Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

បើសិនជាអាច ឱសថការីចង់ឲ្យអ្នកដឹង​នូវរឿងទាំងនេះ... មានរឿងខ្លះដែលអ្នកប្រហែលជាមិនបានដឹង ឬដឹងហើយ តែកំពុងតែមានការយល់ច្រឡំ ចំពោះឱសថការី.... ជាមួយនឹងវីដេអូខ្លីមួយនេះ សង្ឃឹមថាអ្នកនឹងអាចយល់បានខ្លះៗ និងទទួលបានដឹងនូវការពិតដែលឱសថការីចង់ឲ្យអ្នកបានដឹង....

Share

  ១.លក្ខណៈទូទៅ នៅលំដាប់ពិភពលោក ជំងឺមហារីកមាត់ស្បូនស្ថិតនៅលំដាប់ថ្នាក់ទី៣នៃជំងឺមហារីកស្ត្រី បន្ទាប់ពីជំងឺមហារីកដោះ និងពោះវៀន។ នៅប្រទេសក្រីក្រ ដូចប្រទេសកម្ពុជាយើងនេះ វាជាមូលហេតុទី១នៃការស្លាប់របស់ស្រ្តីដោយសារជំងឺមហារីក។ មហារីកមាត់ស្បូន គឺជា ជំងឺម៉្យាងដែលបង្កឡើង ដោយសារ មេរោគ HPV ដែលឆ្លងតាមរយៈការរួមភេទ និងកត្តាអំណោយផលមួយចំនួនទៀត ហើយជាទូទៅមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជា៖ - ទំនាក់ទំនងការរួមភេទ៖ ឆាប់រួមភេទមុនអាយុ១៧ឆ្នាំ មានដៃគូរួមភេទច្រើន មានកូនមុនអាយុ២០ឆ្នាំ និងមានកូនច្រើនលើសដើម - ការចុះថយនូវភាពស៊ាំ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ស្ត្រីដែលប្រើថ្នាំគីមីសម្រាប់ព្យាបាលជំងឺមហារីក ឬពពួកអង់ទីគូអ៊ីដសម្រាប់ព្យាបាលជំងឺផ្សេងៗ ឬស្ត្រីដែលមានបន្សាំសរីរៈផ្សេងៗ និងស្រ្តីមានផ្ទៃពោះ -ការប្រើប្រាស់ថ្នាំពន្យារកំណើត៖ ពពួកថ្នាំពន្យារកំណើតដែលមានជាតិអ័រម៉ូនពីរមុខបញ្ចូលគ្នាក្នុងរយៈពេលលើសពី៥ឆ្នាំ -ការជក់បារី -កត្តាសង្គមប្រជារាស្ត្រ៖ ភាពក្រីក្រ កម្រិតសង្គម យល់ដឹងទាបរស់នៅក្នុងប្រទេសក្រីក្រ -កត្តាផ្សេងៗមួយចំនួនទៀតដូចជា៖ រលាកមាត់ស្បូនរ៉ាំរ៉ៃ មានជំងឺកាមរោគ កង្វះអនាម័យ កង្វះរបបអាហារ កង្វះការស្រាវជ្រាវរកជំងឺមហារីក ឬការតាមដានមិនបានត្រឹមត្រូវ។ ដោយសារកត្តារៀបរាប់ខាងលើនេះហើយដែលអាចឲ្យមានការកកើតជាដំបៅមហារីកនៅមាត់ស្បូនបាន។ វាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព សាធារណៈ ព្រមទាំងប៉ះពាល់ទៅដល់សុខភាពពិភពលោកទាំងមូលផង។ ២.រោគសញ្ញា ជាទូទៅ ភាគច្រើននៃអ្នកកើតជំងឺមហារីកមាត់ស្បូននៅដំណាក់កាលដំបូងពុំមានរោគសញ្ញាគួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែមានមូលហេតុមួយចំនួន តូចអាចឲ្យយើងដឹងបានដោយសាររោគសញ្ញាតិចតួចបំផុតដូចជា ការធ្លាក់ស ឬការធ្លាក់ឈាមមិនប្រក្រតីជាដើម។ ករណីមានជំងឺមហារីកមាត់ស្បូន នៅដំណាក់កាលធ្ងន់ធ្ងរ ស្រ្តីអាចយល់ដឹងដោយសារមានការឈឺចាប់ ឬការធ្លាក់ឈាមមិនធម្មតានៅពេលរួមដំណេក និងអាចមានរោគសញ្ញារួមផ្សំ ផ្សេងៗទៀតផងដែរ។ នៅពេលនោះ ស្ថានភាពជំងឺហួសពេលនឹងព្យាបាលទៅហើយ។ ជារួម ករណីនេះអាចនិយាយបានថា អ្នកជំងឺភាគច្រើនមិនមាន រោគសញ្ញាអ្វីបង្ហាញឲ្យយើងបានដឹងទេ ជួនកាលគាត់អាចមានរោគសញ្ញាតិចតួចដែលអាចឲ្យគាត់ទៅជួបវេជ្ជបណ្ឌិតជំនាញ ប៉ុន្តែករណីភាគច្រើន វាអាចជ្រុលពេលទៅហើយ។ ទោះបីជាយ៉ាងណាក្តី យើងក៏នៅអាចដឹងមុនបានថាស្ត្រីម្នាក់អាចនឹងកើតមានជំងឺនេះបានអាស្រ័យលើការសិក្សាស្រាវជ្រាវជាទៀតទាត់ និងត្រឹមត្រូវ តាមការកំណត់ ដែលអាចឲ្យយើងរកឃើញនៅដំណាក់កាលមុនមហារីក ឬមហារីកដំណាក់កាលដំបូង ដែលអាចព្យាបាលឲ្យជាសះស្បើយបាន។ ជាទូទៅ ពីដំណាក់កាលមុនមហារីកទៅដល់ពេលកើតជាមហារីកពិតប្រាកដនោះ វាត្រូវការរយៈពេលពី៦-១០ឆ្នាំ។ ដូច្នេះ បើយើងបានធ្វើការស្រាវជ្រាវ ត្រឹមត្រូវ នោះយើងអាចព្យាបាលបានទាន់ពេលវេលា និងអាចចៀសផុតពីជំងឺមហារីកមាត់ស្បូននៅដំណាក់កាលធ្ងន់ធ្ងរ។ ៣.អត្រាជំងឺ តាមការសិក្សាកន្លងមករបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវរករោគមហារីក ដែលបានធ្វើកាសិក្សាស្រាវជ្រាវទូទៅពិភពលោកហើយអាចធ្វើការវាយតម្លៃ ដោយឡែកចំពោះប្រទេសកម្ពុជាយើងអាចមានអត្រាអ្នកកើតមហារីកមាត់ស្បូននេះមានប្រមាណជា ២៧.៤ ករណីថ្មីក្នុងមួយឆ្នាំ ក្នុងចំណោមស្រ្តី ១០០ពាន់នាក់។ ដោយឡែកទាក់ទងជាមួយនឹងវ័យនៃការកកើតជំងឺនេះ យើងសង្កេតឃើញថាវាមានការចាប់ពីអាយុ២៥ឆ្នាំឡើងទៅ ចំពោះ ដំណាក់កាលមុនមហារីក និងអាយុ ៤០ ឡើងទៅ ចំពោះមហារីកពិតប្រាកក។  ជួនកាលវាអាចកើតមានមុនអាយុនេះ ក្នុងករណីដែលស្រ្តីមានភាពស៊ាំ ចុះខ្សោយដូចជា ស្រ្តីមានផ្ទុកមេរោគអេដស៍ ឬស្ត្រីដែលមានរលាកមាត់ស្បូនរ៉ាំរ៉ៃជាដើម។ ៤.ការយល់ដឹង ចំពោះការយល់ដឹងរបស់ប្រជាជនយើងទាក់ទងទៅនឹងជំងឺមហារីកមាត់ស្បូននេះ គឺពុំមានការសិក្សានាមួយឲ្យពិតប្រាកដថា តើការយល់ដឹងរបស់ស្រ្តី យើងមានកម្រិតណានៅឡើយ។ ករណីមន្ត្រីក្របខណ្ឌក្រសួងសុខាសភិបាលវិញ ក្រសួងបានធ្វើការផ្សព្វផ្សាយពីការស្រាវជ្រាវ រកជំងឺនេះទៅដល់ មន្ត្រីសុខាភិបាលទូទៅប្រទេសរួចហើយ។ ការងារបន្តនោះគឺ មន្រ្តីសុខាភិបាលដែលបានឆ្លងកាត់ការសិក្សានេះ ជាអ្នកផ្សព្វផ្សាយ បន្តដល់ស្រ្តីទូទាំង ប្រទេសកម្ពុជាឲ្យពួកគាត់មានការយល់ដឹង និងមកស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនឲ្យបានទាន់ពេលវេលា។ ជាទូទៅ ស្ត្រីទាំងឡាយគប្បីមកស្រាវជ្រាវ រកជំងឺនេះរៀងរាល់១ឆ្នាំម្តង ពិសេសសម្រាប់អ្នកធ្លាប់មានដៃគូរួមភេទ។ ៥.ការព្យាបាល បើនៅក្នុងដំណាក់កាលមុនមហារីកទៅដល់មហារីកដំណាក់កាលដំបូង(ដំណាក់កាលសូន្យ) យើងអាចព្យាបាលឲ្យជាសះស្បើយបាន ដោយប្រើវិធីដុត មាត់ស្បូនកាត់កស្បូន ឬកាត់ស្បូនទាំងមូលចេញតែម្តង។ ផ្ទុយទៅវិញ បើអ្នកជំងឺមានការយឺតយ៉ាវក្នុងកាព្យាបាល ឬមិនបានទទួលបានព្យាបាល ត្រឹមត្រូវទេនោះនឹងធ្វើឲ្យជំងឺវិវត្តទីរកទៅមហារីកដំណាក់កាលធ្ងន់ធ្ងរដែលមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ (ចាប់ពីដំណាក់កាលទី១ ឡើងទៅគេមិនអាចនិយាយថាព្យាបាលជនោះទេ) ។ នៅដំណាក់កាលធ្ងន់ធ្ងរនៅជំងឺនេះ វេជ្ជបណ្ឌិតអាចត្រឹមតែធ្វើការព្យាបាលបំបាត់រោគសញ្ញា ឬបន្ថយភាពធ្ងន់ធ្ងរនៃជំងឺ (បន្ថយការឈឺចាប់) ដែលអាចជួយឲ្យអ្នកជំងឺអាចរស់នៅបានមួយរយៈទៅមុខទៀតប៉ុណ្ណោះ។ ពេលនោះហើយដែលធ្វើឲ្យ ជីវិតមានសភាពរ៉ាំរ៉ៃ ត្រូវការចំណាយថវិកាច្រើន បាត់បង់កម្លាំងពលកម្ម និងប៉ះពាល់ដល់សង្គមសេដ្ឋកិច្ចមួយទៀតផង។ ចំពោះសេវាព្យាបាលវិញ អ្នកជំងឺអាចរកបាននៅតាមមណ្ឌលសុខភាពក្នុងភូមិ-ឃុំ ឬតាមមន្ទីរពេទ្យបង្អែកជិតផ្ទះដែលខ្លួនរស់នៅ។ បើទីតាំងសុខាភិបាលទាំងនោះ មិនមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលនោះទេ គេនឹងបញ្ចូនអ្នកជំងឺតាមបណ្តាញមករាជធានីភ្នំពេញទៀត។ ៦.វីធីបង្ការ វិធីបង្ការបឋម៖ ការចាក់វ៉ាក់សាំង HPV ដើម្បីការពារជំងឺមហារីកមាត់ស្បូន គឺជាវ៉ាក់សាំងដែលផ្សំឡើដោយ HPV2 ប្រភេទ ឬ៤ប្រភេទ។ គេអាចចាក់ នៅលើក្មេងស្រីដែលមិនទាន់មានការរួមភេទ និងមានអាយុចាប់ពី៩ឆ្នាំ ទៅ២៥ឆ្នាំ។ វ៉ាក់សាំងនេះ តម្រូវឲ្យចាក់ ៣ដង ក្នុងមួយរយៈពេល ៦ខែគឺ៖ ចាក់លើកទី១នៅខែសូន្យ លើកទី២នៅមួយខែក្រោយការចាក់លើកទី១ និងលើកទី៣ នៅ៥ខែក្រោយចាក់លើកទី២។ វីធីបង្ការបន្ថែម៖ ជាវិធីការពារ និងស្រាវជ្រាវរកមេរោគមហារីកមាត់ស្បូន។ វិធីការពារគឺត្រូវយល់ដឹងឲ្យច្បាស់ និងចៀសវាងឲ្យបានពីកត្តាអំណោយផល ដូចរៀបរាប់ខាងលើ។ ចំណែកឯការស្រាវជ្រាវវិញ គឺស្រ្តីអាចទៅជួបមន្ត្រីសុខាភិបាលដែលធ្វើការនៅតាមមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យបង្អែកនានា ដើម្បីឲ្យគាត់ធ្វើការពិនិត្យស្រាវជ្រាវ។ របៀបស្រាវជ្រាវនេះ គឺមានការប្រើទឹកថ្នាំដើម្បីពិនិត្យ ការធ្វើកំនៀរយកកោសិកាមាត់ស្បូនទៅពិនិត្យ និងអាច ធ្វើតេស្តរកមេរោគ HPV ។ កាលណាយើងបានធ្វើការស្រវជ្រាវទាន់ពេលវេលា យើងនឹងអាចធ្វើការព្យាបាលបានត្រឹមត្រូវ។ ពេលនោះយើងអាច ចៀសផុតពីជំងឺមហារីកមាត់ស្បូនបានយ៉ាងពិតប្រាកដ។   បកស្រាយដោយ អ្នកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា  វេជ្ជបណ្ឌិតជំនាញរោគស្រ្តី និងជាប្រធានអគារផ្នែករោគស្រ្តីនៃមន្ទីរពេទ្យព្រះកុសុមៈ និងចូលរួម បកស្រាយអំពីប្រធានបទ«ជំងឺមហារីកមាត់ស្បូន»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការដឹកនាំប្រកបដោយប្រសិទ្ធភាព គឺជាផ្នែកមួយនៃកត្តាជំរុញដ៏សំខាន់បំផុតនៅពីក្រោយការបំពេញការងារ។ ក្រុមហ៊ុនដែលទទួលបានភាពជោគជ័យ តែងតែជ្រើសរើសយកអ្នកដឹកនាំដែលមានជំនាញផ្សេងៗគ្នាសម្រាប់តំណែងសំខាន់ៗក្នុងក្រុមហ៊ុនរបស់ពួកគេ។ នាយកប្រតិបត្តិនៃក្រុមហ៊ុនគឺមាន ការយល់ដឹងខ្ពស់ចំពោះចំណុចនេះ ហើយពួកគេតែងតែស្វែងរកអ្នកដែលមានឥរិយាបថល្អ និងមានលក្ខណៈសម្បតិ្តជាអ្នកដឹកនាំដ៏អស្ចារ្យ។    តើលក្ខណៈសម្បតិ្តនៃអ្នកដឹកនាំដ៏ល្អម្នាក់មានអ្វីខ្លះ? តើបុគ្គលិកលក្ខណៈបែបណាខ្លះដែល CEO ម្នាក់ៗត្រូវការសម្រាប់អ្នកដឹកនាំរបស់ពួកគេ? មានការសិក្សាជាច្រើនបានធ្វើឡើង ដើម្បីបកស្រាយពីភាពជាអ្នកដឹកនាំ ហើយនៅក្នុងការសិក្សាទាំងនេះមានការរកឃើញស្រដៀងគ្នាមួយចំនួន បានលេចឡើង។    ខាងក្រោមនេះ គឺជាបុគ្គលិកលក្ខណៈជាអ្នកដឹកនាំទាំង ៥ដែល CEO ឲ្យតម្លៃខ្ពស់បំផុត៖   1. ជំនាញដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព អ្នកដឹកនាំជារឿយៗតែងតែប្រឈមនឹងការលំបាកក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហាជាដើម។ អ្នកដឹកនាំដ៏ល្អចេះសួរនូវសំណួរបានចំគោលដៅ ប្រមូលចងក្រងព័ត៌មាន ផ្តល់ជាជម្រើសផ្សេងៗ និងចេះការវិភាគយ៉ាងម៉ត់ចត់ដើម្បីដោះស្រាយបញ្ហាដែលពួកគេកំពុងតែប្រឈម។ ការបង្ហាញពី សមត្ថភាពរបស់អ្នកក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវ ខណៈពេលដែលអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលមានសម្ពាធខ្លាំង នឹងបញ្ជាក់ កាន់តែច្បាស់ ពីភាពជាអ្នកដឹកនាំរបស់អ្នកទៅកាន់ CEO។    2. ការផ្តោតសំខាន់ទៅលើលទ្ធផល អ្នកដឹកនាំល្អបង្កើតចក្ខុវិស័យ។ ផ្ទុយទៅវិញ ចំពោះអ្នកដឹកនាំដ៏អស្ចារ្យ ពួកគេយកចក្ខុវិស័យនេះមកអនុវត្ត និងធ្វើតាមចក្ខុវិស័យនោះរហូតដល់ ទទួលបានលទ្ធផលដ៏ពិតប្រាកដមួយ។ ទីមួយត្រូវមានចក្ខុវិស័យ និងទីពីរនោះ គឺការបង្វែរនូវចក្ខុវិស័យនោះឲ្យទៅជាលទ្ធផល។ អ្នកត្រូវផ្តោតសំខាន់ទៅលើ លទ្ធផលចុងក្រោយ ចំណាយពេលក្នុងការចូលរួម ដើម្បីកំណត់ផែនការអាទិភាព និងការសម្រេចឲ្យបាននូវលទ្ធផលទាំងនោះ។    3. គាំទ្រ និងជួយអ្នកដទៃ នៅក្នុងភ្នែករបស់នាយកប្រតិបត្តិ អ្នកដឹកនាំគំរូម្នាក់ គឺជាអ្នកដែលចេះគាំទ្រ និងយកចិត្តទុកដាក់ពីអ្នកដទៃ។ វាហាក់ដូចជាសាមញ្ញបន្តិចមែន ប៉ុន្តែ វាពិតជាមានសារៈសំខាន់ណាស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនមួយ។ អ្នកដឹកនាំប្រភេទនេះនឹងធានាឲ្យបានថាបុគ្គលិកម្នាក់ៗនឹងពេញចិត្ត ក្នុងការចូលរួមសកម្មភាពផ្សេងៗរបស់ក្រុមហ៊ុន មានភាពរីករាយ ធ្វើការប្រកបដោយផលិតភាព និងផ្តោតសំខាន់ទៅលើការសម្រេចឲ្យបានលទ្ធភាពល្អៗ ជាជាងការអង្គុយចាំភាពព្រួយបារម្ភ ភ័យខ្លាច ឬមានអារម្មណ៍អវិជ្ជមាន។   4. លើកទឹកចិត្តឲ្យបុគ្គលិកបញ្ចេញទស្សនៈខុសៗគ្នារបស់ពួកគេ ប្រសិនបើអ្នកអាចទុកភាពអាត្មានិយម ប្រកាន់យកតែគំនិតរបស់អ្នកមួយឡែកសិន ហើយយកចិត្តទុកដាក់ស្ដាប់នូវទស្សនៈ និងគំនិតរបស់អ្នកដទៃ នោះវាអាចបញ្ជាក់បានថាអ្នកមាននូវលក្ខណៈសម្បតិ្តជាអ្នកដឹកនាំដ៏អស្ចារ្យមួយ។ នៅពេលដែលជ្រើសរើសយកគំនិតល្អៗពីក្នុងចំណោមគំនិតទាំងអស់ ហើយនៅដំណាក់កាលចុងក្រោយនោះ គឺការសម្រេចចិត្ត ប៉ុន្តែដំណើរការនេះគួរតែរួមបញ្ចូលការវាយតម្លៃដោយស្មោះត្រង់តាមវិធី និងជម្រើសខុសៗគ្នា។    5. អ្នកត្រូវចងចាំថាតំណែងរបស់អ្នកអាចបាត់បង់ អ្នកប្រហែលជាធ្លាប់បានឮពាក្យមួយឃ្លានេះ «Walk the talk» វាមានន័យថាការបង្ហាញនូវអ្វីដែលអ្នកបាននិយាយដោយសកម្មភាពរបស់អ្នក។ វាពិតជាសំខាន់ណាស់សម្រាប់អ្នកដឹកនាំដ៏ល្អមួយ។ ដើម្បីធ្វើឲ្យនាយកប្រតិបតិ្តមានការចាប់អារម្មណ៍ទៅលើអ្នក អ្នកត្រូវតែមានភាពជឿជាក់លើ ការងាររបស់អ្នក និងតែងតែមានទស្សនវិស័យនៅជាប់ខ្លួនជានិច្ច។ វាមិនជាបញ្ហានោះទេក្នុងការមិនយល់ស្របជាមួយគំនិតអ្នកដទៃ ហើយបង្ហាញ មតិផ្ទុយគ្នាពីគេ ប៉ុន្តែលុះត្រាតែអ្នកពេញចិត្តនឹងក្រុមហ៊ុនរបស់អ្នកដែរ ហើយកាលដែលអ្នកធ្វើដូច្នេះគឺដើម្បីតែក្រុមហ៊ុនល្អ បើមិនដូច្នោះទេ អ្នកប្រហែលជាមិនស័ក្តិសមនឹងតំណែងជាអ្នកដឹកនាំថ្មីនេះទេ។   CEO ដែលមានជំនាញមួយរូប គឺតែងតែមានចិត្តគំនិតបើកចំហក្នុងការស្វែងរកអ្នកដឹកនាំដ៏ល្អសម្រាប់ក្រុមហ៊ុនរបស់ពួកគេ។ ប្រសិនបើអ្នកមាន បុគ្គលិកលក្ខណៈនៃអ្នកដឹកនាំដ៏អស្ចារ្យទាំង៥នេះ នោះអ្នកនឹងមានឱកាសច្រើន។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

​​អាល្លែកហ្ស៊ីស្បែកជាពាក្យបច្ចេកទេសពេទ្យដែលយើងអាចប្រែជាភាសាខ្មែរបានថាជំងឺប្រតិកម្មស្បែក។ អាល្លែកហ្ស៊ីស្បែកជាជំងឺប្រតិកម្មស្បែកដែលមាន បញ្ហាធ្វើឲ្យស្បែកយើងរលាករមាស់ ឬក៏មានបញ្ហាអ្វីមួយទៅលើស្បែកខុសប្រក្រតីហើយអាចមានកម្រិតស្រាល និងកម្រិតធ្ងន់។  ប្រេវ៉ាឡង់នៃអ្នកកើតជំងឺនេះតាមការសន្និដ្ឋានជាបឋមឃើញថាភាគច្រើនកើតមានលើមនុស្សពេញវ័យទាំងបុរសនិងស្ត្រីដែលអាចវាយតម្លៃទៅប្រហែលជា20%សម្រាប់ប្រទេសកម្ពុជាយើង។ បើយើងនិយាយពីអាល្លែកហ្ស៊ី ឬប្រតិកម្មនេះមានច្រើនប្រភេទផ្សេងៗគ្នាដូចជាអាល្លែកហ្ស៊ីផ្លូវដង្ហើម អាល្លែកហ្ស៊ីទូទៅក្នុងរាងកាយ អាល្លែកហ្ស៊ីស្បែក និងនៅមានប្រភេទអាល្លែកហ្ស៊ីផ្សេងៗទៀត។ ជាមួយគ្នានេះដែរ អាល្លែកហ្ស៊ីស្បែកក៏ជាជំងឺដែលគួរឲ្យ យកចិត្តទុកដាក់ខ្ពស់ផងដែរ។  មូលហេតុបង្ក មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យកើតអាល្លែកហ្ស៊ីដែលយើងអនុញ្ញាតលើកយកមកបង្ហាញជូនមួយចំនួនដូចជា៖ -អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីកម្ទេចកម្ទីនៅក្នុងខ្យល់ (Airbomesubstances) កើតមកពីស្រ្ពៃយ៏បាញ់សម្លាប់ សត្វល្អិត (មូស កន្លាត រុយ)។ ពេលដែលយើងហិតចូលទៅ វាធ្វើឲ្យយើងអាល្លែកហ្ស៊ីស្បែក ឬ ផ្លូវដង្ហើមក៏មាន។ -អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីកម្ទេចក្រណាត់។ ភាគច្រើនវាប៉ះពាល់ចំពោះកម្មការនីរោងចក្រធ្វើការនៅកន្លែងដែលមានកម្ទេចក្រណាត់ហុយ។ ពេលដែលវាមកប៉ះនឹងស្បែក​ ឬត្រូវបានស្រូបតាមប្រដាប់ដង្ហើមវាអាចបង្កឲ្យ ប្រតិកម្មដល់ស្បែក។ -អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីសារធាតុគីមីដែលគេប្រើនៅក្នុងស្បែកជើង ឬសម្លៀកបំពាក់ក៏អាចធ្វើស្បែកមានកន្ទួលរមាស់នៅពេលដែលយើង ពាក់ឬប្រើប្រាស់វា។ -អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីការប្រើប្រាស់ផលិតផល Cosmetic មួយចំនួន។ យើងដឹងស្រាប់ហើយថា ថ្នាំលាប លេជួយបង្កើន​សម្រស់ ថ្នាំជម្រុះរោម ដែលបច្ចុប្បន្នមានយ៉ាងច្រើនសន្ធឹកនៅលើទីផ្សារក៏អាចធ្វើឲ្យមានប្រតិកម្មស្បែកដែរ។ បន្ថែមលើនេះ ពពួកនេលផូលីស(NailPolish) ដូចជា ប្រដាប់ខាត់ក្រចក ថ្នាំបំបាត់ក្លិន ​ថ្នាំប្ដូរពណ៏សក់  ទឹកអប់ ថ្នាំដែលប្រើនៅបន្ទាប់ទឹកសាប៊ូដុះខ្លួនជាដើម សុទ្ធតែអាចបង្កឲ្យមានអាល្លែកហ្ស៊ីស្បែកបាន។ -អាល្លែកហ្ស៊ីបណ្ដាលមកពីសារធាតុនៅក្នុងរោងចក្រ (ផ្លាស្ទិក) សារធាតុផ្សំមួយចំនួននៅក្នុងថ្នាំលាបរឺត បំបាត់ឈឺដៃជើង ម្សៅឡាក់ទិច (ក្នុងស្រោមដៃ ស្រោមអនាម័យ ប៉េងប៉ោង)។ -អាល្លែកហ្ស៊ីបណ្ដាលមកពីការបរិភោគចំណីអាហារ ជាពិសេសអាហារមួយចំនួនដូចជា ត្រី បង្កងសមុទ្រ បង្គា ក្តាម លៀស ខ្យង ស្រាបៀរ ។ល។ -អាឡែកស៊ីបណ្ដាលមកពីមូលហេតុផ្សេងទៀតមាន៖ ការពាក់នាឡិកាដៃ ខ្សែក ខ្សែដៃ សារធាតុម្សៅនៅក្នុងខ្សែភ្លើង ជ័រស្វាយ កាំរស្មីថតស្កែន (មិនមែនទាំងអស់នោះទេ) ត្រូវកម្ដៅថ្ងៃយូរ ពពួកសត្វសង្កើច អាត់ ក៏សុទ្ធតែអាចធ្វើឲ្យប្រតិកម្មស្បែកដែរ។ រោគសញ្ញា ដោយឡែក ចំពោះរោគសញ្ញានៃជំងឺអាល្លែកហ្ស៊ីវិញមានខុសៗគ្នាអាស្រ័យលើមូលហេតុដែលបង្កជំងឺឡើង។ ឧទាហរណ៏អ្នកជំងឺគាត់អាល្លែកហ្ស៊ីដោយការប្រើទឹកអប់ ឬសាប៊ូដុសខ្លួន។ នៅពេលដែលគាត់ប្រើ ឬដុសវាត្រង់ណា គាត់នឹងមានកន្ទួលរមាស់ ត្រង់កន្លែងនោះ។  ស្របគ្នានេះអ្វីដែលអាចកត់សម្គាល់បាននោះគឺនៅពេលដែលលោកអ្នកមានអាល្លែកហ្ស៊ីស្បែក លោកអ្នកអាចមានបញ្ហាលើស្បែក ដូចជា អាចឈឺអាចរមាស់អាចឡើងកន្ទួលក្រហមឬក៏មានមេរោគអ្វីមួយបង្កពីលើវាទៅជាខ្ទុះក៏ថាបាន។ ជាងនេះទៅទៀត រោគសញ្ញទាំងអស់អាចនឹង វិវឌ្ឍទៅជាជំងឺផ្សេងៗ បើយើងព្យាបាលមិនបានទាន់ពេលវេលា។ វិធីព្យាបាល ពិតណាស់អាល្លែកហ្ស៊ីស្បែកជាជំងឹដែលមិនអាចព្យាបាលអោយជាសេះស្បើយបានទេ​។ យើងមានវិធីព្យាបាល២ប្រភេទធំៗ គឺ៖  -វិធីទី១ទាមទារឲ្យដឹងថា តើមានមូលហេតុអ្វីដែលបណ្ដាលឲ្យលោកអ្នកកើតប្រតិកម្មលើស្បែក។ ពេលដឹងពីប្រភពបង្កហេតុ ហើយគ្រាន់តែចៀសវាង មូលហេតុ នោះទៅអាចគេចផុតពីបញ្ហាបានហើយ។ -វិធីទី២គឺ៖ពេលមានបញ្ហាស្បែកដោះស្រាយដោយខ្លួនឯងមិនចេញយើងត្រូវមកទទួលយកការប្រឹក្សាយោបល់ព្យាបាលពីគ្រូពេទ្យឯកទេសខាងរោគសើស្បែក។ គ្រូពេទ្យនឹងបង្ហាញពីវិធីដោះស្រាយបញ្ហាដែលកើតមាននៅលើស្បែកលោកអ្នកឲ្យលោកអ្នកប្រើប្រាស់ថ្នាំព្យាបាលពេលខ្លះមានស្រ្ពៃយ៏បាញ់ពេលខ្លះត្រូវ ប្រើថ្នាំគ្រាប់ញុំា ពេលខ្លះថ្នាំលាបជាដើម។ ជារួមយើងមិនដឹងថាស្បែកមនុស្សម្នាក់ៗមានប្រតិកម្មនឹងសារធាតុអ្វីមួយនោះទេទោះជាគ្រូពេទ្យក៏ដោយ។ ករណីណាមួយដែលយើងញុំា ឬទៅប៉ះសារធាតុ អ្វីមួយបណ្ដាលឲ្យចេញអាល្លែកហ្ស៊ីអ្នកគួរកត់ចំណាំខ្លួនឯងហើយត្រូវតមឬបើមិនអាចជៀសបានអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុន មុននឹងញុំា ឬប្រើប្រាស់នោះឡើងវិញ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺទឹកនោមផ្អែម​គឺជំងឺរ៉ាំរៃ ដែលមិនមែនបង្កឡើងដោយការមេរោគ ឬវីរុសណាមួយឡើយ។ ស្របពេលអត្រាអ្នកក់ើតជំងឺនេះមានការកើនឡើងខ្ពស់ក្នុងប្រទេសកម្ពុជាផងដែរ។ ដូចនេះ ដើម្បីស្វែងយល់បន្ថែមពីជំងឺនេះ តើជំងឺទឹកនោមផ្អែមមានប្រភេទអ្វីខ្លះ កើតឡើងលើមនុស្សប្រភេទណាច្រើនជាងគេ មានរោគសញ្ញា និងផលវិបាកយ៉ាងណាខ្លះ សូមស្តាប់ការបកស្រាយ​ពីលោកវេជ្ជបណ្ឌិត ផិត រ៉ាដា ឯកទេសជំងឺទឹកនោមផ្អែម។  

Share

មហារីក ជាជំងឺកាចសាហាវមួយ ប៉ុន្តែជំងឺនេះអាចព្យាបាលជាសះស្បើយ ប្រសិនបើទទួលបានការព្យាបាលទាន់ពេលវេលា។ ជុំវិញបញ្ហានេះ ហេលស៍ថាម បានលើកយកប្រធានបទជំងឺមហារីកបំពង់ក ដែលមានវត្តមានលោកសាស្រ្តចារ្យវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ជាវេជ្ជបណ្ឌិតជំនាញជំងឺត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង។    និយមន័យ  ដោយឡែកចំពោះប្រធានបទនេះ យើងសូមលើកយកតែមហារីកបំពង់កផ្នែកខាងលើមកបង្ហាញតែប៉ុណ្ណោះដែលភាសាពេទ្យហៅថា «ជំងឺមហារីកកាហ្វូម Cancer Cavum» ។ ជំងឺមហារីកកាហ្វូមនេះជាជំងឺម៉្យាងដែរមានប្រភេទជា Squamous Cell Carcinoma ដែលកើតមានភាគច្រើននៅក្បែរ ត្រចៀកផ្នែកខាងក្នុង។    រោគសញ្ញា យើងធ្វើការពិនិត្យជំងឺមហារីកបំពង់កនេះដោយប្រើឧបករណ៍បើកច្រមុះ ឬបំពង់ក ឬម៉ាស៊ីនអង់ដូស្កូបជាដើម។ ចំពោះសញ្ញានោះអ្នកជំងឺអាចជួបប្រទះ អាការៈសំខាន់ៗបីយ៉ាងដូចជា៖ -ទី១ ឧស្សាហ៍កើតឈាមច្រមុះញឹកញាប់៖ ជាការហូរឈាមតិចតួចលាយឡំគ្នានឹងសំបោរ ខ្ទុះ និងតឹងច្រមុះផង (ភាគច្រើនកើតតែម្ខាងប៉ុណ្ណោះ)។  -ទី២ ហឹងត្រចៀកម្ខាង៖ បើឈាមច្រមុះខាងណាក៍បណ្តាលឲ្យហឹងត្រចៀកខាងនោះដែរ។ អាការៈហឹងត្រចៀកនេះគឺបណ្តាលមកពីជំងឺមហារីក នេះវាកើតឡើងទៅបិទជិតរន្ធត្រចៀក។ -ទី៣ ឈឺក្បាល និងស្រវាំងភ្នែក៖ អ្នកជំងឺមានអាការៈឈឺចាប់ក្នុងក្បាល និងមានបញ្ហាភ្នែក (វិបត្តិគំហើញស្រវាំងភ្នែក) ។   មូលហេតុបង្ករោគ ចំពោះមូលហេតុបង្ករោគវិញ ជំងឺមហារីកបំពង់កកើតឡើងដោយសារប្រភេទមេរោគម៉្យាងដែលឲ្យឈ្មោះថា Epstein Barr Virus (EBV) តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រមួយចំនួនបង្ហាញថា ជួនកាលជំងឺនេះក៏អាចជាប់ទាក់ទងនឹងប្រភេទមេរោគម៉្យាងទៀតត្រូវបានគេហៅថា យូមិនផ្លូម៉ាវីរុស (HIV16)។ ដោយឡែកក្រៅពីមេរោគសំខាន់ពីរនេះ ក៏នៅមានមូលហេតុមួយចំនួនទៀតដែលសុទ្ធតែជះឥទ្ធិពលដល់ការកើត មានជំងឺមហារីកបំពង់កនេះដូចជាទម្លាប់នៃការទទួលទានសាច់ច្រើនប្រភេទត្រីប្រឡាក់ ត្រីងៀត វត្ថុផ្អាប់ អាហារហិរជាដើម។ ដទៃពីនេះ ការរស់នៅ ក្នុងមជ្ឈដ្ឋានតំបន់មួយចំនួនដូចជាអាហ្វ្រិក ចិនខាងត្បូង និង ហ្សែន ក៏ជាកត្តាមួយនៃកើតជំងឺនេះដែរ។ ចំណែកចំនុចពិសេសមួយនៃជំងឺនេះវិញគឺ វាមិនជាប់ទាក់ទងនឹងការពិសាស្រា ឬជក់បារីដូចជាប្រភេទជំងឺមហារីកដទៃឡើយ។    ផលប៉ះពាល់ បើនិយាយពីផលប៉ះពាល់នៃជំងឺមហារីកបំពង់កវិញ គឺវាមានបញ្ហាធំណាស់ដែរគួរឲ្យព្រួយបារម្ភ។ វាបណ្តាលឲ្យអ្នកជំងឺមានបញ្ហាផ្នែកសុខភាពធ្ងន់ធ្ងរ និង ពិបាកក្នុងការរស់នៅ។ ជំងឺនេះធ្វើឲ្យសុខភាពអ្នកជំងឺចុះទ្រុឌទ្រោមបន្តិចម្តងៗទៅតាមការវិវឌ្ឍរបស់វា។ ជាទូទៅ ដំណាក់កាលវិវឌ្ឍនៃជំងឺមាន ៤ គឺ៖  -ដំណាក់កាលទី១ ៖ អ្នកជំងឺមិនសូវជួបផលវិបាកប៉ុន្មានទេ គឺគ្រាន់តែមានបណ្តាលឲ្យហូរឈាមច្រមុះ ហឹងត្រចៀកជាដើម។  -ដំណាក់កាលទី២ ៖ អ្នកជំងឺរងការលំបាកផ្នែកសុខភាពធ្ងន់ធ្ងរជាងមុនបន្តិចដោយសារមេរោគវារីករាលដាលទៅផ្នែកសងខាងជុំវិញបំពង់ក។  -ដំណាក់កាលទី៣ និងទី៤ ៖ សភាពអ្នកជំងឺកាន់តែដុនដាបទៅៗ រហូតដល់ពេលវេលាមួយដែលមិនអាចសង្គ្រោះបាន។    អត្រាអ្នកកើត តាមការស្រាវជ្រាវកន្លងមកគេឃើញថា ជំងឺនេះច្រើនកើតលើមនុស្សប្រុសច្រើនជាងមនុស្សស្រី។ ចំពោះអាយុវិញផ្លាស់ប្តូរទៅតាមតំបន់។ គេសង្កេតថា ប្រជាជននៅអាស៊ីយើងច្រើនកើតលើវ័យកណ្តាល នៅអាហ្វ្រិកច្រើនកើតនៅលើក្មេង ហើយនៅអាមេរិកមាន២ករណីគឺ ក្មេងច្រើននៅចន្លោះអាយុ ១៥ ទៅ ២៤ឆ្នាំ និងមនុស្សចាស់កើតនៅចន្លោះអាយុ ៦៥-៧៩ឆ្នាំ។ ដោយឡែក ភាគរយអ្នកកើតជំងឺនេះក្នុងចំនោមមនុស្ស១សែននាក់ដូចគ្នា ឃើញថានៅអាស៊ី យើងកើតមានពី ៨-១២នាក់ នៅចិនភាគខាងត្បូងមាន២០នាក់ នៅអឺរ៉ុបមានត្រឹមតែ ០.៥-២នាក់ប៉ុណ្ណោះ។   ការព្យាបាល ការព្យាបាល គឺទាក់ទងទៅនឹងកម្រិតជាក់ស្តែងរបស់ជំងឺ។ បើអ្នកជំងឺស្ថិតនៅក្នុងកម្រិតទាប (កម្រិតទី១-២) ការព្យាបាលអាចមានលទ្ធភាពជាសះស្បើយ បានច្រើន។ ទោះជាយ៉ាងណាក្តី លោកអ្នកអាចយល់បានថាជំងឹមហារីកភាគច្រើនមិនអាចព្យាបាលឲ្យជាដាច់ ១០០ ភាគរយបានឡើយ។ វេជ្ជបណ្ឌិតជំនាញ មានលទ្ធភាពព្យាបាលបានត្រឹមបន្ធូរការឈឹចាប់ ឬពន្យារការរស់របស់លោកអ្នកឲ្យបានយូរប៉ុណ្ណោះ។ ចំនែកវិធីសាស្ត្រនៃការព្យាបាលមាន ៣ យ៉ាងគឺ ការព្យាបាលដោយប្រើថ្នាំគីមី កាំរស្មី និងជាការវះកាត់កូនកណ្តុរ។ មានតែវេជ្ជបណ្ឌិតជំនាញតែមួយគត់ជាអ្នកសម្រេចជ្រើសរើស វិធីណាមួយក្នុង ការព្យាបាលជំងឺនេះ។ ទន្ទឹមនេះ ករណីទុកអ្នកជំងឺឲ្យកាន់តែធ្ងន់ធ្ងរ (ដំណាក់កាលទី៣-៤) ទោះមានការព្យាបាលក្តី ក៏រយៈពេលរស់របស់អ្នកជំងឺមិនបាន យូរប៉ុន្មានដែរ។   ការចៀសវាង វិទ្យាសាស្រ្តយើង មិនទាន់បានរកឲ្យច្បាស់ថាត្រូវធ្វើយ៉ាងណាដើម្បីការពារបង្ការជំងឺមហារីកបំពង់កនេះឡើយ។ ប៉ុន្តែយើងឃើញថាមូលហេតុបង្កមានច្រើន  ដូច្នោះ ការបង្ការនោះគឺ មានតែធ្វើយ៉ាងណារស់នៅស្អាត ហើយចៀសវាងនូវចំណីអាហារដូចជា ត្រីឆ្អើរ ត្រីងៀត ត្រីប្រឡាក់ ជាតិហិរជាដើម ។ ជាមួយគ្នានេះ បើសិនជាយើងមានការសង្ស័យពីរោគសញ្ញាមហារីកបំពង់កយើងត្រូវរួសរាន់ទៅពិនិត្យរោគវិនិច្ឆ័យដើម្បីអាចស្រាវជ្រាវជំងឺទុកមុនទាន់ពេលវេលាទើបមិនប៉ះពាល់ធ្ងន់ធ្ងរ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ខាងក្រោមនេះជាកិច្ចសន្ទនារវាងស្រ្តីមួយរូបដែលបានថ្លោះថ្លោយមានកូនទីពីរ ទាំងដែលកូនទីមួយរបស់គាត់មិនទាន់មានអាយុ១ឆ្នាំផង ជាមួយនឹងវេជ្ជបណ្ឌិតមួយរូប… ស្រ្តី ៖ «អ្នកគ្រូពេទ្យ...ខ្ញុំមានបញ្ហាមួយដ៏ធ្ងន់ធ្ងរយ៉ាងខ្លាំង និងត្រូវការជំនួយពីអ្នកគ្រូ ។កូនរបស់ខ្ញុំមិនទាន់មានអាយុគ្រប់មួយឆ្នាំផង ស្រាប់តែឥឡូវនេះខ្ញុំចាប់ផ្ដើមមានទម្ងន់សារជាថ្មីម្ដងទៀត។ ខ្ញុំមិនទាន់ចង់មានកូនញឹកដូចនេះទេ»  អ្នកគ្រូពេទ្យ ៖ «OK តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីទៅ ? » ស្រ្តី ៖ « ខ្ញុំចង់ឲ្យអ្នកគ្រូរំលូតកូនខ្ញុំចេញ ហើយខ្ញុំនឹងឲ្យថ្លៃក្នុងការដែលអ្នកគ្រូជួលខ្ញុំ»។ អ្នកគ្រូពេទ្យបានគិតមួយភ្លែតយ៉ាងស្ងាត់ស្ងៀម ក៏បានឆ្លើយតបទៅ វិញថា«ខ្ញុំគិតថាខ្ញុំមានដំណោះស្រាយមួយយ៉ាងល្អប្រសើរសម្រាប់បញ្ហានេះ ហើយក៏មិនមានបញ្ហាធ្ងន់ធ្ងរសម្រាប់អ្នកផងដែរ»។ នាងក៏បានញញឺមហើយគិតថាអ្នកគ្រូពេទ្យនឹងព្រមទទួលនៅសំណើររបស់នាង ។ អ្នកគ្រូពេទ្យ ៖ « អ្នកដឹងថា អ្នកមិនអាចមើលថែរក្សាកូនពីរនាក់នៅពេលតែមួយបាននោះទេ  ដូចនេះហើយ អ្នកអាចសម្រេចចិត្តសម្លាប់កូនម្នាក់ក្នុងដៃរបស់នាងទៅ វិធីនេះអ្នកគួរតែអាចសម្រាកបានខ្លះមុនពេលដែលកូនម្នាក់ទៀតកើតមក។ ប្រសិនបើអ្នកសម្លាប់នរណាម្នាក់ក្នុងចំណោមពួកគេទាំងពីរ គឺវាដូចតែគ្នា។ ប៉ុន្តែអ្នកនឹងមិនមានបញ្ហានៅក្នុងរាងកាយរបស់អ្នកប្រសិនបើអ្នកសម្រេចចិត្តសម្លាប់កូននៅក្នុងដៃរបស់អ្នក» នាងមានអារម្មណ៏តក់ស្លុត និង ភ័យខ្លាចយ៉ាងខ្លាំងហើយក៏និយាយថា ៖ ស្រ្តី ៖ «ទេ…អ្នកគ្រូខ្ញុំមិនអាចធ្វើដូចនេះបានទេ ពិតជាសាហាវ និងភ័យខ្លាចខ្លាំងណាស់» អ្នកគ្រូពេទ្យ ៖ « ការសម្លាប់ក្មេងដែលបានកើតហើយ និងក្មេងដែលនៅក្នុងស្បូននោះទាំងនេះគឺជាឧក្រិដ្ឌកម្មដូចគ្នា» ចំពោះបញ្ហានេះ សំណួរអាចចោទសួរទៅលើបុគ្គល២ប្រភេទ៖ ១​ សម្រាប់អ្នកជាម្តាយមួយរូបដូចជាស្រ្តីក្នុងសាច់រឿងខាងលើ តើអ្នកនឹងគិតយ៉ាងណាដែរ? តើអ្នកនឹងធ្វើការសម្រេចចិត្តបែបណា? ២ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលវិញ តើអ្នកគិតយ៉ាងដូចម្តេចដែរ ចំពោះការផ្តល់ដំបូន្មានរបស់វេជ្ជបណ្ឌិតនេះ? ប្រសិនបើអ្នកជួបប្រទះនឹងបញ្ហានេះ តើអ្នកនឹងធ្វើការឆ្លើយតបបែបណជាមួយស្រ្តីជាម្តាយ? ប្រភព ៖ បន្ទប់ពិគ្រេាះជំងឺកុមារ វត្តអង្គតាមិុញ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការស្វែងរកសេវាសុខភាពនៅតាមមន្ទីរពេទ្យ ឬគ្លីនិកណាមួយដែលអាចទុកចិត្តបាន និងស័ក្តិសមបំផុតសម្រាប់បុគ្គលម្នាក់ៗបាន និងកំពុងក្លាយជាបញ្ហាចោទមួយ។ ស្របពេលជាមួយគ្នានេះ យើងក៏ឃើញមានលំហូរនៃការស្វែងសេវាទាំងនេះនៅក្រៅប្រទេស ដោយសារតែហេតុផលមួយពីការយល់ឃើញថា  «ពេទ្យស្រុកខ្មែរអសមត្ថភាព» ។ ប៉ុន្តែ នេះជាការឲ្យតម្លៃតែមួយជ្រុងនៃបញ្ហាប៉ុណ្ណោះ។ ជាក់ស្តែង ទោះបីជាប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍក្តី ប៉ុន្តែវិស័យសុខាភិបាលយើងបាន និងគំពុងតែមានភាពល្អប្រសើរជាបន្តបន្ទាប់។  ជំនួសឲ្យការលែងមានជំនឿជាក់លើវិស័យមួយនេះ តើអ្នកធ្លាប់គិតទេថា អ្នកក៏អាចជាចំណែកមួយនៃការអភិវឌ្ឍវាឲ្យបានល្អប្រសើរ និងឈានទៅមុខដែរឬទេ? ទង្វើមួយដែលអ្នកអាចធ្វើបាននោះ គឺការបញ្ចេញនូវមតិយោបល់ក្នុងន័យស្ថាបនាទៅលើគុណភាព និងដំណើរការនៃសេវាដែលអ្នកធ្លាប់បានទទួល។      តើមតិយោបល់របស់អ្នកអាចបញ្ចេញឡើងក្នុងរូបភាពណាខ្លះ? ប្រាកដណាស់ មតិយោបល់ដែលមានប្រសិទ្ធភាពគួរតែត្រូវបានផ្តល់ជូនដោយផ្ទាល់រវាងអ្នកជងឺទៅកាន់វេជ្ជបណ្ឌិត ក៏ដូចជាអ្នកផ្តល់សេវាសុខភាព។ ប្រសិនបើមិនមានពេលជួបផ្ទាល់ ធ្វើយ៉ាងណាអាចប្រាប់ដល់ពួកគាត់បាន? អរគុណដល់បច្ចេកវិទ្យា…ជាមួយនឹងគេហទំព័ររបស់ហេលស៍ថាម www.heathtime.tips និងកម្មវិធីទូរស័ព្ទឈ្មោះថា Healthogo ដែលជាជម្រើសទីមួយសម្រាប់ការស្វែងរកគ្លីនិកនៅកម្ពុជា លោកអ្នកអាចធ្វើការវាយតម្លៃទៅលើសេវាសុខភាពដែលលោកអ្នកធ្លាប់បានប្រើប្រាស់ ក៏ដូចជាទទួល។ ហេតុអ្វីគួរបញេ្ចញមតិយោបល់ទាំងនោះ?  តាមការពិតទៅ គ្រប់គ្នាសុទ្ធតែមានចំណែកក្នុងការកែលំអ និងអភិវឌ្ឍវិស័យស្នូលមួយនេះ។ ជាក់ស្តែងណាស់ ក្រៅពីអ្នកផ្តល់សេវាសុខភាពផ្ទាល់ លោកអ្នកដែលជាអ្នកទទួលសេវាទាំងនោះពីពួកគាត់ គឺមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកនេះ។  ទាំងនេះ ជាអ្វីដែលអាចនឹងកើតមាន ប្រសិនបើអ្នកជ្រើសរើសចូលរួមជាមួយពួកយើងក្នុងការរិះគន់ដើម្បីស្ថាបនា ៖  -ការកែតម្រូវនូវចំណុចខ្វះខាត និងខុសឆ្គងឲ្យបានល្អប្រសើរឡើងវិញ និងសមរម្យតាមអ្វីដែលអ្នកជំងឺចង់បានបច្ចុប្បន្ន ដូចជា សេវាកម្មសុខភាព គុណភាពព្យាបាល ទំនាក់ទំនង ជាដើម -ការលើក និងជំរុញទឹកចិត្តគ្រូពេទ្យក្នុងការព្យាបាលជំងឺឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការពង្រីកការស្រាវជ្រាវ ដើម្បីពង្រឹងចំណេះដឹងក្នុងការព្យាបាល... -ក្រោយពេលមានការកែតម្រូវ និងប្រឹងប្រែងបន្ថែមពីសំណាក់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ប្រាកដណាស់ នឹងមានការអភិវឌ្ឍវិស័យសុខាភិបាល -ការសម្រួលដល់អ្នកជំងឺដទៃទៀតក្នុងការសម្រេចចិត្តជ្រើសរើសគ្លីនិក ឬមន្ទីរពេទ្យ តាមរយៈការពិចារណាទៅលើពិន្ទុ មតិយោបល់ សេវាកម្ម ក្រុមការងារ-ល- -ការបង្កើនទំនុកចិត្តនៃប្រជាជនកម្ពុជាទៅលើស្ថាប័នផ្តល់សេវាសុខភាពក្នុងប្រទេសមួយចំនួនដែលពិតជាអាចទុកចិត្តបាន និងមានគុណភាព  ដែលជាការរួមចំណែកមួយក្នុងការកាត់បន្ថយនូវការចំណាយធនធាន (ពេលវេលា និងទ្រព្យសម្បត្តិ) ក្នុងការទទួលយកសេវាព្យាបាលនៅក្រៅប្រទេស។ តើអាចចូលរួមបានដោយរបៀបណា? គ្រាន់តែចូលទៅគេហទំព័រ ឬកម្មវិធីទូរស័ព្ទរបស់ហេលស៍ថាម រួចចូលទៅកាន់គ្លីនិកដែលលោកអ្នកចង់ផ្តល់ពិន្ទុ និងមតិយោបល់… សម្រាប់ពិន្ទុ គឺនឹងត្រូវបានគិតដូចខាងក្រោម ៖  = -2  = -1  = 1  = 2  = 3 (រូប តំណាងឲ្យនិមិត្តសញ្ញាផ្កាយនៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់យើង) ជាថ្មីម្តងទៀត យើងគ្រប់គ្នាសុទ្ធតែជាចំណែកនៃការលើកកម្ពស់វិស័យមួយនេះ…ចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជា!!! គេហទំព័រ www.healthtime.tips   កម្មវិធីទូរស័ព្ទ Healthogo iOS        : https://appsto.re/us/qLyZkb.i Android  : ឆាប់ៗនេះ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

យើងម្នាក់ៗបានចំណាយពេលមួយភាគបីនៃរយៈពេញមួយថ្ងៃរបស់យើងបំពេញការងារនៅកន្លែងធ្វើការ។ និយាយទៅ វាមានរយៈពេលយូរគួរសម ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាពេលវេលាដើរលឿន ប្រសិនបើយើងរីករាយនឹងធ្វើការងារនោះ។ ដើម្បីធ្វើឲ្យមានភាពរីករាយនៅកន្លែងធ្វើការប្រហែលជាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាអាចធ្វើទៅបាន។ សម្រាប់រូបខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ គឺបានចាត់ទុកការិយាល័យដូចជាផ្ទះ ហើយមិត្តរួមការងារជាគ្រួសាររួចទៅហើយ ហេតុដូចនេះហើយ ការងារមិនមែនជាសម្ពាធ តែវាប្រៀបបានជាកម្លាំងជំរុញទឹកចិត្តឲ្យគ្រួសារមួយនេះដើរឆ្ពោះទៅកាន់គោលដៅរួមមួយជាមួយគ្នា។ វាជាការពិតដែលថាម្នាក់ៗមានវិធីសាស្រ្តផ្សេងគ្នាក្នុងការធ្វើការងារ ហើយខ្ញុំក៏មិនមែនជាអ្នកជំនាញអ្វីដែរ គ្រាន់តែថ្មីៗនេះ បានអាននូវអត្ថបទមួយដែលគិតថានឹងអាចជួយដល់អ្នកធ្វើការងារបានច្រើន ជាពិសេសអ្នកដែលកំពុងតែមានអារម្មណ៍មិនល្អចំពោះកន្លែងធ្វើការរបស់ខ្លួនដោយប្រការណាមួយ។ ក្នុងនោះ គេបានលើកនូវវិធីសាស្ត្រ៥យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបង្កើតឲ្យមាននូវភាពរីករាយនៅកន្លែងធ្វើការរបស់ខ្លួន ដែលមានដូចខាងក្រោម៖ 1.កំណត់គោលដៅតូចៗ៣ជារៀងរាល់ថ្ងៃ ជួនកាល វាអាចនឹងពិបាកបន្តិចក្នុងការធ្វើឲ្យខ្លួនអ្នកមានយល់ថា អ្នកកំពុងតែធ្វើឲ្យគម្រោងការមានដំណើរការក្នុងពេលដែលមានការរំខានមិនចេះចប់មិនចេះហើយនៃការទទួលអ៊ីម៉ែល ការហៅទូរស័ព្ទ និងការផ្តល់អាទិភាពទៅលើការងារជាដើម។   អ្នកអាចកំណត់នូវចំណុចតូចៗ៣យ៉ាងដែលអ្នកចង់សម្រេចឲ្យបានជារៀងរាល់ថ្ងៃ ហើយបន្ទាប់មកគូសវាចេញនៅពេលដែលអ្នកបានធ្វើវារួច។ ការធ្វើដូចនេះអាចរំលឹកខ្លួនអ្នកអំពីដំណើរការការងារដ៏អស្ចារ្យដែលអ្នកកំពុងធ្វើ។ 2.ចៀសវាងគំនិតអវិជ្ជមាននៅកន្លែងធ្វើការ មិនថាអ្នករីករាយប៉ុណ្ណាទេ ភាពអវិជ្ជមាន ការនិយាយដើមគ្នា និងការត្អូញត្អែររបស់អ្នករួមការងារអាចប៉ះរពាល់ដល់ថាមពលរបស់អ្នក។ ផ្ទុយមកវិញ អ្នកគួរតែព្យាយាមរាប់អានជាមួយអ្នករួមការងារណាដែលមានភាពវិជ្ជមាន រួសរាយរាក់ទាក់ និងអាចផ្តល់នូវទំនាក់ទំនងការងារល្អៗជាដើម។ កាន់តែប្រសើរជាងនេះ អ្នកគួរតែធ្វើជាមនុស្សម្នាក់ដែលពោរពេញទៅដោយភាពវិជ្ជមាន និងចេះយកអាសារអ្នកដទៃ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យការងាររបស់អ្នកកាន់តែប្រសើរ។ 3.ចាត់ទុកកន្លែងធ្វើការអ្នកជារបស់អ្នក ដោយហេតុថា អ្នកនឹងចំណាយពេលវេលាដ៏យូរនៅកន្លែងធ្វើការរបស់អ្នក អ្នកនឹងចូលចិត្តវាប្រសិនបើអ្នកធ្វើឲ្យវាមានផាសុកភាព ស្រស់ស្រាយ និងឆ្លុះបញ្ចាំងពីខ្លួនអ្នក។ អ្នកគួរតែរៀបចាំវាឲ្យមានលក្ខណៈសាមញ្ញ ផ្ទុយទៅវិញ ប្រសិនបើអ្នកពង្រាយនៅកន្លែងដែលអ្នកធ្វើការវិញ វាអាចនាំឲ្យមានការរំខាន។ 4.មានភាពម្ចាស់ការលើការអភិវឌ្ឍវិជ្ជាជីវៈរបស់អ្នក ការអភិវឌ្ឍវិជ្ជាជីវៈនឹងជួយឲ្យអ្នកមានអារម្មណ៍ថាអ្នកបានផ្សារភ្ជាប់នឹងការងាររបស់អ្នក និងធ្វើឲ្យអ្នកក្លាយជាអ្នកជំនាញម្នាក់។ អ្នកគួរតែទទួលយកនូវដំបូន្មានល្អៗពីមេ ឬចៅហ្វាយរបស់អ្នក ប៉ុន្តែអ្នកត្រូវធ្វើជាអ្នកដឹកនាំនៃផ្លូវជីវិតរបស់ខ្លួនអ្នកផ្ទាល់។ អ្នកត្រូវយកចិត្តទុកដាក់ចំពោះគោលដៅរបស់អ្នក ជាជាងផ្តោតអារម្មណ៍លើបច្ចុប្បន្នភាព។ អ្នកគួរតែមានវិធានការជាក់លាក់មួយដែលអាចនាំអ្នកឲ្យទៅដល់គោលដៅរបស់អ្នក។ 5.ផ្ដោតសំខាន់ទៅលើអនាគត ប្រសិនបើអ្នកជួបប្រទះនឹងរឿងមិនល្អប៉ុន្មានថ្ងៃ នោះវាមិនសូវអាក្រក់ទេ ព្រោះថាអ្នកមានគោលដៅដ៏ច្បាស់លាស់ និងមានរយៈពេលដ៏វែងមួយ ហើយអ្នកអាចឃើញថាការងាររបស់អ្នកនាពេលបច្ចុប្បន្ននេះ វាស័ក្តិសមនឹងគោលដៅពេលអនាគតរបស់អ្នក ឬអត់។ អ្នកគួរតែខិតខំធ្វើការនាពេលបច្ចុប្បន្ន តែអ្នកមិនត្រូវបំភ្លេចពីគោលដៅនាពេលអនាគតរបស់អ្នកទេ។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការសម្រេចឲ្យបាននូវគោលដៅយូរអង្វែង (ជាទូទៅ វាអាចមានរយៈពេលពី១ទៅ៣ឆ្នាំ)។ អ្នកគួរតែរៀបចំផែនការដើម្បីសម្រេចគោលដៅរបស់អ្នកដូចខាងក្រោម៖ 1.ធ្វើឲ្យការគិតរបស់អ្នកមានភាពច្បាស់លាស់ និងប្រាកដប្រជា 2.បង្កើតជាផែនការផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯង 3.កំណត់នូវរង្វាន់ និងផលប្រយោជន៍របស់អ្នក 4.កំណត់នូវឧបសគ្គ និងការប្រកួតប្រជែង 5.ធ្វើសេចក្ដីព្រាងទុកចំពោះដំណោះស្រាយនានា 6.បង្កើតជាផែនការក្នុងការអនុវត្ត 7.កំណត់យកនូវវិធីសាស្ត្រក្នុងការតាមដានការវិវត្តនៃផែនការរបស់អ្នក 8.សរសេរចេញមកនូវការតាំងចិត្តដ៏មុតមាំរបស់អ្នក 9.កំណត់ប្រភពធនធាន 10.ធ្វើវាឲ្យបាន យើងគួរតែបង្កើតជាតារាងពេលវេលាមួយសម្រាប់ជំហាននីមួយៗ ហើយអនុវត្តមួយជំហានម្ដងៗ មិនត្រូវបង្ខំឡើយ។ ម្យ៉ាងទៀត ត្រូវប្រាកដថាការងារប្រចាំថ្ងៃរបស់យើង នឹងនាំយើងឲ្យទៅកាន់ជំហានបន្ទាប់នៃផែនការរបស់យើង។ សង្ឃឹមថាគន្លឹះខាងលើនេះ នឹងអាចជួយអ្នកមានអារម្មណ៍ល្អនៅកន្លែងធ្វើការរបស់អ្នក…Happy office hours…

Share

មន្ទីរពេទ្យព្រះអង្គឌួង ផ្តល់ជូនការពិនិត្យ និងព្យាបាលបញ្ហាភ្នែកឡើងបាយ កន្ទុយថ្លែន និងទឹកដក់ក្នុងភ្នែក៖ កាលបរិច្ឆេទ៖​ ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០១៧​ ទីតាំង៖ មន្ទីរពេទ្យព្រះអង្គឌួង ជាន់ទី៣ លក្ខខណ្ឌ៖ ពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ចំពោះអ្នកដែល​បានចុះឈ្មោះជាមុនប៉ុណ្ណោះ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 010 509 701/ 070 777 009/ 070 824 222 ប្រភព៖ https://www.facebook.com/CISACAMBODIA/photos/a.1028039230586036.1073741830.961185963938030/1544309008959053/?type=3&theater

Share

វាគឺជាសញ្ញាដ៏ថ្មីមួយដែលបានបង្ហាញថា «ការទទួលទានស្រាមិនប្រាកដថាអាក្រក់សម្រាប់សុខភាពរបស់អ្នកទាំងស្រុងនោះទេ»។ យោងតាមការស្រាវជ្រាវថ្មីមួយដែលបានសិក្សាទៅលើជនជាតិដាណឺម៉ាកជាង ៧០,០០០នាក់ដែលទទួលទានស្រាក្នុងកម្រិតតិចទៅកម្រិតមធ្យមជាប្រចាំពុំសូវមានទំនោរក្នុងការកើតជម្ងឺទឹកនោមផ្អែមនោះទេ នេះបើប្រៀបធៀបទៅនឹងអ្នកដែលមិនទទួលទានស្រាសោះ។​ សូមបញ្ជាក់ផងដែរថាលទ្ធផលនៃការស្រាវជ្រាវទាំងនេះគឺមិនមែនជាការលើកទឹកចិត្តឲ្យទទួលទានស្រាដោយសេរីដើម្បីលើកកម្ពស់សុខភាពនោះទេ។ ក៏ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានបង្ហាញជាភស្តុតាងថាសម្រាប់អ្នកដែលទទួលទានស្រាក្នុងកម្រិតមធ្យមគឺមិនសូវរងគ្រោះពីជម្ងឺមួយចំនួនដូចជាជម្ងឺសរសៃឈាមបេះដូង និងជម្ងឺទឹកនោមផ្អែមប្រភេទទី២នោះទេ។  ការទទួលទានស្រាជាប្រចាំ និងជំងឺទឹកនោមផ្អែមចំពោះការស្រាវជ្រាវថ្មីនេះ អ្នកស្រាវជ្រាវចង់ដឹងថាតើការទទួលទានស្រាក្នុងកម្រិតប៉ុន្មានដែលអាចនាំឲ្យមានហានិភ័យទាបបំផុតនៃការកើតជំងឺទឹកនោមផ្អែម ហើយវាមានទំនាក់ទំនងជាមួយនឹងប្រភេទនៃស្រា និងភាពញឹកញាប់នៃការទទួលទានស្រាឬអត់? ដោយការប្រើទិន្នន័យពីការស្ទង់មតិនៃការពិនិត្យសុខភាពរបស់ប្រជាជនដាណឺម៉ាក ក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើទម្លាប់នៃការទទួលទានស្រានៃបុរសចំនួន ២៨,៧០៤នាក់ និងស្ត្រីចំនួន ៤១,៨៤៧នាក់ ហើយតាមដានថាតើពួកគេនឹងវិវឌ្ឍទៅជាមានជំងឺទឹកនោមផ្អែម ឬអត់ក្នុងរយៈពេល ៥ឆ្នាំ។ អ្នកស្រាវជ្រាវមិនបានរាប់បញ្ចូលអ្នកដែលកើតជំងឺទឹកនោមផ្អែមរួចហើយ ស្ត្រីមានផ្ទៃពោះនៅពេលចាប់ផ្ដើមនៃការសិក្សា និងមិនបានផ្ដល់ព័ត៌មានអំពីការទទួលទានស្រារបស់ពួកគេទេ។ លទ្ធផលបានបង្ហាញថា អ្នកដែលទទួលទានស្រាពី ៣ទៅ៤ថ្ងៃក្នុងមួយសប្ដាហ៍ កម្រនឹងកើតជម្ងឺទឹកនោមផ្អែមណាស់។ ចំពោះបុរសអ្នកដែលទទួលទានស្រា ១៤កំប៉ុងក្នុងមួយសប្ដាហ៍ មានហានិភ័យទាបបំផុត ហើយចំពោះស្ត្រីវិញគឺអ្នកដែលទទួលទានស្រា ៩កំប៉ុងក្នុងមួយសប្ដាហ៍។ ការសិក្សាបានបង្ហាញថា អ្នកដែលមិនទទួលទានស្រាសោះហាក់ដូចជាហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែម។ អ្នកដែល ទទួលទានស្រាក្នុងកម្រិតមធ្យមមានហានិភ័យទាប ទោះបីជាអ្នកទទួលទានច្រើន (ដល់ទៅ៤០កំប៉ុងក្នុងមួយសប្ដាហ៍សម្រាប់បុរស និង២៨កំប៉ុងក្នុងមួយសប្ដាហ៍សម្រាប់ស្រ្តី) ក៏មានហានិភ័យទាបក្នុងការកើតជំងឺទឹកនោមផ្អែមជាងអ្នកដែលមិនសេពសុរាសោះដែរ។ ហានិភ័យទាបបំផុតអាចមាន លុះត្រាតែអ្នកទទួលទានស្រាជាប្រចាំជារៀងរាល់ថ្ងៃពេញមួយសប្ដាហ៍ មិនមែនទទួលទានតែមួយ ឬពីរថ្ងៃនោះទេ។ ប្រភេទនៃស្រាក៏អាចជាមូលហេតុនៃការកាត់បន្ថយហានិភ័យនេះដែរ។ បុរស និងស្ត្រីដែលទទួលទានស្រាក្រហមអាចមានហានិភ័យទាបបំផុតក្នុងការកើតជំងឺទឹកនោមផ្អែម។ សម្រាប់បុរស ស្រាបៀរក៏អាចកាត់បន្ថយហានិភ័យនេះបានដែរ។ Spirits (ប្រភេទស្រាដូចជា Whiskey, vodkaជាដើម) ហាក់ដូចជាមិនមានប៉ះពាល់ចំពោះបុរសទេ ប៉ុន្តែសម្រាប់ស្ត្រីដែលទទួលទានស្រាប្រភេទនេះចាប់ពី ៧ដងឡើងទៅក្នុងមួយសប្ដាហ៍ អាចនឹងមានការកើនឡើងនូវហានិភ័យនៃការជម្ងឺទឹកនោមផ្អែមវិញ។ យ៉ាងណាមិញ ការសិក្សាមិនបានអនុញ្ញាតិឲ្យអ្នកស្រាវជ្រាវប្រាប់ថា តើអ្នកដែលទទួលទានស្រាមានហានិភ័យទាបក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី១ ឬទី២នោះទេ។ គួរបញ្ជាក់ផងដែរថា ជំងឺទឹកនោមផ្អែមប្រភេទទី ២ជាទូទៅបង្កឡើងដោយកត្តារស់នៅ និងការរារាំងមិនឲ្យរាងកាយពីការប្រើប្រាស់អាំងស៊ុយលីន រីឯជំងឺទឹកនោមផ្អែមប្រភេទទី ១មិនអាចចៀសវាងបានទេព្រោះថារាងកាយមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការសិក្សារបស់ពួកគេគឺផ្តោតលើជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយសារតែពួកគេមិនបានសិក្សាលើអ្នកដែលមានអាយុក្រោម៤០ឆ្នាំនោះទេ (ព្រោះថាជំងឺទឹកនោមផ្អែមប្រភេទទី​ ១គឺកើតមាននៅអាយុក្មេងៗ)។ ក៏មានសម្មតិកម្មមួយដែរថា «ការទទួលទានស្រាក្នុងកម្រិតមធ្យមអាចធ្វើជួយលើកកម្ពស់សុខភាពដោយការបន្ថយសម្ពាធឈាម និង ពង្រីកសរសៃឈាម» ប៉ុន្តែវាមិនប្រាកដទេថាស្រាពិតជាជួយដូច្នេះមែននោះទេ។ នៅពេលដែលនិយាយអំពីសុរា និងសុខភាព យើងដឹង ថាការទទួលទានវាច្រើនពេក គឺមិនល្អសម្រាប់សុខភាពទេ។ ការទទួលទានស្រាក៏ត្រូវបានបង្ហាញថាបានបង្កើនហានិភ័យនៃការកើតជំងឺ មហារីក ដែលការសិក្សាថ្មីៗនេះបានរកឃើញថាមានការផ្សារភ្ជាប់នឹងការកើនឡើងហានិភ័យនៃការកើតជំងឺមហារីកសុដន់សូម្បីតែការ ទទួលទានស្រាបៀរ ឬស្រាក្រហមតែមួយកែវក្នុងមួយថ្ងៃក៏ដោយ។ ក្រុមអ្នកស្រាវជ្រាវមិនមានការគាំទ្រចំពោះការទទួលទានស្រាដើម្បីសុខភាពល្អនោះទេ។ ប៉ុន្តែបើនិយាយអំពីជំងឺទឹកនោមផ្អែមវិញការទទួលទានស្រាក្នុងកម្រិតមួយមធ្យមពេញមួយសប្តាហ៍គឺល្អ។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មានស្ត្រីប្រហែលជាមួយភាគបីដែលមានរោគក្រៀមក្រំក្នុងកំឡុងពេលមានផ្ទៃពោះហើយមានគំនិតចង់សម្លាប់ខ្លួន។ នេះបើយោងតាមការស្រង់មតិដោយសាកលវិទ្យាល័យ Royal College of Midwives and Netmums។ តាមការស្រង់មតិលើមាតាចំនួន 260នាក់ដែលមានរោគក្រៀមក្រំមុនពេលឆ្លងទន្លេបានរកឃើញថាអាការៈបែបនេះអាចធ្វើឲ្យមានការកើនឡើងនៃអត្រាគ្រោះថ្នាក់ជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរជាងស្ត្រីដែលមានរោគក្រៀមក្រំក្រោយពេលឆ្លងទន្លេ។អ្នកជំនាញបាននិយាយថាស្ត្រីដែលមានអាការៈបែបនេះត្រូវការការផ្ដល់កម្លាំងចិត្តច្រើនជាងស្ត្រីធម្មតា។ ស្ថាប័នសុខាភិបាលបានប្រកាសថាទឹកប្រាក់25លានផោននឹងត្រូវចំណាយក្នុងការតែសម្រួលនិងពង្រឹងភាពងាយស្រួលសម្រាប់មាតានិងទារកព័ត៌មាននេះនឹងជួយសម្រួលលើផ្នែកសេវាកម្មសម្រាប់មាតាបិតាដែលរួមចូលទាំងវីដេអូពីរបៀបស្វែងរក ចំណុចនៃរោគក្រៀមក្រំក្រោយពេលឆ្លងទន្លេ។ អាការៈក្រៀមក្រំមុនពេលមានឆ្លងទន្លេដែលកើតមានក្នុងកំឡុងពេលមានផ្ទៃពោះត្រូវបានគេស្គាល់និងនិយាយពីវាតិចជាងអាការៈក្រៀមក្រំក្រោយពេលឆ្លងទន្លេដែលកើតមានឡើងបន្ទាប់ពីទារកប្រសូត។នៅក្នុងការស្រង់មតិនេះបានធ្វើការស្នើសុំចំពោះស្ត្រីដែលមានការប៉ះទង្គិចដោយរោគក្រៀមក្រំក្នុងកំឡុងមានផ្ទៃពោះនឹងទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរពីជំងឺផ្លូវចិត្តជាងស្ត្រីដែលមានរោគក្រៀមក្រំក្រោយពេលឆ្លងទន្លេ។យោងទៅតាមការស្រង់មតិ80%នៃស្ត្រីមានរោគក្រៀមក្រំនេះទៀតក្រោយពេលឆ្លងទន្លេ។ប្រហែលជា56%មានបញ្ហានៅក្នុងពេលមានផ្ទៃពោះដំបូងនិងប្រហែលជា66%បាននិយាយថាពួកគេមានបញ្ហានេះពេលមានផ្ទៃពោះកូនទី២។ស្ត្រីច្រើនជាងពាក់កណ្ដាលបាន និយាយថាជំងឺរបស់ពួកគេបានប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នកម្ដាយនិងកូនហើយ38%មិនសូវ មានភាពជិតស្និទ្ធជាមួយនិងកូនរបស់ពួកគេ។ ស្ត្រីចំនួនត្រឹមតែ 30%ដែលបានទទួលការដាស់តឿនពីពេទ្យឆ្មបទាក់ទងនឹងរោគក្រៀមក្រំមុនពេលឆ្លងទន្លេប៉ុន្តែស្ត្រីជាច្រើនទៀតបាននិយាយថាវាប្រហែលជាពីរ បីខែទើបពួកគេដឹងថាមានបញ្ហានេះ។ ប្រហែលជា 22%បានទទួលថ្នាំសម្រាប់ជួយពួកគេពីអាការៈនេះពីព្រោះមានស្ត្រីតែម្នាក់ក្នុងចំណោមស្ត្រី បីនាក់បានដឹងពីមូលហេតុដែលធ្វើឲ្យមានរោគក្រៀមក្រំពេលមានផ្ទៃពោះ។ ស្ត្រី 27%ត្រូវបានរាយការណ៏ ថាបានចោទជាសំណូរទៅកាន់គ្រូពេទ្យពីអារម្មណ៏របស់ពូកគេក្នុងពេលមានផ្ទៃពោះ។ CathyWarwick ជានាយកប្រតិបត្តិនៃមហាវិទ្យាល័យពេទ្យឆ្មបបាននិយាយថាការស្រង់មតិនេះបានបង្ហាញឲ្យឃើញថាត្រូវការស្វែងរកជាបន្ទាប់ពីរោគសញ្ញាដើម្បីជួយស្ត្រីឲ្យរួចផុតពីរោគក្រៀមក្រំទាំងមុនពេលសម្រាលនិងក្រោយពេលសម្រាល។ «បើសិនជាយើងអាចកំណត់រកសញ្ញារបស់ស្ត្រីបានកាន់តែលឿនវាធ្វើឲ្យយើងអាចទប់ស្កាត់ជំងឺផ្លូវចិត្តធ្ងន់ធ្ងងរបស់ស្ត្រីបាន»។ SallyRussell ជាអ្នករកឃើញ Netmums បាននិយាយថាបញ្ហាក្រៀមក្រំនិងធុញថប់អារម្មណ៏អាចធ្វើឲ្យជីវិតរស់នៅរវាងម្ដាយនិងកូនមានភាពលំបាកនៅថ្ងៃអនាគត។ «ពេទ្យឆ្មបអាចជួយបានច្រើន និងអាចធានាបញ្ហានេះបានទៀតផង។ ដូចនេះពួកគេត្រូវបើកចំហរចំពោះមាតានិងបិតានូវសា្ថនភាពបែបនេះនិងហ្វឹកហាត់ពួកគេពីលក្ខណៈសម្គាល់នៃអាការៈក្រៀមក្រំ។ ចំពោះអ្នកដែលតែងតែមានលក្ខណៈបែបនេះច្រើនតែមិនដឹងថានិយាយប្រាប់អ្នកណា។​ ដូចនេះវាពិតជាមានប្រសិទ្ធភាពខ្ពស់ដែលពួកគេអាចបើកចំហរ និងបង្ហាញនូវភាពស្មោះត្រង់ពីអារម្មណ៏ដែលពូកគេមានជាមួយនឹងពេទ្យឆ្មប»។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Dr.DanPoulter​ បានប្រកាសថាទឹកប្រាក់ 25លានផោនដែលចំណាយក្នុងការពង្រឹងលើសេវាកម្មសុខភាពមាតា និងទារកនោះ មន្ទីរពេទ្យអាចបង្កើតឲ្យមានបន្ទប់ធំទូលាយដែលអាចឲ្យឪពុកស្នាក់នៅជាមួយមាតាបានពេញមួយយប់ ឬជាគ្រែសម្រាប់ទារកផ្ទាល់។ «ការមកដល់នៃសមាជិកថ្មីនៅក្នុងគ្រួសារជាពេលដែលរីករាយបំផុតប៉ុន្តែវាអាចផ្ដល់ជាបញ្ហារវាងមាតានិងក្រុមគ្រួសារជាពិសេសចំពោះក្រុមគ្រួសារដែលទើបរៀបការថ្មីៗ»។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top