការប្រើវ៉ែនតាប្រភេទបូក ឬអាចធ្វើ (LASIK) បានដូចភ្នែកម៉្ញូប។ · ភ្នែកអាស្ទីម៉ាត៖  ភ្នែកប្រភេទនេះអាចពាក់វ៉ែនតាប្រភេទបូក​ ឬប្រភេទដកក៏បាន និងការព្យាបាលដោយកាំរស្មីបានដូចគ្នា។ លោកវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ក៏សូមជម្រាបដល់អ្នកជំងឺដែលមានបញ្ហាភ្នែក គួរតែមកជួបជាមួយនឹងគ្រូពេទ្យភ្នែក ជាពិសេសអ្នកដែលមានបញ្ហាភ្នែក ខុសកំនុំ។ សព្វថ្ងៃ ការព្យាបាលបញ្ហាភ្នែកខុសកំនុំដោយកាំរស្មី មានធ្វើហើយនៅប្រទេសកម្ពុជាយើង។ ដូចនេះ លោកអ្នកអាចមកជួបពិភាក្សា និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ ដើម្បីអាចធ្វើការព្យាបាលដោយបច្ចេកវិទ្យាទំនើប ដោយមិនចាំបាច់ពាក់វ៉ែនតា៕   ស្វែងយល់បន្ថែមពីបញ្ហាភ្នែកខុសកំនុំ    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

តើអ្នកប្រើក្រដាសជូតមាត់ ដើម្បីបើកទ្វាបង្គន់សាធារណៈបន្ទាប់ពីអ្នកបានលាងដៃរួចមែនទេ?​ ប៉ុន្តែអ្នកដែលគិតពីទូរស័ព្ទដៃរបស់អ្នកដែលអ្នក តែងតែគេងជាមួយវាជារៀងរាល់យប់ដែរឬទេ?         បើយោងតាមការសិក្សាមួយក្នុងឆ្នាំ២០១១ ដែលបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅ The London School of Hygiene & Tropical Medicine បានរកឃើញថាមាន លាមកជាប់នៅនឹងទូរស័ព្ទ១ក្នុងចំណោមទូរស័ព្ទស្មាតហ្វូន៦គ្រឿង។ ក្រុមហ៊ុននៃចក្រភពអង់គ្លេសមួយទៀតឈ្មោះថា Which? បានធ្វើការសិក្សាស្រាវជ្រាវមួយក្នុងឆ្នាំ២០១០ ដែលពួកគេមានឧបករណ៍សម្អាតទូរស័ព្ទមួយ ដែលបានធ្វើតេស្តទៅលើទូរស័ព្ទដៃចំនួន ៣០គ្រឿង។ ក្នុងចំណោមទូរស័ព្ទដែលបានធ្វើតេស្ត ក្នុងនោះមាន៧គ្រឿងពោរពេញទៅដោយកម្រិតបាក់តេរីខ្ពស់ខណៈពេលដែលទូរស័ព្ទទី ៨ មានផ្ទុកនូវកម្រិតបាក់តេរីខ្ពស់ ហើយមានជាប់នូវលាមក និងមេរោគ Salmonella ទៀតផង។ និយាយទៅគឺថាវាពិតជាកខ្វក់ណាស់!!!         តើវត្ថុសំណព្វចិត្តរបស់អ្នកមានផ្ទុកនូវភ្នាក់ងារចម្លងមេរោគយ៉ាងច្រើនបែបនេះដោយរបៀបណា? នេះជាកំហុសរបស់អ្នកតែម្ដង។ នៅគ្រប់ពេលដែល កញ្ចក់ទូរស័ព្ទរបស់អ្នកប៉ះទៅនឹងផ្ទៃអ្វីមួយ នោះវានឹងភ្ជាប់នូវពពួកមេរោគមកជាមួយស្រាប់ទៅហើយ។ តើទូរស័ព្ទរបស់អ្នកកខ្វក់ដល់កម្រិតណា?   ពេលនេះទូរស័ព្ទរបស់អ្នកប្រហែលជាស្ថិតនៅលើតុរបស់អ្នកនៅក្នុងសាលារៀន ឬនៅកន្លែងធ្វើការ។ បើយោងតាមលោកវេជ្ជបណ្ឌិត Charles Gerba ដែលលោកគឺជាសាស្រ្តាចារ្យផ្នែកអតិសុខុមសាស្ត្រនៃសាកលវិទ្យាល័យ Arizona បានថ្លែងថា «នៅលើតុរបស់អ្នកមានផ្ទុកមេរោគចំនួន ២១០០០ ក្នុងមួយអ៊ីញការ៉េ ដែលវាមានច្រើនជាង៤៣០ដងនៃចំនួនមេរោគដែលមាននៅលើបង្គន់ក្នុងការិយាល័យរបស់អ្នក»។   ប៉ុន្តែទោះបីជាទូរស័ព្ទរបស់អ្នកត្រូវបានទុកយ៉ាងត្រឹមត្រូវក្នុងហោប៉ៅរបស់អ្នកក៏ដោយ អ្នកនឹងនៅតែយកវាចូលទៅក្នុងបន្ទប់ទឹក (ជាទូទៅមានមនុស្ស ប្រហែលជា៧៥%ប្រើប្រាស់ទូរស័ព្ទក្នុងបន្ទប់ទឹក) ហើយបន្ទាប់មកអ្នកបានចុចទូរស័ព្ទរបស់អ្នក....   លោកវេជ្ជបណ្ឌិត Dubert Guerrero ដែលជាអ្នកឯកទេសផ្នែកជំងឺឆ្លងនៅឯ Sanford Health នៃទីក្រុង Fargo ក្នុងរដ្ឋ North Dakota បានណែនាំថា ការជូតសម្អាតទូរស័ព្ទរបស់អ្នកជាមួយនឹងក្រណាត់ដែលមានសំណាញ់ល្អិតនឹងអាចជួយកម្ចាត់នូវបាក់តេរីពីទូរស័ព្ទរបស់អ្នកបាន។ មេរោគដែលកាន់តែសាហាវដូចជា E. Coli និងវីរុសគ្រុនផ្ដាសាយ ត្រូវតែកម្ចាត់ដោយទឹកសម្អាតខ្លាំងជាងនេះដូចជាទឹកលាងបង្គន់ ឬអាល់កុលជាដើម។         អត្ថបទមួយដែលត្រូវបានដកស្រង់ចេញពីកាសែត New York Times បានណែនាំថា អ្នកគួរតែចាក់អាល់កុលទៅក្នុងកូនដបតូចមួយ និងមាន កូនកន្សែងមួយដើម្បីធ្វើការសម្អាតអេក្រង់ទូរស័ព្ទនិងស្រោមទូរស័ព្ទរបស់អ្នក។ អ្នកមិនគួរបាញ់វាដោយផ្ទាល់ទៅលើទូរស័ព្ទរបស់អ្នកនោះទេ។ ដើម្បីសម្អាតគែម និងរន្ធផ្សេងៗនៃទូរស័ព្ទ អ្នកគួរប្រើក្រណាត់ប្រភេទ Lint-free ជាជាងការប្រើសំឡីត្បាលត្រចៀក។ យូរៗម្ដងអ្នកគួរតែបិទទូរស័ព្ទ របស់អ្នក រួចជូតសម្អាតឲ្យបានស្អាតជាមួយក្រណាត់ប្រឆាំងនឹងបាក់តេរី ហើយអ្នកត្រូវប្រាកដថាបានសម្អាត Home button ឲ្យបានស្អាត។   តើពពួកមេរោគទាំងនេះអាចបង្កជាបញ្ហាដល់សុខភាពដែរឬទេ? ទោះបីជាទូរស័ព្ទមានផ្ទុកពពួកបាក់តេរីក៏ដោយ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Surrey បានបង្ហាញថា ទូរស័ព្ទភាគច្រើនមិនមានផ្ទុកមេរោគ Staphylococcus (វាជាប្រភេទមេរោគដែលបង្កជាជំងឺរលាកសួត ពុលអាហារ ជាតិពុលក្នុងឈាម និង Toxic Shock Syndrome) និងបាក់តេរីសាហាវៗជាច្រើនទៀតទេ។   គួរចងចាំ៖ ទោះបីជាទូរស័ព្ទរបស់អ្នកមិនបានចម្លងមេរោគដែលអាចបង្កជាគ្រោះថ្នាក់ដល់ជីរិតក៏ដោយ​ វាមិនមែនមានន័យថា អ្នកអាចអូសរំលង មេរោគទាំងនោះទេ។ ប្រហែលជា៨០%នៃមេរោគជាទូទៅ គឺត្រូវបានឆ្លងតាមរយៈដៃ ហើយដៃនេះហើយដែលអ្នកប្រើ ដើម្បីចាប់កាន់ និងចុចទូរស័ព្ទ របស់អ្នក ហើយអ្នកត្រូវតែបំបែកវដ្ដនៃមេរោគទាំងនោះដោយការលាងសម្អាតទូរស័ព្ទរបស់អ្នក។     ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top