Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សញ្ញាសង្ស័យនៅលើស្បែកត្រង់ផ្នែកណាមួយ ជាមូលហេតុនៃជំងឺសើស្បែកផ្សេងៗ ប៉ុន្តែករណីខ្លះ វាជាជំងឺកាមរោគ។ តាមរយៈអត្ថបទខាងក្រោម អ្នកនឹងអាចស្វែងយល់បន្ថែមលើក្រុមជំងឺដែលត្រូវបានចាត់ទុកជាជំងឺកាមរោគ ដោយវេជ្ជបណ្ឌិតជំនាញ។ សំណួរ ៖ ខ្ញុំឆ្ងល់ថាតើជំងឺកាមរោគជាជំងឺអ្វី? តើវាកើតឡើងយ៉ាងដូចម្ដេច? ហើយមានវិធីបង្ការដែរឬទេ? ចម្លើយ ៖ ជំងឺកាមរោគជាជំងឺឆ្លងដែលកើតឡើងតាមរយៈការរួមភេទ ហើយវាត្រូវបានបែងចែកជា៥ក្រុម៖ •    ក្រុមទី១ ៖ ជាពពួកមានដំបៅ ដូចជា ជំងឺស្វាយ (Syphilis) ដែលជាពពួកបាក់តេរីនាំឲ្យកើតមានដំបៅនៅលើប្រដាប់ភេទតែមិនឈឺទេ ឬបណ្ដាលមកពីពពួកវីរុសបង្កជាពងបែកមួយ ឬច្រើនជុំវិញប្រដាប់ភេទ ហើយមានការឈឺចាប់ខ្លាំងដូចជា Herpes Simplex Virus ជាដើម។ មួយប្រភេទទៀតជាពពួកបាក់តេរី ឆ្លងតាមការរួមភេទ ដែលជំងឺនេះហៅថា “តេនឡា” ឬពាក្យបច្ចេកទេស ហៅថា “Chancroid” អ្នកដែលកើតជំងឺ Herpes simplex គឺមានឡើងនូវពងបែកច្រើនជាកញ្ចុំលើប្រដាប់ភេទ និងមានការឈឺចាប់ខ្លាំង។ •    ក្រុមទី២ ៖ ជាប្រភេទ Genital discharge មានន័យថាជាជំងឺមានហូរខ្ទុះ ឬធ្លាក់ស ចេញពីប្រដាប់បន្តពូជ រួមមានជំងឺប្រមេះទឹកបាយ (Gonnorrhea) ជំងឺប្រមេះទឹកថ្លា (Clamydia) ឬមានប្រភេទដទៃទៀតដូចជា ការធ្លាក់សដោយសារពួកផ្សិត (Candida, Bacillus vaginalis, Trichomonas) ដែលពពួកនេះធ្លាក់សមាននូវក្លិនអាក្រក់។ •    ក្រុមទី៣ ៖ ជាក្រុមមានដុះសាច់ តួយ៉ាង ជំងឺសិរមាន់ ដែលដើរតួសំខាន់ជាងគេ ហើយក្នុង ភាសាបច្ចេកទេសហៅថា Candiloma acuminata។ •    ក្រុមទី៤ ៖ ជាជំងឺដែលវិវឌ្ឍមកពីពពួកជំងឺ ក្រុមទី២ បណ្ដាលឲ្យអ្នកជំងឺមានការឈឺចាប់ខាងក្នុងពោះដោយសារតែមានការរលាកទៅដល់សរីរាង្គខាងក្នុង។ •    ក្រុមទី៥ ៖ ជាជំងឺកាមរោគណាដែលឆ្លងតាមឈាមមានដូចជាជំងឺអេដស៍ជាដើម។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ដោយសារជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ នោះការព្យាបាលត្រូវទាមទារធ្វើឡើងពេញមួយជីវិត  ហើយក្រៅពីការប្រើប្រាស់ឱសថដើម្បីសម្រួលដល់ស្ថានភាពជំងឺ ការអនុវត្តជីវភាពប្រចាំថ្ងៃឲ្យមានផាសុកភាពក៏ត្រូវរួមបញ្ចូលផងដែរ។ ដោយឡែកអ្នកជំងឺអាចនឹងជួបប្រទះនូវអាការៈមួយចំនួនទៀត ដែលប្រហែលជាមិនអាចបែងចែកថាបណ្តាលមកពីជំងឺ ឬយ៉ាងណា ដូចទៅនឹងករណីអ្នកជំងឺម្នាក់តាមរយៈការបកស្រាយខាងក្រោម សំណួរ ៖  ខ្ញុំអាយុ ៥២ឆ្នាំ ភេទស្រី កម្ពស់ ១ម៉ែត្រ៥៥ និងទម្ងន់ ៧៨គីឡូក្រាម ជាមេផ្ទះ។ខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានកើតជំងឺទឹកនោមផ្អែមប្រភេទ ២ រយៈពេលជាង ១០ ឆ្នាំមកហើយ។ ខ្ញុំត្រូវប្រើប្រាស់ថ្នាំជាប្រចាំ និងមានការផ្លាស់ប្តូរខ្លះ តែបច្ចុប្បន្នកំពុងប្រើប្រាស់ថ្នាំ Zoliget៣០mg/៤mg ក្នុងកម្រិត១គ្រាប់ក្នុងមួយថ្ងៃ។ ជាទូទៅ ខ្ញុំមានទម្លាប់គ្រប់គ្រងរបបអាហារបានល្អ និងហាត់ប្រាណជារៀងរាល់ព្រឹក ក៏ប៉ុន្តែនៅតែឧស្សាហ៍មានអាការៈល្ហិតល្ហៃក្នុងខ្លួននិងឈឺក្បាល។ តើអាការៈនេះមានជាប់ទាក់ទងនឹងជំងឺរបស់ខ្ញុំដែរឬទេ? តើខ្ញុំគួរធ្វើយ៉ាងណាចំពោះបញ្ហានេះ? ចម្លើយ ៖ ផ្អែកតាមទិន្នន័យនៃទម្ងន់ និងកម្ពស់ ឃើញថាអ្នកជំងឺមានបញ្ហាលើសទម្ងន់ច្រើន ដែលទម្ងន់ពិតប្រាកដគួរមានត្រឹមតែ ៥០.៥ គីឡួក្រាមតែប៉ុណ្ណោះ។ ចំពោះការសន្និដ្ឋានលើអាការៈដែលកើតមានឡើង គឺទាមទារឲ្យមានសម្មតិកម្មបន្ថែមលើកម្រិតសម្ពាធឈាម ដែលសម្ពាធឈាមរបស់អ្នកជំងឺទឹកនោមផ្អែមជាទូទៅគឺត្រូវស្ថិតនៅក្រោម១៤០/៩០mmHg ចំណែកការគ្រប់គ្រងកម្រិតជាតិស្ករឲ្យបានល្អគឺមុនអាហារគួរស្ថិតក្នុងចន្លោះតែ ៨០-១៣០ ហើយក្រោយអាហារ (២ ម៉ោងក្រោយ) ត្រូវតិចជាង ១៨០។ បើទោះបីអ្នកជំងឺបានប្រើប្រាស់ថ្នាំ ឬមានទម្លាប់ប្រចាំថ្ងៃល្អយ៉ាងណានោះ អាការៈល្ហិតល្ហៃអាចជាប់នឹងកត្តាផ្សេងមួយចំនួនទៀតដូចជាសម្ពាធឈាម កម្រិតជាតិស្ករ និងជាតិខ្លាញ់ ដូច្នេះអ្នកជំងឺគួរតាមដានស្ថានភាពជំងឺរៀងរាល់ ៣ ទៅ ៦ ខែម្តងជាមួយវេជ្ជបណ្ឌិត។ ម៉្យាងទៀតការធ្វើតេស្តរកកម្រិត HbA1c ក៏គួរត្រូវបានធ្វើការតាមដានផងដែរ ដើម្បីបញ្ជាក់ថាការប្រើប្រាស់ថ្នាំ និងការព្យាបាលមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពជំងឺ។ គួរបញ្ជាក់ផងដែរថា ក្នុងករណីជំងឺមានដល់រយៈពេល១០ឆ្នាំមកហើយ នោះមុខងារលំពែងនឹងមានសភាពខ្សោយខ្លាំង ដែលការប្រើប្រាស់ថ្នាំតែមួយមុខអាចនឹងគ្មានប្រសិទ្ធភាព។ បកស្រាយដោយ​ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទូច ឃុន ប្រធានផ្នែកជំងឺទឹកនោមផ្អែម និងជានាយករងមន្ទីរពេទ្យព្រះកុសុមៈ  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ការលូតលាស់របស់កុមារត្រូវធ្វើឡើងទៅតាមលំដាប់ការធំធាត់នៃរាងកាយ រួមបញ្ចូលទាំងការចាប់កាន់ ចេះដើរ ឬការនិយាយជាដើម ដែលភាពមិនប្រក្រតី ឬយឺតយ៉ាវនៃដំណើរការណាមួយ អាចជាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាពខ្លះដែលអ្នកគួរតែធ្វើការស្វែងយល់។ សំណួរ ៖ នាងខ្ញុំរស់នៅខេត្តកំពង់ស្ពឺ។ នាងខ្ញុំមានកូនចំនួន ៣នាក់ ហើយនាងខ្ញុំមានចម្ងល់មួយចង់សួរទៅកាន់លោកវេជ្ជបណ្ឌិតថា ចំពោះកូនទី ៣របស់ខ្ញុំដែលមានអាយុ ១ឆ្នាំ ៨ខែ ហេតុអ្វីបានជាកូនរបស់ខ្ញុំមិនទាន់ចេះដើរទៀត បើកូនរបស់ខ្ញុំ ២នាក់មុនសុទ្ធតែចេះដើរបាននៅអាយុ ១ឆ្នាំ ២ខែ? ចម្លើយ ៖ ប្រក្រតីភាពនៃការមានផ្ទៃពោះ ឬការសម្រាលកូនដែលមានភាពត្រឹមត្រូវ គឺកូនទី១ត្រូវមានទម្ងន់ស្រាល ជាងកូនទី២ ហើយកូនទី ២ត្រូវមានទម្ងន់ស្រាល ជាងកូនទី៣ (ខុសគ្នាតែ ១ ឬ២ខាំ ក៏ត្រូវរាប់បញ្ចូលផងដែរ)៖ • បើកូនទី ៣ មានទម្ងន់ស្រាលជាងកូនទី២ នោះការមិនទាន់ចេះដើររបស់កុមារអាចមកពីសុខភាពមិនសូវល្អ ដែលបណ្តាលមកពីកុមារខ្លួនឯង (ទាក់ទងនឹងការលូតលាស់ផ្នែកបញ្ញារបស់កុមារ) ឬនៅអំឡុងពេលពពោះ ការបរិភោគ និងការគេងរបស់ម្តាយមិនសូវបានល្អ ឬម្តាយមានជំងឺប្រចាំកាយជាដើម។ • បើកូនទី ៣ មានទម្ងន់ធ្ងន់ជាងកូនទី ២ នោះការមិនទាន់ចេះដើរអាចបណ្តាលមកពីសរីរាង្គរបស់កុមារដែលមិនមែនជាជំងឺទាក់ទងនឹងបញ្ញានោះទេ។ បកស្រាយដោយ​៖​  វេជ្ជបណ្ឌិត ជា គឹមហោ ឯកទេសរោគកុមារ នាយករងប្រតិបត្តិមន្ទីរពេទ្យចំការមន និងជាប្រធាន គ្លីនិក ពេជ្រ ស័ក្តិសិទ្ធិ  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺអុតស្វាយកើតមាននៅលើអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ មិនមានអង់ទីក័រការពារពីម្តាយឬមិនបានចាក់វ៉ាក់សាំងការពារ។ គេច្រើនសង្កេតឃើញជំងឺនេះ កើតច្រើនលើកុមារមានអាយុចន្លោះពី ៦ខែដល់១៥ឆ្នាំ។ សំណួរ ៖ កូនប្រុសនាងខ្ញុំអាយុ ៥ឆ្នាំ ប៉ុន្មានថ្ងៃនេះ កូនខ្ញុំមានចេញអុតស្វាយស្ទើរពេញខ្លួន។ នាងខ្ញុំចង់សួរគ្រូពេទ្យថាតើជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតឬទេ? ហើយធ្វើយ៉ាងណាទៅទើបឆាប់ជាទៅវិញ? ចម្លើយ ៖ ជំងឺអុតស្វាយមាន៥ ប្រភេទ ហើយក៏អាចបង្ការ និងព្យាបាលបានដែរ។ ចំពោះជំងឺអុតស្វាយ អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបានតាមរយៈទឹករងៃ។ ជំងឺនេះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រោះវាកើតជាដំបៅធំៗ និងគ្រប់កន្លែង ជាពិសេសកើតមានលើភ្នែក បំពង់ក ក្នុងត្រចៀក និងលើប្រដាប់ភេទជាដើម ហើយបន្សល់ជាស្នាមធំៗ។  គួរបញ្ជាក់ផងដែរថា ជំងឺអុតស្វាយអាចកើតលើសពីម្តងចំពោះមនុស្សម្នាក់ ហេតុនេះការចាក់វ៉ាក់សាំងការពារបានចំពោះអ្នកធ្លាប់កើតប្រភេទអុតស្វាយកម្រិតស្រាល។ ពេលកូនមានជំងឺនេះ គួរតែបញ្ជូនកុមារ ទៅមន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ដើម្បីព្យាបាល និងគួរតែលុបបំបាត់គំនិតដែលថាពេល មានជំងឺអុតស្វាយ មិនបាច់ទៅជួបគ្រូពេទ្យជំនាញគ្រាន់តែទុកឲ្យអ្នកជំងឺ ងូតទឹក និងមិនបាច់មានការព្យាបាលនោះ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ជា គឹមហោ ឯកទេសរោគកុមារ នាយករងប្រតិបត្តិមន្ទីរពេទ្យចំការមន និងជាប្រធានគ្លីនិកពេជ្រស័ក្តិសិទ្ធិ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មនុស្សមួយចំនួនអាចនឹងយល់ច្រឡំពីផលប៉ះពាល់នៃការដាំបង្គោលធ្មេញ ប៉ុន្តែ វាអាចមិនដូចនឹងអ្វីដែលគ្រប់គ្នាបានគិតនោះទេ ជាក់ស្តែង ក្នុងករណីសិក្សាមួយបានលើកឡើងដូចខាងក្រោម៖ សំណួរ ៖ នាងខ្ញុំមានអាយុ ២១ឆ្នាំ រស់នៅទីក្រុងភ្នំពេញ។ នាងខ្ញុំគិតចង់ទទួលការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant) ប៉ុន្តែ នាងខ្ញុំមានការព្រួយបារម្ភ ពីផលប៉ះពាល់ និងបញ្ហាផ្សេងៗ។ នាងខ្ញុំធ្លាប់ឮគេនិយាយថា ការដាំបង្គោលក្នុងឆ្អឹងនេះអាចធ្វើឲ្យ ខូចសរសៃប្រសាទ បាត់បង់ឆ្អឹង (Bone- loss)  និងមានបញ្ហាដទៃទៀតដូចជា ដំបៅក្លាយ និងបែកបាក់ផ្នែកផ្សេងៗនៅក្នុងមាត់។ តើការដាំបង្គោលធ្មេញនេះពិតជាធ្វើឲ្យប្រឈមនឹងគ្រោះថ្នាក់ដូច្នេះមែនទេ? ចម្លើយ ៖ ការដាំបង្គោលធ្មេញពុំបណ្តាលឲ្យមានផលវិបាកដូចការរៀបរាប់ខាងលើនោះទេ។ ក្នុងករណីអ្នកបានទៅទទួលសេវាពីទន្តបណ្ឌិតដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ពីការដាំបង្គោលនោះ។ ចំណែកបញ្ហាដំបៅក្នុងមាត់ អាចនឹងកើតមានលើអ្នកមានវ័យចំណាស់ដែលមានជំងឺទឹកនោមផ្អែម ឬប្រៃ ប៉ុន្តែពួកគាត់នៅតែអាចទទួលបានការដាំបង្គោលធ្មេញ គ្រាន់តែពួកគាត់ត្រូវគោរពតាមការណែនាំរបស់ទន្តបណ្ឌិតយ៉ាងខ្ជាប់ខ្ជួន នោះបញ្ហាមិនអាចចោទឡើងទៀតឡើយ។ បកស្រាយដោយ ៖ ទន្តបណ្ឌិត ស៊ឹម សិលាភាណ ប្រធានបច្ចេកទេស គ្លីនិកធ្មេញ រៀលធីស ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាការពិត បញ្ហាមាត់ធ្មេញ ពេលខ្លះអាចបន្សល់នូវផលវិបាកមួយចំនួនទៅលើសរីរាង្គផ្សេងទៀតដែលទាក់ទង បើទោះបីជាបានទទួលការព្យាបាលហើយក៏ដោយ។ ក្នុងចំណោមនោះ ការរលាកឆ្អឹងសងខាងច្រមុះ ក៏ជាករណីដែលត្រូវបានរាយការណ៍ឡើងផងដែរ។ សំណួរ៖ ខ្ញុំបាទធ្លាប់មានបញ្ហាធ្មេញជួរខាងលើ និងបានទទួលការព្យាបាលដោយទន្តបណ្ឌិតរួចហើយ។ ប៉ុន្តែក្រោយការព្យាបាលធ្មេញរួចរាល់ហើយ ខ្ញុំបែរជាមានបញ្ហារលាកច្រមុះដែលអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងច្រមុះ។ តើបញ្ហានេះអាចទាក់ទងមកពីការព្យាបាលធ្មេញរបស់ខ្ញុំដែរឬទេ? តើខ្ញុំគួរទទួលយកការព្យាបាលរបៀបណាទើបល្អ? ចម្លើយ៖ ជាធម្មតាធ្មេញជួរខាងលើមានការជាប់ទាក់ទងនឹងប្រអប់ស៊ីនុសដែលនៅសងខាងច្រមុះ ដូច្នោះបញ្ហាធ្មេញជួរខាងលើអាចឲ្យមេរោគចម្លងចូលទៅក្នុងស៊ីនុសបង្កើតជាការរលាកក្នុងប្រអប់នេះ និងបញ្ចេញមកក្នុងច្រមុះ។ អ្នកជំងឺគួរតែមកពិនិត្យដោយថតមើលប្រអប់នេះ និងច្រមុះដើម្បីដឹងពីកម្រិតនៃការរលាក។ បកស្រាយដោយ ៖ សាស្រ្តាចារ្យ ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការសម្រេចចិត្តមានកូននៅវ័យក្មេងពេកមិនត្រូវបានណែនាំទេ ដោយសារតែករណីនៃបញ្ហាសុខភាពជាច្រើនត្រូវបានសង្កេតឃើញកើតមានចំពោះម្តាយ និងទារក។ តើស្ត្រីពិតជាពុំគួរមានផ្ទៃពោះនៅពេលនេះ ឬយ៉ាងណា? ហើយប្រសិនបើសម្រេចចិត្តមានផ្ទៃពោះនៅពេលនេះ តើនឹងមានបញ្ហាអ្វីខ្លះដែលពួកគេអាចប្រឈម? សំណួរ៖ នាងខ្ញុំមានអាយុ១៦ឆ្នាំ កម្ពស់១ម៉ែត្រ៥៩ ទម្ងន់៤១គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។ នាងខ្ញុំទើបនឹងរៀបការបានប្រហែលជា២ខែមកហើយ ពួកយើងកំពុងមានគម្រោងនឹងមានកូន ដូច្នេះ នាងខ្ញុំចង់សួរអ្នកគ្រូពេទ្យថា តើនាងខ្ញុំនៅក្មេងពេក ឬយ៉ាងណា? តើការមានកូននៅវ័យក្មេង អាចមានគុណវិបត្តិ ឬគុណសម្បត្តិដូចម្តេចខ្លះ? តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីចៀសវាងបញ្ហាទាំងនោះ? ចម្លើយ៖ ការមានទម្ងន់នៅក្នុងវ័យក្មេង អាចនឹងមិនមានភាពងាយស្រួលនោះទេ ក៏ប៉ុន្តែ វាពិតជាអាចទៅរួច បើប្អូន និងគ្រួសារប្អូនបានសម្រេចចិត្តហើយទៅលើពេលវេលាសម្រាប់ការមានកូន។ បើតាមអង្គការសុខភាពពិភពលោក (WHO)មានក្មេងស្រីជាង ១៥ លាននាក់ក្នុងមួយឆ្នាំ បានរៀបការមុនអាយុ ១៨ឆ្នាំ ហើយ ៩០% នៃការផ្តល់កំណើតគឺបានពីក្មេងស្រីអាយុពី ១៥ ទៅ ១៩ឆ្នាំដែលបានរៀបការហើយ។ យោងតាមស្ថិតិផងដែរការមានទម្ងន់នៅវ័យក្មេង នៅតែជាមូលហេតុចម្បងគេនៃការស្លាប់របស់ម្តាយ និងទារក។ ម្យ៉ាងទៀត ម្តាយដែលមានវ័យក្មេង (១០ ទៅ ១៩ឆ្នាំ)អាចប្រឈមនឹងបញ្ហាក្រឡាភ្លើង និងការឆ្លងរោគក្នុងឈាម ខ្ពស់ជាងម្តាយដែលមានអាយុពី ២០ ទៅ ២៤ឆ្នាំ។ ក្រៅពីនោះស្រ្តីមានទម្ងន់នៅក្នុងវ័យជំទង់ក៏អាចជួបនឹងបញ្ហាផ្នែកសតិអារម្មណ៍បញ្ហាផ្លូវចិត្ត និងសង្គមខ្លាំងជាងស្ត្រីដទៃផងដែរ។ សំណួរសួរថា តើប្អូនគួរធ្វើយ៉ាងណា? ចម្លើយគឺ ប្អូនគួរទៅជួបនឹងវេជ្ជបណ្ឌិតផ្នែករោគស្ត្រីដើម្បីពិគ្រោះអំពីជម្រើសដែលអាចទៅរួច និងស័ក្តិសមសម្រាប់ប្អូនក្នុងការកាត់បន្ថយការមានផ្ទៃពោះមុនអាយុ ១៨ឆ្នាំ តាមរយៈការប្រើប្រាស់មធ្យោបាយពន្យារកំណើតសិន ឬស្វែងយល់ពីលទ្ធភាពផ្សេងៗក្នុងការមានផ្ទៃពោះក្នុងពេលនេះ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ANNA ROSLYAKOVA ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការលូតលាស់មិនធម្មតានៃជាលិកាផ្នែកណាមួយលើស្បែក អាចជាសញ្ញានៃបញ្ហាជាច្រើន ដែលទាមទារឲ្យមានការពិនិត្យ និងវិភាគច្បាស់លាស់ពីគ្រូពេទ្យជំនាញ។ ដោយឡែក ករណីសិក្សាមួយ ត្រូវបានលើកឡើងពីការលេចចេញដុំពកលើស្បែកគួរឲ្យសង្ស័យខាងក្រោម៖ សំណួរ ៖ ខ្ញុំបាទរស់នៅភ្នំពេញ។ នៅប្រអប់ដៃស្ដាំរបស់ខ្ញុំមានឡើងដុំពកមួយទំហំជិតប៉ុនភ្នែកដៃ។ អាការៈនេះមានរយៈពេលយូរណាស់មកហើយ តែពុំមានការឈឺចាប់អ្វីឡើយ តើការចេញដុំពកបែបនេះបណ្ដាលមកពីអ្វី? តើគួរដោះស្រាយបែបណា? ចម្លើយ ៖ កាលណាដែលមានដុំពកដំបូង គ្រូពេទ្យត្រូវពិនិត្យមើលលើដុំនោះថា តើមានដុះរោម ឬអត់ មានពណ៌ដូចស្បែកធម្មតា ឬក្រហម ក្រម៉ៅជំហានបន្ទាប់ត្រូវមើលទៅលើទីតាំងនៃដុំ និងរកមើលថាតើវាមានចលនាដែរឬទេ។ ដោយសារតែប្អូនមិនបានមកពិនិត្យផ្ទាល់យើងមិនអាចសន្និដ្ឋានថាវាជាដុំអ្វីនោះទេ ហើយប្រសិនបើដុំនោះមានពណ៌ដូចស្បែកធម្មតា ស្ថិតនៅក្រោមស្បែក វាអាចជាដុំខ្លាញ់ (Lipoma) តែប្រសិនជាដុំនោះមានរោម និងមានប្រហោងតូចនៅខាងលើហើយចេះតែរីកធំទៅៗវាអាចជាគីសទៅវិញដែលហៅថា Epidermal cyst ឬក៏អាចជាដុំមួយប្រភេទទៀតហៅថា Xanthoma ដោយដុំនោះមានពណ៌លឿង។ ដោយហេតុតែដុំមានច្រើនប្រភេទ ដូចដែលបានរៀបរាប់ជូននេះ ទើបយើងពិបាកធ្វើការសន្និដ្ឋាន ដោយមិនបានពិនិត្យលើអ្នកជំងឺផ្ទាល់។ ហើយក្នុងករណីខ្លះត្រូវទាមទារឲ្យធ្វើអេកូ និង Biopsy ផងដោយយើងមិនអាចធ្វើការទាយវាដោយរូបរាងខាងក្រៅបាននោះទេដូចនេះប្អូនគួរតែមកជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ រួចធ្វើការពិចារណាទៅរកការវះកាត់ ឬអត់ បើក្នុងករណីដែលដុំនោះមិនមានការប្រែប្រួលទំហំ និងពុំមានការឈឺចាប់ ដុំនោះគេហៅថាដុំស្លូតដូចនេះបើវាមិនមានការរំខានដល់ការរស់នៅប្រចាំថ្ងៃយើងអាចទុកវាបានដោយពុំចាំបាច់វះយកចេញឡើយ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការឈាមច្រមុះ គឺសំដៅដល់ការហូរឈាមចេញតាមរន្ធច្រមុះពីក្នុងមកក្រៅ ដោយឯងៗ ដោយមានការប៉ះទង្គិច ឬដោយសារជំងឺមួយចំនួន។ មូលហេតុអ្វីខ្លះបង្កឲ្យឈាមច្រមុះ? មានកត្តាជាច្រើនបង្កឲ្យឈាមច្រមុះដែលត្រូវបានបែងចែកចេញជា២ធំៗ រួមមាន៖ កត្តារន្ធច្រមុះផ្ទាល់ • ការប៉ះទង្គិចដោយដៃ ម្រាមដៃ ការវះកាត់ ឬដោយសារគ្រោះថ្នាក់ផ្សេងៗ • ការដុះដុំសាច់ក្នុងច្រមុះ អាចមានទាំងដុំសាច់ស្លូត (Fibrome NasopharyngienឬPapilome Inversé) និងដុំសាច់កាច (Adenocarcinome ឬCarcinome Epidermoide Indifferencié ឬMelanome) • ការរលាកច្រមុះ ដោយសារតែផ្តាសាយញឹកញាប់ ឬមានជំងឺអាល្លែកហ្ស៊ីច្រមុះ • មានរបស់ពីខាងក្រៅចូលក្នុងច្រមុះ • ការប្រើប្រាស់ថ្នាំបាញ់ច្រមុះរយៈពេលយូរពេក ដោយហេតុថា ជាទូទៅ ការប្រើប្រាស់ថ្នាំបាញ់ច្រមុះត្រឹមតែ៥ ទៅ១០ថ្ងៃប៉ុណ្ណោះយ៉ាងយូរ។ ប៉ុន្តែ បើប្រើហួសកាលកំណត់ វាអាចបង្កឲ្យប៉ះពាល់លើស្រទាប់កោសិកាច្រមុះ ធ្វើឲ្យខូចដល់សរសៃឈាម។ មួយវិញទៀត ការប្រើប្រាស់សារធាតុគីមីមួយចំនួនក្នុងការព្យាបាលបញ្ហាច្រមុះ ដូចជាអាស៊ីតជាដើម។ កត្តាទូទៅ • ជំងឺវិបត្តិកំណកឈាម ៖ ជួនកាល គាត់មានជំងឺមហារីកគ្រាប់ឈាម ធ្វើឲ្យគាត់ស្លេកស្លាំង គ្រាប់ឈាមកាន់តែទាបទៅៗ បង្កឲ្យឈាមក្រកក (ឈាមរាវ) នៅពេលផ្តាសាយតិចតួចនាំឲ្យឈាមច្រមុះ • ជំងឺតពូជ ៖ គេតែងជួបប្រទះលើអ្នកជំងឺម៉្យាងហៅថា Maladie deRendu-Osler ដែលស្តែងចេញជាគ្រាប់តូចៗ នៅលើសាច់ច្រមុះ ពេលមានរលាកតិចតួចនឹងបង្កឲ្យមានឈាមភ្លាមៗ • ជំងឺលើសសម្ពាធឈាម • ជំងឺគ្រុនពោះវៀន ដែលបង្កឲ្យឡើងកម្តៅក្នុងខ្លួន • អាល្លែកហ្ស៊ី។ អ្វីខ្លះដែលអ្នកជំងឺឈាមច្រមុះគួរតាមដាន? អ្នកជំងឺវ័យចំណាស់គួរតាមដានសម្ពាធឈាម ពិនិត្យគ្រាប់ឈាម និងកំណកឈាម។ ក្រៅពីនោះ អ្នកជំងឺអាចតម្រូវឲ្យពិនិត្យក្នុងរន្ធច្រមុះ ដោយប្រើអង់ដូស្កុប ដើម្បីរកមើលថាមានដុះដុំសាច់ឬអត់ និងមួយទៀត គឺការថតស្កែនចំលើផ្ទៃមុខរបស់អ្នកជំងឺ ដើម្បីមើលដុំដែលមាននៅត្រង់ថ្ពាល់។ ឈាមច្រមុះត្រូវព្យាបាលបែបណាខ្លះ? មានវិធីសាស្ត្រជាច្រើន ដើម្បីធ្វើការព្យាបាលឈាមច្រមុះ ឬធ្វើការឃាត់ឈាមច្រមុះ៖ • ករណីឈាមច្រមុះតិចតួច អ្នកជំងឺត្រូវយកមេដៃ និងចង្អុលដៃ ច្របាច់រន្ធច្រមុះឲ្យជាប់រយៈពេល១០នាទី រួចសឹមប្រលែងមកវិញ នោះវានឹងបាត់បើជាការឈាមច្រមុះធម្មតា។ • ប្រសិនបើឈាមហូរមិនបាត់ អ្នកជំងឺត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ឯកទេស គ្រូពេទ្យអាចដាក់មេស ឬជែលចូលក្នុងច្រមុះពីខាងមុខ ឬពីខាងក្រោយមកវិញតាមស្ថានភាពអ្នកជំងឺ។ • បើអ្នកជំងឺត្រូវបានរកឃើញថាមានហូរឈាមតិចៗរឹមៗ គ្រូពេទ្យអាចធ្វើការព្យាបាលដោយដុតនៅត្រង់ចំណុចនោះ។ • ករណីធ្ងន់ធ្ងរ ដូចជាមានដុះដុំសាច់ នោះអ្នកជំងឺនឹងត្រូវធ្វើការវះកាត់យកដុំសាច់ចេញហើយបើរឹតតែធ្ងន់ធ្ងរថែមទៀត គឺអាចឈានដល់ការចងសរសៃឈាមដែលមកចិញ្ចឹមច្រមុះ ដើម្បីទប់ទល់កុំឲ្យមានការហូរឈាមកាន់តែខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលខាងលើអាចនឹងមានផលរំខានដល់អ្នកជំងឺខ្លះៗ ដូចជាការដាក់មែសឃាត់ឈាម អាចធ្វើឲ្យអ្នកជំងឺពិបាក ក្នុងការដកដង្ហើម ព្រោះគាត់ដកដង្ហើមតាមច្រមុះមិនបាន តម្រូវឲ្យគាត់ដកដង្ហើមតាមមាត់ ដែលធ្វើឲ្យការស្រូបយកអុកស៊ីសែនចូលមិនបានគ្រប់គ្រាន់ ធ្វើឲ្យមានអាការៈឈឺក្បាល វិលមុខ ជាដើម។ ធ្វើដូចម្តេច ដើម្បីការពារការឈាមច្រមុះ? • ត្រូវចៀសវាងកុំឲ្យមានការប៉ះទង្គិចទៅលើច្រមុះ   ឬការប្រើដៃរុកចូលច្រមុះ  ដែលការរុកចូលនេះប្រៀបដូចជាឲ្យគាត់ទៅកោសកកិតក្នុងសាច់ច្រមុះ នាំឲ្យដាច់សរសៃឈាមតូចៗនៅច្រមុះនោះ។ • កាត់បន្ថយកុំឲ្យមានការរលាកច្រមុះរ៉ាំរ៉ៃ ព្រោះវាអាចបង្កឲ្យស្រទាប់របស់ច្រមុះកាន់តែស្តើងទៅៗ ប៉ះពាល់ដល់សរសៃឈាម ពិសេសគឺអាល្លែកហ្ស៊ី។ • សម្អាតបរិស្ថានជុំវិញខ្លួនឲ្យស្អាត បរិភោគអាហារឲ្យសមស្រប និងប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា។ បើអ្នកជំងឺមិនបានទទួលការព្យាបាល ឬព្យាបាលមិនទាន់ពេលវេលាគាត់អាចមានហានិភ័យដល់អាយុជីវិត   ដោយសារការបាត់បង់គ្រាប់ឈាមចំពោះការហូរឈាមរយៈពេលយូរ។ ប្រសិនបើជួបប្រទះជាមួយនឹងការហូរឈាមច្រមុះ ទោះតិច ឬច្រើន ឬញឹកញាប់ អ្នកជំងឺគួរធ្វើការណាត់ជួប ប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុច្បាស់លាស់ និងទទួលបានការព្យាបាលទាន់ពេលវេលា។ បកស្រោយដោយ ៖ វេជ្ជបណ្ឌិត កែវ សុវណ្ណ​ ឯកទេសត្រចៀក ច្រមុះ បំពង់ក និងជាប្រធានផ្នែកពិគ្រោះជំងឺក្រៅ ត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ពក ក ជាការរីកធំនៃក្រពេញទីរ៉ូអ៊ីត។ កាលមុនគេសង្កេតឃើញពកក កើតមានចំពោះតែមនុស្សចាស់ភាគច្រើន តែឥឡូវពកក ឃើញកើតមានច្រើនផងដែរចំពោះក្មេងៗ ពិសេសគឺក្មេងខ្លះមានអាយុ ត្រឹម៩ឆ្នាំប៉ុេណ្ណាះ ក៏ឃើញមានជំងឺនេះដែរ។មូលហេតុដែលនាំឲ្យមានជំងឺពកក ៨០% បណ្តាលមកពី កង្វះជាតិអុីយ៉ូត។ មូលហេតុផ្សេងទៀតមានដូចជា តំណពូជប្រហែល៥% Grave's disease,Hashimoto's disease, មហារីកក្រពេញទីរ៉ូអ៊ីតរលាកក្រពេញទីរ៉ូអ៊ីត ស្រ្តីមានផ្ទៃពោះជាដើមសុទ្ធតែជាមូលហេតុដែលអាចបង្កជាជំងឺពកក។អ្នកមិនចូលចិត្តញ៉ាំអាហារសម្បូរជាតិអ៊ីយ៉ូត ឬអ្នកមានឳពុកម្តាយកើតជំងឺពកក សុទ្ធតែជាក្រុមដែលងាយប្រឈមនឹងជំងឺនេះជាងគេ។ សញ្ញាណាខ្លះកើតមានលើអ្នកជំងឺពកក? ភាគច្រើននៃអ្នកជំងឺពកកអាចសង្កេតឃើញសញ្ញាមួយចំនួនដូចជា៖ • ដុំហើមនៅនឹងកផ្នែកខាងក្រោម និងខាងមុខ • មានអារម្មណ៍តឹងក • អាចមានក្អក ពេលខ្លះស្អក • ពិបាកលេបអាហារ • ពិបាកដកដង្ហើម • ពេលលេបទឹកមាត់មានដុំឡើងចុះនៅនឹងកដែលអាចដឹងដោយដាក់ដៃលើចំណុចនោះ។ តើពកកត្រូវធ្វើរោគវិនិច្ឆ័យដូចម្តេច? អ្នកជំងឺអាចធ្វើរោគវិនិច្ឆ័យច្បាស់លាស់ដោយពឹងផ្អែកលើអេកូសាស្ត្រ(Echography) ដើម្បីអាចវាស់ទំហំ ចំនួនដុំ ឬក៏សមាសធាតុរបស់ដុំ ដែលអាចជា ទឹក ដុំសាច់រឹង និងអាចចម្រុះ។ ការថតអេកូសាស្ត្រក៏អាចឲ្យដឹងផងដែរថា ពកនេះជាប្រភេទធំ ស្មើសាច់ ឬមានដុំ រដិបរដុបមិនស្មើសាច់។ ចំពោះមុខ ជំងឺពកក ចាំបាច់ត្រូវពិនិត្យផងដែរដោយចៀសមិនផុតនូវកម្រិត T3 T4 និងTSH ។ ជំងឺពកកត្រូវព្យាបាលដោយរបៀបណា? ការព្យាបាលដ៏ត្រឹមត្រូវនៃអ្នកជំងឺពកក ធ្វើឡើងតាម២របៀប រួមមានដោយការវះកាត់ ឬប្រើប្រាស់ថ្នាំ។ ចំពោះការព្យាបាលដោយវះកាត់ អាចជួបផលវិបាកខ្លះៗ សម្រាប់ពេលមុនដូចជា អ្នកជំងឺ ស្អកថប់ស្ទះដង្ហើម ឬហូរឈាមក្រោយវះកាត់ជាដើម។ប៉ុន្តែ តាំងពីឆ្នាំ ២០០៧ រហូតដល់បច្ចុប្បន្ន ការវះកាត់ពុំដែលមានបញ្ហាទាំងអស់នេះកើតមានឡើងទៀតទេ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាល្អ និងទាន់សម័យ។ ដើម្បីការពារ ឬកាត់បន្ថយការកើតមានជំងឺពកកគ្រប់គ្នាគប្បីបង្កើនការទទួលទានអាហារមានជាតិអ៊ីយ៉ូតតដូចជា អំបិលអុីយ៉ូត អាហារសមុទ្រ ឬបន្លែ ផ្លែឈើដុះតាមបណ្តោយឆ្នេរសមុទ្រ ដែលសម្បូរអ៊ីយ៉ូតច្រើន។ សូមកុំធ្វេសប្រហែស គួរអញ្ជើញទៅជួបគ្រូពេទ្យជំនាញឯកទេសច្បាស់លាស់ដើម្បីទទួលការព្យាបាលមួយល្អ ត្រឹមត្រូវ និងចៀសផុតពីផលវិបាកទាំងឡាយដែលអាចនឹងកើតមាន។ គួរបញ្ជាក់ផងដែរថា ជំងឺពកកមិនអាចព្យាបាលដោយការដុតនឹងប៉ុយ ឬធូបបាននោះទេ។ បកស្រាយដោយ ៖ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសផ្នែក ត្រចៀក ច្រមុះ បំពង់ក វះកាត់ ក្បាល និង ក ព្រមទាំងជាអនុប្រធានមន្ទីរសំរាកព្យាបាលលុច្ស និងជាប្រធានសមាគមត្រចៀក ច្រមុះ បំពង់ក វះកាត់ក្បាល និង ក កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរទី១ ៖ តើជំងឺមហារីកជាជំងឺឆ្លងឬទេ? ចម្លើយ ៖ ជំងឺមហារីក មិនមែនជាជំងឺឆ្លងទេ ដូចនេះ សូមកុំបារម្ភ ប្រសិនបើសមាជិកគ្រួសាររបស់អ្នក ឬមិត្តភក្តិជិតស្និទ្ធមានកើតជំងឺមហារីក ពីព្រោះអ្នកនឹងមិនអាចឆ្លងជំងឺនេះដោយផ្ទាល់នោះឡើយ។ សំណួរទី២ ៖ តើផ្នែកណាខ្លះនៃរាងកាយរបស់យើងដែលអាចកើតជំងឺមហារីកបាន? ចម្លើយ ៖ ជាអកុសល ដុំមហារីកអាចកើតមាននៅលើគ្រប់សរីរាង្គ និងជាលិកានៃរាងកាយរបស់យើង។ ចំពោះមនុស្សធំ ដុំមហារីកដែលអាចកើតមានញឹកញាប់ជាងគេបំផុតគឺ មហារីកសួត មហារីកសុដន់ មហារីកពោះវៀនធំនិងបាត មហារីកក្រពេញប្រូស្តាត មហារីកក្រពះ មហារីកថ្លើម មហារីកមាត់ស្បូន និងតួស្បូន មហារីកបំពង់អាហារ មហារីកប្លោកនោម មហារីកលំពែង។ រីឯចំពោះកុមារ (រាប់បញ្ចូលទាំងទារកទើបនឹងកើត និងទារក) ព្រមទាំងក្មេងជំទង់ ក៏អាចប្រឈមនឹងការកើតមានមហារីកផងដែរ ដែលញឹកញាប់បំផុតគឺ៖ - មហារីកគ្រាប់ឈាម (Leukaemias) - ដុំមហារីកនៅជាលិកា lymphatic (Lymphomas) ដែលរួមមាន ក្រពេញ Lymph (lymph nodes) និងសរីរាង្គអណ្តើក (spleen) ជាដើម - មហារីកខួរក្បាល - មហារីកលើជាលិកាទន់ និងឆ្អឹង (Sarcomas) - មហារីកពីកំណើតដូចជា មហារីកលើកោសិកាបង្កកំណើត (រួមមាន មហារីក Teratoma ដែលជាមហារីករួមផ្សំគ្នាដោយជាលិកាច្រើនប្រភេទ) មហារីកតម្រងនោម មហារីកស្រទាប់រេទីន(បាតភ្នែក) និងមហារីកថ្លើមជាដើម។ គួរបញ្ជាក់ថា គ្រប់ដុំមហារីកទាំងអស់ដែលត្រូវបានរកឃើញ ក្រោយពេលធ្វើរោគវិនិច្ឆ័យហើយសុទ្ធតែទាមទារឲ្យមានការព្យាបាលឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំនឿ ៖ ចាស់ៗគាត់តែងជឿថា «ការទទួលទានផ្លែកន្ទួត និងសរសេរអក្សរ « ខ្លា » ឬ « ជា » នឹងធ្វើឲ្យអ្នកជំងឺស្រឡទែនជាសះស្បេីយ» ។   ការពិត ៖ បេីទោះជាគ្មានការសរសេរពាក្យ « ខ្លា ឬ ជា» ឬ ទទួលទានផ្លែកន្ទួតក្តី វាក៏នឹងបាត់ទៅវិញជាធម្មតា ក្នុងអំឡុងពេល ៧ថ្ងៃ ទៅ ១០ ថ្ងៃក្រោយថ្ងៃផ្តេីមរោគសញ្ញា នេះ បេីយេីងមិនផ្តោតលេីការចេញជាផលវិបាក (Complications) នៃជំងឺបន្តទៀត តែផ្ទុយទៅវិញ ហាក់កាន់តែរំញោចលេីក្រពេញទឹកមាត់ (Parotid gland) ឲ្យបញ្ចេញបន្ថែម បេីអ្នកជំងឺទទួលទានរបស់ជូរៗ ហេីយរឹតតែធ្វេីឲ្យអ្នកជំងឺ គាត់ឈឺ ឬពឺតៗខ្លាំងជាងមុនលេីសដេីម ។  បេីទោះជាយ៉ាងណាក្តី មូលហេតុនៃជំងឺនេះ គឺកេីតឡេីងដោយសារមេរោគស្រឡទែន ប្រភេទវីរុសនៅក្រុមគ្រួសារ Paramyxoviridae ទៅចម្លងរោគលេីក្រពេញទឹកមាត់យេីងឲ្យទៅជាហេីម ។ មេរោគនេះបាចសាចការចម្លងតាមរយៈតំណក់ទឹកផ្លូវដង្ហេីម (Respiratory droplet) ដូចជាកណ្តាស ក្អក ការប៉ះផ្ទាល់អ្នកជំងឺដែលឆ្លងហេីយ និងជាពិសេសតាមរយៈទឹកមាត់អ្នកជំងឺ ។  ជាសរុបរួម បេីប្រជាជនយេីងមានបញ្ហានេះ យេីងមិនគួរបន្តទម្លាប់នេះទៀតទេ ពីព្រោះវាគ្មានប្រយោជន៍ក្នុងការព្យាបាលជំងឺស្រឡទែនឲ្យជាសះស្បេីយនោះឡេីយ ពោល គឺវានឹងជាទៅវិញដោយឯងៗ អំឡុងពេលប្រហែល ៧ ទៅ ១០ថ្ងៃ និងការព្យាបាលទៀតសោត ជាការព្យាបាលតាមរោគសញ្ញា ។  បកស្រាយដោយ ៖ ហេង សុធារិទ្ធ និស្សិតផ្នែកវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

Share
Top