Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

និយមន័យ ការឈឺចាប់ត្រង់សន្លាក់ជង្គង់ គឺជាប្រភេទជំងឺរ៉ាំរ៉ៃមួយ កើតមានចំពោះមនុស្សគ្រប់វ័យទាំងបុរសនារី និងមានប្រភពមូលហេតុផ្សេងៗជាច្រើន។​ ជាលទ្ធផល ជំងឺនេះគឺផ្តល់ការឈឺចុកចាប់ និងបង្កឲ្យមានការខូចខាតរចនាសម្ព័ន្ធ ក៏ដូចជាមុខងារនៃសន្លាក់ឆ្អឹងជង្គង់ផងដែរ។ ដោយហេតុថាជំងឺនេះត្រូវបាន ជួបប្រទះជាញឹកញាប់ មិនថានៅបណ្តាប្រទេសផ្សេងៗ ក៏ដូចជាប្រទេសកម្ពុជាយើងផ្ទាល់ ការឈឺចាប់ត្រង់សន្លាក់ជង្គង់នេះ ត្រូវបានចាត់ទុកជាជំងឺមួយ ដែលគួរបង្កើនការយកចិត្តទុកដាក់ និងយល់ដឹងឲ្យបានច្រើន។ លក្ខណៈទូទៅ តាមការបង្ហាញរបស់លោកវេជ្ជបណ្ឌិត គុជ គីមសួរ ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺទូទៅ និងសន្លាក់ឆ្អឹង បម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ផ្នែកមជ្ឈមណ្ឌលជំងឺចាស់ជរា និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានទទួលវគ្គបណ្តុះបណ្តាលសំខាន់ៗជាច្រើន រួមមាន ទាំងវគ្គបណ្តុះបណ្តាលជំនាញផ្នែកជំងឺសន្លាក់ និងឆ្អឹង ជាមួយ University of Western Sydney នៃប្រទេសអូស្ត្រាលីផងនោះ បានឲ្យដឹងថា ជាមធ្យមក្នុងចំណោមប្រជាជនកម្ពុជា១០០នាក់ គឺមាន៥នាក់កើតមានជំងឺសន្លាក់ឆ្អឹង ហើយទិន្នន័យនេះ នឹងកើនឡើងសមាមាត្រជាមួយនឹង កំណើននៃអាយុរបស់អ្នកជំងឺផងដែរ គិតជាមធ្យម៤ទៅ៥នាក់ ក្នុងចំណោមអ្នកជំងឺវ័យចំណាស់១០នាក់ ដែលមកពិគ្រោះផ្នែកជំងឺសន្លាក់ឆ្អឹង​ គឺមានបញ្ហាឈឺសន្លាក់ជង្គង់។ ដោយឡែក ស្ត្រីនិងអ្នកដែលលើសទម្ងន់ ក៏ជាអ្នកប្រឈមមុខខ្ពស់នឹងជំងឺនេះផងដែរ។ កត្តាបង្ក ភាគច្រើននៃជំងឺឈឺសន្លាក់ជង្គង់ ជាទូទៅពុំមានមូលហេតុកំណត់ច្បាស់លាស់នោះទេ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត គុជ គីមសួរ។ យ៉ាងណាមិញ មានកត្តាជម្រុញមួយចំនួន ដែលត្រូវបានសន្និដ្ឋានថាជាកត្តាដែលបង្កឲ្យមានជាអាការៈនេះឡើង រួមមាន វ័យចំណាស់ ស្ត្រីភេទ និងសកម្មភាពមួយចំនួន ដូចជា ការទម្លាប់អង្គុយចោងហោងញឹកញាប់ ការឡើងជណ្តើរច្រើន ការលេងកីឡាប្រភេទធ្ងន់ ឧទាហរណ៍ការរត់ លើកដុំដែក ឬ ការងារប្រភេទធ្ងន់ដូចជា លីសែង ជាដើម។ ទន្ទឹមនឹងនេះ ភាពលើសទម្ងន់ ឬធាត់ជាកត្តាដែលមានកម្រិតប្រឈមមុខខ្ពស់នឹងជំងឺរហូតដល់៤ ទៅ៧ដងធៀបនឹងអ្នកដែលមានទម្ងន់ធម្មតា។ រីឯកត្តាផ្សេងៗមួយចំនួនទៀតរួមមាន គ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ ឬការប៉ះទង្គិចដដែលៗ ច្រើនដងត្រង់សន្លាក់ជង្គង់ កត្តាតំណពូជ កត្តាបរិយាកាសសង្គម កត្តាស្ត្រេស និង ការជក់បារី ក៏មានឥទ្ធិពលដល់ការប្រឈមនឹងជំងឺផងដែរ។លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាជំងឺមួយចំនួន ក៏មានការជាប់ទាក់ទង នឹងការកើតអាការៈឈឺសន្លាក់ជង្គង់នេះផងដែររួមមានដូចជា ជំងឺទឹកនោមផ្អែម និងលើសឈាមជាដើម។ ក្រៅពីនោះមូលហេតុច្បាស់លាស់មួយចំនួន ត្រូវបានអះអាង រួមមានការលើសជាតិអាស៊ីតអ៊ុយរិច ជំងឺប្រព័ន្ធភាពស៊ាំឬ Maladie Autoimmune (ឧទាហរណ៍ Poly-arthriter humatoïde) ជំងឺរលាកសន្លាក់បង្ករឡើងដោយសារមេរោគ (Arthrite Septique) ការរាលដាល នៃជំងឺមហារីកដែលធ្វើឲ្យឈឺចុកចាប់ ដល់ឆ្អឹងជង្គង់ ការកកហាប់រឹងនៃឆ្អឹងខ្ចីនៅសន្លាក់ជង្គង់ការបាក់បែកឆ្អឹង ឬដាច់សរសៃរយាង (Ligaments Osseux) ដែលចងភ្ជាប់រវាងឆ្អឹង និងឆ្អឹង កង្វះទឹកសន្លាក់ជង្គង់ ការដុះដុំសាច់នៅក្នុងស្រោមទឹកសន្លាក់ជង្គង់ ការគាបសរសៃវិញ្ញាណ រួមទាំងការពុក ឬស្ពោតឆ្អឹង ក៏សុទ្ធតែជាបច្ច័យអាក្រក់ ដែលនាំឲ្យកើតមានជំងឺឈឺសន្លាក់ជង្គង់នេះឡើងផងដែរ។ រោគសញ្ញា គួរឲ្យដឹងផងដែរថា មានរោគសញ្ញាមួយចំនួន អាចស្តែងឲ្យឃើញពីជំងឺឈឺជង្គង់ដូចជា៖ • ការឈឺចុកចាប់ពេលធ្វើចលនា ដូចជា ការដើររត់ ឡើងជណ្តើរ ការយួររបស់ធ្ងន់ៗ • ពេលខ្លះក៏មានការហើមជង្គង់ និងការឈឺចាប់ដោយឯកឯង • ការរឹង គាំងចលនាសន្លាក់ ដែលបង្កឲ្យមានការពិបាកក្នុងការធ្វើចលនាសាមញ្ញមួយចំនួន ដូចជាការអង្គុយបត់ជើង • អាការៈរលាកជង្គង់ដែលបង្ហាញដោយ ការឡើងស្នាមក្រហម ឡើងកម្តៅនៅត្រង់ជង្គង់ និងការឈឺចាប់ពេលស្ទាប ឬ សង្កត់ • ទំហំជង្គង់ធំជាងមុន ឬខូចទ្រង់ទ្រាយសន្លាក់ជង្គង់ជាដើម។ ទន្ទឹមនឹងនោះ ចំពោះមូលហេតុច្បាស់លាស់ខ្លះ ដែលបង្កជំងឺឈឺជង្គង់នេះឡើង អាចបង្ហាញនូវរោគសញ្ញាដូចជា (Signes Extra articuLaires) ការកើតដុំពកអាស៊ីតនៅស្បែក ការប្រែប្រួលសភាពស្បែក ការឈឺចាប់សាច់ដុំ ស្នាមក្រហម ឬ ស្នាមមេអំបៅលើមុខ ការជ្រុះសក់ ភាពហត់អស់កម្លាំង ស្លេកស្លាំង ឈឺទ្រូង ការប្រែប្រួលសភាពផ្លូវចិត្ត មានដំបៅ ឬពងបែកក្នុងមាត់ជាដើម ដែលទាំងអស់នេះច្រើនជារោគសញ្ញានៃជំងឺប្រគ្រីវ ឬ Gout និង Systemic Lupus Erythermatosus ជាដើម។ ការធ្វើរោគវិនិច្ឆ័យ ចំពោះការធ្វើរោគវិនិច្ឆ័យជំងឺឈឺសន្លាក់ជង្គង់ តម្រូវឲ្យមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើការសាកសួរលម្អិត អំពីជំងឺ និងប្រវត្តិនៃជំងឺ។ ទន្ទឹមនឹងនោះ ការថតឆ្អឹង និងសន្លាក់ឆ្អឹងជង្គង់ ដោយកាំរស្មីអិច និងការឆ្លុះអេកូសាស្រ្ត ក៏ត្រូវបានប្រើប្រាស់ផងដែរ ករណីមានហើម ឬមានទឹកដក់ នៅក្នុងសន្លាក់ជង្គង់។ លើសពីនេះ ករណីខ្លះក៏ទាមទារ នូវការបូមទឹកសន្លាក់ជង្គង់ មកវិភាគនៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិនិត្យរកមេរោគ និងកំណកជាតិអាស៊ីតអ៊ុយរិច ការវាស់កំហាប់ឆ្អឹង ក៏ដូចជាការពិនិត្យឈាមផងដែរ។ ការមកជួបគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យ និងកំណត់មូលហេតុបង្កឲ្យបានច្បាស់ ជាកត្តាសំខាន់ក្នុងការទទួលបានការព្យាបាលដ៏ត្រឹមត្រូវ។ បើតាម វេជ្ជបណ្ឌិត គុជ គីមសួរ បានឲ្យដឹងទៀតថា ការព្យាបាលចម្បង គឺអាស្រ័យនឹងមូលហេតុនីមួយៗនៃជំងឺ។ ឧទាហរណ៍ ករណីរលាកដោយមេរោគតម្រូវ ឲ្យព្យាបាលដោយថ្នាំផ្សះ ដើម្បីសម្លាប់មេរោគ។ ករណីរលាកដោយការលើសជាតិអាស៊ីតអ៊ុយរិច ត្រូវព្យាបាលដោយប្រើប្រាស់ថ្នាំ និងធ្វើការតមចំណីមួយចំនួន។ មធ្យោបាយក្នុងការព្យាបាល គឺមានទាំងការប្រើប្រាស់ថ្នាំលេប ថ្នាំលាបនឹងកន្លែង និងអាចឈានដល់ថ្នាំចាក់ផងដែរ។ រីឯការវះកាត់ នឹងអាចត្រូវយកមកអនុវត្ត អាស្រ័យនឹងមូលហេតុបង្ក និងសភាពធ្ងន់ធ្ងរ ឬភាពចាំបាច់នៃជំងឺប៉ុណ្ណោះ។ ដោយឡែក ចំពោះការព្យាបាលដោយមិនបាច់ប្រើប្រាស់ថ្នាំ ក៏មានសារៈ​សំខាន់ផងដែរ ដែលក្នុងនោះរួមមាន ការព្យាបាលដោយចលនា ការស្អំត្រជាក់ ឬក្តៅត្រង់កន្លែងឈឺចុកចាប់ ការសម្រាកមួយកន្លែង ករណីអាការៈធ្វើទុក្ខ ឬឈឺខ្លាំង ការប្រើឧបករណ៍ឱបឆ្អឹង ឬរក្សាលំនឹងជាដើម។ រួមជាមួយគ្នាផងដែរ ការអប់រំអ្នកជំងឺ គឺជាកត្តាសំខាន់ដើម្បីទទួល បានលទ្ធផលល្អហើយ ក្នុងនោះ ការណែនាំឲ្យអ្នកជំងឺសម្រកទម្ងន់ បញ្ឈប់ការជក់បារី និងស្រា ចៀសវាងកីឡាធ្ងន់ៗ ហើយជំនួសវិញដោយការ ប្រើប្រាស់ចលនាដៃ ជើង យឺតៗដូចជា ការរាំ ចលនាថៃជិ ហែលទឹក ជាដើម។ ការដែលសំខាន់មួយទៀត គឺត្រូវព្យាបាលជំងឺផ្សេងៗ ដែលកំពុងមាន ឧទាហរណ៍ ជំងឺលើសឈាម ទឹកនោមផ្អែម ដើម្បីកាត់បន្ថយ ហានិភ័យនៃជំងឺឈឺជង្គង់។ ផលវិបាក ផ្ទុយទៅវិញ ករណីដែលមិនមានការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាចប្រឈមមុខនឹងគុណវិបត្តិជាច្រើន រាប់បញ្ចូលទាំងការវិវឌ្ឍនៃការរលាកខ្លាំងជាងមុន។​ ការឈឺចាប់រ៉ាំរ៉ៃ  និងការវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ ដូចជាការបាត់បង់នូវចលនា ឬមុខងារជង្គង់ ដែលជះឥទ្ធិពលអាក្រក់ដល់ការបំពេញការងារ និងការរស់នៅប្រចាំថ្ងៃ របស់អ្នកជំងឺ ពេលខ្លះក៏អាចឈានដល់ការខូចជាអចិន្ត្រៃយ៍នៃសន្លាក់ ករណីដែលការរលាកបង្កដោយមេរោគ។ កាន់តែធ្ងន់ធ្ងរនោះ ក្នុងមូលហេតុបង្កឡើងដោយសារមេរោគគឺ មេរោគមានឱកាសជ្រៀតចូលទៅក្នុងឈាម បង្កជាវិបត្តិធ្ងន់ធ្ងរ គំរាមកំហែងដល់អាយុជីវិត។ ក្រៅពីការខូចមុខងារសន្លាក់ និងទ្រង់ទ្រាយឆ្អឹង អ្នកជំងឺក៏ប្រឈមមុខនឹងអាការៈស្លេកស្លាំង  និងការរលាកសន្លាក់រ៉ាំរ៉ៃផងដែរ។ វិធីការពារ ទាក់ទងនឹងការការពារជំងឺឈឺចាប់ត្រង់សន្លាក់ជង្គង់ផ្ទាល់ គឺពុំមានអ្វីជាក់លាក់ទេ ការដែលសំខាន់គឺត្រូវបញ្ឈប់ ឬកាត់បន្ថយកត្តាជម្រុញផ្សេងៗ និងការធ្វើតំហែទាំសុខភាពឆ្អឹង និងសន្លាក់ សម្រកទម្ងន់ ចៀសវាងកីឡាធ្ងន់ បញ្ឈប់ការជក់បារី ផឹកស្រា និងចៀសវាងអាហារដែលបង្កឲ្យមាន ការកើនឡើងនៃជាតិអាស៊ីតអ៊ុយរិច។ ម្យ៉ាងទៀត យកល្អគួរចៀសវាងនូវចលនាមួយចំនួន ដូចជា អង្គុយចោងហោង ការលើករបស់ធ្ងន់ ការឡើងជណ្តើរជើងច្រើន ឬការឈរយូរ។ ក្នុងនោះផងដែរ ការព្យាបាលជំងឺស្ពោតឆ្អឹង ឬពុកឆ្អឹង ត្រូវចាប់ផ្តើមឲ្យបានឆាប់ ចៀសវាងបណ្តោយឲ្យមានការវិវឌ្ឍទៅជាធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ។   សារជូនមិត្តអ្នកអាន ជាចុងក្រោយ លោកវេជ្ជបណ្ឌិត គុជ គីមសួរ បានជូនដំបូន្មានដល់ប្រិយមិត្ត និងពិសេសអ្នកជំងឺតែម្តងថា រាល់ការឈឺចុកចាប់ ការហើម ការប្រែប្រួល ទ្រង់ទ្រាយរបស់ជង្គង់ ការពិបាកដើរ អង្គុយ និងរោគសញ្ញាគួរឲ្យកត់សម្គាល់ផ្សេងទៀត គួរអញ្ជើញមកជួបជាមួយគ្រូពេទ្យជំនាញផ្ទាល់ដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងនូវការប្រើប្រាស់ថ្នាំដោយខ្លួនឯង ដោយសារថ្នាំមួយចំនួនអាចមានឥទ្ធិពលមិនល្អ ចំពោះសុខភាព។ ជាក់ស្តែង ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់មួយចំនួនអាចឲ្យរលាកដំបៅក្រពះ និងហូរឈាមក្រពះ ហើយក៏អាចឲ្យខ្សោយ ឬខូចតម្រងនោមតែម្តង ដោយមិនអាចស្រោចស្រង់បាន ពិសេសគឺថ្នាំខ្មែរ ថ្នាំចិនសែ ឬថ្នាំដែលផ្សំដោយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់។ បកស្រាយដោយវេជ្ជបណ្ឌិត គុជ គីមសួរ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ភ្នំពេញ, ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន សាណូហ្វីកម្ពុជា ដែលជាសម្ព័ន្ធមួយនៃក្រុមហ៊ុនថែទាំសុខភាពលំដាប់ពិភពលោក បានបោះជំហានវិនិយោគរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ។ជាមួយនឹងវត្តមានក្រុមហ៊ុនលំដាប់អន្តរជាតិមួយនេះមិនត្រឹមតែផ្តល់នូវដំណោះស្រាយផ្នែកវេជ្ជសាស្ត្រប្រកបដោយគុណភាពខ្ពស់នោះទេ ថែមទាំងផ្តល់ឱកាសការងារ និងការអភិវឌ្ឍជំនាញទាក់ទងនឹងវេជ្ជសាស្ត្រសម្រាប់កម្ពុជាទៀតផង។ នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជាអ្នកស្រី ដាវ ធុង៉ា (Dao Thu Nga)មានប្រសាសន៍ថា៖ “ក្នុងវត្តមានជាង២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនសាណូហ្វីពិតជាមានមោទនភាព នាំមកនូវផលិតផលថ្នាំពេទ្យដែលមានគុណភាពល្អៗដើម្បីលើកកម្ពស់វិស័យវេជ្ជសាស្ត្រសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាលទ្ធផលផលិតផលថ្នាំពេទ្យរបស់ក្រុមហ៊ុនសាណូហ្វីកម្ពុជាបាន និងកំពុងទទួលការគាំទ្រពីសំណាក់អ្នកជំនាញថែទាំសុខភាពនិងមានវត្តមានទូទាំងប្រទេសផងដែរ ហើយជាក់ស្តែង ជារៀងរាល់ឆ្នាំការលក់មានការកើនឡើងលើសពី១០%។” បច្ចុប្បន្ន ក្រុមហ៊ុន សាណូហ្វី កម្ពុជា មានបុគ្គលិកបម្រើការជាង១០០នាក់ កើនឡើងចំនួន៣ដង បើធៀបនឹងឆ្នាំ២០១១ ដែលមានត្រឹមតែជាង៤០នាក់ប៉ុណ្ណោះ។បុគ្គលិកគ្រប់រូបដែលបំពេញការងារនៅក្នុងក្រុមហ៊ុន គឺជាធនធានដ៏មានតម្លៃដែលជួយឲ្យក្រុមហ៊ុនមានការរីកចម្រើន និងទទួលបានការគាំទ្រពីសំណាក់អតិថិជន និងមហាជនទូទៅ។ លើសពីនេះ ក្រុមហ៊ុនសាណូហ្វី កម្ពុជា មានគោលនយោបាយធនធានមនុស្សច្បាស់លាស់ដើម្បីធានាធាថា បុគ្គលិកគ្រប់រូបអាចទទួលបានឱកាសស្មើភាពគ្នាក្នុងការទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍឱកាសទៅចូលរួមកិច្ចប្រជុំថ្នាក់តំបន់ និងអន្តរជាតិ ការទទួលពានរង្វាន់ទៅប្រទេស បារាំង អូស្ត្រាលី និងពានរង្វាន់ជាបុគ្គលិកឆ្នើមប្រចាំប្រទេស រួមទាំងការតំឡើងតំណែងទៅតាមសមត្ថភាព និងការខិតខំប្រឹងប្រែងធ្វើការ។ បន្ថែមពីនេះ បុគ្គលិកក៏មានឱកាសចូលរួមក្នុងសកម្មភាព និងកិច្ចការសង្គមផង ដែរ។ ក្រៅពីកិច្ចការធុរកិច្ចដែលកំពុងរីកចម្រើនទៅមុខជាលំដាប់ ក្រុមហ៊ុន សាណូហ្វី កម្ពុជា ក៏បានយកចិត្តទុកដាក់ផងដែរចំពោះកិច្ចការងារជួយសង្គមដូចជាការអប់រំចំណេះដឹងវេជ្ជសាស្ត្រតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការធ្វើការសប្បុរសធម៌ជាមួយអង្គការជាដៃគូ។ល។កន្លងមក ក្រុមហ៊ុន សាណូហ្វី បានសហការលើគម្រោងជាច្រើនជាមួយអង្គការដៃគូរនានាដូចជា អង្គការគ្រួសារថ្មី អង្គការ Enfant & Development, អង្គការ Gret ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ សាណូហ្វី ក៏បានចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗទៀតផងដែរដូចជាការលើកកម្ពស់ការយល់ដឹងអំពីឱសថក្លែងក្លាយ ការចាក់វ៉ាក់សាំងបង្ការ និងការពារជំងឺផ្សេងៗដោយមិនគិតថ្លៃ និងសកម្មភាពសង្គមជាច្រើនទៀត។ អំពីក្រុមហ៊ុន ក្រុមហ៊ុន សាណូហ្វីមានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ តាមរយៈការិយាល័យតំណាងRousselUclaf ហើយបានក្លាយជា SociétéRousselCambodgeក្នុងឆ្នាំ១៩៩៣។ តាំងពីឆ្នាំ ២០១១, RousselCambodge ត្រូវបានប្តូរឈ្មោះទៅជាសាណូហ្វីកម្ពុជាបន្ទាប់ពីមានការសម្រេចចិត្តពីក្រុមឱសថសាស្រ្តរបស់ប្រទេសបារាំងក្នុងការបើកសាខាក្នុងស្រុក។ ក្រុមហ៊ុនសាណូហ្វី ដែលមានប្រភពនៅប្រទេសបារាំងជាក្រុមហ៊ុនឱសថឈានមុខគេលើពិភពលោកដោយបានរកឃើញនិងកែច្នៃ ព្រមទាំងចែកចាយនូវផលិតផលដែលផ្តោតសំខាន់លើតម្រូវការរបស់អ្នកជំងឺជាចំបង។ក្រុមហ៊ុន សាណូហ្វីមានចំណុចស្នូលសំខាន់ៗចំនួន5ក្នុងវិស័យថែទាំសុខភាពដែលមានដូចជា៖ ដំណោះ ស្រាយនៃជំងឺទឹកនោមផ្អែម,សរសៃរឈាមបេះដូង, ឱសថទូទៅ, ទីផ្សារកំពុងរីកចំរើន, Sanofi Genzyme, Sanofi Pasteur and Merial។ ក្រុមហ៊ុន សាណូហ្វីបានចុះបញ្ជីនៅទីក្រុងប៉ារីស(EURONEXT: SAN) និងនៅទីក្រុងញូវយ៉ក(NYSE: SNY)៕ សំរាប់ព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងមកកាន់៖ Sanofi Cambodia                                    Media Relations Mr. LornChheangOrn                               Mr. Pen Sopheak Tel: +855 (0) 70 27 9707, 17 348 786        Tel: +855 (0) 70 26 36 36, 12 871809 chheangorn.lorn@sanofi.com                    sopheak.pen@gmail.com © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ឪពុកម្តាយគ្រប់រូបគួរកត់សម្គាល់ថា ទឹកដោះម្តាយ ឬទឹកដោះគោកំប៉ុង មានរូបមន្ត និងសារធាតុគ្រប់គ្រាន់ ដែលកូនរបស់អ្នកត្រូវការហើយ ដូច្នេះ ពួកគេគួរតែនៅឲ្យឆ្ងាយពីទឹកផ្លែឈើ ទឹកក្រូច ឬភេសជ្ជៈផ្សេងៗទៀត ពីព្រោះ វាជារបបអាហារខ្វះជាតិសរសៃ និងអាចធ្វើឲ្យកូនក្មេងឡើងគីឡូ ដែលគ្មានសុខភាពល្អទៀតផង។   ទឹកផ្លែឈើ មិនមានសារៈប្រយោជន៍អ្វីច្រើន ចំពោះសុខភាពកុមារអាយុក្រោមមួយឆ្នាំនោះទេ ដូច្នេះ បើកុំឲ្យគេញ៉ាំ គឺល្អជាង នេះបើតាមការសិក្សាថ្មីមួយ ដែលចេញដោយបណ្ឌិតសភា​ផ្នែក​ជំងឺ​កុមារ​អាមេរិក។   ផ្លែឈើ ល្អសម្រាប់សុខភាព ប៉ុន្តែ ការញ៉ាំដោយទំពារ វាល្អជាងការកិន កៀប ឬការញ៉ាំជាទឹកផ្លែឈើកំប៉ុង ដែលវាអាចដាក់បន្ថែមសារធាតុនានា ជាពិសេសគឺជាតិស្ករ។   យ៉ាងណាមិញ ការញ៉ាំក្នុងកម្រិតមួយទាប សម្រាប់កុមារធំៗ វាពិតជាមិនអាចប៉ះពាល់ ចំពោះសុខភាពរបស់ពួកគេឡើយ ប៉ុន្តែ សម្រាប់ក្មេងអាយុក្រោម ១ ឆ្នាំ បើមិនញ៉ាំ គឺល្អជាង។   អ្នកជំនាញបាននិយាយថា ទឹកផ្លែឈើ អាចធ្វើឲ្យកុមារឡើងទម្ងន់ដែលគ្មានសុខភាពល្អ និងឆាប់ខូចធ្មេញ។ ទឹកដោះម្តាយ ទឹកដោះគោ និងទឹកសុទ្ធធម្មតា គឺវាគ្រប់គ្រាន់ សម្រាប់កូនក្មេងហើយ។ តាមការណែនាំ កូនក្មេងអាយុពី ១ ទៅ ៣ ឆ្នាំ មិនគួរញ៉ាំទឹកផ្លែឈើ លើសពី ១១៣ ក្រាមក្នុងមួយថ្ងៃឡើយ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

សមាគមនិស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល​ នឹងរៀបចំកម្មវិធីសិក្ខាសាលាមួយក្រោមប្រធានបទ​ Understanding Basic Principles of Medical Education ក្នុងគោលបំណង​ដើម្បីបង្កើនចំណេះដឹងអំពីការសិក្សាអប់រំផ្នែកវេជ្ជសាស្រ្ត ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ។​ កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧​ ចាប់ពីម៉ោង៨:០០​ ដល់ម៉ោង១១:៣០​ ទីតាំង៖​ បន្ទប់Prof. Mey Samedi Conference (ជាន់ទី៩ នៃអគារសម្តេចហ៊ុនសែន ថ្មី នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល​។ លក្ខខណ្ឌនៃការចូលរួម៖​ -សម្រាប់តែនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស) -សូមស្លៀកសំលៀកបំពាក់ឯកសណ្ឋានស.វ.ស ដើម្បីចូលរួមសិក្ខាសាលា ចុះឈ្មោះនៅត្រង់នេះ​ PAL ប្រភពព័ត៌មានគេហទំព័រ សមាគមនិស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ត។  

Share

Instagram គឺជាកម្មវិធីបណ្ដាញសង្គមដ៏គ្រោះថ្នាក់បំផុតសម្រាប់សុខភាពផ្លូវចិត្តរបស់យុវវ័យ ហើយកម្មវិធីដែលមានផលប៉ះពាល់អវិជ្ជមានមួយទៀតនោះគឺSnapchatនេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយThe Royal Society សម្រាប់សុខភាពសាធារណៈនៅចក្រភពអង់គ្លេស។ ការសិក្សារបស់ពួកគេទៅលើ#StatusofMind បានធ្វើការស្រង់មតិពីយុវវ័យប្រមាណជា ១,៥០០នាក់ ដែលពួកគេមានអាយុចាប់ពី ១៤ដល់២៤ឆ្នាំ ហើយការសិក្សានោះគឺផ្ដោតទៅលើកម្មវីធីប្រព័ន្ធផ្សព្វផ្សាយណាមួយដែលមានផលប៉ះពាល់ដល់បញ្ហាសុខភាព និងសុខុមាលភាពដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ការស្គាល់នូវអត្តសញ្ញាណខ្លួនឯង (Self-identity)និងការយល់ឃើញនៃរូបភាពរាងកាយខ្លួនឯង (Body image)។ YouTube ត្រូវបានរកឃើញថាមានឥទ្ធិពលវិជ្ជមានខ្លាំងជាងគេ នៅពេលដែល Instagram Snapchat Facebook និងTwitter សុទ្ធតែបង្ហាញថាមានផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពផ្លូវចិត្តរបស់យុវវ័យ។ បើយោងទៅតាមរបាយការណ៍ដែលបានផ្សាយកាលពីថ្ងៃសុក្របានថ្លែងថា «Instagram គឺជាកម្មវិធីផ្សព្វផ្សាយរូបភាពដែលមានអ្នកលេងច្រើនជាង ៧០០លាននាក់នៅទូទាំងពិភពលោក ហើយកម្មវិធីនេះបានជាប់ចំណាត់ថ្នាក់កំពូលជាកម្មវិធីដែលមានផលប៉ះពាល់អវិជ្ជមានខ្លាំងជាងគេ និងជាពិសេសក្នុងចំណោមមនុស្សស្រី»។ លោក Matt Keracher ដែលជាអ្នកសរសេររបាយការណ៍នេះបាននិយាយថា “Instagram បានធ្វើឲ្យស្រ្ដីវ័យក្មេងចាប់ផ្ដើមប្រៀបធៀបខ្លួនពួកគេទៅនឹងភាពមិនពិត ការប្រមូលផ្ដុំជាច្រើនដាក់ Filter និងការកាត់តនៃភាពពិត។” ស្ដ្រីម្នាក់មិនបានបញ្ចេញអត្តសញ្ញាណបានឆ្លើយតបនៅក្នុងរបាយការណ៍ថា “Instagram គឺងាយនឹងធ្វើឲ្យស្រីៗមានអារម្មណ៍ដូចជារូបរាងរបស់ពួកគេមិនស្អាតដូចអ្នកដែលដាក់ Filter ហើយកែសម្រួលបន្ថែមទៅលើរូបភាពរបស់ពួកគេដើម្បីឲ្យពួកគេមើលទៅគឺល្អឥតខ្ចោះ។” ដើម្បីដោះស្រាយបញ្ហានេះ the Royal Society សម្រាប់សុខភាពសាធារណៈបានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចាត់វិធានការជួយដល់អ្នកប្រើប្រាស់ក្មេងៗទាំងនោះ ដើម្បីកុំឲ្យមានអារម្មណ៍មិនត្រឹមត្រូវ និងជំងឺថប់បារម្ភដោយដាក់ជាសារព្រមានលើរូបភាពដែលត្រូវបានកែសម្រួលបែបឌីជីថល។ លោក Keracher បាននិយាយថា «យើងមិនមែនអំពាវនាវឲ្យកម្មវិធីទាំងនោះហាមឃាត់មិនឲ្យកាត់ត ឬដាក់ filterនោះទេ ប៉ុន្ដែយើងចង់ឲ្យអ្នកប្រើប្រាស់ដឹងថាពួកគេមិនគួរឲ្យតម្លៃទៅលើរូបភាពដែលត្រូវបានកែសម្រូលហើយនោះ ដូចជារូបភាពពិតទេ»។ លោកបានបន្ដថា «យើងពិតជាចង់ផ្ដល់ឲ្យយុវវ័យនូវវិធីសាស្ត្រ និងចំណេះដឹងមួយដើម្បីណែនាំពួកគេអំពីផលវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងលើកកម្ពស់សុខភាពផ្លូវចិត្ត»។ ការស្រង់មតិបានសន្និដ្ឋានថា ខណៈពេលដែល Instagram បានជះឥទ្ធិពលជាអវិជ្ជមានទៅលើការយល់ឃើញនៃរូបភាពរាងកាយខ្លួនឯង វដ្ដនៃការគេង និងការបន្ថែមនូវអារម្មណ៍នៃការខ្លាចការបាត់បង់។ កម្មវិធីរូបភាពមួយនេះក៏មានចំណុចវិជ្ជមានមួយចំនួនសម្រាប់អ្នកប្រើប្រាស់វា ដើម្បីសម្តែងចេញនូវអារម្មណ៍ និងការស្គាល់អត្តសញ្ញាណខ្លួនឯង។ អ្នកជំនាញ YouTuber Laci Green ដែលមានប្លុកវីឌីអូមួយ ដែលមានអ្នកតាមដានជាង ១៥លាននាក់ បាននិយាយថា «ការអប់រំជុំវិញបញ្ហាសុខភាពផ្លូវចិត្តក្នុងយុគសម័យឌីជីថលនេះ គឺជាការអប់រំដែលចាំបាច់បំផុតសម្រាប់យុវវ័យ»។ នាងបាននិយាយថា «កម្មវិធីដូចជា Instagram និងFacebook បានបង្ហាញពីមនុស្សដែលយើងស្គាល់ និងពិភពលោកជុំវិញខ្លួនយើង។ វាពិតជាងាយនឹងធ្វើឲ្យការយល់ឃើញនៃភាពពិតរបស់យើងប្រែជាខុស។ ទំនាក់ទនងនៅពីក្រោយឧបករណ៍ឌីជីថលអាចជាភាពឯកោមួយ ហើយភាពមិនច្បាស់នៃបញ្ហាសុខភាពផ្លូវចិត្តមានការកើតឡើយច្រើនជាងធម្មតា»។ លោកស្រី Green បានបន្ថែមថា ឥឡូវនេះជាពេលដ៏សំខាន់មួយដែលយើងគួរតែចាប់ផ្ដើមការងារមូលដ្ឋានគ្រឹះ ដើម្បីកាត់បន្ថយនូវហានិភ័យដ៏គ្រោះថ្នាក់នេះ ខណៈពេលដែលអ្នកប្រើប្រាស់ជំនាន់ដំបូងនៃប្រព័ន្ធផ្សព្វផ្សាយឈានចូលដល់វ័យជំទង់។  YouTube គឺជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយតែមួយគត់ដែលនៅក្នុងការសិក្សានេះបានបង្ហាញថាមានផលវិជ្ជមានទៅលើសុខភាពផ្លូវចិត្តរបស់យុវវ័យ។ របាយការណ៍ក៏បានរកឃើញថាវាមិនមែនគ្រាន់តែជាអ្វីដែលយុវវ័យយើងបានចូលរួមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមពីនេះទៅទៀត គឺរយៈពេលដែលពួកគេបានចំណាយទៅលើវា។ យោងទៅតាមរបាយការណ៍យុវវ័យដែលចំណាយពេលច្រើនជាង ២ម៉ោងក្នុងមួយថ្ងៃទៅលើបណ្ដាញសង្គម គឺត្រូវបានរាយការណ៍ថាមានបញ្ហាសុខភាពផ្លូវចិត្តចុះខ្សោយរួមបញ្ចូលទាំងវិបត្តិផ្លូវចិត្ត។ នាយកប្រតិបត្តិនៃ The Royal Society លោក Shirley Cramer បានគូសបញ្ជាក់ក្នុងរបាយការណ៍នោះថា «កម្មវិធីដែលជួយឲ្យយុវវ័យតភ្ជាប់ទៅមិត្តរបស់ពួកគេគឺអាចបង្កជាបញ្ហាសុខភាពផ្លូវចិត្ត»។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម័យនេះ ផលិតផលលាងសម្អាតអ្វី ក៏មានលក់ដែរនៅលើទីផ្សារ ប៉ុន្តែ បើអ្នកប្រើប្រាស់ដោយមិនចេះគិតគូរច្បាស់លាស់វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះសុខភាព។ ថ្ងៃនេះ យើងខ្ញុំនឹងនាំបងប្អូន ឲ្យស្គាល់ផលិតផលលាងសម្អាតមួយដ៏ល្អមួយ ដែលអ្នកអាចរកឃើញ នៅក្នុងផ្ទះបាយរបស់អ្នក នោះគឺម្សៅដុតនំ។   ការសម្អាតពូកប្រឡាក់ដោយប្រើម្សៅដុតនំ វាជាវិធីសាស្រ្តងាយស្រួល មានប្រសិទ្ធភាពខ្ពស់ ហើយសន្សំសំចៃថវិកាទៀតផង។ ម្សៅដុតនំ អាចជួយកម្ចាត់ស្នាមប្រឡាក់ ជាតិសំណើម កោសិកាងាប់ៗ និងក្លិនមិនអាក្រក់ ចេញពីក្នុងពូករបស់អ្នក។   វិធីសាស្រ្ត ៖ ១ ជូតសម្អាត ឬយកម៉ាស៊ីន មកបូមធូលីដីនៅលើពូកឲ្យស្អាតល្អ ២ បន្ទាប់មក ប្រើតម្រងស្អាតមួយ រួចចាក់ម្សៅដុតនំក្នុងនោះ ដើម្បីរោយវាឲ្យពេញផ្ទៃពូករបស់អ្នក ៣ ទុកវាចោលបីបួនម៉ោង ៤ រួចជូតសម្អាត ឬយកម៉ាស៊ីន មកបូមម្សៅដុតនំនោះចេញវិញ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បញ្ហាជ្រុះសក់ប្រភេទ Alopecia areata អាចកើតមានគ្រប់វ័យទៅលើទាំងមនុស្សប្រុស និងស្រីហើយក៏ជាជំងឺដែលពិបាកព្យាបាលមួយផងដែរ។ និយមន័យ Alopecia areata គឺជាការជ្រុះសក់ដុំៗ ដោយកន្លែងដែលមើលទៅដូចអង្គែស៊ី ហើយការជ្រុះសក់ប្រភេទនេះមិនធ្វើឲ្យសក់ស្តើងទាំងអស់ទេតែគឺបាត់សក់ដុំៗ ប៉ុន្តែ Alopecia areata ក៏មានករណីខ្លះឲ្យសក់ជ្រុះទាំងអស់ដែរ។ រោគសញ្ញា ដំបូង Alopecia areata នឹងលេចចេញជាការជ្រុះសក់មួយដុំតូចគ្មានស្លាកស្នាម ក្រោមទម្រង់រូបរាងច្រើនប្រភេទ តែភាគច្រើននៃ Alopecia areata នឹងបង្ហាញក្រោមទម្រង់មូល ឬពងក្រពើ។ ជំងឺនេះអាចរកឃើញមានកើតនៅលើស្បែកក្បាលឬពុកមាត់ចំពោះមនុស្សប្រុស។ រោគវិនិច្ឆ័យ Trichoscopie ជាប្រភេទតេស្តដែលត្រូវបានប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យរកជំងឺ  Alopecia areata។ តេស្តនេះ ធ្វើឡើងដោយពិនិត្យមើលឫសសក់។ តាមការធ្វើតេស្តសម្រាប់អ្នកដែលមានបញ្ហា Alopecia areata គេនឹងឃើញមានចំណុចពណ៌លឿងដែលគេស្គាល់ថាជាការឡើងកម្រាស់នៃស្រទាប់ក្រៅបំផុតនៃស្បែក (Stratum coreneum) ដែលធ្វើឲ្យសក់ពិបាកក្នុងការលូតលាស់។ មួយវិញទៀតគេនឹងឃើញមានចំណុចខ្មៅ (Black dot)ដែលនេះជាការបំផ្លាញសរសៃសក់នៅក្នុងក្រពេញគល់រោម (Hair follicle)។ មូលហេតុ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេពីមូលហេតុពិតប្រាកដនៃ Alopecia areata ប៉ុន្តែគេដឹងត្រឹមថាវាជាជំងឺ Systemic autoimmune diseaseដែលជាជំងឺកើតឡើងដោយសារប្រព័ន្ធការពាររបស់យើង។ កោសិការបស់ប្រព័ន្ធការពារខ្លួនយើងនឹងទៅកម្ទេច Anagen hair follicle ពោលគឺវាទៅបំផ្លាញវគ្គលូតលាស់របស់សក់។ នៅពេលនោះយន្តការនៃការដុះសក់នឹងត្រូវបានកាត់បន្ថយ ឬបញ្ឈប់តែម្តង។ ក្រៅពីនេះ ក៏មានកត្តាជម្រុញជាច្រើនទៀតដែរ ដូចជាកត្តាអ័រម៉ូន កត្តាបរិស្ថានជុំវិញខ្លួនដែលចូលរួមធ្វើឲ្យជំងឺ Alopecia areata កើតឡើង។ ការព្យាបាល ជំងឺ Alopecia areata មានភាពងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យតែពិបាកក្នុងការព្យាបាល។ ដូចនេះហើយអ្នកជំងឺគួរតែមកជួបគ្រូពេទ្យឲ្យបានភ្លាមៗព្រោះបើទុកឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរនឹងពិបាកក្នុងការដោះស្រាយ។ ក្នុងការព្យាបាលជំងឺនេះគ្រូពេទ្យនឹងឲ្យអ្នកជំងឺលាបថ្នាំក័រទីកូស្តេរ៉ូអុីតប្រភេទ ជាក្រែម ជាប្រេង(ointment) ឬជាប្រភេទចាក់។ មួយវិញទៀត គ្រូពេទ្យក៏អាចឲ្យប្រើពួក Minoxidil ផងដែរ។ លើសពីនេះទៅទៀត ការព្យាបាលតាមកាំរស្មី UV ក៏ផ្តល់នូវលទ្ធផលល្អសម្រាប់ការព្យាបាលជ្រុះសក់ប្រភេទនេះដែរ។ រីឯការការពារសម្រាប់ជំងឺ Alopecia areata មិនមានទេ។ ផលវិបាក បញ្ហាចម្បងនៃអ្នកដែលមានជំងឺ Alopecia Areata អាចនឹងវិវឌ្ឍទៅរកបញ្ហាផ្លូវចិត្តដោយសារតែការខ្មាសមនុស្សជុំវិញខ្លួននូវទម្រង់សក់របស់ខ្លួន។មួយវិញទៀតអ្នកជំងឺ Alopecia Areata អាចនឹងមានទាក់ទងនឹងជំងឺក្រពេញ ជំងឺតម្រងនោម ឬជំងឺថ្លើម។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ប៊ី ពីកូ ចង់ផ្តាំទៅមិត្តអ្នកអានថាករណីមានជំងឺនេះឬមានបញ្ហាជ្រុះសក់ផ្សេងទៀតសូមមកព្យាបាលជាមួយអ្នកជំនាញ ឲ្យបានទាន់ពេលវេលាហើយការមកព្យាបាលនេះនឹងទទួលបានផលល្អ។ បកស្រាយដោយ​ លោកវេជ្ជបណ្ឌិត​ ប៊ី ពីកូ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្រះកុសុមៈ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

Share

រលាកថ្លើមប្រភេទ បេ (Hepatitis B) !   ជំងឺថ្លើមប្រភេទ បេ ជាជំងឺដែលយើងឧស្សាហ៍ជួបប្រទះញឹកញាប់ ដែលមានអត្រា ១០% នៃប្រជាជនកម្ពុជា។ ជំងឺនេះធ្វើឲ្យរលាកសាច់ថ្លើម និងវិវត្តន៍ទៅរកសភាពក្រិនថ្លើម ជាពិសេសវាអាចវិវត្តន៍ទៅជាមហារីកថ្លើម ដែលអាចប៉ះពាល់ដល់អាយុជីវិត ហើយវាជាឃាតករដ៏ស្ងៀមស្ងាត់ ព្រោះថាជាទូទៅ ៨០ ទៅ ៨៥ភាគរយ នៃអ្នកជំងឺ គ្មានរោគសញ្ញាអាចឲ្យយើងបានដឹងជាមុននោះទេ ហើយភាគច្រើននៃអ្នកជម្ងឺគឺបានមកពិនិត្យ ពិគ្រោះ និង ជួបវេជ្ជបណ្ឌិតឯកទេសយើងខ្ញុំក្នុងតំណាក់កាលក្រិន ឫក៏មានលផលំបាកនៃការរលាករាំរៃនេះបាត់ទៅហើយ ។   1/- រោគសញ្ញា៖ រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជំងឺគឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និងថ្លើមក្រិន) និងដំណើរការនៃមុខងាររបស់ថ្លើមអ្នកជម្ងឺផងដែរ ។ នៅខាងក្រោមនេះគឺជាសញ្ញាមួយចំនួន ហើយមានតែ ១០ ទៅ ១៥ ភាគរយ នៃអ្នកជំងឺថ្លើមប្រភេទ បេ ដែលស្តែងចេញ (មានការប៉ះពាក់មុខងារថ្លើមលើសពី 70% ឡើងទៅ) :  - ការហេវហត់ ចុះខ្សោយកំលាំង និងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់ - ឡើងលឿងភ្នែក និងស្បែក - មានរោគសញ្ញាស្រដៀងនឹងជម្ងឺផ្ដាសាយធំ - ការវង្វេងស្មារតីដោយការឡើងជាតិពុលក្នុងខ្លួន - មានការហើមជើងជាដើម...។   ខ) ការធ្វើរោគវិនិច្ឆ័យ៖ មានតែការពិនិត្យឈាមប៉ុណ្ណោះ ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺនេះបាន ដោយការរកមេរោគ និងរាប់ចំនួនមេរោគ (Ag Hbs, Ac Hbs, Ac Hbc និង PCR HBV), ការធ្វើអេកូពោះពិនិត្យមើលសភាពទូរទៅរបស់ថ្លើម និង ស្គែនភាពរឹងរបស់សាច់ថ្លើម គឺសុទ្ធតែជាពត៍មានសំខាន់ៗសំរាប់វេជ្ជបណ្ឌិតឯកទេស យើងខ្ញុំក្នុងការកំណត់ និង វាយតំលៃតំណាក់កាលនៃជម្ងឺនេះមុននឹងឈានទៅដល់ការព្យាបាលនោះ ។   គ) ការចម្លងរោគ៖ មេរោគនេះអាចឆ្លងតាមរយៈ - ការប៉ះពាល់ឈាមអ្នកជំងឺថ្លើមប្រភេទ បេ - ពីម្តាយដែលមានផ្ទុកមេរោគទៅកូន (អំឡុងមានផ្ទៃពោះ និងសម្រាល) - ការរួមភេទ - ការប្រើប្រាស់សម្ភារៈ រឺវត្ថុមុតស្រួចរួមគ្នា ដែលមានការដាច់រលាត់ចេញឈាម (កន្ទ្រៃកាត់ក្រចក, ច្រាស់ដុះធ្មេញ, កន្ទ្រៃកាត់សាច់, ម្ជុលចាក់...) *** ជាការរំលឹកដាស់តឿនដល់បងប្អូនយើងផងដែរថា ប្រសិនជាមានសមាជិកណាម្នាក់នៅក្នុងផ្ទះដែលមានផ្ទុក ឫ ឈឺជម្ងឺរលាកថ្លើមប្រភេទ បេ នេះសូមធ្វើការពិនិត្យឈាម និង ចាក់ថ្នាំវ៉ាក់សាំងបង្ការ ជាមុនដល់មនុស្សដែលនៅជុំវិញខ្លួនរបស់អ្នកជម្ងឺដើម្បីផ្តល់ការការពារអំពីការចម្លងមេរោគនេះ ។   ឃ) វិធីការពារ៖ ជំងឺថ្លើមប្រភេទ បេ ជាជំងឺមួយដែលយើងអាចជៀសផុត និងការពារបាន តាមរយៈការចាក់វ៉ាក់សាំងការពារមេរោគថ្លើមប្រភេទ បេ ។ ជាទូទៅការចាក់វ៉ាក់សាំងនេះមានចំនួន ៣ដង ហើយយើងត្រូវពិនិត្យឈាមដើម្បីបញ្ជាក់ច្បាស់ថា ខ្លួនរបស់យើ់ងមានប្រព័ន្ធការពារមេរោគនេះពីការចម្លង។   ង) វិធីព្យាបាល៖ ជំងឺរលាកថ្លើមប្រភេទ បេ អាចព្យាបាលជាសះស្បើយ ដោយតម្រូវឲ្យព្យាបាលរយៈពេលយូរ (3-5ឆ្នាំ) ដោយតម្រូវពិសារថ្នាំឲ្យបានទៀងទាត់ តាមដានជំងឺជាប់លាប់ដោយគោរពតាមការណាត់របស់គ្រូពេទ្យ។ ការព្យាបាលប្រសើរបំផុត គឺនៅដំណាក់កាលថ្លើមមិនទាន់ក្រិន ឫ មិនមានដុំមហារីកសាច់ថ្លើម ជៀសវាងបណ្តែតបណ្តោយឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ និងពិបាកព្យាបាល។   សូមរួសរាន់មកជួបវេជ្ជបណ្ឌិត ឯកទេស ជំនាញ ដើម្បីការពារលោកអ្នកពីមេរោគថ្លើមប្រភេទ បេ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងផលវិបាកនៃជំងឺនេះ(ការរលាករ៉ាំរ៉ៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម...)។   ជំងឺរលាកថ្លើមដោយមេរោគប្រភេទ បេ ជាឃាតករស្ងៀមស្ងាត់ !   សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់យើងខ្ញុំ ៖ Ekip specialist clinic (Tel: 017/070/069-553317).

Share

នាមជានិស្សិតវេជ្ជសាស្រ្តមួយរូប ប្រាកដណាស់ គឺមិនអាចគេចផុតនូវដំណាក់កាលចុះអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យនោះទេ ហើយសម្រាប់អ្នកទើបតែចុះដំបូងៗ និងអ្នកដែលមិនសូវបានទទួលការណែនាំ ឬហ្វឹកហាត់ពីរៀមច្បង ក៏ដូចជាសាស្រ្តាចារ្យនោះ សៀវភៅមួយនេះអាចនឹងជាមិត្តដ៏ល្អមួយរបស់អ្នកសម្រាប់បន្ថែមទៅលើអ្វីដែលបានទទួលពីសាលារៀន និងការណែនាំពីមនុស្សដែលអ្នកទុកចិត្ត។ គួរបញ្ជាក់ផងដែរថា «សៀវភៅមគ្គុទេ្ទសក៍សម្រាប់និស្សិតវេជ្ជសាស្រ្តធ្វើការអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យ» នេះត្រូវបានបែងចែកជា៥ ជំពូក ក្នុងនោះរួមមាន ៖ -ការពិនិត្យអ្នកជំងឺ និងកំណត់ហេតុជំងឺ -បច្ចេកទេសកាយវិការ -លទ្ធផលប្រក្រតីនៃការស្រាវជ្រាវវិភាគបន្ថែម  -សង្រ្គោះបន្ទាន់  -ផ្សេងៗ ក្រោមការរៀបរៀងដោយ វេជ្ជបណ្ឌិត ឌី ណារុងរិទ្ធិ។ លោកអ្នកអាចទាញយកបានតាមរយៈ សៀវភៅមគ្គុទេ្ទសក៍សម្រាប់និស្សិតវេជ្ជសាស្រ្តធ្វើការអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យ ។  សង្ឃឹមថា នេះនឹងជាឯកសារដ៏មានគុណប្រយោជន៍មួយទៀតសម្រាប់អ្នករាល់គ្នា… ប្រភព ៖ ទំព័រហ្វេសប៊ុកបន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៧​ Everjob ដែលជាគេហទំព័រការងារមួយក្នុងប្រទេសកម្ពុជាបានប្រារពខួបលើកទី២ ក្នុងការបើកដំណើរការក្នុងប្រទេសកម្ពុជា។ជាមួយនឹងចំនួនអ្នកចូលមើលជាង ៧៥០០នាក់ ជាមធ្យមក្នុងមួយថ្ងៃ និងផ្ទុកទិន្នន័យ ប្រវត្តិរូបសង្ខេប ចំនួន៤៦ ០០០ច្បាប់ Everjobs បានដើរតួរយ៉ាងសំខាន់ក្នុងទីផ្សារការងារកម្ពុជា និងក្លាយជាគេហទំព័រ​ដែលមិនអាចខ្វះបានក្នុងការស្វែងរក បុគ្គលិក ដែលមានទេព្យកោសល្យ ឱកាសការងារក្នងប្រទេស។ ភាពជោគជ័យរបស់ Everjob គឺបានបង្ហាញពីភាពស្វាហាប់នៃទីផ្សារការងារ ដោយបានស្វាគមន៍ អ្នកអាជីពវ័យក្មេងថ្មីចំនួន​ ៣០០​​ ០០០នាក់​ និងផ្តល់ភាពងាយស្រួល​ឲ្យអ្នកប្រើប្រាស់អ៊ីនធើណែតជាង​ ៧លាននាក់ក្នុងការស្វែងរកឱកាសការងារ។ Marie Balandreau ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៅEverjob បានមានប្រសាសន៍ថា។​ តែសព្វថ្ងៃនេះ អ្នកស្វែងរកការងារ និងនិយោជក់ បានរកឃើញនូវអត្ថប្រយោជន៍នៃគេហទំព័រការងារ ដែលជាមគ្គុទេសអាជីពក្នុងការជ្រើសរើសបុគ្គលិក​ និងស្វែងរកការងារធ្វើ។​ កំឡុងពេលឆ្នាំទីពីរ Everjob មានចំនួនអ្នកចូលមើលគេហទំព័ររបស់ខ្លួនកើនឡើងបីដង។ ក្នុងឆ្នាំ២០១៦​ Everjob បានបើក​តារាងលទ្ធផលសង្ខេបវិចារណញាណ និងកែប្រែផ្ទាល់ខ្លួនសម្រាប់និយោជិក និងផ្តោតទៅលើការពង្រឹងនូវការទទួលព័ត៌មានរបស់អ្នកប្រើប្រាស់ តាមរយៈពិពរណ៍អាជីពការងារ សិក្ខាសាលាអំពីរបៀបក្នុងការសរសេរប្រវត្តិរូបសង្ខេប កម្មវិធីជួយក្នុងការសម្ភាសន៍ការងារបានល្អ​ និងប្លុកដែលមានសរសេរជាភាសាអង់គ្លេស និងខ្មែរផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

Share

 ១. បើប្រឹងខ្លាំងម្លឹងៗ តើខ្ញុំអាចនឹងបត់ជើងធំដែរឬទេ អំឡុងពេលសម្រាលកូន? មិនចាំបាច់ព្រួយបារម្ភនោះទេ អ្នកមិនអាចឡើយ! វាអាចកើតឡើង តែក្នុងករណីដែលក្រពះពោះវៀនរបស់អ្នកពេញខ្លាំងពេកប៉ុណ្ណោះ។ ដូច្នេះ ចូរផ្តោតសំខាន់ទៅលើកូនរបស់អ្នក កុំគិតរឿងហ្នឹង​ ហើយបើវាកើតឡើងមែនវាក៏មិនជាបញ្ហាអ្វីនោះដែរ។ ២. តើប្រដាប់ភេទរបស់ខ្ញុំអាចយឺត ឬរលុងពេកទេ? ចម្លើយដ៏ខ្លីគឺ ប្រដាប់ភេទរបស់អ្នក បង្កើតឡើងសម្រាប់ធ្វើឲ្យវាយឺត ឬយារ សម្រាប់ការរួមភេទ និងសម្រាលកូននេះឯង ហើយបន្ទាប់ពីនោះ វានឹងត្រឡប់ទៅរកសភាពដើមជាធម្មតា។ ទោះបីមិនដូចមុន ១០០ ភាគរយ ប៉ុន្តែ វាខុសគ្នាតិចតួចបំផុត។ ជាការពិតទ្វារមាសស្រ្តីមានសាច់ដុំចងចាំ ដែលវានឹងត្រឡប់ទៅរកភាពធម្មតា ក្រោយពេលបំពេញការងាររួច។ យ៉ាងណាមិញបើអ្នកព្រួយបារម្ភខ្លាំងថាវានឹងរលុងអ្នកអាចសាកល្បងហាត់ខ្ជឹបទ្វារមាស ដូចជាការដែលអ្នកទប់នោមអ៊ីចឹងបានផងដែរ។ ៣. តើខ្ញុំអាចនឹងឡើងទម្ងន់ច្រើនពេកដែរឬទេ? វាជាសំណួរដ៏រសើបមួយ ដែលស្រ្តីមានផ្ទៃពោះភាគច្រើនឆ្ងល់។ អ្នកអាចសាកសួរគ្រូពេទ្យរបស់អ្នកបាន ពីព្រោះវាក៏អាស្រ័យទៅលើសុខភាព និងទម្ងន់ចាស់របស់អ្នកផងដែរ។ ជាទូទៅ ស្រ្តីមានផ្ទៃពោះគួរតែឡើងទម្ងន់ចន្លោះពី ១០ ទៅ ១២ ឬ ១៦ គីឡូ ដើម្បីបញ្ជាក់ថាអ្នកម្តាយ និងកូនក្នុងផ្ទៃមានសុខភាពល្អ។ ៤. ខ្ញុំលឺថា មនុស្សស្រីពិបាកទប់នោម ក្រោយពេលសម្រាលកូនរួច? ជាការពិត មុន និងក្រោយសម្រាលរួច ប្លោកនោមរបស់អ្នកអាចនឹងពិបាកគ្រប់គ្រងបន្តិច ប៉ុន្តែ ក្រោយសម្រាលកូនរួច ពី ៦ ទៅ ១២ អាទិត្យ វានឹងត្រឡប់មករកធម្មតាវិញ។ ជាថ្មីម្តងទៀត អ្នកអាចហាត់ខ្ជឹបទ្វារមាសដូចដែលយើងបានណែនាំខាងលើនេះ។ ៥. ខ្ញុំ និងស្វាមី មិនហ៊ានរួមភេទនោះទេ ព្រោះខា្លចប៉ះពាល់កូនក្នុងផ្ទៃ តើខ្ញុំគួរធ្វើបែបណាទៅ? វាជាក្តីបារម្ភរបស់គូស្វាមីភាគច្រើន ប៉ុន្តែ ជាការពិត វាមិនងាយប៉ះពាល់ដល់ទារកនោះទេ ប្រសិនបើអ្នកធ្វើវាថ្នមៗ និងគិតពីសុវត្ថិភាពជាចំបង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អ្នកជំងឺមហារីកមួយចំនួនតម្រូវឲ្យទទួលការព្យាបាលតែមួយមុខប៉ុណ្ណោះ ប៉ុន្តែ សម្រាប់អ្នកខ្លះទៀតត្រូវទទួលការព្យាបាលបញ្ចូលគ្នា ដូចជា ការវះកាត់ ការចាក់ ឬលេបថ្នាំ និងការប្រើជាតិវិទ្យុសកម្មជាដើម។ សម្រាប់អ្នកជំងឺមហារីក វាមិនមែនជារឿងលេងសើចនោះទេ អ្នកត្រូវសិក្សាស្វែងយល់ និងធ្វើការសម្រេចចិត្តជាច្រើន។ វាអាចធ្វើឲ្យអ្នកស្រ្តេស និងធុញថប់ក្នុងជីវិត ប៉ុន្តែ តាមពិតទៅឱកាសនៃការជាសះស្បើយ ក៏មានខ្ពស់ដែរសម្រាប់ដំណាក់កាលដំបូងៗ ហើយផលវិបាក និងការឈឺចាប់ ក៏ត្រូវបានកាត់បន្ថយច្រើនដែរដោយសារតែបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ននេះ។ ការព្យាបាលជំងឺមហារីក មានច្រើនប្រភេទ ដោយអាស្រ័យទៅលើដំណាក់កាល និងស្ថានភាពរបស់អ្នកជំងឺម្នាក់នោះ។ ប្រភេទនៃការព្យាបាលទាំងនោះមានដូចជា ៖ ការវះកាត់ ការវះកាត់ ជាដំណើរការមួយដែលក្រុមគ្រូពេទ្យជំនាញមួយក្រុម ធ្វើការវះកាត់យកដុំសាច់មហារីក ចេញពីរាងកាយរបស់អ្នកជំងឺ។   ការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលតាមវិធីនេះ គឺជាការប្រើប្រាស់ជាតិវិទ្យុសកម្ម ក្នុងកម្រិតមួយខ្ពស់ដើម្បីសម្លាប់កោសិកាមហារីក និងបង្រួមដុំសាច់ឲ្យតូចជាងមុន។   ការប្រើថ្នាំគីមី វាជាការព្យាបាលជំងឺមហារីកមួយប្រភេទ ដែលប្រើប្រាស់ថ្នាំគីមីដើម្បីសម្លាប់កោសិកាមហារីកទាំងនោះ។ ការព្យាបាលប្រព័ន្ធភាពស៊ាំ ចំណែកឯការព្យាបាលមួយនេះវិញ គ្រូពេទ្យនឹងជួយឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។   ការព្យាបាលដោយអ័រម៉ូន វាជាការព្យាបាលមួយប្រភេទទៀត ដែលទៅពន្យឺតការលូតលាស់នៃជំងឺមហារីកសុដន់ និងប្រូស្តាត ដែលវាប្រើប្រាស់អ័រម៉ូនដើម្បីរីកលូតលាស់។   ការបណ្តុះកាសិកា Stem Cell វាជាដំណើរការមួយ ដែលជួយធ្វើការបង្កើតឡើងវិញនូវទម្រង់កោសិកា stem cell នេះចំពោះអ្នកជំងឺមហារីកដែលបានទទួលការខូចខាត ដោយសារតែការព្យាបាលដោយការប្រើថ្នាំគីមី ឬជាតិវិទ្យុសកម្ម។   ការព្យាបាលជាក់លាក់ វាជាដំណើរការនៃការព្យាបាលជំងឺមហារីក ដែលអនុញ្ញាតឲ្យគ្រូពេទ្យសម្រេចចិត្ត និងធ្វើការជ្រើសរើសវិធីព្យាបាលណាមួយដែលល្អបំផុតសម្រាប់អ្នកជំងឺ ដោយពឹងផ្អែកទៅលើប្រភេទ កម្រិត និងស្ថានភាពរបស់អ្នកជំងឺមហារីក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top