Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

Urinary Incontinence គឺជារោគសញ្ញានៃការចេញទឹកនោមដោយមិនដឹងខ្លួន ឬមិនអាចគ្រប់គ្រងការបត់ជើងតូចបាន។ យោងតាមទិន្នន័យនៅប្រទេសអភិវឌ្ឍមួយចំនួនបានបង្ហាញថា បញ្ហានេះតែងកើតលើស្ត្ រី២ដងច្រើនជាងបុរស។ ក្នុងស្ថិតិនោះ ២៥%-៣០%ជាស្ត្រីអាយុចន្លោះពី ៥០ឆ្នាំ-៦៥ឆ្នាំ ១០%ជាស្ត្រីមិនធ្លាប់បានសម្រាលកូន ឬមិនធ្លាប់មានផ្ទៃពោះ ១៥-២០%ជាស្ត្រីសម្រាលដោយការវះកាត់ និង២០-៣០%ជាស្ត្រីធ្លាប់ឆ្លងទន្លេ ឬមានកូនច្រើន។ មូលហេតុ និងកត្តាជំរុញ អាស្រ័យដោយទម្រង់រូបរាងនៃប្រព័ន្ធតម្រងនោមរបស់បុរស និងស្ត្រីមានលក្ខណៈខុសគ្នា ដូច្នេះវាអាចមានមូលហេតុផ្សេងគ្នា៖ • ស្ត្រី៖ ភាគច្រើនបណ្តាលមកពីការថយចុះនៃមុខងារ ឬដំណើរការសាច់ដុំបាតផ្នែកខាងក្រោមដែលភ្ជាប់ពីឆ្អឹងខាងលើមកឆ្អឹងកញ្ចូញគូទមានតួនាទីទប់ទឹកនោម-លាមក មិនឲ្យហូរចេញផ្តេសផ្តាស និងបញ្ហាប្លោកនោមលៀនចេញមកក្រៅ • បុរស៖ កើតមានជាពិសេសចំពោះអ្នកដែលទើបតែវះកាត់ ឬកោសក្រពេញប្រូស្តាត។  ក្រៅពីនេះ លក្ខខណ្ឌខ្លះអាចជាកត្តាជំរុញផងដែរដូចជាអ្នកជំងឺទឹកនោមផ្អែម ស្លាប់មួយចំហៀងខ្លួន ឬពិការជើងទាំងពីរកម្រើកមិនរួច អ្នកជំងឺរលាកខួរឆ្អឹងខ្នង អ្នកជំងឺធ្លាក់ទឹកចិត្ត ស្ត្រីអស់រដូវ ស្ត្រីមានកូនច្រើន អ្នកមានកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនថយចុះ អ្នកលើសទម្ងន់ ក្អករ៉ាំរ៉ៃ ករណីជនពិការដែលពិបាកក្នុងការដើរអ្នកឧស្សាហ៍ទល់លាមក អ្នកញៀនស្រា ឬញៀនបារី អ្នកប្រើថ្នាំមួយចំនួន (ថ្នាំបំបាត់ការធ្លាក់ទឹកចិត្ត ថ្នាំបន្ថយការកន្ត្រាក់សាច់ដុំ ថ្នាំសរសៃប្រសាទ)។ សញ្ញាសម្គាល់ អ្នកជំងឺអាចដឹងដោយខ្លួនឯងថាមិនអាចគ្រប់គ្រងការបត់ជើងតូចបាន ឬទឹកនោមចេញមកដោយឯងៗអាស្រ័យនឹងប្រភេទនៃ Urinary Incontinence ខាងក្រោម៖ • Stress Incontinence៖ ការចេញទឹកនោមដោយឯងៗនៅពេលមានចលនាដូចជាសើច ក្អក កណ្តាស់ ហាត់កីឡា ឬធ្វើការងារធ្ងន់ៗដោយសារមានការកើនឡើងនូវសម្ពាធក្នុងពោះ សង្កត់ និងរុញទឹកនោមឲ្យចេញមកដោយខ្លួនឯង • Urge Incontinence៖ ការចេញទឹកនោមបន្ទាន់ដោយមិនដឹងខ្លួន ដែលតែងកើតមានឡើងនៅពេលយប់ • Mixed Incontinence៖ ការចេញទឹកនោមទាំង ២ប្រភេទខាងលើកើតរួមគ្នាដោយអ្នកជំងឺស្រាប់តែឈឺបត់ជើងតូចភ្លាមៗ ហើយគាត់ក្អក ឬកណ្តាស់ក្នុងពេលនោះ ធ្វើឲ្យទឹកនោមចេញមកភ្លាមៗ។ ការវិនិច្ឆ័យបញ្ជាក់ ដំបូងគ្រូពេទ្យនឹងធ្វើការសាកសួរយ៉ាងលម្អិត និងក្បោះក្បាយអំពីប្រវត្តិរបស់អ្នកជំងឺ លើការមានផ្ទៃពោះការអស់រដូវ។ បើជាបុរសគ្រូពេទ្យនឹងសួរអំពីប្រវត្តិនៃការវះកាត់ក្រពេញប្រូស្តាត ឬការធ្លាប់មានរងរបួសផ្សេងៗ។ ក្រៅពីនេះ អ្នកជំងឺអាចនឹងត្រូវពិនិត្យគ្លីនិកបន្ថែមទៀតតាមរយៈ៖ • ការពិនិត្យដោយឈរ៖ អ្នកជំងឺតម្រូវឲ្យញ៉ាំទឹកដើម្បីមានទឹកនោមច្រើនបន្ទាប់មកឲ្យគាត់ប្រឹងក្អក ពេលនោះអ្នកជំងឺនឹងលេចចេញទឹកនោមមកជាមួយដែរ។ • ការពិនិត្យដោយគេង៖ ដំបូងគ្រូពេទ្យនឹងបាញ់ទឹកចូលក្នុងប្លោកនោមពី២៥០ ទៅ៣០០សេសេ រួចដកចេញមកវិញដោយឲ្យអ្នកជំងឺប្រឹងទប់ ឬប្រឹងខ្ជឹប។ តេស្តពិសេសចំពោះស្ត្រីមួយគឺ ប្រើម្រាមដៃ ២លើកបង្ហួរនោម (បន្ទាប់ពីបាញ់ទឹកចូល ៣០០សេសេ)។ ករណីខ្លះអ្នកជំងឺអាចនឹងតម្រូវឲ្យធ្វើតេស្តបន្ថែមទៀតដោយយកសំឡីត្បារត្រចៀករុកចូលក្នុងបង្ហួរនោម និងតេស្តបញ្ជាក់ពីភាពខ្សោយ ដោយដាក់ម្រាមដៃ ២ចូលក្នុងទ្វារមាសហើយឲ្យអ្នកជំងឺខ្ជឹប។ លើសពីនេះអ្នកជំងឺនឹងតម្រូវឲ្យធ្វើតេស្តរកមើលការបង្ករោគនៅក្នុងទឹកនោម ការពិនិត្យអេកូសាស្ត្រដើម្បីរកសញ្ញាណមិនប្រក្រតីផ្សេងទៀតនិងការធ្វើរោគវិនិច្ឆ័យពិសេសមួយទៀតហៅថា Balance urodynamics។ ម៉្យាងទៀត អ្នកជំងឺនឹងត្រូវបានណែនាំឲ្យកត់ត្រាបន្ថែមនូវពេលវេលា បរិមាណ ចំនួនដងក្នុងមួយថ្ងៃ និងលក្ខខណ្ឌណាមួយនៃការចេញទឹកនោមឯងៗរបស់គាត់ ដើម្បីអាចវាយតម្លៃការព្យាបាលនៅពេលអនាគត។ ការព្យាបាលសមស្រប ភាគច្រើននៃអ្នកជំងឺអាចទទួលបានការព្យាបាលជាសះស្បើយរហូតដល់ ៧០-៨០% ដែលការព្យាបាលត្រូវបានបែងចែកតាមកម្រិតរួមមាន៖ • ការព្យាបាលដោយមិនប្រើថ្នាំ ឬមិនវះ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ២-៣លីត្រក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលថ្ងៃ ចៀសវាងការទទួលទានស្រា ឬគ្រឿងស្រវឹង និងហាមជក់បារី។ ករណីអ្នកជំងឺមាននូវកត្តាហានិភ័យរួមផ្សំណាមួយដូចខាងលើ គាត់ត្រូវធ្វើការព្យាបាល ឬកាត់បន្ថយកត្តាទាំងនោះដាច់ខាត។ • ការព្យាបាលដោយធ្វើឲ្យសាច់ដុំកម្រើកឡើងវិញ៖ អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណ ឬយោគៈ និងអនុវត្តតិកនិក Rééducation vésicale រាល់ថ្ងៃ ដោយត្រូវគេងសន្ធឹងលើគ្រែ ដកដង្ហើមធម្មតាហើយប្រឹងខ្ជឹបសាច់ដុំដូចទប់បត់ជើងតូច និងបត់ជើងធំក្នុងរយៈពេល១០វិនាទី រួចរលាវិញ ១០វិនាទីទើបចាប់ផ្តើមខ្ជឹបម្តងទៀត រហូតបាន ១៥ដងក្នុង ១វគ្គ (១ថ្ងៃ៣វគ្គ ព្រឹក ថ្ងៃ និងល្ងាច)។ • ការព្យាបាលដោយប្រើថ្នាំ៖ ធ្វើឡើងក្នុងករណីវិធីសាស្ត្រខាងលើបរាជ័យដើម្បីកុំឲ្យប្លោកនោមកន្ត្រាក់ខ្លាំង ដោយប្រើថ្នាំប្រភេទ Anticholinergics តាមការណែនាំរបស់គ្រូពេទ្យអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ។ តិកនិកទំនើបមួយទៀតក្នុងប្រទេសជឿនលឿន គឺការចាក់ឆ្អឹងខ្នងដើម្បីឲ្យសាច់ដុំកន្ត្រាក់ឡើងវិញ។ • ដំណាក់កាលចុងក្រោយអ្នកជំងឺនឹងត្រូវធ្វើការវះកាត់ ប្រសិនបើការព្យាបាលខាងលើមិនទទួលបានជោគជ័យ ឬបរាជ័យ ដោយប្រើតិកនិក TVT (Tension-free Vaginal Tape), TOT (Transobturator Tape) និងSphincter artificial។ ផលវិបាក និងការការពារ ករណីអ្នកជំងឺមិនធ្វើការព្យាបាលទេនោះ ផលវិបាកដែលអាចកើតមានដូចជា រំខានរហូតទៅជាស្ត្រេស មិនហ៊ានចេញក្រៅ ឬចូលរួមក្នុងសង្គម ប៉ះពាល់ដល់ការងារ និងសកម្មភាពផ្លូវភេទរបស់គាត់។ បន្ថែមពីនេះ អ្នកជំងឺអាចមានការរលាក ឡើងក្រហម ដំបៅ រហូតមានការបង្ករោគពីបាក់តេរី និងអាចវិវឌ្ឍរហូតមានមេរោគក្នុងឈាមដែលប៉ះពាល់ដល់អាយុជីវិតទៀតផង។ ទោះជាយ៉ាងណាក៏ដោយ Urinary Incontinence អាចចៀសវាងដោយលុបបំបាត់កត្តាហានិភ័យទាំងឡាយដូចជា លើសទម្ងន់ ទល់លាមក ធ្វើការងារ ឬហាត់កីឡាធ្ងន់ៗ ពិសាបារី ទទួលទានកាហ្វេ ស្ត្រេស និងហាត់តិកនិក Rééducation vesical ករណីសង្ស័យ។ រោគសញ្ញានៃការមិនអាចគ្រប់គ្រងការបត់ជើងតូចផ្តល់នូវរំខានខ្លាំង ដូច្នេះអ្នកជំងឺគួរជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកតម្រងនោមដើម្បីការពារនូវផលវិបាកនាពេលអនាគតដែលអាចនឹងកើតមាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច រ៉ាណូ ឯកទេសផ្នែកមូត្រសាស្រ្តនៅមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរសម្រាកព្យាបាលតម្រងនោមភ្នំពេញ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អតិថិជនដែលបានមកពិនិត្យ ឬសម្រាកព្យាបាលនៅមូលដ្ឋានសុខាភិបាលមានសិទ្ធិទទួលបាននូវភាពបិទបាំងសមរម្យ ពិសេសនៅពេលធ្វើការពិនិត្យសារពាង្គកាយ និងនៅពេលព្យាបាល។ តើការអនុវត្តចំពោះសិទ្ធិក្នុងការទទួលភាពជាឯកជនមានអ្វីខ្លះ? • រាល់អង្គភាពសុខាភិបាលត្រូវមានមូលដ្ឋានសុខាភិបាលសមស្របដើម្បីធានានូវភាពឯកជនសម្រាប់អតិថិជននៅពេលធ្វើអន្តរាគមន៍វេជ្ជសាស្រ្តបានន័យថានៅពេលធ្វើការពិនិត្យ និងព្យាបាលជំងឺត្រូវធ្វើនៅក្នុងបន្ទប់បិទបាំង និងមានតែអ្នកដែលចាំបាច់។ • អ្នកគ្រប់គ្រងមន្ទីរពេទ្យត្រូវរៀបចំកន្លែងសម្រាប់បុរស-ស្រ្តីដាច់ដោយឡែកនៅក្នុងអំឡុងពេលពិនិត្យ និងព្យាបាលជំងឺ។ • រាល់អង្គភាពសុខាភិបាលត្រូវផ្តល់បន្ទប់ទឹកសម្រាប់ស្រ្តី បុរស និងជនពិការ។ តើការទទួលខុសត្រូវចំពោះសិទ្ធិក្នុងការទទួលភាពឯកជនមានអ្វីខ្លះ? • អតិថិជនត្រូវទទួលខុសត្រូវក្នុងការផ្តល់ដំណឹងទៅអ្នកផ្តល់សេវាសុខភាពពីតម្រូវការឯកជនរបស់ខ្លួន  និងផ្តល់ព័ត៌មាន ត្រឡប់ដើម្បីធ្វើការកែលម្អ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការរកឲ្យឃើញពីមូលហេតុបង្កលើស្បែកខុសៗគ្នា ស្ថិតនៅទីតាំងដោយឡែកៗជាគន្លឹះនាំទៅរកការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែង ដូចជាស្នាមដំបៅ រមាស់រាលលើដើមទ្រូងនៃករណីរបស់បុរសម្នាក់ខាងក្រោម៖ សំណួរ៖ ខ្ញុំបាទ អាយុ ៣១ឆ្នាំ ភេទប្រុស កម្ពស់ ១ម៉ែត្រ៧២ រាល់ថ្ងៃធ្វើការងារនៅក្នុងស្ថាប័នឯកជនមួយកន្លែង។ ខ្ញុំបាទមានជំងឺសើស្បែកនៅលើដើមទ្រូងមានរាងដូចស្នាមដំបៅ ហើយរមាស់ថែមទៀតផង។ អាការៈនេះកើតឡើងយូរមកហើយ លាប និងលេបថ្នាំអ្វីក៏មិនបាត់ ឥលូវកើតកាន់តែច្រើន។ តើជំងឺនេះបណ្តាលមកពីអ្វី? អាចបង្កគ្រោះថ្នាក់ដែរឬទេ? ចម្លើយ៖ ចំពោះដំបៅលើទ្រូងដូចប្អូនបានលើកឡើងហាក់ជាជំងឺកម្រមួយដែលពុំធ្លាប់បានជួបប្រទះ។ ម៉្យាង ការរៀបរាប់របស់ប្អូនពុំច្បាស់លាស់ និងអាចមិនសូវត្រូវតាមបច្ចេកទេស ព្រោះជំងឺដំបៅលើទ្រូងមិនអាចគ្មាននូវរោគសញ្ញារួមផ្សំផ្សេងទៀតលេចចេញនោះឡើយ ជួនកាលប្រហែលវាអាចជាក្រម៉ ឬរបកដែលប្អូនហៅថាជាដំបៅ។ ជាទូទៅ ដំបៅគឺជាជំងឺដែលបង្កឡើងដោយមេរោគ ដូច្នេះប្រសិនវាជាដំបៅពិតមែន ប្អូននឹងត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំផ្សះ នោះប្អូននឹងជាសះស្បើយ ព្រោះទ្រូងមិនមែនជាទីតាំងពិសេសនៃជំងឺរ៉ាំរ៉ៃទេ លុះត្រាតែតំបន់ប៉ះផ្ទាល់ជាមួយកម្តៅថ្ងៃទើបចាត់ចូលជាជំងឺរ៉ាំរ៉ៃ។ ករណីស្នាមនោះមិនមែនជាដំបៅ តែវាជាក្រម៉ អង្គែរបកសារចុះសារឡើងវិញ វាអាចទាក់ទងនឹងជំងឺ Psoriasis, Seborrheic dermatitis និងជំងឺផ្សេងទៀតជាច្រើនដែលទាមទារឲ្យមានការវិនិច្ឆ័យច្បាស់លាស់ពីគ្រូពេទ្យឯកទេស។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់អគ្គនាយកគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ និងគ្រឿងសម្អាងព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ដើម្បីពង្រឹងការងារគ្រប់គ្រងឱសថ ឧបករណ៍បរិក្ខារពេទ្យ និងគ្រឿងសម្អាងឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ ក្រសួងសុខាភិបាលនឹងអនុវត្តការចុះទិដ្ឋាការ បញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាងតាមប្រព័ន្ធអនឡាញចាប់ពីខែសីហា ឆ្នាំ២០១៩ នេះតទៅ។ ការចុះទិដ្ឋាការ បញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាងតាមប្រព័ន្ធអនឡាញ (Online) នេះមានគោលបំណង៖  • ធានាបាននូវតម្លាភាពជូនអតិថិជន និងប្រសិទ្ធភាពនៃការចុះទិដ្ឋាការ បញ្ជិកា និងប្រវេទន៍  • បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវាជូនអតិថិជន  • ផ្តល់ព័ត៌មានត្រឡប់ដល់អតិថិជនបានទាន់ពេលវេលា  • កាត់បន្ថយការចំណាយពេលវេលា និងថវិការបស់អតិថិជន  • គ្រប់ឯកសារទាំងអស់របស់អតិថិជនត្រូវបានរក្សាទុកជាការសម្ងាត់ និងមានសុវត្ថិភាព  • អាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រងឱសថ និងអតិថិជនអាចទទួលបានព័ត៌មានឆាប់រហ័ស។ ម៉្យាងទៀត ក្រសួងសុខាភិបាលនឹងអនុវត្តប្រើប្រព័ន្ធ QR Code នៅលើប្រអប់ផលិតផលឱសថ ឧបករណ៍បរិក្ខារពេទ្យ និងគ្រឿងសម្អាងដែលប្រព័ន្ធនេះធានាបាននូវព័ត៌មានជាក់លាក់របស់ផលិតផល ដូចជាលេខទិដ្ឋាការ បញ្ជិកា ឬប្រវេទន៍ ប្រភពផលិតផល កាលបរិច្ឆេទផលិត និងផុតកំណត់ការប្រើប្រាស់ ឈ្មោះក្រុមហ៊ុនដែលនាំចូល និងចែកចាយ ហើយប្រព័ន្ធនេះបង្កលក្ខណៈងាយស្រួលដល់ភ្នាក់ងារត្រួតពិនិត្យឱសថ ក៏ដូចជាអ្នកប្រើប្រាស់អាចតាមដាននូវផលិតផលឱសថ និងគ្រឿងសម្អាងក្លែងក្លាយ ឬក្លែងបន្លំ ឬគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះប្រព័ន្ធ QR Code ក្រសួងសុខាភិបាលនឹងពិភាក្សាជាមួយវិស័យឯកជនបន្ថែម និងកំណត់ពេលវេលាជាក់លាក់សម្រាប់អនុវត្តនៅពេលឆាប់ៗខាងមុខនេះ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

វីតាមីន E ជាអង់ទីអុកស៊ីដង់មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃរ៉ាឌីកាល់សេរីដែលផលិតដោយការបំប្លែងអាហារ និងជាតិពុលក្នុងបរិស្ថាន។ កាន់តែពិសេសនោះគឺអត្ថប្រយោជន៍របស់វីតាមីន E ក្នុងការជួយការពារស្បែករបស់អ្នកពីបញ្ហាមួយចំនួនរួមមាន៖ - ការពារស្បែកពីការខូចដោយសារកម្តៅថ្ងៃ ពន្លឺព្រះអាទិត្យបង្កើតរ៉ាឌីកាល់សេរីដែលបណ្តាលឲ្យស្បែកមានស្នាមជ្រួញ ប៉ុន្តែការប្រើក្រែមដែលមានផ្ទុកនូវសារធាតុវីតាមីន Eពីធម្មជាតិអាចជួយការពារស្បែកប្រឆាំងនឹងការខូចដោយពន្លឺព្រះអាទិត្យបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ដោយឡែកយោងតាមការសិក្សាស្រាវជ្រាវវេជ្ជសាស្រ្តបានរកឃើញថាក្រែមដែលផ្សំពីវីតាមីនE ជាមួយនឹងវីតាមីនC មានសមត្ថភាពខ្ពស់ក្នុងការការពារស្បែកពីពន្លឺព្រះអាទិត្យ។ ដូច្នេះអ្នកគួរជ្រើសរើសប្រើប្រាស់ក្រែមដែលមានជាតិវីតាមីនE ជាជាងប្រើឡេការពារកម្តៅថ្ងៃតែមួយមុខ។ - ការពារស្បែកពីភាពចាស់ជ្រីវជ្រួញ ភាពចាស់ជ្រីវជ្រួញត្រូវបានបង្កឡើងដោយអាយុ ការថែរក្សាស្បែកមិនបានត្រឹមត្រូវការប៉ះពន្លឺព្រះអាទិត្យ ការខូចដោយរ៉ាឌីកាល់សេរី កត្តាបរិស្ថាន និងរបបអាហារមិនល្អផងដែរ។ ជាក់ស្តែង ជាមួយនឹងប្រេង ឬក្រែមវីតាមីន E អាចជួយទប់ស្កាត់ការវិវឌ្ឍរបស់ស្បែក ប្រឆាំងនឹងរ៉ាឌីកាល់សេរី ជំនួយក្នុងការផលិតជាតិកូឡាជែន និងផ្តល់សំណើមដល់ស្បែក។ លើសពីនេះ វាក៏អាចជួយកាត់បន្ថយសា្នមសង្វា និងស្នាមខ្មៅនៅក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះ អ្នកគួរប្រើប្រាស់ប្រេងវីតាមីន E លាបស្បែកមុខ និងរង្វង់ភ្នែកនៅពេលចូលគេងអាចជួយរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អមានសំណើម និងបំបាត់នូវភាពជ្រីវជ្រួញ។ - ការពារជំងឺមហារីកស្បែក ទាក់ទងនឹងស្បែក វីតាមីន E មានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយនូវហានិភ័យជំងឺមហារីកស្បែក។ ដោយឡែកតាមការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ ២០១៣ បានធ្វើការពិសោធទៅលើសត្វកណ្តុរដោយចាក់ថ្នាំវីតាមីន E ចូលទៅក្នុងខ្លួនរបស់វាពេលនោះគេសង្កេតឃើញថាវាហាក់ដូចជាមិនសូវវិវឌ្ឍទៅរកជំងឺមហារីកស្បែកទេ។ ជាក់ស្តែង ដោយសារតែវីតាមីនE ផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាក ប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីដែលជាជំនួយក្នុងការធ្វើឲ្យស្បែកមានសំណើម ទន់រលោង និងមានសុខភាពល្អផងដែរ។ ដូច្នេះ អ្នកគួរជ្រើសរើសប្រើប្រាស់ក្រែម ឬឡេដែលមានផ្ទុកនូវសារធាតុវីតាមីន E ដើម្បីការពារស្បែក ឬបញ្ចៀសពីបញ្ហាមហារីកស្បែក។ - ការពារបញ្ហាស្បែកស្ងួត វីតាមីន E ជាជាតិសំណើមសម្បូរបែប និងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលចាំបាច់ក្នុងការព្យាបាលកោសិកាស្បែករបស់លោកអ្នកឲ្យឆាប់ជាសះស្បើយ។ លើសពីនេះ វាអាចជួយការពារស្បែក មិនឲ្យឆាប់ចាស់ ការពារស្បែកពីការបំផ្លាញនៃរ៉ាឌីកាល់សេរី ជាពិសេសអាចការពារស្បែករបស់អ្នកពីបញ្ហាស្បែកស្ងួតបានផងដែរ។ ការប្រើប្រាស់វីតាមីន E ក្នុងមួយថ្ងៃពេញ នៅពេលអ្នកដើរលេងកម្សាន្តអាចជួយទប់ស្កាត់ការខូចកោសិកាស្បែក និងធ្វើឲ្យស្បែកមានសុខភាពល្អ មានសំណើម និងរលោង។ - ការពារបញ្ហាប្រេះបបូរមាត់ មិនត្រឹមតែជួយការពារស្បែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចការពារបបូរមាត់របស់អ្នកពីបញ្ហាប្រេះបានផងដែរ។ ជាក់ស្តែងសារធាតុមួយចំនួនដែលមានផ្ទុកនៅក្នុងវីតាមីនE ដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងការរលាក សារធាតុចិញ្ចឹមផ្សេងៗទៀតអាចជួយឲ្យបបូរមាត់របស់អ្នកមានភាពស្រស់ស្អាត ទន់រលោង និងមានសំណើមជាពិសេសក្នុងខែរងា។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

តើអ្នកណាមិនចង់បានសុខភាពល្អ? ចម្លើយគឺគ្មានទេ។ មានតែអ្នកចង់បានសុខភាពល្អព្រោះវាជាកត្តាចម្បងមួយដែលនាំគ្រប់គ្នាទៅកាន់សុខសុភមង្គលក្នុងគ្រួសារទាំងមូល។ ប៉ុន្តែ តើមានមនុស្សប៉ុន្មានអ្នកដឹងថាតើដើម្បីទទួលបានសុខភាពល្អ ត្រូវធ្វើអ្វីខ្លះ? ឬដឹងត្រឹមថាផឹកស្អាត ហូបស្អាត និងរស់នៅស្អាតគឺគ្រប់គ្រាន់ហើយ? តែតើផឹកយ៉ាងម៉េចទើបគេហៅថាផឹកស្អាត? ហូបបែបណាទើបគេហៅថាហូបស្អាត? ហើយរស់នៅដូចម្តេចទើបគេហៅថារស់នៅស្អាតនោះ?  ចង់ដឹងចម្លើយទាំងនេះណាស់មែនទេ? តោះៗ! ទៅ CKCC នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៩នេះ ហេលស៍ថាមនឹងស្រាយចម្ងល់ទាំងនេះជូនអ្នកទាំងអស់គ្នាពេញមួយថ្ងៃតែម្តងចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៥រសៀល ក្នុងទិវាលើកកម្ពស់សុខភាព Healthtime Festival។ តែឥលូវមកយល់ត្រួសៗថាទិវានេះគេធ្វើអីខ្លះសិនណា... ទិវាលើកកម្ពស់សុខភាព Healthtime Festival របស់ក្រុមហ៊ុន Healthtime Corporation ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងបណ្តុះនូវធាតុផ្សំចម្បងនៃជីវិតប្រកបដោយភាពរីករាយ និងសុខភាពល្អ តាមរយៈការរស់នៅប្រកបដោយសុខភាពល្អ ការវិនិច្ឆ័យរោគបានក្នុងដំណាក់កាលដំបូងៗនិងការទទួលបាននូវចំណេះដឹងត្រឹមត្រូវស្តីពីសុខភាពជូនដល់សាធារណជនជាពិសេសអ្នកដែលមានអាយុចន្លោះពី ២០ ទៅ៣៥ឆ្នាំដែលសុទ្ធសឹងតែជាយុវជនពេញកម្លាំងក្នុងការអភិវឌ្ឍសង្គម។  ចូលរួមក្នុងទិវាលើកកម្ពស់សុខភាព Healthtime Festival លោកអ្នកនឹងរីករាយជាមួយនឹងសកម្មភាពសប្បាយជាច្រើនដែលរៀបចំឡើងដោយក្រុមការងាររបស់យើងរួមជាមួយនឹងការទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀតទៅលើសុខភាពរបស់លោកអ្នក ដូចជា៖ • ការហាត់យោគៈជាមួយគ្រូជំនាញល្បីឈ្មោះពី Angkor Yoga • ការពិគ្រោះ និងពិនិត្យសុខភាពជាមួយគ្លីនិកកំពូលៗនៅកម្ពុជា ដូចជាគ្លីនិកឯកទេសអេគីប គ្លីនិកស្បែកប៊ីស៊ីជាដើម • តេស្តឧបនិស្ស័យ និងអត្តចរិតរបស់អ្នកជាមួយ Brain Scan Test • កម្មវិធីពង្រឹងសុខភាពផ្លូវចិត្ត ដោយលោក នឹម ឈុន្នី សហស្ថាបនិក ក្រុមហ៊ុនបណ្តុះបណ្តាល VIPASSA • ការចែករំលែកពីការថែទាំសុខភាព និងអាហារូបត្ថម្ភ ដោយវាគ្មិនល្បីឈ្មោះ • សិក្ខាសាលាពីជំងឺកាចសាហាវនៅកម្ពុជា និងការពិភាក្សាជាក្រុមជាមួយវេជ្ជបណ្ឌិតល្បីៗក្នុងប្រទេស។ ចាប់អារម្មណ៍ជាមួយសកម្មភាពដែលបានរៀបរាប់មកទេ? ម៉ោះ! ទូរស័ព្ទមកកាន់លេខ ០៧៧ ៨៨៨ ០៧៥ ដើម្បីធ្វើការកក់សំបុត្ររបស់លោកអ្នកជាមុនដើម្បីទទួលបានតម្លៃពិសេស ឬបើមិនទាន់ប្រាកដចិត្ត អាចសួរព័ត៌មានសិនក៏បាន។ អូ! ភ្លេច! ឆាតមកផេក Healthogo by Healthtime ក៏បានដែរណា! ជួបគ្នាថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩ នៅCKCC ណា អ្នកស្រលាញ់សុខភាពទាំងអស់គ្នា! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការឡើងទម្ងន់ ឬស្រកទម្ងន់ខ្លាំងពេកបានក្លាយជាកង្វល់របស់បុគ្គលភាគច្រើន ដោយសារតែការមិនអាចបង្ហាញដងខ្លួនដែលស្អាត ស៊ិចស៊ីដល់មនុស្សជុំវិញខ្លួនបាន។ មិនត្រឹមតែប៉ុណ្ណោះ ការចំអកឡកឡាយពីគ្រួសារ មិត្តភក្តិ ក្លាយជាសម្ពាធមួយ ដែលធ្វើឲ្យពួកគេស្វែងរកដំណោះស្រាយ ហើយមូលហេតុនៃបញ្ហាទម្ងន់ដែលគ្រប់គ្នា នឹងគិតដល់មុនគេនោះគឺអាហារ។ ហេតុដូច្នេះហើយ របបអាហារក៏ត្រូវចាប់ផ្តើមប្រែប្រួល ដោយបុគ្គលខ្លះធ្វើការតមអាហារយ៉ាងគំហុកដើម្បីសម្រកទម្ងន់ ឯអ្នកខ្លះទៀត ក៏ចាប់ផ្តើមបង្កើនបរិមាណនៃការញ៉ាំឲ្យបានច្រើនដើម្បីឲ្យទម្ងន់កើនឡើង។ សកម្មភាពនេះមើលទៅដូចជាមិនមានអ្វីប្លែកទេ ប៉ុន្តែបើអ្នកសង្កេតឲ្យបានម៉ត់ចត់ជាងនេះវាអាចជាសម្ពាធមួយដែលធ្វើឲ្យមនុស្សទាំងនោះទទួលរងនូវជំងឺផ្លូវចិត្តម្យ៉ាងដែលគេឲ្យឈ្មោះថា Eating Disorder។ តើធ្វើយ៉ាងម៉េចទើបអាចដឹងថាខ្លួនអ្នកមានជំងឺ Eating Disorder? ចម្លើយនេះ អ្នកដែលបានតាមដានទស្សនាវដ្តីហេលស៍ថាមលេខ ៧៧ ដែលចេញផ្សាយក្នុងខែមីនា ឆ្នាំ២០១៩ ប្រាកដជាបានដឹងនិងបានធ្វើតេស្តខ្លះៗហើយមែនទេ? តែសម្រាប់អ្នកដែលមិនទាន់បានអានវិញ អាចចូលអានអត្ថបទនេះតាមតំណនេះ៖ អ្នកអាចកំពុងមានជំងឺផ្លូវចិត្តទាក់ទង Eating Disorders សិនណាសឹមយើងទៅស្វែងយល់ជាមួយគ្នាបន្តពីដំណោះស្រាយនៃបញ្ហានេះ។ តើ Eating Disorder អាចព្យាបាលបែបណា? តោះ! បើបានដឹងថាខ្លួនមានបញ្ហានេះហើយ មកតាមដានទាំងអស់គ្នាពីការដោះស្រាយម្តង... - ការពិនិត្យសុខភាពទូទៅ៖ កង្វល់ធ្ងន់ធ្ងរជាងគេក្នុងការព្យាបាលជំងឺ Eating Disorder គឺការរកមើលថាតើមានបញ្ហាសុខភាពណាមួយទេ ដែលបណ្តាលមកពីការប្រែប្រួលទម្លាប់បរិភោគអាហារនេះ។ - ការបំពេញអាហារូបត្ថម្ភ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យបរិភោគតាមធម្មតាវិញហើយគ្រូពេទ្យនឹងរៀបចំគម្រោងអាហារផ្ទាល់ខ្លួនសម្រាប់អ្នកជំងឺម្នាក់ៗដើម្បីឲ្យទម្ងន់ត្រឡប់មកធម្មតាវិញ និងរក្សាទម្ងន់ដែលសមស្រប។ - ការព្យាបាលផ្នែកផ្លូវចិត្ត៖ ការព្យាបាលផ្នែកផ្លូវចិត្តរបស់អ្នកជំងឺ អាចមានទម្រង់ផ្សេងៗគ្នា ដោយមានការចូលរួមពីបុគ្គលខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ ឬមនុស្សនៅជុំវិញខ្លួន អាស្រ័យទៅតាមមូលហេតុនៃ Eating Disorder របស់អ្នកជំងឺនីមួយៗ។ ការព្យាបាលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការធ្វើឲ្យអ្នកជំងឺមានឱកាសជាសះស្បើយឡើងវិញ និងព្យាបាលការប៉ះទង្គិចផ្លូវអារម្មណ៍របស់ពួកគាត់ហើយក៏អាចស្វែងរកគុណភាពជីវិតរបស់ខ្លួនឯងមកវិញផងដែរ។ - ការព្យាបាលដោយឱសថ៖ ឱសថមួយចំនួនអាចមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាអារម្មណ៍តានតឹងដែលអាចកើតឡើងរួមគ្នាជាមួយនឹងការប្រែប្រួលទម្លាប់នៃការញ៉ាំ។ បើទោះបីជាអ្នកបានដឹងពីវិធីសាស្រ្តក្នុងការព្យាបាលជំងឺ Eating Disorder នេះហើយក៏ដោយតែអ្នកមិនត្រូវភ្លេចធ្វើការតាមដានស្ថានភាពរបស់ខ្លួនជាមួយនឹងគ្រូពេទ្យជំនាញនោះឡើយ ព្រោះការព្យាបាលជំងឺនេះ គឺត្រូវការចំណាយពេលវេលាយូររួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នកផ្ទាល់ ព្រមទាំងការគាំទ្រពីក្រុមគ្រួសារ មិត្តភក្តិនិងមនុស្សជុំវិញខ្លួនផងដែរ។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

បច្ចុប្បន្នជំងឺគ្រុនឈាមបាននឹងកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះជំងឺគ្រុនឈាមហាក់ដូចជាមានការថយចុះនៅតាមបណ្តាលខេត្តចំនួន១១ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តរតនគីរី ខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តមណ្ឌលគីរី ហើយខេត្តក្រចេះ ខេត្តកំពត ខេត្តព្រៃវែង និងខេត្តកែបដែលមានស្ថានភាពនៅមិនទាន់កើនឡើងករណីឈឺនេះឡើយ។ ដោយឡែក ក្រសួងសុខាភិបាលបានរកឃើញថា ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជាបានចាប់ផ្តើមកើនឡើងពីដើមខែឧសភារហូតដល់បច្ចុប្បន្នដោយរាយប៉ាយដុំៗតាមភូមិសាស្រ្តនៃរាជធានី ខេត្តនីមួយៗចំនួនករណីសរុប ១៥០០០នាក់ និងស្លាប់ចំនួន២៥នាក់ គិតមកដល់ដើមខែកក្តដាឆ្នាំ២០១៩នេះ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីស្ថានភាពជំងឺគ្រុនឈាម ចុះថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៩នេះ។ ជាមួយគ្នានេះផងដែរ ក្រសូងសុខាភិបាល សូមអំពាវនាវសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ងាធរគ្រប់លំដាប់ថ្នាក់សូមចូលរួមយ៉ាងសកម្មអនុវត្តវិធានការការពារជំងឺគ្រុនឈាមតាមរយៈការអនុវត្តវិធានការចំនួន ៤ចំណុចរួមមាន៖  • វិធានការទី១៖ ត្រូវកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ជាដើម។ ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតប្រចាំឲ្យបានយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ ឬត្រូវគ្របគំរបឲ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលដើម្បីដាក់ថ្នាំសម្លាប់ដង្កូវទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំពោះសម្ភារៈដក់ទឹកផ្សេងៗទៀតដែលមិនប្រើប្រាស់ទុកចោលដូចជាសំបកកង់ សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងត្រូវកប់ ឬដុតកំទេចចោល ឬដាក់ឲ្យមានរបៀបចៀសវាងការដក់ទឹក។ • វិធានការទី២៖ សំបកកង់ពិសេសំបកកង់ឡាន និងសំបកកង់ម៉ូតូទាំងអស់«សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឲ្យមានសុវត្ថិភាពចៀសផុតពីការដក់ទឹក»។ ចំពោះ វិធីសាស្រ្តគ្រប់គ្រងសំបកកង់ ដោយសុវត្ថិភាពគ្មានសត្វមូសកកើតគឺត្រូវ៖ ដាក់គរត្រួតលើគ្នាគ្របដោយបន្ទះក្តារជិត ឬស្បៃមុង ចាក់ប្រេងម៉ាស៊ីនដែលខូចឈប់ប្រើប្រាស់ចូល ឬចាក់ដីបំពេញ ជាពិសេសដាក់ក្រោមដំបូលដើម្បីការពារកុំឲ្យមានដក់ទឹក ដែលបង្កទៅជាប្រភពកកើតនិងជម្រកមូលខ្លា។ • វិធានការទី៣៖ ត្រូវសម្អាតការដា្ឋនសំណង់កុំឲ្យមានកន្លែងទឹកដក់ ដែលជាជម្រកមូសខ្លា និងរក្សាអនាម័យល្អជានិច្ច។ • វិធានការទី៤៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាថែទាំសុខភាពរដ្ឋ ឬសេវាសាធារណៈដែលនៅជិតបំផុតជាបន្ទាន់ (មិនឲ្យយឺតជាង ៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន)។ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឲ្យសោះ។ ជំងឺគ្រុនឈាមអាចនឹងសម្លាប់អ្នកជំងឺបានគ្រប់ពេលប្រសិនបើមិនទៅទទួលព្យាបាលនៅសេវារដ្ឋឲ្យបានទាន់ពេលវេលា ឬព្យាបាលមិនមានជំនាញវិជ្ជាជីវៈ ឬបើមានប្រើប្រាស់ប្រភេទថ្នាំអាស្ពីរីន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មុនត្រូវបានគេកត់សម្គាល់ឃើញជាញឹកញាប់នៅលើផ្ទៃមុខ ខ្នង ទ្រូង ជុំវិញបបូរមាត់និងគូទជាដើម។ តើបញ្ហាស្បែកមុខមានមុនកើតឡើងដោយសារអ្វី? តើយើងអាចទប់ស្កាត់ការលេចចេញឡើងនូវបញ្ហាមុនបានទេ? បើកើតហើយតើអាចធ្វើការព្យាបាលឲ្យបាត់វិញបានទេ? មុនមានច្រើនប្រភេទដែលក្នុងនោះផងដែរ យើងចែកចេញជា ២ក្រុមគឺមុនអត់រលាក (Retentional Acne) និងមុនរលាក ( Inflammatory Acne)៖ • មុនអត់រលាក (Retentional Acne) រួមមាន៖ មុនក្បាលខ្មៅ (Blackhead) និងមុនកប់ (Whitehead) • មុនរលាក (Inflammatory Acne) មាន៖ មុនសាច់ (Papule) មុនខ្ទុះ (Pustules) និងមុនគ្រាប់ (Kystes)។ អ្វីជាមូលហេតុពីក្រោយការកើតមុននៅលើស្បែក? ជាក់ស្តែង មូលហេតុដែលបង្កឲ្យកើតមុននៅលើស្បែកបណ្តាលមកពីវិបត្តិនៃក្រពេញ Sebaceous ដែលកើតឡើងដោយសារធាតុកខ្វក់ ឬមេរោគ ការកើនឡើងនៃអ័រម៉ូនអឺស្រ្តូហ្សែន បញ្ហាស្ត្រេស ភាពតានតឹង និងកោសិកាស្បែកចាស់ៗសុទ្ធសឹងតែជាកត្តាបង្កឲ្យស្ទះរន្ធញើស និងគល់រោមដែលបណ្តាលឲ្យសែ្បកពិសេសផ្ទៃមុខរបស់អ្នកលេចឡើងនូវបញ្ហាមុន។ ក្រៅពីមូលហេតុខាងលើបញ្ហាមុនអាចមានកត្តាប្រឈមផ្សេងទៀតដូចជា៖ • អ្នកដែលមានស្បែកមានជាតិខ្លាញ់ ឬសម្បូរប្រេង • ការគេងមិនបានគ្រប់គ្រាន់ • ការញ៉ាំទឹក • ការមិនបានហាត់ប្រាណដើម្បីឲ្យក្រពេញញើសដំណើរការបានល្អ • ការមិនទម្លាប់សម្អាតស្បែកឲ្យបានទៀងទាត់។ ស្បែកមានមុនផ្តល់ផលវិបាកដូចម្តេច? ស្បែកដែលមានបញ្ហាមុន ឬផលវិបាកដែលបន្សល់ទុកក្រោយពេលកើតមុនគឺ៖ • ធ្វើឲ្យស្បែកមានលក្ខណៈខុសធម្មតា • បន្សល់ទុកស្នាម និងផ្លែសាច់ • ស្បែកក្រហមខុសធម្មតា • ងាយអាល្លែកហ្ស៊ីជាមួយប្រតិកម្មខាងក្រៅ • ឆាប់ចាស់ជ្រីវជ្រួញជាងវ័យ។ល។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ការធ្វើរោគវិនិច្ឆ័យទៅលើអ្នកដែលមានបញ្ហាស្បែកមានមុនគឺត្រូវធ្វើឡើងអាស្រ័យលើសញ្ញាគ្លីនិកមួយចំនួន។ គ្រប់លក្ខខណ្ឌនៃបញ្ហាមុន គួរតែទទួលការព្យាបាលស្របទៅតាមសភាពធ្ងន់ធ្ងរ ឬស្រាលរបស់មុន។ ប្រសិនបើមិនទាន់មានបញ្ហាខ្លាំងនោះទេ អ្នកត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ពិសេសហាត់ប្រាណឲ្យបានទៀងទាត់។ ករណីបញ្ហាមុនមានលក្ខណៈច្រើនអ្នកត្រូវធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំលាប ថ្នាំលេប ឬរហូតដល់ថ្នាំចាក់ទៅតាមកម្រិតរបស់អ្នកជំងឺដែលការព្យាបាលនេះធ្វើឡើងជាមួយអ្នកជំនាញឬគ្រូពេទ្យឯកទេសសើស្បែកឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។ វិធីសាស្រ្តការពារខ្លួនពីបញ្ហាមុន • ត្រូវញ៉ាំទឹកឲ្យបានច្រើន • ហាត់ប្រាណឲ្យបានទៀងទាត់ • ចៀសវាងការសម្អាតជាមួយសាប៊ូ  ឬសារធាតុកាត់ច្រើនហួសហេតុ • លាងសម្អាត និងរក្សាអនាម័យផ្នែកដែលកើតមុនឲ្យបានល្អ • ចៀសវាងការប្រើប្រាស់ផលិតផលណាដែលនាំឲ្យស្បែករលាក (Cosmetics) • ការពារស្បែកពីពន្លឺព្រះអាទិត្យ • ចៀសវាងការប៉ះពាល់ ឬប្រើក្រចកកេះលើផ្នែកដែលមានមុន ព្រោះវាបណ្តាលឲ្យមានស្នាម។ មិនថាអ្នកមានបញ្ហាមុន ឬអ្នកជំងឺស្បែកទូទៅនោះទេឲ្យតែពាក់ព័ន្ធនឹងស្បែកចាំបាច់គួរព្យាយាមថែរក្សាស្បែកឲ្យបានល្អ ហើយចៀសវាងការប្រើប្រាស់ផលិតផលមិនត្រូវនឹងស្បែកមុខ និងគ្មានប្រភពច្បាស់លាស់ព្រោះវាអាចមានលាយសារធាតុដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពស្បែកនៅថ្ងៃក្រោយ។ ចំពោះអ្នកដែលមានបញ្ហាស្បែកដូចជា កើតមុន ជាំមុខ ឬបញ្ហាផ្សេងៗទៀត គួរតែពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញសើស្បែកដើម្បីទទួលបានការព្យាបាលត្រឹមត្រូវទៅតាមប្រភេទស្បែកនិងទាន់ពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត អៀវ មករា ប្រធានបន្ទប់ពិគ្រោះ និងព្យាបាលជំងឺMedical Derma (MD) អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

អាការៈឈឺជើង ឬធ្ងន់ជើង ជាបញ្ហាគួរគិតដល់ជាចាំបាច់ទៅលើជំងឺរលាកសរសៃឈាមអាទែរ ពីព្រោះការធ្វេសប្រហែសក្នុងប្រការណាមួយអាចជំរុញឲ្យមានការកាត់ជើងប្រសិនការព្យាបាលត្រូវធ្វើឡើងយឺតពេល។ អ្វីគួរដឹង? សំណួរជាចម្បងដែលត្រូវសួរទៅអ្នកជំងឺនោះ ថាតើការឈឺចាប់កើតមានឡើងអំឡុងពេលដើរ ឬយ៉ាងណា? • ប្រសិនការដើរធ្វើឲ្យមានការឈឺចាប់ នោះការប្រឈមទៅនឹងជំងឺរលាកសរសៃឈាមអាទែរមានកម្រិតខ្ពស់ ដែលអាចជាការស្ទះសរសៃឈាមអាទែរនៅអវយវៈជើង • លក្ខណៈនៃការឈឺចាប់អាចបង្ហាញចេញជាការរមួលនៅនឹងកំភួនជើងបន្ទាប់ពីការដើរក្នុងចម្ងាយណាមួយ ដែលបង្ខំឲ្យអ្នកជំងឺបញ្ឈប់ការដើរជាបណ្ដោះអាសន្ន • វាអាចជាករណីកម្រដែលការឈឺចាប់នៅពេលដើរមិនជាប់ពាក់ព័ន្ធនឹងប្រព័ន្ធសរសៃឈាម។ ប៉ុន្តែអាការៈឈឺបែបនេះអាចបណ្ដាលមកពីការរំខានដល់ប្រព័ន្ធសរសៃប្រសាទនៅខួរឆ្អឹងខ្នងទៅវិញ • ប្រសិនការឈឺចាប់កើតមានឡើងពេលដើរ និងបាត់នៅពេលសម្រាក (ជាពិសេសពេលយប់) វាអាចបង្កមកពីការទិច ឬការរលាកណាមួយ។ ចំណែកការឈឺចាប់ដែលបង្កជាអាការៈរំញោចមិនធម្មតា នោះអាចសង្ស័យទៅលើជំងឺរលាកបណ្ដុំសរសៃប្រសាទជាយ (Polynévrite) ដែលអាចជាផលវិបាកបន្ទាប់ពីការប្រើប្រាស់សារធាតុអាល់កុល ជំងឺទឹកនោមផ្អែម ការប្រើប្រាស់ឱសថដូចជា ពពួក Alcaloïde, Cisplatine (Cis-platyl) ឬ L’almitrine (Vectarion)។ អ្វីគួរធ្វើ? ប្រសិនអ្នកសង្ស័យពីជំងឺរលាកសរសៃឈាមអាទែរ ឬមានចម្ងល់ផ្សេងទៀតអ្នកគួរបន្តការធ្វើរោគវិនិច្ឆ័យដោយរួមមាន៖ • ស្ទាប និងស្ដាប់សរសៃឈាមអាទែរ • អាចបន្ថែមការពិនិត្យតាមការឆ្លុះ ដែលអាចវាស់ពីលំហូររបស់ឈាម (Examen Doppler) • សាកសួរពីកត្តាដែលធ្វើឲ្យមានការស្ទះសរសៃឈាម រួមមាន សម្ពាធឈាមឡើងខ្ពស់ កម្រិតកូឡេស្តេរ៉ុលខ្ពស់ក្នុងឈាម ជំងឺទឹកនោមផ្អែមជាពិសេសការប្រើប្រាស់សារធាតុញៀន • ជាទូទៅ វិធីសាស្រ្តព្យាបាលភាគច្រើនត្រូវធ្វើការវះកាត់។ ក្នុងករណីអ្នកជំងឺមានសម្ពាធនៅខួរឆ្អឹងខ្នង ឬជាជំងឺរលាកបណ្ដុំសរសៃប្រសាទជាយ (Polynévrite) នោះការណែនាំត្រូវ៖ • ឲ្យអ្នកជំងឺជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទ • ក្នុងអំឡុងការរង់ចាំជួបពិគ្រោះ អ្នកជំងឺអាចប្រើប្រាស់ វីតាមីន B1 ដែលមានឈ្មោះ Bénerva (Roche) ក្នុងកម្រិត ២គ្រាប់ក្នុងមួយថ្ងៃ។ ប្រភពយោង៖ Le Vademecum de la Médication officinale អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាក្រសួងសុខាភិបាលបានរកឃើញឱសថឈ្មោះ Ketosteril® tablets គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតពីក្រសូងសុខាភិបាល ហើយដាក់លក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរូបភាពស្រដៀងនឹងឱសថពិតឈ្មោះ Ketosteril® tablets ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ មេហ្គា ឡាយសាយអិនស៍ ភីធីវ៉ាយ លីមីធីត មានលេខបញ្ជិកា CAM N0477IP-16 ពីក្រសួងសុខាភិបាល។ ក្រសួងក៏បានបង្ហាញនូវរូបភាពឱសថ Ketosteril® tablets ពិត និងឱសថ Ketosteril® tablets ក្លែងក្លាយដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើការបែងចែក និងចំណាំឱសថពិតបាន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយក្នុងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានស្រាវជ្រាវ និងពិនិត្យឃើញមានក្រុមហ៊ុនឈ្មោះ P.V.B PHARMA គ្មានច្បាប់អនុញ្ញាតពីក្រសួង ហើយកំពុងចែកចាយឱសថចំនួន ៣មុខមានបិទលតាបត្រក្លែងក្លាយដោយគ្មានលេខបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាលឡើយគឺ៖ ១.Cadinutrivit  ២.Vitamin B1,B6,B12-HV  ៣.HV CALCI-D។ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើបានជួប ឬប្រទះឃើញជនណាកំពុងចែកចាយ ទិញ និងតាំងលក់ឱសថខុសច្បាប់ទាំង ៣មុខខាងលើសូមផ្តល់ព័ត៌មានមកកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២  ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top