Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ធ្លាប់តែស្តាប់តារាចម្រៀងអាជីព និងមិនអាជីព ទាំងក្នុង និងក្រៅប្រទេស ច្រៀងCover បទ Shape of You ដោយ Ed Sheeran ដែលកំពុងទទួលបានចំណាប់អារម្មណ៍នៅបណ្តាប្រទេសនានា ជាពិសេសក្នុងស្រទាប់យុវវ័យ... ចំណីសោតិន្រ្ទិយារម្មណ៍ និងចក្ខុន្រ្ទិយារម្មណ៍ដែលប្លែកជាងគេមួួយនេះ បាន និងកំពុងត្រូវបានគេចាប់អារម្មណ៍ និងចែករំលែកជាបន្តបន្ទាប់ក្នុងរង្វង់អ្នកប្រើប្រាស់ហ្វេសប៊ុក... បើចង់ដឹងថា ខាងទន្តពេទ្យម្នាក់នេះ ច្នៃពាក្យពេចន៍បានពិរោះយ៉ាងណានោះ ចុចមើលហ្មងទៅ!!!​ Credit : Singing Dentist

Share

ប្រវត្តិរូប និងការសិក្សា ខ្ញុំបាទឈ្មោះ ឡោ សូយទ្រី ជាកូនទី២នៃក្រុមគ្រួសារ និងជានិស្សិតឆ្នាំទី១ឯកទេសសល្យសាស្រ្ត ជំងឺឆ្អឹង និងបាក់បែក ជំនាន់ទី៤ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ការសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ ក៏ដូចជាជ្រើសរើសមុខជំនាញមួយសម្រាប់សិក្សា គឺមិនមែនជារឿងចៃដន្យនោះទេវាជាការពិតណាស់ដែលថាវា   បណ្តាលមកពីមូលហេតុមួយណាជាក់លាក់។ មូលហេតុសម្រេចជ្រើសរើសឯកទេសនេះ សម្រាប់ខ្ញុំផ្ទាល់ ការសម្រេចជ្រើសរើសយកមុខជំនាញមួយនេះដើម្បីបន្តការសិក្សាក្នុងកម្រិតក្រោយឧត្តមសិក្សានេះ គឺបណ្តាលមកពីការសម្លឹងមើលឃើញថា នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់កំពុងតែមានការប្រឈមខ្លាំងទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរ ដែលត្រូវបានគេគ្រប់គ្នាហៅថា «ឃាតករលេខមួយ» ប្រចាំប្រទេស។ ប៉ុន្តែចំនួនគ្រូពេទ្យជំនាញផ្នែកនេះមិនថានៅទីរួមខេត្តនោះទេ សូម្បីតែនៅរាជធានីភ្នំពេញផ្ទាល់ ក៏ហាក់ដូចជាមិនសូវមានច្រើននៅឡើយទេ ហេតុនេះហើយ ទើបខ្ញុំសង្ឃឹមថាការចូលសិក្សាផ្នែកមួយនេះ នឹងផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានេះ ជាមួយនឹងគ្រូពេទ្យជំនាញដទៃទៀត។ ភាពលំបាកក្នុងការសិក្សា ការសិក្សាផ្នែកណាឬការបំពេញការងារផ្នែកណារមែងតែងមានឧបសគ្គប្លែកៗពីគ្នាជារឿយៗទៅតាមស្ថានភាពនៃសិស្សនិស្សិតផ្ទាល់លក្ខខណ្ឌរបស់សាលារៀន រួមផ្សំជាមួយនឹងកត្តា   ផ្សេងៗទៀតជាច្រើន។ ក្នុងនោះផងដែរ សម្រាប់ការសិក្សាដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក ភាពលំបាកជាចម្បងគេ គឺចំនួនមេរៀនដែលត្រូវសិក្សាដែលមានចំនួនច្រើន។ លុះដល់ពេលត្រូវប្រលងម្តងៗ ក៏តម្រូវឲ្យចំណាយពេលវេលាច្រើនក្នុងការធ្វើការរំលឹកនូវមេរៀនទាំងនោះឡើងវិញ ដែលជាក់ស្តែង គឺមិនមែនជាកិច្ចការមួយងាយស្រួលនោះទេ។ ក្រៅពីការសិក្សានៅសាលារៀនក្នុងពេលថ្ងៃហើយ ក៏ត្រូវចុះកម្ម-សិក្សាតាំងពីពេលព្រឹកព្រលឹមផងដែរ។ បើទោះជាមានឧបសគ្គយ៉ាងនេះក្តីខ្ញុំបាទក៏មិនធ្លាប់នឹកគិតថានឹងចង់បោះបង់វាចោល ហើយតែងតែមានការខិតខំប្រឹងប្រែងតស៊ូជានិច្ច ក៏ព្រោះតែជម្រើសយកជំនាញមួយនេះ គឺកើតឡើង ពីទឹកចិត្តស្រលាញ់ការងារផ្នែកនេះរបស់ខ្ញុំបាទផ្ទាល់តាំងពីកុមាររួចមកហើយ។ គន្លឹះនៃការសិក្សា ខ្ញុំក៏ដូចជានិស្សិតផ្សេងៗដែរ ចាំបាច់ត្រូវអានសៀវភៅឲ្យបានច្រើន និងចៀសវាងដាច់ខាតនូវការទុកឲ្យមេរៀននៅគរច្រើនពេក ជាពិសេសហាមការពន្យារដល់ថ្ងៃប្រលងទើបធ្វើការរំលឹកតែម្តង។ អ្វីដែលអ្នកគួរធ្វើ គឺគួរតែចាប់ផ្តើមមើលវាតាំងតែពីដើមមកជាបន្តបន្ទាប់ហូរហែ។ បន្ថែមពីលើការសិក្សានៅសាលារៀនហើយ និស្សិតផ្នែកនេះគួរតែចុះកម្មសិក្សាឲ្យបានច្រើន ព្រោះថាការសិក្សាចាំបាច់ណាស់ត្រូវមានការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្ត។ ជាក់ស្តែង ការស្វែងយល់ពីជំងឺមួយនៅក្នុងសៀវភៅមិនប្រាកដថាច្បាស់លាស់ដូចអ្វីដែលនិស្សិតអាចនឹងជួបប្រទះក្នុងពេលចុះកម្មសិក្សាផ្ទាល់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ការចុះកម្មសិក្សានេះទៀតសោត ប្រៀបបានជាឱកាសដ៏ល្អមួយសម្រាប់ឲ្យនិស្សិតបានធ្វើការសិក្សារៀនសូត្រពីនិស្សិតរៀមច្បងក៏ដូចជា សាស្រ្តាចារ្យដែលពោរពេញដោយបទពិសោធន៍ផងដែរ។ បំណងប្រាថ្នានៃអនាគត ចំពោះខ្ញុំបាទផ្ទាល់ គម្រោងនាថ្ងៃអនាគតរបស់ខ្ញុំ គឺមានបំណងបើកគ្លីនិកដោយខ្លួនឯងមួយ និងព្យាយាមកសាងកេរ្តិ៍ឈ្មោះឲ្យបានល្បាញល្បី ដើម្បីចូលរួមចំណែកក្នុងការជួយទ្រទ្រង់សង្គមជាតិ ជាពិសេសគឺជួយដល់ប្រជាជនកម្ពុជាយើងបានកាន់តែច្រើនកាន់តែប្រសើរ។ សារជូនមិត្តអ្នកអាន ខ្ញុំបាទក៏មានពាក្យពេចន៍មួយចំនួនចែករំលែកជូនសិស្សប្អូនដែលមានបំណងសិក្សាផ្នែកនេះ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ហើយត្រៀមទាំងកម្លាំងកាយ និងចិត្តរួចជាស្រេច ព្រោះថាការសិក្សាផ្នែកនេះងាយនឹងប្រឈមជាមួយការជួបប្រទះឈាមច្រើន ដែលទាមទារនូវការរៀបរយស្មារតីខ្ពស់ជានិច្ច។

Share

នៅក្នុងវិស័យសុខាភិបាល យើងឃើញមាននូវឯកទេសជាច្រើនសម្រាប់និស្សិតជ្រើសរើសទៅតាមក្តីប្រាថ្នា  និងការស្រលាញ់របស់ខ្លួន ដែលឯកទេសនីមួយៗជាក់ស្តែងណាស់ គឺមានលក្ខណៈពិសេសផ្សេងៗពីគ្នាដែលសុទ្ធតែអាចឲ្យអនាគតគ្រូពេទ្យមានឱកាសក្នុងការចូលរួមចំណែកក្នុងការជួយអភិវឌ្ឍវិស័យដ៏សំខាន់មួយនេះ និងជួយសង្គ្រោះដល់ប្រជាជនដែលជួបប្រទះនឹងបញ្ហាសុខភាព។ ក្នុងនោះផងដែរ ឯកទេសចក្ខុរោគ ជាឯកទេសមួយព្យាបាលមិនត្រឹមតែផ្លូវកាយនោះទេ គឺថែមទាំងជួយដល់ផ្លូវចិត្តរបស់អ្នកជំងឺផងដែរ ជាក់ស្តែង វាប្រៀបបាននូវការផ្តល់នូវក្តីសង្ឃឹមថ្មីមួយដល់ពួកគាត់តាមរយៈការសម្រួលដល់គំហើញ។ លោក ហួន សំអាត ជានិស្សិតឯកទេសភ្នែកមួយរូប ដែលនឹងបញ្ចប់ការសិក្សាវគ្គឯកទេសនាពេលប៉ុន្មានខែខាងមុននេះ (ខែធ្នូ ឆ្នាំ២០១៦)។ ក្នុ្នងនាមជារៀមច្បងមួយរូប លោកក៏បានផ្តល់នូវកិច្ចសម្ភាសន៍ជាមួយនឹងហេលស៍ថាម ដើម្បីរួមចំណែកចែករំលែកនូវបទពិសោធន៍នៃការសិក្សាលើឯកទេសចក្ខុរោគរបស់ខ្លួនទៅកាន់សិស្សប្អូនជំនាន់ក្រោយ។ គួរបញ្ជាក់ផងដែរថា លោកក៏ធ្លាប់បានសិក្សានៅប្រទេសកូរ៉េខាងត្បូង ក្នុង Inje University College of Medicine កាលពីឆ្នាំ២០១៤កន្លងទៅនេះផងដែរ។ មូលហេតុដែលជម្រុញចិត្តឲ្យជ្រើសរើសយកជំនាញមួយនេះ ដោយសារតែការសម្លឹងមើលឃើញថា ចំនួនគ្រូពេទ្យផ្នែកចក្ខុរោគនៅប្រទេសកម្ពុជាយើងហាក់ដូចជានៅមានតិចតួចនៅឡើយ ជាក់ស្តែង គឺចំនួនប្រជាជនមានច្រើន ស្របពេលដែលចំនួនគ្រូពេទ្យបែរជាមានតិច។ អ្វីដែលរឹតតែពិសេសនោះ គឺលោកមានការយល់ឃើញថាការធ្វើជាគ្រូពេទ្យផ្នែកចក្ខុរោគនេះអាចជួយឲ្យអ្នកជំងឺដែលមើលមិនឃើញ(ឡើងបាយភ្នែក) ហើយអស់សង្ឃឹម អាចមើលឃើញឡើងវិញ។ ដោយ ឡែក ភ្នែកក៏ជាសរីរៈមួយដ៏សំខាន់សម្រាប់បុគ្គលគ្រប់រូបផងដែរ។ ការត្រៀមខ្លួនចូលសិក្សាឯកទេសចក្ខុរោគ លោកក៏បានផ្តល់ជូននូវដំបូន្មានថា អ្នកគប្បីសួរខ្លួនឯងជាមុនសិនថាតើពិតជាពេញចិត្ត និងស្រលាញ់ឯកទេសនេះពិតមែនឬ? ហេតុអ្វីបានជាសម្រចចិត្តជ្រើសរើសយកឯកទេសមួយនេះ? លុះត្រាតែច្បាស់ជាមួយខ្លួនឯងសិន ទើបអាចធានាបានថាពេលវេលាដែលបានចំណាយទៅលើការសិក្សានេះនឹងមិនត្រូវបានខ្ជះខ្ជាយឡើយ។ ចំណែកផ្នែកចំណេះដឹងដែលត្រូវត្រៀមរួមមានដូចជា ត្រូវខិតខំប្រឹងសិក្សារៀនសូត្រឲ្យបានល្អ ដើម្បីប្រលងចូលផ្នែកឯកទេសឲ្យជាប់ ព្រមទាំងចេះប្រើប្រាស់ភាសាអង់គ្លេស ព្រោះថាឯកសារ និងគ្រូជនជាតិបរទេស ជាទូទៅប្រើប្រាស់ភាសាអង់គ្លេស។ បញ្ហាដែលជួបប្រទះក្នុងការសិក្សាកន្លងមក សំអាតបានប្រាប់ដល់ហេលស៍ថាមថា មិនសូវជាមានច្រើនប៉ុន្មាននោះទេ ព្រោះភាគច្រើនមានទាំងសិស្សច្បង និងសាស្រ្តាចារ្យ ផ្តល់ឱកាសជំនាញ និងបង្ហាត់បង្រៀនយ៉ាងអស់ពីចិត្ត។ យ៉ាងណាមិញ ការសិក្សាឯកទេសអ្វីក៏រមែងមានឧបសគ្គផងដែរ ជាក់ស្តែងវាជាមុខវិជ្ជាមួយដែលថ្មីហើយដាច់ដោយឡែកពីមុខវិជ្ជាផ្សេង ចំណែកឯការប្រើប្រាស់ភាសាទៀតសោត ក៏ត្រូវបានផ្លាស់ប្តូរពីភាសាបារាំងទៅជាភាសាអង់គ្លេសវិញ។ ដើម្បីជម្នះលើបញ្ហាដែលបានលើកឡើង និស្សិតត្រូវខិតខំសិក្សាភាសាសអង់គ្លេសឲ្យបានមាំទាំបន្ថែមទៀត ព្រមទាំងព្យាយាមសិក្សាស្រាវជ្រាវនូវឯកសារទាក់ទងនឹងមុខវិជ្ជាភ្នែកនេះ។ វិធីក្នុងការបង្កើនចំណេះដឹងបន្ថែមទៅលើអ្វីដែលបានសិក្សាពីសាលារៀន និស្សិតគប្បីស្វែងរកមើលវីដេអូនៅលើ Youtube ឬស្រាវជ្រាវបន្ថែមនៅលើប្រព័ន្ធអ៊ីនធឺណែតអំពីរបៀបវះកាត់ ព្រមទាំងអាននូវ Journal ផ្សេងៗដើម្បីធ្វើការយល់ដឹងពីការវិវឌ្ឍ និងវិធីសាស្រ្តព្យាបាលថ្មីៗ។ ក្រោយពីបញ្ចប់ ការសិក្សាឯកទេស និស្សិតអាចធ្វើការពិគ្រោះជំងឺ និងផ្តល់ដំបូន្មានត្រឹមត្រូវដល់អ្នកជំងឺ។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចធ្វើការវះកាត់ (ឡើងបាយកន្ទុយថ្លែន ទឹកដក់ក្នុងភ្នែក) ផងដែរ។ បំណងប្រាថ្នាទៅថ្ងៃអនាគត ចង់ធ្វើជាគ្រូពេទ្យម្នាក់ដែលមានក្រមសីលធម៌វិជ្ជាជីវៈ មានសមត្ថភាពខ្ពស់ក្នុងការព្យាបាលអ្នកជំងឺ  ហើយក៏ចង់ចូលរួមកាត់បន្ថយ ពិការភាពនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបន្តចែករំលែកចំណេះដឹងដល់អ្នកជំនាន់ក្រោយ។ លោកក៏បានបញ្ជាក់ផងដែរពីអ្វីដែលជម្រុញចិត្តលោករហូតមក នោះ គឺ «ខ្ញុំអាចធ្វើគ្រប់ការងារទាំងអស់បាន ដោយសារមានម្នាក់ដែលជួយដល់ខ្ញុំ (I can do all the things through Christ who strengthens me. Philippians 4:13)»។

Share

ជានិសិ្សតពេទ្យឆ្នាំទី៦ និងជាជំនាន់ទីមួយនៃកម្មវិធីសិក្សាអន្តរជាតិ(PI) នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងទើបតែបញ្ចប់ការសិក្សាបរិញ្ញាបត្រភាសាបារាំងនៅវិទ្យាស្ថានភាសាបរទេស(IFL) ហើយសព្វថ្ងៃនេះជាគ្រូបង្រៀនភាសាបារាំងក្រៅម៉ោងនៅ IFL លោក ណុប ពិសាល ជានិស្សិតមួយរូបដែលត្រូវបានមហាជន ជាពិសេសនិស្សិតពេទ្យជាច្រើនបានស្គាល់តាមរយៈការបង្ហាញខ្លួនជាពិធីករនៅក្នុងកម្មវិធីមួយចំនួនរបស់សាលាដែលលោកបាន និងកំពុងសិក្សា ព្រមទាំងស្ថាប័នមួយចំនួនផងដែរ។ ដើម្បីជាការចែករំលែកនូវបទពិសោធន៍ដល់ជំនាន់ក្រោយ ហេលស៍ថាម ក៏បានសម្ភាសន៍រូបលោកផ្ទាល់តែម្តង សម្រាប់ជាប្រយោជន៍ដល់សិស្សនិស្សិតផ្សេងៗដែលមានបំណងចង់ស្គាល់ពីរូបលោកកាន់តែច្បាស់។ ហេលស៍ថាម ៖ អ្វីទៅជា PI? ពិសាល៖ PI ជាកម្មវិធីពិសេសមួយដែលនិស្សិតត្រូវឆ្លងកាត់ការប្រលងភាសាអង់គ្លេស និងភាសាបារាំង ហើយបេក្ខភាព៦០នាក់ដែលមានពិន្ទុខ្ពស់ជាងគេនឹងត្រូវបានជ្រើសរើស។ សម្រាប់ PIនេះ គឺមានវគ្គសិក្សាភាសាទាំងពីរខាងលើបន្ថែមតែនិស្សិតក៏ត្រូវបង់ប្រាក់បន្ថែមផងដែរ ព្រមជាមួយនឹងសិក្ខាសាលា ឬសន្និសីទផ្សេងៗដែលមានការចូលរួមពីសំណាក់សាស្រ្តាចារ្យមកពីសហភាពអឺរ៉ុប អាមេរិច កាណាដា និងបណ្តាប្រទេសជាច្រើន។ ជារៀងរាល់ខែ សន្និសីទមានប្រហែលពី១ទៅ២សប្តាហ៍ហើយរៀងរាល់ថ្ងៃសុក្រ តែងតែមាន conference  ដែលរៀបឡើងដោយសាស្រ្តាចារ្យជនជាតិខ្មែរ ដោយមានរៀបចំនូវសំណួរ-ចម្លើយសាកសួរ ដើម្បីជាការត្រៀមខ្លួនប្រលងឯកទេស។ ច្បាប់វិន័យទៀតសោតក៏មានលក្ខណៈតឹងរឹងផងដែរ សូម្បីតែពេលម៉ោងចូលរៀនក៏ដោយ។ វគ្គសិក្សាពិសេសមួយទៀត ជាការធ្វើត្រាប់តាម (stimulation) ដែលត្រូវបានបង្ហាត់បង្ហាញដោយសាស្រ្តាចារ្យជាច្រើនជាតិសាសន៍ដែលបានបង្រៀននូវសិល្បៈនិងវិធីសាស្រ្តក្នុងការនិយាយប្លែកៗពីគ្នា។ ហេលស៍ថាម ៖ បើចង់រៀន PI ត្រូវតៀមអ្វីខ្លះ? ពិសាល៖ និស្សិតគួរតែត្រៀមចំណេះដឹងផ្នែកភាសាឲ្យបានខ្លាំងសមស្របនឹងមូលដ្ឋានគ្រឹះរឹងមាំផ្នែកវេជ្ជសាស្រ្តរួចហើយព្រោះដូចដែលលើកឡើងខាងលើ គឺការសិក្សាត្រូវធ្វើឡើងជាមួយនឹងគ្រូមកពីប្រទេស ក្រៅ។ ហេលស៍ថាម៖ ធ្លាប់តែនៅខេត្តជាកូនប្រុសដែលស្រណុក ចុះពេលមកនៅភ្នំពេញបានរៀនសូត្រអ្វីខ្លះ? ពិសាល៖ ការផ្លាស់ប្តូរទាំងស្រុងពីកូនប្រុសម្នាក់ដែលស្ទើរតែមិនចាំបាច់ធ្វើអ្វីទាំងអស់ មកក្លាយជាបុគ្គលម្នាក់ដែលត្រូវរ៉ាប់រងនូវកិច្ចការជាច្រើនដោយខ្លួនឯងជាពិសេសការមើលថែទាំផ្ទះ និងការរៀបចំចម្អិននូវម្ហូបអាហារសម្រាប់ទទួលទាន។ បើទោះជារស់នៅជាមួយនឹងបងស្រីក៏ពិតមែន តែម្នាក់ៗសុទ្ធតែមានកាលវិភាគមមាញឹករៀងខ្លួន។ និយាយរួមទៅ រសជាតិជីវិតគ្រប់បែបយ៉ាងក៏ត្រូវបានស្គាល់ និងភ្លក្សអស់ហើយក្នុងពេលដែលមកសិក្សានៅទីក្រុងភ្នំពេញនេះ។ ទាំងនេះជាមេរៀនជីវិតដែលត្រូវបានផ្តល់ឲ្យដោយលោកអ្នកមានគុណទាំងពីរតាមរយៈការព្យាយាមមិនទម្រើស ហើយឲ្យរៀនរស់ដោយខ្លួនឯង។ ហេលស៍ថាម៖ បើលំបាកយ៉ាងនេះ ប្រាកដណាស់នឹងមានពេលខ្លះមានអារម្មណ៍ថាបាក់ទឹកចិត្ត តើមានអ្វីដែលជម្រុញចិត្តឲ្យពុះពាររហូតមក? ពិសាល៖ ពេលដែលលំបាក ឬបាក់ទឹកចិត្តម្តងៗ អ្វីដែលនឹកគិតដល់មុនគេ គឺឳពុកម្តាយដែលខិតខំប្រឹងប្រែងមែនទែនជារៀងរាល់ថ្ងៃ មិនថាមានការងារធ្ងន់ធ្ងរ ឬមមាញឹកយ៉ាងណាក៏នៅតែស្មារតីជម្នះជានិច្ច ដើម្បីតែកូនរបស់ខ្លួន គឺរូបលោកទាំងពីរស៊ូទ្រាំទទួលរងនូវបន្ទុកគ្រប់យ៉ាងដោយមិនឲ្យកូនខ្វល់ខ្វាយចិត្តនោះឡើយ។ ជាការពិតណាស់ រាល់ពេលដែលហត់នឿយខ្លាំង ឬលែងមានកម្លាំងចិត្ត ខ្ញុំតែងតែនឹកគិតដល់ពួកគាត់មុនគេដោយនឹកគិតដល់ទិដ្ឋភាពដែលរូបលោកទាំងពីរតស៊ូប្រឹងដើម្បីកូន ព្រោះថាគាត់ទាំងពីរនាក់មានបន្ទុកធ្ងន់ ជាងយើងខ្លាំងណាស់។ ហេលស៍ថាម ៖ និស្សិតគួរធ្វើបែបណាខ្លះ ដើម្បីក្លាយជានិស្សិតពេទ្យឆ្នើមមួយរូប? ពិសាល ៖ កត្តាចម្បង គឺបុគ្គលតែម្តង ចាំបាច់ណាស់ត្រូវឲ្យប្រាកដថាខ្លួនឯងពិតជាស្រលាញ់នូវជំនាញ ឬឯកទេសមួយហ្នឹងពិតមែន។ បន្ទាប់មក គឺមិនអាចខ្វះបានឡើយនូវការលើក និងជម្រុញទឹកចិត្តពីសំណាក់គ្រួសារ។ កត្តាទី៣ គឺសាលារៀន សិស្សច្បង និងសាស្រ្តាចារ្យតាមរយៈការចែករំលែកបទពិសោធន៍របស់ពួកគាត់ និងការស្វែងរកប្រភពឯកសារបន្ថែមទៀត។ ហេលស៍ថាម ៖ តើប្រជាប្រិយភាពរបស់ពិសាលដល់សព្វថ្ងៃនេះ បណ្តាលមកពីកត្តាអ្វីខ្លះ? ពិសាល៖ បើតាមខ្ញុំគិត ចំណុចពិសេសដែលធ្វើឲ្យខ្ញុំមានប្រជាប្រិយភាពទាំងក្នុងចំណោមនិស្សិត សាស្រ្តាចារ្យ និងជាពិសេសអ្នកជំងឺ គឺទេពកោសល្យក្នុងការប្រើប្រាស់វោហាស័ព្ទក្នុងការប្រាស្រ័យទាក់ទងព្រមទាំងសណ្តានចិត្តជួយដល់អ្នកដទៃដោយមិនប្រកាន់ខ្លួន ឬពេលវេលា។ ជាក់ស្តែងណាស់ ក្នុងនាមជាគ្រូពេទ្យម្នាក់ចាំបាច់ត្រូវមានសិល្បៈក្នុងការនិយាយស្តី ដើម្បីធ្វើយ៉ាងណាឲ្យអ្នកជំងឺមានជំនឿជាក់ ក៏ដូចជាទំនុកចិត្តលើខ្លួន។ ការធ្វើការងារស្ម័គ្រចិត្តក្នុងតួនាទីជាពិធីករនៅក្នុងកម្មវិធីធំៗមួយចំនួនទាំងនៅវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាក៏ចូលរួមចំណែកក្នុងការកសាងប្រជាប្រិយភាពផងដែរ ហើយក៏បានស្គាល់ដល់ខាងរាជរដ្ឋាភិបាល ឬទូតផងដែរ។ លើសពីនេះទៅទៀត ខ្ញុំក៏ត្រូវបានគេស្គាល់ច្រើនតាមរយៈការជួយបង្ហោះស្វែងរកជំនួយតាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗ ដើម្បីជួយដល់អ្នកជំងឺដែលជួបប្រទះនឹងបញ្ហាសុខភាពតែគ្មានលទ្ធភាពផងដែរ។ ហេលស៍ថាម៖ តើមានសារអ្វីជូនដល់និស្សិតពេទ្យជំនាន់ក្រោយ ឬអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលដែរឬទេ? ពិសាល៖ សំណូមពរសម្រាប់និស្សិតពេទ្យគ្រប់រូបគឺកុំប្រកាន់ ឬរើសអើងគ្នារវាងសាលា និងសាលាសិស្សច្បង និងសិស្សប្អូនឡើយ មិនថាជានិស្សិតឆ្នាំណា មកពីសាលាណា មានឯកទេស ឬគ្មានឯកទេស គឺសុទ្ធតែអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលដូចគ្នា។ សារជាពិសេសជូនដល់បុគ្គលគ្រប់គ្នាដែលបម្រើការងារក្នុងវិស័យសុខាភិបាល សូមឲ្យប្រើប្រាស់ពាក្យសម្តីក្នុងការនិយាយស្តីប្រកបដោយក្រមសីលធម៌ និងចាត់ទុកអ្នកជំងឺ ដូចជាសមាជិកក្នុងគ្រួសាររបស់ខ្លួន។ ម្យ៉ាងវិញទៀត ក៏គួរតែមានការយោគយល់ចំពោះកម្រិតវប្បធម៌របស់អ្នកជំងឺមួយចំនួន ជាពិសេសអ្នកដែលមកពីជនបទផងដែរ។ រាល់ពេលដែលមានមតិរិះគន់ មិនមែនចេះតែឆ្លើយតបទាំងកំហឹងនោះទេ សំខាន់ត្រូវឆ្លុះបញ្ចាំងមកលើខ្លួនឯងវិញជាមុន ហើយធ្វើការកែប្រែខ្លួន។  

Share

មិនតូចចិត្តនោះទេ ព្រោះជាកាតព្វកិច្ចដែលត្រូវបំពេញ...ដើម្បីរួមចំណែកក្នុងការទ្រទ្រង់វិស័យសុខាភិបាលនៅប្រទេសយើង ទោះបីជាត្រូវលះបង់ពេលវេលាផ្ទាល់ខ្លួនច្រើនក៏ដោយ ជាពិសេសបុណ្យជាតិធំៗដូចជាចូលឆ្នាំខ្មែរអីហ្នឹង... រាល់ឆ្នាំ...ពេលដែលគេគ្រប់គ្នាចាប់ផ្តើមត្រៀមខ្លួនធ្វើដំណើរទៅកាន់ស្រុកកំណើត ខ្ញុំក៏មិនត្រៀមដែរ គឺត្រៀមស្បៀងសម្រាប់ញ៉ាំរយៈពេលប៉ុន្មានថ្ងៃហ្នឹង ព្រោះហាងភាគច្រើនក៏បិទអស់ហើយ...បើមិនត្រៀមទុកមុន អាចប្រឈមនឹងគ្រោះទុរភិក្ស... កន្លែងដែលត្រូវទៅ គឺនៅតែមិនផ្លាស់ប្តូរ...បើទោះជាតាមដងផ្លូវមិនសូវមានមនុស្សម្នាកកកុញដូចរាល់ថ្ងៃក៏ដោយ...ការងារដែលត្រូវបំពេញ ក៏នៅតែដូចដើមដដែលហ្នឹង... សម្រាប់ពួកខ្ញុំ...បានត្រឹមcallទៅសួរសុខទុក្ខអ្នកផ្ទះ បានត្រឹមលឺសំឡេងពួកគេជួបជុំគ្នាយ៉ាងសប្បាយ តែខ្លួនឯងក៏មានអ្នកកំដរដែរ គឺមិត្តរួមការងារ និងអ្នកជំងឺ...សំខាន់ ថ្មីៗនេះ ក៏មានកម្មវិធីផ្សាយផ្ទាល់(live)តាមហ្វេសប៊ុកហ្នឹងទៀត...ពេលទំនេរ ចង់scrollលេងហ្វេសប៊ុកបំបាត់អផ្សុកក៏រឹតតែឈឺចាប់...អ្នកផ្ទះក៏live ទំព័រហ្វេសប៊ុកផ្សេងៗក៏live...គឺថា...សិល្បៈនៃការចែករំលែកពេញទំហឹង... ពេលខ្លះ...ក៏ចង់ជួបជុំជាមួយនឹងសមាជិកគ្រួសារដូចគេដូចឯងដែរ...តែពិតជាមិនអាច... ប៉ុន្តែ...រាល់ពេលដែលនឹកគិតដល់ស្នាមញញឹមរបស់អ្នកជំងឺ ព្រមទាំងសាច់ញាតិរបស់ពួកគេ គឺពិតជាមានកម្លាំងចិត្តខ្លាំងណាស់...Motivation level គឺឡើងស្រឺតៗតែម្តង...អាចជាចំណែកមួយនៃការផ្តល់នូវក្តីសង្ឃឹមឡើងវិញដល់ប្រជាជនកម្ពុជា គឺជាមោទនភាពដែលតែងតែមានរហូតមកទៅហើយ... វេលាតែមួយ អារម្មណ៍ពីរ!!! © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការងារក្នុងមន្ទីរពិសោធន៍មិនមែនជាការងារមួយងាយស្រួលនោះឡើយ ដែលចំណេះដឹងពីសាលារៀនមិនអាចគ្រប់គ្រាន់នោះទេ។  ដើម្បីជាការចែករំលែកនូវបទពិសោធន៍ការងារកន្លងមក ហេលស៍ថាម ក៏បានជួបផ្ទាល់ជាមួយនឹងលោកស្រីឱសថបណ្ឌិតឯកទេសវេជ្ជសាស្រ្ត តោ ពើទី ស្ថាបនិកនៃ«មន្ទីរពិសោធន៍វេជ្ជសាស្រ្តស្តង់ដារអន្តរជាតិ» ដែលបានបន្តការសិក្សានៅរាជធានីភ្នំពេញ និងទទួលបានសញ្ញាបត្រឱសថការីឧត្តមនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មុននឹងបម្រើការងារជាអ្នកគ្រប់គ្រងមន្ទីរពិសោធន៍លោហិតសាស្រ្តគីមីជីវសាស្រ្ត និងអ៊ីមុយណូសេរ៉ូមសាស្រ្ត នៅវិទ្យាស្ថានប៉ាស្ទ័រ។ ក្នុងអំឡុងពេលធ្វើការ លោកស្រីក៏ត្រូវបានលើកទឹកចិត្តឲ្យរៀនបន្តថា្នក់ឯកទេសជីវវេជ្ជសាស្រ្តក្នុងឆ្នាំ 2011 ហើយដល់ឆ្នាំ 2014 ក៏បានជាប់អាហារូបករណ៍ Erasmus Mundus ទៅសិក្សាថ្នាក់អនុបណ្ឌិតរយៈពេល 10  ខែផ្នែកស្រាវជ្រាវលើជំងឺគ្រុនចាញ់នៅក្នុងក្រុងទូឡូស ប្រទេសបារាំង។ លក្ខណៈសម្បត្តិដែល បុគ្គលិកបម្រើការងារក្នុង Lab មួយរូបគួរតែមាន •    ភាពម៉ត់ចត់ក្នុងការងារមានភាពច្បាស់លាស់មានទំនួលខុសត្រូវ និងមាន Master Plan ៖  ការផ្តល់លទ្ធផលវិភាគវេជ្ជសាស្រ្តដែលមានគុណភាពត្រឹមត្រូវ នឹងឆ្លើយតបទៅនឹងស្ថានភាពពិតប្រាកដរបស់អ្នកជំងឺ អាចជួយឲ្យអ្នកជំងឺទទួលបានការព្យាបាល និងថែទាំត្រឹមត្រូវ និងអាចចំណេញពេលវេលា និងថវិកា។ •    មានឆន្ទៈក្នុងការរៀនបន្ថែម ៖ វិទ្យាសាស្រ្តមានការរីកចម្រើន ការស្រាវជ្រាវថ្មីៗមានបន្តជាហូរហែដើម្បីឲ្យការប្រតិបត្តិសព្វថ្ងៃកាន់តែមានប្រសិទ្ធភាព និងមានភាពឆាប់រហ័សជាងមុន។ល។ យើងត្រូវបន្តរៀនសូត្រ និងខិតខំស្វែងយល់អំពីរបកគំហើញថ្មីៗដើម្បីឲ្យមានគំនិតក្នុងការរកមធ្យោបាយអភិវឌ្ឍខ្លួនឯង។ •    ចំណេះដឹងភាសាអង់គ្លេស និងបើអាចភាសាបារាំង ៖ ឯកសារជាច្រើននៅក្នុងវិស័យសុខាភិបាល ឬក៏របកគំហើញថ្មីៗត្រូវបានសរសេរជាភាសាអង់គ្លេស ឬបារាំង ហើយក៏អាចជួយយើងឲ្យមានឱកាសទៅសិក្សានៅក្រៅប្រទេសថែមទៀត។ •    សីលធម៌ និងចេះរក្សាការសម្ងាត់ជូនអ្នកជំងឺ ៖  ត្រូវគិតទៅលើផលប្រយោជន៍របស់អ្នកជំងឺជាធំ និងត្រូវចេះរក្សារាល់ការសម្ងាត់របស់គាត់។ អ្វីគួរត្រៀម សម្រាប់អ្នកដែលចង់បើកដំណើរការ Lab នាពេលអនាគត •    មានគម្រោងអាជីវកម្មមួយច្បាស់លាស់ និងលម្អិត •    ចាប់ដៃគូសហការដែលមានឥទ្ធិពល និងមានចក្ខុវិស័យដូចគ្នា •    មានចំណេះដឹងពិតប្រាកដ និងច្បាស់លាស់។ យើងគួរតែខិតខំសិក្សាបន្ថែមឲ្យបានច្រើនឲ្យទាន់ការវិវឌ្ឍន៍របស់វិទ្យាសាស្រ្តសម័យបច្ចុប្បន្ន។   ភាពលំបាកនៃការចាប់ផ្តើមការងារដំបូងនៅក្នុងមន្ទីរពិសោធន៍ (Lab) •    ការគ្រប់គ្រងបុគ្គលិកត្រូវមើលថារាល់លទ្ធផលវិភាគវេជ្ជសាស្រ្តដែលពួកគេធ្វើត្រូវតែត្រឹមត្រូវ និងមានគុណភាព។ •    ចំណេះដឹងផ្នែកបច្ចេកទេសនៅពេលដែលមានលទ្ធផលវិភាគរបស់អ្នក ជំងឺដែលខុសប្រក្រតីខ្លាំងគឺត្រូវទាក់ទងជាមួយគ្រូពេទ្យព្យាបាល ដើម្បីសួរនាំ និងផ្តល់ជាដំណឹង។ ដើម្បីឲ្យការពិភាក្សាកាន់តែមានប្រសិទ្ធភាព តម្រូវឲ្យមានចំណេះដឹងទូលំទូលាយ និងច្បាស់លាស់។   •    ការរកទីតាំងមួយដែលសមស្របសម្រាប់ប្រកបអាជីវកម្ម ។ •    ផ្តល់សេវាកម្មមួយដែលមានគុណភាពប៉ុន្តែប្រឈមនឹងការកំណត់តម្លៃឲ្យបានសមស្របទៅតាមកម្រិតជីវភាពនៃប្រជាជនខ្មែរយើងភាគច្រើនទាំងនៅក្នុងទីក្រុង និងជនបទ ។ •    ចំនួនបុគ្គលិកមានកំណត់ រីឯការងារដែលត្រូវចាប់ផ្តើមមានច្រើនជាហេតុធ្វើឲ្យការរៀបចំពេល និងរបៀបរៀបរយនៃការធ្វើការងារពុំទាន់បានសុក្រឹតល្អនៅក្នុងដំណាក់កាលដំបូងនេះ។ កត្តាដែលជួយជម្រុញឲ្យបាននូវឱកាសកន្លងមក គឺបណ្តាលមកពីការចាប់យកឱកាសការងារល្អៗដោយហ៊ានសាកល្បងនូវរាល់ការងារនៅចំពោះមុខ។ ពេលដែលយើងទទួលបានការងារនោះហើយ គឺត្រូវពង្រីកចំណេះដឹងឲ្យបានជ្រៅជ្រះ និងមានភាពច្បាស់លាស់ដែលជាកត្តាញ៉ាំងឲ្យអ្នកដែលនៅក្រោមបង្គាប់អាចផ្តល់ទំនុកចិត្តលើយើងបាន  និងត្រូវមានការប្រាស្រ័យទាក់ទងល្អជាមួយអ្នករួមការងារដោយមានទំនួលខុសត្រូវខ្ពស់។ យ៉ាងណាមិញ ក្រុមហ៊ុន ឬ អង្គភាពនីមួយៗ តែងមានចក្ខុវិស័យផ្សេងៗគ្នា ដូចជាវិទ្យាស្ថានប៉ាស្ទ័រមានគោលការណ៍លើកទឹកចិត្តដល់បុគ្គលិកថ្នាក់ខ្ពស់មួយចំនួនឲ្យមានឱកាសសិក្សាបន្ថែម។ ជាឧទាហរណ៍ ជាក់ស្តែង នាងខ្ញុំបានទទួលនូវឱកាសការងារនៅក្នុងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ដែលជាហេតុធើ្វឲ្យខ្ញុំមានឱកាសទទួលបានការបណ្តុះបណ្តាលបន្ថែមជ្រៅជ្រះសមស្របនៅក្នុងការបំពេញការងាររបស់ខ្ញុំ។ សារជូនដល់អ្នកជំនាន់ក្រោយ លោកស្រីឱសថបណ្ឌិតឯកទេសក៏មានជាសារខ្លីផងដែរថា «ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាកត្តាសំខាន់ណាស់ក្នុងនាមជាអ្នកផ្តល់នូវសេវាសុខភាពដល់អ្នកជំងឺ»។ យើងមានតួនាទីផ្តល់នូវលទ្ធផលវិភាគជាក់លាក់ច្បាស់លាស់ ប្រកបដោយគុណភាពឆ្លើយតបទៅនឹងសភាពជំងឺជាក់ស្តែងរបស់គាត់ដូចនឹងពាក្យស្លោករបស់មន្ទីរពិសោធន៍វេជ្ជសាស្រ្តស្តង់ដារអន្តរជាតិ គឺ«ការវិភាគដែលមានគុណភាព លទ្ធផលដែលអ្នកជឿជាក់»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្នកធ្លាប់ស្រមៃចង់ទៅរៀននៅបរទេសដែរឬទេ? មានសិស្សនិស្សិតមិនតិចទេដែលតែងតែសង្ឃឹមថាខ្លួននឹងបានទៅបន្តការសិក្សានៅឯក្រៅប្រទេស ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់អាចសម្រេចក្ដីប្រាថ្នារបស់ខ្លួនបានទៅ?  ក្នុងអត្ថបទខាងក្រោមនេះ ហេលស៍ថាម បានធ្វើកិច្ចសម្ភាសន៍ជាមួយនឹងនិសិ្សតអាហារូបករណ៍ដ៏ឆ្នើមមួយរូបគឺលោក ហេង វិបុល ហើយលោកក៏ជាអតីតសិស្សពូកែមេដាយមាសគណិតវិទ្យា និងទទួលបាននិទ្ទេស A លំដាប់ទី១ផងដែរ។ បើលោកអ្នកចង់ដឹងអំពីការចែករំលែកបទពិសោធន៍នៃការសិក្សាទាំងអស់នេះសូមអានអត្ថបទរបស់យើងខាងក្រោម.... ប្រវត្តិនៃការសិក្សា ជាអតីតសិស្សនៃអនុវិទ្យាល័យចតុមុខ និងបានបន្តទៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅថ្នាក់ទី១០ លោក ហេង វិបុល ក៏បានទទួលមេដាយមាសសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ ថែមទាំងជាសិស្សនិទ្ទេស Aកម្រិតទី១ ក្នុងការប្រលងសញ្ញាបត្រចំណេះដឹងទូទៅទុតិយភូមិផងដែរ។  បន្ទាប់ពីបានបញ្ចប់វិទ្យាល័យ លោកបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យវិទ្យាសាស្រ្ដ សុខាភិបាលតែលោកសិក្សាបានតែរយៈពេល៣ឆ្នាំប៉ុណ្ណោះលោកក៏បានទទួលអាហារូបករណ៍ទៅរៀននៅសហរដ្ឋអាមេរិកផ្នែកគីមីវិទ្យា និងជីវវិទ្យានៃសាកលវិទ្យាល័យ Grambling State University ។  បន្ទាប់ពីសិក្សាអស់រយៈពេល២ឆ្នាំ លោកក៏បានផ្លាស់ប្ដូរទៅសាកលវិទ្យាល័យ Yale University ដោយរៀនមុខវិជ្ជា Molecular Biophysics in Biochemistry ដែលផ្ដោតសំខាន់ទៅលើការសិក្សាពីភាគល្អិតដោយបង្កើតជាទ្រឹស្ដីជីវរូបវិទ្យា និងជីវគីមីវិទ្យា។  ដើម្បីចូលរៀនថ្នាក់វេជ្ជបណ្ឌិតទូទៅ ឬរៀនក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្ដនៅសហរដ្ឋអាមេរិក គេតម្រូវឲ្យនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ដ៤ឆ្នាំជាមុនសិនទើបអាចដាក់ពាក្យចូលរៀនបាន។ ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅទីនោះមានរយៈពេល៤ឆ្នាំដែលមានលក្ខណៈខុសប្លែកពីប្រទេសកម្ពុជា ដោយឡែកចំពោះរូបលោកផ្ទាល់ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោកក៏បានដាក់ពាក្យចូលរៀនថ្នាក់បណ្ឌិតផ្នែកវេជ្ជសាស្រ្ដដែលត្រូវបន្តការសិក្សារហូតទៅដល់៨ឆ្នាំបន្ថែមទៀតដោយសព្វថ្ងៃនេះលោកនៅជានិសិ្សតឆ្នាំទី២នៅឡើយ និងបណ្ឌិតផ្នែកស្រាវជ្រាវប្រសាទសាស្រ្ត(ឆ្នាំ២០១៦)។ គន្លឹះក្នុងការទទួលបានអាហារូបករណ៍ ក្នុងការសិក្សាយើងគួរតែខិតខំសិក្សានៅក្នុងថ្នាក់ឲ្យបានពូកែ និងដើម្បីមានលទ្ធភាពនឹងប្រលងជាសិស្សពូកែដោយបច្ចុប្បន្នមានសិស្សពូកែគណិតវិទ្យា រូបវិទ្យា និងអក្សសាស្រ្ដខ្មែរ ក្រៅពីនោះ ការដែលទទួលបាននិទ្ទេសល្អនៅពេលប្រលងសញ្ញាបត្រទុតិយភូមិក៏ជាគុណសម្បត្តិមួយផងដែរ។  ចំណុចដែលសំខាន់នៅពេលដែលចង់ដាក់ពាក្យទៅសិក្សានៅ ក្រៅប្រទេស គឺយើងត្រូវពង្រឹងផ្នែកភាសាឲ្យបានល្អជាក់ស្ដែងនៅពេលដែលលោកប្រលងយកអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកគឺគេតម្រូវឲ្យធ្វើតេស្ដភាសាអង់គ្លេស SAT ដែលជាតេស្ដភាសាស្តង់ដាអន្តរជាតិដែលមិនត្រឹមតែនិស្សិតបរទេសនោះទេសូម្បីតែសិស្សជនជាតិអាមេរិកផ្ទាល់ដែលបានបញ្ចប់ថ្នាក់វិទ្យាល័យក៏តម្រូវឲ្យឆ្លងកាត់តេស្ដនេះផងដែរ។  ក្រៅពីការសិក្សា យើងក៏គួរតែចូលរួមចំណែកក្នុងការងារសង្គម និងការងារស្ម័គ្រចិត្តមួយចំនួន ដែលវាអាចជួយជម្រុញ ឬបន្ថែមសក្ដានុពលទៅលើប្រវត្តិរូបសង្ខេប(CV)របស់យើង។ វិធីសាស្រ្តក្លាយជាសិស្សពូកែ ពេលរៀនថ្នាក់វិទ្យាល័យក្រៅពីសិក្សានៅសាលារដ្ឋ លោកបានចំណាយពេលទំនេរបស់លោកទៅសិក្សាថ្នាក់ក្រៅម៉ោងបន្ថែមនៅសាលារៀនគួរជ័យថាវី ដោយសារតែលោកជាអតីតសិស្សពូកែគណិតវិទ្យាតាំងពីថ្នាក់ទី៩ដូច្នេះលោករៀនគួរគណិតវិទ្យាបន្ថែមច្រើនដោយខិតខំប្រឹងប្រែងសិក្សាពីលំហាត់ និងស្វែងយល់ពីទ្រឹស្ដីផ្សេងៗដើម្បីពង្រឹងសម្ថភាពទៅប្រលងសិស្សពូកែនៅថ្នាក់ទី១២។  ក្រៅពីនោះ លោកបានជួយក្នុងការងារសង្គមមួយចំនួនដូចជា ចុះជួយធ្វើការងារបរិស្ថាន ជួយបង្រៀនក្មេងកំព្រា និងឆ្លៀតពេលរៀនភាសាបន្ថែម។ ជាក់ស្ដែងសព្វថ្ងៃនេះលោកអាចនិយាយបានរហូតដល់ទៅ៤ភាសាដូចជា ខ្មែរ ចិន បារាំង និងអង់គ្លេស។  ភាពលំបាកក្នុងការសិក្សានៅបរទេស មិនមានអ្វីដែលជាបញ្ហាចោទប៉ុន្មានទេដោយសារតែលោកបានត្រៀមខ្លួនរួចរាល់ហើយក៏មានន័យថាលោកមានសមត្ថភាពគ្រប់គ្រាន់ទៅប្រកួតប្រជែងជាមួយនឹងជាតិសាសន៍គេផងដែរ ប៉ុន្តែដោយសារតែកម្មវិធីសិក្សានៅប្រទេសកម្ពុជាមានកង្វះខាតមួយចំនួនផ្នែកប្រវត្តិសាស្រ្ដអក្សរសិល្ប៍របស់សហរដ្ឋអាមេរិក (History and  Literature) របៀបនៃការសរសេរជាភាសារអង់គ្លេសក៏ មានលក្ខណៈខុសគ្នាមួយចំនួន សូម្បីតែថ្នាក់តន្រី្ដ ឬសិល្បៈក៏តម្រូវឲ្យសិក្សាដែរ។ កង្វះខាតទាំងអស់នេះវាតម្រូវឲ្យលោកត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យការសិក្សារបស់លោកដើរទន្ទឹមនឹងគេព្រោះតែនេះជាចំណេះដឹងទូទៅរបស់សិស្សវិទ្យាល័យនៅឯសហរដ្ឋអាមេរិក។  ចំណុចសំខាន់មួយទៀតដែលកម្មវិធីសិក្សារបស់ជាតិយើងខ្វះខាតនោះ គឺការធ្វើពិសោធន៍ផ្ទាល់ដែលនៅពេលដែលរៀនថ្នាក់វិទ្យាល័យយើងគ្រាន់តែចេះទ្រឹស្ដីដូចជានៅក្នុងមេរៀនរូបវិទ្យា និងគីមីវិទ្យាប៉ុន្តែយើងពុំបានអនុវត្តផ្ទាល់នោះទេ តែផ្ទុយទៅវិញ សាស្រ្ដាចារ្យនៅទីនោះបែរជាយល់ថាយើងមានចំណេះដឹងផ្នែកនេះរួចទៅហើយ ដូច្នេះត្រង់ចំណុចនេះយើងត្រូវតែស្វ័យសិក្សាដោយខ្លួនឯង ឬសុំឲ្យសិស្សច្បងពន្យល់ និងបង្រៀនបន្ថែមដើម្បីតាមឲ្យទាន់កម្មវិធីសិក្សា។ បរិយាកាសសិក្សានៅក្រៅប្រទេស នៅពេលទៅដល់ទីនោះដំបូងនិស្សិតទាំងអស់តម្រូវឲ្យចូលរួមក្នុងវគ្គ International Orientation Program ដែលធ្វើឡើងដើម្បីឲ្យនិស្សិតទាំងអស់ស្គាល់គ្នាទៅវិញទៅមកបង្កើនទំនាក់ទំនងរវាងសិស្សច្បងនិងសិស្សប្អូន និងណែនាំនិស្សិតជំនាន់ថ្មីឲ្យស្គាល់ពីបរិវេណសាលារៀនដូចជាបណ្ណាល័យ អាហារដ្ឋាន ក៏ដូចជាសាលសិក្សាជាដើម។  ក្រៅពីការរៀនហើយ នៅទីនោះយើងត្រូវតែសម្របខ្លួនជាមួយនឹងបរិយាកាសវប្បធម៌ដ៏សម្បូរបែប ការទំនាក់ទំនង និងរបៀបលើកដាក់សម្លេងរបស់ជនជាតិគេដើម្បីសម្រួលក្នុងជីវភាពក៏ដូចជាការចូលក្នុងសង្គមផងដែរ។ ដោយសារតែសាកលវិទ្យាល័យដែលលោកបាន និងកំពុងតែសិក្សាគឺជាសាកលវិទ្យាល័យអន្តរជាតិដែលអាចធ្វើឲ្យលោកស្គាល់ និងយល់ដឹងពីវប្បធម៌បរទេសជាច្រើនដោយពុំមានការរើសអើងគ្នាឡើយហើយក្នុងនោះក្រៅពីការសិក្សាហើយសាកលវិទ្យាល័យក៏បានរៀបចំឲ្យនិស្សិតចូលរួមជាមួយនឹងសមាគម ឬអង្គការនានា និងចូលរួមសកម្មភាពសង្គមទៀតផង។  នៅពេលដែលចូលដល់រដូវវិស្សមកាលម្ដងៗ មាននិស្សិតមួយចំនួនបានចេញទៅរកការងារក្រៅម៉ោងធ្វើចំពោះរូបលោកក៏មិនខុសគ្នាផងដែរដោយរូបលោកព្យាយាមទៅបម្រើការងារជូនមន្ទីរពិសោធន៍នានាក្នុងគោលបំណងងាយនឹងទទួលបានឱកាសណាមួយដាក់ពាក្យចូលរៀនផ្នែកវេជ្ជសាស្ដ្រ។ សារសម្រាប់មិត្តអ្នកអាន ជាចុងក្រោយ លោកក៏មានពាក្យពេចន៍ខ្លះចែកជូនដល់មិត្តអ្នកអានជាពិសេសអ្នកដែលមានបំណងទៅសិក្សានៅប្រទេសក្រៅដែរថា «ជីវភាពដែលរស់នៅក្រៅប្រទេសតែម្នាក់ឯងដំបូង គឺមិនងាយស្រួលនោះឡើយ ដូច្នេះយើងគួរតែមានភាពម្ចាស់ការលើខ្លួនឯងចេះរបៀបរៀបចំគម្រោងផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ រៀនរស់នៅដោយឯករាជ្យ ហើយត្រូវរៀនទម្លាប់ក្នុងការរស់នៅ និងវប្បធម៌របស់គេដែលវាធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការរស់នៅឯបរទេស។» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ដោយបានឆ្លងកាត់នូវបទពិសោធន៍ជាង៦ឆ្នាំនៃផ្នែកគ្រប់គ្រងឱសថស្ថានចំនួនពីរកន្លែងកន្លងមក និងសព្វថ្ងៃជាប្រធានផ្នែកនៃឱសថស្ថាន ឌឺ ហ៊ែល លោក ដាវ សីហា នឹងចែករំលែកនូវបទពិសោធន៍របស់លោកជូនដល់ប្រិយមិត្តអ្នកអាន និងជាពិសេសចំពោះអ្នកដែលមានបំណង ឬតៀមនឹងបើកដំណើរការនូវឱសថស្ថានផ្ទាល់ខ្លួននាពេលអនាគត។ កត្តាដែលត្រូវការជាចាំបាច់ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មផ្នែកឱសថ ដើម្បីចាប់ផ្ដើមនូវអាជីវកម្មផ្នែកឱសថមួយ សំខាន់បំផុតចំពោះអ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មនេះ គឺតម្រូវឲ្យមានការយល់ច្បាស់ពីឱសថ ព្រោះថាឱសថ គឺជាអាវុធមុខពីរដែលអាចព្យាបាលមនុស្ស តែក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។ មិនគួរយកផលប្រយោជន៍បុគ្គលជាធំដោយណែនាំឲ្យអតិថិជនប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា ឬគាត់មិនមែនជាឱសថការី នោះអាជីវកម្មនឹងដំណើរការដោយរលូន។ គោលការណ៍ចម្បងរបស់ឱសថស្ថាន គឺត្រូវយកសុខភាពប្រជាជនជាគោល ដូច្នេះវាជាការលំបាកចំពោះអ្នកដែលមិនបានឆ្លងកាត់ការសិក្សា ឬកង្វះចំណេះដឹងខាងឱសថ។ បើអ្នកចង់ប្រកបរបរនេះអ្នកគួរសួរខ្លួនឯងថាតើអ្នកមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផ្ដល់សេវាកម្មជូនអតិថិជនដោយគោរពតាមគោលការណ៍នៃក្រសួងសុខាភិបាលដែរឬទេ? ភាពខុសគ្នារវាងអាជីវកម្មផ្នែកឱសថ និងអាជីវកម្មធម្មតា គ្រប់អាជីវកម្មសុទ្ធតែមានភាពខុសប្លែកគ្នា ជាក់ស្តែង ចំពោះអាជីវកម្មធម្មតាដែលមិនមានទាក់ទងនឹងសុខភាពមិនមានហានិភ័យខ្ពស់ និងច្បាប់តឹងរឹងដូចឱសថស្ថានឡើយ ព្រោះវាអាចមានការប៉ះពាល់ដល់សុខភាពប្រជាជន។ ឧបសគ្គដែលត្រូវប្រឈម និងវិធីដោះស្រាយ ឧបសគ្គតែងតែមានគ្រាន់តែពេលខ្លះតូច ពេលខ្លះធំ ចំពោះឱសថស្ថានយើងខ្ញុំ បញ្ហា គឺកង្វះទំនុកចិត្តពីអតិថិជនដោយគាត់យល់ឃើញថាភ្នាក់ងាររបស់យើងមិនមែនជាឱសថការី ដូច្នេះនៅពេលដែលយើងណែនាំនូវផលិតផលដែលមានរូបធាតុផ្សំ ឬប្រសិទ្ធភាពដូចទៅនឹងឱសថដែលគាត់ប្រើប្រាស់ ប៉ុន្តែខុសក្រុមហ៊ុនផលិត ឬឈ្មោះដែលដាក់ឲ្យប្រើប្រាស់ក្នុងទីផ្សារនោះ គឺគាត់មិនត្រូវការឡើយ ដោយគាត់ទាមទារឲ្យដូចនឹងវេជ្ជបញ្ជាបេះបិទតែម្ដង។ ដំណោះស្រាយរបស់យើង គឺត្រូវព្យាយាមពន្យល់ឲ្យអតិថិជនបានយល់អំពីប្រសិទ្ធភាពនៃឱសថនោះ។ តម្លៃនៃផលិតផលឱសថ ឱសថដែលមានលក្ខណៈសម្បត្តិល្អ ជាឱសថដែលមានច្បាប់ត្រឹមត្រូវចេញពីក្រសួងសុខាភិបាល ហើយកត្តាសំខាន់ គឺការទុកដាក់ឲ្យបានត្រឹមត្រូវដោយមិនគួរឲ្យត្រូវពន្លឺថ្ងៃខ្លាំងពេក ដែលអាចនាំឲ្យប៉ះពាល់ដល់គុណភាព។ ទាក់ទងនឹងរូបរាងខាងក្រៅ យើងមិនគួរបកសម្បក ឬហែកថង់ចេញឡើយ និងត្រូវរៀបចំទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ដែលនេះជាគោលការណ៍ចម្បងរបស់ឱសថស្ថាន។ សារសម្រាប់មិត្តអ្នកអាន ជាចុងក្រោយ លោកក៏សូមឲ្យប្រិយមិត្តអ្នកអានទាំងអស់ ទាំងអ្នករួមអាជីព និងអ្នកប្រើប្រាស់ ពិនិត្យមើលឱសថឲ្យបានច្បាស់លាស់ ដោយសារតែមូលហេតុដែលបានលើកឡើងខាងលើថា ឱសថប្រៀបបាននឹងអាវុធមុខពីរដែលវាអាចបង្កផលលំបាកទៅថ្ងៃក្រោយប្រសិនបើមិនត្រូវបានប្រើប្រាស់ត្រឹមត្រូវទេនោះ ដូច្នេះអ្នកគួរជ្រើសរើសឱសថណាដែលមានបញ្ជិកាត្រឹមត្រូវ និងលេបថ្នាំទៅតាមការកំណត់របស់គ្រូពេទ្យ។

Share

មាននិស្សិតទន្តសាស្រ្តមិនតិចទេ ដែលមានបំណងបើកនូវគ្លីនិកធ្មេញផ្ទាល់ខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សារួច ដោយសារតែយល់ដឹងពីក្តីប្រាថ្នានេះហើយ ទើបហេលស៍ថាមនាំមកជូនលោកអ្នកនូវគន្លឹះសំខាន់ៗក្នុងការបើកដំណើរការគ្លីនិកធ្មេញ ជាពិសេសក្នុងពេលចាប់ផ្តើមដំបូង តាមរយៈបទសម្ភាសន៍ជាមួយនឹងទន្តបណ្ឌិតវ័យក្មេងរូបសង្ហា  គឺលោក ស៊ឹង គីមសាន ដែលជាស្ថាបនិកនៃ«គ្លីនិកធ្មេញ គីមសាន» ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែឧសភាឆ្នាំ២០១៦។ ហេលស៍ថាម៖ តើប្រតិបត្តិការអាជីវកម្មរបស់ «គ្លីនិកធ្មេញ គីមសាន» មានទស្សនវិស័យបែបណាខ្លះ? ចម្លើយ៖ ក្នុងប្រតិបត្តិការអាជីវកម្មនេះ គ្លីនិករបស់ខ្ញុំមានទស្សនវិស័យដូចជា៖ •          បម្រើសេវាកម្មល្អបំផុតដល់អតិថិជន ទាំងគុណភាព និងអនាម័យ •          ផ្តល់នូវការពេញចិត្ត និងទំនុកចិត្តខ្ពស់ដល់អតិថិជន •          ថែរក្សាសុខភាពមាត់ធ្មេញរបស់អតិថិជនទាំងអស់ឲ្យបានល្អបំផុត •          ផ្តល់ការព្យាបាលដ៏ត្រឹមត្រូវតាមបច្ចេកទេសទន្តសាស្រ្តទំនើប •          ផ្តល់ភាពស្មោះត្រង់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ •          មានទំនួលខុសត្រូវខ្ពស់ក្នុងការងារ។ ហេលស៍ថាម៖ តើការបើកគ្លីនិកធ្មេញមួយចាំបាច់ត្រូវមានការត្រៀមនូវអ្វីខ្លះដែរ? ចម្លើយ៖ ជាការពិតណាស់ មានកត្តាជាច្រើនដែលត្រូវធ្វើការពិចារណាដែលរួមមានដូចជា៖ •          ដើមទុន និងធនធានមនុស្ស •          គំនិតច្នៃប្រឌិតក្នុងការរៀបចំគ្លីនិកផ្ទាល់ •          សិល្បៈក្នុងការទំនាក់ទំនង ទាំងការរាប់អានមិត្តភក្តិ បងប្អូន ទាំងបណ្តាញសង្គម និងការផ្សព្វផ្សាយពាណិជ្ជកម្ម •          ការពង្រឹងសមត្ថភាពខ្លួនឯង ជាពិសេសត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការក្រោកឈរ និងទប់ទល់នៅពេលដែលមានកត្តាប្រឈមទាំងឡាយដែលអាចកើតឡើង។ ហេលស៍ថាម៖ ការបើកដំណើរការដំបូងបែបនេះ ប្រាកដណាស់ គឺត្រូវជួបប្រទះនឹងការលំបាកក្នុងការស្វែងរក និងទាក់ទាញអតិថិជន តើលោកមានវិធីសាស្រ្តបែបណាខ្លះដើម្បីចែករំលែកដែរឬទេ? ចម្លើយ៖ ឧបសគ្គដែលចម្បងនោះគឺ មិនទាន់មានអ្នកស្គាល់គ្លីនិករបស់ខ្ញុំច្រើន។ អ្វីដែលខ្ញុំគួរតែធ្វើនោះគឺ ការផ្សព្វផ្សាយព័ត៌មានអំពីគ្លីនិករបស់ខ្ញុំតាមរយៈបណ្តាញសង្គមជាដើម។ ហេលស៍ថាម៖ គ្លីនិកធ្មេញមួយដែលទទួលបានទំនុកចិត្តពីសំណាក់អតិថិជនគួរមានលក្ខណៈសម្បត្តិបែបណាខ្លះ? ចម្លើយ៖ លក្ខណៈសម្បត្តិដែលគួរមានរួមមានដូចជា ៖ •          គ្រូពេទ្យដែលមានចំណេះដឹងច្បាស់លាស់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន •          មានទំនួលខុសត្រូវខ្ពស់លើការងារ •          បុគ្គលិកទាំងអស់ត្រូវមានភាពរួសរាយរាក់ទាក់ សេវាកម្មល្អ មានការយោគយល់ទៅលើអ្នកជំងឺ •          គោរពពេលវេលារបស់អ្នកជំងឺ ព្រមទាំងមានភាពស្មោះត្រង់ចំពោះអ្នកជំងឺមិនភូតភរ មិនកុហក •          ឲ្យតម្លៃទៅលើអ្នកជំងឺស្មើៗគ្នា ជាពិសេសកន្លែង និងសម្ភារៈប្រើប្រាស់ត្រូវប្រកបដោយអនាម័យខ្ពស់។ ហេលស៍ថាម៖  សម្រាប់និស្សិតទន្តសាស្រ្តដែលមានបំណងបើកគ្លីនិកធ្មេញ នាពេលអនាគត តើពួកគេគួរតែត្រៀមខ្លួនបែបណាខ្លះ? ចម្លើយ៖ និស្សិតទន្តសាស្រ្តគួរតែបម្រើការក្នុងគ្លីនិករបស់អ្នកដទៃឲ្យបានរយៈពេលពី ២ទៅ៣ឆ្នាំយ៉ាងតិច មុននឹងចាប់ផ្តើមគ្លីនិកខ្លួនឯង ដើម្បីទទួលបានឱកាសក្នុងការរៀនអំពី៖ •          ការងារគ្លីនិកបានមួយកម្រិតទៀត •          វិធីដោះស្រាយបញ្ហាបានច្រើន និងរហ័សជាងមុន នៅពេលការងាររបស់គាត់ជួបបញ្ហា •          របៀបធ្វើការងារជាក្រុម ការយោគយល់ ការពិភាក្សា និងស្វែងរកដំណោះស្រាយ •          របៀបធ្វើអាជីវកម្ម និងការទំនាក់ទំនងជាមួយអតិថិជន •          ការគ្រប់គ្រងគ្លីនិកនិងបុគ្គលិក។ ទោះបីជាយើងចាប់ផ្តើមអាជីវកម្មដំបូង ដោយគ្មានបុគ្គលិកក៏ដោយ ប៉ុន្តែអ្នកធ្វើជំនួញទាំងអស់គឺសុទ្ធតែមានទស្សនវិស័យវែងឆ្ងាយ។ ដូច្នេះចំណុចទាំងអស់នេះដើរតួយ៉ាងសំខាន់ នៅពេលដែលយើងធ្វើអាជីវកម្មដោយខ្លួនឯង។ ហេលស៍ថាម៖ ជាចុងក្រោយ តើលោកមានពាក្យពេចន៍អ្វីខ្លះចែកជូនដល់មិត្តអ្នកអាន ជាពិសេសអនាគតម្ចាស់គ្លីនិកធ្មេញជំនាន់ក្រោយឬទេ? ចម្លើយ៖ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់មិត្តអ្នកអានទាំងអស់ដែលបានចំណាយពេលអានអត្ថបទរបស់ខ្ញុំ និងសូមដាស់តឿនដល់ប្អូនៗទន្តនិស្សិតទាំងអស់ ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន ទាំងជំនាញ និងភាសា ហើយកុំចំណាយពេលវេលាទៅលើអ្វីដែលអត់ប្រយោជន៍។ ក្នុងពេលទំនេរ ត្រូវចំណាយពេលអានសៀវភៅ ស្វែងយល់ពីការងារគ្លីនិកតាមរយៈ You Tube និងការចុះកម្មសិក្សាផ្ទាល់ឲ្យបានច្រើន។ ប្រសិនបើចង់បើកគ្លីនិកខ្លួនឯង ត្រូវតែប្រឹងប្រែងអនុវត្តជំនាញគ្លីនិកឲ្យបានច្រើន ដើម្បីជាទុនក្នុងការដោះស្រាយបញ្ហាដែលកើតឡើង ព្រមទាំងធ្វើការ រៀនសូត្រពីគ្លីនិកដទៃទៀត ដើម្បីបានជាបទពិសោធន៍សម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួន។ ប្រសិនបើអាច គួរតែចូលឲ្យជិតជាមួយនឹងមិត្តភក្តិ និងបងប្អូនដែលជាអ្នកជំនួញឬអាជីវករ ដើម្បីរៀនសូត្រពីល្បិច និងគន្លឹះ ដើម្បីធ្វើអាជីវកម្មឲ្យបានជោគជ័យ ហើយព្យាយាមបង្កើនទំនាក់ទំនងជាមួយមិត្តភក្តិ និងអ្នកនៅជុំវិញខ្លួនឲ្យបានកាន់តែច្រើន និងប្រសើរជាងមុន។ និយាយរួម គឺត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហា ដែលប្រឈមទាំងឡាយក្នុងការបើកគ្លីនិកធ្មេញ ក៏ដូចជាការប្រកួតប្រជែង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នាងខ្ញុំឈ្មោះ ម៉ម គឹមអេង ជានិស្សិតឯកទេសសោភ័ណសល្យសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ដោយសារនាងខ្ញុំស្ថិតក្នុងគ្រួសារដែលមានជីវភាពមធ្យម ដូចនេះ ការទទួលបានអាហារូបករណ៍ឥតបង់ថៃ្ល ជាឱកាសមួយធ្វើឲ្យនាងខ្ញុំអាចចូលសិក្សាក្នុងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបាន។ មួយវិញទៀត ដោយក្តីស្រឡាញ់តាំងពីកេ្មង ព្រមទាំងមានការលើកទឹកចិត្តពីក្រុមគ្រួសារ នាងខ្ញុំក៏សម្រេចចិត្តជ្រើសរើសមុខវិជ្ជាវេជ្ជសាស្រ្តនេះតែម្តង។ ជាទូទៅ បន្ទាប់ពីការសិក្សា អស់រយ:ពេល៦ឆ្នាំ បញ្ចប់បរិញ្ញាបត្រវេជ្ជសាស្រ្ត និសិ្សតទាំងអស់មានផ្លូវពីរដែលត្រូវជ្រើសរើសទីមួយ គឺបន្ត២ឆ្នាំទៀត ដើម្បីក្លាយជាវេជ្ជបណ្ឌិតទូទៅ និងទីពីរ គឺប្រឡងប្រជែងជាមួយនិសិ្សតដទៃទៀតដើម្បីបានចូលរៀនថ្នាក់ជំនាញឯកទេសរយ:ពេល៤ឆ្នាំ ។ ទាក់ទងនឹងជំនាញឯកទេសសោភ័ណសល្យសាស្រ្ត (វះកាត់កែលម្អ) Plastic surgery មានមនុស្សជាច្រើនយល់ច្រឡំថា វាគ្រាន់តែជាការវះកាត់កែសម្ផស្សតែប៉ុណ្ណោះ។ ប៉ុន្តែតាមពិតទៅ Plastic surgery នេះ ចូលរួមចំណែកយ៉ាងធំដូចជា ភាពមិនគ្រប់លក្ខណ:ពីកំណើតនៅលើមុខ មាត់ ឬក្រអូមមាត់ឆែប ពិការភាពអវ:យវ: គ្រោះថ្នាក់ដែលធ្វើឲ្យមានភាពមិនប្រក្រតី ឬរលាកលើរូបរាងកាយ និងរួមចំណែកជាមួយនឹងការវះកាត់ដុំមហារីកផងដែរ។ នាងខ្ញុំសម្រេចចិត្តជ្រើសរើសជំនាញនេះ ដោយសារវាជាការវះកាត់ដែលប្រើបច្ចេកទេស និងប្រើកម្លាំងស្រាល ដែលនាងខ្ញុំអាចធ្វើបាន។ ម៉្យាងទៀត នាងខ្ញុំស្រលាញ់ជំនាញមួយនេះតាំងពីឆ្នាំទី៤ដែលជាឆ្នាំដំបូងនៃការចុះកម្មសិក្សានៅឯមន្ទីរពេទ្យមកម៉្លេះ។ ការសិក្សាផ្នែកនេះ មានការលំបាកច្រើនដូចនិស្សិតឯកទេសដទៃទៀតដែរ ទាំងការយាម ការឈរវះកាត់រយ:ពេលយូរ ព្រមទាំងប្រឈមនឹងការឆ្លងរោគកម្រិតខ្ពស់។ បញ្ហាមួយទៀត គឺការចំណាយ ព្រោះថ្នាក់ឯកទេសមិនមានការផ្តល់អាហារូបករណ៍ទៀតនោះទេ ដូច្នេះ ការសិក្សារយៈពេលយូរ និស្សិតត្រូវការថវិកាបង់ថៃ្លសិក្សា រួមទាំងការចាយវាយផេ្សងៗទៀតច្រើន។ ការសិក្សាផ្នែកវះកាត់កែលំអនេះ បែងចែកជាពីរដំណាក់កាលគឺ ក្នុងរយៈពេល២ឆ្នាំដំបូង និស្សិតត្រូវធ្វើកម្មសិក្សាវះកាត់ទូទៅ និង២ឆ្នាំបន្ទាប់គឺ ធ្វើកម្មសិក្សាវះកាត់ឯកទេស។ ទោះជាជួបព្យុះភ្លៀងយ៉ាងណាក៏ដោយ នាងខ្ញុំមិនដែលគិតថានឹងបោះបង់វានោះទេ ព្រោះនាងខ្ញុំតែងតែទទួលបានការលើកទឹកចិត្តពីមនុស្សជាទីស្រឡាញ់របស់ខ្ញុំ ក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ និងមិត្តភក្តិជានិច្ច។ ជាការពិត​ ជំនាញនេះជាជំនាញដែលខ្ញុំស្រលាញ់ ហើយខ្ញុំអាចជាសមាជិកម្នាក់គត់ ដែលជាទីពំនាក់ពេលក្រុមគ្រួសារ ឬបងប្អូនឈឺ។ ដើម្បីចូលរួមជួយដល់កិច្ចការសង្គម ក្រៅពីការសិក្សានៅសាលា នាងខ្ញុំមានតែកម្លាំងកាយ ចិត្ត និងជំនាញ ចុះជួយវះកាត់ព្យាបាលដល់ប្រជាជននៅតាមខេត្ត ដោយឥតគិតថ្លៃ និងស្វែងរកថវិកាពីសប្បុរសជន ដើម្បីជួយអ្នកជំងឺក្រីក្រ។ សម្រាប់គម្រោងនាថៃ្ងអនាគត នាងខ្ញុំមានបំណងចង់បើកគ្លីនិកផ្ទាល់ខ្លួន ដើម្បីជីវភាពគ្រួសារ និងប្រសិនបើមានលទ្ធភាព ខ្ញុំចង់បង្កើតជាអង្គការចាស់ជរាមួយ ព្រោះថាសព្វថៃ្ងនេះមានតែអង្គការកុមារកំព្រា និងមន្ទីរពេទ្យប៉ុណ្ណោះដែលព្យាបាលមិនគិតថ្លៃសម្រាប់អ្នកជំងឺក្រីក្រ។ ជាចុងក្រោយ នាងខ្ញុំសូមផ្តាំផ្ញើទៅកាន់ប្អូនៗជំនាន់ក្រោយថា «ប្អូនគួរតែសម្រេចចិត្តជ្រើសរើសនូវអ្វីដែលខ្លួនស្រឡាញ់ ហើយជាអ្វីដែលប្អូនអាចធ្វើបាន ព្រោះថាប្អូនត្រូវប្រកបរបរនេះអស់មួយជីវិត។ រីឯការរៀនភាសាបន្ថែម ទាំងភាសាអង់គេ្លស និងភាសាបារាំង សុទ្ធតែចាំបាច់សម្រាប់ការសិក្សាស្រាវជ្រាវ ក៏ដូចជាដើម្បីសិក្សាបន្តនៅក្រៅប្រទេសនានាផងដែរ។ មិនតែប៉ុណ្ណោះ ត្រូវមានការអត់ធ្មត់ តស៊ូ និងលះបង់ប្រកបដោយសីលធម៌​ទើបយើងអាចឆ្លងរួចនូវការលំបាកទាំងនេះបាន។» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មិនមែនជារឿងងាយទេ ដែលនិស្សិតពេទ្យមួយរូបមានកាលវិភាគសិក្សារវល់ ដែលត្រូវធ្វើការងារផង តែនៅតែអាចរៀនពូកែទៀត។ និស្សិតពេទ្យភាគច្រើនប្រាកដជាចង់ឲ្យលទ្ធផលនៃការសិក្សារបស់ខ្លួនបានជោគជ័យ បើទោះជាមានកាលវិភាគមិនសូវជាទំនេរក៏ដោយ។ ហេតុនេះហើយ ដើម្បីជាគន្លឹះសម្រាប់ចែកជូនមិត្តនិស្សិត ហេលស៍ថាម ក៏បានធ្វើបទសម្ភាសន៍ជាមួយនឹងយុវនិស្សិតស្រីវ័យក្មេងស្អាត  ឆ្លាតហើយថែមទាំងពូកែ ដែលតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវសម្តីខ្លី តែមានន័យជ្រៅថា «Little Girl, Big Dream» គឺ កញ្ញា វុឌ្ឍី រ័ត្នវីរីយ៉ា។  ខ្លះៗពីវីរីយ៉ា ជាមួយនឹងក្តីប្រាថ្នាក្លាយជាវេជ្ជបណ្ឌិតតាំងពីតូច ដើម្បីជួយសង្រ្គោះជីវិតមនុស្ស ព្រមទាំងមានសុខភាពល្អ និងមានរាងកាយរឹងមាំរួចផុតពីជំងឺផ្សេងៗ និងដោយសារតែមានលោកឳពុកជាវេជ្ជបណ្ឌិតមួយរូបស្រាប់ ហេតុនេះហើយកញ្ញាមានការស៊ាំទៅនឹងការរស់នៅក្នុងមជ្ឈដ្ឋាននេះ  ដោយសព្វថ្ងៃនេះ កញ្ញាជានិស្សិតផ្នែកវេជ្ជសាស្រ្តនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP) និងបម្រើការងារក្រៅម៉ោងនៅគ្លីនិកស្បែកប៊ីស៊ី (BC Skin Clinic) ជាជំនួយការគ្រូពេទ្យផ្ទាល់រយៈពេល៣ឆ្នាំមកហើយ។ មូលហេតុនៃការសម្រេចចិត្តចូលសិក្សានៅUP ជានិស្សិតពូកែ និងគម្រូមួយរូបរបស់ UP  វីរីយ៉ាក៏បានបង្ហើបប្រាប់ដល់ហេលស៍ថាមផងដែរ អំពីមូលហេតុដែលកញ្ញាជ្រើសរើស UP ជាសាលាដែលកញ្ញាចូលសិក្សាក្នុងនោះរួមមានដូចជា  ប្រព័ន្ធសិក្សាដែលប្រើប្រាស់ភាសាអង់គ្លេសជាគោលដែលជួយសម្រួលដល់និស្សិតដែលមានបំណងសិក្សាផ្នែកវេជ្ជសាស្រ្ត ហើយមានចំណេះតែភាសាអង់គ្លេស។ ហេតុផលចម្បងមួយទៀត គឺ ដំណើរការដោយមានគោលការណ៍ច្បាស់លាស់ និងមានគម្រោងល្អៗជាច្រើនក្នុងការជម្រុញនិស្សិតឲ្យទទួលបានចំណេះដឹង និងសមត្ថភាពពិតប្រាកដដែលនឹងអាចយកទៅប្រើប្រាស់បានយ៉ាងជាក់លាក់។ ទន្ទឹមនឹងគ្នានេះដែរ UP ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋ ជាពិសេសក្រសួងសុខាភិបាល និងសាកលវិទ្យាល័យ ព្រមទាំងមន្ទីរពេទ្យនានា។ ក្រៅពីស្ថាប័នជាតិ  UP ក៏មានកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នអន្តរជាតិនៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។ គន្លឹះនៃការសិក្សាមុខវិជ្ជាពេទ្យ ចំពោះការយល់ឃើញរបស់យុវតីក្នុងវ័យ២១ឆ្នាំដ៏មានប្រជាប្រិយភាព និងរូបសម្ផស្សស្រស់សោភាជាទីចាប់អារម្មណ៍របស់អ្នកគ្រប់គ្នារូបនេះ ក៏បានប្រាប់ថាការសិក្សាមុខវិជ្ជាអ្វីក៏មានភាពលំបាកដែរ មិនថាតែមុខវិជ្ជាពេទ្យដែលខ្លួនកំពុងសិក្សានោះឡើយ។ យ៉ាងណាមិញ ការសិក្សាផ្នែកវេជ្ជសាស្រ្តនេះ គឺប្រាកដណាស់មានភាពលំបាកដូចដែលគ្រប់គ្នានិយាយមែន។ ជាក់ស្តែង ចំនួនមេរៀនដែលត្រូវសិក្សាមានច្រើន។  កញ្ញាក៏បានលើកឡើងផងដែរថា ការសិក្សាផ្នែកនេះទាមទារឲ្យប្រើប្រាស់នូវការស្រមៃច្រើនបន្តិច ព្រោះពេលដែលទើបចូលរៀនដំបូង គឺនិស្សិតត្រូវនៅតែសាលារៀនដោយមិនទាន់មានឱកាសទៅមន្ទីរពេទ្យនោះទេ ហេតុនេះហើយ រាល់ពេលដែលសាស្រ្តាចារ្យនិយាយ ឬណែនាំអំពីជំងឺអ្វីមួយ  និស្សិតចាំបាច់ស្រមៃមើលថាតើក្នុងករណីដែលមានជំងឺនោះកើតមានមែន តើមានទិដ្ឋភាពបែបណាខ្លះ? កញ្ញាក៏បន្ថែមទៀតថា របស់ខ្លះមិនអាចមើលឃើញដោយភ្នែកទទេនោះទេ ដែលជាការចាំបាច់ក៏ទាមទារនូវការស្រមៃដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ និស្សិតគ្រប់រូបត្រូវមានការស្វែងយល់ពីមេរៀនឲ្យបានច្បាស់ ដោយមិនពឹងផ្អែកតែលើការទន្ទេញទាំងស្រុងនោះឡើយ ព្រោះថាការទន្ទេញនឹងមិនជួយឲ្យមានការចងចាំបានយូរនោះទេ។ អ្វីដែលមិនអាចខ្វះបាននោះ គឺ ការព្យាយាមស្រាវជ្រាវបន្ត ដើម្បីធ្វើការតាមដាននូវការវិវឌ្ឍថ្មីនៃផ្នែកវិទ្យាសាស្រ្ត តាមរយៈការអាននូវឯកសារ ឬប្រភពព័ត៌មានផ្សេងៗដែលមាននៅក្នុងសៀវភៅ ឬប្រព័ន្ធអ៊ីនធឺណែតឲ្យបានច្រើន។  ជាការពិតណាស់ ពេលដែលរៀននៅសាលា កម្រិតនៃការយល់ដឹងអាចនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ហេតុនេះហើយ និស្សិតគួរណាស់តែអាន និងស្រាវជ្រាវបន្ថែមទៀតពេលដែលទៅដល់ផ្ទះ។ ប្រសិនបើនៅតែមិនទាន់សូវច្បាស់ទៀត ការពិភាក្សាជាមួយនឹងមិត្តភក្តិជាជម្រើសមួយដ៏ប្រសើរ ព្រោះថាបុគ្គលម្នាក់ៗមិនអាចចេះ ឬយល់ដឹងគ្រប់ដប់នោះទេ ប៉ុន្តែការពិភាក្សាបំពេញនូវចន្លោះគ្នាបែបនេះ នឹងជួយយ៉ាងហោចណាស់ក៏បានខ្លះៗដែរ។ គន្លឹះសាមញ្ញ តែប្រកបដោយប្រសិទ្ធភាពមួយទៀត គឺ ការត្រងត្រាប់ស្តាប់នូវការពន្យល់របស់សាស្រ្តាចារ្យឲ្យបានច្បាស់លាស់ ហើយមិនត្រូវរួញរាក្នុងការសាកសួរ រាល់ពេលដែលមានចម្ងល់ផ្សេងៗ។ និយាយដល់ត្រង់ចំណុចនេះ យុវតីវ័យក្មេងរូបសម្រស់ស្រស់សោភារូបនេះ ក៏បានលើកឡើងផងដែរថា  កញ្ញាមានការអរគុណចំពោះការផ្តល់នូវឱកាសដ៏ពិសេសរបស់ UP ដែលអាចឲ្យនិស្សិតធ្វើការសាកសួរ ក៏ដូចជាពិភាក្សាជាមួយនឹងសាស្រ្តាចារ្យ ដើម្បីដោះស្រាយនូវរាល់ចម្ងល់ ឬបញ្ហាផ្សេងៗ។ ឱកាសពិសេសផ្តល់ជូនដោយUP UP បានផ្តល់នូវលក្ខណៈងាយស្រួល ក៏ដូចជាសម្រួលដល់ការសិក្សារបស់និស្សិតផ្នែកវេជ្ជសាស្រ្តជាច្រើន។ជាក់ស្តែងសាស្រ្តាចារ្យ ដែលបម្រើការងារនៅ UP  សុទ្ធតែមានទឹកចិត្តទូលាយ និងតែងតែបង្កើតនូវភាពស្និទ្ធស្នាលនិស្សិតគ្រប់រូបដោយមិនប្រកាន់ខ្លួន ដែលជាឱកាសដ៏ល្អសម្រាប់ដល់និស្សិតធ្វើការពិភាក្សា ឬបញ្ចេញមតិយោបល់របស់ខ្លួនទាក់ទិននឹងមេរៀនដែលខ្លួនបានសិក្សា។ មិនត្រឹមតែសាស្រ្តាចារ្យនោះទេ បុគ្គលិកបម្រើការងារផ្នែកដទៃទៀត ក៏តែងតែរួសរាយរាក់ទាក់ជាមួយនឹងនិស្សិត ដែលជាហេតុជួយសម្រួលឲ្យទំនាក់ទំនងរវាងនិស្សិត និងសាលាមានភាពរលូន។  ស្របពេលជាមួយគ្នានេះផងដែរ UP តែងតែផ្តល់នូវឱកាសជូនដល់និស្សិតក្នុងការបញ្ចេញសមត្ថភាពផ្ទាល់ខ្លួនមិនថាតែនៅក្នុងថ្នាក់រៀន សាលា ឬនៅក្រៅប្រទេសនោះឡើយ។ ជាក់ស្តែង វីរីយ៉ា ផ្ទាល់ក៏ធ្លាប់បានចុះកម្មសិក្សា និងធ្វើបទបង្ហាញជាលក្ខណៈអន្តរជាតិអំពីវិស័យសុខាភិបាល នៅឯប្រទេសសិង្ហបុរីជាមួយនឹងនិស្សិត UP ចំនួន៤រូបទៀត ក្រោមការអញ្ជើញពីសំណាក់ សាកលវិទ្យាល័យមួយឈានមុខគេនៅអាស៊ី គឺ National University of Singapore (NUS) ។   អំពីសកម្មភាពក្រៅម៉ោងសិក្សានៅសាលា ចំពោះនិស្សិតវិស័យវិទ្យាសាស្រ្តសុខាភិបាល ចាំបាច់ណាស់ត្រូវឆ្លងកាត់នូវការចុះកម្មសិក្សានៅតាមស្ថាប័នផ្សេងៗទៅតាមជំនាញ ក៏ដូចជាមុខវិជ្ជាដែលខ្លួនសិក្សា។ ជាក់ស្តែង គ្លីនិកស្បែក និងឡាស៊ែBC តែងតែផ្តល់ឱកាសជានិច្ចចំពោះនិស្សិតឆ្នាំទី៥ ឬ៦ ដែលអាចឲ្យពួកគេធ្វើការហ្វឹកហាត់ខ្លួនឯងឲ្យស៊ាំនឹងបរិយាកាសការងារក្នុងការអនុវត្តផ្ទាល់ ព្រមទាំងអាចទទួលបាននូវថវិកាខ្លះផងដែរ។ ការចុះហ្វឹកហាត់ការងារបែបនេះពិតជាផ្តល់នូវអត្ថប្រយោជន៍ច្រើនណាស់ដល់និស្សិត ដែលរួមមាន បទពិសោធន៍ពិតៗក្នុងការធ្វើការងារជាមួយនឹងអ្នកជំងឺ ដែលជាលទ្ធផល គឺនិស្សិតមិនមានការភ័យខ្លាចពេលដែលចុះបំពេញការងារ ក៏ដូចជាជួបអ្នកជំងឺ។ សម្រាប់វីរីយ៉ាផ្ទាល់ ពេលម៉ោងទំនេរពីការសិក្សា កញ្ញាតែងតែធ្វើការងារនៅគ្លីនិក ដើម្បីទទួលបានចំណេះបន្ថែមពីលើទ្រឹស្តីដែលបានសិក្សាពីក្នុងថ្នាក់។ ក្រៅពីនេះ  កញ្ញាក៏ប្រាប់ដល់ហេលស៍ថាមផងដែរថា កញ្ញាក៏បានចូលរួមក្នុងការងារសង្គមដោយធ្វើការចុះទៅតាមសហគមន៍ផ្សេងៗ  និងការងារស្ម័គ្រចិត្តដោយធ្វើការពិនិត្យជំងឺជូនដល់ប្រជាជនដោយឥតគិតថ្លៃ តាមរយៈអង្គការ ឬគម្រោងជាតិ និងអន្តរជាតិមួយចំនួន។ ទន្ទឹមនឹងគ្នានេះ យុវតីរាងស្រលូនគួរឲ្យស្រលាញ់ក៏ឆ្លៀតធ្វើលំហាត់ប្រាណ ហើយកីឡាដែលកញ្ញាចូលចិត្តជាងគេ គឺកីឡាហែលទឹក ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។ កត្តានាំឲ្យការសិក្សាបានជោគជ័យ ចំពោះកញ្ញាផ្ទាល់ កត្តាដែលជម្រុញឲ្យការសិក្សារបស់និស្សិតពេទ្យទទួលបានជោគជ័យ គឺនិស្សិតគោរពតាម និងអនុវត្តតាមគុណតម្លៃទាំង៣របស់UP «គោរពខ្លួនឯង គោរពអ្នកដទៃ អភិវឌ្ឍសង្គម» ដែលការគោរពខ្លួនឯង គឺត្រូវខិតខំស្រាវជ្រាវ ឬរៀនបន្ថែមដោយខ្លួនឯង ហើយគោរពពេលវេលា និងពាក្យសន្យាដែលខ្លួនបាននិយាយ។ ចំណែកឯការគោរពអ្នកដទៃវិញ  គឺការឲ្យតម្លៃទៅលើពួកគេ តាមរយៈការផ្តល់សិទ្ធិ និងធ្វើការចែករំលែកជូនដល់គាត់។ កញ្ញាក៏បានបន្ថែមទៀតដែរថា «ដើម្បីក្លាយជាគ្រូពេទ្យល្អម្នាក់មិនមែនត្រឹមតែរៀនពូកែ ចេះខ្លាំងហើយអាចព្យាបាលគេជានោះទេ សំខាន់ គឺត្រូវមានឆន្ទៈមួយដែលមិនគិតលុយជាធំ។» គោលបំណងទៅថ្ងៃអនាគត ពេលដែលហេលស៍ថាម ធ្វើការសាកសួរអំពីគោលបំណងនៃថ្ងៃអនាគតវិញកញ្ញាក៏ផ្តើមបញ្ចេញនូវស្នាមញញឹមដ៏ស្រស់ មុននឹងផ្តល់នូវចម្លើយថា ក្នុងនាមជានិស្សិតផ្នែកវេជ្ជសាស្រ្តមួយរូប មុខរបរនាពេលអនាគត គឺគ្មានអ្វីក្រៅពីក្លាយខ្លួនជាវេជ្ជបណ្ឌិតមួយរូបនោះឡើយ។ ប៉ុន្តែ វីរីយ៉ា មិនត្រឹមតែចង់ធ្វើជាវេជ្ជបណ្ឌិតសាមញ្ញមួយរូបនោះទេ គឺ កញ្ញាប្រាថ្នាចង់ក្លាយជាបុគ្គលមួយរូបដ៏សំខាន់ និងសកម្មនៅក្នុងសង្គម ដើម្បីចូលរួមអភិវឌ្ឍ ក៏ដូចជាជួយស្តារនូវវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។  បន្ថែមពីលើនេះ យុវតីក្មេងវ័យ តែចិត្តគំនិតគួរឲ្យស្ញប់ស្ញែងរូបនេះ ក៏មានបំណងបង្កើតនូវមូលនិធិ និងមន្ទីរពេទ្យដែលអាចជួយអ្នកជំងឺក្រីក្រដោយឥតគិតថ្លៃព្រមទាំងឧបត្ថម្ភនូវគ្រឿងបរិក្ខារពេទ្យជូនដល់មន្ទីរពេទ្យផ្សេងៗទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីធានាឲ្យបាននូវការទទួលបានសេវាព្យាបាល និងថែទាំសុខភាពជូនដល់ប្រជាជនកម្ពុជា ឲ្យដូចជាប្រជាជននៃជាតិសាសន៍ដទៃទៀត។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើមានឱកាស កញ្ញាក៏ចង់បម្រើការងារជាសាស្រ្តាចារ្យមួយរូប ដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងនានាដែលខ្លួនមានទៅកាន់និស្សិតជំនាន់ក្រោយផងដែរ។  សារជូនដល់និស្សិតពេទ្យ «ត្រូវស្រលាញ់អ្វីដែលយើងធ្វើ មិនថាខ្លួនឯងកំពុងសិក្សា ឬធ្វើការងារអ្វីនោះទេចាំបាច់ណាស់ត្រូវមានចិត្តស្រលាញ់ និងឲ្យតម្លៃទៅលើវា។ ម្យ៉ាងទៀត ត្រូវតែគោរពអ្នកដទៃដោយមិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនតែមួយមុខ។ អ្វីដែលមិនអាចភ្លេចបានទៀតនោះ គឺការតស៊ូប្រឹងប្រែងរៀនសូត្រ ដោយកុំចុះចាញ់បើទោះជាពិបាកយល់ ឬពិបាកចាំ ព្រោះថាមនុស្សគ្រប់គ្នាមិនអាចចាំបានទំាងអស់នោះទេ គឺត្រូវព្យាយាមមើលម្តងហើយម្តងទៀត ដោយមានភាពក្លាហានក្នុងការសួរ និងឆ្លើយរាល់ពេលដែលមានចម្ងល់។ ជាចុងក្រោយ ក៏សូមអរគុណគ្រប់គ្នាដែលតែងតែស្រលាញ់រាប់អាននាងខ្ញុំរហូតមក។» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top