Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សមាគមគ្រូពេទ្យបេះដូងអាស៊ាន (ASEAN FEDERATION OF CARDIOLOGY ឬ AFC) បានបង្កើតឡើងក្នុងឆ្នាំ១៩៧៣ ផ្តួចផ្តើមឡើងដោយ សមាគមគ្រូពេទ្យបេះដូងចំនួន៥ប្រទេសគឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភីលីពីន សិង្ហបុរី និងថៃ។ AFCគឺជាសមាគមរួមមួយដែលមិនមានពាក់ព័ន្ធនឹងនយោបាយរបស់ប្រទេស ដើម្បីលើកកម្ពស់ការអនុវត្ត និងចំណេះដឹងផ្នែកជំងឺបេះដូង ក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ ក្នុងខែតុលា ឆ្នាំ១៩៧៥ កិច្ចប្រជុំលើកទី១ របស់សមាគមគ្រូពេទ្យបេះដូងអាស៊ាន ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ដោយមានវត្តមានចូលរួមពីអ្នកតំណាងនៃប្រទេសទាំង៥។ សមាគមនេះ ក៏បានកំណត់រៀបចំសមាជរបស់ ខ្លួនរៀងរាល់២ឆ្នាំម្តង ហើយបានធ្វើការប្តូរវេនម្ចាស់ផ្ទះរៀបចំសមាជនេះម្តងម្នាក់។ ម្ចាស់ផ្ទះនោះក៏ក្លាយជាប្រធានរបស់សមាគមគ្រូពេទ្យបេះដូងអាស៊ីក្នុងអាណត្តិដែលខ្លួនធ្វើជាអ្នករៀបចំសមាជ។ ក្រោយមក សមាគមនេះក៏បានទទួលនូវសមាជិក ថ្មីជាបន្តបន្ទាប់ដូចជា ប្រទេសវៀតណាម(២០០៦) ប្រទេសឡាវ និងមីយ៉ាន់ម៉ា(២០០៧) ប្រទេសព្រុយនេ(២០១៤)។ ដោយឡែក ចាប់ពីឆ្នាំ២០១៤មក សមាគមគ្រូពេទ្យបេះដូងកម្ពុជាយើងបានចូល រួមយ៉ាងសកម្មក្នុងសកម្មភាពរបស់AFC ដោយស្មើមុខមាត់ក្នុងនាមជាសមាជិកពេញសិទ្ធ។ ជាក់ស្តែង ដើម្បីអាចដាក់ពាក្យចូលជាសមាជិកសហភាតរៈគ្រូពេទ្យបេះដូងអាស៊ាន(Fellow of ASEAN Ccllege of Cardiology ឬ FAsCC) បានគ្រូពេទ្យឯកទេសបេះដូងទាំងអស់តម្រូវឲ្យមានលក្ខខណ្ឌដូចខាងក្រោម៖ •ជាគ្រូពេទ្យឯកទេសបេះដូងមានសញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលនៃប្រទេសរបស់ខ្លួន •មានបទពិសោធន៍យ៉ាងតិច ៥ឆ្នាំ •ជាសមាជិកសកម្មរបស់សមាគមគ្រូពេទ្យបេះដូងនៃប្រទេសរបស់ខ្លួន •ត្រូវធ្វើការសិក្សាស្រាវជ្រាវសរសេរអត្ថបទចុះផ្សាយក្នុងទស្សនាវដ្តីជាតិ ឬអន្តរជាតិ •ទទួលបានលិខិតគាំទ្រពីប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យបេះដូង ពីប្រទេសរបស់ខ្លួន។ យោងទៅតាមប្រសាសន៍របស់ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត សុខ ជួរ ការចូលជាសមាជិករបស់ សមាគមគ្រូពេទ្យបេះដូងអាស៊ាន(FAsCC) សមាជិកនឹងទទួលបានអត្ថប្រយោជន៍រួមបញ្ចូលដូចជា៖ •គ្រូពេទ្យត្រូវបានគេទទួលស្គាល់ទាំងគុណភាព និងសមត្ថភាព •សហភាតរៈអាចមានឱកាសក្នុងការបន្តការសិក្សាបន្ថែម •គ្រូពេទ្យបេះដូងក្នុងតំបន់អាស៊ាននឹងមានស្តង់ដារួមមួយ •សហភាតរៈទាំងអស់នឹងមានសិទ្ធិក្នុងការប្រើងាររបស់ខ្លួន (FAsCC)។ គ្រូពេទ្យឯកទេសបេះដូងរបស់កម្ពុជាយើង បានចូល ជាសមាជិករបស់សមាគមគ្រូពេទ្យបេះដូងអាស៊ាន ចំនួន ១៣រូប ក្នុងនោះមានដូចជា៖ ១.សាស្ត្រាចារ្យ វេជ្ជបណ្ឌិត សុខ ជួរ (ចូលជាសមាជិកក្នុងឆ្នាំ២០១៤) ២.វេជ្ជបណ្ឌិត ហាវ រត្ននារី (ចូលជាសមាជិកក្នុងឆ្នាំ២០១៦) ៣.វេជ្ជបណ្ឌិត លីវ ឈិញ (ចូលជាសមាជិកក្នុងឆ្នាំ២០១៦) ៤.វេជ្ជបណ្ឌិត ឈុន ឡាយ (ចូលជាសមាជិកក្នុងឆ្នាំ២០១៦) ៥.វេជ្ជបណ្ឌិត សុខ ផាង (ចូលជាសមាជិកក្នុងឆ្នាំ២០១៦) ៦.វេជ្ជបណ្ឌិត ពិត សារ័ត្ន (ចូលជាសមាជិកក្នុងឆ្នាំ២០១៦) ៧.វេជ្ជបណ្ឌិត លឹម ស៊ីវុតថា (ចូលជាសមាជិកក្នុងឆ្នាំ២០១៦) ៨.វេជ្ជបណ្ឌិត ចាន់ សុខា (ចូលជាសមាជិកក្នុងឆ្នាំ២០១៧) ៩.វេជ្ជបណ្ឌិត ថេង យូដាលីន (ចូលជាសមាជិកក្នុងឆ្នាំ២០១៧) ១០.វេជ្ជបណ្ឌិត ព្រំ វិសេស (ចូលជាសមាជិកក្នុងឆ្នាំ២០១៧) ១១.វេជ្ជបណ្ឌិត សាំង លាង (ចូលជាសមាជិកក្នុងឆ្នាំ២០១៧) ១២.វេជ្ជបណ្ឌិត លឹម គ្រុយ (ចូលជាសមាជិកក្នុងឆ្នាំ២០១៧) ១៣.វេជ្ជបណ្ឌិត សុខ ប៊ុនហេង (ចូលជាសមាជិកក្នុងឆ្នាំ២០១៧)។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំរបស់សមាគមគ្រូពេទ្យបេះដូងអាស៊ានក្នុងឆ្នាំ ២០២០នឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយa

Share

ការព្យាបាលជំងឺមហារីកពោះវៀនធំអាចប្រព្រឹត្តទៅបានតាមវិធីសាស្រ្តផ្សេងៗគ្នាទៅតាមស្ថានភាព និងដំណាក់កាលជំងឺនីមួយៗ។ យ៉ាងណាមិញ បញ្ហា ឬរោគសញ្ញាជាបន្តបន្ទាប់អាចកើតមានឡើងអំឡុងពេល ឬបន្ទាប់ពីការព្យាបាលបានបញ្ចប់ក្នុងនោះរួមមាន៖ • អ្នកជំងឺមានអារម្មណ៍ភ័យខ្លាច វិបត្តិក្នុងការគេង ឬបាក់ទឹកចិត្ត ដែលត្រូវការការគាំទ្រពីសំណាក់គ្រូពេទ្យចិត្តសាស្រ្ត • អំឡុងពេល និងបន្ទាប់ពីការព្យាបាលរបបអាហារអាចចោទជាបញ្ហាដោយសារការថយចុះតម្រូវការអាហារ ចង្អោរ និងល្ហិតល្ហៃ។ បន្ទាប់ពីការបញ្ចប់ទៅនៃការព្យាបាលជំងឺ គ្រូពេទ្យនៅតែតាមដាននូវស្ថានភាព ដើម្បី៖ • កំណត់រក និងការពារពីផលវិបាកបង្កឡើងពីការព្យាបាល • កំណត់រកការលាប់ឡើងវិញនៃជំងឺបានភ្លាមៗ ដើម្បីធ្វើការព្យាបាលបន្ត • ផ្តល់ព័ត៌មានពីផ្នែកសុខាភិបាល ការគាំទ្រផ្នែកផ្លូវចិត្ត និងបន្តផ្តល់សេវាផ្នែកគាំពារពីសំណាក់អ្នកមានជំនាញ ក្នុងការធានាឲ្យស្ថានភាពជីវិតរស់នៅត្រឡប់មកជាធម្មតាវិញ។ ការប្រែប្រួលជីវភាពរស់នៅរបស់អ្នកជំងឺ • បញ្ហាជីវជាតិអាហារ៖ របបអាហារដែលមានជាតិប្រូតេអ៊ីន និងថាមពលខ្ពស់ បូករួមជាមួយអាហារបំប៉នក្នុងកម្រិតទាបក្រៅពីវីតាមីន គឺត្រូវបានណែនាំពីវេជ្ជបណ្ឌិតសម្រាប់ការបរិភោគប្រចាំថ្ងៃ អំឡុងពេលព្យាបាលបែបគីមីសាស្រ្ត (chemotherapy) ។ បន្ទាប់ពីការព្យាបាលបែបគីមីសាស្រ្តបានបញ្ចប់ អ្នកជំងឺគួររក្សានូវរបបអាហារឲ្យមានតុល្យភាពដូចជាអាហារដែលមានជាតិសរសៃ  កំណត់អាហារដែលមានសារធាតុរក្សាទុក និងសាច់ពណ៌ក្រហមឲ្យនៅក្នុងកម្រិតទាប។ ការធ្វើឲ្យប្រសើរឡើងនៃទម្លាប់ក្នុងការញ៉ាំអាចការពារអ្នកជំងឺពីជំងឺរ៉ាំរ៉ៃ (ជំងឺទឹកនោមផ្អែម  ជំងឺបេះដូង និងសរសៃឈាមបេះដូង)។   • មិនត្រូវផ្លាស់ប្តូររបបអាហារភ្លាមៗ ៖ អ្នកជំងឺមហារីកពោះវៀនធំដំណាក់កាលចុងក្រោយមួយចំនួន មានទំនោរប្តូររបបអាហារភ្លាមៗ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ។ យ៉ាងណាមិញ កម្រិតនេះអាចនឹងគ្មានប្រសិទ្ធភាព ដោយសាររបបអាហារថ្មីអាចខ្វះខាតជីវជាតិមួយចំនួនដូចជាប្រូតេអ៊ីន ហើយអ្នកជំងឺដែលទទួលការព្យាបាលបែបវះកាត់ និង បែបគីមីសាស្រ្តទាមទារនូវជីវជាតិជាវីតាមីនឲ្យបានគ្រប់គ្រាន់សម្រាប់កែប្រែស្ថានភាពជំងឺ និងការជាសះស្បើយនៃមុខរបួស។  • របបអាហារពិសេសសម្រាប់តម្រូវការខុសគ្នា ៖  ចំពោះអ្នកជំងឺដែលរងការព្យាបាលដោយវិទ្យុសកម្មនៅតំបន់ត្រគាកត្រូវការរបបអាហារដែលមានកម្រិតជាតិសរសៃទាប និងគួរទទួលទានទឹកឲ្យបានច្រើនចាប់ពី ៨ ទៅ១០កែវក្នុងមួយថ្ងៃ។ ចំណែកអ្នកជំងឺព្យាបាលដោយគីមីសាស្រ្តត្រូវចៀសវាងអាហារជាសាច់ឆៅ ឬខ្យងខ្ចៅ អយស្ទើរ ឈីស ទឹកដោះឆៅ អាហារជាប្រភេទប៊ូហ្វេ សាឡាត់ និងអាហារ នៅតាមភោជនីយដ្ឋានដែលបម្រើសេវាកម្មខ្លួនឯង  ដើម្បីកាត់បន្ថយហានិភ័យការចម្លងមេរោគដល់ប្រព័ន្ធរំលាយអាហារ។ • ជីវិតដែលសកម្ម ៖ អត្ថប្រយោជន៍នៃលំហាត់ប្រាណក្នុងការការពារពីជំងឺមហារីកត្រូវទទួលបានការសរសេរទុកយ៉ាងជាក់លាក់ ។  អ្នកជំងឺគួរធ្វើការហាត់ប្រាណកម្រិតស្រាលឲ្យបានជាប្រចាំ ដើម្បីអាចរក្សាបាននូវភាពរឹងមាំនៃរាងកាយ និងបង្កើនស្ថានភាពសុខភាពទាំងមូល។  ការសិក្សាក៏បានបញ្ជាក់ផងដែរពីទំនាក់ទំនងនៃការហាត់ប្រាណបែបអេរ៉ូបិក ដែលធ្វើឲ្យមានការថយចុះនូវការលាប់ឡើងវិញនៃជំងឺមហារីកពោះវៀនធំ បន្ថែមពីនោះទម្លាប់ក្នុងការកម្សាន្តអាចជួយឲ្យអ្នកជំងឺមហារីកសម្រួលអារម្មណ៍បានល្អ។  ការរស់នៅជាមួយ Colostomy Colostomy ជាការរួមបញ្ចូលនៃពាក្យ Colon (ពោះវៀនធំ) និង Stoma (មាត់)។ វាជាការវះកាត់បើកជញ្ជាំងពោះដើម្បីភ្ជាប់ពោះវៀនធំទៅនឹងផ្ទៃពោះខាងលើ ដែលជាផ្លូវសម្រាប់បញ្ចេញកាកសំណល់ និងហ្គាសចេញពីរាងកាយ។ អ្នកជំងឺមួយចំនួនអាចរស់នៅជាមួយការចោះពោះវៀនជាបណ្តោះអាសន្ន ឬអាចពេញមួយជីវិតទៅតាមលក្ខខណ្ឌនៃជំងឺ។ បន្ទាប់ពីធ្វើការបើកពោះវៀន ថង់ស្តុកទុក (Colostomy bag)  នឹងត្រូវបានភ្ជាប់ទៅលើពោះនៅកន្លែងដែលបើកសម្រាប់ស្តុកទុកកាកសំណល់ដែលបញ្ចេញចោល។ អ្នកជំងឺមិនអាចដឹងពីដំណើរនៃកាកសំណល់នៅកន្លែងបើកនោះទេ ដោយសារមិនអាចគ្រប់គ្រងបាន ហើយទាមទារឲ្យធ្វើការសម្អាតនូវថង់ស្តុកទុកជាច្រើនដងក្នុងមួយថ្ងៃ។ អ្នកជំងឺអាចធ្វើការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យពី ៧ ទៅ១០ថ្ងៃ ឬយូរជាងនេះប្រសិនមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬការលេចឡើងនៃផលវិបាកបណ្តាលមកពីជំងឺមហារីកពោះវៀនធំ។ ដំណើរការជាសះស្បើយពីការបើកពោះវៀនធំ (Colostomy) អាចនឹងត្រូវការរយៈពេលដល់ទៅ ២ខែ។  ជាធម្មតា ការណែនាំពីរបបអាហារជាក់លាក់នឹងត្រូវធ្វើឡើងបន្ទាប់ពីការវះកាត់។ អ្នកជំងឺតម្រូវឲ្យបរិភោគទឹកស ពីរ ទៅបីថ្ងៃ បន្ទាប់មកអាចចាប់ផ្តើមសារធាតុរាវដែលខាប់ ជាស៊ុប និងអាហារទន់។ បន្ទាប់ពីការចោះពោះវៀន (Colostomy) កាកសំណល់នឹងបញ្ចេញពីរាងកាយតាមរយៈកន្លែងបើក (stoma) ជាជាងការបញ្ចេញតាមចុងពោះវៀនធំ។  ការណែនាំសម្រាប់អ្នកជំងឺជាមួយ Colostomy • សម្រាកក្នុងរយៈពេល ២ ឬ៣ខែ ហើយចៀសវាងធ្វើលំហាត់ប្រាណដែលធ្វើឲ្យរំខានដល់សាច់ដុំពោះដូចជា ការអង្គុយចុះឡើង លំហាត់ប្រាណបែបរុញ ឬការហែលទឹក ដើម្បីធានាបាននូវការជាសះស្បើយសាច់ដុំពោះ • ចៀសវាងការលើករបស់ធ្ងន់ព្រោះវាអាចធ្វើឲ្យពោះវៀនលៀនចេញពីកន្លែងដែលបើក • ត្រូវភ្ជាប់ថង់ស្តុកទុកដែលមានទំហំស័ក្តិសម ហើយរក្សាអនាម័យ ដើម្បីចៀសវាងពីការឆ្លងរោគ • បំពេញជាតិទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីបង្ការពីការបាត់បង់ជាតិទឹក និងថយចុះសារធាតុអេឡិចត្រូលីត ជាពិសេសក្នុងរដូវក្តៅ • ស្លៀកពាក់រលុងៗ ហើយចៀសវាងពាក់ខ្សែក្រវ៉ាត់នៅផ្នែកខាងលើ ឬខាងក្រោមមុខដែលបើក (Stoma) • រក្សាអនាម័យស្បែកនៅជុំវិញ Stoma ឲ្យបានស្អាត • ធ្វើឲ្យត្រឡប់មកវិញនូវភាពធម្មតានៃជីវភាពរស់នៅប្រចាំថ្ងៃ នៅពេល Stoma ជាសះស្បើយ • មិនចាំបាច់បារម្ភពីការងូតទឹក ពីព្រោះទឹកមិនអាចជ្រាបចូលក្នុង Stoma នោះទេ ដោយសារវាមានបំពង់ហូរតែមួយផ្លូវ • គួរយកថង់ស្តុកទុកទំនេរទៅតាមខ្លួនរាល់ពេលធ្វើដំណើរ។ អ្នកជំងឺអាចប្រឈមទៅនឹងសម្ពាធផ្លូវចិត្ត ដោយសារភាពភ័យខ្លាច រងភាពអាម៉ាស់ពីសង្គម ឬថប់អារម្មណ៍ អំឡុងពេលសម្របខ្លួនទៅនឹងជីវភាពរស់នៅជាមួយការចោះពោះវៀន (Colostomy) ។ ការចូលរួមក្នុងកិច្ចការសង្គម បង្កើនទំនាក់ទំនង និងទទួលយកការគាំទ្រពីអ្នកដទៃអាចនឹងជួយសម្រាលនូវបញ្ហាផ្លូវចិត្តរបស់អ្នកជំងឺមហារីកពោះវៀនធំ។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ដែលសព្វថ្ងៃ ជាប្រធានផ្នែកមហារីកនៅ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

វិធីសាស្រ្តការពារពីជំងឺឫសដូងបាត ​(Prevention of Hemorrhoid) 1. កិច្ចការពារ ពីជំងឺឫសដូងបាត ត្រូវជៀសវាង ឬកាត់បន្ថយការងារណាអង្គុយច្រើន ដូចជាជាងដេរ ជាងអេឡិចត្រូនិច អ្នកបើកបរ អ្នកធ្វើការងារការិយាល័យជាដើម។  2. ត្រូវញ៉ាំអាហារឲ្យមានសម្លរទឹក មានបន្លែច្រើន ផ្លែឈើមានជាតិសសៃ ញ៉ាំទឹកឲ្យបានច្រើន២ឬ៣​លីត្រក្នុងមួយថ្ងៃ។ 3. ជៀសវាងកុំញ៉ាំច្រើន ញ៉ាំសាច់ច្រើន ញ៉ាំផ្លែម្ទេសច្រើន កុំញ៉ាំផ្លែឈើលេបទាំងគ្រាប់ ព្រោះ ក្រពះពោះវៀន មិនអាចរំលាយគ្រាប់ផ្លែឈើទាំងនោះបានទេ។ 4. ជៀសវាងកុំពន្យាពេល ការបត់ជើងធំយូរម៉ោង ដែលនាំឲ្យលាមករឹងក្តៀន ពិបាកបត់ជើងធំ។  5. ជៀសវាងធ្វើការងារធ្ងន់ៗ លើកដាក់ លីសែង ឡើងដើមឈើ ឡើងដើមត្នោតជាដើម។  6. ជៀសវាងកុំរូមភេទតាមរន្ធគូថ (ទ្វាលាមក) (Anal Intercourse) 7. ជៀសវាងកុំប្រើប្រាសវត្ថុរឹង ទៅសម្អាតទ្វាលាមក ដូចជាស្មៅ ចំបើង មែកឈើ ស្លឹកឈើ   ក្រដាសជាដើម។ 8. បើឪពុកមា្តយមានជំងឺឫសដូងបាត ត្រូវព្យាបាលឲ្យបានជាមុន ពេលបង្ករកំណើត វាអាចចម្លង ឲ្យកូនតាំងពីនៅក្នុងផ្ទៃ  ឲ្យកើតមានជំងឺឬសបាត ដោយស្វ័យប្រវត្តិន៏។  9. ត្រូវហាត់ប្រាណឲ្យបាន១ថ្ងៃ ១ឬ២ដងដើម្បីជៀសវាងកុំឲ្យលាមករឹង(ទល់លាមក)។  10. ជៀសវាងកុំឲ្យលាមករឹង ក្តៀន ឬរាគរូសយូរថ្ងៃពុំបានព្យាបាល។ 11. ត្រូវមានបង្គន់អនាម័យ មានទឹកសំរាប់លាងសំអាត រាល់ពេលបត់ជើងម្តងៗ។   យោងតាមករណីសិក្សាពីជំងឺឫសដូងបាត របស់លោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០០៣​-២០១៧ ពីអ្នកជំងឺឫសដូងបាត ចំនួន ១៥០០នាក់ដែលបានមកព្យាបាលនៅ គ្លីនិក តូច យ៉ាន ផ្ទាល់។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

Share

ស្ទះសរសៃឈាមបេះដូង គឺជាការស្លោកសាច់ដុំបេះដូងស្រួចស្រាវ​ដោយសារការស្ទះនូវសរសៃឈាមដែលទៅចិញ្ចឹមបេះដូង​(coronary artery)។​ តាមរបាយការណ៍អង្គការសុខភាពពិភព​លោកបានបង្ហាញថា «នៅប្រទេសកម្ពុជា​ក្នុងចំណោមមនុស្ស​១០០​ពាន់នាក់ មាន១២៨.៨នាក់ ស្លាប់ដោយសារ ជំងឺស្ទះសរសៃឈាមបេះដូងនេះ»។ តាមតួលេខជាក់ស្តែងនៅមន្ទីរពេទ្យកាល់​ម៉ែតឆ្នាំ២០១​៦ពេញមួយឆ្នាំ បូករួម២០១៧​រយៈ​ពេល​កន្លះឆ្នាំមានអ្នកជំងឺស្ទះសរសៃឈាមបេះដូងចូលមក​សម្រាក និងព្យាបាលរហូតដល់៨៣៣នាក់ដែលជាតួលេខមួយគួរឲ្យព្រួយបារម្ភ។ បច្ចុប្បន្ននេះ ជំងឺស្ទះសរសៃឈាមបេះដូងនៅតែជាមូលហេតុទីមួយដែលសម្លាប់មនុស្សទូទាំងសកលលោក ក្រោយពេលរកឃើញថាមនុស្សប្រហែល៧លាននាក់ត្រូវបានស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំទោះបីជាមានការរីកចម្រើននូវបច្ចេក​វិទ្យាទំនើបក្នុងការព្យាបាលយ៉ាងណាក៏ដោយ។ សញ្ញាណាខ្លះដែលលេចឡើងចំពោះអ្នកជំងឺ? ការចុកដើមទ្រូងខ្លាំង ជាសញ្ញាសំខាន់ និងភាគច្រើនបំផុតនៃជំងឺស្ទះសរសៃឈាមបេះដូង ដែលមានរយៈ​ពេលលើសពី​២០​នាទី។​ ការចុកនេះទៀតសោតអាចនឹងរាលមកគល់ថ្គាមចុះ​មក​​ត្រឹមស្មា ឬរហូតដល់ដៃខាងឆ្វេង។ ក្រៅពីនេះ អ្នកជំងឺក៏មាន​សញ្ញារួមផ្សំផ្សេងទៀតដូចជាបែកញើស ឡេះឡាស់ ថប់ដង្ហើម និងហត់ជាដើម។ អ្វីជាមូលហេតុនៃជំងឺស្ទះសរសៃឈាមបេះដូង? ភាគច្រើននៃមូលហេតុបង្កឲ្យមានការស្ទះសរសៃឈាមបេះដូង ​គឺការកកដុំខ្លាញ់ក្នុងសរសៃឈាមបេះដូង។ បន្ថែមពីនេះ ក៏មាន​កត្តាជំរុញផ្សេងទៀត ​និងក្រុមមនុស្សប្រឈមដូចខាងក្រោម៖ •កត្តាអាយុ ៖ នៅពេលអាយុកាន់តែច្រើន អត្រាប្រឈមកាន់​តែខ្ពស់ (បុរសលើសពី៤៥ឆ្នាំ និងស្ត្រីលើសពី៥៥ឆ្នាំ) •អ្នកជំងឺលើសសម្ពាធឈាម •អ្នកជំងឺទឹកនោមផ្អែម •អ្នកលើសជាតិខ្លាញ់ និងលើសទម្ងន់ •មនុស្សអសកម្ម ឬមិនសូវធ្វើពលកម្ម •អ្នកជក់បារី •អ្នកមានប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង (family refractor)។ វិធីសាស្ត្រត្រឹមត្រូវក្នុងការធ្វើរោគវិនិច្ឆ័យ ករណីជំងឺស្ទះសរសៃឈាមបេះដូងមានសភាពមិនសូវធ្ងន់ធ្ងរ នោះការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងដោយ​ ការថតចង្វាក់​​បេះដូង ធ្វើអេកូបេះដូង និងការធ្វើតេស្តដោយឲ្យអ្នកជំងឺដើរនៅលើខ្សែពានឬដោយការធាក់កង់ ដើម្បីរកមើល​សញ្ញានៃការ​ស្ទះសរសៃឈាមបេះដូង។​ ក្នុងពេលជាមួយគ្នា គ្រូពេទ្យឯក​ទេសអាចតម្រូវឲ្យអ្នកជំងឺថត CT ស្កែនលើសរសៃឈាម​បេះ​ដូង​ និងចុងក្រោយអាចធ្វើ Angiography ដើម្បីរកមើលទីតាំងនៃសរសៃឈាមដែលស្ទះ រួម និងការពិនិត្យឈាម។ ការព្យាបាលអ្នកជំងឺស្ទះសរសៃឈាមបេះដូង ការព្យាបាលចម្បងនៃអ្នកជំងឺស្ទះសរសៃឈាមបេះដូង គឺធ្វើយ៉ាងណាត្រូវបើកសរសៃឈាមដែលស្ទះនោះដំណើរការឡើងវិញឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន(មុន៦ម៉ោងនិងយ៉ាងហោចណាស់មុន១២ម៉ោង)។ ការបើកឲ្យមានដំណើរការសរសៃឈាមឡើងវិញអាចធ្វើឡើងតាម២របៀប៖ •ប្រើប្រាស់ថ្នាំចាក់​ ដើម្បីរំលាយដុំឈាមដែលកកស្ទះនៅក្នុងសរសៃឈាមបេះដូងនោះ​ ឬហៅថា Thrombolytic។ •ប្រើប្រាស់រ៉ឺស័រដើម្បីពង្រីកសរសៃឈាមបេះដូង(Angioplasty)។ ក្រោយពីការព្យាបាលដោយAngioplastyអ្នកជំងឺត្រូវពិសាថ្នាំឲ្យបានទៀងទាត់ទៅតាមវេជ្ជបញ្ជា និងធ្វើការតាមដានតាមការណែនាំរបស់គ្រូពេទ្យឯកទេស។ ហានិភ័យនៃអ្នកជំងឺស្ទះសរសៃឈាមបេះដូងអាចនឹងធ្ងន់ធ្ងររហូតឲ្យអ្នកជំងឺមានគ្រោះ​ថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនទទួលបានការព្យា​បា​ល​ទាន់ពេលវេលា និងត្រឹមត្រូវតាមបច្ចេកវិទ្យា។ អ្នកជំងឺស្ទះសរសៃឈាមបេះដូងទាមទារធ្វើការព្យាបាលឲ្យបានមុន៦​ម៉ោង ​ឬយ៉ាងហោចណាស់ឲ្យបានមុន១២ម៉ោង ប្រសិនបើ​លើស​ពី១២ម៉ោងនោះសាច់ដុំបេះដូងរបស់អ្នកជំងឺនឹងស្លោកខូច ហើយហានិភ័យនឹងកាន់តែធ្ងន់ធ្ងរ។ គួរការពារខ្លួនបែបណាដើម្បីកាត់បន្ថយជំងឺនេះ? តាមពិតជំងឺស្ទះសរសៃឈាមបេះដូងមិនអាចការពារបាននោះ​ទេ ប៉ុន្តែវាអាចត្រូវបានកាត់បន្ថយតាមរយៈគោលការណ៍ដូចខាងក្រោម៖ •ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ (៣០នាទីក្នុង១ថ្ងៃនិង៥ថ្ងៃក្នុងមួយសប្តាហ៍) •បញ្ឈប់ការជក់បារី •កាត់បន្ថយ ឬបញ្ឈប់ការពិសាគ្រឿងស្រវឹង •ចៀសវាងការបរិភោគអាហារប្រៃខ្លាំង •កាត់បន្ថយអាហារសម្បូរជាតិខ្លាញ់ •កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ (Stress) •គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ •គ្រប់គ្រងជាតិស្ករឲ្យមានលំនឹងបើមានជំងឺទឹកនោមផ្អែម •រក្សាទម្ងន់ឲ្យបានសមស្រប និងចៀសវាងកុំឲ្យលើសទម្ងន់ •ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់។ ដោយសារជំងឺស្ទះសរសៃឈាមបេះដូងជាជំងឺមួយដែលធ្ងន់ធ្ងរ និងទាមទារឲ្យមានការព្យាបាលទាន់ពេលវេលា ដូច្នេះអ្នកជំងឺក៏ដូចជាគ្រូពេទ្យទាំងអស់ដែលបាន និងកំពុងបំពេញការងារទាំងនៅរាជធានីក្តី និងនៅតាមបណ្តាខេត្តក្តី ប្រសិនបើជួបជាមួយនឹងអ្នកជំងឺដែលមានសញ្ញាដូចខាងលើ សូមប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យឯកទេសនៅភ្នំពេញជាបន្ទាន់ គឺ  មន្ទីរពេទ្យកាល់ម៉ែតដែលមានមធ្យោបាយទំនើបគ្រប់គ្រាន់​ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺព្រមទាំង​ជួយសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលវេលា។ ជាក់ស្តែង បច្ចុ​ប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត មានបន្ទប់ថតឆ្លុះ​សរសៃឈាម​បេះដូង (Angiography) ចំនួន២ ព្រមជាមួយគ្រូពេទ្យឯក​ទេ​ស​ជំនាញខាងថតឆ្លុះសរសៃឈាមបេះដូងគ្រប់គ្រាន់ រងចាំ​ទទួ​លព្យាបាលប្រជាពលរដ្ឋគ្រប់ពេលវេលា។ បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានអ៊ុយនីតេ ជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺខ្សោយបេះដូងត្រូវបានដឹងថាអាចបង្កឲ្យមានគ្រោះថ្នាក់រហូតដល់ជីវិតរបស់អ្នកជំងឺ ឬយ៉ាងហោចណាស់ ធ្វើឲ្យគុណភាពជីវិតរបស់អ្នកជំងឺចុះអន់ថយប្រសិនបើមិនបានទទួលការព្យាបាលបានត្រឹមត្រូវដែលការព្យាបាលនេះផងដែរក៏ជា​ទូទៅមិនអាចជួយអ្នកជំងឺឲ្យជាសះស្បើយទាំងស្រុងឡើយ។ ហេតុនេះ ការកាត់បន្ថយកត្តាគ្រោះថ្នាក់ដែលធ្វើឲ្យអ្នកជំងឺប្រឈមមុខនឹងជំងឺខ្សោយបេះដូងពិតជាមានសារសំខាន់។ និយមន័យ ជំងឺខ្សោយបេះដូង ជាបណ្តុំរោគសញ្ញាដែលបណ្តាលមកពីការខូចខាតទ្រង់ទ្រាយ ឬដំណើរការមិនល្អនូវមុខងាររបស់បេះដូង ដែលបណ្តាលឲ្យមានការថយចុះនូវការបំពេញឈាមក្នុងថតបេះដូង ឬការថយចុះនៃការច្របាច់ឈាមទៅចិញ្ចឹមសរីរាង្គកាយ។  ​ ពីមុន ការបែងចែកនៃជំងឺខ្សោយបេះដូងអាច ធ្វើឡើងបានតាមច្រើនរបៀប ដោយក្នុងនោះ ជំងឺនេះត្រូវបាននិយម​ចែ​ក​ជា ជំងឺខ្សោយបេះដូង ខាងឆ្វេង និងជំងឺខ្សោយបេះដូងខាងស្តាំ។ ក្រោយមក ជំងឺខ្សោយបេះដូងត្រូវបានគេបែង​ចែកជា ៣ ចំណាត់ថ្នាក់ដោយផ្អែកលើការកន្ត្រាក់​របស់​បេះ​ដូង​ (Ejection Fraction Heart Failure)  ដោយក្នុងនោះរួមមាន៖ -  ការកន្ត្រាក់របស់បេះដូង ឬ Ejection Fraction ធំជាង ៥០% (EF> 50%) ឬ HF with preserved Ejection Fraction -  ការខ្សោយបេះដូងជាមួយនឹងការថយចុះនៃការកន្ត្រាក់របស់បេះដូង ឬ HF with reduced Ejection Fraction ដែលមាន EF តូចជាង ឬស្មើ ៤០% (EF ≤ 40%) -  ការកន្ត្រាក់បេះដូងដែលមាន EF នៅចន្លោះ ៤០% ទៅ ៥០% អាចត្រូវបានគេហៅថា Heart Failure With Mid-Range Ejection Fraction ។     រោគសញ្ញា រោគសញ្ញា ២ ធំៗដែលជាទូទៅអាចងាយកំណត់សម្គាល់ដោយអ្នកជំងឺគឺ ការហត់ និងហើម ព្រមទាំងរោគសញ្ញាបន្ទាប់បន្សំដូចជា ការអស់កម្លាំងជាដើម។ យ៉ាងណាមិញ ជំងឺ​ខ្សោយបេះ​ដូងក៏អាចបង្ហាញជារោគសញ្ញាផ្សេងទៀតផងដែរ ដែលក្នុងនោះរួមមាន រោគសញ្ញាស្តែងអំពីមូលហេតុណាមួយនៃជំងឺដូចជាចុកទ្រូង (អាចមានន័យថាជាការខ្សោយបេះដូងដោយ​សារជំងឺស្ទះសរសៃឈាមបេះដូង) ញ័រទ្រូង (ដែលអាចទាក់ទងនឹងជំងឺវិបត្តិលើចង្វាក់បេះដូង) ជាដើម…។     មូលហេតុ ជំងឺខ្សោយបេះដូងជាញឹកញាប់ត្រូវបានយល់ច្រឡំថាអាចបណ្តាល​មកពីតំណពីឪពុកម្តាយ ឬជីដូនជីតា ស្របពេលដែល​វាពុំមែនជាជំងឺតពូជឡើយ។ ការពិត ជំងឺខ្សោយបេះដូងមានទំនាក់ទំនងទៅនឹងការខូចខាតនៃមុខងាររបស់បេះដូង ឬទ្រង់ទ្រាយរបស់បេះដូង ដែលក្នុងនោះមូលហេតុ អាចមានដូចជា លើសសម្ពាធឈាម ស្ទះសរសៃឈាមបេះដូង វិបត្តិចង្វាក់​បេះដូង រលាកសាច់បេះដូង ខូចប្រឹសបេះដូង ជំងឺបេះ​ដូង​ពីកំណើត…។ ក្រៅពីនោះ កត្តាជំរុញមួយចំនួនក៏អាចបង្កឲ្យងាយប្រឈមមុខនឹងជំងឺខ្សោយបេះដូងផងដែរដូចជា ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ការជក់បារីការពិសាគ្រឿងស្រវឹងក្នុងកម្រិតខ្ពស់ និងការប្រើប្រាស់ថ្នាំមួយចំនួនជាដើម។   ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺខ្សោយបេះដូងត្រូវធ្វើឡើងគួបផ្សំគ្នារវាងការមើលលើប្រវត្តិអ្នកជំងឺការពិនិត្យអ្នកជំងឺ(Phys​ical examination) ព្រមទាំងការរកមើលកត្តាប្រឈមរបស់អ្នក​ជំងឺ។ ជាមួយគ្នានេះ តេស្តផ្សេងៗទៀតដែលអាចជាជំនួយដល់ការធ្វើរោគវិនិច្ឆ័យក៏ត្រូវបានធ្វើឡើងផងដែរដោយក្នុងនោះរួមមាន ការធ្វើតេស្តឈាម (មើល BNP) ECG ការថត​សួត ជាពិសេសការធ្វើអេកូបេះដូងដែលជាមធ្យោបាយមួយដែលជាក់លាក់ និងជួយសម្រួលដល់ការធ្វើរោគវិនិច្ឆ័យបានយ៉ាងពេញលេញ។ ការព្យាបាល ទោះបីជាការព្យាបាលចំពោះជំងឺខ្សោយបេះដូងពុំអាចផ្តល់នូវភាពជាសះស្បើយទាំងស្រុង ក៏ប៉ុន្តែអ្នកជំងឺនៅតែត្រូវទទួលការព្យាបាលឲ្យបានត្រឹមត្រូវក្នុងគោលបំណងធំៗ ២ គឺ៖ -  ចៀសវាងនូវរោគសញ្ញារំខាននានានៃជំងឺដូចជា ការហត់ និងហើមដែលមានន័យថាជាការជួយសម្រួលដល់ភាពស្រណុកសុខស្រួលដល់ជីវិតរបស់អ្នកជំងឺ ឬធ្វើឲ្យការរស់រានមានជីវិតបានប្រសើរឡើង -  ការព្យាបាលទាក់ទងនឹងPrognosisដែលមានន័យថាការព្យាបាលដែលជួយកាត់បន្ថយការស្លាប់ដោយសារជំងឺខ្សោយ​បេះដូង។ គួរបញ្ជាក់ថាដោយសារតែអ្នកជំងឺខ្សោយបេះដូងជាមួយនឹងReduced Ejection Fraction អាចមានអត្រា ​ស្លាប់​ភ្លាមៗរហូតដល់ទៅ ៤៥% រីឯចំពោះជំងឺខ្សោយបេះដូងទូទៅ ការស្លាប់ក្នុងមួយឆ្នាំអាចមាន ទៅដល់ ២០% និងអាច​កើនឡើងរហូតដល់ ៥០% នៅអំឡុងពេល ៥ ឆ្នាំបន្ទាប់ ដូចនេះហើយ ទើបការព្យាបាលត្រូវបានសង្កត់ធ្ងនលើការសម្រួលរោគសញ្ញាដើម្បីរក្សាគុណភាពនៃការរស់នៅរបស់អ្នកជំងឺ និងកាត់បន្ថយការស្លាប់ដោយសារជំងឺ។ ការការពារ សម្រាប់ជំងឺខ្សោយបេះដូងការការពារ គឺជាជម្រើសក៏ដូចជាជាមធ្យោបាយដំបូងនិងមានប្រសិទ្ធភាពដែលអាចធ្វើឡើងដោយការអនុវត្តស្រប​តាមការណែនាំនៃ Life’s Simple 7 ៖ 1. ការឈប់ជក់បារី 2. ការធ្វើលំហាត់ប្រាណ 3. ការទទួលទានអាហារសុខភាព (កុំពិសាប្រៃពេក ត្រូវពិសាបន្លែឲ្យបានគ្រប់គ្រាន់ជាដើម) 4. រក្សាលំនឹងសម្ពាធឈាមទៅតាមការណែនាំរបស់វេជ្ជបណ្ឌិត 5. ការបន្ថយជាតិខ្លាញ់ 6. ចៀសវាងការលើសទម្ងន់ 7. ព្យាបាល និងរក្សាលំនឹងជាតិស្ករឲ្យបានក្នុងកម្រិតទទួលយកបានចំពោះអ្នកជំងឺទឹក​នោមផ្អែម។ គួរបញ្ជាក់ថា ការការពារគួរតែត្រូវបានអនុវត្តជាពិសេសចំពោះអ្នកដែលមានកត្តាប្រឈម និងងាយរងគ្រោះដោយជំងឺនេះដូចជាអ្នកជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាដើម ដើម្បីចៀសវាងការកើតមានជំងឺខ្សោយបេះដូងទៅថ្ងៃខាងមុខ។   ផលវិបាក ប្រសិនបើអ្នកជំងឺខ្សោយបេះដូងពុំបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវឬមិនបានកាត់បន្ថយនូវកត្តាគ្រោះថ្នាក់ទាំង​ឡាយឲ្យបានត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ដែលធ្ងន់ធ្ងររហូតដល់អាយុជីវិតតែម្តង។ដោយឡែក ផលវិបាកទៅលើភាពស្រណុកសុខស្រួលក្នុងការរស់នៅរបស់អ្នកជំងឺក៏អាចកើតមានផងដែរដូចជា ការរស់នៅមិនបានស្រួលដោយសារងាយនឹងហត់​ឬហើម ព្រមទាំងអាចឈានដល់ការមានពិការភាពលើលទ្ធភាពការងារផងដែរ (ពុំមែនពិការសរីរាង្គណាមួយឡើយ)។ ជារួមមក ប្រសិនបើអ្នកជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺខ្សោយបេះដូង ឬកំពុងមាន កត្តាប្រឈមទៅនឹងជំងឺនេះ សូមមេត្តាបញ្ជូនអ្នកជំងឺទៅកាន់​វេជ្ជបណ្ឌិតឯកទេសឲ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយការវិវឌ្ឍនៃជំងឺកុំឲ្យឈានដល់ដំណាក់កាលចុងក្រោយ ពោលគឺការវិវឌ្ឍទៅជា ជំងឺខ្សោយបេះដូងនេះតែម្តង។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្វីជាជំងឺវិបត្តិចង្វាក់បេះដូង? ជាប្រភេទជំងឺដែលបេះដូងដើរមិនប្រក្រតី (យឺត ឬញាប់) ខុសពីចង្វាក់បេះដូងក្នុងលក្ខខណ្ឌធម្មតាដែលគួរស្ថិតក្នុងចន្លោះតែ ៦០ ទៅ៩០ ហើយវាត្រូវបានចែកចេញជា ២ប្រភេទ៖  •វិបត្តិចង្វាក់បេះដូងដើរយឺត ស្មើ ឬមិនស្មើ •វិបត្តិចង្វាក់បេះដូងដើរញាប់ ស្មើ ឬមិនស្មើ។ ចំពោះអត្រានៃការកើតមានជំងឺទាំងពីរប្រភេទ ស្ថិតក្នុងភាគរយស្មើគ្នាដែលតែងជួបប្រទះជាញឹកញាប់ ពី២០-៣០% នៃអ្នកជំងឺដែលមកសម្រាកនៅមន្ទីរពេទ្យ។  មូលហេតុនៃជំងឺ វិបត្តិចង្វាក់បេះដូងបណ្តាលមកពីមូលហេតុ២ធំៗគឺ៖ 1.វិបត្តិចង្វាក់បេះដូងដែលអាចព្យាបាលបាន បង្កមកពីមូលហេតុមួយចំនួនដូចជា៖  •អ្នកជំងឺមានបញ្ហាខ្សោយក្រលៀននាំឲ្យជាតិប៉ូតាស្យូមមានការកើនឡើងក្នុងចរន្តឈាម ធ្វើឲ្យបេះដូងដើរយឺត •បណ្តាលមកពីឱសថដែលបង្កឲ្យបេះដូងដើរយឺត ដូចជាពពួកឱសថ Beta blockers ឬCalcium Inhibitors ជាដើម ក្នុងករណីអ្នកជំងឺប្រើប្រាស់ថ្នាំលើសកម្រិត   ឬប្រើប្រាស់ដោយខ្លួនឯង •ការលេងកីឡាខ្លាំងហួសកម្រិត ដែលនាំឲ្យបេះដូងបែរជាដើរយឺតនៅពេលមិនបានលេងកីឡា។ •ជំងឺក្រពេញបំពង់ក ក៏អាចធ្វើឲ្យបេះដូងដើរយឺត ឬញាប់ែដរ (Hypothyroide Or Hyperthyroide) 2.វិបត្តិចង្វាក់បេះដូងដែលត្រូវការព្យាបាលពិសេសបង្កមកពី៖ •មានជំងឺបេះដូងខាងក្រោម នាំឲ្យខូចចរន្តអគ្គីសនីបេះដូងដែលស្ថិតនៅ ២ទីតាំងគឺ ចរន្តអគ្គីសនីដែលបញ្ជាពីលើហៅថាថ្មធម្មជាតិទី ១និងថ្មធម្មជាតិពីកំណើតទី ២។ អ្នកជំងឺអាចប្រឈមនឹងការខូចប្រភេទថ្មធម្មជាតិមួយ  ក្នុងចំណោមពីរប្រភេទ៖ •ការខូចចរន្តអគ្គីសនីពីកំណើត •ការខូចចរន្តអគ្គីសនីបណ្តាលមកពីជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺស្ទះសរសៃឈាមបេះដូង  និងជំងឺប្រឹសបេះដូងជាដើម។  រោគសញ្ញា ជំងឺអាចកើតឡើងដោយមិនមានរោគសញ្ញា និងអ្នកជំងឺមួយភាគទៀតអាចសង្កេតឃើញមានរោគសញ្ញាដូចជា៖ •ញ័រដើមទ្រូង កើតឡើងភ្លាមៗ នៅពេលយប់ ឬភ្ញាក់ពីដំណេក •អស់កម្លាំង ល្ហិតល្ហៃ •វិលមុខ •សន្លប់មួយរយៈ  •គាំងបេះដូង។ ការស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតមានជំនាញផ្នែកបេះដូង ជាការចាំបាច់មួយប្រសិនអ្នកជំងឺលេចឡើងនូវរោគសញ្ញាខាងលើ ម៉្យាងទៀត ចំពោះអ្នកជំងឺលើសសម្ពាធឈាម  អ្នកជំងឺទឹកនោមផ្អែម  ឧស្សាហ៍ហត់  ប្រវត្តិគ្រួសារមានជំងឺបេះដូង ក៏គួរត្រូវធ្វើការពិនិត្យបេះដូងឲ្យបានទៀងទាត់ដើម្បីស្វែងរកសញ្ញាដំបូងនៃជំងឺ។  ការធ្វើរោគវិនិច្ឆ័យ ការជួបពិគ្រោះស្ថានភាពជំងឺជាមួយវេជ្ជបណ្ឌិតនឹងត្រូវធ្វើឡើងតាមវិធីសាស្រ្តដូចជា៖ •ការវាស់ចង្វាក់បេះដូងភ្លាមៗ តាមរយៈ Electrocardiogram •ពិនិត្យឈាម ដើម្បីរកមើលកម្រិតប៉ូតាស្យូម កាល់ស្យូម ម៉ាញេស្យូម ដែលសារធាតុនោះអាចខ្វះ ឬលើស •ករណីជំងឺកើតលើអ្នកលេងកីឡា អាចតម្រូវឲ្យអ្នកជំងឺរត់លើម៉ាស៊ីន ឬធាក់កង់ដើម្បីធ្វើរោគវិនិច្ឆ័យ •ការបំពាក់ម៉ាស៊ីនលើអ្នកជំងឺ អាចតាមដានពីចង្វាក់បេះដូងដើម្បីធ្វើការពិនិត្យឲ្យបានជាក់លាក់។ វិធីសាស្រ្តក្នុងការព្យាបាល ការព្យាបាលបានចែកចេញជា ៣ប្រភេទ៖ •ការព្យាបាលដោយប្រើឱសថ៖  ជួយសម្រួលក្នុងការបន្ថយរោគសញ្ញា ដោយជំងឺវិបត្តិចង្វាក់បេះដូងមិនអាចព្យាបាលឲ្យជាដាច់តែម្តងនោះទេ •ការព្យាបាលដោយដាក់ថ្មបេះដូង ៖ ក្នុងករណីវិបត្តិចង្វាក់បេះដូងដើរយឺត គេអាចប្រើប្រាស់ថ្មប្រភេទ Pacemaker ដោយសារចរន្តអគ្គីសនីបេះដូងខូចនៅទីតាំងណាមួយ ចំណែកក្នុងករណីចង្វាក់បេះដូងដើរញាប់ ត្រូវបានបំពាក់ឧបករណ៍ Implantable cardioverter defibrillator ដែលបង្ការមិនឲ្យគាំងបេះដូងភ្លាមៗ  •ការព្យាបាលតាមរយៈ ablation ដោយ radiofrequency៖ ជាការដុតបំបាត់ចោលទីតាំងដែលធ្វើឲ្យមានវិបត្តិចង្វាក់បេះដូង  ដោយប្រើប្រាស់កម្តៅ ៦៥ដឺក្រេ ឬដោយប្រើប្រាស់ត្រជាក់ -៨០°C។ ផលវិបាកជំងឺវិបត្តិចង្វាក់បេះដូង ផលវិបាកធំបំផុតនៃជំងឺអាចបង្កឲ្យគាំងបេះដូងប្រឈមនឹងពិការភាពដូចជាខូចមួយចំហៀងខ្លួន ពិការជើង ឬពោះវៀនដែលបង្កមកពីដុំឈាមកកក្នុងបេះដូងធ្លាក់ចូលទៅក្នុងអវយវៈទាំងនោះ។ ដូច្នេះ ការមកជួបវេជ្ជបណ្ឌិតដើម្បីតាមដានជាទៀងទាត់ និងធ្វើតាមដំបូន្មានជាតម្រូវការដែលល្អបំផុតសម្រាប់គ្រប់គ្រងស្ថានភាពជំងឺ។  វិធីសាស្រ្តការពារ •អំឡុងពេលស្ថិតក្នុងវ័យក្មេង អ្នកត្រូវធ្វើការពិនិត្យសុខភាពបេះដូង ជាពិសេសចំពោះអ្នកចូលចិត្តលេងកីឡាដើម្បីវាយតម្លៃពីថាមពល និងប្រភេទកីឡាមួយណាដែលស័ក្តិសមចំពោះសុខភាព •ចំពោះអ្នកមានជំងឺលើសឈាម ត្រូវធ្វើការព្យាបាលជំងឺលើសឈាម និងតាមដានសុខភាពបេះដូងឲ្យបានជាប្រចាំ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ម៉ម ចាន់ដារ៉ា  វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺបេះដូង វិបត្តិចង្វាក់បេះដូងសរសៃឈាមបេះដូង និងជាប្រធានប្រចាំ គ្លីនិកព្យាបាលជំងឺបេះដូងពិភពថ្មី ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ប្រភេទនៃជំងឺឫសដូងបាត (Classification of Hemorrhoid) ជំងឺឫសដូងបាត ត្រូវបានចែកជា៤ប្រភេទ៖ ប្រភេទទី១ ឫសដូងបាតខាងក្រៅ (ឫសដូងបាត មាត់ខ្យង កងជុំ កញ្ចុំជើងឆ្កែ ក្តាប់ចង្អេរជាដើម) ភាសាបរទេសហៅថា (External Hemorrhoid) ប្រភេទទី២ ឫសដូងបាត ខាងក្នុង (ឫសដូងបាត នាងពូន) ភាសាបរទេសហៅថា (Internal Hemorrhoid) ប្រភេទទី៣ ឫសដូងបាតខាងក្រៅ និងឫសដូងបាតខាងក្នុងផង (ឫសដូងបាត បាតភ្លោះ​ ឬ កូនភ្លោះ ) ភាសាបរទេសហៅថា (Bi Hemorrhoid) ប្រភេទទី៤ ឫសដូងបាតខាងក្រៅជាប់គ្នាជាមួយខាងក្នុង(ស្ពាន) ឫសដូងបាត ភាសាបរទេសហៅថា(Mixed Hemorrhoid) យោងតាមករណីសិក្សាពីជំងឺឫសដូងបាត របស់លោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០០៣​-២០១៧ ពីអ្នកជំងឺឫសដូងបាត ចំនួន ១,៥០០នាក់ដែលបានមកព្យាបាលនៅ គ្លីនិក តូច យ៉ាន ផ្ទាល់។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

Share

ផលប៉ះពាល់ពីជំងឺឫសដូងបាត (Impacts of Hemorrhoid) ជំងឺឫសដូងបាតធ្វើឲ្យពិបាកបត់ជើងធំ (ទល់ផោម ឧស្ម័នពុល) ទល់លាមក កាកសំណល់ពុល សល់​ជាតិពុល និងមេរោគនៅពេញពោះវៀន ក្រពះ ហើយបង្កឲ្យក្រពះ ពោះវៀនមានជំងឺរុំារ៉ៃ ទន្ទឹមនោះជាតិ ពុលនៅក្នុងក្រពះ ពោះវៀន ជ្រាបចូលក្នុងឈាម ធ្វើឲ្យឈាមពុល ឈាមមានជំងឺ ឈាមមានមេរោគ ទៅស្រោចស្រពកោសិកា ជាលិកាទូទៅក្នុងខ្លួនយើង ធ្វើឲ្យពុល រលាក ដំបៅ និងមានជំងឺទាំងអស់។                                                              ១- ធ្វើឲ្យប៉ះពាល់ដល់ការបត់ជើងធំ ​(ទល់ផោម ឧស្ម័នពុល) (លាមក កាកសំណល់ពុល)នៅសល់ជាតិ​ពុល មេរោគនៅពេញពោះវៀនក្រពះ ធ្វើឲ្យហើមពោះ ឆ្អល់ពោះ ហើមពោះវៀនក្រពះជាប្រចាំ​ ហើយបង្កឲ្យពោះវៀនក្រពះមានជំងឺ  រលាក ដំបៅ រុំារ៉ៃ ​ ហើយព្យាបាលពុំជាបើពុំបានព្យាបាលជំងឺឫសដូងបាត ឲ្យជាមុនទេនោះ ។                      ២- ធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារ និងបឺតស្រូបយកជីវជាតិដោយសារ ជំងឺឫសដូងបាត វាបន្សល់ផោម​ និងលាមកនៅពេញពោះវៀនក្រពះ ពេលដាក់អាហារថ្មី ក្តៅរលាកមាត់ តែពេលចូលដល់ក្នុង​ក្រពះពោះវៀនលាយជាមួយសំណល់ចាស់ ពេលកិនរំលាយ ធ្វើបាត់បង់គុណភាព និងជីវជាតិអាហារថ្មីអស់ បាត់រស់ជាតិ និង គ្មានថាមពលចិញ្ចឹមរាង្គកាយ ។                     ៣- កាលណាការបញេ្ចញចោលផោម និងលាមកមិនអស់ ធ្វើឲ្យពោះវៀនក្រពះ ហើម ឆ្អល់សង្កត់លើសន្ទះទ្រូង​ ធ្វើ​ឲ្យបេះដូង សួតដំណើរការពុំបានល្អ ចលនាឈាមរត់មិនទៀងទាត់ ជួនលើស ជួនខ្វះ ជួនស្ទះ ដោយសារកំណកឈាមនៅក្នុងឫសដូងបាតដាច់ហើយរត់ចូលទៅស្ទះសសៃឈាមតូចៗក្នុងបេះ​ដូង សួត ធ្វើឲ្យបេះដូងសួត ខំប្រឹងច្របាច់ និងចុះខ្យោយ ឆាប់ភ័យ ឆាប់តក់ស្លុត ឆាប់ខឹង ឆាប់រំជួលចិត្ត ។  ៤-  កាលណាក្រពះពោះវៀនបន្សល់ផោមបន្សល់លាមកបន្សល់ជាតិពុល និងមេរោគនៅពេញពោះវៀនក្រពះ និងនៅក្នុងឈាម ហើយធ្វើឲ្យឈាមពុល ឈាមមានមេរោគ​ ឈាមមានជំងឺ ហើយ​បញ្ចូនឲ្យថ្លើម លាងសំអាតរាល់ថ្ងៃ ធ្វើឲ្យថ្លើម បំពេញមុខងារច្រើន ថ្លើមខ្សោយ ថ្លើមពុល ថ្លើមមានជំងឺA B C ថ្លើមមិនជួយរំលាយអាហារ មិនជួយសំអាតឈាម​ ថ្លើមឆាប់ពុល ឆាប់ស្រវឹង ។      ៥- ធ្វើឲ្យមានការឈឺចាប់ រមាស់ក្រហាយនៅជុំវិញ ទ្វារលាមក និងជំងឺឫសដូងបាត ។           ៦- ប៉ះពាល់ដល់ការបត់ជើងតូច​ មិនចេះអស់ ចុះខ្សោយចំណង់ផ្លូវភេទ និងការបន្តពូជ ។ ៧-  ដោយឈាមពុល ឈាមខ្វះអុកស៊ីស្សែនទៅស្រោចស្រពកោសិកា ជាលិកាសាច់ដុំធ្វើឲ្យឧស្សាហ៏ ឈឺចង្កេះ ខ្នង ចុករោយដៃជើង រសេះរសោះអស់កំលាំង ដេកពុំបានសម្រាន្តពុំបានស្រួលហូបចុកពុំដឹង​រស់ជាតិឆ្ងាញ់ អាការៈដូចចង់ខ្យល់រាល់ថ្ងៃ ។                                            ៨-  ឧស្សាហ៏ឈឺក្បាល ឧស្សាហ៏វិលមុខងងិតមុខ សក់ជ្រុះ និង ឆាប់ស្កូវ ភ្នែកឆាប់ស្រវាំង ងងិត ខួរក្បាល​ប្រាជ្ញាស្មារតីបាត់ការចង់ចាំ មានការធុញទ្រាន់ និង មួរមៅច្រើន ។ ៩-  ប៉ះពាល់ដល់ស្បែក បង្កឲ្យមានជំងឺសើរស្បែក កន្ទួលរមាស់ កន្ទួលត្រអាក ជាដើមស្បែកឆាប់​ជ្រីវជ្រួញ ស្បែកឆាប់ចាស់ ឆាប់ស្លាប់មុនអាយុ ស្បែកមានពណ៌សម្បុរមិនល្អ សាច់ឈាមមិន​ស្រស់ថ្លា ។                                                                                      ១០- នៅដំណាក់កាលទី២ ឫសដូងបាត លូនចេញមកក្រៅនៅពេលបត់ជើងធំម្តងៗ ក្រោយពេលបត់ជើងធំរួច ឫសដូងបាត លូនចូលវិញដោយខ្លួនឯង ។ ១១-​​ នៅដំណាក់កាលទី៣ ឫសដូងបាតលូនចេញមកក្រៅ នៅរាល់ពេលបត់ជើងធំម្តងៗ ហើយវា​ពុំអាចលូនចូលវិញដោយឯងៗបានទេ លុះត្រាតែជួយរុញ ជួយច្រានទើប​ចូលវិញបាន ។       ១២- នៅដំណាក់កាលទី៤ ជាដំណាក់កាលចុងក្រោយ ឫសដូងបាត លូនចេញមកដោយឯងៗ មានការ​ ឈឺចាប់ធ្ងន់ធ្ងរ ហើយពុំអាចរុញ ឬច្រានឲ្យចូលវិញបានឡើយ ត្រូវការព្យាបាលជាបន្ទាន់ ១៣-​ នៅពេលដែលឫសដូងបាត ទុំ លូនចេញមកក្រៅ ហើយមានការហូរឈាម ឈឺចាប់ធ្ងន់ធ្ងរត្រូវព្យាបាលជាបន្ទាន់ អាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នក ជំងឺទៀតផង។  បញ្ជាក់ៈ ចំពោះផលប៉ះពាល់ទាំង១៣ខាងលើពុំមែនអះអាងថា ជំងឺទាំងនោះឈឺដោយសារជំងឺឫសដូងបាតទាំងអស់នោះទេ ជាពិសេសក្រពះពោះវៀននិងថ្លើម វាអាចបង្កពីកត្តាផ្សេងៗទៀតដែរ ដូចជា​៖  -មេរោគ  -ហូបអាហារមិនត្រឹមត្រូវ ដេកមិនលក់ -ញុំាបាយមិនទៀងពេល -ញុំាថ្នាំពេទ្យមិនត្រឹមត្រូវ​តាម​​វេជ្ជបញ្ជា ស្រា បារី ក៏អាចធ្វើឲ្យក្រពះពោះវៀន ថ្លើម ឈឺដែរ ដូច្នេះត្រូវព្យាបាល តាមភាពជាក់ស្តែង ក៏ប៉ុន្តែ បើជំងឺទាំងនោះឈឺដោយសារ ជំងឺឫសដូងបាតបង្កឡើង គឺពុំអាចព្យាបាលជាទេបើពុំបាន ព្យាបាលជំងឺឫសដូងបាតឲ្យជាមុនទេនោះ ។ ចំណាំៈ មនុស្សភាគច្រើនតែងគេចវេស និងបដិសេធថា ខ្លួនមិនមានកើត ជំងឺឫសដូងបាតទេ ព្រោះគេ យល់ថាជំងឺឫសដូងបាត គឺជាជំងឺមិនសមកើតលើខ្លួនឯងទេ អ្នកខ្លះទៀតខ្លាចគេឯង​ដឹង គេរើសអើង ព្រោះយើងកើតជំងឺឫសដូងបាត នេះហើយ ក៏មានអ្នកខ្លះទៀត កំពុងផ្ទុក ជំងឺឫសដូងបាត និងកំពុងទទួល​ ផលប៉ះពាល់ពីជំងឺឫសដូងបាត យ៉ាងធ្ងន់ធ្ងរដូចជាកំពុងមានជំងឺពោះវៀន ក្រពះ ថ្លើម រុំារ៉ៃ ហើយព្យាបាលពុំជា នៅតែប្រកែកថាខ្លួនគ្មាន(ពុំមាន) ជំងឺឫសដូងបាតទេ គឺគ្រាន់តែការពិបាកបត់ជើងធំ និងមានជំងឺពោះវៀន ក្រពះ រុំារ៉ៃតែប៉ុណ្ណោះ។          ដូច្នេះសរុបមកវិញ គ្រប់មនុស្សសុទ្ធតែប្រឈមនឹងជំងឺឫសដូងបាតគ្រប់គ្នាទាំងអស់ ព្រោះធម្មជាតិ បង្កើតមនុស្សមកមានកំពកសសៃឈាមវ៉ែន ៣ដុំដូចគ្នាទាំងអស់ ដែលអាចកើតជំងឺឫសដូងបាតដូចគ្នាគ្រប់គ្នា គ្រាន់តែវាពុំទាន់ឲ្យរោគសញ្ញា ឬ មានរោគសញ្ញា ហើយតែយើងមិនដឹង ឬមួយដឹងហើយតែពន្យាពេល ឬមិនយកចិត្តទុកដាក់ថាជំងឺឫសដូងបាតបង្ក ឲ្យមានជំងឺផ្សេងៗទៀតជាច្រើន ដែលយើងនឹកស្មានមិនដល់ ហើយគ្រូពេទ្យពិបាកដាក់រោគវិនិច្ឆ័យ ព្យាបាលជំងឺទាំងនោះពុំជា បើពុំបាន​ព្យាបាលជំងឺឫសដូងបាត ឲ្យជាមុនទេនោះ​។ យោងតាមករណីសិក្សាពីជំងឺឫសដូងបាត របស់លោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០០៣​-២០១៧ ពីអ្នកជំងឺឫសដូងបាត ចំនួន ១៥០០នាក់ដែលបានមកព្យាបាលនៅ គ្លីនិក តូច យ៉ាន ផ្ទាល់។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត   លោក លោកស្រី អាចពិនិត្យ ពិគ្រោះ ថត ជំងឺ​ឫសដូងបាត ជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន ដោយផ្ទាល់ ឬ តាមរយៈទូរស័ព្ទលេខ Tel: 012 855 922 /070 855 922 /016 955 822/097 97 97 882 ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989 ឬ កមកាន់ផ្ទះលេខ 16-18 ផ្លូវលេខ16 ក្នុងបុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង, សង្កាត់ ចោមចៅ, ខណ្ឌ ពោធិ៍សែនជ័យ, រាជធានី ភ្នំពេញ។

Share

សក់ប្រមាណពី 50 ទៅ 100 សរសៃ ត្រូវបានជ្រុះជារៀងរាល់ថ្ងៃ ហើយត្រូវបានគេចាត់ទុកជាធម្មតាសម្រាប់មនុស្សទូទៅ។ ប៉ុន្តែ ស្ត្រីជាញឹកញាប់អាចមានជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភចំពោះការជ្រុះសក់នេះជាងបុរស។ យ៉ាងណាមិញ សក់របស់អ្នកមានការដុះលូតលាស់ជា៣ដំណាក់កាលផ្សេងគ្នារួមមាន៖ ដំណាក់កាលលូតលាស់មានប្រហែលជា៩០% និងមានរយៈពេលច្រើនឆ្នាំ ហើយនៅដំណាក់កាលសម្រាកដែលជាទូទៅ មានរយៈពេលពី២ ទៅ ៣ខែ និងដំណាក់កាលចុងក្រោយ គឺការជ្រុះសក់ពីឫស ហើយក៏មានការដុះសក់ថ្មីជាបន្តបន្ទាប់។ បញ្ហាជ្រុះសក់នាពេលបច្ចុប្បន្ន មានការកើតឡើងច្រើនក្នុងប្រទេសកម្ពុជាយើង ហើយមូលហេតុភាគច្រើននៃការជ្រុះសក់របស់មនុស្សធំនាពេលបច្ចុប្បន្ន ដោយសារតែការប្រើប្រាស់គ្រឿងសម្អាងតុបតែងសក់ និងបញ្ហាស្ត្រេសរបស់ពួកគាត់ បូករួមនឹងកត្តាចម្បងដែលបណ្ដាលឲ្យសក់ជ្រុះជាច្រើនទៀតមានដូចជា៖ -បញ្ហាស្ត្រេស៖ ទាំងផ្លូវកាយ និងផ្លូវចិត្តដែលជម្រុញឲ្យវដ្តនៃការលូតលាស់នៃសក់មានរយៈខ្លី និងឆាប់ជ្រុះ។ -កត្តាបុរស ឬតំណពូជ៖ បង្កឡើងដោយសារអ័រម៉ូនអង់ដ្រូសែនដែលមានច្រើនពេលមនុស្សពេញវ័យ។ វាបណ្ដាលឲ្យសក់ជ្រុះនៅម្ដុំខាងមុខ និងកណ្ដាល។ ចំពោះមនុស្សស្រីវិញអាចជាកត្តាតំណពូជ សក់ជ្រុះពេលអស់រដូវដោយសារការប្រើប្រាស់ថ្នាំពន្យារកំណើត ឬក្រោយពេលសម្រាល។ -ការខ្វះអាហារូបត្ថម្ភ៖ បញ្ហានេះក៏បណ្ដាលឲ្យសក់ជ្រុះដែរ ដូចជាកង្វះវីតាមីន B12 ជាតិដែក ស័ង្កសី និងខ្វះប្រូតេអ៊ីន ដោយសារទម្លាប់មិនបរិភាគសាច់ប្រចាំថ្ងៃ។  -ជំងឺក្រពេញ៖ ជំងឺក្រពេញមួយចំនួនក៏អាចឲ្យមានបញ្ហានេះដែរ ដូចជាជំងឺទឹកនោមផ្អែម ជំងឺពកកជាដើម។  -ការប្រើប្រាស់ថ្នាំ៖ ថ្នាំព្យាបាលជំងឺឈាមខាប់ដូចជា អាស្ពឺរីន(Aspirin) អរប៉ារីន(Heparin) និងថ្នាំព្យាបាលជំងឺបេះដូង បេតាប្លុកខឺ (Betablocker) ក៏ជាមូលហេតុមួយដែរ ការព្យាបាលដោយចាក់គីមី (Chemical therapy) សម្រាប់អ្នកជំងឺមហារីកក៏អាចឲ្យជ្រុះសក់បានដែរ។  -កត្តាជំងឺ៖ ជំងឺផ្លូវចិត្ត(Trichotillomania)ជាជំងឺដែលតែងកើតលើក្មេងអាយុ៨ ទៅ១៣ ឬ១៤ឆ្នាំដោយអ្នកជំងឺចូលចិត្តបោចសក់ខ្លួនឯង ហើយគេអាចដឹងបានដោយសារសក់របស់គេបាត់នៅដំណាក់កាលផ្សេងៗគ្នា ជំងឺផ្សិតដែលឲ្យសក់ដាច់មួយកំណាត់ជំងឺប្រព័ន្ធភាពសុំាដូចជាជំងឺលុយពីស(lupus)ដែលកើតឡើងដោយសារវត្តមានគោលិកាឈាមសច្រើននៅតាមស្បែកក្បាលដែលនាំឲ្យរលោកគល់រោម ហើយអាចឲ្យដំបៅពិបាកនឹងព្យាបាល និងជំងឺដំពកច្រើននៅដៃស្បូន (Polycystic ovarian) ។  -ការតុបតែងសក់៖ ទម្លាប់បែបនោះក៏អាចបណ្ដាលឲ្យសក់ជ្រុះដូចជាការចងសក់តឹងពេកជាដើម។  ជាចុងក្រោយនេះ លោកសាស្ត្រាចារ្យ  ម៉ី ស៊ីថាច  បម្រើការនៅមន្ទីរពេទ្យព្រះកុសមៈ ជាប្រធានផ្នែកនៃមន្ទីរពេទ្យ និងជាប្រធានផ្នែកជំងឺសើស្បែកនៃសាកលវិទ្យាសាស្ត្រសុខាភិបាល និងទទួលបន្ទុកបណ្តុះបណ្ដាលជំងឺសើស្បែក បានមានប្រសាសន៍ថា «ការព្យាបាលបញ្ហានេះ ត្រូវព្យាបាលពីមូលហេតុខាងដើមជាមុនសិន ដូចនេះ អ្នកជំងឺគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញ ព្រោះការប្រើប្រាស់ថ្នាំបាញ់តែមួយមុខអាចនឹងមិនគ្រប់គ្រាន់សម្រាប់ការព្យាបាលបញ្ហារបស់អ្នក»៕ ស្វែងយល់បន្ថែម៖ ដោះស្រាយបញ្ហាជ្រុះសក់ជាមួយសាស្ត្រចារ្យ ម៉ី ស៊ីថាច ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រចនាសម្ព័ន្ធទូទៅរបស់បេះដូងគឺ មានថតចំនួន៤ ដែលបែងចែកជាថតលើ២ និងថតក្រោម២ ខណ្ឌគ្នាដោយសន្ទះបេះដូង និងប្រឹសបេះដូង ហើយមានសរសៃឈាមធំពីរ មាននាទីនាំឈាមពីបេះដូង ទៅចិញ្ចឹមរាងកាយ និងនាំឈាមទៅសួត ដើម្បីធ្វើការប្តូរយកអុកស៊ីសែនប្រើប្រាស់។ ជំងឺបេះដូងពីកំណើត ជាលក្ខណៈមួយដែលបេះដូងមានរចនាសម្ព័ន្ធ ខុសប្រក្រតីពីកំណើត និងអាចកើតមានតាំងពីទារកនៅក្នុងផ្ទៃម្តាយ។ ករណីក្រុមគ្រួសារ សាច់ញាតិ ឬម្តាយមានជំងឺបេះដូងពីកំណើត នោះទារកដែលកើតមកអាចប្រឈមនឹងជំងឺនេះរហូតដល់៤-១០%។ តើជំងឺបេះដូងពីកំណើតមានប៉ុន្មានប្រភេទ? ជំងឺបេះដូងពីកំណើតដែលតែងជួបប្រទះញឹកញាប់រួមមាន៖ •ប្រហោងបេះដូងចន្លោះថតទាំងពីរខាងលើ (Atrium Septal Defect) •ប្រហោងចន្លោះថតទាំងពីរខាងក្រោម (Ventricular Septal Defect) •ជំងឺសរៃសឈាមបិទមិនជិត(Patent Ductus Arteriosus) •ជំងឺតេត្រាឡូស្ស៊ីហ្វាឡូ (Tetralogy of Fallot)។ ក្រៅពី៤ប្រភេទខាងលើជំងឺបេះដូងពីកំណើតអាចមានផ្សេងទៀតដូចខាងក្រោម៖ •ជំងឺត្បៀតសរសៃឈាមបេះដូង (Pulmonary Valve Stenosis) •បេះដូងអត់សន្ទះ មានតែមួយថត •ជំងឺសរសៃឈាមដុះខុសកន្លែង (Transposition of the Great Arteries) •ជំងឺប្រឹសបេះដូង៖ Tricuspid Atresia, Pulmonary Atresia…។ តើរោគសញ្ញាសង្ស័យនៃជំងឺមានអ្វីខ្លះ? រោគសញ្ញានៃជំងឺបេះដូងពីកំណើតស្តែងចេញខុសៗគ្នាទៅតាមប្រភេទជំងឺ ខ្លះកើតមានតាំងពីកុមារកើតមកតែម្តង ដោយស្តែងចេញជាសញ្ញារួមមាន៖ ស្វាយនៅលើបបូរមាត់ លើក្រចកដៃក្មេង បៅទឹកដោះឆាប់ហត់ ងាយរលាកទងសួត ឬមានជំងឺរលាកទងសួតញឹកញាប់ ក្មេងខ្លះមិនធំធាត់ ការលូតលាស់មិនប្រក្រតីដូចក្មេងទូទៅ ស្គម ឆាប់ហត់ហើយឧស្សាហ៍ចូលសម្រាកក្នុងមន្ទីរពេទ្យ ដោយជំងឺផ្សេងៗ។  ករណីមួយចំនួន ទារកកើតមកមិនអាចរស់នៅបានយូរ ឬងាយមានគ្រោះថ្នាក់ដល់ស្លាប់។ ខ្លះទៀត អ្នកជំងឺអាចនៅទប់ទល់បានយូររហូតពេញវ័យ និងអាចដល់វ័យចំណាស់ ប៉ុន្តែពួកគាត់អាចប្រឈមមុខនឹងការខ្សោយបេះដូង បេះដូងលោតខុសចង្វាក់ ក្រចកដៃឡើងក្រម៉ោង(Climbing)  ឬអាចឈានដល់គ្រោះថ្នាក់សរ-សៃឈាមខួរក្បាល។ តើជំងឺនេះមានមូលហេតុ និងកត្តាហានិភ័យអ្វីខ្លះ? ជាទូទៅជំងឺបេះដូងពីកំណើតអាចបណ្តាលមកពីកត្តារួមផ្សំជាច្រើនដូចជា៖ •កត្តាហ្សែន ឬដោយសារក្រូម៉ូសូមផ្គុំខុស •អំឡុងពេលមានផ្ទៃពោះ៖ ម្តាយមានទម្លាប់ពិសាស្រា  ជក់បារី  ឬមានការប្រើប្រាស់ប្រភេទកូកាអ៊ីនជាដើម ក្រៅពីនេះ ការប្រើប្រាស់ថ្នាំអំឡុងពេលមានផ្ទៃពោះ ដូចជាប្រភេទថ្នាំពង្រាវឈាម (Warfarin, Coumadin…) ការមានជំងឺទឹកនោមផ្អែម មានជំងឺឆ្កួតជ្រូក និងម្តាយកើតស្អូច ទាំងអស់នេះ ក៏ជាកត្តាហានិភ័យនៃជំងឺបេះដូងពីកំណើតផងដែរ។ តើការធ្វើរោគវិនិច្ឆ័យនៃជំងឺបេះដូងពីកំណើតមានអ្វីខ្លះ? ការធ្វើរោគវិនិច្ឆ័យជំងឺបេះដូងពីកំណើតមានភាពងាយស្រួល  ដោយគ្រាន់តែអ្នកជំងឺមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស។  បន្ទាប់មក គ្រូពេទ្យអាចតម្រូវឲ្យធ្វើអេកូបេះដូង ដើម្បីរកមានសញ្ញានៃជំងឺបេះដូងពីកំណើត ហើយលើសពីនេះ អ្នកជំងឺអាចរហូតដល់ធ្វើការថតឆ្លុះបន្ថែមទៀត (Angiography)។ តើជំងឺបេះដូងពីកំណើតត្រូវព្យាបាលដោយរបៀបណា? ករណីប្រហោងតូចអាចវិវឌ្ឍទៅបិទជិតដោយខ្លួនឯងបាន ឧទាហរណ៍ដូចជាប្រហោងតូចចន្លោះថតទាំងពីរខាងលើ ឬប្រហោងតូចចន្លោះថតទាំងពីរខាងក្រោម ដែលការវិវឌ្ឍបិទជិតនេះ ស្ថិតនៅចន្លោះអាយុក្រោម១ឆ្នាំកន្លះ។ ប្រសិនបើប្រហោងមានលក្ខណៈធំ នោះការព្យាបាលអាចតម្រូវឲ្យធ្វើការវះកាត់បេះដូងដើម្បីបិទប្រហោង ពង្រីកប្រឹសបេះដូង បិទសរសៃឈាមដែលចំហ (PDA) ដោយបច្ចេកវិទ្យាទំនើប កាតេតេរីសបេះដូង (មិនបាច់វះកាត់)។  ដូចនេះ ការព្យាបាលជារួមនៃអ្នកជំងឺបេះដូងពីកំណើតអាស្រ័យតាមប្រភេទជំងឺ និងស្ថានភាពអ្នកជំងឺ។ គួរបញ្ជាក់ថា ការវះកាត់បច្ចុប្បន្នមានបច្ចេកវិទ្យាទំនើប និងអាចទទួលបានជោគជ័យរហូតដល់ទៅ៩៨% ចំពោះបេះដូងដែលគ្មានបញ្ហាស្មុគស្មាញ។ ករណីគ្មានការព្យាបាល អ្នកជំងឺអាចប្រឈមជាមួយហានិភ័យដូចជា ការខ្សោយបេះដូងមានជំងឺបេះដូងរីក បេះដូងលោតខុសចង្វាក់ ហើយការរស់នៅរបស់គាត់មិនអាចធ្វើការងារដូចអ្នកដែលមានសុខភាពធម្មតាបាន។ ជាឧទាហរណ៍ជំងឺ Atrium Septal Defect ធ្វើឲ្យអ្នកជំងឺរស់នៅក្នុងស្ថានភាពលំបាក ចូលសម្រាកពេទ្យញឹកញាប់ដោយសារមានសញ្ញាខ្សោយបេះដូង ហើមជើង ញ័រទ្រូង ឬអាចស្ទះសរសៃឈាមខួរក្បាល និងពិការភាព។ ប្រភេទខ្លះទៀត ជំងឺបេះដូងមានលក្ខណៈ ចរន្តឈាមលាយគ្នា ទៅជាស្វាយអាចប្រឈមមុខនឹងជំងឺ Tetralogy of Fallot ដែលអាចឲ្យជាអាប់សែនៅខួរក្បាល មានន័យថាពួកគាត់ប្រឈមមុខនឹងហានិភ័យខ្ពស់ រស់នៅក្នុងស្ថានភាពលំបាក ដូចមនុស្សពិការពុំអាចធ្វើអ្វីបាន។ តើជំងឺបេះដូងពីកំណើតអាចការពារបានដែរទេ? ជាក់ស្តែងជំងឺបេះដូងពីកំណើត មិនអាចធ្វើការការពារបាននោះទេ។ ប៉ុន្តែ ក្នុងករណីដែលម្តាយ ឬក្រុមសាច់ញាតិ មានប្រវត្តិ ធ្លាប់កើតជំងឺបេះដូងពីកំណើត នៅពេលមានទម្ងន់ត្រូវធ្វើអេកូបេះដូងទារកក្នុងផ្ទៃចាប់ពីទារកអាយុបាន៥ខែ នោះទើបគ្រូពេទ្យអាចវាយតម្លៃថា ទារកមានជំងឺបេះដូងពីកំណើត ឬយ៉ាងណា។ ក្នុងពេលជាមួយគ្នាត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសបេះដូង ដើម្បីរកវិធីព្យាបាលសមស្រប ទៅតាមប្រភេទជំងឺ ដោយត្រូវធ្វើការវះកាត់ ឬព្យាបាលតាមបច្ចេកវិទ្យាទំនើបដោយហេតុថា ក្រោយការព្យាបាល សុខភាពរបស់គាត់នឹងប្រសើរដូចអ្នកធម្មតា ជាក់ស្តែង គឺគាត់អាចទៅសាលារៀន និងធ្វើការងារដូចអ្នកគ្មានជំងឺ។ ការមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅពេលមានករណីសង្ស័យណាមួយជារឿងចាំបាច់បំផុត ដើម្បីទទួលបានព័ត៌មានពិតប្រាកដ។ សូមកុំធ្វើការសន្និដ្ឋានខ្លួនឯង ឬសួរបន្តគ្នាដោយគ្មានដែនវិភាគច្បាស់លាស់ ព្រោះអាចធ្វើឲ្យមានការយល់ខុសលើប្រភេទជំងឺ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ហាវ រត្ននារី ឯកទេសជំងឺបេះដូង ប្រធានផ្នែកពិគ្រោះជំងឺក្រៅផ្នែកបេះដូង និងជាអនុប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រោគសញ្ញានៃ ជំងឺឫសដូងបាត (Sign Symptoms of Hemorrhoid) ១- ពិបាកបត់ជើងធំ (ជួនទល់ ជួនរាគ ជួនធ្លាក់ឈាម) បត់ជើងមិនចេះអស់ មានលាមកមូល ឬសំប៉ែតតូចៗ ។ ២- ធ្វើឲ្យហើមពោះ ឆ្អល់ពោះ ហើមពោះវៀនក្រពះ ជាប្រចាំ ។ ៣- មានការឈឺចាប់ រមាស់ក្រហាយនៅទ្វារលាមក និង ឫសដូងបាត ។ ៤- ឧស្សាហ៍ឈឺចង្កេះខ្នង ចុករោយដៃជើងរសេះរសោះអស់កម្លាំង ដេកពុំបាន សម្រាន្តពុំស្រួល ហូបចុកពុំដឹងរសជាតិឆ្ងាញ់ អាការៈដូចចង់ខ្យល់រាល់ថ្ងៃ ។ ៥- ឧស្សាហ៍ឈឺក្បាល ឧស្សាហ៍វិលមុខ ងងឹតមុខ សក់ជ្រុះ និងឆាប់ស្កូវ ភ្នែកឆាប់ស្រវាំង ងងឹត ខួរក្បាល ប្រាជ្ញាស្មារតីបាត់ការចងចាំ មានការធុញទ្រាន់ និង មួម៉ៅច្រើន ។ ៦- មានអាការៈតឹងៗទ្រូង ថប់ៗដង្ហើម ចលនាឈាមរត់មិនទៀងទាត់ ជួនលើស ជួនខ្វះ បេះដូងចុះខ្សោយ ឆាប់ភ័យ ឆាប់តក់ស្លុត ឆាប់ខឹង ឆាប់រំជួលចិត្ត ។ ៧- ធ្វើឲ្យពិបាកបត់ជើងតូច និងចុះខ្សោយចំណង់ផ្លូវភេទ និងការបន្តពូជ ។ ៨- ឧស្សាហ៍មានជំងឺសើស្បែក កន្ទួលរមាស់ កន្ទួលត្រអាក ស្បែកឆាប់ជីវជ្រួញ ឆាប់ចាស់ ឆាប់ស្លាប់មុនអាយុ ស្បែកមានពណ៌សម្បុរមិនល្អ សាច់ឈាមមិនស្រស់ថ្លា ។ ៩- នៅដំណាក់កាលទី២ ៖ ជំងឺឫសដូងបាត វាលូនចេញមកក្រៅ ក្រោយពេលបត់ជើងធំរួច វាលូនចូលវិញដោយឯងៗ ។ ១០- នៅដំណាក់កាលទី៣ ៖ ឫសដូងបាតវាលូនចេញក្រៅ ក្រោយពេលបត់ជើងធំរួច ឫសដូងបាតមិនអាចលូនចូលវិញខ្លួនឯងបានទេ ជួយរុញ ជួយច្រានទើបចូលវិញបាន ។ ១១- នៅដំណាក់កាលទី៤ ៖ ជំងឺឫសដូងបាត វាលូនចេញហើយពុំអាចចូលវិញបានទេ ទោះបីខំរុញខំច្រានប៉ុណ្ណាក៏មិនអាចចូលវិញបានដែរ ត្រូវព្យាបាលជាបន្ទាន់ ព្រោះមានការឈឺចាប់ និងហូរឈាមធ្ងន់ធ្ងរ ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

Share

តើថ្នាំបង្ការ ឬវ៉ាក់សាំង (vaccine)ជាអ្វី? ថ្នាំបង្ការ អាចការពារការឆ្លងមេរោគដែលធ្ងន់ធ្ងរ ដោយរៀបចំរាងកាយរបស់មនុស្សយើងសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគទាំងនេះ។ ការបង្ការ អាចធ្វើឡើងតាមរយៈការចាក់ថ្នាំ ថ្នាំលេប ឬថ្នាំបាញ់ក្នុងច្រមុះ។ ហេតុអ្វីកូនរបស់ខ្ញុំគួរទទួលថ្នាំបង្ការ?  ការទទួលថ្នាំបង្ការ អាចការពារកូនរបស់អ្នកកុំឱ្យឈឺ ហើយបើគាត់ឈឺ វាអាចការពារគាត់កុំឲ្យឈឺធ្ងន់។ លើសពីនេះទៀត ថ្នាំបង្ការក៏អាចការពារមនុស្សនៅជុំវិញកូនរបស់អ្នកពីការឈឺផងដែរ។ តើទារក និងកុមារទទួលថ្នាំបង្ការអ្វីខ្លះ?  ជាទូទៅ គ្រូពេទ្យណែនាំអោយទារក និងកុមារទទួលថ្នាំបង្ការការឆ្លងមេរោគដូចខាងក្រោម ៖ • ជំងឺរលាកថ្លើមប្រភេទ B៖ អាចបណ្តាលឲ្យមានបញ្ហាថ្លើមរយៈពេលវែង ឬមហារីកថ្លើម។ • ជំងឺខាន់ស្លាក់ ជំងឺតេតាណុស និងជំងឺក្អកមាន់៖ ថ្នាំបង្ការជំងឺទាំងបីនេះ ជាទូទៅត្រូវបានដាក់ជាក្រុមរួមគ្នានៅក្នុងដបតែមួយ។ ជំងឺខាន់សា្លក់ អាចឲ្យពិបាកដកដង្ហើម។ ជំងឺតេតាណុស បណ្តាលឲ្យសាច់ដុំកន្ត្រាក់ ឬប្រកាច់។ ជំងឺក្អកមាន់អាចបណ្ដាលឲ្យមានក្អកធ្ងន់ធ្ងរ។ • ជំងឺស្វិតដៃជើង៖​ អាចបណ្តាលឲ្យខ្សោយសាច់ដុំ និងឈឺចាប់ រហូតដល់ខ្វិន(សាច់ដុំដៃ ឬជើងមិនអាចកម្រើកបាន)។ • ជំងឺរាគដោយរ៉ូតាវីរុស៖ Rotavirus អាចបណ្តាលឲ្យរាករូសធ្ងន់ធ្ងរ រហូតដល់ខ្សោះជាតិទឹក និងអាចប៉ះពាល់អាយុជីវិត។ • Haemophilus influenzae type B ដែលគេហៅថា "Hib"៖ Hib អាចបណ្តាលឲ្យមានការបង្ករោគនៅស្បែក បំពង់ក សន្លាក់ឬខួរក្បាល។ • ភ្នឺមូកូក Pneumococcus៖ ជាជំងឺដែលអាចបណ្តាលឲ្យមានការបង្ករោគនៅសួត ត្រចៀក ឈាម ឬខួរក្បាល។ • កញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច ហៅថា "MMR"៖ ថ្នាំបង្ការជំងឺទាំងបីនេះជាទូទៅត្រូវបានដាក់ជាក្រុមរួមគ្នានៅក្នុងដបតែមួយ។ ជំងឺកញ្ជ្រឹល អាចបណ្ដាលឲ្យកន្ទួលក្រហម ក្ដៅខ្លួន និងក្អក ហើយអាចមានបញ្ហារយៈពេលវែងនៅសួត ត្រចៀក ឬខួរក្បាល។ ជំងឺស្រឡទែន បណ្តាលឲ្យហើមក្រពេញទឹកមាត់នៅនឹងថ្ពាល់ និងអាចបណ្តាលឲ្យមានបញ្ហារយៈពេលយូរនៅខួរក្បាល ឬក្រពេញមេជីវិតឈ្មោល(ពងស្វាស)។ ជំងឺស្អូច អាចបណ្ដាលឲ្យមានកន្ទួលក្រហម ក្ដៅខ្លួន ហើយប្រសិនបើស្ត្រីមានជំងឺនេះខណៈពេលដែលមានផ្ទៃពោះ ទារកអាចកើតមកមានពិការភាពពីកំណើត។ • ជំងឺអុតស្វាយ៖ បណ្តាលឲ្យមានគ្រុនក្តៅ ឈឺបំពង់ក និងកន្ទួល ហើយអាចធ្ងន់ធ្ងរដល់ការឆ្លងមេរោគនៅសួត ឬខួរក្បាល។ • ជំងឺរលាកថ្លើមប្រភេទ A​៖ ជាធម្មតា មិនបណ្តាលឲ្យមានបញ្ហាចំពោះកុមារ ប៉ុន្តែអាចបណ្តាលឲ្យមានជំងឺថ្លើមធ្ងន់ធ្ងរសម្រាប់មនុស្សពេញវ័យ។ កុមារដែលទទួលថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទ A ជួយការពារមនុស្សពេញវ័យនៅជុំវិញពួកគេពីការឆ្លងមេរោគបាន។ • ជំងឺគ្រុនផ្តាសាយធំ៖ អាចបណ្តាលឲ្យក្តៅខ្លួន ឈឺសាច់ដុំ ក្អក ឬឈឺក។ តើកូនរបស់ខ្ញុំត្រូវការថ្នាំបង្ការប៉ុន្មានដង? វ៉ាក់សាំងនីមួយៗមានភាពខុសៗគ្នា។ វ៉ាក់សាំងខ្លះមានប្រសិទ្ធភាពត្រឹម1ដូស ប៉ុន្តភាគច្រើនត្រូវការចាប់ពី ពីរដង ឬច្រើនជាងនេះដើម្បីបងា្ករការឆ្លងរោគ។ ជាទូទៅ ថ្នាំបង្ការត្រូវការពេលពីរទៅបីសប្តាហ៍ ដើម្បីចាប់ផ្តើមធ្វើការ។ តើកូនរបស់ខ្ញុំនឹងទទួលថ្នាំបង្ការនៅពេលណា?  វ៉ាក់សាំងផ្សេងៗគ្នាត្រូវបានផ្តល់ជូននៅគ្រប់វ័យ។ ទារកភាគច្រើន ទទួលបានថ្នាំវ៉ាក់សាំងលើកដំបូងរបស់ពួកគេនៅពេលកើត(វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទB និងជំងឺរបេងសម្រាប់ប្រទេសកម្ពុជា )។ បន្ទាប់មក កុមារដែលមានសុខភាពល្អ នឹងបន្តអនុវត្តតាមកាលវិភាគថ្នាំបង្ការដែលបានកំណត់(តាមប្រទេស)។  ថ្វីបើគ្រូពេទ្យធ្វើតាមកាលវិភាគវ៉ាក់សាំងដែលបានកំណត់ក៏ដោយ កុមារខ្លះអាចទទួលបានចំនួនថ្នាំវ៉ាក់សាំង ប្រភេទវ៉ាក់សាំង និងក្នុងពេលខុសគ្នា ប្រសិនបើពួកគេៈ • មានបញ្ហាសុខភាព • ចាប់ផ្តើមទទួលថ្នាំបង្ការយឺតពេល • ចាប់ផ្តើមទទួលថ្នាំបង្ការទាន់ពេល ប៉ុន្តែភ្លេច ឬយឺតសម្រាប់ដូសបន្ទាប់គ្រូពេទ្យ ឬគិលានុបដ្ឋាយិការបស់កូនអ្នក នឹងណែនាំកាលវិភាគវ៉ាក់សាំងដែលត្រឹមត្រូវសម្រាប់កូនរបស់អ្នក។ តើថ្នាំបង្ការអាចបង្កផលប៉ះពាល់អ្វីខ្លះ? ជារឿយៗ ថ្នាំបង្ការមិនបណ្ដាលឲ្យមានផលប៉ះពាល់អ្វីទេ តែពួកគេអាចបណ្តាលឲ្យ ៖ • ឡើងក្រហម ហើម ឬឈឺចាប់នៅកន្លែងដែលចាក់ថ្នាំ • ក្ដៅខ្លួន • កន្ទួលក្រហមតិចតួច • ឈឺក្បាល ឬឈឺខ្លួន ភាគច្រើននៃផលប៉ះពាល់ទាំងនេះកើតឡើងក្នុងរយៈពេលពី 1 ទៅ 2 ថ្ងៃក្រោយការចាក់វ៉ាក់សាំង។ ប៉ុន្តែវាអាចកើតឡើងពី 1 ទៅ 2 សប្តាហ៍បន្ទាប់ពីការចាក់ថ្នាំបង្ការជំងឺអុតស្វាយ ឬជំងឺកញ្ជ្រិល ស្រឡទែន និងជំងឺស្អូច។ ថ្នាំបង្ការ ជួនកាលបណ្តាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជាប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរ ប៉ុន្តែវាកម្រណាស់។ សូមសួរគ្រូពេទ្យ ឬគិលានុបដ្ឋាយិការបស់កូនអ្នក អំពីផលប៉ះពាល់ដែលរំពឹងទុកនៅពេលដែលកូនរបស់អ្នកទទួលថ្នាំបង្ការម្ដងៗ។ ប្រសិនបើកូនរបស់អ្នក មានប្រតិកម្ម ឬបញ្ហាបន្ទាប់ពីទទួលថ្នាំបង្ការ សូមប្រាប់គ្រូពេទ្យឬគិលានុបដ្ឋាយិកា។ តើមានអ្វីកើតឡើង ប្រសិនបើកូនរបស់ខ្ញុំឈឺ នៅពេលដែលគាត់ត្រូវទទួលថ្នាំបង្ការ? អ្នកត្រូវប្រាប់គ្រូពេទ្យ ឬគិលានុបដ្ឋាកឲ្យដឹង ដើម្បីពួកគាត់អាចសម្រេចថាផ្តល់ថ្នាំបង្ការឲ្យកូនរបស់អ្នក ឬរង់ចាំរហូតដល់កូនរបស់អ្នកជាសិន(តាមប្រភេទនៃវ៉ាក់សាំង និងរោគសញ្ញារបស់កូនអ្នក) ។ ចុះបើកូនរបស់ខ្ញុំមានប្រតិកម្មអាល្លែកហ្ស៊ីជាមួយស៊ុត?  សូមប្រាប់គ្រូពេទ្យ ឬគិលានុបដ្ឋាយិកាឲ្យដឹង ព្រោះថ្នាំបង្ការខ្លះប្រើប្រាស់ស៊ុតជាធាតុផ្សំសម្រាប់ផលិត។ គ្រូពេទ្យ ឬគិលានុបដ្ឋាយិកានឹងប្រាប់អ្នកថាថ្នាំបង្ការណាដែលមានសុវត្ថិភាព។ តើខ្ញុំគួរតែតាមដានការផ្ដល់ថ្នាំបង្ការកូនរបស់ខ្ញុំទេ?  វាជារឿងសំខាន់ណាស់ ក្នុងការរក្សាសៀវភៅថ្នាំបង្ការដែលកត់ត្រាពីឈ្មោះ និងពេលវេលាដែលពួកគេទទួលបាន។ សាលារៀនជាច្រើនត្រូវការព័ត៌មានទាំងនេះមុនពេលពួកគេអនុញ្ញាតឲ្យកុមារចូលរៀន។ អ្នកអាចយកមកជាមួយនូវសៀវភៅថ្នាំបង្ការគ្រប់ពេលដែលយកកូនរបស់អ្នកមកពិនិត្យ។ តើមានផលប្រយោជន៍អ្វីក្នុងការពន្យារពេលចាក់វ៉ាក់សាំងរហូតដល់កូនរបស់ខ្ញុំមានវ័យធំបន្តិច? មិនត្រឹមត្រូវទេ! ឪពុកម្តាយមួយចំនួនគិតថា វាជាការល្អក្នុងការផ្ដល់ថ្នាំបង្ការទៅកូនដែលមានអាយុច្រើនជាងអាយុដែលណែនាំ។ ការពិត ការសិក្សាបង្ហាញថា ការពន្យារពេលអាចផ្ដល់ផលវិបាកទៅវិញ។ ឧទាហរណ៍ ការសិក្សាមួយបានរកឃើញថាកុមារដែលទទួលបានវ៉ាក់សាំង MMR ក្រោយអាយុដែលណែនាំប្រឈមនឹងជំងឺប្រកាច់ដោយគ្រុនក្តៅខ្ពស់ជាងកុមារដែលទទួលបានវ៉ាក់សាំងនៅអាយុកំណត់។ កាលវិភាគវ៉ាក់សាំងដែលវេជ្ជបណ្ឌិតណែនាំ ត្រូវបានសិក្សាយ៉ាងយកចិត្តទុកដាក់។ ដូច្នេះ កុំពន្យារពេលផ្ដល់ថ្នាំបង្ការដល់កូនរបស់អ្នក។ បកស្រាយ ដោយវេជ្ជបណ្ឌិត អ៊ុន កែវសិលា បម្រើការនៅ មន្ទីរពេទ្យសូរិយា Reference : Up-to-date 2018 "Patient education: Vaccines for babies and children age 0 to 6 years (The Basics)"

Share
Top