Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ដើម្បីគភ៌មានសុវត្ថិភាព សម្រាលមកបានទារកស្អាត និងឆ្លាតវាងវៃព្រមទាំងគ្មានគ្រោះថ្នាក់ពេលសម្រាលផងនោះ តើស្រ្តីជាអនាគតមាតាត្រូវអនុវត្តបែបណា? តទៅនេះ យើងខ្ញុំសូមលើកយកការតាមដានផ្នែកវេជ្ជសាស្រ្ត អាហារ ឱសថ ព្រមទាំងឥរិយាបថខ្លះៗដែលអនាគតមាតាបិតាគប្បីត្រូវដឹង។ ខែទី១ ឬការពិនិត្យនៅត្រីមាសដំបូងនៃគភ៌ ៖ ពេលបាត់រដូវ ឬលើចំនួន៨ថ្ងៃ អ្នកនាងសង្ស័យថាមានគភ៌ អ្នកនាងអាចបញ្ជាក់ខ្លួនឯងបានដោយទិញតេស្តចង់ដឹងមានគភ៌ពីឱសថស្ថាន។ អ្នកនាងអាចជ្រើសរើសទីកន្លែងសម្រាប់តាមដានគភ៌របស់ខ្លួន (រដ្ឋ ឬឯកជន) មន្ទីរពេទ្យ ឬមណ្ឌលសុខភាពណាដែលអ្នកនាងចង់ទៅសម្រាលបុត្រនៅទីនោះ។ តើអ្នកណាជាអ្នកពិនិត្យ? ជាឆ្មប គ្រូពេទ្យផ្នែកសម្ភព រោគស្រ្តី ឬជាមួយគ្រូពេទ្យពិនិត្យជំងឺទូទៅ? នៅខែទី៦ ឬទី៨ នៃគភ៌គ្រូពេទ្យចុងក្រោយនេះនឹងបញ្ជូនអ្នកនាងទៅតាមដាននៅទីកន្លែងដែលអ្នកនាងត្រូវសម្រាល។ ការពិនិត្យផ្ទៃពោះលើកទី ១មានបំណងកំណត់ការចាប់ផ្តើមនៃគភ៌ និងពេលដែលត្រូវសម្រាល។ ការកំណត់ធ្វើឡើងតាមថ្ងៃទីមួយនៃរដូវចុងក្រោយរបស់អ្នកនាង (អ្នកនាងគួរកត់ត្រាទុកក្នុងកូនសៀវភៅមួយនូវថ្ងៃដែលមករដូវរាល់ខែ)។ អាយុគភ៌ជាក់លាក់ធ្វើតាមអេកូសាស្ត្រ។ ពេលពិនិត្យផ្ទៃពោះ គ្រូពេទ្យនឹងពិនិត្យសភាពទូទៅ ពិនិត្យឈាម រកមើលជំងឺខ្វះគ្រាប់ឈាម ថ្លឹងទម្ងន់ វាស់កម្ពស់ស្បូន វាស់សម្ពាធឈាម ថ្លឹងថ្លែងរកសញ្ញាប្រឈមផ្សេងៗជាយថាហេតុ។ តើអ្នកនាងត្រូវប្រាប់ដំណឹងល្អនេះដល់នរណាខ្លះ? បុរសជាស្វាមីអ្នកនាងមុនគេ។ ចុះបងប្អូនម្តាយឪពុក មាមីងញាតិមិត្តជុំវិញខ្លួន? សូមកុំទាន់ សូមរង់ចាំផុតបីខែសិនរង់ចាំបានធ្វើអេកូសាស្រ្តបញ្ជាក់ថាកូនអ្នកនាងប្រក្រតីមានសុខភាពល្អមិនគំរាមរលូតទេ។ អ្នកនាងត្រូវរៀបផែនការមកជួបពេទ្យតាមដានគភ៌មួយខែម្តង សរុបក្នុងរយ:ពេលពពោះពិនិត្យ ៨ដង។ បើមានបញ្ហាមិនស្រួលដូចជាចុកពោះ ធ្លាក់ឈាម គ្រុនក្តៅខ្លួន ក្អួតចង្អោរ ឬរាក។ល។ អ្នកនាងត្រូវមកជួបពេទ្យជាបន្ទាន់ ពុំចាំបាច់រង់ចាំដល់ថ្ងៃណាត់នោះទេ។ ពេលពិនិត្យផ្ទៃពោះម្តងៗ អ្នកនាងនឹងទទួលបានការពិនិត្យទូទៅ និងរោគស្រ្តីផងដែរ។ អ្នកនាងពិគ្រោះជាមួយពេទ្យកុំរារែកកុំអល់អែកនូវបញ្ហាទាំងឡាយដែលអ្នកនាងមិនច្បាស់ ឬចង់ដឹងចង់បញ្ជាក់។ អ្នកនាងក៏ត្រូវប្រុងប្រយ័ត្នចំពោះជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម ជំងឺអេពីឡិបស៊ី (ខ្មែរហៅថាឆ្កួតជ្រូក) ឈឺបេះដូង ស្បូនមានដុំ កូនភ្លោះ ឬពេលអ្នកនាងមានគភ៌កូនដំបូងនៅអាយុលើសពី ៣៨ឆ្នាំ។ បើអ្នកនាងមានមួយណាក្នុងចំណោមនេះអ្នកនាងកុំខកខានពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ខែទី២ ៖ ការពិនិត្យរកជំងឺផ្សេងៗពេលគភ៌ចាប់ផ្តើមមានដូចជា៖ រកជំងឺស្អូច (Rubéole), ជំងឺ Toxoplasmose, Salmonella, ជំងឺស្វាយ (កាមរោគ) រកមើលក្រុមឈាម ABO និង RH។ ពិនិត្យជាតិស្ករជាតិប្រៃក្នុងទឹកនោម។   ខែទី៣ ៖ ការពិនិត្យអេកូសាស្ត្រដែលផ្អែកលើអុលត្រាសុង (Ultrasons) គ្មានគ្រោះថ្នាក់ដល់ទារកទេ ហើយកាន់តែច្បាស់ឡើងៗ តែពុំចាំបាច់ដាច់ខាតនោះទេ។ ជាទូទៅត្រូវពិនិត្យអេកូឲ្យបានបីដង សំខាន់នៅអាទិត្យទី១២ ទី២២ និងទី៣២ គឺត្រីមាសទី១ ទី២ និងទី៣។ អេកូនៅ ១២ ឬ១៣សប្តាហ៍នេះដើម្បីបញ្ជាក់ចំនួនទារក ភាពរស់រានមានជីវិតនៃទារក វាស់ខ្នាតខ្លួនទារករូបសាស្ត្រទារក បរិមាណទឹកភ្លោះ និងវាស់កញ្ចឹងក (Clarté nucale) ដែលអាចមើលឃើញតែនៅសប្តាហ៍ទី ១២ និងទី១៣នៃការតាំងគភ៌ ដើម្បីចង់ដឹងដំបូងបំផុតនៃភាពមិនប្រក្រតីរបស់ទារក។ បើសិនជារកឃើញភាពមិនប្រក្រតី ទារកត្រូវសម្រាលនៅសម្ភពណា ដែលអាចយកអាសារកូនអ្នកនាងបានភ្លាមៗក្រោយកើត។ ការរកឃើញភាពមិនប្រក្រតីនៅត្រីមាសទី២ ឬទី៣ ដូចជាទារកលូតលាស់យឺតចរន្តឈាមក្នុងទងសុកមិនធម្មតា ទាំងនេះ អ្នកនាងត្រូវជួបជាមួយវេជ្ជបណ្ឌិតជំនាញ។ បើអ្នកនាងដឹងថានៅក្នុងគ្រួសារមានជំងឺតពូជ ឬអ្នកនាងមានឆ្លងរោគក្នុងពេលពពោះដូចជាមេរោគស្អូច ឬអុតស្វាយ Toxoplasmose, Cytomegalovirus (អាចមាន) អ្នកនាងក៏ត្រូវជួបជាមួយវេជ្ជបណ្ឌិតជំនាញឲ្យបានឆាប់។ ខែទី៤ ៖ អ្នកនាងចង់ដឹងថាកូនប្រុស ឬស្រី? ទារករបស់អ្នកនាងកម្រើកហើយជាគោលកំណត់សំខាន់ក្នុងខែនេះ។ រីឯត្រចៀកទារកក៏អាចស្តាប់ឮ ភ្នែកក៏អាចមើលឃើញដែរ។ ទារកអ្នកនាងគាត់លេបទឹកភ្លោះរួចហើយ នោមមកវិញជាទៀងទាត់ ធ្វើឲ្យបរិមាណទឹកភ្លោះមានលំនឹង និងសម្រាប់ការពារទារកពីការប៉ះទង្គិចផ្សេងៗ។ ចំណែកខ្លួនប្រាណ អ្នកនាងមានការប្រែប្រួលច្រើន ពោះឡើងទំហំធំ ដោះក៏ដូចគ្នា។ ក្នុងខែនេះ មានរបស់មិនសប្បាយចិត្តអាចកើតមានតែមិនបង្កគ្រោះថ្នាក់ដល់ទារកទេ គឺពពួកផ្សិតនៅតំបន់ប្រដាប់ភេទ និងការឈឺខ្លះៗតាមពួរសាច់ដុំ និងសន្លាក់នានា បើមានសូមអ្នកនាងឆាប់ទៅជួបជាមួយគ្រូពេទ្យជំនាញ។ ខែទី៥ និងខែទី៦ ៖ ពិនិត្យអេកូលើកនេះយូរជាងលើកទីមួយ ព្រោះត្រូវពិនិត្យគ្រប់សរីរាង្គរបស់ទារកថាប្រក្រតីធម្មតា ឬមិនធម្មតា។ សូមចាំថាប៉ុន្មានថ្ងៃមុនមកពិនិត្យអេកូ សូមអ្នកនាងកុំលាបក្រែមស្បែក ព្រោះវានាំឲ្យរូបភាពមិនសូវច្បាស់ ទោះជាអ្នកនាងស្គមស្បែក ពោះស្តើងមិនមានខ្លាញ់ក៏ដោយ។ បើសិនជាអ្នកនាងលើសគីឡូច្រើន គ្រូពេទ្យនឹងស្នើសុំអ្នកនាងពិនិត្យតេស្តអូសុលីវាន់ (O’ Sullivan) សម្រាប់រកជំងឺទឹកនោមផ្អែម។ គ្រូពេទ្យនឹងពិនិត្យរកសញ្ញាផ្សេងទៀតដើម្បីចៀសវាងការសម្រាលមិនគ្រប់ខែ ព្រោះការកន្រ្តាក់របស់ស្បូនម្តងៗអាចនាំឲ្យមានការប្រែប្រួលមាត់ស្បូន (មាត់ស្បូនរួញខ្លី និងបើកចំហ)។ ខែទី៧ និងទី៨ ៖ ដោយទំហំពោះធំបន្តិច អ្នកនាងបត់ជើងតូចរាងញឹកបន្តិច ឯការគេងសម្រាកក៏រាងពិបាក។ ការពិនិត្យពោះលើកនេះគឺស្តាប់សំឡេងបេះដូងទារកនៅ ចន្លោះពី ១២០ ទៅ១៦០ដងក្នុងមួយនាទី។ ការថ្លឹងទម្ងន់ ក្នុងខែនេះអ្នកនាងអាចឡើងបាន ៧-៨គីឡូក្រាម។ កម្ពស់ស្បូនជាមធ្យម ២៧ទៅ៣០សង់ទីម៉ែត្រ។ សម្ពាធឈាមមិនឲ្យលើស ១៤០∕៩០ មិល្លីម៉ែត្របារ៉ត។ ទឹកនោមមិនមានជាតិប្រៃ ឬផ្អែមទេ។ ខែទី៩ ៖ ការពិនិត្យលើកចុងក្រោយដែលអ្នកនាងត្រូវត្រៀមខ្លួនដើម្បីទៅសម្រាលបុត្រនៅមន្ទីរសម្ភព។ អ្នកនាងត្រូវជួបជាមួយគ្រូពេទ្យថ្នាំសណ្តំ។ បើទារកអ្នកនាង មិនវិលក្បាលចុះនៅទទឹង ឬក៏គូថចុះក្រោមអ្នកនាងត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យសម្ភពដែលនឹងជម្រាបអ្នកនាងអំពីការសម្រាលទម្រង់ហុចគូថនេះនិងបើសិនជាទារកពុំអាចនៅដល់ថ្ងៃដែលបានគ្រោងទុកគឺ ៤១អាទិត្យ រាប់ពីថ្ងៃទីមួយនៃការរាំងរដូវ ឬ៣៩អាទិត្យនៃការតាំងគភ៌ហៅថាគ្រប់ខែ។ ទារករបស់អ្នកនាងមានទម្ងន់ជាង ២គីឡូក្រាម គាត់ចេះជញ្ជក់ម្រាមដៃ បេះដូងទារកមាន ៤ថតយ៉ាងត្រឹមត្រូវ។ នៅអាទិត្យទី ៤១ (SA) ទារកអ្នកនាងធំហើយត្រៀមខ្លួនដើម្បីកើតចេញមក។ ពេលនេះទឹកភ្លោះរាងថយ ទារកពុំសូវបម្រះ(បើសិនជាថយចលនាខ្លាំង ឬមិនបម្រះសោះ) សូមអ្នកនាងរួសរាន់ទៅមន្ទីរសម្ភព ដើម្បីបញ្ជាក់ភាពរស់នៃទារក។ ប្រសិនអ្នកនាងធ្វើការងាររដ្ឋ ឬឯកជន អ្នកនាងត្រូវត្រៀមសម្រាកមាតុភាពបីខែហើយ អ្នកនាងត្រូវត្រៀមខ្លួន (ឯកសារនិងសម្ភារៈ) ដើម្បីសម្រាលបុត្រ។ នៅឯណា? នៅទីណាដែលអ្នកនាងកក់ក្តៅ ថាអាចជួយអ្នកនាង និងកូនអ្នកនាងបានទាន់ពេល។ បន្ទាប់ទៅនេះ យើងខ្ញុំនឹងរៀបរាប់អំពីរបបអាហារ និងការទទួលទានថ្នាំ៖ ១ សូមចៀសវាងជំងឺ (Listériose, Toxoplasmose et Salmonellose) ដែលបានរៀបរាប់នៅខែទី២។ ២ ចៀសវាងអាហាររំញោច និងពុល ដូចជាជាតិកាហ្វេអុីនដែលមាននៅក្នុងកាហ្វេ តែ ភេសជ្ជ:ប៉ូវកម្លាំងដែលមានជាតិកាហ្វេអុីន។ សូមប្រុងប្រយ័ត្នកុំពិសាលើសពី ៣ពែងក្នុងមួយថ្ងៃ។ Alcool គ្រប់រូបភាព (Vin, Bière, Cidre, Alcool fort, Liqueur…) អាចផ្តល់គ្រោះថ្នាក់ដល់ទារកអ្នកនាង។ បារី នាំផលវិបាកដល់សុក ដល់ការគំរាមកើតមិនគ្រប់ខែ ទារកលូតលាស់យឺតនៅក្នុងគភ៌ជាដើម។ ៣ អ្នកនាងគួរទទួលទានអាហារ ដើម្បីការពារកង្វះខាតនូវជាតិដែក (Le fer) ដែលមាននៅក្នុងត្រី សាច់ ស៊ុត សណ្តែក បន្លែផ្សេងៗជាដើម។ល។ ជីវជាតិ C ជួយឲ្យការបឺតស្រូបជាតិដែកបានឆាប់ល្អ។ កាល់ស្យូម ឲ្យបាន ១ ទៅ២ក្រាមក្នុងមួយថ្ងៃតាមអាយុគភ៌តិច ឬច្រើន។ ជីវជាតិD (ឃើញមាននៅក្នុងត្រីសាម៉ុង ត្រីសាឌីនជាដើម) ដើម្បីជួយបឺតស្រូបកាល់ស្យូមបានល្អដែលជួយកំហាប់ឆ្អឹងល្អ។ ជីវជាតិ K2 ជួយសម្រួលដល់ការស្រូបយកកាល់ស្យូមទៅដល់ទីតាំងដែលត្រូវ ប្រើប្រាស់និងជួសជុលការខ្វះខាត ព្រមទាំងជួយសម្រួលដល់ដំណើរការនៃឈាមកកដែលអាចជួយកាត់បន្ថយនូវកត្តាធ្លាក់ឈាម ក្រោយពេលសម្រាល។ ដើម្បីការពារភាពមិនប្រក្រតីនៃឆ្អឹងខ្នងទារក មុនពេលមានគភ៌អ្នកនាង គួរទទួលទាន ជីវជាតិB9 ដែលហៅថាអាស៊ីតហ្វលិក ឬ ហ្វឡាត ៥ មិល្លីក្រាមក្នុងមួយថ្ងៃឲ្យបានយ៉ាងតិចមួយខែមុនមានគភ៌។ ជីវជាតិB9 មានច្រើននៅក្នុងបន្លែបៃតង ឆៃថាវ ការ៉ុត ស្ពៃ ថ្លើម គ្រឿងក្នុងសត្វស្លាប ។ល។ នៅមានសារធាតុមីក្រូនុយទ្រៀន (Micronutrients) ផ្សេងៗទៀតពុំបានរៀបរាប់ដែលអ្នកនាងត្រូវទទួលទាន។ ដោយសារអាហារប្រចាំថ្ងៃរបស់យើងអាចមិនគ្រប់គ្រាន់នោះ បានជាយើងត្រូវបំពេញបង្គ្រប់តម្រូវការនៃរាងកាយពេលពពោះនេះ។ សូមចៀសវាងកុំទទួលទានថ្នាំអ្វី ក្រៅពីគ្រូពេទ្យជំនាញសរសេរជូន ព្រោះការទទួលទានខុសអាចប៉ះពាល់ដល់ភាពមិនប្រក្រតីនៃសរីរាង្គទារកក្នុងផ្ទៃ។     ៤ អ្នកនាងគប្បីត្រួតពិនិត្យការឡើងទម្ងន់ខ្លួនជារៀងរាល់ខែ មិនគប្បីបណ្តោយឲ្យឡើងទម្ងន់ហួសពេកនោះទេ។ តើអ្នកនាងត្រូវឡើងប៉ុន្មានគីឡូ? អាំងដិចទម្ងន់ខ្លួន (MBI) អ្នកនាង អាចយកទម្ងន់ខ្លួនទៅចែកនឹង(កំពស់គុណនឹងកំពស់គិតជាម៉ែត្រ)។ បើឃើញ២៤ ចុះគឺធម្មតា បើឃើញ ២៥ ទៅ៣០គឺលើសគីឡូហើយ។ បើលើស៣០គឺធាត់ញ៉ុក ខ្លាញ់ហើយ (Obèse)។ ធម្មតាអ្នកនាងអាចឡើងបានពី ៩ ទៅ១២គីឡូក្រាមក្នុង ៩ខែនៃគភ៌គឺ ១ខែ ១គីឡូក្រាម។ បើធាត់ញ៉ុកខ្លាញ់ មួយគភ៌ឲ្យឡើងត្រឹម៥គីឡូក្រាមប៉ុណ្ណោះ។ បើមិនដូច្នោះទេអ្នកនាងអាចជួបការលំបាកពេលសម្រាល។ អំពីសកម្មភាព អនាម័យ និងចំណីអាហារ អ្នកនាងគួរធ្វើឬគួរទទួលទានបែបណា? ដើរ ឬក៏ហែលទឹកជាការល្អ។ អ្នកនាងត្រូវចៀសវាងការផឹកស្រា ការជក់បារី ឬសារធាតុពុលដទៃទៀតដែលនាំឲ្យមានផលប៉ះពាល់មិនល្អដល់ទារក។ អ្នកនាងត្រូវពិសាអាហារដែលមានកាល់ឡូរីយ៉ាងតិច ១៨០០ កាល់ឡូរីក្នុងមួយថ្ងៃដែល៥០%បានមកពីការទទួលទានបន្លែ ផ្លែឈើ ទឹកដោះគោ យ៉ាអួរ សាច់ ត្រីជាដើម។ ពិសាប្រេងមកពីធម្មជាតិ។ កំណត់បន្ថយអាហារខ្លាញ់ និងស្ករ។ ពិសាទឹកឲ្យបានយ៉ាងតិច ១លីត្រកន្លះក្នុងមួយថ្ងៃ។ ចម្អិនសាច់ និងស៊ុតឲ្យបានឆ្អិនល្អ។ លាងបន្លែបៃតងឲ្យបានស្អាត។ អាហារទាំងបីពេលចៀសវាងកុំពិសាឆ្អែតហល់ព្រោះអ្នកនាងនៅមានអាហារក្រៅពេល ២ ឬ៣ដងទៀតក្នុងមួយថ្ងៃ។ អ្នកនាងត្រូវគិតផងដែរពីការឆ្លងរោគពីចំណីអាហារទាំងនោះ ដូចនេះត្រូវចម្អិនឲ្យឆ្អិនល្អ និងលាងឲ្យស្អាតបំផុតមុនទទួលទាន។ សូមអរគុណ៕ បកស្រាយដោយ៖ សាស្ត្រាចារ្យមហាបរិញ្ញា គ្រុយ លាងស៊ីម ឯកទេសផ្នែកសម្ភព និងរោគស្រ្តី និងជាប្រធាននៃគ្លីនិកសម្ភព វិសាខា ឯកសារយោង៖ Le Grand Livre de ma grossesse, sous la direction du professeur Jacques Lansac Coordination: docteur Nicolas Evrard./- អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការឈឺចាប់ពេលមានរដូវ គឺជាបញ្ហាមួយដែលប៉ះពាល់ដល់ស្រ្តីទាំងមុន និងអំឡុងពេលមករដូវ។ ការឈឺចាប់ពេលធ្លាក់ឈាមរដូវជាអាការៈស្រាលមួយនិងមិនបានបង្កគ្រោះថ្នាក់អ្វីដល់សុខភាពជាទូទៅនោះទេ ដែលអាការៈនេះច្រើនកើតលើយុវតីទើបមានខែដំបូង។ អាការៈនៃការឈឺចាប់ពេលមករដូវ ឈឺចាប់ពេលមករដូវ ជាអាការៈដែលកើតឡើងនៅពេលមុន និងអំឡុងពេលមករដូវ ហើយអាចអូសបន្លាយរយៈពេល ១ ទៅ២ថ្ងៃជាមធ្យម។ កម្រិតនៃការឈឺចាប់អាចមានកាន់តែខ្លាំងនៅថ្ងៃណាដែលការធ្លាក់ឈាមរដូវមានបរិមាណច្រើន។ ជាក់ស្ដែងអារម្មណ៍ឈឺចាប់អាចស្តែងឡើងតាំងពីឈាមរដូវមិនទាន់មក ហើយជួនកាលអាចអូសបន្លាយយូរហើយក្នុងករណីខ្លះ ការឈឺចាប់នៅមិនទាន់អស់បើទោះបីឈាមរដូវលែងមកហើយទៀតក៏ដោយ។ ដោយហេតុថាការមកឈាមរដូវជាវដ្ត (២៨ថ្ងៃម្តងជាមធ្យម) ដូច្នេះការឈឺចាប់នឹងវិលមកជាថ្មីម្តងទៀតជារៀងរាល់ខែ។ ការឈឺចាប់ព្រោះរដូវ ភាគច្រើនតែងផ្តុំនៅភាគខាងក្រោមនៃពោះ នៅលើថ្ងាស ហើយជួនកាលអាចរាលដាលដល់ខ្នង ចង្កេះ និងភ្លៅ។ មិនត្រឹមតែប៉ុណ្ណោះ វាអាចឲ្យចុកខ្នងចុកចង្កេះ ក្នុងករណីខ្លះទៀតស្រ្តីអាចមានអាការៈមិនស្រួលខ្លួន នឿយហត់ អស់កម្លាំង ចង់ក្អួត ចង្អោរ រាក ងងឹតមុខ ឈឺក្បាលផងដែរ។ មូលហេតុធ្វើឲ្យឈឺចាប់ពេលមករដូវ បញ្ហាឈឺចាប់នៅពេលមានរដូវបែបនេះច្រើនជាប់ទាក់ទងនឹងបញ្ហាមួយចំនួនដូចជា៖ - ការជក់បារី - ពិសាគ្រឿងស្រវឹង - ស្ត្រេស - កត្តាចំណីអាហារ - កត្តាលំហូរនៃឈាមរដូវ - ការឡើងទម្ងន់ - បញ្ហាសុខភាពមួយចំនួនទៀត និងបញ្ហាក្នុងសង្គមក៏ជាកត្តារួមចំណែកដល់ការឈឺចាប់នៅពេលមករដូវរបស់ស្រ្តី។ ជួនកាលក៏អាចបណ្តាលមកពីការកន្ត្រាក់សាច់ដុំរបស់ស្បូន និងការប្រែប្រួលអ័រម៉ូនដែលកើតមានឡើងក្នុងខ្លួនរបស់ស្រ្តីផងដែរ។ វិធីសាស្រ្តដោះស្រាយអាការៈឈឺចាប់ពេលមករដូវ ជាក់ស្តែង ការឈឺចាប់នេះនឹងបាត់នៅពេលរដូវអស់ហើយវានឹងវិលមកសភាពដូចធម្មតាវិញតាមរយៈវដ្តនៃការមករដូវ។ ដើម្បីដោះស្រាយបញ្ហាអាការៈឈឺចាប់នៅពេលមករដូវ គឺស្រ្តីគ្រប់រូបត្រូវថែរក្សាសុខភាពជាពិសេសក្នុងអំឡុងពេលមករដូវ ដោយអាចអនុវត្តតាមវិធីសាស្រ្តខាងក្រោមរួមមាន៖ - ពិសាទឹកក្តៅ និងឧស្សាហ៍ស្អំទឹកក្តៅនៅលើពោះ៖ ការធ្វើបែបនេះអាចជួយឲ្យអ្នកកាត់បន្ថយការឈឺចាប់បានមួយកម្រិត - ទទួលទានអាហារឲ្យបានត្រឹមត្រូវ៖ អ្នកត្រូវបិរភោគបន្លែ និងសាច់ឲ្យបានច្រើន ព្រោះពេលមករដូវនឹងធ្វើឲ្យអ្នកមានសភាពខ្សោយ និងអស់កម្លាំង។ ការទទួលទានរបបអាហារអាចឲ្យអ្នកមានថាមពលបានឡើងវិញ។ - កាត់បន្ថយការទទួលទានជាតិផ្អាប់ និងជូរ៖ អាហារទាំងនេះអាចធ្វើឲ្យរាំងស្ទះការមករដូវ បង្អាក់ការហូរឈាម ព្រោះប្រសិនបើការមករដូវមានភាពរាំងស្ទះនោះ វាអាចប៉ះពាល់ទៅលើស្បែកមុខ និងដងខ្លួនឡើងកន្ទួលរមាស់ ឬមុន ជាពិសេសក៏អាចបណ្តាលឲ្យក្លិនឈាមមានភាពស្អុយផងដែរ - ការធ្វើលំហាត់ប្រាណ៖ ការហាត់ប្រាណអាចឲ្យសរសៃឈាមរត់បានស្រួល និងមានអារម្មណ៍ថាស្រស់ស្រាយថែមទៀតផង។ អ្នកក៏អាចលេបថ្នាំបំបាត់ការឈឺចាប់ដែលអាចជួយដោះស្រាយបញ្ហាការឈឺចាប់បាន ហើយបើអាចអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង និងបាត់បង់ឈាមច្រើនពេលមករដូវម្តងៗ។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ក្រួសនៅផ្លូវទឹកនោម ជាជំងឺមួយមានអត្រាឈឺខ្ពស់ចន្លោះពី ៥%ទៅ១០% នៃប្រជាជនទាំងអស់។ ជំងឺនេះច្រើនកើតនៅអាយុចន្លោះពី ២០ឆ្នាំទៅ៦០ឆ្នាំហើយបុរសប្រឈមខ្ពស់ជាងស្ត្រីដល់ទៅ ៣ដង។ បច្ចុប្បន្ន គេសង្កេតឃើញថាអត្រានៃអ្នកកើតជំងឺក្រួសក្នុងផ្លូវទឹកនោមហាក់កើនឡើងជាលំដាប់ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ៦០%នៃអ្នកជំងឺដែលព្យាបាលជាពីដំបូងអាចលាប់ឡើងវិញម្តងទៀតរវាង១០ឆ្នាំ ក្រោយមក។ ប្រភេទនៃក្រួសនៅផ្លូវទឹកនោម យោងតាមលក្ខណៈឃ្មឹករបស់ក្រួសនៅផ្លូវទឹកនោមវាត្រូវបានចែកចេញជាពីរប្រភេទធំៗគឺ៖ • ប្រភេទ Radio opaque៖ ក្រួសដែលថតឃើញដោយកាំរស្មីអុិច • ប្រភេទ Radio transparent៖ ប្រភេទក្រួសដែលថតកាំរស្មីអុិចមើលមិនឃើញ។ ប្រសិនបើផ្អែកតាមសមាសធាតុគីមីរបស់ក្រួសក្នុងផ្លូវទឹកនោមវិញ វាត្រូវបានបែងចែកជា ៥ប្រភេទធំផ្សេងគ្នា៖ • Phosphate de Calcium មានប្រហែល ១៣% • Oxalate de Calcium ៧០% • Phosphate ammoniaco-magnésien ១% • Calcul cystinique ២% • Calcul acide urique ១០%។ មូលហេតុបង្កឲ្យមានក្រួស • កត្តាចំណីអាហារ៖ ការទទួលទានអាហារមួយចំនួនលើសពីតម្រូវការរបស់រាងកាយដែលនឹងត្រូវបញ្ចេញចោលតាមទឹកនោមយូរទៅវានឹងបង្កជាគ្រាប់គ្រីសស្តាល់តូចៗ រួចផ្តុំគ្នាបានទៅជាក្រួស។ អាហារទាំងអស់នោះរួមមានប្រភេទអាហារសម្បូរកាល់ស្យូម (ទឹកដោះគោ) ជាតិប្រូតេអុីន (សាច់) អាហារសម្បូរជាតិអុកសាឡាដ(សូកូឡា តែ)។ ជាមួយគ្នានេះ វាហាក់ដូចជាដោយសារតែអ្នកជំងឺទទួលទានជាតិសរសៃដូចជាបន្លែបានតិចពេកដែរ។ • តំណពូជ៖ ករណីប្រភេទ Calcul cystinique តែងបង្កឡើងពីហ្សែនមួយនៅក្នុងក្រូម៉ូសូមរបស់អ្នកជំងឺ។ • ការបង្ករោគនៅផ្លូវទឹកនោម (Infections urinaires)៖ មេរោគដែលបង្កជំងឺក្នុងទឹកនោមអាចធ្វើឲ្យមានជំងឺក្រួស ហើយក្រួសក៏ជាសម្បុកបង្កមេរោគវិលចុះឡើង (Vice-Versa)។ ឧទាហរណ៍មេរោគមួយប្រភេទហៅថា ប្រូតេអុីស (Proteus)។ • កម្រិតជាតិអាស៊ីតក្នុងទឹកនោម៖ ជាទូទៅកម្រិតជាតិអាស៊ីតធម្មតានៃទឹកនោមគឺ ៥.៨ បើកម្រិតជាតិអាស៊ីតខ្ពស់ ឬទាបជាងធម្មតាវានឹងសម្រួលឲ្យមានការប្រមូលកម្ទេចតូចៗ ទៅជាក្រួស។ • រូបរាងខុសធម្មតានៃតម្រងនោមពីកំណើត៖ ករណីខ្លះតម្រងនោមមានដក់ទឹកនោមជាប្រចាំ ឬទឹកនោមវិលវល់មិនបញ្ចេញចោលអស់ងាយនឹងឲ្យមានការប្រមូលផ្តុំ ចុណ្ណភាគតូចៗ រហូតបង្កើតជាក្រួស។ • ការប្រើថ្នាំ៖ ប្រហែល១%នៃអ្នកជំងឺក្រួសក្នុងផ្លូវទឹកនោមបង្កពីការប្រើថ្នាំរយៈពេលយូរ ដូចជាថ្នាំប្រឆាំងនឹងវីរុស ពិសេសវីរុស HIV ជាដើម។ ក្រៅពីមូលហេតុចម្បងខាងលើ បុគ្គលដែលងាយប្រឈមនឹងជំងឺនេះអាចមាន អ្នកដែលទទួលទានទឹកតិចពេក និងអ្នកជំងឺដែលស្ថិតក្នុងពិការភាពមិនអាចធ្វើចលនាបានច្រើន។ល។ អាការៈនៃអ្នកជំងឺក្រួសផ្លូវទឹកនោម សញ្ញាមួយចំនួនដែលអាចសង្ស័យថាជាជំងឺក្រួសស្តែងចេញទៅតាមទីតាំង៖សរីរាង្គផ្នែកខាងលើ (Haut appareil urinaire) ឬផ្នែកខាងក្រោម (Bas appareil urinaire) រួមមាន៖ • ផ្នែកខាងលើ៖ អ្នកជំងឺដឹងនឹងមកជួបគ្រូពេទ្យដោយសារមាននូវសញ្ញាឈឺចុកចាប់ខ្លាំង (Colique néphrétique) ចាប់ផ្តើមនៅចង្កេះចាក់មកក្រលៀន គល់ភ្លៅ និងដល់ប្រដាប់ភេទខាងក្រៅ។ ពេលខ្លះអ្នកជំងឺមានសភាពធ្ងន់ៗនៅចង្កេះ ឬពុំមានលេចចេញនូវការឈឺចាប់ណាមួយទាំងអស់ដែលចុងក្រោយអាចធ្វើឲ្យខូចតម្រងនោមដោយមិនដឹងខ្លួនតែម្តង។ ក្រៅពីនេះអ្នកជំងឺអាចមានលេចចេញនូវសញ្ញានោមឈាម មានការបង្ករោគនៅផ្លូវទឹកនោម (Infection urinaire) និងគ្មានទឹកនោម(Anurie)។ • ផ្នែកខាងក្រោម៖ អ្នកជំងឺភាគច្រើនស្តែងចេញជាសញ្ញាពិបាកបត់ជើងតូច ឬឈឺចាប់ពេលបត់ជើងតូច បត់ជើងតូចអាក់ៗ ឬស្ទះនោម និងមានការរលាកផ្លូវទឹកនោមញឹកញាប់។ ការធ្វើរោគវិនិច្ឆ័យក្រួសផ្លូវទឹកនោម អ្នកជំងឺក្រួសនៅផ្លូវទឹកនោមតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យឯកទេសដូចខាងក្រោម៖ • សាកសួរប្រវត្តិរបស់អ្នកជំងឺទាក់ទងនឹងហានិភ័យនានាដែលអ្នកជំងឺអាចមាន • ការពិនិត្យលើខ្លួនអ្នកជំងឺ៖ មើល ស្ទាប គោះ ស្តាប់(Inspection-Palpation-Percussion-Auscultation) • ការត្រួតពិនិត្យអមគ្លីនិកដូចជា អេកូតម្រងនោមការថតកាំរស្មីអុិច • Urographie Intraveineuse (UIV) ដែលជាការចាក់ថ្នាំចូលតាមសរសៃឈាមហើយជាតិថ្នាំចេញតាមផ្លូវទឹកនោម • ការថតស្គែនដែលមានប្រសិទ្ធភាពខ្ពស់ និងច្បាស់លាស់ • ការពិនិត្យឈាមបន្ថែម • ការពិនិត្យទឹកនោមរកមើលថាមានឈាមក្នុងទឹកនោមឬអត់ ឬរកសញ្ញានៃការបង្កដោយមេរោគក្នុងទឹកនោម។ ការព្យាបាលក្រួសក្នុងតម្រងនោម ភាគច្រើនប្រសិទ្ធភាពនៃការព្យាបាលក្រួសក្នុងតម្រងនោមអាចមានការប្រែប្រួលតាមកម្រិតភាពធ្ងន់ធ្ងរនិងរយៈពេលកើត ដែលរួមមាន២ យ៉ាង៖ ការព្យាបាលរោគសញ្ញា៖  - ជួយអ្នកជំងឺឲ្យបាត់ឈឺចាប់ដោយប្រើថ្នាំ  - ប្រសិនមានការបង្ករោគ នោះអ្នកជំងឺនឹងតម្រូវឲ្យព្យាបាលសញ្ញានៃការក្លាយរោគនោះ  - បង្ហូរទឹកនោមដែលស្ទះ ដោយប្រើបច្ចេកទេសពិសេស៖ ចោះតម្រងនោមតាមចង្កេះ ឬ តាមបំពង់ខាងក្នុងខ្លួន (JJ Stent)។ ការព្យាបាលមូលហេតុ ករណីក្រួសតម្រងនោមនៅផ្នែកខាងលើ៖ - ការព្យាបាលទី ១គឺ បាញ់ពីខាងក្រៅខ្លួន (Lithtitie extra corporelle: LEC)៖ ក្នុងករណីក្រួសមានទំហំចន្លោះពី ១០ ទៅ១៥មិល្លីម៉ែត្រមិនមានក្លាយមេរោគនិងមិនមានស្ទះទឹកនោមដែលការបាញ់ម្តងមានប្រសិទ្ធភាព៥០% ប៉ុន្តែអ្នកជំងឺអាចបាញ់បានច្រើនដង ក្នុងរយៈពេល១ខែម្តង។ ជាទូទៅអ្នកជំងឺនឹងនោមឈាមបន្ទាប់ពីបាញ់ ប្រសិនបាញ់ញឹកខ្លាំងពេកនឹងបង្កឲ្យខូចតម្រងនោម - វិធីសាស្ត្រទី២គឺ ចោះតាមចង្កេះ (Néphrolithotomie per cutanée: NLPC)៖ ជាវិធីចោះតម្រងនោមតាមចង្កេះ និងមានប្រើនូវឧបករណ៍ឆ្លុះរួចយកក្រួសចេញ ក្រោយពីបំបែកក្រួសជាដុំតូចៗ។ វាអាចមានផលវិបាកមួយចំនួនដូចជាករណីប៉ះចំសរសៃឈាមដែលនាំឲ្យមានការហូរឈាម ឬមានឆ្លងសរសៃឈាមនៅកន្លែងចោះ៖ Fistule artério-veineuse - វិធីសាស្ត្រទី៣គឺ វិធីឆ្លុះបំបែកក្រួស (Urétéro rénoscopie flexible)៖ ជាវិធីសាស្រ្តទំនើបដែលមានការស៊កឧបករណ៍ឆ្លុះតាមបង្ហួរនោមឡើងទៅដល់ក្រួស ហើយបំបែកក្រួសជាបំណែកតូចៗ - វិធីសាស្រ្តទី៤គឺ វះបែបបុរាណ (Chirurgie de la lithase urinaire)៖ វះយកក្រួសចេញបើតម្រងនោមនៅល្អ ឬអាចកាត់តម្រងនោមចោលតែម្តងបើមានក្រួសច្រើន ឬតម្រងនោមខូចខ្លាំង។ ករណីក្រួសផ្លូវទឹកនោមផ្នែកខាងក្រោម ច្រើនកើតលើបុរសដែលជាផលវិបាកនៃការរីកធំរបស់ក្រពេញប្រូស្តាត គឺអាចព្យាបាលដោយវិធីឆ្លុះ ឬដោយវះយកក្រួសចេញ។ - ប្រើថ្នាំរំលាយ៖ មិនមានប្រសិទ្ធភាពគ្រប់ប្រភេទក្រួសទេ។ វិធីនេះអាចបានផលល្អលើប្រភេទក្រួស ដែលថតដោយកាំរស្មីអុិចមិនឃើញ ជាពិសេសក្រួសដែលកើតពីអាស៊ីតអ៊ុយរិច។ បើមានដក់ទឹកក្នុងតម្រងនោម ត្រូវតែរកវិធីបង្ហូរ(Drainage) ទឹកនោមសិន។ ករណីមិនបានទទួលការព្យាបាលត្រឹមត្រូវ ឬព្យាបាលមិនទាន់ពេលអ្នកជំងឺអាចប្រឈមនឹងការបង្ករោគនៅក្នុងទឹកនោម ឬមេរោគអាចចូលទៅដល់ក្នុងឈាម (Septicemia) ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ ក្រួសក៏អាចបង្កឲ្យខ្សោយ និងខូចតម្រងនោមផងដែរ។ គួរបញ្ជាក់ថា ១០ឆ្នាំក្រោយការព្យាបាល ហើយអ្នកជំងឺអាចនឹងលាប់ ឬរើឡើងវិញក្នុងអត្រា៦០% ប្រសិនអ្នកជំងឺមិនការពារខ្លួនឲ្យបានជាប់លាប់ទេនោះ។ ដើម្បីការពារពីការកើតក្រួសក្នុងផ្លូវទឹកនោម ឬកុំឲ្យលាប់ឡើងវិញ ចាំបាច់ត្រូវព្យាបាលមូលហេតុដែលបង្កក្រួស (បើអាចធ្វើបាន) ហើយត្រូវទទួលទានទឹកឲ្យបានច្រើន (២ ទៅ ២,៥លីត្រ)ក្នុងមួយថ្ងៃ កាត់បន្ថយប្រភេទអាហារដែលអាចនាំឲ្យកកើតក្រួស និងបន្ថែមរបបអាហារដែលមានជាតិសរសៃឲ្យបានច្រើនបំផុត ព្រមទាំងហាត់ប្រាណទៀងទាត់ និងត្រួតពិនិត្យសុខភាពជាប្រចាំតាមការណែនាំ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត គួច ហាច ឯកទេសវះកាត់តម្រងនោម អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ​​​​​​

Share

ផ្សិតថ្មសមុទ្រ ឬ ឈ្មោះវិទ្យាសាស្ត្រ “Pleuractis gravis Nemenzo” គឺជាផ្កាថ្មសមុទ្រដែលស្ថិតក្នុងគ្រួសារ Fungiidae ដែលត្រូវបានគេនិយមប្រើប្រាស់ជាឱសថព្យាបាលជំងឺដែលពាក់ព័ន្ធនឹងការរលាក និងជំងឺមហារីក។ មិនតែប៉ុណ្ណោះវាក៏ត្រូវបានយកមកប្រើប្រាស់ជាឱសថជំនួយឆ្អឹង និងជំនួយប្រព័ន្ធប្រសាទផងដែរ។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើតេស្តរកឲ្យឃើញនូវសមាសធាតុឱសថ និងកំណត់ឲ្យឃើញនូវចំនួនឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃផ្សិតថ្មសមុទ្រដែលមានប្រភពនៅក្នុងប្រទេសកម្ពុជា។ សារពាង្គកាយទាំងមូលនៃផ្កាថ្មសមុទ្រស្ងួតត្រូវបានយកមកពីកោះរ៉ុង (GPS: 10°44'25.3"N 103°17'24.8"E) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ក្នុងអំឡុង ខែធ្នូ ឆ្នាំ២០១៨។ សារពាង្គកាយទាំងមូលរបស់ផ្សិតថ្មសមុទ្រនេះ ត្រូវបានយកមកផ្ទៀងផ្ទាត់ជាមួយនឹងសំណាកផ្កាសមុទ្រ (កូដៈ UPFOPMP-180001) ដែលតម្កល់ទុកនៅក្នុង “តិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ សារពាង្គកាយទាំងមូលរបស់ផ្សិតថ្មសមុទ្រស្ងួតត្រូវបានយកមកធ្វើការចម្រាញ់ដោយអង្គធាតុរំលាយអេតាណុល តាមរយៈវិធីសាស្ត្រចម្រាញ់ត្រាំ “Maceration Extraction”។ រូបធាតុចម្រាញ់ដែលទទួលបានត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថ និងធ្វើតេស្តក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។ ដំណើរការនៃការពិសោធទាំងអស់ត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍រូបធាតុឱសថនៃមហាវិទ្យាល័យឱសថសាស្ត្រ សកលវិទ្យាល័យពុទ្ធិសាស្ត្រ។ លទ្ធផលនៃការធ្វើតេស្តគីមីឱសថត្រូវបានរកឃើញថា សារពាង្គកាយទាំងមូលនៃផ្សិតថ្មសមុទ្រស្ងួតមានសមាសធាតុឱសថ Alkaloids, Flavonoids, Terpenoids និង Essential Oils។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៃសារពាង្គកាយទាំងមូលរបស់ផ្សិតថ្មសមុទ្រស្ងួត នៅជំហ៊ានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុង “Mobile Phase” Toluene-Methanol (9:1) យើងបានញែកឱសថសរុបទាំងអស់ចំនួន 15 អង្គធាតុឱសថ ដែលមានតំលៃ Rf នៅទីតាំងដូចតទៅៈ 0.04, 0.11, 0.15, 0.22, 0.26, 0.31, 0.35, 0.44, 0.64, 0.68, 0.77, 0.82, 0.88, 0.95 និង 0.99។ វត្តមាននៃសមាសធាតុឱសថ និងព័ត៌មាននៃការញែកចំនួនឱសថដោយ TLC នៃផ្សិតថ្មសមុទ្រនេះ គឺជាទិន្នន័យឱសថដ៏សំខាន់ និងមានប្រយោជន៍សម្រាប់អ្នកស្រាវជ្រាវបន្ទាប់ទៀតក្នុងការធ្វើការសិក្សាស្រាវជ្រាវបន្តអំពីការញែកម៉ូលេគុលថ្នាំសំខាន់ៗ ចេញពីផ្សិតថ្មសមុទ្ររបស់កម្ពុជា។ ប្រភពអត្ថបទដោយ អ្នកនិពន្ធដែលជានិស្សិត និងសាស្ត្រាចារ្យនៃមហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ៖ កែវ សំអែល ឈិន លក្ខិណា ហៃ ស៊ីដាណេ ហៃ ស៊ីដានិច សេង សុផាន់ណែត លី មល្លិកា នី ច័ន្ទសីហា ជា ស៊ីន អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការងារប្រចាំថ្ងៃមួយចំនួន អាចបង្កឲ្យដៃរបស់អ្នកលេចចេញនូវរោគសញ្ញាខុសប្រក្រតី ដែលមួយក្នុងចំណោមអាការៈទាំងនោះ គេអាចសង្កេតឃើញមានបញ្ហា ក្រិន ឬពងទឹកតូចៗ។ តើសញ្ញាទាំងនេះអាចសន្និដ្ឋានថាជាជំងឺណាខ្លះ? សំណួរ៖ ខ្ញុំបាទ អាយុ ២៨ឆ្នាំ ភេទ ប្រុស កម្ពស់ ១ម៉ែត្រ៧០ មុខរបរជានិសិ្សត។ ម្រាមដៃរបស់ខ្ញុំមានបញ្ហាក្រិនខុសប្រក្រតី និងមានពងបែកទឹកតូចៗ ដែលវាធ្វើឲ្យរមាស់រយៈពេល ៣ខែហើយ។ ខ្ញុំចង់សួរថាតើខ្ញុំមានជំងឺអ្វី? តើអាចព្យាបាលបានដែរឬទេ? ចម្លើយ៖ ជាទូទៅចំពោះពងបែកតូចៗនៅលើម្រាមដៃហើយរមាស់ អាចត្រូវបានសន្និដ្ឋានទៅលើកត្តាពីរយ៉ាង ទីមួយគឺជំងឺតាអក ដែលតែងកើតមានឡើងនៅលើដៃ ឬជើង និងទីពីរអាចជាជំងឺផ្សិតបង្កឡើងដោយ Candida albican នៅលើដៃ ឬជើង។ ប៉ុន្តែភាគរយនៃការកើតជំងឺតាអកមានច្រើនជាងផ្សិតរហូតដល់ ៩០ភាគរយ ដូច្នេះ ករណីរបស់ប្អូនគឺជាជំងឺតាអក បាតដៃ បាតជើង។ ជំងឺតាអកនេះអាចធ្វើការព្យាបាលបាន ប្រសិនវាកើតឡើងដោយសារកត្តាការងារ។ ជាក់ស្តែង ប្រសិនជំងឺតាអករបស់ប្អូនកើតមានឡើងដោយសារកត្តាហ្សែន ដែលធ្វើឲ្យប្អូនឆាប់ប្រតិកម្មជាមួយអ្វីគ្រប់យ៉ាង នោះការព្យាបាលនឹងមិនអាចជាដាច់ឡើយ គឺបន្ទាប់ពីព្យាបាលជាហើយ ប្អូននៅតែអាចកើតមានទៀតដោយគ្មានមូលហេតុ។ ដោយឡែកបើជំងឺតាអករបស់ប្អូនបណ្តាលមកពីការងារវិញ បន្ទាប់ពីព្យាបាលរួច ប្អូនត្រូវប្រុងប្រយ័ត្នចំពោះមូលហេតុដែលនាំឲ្យការលេចឡើងនូវសញ្ញាតាអកនេះ ឧទាហរណ៍ដូចជា សាប៊ូទឹក ស៊ីម៉ង់ត៍ និងគ្រឿងទេសផ្សេងៗដែលទាក់ទងនឹងមុខរបរ ឬការងារប្រចាំថ្ងៃរបស់ប្អូន បើអាចចៀសវាងបានរហូត នោះបន្ទាប់ពីព្យាបាលហើយ ប្អូននឹងជាសះស្បើយ តែបើប្អូនមិនប្រុងប្រយ័ត្នចៀសវាងទេនោះ វាក៏នឹងអាចកើតឡើងវិញបានដូចគ្នា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការបំបៅកូនដោយម្សៅទឹកដោះគោជាជម្រើសដ៏ពេញនិយមដែលអ្នកម្តាយសម័យថ្មីតែងផ្តល់ឲ្យកូនជាទីស្រលាញ់ បន្ទាប់ពីការបំបៅកូនដោយទឹកដោះម្តាយផ្ទាល់។ ប៉ុន្តែការជ្រើសរើស និងស្វែងយល់អំពីអត្ថប្រយោជន៍នៃប្រភេទម្សៅទឹកដោះគោទាំងនោះពិតជាលំបាក។ ហេតុនេះ អត្ថបទខាងក្រោមនឹងបង្ហាញអំពីគន្លឹះសំខាន់ៗមួយចំនួន ក្នុងការសម្រេចចិត្តជ្រើសរើសប្រភេទម្សៅទឹកដោះគោណាមួយសម្រាប់កូនអ្នក។ យោងតាម FDA (Food and Drug Administration) របស់សហរដ្ឋអាមេរិកបានបែងចែកប្រភេទម្សៅទឹកដោះគោសម្រាប់ទារកជា ៣ប្រភេទ និងមានតួនាទីផ្សេងគ្នាផងដែរគឺ៖ - រូបមន្តផ្អែកលើប្រូតេអុីនទឹកដោះគោ (Cow milk protein-based formulas) ក្រៅពីសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផ្សេងទៀតប្រភេទទឹកដោះគោនេះផ្សំឡើងពីប្រតេអុីន ២ប្រភេទចម្បងគឺ Whey និងCasein ដែលជាប្រូតេអុីនងាយរំលាយជាងប្រភេទរូបមន្តដទៃទៀត។ ជាទូទៅប្រភេទរូបមន្តនេះត្រូវបានប្រើប្រាស់ចំពោះទារកអាយុក្រោម ១ឆ្នាំ ឬទារកដែលមិនអាចទទួលបានឱកាសបំបៅដោះម្តាយ។ ម៉្យាងម្សៅទឹកដោះគោប្រភេទនេះពិតជាស័ក្តិសមចំពោះទារកភាគច្រើនផងដែរ លើកលែងទារកមួយចំនួនតូចដែលអាល្លែកហ្ស៊ីជាមួយរូបមន្តនេះប៉ុណ្ណោះ។ - រូបមន្តផ្អែកលើប្រូតេអុីនសណ្តែកសៀង (Soy-based formulas) ជាប្រភេទរូបមន្តដែលចម្រាញ់ពីប្រូតេអុីនសណ្តែកសៀង ដែលមិនលាយឡំជាមួយប្រូតេអុីនសាច់សត្វឡើយ ប៉ុន្តែមានសារធាតុចិញ្ចឹមស្តង់ដារដូចទៅនឹងរូបមន្តផ្សេងទៀត។ រូបមន្តនេះពិតជាស័ក្តិសមចំពោះទារកដែលមានបញ្ហាអាល្លែកហ្ស៊ីជាមួយរូបមន្ត Cow milk protein-based formulas ឡាក់តូស (lactose) ឬកាបូហាយដ្រេត (carbohydrate) ដែលមានវត្តមានក្នុងទឹកដោះគោ។ ទោះជាយ៉ាងណាក៏ដោយ ទារកមួយចំនួនដែលអាល្លែកហ្ស៊ីជាមួយទឹកដោះគោ (Cow Milk) អាចប្រតិកម្មជាមួយទឹកសណ្តែកផងដែរ។ - រូបមន្តដែលប្រូតេអុីនត្រូវបានបំបែកតូចៗ (Protein hydrolysate formulas) រូបមន្តប្រភេទនេះផ្សំពីសារធាតុចិញ្ចឹមដែលត្រូវបានបំបែកជាម៉ូលេគុលតូចៗ ជាពិសេសប្រូតេអុីន ដែលខុសពីរូបមន្តទឹកដោះគោទាំងពីរខាងលើ។ រូបមន្តនេះត្រូវបានបង្កើតឡើងជាពិសេសចំពោះទារកដែលមានបញ្ហាក្រពះពោះវៀន ពិបាកក្នុងការរំលាយអាហារឧស្សាហ៍ទល់លាមក ឬអាល្លែកហ្ស៊ីជាមួយប្រូតេអុីន Cow milk protein-based formulas ឬ Soybased formulas។ បន្ថែមពីប្រភេទរូបមន្តទាំង ៣សំខាន់ៗខាងលើ ក៏នៅមានប្រភេទរូបមន្តមួយចំនួនផ្សេងទៀតដូចជា៖ - រូបមន្តសម្រាប់ទារកដែលប្រតិកម្មជាមួយឡាក់តូស (Lactose intolerance) ចំពោះទារកមួយចំនួនតូច តែងកើតមានអាការៈប្រតិកម្មជាមួយសារធាតុសំខាន់ម៉្យាងដែលមានក្នុងទឹកដោះគោ និងផលិតផលចម្រាញ់ពីទឹកដោះគោគឺឡាក់តូស។ រោគសញ្ញានៃប្រតិកម្មអាល្លែកហ្ស៊ីរួមមាន រាក ឈឺឆ្អល់ក្នុងពោះ និងហើមពោះជាដើម។ ហេតុនេះរូបមន្តទឹកដោះគោដែលគ្មានឡាក់តូសពិតជាសមស្របបំផុតជាមួយទារកប្រភេទនេះណាស់។  - រូបមន្តសម្រាប់ទារកកើតមិនគ្រប់ខែ ជាទូទៅ ទារកកើតមិនគ្រប់ខែត្រូវការរូបមន្តពិសេសជាងទារកកើតគ្រប់ខែ ដោយហេតុថាពួកគេត្រូវការសារធាតុចិញ្ចឹមចាំបាច់ និងថាមពលប្រចាំថ្ងៃច្រើនជាងដើម្បីធានាយ៉ាងណាទទួលបានការលូតលាស់បានប្រសើរ និងរក្សាបាននូវប្រព័ន្ធការពារខ្លួនដែលរឹងមាំ។ រូបមន្តនេះនឹងត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ក្នុងរយៈពេលកំណត់មួយទៅតាមការត្រួតពិនិត្យសុខភាពទារកពីសំណាក់ក្រុមគ្រូពេទ្យជំនាញដែលជាទូទៅអាចប្រែប្រួលក្នុងរយៈពេលពី ៣ខែ ៦ខែ ឬ១ឆ្នាំ។ សូមពិភាក្សាជាមួយគ្រូពេទ្យកុមារបន្ថែម ប្រសិនបើអ្នកនៅតែមានភាពរារែក និងពិបាកក្នុងការសម្រេចចិត្តក្នុងការជ្រើសរើសប្រភេទទឹកដោះគោដែលសមស្របចំពោះកូនជាទីស្រលាញ់របស់អ្នក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

វគ្គសិក្សាខ្លីស្តីពីមូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការគ្លីនិក/មន្ទីរពេទ្យ នឹងប្រារព្ធធ្វើឡើងក្នុងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥រសៀល ក្នុងបរិវេណមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនហេលស៍ថាម ខបភើរេសិនបានរៀបចំនូវវគ្គសិក្សាខ្លីនេះឡើងក្នុងគោលបំណងជួយដល់សិក្ខាកាមដែលជាម្ចាស់អាជីវកម្ម ឬសហគ្រិនក្នុងវិស័យគ្លីនិក មន្ទីរពេទ្យ សិស្សនិស្សិត ក៏ដូចជាអ្នកវិជ្ជាជីវៈសុខាភិបាល ក្នុងការពង្រឹងគម្រោង និងប្រតិបត្តិការក្នុងដំណើរការគ្លីនិក/មន្ទីរពេទ្យរបស់ខ្លួនតាមរយៈ គម្រូអាជីវកម្ម Canvas។  ក្នុងវគ្គសិក្សានេះសិក្ខាកាមទាំងអស់នឹងស្វែងយល់កាន់តែស៊ីជម្រៅនូវអត្ថប្រយោជន៍នៃគម្រូអាជីវកម្ម Canvas ក្នុងអាជីវកម្មរបស់ខ្លួន រួមបញ្ចូលទាំងធាតុនីមួយៗដែលមានក្នុងគម្រូអាជីវកម្ម ព្រមទាំងការបង្ហាញនូវឧទាហរណ៏ផ្សេងៗពីគម្រូនេះក្នុងវិស័យសុខាភិបាល ដោយលោកបណ្ឌិត សុខ ស៊ាង ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យសេដ្ឋកិច្ច និងជាសាស្ត្រាចារ្យផ្នែកសហគ្រិនភាពនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រៅពីការសិក្សាស្វែងយល់ពីគម្រូអាជីវកម្ម Canvas សិក្ខាកាមទាំងអស់ក៏បានទទួលនូវការចែករំលែកបទពិសោធន៍ពីសំណាក់វាគ្មិនកិត្តិយសរបស់យើងរួមមានលោកស្រីអនុបណ្ឌិត ប៊ូ មល្លិកា ស្ថានិកក្រុមហ៊ុនវិសារហ៊ែលឃែរគ្រុប និងវាគ្មិនផ្សេងៗទៀត លើគម្រូអាជីវកម្មផ្សេងៗគ្នា ការចាប់ផ្តើមថ្មី ឧបសគ្គដែលពួកគាត់បានជម្នះកន្លងមក រួមជាមួយនឹងទស្សនៈវិស័យរបស់ពួកគាត់លើការប្រឡូកក្នុងអាជីវកម្មគ្លីនិក/មន្ទីរពេទ្យនេះ។ មិនត្រឹមតែប៉ុណ្ណោះ សិក្ខាកាមទាំងអស់នឹងតម្រូវឲ្យធ្វើការអនុវត្តដោយផ្ទាល់ទៅលើការបង្កើតគម្រូអាជីវកម្ម Canvas របស់ខ្លួន ជាមួយនឹងការវាយតម្លៃពីសំណាក់គ្រូបង្គោលរបស់យើង។ ឆ្លៀតក្នុងពេលតែមួយ លោកអ្នកក៏អាចបង្កើតឱកាសក្នុងការបង្កើនបណ្តាញ និងទំនាក់ទំនងរវាងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដូចគ្នាដែលអាចជាដៃគូសហការ ឬអាចជាភាគហ៊ុនក្នុងអាជីវកម្មនាពេលអនាគតផងដែរ។ សម្រាប់ការចូលរួមក្នុងវគ្គសិក្សានេះ លោកអ្នកអាចធ្វើការជាវសំបុត្រតាមរយៈការទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងតាមលេខទូរស័ព្ទ ០៧៧ ៨៨៨ ០៧៥ ឬតាមរយៈទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនយើងផ្ទាល់ https://www.facebook.com/healthtimepro/។ តម្លៃសំបុត្រធម្មតាគឺ ២០ដុល្លាក្នុងមួយសំបុត្រ ឬលោកអ្នកអាចជាវជាគូក្នុងតម្លៃ ៣៥ដុល្លា ឬជាវជាក្រុម៥នាក់ក្នុងតម្លៃត្រឹមតែ ៨៥ដុល្លាប៉ុណ្ណោះ។  ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ភ្នំពេញ — TEDxRUPP ជាព្រឹត្តិការណ៍ TEDx បែបសាកលវិទ្យាល័យដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី៩ ខែមិថុនា វេលាម៉ោង ១ ដល់ម៉ោង ៥ រសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានវាគ្មិនចំនួន ១០រូប បានធ្វើបទបង្ហាញជុំវិញប្រធានបទរួមមួយគឺ “ជ្រែកដែនកំណត់”។ TEDxRUPP ត្រូវបានរៀបចំឡើងដោយឯករាជ្យ ដែលផ្អែកទៅលើទម្រង់ និងវិន័យរបស់ TED ដោយចូលរួមដោយវាគ្មិនកិត្តិយសជាច្រើនដែលនិយាយទៅលើប្រធានបទផ្សេងៗគ្នា។ ចំពោះព្រឹត្តិការណ៍ដំបូងនេះ មានគោលបំណងចង់បង្កើតសហគមន៍មួយសម្រាប់សិស្ស និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទស្សនិកជនមកពីសាកលវិទ្យាល័យផ្សេងៗ។ TEDxRUPP ផ្តោតទៅលើប្រធានបទផ្សេងៗជាច្រើនដូចជាលើវិស័យអប់រំ វិស័យសិល្បៈ វិស័យបច្ចេកវិទ្យាជាដើម។ ទោះបីជាមានគោលការណ៍ចម្រុះ និងការផ្តោតសំខាន់ផ្សេងៗគ្នាក៏ដោយ ពាក្យតំណាងរបស់ TEDxRUPP នៅតែជាជ្រែកដែនកំណត់។ យោងតាម កញ្ញា កែវ ម៉ាលីស ដែលជាអ្នករៀបចំមួយរូបបានឲ្យដឹងថា “មនុស្សគ្រប់គ្នា មិនថាជាតិសាសន៍ ឬប្រទេសអ្វីឡើយ សុទ្ធតែមានឧត្តមគតិរបស់ខ្លួន គ្រាន់តែត្រូវការការជំរុញពីក្រោយប៉ុណ្ណោះ។ នេះក៏ជាមូលហេតុដែលប្រធានបទ "ជ្រែកដែនកំណត់" ត្រូវបានបង្កើតដើម្បីលើកកម្ពស់ការយល់ដឹង ការរួមចំណែកធ្វើការងារសង្គម ដែលអាចរួមចំណែកក្នុងការធ្វើឲ្យសង្គមខ្មែររីកចម្រើន។” បើតាមប្រសាសន៍លោក ជា សុខហ៊ី ជានាយកនៃ TEDxRUPP បានឲ្យដឹងថាមូលហេតុដែល RUPP ត្រូវបានជ្រើសរើសដើម្បីចាប់ផ្តើមសហគមន៍មួយនេះ គឺដោយសារអ្នករៀបចំជឿជាក់ថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ និងមានកិត្យានុភាពបំផុតមួយក្នុងប្រទេសកម្ពុជា ហើយមានធនធាន និងសក្តានុពលជាច្រើនដែលមិនទាន់បានប្រើប្រាស់ដើម្បីជួយកសាង និងតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះបានរៀបចំឡើងដោយឯករាជ្យ និងស័្មគ្រចិត្តដោយយុវជនមួយក្រុម ដែលដំណើរការក្រោមអាជ្ញាប័ណ្ណពី TED ហើយមានគោលបំណងបង្កើតការសន្ទនាផ្សេងៗ ក៏ដូចជាផ្តល់នូវវេទិកាមួយដើម្បីចែករំលែកគំនិត និងបទពិសោធន៍សម្រាប់ជនគ្រប់គ្នា ជាពិសេសគឺយុវជនខ្មែរ។ ព្រឹត្តិការណ៍នេះបានចូលរួមគាំទ្រ និងឧបត្ថម្ភធំ ពី ធនាគារ PPCBank, វិទ្យាស្ថាន CamEd, ក្រុមហ៊ុនធានារ៉ាប់រង Prudential, ក្រុមហ៊ុន PARAS, និងក្រុមហ៊ុន Customy។ វាគ្មិនកិត្តិយស និងប្រធានបទទាំងដប់រួមមាន៖  • បិន ដាវីស — អ្នកអភិរក្សធម្មជាតិ និងស្ថាបនិក នៃ អង្គការផ្សងព្រេង ប៊ីទ្រីត • Catherine V. HARRY — អ្នកនិពន្ធ និងអ្នកថតវ្លុក នៃ A Dose of Cath • ឆេង សុភ័ក្រ្ត — អ្នកថតរូប និងអ្នកបង្កើតវីដេអូ នៃ រៀនថត • ឌី ម៉ាលីណែត — អ្នកគ្រប់គ្រងកម្មវិធី នៃ Oppo Cambodia • កែវ ឡង់ឌី — សហស្ថាបនិក នៃ ក្រុមហ៊ុនបេប៊ីអោតឡេត និង ស្រមោច  • គូ សុភាព — សាស្រ្តាចារ្យ នៅ សាកលវិទ្យាល័យបញ្ញាសាស្រ្ត • អ៊ុង សុឆិកា — ប្រធានផ្នែកលក់ នៃ សុវណ្ណាភូមិ ឡាយហ្វ៍ • សិទ្ធី រត្នដារាវុធ — គ្រូបង្រៀន នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ • ថៃ វ៉ាន់ថា — អ្នកថតរូប និងអ្នកបណ្តុះបណ្តាលផ្នែកទ្រឹស្តី នៃ Inspired.Cambodia • ហ៊ីងភិត វង្សរដ្ឋាយុទ្ធ — អ្នកអប់រំ អំពី TEDx, x (ព្រឹត្តិការណ៍រៀបចំដោយឯករាជ្យ) ក្នុងស្មារតីនៃគំនិតដែលគួរតែចែករំលែក TEDx គឺជាកម្មវិធីនៃព្រឹត្តិការណ៍រៀបចំដោយខ្លួនឯង ដែលនាំឲ្យមនុស្សរួបរួមគ្នាដើម្បីចែករំលែកបទពិសោធន៏ដូចគ្នានឹងTEDដែរ ។ នៅក្នុងព្រឹត្តិការណ៍ TEDx វីដេអូ TED Talks និងវាគ្មិនដែលនិយាយផ្ទាល់បានរួមគ្នាដើម្បីបង្កើតឲ្យមានការពិភាក្សា និងការទាក់ទងគ្នាយ៉ាងស៊ីជម្រៅ។ ព្រឹត្តិការណ៍ក្នុងតំបន់ដែលរៀបចំដោយខ្លួនឯងនេះត្រូវបានដាក់ឈ្មោះថា TEDx ដែល x = ការរៀបចំព្រឹត្តិការណ៍ TED ដោយឯករាជ្យ។ សន្និសីទ TED ផ្តល់ការណែនាំទូទៅសម្រាប់កម្មវិធី TEDx ប៉ុន្តែព្រឹត្តិការណ៍ TEDx នីមួយៗត្រូវបានរៀបចំដោយខ្លួនឯង។ (ដោយយោងទៅតាមច្បាប់និងបទបញ្ញត្តិមួយចំនួន។ ) អំពី TED TED គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលផ្តោតទៅលើការចែកចាយគំនិតក្នុងទម្រង់កិច្ចសន្ទនាខ្លី (18 នាទីឬតិចជាងនេះ) ដែលផ្តល់ដោយអ្នកគិតនិងអ្នកដឹកនាំឈានមុខនាពេលបច្ចុប្បន្ននេះ។ កិច្ចពិភាក្សាទាំងនេះត្រូវបានរៀបចំឡើងនៅសន្និសីទប្រចាំឆ្នាំរបស់ TED នៅ Vancouver, British Columbia ហើយអាចរកបានដោយឥតគិតថ្លៃនៅលើ TED.com ។ វាគ្មិន TED រួមមានលោក Bill Gates, Jane Goodall, Elizabeth Gilbert, Sir Richard Branson, Nandan Nilekani, Philippe Starck, Ngozi Okonjo-Iweala, Sal Khan និង Daniel Kahneman។

Share

អាការៈក្ដៅខ្លួន អាចជាជំងឺសាមញ្ញ និងជាសះស្បើយដោយខ្លួនឯង ឬតាមរយៈការអនុវត្តវិធីសាស្រ្តនានានៅផ្ទះបានដោយមិនចាំបាច់ទទួលការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត លើកលែងតែករណីធ្ងន់ធ្ងរមួយចំនួន។ ស្របពេល ដែលការព្យាបាលអាចធ្វើបានដោយខ្លួនឯង អាណាព្យាបាលទាំងអស់ក៏គួរតែចៀសវាងនូវទម្លាប់ដែលខុសខ្លះៗអំឡុងពេលកូនតូចមានជំងឺបង្កឲ្យរាងកាយឡើងកម្ដៅផងដែរ។ ហាមប្រើប្រាស់ថ្នាំភ្លាមៗ អាការៈក្ដៅក្នុងកម្រិតត្រឹម ៣៧.៦ ទៅ៣៧.៩ អង្សាមិនមែនជារឿងអាក្រក់ទេ ពីព្រោះក្នុងលក្ខខណ្ឌនេះខ្លួនប្រាណរបស់កុមារកំពុងធ្វើការប្រឆាំងទៅនឹងការឆ្លងរោគ។ ការសិក្សាបានបង្ហាញបន្ថែមថា ប្រសិនអ្នកចាប់ផ្ដើមប្រើប្រាស់ថ្នាំបញ្ចុះកម្តៅលឿនពេកនោះអាចឲ្យដំណើរការជាសះស្បើយដោយខ្លួនឯងត្រូវប្រើរយៈពេលយូរ។ ក្នុងដំណាក់កាលនេះ អ្នកអាចបន្តតាមដានដោយវាស់កម្ដៅឲ្យបានញឹកញាប់ សង្កេតមើលចលនានិងដាក់កុមារឲ្យនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមស្រប។ យ៉ាងណាមិញ ប្រសិនកម្ដៅនៅតែបន្តកើនឡើង អ្នកអាចផ្ដល់ឱសថដំបូងជាពពួក ប៉ារ៉ាសេតាម៉ុលជាមុនសិន។ ហាមដណ្តប់ភួយ នៅពេលរាងកាយកុមារកំពុងឡើងកម្ដៅ អាណាព្យាបាលគួរចៀសវាងប្រើភួយដើម្បីដណ្តប់ ឬបិទទ្វារឲ្យជិត តែអ្នកត្រូវបើកទ្វារ និងកង្ហារដើម្បីជួយផ្ដល់នូវចរន្ដខ្យល់ស្អាតចេញចូលនៅក្នុងផ្ទះ។ វិធីសាស្រ្តបែបនេះអាចនឹងធ្វើឲ្យក្មេងមានអារម្មណ៍ថាត្រជាក់ខ្លួន ប៉ុន្ដែស្របពេលជាមួយគ្នា កម្ដៅរាងកាយក៏កំពុងតែមានភាពប្រសើរឡើងមកវិញផងដែរ។ ដោយឡែកបើយោងតាមការសិក្សាមួយបានបញ្ជាក់ថាការដណ្តប់ភួយពេលកុមារគ្រុនក្តៅអាចធ្វើឲ្យកូនរបស់អ្នកឡើងកម្តៅក្នុងខ្លួនទៅវិញ។  ហាមងូតទឹកត្រជាក់ ទឹកត្រជាក់មិនមែនជាវិធីសាស្រ្តក្នុងការបំបាត់កម្ដៅនោះទេតែវាបែរជាបង្កឲ្យក្មេងឡើងកម្ដៅកាន់តែខ្លាំងនិងប៉ះពាល់ដល់ផ្លូវដង្ហើមទៀតផងជាពិសេសក្មេងដែលក្តៅខ្លួនដោយសារការបង្ករោគនៅតាមផ្លូវដង្ហើមដូចជាជំងឺរលាកសួត និងរលាកបំពង់ក។ ចៀសវាងឲ្យកុមារងូតទឹកត្រជាក់ប៉ុន្តែអ្នកត្រូវប្រាកដថាកូនរបស់អ្នកមានភាពស្ងួតនៅតំបន់ក្លៀក និងក្រលៀនព្រមទាំង ពិនិត្យសីតុណ្ហភាពរាងកាយរៀងរាល់ ៣ ទៅ៤ម៉ោងម្តង ឬទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកកុមារ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញា ញុំាមិនបាន អស់កម្លាំង ងងុយគេង ពិបាកដកដង្ហើម ក្អួត និងមានកន្ទួលរមាស់ជាដើម។ ដំណាក់កាលគួរស្វែងរកការព្យាបាល ក្តៅខ្លួន អាចជាអាការៈជំងឺធម្មតា និងមិនធ្ងន់ធ្ងរនោះទេ ហើយអាចនឹងបាត់ទៅវិញបន្ទាប់ពី ២ ទៅ៣ថ្ងៃក្រោយ។ ក្នុងករណីក្តៅល្មមៗ ហើយកុមារនៅទប់ទល់បាន នោះការផ្ដល់ថ្នាំអាចមិនចាំបាច់ តែត្រូវតាមដាន និងប្រុងប្រយ័ត្នជាប់ជានិច្ច។ ផ្ទុយទៅវិញលោកអ្នកត្រូវស្វែងរកការព្យាបាល និងទៅជួបគ្រូពេទ្យប្រសិនបើ៖ • កុមារមានអាការៈក្តៅខ្លួនលើសពីពីរថ្ងៃ • កម្តៅឡើងលើសពី ៣៨,៥អង្សា • កុមារលែងលេង លែងញ៉ាំ • កុមារមានបញ្ហាសុខភាពជាប់នឹងខ្លួន ឬធ្លាប់មាន ជំងឺរ៉ាំរ៉ៃ។ ប៉ុន្តែក្នុងពេលរង់ចាំ និងមុនទៅដល់មន្ទីរពេទ្យអាណាព្យាបាលអាច៖ • ប្រើកន្សែងសើមជ្រលក់ទឹកធម្មតា (មិនត្រជាក់ពេក មិនក្តៅពេក) ជូតថ្មមៗ និងបន្តិចម្តងៗឲ្យសព្វពេញខ្លួន និងគ្របតាមគន្លាក់ដៃជើងក្រលៀន ដើម្បីបញ្ចុះសីតុណ្ហភាព • ព្រលែងខ្លួនកុមារ ឬទារក និងកុំពាក់ខោអាវជិត ឬក្រាស់ៗ • ផ្តល់ទឹកឲ្យកុមារញ៉ាំឲ្យបានច្រើនតាមដែលអាច ធ្វើទៅបាន • ផ្តល់ថ្នាំត្រជាក់ ដូចជា ប៉ារ៉ាសេតាម៉ុលទៅតាមកម្រិតទម្ងន់ និងអាយុរបស់កុមារ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ក្រសួងសុខាភិបាលមានកត្តិយសសូមជម្រាបជូនលោក-លោកស្រីវេជ្ជបណ្ឌិត ឱសថការីដែលទទួលខុសត្រូវគ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ គ្រឹះស្ថានលក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា៖ យោងតាម ASEAN POST-MARKETING ALERT SYSTEM ដែលរាយការណ៍ដោយ Health Sciences Authority របស់សាធារណរដ្ឋសិង្ហបុរី ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ និងរាយការណ៍ដោយ Food and Drug Administration របស់ព្រះរាជាណាចក្រថៃ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានតម្រូវឲ្យប្រមូលពីទីផ្សារវិញនូវឱសថព្យាបាលជំងឺលើសសម្ពាធឈាមឈ្មោះ Losartan មានផ្ទុកសារជាតិគីមី Nitrosamine Impurity (N-Nitroso-N-methyl-4-am-inobutyric acid “NMBA”) លើសកម្រិតស្តង់ដារដែលច្បាប់បានអនុញ្ញាត និងអាចបង្កឲ្យមានជំងឺមហារីក។ ឱសថ Losartan ដែលតម្រូវឲ្យប្រមូលពីទីផ្សារវិញនៅសាធារណរដ្ឋសិង្ហបុរី និងព្រះរាជាណាចក្រថៃមានដូចខាងក្រោម៖ ១. HYPERTEN Tablet មានសារធាតុសកម្ម Losartan Potassium កម្រិត ៥០mg, ១០០mg គ្រឹះស្ថានផលិត និងប្រទេស MACLEODS Pharmaceuticals Ltd., India គ្មានក្រុមហ៊ុននាំចូល និងគ្មានលេខបញ្ជិកា ២. Losagen Tablet មានសារធាតុសកម្ម Losartan Potassium កម្រិត ៥០mg, ១០០mg គ្រឹះស្ថានផលិត និងប្រទេស HETERO LABS LIMITED, India គ្មានក្រុមហ៊ុននាំចូល និងគ្មានលេខបញ្ជិកា ៣. LOSARTAS  Tablet មានសារធាតុសកម្ម Losartan Potassium កម្រិត ៥០mg, ១០០mg គ្រឹះស្ថានផលិត និងប្រទេស INTAS PHARMACETICALS LTD., India គ្មានក្រុមហ៊ុននាំចូល និងគ្មានលេខបញ្ជិកា ៤. LANZAAR Tablet មានសារធាតុសកម្ម Losartan Potassium កម្រិត ៥០mg, ១០០mg គ្រឹះស្ថានផលិត និងប្រទេស Berlin Pharmaceutical Industry Co., Ltd., Thailand គ្មានក្រុមហ៊ុននាំចូល និងគ្មានលេខបញ្ជិកា។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រសួងសុខាភិបាលបានតាមដានយ៉ាងយកចិត្តទុកដាក់ ហើយពិនិត្យឃើញថាក្នុងចំណោមឱសថ Losartan ទាំងអស់ដែលផលិតដោយគ្រឹះស្ថានផលិតផលឱសថទាំងបួនខាងលើនេះពុំមានចុះបញ្ជិកានៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានជួបឬប្រទះឃើញឱសថទាំងអស់ខាងលើនេះមានចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មុខមានមុនហើយ ថែមទាំងមុននៅលើខ្នងទៀត! ស្តាប់ទៅវាជារឿងគួរឲ្យធុញទ្រាន់សម្រាប់អ្នកដែលកំពុងជួបបញ្ហាទាំងពីរនេះដំណាលគ្នា ហើយបើគិតលើការចំណាយក្នុងការកម្ចាត់ចោលក៏ត្រូវទ្វេគុណជាពីរក្នុងពេលតែមួយទៀតផង។ មុនខ្នង អាចបង្កឡើងពីកត្តាច្រើនប្រភេទ ក្នុងនោះរបៀបរបបរស់នៅដែលគ្មានផាសុកភាព និងអាហារក៏ជះឥទ្ធិពលចំពោះការកកើតបញ្ហានេះផងដែរ។ ហេតុនេះដើម្បីអាចកាត់បន្ថយចំណាយច្រើនសម្រាប់កម្ចាត់មុនខ្នងដែលគួរឲ្យរំខានទាំងនេះអ្នកអាចសាកល្បងអនុវត្តវិធីសាស្ត្រងាយៗដែលពាក់ព័ន្ធនឹងរបៀបរស់នៅប្រចាំថ្ងៃ ដូចខាងក្រោម៖ 1. សម្អាតខ្លួនបន្ទាប់ពីហាត់ប្រាណ ការទុកញើស និងភាពកង្វក់ដែលសល់ក្រោយហាត់ប្រាណរួច ជាមូលហេតុចម្បងដែលបណ្តាលឲ្យកើតមុនខ្នង។ ហេតុនេះ អ្នកចាំបាច់ងូតទឹកជម្រះកាយឲ្យបានកាន់តែឆាប់តាមតែអាចធ្វើបាន។ 2. ជម្រុះកោសិកាចាស់ៗ ប្រើប្រាស់ស្រ្កាប់ជម្រុះកោសិកាជារឿយៗដែលផ្សំពីអាស៊ីតសាលីស៊ីលិច ដើម្បីសម្អាតភាពកង្វក់ និងខ្លាញ់ចេញពីស្បែករបស់អ្នក។ វិធីសាស្រ្តនេះអាចជម្រុះកោសិកាចាស់ៗដែលអាចរាំងខ្ទប់រន្ធញើសបង្កជាមុនបាន។ 3. ប្រើសម្លៀកបំពាក់រលុង ទម្លាប់នៃការស្លៀកពាក់ពេលធ្វើលំហាត់ប្រាណរបស់អ្នកកន្លងមក អាចរំខានដល់មុនខ្នងបានដោយហេតុថាសម្លៀកបំពាក់រឹបតឹងអាចចាប់ទុកភាពកង្វក់ និងខ្លាញ់រឹបចូលក្នុងក្រពេញញើស។ ហេតុនេះ ការស្លៀកសម្លៀកបំពាក់ធូររលុងអាចជួយឲ្យស្បែកអ្នកដកដង្ហើមចេញចូលបានស្រួល។ 4. ប្រើប្រេងរុក្ខជាតិ ជាប្រភេទប្រេងម៉្យាងរបស់រុក្ខជាតិនៃប្រទេសអូស្ត្រាលីដែលត្រូវបានគេនិយមប្រើប្រាស់សម្រាប់បញ្ហាស្បែកច្រើនប្រភេទអស់រយៈពេលជារាប់ពាន់ឆ្នាំ។ មិនត្រឹមតែគ្រាន់ជាការនិយមប្រើប្រាស់តៗគ្នានោះទេ ប៉ុន្តែក៏មានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តជាច្រើនដែលបានបញ្ជាក់អំពីប្រសិទ្ធភាពនៃប្រេងរុក្ខជាតិនេះចំពោះស្បែកដែលមានបញ្ហាពិតមែន ជាពិសេសចំពោះស្បែករោល និងមានមុននេះតែម្តង។   5. កុំឲ្យសក់ប៉ះស្បែកខ្នង សក់វែង ប្រហែលជាអាចបណ្តាលឲ្យភាពកង្វក់ និងប្រេងដែលនៅជាប់សក់ប៉ះស្បែកខ្នង ជាហេតុធ្វើឲ្យស្បែកខ្នងទទួលរងភាពរោល និងស្ទះរន្ធញើស។ អ្នកគួរកក់សក់ឲ្យបានជាប្រចាំ និងចងសក់ឡើងលើឲ្យផុតរាល់ពេលដែលអ្នកធ្វើលំហាត់ប្រាណ ឬធ្វើការងារដែលអាចបញ្ចេញញើស។ ប្រសិនជាអាច អ្នកគួរកាត់សក់ឲ្យខ្លីក្នុងពេលដែលអ្នកកំពុងមានមុនខ្នង។ 6. ការពារកម្តៅថ្ងៃដោយប្រុងប្រយ័ត្ន ការប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃជាការអនុវត្តដ៏ចាំបាច់បំផុតដែលខានពុំបាន ប៉ុន្តែអ្នកត្រូវចាំបាច់ជ្រើសរើសប្រភេទផលិតផលឲ្យបានត្រឹមត្រូវ ដោយហេតុថាផលិតផលប្រភេទនេះសម្បូរទៅដោយប្រេង ដែលជាមូលហេតុបង្កចម្បងនៃការកកើតមុន ដូច្នេះអ្នកគួរជ្រើសរើសផលិតផលការពារកម្តៅថ្ងៃដែលពុំមានជាតិប្រេង។ 7. ទទួលទានអាហារសុខភាព ការសិក្សាបានបង្ហាញថា ការទទួលទានអាហារដែលសម្បូរទៅដោយជាតិផ្អែមអាចបណ្តាលឲ្យមុនកាន់តែមានសភាពធ្ងន់ធ្ងរ។ អាហារទាំងនោះមានដូចជា នំប៉័ងស ដំឡូងបារាំង ឬនំផាស្តារជាដើម។ អ្នកគួរចាប់ផ្តើមទទួលទានអាហារសុខភាពដែលមានដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើនជំនួសទម្លាប់នៃការទទួលទានអាហារផ្អែមខាងលើ។ មុនខ្នងជាប្រភេទជំងឺដែលអាចព្យាបាលបាន គ្រាន់តែចាប់ផ្តើមផ្លាស់ប្តូរទម្លាប់មិនល្អ បូករួមវិធីសាស្រ្តធម្មជាតិដូចដែលបានរៀបរាប់ខាងលើ នោះអ្នកប្រាកដជាអាចទទួលបានលទ្ធផលជាទីគាប់ចិត្ត។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

រោគសញ្ញានៃការញ័រដៃ អាចកើតមានឡើងស្របពេលដែលវ័យកាន់តែចាស់មិនមានមូលហេតុច្បាស់លាស់ ហើយអាចជាជំងឺមិនធ្ងន់ធ្ងរ។ យ៉ាងណាមិញ ក៏មានការបង្ហាញពីវត្តមាននៃជំងឺខ្សោយការចងចាំ ឬParkinson និងលក្ខខណ្ឌជំងឺកម្រដទៃទៀតនៅពីក្រោយអាការៈញ័រដៃនោះផងដែរ។ អ្វីគួរដឹង? - ក្នុងករណីភាគច្រើន ការញ័រដៃ អាចបង្កឡើងពីមូលហេតុមិនជាក់លាក់ និងហាក់លេចចេញឡើងនៅពេលអាយុកាន់តែច្រើនដែលអាចសម្គាល់បានក្នុងលក្ខខណ្ឌ៖ • ប្រវត្តិគ្រួសារ៖ ហ្សែនអាចចូលរួមចំណែកក្នុងកម្រិត ៥០% នៃរោគសញ្ញាញ័រដៃ ប្រសិនអ្នកមានសមាជិកគ្រួសារដែលធ្លាប់មានបញ្ហានេះពីមុនមក • កត្តាអាកប្បកិរិយា៖ នៅពេលរាងកាយកំពុងជំនះជាមួយភាពតឹងតែងអ្វីម៉្យាង ការញ័រដៃនឹងអាចលេចមានឡើង ដោយអាចសង្កេតតាមរយៈឲ្យអ្នកជំងឺកាន់កែវទឹក។ ក្នុងករណីនេះ អាការៈផ្សេងទៀតក៏អាចភ្ជាប់មកជាមួយផងដែរ ដោយចាប់ផ្តើមពីផ្នែកក្បាល ការប្រែប្រួលចលនា ឬសំឡេងញ័រជាដើម • អាការៈញ័រ អាចបាត់ទៅវិញរយៈពេល ២ ទៅ៣ម៉ោង បន្ទាប់ពីបានទទួលទានសារជាតិអាល់កុល។ - ក្នុងករណីរោគសញ្ញាទាក់ទងនឹងជំងឺខ្សោយការចងចាំ (Parkinson) អាការៈញ័រ អាចកើតឡើងមិនជាប់លាប់ ដោយចាប់ផ្តើមដំបូងចំពោះដៃម្ខាងនិងប្រែប្រួលដោយភ្ជាប់ជាមួយរោគសញ្ញាស្ពឹក និងកាយវិការយឺតដែលអាចជាសញ្ញាសម្រាប់ការធ្វើរោគវិនិច្ឆ័យដំណាក់កាលដំបូង។ - ករណីអាការៈញ័រដៃ ដែលមានភាពមិនប្រក្រតីបណ្តាលមកពីការប៉ះពាល់លើផ្នែកណាមួយនៃខួរក្បាល (ខួរតូច) អាចស្ដែងចេញ៖ • ការញ័រដៃ បង្កមកពីភាពមិនប្រក្រតីនៃមុខងារបញ្ជាចលនារបស់ខួរក្បាលដែលអាចសង្កេតឃើញដៃរបស់អ្នកជំងឺមានភាពញ័រនៅពេលកាន់កែវញ៉ាំទឹក • ភាគច្រើន ភាពប្រែប្រួលនេះអាចកើតមានឡើងក្រោយពីមានការប៉ះទង្គិចលលាដ៍ក្បាល និងមានដុំសាច់ក្នុងខួរក្បាលជាដើម។ អ្វីគួរធ្វើ? ការដោះស្រាយអាការៈញ័រដៃ អាចមានភាពប្រែប្រួលទៅតាមមូលហេតុនៃស្ថានភាពជំងឺតួយ៉ាង៖ - ចំពោះមូលហេតុមិនជាក់លាក់នៃអាការៈញ័រដៃអាចសម្រួលបានតាមការប្រើប្រាស់ឱសថពពួកបញ្ចុះសម្ពាធឈាម Bêtabloquants មានឈ្មោះដូចជា Propranolol (Avlocardyl) ឬ Nadolol (Cargard)។ យ៉ាងណាមិញ ការជ្រើសរើសឱសថណាមួយទាមទារការអនុញ្ញាតពីវេជ្ជបណ្ឌិតជំនាញ - ចំពោះអ្នកជំងឺខ្សោយការចងចាំ (Parkinson) ត្រូវព្យាបាលជាមួយឱសថ Levodopa និងភ្ជាប់ជាមួយក្រុមឱសថ Inhibiteur de la decarboxylase périphérique (Modapar, Sinemet)។ ត្រូវចាំថា រាល់ការធ្វើរោគវិនិច្ឆ័យនៃវិបត្តិខ្សោយការចងចាំត្រូវធ្វើឡើងជាមួយវេជ្ជបណ្ឌិត ឬវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទ - អាការៈញ័រដៃ បណ្តាលមកពីការខូចខាតសរីរាង្គខួរក្បាល ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទជាបន្ទាន់ - ចំពោះករណីខ្លះទៀត អាការៈញ័រក៏អាចបណ្តាលមកពីផលរំខាននៃឱសថព្យាបាលជំងឺក្រពេញទីរ៉ូអីុតដូចជា Dépakine, lithium, cyclosporine ជាដើម។ ដោយឡែក សម្រាប់រោគសញ្ញាដែលជាលទ្ធផលបានមកពីការទទួលទានសារជាតិអាល់កុលអាចនឹងមិនចាំបាច់ទទួលការពិគ្រោះនោះទេ - អាការៈញ័រដៃចំពោះកុមារ ឬក្មេងជំទង់ គួរចាប់អារម្មណ៍ទៅលើហានិភ័យនៃជំងឺបង្កឡើងពីហ្សែន (Maladie de Wilson) ដែលទាមទារការពិគ្រោះជំងឺជាចាំបាច់។ ប្រភពយោង៖ Le Vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top