Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

«បើធ្វើការជាមួយនឹងឯកទេសដែលខ្លួនស្រលាញ់  អញ្ចឹងគួរតែសប្បាយចិត្តនឹងធ្វើវា ដូចខ្ញុំចឹងដែរ» នេះជាការអះអាងរបស់យុវនិស្សិត តាំង ចាន់ណារ៉ុង ដែលជានិសិត្សឯកទេសផ្នែកវិកលវិទ្យា ជំនាន់ទី១១ ឆ្នាំទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានជម្នះនូវបំណងរបស់គ្រួសារជាអ្នករកស៊ី រហូតបានឈានជើងចូលសាលាពេទ្យតាមក្តីប្រាថ្នា។  គ្រាន់តែលឺពាក្យថា«វិកលវិទ្យា» តើនឹកគិតដល់អ្វីមុនគេដែរ? មិនថាពីមុនធ្លាប់គិតបែបណា ឬមានរូបភាពយ៉ាងណាខ្លះមកលើផ្នែកនេះ អត្ថបទខាងក្រោមនេះនឹងបង្ហាញជូនមិត្តអ្នកអាននូវរឿងរ៉ាវជាច្រើនអំពីឯកទេសវិកលសាស្រ្ត… តើការចូលរៀនពេទ្យដំបូង មានភាពលំបាកបែបណាខ្លះទៅ? ការចាប់ផ្តើមដំបូងក្រោយពេលប្រលងជាប់ ប្រាកដណាស់វាពិតជាមានភាពលំបាកពីមួយឆ្នាំទៅមួយឆ្នាំ ហើយការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យរឹតតែពិបាក ព្រោះវាទាមទារឲ្យខិតខំបន្ថែមទាំងការរៀននៅសាលា ទាំងការរៀននៅមន្ទីរពេទ្យតាមរយៈការចុះអនុវត្តផ្ទាល់ និងការរៀនតាមរយៈសៀវភៅ ឬអ៊ិនធឺណែត ជាដើម។ ចំណែក ភាសាបារាំងនិងអង់គ្លេស ក៏ត្រូវរៀនបន្ថែម ដើម្បីមានភាពងាយស្រួល ក្នុងការមើល អាន និងយល់ ពីមេរៀន ឬជំងឺនីមួយៗ។ ហេតុអ្វីបានជាសម្រេចជ្រើសរើសយកផ្នែកឯកទេសវិកលវិទ្យា ( ជំងឺផ្លូវចិត្ត) នេះ? វាមិនមែនជារឿងចៃដន្យនោះទេ តែវាជាគោលទៅតាំងពីខ្ញុំនៅជានិស្សិតវេជ្ជសាស្រ្តឆ្នាំទី៤មកម្ល៉េះ។ ឆ្លងកាត់ការសិក្សាមុខវិជ្ជាវិកលវិទ្យា( Psychiatry ) នៅឆ្នាំទី៤ ទី៥ និងទី៦ និងការចុះកម្មសិក្សាផ្នែកវិកលវិទ្យា នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត វាកាន់តែធ្វើឲ្យខ្ញុំចង់ដឹង ចង់លឺ ចង់ឃើញ ឲ្យស៊ីជម្រៅរៅនៅក្នុងផ្នែកនេះកាន់តែខ្លាំង។ តើការសិក្សាផ្នែកវិកលសាស្ត្រនេះមានលក្ខណៈពិសេសបែបណាខ្លះ?  ការសិក្សាផ្នែកវិកលវិទ្យានេះ ក៏ដូចជាផ្នែកផ្សេងទៀតដែរ វាទាមទារឲ្យមានភាពអំណត់អត់ធ្មត់ តស៊ូ ព្យាយាម និងការចុះកម្មសិក្សានៅមន្ទីរពេទ្យ រួមទាំងការសិក្សាផ្នែកទ្រឹស្ដីនៅសាលាឲ្យបានទៀងទាត់ ជាពិសេសត្រូវចេះស្វែងរកចំណេះដឹងបន្ថែមទៀត តាមប្រព័ន្ធinternet  ឬសៀវភៅវេជ្ជសាស្រ្តនានា ដើម្បីដើរទាន់វេជ្ជសាស្រ្តនៃប្រទេសជឿនលឿន។  ប៉ុន្តែលក្ខណៈពិសេសមួយនៃផ្នែកវិកលវិទ្យានេះ គឺវាមានភាពខុសគ្នាខ្លះៗទៅតាមជាតិសាសន៍ និង ប្រពៃណីនៃប្រជាជននីមួយៗ។ ឧទាហរណ៍ថា មនុស្សម្នាក់គាត់បានលឺសំលេងប្លែកៗ  ឬមើលឃើញអ្វីប្លែកៗដែលអ្នកដទៃមើលមិនឃើញ។ បើតាមវិទ្យាសាស្រ្ត ឬ ប្រទេសនៅអឺរ៉ុប គេគិតថាជារោគសញ្ញា ឬជំងឺសរសៃប្រសាទ( psychotic symptoms ) ប៉ុន្តែបើតាមប្រពៃណីក្នុងប្រទេសយើង ឬប្រទេសខ្លះដូចជាថៃ ចិន នោះ គេគិតថាជាភាពធម្មតា ជាអ្នកមានបុណ្យបារមី ឬមានអ្នកតាមកកាន់។  តើការសិក្សាផ្នែកវិកលសាស្ត្រនេះ តើមានភាពលំបាក និងឧបសគ្គអ្វីខ្លះ? -ការយល់ដឹងពីទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរ និងជំនឿរបស់ប្រជាជន ៖ នេះជាបញ្ហាចោទមួយ ដែលត្រូវធ្វើការវែកញែក និងចែកឲ្យដាច់ថា តើមនុស្សម្នាក់ដែលមកនៅពីមុខ ឬមកពិគ្រោះជំងឺ មានភាពធម្មតា ឬមិនធម្មតា? ហើយក៏ត្រូវនិយាយពន្យល់វែកញែកទៅកាន់គាត់ ឬក្រុមគ្រួសារគាត់បែបណា? ថាគាត់មានជំងឺផ្លូវចិត្ត ឬអត់? ដោយផ្អែកលើទ្រឹស្ដីវិទ្យាសាស្រ្ត និងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។  -បញ្ហាភាសាបរទេស ៖ រាល់ទ្រឹស្ដីអ្នកប្រាជ្ញ រោគសញ្ញានៃជំងឺ និង សៀវភៅនានា សុទ្ធសឹងជាភាសាអង់គ្លេសទាំងអស់ ហេតុដូចនេះ ត្រូវបន្តការរៀនបំប៉នភាសាបន្ថែម ដើម្បីងាយអាន ងាយស្វែលយល់ឲ្យកាន់តែស៊ីជម្រៅ។   ក្រៅពីការសិក្សានៅសាលា តើមានសកម្មភាពអ្វីខ្លះ ដែលនិសិ្សតផ្នែកវិកលសាស្ត្រគួរធ្វើ ដើម្បីឲ្យការសិក្សា និងការងារនាពេលអនាគតទទួលបានជោគជ័យ? -ខិតខំត្រងត្រាប់ស្ដាប់លោកគ្រូអ្នកគ្រូ និងសាស្រ្តាចារ្យ ពន្យល់ណែនាំទាំងនៅសាលាក្តី ទាំងនៅមន្ទីរពេទ្យក្តី  -គោរពពេលវេលា ការចុះកម្មសិក្សាអនុវត្តន៍ជាក់ស្ដែងនៅមន្ទីរពេទ្យ  -យកចិត្តទុកដាក់ក្នុងការដកស្រង់យកបទពិសោធន៍ដែលទទួលបានពីពេលចុះកម្មសិក្សានៅមន្ទីរពេទ្យ ដែលនឹងជួយឲ្យមានគ្រឹះសមល្មមសម្រាប់ធ្វើការងារនាពេលអនាគត -ដឹងពីប្រពៃណីទំនៀមទម្លាប់អរូបីនៃប្រជាជនខ្មែរកាន់តែច្រើន ដើម្បីចេះថ្លឹងថ្លែងពីកម្រិតធ្ងន់ធ្ងររបស់ជំងឺ។ បន្ថែមពីលើជំនាញរឹងដែលទទួលបានពីសាលា តើនិស្សិតផ្នែកវិកលសាស្ត្រគួរមានជំនាញអ្វីខ្លះទៀត សម្រាប់ការប្រកបវិជ្ជាជីវៈមួយនេះ? -ជំនាញ និងចំណេះដឹងខ្លះៗទាក់ទងនឹងជំងឺផ្លូវកាយដែលអាចឲ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺធ្ងន់ធ្ងរ ក្រៅតែពីជំងឺផ្លូវចិត្ត  -ជំនាញក្នុងការទំនាក់ទំនង ៖ ពាក្យសម្តីនិយាយស្ដីគួរតែជាសម្តីលើកទឹកចិត្ត ( ក្នុងករណីអ្នកជំងឺត្រូវការការលើកទឹកចិត្ត ឬធ្លាក់ទឹកចិត្ត ) និងនិយាយច្បាស់ៗ ងាយស្ដាប់ ងាយយល់ (វាល្អសម្រាប់អ្នកជនបទ ឬមានការសិក្សាទាប )។  -ការគិត ៖ ការគិត( គិតមុននិយាយចេញមកក្រៅនៅមុខអ្នកជំងឺ ឬក្រុមគ្រួសារគាត់ ) ដែលនឹងអាចឲ្យយើងជៀសផុតពីការនិយាយដែលជះឥទ្ធិពលអាក្រក់ដល់អ្នកជំងឺ ដែលពេលខ្លះវាអាចស្មើនឹងពាក្យថា «  មាក់ងាយមាក់ថោក ជាន់ពន្លិចបន្ថែម» -ការសង្កេត ៖ អាចជួយឲ្យយើងដឹងបានខ្លះៗ ថាតើអ្វីដែលអ្នកជំងឺ ឬក្រុមគ្រួសារគាត់និយាយ ជាពាក្យពិត ឬកុហក? ថាតើគាត់មានទំនុកចិត្តលើយើង ឬអត់? ជាពិសេស គឺការសង្កេតទៅលើអ្នកជំងឺកាចៗមួយចំនួន ដែលអាចបង្កគ្រោះថ្នាក់ដល់យើង ព្រោះអារម្មណ៍របស់ពួកគាត់មិនទៀងទាត់ទេ។  តើការងារប្រភេទនេះបានជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវចិត្តដែរឬទេ? តើមានវិធីសាស្ត្រក្នុងការការពារជាមុនអ្វីខ្លះ? ផលប៉ះពាល់ វាតែងតែមានគ្រាន់តែតិច ឬច្រើន។ ដើម្បីចៀសវាង និងការពារខ្លួនខ្ញុំ គឺដាច់ខាតមិនយកអារម្មណ៍និង ព័ត៌មានរបស់អ្នកជំងឺ មកគិតពេលនៅក្រៅមន្ទីរពេទ្យ ឬ ម៉ោងធ្វើការឡើយ។ បើយើងបណ្តោយឲ្យអារម្មណ៍ទាំងនោះតាមយើងជាប់នៅពេលទំនេរ នោះយើងនឹងងាយធ្លាក់ទៅក្នុងវិបត្តិនៃបញ្ហាផ្លូវចិត្តជាក់ជាមិនខាន។ វិធីសាស្រ្តផ្សេងទៀត រួមមានដូចជាការហាត់ប្រាណ ដើរលេង អានសៀវភៅ និងជួបជុំមិត្តនិយាយគ្នាលេង សុទ្ធតែអាចធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ។ តើនិស្សិតវិកលសាស្ត្រនឹងអាចចូលរួមចំណែកបែបណាខ្លះក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាយើង? ការថែរក្សាការពារ និង ព្យាបាលសុខភាពផ្លូវចិត្តប្រជាជនកម្ពុជាទាំងពេលបច្ចុប្បន្ន និងនាពេលអនាគ ដោយការចុះទៅតាមសហគមន៍ ពន្យល់ណែនាំពីមូលហេតុផ្សេងៗដែលអាចឲ្យកើតមានជំងឺ  វិធីដោះស្រាយ ឬការតទល់នឹងបញ្ហាដោយរបៀបណា ព្រមទាំងការព្យាបាល ដោយប្រើថ្នាំ និងពន្យល់ណែនាំពីការប្រព្រឹត្តទៅនៃថ្នាំ ផលរំខាន ...  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រៀនផ្នែកអ្វីក៏មានលក្ខណៈពិសេសដែរ…ហើយក៏ល្អ និងស័ក្តិសមសម្រាប់និស្សិតផ្សេងៗគ្នាដែរ…មិនមែនថា ម្នាក់រៀនទៅល្អ-ចេះ ហើយម្នាក់ទៀតក៏អាចធ្វើបានដូចគ្នានោះទេ…ជាក់ស្តែង រៀនពេទ្យនេះផ្ទាល់ មិនមែនថារើសអើសនោះទេ ប៉ុន្តែប្រសិនបើមិនមានឆន្ទៈផ្ទាល់ខ្លួនក្នុងការសិក្សាទេ ប្រហែលជានឹងជួបប្រទះនឹងភាពលំបាកច្រើន ដែលសឹងតែអាចឲ្យបោះបង់ចោលក៏ថាបាន។ ប៉ុន្តែ…សម្រាប់អ្នកដែលស្រលាញ់ចូលចិត្ត ហើយតែងតែខំប្រឹងរហូតនោះ មិនថាលទ្ធផលយ៉ាងណា ជឿជាក់ថាប្រាកដជាអាចធ្វើបានមិនខាន។  ចង់ដឹងថារៀនពេទ្យមានអ្វីខ្លះខុសប្លែកនោះ? សូមតាមដានជាមួយនឹងការបកស្រាយរបស់យុវនិស្សិត លី ហ្សូកា ជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឆ្នាំទី៦នៃសាកលវិទ្យាល័យអន្តរជាតិ និងជាអតីតសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរថ្នាក់ខេត្តប្រចាំបាត់ដំបងហើយទទួលបាននិទ្ទេសB (លំដាប់ពិន្ទុ99.766)ប្រចាំវិទ្យាល័យព្រះមុនីវង្សនៃថ្នាក់ទុតិយភូមិផងដែរ… កត្តាជំរុញឲ្យសម្រេចចិត្តរៀនមុខវិជ្ជាពេទ្យ •កត្តាផ្ទាល់ខ្លួន ៖ ទឹកចិត្តស្រលាញ់មុខវិជ្ជាសុខាភិបាលនេះជាខ្លាំង តាំងពីនៅថ្នាក់បឋមសិក្សាម៉្លេះ ទោះជាពេលនោះ មិនដឹងថារៀនពេទ្យហ្នឹងមានន័យធំប៉ុណ្ណា គ្រាន់តែដឹងថា «ធំឡើង ខ្ញុំនឹងធ្វើជាគ្រូពេទ្យឲ្យបាន» ហើយជាពិសេស ការងារសង្គមផ្នែកសុខាភិបាលនៅតាមតំបន់ក្រីក្រជាការងារដែលខ្ញុំប្រាថ្នាតាំងពីកុមារ ព្រោះវាជាក្ដីសុខមួយដែលពិបាកនឹងបរិយាយ •កត្តាគ្រួសារ ៖ បើក្រឡេកមើលស្ថានភាពគ្រួសារ នាងខ្ញុំកើតក្នុងគ្រួសារខ្សែស្រឡាយដែលមានជីតា ម៉ាក់ អ៊ំប្រុស ស្រីនិងញាតិមិត្តជាគ្រូពេទ្យ ដូចនេះហើយ ទើបគ្រួសារជួយជំរុញបន្ថែមឲ្យដើរក្នុងវិស័យនេះ និយាយរួមទៅ គឺបន្តវង្សត្រកូល  •កត្តាបរិយាកាស ៖ តាំងពីតូចមក មន្ទីរពេទ្យ(កន្លែងម៉ាក់ធ្វើការ)ប្រៀបដូចជាផ្ទះទី២ ព្រោះម៉ាក់ជាពេទ្យ ខ្ញុំស្ទើរតែទៅតាមម៉ាក់ខ្ញុំទៅប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងស្ទើរគ្រប់វេនយាម។ ដូចនេះហើយ រាល់កាយវិការ និងសកម្មភាពនៅក្នុងមន្ទីរពេទ្យតែងតែសិ្ថតក្នុងការចងចាំនៃវ័យកុមាររបស់ខ្ញុំស្ទើរទាំងអស់ ជាពិសេសភាពលំបាករបស់អ្នកជំងឺ ហើយខ្ញុំប្រាប់ខ្លួនខ្ញុំថា «នឹងធ្វើជាគ្រូពេទ្យ និងជួយពួកគាត់ឲ្យបាន» •កត្តាសង្គម ៖ បើក្រឡេកមើលតាមតំបន់ជនបទ ការអប់រំផ្នែកសុខាភិបាលនៅមានកម្រិត នាងខ្ញុំពិតជាចង់ពង្រឹងប្រព័ន្ធអប់រំផ្នែកសុខាភិបាលដល់ប្រជាជនឲ្យបានរឹងមាំ ព្រោះចំណេះដឹងជាកត្តាមួយសំខាន់ ដើម្បីបញ្ចៀសពីបញ្ហាសុខភាពទាំងឡាយ។  ភាពខុសប្លែកនៃការសិក្សាផ្នែកសុខាភិបាល និងមុខវិជ្ជាដទៃ •ការប្រើប្រាស់ភាសាបរទេស ៖  គឺ ភាសាអង់គ្លេស ឬភាសាបារាំង ដោយសារពេទ្យភាគច្រើនប្រើប្រាស់ភាសា ដើម្បីសិក្សា ហើយមានគ្រូជាសាស្រ្តចារ្យបរទេសមកបង្រៀន បើមិនចេះភាសាច្បាស់លាស់ គឺពិបាកក្នុងការរៀន ព្រោះថា ភាសាជាយានសំខាន់ក្នុងវិស័យនេះ។ កាលណាបើយើងចេះច្បាស់ អាចជួយយើងឲ្យមានភាពងាយស្រួលក្នុងការអានសៀវភៅ ព្រោះថាសៀវភៅភាគច្រើនសរសេរជាភាសាអង់គ្លេស ឬភាសាបារាំង មិនតែប៉ុណ្ណោះ ភាសាបរទេសក៏ជាយានមួយជួយយើងក្នុងការផ្លាស់ប្ដូរបទពិសោធន៍រវាងនិសិ្សតពេទ្យក្នុងតំបន់អាស៊ានឬនិស្សិតអឺរ៉ុបផងដែរ។ • ថវិកា ៖ ពេទ្យជាមុខវិជ្ជាមួយ ដែលត្រូវចំណាយលុយច្រើនជាងមុខវិជ្ជាដទៃ ជាក់ស្តែង ថ្លៃសាលា បង់ថ្លៃហើយអស់លុយថ្លៃទិញមេរៀន និងសៀវភៅបន្ថែមទៀត។  •រយៈពេលសិក្សា ៖ រៀនពេទ្យចំណាយពេលយូរឆ្នាំទម្រាំរៀនចប់ សម្រាប់ថ្នាក់វេជ្ជបណ្ឌិតទូទៅ ចំណាយពេល៨ឆ្នាំ បើបន្តថ្នាក់ឯកទេស៤ឆ្នាំទៀត សរុប គឺ១២ឆ្នាំ និស្សិតខ្លះរៀន១០ឆ្នាំ ប្រសិនបើគាត់ប្រលងជាប់ថ្នាក់ឯកទេសតាំងពីឆ្នាំទី៦។ រយ:ពេល១០ឆ្នាំប្លាយ មិនមែនឆាប់ទេ…បើក្រឡេកមើលមិត្តវិទ្យាល័យដែលមិនមែនរៀនពេទ្យ អ្នកខ្លះមានការងារធ្វើហើយ អ្នកខ្លះឈានដល់បង្កើតគ្រួសារ ក្លាយជាម្ដាយឪពុកគេ មានគ្រួសារមួយដ៏រឹងមាំហើយក្រឡេកមើលខ្លួនឯង នៅសុំលុយអ្នកផ្ទះបង់សាលា និងថ្លៃជីវភាពនៅឡើយ។ •កាលវិភាគមមាញឹក ៖ និសិ្សតពេទ្យភាគច្រើន មិនថាខ្ញុំមិនថាគេ ភាគច្រើនរវល់ខ្លាំង ពេលខ្លះគ្មានពេលជិតសិ្នទ្ធនឹងគ្រួសារ ពេលខ្លះ សូម្បីតែពេលបុណ្យទានក៏ត្រូវប្រចាំការនៅមន្ទីរពេទ្យដែរ ព្រោះនេះជាភារកិច្ច ពេលខ្លះស្ទើរតែគ្មានពេលមើលខ្លួនឯងផង រៀនផង ទៅពេទ្យផង យាមផង បើនិយាយពីមេរៀនតែងតែកើនច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយបើមិនខំរៀនពីដើមឆ្នាំទេ ពេលប្រលងប្រាកដជាពិបាក។  •ទំនួលខុសត្រូវ ៖ និស្សិតពេទ្យរូបណាក៏ត្រូវស្ពាយជាប់ពាក្យថា«ទំនួលខុសត្រូវ»រហូត លុះដល់ពេលធ្វើជាគ្រូពេទ្យ ត្រូវមានទំនួសខុសត្រូវកាន់តែខ្ពស់ ព្រោះមុខវិជ្ជាដែលត្រូវរៀន និងធ្វើការជាមួយ គឺទាក់ទងនឹងជីវិតមនុស្ស មិនអាចធ្វើអ្វីមួយឲ្យរួចពីដៃនោះទេ។  •រៀនពេទ្យ គឺរៀនមួយជីវិត ៖ ត្រូវកាន់សៀវភៅរហូត ព្រោះតែងតែមានការUpdateថ្មីទាក់ទងនឹងជំងឺ ឬការព្យាបាលថ្មីៗ បើមិនខំអានមិនខំស្រាវជ្រាវ ច្បាស់ជាគ្មានការរីកចម្រើនក្នុងវិស័យនេះទេ។ ការចូលរួមក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ក្នុងនាមជានិសិ្សតផ្នែកវេជ្ជសាស្រ្តមួយរូប គឺជាអ្នកផ្សព្វផ្សាយអប់រំដល់ប្រជាជនឲ្យយល់ច្បាស់ពីបញ្ហាសុខភាព ការការពារ ការថែសុខភាព ក៏ដូចជាបញ្ចៀសពីជំងឺ អនាម័យ និងការសង្រ្គោះបឋមផ្សេងៗ ព្រោះមានតែកត្តាអប់រំមួយគត់ជាកត្តាសំខាន់ ដូចគេតែងតែនិយាយថា «ការពារប្រសើរជាងព្យាបាល»។  ជាក់ស្ដែង សាស្រ្តចារ្យនៃសាលាពេទ្យមួយចំនួន បានដឹកនាំក្រុមនិសិ្សតទៅចួលរួមក្នុងការងារសង្គមមានដូចជាទាក់ទងនឹងសុខភាពសាធារណ: ការអប់រំផ្នែកសុខភាពងាយៗនៅតាមផ្ទះដែលពួកគាត់អាចធ្វើបាន ការសង្រ្គោះបឋម និងណែនាំពីវិធីបង្ការ ព្រមទាំងបង្ហាញពីអនាម័យផ្សេងៗ ដើម្បីទទួលបានសុខភាពល្អ ។  មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាឱកាសក្នុងការធ្វើស្រាវជ្រាវឲ្យដឹងថាប្រជាជននៅក្នុងភូមិមួយនោះភាគច្រើនមានបញ្ហាសុខភាពផ្នែកអ្វី ដើម្បីងាយស្រួលក្នុងការរិះរកវិធីកែខៃបញ្ហាទាំងនោះ។ ទន្ទឹមនឹងគ្នាផងដែរ ក្រុមនិស្សិតក៏អាចចូលរួមព្យាបាល ផ្ដល់ប្រឹក្សាផ្នែកសុខាភិបាលដោយមិនគិតថ្លៃដល់ប្រជាជនផងដែរ។  ទាំងអស់នេះហើយដែលសរបញ្ជាក់ថា បញ្ញវន្ត័បានដើរតួសំខាន់ជួយដល់ការអភិវឌ្ឍក្នុងសង្គម ដោយហេតុថាបើប្រជាជនយល់ដឹងច្បាស់ពីការពារ និងថែរក្សាសុខភាពបានល្អ ប្រាកដណាស់ អត្រានៃការឈឺក៏ថយចុះ ហើយសង្គមជាតិក៏នឹងរីកចម្រើនផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បន្ថែមពីលើសៀវភៅសិក្សាដែលសមស្របតាមកម្មវិធីសិក្សារបស់សាលា និស្សិតពេទ្យគ្រប់រូបប្រាកដជាត្រូវការចំណាយពេលច្រើនលើស្វ័យសិក្សា ដែលជាចាំបាច់នឹងត្រូវការសៀវភៅដែលជាបណ្តុំនៃអត្ថបទប្រកបដោយគុណតម្លៃ និងអត្ថប្រយោជន៍ ជាពិសេសជាប្រភពនៃព័ត៌មានដែលអាចទុកចិត្តបាន។ ជាការរួមចំណែកមួយក្នុងការសម្រួលដល់ការសិក្សារបស់និស្សិតពេទ្យឆ្នាំទី១ និងឆ្នាំផ្សេងៗទៀត ខ្ញុំក៏សូមចែករំលែកនូវសៀវភៅ៨ក្បាលខាងក្រោមនេះ ដែលខ្ញុំបានឃើញលីងមួយដែលមិត្តភក្តិបានស៊ែរនៅលើហ្វេសប៊ុក ហើយខ្ញុំក៏បានធ្វើការបកប្រែបញ្ចប់ និងកែសម្រួលពាក្យពេចន៍ខ្លះៗពីប្រភពដើម (ដែលមានបញ្ជាក់ជូននៅខាងក្រោម)។ ដោយសារតែមិនមែនជានិស្សិតពេទ្យ ទើបពាក្យពេចន៍មិនសូវជាបានសមសួន ឬមិនត្រូវបច្ចេកទេស ប៉ុន្តែខ្ញុំក៏បានសូមឲ្យមិត្តភក្តិជានិស្សិតពេទ្យមួយរូបជួយធ្វើការកែសម្រួលដែរ មុននឹងធ្វើការចែករំលែកនៅទីនេះ…សង្ឃឹមថាគ្រប់គ្នានឹងមិនប្រកាន់ឡើយ… ១. Gray’s Anatomy for Students, 3rd Edition   វាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សាកាយវិភាគសាស្រ្ត (Anatomy) របស់និស្សិតក្នុងវិស័យសុខាភិបាលគ្រប់គ្នា ដែលពិតជាជួយសម្រួលដល់ការសិក្សាមុខវិជ្ជាមួយនេះតាមរយៈការចងក្រងនូវមេរៀនសំខាន់ៗ អមជាមួយនឹងរូបភាពយ៉ាងច្បាស់ និងការបកស្រាយយ៉ាងក្បោះក្បាយ។ ២. Human Physiology - Stuart Ira Fox | 12th Edition (2011) មុខវិជ្ជាដ៏សំខាន់មួយទៀត គឺសរីរវិទ្យា(Physiology) ដែលអាចឲ្យនិស្សិតបានសិក្សាស្វែងយល់អំពីមុខងារ និងដំណើរការរបស់សរីរាង្គកាយ។ បន្ថែមពីលើអ្វីដែលបានសិក្សាពីសាលានោះ ការអាន និងស្វ័យសិក្សាតាមរយៈសៀវភៅមួយនេះ នឹងជួយពង្រឹង និងពង្រីកនូវការយល់ដឹងរបស់អ្នកបានមួយកម្រិតទៀតជាក់ជាមិនខាន។ ៣. Histology: A Text and Atlas, with Correlated Cell and Molecular Biology, 6th Edition ជាសៀវភៅជីវវិទ្យាដ៏ល្អឯកសម្រាប់និស្សិតសុខាភិបាល ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ កម្រងអត្ថបទ និងAtlas ទាំងនេះ ប្រៀបបានជាបណ្តុំនៃសៀវភៅសិក្សាដែលមានបង្ហាញអំពីមុខងារ និងសញ្ញាណគ្លីនិកនៃជាលិកាសាស្រ្ត(Histology) ដែលត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈរូបភាព និងរូបថត។  Atlas ជាច្រើនត្រូវបានបង្ហាញនៅគ្រប់មេរៀន ដោយមានរូបធំៗ ដែលត្រូវបានរចនា និងរៀបចំឡើងជាមួយនឹងពណ៌យ៉ាងស្អាត និងត្រជាក់ភ្នែក។ ៤. Medical Terminology Systems 7th Edition (2012) នេះប្រៀបបាននឹងកញ្ចប់នៃឯកសារដែលប្លែកពីគេ ដែលអាចរកបានតាមអនឡាញនៅDavisPlus និង The Medical Language Lab ដែលនឹងផ្តល់នូវបទពិសោធន៍នៃការសិក្សាបែបថ្មី ដើម្បីឲ្យការសិក្សាកាន់តែច្បាស់ពីភាសានៅក្នុងវិស័យវេជ្ជសាស្រ្ត តាមរយៈបណ្តុំនៃពាក្យពេចន៍ និងបច្ចេកវិទ្យា។ មេរៀននៅក្នុងសៀវភៅនេះ ត្រូវបានចងក្រងទៅតាមលំដាប់លំដោយនៃប្រព័ន្ធក្នុងរាងកាយរបស់យើង និងបានផ្ដោតសំខាន់ទៅលើការផ្គុំពាក្យ។ ៥. Lippincott Illustrated Review Biochemistry វាជាឯកសារដំបូង និងល្អជាងគេបំផុតសម្រាប់ការសិក្សាផ្នែកជីវគីមីវិទ្យា ដែលជួយដល់និស្សិតក្នុងការសិក្សា ស្វែងយល់ និងរួមបញ្ចូលព័ត៌មានដែលត្រូវការវិភាគ និងមានភាពស្មុគស្មាញបានលឿន។ ៦. Longman's Medical Embryology-T.W. Sadler-12th edition Longman's Medical Embryology ជាប្រភពនៃឯកសារដ៏សំខាន់សម្រាប់ការសិក្សាអំពីការលូតលាស់នៃអំប្រ៊ីយ៉ូ សម្រាប់និស្សិតវេជ្ជសាស្រ្ត គិលានុបដ្ឋាក និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដោយបានផ្ដោតសំខាន់យ៉ាងខ្លាំងទៅលើសញ្ញាណគ្លីនិក។ អត្ថបទនៅក្នុងនេះត្រូវបានចាត់ទុកជាឯកសារ ក៏ដូចជាធនធានប្រកបដោយគុណតម្លៃសម្រាប់ការសិក្សាដោយសារតែវាមានការបង្ហាញអំពីសញ្ញាគ្លីនិក ការសង្ខេបខ្លីៗ កាថដោះស្រាយបញ្ហា ការបង្ហាញ និងរូបភាពគ្លីនិក… ៧. First Aid for the USMLE Step 1 2014 វាជាសៀវភៅដែលលក់ដាច់ជាងគេនៅពិភពលោក ជាមួយនឹងការពិតដែលត្រូវបានធ្វើតេស្តសាកល្បងបញ្ជាក់ជាង1,250 និងផ្តល់នូវភាពងាយស្រួលក្នុងការចងចាំដល់សិស្សានុសិស្ស។ រឿងរ៉ាវជាក់ស្តែងប្រមាណជាង1,250 ករណីបានផ្តល់នូវភាពងាយស្រួលដល់និស្សិតក្នុងការត្រៀមប្រលង USMLE។ ៨. Marieb Human Anatomy & Physiology  9th Edition វាជាសៀវភៅដែលជាជំនួយដ៏មានប្រយោជន៍សម្រាប់ការសិក្សាអំពីកាយវិភាគវិទ្យា និងការសិក្សាអំពីមុខងារក៏ដូចជាការដំណើរការនៃសរីរាង្គរបស់មនុស្ស ហើយលក្ខណៈពិសេសរបស់សៀវភៅនេះគឺការបញ្ចូលគ្នារវាងAnatomy & Physiology។ អត្ថបទមេរៀនមានលក្ខណៈងាយមើល ងាយយល់ និងមានមេរៀនដែលគេទើបតែសិក្សារកឃើញថ្មីៗ។ បញ្ជាក់ ៖ សូមចុចលើចំណងជើងនៃសៀវភៅនីមួយៗ ដើម្បីចូលទៅកាន់លីងសម្រាប់ទាញយក ប្រសិនបើមានឯកសារអ្វីបន្ថែមទៀត ដែលអ្នកគិតថាមានអត្ថប្រយោជន៍ដល់ការសិក្សាផ្នែកសុខាភិបាល អ្នកក៏អាចធ្វើការចែករំលែកបានដោយធ្វើការ Commentខាងក្រោមអត្ថបទនេះផ្ទាល់ ឬបង្កើតអត្ថបទថ្មីដោយខ្លួនឯងដូចជាខ្ញុំដែរ តាមរយៈ លីងនេះ… ប្រភព ៖  Angkor Rean

Share

International Business Club (IBC) ក្រោមការអនុញ្ញាតរបស់វិទ្យាស្ថាន CamEd Business School មានកិត្តិយសនាំមកជូននូវកម្មវិធីប្រកួតប្រជែង Bizplannovation Challengeមកជូនអ្នកទាំងអស់គ្នាដែលមានចំណង់ចំណូលចិត្តខាងបង្កើតគម្រោងអាជីវកម្ម។   កម្មវិធីBizplannovation Challenge ជាវេទិកាប្រកួតប្រជែងមួយដែលមានក្រុមចូលរួមប្រកួតចំនួន៥បន្ទាប់ពីបានឆ្លងកាត់ការជម្រុះយ៉ាងសម្រិតសម្រាំងពីសំណាក់គណៈកម្មការជំនាញលោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត លោក គង់ សូលីយ៉ា និងឧកញ៉ា ស្រ៊ាត មុំសុភា ដែលពោរពេញទៅដោយបទពិសោធន៏ជាច្រើនឆ្នាំ ហើយក្រុមទាំង៥នេះបានទទួលការណែនាំពីសំណាក់លោក ឃៀង សុវិមាន ដើម្បីត្រៀមខ្លួនប្រកួតប្រជែងយកជ័យជំនះ។ គោលបំណងសំខាន់ក្នុងការបង្កើតកម្មវិធីនេះឡើង គឺដើម្បីជម្រុញឲ្យនិស្សិតតាមបណ្ដាសកលវិទ្យាល័យទាំងឡាយដែលមានផ្នត់គំនិតល្អៗថ្មីៗទាក់ទងនឹងការបង្កើតគម្រោងអាជីវកម្មដែលមានផលវិជ្ជមានមកលើសង្គមនសព្វថ្ងៃឲ្យមានឱកាសក្នុងការថ្លែងសន្ទរកថា ធ្វើបទបង្ហាញក៏ដូចជាបញ្ចេញនូវគំនិតដែលធ្លាប់តែលាក់ទុកក្នុងក្ដីស្រមៃទាំងនោះទៅកាន់គណៈកម្មការនិងទស្សនិកជន។ ហេតុនេះហើយ ទស្សនិកជនដែលបានចូលរួមកម្មវិធីនេះនឹងមានឱកាសស្វែងយល់ និងបង្កើនចំណេះដឹងរបស់ខ្លួនទាក់ទងទៅនឹងការបង្កើតគម្រោងអាជីវកម្មផ្ទាល់ខ្លួនថែមទាំងអាចក្រែបជញ្ជក់នូវគំនិតបែបច្នៃប្រឌិតរបស់សហគ្រិនវ័យក្មេងទាំង៥ក្រុមព្រមទាំងការណែនាំពីគណៈកម្មការទាំង៣ផងដែរ។ លើសពីនេះទៅទៀត អ្នកចូលរួមនឹងទទួលបានការចែករំលែកនូវបទពិសោធន៏ក៏ដូចជាឧបសគ្គពីគណៈកម្មការគ្រប់រូបដែលធ្លាប់ជួបប្រទះលើវិថីជំនួញរបស់គាត់ជាមួយនឹងគោលការណ៏រួមទាំងវិធីសាស្រ្តក្នុងការគ្រប់គ្រងមុខជំនួញធ្វើយ៉ាងណាឲ្យមានភាពជោគជ័យក្រោមប្រធានបទ ៖ -$500 start-up ដោយ លោក ឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត -Runner up ដោយ លោក គង់ សូលីយ៉ា -Female Entrepreneur ដោយ លោកស្រី ឧកញ៉ា ស្រ៊ាត មុំសុភា ចំពោះតម្លៃសំបុត្រក្នុងការចូលរួម៖  •សម្រាប់តម្លៃធម្មតា -១៤០០០រៀល/១សំបុត្រ  -១២០០០រៀល/២សំបុត្រឡើងទៅ ប្រញាប់ឡើង! កុំបណ្ដោយឲ្យឱកាសដ៏មានតម្លៃនិងមានប្រយោជន៏នេះកន្លងផុតឲ្យសោះ... ចូលរួមទំាងអស់គ្នា! ជួបគ្នានៅថ្ងៃ ៖ អាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៖ ១ថ្ងៃត្រង់ - ៥ល្ងាច ទីតាំង ៖ Cambodia-Japan Cooperation Center (CJCC) សម្រាប់ពត៌មានបន្ថែម ៖ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 017 60 60 44 / 092 220 764 / 015 488 599 / 093 584 990 / 098 862 880 ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មិនដឹងថាមានប៉ុន្មាននាក់ដែលមានបំណងចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសដែលខ្លួនប្រាថ្នា? ហើយក៏មិនដឹងថាមានប៉ុន្មាននាក់ក្នុងចំណោមនោះ ដែលធ្លាប់បានដាក់ពាក្យហើយ តែក៏មិនបានសម្រេចដូចចិត្តប្រាថ្នា? ប្រសិនបើអ្នកមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍នោះ អត្ថបទនេះអាចនឹងជាគុណប្រយោជន៍ដល់អ្នកក្នុងការត្រៀមខ្លួន និងយល់ដឹងពីគន្លឹះផ្សេងៗនៃការដាក់ពាក្យ ស្វែងរកព័ត៌មាន ការប្រឡង និងឆន្ទៈពីរៀមច្បងមួយរូប… លោកវេជ្ជ. អោម ណាវុធ ដែលជាវេជ្ជបណ្ឌិតអនុបណ្ឌិតផ្នែកជំងឺតំបន់ត្រូពិក (Master of Clinical Tropical Medicine) ពីសាកលវិទ្យាល័យមហិតល (Mahidol University) ប្រទេសថៃ និងបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតពី សាកលវិទ្យាល័យអន្តរជាតិ (IU) ប្រទេសកម្ពុជា និងបច្ចុប្បន្នបម្រើការងារជាវេជ្ជបណ្ឌិតហាត់ការ(Fellowship) នៅផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្តល់កិត្តិយសធ្វើការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាអនុសាសន៍ដ៏ថ្លៃថ្លៃរបស់លោកអំពីការសិក្សាតាមរយៈអាហារូបករណ៍នៅប្រទេសថៃរបស់លោក តាមរយៈកិច្ចសម្ភាសន៍ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម… សំណួរ ៖ តើលោកបានទទួលបានអាហារូបករណ៍អ្វី? តើអាចនិយាយដោយសង្ខេបបានទេអំពីអាហារូបករណ៍នេះបានទេ? ចម្លើយ ៖ នេះជាប្រភេទអាហារូបរណ៍ក្រោមព្រះរាជទានពីព្រះអង្គម្ចាស់ក្សត្រី សិរិនថន នៃព្រះរាជាណាចក្រថៃ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា គឺមកកាន់ក្រសួងអប់រំ យុវជន និងកីឡា  ដែលមានផ្តល់ជូននិស្សិតកម្ពុជាប្រមាណ២២០នាក់ជារៀងរាល់ឆ្នាំ សម្រាប់ទៅសិក្សាគ្រប់មុខវិជ្ជាពីថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈរហូតដល់ថ្នាក់បណ្ឌិតនៅគ្រប់សាកលវិទ្យាល័យទូទាំងប្រទេសថៃ។ សំណួរ ៖ តើអាចបង្ហាញដោយត្រួសៗបានទេអំពីដំណាក់កាលនៃការទទួលបានអាហារូបករណ៍នេះ? ចម្លើយ ៖  អំពីដំណាក់កាលនៃការដាក់ពាក្យ -អាហារូបករណ៍នេះ ជាទូទៅនឹងមកដល់ក្រសួងអប់រំ ហើយប្រកាសឲ្យនិស្សិតចាប់ផ្តើមដាក់ពាក្យនៅអំឡុងចុងខែកញ្ញា និងដើមខែតុលា ប្រមាណជាពីរសប្តាហ៍ក្នុងការដាក់ពាក្យ។  -ដំណាក់កាលទីពីរ គឺការត្រៀមខ្លួនប្រឡងដែលជាទូទៅ គឺនៅក្នុងខែធ្នូ ចំណែកឯកាលបរិច្ឆេទ គឺមិនទៀង អាស្រ័យលើខាងភាគីថៃជាអ្នកកំណត់ ដូច្នេះនិស្សិតមានពេលប្រមាណពីរខែសម្រាប់ត្រៀមខ្លួនការប្រឡង។ អំពីវិញ្ញាសាប្រឡង មាន២ដំណាក់កាល គឺការសរសេរ និងសម្ភាសន៍ផ្ទាល់មាត់ដែលធ្វើឡើងដោយភាគីថៃតែម្តងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។  -សម្រាប់កម្រិតចាប់ពីបរិញ្ញាបត្រចុះក្រោម ៖ ការប្រឡងនឹងផ្តោតលើចំណេះដឹងទូទៅថ្នាក់ទុតិយភូមិ ដូចជាគណិត រូបវិទ្យា និងគីមីវិទ្យជាដើម។  -ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ៖ ការប្រឡងគឺផ្តោតលើ ភាសាអង់គ្លេស ឬថៃ (សម្រាប់មុខវិជ្ជាដែលរៀនជាភាសាថៃប៉ុណ្ណោះ) ដែលវិញ្ញាសាប្រហាក់ប្រហែលនឹង TOEFL ឬ IELTS។ ឯការសម្ភាសន៍អាស្រ័យលើភាគីថៃដែលសួរជាភាសាអង់គ្លេស ឬភាសាថៃ។  សម្គាល់ ៖ គ្រប់និស្សិតទាំងអស់មិនមែនសុទ្ធទាមទារឲ្យចេះភាសាថៃឡើយ តែបើចេះស្រាប់ គឺជារឿងដែលល្អ បំផុតសម្រាប់ខ្លួនឯងក្នុងការរស់នៅប្រទេសថៃ តែមុខវិជ្ជាខ្លះតម្រូវឲ្យចេះថៃតែម្តង។  សំណួរ ៖ ដើម្បីត្រៀមខ្លួនក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ តើលោកបានធ្វើអ្វីខ្លះដែរ? ចម្លើយ ៖  -ការសាកសួរព័ត៌មានពីខាងក្រសួង អ.យ.ក (នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍) គឺជារឿងសំខាន់មុនគេ ព្រោះគេនឹងជម្រាបយើងយ៉ាងច្បាស់នូវកាលបរិច្ឆេទនៃការដាក់ពាក្យ និងប្រឡង និងប្រភេទមុខវិជ្ជា។ ការក្តាប់បាននូវព័ត៌មាននៃការប្រឡង គឺជាចំណុចជោគជ័យទីមួយបាត់ទៅហើយ។  -ដើម្បីឲ្យការប្រឡងសង្ឃឹមបានជោគជ័យខ្ពស់ ការត្រៀមខ្លួនជាមុន គឺជារឿងសំខាន់បំផុតដែលអាចខុសគ្នាទៅតាមកម្រិតសិក្សាដូចដែលបានរៀបរាប់ខាងលើ។ ចំពោះកម្រិតថ្នាក់អនុបណ្ឌិតដូចខ្ញុំ គឺចាំបាច់ត្រូវពង្រឹងបន្ថែមនូបភាសាអង់គ្លេសតាមរយៈការហាត់សមធ្វើលំហាត់បែប TOEFL ដែលក្នុងនោះមានជំនាញអាន វេយ្យករណ៍ និងវាក្យសព្ទ ឲ្យបានច្រើន។  -ចំពោះការសម្ភាសន៍ យើងអាចប៉ាន់ប្រមាណលើសំណួរដែលអាចនឹងសួរនៅពេលសម្ភាសន៍ បើយើងមិនច្បាស់ទេ យើងអាចស្វែងរកមើលក្នុងGoogleនូវសំណួរណាដែលគេឧស្សាហ៍សួរបំផុតសម្រាប់ពេលសម្ភាសន៍។  -ការសាកសួរនូវបទពិសោធន៍ពីនិស្សិតចាស់ៗក៏រឹតតែមានប្រយោជន៍ ចំពោះយើងមួយកម្រិតទៀត។  សំណួរ ៖ តើលោកគិតថា មានកត្តាអ្វីខ្លះដែលជំរុញឲ្យខ្លួនបានទទួលអាហារូបករណ៍មួយនេះ? ចម្លើយ ៖ -កត្តាក្នុងខ្លួន ៖ ការតាំងចិត្ត ការត្រៀមខ្លួន ផែនការ និងការទាញយកឱកាសល្អ ជារឿងមួយដែលសំខាន់សម្រាប់ ការចាប់យកនូវអាហារូបរណ៍នេះដោយជោគជ័យ។  -កត្តាក្រៅខ្លួន(គ្រួសារ និងមិត្តភក្តិ)៖ ការជួយជ្រោមជ្រែងក្នុងការលើកទឹកចិត្ត និងផ្តល់ជាមតិយោបល់ ជាចលករមួយដែលពន្យុះនូវឆន្ទៈឲ្យកាន់តែពុះកញ្ជ្រោលថែមទៀត។ ជាក់ស្តែង បើគ្មានការលើកទឹកចិត្តទេ ពេលខ្លះការតាំងចិត្ត ឬផែនការអាចនឹងថយអានុភាព។ សំណួរ ៖ តើការសិក្សាតាមរយៈអាហារូបករណ៍នេះមានលក្ខណៈពិសេសបែបណាខ្លះ? ចម្លើយ ៖ វាជាការបើកឱកាសឲ្យនិស្សិតដែលមានសមត្ថភាពអាចបន្តការសិក្សា ដើម្បីពង្រឹងបន្ថែមនូវចំណេះដឹងរបស់ខ្លួន។ មួយវិញទៀត វាជាអាហារូបករណ៍ពេញលេញ១០០% ដែលភាគីអ្នកផ្តល់បានឧបត្ថម្ភសព្វបែបយ៉ាង ទាំងការស្នាក់នៅ ថ្លៃសិក្សា និងកម្រៃប្រចាំខែ ព្រមទាំងជាជំនួយគ្មានសំណងដែលក្រោយរៀនចប់ គឺនិស្សិតអាចទៅធ្វើការនៅប្រទេសរបស់ខ្លួន ឬស្ថាប័ននានាបានជាធម្មតា។  សំណួរ ៖ ចំពោះនិស្សិតដែលចង់បានអាហារូបករណ៍ដូចជាលោកវេជ្ជបណ្ឌិត ឬអាហារូបករណ៍ផ្សេងទៀត ជាពិសេសនិស្សិតពេទ្យ ដែលភាគច្រើនមិនសូវមានពេលច្រើន តើគួរធ្វើបែបណាខ្លះ ដើម្បីអាចទទួលបានឱកាសល្អបែបនេះ? ចម្លើយ ៖ ប្រាកដណាស់ និស្សិតពេទ្យភាគច្រើនមិនសូវមានពេលវេលាគ្រប់គ្រាន់ ក៏ប៉ុន្តែមិនមែនអត់ទាល់តែសោះនោះទេ។ បើគិតថានឹងចិញ្ចឹមចិត្តព្យាយាមឆក់ឱកាសទៅសិក្សានៅក្រៅប្រទេសហើយ សូម -និស្សិតទាំងអស់ពង្រឹងសមត្ថភាពគ្រឹះទៅតាមមុខវិជ្ជារបស់ខ្លួនឲ្យបានរឹងមាំ  -សិក្សាពីព័ត៌មានលម្អិតពីការដាក់ពាក្យអាហារូបករណ៍ដែលអាចតាមរយៈវេបសាយ សិក្ខាសាលា ឬការចែករំលែកចំណេះដឹងពីរៀមច្បងនូវប្រភេទអាហារូបករណ៍ដែលខ្លួនចង់បាន ឬប្រទេសដែលខ្លួនចង់ទៅ។ ដោយសារតែយើងគ្មានពេលវេលាគ្រប់គ្រាន់បែបនេះ ហើយទើបយើងត្រូវត្រៀមខ្លួនជាមុន ដើម្បីឲ្យផែនការបានជោគជ័យកាន់តែខ្ពស់។  មិនថានិស្សិតពេទ្យ ឬនិស្សិតថ្នាក់ដទៃទេ «ការត្រៀមខ្លួន និងការក្តោបយកឱកាស»គឺ ជារឿងចាំបាច់មួយ ព្រោះថាមានអាហារូបរណ៍ក្រៅប្រទេសជាច្រើន តែងតែផ្តល់ឱកាសឲ្យនិស្សិតបរទេស ជាពិសេសនិស្សិតកម្ពុជាអាចទៅបន្តចំណេះដឹងបន្ថែមទៀតបាន។  ខ្ញុំយល់ថា «ការឆក់យកឱកាស និងក្តាប់បានព័ត៌មានអាហារូបករណ៍» គឺជារឿងសំខាន់ជាងគេ ចំណែកឯ«សមត្ថភាព»អាចនឹងក្លាយជារឿងបន្ទាប់ ព្រោះថាបើយើងមានសមត្ថភាព តែមិនបានដឹងពីព័ត៌មានអាហារូបករណ៍ តើយើងនឹងដាក់ពាក្យតាមណា? ចុះបើយើងដឹងព័ត៌មានហើយតែគិតថា គ្មានសមត្ថភាព តើនឹងជាប់ដែរឬទេ? ត្រង់នេះយើងត្រូវពិចារណាឡើងវិញថា មាននិស្សិតច្រើនណាស់ ដែលធ្លាប់ធ្លាក់ក្នុងការប្រឡងយកអាហារូបករណ៍ទៅក្រៅប្រទេសទម្រាំនឹងពួកគេអាចប្រឡងជាប់ជាស្ថាពរ?  ហេតុនេះហើយ… -ចាំបាច់ត្រូវចាប់យកឱកាសឲ្យបាន បើធ្លាក់គឺជាបទពិសោធន៍សម្រាប់ពង្រឹងសមត្ថភាពទៅលើកក្រោយទៀត។  -កុំរារែក និងអស់សង្ឃឹម ព្រោះថាការមានប្រវត្តិប្រឡងធ្លាក់អាហារូបករណ៍នៅតែប្រសើរ ជាងអ្នកដែលមិនធ្លាប់ប្រឡងសោះ។  -ការតស៊ូ តាំងចិត្តសម្រាប់គោលដៅនៃការសិក្សាបន្តនឹងសម្រេចបើអ្នកមិនបោះបង់ តែវានឹងបាត់បង់បើអ្នកមិនចង់បន្ត។ សំណួរ ៖ តើលោកអាចប្រាប់បានទេថា ព័ត៌មាននៃអាហារូបករណ៍ផ្សេងៗពិសេសសម្រាប់និស្សិតពេទ្យ អាចរកបាននៅទីណាខ្លះ? ចម្លើយ ៖ មានប្រភព ជាពិសេសគេហទំព័រជាច្រើនដែលដែលតែងតែបង្ហោះពីអាហារូបករណ៍ថ្មី ទូទាំងពិភពលោក និងបង្ហាញពីវិធីសាស្ត្រល្អក្នុងការដាក់ និងចំណេះផ្សេងៗទៀតដែលទាក់ទងនឹងការស្នើសុំអាហារូបករណ៍ដូចជា ៖  -ទំព័រហ្វេសប៊ុកក្រសួងអប់រំ  -គេហទំព័រ Scholarship Positions -ទំព័រហ្វេសប៊ុក Scholarship for Khmer -គេហទំព័រ ASEANOP.COM ។ល។ សំណួរ ៖ ជាចុងក្រោយ តើលោកវេជ្ជបណ្ឌិតមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់មិត្តអ្នកអានជាពិសេសនិស្សិតពេទ្យដែលប្រាថ្នាចង់បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស? ចម្លើយ ៖ សរុបពីខាងលើមក គឺសុទ្ធតែជាចំណុចជាសារវន្តដែលខ្ញុំសង្ឃឹមថានឹងអាចជាប្រយោជន៍ដល់និស្សិតនានាដែលមានបំណងចង់បានអាហារូបរណ៍ទៅសិក្សាបន្តនៅបរទេស។ «ផែនការជាក់លាក់  ការតាំងចិត្តមិន បោះបង់ ការលើកទឹកចិត្តខ្លួនឯង និងពីអ្នកជុំវិញខ្លួន រួមជាមួយនឹងសមត្ថភាពចំណេះដឹងនៃជំនាញរបស់ខ្លួន រួមទាំងការចាប់យកឱកាសដែលមាននោះ អ្នកនឹងអាចសម្រេចនូវក្តីប្រាថ្នានៃការទទួលបានអាហារូបករណ៍ថ្នាក់បន្តបានយ៉ាងជោគជ័យ»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ធ្លាប់មានអារម្មណ៍បែបនេះទេ? ជាពិសេសពេលឆ្នាំដំបូងៗ លក្ខណៈថា…ជួនកាល ក៏កើតមានឡើងដោយមិនខ្លួនតែម្តង…នេះបើតាមអ្វីដែលបងប្រុសជាវេជ្ជបណ្ឌិតរបស់ខ្ញុំបានប្រាប់… ហើយវាក៏ត្រូវបាននិស្សិតពេទ្យជាច្រើនទទួលស្គាល់ថាជាអ្វីដែលខ្លួនមានពិតមែនដែរ…និយាយឲ្យស្រួលស្តាប់ទៅ វាប្រៀបបាននឹងអាការៈនៃស្ថានភាពផ្លូវចិត្តមួយដែលប៉ះទង្គិចដល់អារម្មណ៍ និងអាកប្បកិរិយានៃនិស្សិតពេទ្យ ដែលភាគច្រើនបានប្រាប់ឲ្យដឹងថា ច្រើនកើតមានក្នុងឆ្នាំដំបូងនៃចូលរៀនរបស់ពួកគេ… សាកបន្តអាន ហើយគិតឡើងវិញទៅមើល ថាខ្លួនអ្នកធ្លាប់មានអារម្មណ៍បែបហ្នឹងដែរឬអត់? ហើយក៏សូមឆ្លើយប្រាប់ផង ថាតើមាន ឬមិនមាន? នៅពេលសិក្សាលើជំងឺណាមួយ ដោយអាន ឬស្វែងយល់ពីចង្កោមនៃរោគសញ្ញានៃជំងឺនោះ ក៏តាំងចាប់ផ្តើមគិតថាដូចត្រូវនឹងអាការៈដែលខ្លួនមានដល់ហើយ ដល់ថ្នាក់ពេលខ្លះទៅធ្វើការពិនិត្យបញ្ជាក់ទៀត ដើម្បីប្រាកដថាអ្វីដែលខ្លួនគិតនោះ គឺមិនត្រឹមត្រូវនោះទេ។ អារម្មណ៍មួយហ្នឹង តែងតែកើតមានជារឿយៗ ទាំងដែលពេលខ្លះ មានសុខភាពល្អ និងរឹងមាំសោះហ្នឹងណា… ជាក់ស្តែងណាស់ ខ្ញុំនេះឃើញបងប្រុសខ្ញុំផ្ទាល់ កាលពីប៉ុន្មានឆ្នាំមុនហ្នឹង គឺគាត់ភ័យមិនតិចនោះទេ ហើយភ័យដល់ខ្ញុំទៀត ព្រោះរាល់លើក ឲ្យតែមានរឿងអី ក៏គាត់ប្រាប់ខ្ញុំមុនគេ ហើយក៏ពឹងឲ្យលាក់ប៉ាម៉ាក់ទៀត។ និយាយទៅ…កាលគាត់នៅរៀនហ្នឹង ពេលអាការៈហ្នឹងរើឡើងម្តងៗ ខ្ញុំនេះដំបូងៗស្លន់ស្លោ ដល់យូរៗទៅក៏ស៊ាំទៅហើយ… ចង់ដឹងដល់ហើយថា នរណាខ្លះធ្លាប់មានបទពិសោធន៍បែបហ្នឹង? ប្រាប់ផងបានទេ???

Share

តើនរណាដែលនៅក្បែរស្ត្រីមានផ្ទៃពោះច្រើនជាងគេ មុន និងក្រោយពេលសម្រាល បន្ទាប់ពីក្រុមគ្រួសារ? ចម្លើយ គឺប្រាកដជា ឆ្មប ជាមិនខាន…តើអ្នកបានដឹងច្រើនប៉ុណ្ណាដែរអំពី«ការសិក្សា និងការងារជាឆ្មប»?  តោះ! ស្វែងយល់ជាមួយគ្នា…តាមរយៈការចែករំលែកបទពិសោធណ៍របស់កញ្ញា លឿង ផូស្រីណុច ដែលបានបញ្ចាប់ថ្នាក់បរិញ្ញាប័ត្រឆ្មប  និងសព្វថ្ងៃកំពុងបម្រើការងារនៅគ្លីនិកឯកជនមួយកន្លែងផងដែរ… មូលហេតុដែលសម្រេចចិត្តយកជំនាញឆ្មប ដោយសារការស្រលាញ់តាំងពីក្មេង ជាពិសេសចង់ជួយស្ត្រីមានផ្ទៃមានពោះឲ្យរួចពីគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាជួយពួកគាត់ឲ្យយល់ពីសេវាសុខាភិបាលនាពេលបច្ចប្បន្ន ដើម្បីកុំឲ្យមានជំនឿលើធ្មបបុរាណ និងអបិយជំនឿរច្រើនពេក។  លក្ខណៈពិសេសនៃការសិក្សាផ្នែកឆ្មប វាមានភាពខុសប្លែកពីជំនាញផ្សេងដោយសារឆ្មប គឺត្រូវស្ថិតនៅក្បែរស្ត្រីជាម្តាយច្រើនជាងអ្នកផ្សេងបន្ទាប់ពីគ្រួសាររបស់ពួកគាត់ ជាពិសេសនៅពេលសម្រាល ។ នៅពេលដែលមានបញ្ហា ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែមករកឆ្មបមុនគេ ដើម្បីជួយឲ្យធូរស្រាលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។  លក្ខណៈសម្បតិ្ដដែលនិស្សិតឆ្មបគួរមាន ដើម្បីទទួលបានជោគជ័យ មិនខុសគ្នាពីមុខវិជ្ជាផ្សេងប៉ុន្មាននោះទេ តែអ្វីដែលចាំបាច់នោះគឺ ត្រូវមានភាពអំណត់អត់ធ្មត់។ ក្រៅពីការប្រឹងប្រែងរៀនសូត្រ និងបំពេញកិច្ចការងារ និស្សិតឆ្មបត្រូវអត់ទ្រាំ ព្រោះពេលខ្លះ មិនបានគេងគ្រប់គ្រាន់ទេនៅពេលយប់បើសិនជាចំវេនយាម។ ម្យ៉ាងទៀត បើថ្ងៃខ្លះ ត្រូវជួបជាមួយនឹងអ្នកជំងឺអុកឡុកទៀត គឺរឹតតែត្រូវទ្រាំ។ ឧបសគ្គចម្បងនៃការសិក្សាជំនាញនេះ  -ត្រូវច្បាស់ថាខ្លួនឯងអាចជួយស្ត្រីមានផ្ទៃពោះម្នាក់នោះពីគ្រោះថ្នាក់ដែរឬទេ ? បើសិនជាអាច គឺ ជួយដោយវិធីណា?  -បន្ទាប់ពីសម្រាលកូនហើយ តើផ្លូវចិត្តស្ត្រីបានប្រសើរឡើងវិញហើយឬនៅ ?  សំណួរទាំងនេះហើយដែលតែងតែផុសនៅក្នុងខួរក្បាលរបស់ខ្ញុំ ហើយវាក៏ជាឧបសគ្គដែរ ហើយខ្ញុំអាចជំនះវាបានដោយការខំប្រឹងប្រែងរៀនសូត្រ និងទៅអនុវត្តផ្ទាល់នៅតាមមន្ទីរពេទ្យនោះឯង  ដោយព្យាយាមត្រងត្រាប់ស្តាប់ និងសង្កេតមើលពីសកម្មភាពរបស់បុគ្គលិកទាំងនោះថាតើមានអ្វីខ្លះដែលគួរប្រព្រឹត្តតាម ហើយអ្វីខ្លះដែលមិនគួរ? ការងារដែលនិស្សិតឆ្មបអាចធ្វើបាន បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចធ្វើការតាមគ្លីនិកឯកជន ក្រុមហ៊ុន និងអង្គការផ្សេងៗជាច្រើន ហើយបើសិនជាអាចប្រលងក្របខ័ណ្ឌចូលបម្រើការងាររដ្ឋកាន់តែប្រសើរ ។  ឆ្នាំដែលសប្បាយ និងពិបាកជាងគេ ឆ្នាំសិក្សាដែលសប្បាយជាងគេសម្រាប់ខ្ញុំ គឺគ្មានទេ ព្រោះគ្រប់ឆ្នាំ គឺសប្បាយទាំងអស់ ដោយសារមានមិត្តភក្ដិ រួមថ្នាក់យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក មិនដែលឈ្លោះគ្នានោះទេ។ ចំណែកឆ្នាំដែលពិបាកបំផុត គឺឆ្នាំដំបូង ដែលត្រូវរៀនពាក្យបច្ចេកទេសថ្មីៗជាច្រើនដែលមិនធ្លាប់ស្គាល់ ឬលឺពីមុនមក ជាពិសេសវាជាភាសាបរទេសទៀតផង។ ឈានចូលដល់ឆ្នាំទី៤ គឺរឹតតែពិបាក ព្រោះមានកាតព្វកិច្ចជាច្រើនត្រូវបំពេញ រួមមាន ត្រូវទៅស្ដារនៅពេទ្យផង ធ្វើសារណាផង ត្រៀមប្រលងចេញផង  ហើយសំនួរមិនតិចទេ ថែមទាំងមានប្រលង អនុវត្តជំនាញតិចនិកទៀតផង… អត្ថន័យនៃការងារជាឆ្មប ការងារ ឬអាជីពនេះពិតជាមានន័យធំធេងណាស់សម្រាប់ខ្ញុំ  ព្រោះវាបានផ្ដល់ឲ្យខ្ញុំនូវចំណេះដឹងជាច្រើនទាក់ទងនឹងស្ត្រី មិនថាសុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទនោះទេ ដែលសុទ្ធតែមានសារសំខាន់សម្រាប់ជីវិតរបស់មនុស្សទូទៅ។ ហើយខ្ញុំក៏អាចដឹងថាស្ត្រីមានផ្ទៃពោះភាគច្រើនត្រូវការអ្វី? ចូលចិត្តអ្វី? ហើយអ្វីដែលល្អសម្រាប់គាត់?។ ខ្លះៗអំពីឆ្មប «ឆ្មប ចូលចិត្តប្រើពាក្យសម្តីអសុរោះ» ទាក់ទងនឹងសម្ដីអសុរោះ វាអាចជាការពិត ហើយក៏អាចជារឿងមិនពិតដែរ ព្រោះសម្ដីមិនល្អភាគច្រើនលេចលឺពីឆ្មបចាស់ៗ ដោយសារតែពួកគាត់ហត់ពេក មានអ្នកជំងឺច្រើន មិនបានគេងគ្រប់គ្រាន់ ឬដោយសារកត្តាចរិតលក្ខណៈរបស់បុគ្គលជាដើម ។ ដោយឡែក ក៏នៅមានឆ្មបមួយចំនួនដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌ មានវិជ្ជាជីវៈជាគ្រូពេទ្យម្នាក់ដែរ ហើយយើងមិនអាចយកមនុស្សមួយក្ដាប់ មកវាយតម្លៃឆ្មបទាំងអស់នោះទេ។  «ការងារឆ្មប គ្រាន់តែបង្កើតកូនឲ្យគេតែប៉ុណ្ណោះ» មិនពិតនោះទេ ពួកគាត់មានតួនាទីថែទាំស្ត្រី អប់រំចាប់តាំងពីមិនទាន់មានផ្ទៃពោះរហូតដល់សម្រាលរួច ក្នុងរយៈពេលជាច្រើនសប្ដាហ៍ ដោយត្រូវធ្វើការអប់រំអំពីចំណុចគួរយល់ដឹងជាច្រើនរួមមានដូចជា របបអាហារ បែបបទនៃការរស់នៅ សុខភាពផ្លូវភេទ ផ្លូវចិត្ត និងរឿងជាច្រើនទៀត។  សំណូមពរ និងសារជូនដល់មិត្តអ្នកអាន -អ្នកអាចស្អប់ចំពោះអ្នកដែលប្រើពាក្យពេចន៍ និងកាយវិការមិនសមរម្យដាក់អ្នក តែសូមកុំស្អប់ ឬរិះគន់មនុស្ស ឬពេទ្យដែលល្អ សូមមេត្តាប្រើគំនិតបែបត្រិះរិះវិនិច្ឆ័យដោយប្រើវិចារណញាណខ្លូនឯង។  ពិតជាសូមចិត្តកុំចេះតែហៃអើតាមគ្នា ឃើញគេជេរ  ក៏ជេរតាមគេ ហើយខ្ញុំសូមអ្នកគិតថា «គ្រប់ការងារទាំងអស់មិនថាវិស័យណានោះទេ គឺតែងតែមានមនុស្សល្អ និងអាក្រក់ជានិច្ច» ។  -បើបងប្អូនសិស្សនិស្សិតដែលមានបំណងចង់ចូលរៀនមុខជំនាញនោះ  ឬមុខជំនាញផ្សេងក៏ដោយ សូមបងប្អូនពិចារណាថា «តើប្អូនស្រលាញ់ដោយខ្លូនឯង ឬឪពុកម្ដាយបង្ខំ?»។ បើប្អូនស្រលាញ់ជំនាញនេះ គឺត្រូវប្រឹងប្រែងរៀនសូត្រ និងទៅអនុវត្តនៅមន្ទីរពេទ្យឲ្យបានខ្ជាប់ខ្ជួន ព្រោះការរៀនជំនាញនេះ បើមិនទៅធ្វើ គឺមិនចេះនោះទេ។ ជាចុងបញ្ចប់ សូមជួយប្រើប្រាស់ភាសា កាយវិការ និងឥវិយាបថឲ្យល្អ ដើម្បីឲ្យអ្នកជំងឺ ក៏ដូចជាស្ត្រីមានផ្ទៃពោះមានការទុកចិត្តមកលើយើង និងលុបបំបាត់ពាក្យថា«ពេទ្យឆ្មប សម្ដីមិនល្អ»។ល។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យោងតាមសេចក្តីប្រកាសការងាររបស់ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ (Sunrise Japan Hospital Phnom Penh) បានឲ្យដឹងថា មន្ទីរពេទ្យកំពុងត្រូវការបុគ្គលិកជាច្រើនរូបដែលមានឆន្ទៈមុតមាំក្នុងការអភិវឌ្ឍវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា ក្នុងមុខតំណែងដូចខាងក្រោម ៖ 1.    Physical Therapist (1 position) 2.    Ambulance Crew (2 positons) 3.    Medical Doctor (1 positon) 4.    Radio Technician (1 positon) 5.    Customer service (4 positons) 6.    Nurse (12 positons) សម្រាប់អ្នកមានចំណាប់អារម្មណ៍ សូមធ្វើការផ្ញើទៅកាន់ jobs@time-media.com  នូវឯកសារសំខាន់៣រួមមាន៖ 1.    Cover letter 2.    CV 3.    Certificates លោកអ្នកក៏អាចអានអំពីលក្ខខណ្ឌត្រូវការរបស់មន្ទីរពេទ្យនៅក្នុងសេចក្តីប្រកាសរបស់មន្ទីរពេទ្យផ្ទាល់ សេចក្តីប្រកាសការងារ... សម្រាប់ព័ត៌មានបន្ថែម ៖ សូមទាក់ទងផ្នែកធនធានមនុស្ស ទូរស័ព្ទលេខ ៖ 023 432 669 គេហទំព័រ ៖ www.sunrise-hs.com ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើកត្តាអ្វីដែលក្រុមហ៊ុនទើបធ្វើអាជីវកម្មថ្មីអាចរីកចំរើនទៅនាសម័យ Digital ? ហើយអ្វីជាដើមទុនចំបងក្នុងការធ្វើអាជីវកម្ម? តើយុទ្ធសាស្រ្តអ្វីដែរអនុញ្ញាត​អោយក្រុមហ៊ុនមួយរីកចំ​រើនខ្លាំង​ទៅមុខបាន? តើយុទ្ធសាស្ត្រនិងតិកនិកដែលអនុញ្ញាតអោយក្រុមហ៊ុនមួយជ្រៀតចូលក្នុងទីផ្សារបានរហ័សក្នុងសម័យ Digital?  ក្នុងន័យផ្តល់ជាការចំលែកបទពិសោធន៍​ក៏ដូចជាផ្តល់កម្លាំងចិត្តដល់ម្ចាស់អាជីវកម្មថ្មីៗ ក៏ដូចជាម្ចាស់អាជីវកម្មដែលកំពុងដំណើរការ និងត្រូវការពង្រីកអាជីវកម្មនោះ​ជាថ្មីម្តងទៀតក្នុងខែតុលានេះ ផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំមានកិត្តិយសអញ្ជើញវាគ្មិនដ៏ល្បីល្បាញចំនួន០២រូបមកធ្វើការបកស្រាយពីវិធីសាស្រ្តក្នុងការធ្វើអាជីវកម្ម ក៏ដូចជាចែករំលែកបទពិសោធន៍របស់លោកកន្លងមកក្នុងកម្មវិធីកិច្ចសន្ទនារពាណិជ្ជកម្មដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ“គន្លឹះជោគជ័យក្នុងការធ្វើអាជីវកម្មសម័យ Digital?” ។ វាគ្មិនកិត្តិយសកំពូលចំនួនពីររូបដែលនឹងមកចែករំលែកបទពិសោធន៍ដ៏មានតម្លៃរបស់ពួកគាត់រួមមាន ៖  -MR. KHiM Sok HENG Founder & Chairman Learning for Success Institute -Mr. Chy Sila CEO Sabay Digital Corporation. គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ តុលា ចាប់ពីម៉ោង០៥ និង៣០នាទីល្ងាចតទៅ នៅផាកកាហ្វេសាខាផ្លូវបឹងកេងកងត្រសក់ផ្អែម។  Location Map: https://goo.gl/yzJjBX កុំស្ទាក់ស្ទើរ ! បើចង់ចូលរួមសូមចុះឈ្មោះ ទីនេះ ឬទំនាក់ទំនងមកលេខ៖ 012 23 28 23 / 012 23 28 22 សូមកុំភ្លេចចូលរួមទាំងអស់គ្នាជាមួយកម្មវិធីសន្ទនាពាណិជ្ជកម្មប្រចាំខែតុលានេះនៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម លោកអ្នកនឹងទទួលបានពត័មានក៍ដូចជាយុទ្ធសាស្រ្តថ្មីៗក្នុងការធ្វើអាជីវកម្មនិងជាពិសេសឱកាសជួបទំនាក់ទំនងផ្លាស់ប្តូរនាមបណ្ណ័ជាមួយម្ចាស់អាជីវកម្មម្ចាស់ក្រុមហ៊ុនក៍ដូចជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗជាពិសេសលោកអ្នកចូលរួមទាំងអស់នឹងមានឱកាសជួបផ្ទាល់ជាមួយម្ចាស់សហគ្រិនដែរបានចូលរួម និងពិភាក្សាគ្នាចែករំលែកបទពិសោធន៍ក៏ដូចជាឱកាសក្នុងការពង្រីកអាជីវកម្មរបស់លោកអ្នក។  ***បញ្ជាក់តម្លៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រាច់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយ ចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

គោរពជូនសិស្សប្អូនជាទីស្រលាញ់ នឹកគិតត្រលប់ទៅសម័យហ្នឹងវិញ…ចង់សើចបន្តិច ចង់យំបន្តិច!!!  មិនមែនលេងលេងទេ គឺជាការចងចាំដែលមិនអាចបំភ្លេចបានមួយ… សម្រាប់ខ្ញុំ វាមិនមែនជារឿងងាយនោះទេ ក្នុងការក្លាយជានិស្សិតផ្នែកវេជ្ជសាស្រ្តមួយរូប…ព្រោះថាទម្រាំមានថ្ងៃនេះ ទម្រាំបានក្លាយជាវេជ្ជបណ្ឌិតមួយរូបដែលអាចគ្រងអាវពេទ្យពណ៌ស និងមានស្តេតូដែលជាគ្រឿងអលង្ការដ៏មានតម្លៃជាងគេនេះបាន គឺមានរឿងរ៉ាវជាច្រើន… គិតៗទៅ កាលហ្នឹង មិនខ្វល់អ្វីច្រើនទេ…ប្រលងបាក់ឌុបហើយ ដឹងតែត្រូវរៀនត្រៀមប្រលងហ្មង។ និយាយទៅ ដើរលេងបានមួយអាទិត្យ ហើយបានប្តេជ្ញាចិត្តប្រឹងប្រែងអស់ពីចិត្តក្នុងការធ្វើលំហាត់ និងទន្ទេញមេរៀន។ សម្ពាធមិនស្រាលទេណា…ឃើញមិត្តភក្តិខ្លះ មិនចាំបាច់រៀនត្រៀម ឬប្រលងអីតឹងតែងផង ក៏អាចចូលរៀនបាន ដល់ឯងនេះ រៀនថ្ងៃមិនគ្រប់រៀនយប់បន្ថែម ធ្វើលំហាត់មិនគ្រប់ ទន្ទេញមេរៀនបន្ថែម…. ដោយសារតែក្តីស្រមៃតាំងពីតូចដែលថាចង់ក្លាយជាគ្រូពេទ្យមួយរូប ហេតុនេះហើយ ហត់ប៉ុណ្ណា ពិបាកប៉ុណ្ណា ក៏មិនរាថយឡើយ ក៏ព្រោះតែបានសន្យានឹងខ្លួនឯងរួចហើយថា នឹងធ្វើឲ្យបាន។ ណាមួយក៏ខ្លាចខ្មាសអ្នកភូមិផងរបងជាមួយផង ព្រោះថាឲ្យតែដឹងថាកូនហ្នឹងចង់រៀនពេទ្យអីចឹង ដឹងតាចាំមើលម៉េចដែរ?ប្រលងជាប់អត់? សម័យហ្នឹង គឺបែបនេះទៀត ថ្ងៃប្រលងចូលសាលាពេទ្យដឹងតែក្រោយគេបង្អស់ហើយ ចឹងហើយលទ្ធផលជាជោគវាសនាកំណត់ថាត្រូវចាំឆ្នាំក្រោយ ឬយ៉ាងណាហើយ។  កាន់តែកៀកថ្ងៃប្រលង កាន់តែភ័យ…ពេលខ្លះ ចង់សម្រាកដើរលេងខ្លះដែរ តែមិនហ៊ានព្រោះថាមិត្តភក្តិដែលប្រលងដែរ គេមើលមេរៀនរហូត ហើយគិតមើលទៅ បេក្ខភាពប្រលងមួយឆ្នាំៗមិនមែនតិចណា លក្ខណៈថាបេក្ខភាព ប្រលងច្រើនមធ្យម ងំត្រង់មើលទៅសុទ្ធតែអ្នកខ្លាំងទៀត អញ្ចឹងហើយមិនអាចព្រលែងដៃនោះទេ។  ពេលមើលមេរៀនជុំគ្នាម្តងៗ ភាគច្រើន គឺ ភ័យខ្លួនពេលឭគេសួរសំណួរគ្នា ចំសំណួរខ្លួនឯងអត់ដែលឭ ឬភ្លេចចម្លើយ ហើយក៏ចេះតែមានអារម្មណ៍ថាសំណួរខ្លះខ្លួនឯងមិនទាន់បានមើល ដែលការពិតមើលច្រើនដងហើយ (មិនដឹងយ៉ាងម៉េចបានចេះតែគិតថា«សំណួរថ្មី»រហូត)។ នរណាៗក៏ដឹងដែរថា ក្នុងចំណោមមុខវិជ្ជាទាំង៣ហ្នឹង ៖ ជីវវិទ្យា និង គីមីវិទ្យា គេធ្វើបានគ្រប់គ្នា ហើយពិបាកជាងគេគឺគណិតវិទ្យា ដែលសម្រាប់ខ្ញុំ គឺគិតថាវាកំណត់ជោគវាសនា ២ គឺ ថាជាប់ ឬធ្លាក់ និងសាលាដែលត្រូវរៀន(អ្វីដែលភ័យនោះ គឺខ្លាចមិនបានចូលរៀនសាលាដែលបានរើសជាអាទិភាពទី១)។ ពេលចេញពីប្រលង ក៏អាចស្មានដឹងខ្លះៗទៅហើយថាលទ្ធផលបែបណា ក្រោយពីផ្ទៀងចម្លើយមើលទៅ តែក៏មិនប្រាកដបាន១០០%ដែរ។ ប្រលងហើយ មិនមែនថាធូរចិត្តទេណា៎!!! នៅមានវគ្គបន្តទៀត…វគ្គឈីងចាំងចាំអ៊ុតលេខឆ្នោត!!! លលេងទេ៎…វគ្គឈីងចាំរង់ចាំមើលលទ្ធផលនុះអី…ហេងណាស់ ជំនាន់ហ្នឹង ចេញលទ្ធផលពេលយប់ជ្រៅ មិនបានចេញទៅមើល ហើយក៏បានពឹងគេឲ្យមើលឲ្យ តែក៏មិនបានសម្រេច ហើយក៏បង្ខំចិត្តគេងនៅផ្ទះបន់ឲ្យតែឆាប់ភ្លឺ… វេលារន្ធត់ញាប់ញ័រ (មិនមែននាទីនិទានរឿងខ្មោចទេ) ក៏ឈានមកដល់…ទៅមើលលទ្ធផលជាមួយប្អូន ពេលហ្នឹង អត់ហ៊ានចូលទៅមើលខ្លួនឯងទៀត ព្រោះមិនចូលចិត្តកន្លែងមនុស្សច្រើន និងបញ្ជ្រៀតគេ ហើយទីបំផុត…អ្នកក៏ដឹងថាបែបណាដែរ គឺជាប់ជាស្ថាពរនៅសាលាជាអាទិភាពទីមួយតែម្តង។ តែដឹងឬអត់? មុនហ្នឹង ធ្លាក់ម្តងហើយកាលពីឆ្នាំមុន…តែខ្ញុំក៏មិនបានបោះបង់ដែរ…នៅតែរឹងមាំ និងតស៊ូជានិច្ច អារម្មណ៍ពេលហ្នឹង ស្ទើរតែហោះទៅហើយ តែក៏ត្រូវទប់អារម្មណ៍។ ពិតជាមានមោទនភាពណាស់!!! ហើយក៏រីករាយខ្លំាងណាស់ដែលមានឱកាសដើរលើវិថីទៅកាន់មុខរបរនៅក្នុងក្តីស្រមៃតាំងពីតូចមួយនេះ  ហើយរឹតតែពិសេសដែលអាចជាប់ក្នុងចំណោមបេក្ខភាពច្រើននាក់… ជូនពរអ្នកដែលប្រលងក្នុងឆ្នាំបន្ទាប់ៗឲ្យមានសំណាងល្អ…អ្វីដែលចង់បា្រប់គឺ«បើស្រលាញ់ពិត សូមប្រឹងប្រែងអស់ពីចិត្ត និងហ៊ានទទួលយកលទ្ធផលពីការខិតខំនោះ…មិនថាមានរឿងអ្វីកើតឡើង សូមជឿជាក់លើខ្លួនឯងជានិច្ច និងត្រូវចាំថា រូបអ្នកជាមនុស្សអស្ចារ្យ និងអាចធ្វើបាន»  បើមិនបានជោគជ័យ ក៏សង្ឃឹមថានឹងនៅតែអាចរឹងមាំ និងឈានជើងទៅមុខទៀតបាន…ស៊ូស៊ូណា៎!!! ពីរៀមច្បងមួយរូបដែលតែងតែស្រលាញ់ និងមានមោទនភាពក្នុងការប្រកបវិជ្ជាជីវៈសុខាភិបាល (បងប្រុសខ្ញុំចូលចិត្តណាស់ សរសេរសំបុត្រនៃពាក្យពេចន៍ក្នុងចិត្តទុកម្នាក់ឯង ហើយខ្ញុំក៏តែងតែជាអ្នកដែលជួយនាំសារដ៏មានន័យទាំងនោះជូនអ្នកដែលគួរអាន…ហើយគាត់ក៏មិនប្រកាន់ដែរ…)

Share

សេង រស្មី និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីបានសិក្សាក្នុងវិស័យសុខាភិបាល គឺបេក្ខជនទាំងអស់ត្រូវចូលរួមប្រលងប្រជែងថ្នាក់ជាតិជាមុនសិន។ សំរាប់ការត្រៀមខ្លួនប្រលងវិញ ខ្ញុំបានឡើងមកភ្នំពេញ ហើយចាប់ផ្តើមរៀនត្រៀមចាប់តាំងពីពេលដែលខ្ញុំបានប្រលងបាក់ឌុបចប់ភ្លាម ហើយពេលនោះដែរ ខ្ញុំបានរៀនគួរបន្ថែមនៅឯសាលាជ័យថាវីលើមុខវិជ្ជាចំនួន 3 ស្របតាមការប្រកាសណែនាំរបស់ក្រសួងសុខាភិបាល គឺ គណិតវិទ្យា គីមីវិទ្យា និងជីវវីទ្យា ដែលវិញ្ញាសាចេញប្រលង គឺ ស្របតាមកម្មវិធីសិក្សាទុតិយភូមិថ្នាក់ទី១២។ ដូច្នេះ ក្រៅពីការរៀនគួរបន្ថែម ខ្ញុំបានចំណាយពេលដែលនៅសល់ខិតខំធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅពុម្ព ព្រមទាំងខំទន្ទេញមេរៀនអោយស្ទាត់មាត់។ ដើម្បីទទួលបានការជោគជ័យក្នុងការប្រលងចូលវិញ គឺយើងត្រូវគោរពធ្វើតាមការណែនាំរបស់គណកម្មាធិការប្រលង ចំណាយពេលវេលាផ្តោតសំខាន់តែលើការប្រលង រៀនធ្វើលំហាត់ដែលធ្លាប់ចេញប្រលងពីឆ្នាំមុនៗដើម្បីវាស់សម្ថតភាពរបស់ខ្លួន និងអ្វីដែលសំខាន់នោះ គឺត្រូវជឿជាក់លើសម្ថភាពខ្លួនឯង។ ម្យ៉ាងវិញទៀត សុខភាពក៏ជាកត្តាសំខាន់ដែរ ដូចនេះ គឺត្រូវសម្រាក និងញុំាឲ្យបានគ្រប់គ្រាន់។ ក្នុងពេលប្រលង គឺតាំងចិត្តកុំឲ្យភ័យ អានប្រធានឲ្យយល់ច្បាស់មុននឹងចាប់ផ្ដើមឆ្លើយ មិនត្រូវចំណាយពេលច្រើនលើសំណួរដែលយើងមិនចេះនោះទេ ត្រូវធ្វើសំណួរណាដែលយើងចេះមុន រួចចាំមកបំពេញកន្លែងដែលខ្វះចន្លោះតាមក្រោយ។  លីម ចាន់បូរ៉ាម៉ី  ឱសថការីឧត្តមដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅខែមេសា ឆ្នាំ ២០១៧ថ្មីៗនេះ នៅពេលរៀនថ្នាក់ទី១១ និង ទី១២ ក្រៅពីការសិក្សាក្រៅម៉ោងសម្រាប់ប្រឡងបាក់ឌុប នាងខ្ញុំបានផ្តោតទៅលើមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា និង ជីវវិទ្យាដែលជាគ្រឹះសំខាន់សម្រាប់ចូលសាលាពេទ្យ។ លើសពីនេះទៀត ខ្ញុំបានយកវិញ្ញាសាប្រឡងមុនៗមកសិក្សាបន្ថែម និង ព្យាយាមធ្វើលំហាត់ក្នុងនោះឲ្យបានច្រើន។ ក្រោយពេលបញ្ចប់ប្រឡងបាក់ឌុប ខ្ញុំក៏បានចូលរៀនថ្នាក់ត្រៀមប្រឡងខ្លះៗដែរ ដើម្បីត្រៀមចូលសាលាពេទ្យ។ សម្រាប់នាងខ្ញុំ ខ្ញុំគិតថាគួរចាប់ផ្តើមត្រៀមពីថ្នាក់ទី១១ ទៅ ព្រោះពេលនោះ គឺពេលដែលយើងទើបចាប់ផ្តើមរៀនពីខ្លឹមសារដែលជាគ្រឹះសម្រាប់អនាគតពេលចូលរៀនពេទ្យ ដូច្នេះ គួរតែបុកគ្រឹះឲ្យមាំពីពេលនោះមក ដើម្បីទទួលបានការជោគជ័យទៅពេលដែលចូលរៀនមុខវិជ្ជាពេទ្យខាងមុខនេះ។ ការសិក្សាបន្ថែមលើភាសា ក៏ជាកត្តាចាំបាច់សម្រាប់ភាពជោគជ័យក្នុងការរៀនសូត្រមុខវិជ្ជាពេទ្យ ព្រោះមុខវិជ្ជានេះមានការប្រើប្រាស់ពាក្យបច្ចេកទេសជាច្រើនដែលជាភាសាបរទេសដូចអង់គ្លេស ឬ បារាំង។ ការពង្រឹងសមត្ថភាពភាសាបរទេសផ្តល់ភាពងាយស្រួលដល់ពេលដែលត្រូវស្រាវជ្រាវឯកសារទាក់ទងមុខវិជ្ជាពេទ្យដែលយើងកំពុងសិក្សា ។ នាងខ្ញុំជឿថា «Practice makes you perfect» ដូច្នេះ គន្លឹះ គឺធ្វើលំហាត់ឲ្យបានច្រើន មិនថាក្នុងសៀវភៅ ឬ វិញ្ញាសាប្រឡងឆ្នាំមុនៗ ។ ការរៀនជាក្រុមក៏អាចមានផលប្រយោជន៍ជាច្រើនដូចជាមានការចែករំលែកព័ត៌មាន និង លំហាត់ថ្មី ហើយស្វែងរកដំណោះស្រាយជាមួយគ្នា។ ការប្រកួតប្រជែងក្នុងក្រុមអាចជួយជំរុញឲ្យទាំងខិតខំប្រឹងប្រែងទាំងអស់គ្នា ។ ក្រៅពីការសិក្សា ត្រូវបែងចែកពេលវេលាសម្រាកជារៀងរាល់ថ្ងៃ ដូចជាជួបជុំគ្រួសារ ឬ ហាត់កីឡាជាមួយមិត្តភក្តិ ដើម្បីធ្វើឲ្យយើងមានអារម្មណ៍ស្រលះក្នុងខួរក្បាល់ហើយបន្តទៅមុខទៀត។ ហេង សុវណ្ណឫទ្ធិ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បើនិយាយពីការរៀនត្រៀមចូលមហាវិទ្យាល័យវេជ្ជសាស្ត្រវិញ ចំពោះរូបខ្ញុំផ្ទាល់ បានត្រៀមខ្លួនតាំងពីពេលនៅរៀនវិទ្យាល័យឯណោះ ពោល គឺខិតខំរៀនត្រៀមលើមុខវិជ្ជាដែលសំខាន់សម្រាប់ប្រលងចូលសាលាពេទ្យដែលមានដូចជាមុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ បន្ថែមពីការរៀនគួរត្រៀមពេទ្យ បេក្ខភាពគួរតែរៀនធ្វើលំហាត់ និងទន្ទេញសំណួរ-ចម្លើយដែលមាននៅខាងចុងបញ្ចប់នៃមេរៀននីមួយៗឲ្យចេះឲ្យចាំស្ទាត់។ រីឯការប្រលងចូលវិញ គន្លឹះសំខាន់ ដើម្បីឲ្យប្រលងជាប់ ឬក៏ធ្លាក់នោះ គឺអាស្រ័យលើមុខវិជ្ជាដ៏សំខាន់មួយ គឺគណិតវិទ្យា ព្រោះថាវាមានលំហាត់ច្រើន និងពិបាក ដូច្នេះ វាទាមទារឲ្យបេក្ខភាពគ្រប់រូបត្រូវសរសេរយ៉ាងណាឲ្យបានលឿនតាមដែលអាចធ្វើបាន ហើយមិនចាំបាច់ស្អាតពេកទេ ឲ្យតែអាចមើលយល់ទៅ គឺគ្រប់គ្រាន់ហើយ បើកាន់តែល្អជាងនេះ អ្នកគួរតែមាននាឡិកាដៃមួយសម្រាប់ផ្ទៀងម៉ោង ហើយចំពោះលំហាត់ដែលយើងមិនទាន់ច្បាស់ ត្រូវទុកធ្វើក្រោយគេ និងធ្វើនូវលំហាត់ណាដែលយើងចេះមុនសិន ដើម្បីចំណេញពេញវេលា។ តាំង រ៉ូស្សាទេវី  អតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧  ហើយសព្វថ្ងៃនេះកំពុងបម្រើការងារនៅមណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center) ដើម្បីត្រៀមប្រលងចូលសាលាពេទ្យឲ្យបានដូចបំណងនោះ អ្នកទាំងអស់គ្នាត្រូវត្រៀមមុខវិជ្ចាដែលពាក់ព័ន្ធនឹង គណិតវិទ្យា គីមីវិទ្យា ជីវៈវិទ្យា តែបើអ្នកទាំងអស់គ្នាចង់បាននិទ្ទេសរួមល្អគួរតែត្រៀមគ្រប់មុខវិជ្ចាទាំងអស់ ទើបជាការគួរ ។ បន្ទាប់ពីការធ្វើការពង្រឹងមូលដ្ឋានគ្រឹះខាងលើរួចមក គួរតែសិក្សាបន្ថែមទៅលើមុខវិទ្យាភាសាដទៃរួមមាន ៖ ភាសាបារាំង អង់គ្លេស។ គន្លឹះសម្រាប់ចែកជូនមុនពេលចូលប្រលងឲ្យទទួលបានពិន្ទុខ្ពស់រួមមាន៖ -វិញ្ញាសាដែលមានចេញប្រលងថ្នាក់ជាតិ -ត្រូវសរសេរឲ្យបានលឿន -ត្រូវប្រាកដថាចម្លើយដែលយើងឆ្លើយ គឺជាចម្លើយត្រឹមត្រួវ។ លឹម ប៉ោហ្វុង និស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីត្រៀមខ្លួនសម្រាប់ការប្រលងថ្នាក់ជាតិនេះ អ្នកគួរតែចាប់ផ្តើមពីថ្នាក់ទី១២ទៅដែលជាឆ្នាំមួយតម្រូវឲ្យអ្នកជ្រើសរើសមុខវិជ្ជាសម្រាប់ការសិក្សានាពេលអនាគត ហើយអ្វីដែលសំខាន់នោះ គឺមុខវិជ្ជាដែលត្រូវប្រឡងក៏ពាក់ព័ន្ធនឹងកម្មវិធីសិក្សាថ្នាក់ទី១២ផងដែរ។ ម្យ៉ាងទៀត លទ្ធផលសិក្សាថ្នាក់វិទ្យាល័យក៏ពាក់ព័ន្ធនឹងជោគវាសនាក្នុងកម្រិតឧត្តមសិក្សារបស់អ្នកផងដែរ ប្រសិនបើលទ្ធផលកាន់តែប្រសើរ ឱកាសក្នុងការទទួលបានអាហារូបករណ៍ក៏ខ្ពស់តាមហ្នឹងដែរ។ ទន្ទឹមនឹងគ្នានេះដែរ ការខំប្រឹងសិក្សាភាសាបរទេសក៏ជាកត្តាចាំបាច់ផងដែរ ជាពិសេសភាសាអង់គ្លេសសម្រាប់ការសិក្សា ទំនាក់ទំនងជាមួយនឹងនិស្សិតអន្តរជាតិ ក៏ដូចជាចូលរួមក្នុងកម្មវិធីអន្តរជាតិផ្សេងៗផងដែរ។ រីឯមេរៀនភាគច្រើនក៏បង្រៀនជាភាសាអង់គ្លេស ដែលសម្រួលដល់ការយល់នូវមេរៀន និងការស្រាវជ្រាវឯកសារបន្ថែមលើអ៊ីនធើណែត។ ខ្ញុំមិនមានគន្លឹះអ្វីជាពិសេសនោះទេ ក្រៅពីខិតខំប្រឹងរៀន និងយល់នូវមេរៀន ព្រោះថាការយល់នឹងបន្សល់នូវការចងចាំរយៈពេលយូរ ស្របពេលដែលការប្រឹងទន្ទេញនឹងបន្សល់នូវការចងចាំរយៈពេលខ្លីតែប៉ុណ្ណោះ។ សំ សុវត្ថឌី និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់-ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ  ដើម្បីចូលរៀនក្នុងវិស័យសុខាភិបាល គឺតម្រូវឲ្យយើងមានគោលដៅច្បាស់លាស់ ដូច្នេះ ការត្រៀមខ្លួនជារឿងចាំបាច់។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ គឺគ្មានអ្វីដែលត្រូវត្រៀមច្រើននោះទេ ក្រៅពីត្រូវតាំងចិត្ត នឹងមានជំនឿចិត្តលើខ្លួនឯងថាខ្ញុំនឹងអាចទទួលបានជោគជ័យ ហើយដើម្បីទទួលបានជោគជ័យនឹងធើ្វឲ្យខ្លួនឯងមានទំនុកចិត្តនោះ គឺយើងត្រូវតៀមចំពោះមុខវិជ្ជាដែលត្រូវប្រលងចូល ៖ រួមមាន គណិតវិទ្យា ជីវវិទ្យា និងគីមីវិទ្យា ភាពខ្លាំងនៅក្នុងមុខវិជ្ជាទាំង 3 គឺធ្វើឲ្យយើងមានអាទិភាពខ្ពស់ក្នុងការប្រលងជាប់។ ការរៀនមុខវិជ្ជាទាំង3 គួរតែចាប់ផ្តើមតាំងតែពីដើមឆ្នាំនៃឆ្នាំសិក្សាថា្នក់ទី 12។ បន្ថែមពីនេះទៀតការធ្វើលំហាត់ផ្សេងៗ នៅក្នុងសៀវភៅមុខវិជ្ជាទាំង 3 គឺពិតជាជំនួយដល់ប្អូនៗនិស្សិត ពីព្រោះវិញ្ញាសាប្រលង គឺសុទ្ធតែជាលំនាំដែលមាននៅក្នុងមេរៀន និងលំហាត់ដែលមានក្នុងសៀវភៅស្រាប់។ ចំពោះការប្រលង ខ្ញុំក៏មិនមានគន្លឹអ្វីពិសេសទេ ក្រៅពីតាំងចិត្តកុំឲ្យមានការភិតភ័យ ការតាំងអារម្មណ៍ឲ្យមូលក្នុងការប្រលង និងកុំដាក់សម្ពាធលើខ្លួនឯង ប្រសិនបើយើងបានត្រៀមខ្លួនរួចរាល់សសម្រាប់ការប្រលង និងត្រូវជឿជាក់លើខ្លួនឯងថាយើងនឹងអាចធ្វើបាន។ វ៉ាន់ គឹមរួន បព្ចាប់ការសិក្សាផ្នែកឱសថសាស្រ្តនាខែមេសា ឆ្នាំ២០១៦នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) ត្រូវដឹងពីមុខវិជ្ជាគោល ហើយពង្រឹងសមត្ថភាពទាក់ទងនឹងមុខវិជ្ជា គីមីវិទ្យា ជីវវិទ្យា គណិតវិទ្យា និងមុខវិជ្ជាដទៃទៀត ហើយតែងតែស្តាប់ដំបូន្មានល្អៗរបស់បងបងរបស់នាងខ្ញុំ ក្នុងគោលបំណងទទួលបានអាហារូបករណ៍ ពីព្រោះនៅជំនាន់របស់នាងខ្ញុំអាចដាក់ពាក្យសុំអាហារូបករណ៍បានដោយមិនបាច់ឆ្លងកាតការប្រលងជ្រើសទ្បើយ ដូច្នេះហើយបានត្រៀមខ្លួនតាំងពីនៅវិទ្យាល័យម្ល៉េះ។ បន្ថែមពីការរៀនត្រៀម យើងក៏ត្រូវ ៖ -រៀបចំកាលវិភាគសម្រាប់រំលឹកមេរៀននៅផ្ទះ -បរិភោគ និង សម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីប្រលងឲ្យទទួលបានជោគជ័យ យើងត្រូវ ៖ -មើលប្រធានឲ្យបានច្បាស់ មុនចាប់ផ្តើមធ្វើ -ប្រសិនបើជិតដល់ម៉ោងហើយ ធ្វើមិនទាន់ចប់ ត្រូវធ្វើសំណួរណាដែលទទួលបានពិន្ទុច្រើនមុន -បើមានសំណួរណាដែលអត់ចេះ យើងគួរតែរំលងទៅធ្វើសំណួរបន្ទាប់ដោយមិនចាំបាច់អង្គុយរកនឹកឲ្យខាតពេលនោះទេ -បន្ទាប់ពីធ្វើរួចរាល់ហើយ ត្រូវផ្ទៀងផ្ទាត់គ្រប់សំណួរទ្បើងវិញ ដើម្បីជៀសវាងការខុស ឬច្រទ្បំដោយយថាហេតុ -ត្រូវព្យាយាមសរសេរឲ្យបានច្បាស់ និង សរសេរឲ្យមានរបៀបរៀបរយ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មានប្រធានបទជាច្រើនដែលក្រុមការងារធ្លាប់បានលើកឡើង និងធ្វើការសាកសួរទៅកាន់និស្សិតពេទ្យមកពីសាលាផ្សេងៗគ្នា ហើយសម្រាប់អត្ថបទនេះ គឺរឹតតែប្លែក ជាមួយនឹងការផ្តោតលើជីវិតជានិស្សិតពេទ្យដដែល តែផ្តោតពិសេសលើនិស្សិតពេទ្យដែលមិនមែនជាអ្នកភ្នំពេញ។ មិនដឹងថាមានប៉ុន្មានភាគរយនៃនិស្សិតពេទ្យសព្វថ្ងៃមកពីខេត្តនោះទេ? តែជឿជាក់ថា រឿងរ៉ាវ និងដំណើរជីវិតរបស់គ្រប់គ្នាប្រហែលជាមិនសូវខុសគ្នាប៉ុន្មាននោះទេ… ខណៈនេះ ហេលស៍ថាម ក៏សូមនាំមិត្តអ្នកអានមកស្គាល់ យុវនិស្សិត ពិន ពន្លាក់ មកពីខេត្តតាកែវ ជានិស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៦ ជំនាន់ទី២ (២០១៧) នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ដែលបានធ្វើការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាចំណាប់អារម្មណ៍ទៅលើប្រធានបទដែលបានលើកឡើងខាងលើនេះ…   ចំណាប់អារម្មណ៍ចំពោះការសិក្សាផ្នែកវេជ្ជសាស្រ្ត ជាក្តីប្រាថ្នាតាំងពីតូចដែលចង់សិក្សាផ្នែកវេជ្ជសាស្រ្ត ហេតុនេះហើយ មានតែមករៀននៅភ្នំពេញទេ។ ចំណែកមូលហេតុនៃការជ្រើសរើសមុខវិជ្ជានេះ បើទោះជាដឹងថាពិបាក និងត្រូវចំណាយច្រើនក៏ដោយនោះ គឺដោយសារទឹកចិត្តស្រលាញ់ខ្លួនឯងផ្ទាល់ ព្រមជាមួយឆន្ទៈក្នុងការចង់ជួយអ្នកដទៃ។ តាមពិតទៅ ការរៀនផ្នែកផ្សេងទៀត ក៏នៅតែមានឱកាសអាចជួយអ្នកដទៃបានដែរ គ្រាន់តែលោកស្រលាញ់ផ្នែកសុខភាពនេះ ដែលអាចជួយថែទាំសុខភាពរបស់ប្រជាជន ហើយហេតុផលមួយទៀត គឺចង់បន្តមុខរបរក្នុងវិជ្ជាជីវៈមួយនេះពីអ៊ំរបស់លោកដែលជាវេជ្ជបណ្ឌិតមួយរូបស្រាប់ដែរ ហើយក៏តែងតែការលើកទឹកចិត្ត និងជំរុញទឹកចិត្តពីក្រុមគ្រួសាររហូតមក។ ការត្រៀមខ្លួនសម្រាប់ចូលរៀនផ្នែកវេជ្ជសាស្រ្តសម្រាប់និស្សិតមកពីខេត្ត -ពេលមកដល់ភ្នំពេញ  អ្វីដែលត្រូវធ្វើមុនគេ គឺការស្វែងរកកន្លែងស្នាក់នៅ ដែលអាចជាផ្ទះជួល ឬបន្ទប់ជួល -ត្រៀមខ្លួនសម្រាប់ការប្រលងចូល គឺការប្រលងថ្នាក់ជាតិ ដែលសម្រេចនូវជោគវាសនាដែលថានឹងអាចចូលសិក្សាផ្នែកដែលនេះបានឬអត់? ហើយសិក្សានៅសាលាណា? អ្វីដែលបានធ្វើកន្លងមក គឺសិក្សាលើឯកសារដែលធ្លាប់ចេញក្នុងឆ្នាំមុនៗ (ជាទូទៅ មានលក់នៅកន្លែងសាលារៀនគួរ ឬបណ្ណាគារ និងតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន) និងអនុវត្តលំហាត់ក្នុងសៀវភៅក្រសួង ជាមគ្គទេសក៏បង្ហាញផ្លូវ ព្រមទាំងធ្វើការសង្ខេបមេរៀនដើម្បីងាយស្រួលមើលផងដែរ។ បន្ថែមពីលើនេះ គឺចាំបាច់ត្រូវតែរៀនគួរបន្ថែមទៀត ដែលជាទូទៅ គេរៀននៅសាលាជ័យថាវី (បច្ចុប្បន្នប្រហែលជាសាលារៀនត្រៀមផ្សេងដែរ) ដើម្បីពង្រឹងបន្ថែមនូវអ្វីដែលស្វ័យសិក្សាកន្លងមក។  -លុយកាក់ សម្រាប់ចំណាយផ្សេងៗ ក៏ជាកត្តាចាំបាច់ផងដែរ ជាពិសេសថ្លៃសិក្សា និងការចាយវាយចាំបាច់ប្រចាំថ្ងៃផ្សេងៗ។ ភាពខុសគ្នារវាងនិស្សិតពេទ្យដែលមកពីខេត្ត និងនិស្សិតពេទ្យដែលនៅភ្នំពេញ ចំណុចខ្សោយខ្លះៗរបស់និស្សិតមកពីខេត្ត -កង្វះខាតចំណេះដឹងភាសាបរទេស  និងចំណេះក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការធ្វើលំហាត់ ឬកិច្ចការសាលា -មិនសូវស្គាល់កន្លែងជាប្រភពនៃឯកសារ ដែលជាទូទៅ ត្រូវចំណាយមួយរយៈ ទើបដឹងបានច្រើនតាមរយៈការសាកសួរទៅកាន់មិត្តភក្តិ ឬរៀមច្បង -ពិបាកក្នុងការទម្លាប់ខ្លួនទៅនឹងរបៀបរស់នៅក្នុងទីក្រុង (ទាំងការធ្វើដំណើរ ការស្នាក់នៅ ការទទួលទានអាហារ) ឧបសគ្គ និងវិធីជម្នះក្នុងនាមជានិស្សិតពេទ្យមកពីខេត្តមួយរូប -ការស្នាក់នៅផ្ទះជួលជាមួយមិត្តភក្តិ និងអ្នកស្គាល់គ្នា ៖ ពេលខ្លះ ក៏ត្រូវស្នាក់នៅជាមួយនឹងអ្នករៀនជំនាញផ្សេងគ្នា ហើយជាក់ស្តែង ចង់មិនចង់ តែងតែឃើញគេមិនសូវមមាញឹកដូចខ្លួន។ ពេលខ្លះទៀត ត្រូវមើលមេរៀនដូចគ្នា ហើយអ្វីដែលបានធ្វើកន្លងមក គឺដាក់វេនគ្នារៀន កុំឲ្យរំខានគ្នា ហើយជួនកាល ក៏ត្រូវបង្ខំចិត្តស្តាប់ចម្រៀងបណ្តើរដើម្បីកុំឲ្យលឺសម្លេងរំខានពីខាងក្រៅ -ត្រូវមើលឯកសារច្រើន ដែលភាគច្រើនជាភាសាបរទេស ៖  ដំណោះស្រាយ គឺរៀនក្រៅបន្ថែម ទើបអាចរៀនបានទាន់គេ -ការធ្វើដំណើរ ៖ ដូចដែលគ្រប់គ្នាបានដឹងរួចស្រេចហើយថា ចរាចរណ៍នៅទីក្រុងភ្នំពេញ គឺមានភាពមមាញឹកគណាស់ ហើយជារៀងរាល់ថ្ងៃ ក៏ត្រូវធ្វើដំណើរឆ្ងាយពីកន្លែងស្នាក់នៅទៅកាន់សាលារៀន។ មធ្យោបាយដ៏ប្រសើរបំផុត គឺ ត្រូវចេញពីផ្ទះតាំងពីព្រឹកព្រលឹម និងចូលវិញពេលព្រលប់ ក្រោយបញ្ចប់ម៉ោងសិក្សាទាំងអស់ -ចំណាយច្រើន ៖ ទាំងថ្លៃផ្ទះ ឬបន្ទប់ជួល ការហូបចុក ការចាយវាយលើតម្រូវការចាំបាច់ និងបន្ទាប់បន្សំផ្សេងៗទៀត។ ជំនាញដែលត្រូវការចាំបាច់នោះ  គឺគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។  ទង្វើគួរ និងមិនគួរធ្វើ ដើម្បីឲ្យការរស់នៅ និងរៀនពេទ្យនៅភ្នំពេញប្រកបដោយភាពជោគជ័យ -មានភាពក្លាហានក្នុងការចង់ចេះចង់ដឹង សួររកកន្លែងផ្សេងៗ និងចាំបាច់ត្រូវរៀនរស់ដោយខ្លួនឯង -ខិតខំសិក្សារៀនសូត្រទាំងក្នុងថ្នាក់ និងនៅផ្ទះបន្ថែម -រាប់អានមិត្តភក្តិ និងបង្កើតទំនាក់ទំនងដែលល្អៗ ដើម្បីសម្រួលដល់ការសិក្សា ជាពិសេសការពិភាក្សា និងកិច្ចការងារជាក្រុមជាដើម -រៀនភាសាពាក់ព័ន្ធនឹងមុខជំនាញសិក្សា និងពង្រឹងជំនាញកុំព្យូទ័រ ជាពិសេសចេះធ្វើការស្រាវជា្រវលើប្រព័ន្ធអ៊ិនធឺណែត -ចំណាយពេលទំនេរនៅក្នុងបណ្ណាល័យធ្វើការអាន និងស្រាវជ្រាវឯកសារឲ្យបានច្រើន  -សន្សំសំចៃឲ្យអស់ពីលទ្ធភាព ដោយមិនខ្ជះខ្ជាយលើការចាយវាយ -កុំភ្លើតភ្លើននឹងបរិយាកាសង្គមឆើតឆាយ -គិតគូរពីសុខភាព ជាពិសេសតាមរយៈរបបអាហារដែលទទួលទានជាប្រចាំ។ អ្វីដែលអាចធ្វើបាន ពេលមានអារម្មណ៍ស្មុគស្មាញ ដោយសារការឃ្លាតឆ្ងាយពីគ្រួសារ ហើយភាពលំបាកក្នុងការសិក្សាផ្នែកសុខាភិបាល -លើកទឹកចិត្តខ្លួនឯង ហើយត្រូវចេះប្រាប់ខ្លួនឯងថា ដើម្បីជោគជ័យ ត្រូវខិតខំ និងលះបង់ច្រើន ព្រោះថាអ្នកជោគជ័យត្រូវដើរទៅមុខដោយមិនបោះបង់  -ជជែកជាមួយក្រុមគ្រួសារ  ឬមនុស្សដែលទុកចិត្ត ពេលមានបញ្ហាពិបាកចិត្ត ឬ បញ្ហាផ្លូវចិត្តណាមួយ ដើម្បីកាត់បន្ថយភាពតប់ប្រមល់ និងអផ្សុក ហើយគួរចៀសវាងការនៅម្នាក់ឯង -ចេញទៅខាងក្រៅ រកកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ ដើម្បីមានអារម្មណ៍ស្រស់ស្រាយ និងរសាយចិត្តទុក្ខសោកឡើងវិញ។ តើនិស្សិតពេទ្យមកពីខេត្តគួរតែត្រលប់ទៅបម្រើការងារនៅខេត្តរបស់ខ្លួនវិញឬទេ? ហេតុអ្វី? បើសិនជាអាចទៅខេត្តកំណើត ក៏ជាការល្អប្រសើរ (ព្រោះនៅទីនោះមានកន្លែងស្រាប់ ហើយមានគេស្គាល់ស្រាប់) តែប្រហែលជាមានភាពពិបាកក្នុងការប្រលងចាប់បុស្តិ៍ ហេតុនេះហើយ មិនថានៅទីណាក៏អាចជួយអប់រំ និងព្យាបាលអ្នកជំងឺបានដែរ។ សារចែករំលែកដល់អនាគតនិស្សិតពេទ្យ ជាពិសេសអ្នកមកពីខេត្ត -ត្រូវប្រាប់ និងសួរខ្លួនឯងថា«ការជ្រើសរើសនូវមុខជំនាញមួយនេះ តើកើតចេញពីចិត្តស្រលាញ់ខ្លួនឯងផ្ទាល់ ឬមានគំនាបបង្ខំពីនរណាម្នាក់?»  គួរតែសួរខ្លួនឯងបែបនេះឲ្យបាន៣ដង «ស្រលាញ់ឬអត់?» បើនៅស្ទាក់ស្ទើរ កុំរើស ឬបន្តទៅមុខទៀតអី  -ចំពោះអ្នកមានឱកាសចូលសាលាពេទ្យហើយ ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ខិតខំឲ្យបានច្រើនជាងអ្នកនៅភ្នំពេញ ព្រោះដូចដែលបានលើកឡើងខាងលើ យើងមានចំណុចខ្សោយខ្លះៗ តែកុំគិតថាយើងចាញ់គេ គ្រាន់តែត្រូវប្រឹងច្រើនជាងគេបន្តិច ដើម្បីបំពេញបន្ថែមនូវអ្វីដែលខ្វះខាត -កុំបោះបង់ចោលដាច់ខាត  ព្រោះថា «អ្នកជោគជ័យមិនដែលបោះបង់ អ្នកដែលបោះបង់មិនដែលជោគជ័យ» តែបើហត់ហើយ អាចសម្រាកបាន។ កុំភ្លេចថា អ្វីក៏ពិបាក គ្រាន់តែត្រូវការដំណោះស្រាយ ដើម្បីឈានទៅដល់គោលដៅដែលបានកំណត់ទុកនោះ  -គួរឆ្លៀតពេលចូលរួមការងារសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងមានឱកាសបានស្គាល់ពីបរិបទសង្គមរបស់ខ្លួនកាន់តែច្រើន និងច្បាស់ និងងាយស្រួលសម្រាប់ការងារទៅថ្ងៃអនាគត -ជូនពរឲ្យប្អូនជំនាន់ក្រោយដែលមានបំណងរៀនពេទ្យ និងត្រៀមប្រលង ប្រលងទទួលបានលទ្ធផលគាប់ប្រសើរដូចចិត្តប្រាថ្នា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top