-
Mar 27, 2017
|
-
7 years ago
|
-
5.5K views
ពីទឹកដីកំណើតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល លោក ទូច ខាន់ណារ៉ា និស្សិតផ្នែកមហារីកវិទ្យានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានការយល់ឃើញថា «គ្រួពេទ្យជា អាជីពមួយដែលទទួលការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន តែសម្រាប់ខ្ញុំ ខ្ញុំចង់ចេះចង់ដឹងបន្តិចបន្តួចពីមុខវិទ្យាវេជ្ជសាស្ត្រ ក្នុងបំណងជួយព្យាបាលសាច់ញាតិតែប៉ុណ្ណោះ និងមនុស្សផងទាំងឡាយរួមទាំងមានឱកាសទទួលបានអាហារូបករណ៍របស់ក្រសួង ខ្ញុំក៏សម្រេចបន្តរៀនមុខវិជ្ជានេះ។ ប៉ុន្តែ មហិច្ឆតាខណៈពេលកំពុងរៀន ណាមួយខ្ញុំចូលចិត្តរបកគំហើញថ្មីៗ ព្រមទាំងយល់ឃើញពីកង្វះខាតគ្រូពេទ្យខាងផ្នែកមហារីកនេះផង និងចង់ចូលរួមក្នុងការអភិវឌ្ឍខាងវិស័យមហារីក ស្របពេលដែលអត្រាអ្នកជំងឺកាន់តែកើនឡើង ទើបខ្ញុំសម្រេចបន្តឯកទេសផ្នែកមហារីកវិទ្យា។»
មិនខុសពីសិស្សដទៃទៀតទេ ការសិក្សារមែងមានការលំបាកដូចជា ត្រូវខិតខំរៀនមេរៀនក្នុងសាលា ការស្រាវជ្រាវផ្សេងៗ ការចុះកម្មសិក្សា ឯការប្រលងវាយតម្លៃសិក្សា ក៏ជាចលកររាំងស្ទះការសិក្សាដែរ។ ទោះមានឈ្មោះជាសិស្សអាហារូបករណ៏រយៈពេល៦ឆ្នាំមែន តែក្នុងឆ្នាំសិក្សាដែលខ្ញុំប្រលងយកថ្នាក់ឯកទេសនោះ អាហារូបករណ៏ត្រូវបាត់បង់ ហើយការចំនាយត្រូវធ្លាក់មកលើគ្រួសាររបស់ខ្ញុំទាំងស្រុង។
ចំណេះដឹងទូទៅ គឺមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប។ ជាអនាគតគ្រូពេទ្យមួយរូបត្រូវស្គាល់ពីអ្នកជំងឺ និងប្រើប្រាស់ភាសាឥរិយាបថទៅតាមលក្ខខណ្ឌរបស់អ្នកជំងឺ។ ម្យ៉ាងវិញទៀត អ្នកជំងឺមហារីករមែងទទួលរងការប៉ះទង្គិចផ្លូវចិត្តជាខ្លាំង ខ្ញុំយល់ឃើញថាការចេះបញ្ចុះបញ្ចូល ការលួងលោមអ្នកជំងឺរឿងមួយសំខាន់ ហេតុនេះ ការអាន និងស្វែងយល់ពីចិត្តសាស្ត្ររបស់មនុស្ស គឺជាផ្នែកមួយសម្រួលដល់ទំនាក់ទំនង។ លើសពីនេះ ភាសាបរទេសបានដើរតួនាទីយ៉ាងសំខាន់ជួយក្នុងការបង្កើនចំនេះដឹងក្នុងជំនាញនេះ ព្រោះការសិក្សាស្រាវជ្រាវរបកគំហើញថ្មីៗក្នុងវិស័យមហារីក ប្រាកដណាស់ គឺមិនទាន់អាចប្រព្រឹត្តិទៅបានទេក្នុងពេលបច្ចុប្បន្ន ដោយសារបច្ចេកទេសក្នុងប្រទេសកម្ពុជានៅមានកម្រិត ជាហេតុដែលត្រូវការការសិក្សា និងអនុវត្តតាម guideline របស់បរទេស។ បច្ចេកទេសកំព្យូរទ័រក៏ជាអ្វីដែលខ្ញុំមិនអាចខ្វះបានដែរ ព្រោះវាសម្រួលដល់ការសិក្សាមិនថាមហារីកវិទ្យា ឬមុខវិជ្ជាដ៏ទៃនោះទេ។ មនុស្សម្នាក់ៗមិនមាននរណាចេះអស់នោះទេ ដើម្បីបង្កើនចំណេះដឹងការជជែកគ្នាពិភាក្សាជាមួយមិត្តភក្តិ ឬសហភាតរៈក៏ជាផ្នែកមួយដែរ។ គេនិយាយ យើងស្តាប់ យើងចេះយើងតប អ្វីដែលយើងមិនដឹងត្រូវចាំ និងកត់ទុក។
សំណួររដែលចោទសួរពីការបម្រើការនៅតាមខេត្ត ឬទីក្រុងភ្នំពេញវា គឺជាបញ្ហាដោយសារមុខវិជ្ជាមហារីកត្រូវការការចូលរួមពីដៃគូរ(Multidiscip-linary) មានគ្រូពេទ្យវះកាត់ មន្ទីរពិសោធន៏ស្តង់ដារ គ្រូពេទ្យរូបភាពវេជ្ជសាស្ត្រ។ល។ តែផ្នែកមួយចំនួននៅមានភាពរអាក់រអួល និងខ្វះខាតគ្រូពេទ្យនៅឡើយ។ សម្រាប់ខ្ញុំ ខ្ញុំចង់ទៅធ្វើការតាមខេត្ តតែខ្ញុំត្រូវការជាសហភាតរៈជាដៃគូជាចាំបាច់។
ជាចុងក្រោយ ខ្ញុំសង្ឃឹមថាការយល់ដឹងខាងផ្នែកជំងឺមហារីកពីសំណាក់មហាជន និងគ្រូពេទ្យមួយចំនួនមានភាពល្អប្រសើរ។ មានមនុស្សមួយចំនួនយល់ថា ហេតុអ្វីបានជាមានគ្រូពេទ្យ ឬសិស្សយកមុខវិជ្ជានេះ និងព្យាបាលមហារីក ទោះអ្នកជំងឺស្ថិតក្នុងដំណាក់ចុងក្រោយ? នេះ គឺដើម្បីកាត់បន្ថយការឈឺចាប់ ធ្វើឲ្យមានភាពប្រសើរនៃការរស់នៅជាមួយជំងឺមហារីក និងភាពមនុស្សធម៌របស់គ្រូពេទ្យ មិនចង់ឃើញអ្នកជំងឺលំបាកវេទនាទើបញ៉ាំងឲ្យមានវត្តមានគ្រូពេទ្យឯកទេសមហារីក(Oncologist, hematologist, radiotherapist)។ មិនតែប៉ណ្ណោះ ជំងឺមហារីកមានលក្ខណៈខុសពីជំងឺដទៃ ទោះមនុស្សពីរនាក់មានមហារីកដូចគ្នា តែការវិវត្តការព្យាករណ៍ គឺខុសគ្នា ព្រោះជំងឺមហារីកមានប្រភពពីហ្សែន(Genes: DNA) ហើយមនុស្សម្នាក់ៗមានហ្សែនខុសគ្នា។
ហេតុដូច្នេះ ខ្ញុំស្នើដល់មិត្តអ្នកអានកុំមានការយល់ច្រលំ និងធ្វើការប្រៀបធៀបជំងឺនេះពីមនុស្សម្នាក់ទៅម្នាក់ទៀត ហើយបន្តធ្វើការវាយតម្លៃដល់ការព្យាបាល។ ក្រៅពីនេះ ការព្យាបាលជំងឺមហារីកត្រូវចំណាយថវិកាច្រើន ហេតុនេះ សូមមហាជនមានការយោគយល់ ព្រោះបច្ចុប្បន្នមិនមានការឧបត្ថម្ភពីអង្គការ ឬស្ថាប័នណាមួយ គួបផ្សំ និងតម្លៃថ្នាំអន្តរជាតិមានតម្លៃខ្ពស់។ ជាងនេះទៅទៀត ក្រមសីលធ៌មរបស់មនុស្សម្នាក់ៗ គឺមានតម្លៃណាស់ ខ្ញុំសង្ឃឹមថា មហាជននឹងមានភាពឈ្លាសវៃចេះទាញយកព័ត៌មានពិតមកពិចារណាប្រកបដោយសម្បជញ្ញៈ ធ្វើការរិះគន់ដោយចំណេះដឹង និងសីលធម៌។ សម្រាប់សិស្សនិស្សិត ត្រូវខិតខំរៀនសូត្រពង្រីក និងពង្រឹងចំណេះដងឲ្យស្របទៅតាមបរិបទបរទេស ចេះកែប្រែរបស់ចាស់ទទួលយកចំណេះដឹងថ្មីៗ កាន់ឥរិយាបថទន់ភ្លន់ និងមានក្រមសិលធម៌វិជ្ជាជីវៈ។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share