Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

«មិនតូចចិត្តនោះទេ ព្រោះជាកាតព្វកិច្ចដែលត្រូវបំពេញ...ដើម្បីរួមចំណែកក្នុងការទ្រទ្រង់វិស័យសុខាភិបាលនៅប្រទេសយើង ទោះបីជាត្រូវលះបង់ពេលវេលាផ្ទាល់ខ្លួនច្រើនក៏ដោយ ជាពិសេសបុណ្យជាតិធំៗ... រាល់ឆ្នាំ...ពេលដែលគេគ្រប់គ្នាចាប់ផ្តើមត្រៀមខ្លួនធ្វើដំណើរទៅកាន់ស្រុកកំណើត ខ្ញុំក៏មិនត្រៀមដែរ គឺត្រៀមស្បៀងសម្រាប់ញ៉ាំរយៈពេលប៉ុន្មានថ្ងៃហ្នឹង ព្រោះហាងភាគច្រើនក៏បិទអស់ហើយ...បើមិនត្រៀមទុកមុន អាចប្រឈមនឹងគ្រោះទុរភិក្ស... កន្លែងដែលត្រូវទៅ គឺនៅតែមិនផ្លាស់ប្តូរ...បើទោះជាតាមដងផ្លូវមិនសូវមានមនុស្សម្នាកកកុញដូចរាល់ថ្ងៃក៏ដោយ...ការងារដែលត្រូវបំពេញ ក៏នៅតែដូចដើមដដែលហ្នឹង... សម្រាប់ពួកខ្ញុំ...បានត្រឹមcallទៅសួរសុខទុក្ខអ្នកផ្ទះ បានត្រឹមលឺសំឡេងពួកគេជួបជុំគ្នាយ៉ាងសប្បាយ តែខ្លួនឯងក៏មានអ្នកកំដរដែរ គឺមិត្តរួមការងារ និងអ្នកជំងឺ...សំខាន់ ថ្មីៗនេះ ក៏មានកម្មវិធីផ្សាយផ្ទាល់(live)តាមហ្វេសប៊ុកហ្នឹងទៀត...ពេលទំនេរ ចង់scrollលេងហ្វេសប៊ុកបំបាត់អផ្សុកក៏រឹតតែឈឺចាប់...អ្នកផ្ទះក៏live ទំព័រហ្វេសប៊ុកផ្សេងៗក៏live...គឺថា...សិល្បៈនៃការចែករំលែកពេញទំហឹង... ពេលខ្លះ...ក៏ចង់ជួបជុំជាមួយនឹងសមាជិកគ្រួសារដូចគេដូចឯងដែរ...តែពិតជាមិនអាច... ប៉ុន្តែ...រាល់ពេលដែលនឹកគិតដល់ស្នាមញញឹមរបស់អ្នកជំងឺ ព្រមទាំងសាច់ញាតិរបស់ពួកគេ គឺពិតជាមានកម្លាំងចិត្តខ្លាំងណាស់...Motivation level គឺឡើងស្រឺតៗតែម្តង...អាចជាចំណែកមួយនៃការផ្តល់នូវក្តីសង្ឃឹមឡើងវិញដល់ប្រជាជនកម្ពុជា គឺជាមោទនភាពដែលតែងតែមានរហូតមកទៅហើយ... វេលាតែមួយ អារម្មណ៍ពីរ!!!» កាលពីមុន មិនទាន់បានមករៀន និងនៅជាមួយបងជាអតីតនិស្សិតពេទ្យ និងសព្វថ្ងៃជាពេទ្យមួយរូប មិនបានដឹងពីអារម្មណ៍របស់ពួកគាត់ឡើយ ហើយក៏តែងតែស្តីបន្ទោសគាត់​ និងខឹងគាត់ដែលគាត់មិនសូវបានមកជួបជុំអ្នកផ្ទះហ្នឹងគេ។ មិនដឹងរឿង ទើបចេះតែនឹកឆ្ងល់ថា ហេតុអ្វីបានជាគ្រាន់តែមកលេងស្រុក ជួបជុំបងប្អូនប៉ុន្មានថ្ងៃដូចគេឯង? ចាំបានថា មានម្តងនោះ ក៏ធ្លាប់ប្រាប់ឲ្យគាត់ឈប់ធ្វើជាពេទ្យទៅ!!! មិនអញ្ចឹងទេ...នៅតែបែបហ្នឹង... ដល់ពេលមកនៅជិត ធ្លាប់ទៅឃើញគាត់ក្នុងថ្ងៃឈប់សម្រាក ត្រូវនៅបំពេញការងារយ៉ាងមមាញឹក ទើបយល់ថាបែបណា...រួមផ្សំនឹងពាក្យពេចន៍ខាងលើនេះទៀត ខ្ញុំក៏យល់កាន់តែច្បាស់... សង្ឃឹមថា អ្នកផ្ទះនៃពេទ្យដូចជាខ្ញុំ នឹងយល់ពីពួកគាត់ដូចគ្នា ប្រសិនបើពួកគាត់មិនសូវជាមានពេលវេលាសម្រាប់អ្នក...ពេលខ្លះ មិនមែនមិនចង់ទេ គឺមិនអាច...

Share

(ឯកទេសផ្នែករោគកុមារ) ង៉ោ ម៉េងរិទ្ធី ដោយសារតែខ្ញុំជាមនុស្សស្រឡាញ់ក្មេង ងាយចុះសម្រុងនឹងគ្នាហើយមាននិស្ស័យជាមួយក្មេងៗ ពិសេសតែងតែចង់ឲ្យពួកគេមានសុខភាពល្អ។ ម៉្យាងទៀត ខ្ញុំមានអារម្មណ៍ថាចូលចិត្ត និងមានបំណងចូលរៀនជំនាញនេះ តាំងពីខ្ញុំបាទឈានជើងចូលក្នុងវិស័យសុខាភិបាលឆ្នាំទី១មកម្ល៉េះ។ (ឯកទេសសោភ័ណសល្យសាស្រ្ត) ម៉ម គឹមអេង នាងខ្ញុំសម្រេចចិត្តជ្រើសរើសជំនាញនេះ ដោយសារវាជាការវះកាត់ដែលប្រើបច្ចេកទេស និងប្រើកម្លាំងស្រាល ដែលនាងខ្ញុំអាចធ្វើបាន។ ម៉្យាងទៀត នាងខ្ញុំស្រលាញ់ជំនាញមួយនេះតាំងពីឆ្នាំទី៤ដែលជាឆ្នាំដំបូងនៃការចុះកម្មសិក្សានៅឯមន្ទីរពេទ្យមកម៉្លេះ។ (ឯកទេស ថ្លើម ក្រពះ ពោះវៀន) រ៉ូ គីមឆាយ មូលហេតុដែលនាំឲ្យលោកជ្រើសរើសអាជីពជាគ្រូពេទ្យ ហើយរើសយកជំនាញមួយនេះទៀតនោះ គឺជំនាញថ្លើម ក្រពះ ពោះវៀន ជាជំនាញវេជ្ជសាស្រ្តផង និងបច្ចេកទេសផង ដែលសម្បូរបែបទាំងប្រភេទជំងឺ និងទាំងវិធីសាស្ត្រព្យាបាលទៅលើប្រដាប់រំលាយអាហារដែលមានសរីរាង្គជាច្រើន។ (ឯកទេសបេះដូងនិង សរសៃឈាម) ចិន ណារ៉ុង មូលហេតុចម្បងក្នុងការសម្រេចជ្រើសរើសជំនាញមួយនេះ គឺចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដែលស្រលាញ់ ជំនាញបេះដូង និងសរសៃឈាមតាំងតែពីចាប់ផ្ដើមចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រ។ ម្យ៉ាងវិញទៀត អត្រាមរណភាពបណ្តាលមកពីជំងឺបេះដូង និងសរសៃឈាមស្ថិតនៅលេខរៀងទី១ បើប្រៀបធៀបនឹងជំងឺដទៃទៀត។  បន្ថែមពីនេះ អត្រាប្រេវ៉ាឡង់នៃជំងឺមិនឆ្លងដែលមានមួយផ្នែកធំជាជំងឺបេះដូងនិង សរសៃឈាម កំពុងមានការកើនឡើងយ៉ាងឆាប់រហ័សទៅតាមកម្រិតតជីវភាពរបស់ប្រជាជន។ ការជ្រើសរើសជំនាញនេះអាចអនុញ្ញាតឲ្យខ្ញុំចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាព និងផលវិបាកផ្សេងៗបណ្ដាលមកពីជំងឺបេះដូង។ (ឯកទេសត្រចៀក-ច្រមុះ-បំពង់ក) សេង ឡុង មូលហេតុដែលជម្រុញចិត្តខ្ញុំឲ្យជ្រើសរើសយកឯកទេសមួយនេះ ក៏ព្រោះតែមូលហេតុ៣យ៉ាងសំខាន់ៗ។ មូលហេតុចម្បងគេ គឺដោយសារតែទឹកចិត្តស្រលាញ់ផ្នែកនេះដោយខ្លួនឯងផ្ទាល់តែម្តង។ ចំណែកមូលហេតុមួយទៀត ដោយសារខ្ញុំចង់ធ្វើឲ្យមានការរីកចម្រើននូវឯកទេសមួយនេះ ព្រោះថាឯកទេសនេះជាមុខវិជ្ជាមួយដែលទើបតែមានការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាយើងហើយក៏មានវេជ្ជបណ្ឌិតមិនច្រើនទេ ដែលមានចំណេះដឹងផ្នែក ត្រចៀក-ច្រមុះ-បំពង់កនេះ។ មូលហេតុដ៏សំខាន់មួយទៀត ក៏ព្រោះថាកាលពីខ្ញុំរៀននៅសាកលវិទ្យាល័យក្នុងមួយឆ្នាំៗ ខ្ញុំតែងតែមានជំងឺរលាកបំពង់កធ្ងន់ធ្ងរយ៉ាងហោចណាស់ ៥ -៦ ដង ដូច្នេះហើយ ធ្វើឲ្យខ្ញុំចង់ចេះ ចង់ដឹងអំពីជំងឺនេះយ៉ាងខ្លាំង។ (ឯកទេសត្រចៀក-ច្រមុះ-បំពង់ក) យិន សាស្រ្តា ទឹកចិត្តស្រលាញ់មុខវិជ្ជាមួយនេះផ្ទាល់ ជាមូលហេតុទីមួយដែលជម្រុញចិត្តខ្ញុំឲ្យធ្វើការជ្រើសរើសនូវជំនាញមួយនេះ។ ម្យ៉ាងវិញទៀត ដោយសារតែការសិក្សាផ្នែកនេះ គឺតម្រូវឲ្យមានការយល់ដឹងទាំងផ្នែកវេជ្ជសាស្រ្ត និងសល្យសាស្រ្ត រួមផ្សំនូវលក្ខណៈពិសេសមួយទៀតដែលជាការសិក្សាមួយ ដោយផ្តោតសំខាន់ទៅលើវិញ្ញាណចំនួន៣របស់មនុស្ស ដែលរួមមានសោតវិញ្ញាណ (ត្រចៀក) ឃានវិញ្ញាណ (ច្រមុះ) និងជីវ្ហាវិញ្ញាណ(បំពង់ក) ព្រមជាមួយនឹងការបញ្ចេញសំឡេង ហើយនិងការវះកាត់ក និងក្បាលផងដែរ។ ក្រៅពីនេះផងដែរ ដោយសារតែប្រជាជនកម្ពុជាភាគច្រើនមានការប្រើប្រាស់ និងប៉ះពាល់ត្រង់តំបន់ធំទាំង៣ដែលខ្ញុំរៀន ទើបបានជាខ្ញុំសម្រេចចិត្តជ្រើសរើសចាប់យកជំនាញមួយនេះតែម្តង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ថ្វីត្បិតថាខ្ញុំមិនមែនជានិស្សិតពេទ្យ ឬគ្រូពេទ្យ តែខ្ញុំក៏អាចយល់ពីអារម្មណ៍របស់គ្រូពេទ្យ ដោយហេតុថាមានបងប្រុស និងក្រុមគ្រួសារនៅក្នុងវិស័យនេះ។  ធ្លាប់មានប៉ុន្មានដងដែរ​ ដែលឃើញមានការបង្ហោះ និងចែករំលែកច្រើនពីកំហុសឆ្គងរបស់គ្រូពេទ្យខ្លះ តែក៏ត្រូវបានមហាជនជាច្រើនស្តីបន្ទោស និងបណ្តុះនូវផ្នត់គំនិតនៃការលែងមានទំនុកចិត្តលើសេវាសុខាភិបាលក្នុងស្រុក ទាំងដែលការពិត​ គឺវិស័យមួយនេះ បាន និងកំពុងតែមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។ ខ្ញុំពិតជាមិនយល់ ថាតើហេតុអ្វីបានជាបែបនេះ? ហេតុអ្វីមហាជនខ្លះមិនអាចផ្តល់ជាមតិយោបល់រិះគន់ក្នុងន័យស្ថាបនា ជំនួសឲ្យការជេរប្រមាថដោយកំហឹង ឬការយល់ខុសនោះ? តើអ្នកធ្លាប់បានគិតដល់អារម្មណ៍ក្រុមគ្រូពេទ្យដែលស្អាតស្អំ មានសមត្ថភាព​ និងតែងតែមានទំនួសខុសត្រូវក្នុងការមើលថែទាំ និងព្យាបាលអ្នកជំងឺដោយមិនប្រកាន់រើសអើងទេ? គ្រាន់តែពេលខ្លះ យើងមិនបានធ្វើអ្វីខុស តែត្រូវបានគេចោទប្រកាន់ យើងក៏មានអារម្មណ៍មិនសុខចិត្ត អន់ចិត្ត និងឈឺចាប់ណាស់ទៅហើយ ចុះទម្រាំពួកគាត់វិញ? តើទឹកចិត្តដែលខំសាងនោះ នឹងអាចនៅរឹងមាំបានយូរប៉ុណ្ណា? ខាងក្រោមនេះ ជាវីដេអូដ៏មានអត្ថន័យមួួយ នៅក្នុងហ្វេសប៊ុកមួយ ដែលបានរៀបរាប់អំពីអារម្មណ៍ជាអ្នកប្រកបវិជ្ជាជិវៈសុខាភិបាលនៅក្នុងប្រទេសកម្ពុជា​ចំពោះការយល់ខុស និងបុគ្គលមួយចំនួនដែលបានយកការជេរប្រមាថពេទ្យ ធ្វើជាមុខរបរដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន... មិនប្រាកដថាអ្នកនឹងមានអារម្មណ៍ដូចខ្ញុំ​ តែខ្ញុំមើលវីដេអូនេះដំបូងជាមួយនឹងទឹកភ្នែករលីងរលោង ស្របពេលដែលស្រមៃដល់រូបភាពដែលក្រុមគ្រូពេទ្យបំពេញការងារ និងប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយសុចរិត និងក្រមសីលធម៌​ដោយស្មោះអស់ពីចិត្ត។ Source : Keo Sovannarith

Share

និស្សិតថ្នាក់វេជ្ជបណ្ឌិតឆ្នាំទី៦នៃសាកលវិទ្យាល័យអន្តរជាតិ(IU) មួយរូប គឺកញ្ញា លី ហ្សូកា តែងតែស្រលាញ់ការងារសង្គម ហើយក៏ជាហេតុផលមួយដែលគាត់រៀនពេទ្យផងដែរ។ តែក៏មិនមែនមានន័យថា មិនរៀនពេទ្យ ជួយសង្គមមិនបាននោះទេ គ្រាន់តែចង់បញ្ជាក់ថា ការងារសង្គមដែលគាត់ចង់បម្រើប្រជាជននោះ គឺសំដៅលើផ្នែកសុខភាព ហើយកញ្ញាតែងឃើញថា សេវាកម្មផ្នែកសុខភាពនៅតាមតំបន់ដាច់ស្រយាលនៅមានភាពខ្វះខាត ទាំងការអប់រំផ្នែកសុខភាព និងការថែទាំព្យាបាល ទើបតែងតែគាំទ្រឲ្យនិស្សិតពេទ្យចូលរួមការងារសង្គមឲ្យបានច្រើន ។ គួរបញ្ជាក់ផងដែរថា ហ្សូកា ជាអតីតសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរថ្នាក់ខេត្តប្រចាំបាត់ដំបង ដែលទទួលបាននិទ្ទេសB (លំដាប់ពិន្ទុ99.766)ប្រចាំវិទ្យាល័យព្រះមុនីវង្សនៃថ្នាក់ទុតិយភូមិ។ ជាមួយនឹងឆន្ទៈយ៉ាងមុតមាំ និងបទពិសោធន៍ក្នុងការងារសង្គមជាច្រើន កញ្ញាក៏បានចូលរួមចែករំលែកនូវគន្លឹះខ្លឹមៗជាច្រើន ជូនដល់និស្សិតពេទ្យដទៃ ក៏ដូចជាដើម្បីផ្លាស់ប្តូរផ្នត់គំនិតដែលយល់ថា«និស្សិតពេទ្យរវល់ មិនងាយចូលរួមការងារសង្គមនោះទេ…»  តើការចូលរួមក្នុង«ការងារសង្គម»នឹងផ្តល់អត្ថប្រយោជន៍បែបណាខ្លះដល់និស្សិតពេទ្យ? តាមរយៈរូបភាពបែបណាខ្លះ?  •ទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែម ៖ ការសិក្សានៅសាលាបានត្រឹមតែទ្រឹស្តីប៉ុណ្ណោះ តែការអនុវត្តជាមួយអ្នកជំងឺ ឬអ្នកភូមិ នឹងធ្វើឲ្យយើងកើនចំណេះបានមួយកម្រិតទៀត ដែលមានន័យថា «រៀន+អនុវត្ត» •ទទួលនូវអ្វីដែលថ្មីពីគ្រូពេទ្យ ឬសិស្សច្បង ៖ ជាក់ស្តែង នៅពេលយើងធ្វើការងារជាក្រុម យើងតែងតែចែករំលែកនូវអ្វីៗដែលថ្មីដែលយើងបានជួបដូចជា ពិនិត្យមើលជំងឺ ហើយយកមកប្រជុំពិភាក្សាគ្នា ដែលក្រុមគ្រូពេទ្យនឹងបង្រៀននិសិ្សតយ៉ាងច្បាស់ទាក់ទងនឹងករណីនីមួយៗ •រៀនបណ្ដុះគំនិត ៖ ដុសខាត់ឲ្យចេះស្រឡាញ់សុខភាពសហគមន៍ឲ្យបានកាន់តែច្រើន។ កាលណាយើងបានឃើញទុកលំបាកជាក់ស្ដែងរបស់ប្រជាជន យើងកាន់តែខិតខំបន្ថែមទៀតក្នុងវិស័យនេះ ដើម្បីប្រជាជនយើង  •បន្ថែមនូវជំនាញទន់ ៖ បង្រៀនឲ្យយើងចេះទទួលខុសត្រូវនូវការងារដែលយើងធ្វើ ទុកចិត្តគ្នា ចេះស្រឡាញ់គ្នា យកចិត្តទុកដាក់ ឲ្យតម្លៃគ្នា គោរពគ្នា មានភាពសុចរិត មានទំនាក់ទំនងល្អរវាងនិសិ្សត និងនិស្សិត ឬ និស្សិត និងគ្រូពេទ្យ។ ហើយអ្វីដែលសំខាន់ គឺសាមគ្គីភាពក្នុងពេលធ្វើការងារក្រុម។ •រៀនជំនាញផ្សេងៗ ៖ រួមមានដូចជា ការរៀបចំអង្កេត(Survey)តាមសហគមន៍ ការស្រាវជ្រាវ(Research) ឬរបៀបធ្វើគម្រោង(Project) ជាដើម។ តើនិស្សិតពេទ្យគួរចូលរួមក្នុងការងារទាំងនេះពេលរៀនឆ្នាំទីប៉ុន្មានទើបល្អ? ឬមិនប្រកាន់ឆ្នាំសិក្សាទេ? សម្រាប់គំនិតខ្ញុំ និសិ្សតគួរចូលរួមក្នុងពេលរៀនឆ្នាំទី៤ឡើងទៅទើបល្អ ព្រោះចាប់ពីកម្រិតឆ្នាំប៉ុណ្ណឹង និស្សិតបានសិក្សារួចហើយទាក់ទងនឹងHuman Physiology ហើយក៏បានស្គាល់ខ្លះៗអំពីជំងឺផ្សេងៗដែលហៅថា«Pathophysiology» ដែលបង្កភាពងាយស្រួលដល់និស្សិតក្នុងការអនុវត្តជាក់ស្ដែង និងការសិក្សាបន្ថែម ជាពិសេសមានភាពងាយស្រួលក្នុងការអប់រំអ្នកភូមិទាក់ទងនឹងបញ្ហាសុខភាព ព្រោះយើងបានយល់ច្បាស់ថាអ្វីជាជំងឺ។  យ៉ាងណាមិញ ការងារសង្គមមិនប្រកាន់ឆ្នាំទេ គ្រាន់តែប្អូនៗឆ្នាំទាបៗគួរតែចំណាយពេលអានសៀវភៅ និងសិក្សាបន្ថែមឲ្យបានច្រើនក្នុងវិស័យនេះឲ្យច្បាស់សិន ចាំយើងទៅអនុវត្តទើបងាយស្រួល និងចំណេញសម្រាប់ខ្លួន។ តើនិស្សិតពេទ្យអាចទទួលបានព័ត៌មានទាក់ទិននឹងការងារសង្គមទាំងក្នុង និងក្រៅប្រទេស តាមរយៈមធ្យោបាយអ្វីខ្លះដែរ? តាមបទពិសោធន៍របស់ខ្ញុំ មានមធ្យោបាយជាច្រើនក្នុងសម័យនេះ ដូចជា ប្រព័ន្ធបណ្តាញសង្គម ( ហ្វេសប៊ុក គេហទំព័រ ជាដើម)  ការប្រកាសតាមសាកលវិទ្យាល័យ និងតាមរយ:សិស្សច្បង សិស្សប្អូន ឬមិត្តភក្តិ។ អ្វីដែលសំខាន់ត្រូវរក្សាទំនាក់ទំនងល្អរវាងគ្នា និងគ្នា (កុំរស់នៅដាច់ពីគេ) ដើម្បីទទួលបានការចែករំលែក និងព័ត៍មានថ្មីៗពីគ្នាទៅវិញទៅមក។ នរណាៗក៏ដឹងថា «រៀនពេទ្យរវល់ខ្លាំង»ដែរ ហើយក៏បានធ្វើឲ្យអ្នកខ្លះខកខានពេលក្នុងការចូលរួមការងារសង្គម តែហ្សូកាក៏អាចធ្វើបានច្រើនកន្លងមក តើមានគន្លឹះអ្វីចែករំលែកដែរឬទេ? សម្រាប់ខ្ញុំ បើយើងមានឆន្ទ:ចង់ធ្វើអ្វីមួយ យើងគួរឆ្លៀតពេលធ្វើការងារនោះ និងកាត់បន្ថយពេលវេលាសប្បាយៗបែរមកចូលរួមការងារសង្គម ព្រោះនរណាក៏រវល់ដែរ តែសំខាន់យើងចេះលៃលកពេល ហើយជាងនេះទៅទៀតយើងត្រូវបែងចែកឲ្យច្បាស់រវាងការរៀនសូត្រនៅសាលា និងការងារសង្គមធ្វើយ៉ាងណាឲ្យមានតុល្យភាពគ្នាទើបល្អ ជាពិសេស ត្រូវរៀបចំកាលវិភាគសិក្សាឲ្យបានត្រឹមត្រូវ។ ក្នុងចំណោមការងារសង្គមកន្លងមក តើមានការងារមួយណាដែលពេញចិត្តជាងគេ?ហេតុអ្វី? មានការងារស្មគ្រ័ចិត្តមួយដែលដក់ក្នុងបេះដូងខ្ញុំ គឺ Project Battambang ដែលជាគម្រោងមួយធ្វើឡើងដោយបេះដូង និងទឹកចិត្តសុទ្ធសាធរបស់ក្រុមនិសិ្សតពេទ្យនៅ Yong Loo Lin School of Medicine (NUS) និងដឹកនាំដោយគ្រួពេទ្យជនជាតិសិង្ហបុរី ហើយមានការសហការពីក្រុមនិស្សិតវេជ្ជសាស្រ្តនៅកម្ពុជា។  Projectនេះបានបង្កើតឡើងតាំងពីឆ្នាំ២០១០ ដោយជួយប្រជាជនទាក់ទងនឹងបញ្ហាសុខភាព ការអប់រំ  ការព្យាបាល ការលើកស្ទួយជីវភាពនៅតំបន់នោះ ទាក់ទងនឹងទឹកប្រើប្រាស់ទឹកស្អាត ការផ្ដល់អាហារូបករណ៍ដល់សិស្ស ការជួយជាសម្ភារ:សិក្សា និងថវិកាបន្ថែមដល់លោកគ្រូអ្នកគ្រូនៅតាមសាលារៀន នៅតំបន់ជាយដែនកម្ពុជា-ថៃ(ស្រុកចំនួន៤នៅទីក្រុងប៉ោយប៉ែត)។  ខ្ញុំបានចូលរួមកាលពីរៀនឆ្នាំទី៤ Dr Ong និង Dr ផ្សេងៗទៀតបានបង្រៀនពួកខ្ញុំច្រើនទាក់ទងនឹងចំណេះដឹងខាងវេជ្ជសាស្រ្ត ការអនុវត្ត បទពិសោធន៍ថ្មីៗ បង្ហាញពីអំពើល្អនៃមនុស្សធម៌ ឆន្ទ: ការស្រឡាញ់ មើលថែទាំអ្នកប្រជាជន ឬអ្នកជំងឺឲ្យអស់ពីចិត្ត។ សម្រាប់គម្រោងនេះ មិនថានិស្សិតខ្មែរ ឬនិស្សិតសិង្ហបុរីទេ គឺតែងតែចាត់ទុកគ្នាដូចគ្រួសារ និងបងប្អូនគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក គោរពគ្នា ស្មោះត្រង់ ហើយរក្សាទំនាក់ទំនងនឹងគ្នារហូតមិនថានៅទីណា។ ជាពិសេស ពួកយើងបានជួបផ្ទាល់នឹងជីវភាពរស់នៅផ្ទាល់ ហើយរៀនធ្វើគម្រោងតាមសហគមន៍តាមការណែនាំរបស់ពួកគាត់។ តើមានកម្មវិធី ឬការងារណាដែលហ្សូកាចង់ណែនាំដល់និស្សិតពេទ្យដទៃទៀតដែរឬទេ? ខ្ញុំចង់ណែនាំដល់និស្សិតពេទ្យដទៃទៀតឲ្យចូលរួមក្នុងProject Battambang ដែលមាននៅរៀងរាល់ខែធ្នូ ។ យើងគ្រប់គ្នាគួរសាកចូលរួមក្នុងProjectនេះយ៉ាងហោចណាស់ឲ្យបានម្ដង ដើម្បីទទួលបានអ្វីដែលថ្មី។  សម្រាប់ព័ត៍មានបន្ថែម អាចចូលទៅក្នុងគេហទំព័ររបស់Project Battambang ឬតាមទំព័រហ្វេសប៊ុក ដើម្បីទទួលបានLinkចុះឈ្មោះធ្វើជាអ្នកស្ម័គ្រចិត្តរៀងរាល់ខែតុលា ឬ វិច្ឆិកា ហើយពួកយើងនឹងធ្វើការជ្រើសរើស។ តើមានចំណុចអ្វីខ្លះដែលនិស្សិតម្នាក់ៗគួរគិតដល់ ដើម្បីធ្វើការបែងចែកពេលវេលារបស់ខ្លួនឲ្យមានប្រយោជន៍ និងតុល្យភាពរវាងការសិក្សា និងការងារសង្គម? •បែងចែកឲ្យបានច្បាស់នូវពេលវេលា ដោយរៀបចំកាលវេលាឲ្យបានត្រឹមត្រូវរវាងការសិក្សា និងការងារសង្គម  •ចូលរួមការងារសង្គមនៅពេលទំនេរពីការសិក្សាតែប៉ុណ្ណោះ មិនត្រូវផ្តោតលើការងារសង្គមច្រើនជ្រុលទេ •ឆ្លៀតឱកាសចូលរួមការងារសង្គមផងដែរ និយាយទៅចេះឆ្លៀតពេល ដោយកាត់បន្ថយពេលកម្សាន្តខ្លះទៅចូលរួម (ព្រោះអ្នកណាក៏រវល់ដែរ) •សិក្សាឲ្យបានច្បាស់លាស់សិន ព្រោះយើងអាចទាញប្រយោជន៍បានទាំង២ បានចំណេញទាំងចំណេះមានន័យថាបានរៀនរួចហើយយកទៅអនុវត្តជាក់ស្ដែង ជាពិសេស យើងក៏មានទំនុកចិត្តខ្លាំងចំពោះខ្លួន ថាអាចបម្រើប្រជាជនផ្នែកសុខាភិបាលប្រកបដោយប្រសិទ្ធភាព។ តើហ្សូកាមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់និស្សិតពេទ្យ ជាពិសេសនឹងការងារសង្គម? •មុខវិជ្ជាពេទ្យជាមុខវិជ្ជាសំខាន់ដែលទាក់ទងនឹងជីវិតមនុស្ស  អ្វីដែលយើងត្រូវធ្វើ គឺត្រូវសិក្សាឲ្យបានចំណេះច្បាស់លាស់ ជាពិសេសត្រូវប្រកាន់ខ្ជាប់សីលធម៌ជាគ្រូពេទ្យ មានទាំងក្ដីស្រឡាញ់ និងការមើលថែអ្នកជំងឺឲ្យអស់ពីចិត្ត •ឆន្ទ: និងកម្លាំងចិត្តជារឿងសំខាន់ កាលណាយើងមានទឹកចិត្តនឹងធ្វើអ្វីមួយ យើងច្បាស់ជារីករាយ និងមិនហត់នឿយនឹងការងារមួយនេះទេ •ព្យាយាមប្រលូកចូលទៅក្នុងពិភពខាងក្រៅ ទទួលយកបទពិសោធន៍ថ្មីៗពីខាងក្រៅ ដើម្បីUpdateចំណេះដឹងខ្លួនឲ្យកាន់តែពូកែ •ពេលទំនេរ គួរតែឆ្លៀតចូលរួមការងារសង្គមឲ្យបានច្រើន ( Just want to make the world more better !) ជាពិសេស យើងជាគំរូដល់កូនចៅជំនាន់ក្រោយដ៏ល្អ សម្រាប់ឲ្យពួកគេដើរតាមគន្លងដ៏ល្អមួយនេះក្នុងការងារមនុស្សធម៌ •សង្ឃឹមថានឹងយល់ និងចងចាំឃ្លាមួយនេះ “We owe it to the patients we serve to be both kind and skilled. The kind need to be more skilled, and the skilled need to be more kind.” (June Callwood) ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បើពេលវេលាអាចត្រលប់ក្រោយ…តើនឹងនៅតែជ្រើសរើសរៀនពេទ្យឬទេ?  គ្រាន់តែជាសំណួរប្រភេទ«បើសិនជា…»មួយ តែក៏ដឹងច្បាស់ហើយ ថាមិនអាចកើតឡើងនោះទេ ព្រោះពេលវេលាមិនដែលត្រលប់ក្រោយ(ដូចក្នុងរឿងភាគ) នោះឡើយ… សូមឆ្លើយដោយស្មោះត្រង់នឹងខ្លួនឯង ថាតើ អ្នកនឹងឆ្លើយតបបែបណាចំពោះសំណួរមួយនេះ? តាមរយៈពេលវេលាកន្លងមកនេះ ជាមួយនឹងការឆ្លងកាត់ប៉ុន្មានឆ្នាំនេះ តើអ្នកពេញចិត្តនឹងមុខវិជ្ជាដែលកំពុង ឬបានសិក្សាកម្រិតណាដែរ? តើធ្លាប់គិតចង់ផ្លាស់ប្តូរឬទេ? ហេតុអ្វី?  ខាងក្រោមនេះ ជាចម្លើយដែលក្រុមការងារបានធ្វើការដកស្រង់ចេញពីកិច្ចសម្ភាសន៍ជាមួយនឹងនិស្សិតសុខាភិបាលមួយចំនួនដែលធ្លាប់បានផ្តល់កិត្តិយស និងកិច្ចសហសការក្នុងការផ្តល់កិច្ចសម្ភាន៍កន្លងមក…ភាគច្រើន គឺជាចម្លើយវិជ្ជមាន ដែលនឹងបន្តរើសមុខវិជ្ចាដែលពួកគាត់កំពុងសិក្សា ព្រោះថាវាជាអ្វីដែលគាត់ស្រលាញ់ និងពេញចិត្តក្នុងការជ្រើសរើសដោយខ្លួនឯង… ប៊ុន ច័ន្ទវិចិត្រ និស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ខ្ញុំនៅតែជ្រើសរើសយកវា ព្រោះវាជាចំណង់ចំណូលចិត្តរបស់ខ្លួនខ្ញុំផ្ទាល់តាំងពីក្មេងមក ហើយវាក៏បានក្លាយជាគោលដៅរបស់ខ្ញុំរហូតមកដែរ…អាចថាមកពីខ្ញុំស្រលាញ់ភាពឯករាជ្យក្នុងការបើកដំណើរការអាជីវកម្ម និងចាប់អារម្មណ៍វិស័យវិទ្យាសាស្រ្តសុខាភិបាលស្របពេលជាមួយគ្នាក៏ថាបាន។ សេង រស្មី និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទោះជាយ៉ាងណាការលំបាកច្រើនក្តី ក៏ខ្ញុំមិនដែលមានចិត្តស្តាយក្រោយ រឺមានគំនិតបោះបង់ការសិក្សានោះទេ គឺកាន់តែខិតខំរៀនបន្ថែមទៀតនូវអ្វីដែលខ្ញុំខ្វះខាត ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីក្លាយជាវេជ្ជបណ្ឌិតដែលមានសម្ថតភាពម្នាក់។  លីម ចាន់បូរ៉ាម៉ី ឱសថការីឧត្តម ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅ ខែ៤ ឆ្នាំ ២០១៧ថ្មីៗនេះ ទោះជាការសិក្សាមានការលំបាកដែលជាហេតុធ្វើឲ្យមាននិស្សិតជាច្រើនចង់បោះបង់ចោលម្តងម្កាល ប៉ុន្តែ ខ្ញុំមិនដែលគិតថារើសមុខវិជ្ជាខុសទេ ព្រោះខ្ញុំចូលចិត្តវាតាំងពីវ័យក្មេង ហើយក៏មានឆន្ទៈមុតមាំចង់ក្លាយជាឱសថការីដ៏ពូកែផងដែរ។ ហេង សុវណ្ណឫទ្ធិ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ខ្ញុំមិនដែលមានគំនិតគិតថាស្ដាយក្រោយហើយចង់ផ្លាស់ប្តូរមុខវិជ្ជាសិក្សាទេ ព្រោះមុខវិជ្ជាពេទ្យនេះ គឺជាក្ដីស្រមៃតែមួយគត់របស់ខ្ញុំដែលមានតាំងពីខ្ញុំនៅក្មេង។ វ៉ាន់ គឹមរួន ឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) ខ្ញុំនៅតែជ្រើសរើសរៀនជំនាញនេះដដែល ពីព្រោះខ្ញុំពិតជារីករាយក្នុងការបំពេញការងារនេះ ព្រោះនេះជាចំណុចសំខាន់ដោយយើងមិនត្រូវគិតតែទៅលើប្រាក់កម្រៃតែមួយមុខនោះទេ តែយើងក៏ត្រូវគិតទៅដល់សុខភាពអ្នកជំងឺជាចម្បង ហើយត្រូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺឲ្យដូចបងប្អូនយើងដូចគ្នា។ សំ សុវត្ថឌី និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់ ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ បើទោះជាអាចបង្វិលពេលវេលាឲ្យត្រលប់ក្រោយម្តងទៀត ខ្ញុំនៅតែជ្រើសរើសនៅជំនាញមួយនេះ ពីព្រោះខ្ញុំនៅតែចង់ចូលរួមអភិវឌ្ឍជំនាញនេះឲ្យកាន់តែជឿនលឿន និងផ្តល់សុវត្ថិភាព និងគុណភាពជូនប្រជាជន ទាំងបច្នុប្បន្នវិស័យទន្តសាស្ត្រនេះនៅមានកម្រិតនៅឡើយ។ តាំង រ៉ូស្សាទេវី  អតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧) ហើយសព្វថ្ងៃនេះកំពុងបម្រើការងារនៅមណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center) ខ្ញុំមិនដែលមានអារម្មណ៍ថា ចង់បោះបង់ ឬផ្លាស់ប្តូរការសិក្សាមុខវិជ្ជានេះចោលទេ ដោយសារតែឆ្នាំទី២ និងទី៣ គឺជាឆ្នាំដែលមានការចុះធ្វើការអនុវត្តផ្ទាល់ឲ្យស្របនឹងទ្រឹស្ដីដែលបានសិក្សាកន្លងមក  ហើយក៏ជាវេលាដែលធ្វើឲ្យខ្ញុំយល់ និងចាប់ផ្ដើមបណ្ដុះចិត្តស្រលាញ់ទៅលើមុខវិជ្ជានេះផងដែរ។ លឹម ប៉ោហ្វុង និស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បើមានឱកាសរើសម្តងទៀត ខ្ញុំបា្រកដជារើសមុខវិជ្ជាមួយនេះដដែល ព្រោះថាខ្ញុំរីករាយនឹងទទួលយកការប្រកួតប្រជែង និងជំនះនូវរាល់ឧបសគ្គផ្សេងៗក្នុងពេលសិក្សាផ្នែកមួយនេះ ហើយវាការពិតដែលថា ឆ្លងកាត់ការលំបាកកាន់តែខ្លាំង ភាពរីករាយនៅពីក្រោយនោះរឹតតែអស្ចារ្យ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អានតែចំណងជើងក៏បានដឹងខ្លះៗហើយថា អត្ថបទនេះនឹងនិយាយអំពីអ្វី? ប្រាកដណាស់! គឺនិយាយអំពីការសិក្សាផ្នែកឱសថសាស្រ្ត។ ប៉ុន្តែ មិនមែនជាការបង្ហាញលម្អិតពីការសិក្សាផ្នែកនេះទាំងស្រុងនោះឡើយ តែជាការចែករំលែកបទពិសោធន៍សិក្សារបស់អតីតនិស្សិតមួយរូប ដែលបានបព្ចាប់ការសិក្សាផ្នែកឱសថសាស្រ្ត(ខែមេសា ឆ្នាំ២០១៦) នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយបច្ចុប្បន្ន ជាឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) គឺកញ្ញា វ៉ាន់ គឹមរួន ។ ហេតុអ្វីបានជ្រើសរើសសិក្សាមុខវិជ្ជាមួយនេះ? នាងខ្ញុំជ្រើសរើសមុខវិជ្ជានេះ ដោយសារតែហេតុផល៣ចម្បង ក្នុងនោះរួមមាន ៖  -វាជាបំណងប្រាថ្នារបស់ខ្ញុំតាំងពីក្មេងវ័យ -ចង់ឲ្យមានការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវប្រកបដោយសុពលភាព និង ប្រសិទ្ធភាពខ្ពស់ ពីព្រោះថ្នាំជាអាវុធមុខពីរ យើងនឹងប្រឈមមុខនឹងគ្រោះថ្នាក់ ប្រសិនបើប្រើប្រាស់មិនបានសមស្របទៅតាមប្រភេទជំងឺនីមួយៗ។ នាងខ្ញុំក៏បានសម្រេចចិត្តជ្រើសរើសចូលសិក្សាផ្នែកឱសថសាស្រ្តនេះ ទោះបីជានាងខ្ញុំដឹងថាការរៀនមុខវិជ្ជានេះមានការពិបាកច្រើនក៏ដោយ ព្រោះថាគ្មានការទទួលបានជោគជ័យណា ដែលមិនកើតចេញការខិតខំប្រឹងប្រែងនោះទេ ហើយនាងខ្ញុំតែងតែគិតថាឪពុកម្តាយដែលខំរកលុយឲ្យយើងរៀនមានការលំបាកជាងយើងរាប់រយដងទៅទៀត។ ប៉ុន្តែ សម្រាប់នាងខ្ញុំផ្ទាល់ មិនបានចំណាយលុយច្រើនក្នុងការរៀនមុខវិជ្ជានេះទេ ព្រោះបានទទួលអាហារូបករណ៍។  តើមានចំណាប់អារម្មណ៍យ៉ាងណាដែរ សម្រាប់ការសិក្សានេះ? ក្រោយពេលបានចូលរៀន ខ្ញុំមានមោទនភាពដែលបានក្លាយជានិស្សិតនៅសាលាពេទ្យ និង រំពឹងគិតថាក្លាយជាឱសថការីដ៏ល្អម្នាក់នាថ្ងៃអនាគត។ ជាការពិត ខ្ញុំមិនដែលគិតថាខ្លួនឯងជ្រើសរើសខុសទេ តែពេលខ្លះមានអារម្មណ៍ថាហត់ ពីព្រោះមេរៀននីមួយៗមានការលំបាកច្រើន ប៉ុន្តែខ្ញុំមិនដែលមានគំនិតចង់បោះបង់នោះទេ។  ប្រសិនបើពេលវេលាអាចត្រទ្បប់ក្រោយបាន តើនឹងផ្លាស់ប្តូរមុខវិជ្ជាសិក្សាដែរឬទេ? ខ្ញុំនៅតែជ្រើសរើសរៀនជំនាញនេះដដែល ពីព្រោះខ្ញុំពិតជារីករាយក្នុងការបំពេញការងារនេះ ព្រោះនេះជាចំណុចសំខាន់ដោយយើងមិនត្រូវគិតតែទៅលើប្រាក់កម្រៃតែមួយមុខនោះទេ តែយើងក៏ត្រូវគិតទៅដល់សុខភាពអ្នកជំងឺជាចម្បង ហើយត្រូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺឲ្យដូចបងប្អូនយើងដូចគ្នា។ តើការសិក្សាផ្នែកនេះ ត្រូវជួបប្រទះនឹងការលំបាកអ្វីខ្លះ? ក្នុងអំទ្បុងពេលសិក្សា ខ្ញុំអាចនិយាយបានថា ពិតជាមានការលំបាកច្រើនពិតមែន ដូចជាមុខវិជ្ជាខ្លះត្រូវចំណាយពេលច្រើនក្នុងការយល់ និង ចងចាំបានល្អ។ មុខវិជ្ជាខ្លះទៀត គ្មានក្បូនខ្នាតត្រូវរៀនទេ តែទាមទារឲ្យចាំតែម្តង។ ចំពោះរាល់ចំណុចដែលខ្ញុំមិនយល់ ខ្ញុំតែងតែចំណាយពេលច្រើនលើវាដោយប្រើយុទ្ធសាស្រ្ត «បើមើល១ដងមិនយល់ មើលថែម២ដងទៀត ឬ៥ដងទៀត» ហើយក៏ត្រូវសុំជំនួយពីលោកគ្រូអ្នកគ្រូ ដើម្បីឲ្យគាត់ពន្យល់បន្ថែមទៀត។ តើយល់យ៉ាងណាដែរ ចំពោះពាក្យដែលគេនិយាយថា«រៀនពេទ្យមិនស្រួល»? ខ្ញុំក៏យល់ស្របនឹងគំនិតនេះដែរ ប៉ុន្តែមិនមែនពិបាករហូតដល់ថ្នាក់យើងមិនអាចធ្វើបាននោះទេ ព្រោះមុខវិជ្ជានេះទាមទារឲ្យយល់ច្បាស់នូវចំណុចសំខាន់ ព្រោះត្រូវប្រើប្រាស់ឱសថក្នុងការព្យាបាលជំងឺ សុវត្ថិភាព ប្រសិទ្ធភាព និង អាយុជីវិតអ្នកជំងឺពិតជាសំខាន់មិនអាចកាត់ថ្លៃបាន ហើយក៏ទាមទារនូវការអត់ធ្មត់ និង ការខិតខំប្រឹងប្រែងខ្ពស់។ ចំពោះការសិក្សាកន្លងមក តើមានគន្លឹះអ្វីខ្លះចែករំលែកដែរឬទេ? ចំពោះយុទ្ធសាស្រ្តក្នុងការសិក្សា ខ្ញុំមិនមានអ្វីពិសេសនោះទេ តែខ្ញុំជ្រើសរើសការរៀនជាក្រុម។ ជាក់ស្តែង ពួកយើងតែងតែសង្ខេបគ្រប់មេរៀន និងបង្កើតសំណួរជាមួយគ្នា ដោយសារតែវាមានសារសំខាន់ណាស់ ព្រោះ គំនិតផ្សេងៗគ្នាពីម្នាក់ៗ ជំរុញឲ្យការឆ្លើយសំណួរបានល្អ និង បានយល់ច្បាស់ពីមេរៀន។  មិនត្រឹមតែប៉ុណ្ណោះ ពេលជិតប្រទ្បង យើងទៅមើលមេរៀនជាមួយគ្នា និងសួរសំណួរគ្នាទៅវិញទៅមក ដើម្បីឲ្យបានចាំកាន់តែច្បាស់ ហើយយើងក៏ត្រូវរៀបចំពេលវេលាឲ្យបានគ្រប់គ្រាន់ក្នុងការរំលឹកមេរៀនទ្បើងវិញផងដែរ។ តើមានសារអ្វីជូនដល់និស្សិតជំនាន់ក្រោយដែរ ជាពិសេសអ្នកចង់សិក្សាផ្នែកឱសថសាស្រ្តដែរឬទេ? មិនត្រូវរៀនដោយចិត្តមិនចង់រៀន ឬ ប៉ាម៉ាក់បង្ខំ ហើយត្រូវមានការប្តេជ្ញាខ្ពស់ក្នុងការរៀនឲ្យបានចប់ចុងចប់ដើមប្រកបដោយភាពជោគជ័យ។  ត្រូវជឿ និងចាំថា «ការរៀនឱសថមិនបានធ្វើឲ្យយើងក្លាយជាអ្នកមាននោះទេ តែផ្ទុយទៅវិញវាបង្រៀនយើងឲ្យចេះផ្តល់ឱសថត្រឹមត្រូវទៅអ្នកជំងឺត្រឹមត្រូវនៅពេលដ៏សមស្រប (Give the right medicine to the right patient at the right time)»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ខ្ញុំបាទឈ្មោះ សំ សុវត្ថឌី បច្ចុប្បន្នជានិស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់-ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ ដែលបានចូលរៀនផ្នែកទន្តសាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅភ្នំពេញ នៅឆ្នាំ ២០០៧ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅខេត្តសៀមរាប។  ការជ្រើសរើសយកមុខវិជ្ជាទន្តសាស្ត្រ ក៏ព្រោះតែវាជាចំណង់ចំនូលចិត្តផ្ទាល់ខ្លួន ហើយក៏ជាសំណាងល្អ ដែលខ្ញុំបានទទួលអាហារូបករណ៍សម្រាប់ថ្នាក់ទន្តសាស្រ្ត  ហើយក៏តែងតែមានលោកប៉ា អ្នកម៉ាក់ ដែលគាត់តែងតែជួយជ្រោមជ្រែង និងជំរុញទឹកចិត្តក្នុងការរៀនជំនាញនេះ។  បន្ទាប់ពីប្រលងជាប់ដោយជោគជ័យ ខ្ញុំមានអារម្មណ៍ស្រលាញ់ជំនាញនេះកាន់តែខ្លាំង ហើយខ្ញុំក៏មិនដែលមានអារម្មណ៍ថាស្តាយក្រោយក្នុងការជ្រើសរើសមុខវិជ្ជាទន្តពេទ្យនេះដែរ ព្រោះវាជាអ្វីដែលខ្ញុំស្រលាញ់ ពេញចិត្ត និងចង់រៀនដោយស្ម័គ្រចិត្ត។ បើទោះជាអាចបង្វិលពេលវេលាឲ្យត្រលប់ក្រោយម្តងទៀត ខ្ញុំនៅតែជ្រើសរើសនៅជំនាញមួយនេះ ពីព្រោះខ្ញុំនៅតែចង់ចូលរួមអភិវឌ្ឍជំនាញនេះឲ្យកាន់តែជឿនលឿន និងផ្តល់សុវត្ថិភាព និងគុណភាពជូនប្រជាជន ទាំងបច្នុប្បន្នវិស័យទន្តសាស្ត្រនេះនៅមានកម្រិតនៅឡើយ។ ការសិក្សានៅក្នុងវិស័យវេជ្ជសាស្រ្ត មិនថាជំនាញណាមួយទេ គឺសុទ្ធតែមានផលលំបាករៀងខ្លួន  ហើយអ្វីដែលជាឧបសគ្គនោះ គឺយើងត្រូវចំណាយពេលវេលាក្នុងការអាន ការសិក្សាស្រាវជ្រាវ និងការចុះអនុវត្តផ្ទាល់ ប៉ុន្តែយើងអាចជំនះវាបានដោយការចេះរៀបចំពេលវេលា ការបែងចែកនៅមុខវិជ្ជាណាដែលសំខាន់ និងមុខវិជ្ជាបន្ទាប់បន្សំ។ ឃា្លមួយដែលគេតែងតែនិយាយថា «រៀនពេទ្យមិនស្រួលនោះទេ» វាជាអ្វីដែលខ្ញុំបានលឺទាំងពីខ្ញុំមិនទាន់ស្គាល់អ្វីដែលហៅថាវិស័យទន្តសាស្រ្តម្ល៉េះ…ប៉ុន្តែតើមានមុខវិជ្ជាណាដែររៀនទៅងាយស្រួល ហើយមិនជួបឧបសគ្គនោះ? សំខាន់ គឺចិត្តស្រលាញ់ ការតាំងចិត្ត ត្រូវយកក្តីស្រមៃ និងគោលដៅមកដាក់ក្នុងការសិក្សា ដូចនេះគ្មានពាក្យថាលំបាកទៀតទេ។ ខ្ញុំក៏សូមផ្តាំផ្ញើទៅកាន់ប្អូនៗជំនាន់ក្រោយថា «ក្នុងនាមជានិស្សិតពេទ្យ មិនថាស្ថិតនៅក្នុងជំនាញណាមួយគួរគប្បីមានការតាំងចិត្ត ព្យាយាមស្វែងយល់ និងសិក្សាឲ្យបានកាន់តែច្រើនកាន់តែល្អ ដើម្បីជាទុនក្នុងការអភិវឌ្ឍនូវវិស័យសុខាភិបាលឲ្យកាន់តែរីកចម្រើន ហើយមិនគួរគប្បីចំណាយពេលវេលាផ្តេសផ្តាសទៅធ្វើអ្វីដែលមិនគួរគប្បី ។ ម្យ៉ាងវិញទៀត ត្រូវចងចាំថាការចំណាយពេលវេលាឲ្យបានត្រឹមត្រូវ គឺជាចំណុចសំខាន់ក្នុងការធ្វើឲ្យការសិក្សាវិស័យសុខាភិបាលទទួលបាននូវជោគជ័យ»។ ជាសារខ្លីៗទៅកាន់ប្អូនៗដែលមានបំណងចង់ជ្រើសរើសចូលរៀនក្នុងវិស័យសុខាភិបាល គឺ«ត្រូវមាន៣ យ៉ាង រួមមានការកំណត់នូវគោលដៅឲ្យបានច្បាស់ ភាពអត់ធ្មត់ និងការតាំងចិត្តខ្ពស់ក្នុងការលះបង់នូវពេលវេលា និងថវិកា»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

(ឯកទេសមហារីក ) ទូច ខាន់ណារ៉ា គ្រួពេទ្យជាអាជីពមួយដែលទទួលការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន តែសម្រាប់ខ្ញុំ ខ្ញុំចង់ចេះចង់ដឹងបន្តិចបន្តួចពីមុខវិទ្យាវេជ្ជសាស្ត្រ ក្នុងបំណងជួយព្យាបាលសាច់ញាតិតែប៉ុណ្ណោះ និងមនុស្សផងទាំងឡាយរួមទាំងមានឱកាសទទួលបានអាហារូបករណ៍របស់ក្រសួង ខ្ញុំក៏សម្រេចបន្តរៀនមុខវិជ្ជានេះ។ ប៉ុន្តែមហិច្ឆតាខណៈពេលកំពុងរៀន ណាមួយខ្ញុំចូលចិត្តរបកគំហើញថ្មីៗ ព្រមទាំងយល់ឃើញពីកង្វះខាតគ្រួពេទ្យខាងផ្នែកមហារីកនេះផង និងចង់ចូលរួមក្នុងការអភិវឌ្ឍខាងវិស័យមហារីក ស្របពេលដែលអត្រាអ្នកជំងឺកាន់តែកើនឡើង…. (ឯកទេសចក្ខុរោគ) ហួន សំអាត  ដោយសារតែការសម្លឹងមើលឃើញថា ចំនួនគ្រូពេទ្យផ្នែកចក្ខុរោគនៅប្រទេសកម្ពុជាយើងហាក់ដូចជានៅមានតិចតួចនៅឡើយ ជាក់ស្តែង គឺចំនួនប្រជាជនមានច្រើន ស្របពេលដែលចំនួនគ្រូពេទ្យបែរជាមានតិច។ អ្វីដែលរឹតតែពិសេសនោះ គឺលោកមានការយល់ឃើញថាការធ្វើជាគ្រូពេទ្យផ្នែកចក្ខុរោគនេះអាចជួយឲ្យអ្នកជំងឺដែលមើលមិនឃើញ(ឡើងបាយភ្នែក) ហើយអស់សង្ឃឹម អាចមើលឃើញឡើងវិញ… (ឯកទេសសល្យសាស្រ្ត ជំងឺឆ្អឹង និងបាក់បែក) ឡោ សូយទ្រី សម្រាប់ខ្ញុំផ្ទាល់ ការសម្រេចជ្រើសរើសយកមុខជំនាញមួយនេះដើម្បីបន្តការសិក្សាក្នុងកម្រិតក្រោយឧត្តមសិក្សានេះ គឺបណ្តាលមកពីការសម្លឹងមើលឃើញថា នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់កំពុងតែមានការប្រឈមខ្លាំងទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរ ដែលត្រូវបានគេគ្រប់គ្នាហៅថា «ឃាតករលេខមួយ» ប្រចាំប្រទេស។ ប៉ុន្តែចំនួនគ្រូពេទ្យជំនាញផ្នែកនេះមិនថានៅទីរួមខេត្តនោះទេ សូម្បីតែនៅរាជធានីភ្នំពេញផ្ទាល់ ក៏ហាក់ដូចជាមិនសូវមានច្រើននៅឡើយទេ ហេតុនេះហើយ ទើបខ្ញុំសង្ឃឹមថាការចូលសិក្សាផ្នែកមួយនេះ នឹងផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានេះ ជាមួយនឹងគ្រូពេទ្យជំនាញដទៃទៀត។ (ឯកទេសបេះដូង​) វ៉េង រតនា​  មូលហេតុក្នុងការជ្រើសរើសយកអាជីពជាគ្រូពេទ្យ និស្សិតវ័យក្មេងមួយរូបនេះបាននិយាយថាការសង្គ្រោះជីវិត និងយកអាសាអ្នកដទៃជារឿងមួយដែលសប្បាយចិត្តសម្រាប់ខ្លួន។ ដូចគ្នានោះដែរ ដោយគិតពីអនាគតគ្រួសារនិងសង្គមផងដែរលោកក៏សម្រេចចិត្តបន្តថ្នាក់ឯកទេសបេះដូងនេះព្រោះតែនៅប្រទេសកម្ពុជាយើងមានគ្រូពេទ្យឯកទេសបេះដូង និងមានកន្លែងសម្រាប់ថែទាំព្យាបាលជំងឺនេះហើយប៉ុន្តែប្រជាជនខ្មែរយើងមិនបានយល់ដឹងពីបញ្ហាជំងឺបេះដូងច្រើននៅឡើយ និងមិនបាន​ដឹងពីសមត្ថភាពគ្រូពេទ្យក្នុងប្រទេសយើងអាចធ្វើបានដូចពេទ្យនៃប្រទេសជិតខាងដែរ … (ឯកទេសរោគស្រ្តី) វ៉ាន់ សិរីវឌ្ឍនា  ការសម្រេចចិត្តជ្រើសរើសជំនាញមួយនេះមិនមែនជារឿងចៃដន្យ ឬជាការចង់បានតាមមិត្តភក្ដិឡើយ។ កត្តាសំខាន់ពីរយ៉ាងដែលជំរុញឲ្យចាប់ យកជំនាញមួយនេះគឺ ទី១ ដោយសារតែការស្រលាញ់របស់ខ្លួន និងទី២ គឺជាការជំរុញពីក្រុមគ្រួសារ។ ដោយឡែក ដោយសារតែសង្កេតឃើញថា ខ្លួនឯងផ្ទាល់តែងតែយកចិត្តទុកដាក់ខ្លាំងចំពោះរាល់មេរៀនដែលទាក់ទងនឹងជំនាញនេះខ្លាំងដូចជា ការអានមេរៀនទុកមុនជានិច្ច ការតាមដាន ក៏ដូចជាភាពសកម្មនៅរាល់​ពេលម៉ោងបង្រៀនរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជា​សាស្រ្ដាចារ្យនៅក្នុងថ្នាក់ និងការសាកសួរនូវរាល់ ចម្ងល់ក្រោយពេលបញ្ចប់ការបង្រៀន ជាពិសេសរាល់ពេលទំនេរ សកម្មភាពដែលមិនសូវខកខានគឺ ការស្វះស្វែងរកសៀវភៅ និងឯកសារ អានបន្ថែមក្នុងបណ្ណាល័យឬតាមរយៈអ៊ីនធឺណែត ដើម្បីបំពេញការយល់ដឹងបន្ថែមទាក់ទងនឹងជំនាញដដែលនេះហើយ ទើបមុខជំនាញនេះ ត្រូវបានជ្រើសរើសជាជំនាញនៅថ្ងៃអនាគត។ (ឯកទេសជំងឺលើស្បែក និងកាមរោគ) ប៊ន បូរិ  ព្រោះខ្ញុំគិតថាជំងឺលើស្បែកជាប្រភេទជំងឺមួយ ដែលមានលក្ខណៈស្មុគស្មាញក្នុងការធ្វើរោគវិនិច្ឆ័យ និងក្នុងការព្យាបាល ព្រោះជំងឺខ្លះស្តែងចេញជារោគសញ្ញាសើស្បែកស្រដៀងគ្នា ឯជំងឺសើស្បែកខ្លះ ទៀតកើតឡើងដោយសារជំងឺនៃសរីរាង្គដទៃ ដូច្នេះវាទាមទារ ឲ្យប្រទេសយើងត្រូវការក្រុមគ្រូពេទ្យឯកទេសជំងឺសើស្បែកនេះ ដើម្បីផ្តល់សេវាព្យាបាលក៏ដូចជាការថែទាំ និងការអប់រំដល់ពួកគាត់ឲ្យបានត្រឹមត្រូវ ព្រមទាំងដើម្បីចូលរួមកាត់បន្ថយការចំណាយប្រាក់កាស របស់ពួកគាត់ក្នុងការស្វែងរកសេវាព្យាបាលនៅខាងក្រៅប្រទេស។ ហេតុដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តចង់ក្លាយជាសមាជិកនៃក្រុមគ្រូពេទ្យឯកទេសសើស្បែកនេះ ព្រោះវាជាមុខជំនាញ ដែលខ្ញុំស្រលាញ់ចូលចិត្ត ក៏ដូចជាផ្តល់ឱកាសសម្រាប់ខ្ញុំក្នុងការបម្រើដល់សង្គមរបស់យើងផ្ទាល់តែម្តង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មិនតិចឆ្នាំដូចមុខវិជ្ជាផ្សេងឯណា…ប៉ុន្តែ បទពិសោធន៍ដែលរៀនប៉ុន្មានឆ្នាំនេះ ក៏មានរឿងរ៉ាវជាច្រើនដែលបានឆ្លងកាត់ ហើយក៏បានបង្កើតនូវអនុស្សាវរីយ៍មិនតិចនោះទេជាមួយមនុស្សដែលធ្លាប់ស្គាល់មួយក្រុមដែលហៅថា«មិត្តរួមថ្នាក់» ហើយអ្នកខ្លះក៏បានស្គាល់ ទាក់ទង និងរាប់អានដល់«មិត្តរួម/ខុសជំនាន់» ទៀត ហើយក៏មានការងារ និងលក្ខខណ្ឌជាច្រើនដែលត្រូវបំពេញជាមួយបុគ្គលិកសិក្សារួមមានទាំងសាស្រ្តាចារ្យផងដែរ។  គិតរាប់បញ្ចូលទាំងកម្មវិធីសិក្សា សម្ពាធ ពេលវេលា មិត្តភាព កម្រិតលំបាកនៃមេរៀន ភាពមមាញឹក និងកត្តាផ្សេងៗទៀតជាច្រើន សម្រាប់អ្នកផ្ទាល់ តើឆ្នាំមួយណាដែលផ្តល់នូវភាពរីករាយដល់អ្នកជាងគេ? ហើយឆ្នាំណាដែលពិបាកជាងគេ? ហេតុអ្វីដែរ?  ម្នាក់ៗប្រាកដជាមានចម្លើយនៅក្នុងចិត្តរៀងខ្លួនហើយ ខាងក្រោមនេះ ជាការចែករំលែកពីនិស្សិតផ្នែកសុខាភិបាលដែលបានផ្តល់ពេលវេលា និងកិច្ចសហការក្នុងការផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងក្រុមការងារ…ចង់ដឹងថា ពួកគាត់ជានរណាខ្លះ? ហើយមានការយល់ឃើញយ៉ាងណាខ្លះ? តាមដានអានឲ្យដល់ចប់ជាមួយគ្នា… ធៀប សុជាតិ និស្សិតឆ្នាំទី៥(ជំនាន់ទី៣៧) ផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និយាយទៅ ឆ្នាំណាក៏សប្បាយដែរ តែលក្ខណៈថាសប្បាយផង ពិបាកផង ព្រោះគិតថាឆ្នាំណាក៏ដូចជាឆ្នាំណាដែរ សុទ្ធតែមានរឿងសប្បាយ និងរឿងត្រូវកើតទុក្ខដូចគ្នា។ ឆ្នាំដែលពិបាកជាងគេ អាចថាឆ្នាំទី៥ ព្រោះថាត្រូវចុះស្តារផង ហើយត្រូវរៀនផង (បើតាមដែលសង្កេតមើលទៅ ក៏ជាឆ្នាំដែលគេស្រកគីឡូច្រើនជាងគេផងដែរ ព្រោះតែហត់ពេក)។ ខ្ញុំយល់ថា ក៏ជាឆ្នាំដែលរៀនមិនសូវចេះជាងគេដែរ តែអាចជាការពិតសម្រាប់តែខ្ញុំម្នាក់ក៏ថាបាន។ សេង រស្មី និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បើនិយាយទៅ ឆ្នាំដែលសប្បាយជាងគេ គឺជាឆ្នាំទី១ ព្រោះថាយើងមានមោទនភាពចំពោះភាពជោគជ័យរបស់យើងជាបេក្ខជនជ័យលាភីមួយរូបក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ដែលបានប្រលងចូលរៀននៅសាលាពេទ្យ និងជាពេលវេលាដំបូងដែលយើងឈានជើង ដើម្បីសម្រេចក្តីស្រមៃរបស់យើង។  ដូចគ្នាដែរ ឆ្នាំទី១នេះក៏ជាឆ្នាំដែលលំបាកជាងគេដែរ ព្រោះជាវេលាដំបូងដែលយើងសិក្សាពីមូលដ្ឋានគ្រឹះសម្រាប់មុខវិជ្ជាពេទ្យ ព្រមទាំងចាប់ផ្តើមរៀនភាសាបារាំងថែមទៀត ដែលយើងមិនធ្លាប់បានរៀនពីមុនសោះ។ លឹម ប៉ោហ្វុង និស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រាប់ខ្ញុំ គ្រប់ឆ្នាំសិក្សាទាំងអស់សុទ្ធតែមានភាពសប្បាយរីករាយ និងការប្រកួតប្រជែងដូចគ្នា។ ប៉ុន្តែ ឆ្នាំដែលពិបាកជាងគេបង្អស់ គួរតែជាឆ្នាំទី៧ដែលជាឆ្នាំចុងក្រោយ។ ក្នុងឆ្នាំនេះ និស្សិតជាច្រើនក៏បានរកឃើញកន្លែងចុះកម្មសិក្សានៅតាមគ្លីនិកធ្មេញរួចហើយ តែក៏ជាឆ្នាំដែលត្រូវបំពេញការងារនូវគ្លីនិកនៃសាកលវិទ្យាល័យ និងមន្ទីរពេទ្យរដ្ឋផងដែរ។ ហេតុដូចនេះហើយ គឺមានការទាមទារឲ្យមានភាពវៃឆ្លាតក្នុងការគ្រប់គ្រងពេលវេលា ដើម្បីធានាឲ្យបាននូវតុល្យភាពរវាងលក្ខខណ្ឌការងារសាលា និងការចុះកម្មសិក្សាផ្ទាល់ខ្លួន។ លីម ចាន់បូរ៉ាម៉ី ឱសថការីឧត្តម ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅ ខែ៤ ឆ្នាំ ២០១៧ថ្មីៗនេះ ឆ្នាំដែលសប្បាយជាងគេ គឺឆ្នាំទី១ ដោយសារអ្វីៗទាំងឡាយ គឺថ្មីទាំងអស់ រួមទាំងមិត្តភក្តិ មេរៀនដែលត្រូវរៀន និង ឧបករណ៍បច្ចេកទេសជាច្រើន ដែលមិនដែលជួបប្រទះពីមុនមក ធ្វើឲ្យមានការចង់ចេះចង់ដឹងពីអ្វីដែលនៅជុំវិញខ្លួន។ ឆ្នាំទី៥ជាឆ្នាំពិបាកជាងគេ ដោយសារត្រូវត្រៀមប្រលងចេញ មានសម្ពាធពីការសិក្សា ហើយត្រូវបញ្ចប់កម្មសិក្សា។ បន្ថែមលើនេះទៀត គឺត្រូវរៀបចំផ្លូវអនាគតខ្លួនឯង ដូចជាចូលបម្រើការងារនៅគ្រឹះស្ថាននានា ឬ បន្តការសិក្សាទៅក្រៅប្រទេស។ ដូចនេះ ឆ្នាំទី៥ ពិបាកបំផុតសម្រាប់ខ្ញុំ។ ហេង សុវណ្ណឫទ្ធិ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំដែលសប្បាយជាងគេនោះគឺឆ្នាំទី៤ ហេតុផលនោះ គឺវាជាឆ្នាំដំបូងដែលខ្ញុំចាប់ផ្ដើមការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យ និងបានជួបផ្ទាល់ជាមួយអ្នកជំងឺ។  រីឯឆ្នាំដែលខ្ញុំគិតថាពិបាកជាងគេនោះគឺឆ្នាំទី៦ ព្រោះវាគឺជាឆ្នាំដែលខ្ញុំនឹងចូលរៀនក្នុងពេលឆាប់ៗនេះ ហើយឆ្នាំសិក្សានេះ គឺមានមុខវិជ្ជាថ្មីៗជាច្រើន និងមេរៀនជាច្រើនដែលត្រូវរៀន។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺវាក៏ជាឆ្នាំមួយសម្រាប់ការត្រៀមប្រលងចូលរៀនថ្នាក់ឯកទេសផងដែរ។ តាំង រ៉ូស្សាទេវី  អតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧) ហើយសព្វថ្ងៃនេះកំពុងបម្រើការងារនៅមណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center) ឆ្នាំដែលសប្បាយជាងគេសម្រាប់ខ្ញុំ គឺឆ្នាំទី១ការសិក្សាមិនសូវជារវល់ មួយថ្ងៃរៀនត្រឹមតែ២ទៅ៣ម៉ោងប៉ុណ្ណោះ។  ឆ្នាំដែលពិបាកគឺឆ្នាំទី៥ ព្រោះជាឆ្នាំបញ្ចាប់មានការប្រលងច្រើន  ប្រលង២ឆមាស បន្ទាប់មកត្រូវប្រលងចេញ និងត្រូវគិតពីគោលដៅបន្តទៀតថាគួរធ្វើអ្វី។ សំ សុវត្ថឌី និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់ ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ ចំពោះពេលវេលាដែលបានឆ្លងកាត់មកតាំងពីឆ្នាំទី1ដល់ឆ្នាំទី 7 គឺមានតែឆ្នាំទី 7ទេដែរជាឆ្នាំដែររីករាយផង និងពិបាកជាងគេផង។ សប្បាយ ព្រោះយើងបានជួបអនុវត្តផ្ទាល់លើជាមួយអ្នកជំងឺ ជិតបានសម្រេចនូវក្តីស្រមៃដោយបានទទួលងារពេញសិទ្ធិជា«ទន្តបណ្ឌិត»។ ហើយអ្វីដែលពិបាកនោះ គឺយើងត្រូវប្រឈមមុខនឹងការធ្វើនិក្ខេបបទ ការធ្វើការអនុវត្តផ្ទាល់ពេញម៉ោង និងការត្រៀមប្រលងចេញ និងប្រលងថ្នាក់ជាតិ។ វ៉ាន់ គឹមរួន ឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) សម្រាប់ខ្ញុំ គ្រប់ឆ្នាំ គឺសប្បាយទាំងអស់ ព្រោះខ្ញុំពិតជារីករាយក្នុងការរៀនពីអ្វីដែលថ្មីពីមួយឆ្នាំ ទៅឆ្នាំមួយទៀត  ប៉ុន្តែឆ្នាំទី៤ និង ទី៥មានការលំបាកច្រើន ព្រោះមុខវិជ្ជាមានសំខាន់ៗច្រើន ហើយឆ្នាំទី៥ជាឆ្នាំចុងក្រោយ ដូច្នេះ ខ្ញុំត្រូវត្រៀមខ្លួនឲ្យបានល្អបំផុតក្នុងការប្រទ្បងប្រកបដោយភាពជោគជ័យ។ ប៊ុន ច័ន្ទវិចិត្រ និស្សិតឆ្នាំទី៤នៃសាកកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ឆ្នាំដែលសប្បាយជាងគេ គឺឆ្នាំទី១ ព្រោះជាឆ្នាំដំបូង ហើយមេរៀនដែលត្រូវរៀនក៏មិនទាន់ជ្រៅ។ ម្យ៉ាងទៀត ក៏មិនសូវខ្វល់ខ្វាយ និងមានសម្ពាធខ្លាំង ជាពិសេស គឺមិនទាន់ផ្តោតលើការអនុវត្ត។ ចំណែកឆ្នាំដែលពិបាកជាងគេ គឺប្រហែលជាឆ្នាំទី៧  ព្រោះមានកាតព្វកិច្ចជាច្រើនត្រូវបំពេញ ដូចជាត្រូវប្រលងចេញ ចុះបំពេញការងារនៅគ្លីនិកដើម្បីបំពេញនូវលក្ខខណ្ឌគ្រប់គ្រាន់ ទើបអាចប្រលងថ្នាក់ជាតិបាន ធ្វើនិក្ខេបបទ ធ្វើការស្រាវជ្រាវ ហើយអ្នកខ្លះក្រោយពីប្រលងថ្នាក់ជាតិចប់ ក៏ត្រូវប្រលងក្របខណ្ឌទៀត។ Photo Credit : Theap Socheat ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាឱកាសដែលមានតែម្តងក្នុងមួយឆាកជីវិតសម្រាប់និស្សិតគ្រប់រូប ហើយនេះក៏ជាលើកដំបូងគេបង្អស់ផងដែរសម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលថ្នាក់វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងគ្រប់ជំនាញ ដែលមានឱកាសចូលរួមក្នុងពិធីប្រគល់សញ្ញាបត្ររបស់ខ្លួន។ គ្រាន់តែបានទទួលដំណឹងនេះ ម្នាក់ៗប្រាកដជាមានអារម្មណ៍រំភើបខ្លាំងជាមិនខាន…រហូតដល់ពេលនេះ មិនប្រាកដថាអស់ចំហាយរំភើបឬនៅផង? ថ្ងៃពិសេសក៏ខិតជិតមកដល់ហើយ តើបានត្រៀមអ្វីខ្លះហើយ? ហើយមានដឹងឬទេថាគួរតែត្រៀមអ្វីខ្លះសម្រាប់ឱកាសពិសេសមួយនេះ? តោះ! ដើម្បីជាគន្លឹះខ្លះៗ សម្រាប់និស្សិតដែលបានចុះឈ្មោះរួចរាល់សម្រាប់ពិធីដ៏កម្រមួយនេះ ខ្ញុំក៏សូមនាំមកជូននូវចំណុចខ្លះដែលអ្នកគួរយល់ដឹង និងត្រៀម ដែលរួមមានដូចខាងក្រោម៖ សម្លៀកបំពាក់(សមរម្យ) -បុរស ៖ ខោជើងវែងពណ៌ខៀវទឹកប៊ិច ឬខ្មៅ អាវសឺមីដៃវែងពណ៌ស ពាក់ក្រវ៉ាតក -នារី ៖ សំពត់ហូល ឬផាមួង អាវប៉ាក់ពណ៌ស -ហាមដាច់ខាតស្លៀកខោខូយប៊យ និងអាវយឺត ឬអាវក្រឡេក្រឡាចូលរួមពិធី ជម្រាបដំណឹងដល់មនុស្សសំខាន់ ជាពិសេស គឺអ្នកមានគុណទាំងពីររូប ហើយបើសិនជាអាច គួរតែមានមិត្តភក្តិ សាច់ញាតិបងប្អូន មិត្តរួមការងារខ្លះមកអបអរសាទរ (តែបើសិនជាមិនអាចទេ ការជួបជុំមិត្តរួមថ្នាក់ ថតរូបលេងជាមួយគ្នា ក៏សប្បាយម្យ៉ាងដែរ…កុំតូចចិត្តអីណា៎…) ព្រោះថាឆ្លងកាត់ពេលវេលាពិសេស ជាមួយមនុស្សពិសេស អារម្មណ៍រឹតតែពិសេស។ បញ្ជាក់ ៖ កុំភ្លេចបែងចែកពេលវេលាឲ្យអ្នកមកអបអរឲ្យបានស្មើគ្នា (គ្រាន់តែដើម្បីបង្ការបញ្ហាមានអ្នកអន់ចិត្ត) មធ្យោបាយធ្វើដំណើរ ព្រឹកព្រលឹមបែបហ្នឹង ប្រហែលជាពិបាកបន្តិច តែយ៉ាងណាក៏តែមួយថ្ងៃហ្នឹងដែរ។ បើជិះមកដោយខ្លួនឯង សូមមានការប្រុងប្រយ័ត្នផងណា ព្រោះមេឃអាចនៅរាងងងឹតនៅឡើយ។ សម្រាប់អ្នកដែលមានគេជូនមក កុំភ្លេចដាស់គេផង ក្រែងលោថារួចរាល់តែម្នាក់ឯង តែអ្នកជូននៅមិនទាន់ហើយ ក៏អាចនឹងមកដល់កន្លែងពិធីយឺតដែរ។ អាវពេទ្យ (អាវប៊្លូ) ដោយសារតែមិនមានឯកសណ្ឋានបញ្ចប់ការសិក្សា(ឈុតខ្មោចឆៅ) ដូចគេ តែយើងក៏អាចមានភាពប្លែកពីគេជាមួយនឹងការពាក់អាវពេទ្យដែរ ហើយក៏មានស៊ុមសម្រាប់ដាក់សញ្ញាបត្រដែលស្រស់ស្អាត និងប្លែកពីគេផងដែរ (លក្ខណៈថា…ចេញមកដឹងតែនិស្សិតពេទ្យបញ្ចប់ការសិក្សាហ្មងហា៎)។ ប្រហែលមានអ្នកខ្លះមិនទាន់បានថតរូបឡូយៗ អ៊ែមៗជាមួយនឹងអាវហ្នឹងទេ បើទោះជាពាក់រាល់ថ្ងៃហើយក៏ដោយ ហេតុនេះហើយ ថ្ងៃហ្នឹង លេងម៉ាអស់ដៃហ្មងទៅ… ញ៉ាំអាហារទ្រាប់ពោះ ដោយសារតែអាចនឹងត្រូវអង្គុយចូលរួមពិធីរាងយូរបន្តិច ដោយត្រូវមកដល់តាំងពីព្រលឹមបែបនេះ អ្នកគួរតែញ៉ាំអាហារខ្លះ (មិនបានច្រើនក៏តិចល្មមទប់កុំឲ្យសន្លប់) ដើម្បីកុំឲ្យមានបញ្ហាសុខភាពផ្សេងៗ លែងបានសប្បាយបណ្តោយ… ភេសជ្ជៈ បើភេសជ្ជៈកែវខ្លះ អាចនឹងត្រូវបានហាមឃាត់មិនឲ្យយកចូល តែយ៉ាងណាក៏ត្រូវប្រាកដថាមានទឹកសុទ្ធ ឬភេសជ្ជៈដបផ្សេងៗដែលអាចទទួលទានបាន ក្នុងអំឡុងពេលចូលរួមកម្មវិធី (បើអត់មានអីញ៉ាំ យ៉ាងហោចណាស់ក៏គួរតែមានទឹកញ៉ាំដែរ)។ លុយកាក់ ពេលចប់កម្មវិធី ប្រាកដជាត្រូវជួបជុំគ្នាញ៉ាំអីជាមួយនឹងមិត្តរួមថ្នាក់ សាស្រ្តាចារ្យ សិស្សច្បង សិស្សប្អូន មិត្តរួម និងខុសជំនាន់ ហើយ ដូចនេះហើយ កុំភ្លេចត្រៀមលុយទៅផង(មានអ្នកខ្លះមិនមែន១តង់ទេ គឺមានតង់ទី១ តង់ទី២ ឬក៏ឈានចូលដល់តង់ទី៣ទៀតផង) ស្ទីលថតរូប មិនងាយណាបានថតរូបជុំគ្នា ជាមួយនឹងសម្លៀកបំពាក់ស្រស់ស្អាតស្រដៀងៗគ្នា ក្នុងឱកាសកម្រចឹងនោះ…មិនថាមើលតាមgoogle, facebook ឬតាមអ្វីនោះទេ ត្រូវតែប្រាកដថាមានរូបថតដែលស្អាត ប្លែក និងពិសេស ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ថ្ងៃហ្នឹង ត្រៀមអ្នកថតរូប តាមពិត Selfieក៏បាន…តែប្រសិនបើចង់បានរូបថតកាលីបប្លែកៗ គួរតែមាននរណាម្នាក់ត្រៀមថតរូបឲ្យ បើបានអ្នកprofessionalក៏កាន់តែអ៊ែម ដែលយើងឃើញមានក្រុមខ្លះបានធ្វើការទិញជាកញ្ចប់សម្រាប់ថតរូបតែម្តង។ តែបើអត់ទេ មានត្រឹមមិត្តភក្តិ សាច់ញាតិបងប្អូនណាម្នាក់ ឬមនុស្សពិសេស មកជួយថតឲ្យក៏បានដែរ។ កុំភ្លេចទៅដល់កន្លែងប្រារព្ធពិធីនៅវេលាម៉ោង៦:០០ព្រឹកណា៎… សង្ឃឹមថានឹងមានពេលវេលាដ៏មានអត្ថន័យ និងមិនងាយនឹងបំភ្លេចបាននេះដោយរីករាយណា៎!!! ប្រសិនបើមានគំនិតអ្វីបន្ថែម​ សូមជួយណែនាំផង.... ក៏លឺផងដែរថា...នឹងមានCampaignពិសេស នៅលើហ្វេសប៊ុកផេក Healthtime Pro កុំភ្លេចតាមដានជាមួយគ្នា.... Photo Credit : ទំព័រហ្វេសប៊ុក UHS

Share

ខ្ញុំបាទឈ្មោះ លឹម ប៉ោហ្វុង ជានិស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មូលហេតុនៃការជ្រើសរើសផ្នែកទន្តសាស្រ្ត ខ្ញុំចាប់អារម្មណ៍នឹងវិស័យទន្តសាស្រ្តនេះតាំងពីនៅក្មេងមកម្ល៉េះ ព្រោះខ្ញុំគិតថា ក្នុងនាមទន្តពេទ្យមួយរូប គឺខ្ញុំអាចមានសមត្ថភាពក្នុងការជួយឲ្យមានភាពប្រសើរឡើងនៃសុខភាព និងជីវិតនៃប្រជាជន។ មូលហេតុមួយទៀតដែលជំរុញឲ្យខ្ញុំជ្រើសរើសមុខវិជ្ជានេះ ដោយសារតែឳពុករបស់ខ្ញុំក៏ជាទន្តពេទ្យមួយរូបផងដែរ ហើយខ្ញុំក៏តែងតែចាត់ទុកគាត់ជាបុគ្គលគំរូមួយរូប។ ចំណែកឳពុកម្តាយរបស់ខ្ញុំក៏តែងតែរំលឹកប្រាប់ជារឿយៗផងដែរថា ត្រូវតែព្យាបាល និងយកចិត្តទុកដាក់ថែទាំសុខភាពរបស់អ្នកជំងឺណាក៏ដោយឲ្យដូចជាសមាជិកគ្រួសាររបស់ខ្លួនជាមួយនឹងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ហើយអ្វីដែលនឹងទទួលបានវិញ គឺកិត្តិនាមដ៏ល្អ ភាពរីករាយ ឬស្កប់ស្កល់នូវការបំពេញតម្រូវការ និងស្នាមញញឹមរបស់អ្នកជំងឺ។ ចំណាប់អារម្មណ៍ចំពោះវិស័យទន្តសាស្រ្ត សម្រាប់រូបខ្ញុំផ្ទាល់ គឺមិនដែលគិតថាស្តាយក្រោយចំពោះការជ្រើសរើសមុខវិជ្ជាមួយនេះឡើយ ហើយក៏មិនដែលគិតថាដល់ជម្រើសផ្សេងក្រៅពីនេះឡើយ។ ក្រោយពីបានចូលសិក្សាហើយ ក៏រឹតតែចាប់អារម្មណ៍ចំពោះវាកាន់តែខ្លាំងឡើង គឺវាលើសពីវិទ្យាសាស្រ្តវេជ្ជសាស្រ្ត។ «វិស័យទន្តសាស្រ្ត ជាការរួមបញ្ចូលគ្នានៃសិល្បៈ  វិស្វកម្ម និងវិទ្យាសាស្រ្តវេជ្ជសាស្រ្ត»។ ជាទន្តពេទ្យមួយរូប គឺអាចជួយដល់អ្នកជំងឺដែលត្រូវការព្យាបាល ជាក់ស្តែង យើងអាចធ្វើការផ្លាស់ប្តូរស្នាមញញឹម និងមុខងានៃការទំពារ ដែលស្មើនឹងជួយឲ្យពួកគាត់មានភាពប្រសើរឡើងទាំងគុណភាពជីវិត និងទំនុកចិត្ត។ វិស័យមួយនេះប្រៀបបានជាសិល្បៈដោយសារតែវាត្រូវការនូវជំនាញធ្វើដោយដៃ ចំណេះដឹង និងការយកចិត្តទុកដាក់លើភាពលម្អិត ដើម្បីធ្វើការព្យាបាលប្រកបដោយប្រសិទ្ធភាព ជាឧទាហរណ៍ ការប៉ះបិទធ្មេញជាដើម។  លក្ខណៈពិសេស លក្ខណៈពិសេសនៃវិស័យទន្តសាស្រ្ត គឺឱកាសនៃការព្យាបាលអ្នកជំងឺ ស្វែងយល់ពីបញ្ហា និងការត្អូញត្អែរនៃសុខភាពមាត់ធ្មេញរបស់ពួកគាត់ ហើយធ្វើការបំពេញតម្រូវការតាមរយៈជំនាញរបស់យើង។ អ្វីដែលសំខាន់ គឺនៅក្នុងអំឡុងពេលនៃការព្យាបាល យើងមានឱកាសបានស្វែងយល់ពីគ្នាកាន់តែច្រើន ហើយក៏ជាទូទៅរាប់អានគ្នាប្រៀបបាននឹងក្រុមគ្រួសារដែរ។  ចំណុចដែលល្អប្រសើរមួយទៀត គឺឱកាសក្នុងការចូលរួមសិក្ខាសាលា និងកម្មវិធីនៅក្រៅប្រទេស ដែលអាចឲ្យយើងសិក្សារៀនសូត្រពីមុខវិជ្ជា និងជំនាញមួយនេះបន្ថែម ក៏ដូចជាពង្រីកនូវបណ្តាញទំនាក់ទំនងជាមួយនឹងសិស្សនិស្សិតអន្តរជាតិ តាមរយៈការចូលរួមកម្មវិធីផ្លាស់ប្តូរនិស្សិត និងកម្មវិធីផ្សេងៗដែលត្រូវបានរៀបចំឡើងដោយសមាគមនិស្សិតផងដែរ។ បើមានឱកាសរើសម្តងទៀត ខ្ញុំបា្រកដជារើសមុខវិជ្ជាមួយនេះដដែល ព្រោះថាខ្ញុំរីករាយនឹងទទួលយកការប្រកួតប្រជែង និងជំនះនូវរាល់ឧបសគ្គផ្សេងៗក្នុងពេលសិក្សាផ្នែកមួយនេះ ហើយវាការពិតដែលថា ឆ្លងកាត់ការលំបាកកាន់តែខ្លាំង ភាពរីករាយនៅពីក្រោយនោះរឹតតែអស្ចារ្យ។ ភាពលំបាកក្នុងការសិក្សា ឧបសគ្គជាចម្បងគេសម្រាប់ខ្ញុំ គឺការផ្លាស់ប្តូរប្រព័ន្ធសិក្សាពីប្រទេសក្រៅមកប្រទេសកម្ពុជា(ខ្ញុំបញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិនៅប្រទេសកាណាដា) ហើយកម្រិតភាសាខ្មែរនៅពេលនោះ គឺពិតជាទាបខ្លាំងណាស់។ ជាក់ស្តែង កម្មវិធីសិក្សានៅឆ្នាំទី១ គឺជាភាសាខ្មែរ និងបារាំង ដែលពិតជាលំបាកសម្រាប់ខ្ញុំ ប៉ុន្តែដើម្បីជំនះវាបាន ខ្ញុំបានព្យាយាមទន្ទេញ និងយល់នូវមេរៀន ព្រមទាំអនុវត្តដោយការសរសេរច្រើនដងនៅលើក្រដាសរហូតដល់ទាល់តែចាំ។ ក៏សូមអរគុណដល់លោកតាដែលបានបង្រៀននូវភាសាបារាំងដល់ខ្ញុំ ហើយក៏ជាសំណាងដែលភាសានេះមានលក្ខណៈស្រដៀងនឹងភាសាអង់គ្លេស ទើបកម្រិតនៃភាពលំបាកមិនសូវជាខ្ពស់។ ទម្រាំតែបានស៊ាំនឹងកម្មវិធីសិក្សា គឺដល់ឆ្នាំទី៣ដែរ ហើយជាលទ្ធផលនៃការខិតខំប្រឹងប្រែង ខ្ញុំក៏បានជាប់ជានិស្សិតឆ្នើមពីឆ្នាំទី៣ដល់ឆ្នាំទី៥ផងដែរ។ ការសិក្សាផ្នែកទន្តសាស្រ្ត មិនខុសពីមុខវិជ្ជាផ្សេងនោះទេ គឺសុទ្ធតែមានការលំបាកដូចគ្នា។ ដើម្បីទទួលបានលទ្ធផលល្អ និស្សិតមិនគួរបិទនូវផ្លូវចំណេះដឹងរបស់ខ្លួនត្រឹមតែការសិក្សានៅសាកលវិទ្យាល័យឡើយ គឺត្រូវតែបន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនទៅមុខជានិច្ចតាមរយៈការធ្វើការស្រាវជ្រាវ ដើម្បីពង្រីកនូវការយល់ដឹងរបស់ខ្លួន។ នៅពេលឡើងដល់ឆ្នាំបន្តបន្ទាប់ ចំណេះដឹង និងការហ្វឹកហាត់ផ្សេងៗនឹងត្រូវបានប្រើប្រាស់ និងអនុវត្តផ្ទាល់នៅលើអ្នកជំងឺ។ វាប្រៀបបាននឹងវដ្តមួយដែលនឹងបន្តសម្លឹងមើល(អង្កេត) រៀនសូត្រ អនុវត្ត និងពិនិត្យមើលលទ្ធផលនៃការងារ ហើយសិក្សាពីកំហុស ហើយបន្តអនុវត្តជំនាញបន្ថែមទៀត ដែលនេះជាមូលហេតុដែលត្រូវបានគេហៅថា«Dental practitioner» ជាអ្នកដែលរៀន និងអនុវត្តជាបន្តបន្ទាប់។ គន្លឹះនៃការសិក្សា សម្រាប់គន្លឹះសិក្សាផ្ទាល់ខ្លួនរបស់ខ្ញុំ គឺរៀងរាល់ពេលដែលមានចម្ងល់អ្វីទាក់ទិននឹងមេរៀន ខ្ញុំនឹងព្យាយាមធ្វើការស្វែងរកនូវការពន្យល់បកស្រាយនៅលើប្រព័ន្ធអ៊ីនធឺណែត។ ខ្ញុំតែងតែដាក់កំហិតឲ្យខ្លួនឯង អានយ៉ាងតិចឲ្យបាន១ម៉ោងក្នុងមួយយប់ មិនថាជាសៀវភៅវិទ្យាសាស្រ្ត សៀវភៅមេរៀន ឬសៀវភៅផ្សេងៗទាក់ទិននឹងការគ្រប់គ្រងអាជីវកម្ម ឬភាពជាអ្នកដឹកនាំឡើយ។ យ៉ាងណាមិញ ការសិក្សាជាក្រុមក៏ជាថាមពលមួយជំរុញលទ្ធផលនៃការសិក្សាផ្នែកនេះឲ្យល្អប្រសើរដែរ តាមរយៈការរៀនបន្ថែមពីគ្នាទៅវិញទៅមក។ អ្វីដែលនិស្សិតទន្តសាស្រ្តគួរធ្វើ ៖ -ខំប្រឹងសិក្សា និងមានផ្នត់គំនិត និងអាកប្បកិរិយាបែបវិជ្ជមាន -កំណត់នូវផែនការ និងថ្ងៃកំណត់សម្រាប់ការស្វ័យសិក្សា ៖ ការកំណត់នូវពេលកំណត់ នឹងជាផ្នែកមួយនៃការជំរុញទឹកចិត្តសិក្សា ព្រោះយើងនឹងគិតថា មិនមានពេលច្រើននៅសល់នោះទេ ហើយជាលទ្ធផលនឹងមិនពន្យារ ឬយកលេសធ្វើការងារផ្សេងនោះដែរ -មិនគួរប្រញាប់រកប្រាក់ចំណូលពេកនោះទេ ៖ ជាក់ស្តែងណាស់ និស្សិតខ្លះហាក់ដូចជាប្រញាប់បើកដំណើរការគ្លីនិកនៅឆ្នាំទី៤ ឬទី៥ ហើយមិនសូវយកចិត្តទុកដាក់នឹងការសិក្សា។ ក្នុងរយៈពេលនោះ យើងនៅមានកង្វះខាតបទពិសោធន៍ និងការហ្វឹកហាត់នៅឡើយ ហេតុនេះហើយវាជាការល្អ ប្រសិនបើយើងមិនទាន់ចាប់ផ្តើមអនុវត្តលើអ្នកជំងឺ។ ជំនួសឲ្យការបើកគ្លីនិក ប្រហែលជាអាចធ្វើការជំនួយការ ឬចុះកម្មសិក្សានៅគ្លីនិកណាដែលអ្នកស្គាល់ ដើម្បីបានស្វែងយល់ និងទទួលបានបទពិសោធន៍បន្ថែម។ ម្យ៉ាងទៀត ការឆាប់បើកគ្លីនិកអាចនឹងជះផលអវិជ្ជាមានលើលទ្ធផលសិក្សារបស់អ្នកទៀតផង។ -មានផ្នត់គំនិតបែបវិជ្ជមាន ៖ ការគិតបែបនេះ នឹងជួយឲ្យអ្នកបង្កើតទំនាក់ទំនងល្អជាមួយនឹងមិត្តរួមថ្នាក់ ព្រោះវាពិតជាការសំខាន់ដែលត្រូវរៀនពីគ្នា។ ការងារក្នុងវិស័យទន្តសាស្រ្តពិតជាត្រូវការស្មារតីជាក្រុម និងការសហការគ្នា។ -ពង្រឹងជំនាញទន់បន្ថែមពីលើជំនាញរឹងដែលបានសិក្សាពីសាស្រ្តាចារ្យ និងកម្មវិធីផ្សេងៗ -មិនត្រូវមានភាពក្រអើតក្រទម ៖ ជាពិសេសចំពោះមិត្តរួមថ្នាក់ និងមិត្តរួមវិជ្ជាជីវៈសុខាភិបាល ដូចជាក្នុងវិស័យវេជ្ជសាស្រ្ត ឱសថសាស្រ្តជាដើម ព្រោះថាយើងទាំងអស់គ្នាសុទ្ធតែជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាអ្នកបម្រើសេវាសុខភាពជូនដល់ប្រជាជនយើង។ ថ្វីត្បិតថា យើងមានតួនាទី និងភារកិច្ចខុសគ្នាក៏ដោយ ក៏យើងត្រូវមានការគោរពគ្នាទៅវិញទៅមកដើម្បីជាការរួមចំណែកអភិវឌ្ឍសុខាភិបាលនៅក្នុងប្រទេសយើង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ ទើបតែត្រូវបានបញ្ចប់ ហើយក៏ជារយៈពេលដែលសិស្សបានប្រលងហើយត្រៀមរង់ចាំមើលលទ្ធផលនៃការប្រលងរបស់ខ្លួនដែរ។ ប្រាកដណាស់ ក្នុងចំណោមបេក្ខភាពដែលបានប្រលងក្នុងឆ្នាំនេះ នឹងមានបេក្ខភាពមួយចំនួនដែលស្រលាញ់ និងមានបំណងចូលសិក្សាផ្នែកសុខាភិបាល ជាពិសេស គឺក្លាយជានិស្សិតមួយរូបនៃសាកលវិទ្យាសាស្រ្តសុខាភិបាល ហើយប្រាកដជាកំពុងទន្ទឹងរង់ចាំទទួលព័ត៌មានផ្សេងៗនៃការសិក្សា ក៏ដូចជាប្រលងចូលសិក្សានៅសាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់ខ្លួនដែរ។  ដើម្បីជាការលើកទឹកចិត្តដល់សិស្សដែលបានបញ្ចប់ការប្រលងរបស់ខ្លួនថ្មីៗនេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក៏បានដាក់បង្ហោះនូវវីដេអូ តែមានអត្ថន័យនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលមានបង្ហាញនូវពាក្យជូនពរដល់បេក្ខភាពប្រលង ព្រមទាំងសារខ្លីតែខ្លឹមនៃការរង់ចាំទទួលស្វាគមន៍និស្សិតជំនាន់ថ្មីមកកាន់សាកលវិទ្យាល័យផងដែរ។  អ្វីដែលពិសេសជាងគេនោះ គឺឃ្លាចុងក្រោយគេបង្អស់ ដែលបង្កប់នូវភាពផ្អែមល្អែម «ពីអនាគតសាកលវិទ្យាល័យរបស់អ្នក»… ប្រភព ៖ ទំព័រហ្វេសប៊ុក University of Health Sciences ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top