Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

កន្លងមកយើងតែងតែដឹងថា សណ្តែកសៀងគឺជាអាហារដែលត្រូវបានដឹងថាស័ក្តិសមបំផុតចំពោះអ្នកមិនបរិភោគសាច់សត្វ តែអត្ថប្រយោជន៍ដ៏ពិសេសរបស់វាមិនបញ្ឈប់ត្រឹមនេះឡើយ ដោយការស្រាវជ្រាវជាច្រើនបានបង្ហាញនូវភស្តុតាងថ្មីៗជាច្រើនទាក់ទងនឹងឥទ្ធិពលរបស់វាចំពោះសុខភាពរបស់ស្ត្រីអស់រដូវ។ ក្រៅពីមីក្រូ និងម៉ាក្រូសារជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់មានផ្ទុកក្នុងសណ្តែកសៀង វាក៏ត្រូវបានរកឃើញផងដែរថាមានផ្ទុកនូវបរិមាណនៃ Isoflavones ក្នុងបរិមាណខ្ពស់ជាងគេបើធៀបនឹងរុក្ខជាតិដទៃ ដែលសារធាតុនេះហើយដែលទទួលខុសត្រូវជាចម្បងក្នុងមុខងារសម្រួលដល់អាការៈ និងបញ្ហាដែលអាចកើតមានចំពោះស្ត្រីអស់រដូវ។ យ៉ាងណាមិញសុវត្ថិភាពក្នុងការប្រើប្រាស់ Isoflavones ជាពិសេសក្នុងកម្រិតខ្ពស់នៅតែត្រូវបានយកមកសិក្សា និងវិភាគជាបន្តបន្ទាប់។ ហេតុអ្វី Isoflavones មានឥទ្ធិពលលើសុខភាព? ជាមួយនឹងរចនាសម្ព័ន្ធគីមីដែលស្រដៀងនឹងអ័រម៉ូនអឺស្ត្រូហ្សែនដែលអនុញ្ញាតឲ្យវាអាចទៅភ្ជាប់ជាមួយសរីរាង្គទទួលនៃអ័រម៉ូនអឺស្ត្រូហ្សែនរបស់រាងកាយបានធ្វើឲ្យ Isoflavones ត្រូវបានចាត់ទុកថាជាអឺស្ត្រូហ្សែនរបស់រុក្ខជាតិដែលអាចបញ្ចេញនូវឥទ្ធិពលដូចនឹងអ័រម៉ូននៃរាងកាយតែក្នុងកម្រិតទាបជាង ឬរារាំងឥទ្ធិពលនៃអ័រម៉ូនទៅវិញដែលសកម្មភាពទាំងពីរនេះ ត្រូវបានពន្យល់ដោយសមត្ថភាពក្នុងការជ្រើសរើសសកម្មភាពទៅតាមជាលិការបស់វា។ ក្រៅពីនោះ Isoflavones ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដ៏មានអានុភាពចំពោះសុខភាពផងដែរ។ តើ Isoflavones ផ្តល់នូវឥទ្ធិពលចំពោះសុខភាពយ៉ាងដូចម្តេចខ្លះ? ១. ចំពោះអាការៈរបស់ស្ត្រីអស់រដូវ នៅក្នុងឆ្នាំ ២០១៥ ការសិក្សាមួយត្រូវបានធ្វើឡើងដោយជោគជ័យជាមួយនឹងលទ្ធផលបញ្ជាក់ថា Isoflavones គឺជាជម្រើសទី១ដែលគួរសាកល្បងក្នុងការសម្រាលអាការៈរបស់ស្ត្រីអស់រដូវ ដោយក្នុងនោះមានភស្តុតាងបង្ហាញពីការថយចុះនៃភាពញឹកញាប់ក៏ដូចជាភាពធ្ងន់ធ្ងរនៃភាពក្តៅក្រហល់ក្រហាយចំពោះស្ត្រីអស់រដូវដែលបានបរិភោគនូវអាហារសណ្តែកសៀងជាប្រចាំ។ Isoflavones ត្រូវបានស្នើសុំឲ្យក្លាយជាជម្រើសនៃការព្យាបាលប្រកបដោយសុវត្ថិភាពមួយបន្ទាប់ពីការព្យាបាលដោយអ័រម៉ូន។ ដោយឡែក ក្នុងឆ្នាំ ២០១១ ការសិក្សាដែលបានចុះផ្សាយក្នុង Cochrane library ក៏បានរកឃើញថាមានការថយចុះនៃភាពរសាត់នៃឆ្អឹង ដែលអាចកាត់បន្ថយការប្រឈមនឹងបញ្ហាពុកឆ្អឹងផងដែរចំពោះស្ត្រីអស់រដូវ។ ២. ប្រព័ន្ធសរសៃឈាមបេះដូង នៅក្នុងឆ្នាំ ២០០០ គណៈកម្មាធិការទាក់ទងនឹងសារធាតុចិញ្ចឹមរបស់សមាគមបេះដូងអាមេរិក បានផ្សព្វផ្សាយទៅកាន់អ្នកវិជ្ជាជីវៈថែទាំសុខភាពទាំងអស់អំពីឥទ្ធិពលការពារប្រឆាំងនឹងជំងឺសរសៃឈាមបេះដូងរបស់សណ្តែកសៀង។ ការសិក្សាពីរនៅក្នុងឆ្នាំ ២០១១ និង ២០១២ បានរកឃើញថា Isoflavones សណ្តែកសៀង អាចជួយជំរុញមុខងារនៃជញ្ជាំងសរសៃឈាមចំពោះស្ត្រីអស់រដូវ។ ក្រៅពីនោះ ការសិក្សាផ្សេងៗទៀតក៏ចូលរួមគាំទ្រសមត្ថភាពនៃ Isoflavones ក្នុងការធ្វើឲ្យបញ្ហាកករឹងនៃសរសៃអាទែររបស់ស្ត្រីអស់រដូវមានភាពប្រសើរឡើងផងដែរ។ ៣. បញ្ហាលើសទម្ងន់ បញ្ហាធាត់លើសទម្ងន់មិនមែនត្រឹមតែជាបញ្ហាដែលស្ត្រីអស់រដូវភាគច្រើនអាចជួបប្រទះទេ តែវាក៏ជាបញ្ហាដែលឲ្យសញ្ញាក្រហមទូទាំងពិភពលោកផងដែរ។ Isoflavones បញ្ចេញមុខងារក្នុងការសម្របសម្រួលមេតាបូលីស និងតុល្យភាពនៅក្នុងរាងកាយ ដែលអាចជួយការពារ និងព្យាបាលបញ្ហាធាត់លើសទម្ងន់បានប្រកបដោយអានុភាព។ ៤. បញ្ហាផ្លូវចិត្ត បញ្ហាធ្លាក់ទឹកចិត្តគឺជាបញ្ហាកើតឡើងដោយអាចធ្វើឲ្យមានការថយចុះនៃគុណភាពជីវិត បង្កើនឱកាសនៃការពិការ និងមរណៈ។ អត្រាខ្ពស់នៃការកើតមានបញ្ហាធ្លាក់ទឹកចិត្តចំពោះស្ត្រីដែលខ្ពស់ជាងបុរសត្រូវបានដឹងថាជាប់ទាក់ទងនឹងអ័រម៉ូនបន្តពូជ។ ភស្តុតាងនាពេលថ្មីៗនេះបានបង្ហាញថា Isoflavones អាចមានមុខងារជាភ្នាក់ងារប្រឆាំងនឹងការធ្លាក់ទឹកចិត្តដោយការសិក្សាបានធ្វើការវាយតម្លៃប្រៀបធៀបជាមួយនឹងឱសថប្រឆាំងការធ្លាក់ទឹកចិត្តដូចជា Zoloft (50មិល្លីក្រាម/ថ្ងៃ) និង Prozoc (10 មិល្លីក្រាម/ថ្ងៃ)។ លើសពីនេះ ការប្រើរួមផ្សំគ្នារវាង Isoflavones និងZoloft ក៏បង្ហាញនូវការថយចុះកាន់តែប្រសើរនៃអាការៈជំងឺបើធៀបនឹងការប្រើប្រាស់ដោយឡែកពីគ្នាផងដែរ។ ក្រៅពីឥទ្ធិពលលើបញ្ហាធ្លាក់ទឹកចិត្ត Isoflavones ក៏អាចជំនួយដល់មុខងារនៃការគិត រៀនសូត្រ ក៏ដូចជាចងចាំផងដែរចំពោះស្ត្រីអស់រដូវ។ ៥. ស្បែកជ្រីវជ្រួញ តាមរយៈការពិសោធន៍ជាច្រើនបានបង្ហាញថា Isoflavones អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញបាន ដែលប្រសិទ្ធភាពនេះកើតឡើងគួរឲ្យចាប់អារម្មណ៍បំផុតគឺលើផ្ទៃមុខ។ ក្រៅពីនោះ Isoflavones ក៏មានអត្ថប្រយោជន៍ចំពោះបញ្ហាពណ៌លើស្បែក រួមទាំងសម្រស់មួយតួខ្លួនផងដែរ។ ៦. ជំងឺមហារីក ការប្រើប្រាស់ Isoflavones ក្នុងកម្រិតខ្ពស់ត្រូវបានដឹងថាមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីក។ សកម្មភាពការពារនៅក្នុងដំណាក់កាលលូតលាស់នៃកោសិកាមហារីក អាចពន្យល់បានពីអត្ថប្រយោជន៍របស់វាក្នុងការកាត់បន្ថយការប្រឈម ក៏ដូចជាការកើតឡើងវិញនៃជំងឺមហារីកសុដន់ផងដែរបើតាមការវាយតម្លៃលើទន្និន័យសិក្សាលើស្ត្រីជនជាតិអាស៊ីដែលបរិភោគសណ្តែកសៀងតាំងពីកុមារភាព។ មានការសិក្សាមួយចំនួនក៏លើកឡើងអំពីសកម្មភាពនៃ Isoflavones ប្រឆាំងនឹងជំងឺមហារីកស្រទាប់ស្បូនមហារីកពោះវៀនធំ ក៏ដូចជាមហារីកក្រពះ និងមហារីកសួត។ ៧. ការឆ្លងរោគ Isoflavones ត្រូវបានសំយោគឡើងដោយធម្មជាតិនៅក្នុងរុក្ខជាតិដើម្បីដើរតួជាអ្នកការពារពីការឆ្លងរោគផ្សិត បាក់តេរី ក៏ដូចជាផ្តល់នូវសកម្មភាពប្រឆាំងនឹងពពួកមីក្រុបផងដែរ។ ៨. ស្ត្រេសអុកស៊ីតកម្ម សកម្មភាពប្រឆាំងនឹងអុកស៊ីតកម្មរបស់ Isoflavonesអាចធ្វើការការពារពីការវិវឌ្ឍទៅជាជំងឺមហារីកបាន បើយោងទៅតាមការសិក្សានៅក្នុងមន្ទីរពិសោធន៍ដោយសិក្សាលើប្រភេទម្យ៉ាងនៃ Isoflavones គឺGenistein។ យន្តការនៃការការពារនេះត្រូវបានបកស្រាយដោយសមត្ថភាពក្នុងការជំរុញសកម្មភាពប្រឆាំងអុកស៊ីតកម្មរបស់អង់សុីមមួយចំនួនរបស់Genistein។ គួរបញ្ជាក់ថា សមត្ថភាពប្រឆាំងអុកស៊ីតកម្មរបស់ Isoflavones ត្រូវបានបង្ហាញថាប្រហាក់ប្រហែលនឹងវីតាមីន អឺ។ តើ Isoflavones ផ្តល់សុវត្ថិភាពក្នុងការប្រើប្រាស់ឬទេ? នៅក្នុងឆ្នាំ ២០១៥ ការជជែកវែកញែក EFSA បានសរុបថា ការប្រើប្រាស់ Isoflavones ក្នុងកម្រិត ៣៥-១៥០ មិល្លីក្រាម/ថ្ងៃ រហូតដល់ ២ឆ្នាំកន្លះពីអាហារ ឬឱសថបំប៉នមិនអាចផ្តល់នូវផលប៉ះពាល់ទៅលើកោសិកាដែលឆ្លើយតបនឹងអ័រម៉ូនភេទដូចជា សុដន់ ស្បូន ឬក៏ក្រពេញទីរ៉ូអុីតឡើយ។ តាមរយៈការសិក្សាមួយដែលធ្វើឡើងរយៈពេល ១២ខែ ក៏បានឲ្យដឹងដែរថា ពុំមានភាពអាក្រក់ឡើងនៃស្ថានភាពជាលិកា Fibroglandular នៅក្នុងអ្នកជំងឺមហារីកសុដន់ដែលទទួលការព្យាបាលដោយឱសថប្រឆាំងមហារីក ឬស្ត្រីដែលមានកត្តាប្រឈមខ្ពស់នឹងជំងឺមហារីកឡើយ។ ផ្ទុយពីនេះមានការសង្កេតឃើញថាការប្រើប្រាស់Isoflavones ឬអាហារសណ្តែកសៀងចំពោះអ្នកជំងឺមហារីកសុដន់ ធ្វើឲ្យមានការថយចុះនូវអត្រាមរណៈ និងការកើតឡើងវិញផងដែរចំពោះអ្នកជំងឺមហារីកសុដន់ប្រភេទ ER(+) និង ER(-)។ ម្យ៉ាងទៀត គេសង្កេតឃើញថាពុំមានការហាមឃាត់ណាមួយចំពោះការប្រើប្រាស់ Isoflavones ចំពោះស្ត្រីដែលកំពុងព្យាបាលដោយ Tamoxifen ឬ Anastrozole ឡើយ ហើយថែមទាំងរកឃើញនូវការប្រសើរឡើងនៃការព្យាបាលវិញថែមទៀតផង។ ថ្មីៗនេះ សមាគមស្ត្រីអស់រដូវនៃអាមេរិកខាងជើង ក៏បានសរុបថា Isoflavones ពិតជាមិនអាចបង្កទៅជាជំងឺមហារីកសុដន់ ឬស្រទាប់ស្បូនទេ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បច្ចុប្បន្ន ជំងឺបាក់ទឹកចិត្តបានកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំង មិនថាអ្នកជាអ្នកណា ជាអ្នកមាន អ្នកក្រ ក្មេង ចាស់ ប្រុស ឬស្រីនោះឡើយ។ ជួនកាល ជំងឺនេះអាចកំពុងស្ថិតនៅជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់របស់អ្នកទៀតផង។ ប្រាកដណាស់អ្នកពិតជាចង់ជួយពួកគេឲ្យចៀសផុតពីឃាតករលាក់មុខនេះ ប៉ុន្តែពេលខ្លះអ្នកមិនដឹងថាគួរត្រូវនិយាយអ្វីទៅកាន់ពួកគេនោះឡើយ។ ហេតុនេះប្រសិនបើអ្នកមិនប្រាកដថាត្រូវនិយាយអ្វី សូមព្យាយាមប្រើឃ្លាទាំងនេះដើម្បីបង្ហាញការគាំទ្ររបស់អ្នកដល់ពួកគេ៖ ខ្ញុំគឺនៅទីនេះដើម្បីអ្នក ជាពាក្យសម្តីដែលងាយនិយាយ ហើយថែមទាំងមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងចំពោះពួកគាត់ ដោយហេតុថាឃ្លានេះហាក់ដូចជាបានជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនិងគាត់។ អ្នកដែលមានជំងឺបាក់ទឹកចិត្តតែងមានអារម្មណ៍ឯកការ គ្មានអ្នកកំដរ គ្មានអ្នកដែលអាចទុកចិត្តបានដើម្បីនិយាយប្រាប់អំពីបញ្ហាដែលកំពុងប្រឈមរាល់ថ្ងៃ។ ដូច្នេះ អ្នកអាចជួយពួកគេតាមរយៈសកម្មភាពតូចតាចប្រចាំថ្ងៃ មានដូចជាចាប់ផ្តើមសន្ទនាគ្នារាល់ថ្ងៃ ដើរលេងជាមួយគ្នា ណាត់គ្នាមើលកុន ឬអាចជូនគាត់ទៅជួបគ្រូពេទ្យជាដើម។ នេះមិនមែនជាកំហុសអ្នកទេ អនុញ្ញាតឲ្យមនុស្សជាទីស្រលាញ់របស់អ្នកបានដឹងថា ពួកគេមិនគួរត្រូវបានស្តីបន្ទោសឡើយ ព្រោះការពិតជំងឺបាក់ទឹកចិត្តមិនមែនជាជម្រើស។ វាមិនមែនជាជំងឺដែលត្រូវបានចម្លងដូចជំងឺផ្តាសាយឡើយ ផ្ទុយមកវិញមនុស្សភាគច្រើនដែលមានជំងឺបាក់ទឹកចិត្តមានអារម្មណ៍ថាពួកគេបានធ្វើអ្វីមួយខុសឆ្គងដែលបណ្តាលឲ្យមានជំងឺនេះ។ ការប្រាស្រ័យទាក់ទងដោយក្ដីស្រលាញ់ដែលកើតចេញការយល់ដឹងរបស់អ្នកចំពោះបញ្ហានេះពិតជាអាចជួយពួកគេកាត់បន្ថយការស្តីបន្ទោសខ្លួនឯង និងអាចឈានដល់ការបំបាត់អារម្មណ៍ខុសឆ្គងមួយនេះផងដែរ។ ខ្ញុំពិតជាចង់ទៅជាមួយអ្នក ជំងឺបាក់ទឹកចិត្តអាចបណ្តាលឲ្យអស់កម្លាំង ល្ហិតល្ហៃយល់ថាខ្លួនគ្មានតម្លៃ មានកំហុសឆ្គង និងពិបាកផ្ចង់អារម្មណ៍។ រោគសញ្ញាទាំងនេះជ្រៀតជ្រែកទៅដល់ទម្លាប់ប្រចាំថ្ងៃនៃផែនការព្យាបាលរបស់ពួកគេ ដូចជាការណាត់ជួបវេជ្ជបណ្ឌិត ការប្រើប្រាស់ថ្នាំ ធ្វើលំហាត់ប្រាណ ឬផែនការនៃការព្យាបាលជាដើម។ រោគសញ្ញានៃជំងឺបាក់ទឹកចិត្តក៏អាចធ្វើឲ្យអ្នកជំងឺផ្ទាល់មានអារម្មណ៍ថាបានដាក់បន្ទុកលើមនុស្សដែលពួកគេស្រលាញ់ផងដែរ។ ហេតុនេះដំណោះស្រាយដែលអ្នកអាចជួយមនុស្សជាទីស្រលាញ់អ្នកបានគឺ ណាត់ជួបគ្រូពេទ្យ និងកំដរពួកគាត់ទៅជាមួយគ្នា។ ការធ្វើបែបនេះកាន់តែធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្តៅមិននៅដាច់តែឯង និងយល់ថាមានមនុស្សកំពុងយកចិត្តទុកដាក់ចំពោះពួកគេពិតប្រាកដមែន។ តើខ្ញុំអាចជួយអ្នកបានតាមវិធីណា? វាជាសំណួរមួយដ៏ល្អដើម្បីសួរមនុស្សជាទីស្រលាញ់របស់អ្នកថាតើ អ្នកអាចជួយពួកគេបានអ្វីខ្លះ។ ការងារដែលអ្នកអាចជួយបានគឺអាចជាការងារប្រចាំថ្ងៃមានដូចជា ការបោកគក់ ការថែទាំសត្វចិញ្ចឹម ការសម្អាតផ្ទះ។ ទង្វើនេះអាចបង្ហាញថាអ្នកចង់ឲ្យមនុស្សជាទីស្រលាញ់របស់អ្នកមានអារម្មណ៍ថាបានទទួលការគាំទ្រ និងថែទាំក្នុងអំឡុងពេលព្យាបាល។ ការជួយកិច្ចការតូចៗបែបនេះប្រហែលជាមិនសូវសំខាន់ទេ ប៉ុន្តែវាក៏ជាកត្តាជំរុញដល់ការចូលរួមក្នុងផែនការព្យាបាលផងដែរ។ មិននិយាយអ្វីទាំងអស់ ជាកាដូដ៏អស្ចារ្យសម្រាប់ពួកគេ ជួនកាល ភាពស្ងៀមស្ងាត់ពិតជាទង្វើល្អបំផុតដែលអ្នកអាចធ្វើបាន គឺគ្រាន់តែបង្ហាញវត្តមានរបស់អ្នកនៅក្បែរពួកគេដោយមិនចាំបាច់និយាយអ្វីទាំងអស់ ប៉ុន្តែធ្វើជាអ្នកស្តាប់ដ៏ល្អ ឬគ្រាន់តែបង្ហាញការយកចិត្តទុកដាក់តាមរយៈកាយវិការយកចិត្តទុកដាក់ដោយគិតចាប់ពីការធ្វើរឿងតូចតាចឡើងទៅ។ បន្ថែមពីនេះ អ្នកក៏ត្រូវចៀសវាងសម្តីនិងសំណួរមួយចំនួនដូចជា៖  1. តើអ្នកមិនយល់ថា អ្នកជាមនុស្សដែលសំណាងយ៉ាងណាទេ?  2. ហេតុអ្វីអ្នកចូលចិត្តគិតរឿងតូចតាច ឲ្យក្លាយជារឿងធំម្ល៉េះ?  3. តើអ្នកមានអារម្មណ៍គ្រាន់បើហើយឬនៅ?  4. តើមានបញ្ហាអ្វីចំពោះអ្នក?  5. តើអ្នកចាំបាច់ព្រួយបារម្ភអ្វីខ្លាំងយ៉ាងនេះ? អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការចងចាំ ជាសមត្ថភាពមួយរបស់ខួរក្បាល ប៉ុន្តែនៅពេលអាការៈភ្លេចភ្លាំង ឬការខ្សោយចងចាំចាប់ផ្តើមស្តែងចេញឡើង នោះការរុករកមូលហេតុជាច្រើននឹងត្រូវធ្វើឡើង ដើម្បីប្រាកដថាវាបណ្តាលមកពីការថយចុះសមត្ថភាពរបស់ខួរក្បាល ឬបញ្ហាដទៃផ្សេងទៀត។ សំណួរ៖ ខ្ញុំបាទធ្លាប់ឮថាមនុស្សយើងមានទំហំខួរក្បាលប្រហាក់ប្រហែលគ្នា តែហេតុអ្វីបានជាមានការចងចាំខុសគ្នា? ដូចជាពេលនេះជាដើមខ្ញុំធ្វើអ្វី ឬទុកដាក់អ្វីមួយតែងតែឆាប់ភ្លេចជានិច្ច។ ប្រសិនបើគេងយប់ជ្រៅ ឬងើបពីគេងលឿនពេកដឹងតែឈឺក្បាល និងគិតអ្វីក៏មិនចេញដែរ។ ខ្ញុំមិនធ្លាប់មានការប៉ះទង្គិចក្បាលទេ ហើយក៏មិនមានជំងឺប្រចាំកាយអ្វីឡើយ។ តើមានវិធីសាស្ត្រដូចម្តេចដើម្បីបញ្ចៀសបញ្ហានេះបានខ្លះ? ហើយការភ្លេចភ្លាំងនេះអាចវិវឌ្ឍកាន់តែធ្ងន់ធ្ងរដែរឬទេ? ចម្លើយ៖ ទំហំខួរក្បាលមានពីរ គឺទាក់ទងនឹងមាឌ និងសមត្ថភាពនៃការផ្ទុកទិន្នន័យ បើនិយាយពីសម្បកខាងក្រៅរបស់ខួរក្បាលជាមធ្យមខួរក្បាលរបស់មនុស្សមានទម្ងន់ពី១,៤ ទៅ១,៦គីឡូក្រាម ដែលប្រើប្រាស់អុកស៊ីសែនពី ៣០ ទៅ៤០ភាគរយនៃដងខ្លួន។ និយាយពីការផ្ទុកទិន្នន័យតាមការសិក្សារបស់ក្រុមហ៊ុនទូរស័ព្ទដៃ SAMSUNG សមត្ថភាពខួរក្បាលអាចផ្ទុកបានពី ១៥ ទៅ៣០ Terabyte (1 Terabyte = 1,024GB)។ បញ្ហាទំហំខួរក្បាលធំ ឬតូចប្រៀបដូចកុំព្យូទ័រដែរ គឺអាស្រ័យលើរបៀបដាក់បញ្ចូលទិន្នន័យ ប្រសិនបើការទុកដាក់បានត្រឹមត្រូវនោះការយកចេញមកវិញគឺមានភាពងាយស្រួល។ ដូចគ្នានឹងការចងចាំដែរ បើយើងរៀបចំទុកដាក់ឲ្យមានរបៀបទាំងការធ្វើការងារ និងផ្នត់គំនិតសណ្តាប់ធ្នាប់នៅក្នុងខួរក្បាលដែលអាចធ្វើឲ្យការគិតចងចាំមានភាពរហ័សរហួន និងមិនមានការភ្លេចភ្លាំង។ ម្យ៉ាងទៀតដោយសារតែមនុស្សភាគច្រើនពឹងផ្អែកលើប្រព័ន្ធអង្គចងចាំ (Memory) ខាងក្រៅច្រើនដូចជា ទូរស័ព្ទ ឬកុំព្យូទ័រជាដើម (ហៅថា «អង្គចងចាំខាងក្រៅ» External Memory) ដែលធ្វើឲ្យខួរក្បាលបន្ថយការហ្វឹកហាត់ការចងចាំជាហេតុនាំឲ្យសមត្ថភាពចងចាំរបស់ខួរក្បាលថយចុះក្នុងស័ករាជប្រព័ន្ធព័ត៌មានវិទ្យា។ មួយវិញទៀតខួរក្បាលជាសរីរាង្គមានជីវិតដែលត្រូវការសារធាតុចិញ្ចឹម និងសម្រាកឲ្យបានគ្រប់គ្រាន់។ ដូចនេះ ការគេងយប់ជ្រៅធ្វើឲ្យខួរក្បាលមានភាពនឿយហត់ ធ្វើឲ្យសមត្ថភាពចងចាំថយចុះ និងបង្កឲ្យមានការឈឺក្បាលផងដែរ។ ជារួមយើងគួរតែផ្លាស់ប្តូរទម្លាប់នៃការប្រព្រឹត្តនៃការរស់នៅធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងរក្សាសុខភាពផ្លូវចិត្តឲ្យមានលំនឹងព្រោះអាចធ្វើឲ្យការចងចាំមានភាពប្រសើរឡើង និងមិនវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរនោះទេ។ បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទសរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ដោយហេតុថា សម្រស់ស្បែកមុខ ជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់វ័យមិនថាបុរស និងស្រ្តី នោះការថែទាំជាប្រចាំជារឿងដែលមិនគួរត្រូវបានមើលរំលង។  ស្បែកមុខ ត្រូវបានចាត់ទុកជាផ្នែកមួយនៃការបង្ហាញពីទំនុកចិត្តក្នុងជីវិតប្រចាំថ្ងៃ ដែលជាមូលហេតុនាំឲ្យបុគ្គលមួយចំនួនហ៊ានចំណាយប្រាក់និងថវិកាជាច្រើនដើម្បីទទួលបានការថែទាំពីអ្នកជំនាញសើស្បែក។ យ៉ាងណាមិញ ក្រៅពីការស្វែងរកសេវាកម្មថែរក្សាស្បែកមុខពីខាងក្រៅ ការសម្អាត និងថែទាំជាប្រចាំថ្ងៃដោយខ្លួនឯងក៏ត្រូវបានរាប់បញ្ចូលផងដែរ ដើម្បីទទួលបានលទ្ធផលកាន់តែជាទីគាប់ចិត្តដែលអ្នកនឹងអាចអនុវត្តបានតាមរយៈការណែនាំពីវិធីសាស្រ្តខាងក្រោម៖  - លាងសម្អាតផ្ទៃមុខ រឿងដំបូងបង្អស់ដែលគួរធ្វើនៅពេលថែរក្សាស្បែកមុខគឺការទម្លាប់លាងសម្អាតផ្ទៃមុខ ជាមួយហ្វូមលាងមុខ ឬផលិតផលដែលស័ក្តិសមទៅនឹងស្បែកមុខរបស់អ្នកដែលវាជាវិធីសាស្រ្តដំបូងគេក្នុងការកម្ចាត់ចោលនូវភាពកង្វក់ ដូចជាធូលីដី កម្ទេចកំទី ជាតិខ្លាញ់ និងគ្រឿងសម្អាងដែលតោងជាប់នៅលើផ្ទៃមុខ។ អ្នកគួរធ្វើការសម្អាតមុខ ២ដងក្នុងមួយថ្ងៃ ជាមួយទឹកធម្មតារួចជូតមុខថ្នមៗជាមួយសំឡី ឬកន្សែងស្អាត ហើយចៀសវាងប្រើប្រាស់ទឹកក្តៅដែលនាំឲ្យស្បែកមុខប្រែជាស្ងួតទៅវិញ។ - ប្រើប្រាស់ទឹកថូនឺ បុគ្គលមួយចំនួនហាក់មើលរំលងពីសារៈសំខាន់នៃការជូតមុខបន្ថែមដោយទឹកថូនឺដោយគិតថាការលាងសម្អាតដោយហ្វូមគឺមានភាពគ្រប់គ្រាន់។ តាមពិតការប្រើប្រាស់ទឹកថូនឺបន្ទាប់ពីលាងសម្អាតផ្ទៃមុខ ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ការថែទាំស្បែកមុខដោយវាអាចបង្កើនភាពតឹងណែន ផ្ចិតរន្ធញើសនិងមានសមត្ថភាពក្នុងការសម្អាតធូលីតូចៗផ្សេងទៀតនៅលើផ្ទៃមុខដែលហ្វូមលាងមុខមិនអាចធ្វើការសម្អាតបាន។ - ផ្តល់សំណើមស្បែកមុខ ការផ្តល់សំណើមដល់ស្បែកមុខ ត្រូវបានរាប់បញ្ចូលជាវិធីសាស្រ្តមួយដែលគួរត្រូវបានធ្វើឡើងជាប្រចាំផងដែរសម្រាប់ជួយទៅចិញ្ចឹម និងផ្តល់ភាពទន់រលោងដល់ស្បែកមុខ ពីព្រោះស្បែកមុខអាចងាយរងប្រតិកម្មពីខាងក្រៅធ្វើឲ្យស្ងួត ជាពិសេសនៅពេលវ័យកាន់តែចាស់។ អ្នកគួរមានទម្លាប់លាបផលិតផលផ្តល់សំណើមបន្ថែមបន្ទាប់ពីសម្អាតមុខរួចដែលអាចជាប្រភេទក្រែម ឬសេរ៉ូមនៅរៀងរាល់ពេលព្រឹក និងមុនពេលចូលគេង។ ម៉្យាងទៀត អ្នកក៏អាចជ្រើសរើសវិធីសាស្រ្តធម្មជាតិដូចជាប្រេងដូង ទឹកដោះគោ ឬផ្លែឈើសម្រាប់ផ្តល់សំណើមដល់ស្បែកផងដែរ។ - ការពារពីពន្លឺព្រះអាទិត្យ ការពារមុខរបស់អ្នកពីព្រះអាទិត្យដោយប្រើឡេការពារកម្តៅជារៀងរាល់ថ្ងៃ ពីព្រោះកម្តៅព្រះអាទិត្យជាសត្រូវលេខមួយរបស់ស្បែកដែលអាចធ្វើឲ្យស្បែកឡើងខ្មៅស្រអាប់ពិសេសបង្កឲ្យស្បែកមានស្នាមជ្រីវជ្រួញផងដែរ។ អ្នកគ្រាន់តែប្រើក្រែមការពារកម្តៅថ្ងៃ ដែលមានកម្រិតការពារយ៉ាងហោចណាស់ SPF ១៥ឡើងទៅ នៅមុនពេលចេញទៅខាងក្រៅ ហើយស្របពេលជាមួយគ្នាអ្នកក៏គួរតែការពារស្បែកដោយស្លៀកសម្លៀកបំពាក់ជិតៗ ឬពាក់មួកជាដើម។ - ម៉ាស្សាមុខ ការឧស្សាហ៍ធ្វើម៉ាសថែទាំស្បែកមុខបែបធម្មជាតិយ៉ាងហោចណាស់ ២ ទៅ៣ដងក្នុងមួយសប្តាហ៍ អាចជួយក្នុងការបណ្តុះកោសិកាស្បែកមុខ ធ្វើឲ្យផ្ទៃមុខស្រស់ថ្លា មានសំណើម តឹងណែនក្មេងជាងវ័យ។ លោកអ្នកគ្រាន់តែការធ្វើម៉ាស្សាតាមវិធីសាស្រ្តធម្មជាតិងាយៗ ដោយអាចជ្រើសរើសផ្លែចេកទុំ ល្ហុងទុំ ស៊ុត ទឹកឃ្មុំ ប្រទាល កន្ទុយក្រពើនិងទឹកដោះគោជាដើម។ - ស្រ្កាប់ស្បែកមុខ ដើម្បីឲ្យផ្ទៃមុខកាន់តែមានភាពស្រស់ថ្លា និងម៉ត់រលោង អ្នកក៏គួរតែជ្រើសរើសវិធីសាស្រ្តខាត់ស្បែកមុខបែបធម្មជាតិដែលវាមានប្រសិទ្ធភាពទៅកម្ចាត់ជាតិពុលនិងកោសិកាស្បែកចាស់ៗចោល។ អ្នកអាចប្រើប្រាស់ល្បាយស្ករស និងទឹកឃ្មុំ ដើម្បីធ្វើការស្រ្កាប់ទៅលើផ្ទៃមុខ ដោយធ្វើការញីថ្នមៗរយៈពេល ៥នាទី រួចទុកចោល ៣នាទីមុនពេលលាងទឹកសម្អាតចេញ ហើយអាចអនុវត្តបានម្តង ទៅពីរដងក្នុងមួយអាទិត្យ។ - របបអាហារត្រឹមត្រូវ អាហារ ក៏ជាផ្នែកមួយក្នុងការចូលរួមចំណែកថែរក្សាសម្រស់ផងដែរ ប្រសិនរបបអាហារនោះមានផ្ទុកនូវសារជាតិចិញ្ចឹម ឬជីវជាតិបំប៉នជាប្រូតេអុីន កាបូអុីដ្រាត វីតាមីន និងសារជាតិរ៉ែ ដែលអាចរកបាននៅក្នុងពពួកបន្លែ និងផ្លែឈើជាដើម។ លើសពីនេះ អ្នកក៏គួរទទួលទានទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ៧ទៅ៨កែវក្នុងមួយថ្ងៃដើម្បីរក្សាសំណើមនៅលើស្បែកមុខ ដើម្បីអាចកម្ចាត់ជាតិខ្លាញ់ បណ្តេញជាតិពុលនៅក្នុងខ្លួនពិសេសជួយឲ្យស្បែកមុខមានសុខភាពល្អ។ ការថែទាំស្បែក និងផ្ទៃមុខមានសារៈសំខាន់ណាស់ក្នុងការជួយលើកកម្ពស់ទំនុកចិត្ត ធ្វើឲ្យសម្រស់កាន់តែស្អាត ក្មេងជាងវ័យ ព្រមទាំងអាចជួយការពារបញ្ហាស្បែកបានថែមទៀតផង។ ចាប់ផ្តើមថែទាំស្បែកមុខរបស់អ្នកឥឡូវនេះ ដើម្បីទទួលបានភាពស្រស់ស្អាតបានយូរអង្វែង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

កាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០១៩ នេះក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងជាសាធារណៈដល់បេក្ខជន បេក្ខនារី និងមន្ត្រីរាជការទូទៅ ដែលមានបំណងចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងសុខាភិបាល អំពីព័ត៌មានស្តីពីការជ្រើសរើសមន្ត្រីរាជការចំនួន ១៣០០នាក់ដើម្បីដាក់ឲ្យចូលបម្រើការតាមអង្គភាពនានានៃក្របខណ្ឌសុខាភិបាល។ ការប្រឡងប្រជែង នឹងត្រូវធ្វើឡើងរយៈពេល ២ម៉ោងដោយមានវិញ្ញាសាសរសេរតាមមុខជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដោយតម្រូវឲ្យបេក្ខជនទាំងអស់ដាក់ពាក់ចូលប្រឡងឲ្យបានមុនថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧៖០០ នាទី។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ទេស ហឹរហឹរ! នៅពេលនេះ អ្នកនឹងដឹងហើយថា អ្នកមិនបានញ៉ាំម្ទេសឲ្យហឹរអត់ប្រយោជន៍នោះទេ ផ្ទុយទៅវិញអ្នកបែរជាកំពុងទទួលបានផលវិជ្ជមានលើសុខភាពយ៉ាងច្រើន។ ជាការពិតរសជាតិហឹរពីម្ទេសមិនត្រឹមតែធ្វើឲ្យអាហារឆ្ញាញ់ និងមិនទ្រលាន់នោះឡើយតែសារធាតុ Capsaicin ដែលមានក្នុងផ្លែម្ទេសក៏នាំមកជាមួយនូវអត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ផងដែរ ដោយរួមទាំងការកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន ជំនួយដល់ដំណើរការនៃសរីរាង្គរំលាយអាហារ ក៏ដូចជាជួយសម្រកទម្ងន់ និងធ្វើឲ្យអាយុវែងទៀតផង។ ខាងក្រោមគឺជាការបកស្រាយអំពីអត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ម្ទេស ដែលអាចនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល។ - ជំងឺបេះដូង ជាក់ស្តែង ជំងឺបេះដូងនៅតែជាមូលហេតុឈានមុខគេនៃការស្លាប់របស់មនុស្សទាំងបុរស និងស្រ្តីនៅក្នុងប្រទេសអាមេរិក។ បរិមាណដ៏ច្រើននៃ Capsaicinនៅក្នុងផ្លែម្ទេសអាចបន្ថយហានិភ័យនៃការកើតជំងឺបេះដូងដោយផ្អែកតាមការសិក្សាស្រាវជ្រាវមួយចំនួនធំដែលបានធ្វើការតាមដានទៅលើមនុស្សជាច្រើន។ បើយោងតាមការស្រាវជ្រាវបានបង្ហាញថា សារធាតុ Capsaicin អាចកាត់បន្ថយកម្រិត LDL ឬកូឡេស្តេរ៉ុលអាក្រក់ដែលតោងនៅលើជញ្ជាំងសរសៃឈាមដើម្បីជួយសម្រួលចលនាលំហូរឈាមទៅកាន់បេះដូង ព្រមទាំងគ្រប់គ្រងជាតិស្ករក្នុងឈាម និងអាចការពារពីជំងឺដាច់សរសៃឈាមបេះដូងបានយ៉ាងមានប្រសិទ្ធភាព។ - ជំងឺរលាកពោះវៀន ជំងឺរលាកពោះវៀនជាប្រភេទជំងឺពោះវៀនមួយដែលកើតឡើងញឹកញាប់ទាក់ទងទៅនឹងកត្តាអាយុ។ ក្នុងការសិក្សាមួយដែលបានចុះផ្សាយឆ្នាំ ២០១៤ លើគេហទំព័រទស្សនាវដ្តី Neurogastroenterology និង Motility បានរកឃើញថា ការបរិភោគអាហាររសជាតិហឹរអាចមានប្រសិទ្ធភាពព្យាបាលចំពោះអ្នកដែលមានជំងឺរលាកពោះវៀនក្នុងរយៈពេល ៦សប្តាហ៍។ លើសពីនេះទៀតវាក៏អាចជួយកាត់បន្ថយការដុតក្បាលពោះក្រោយពេលសម្រាល ដោយគ្រាន់តែបរិភោគ ៣ដងក្នុងមួយថ្ងៃប៉ុណ្ណោះ។ - ប្រឆាំងជំងឺមហារីក ការសិក្សាធំមួយនៅឆ្នាំ ២០០៦ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Journal Cancer បានបង្ហាញថាការបរិភោគសារធាតុ Capsaicin អាចជួយទប់ស្កាត់ការរីករាលដាលនៃកោសិកាមហារីករបស់ក្រពេញប្រូស្តាត។ អាហារហឹរក៏ត្រូវបានគេដឹងថា វាអាចជួយបង្កើនប្រព័ន្ធភាពសុំារបស់រាងកាយ និងកាត់បន្ថយការឈឺចាប់ដែលប្រឆាំងនឹងការរលាក ការពុលដោយសារធូលី ឬផ្សែងផងដែរ។ កាន់តែពិសេសទៀតនោះវាអាចកាត់បន្ថយហានិភ័យបណ្តាលឲ្យកើតជំងឺមហារីកក្នុងកម្រិតគួរឲ្យកត់សម្គាល់មួយ បើធៀបទៅនឹងអ្នកដែលបរិភោគអាហារហឹរបានតិចតួច។ - ជួយដល់ប្រព័ន្ធរំលាយអាហារ ពិតណាស់មនុស្សមួយចំនួនប្រហែលជាគិតថា ការទទួលទានផ្លែម្ទេសនឹងធ្វើឲ្យកើតមានជំងឺដំបៅក្រពះ។ យ៉ាងណាមិញ យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Michigan បានឲ្យដឹងថាការបរិភោគ Capsaicin ដែលមានក្នុងផ្លែម្ទេសអាចជួយការពារអ្នកមិនឲ្យកើតជំងឺដំបៅក្រពះ និងកាត់បន្ថយការឈឺចាប់ ពិសេសជួយបង្កើនការរំលាយអាហារកាន់តែប្រសើរ ព្រមទាំងអាចសម្លាប់បាក់តេរីដែលលោកអ្នកមិនបានបញ្ចេញចោលអស់យ៉ាងមានប្រសិទ្ធភាពទៀតផង។ - ជួ​យសម្រកទម្ងន់ ដោយសារម្ទេសមានផ្ទុកនូវសារធាតុ Capsaicin ដែលជំរុញការធ្វើមេតាបូលីសនៅក្នុងខ្លួន ពិសេសអាចធ្វើឲ្យកាត់បន្ថយចំណង់អាហារនិងជួយដុតកាល់ឡូរីបានយ៉ាងមានប្រសិទ្ធភាព ទើបធ្វើឲ្យវាមានអត្ថប្រយោជន៍ក្នុងការសម្រកទម្ងន់។ ជាក់ស្តែង ការសិក្សាឆ្នាំ ២០០៥​ នៅក្នុងទស្សនាវដ្តី International Journal of Obesity បានបង្ហាញថា ការទទួលទានម្ទេសអាចជួយទប់ស្កាត់ការឡើងទម្ងន់ និងដុតកាល់ឡូរីចេញពីរាងកាយ ។ - ជួយឲ្យអាយុវែង យោងតាមការសិក្សានៅសាកលវិទ្យាល័យ Harvardបានបង្ហាញថា ការទទួលទានអាហារហឹរជារៀងរាល់ថ្ងៃ ឬញឹកញាប់នោះ អាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដល់ទៅ ១៤ ភាគរយបើប្រៀបធៀបទៅនឹងអ្នកដែលមិនសូវទទួលទានអាហារហឹរ (តែម្តងក្នុងមួយសប្តាហ៍ ឬតិចជាងនេះ)។ លើសពីនេះការសិក្សាទៅលើបុរស និងស្ត្រីជាង ៤ម៉ឺននាក់នៅក្នុងប្រទេសចិនដែលបានទទួលទានអាហារហឹរ ៦ ទៅ៧ដងក្នុងមួយសប្តាហ៍ បានបង្ហាញថាអាចជួយឲ្យពួកគេរស់រានបានយូរជាងអ្នកមិនបរិភោគផងដែរ។  បើទោះបីជាម្ទេសមានអត្ថប្រយោជន៍យ៉ាងណាក៏ដោយក៏ផ្លែម្ទេសនៅតែអាចបង្កឲ្យមានផលប៉ះពាល់ផងដែរប្រសិនបើបរិភោគក្នុងកម្រិតច្រើនលើសលប់ដូចនេះអ្នកគួរតែមានភាពឆ្លាតវៃក្នុងការរក្សាតុល្យភាពនៃអាហារដែលអ្នកបរិភោគឲ្យស្ថិតក្នុងកម្រិតសមស្របជានិច្ចទើបជាការប្រសើរ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

បច្ចុប្បន្ន នៅពេលប្រជាជនមានវ័យកាន់តែកើនឡើង(អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ) ជាពិសេសចំពោះស្រ្តី នោះការប្រឈមទៅនឹងជំងឺផ្សេងៗនឹងស្ថិតនៅក្នុងអត្រាខ្ពស់ ដោយជំងឺសឹកសន្លាក់ឆ្អឹង ក៏ត្រូវបានសង្កេតឃើញកើតមានឡើងផងដែរនៅក្នុងវ័យនេះ។ និយមន័យ ការសឹកសន្លាក់ឆ្អឹង គឺជាជំងឺកើតឡើងបណ្តាលមកពីការសឹកផ្ទៃសន្លាក់ឆ្អឹងខ្ចីដែលមានភ្នាសពណ៌ស សម្រាប់ការពារសន្លាក់ពីការប៉ះទង្គិចជាមួយនឹងឆ្អឹង។ នៅពេល សន្លាក់ឆ្អឹងខ្ចីបានសឹក នោះជាហេតុធ្វើឲ្យសន្លាក់អាចកកិតគ្នាជាមួយឆ្អឹងដែលមានសរសៃប្រសាទ ទើបបង្កឲ្យមានការឈឺចាប់។ ជាក់ស្ដែងការកកិត ឬសឹកនោះអាចកើតមានឡើងរយៈពេលយូរឆ្នាំដែលភាគច្រើនបណ្តាលមកពីការប្រើប្រាស់សន្លាក់យូរ។ មូលហេតុ និងកត្តាប្រឈម មូលហេតុដែលបណ្តាលឲ្យសឹកសន្លាក់ឆ្អឹងមានដូចជា៖ • ធាត់លើសទម្ងន់ • ការប្រើប្រាស់លើសកម្រិត (Over Use) • ការប៉ះទង្គិច (បាក់បែក ឬគ្រេចធ្វើឲ្យផ្ទៃសន្លាក់មិនស្មើ ឬសរសៃពួរយារ) • ការប្រើប្រាស់ប្រភេទថ្នាំសរសៃដូចជាពពួក ក័រទីកូអុីត(Corticosteroid) ជាដើម។ល។ ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះបញ្ហាសឹកសន្លាក់ឆ្អឹងរួមមាន៖ • ស្រ្តីវ័យចំណាស់ (អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ) • ស្រ្តីអស់រដូវ • អ្នកធាត់ • អ្នកលេងកីឡា • ឧស្សាហ៍ប៉ះទង្គិច • អ្នកធ្វើការធ្ងន់ៗ ដូចជា កម្មករសំណង់។ រោគសញ្ញា និងយន្តការ អ្នកជំងឺសឹកសន្លាក់ឆ្អឹងមានរោគសញ្ញាសំខាន់បីធំៗដូចជា មានការឈឺចាប់នៅត្រង់សន្លាក់ រឹងសន្លាក់ ហើមសន្លាក់ និងប្តូររូបរាងជង្គង់ទៅជាគៀវ ឬថយមុខងារសន្លាក់(សន្លាក់លែងត្រង់)។ ចំពោះយន្តការរបស់ជំងឺសឹកសន្លាក់ឆ្អឹង ពោលគឺកើតឡើងនៅពេលដែលឆ្អឹងខ្ចី (ស្រទាប់ឆ្អឹងរលោងដែលស្រោបពីលើឆ្អឹង) បានដាច់រហែក ឬសឹកឆ្អឹង  និងឆ្អឹងត្រូវកកិតគ្នាដែលជាហេតុធ្វើឲ្យហើម និងឈឺចាប់នៅត្រង់តំបន់នោះ។ ដោយហេតុថាការកកិតបន្តក្នុងរយៈពេលយូរនោះ ទើបធ្វើឲ្យសន្លាក់នឹងបាត់បង់ភាពរឹងមាំ ហើយការឈឺចាប់នឹងក្លាយទៅជាសឹករុំារ៉ៃ។ ការធ្វើរោគវិនិច្ឆ័យ ជំងឺសឹកសន្លាក់អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការសួរនាំពីការឈឺចាប់របស់អ្នកជំងឺ និងការពិនិត្យទៅលើរោគសញ្ញាទាំងឡាយដូចបានរៀបរាប់ខាងលើ។ លើសពីនេះ យើងក៏អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការបូមឈាមយកទៅវិភាគដោយចង់ដឹងថាមានជាតិរលាកដើម្បីទាត់ចោលការរលាកសន្លាក់និងការថតដោយប្រើឧបករណ៍វិទ្យុសកម្ម CT Scan ឬ X-ray ផងដែរ។ ការព្យាបាល សឹកសន្លាក់ឆ្អឹងត្រូវព្យាបាលដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងទៅតាមដំណាក់កាល ឬកម្រិតនៃការសឹករបស់សន្លាក់ផ្ទាល់៖ • ដំណាក់កាលទី១ និងទី២៖ ផ្ទៃសឹកមានបរិមាណតិចតួចតែប៉ុណ្ណោះ មិនទាន់ដល់ ៣០ភាគរយនោះទេ ដោយការព្យាបាលគឺតម្រូវឲ្យប្រើប្រាស់ថ្នាំដែលជួយជំរុញការបញ្ចេញទឹករំអិលរបស់សន្លាក់តាមរយៈការលេប ឬចាក់ជែលសិប្បនិម្មិតរបស់ទឹកសន្លាក់ ដើម្បីឲ្យមានលក្ខណៈរអិល ហើយការព្យាបាលបែបនេះមានប្រសិទ្ធភាពខ្ពស់។ • ដំណាក់កាលទី៣៖ ផ្ទៃសឹកមានបរិមាណប្រហែល៥០ភាគរយ ដោយការព្យាបាលគឺត្រូវប្រើប្រាស់ថ្នាំជំនួយ និងការផ្លាស់ប្តូរទម្លាប់នៃការរស់នៅដូចជាបន្ថយការធ្វើចលនា បញ្ចុះទម្ងន់ និងបន្ថយការលេងកីឡាជាដើម។ • ដំណាក់កាលទី៤៖ ជាដំណាក់កាលមួយដែលធ្ងន់ធ្ងរ ហើយការព្យាបាលគឺតម្រូវឲ្យធ្វើការផ្លាស់ប្តូរសន្លាក់ទៅជាសន្លាក់សិប្បនិមិ្មតវិញ។ ផលវិបាក និងការការពារ ភាគច្រើន អ្នកជំងឺសឹកសន្លាក់ឆ្អឹងដែលមកទទួលបានការព្យាបាលទាន់ពេលវេលានោះ អ្នកជំងឺអាចជាសះស្បើយ និងបន្តការប្រើប្រាស់បានយូរ។ ផ្ទុយទៅវិញប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលានោះទេ ស្ថានភាពជំងឺអាចបង្កជាផលវិបាកដូចជា ខូចផ្ទៃសន្លាក់រហូតដល់ ពិការភាពដោយសារឈឺចាប់ ជាពិសេសអាចបណ្តាលឲ្យគាំងសន្លាក់តែម្តង។ ជាទូទៅ ដើម្បីការពារពីការសឹកសន្លាក់ឆ្អឹងចាំបាច់ត្រូវការពារពីមូលហេតុដែលបង្កឲ្យមានការសឹកសន្លាក់រួមមាន៖ • ការពារធាត់ • ឧស្សាហ៍ត្រួតពិនិត្យកំហាប់ឆ្អឹង • ត្រួតពិនិត្យសុខភាពទូទៅ • ជ្រើសរើសកីឡាដែលមិនប៉ះពាល់ដល់សន្លាក់ • ចៀសវាងការធ្វើចលនាច្រើនពេក • ចៀសវាងការប្រើប្រាស់ថ្នាំសរសៃ (Corticosteroid) និងថ្នាំផ្លូវចិត្ត • ចៀសវាងការប៉ះទង្គិច ប្រសិនបើមានការប៉ះទង្គិចត្រូវទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។ គួរបញ្ជាក់ផងដែរ រាល់ការប៉ះទង្គិច មានការឈឺចាប់ការហើម ប្រែប្រួលទ្រង់ទ្រាយរបស់ជង្គង់ និងមានរោគសញ្ញាគួរឲ្យកត់សម្គាល់ផ្សេងទៀតអ្នកជំងឺគួរជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញផ្ទាល់ដើម្បីធ្វើការពិនិត្យ និងព្យាបាលដើម្បីធានាឲ្យបានប្រសិទ្ធភាពចៀសវាងទទួលបានការព្យាបាលមិនត្រឹមត្រូវនាំឲ្យប៉ះពាល់ដល់សុខភាព ចំណាយពេលវេលា និងថវិកាច្រើន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស បាក់បែកឆ្អឹង និងសន្លាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ត្បិតតែ ខែមេសាជាខែដែលប្រជាជនខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងជាខែដែលមានថ្ងៃឈប់សម្រាកច្រើនក៏ដោយក៏កំណើននៃការចូលអានអត្ថបទសុខភាពបន្តកើនឡើងជាលំដាប់ដូចខែផ្សេងៗទៀតដែរ។ ជាក់ស្តែង អត្ថបទ ៣ ដែលទទួលបានការអានច្រើនជាងគេប្រចាំខែមេសាគឺ៖ 1. ជំងឺឈាមក្រកកអាចព្យាបាលបានដែរឬទេ? សាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ឯកទេសរោគកុមារវិទ្យា និងលោហិតសាស្ត្រ នៃមន្ទីរពេទ្យកុមារជាតិបានពន្យល់យ៉ាងក្បោះក្បាយថាជំងឺហេម៉ូហ្វីលា (Hemophilia) គឺជាប្រភេទជំងឺឈាមក្រកក ឬបណ្តាលឲ្យហូរឈាម ភាគច្រើនបង្កឡើងដោយកង្វះកត្តាឈាមកក។ អ្នកជំងឺមិនមានការហូរឈាមច្រើនជាងធម្មតាទេ ប៉ុន្តែការហូរឈាមនេះអាចមានរយៈពេលយូរជាងធម្មតា។ ជាក់ស្តែងវាជាជំងឺដ៏កម្រដែលអាចស្តែងមានឡើងលើមនុស្សម្នាក់តែប៉ុណ្ណោះក្នុងចំណោម ១០០០នាក់ និងអាចកើតមានឡើងបានគ្រប់វ័យ ចាប់តាំងពីទារករហូតដល់វ័យចំណាស់ និងជាជំងឺមួយដែលតម្រូវឲ្យអ្នកជំងឺរស់នៅជាមួយការព្យាបាលអស់មួយជីវិត។ យល់កាន់តែច្បាស់អំពីមូលហេតុ និងវិធីព្យាបាលតាមរយៈ៖ https://healthtime.tips/library/article/1911  2.ឈឺក្បាល និងជ្រុះសក់ មួយណាជាហេតុ? មួយណាជាផល? “អាការៈឈឺក្បាលធ្វើឲ្យអ្នកជ្រុះសក់? ឬបញ្ហាជ្រុះសក់ជាហេតុផលធ្វើឲ្យអ្នកឈឺក្បាល?” នៅតែជាភាពស្រពិចស្រពិលមួយកើតមានឡើងសឹងតែបុគ្គលគ្រប់រូបទាំងអស់។ យ៉ាងណាមិញ ហេតុផលនៃបញ្ហាទាំងពីរខាងលើអាចបណ្តាលមកពីកត្តារួមផ្សំគ្នានៃស្ថានភាពជំងឺណាមួយ នេះបើយោងតាមប្រសាសន៍លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកប្រព័ន្ធសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្វែងយល់បន្ថែមតាមរយៈ៖ https://healthtime.tips/library/article/1909 3. អ្វីទៅជាប្រូតេអុីនកូឡាជែន? នៅពេលវ័យកាន់តែចាស់ ស្រទាប់ស្បែករបស់អ្នកក៏ប្រែប្រួល ដែលនេះបណ្តាលមកពីការបាត់បង់នូវប្រូតេអុីនកូឡាជែនធម្មជាតិរបស់ស្បែក ដែលបណ្តាលឲ្យបាត់បង់ភាពតឹងណែន នាំឲ្យផលិតផលបំប៉នកូឡាជែនត្រូវបានគេនិយមប្រើប្រាស់ដើម្បីស្តារស្ថានភាពស្បែកឲ្យមានភាពប្រសើរឡើងវិញ។ អ្វីជាកូឡាជែន? តើគួរប្រើប្រាស់ក្នុងកម្រិតណាល្អ? អាចមានផលវិបាកអ្វីខ្លះ...? ចម្លើយទាំងអស់នេះនឹងត្រូវបានលាតត្រដាងយ៉ាងលម្អិតក្នុង៖ https://healthtime.tips/library/article/1910 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

តម្រូវការឱសថបំប៉នពពួកវីតាមីន និងជាតិរ៉ែ ហាក់មានការកើនឡើងចំពោះស្រ្តីដែលកំពុងពពោះ ដែលក្នុងនោះប្រភេទឱសថបំប៉នដែលរួមបញ្ចូលដោយFolic Acid និងDHA ត្រូវបានប្រើប្រាស់ជាចម្បងក្នុងពេលបច្ចុប្បន្នសម្រាប់ការលូតលាស់ជាពិសេសរបស់ទារក។ លក្ខណៈឱសថបំប៉ន សារធាតុសកម្ម Folic Acid ជាទម្រង់មួយដែលសំយោគចេញពីវីតាមីន បេ មានលក្ខណៈរលាយក្នុងទឹក ជាមួយមុខងារសំខាន់ក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហមរបស់ទារកសម្រាប់ចាប់ផ្តើមអភិវឌ្ឍផ្នែកប្រព័ន្ធសរសៃប្រសាទ។ ជាក់ស្តែង ពពួកវីតាមីន បេនេះអាចមានវត្តមាននៅក្នុងអាហារប្រចាំថ្ងៃ ដូចជា បន្លែពណ៌បៃតងចាស់ ផ្លែឈើដែលមានរសជាតិជូរ និងប្រភេទផលិតផលធញ្ញជាតិជាដើម។ ចំណែកសារធាតុសកម្មមួយទៀតដែលមានឈ្មោះ Docosahexaenoic Acid (DHA) គឺជាប្រភេទខ្លាញ់អូមេហ្គា ៣ ដែលសម្បូរទៅដោយអត្ថប្រយោជន៍មិនសម្រាប់តែការប្រើប្រាស់ទូទៅ តែក៏ត្រូវបានទទួលស្គាល់ជាជំនួយដល់ការពពោះចាប់តាំងពីខែដំបូងផងដែរ។ ក្រៅពីសារធាតុចាំបាច់ខាងលើ ឱសថបំប៉នប្រភេទនេះក៏មាននូវការរួមផ្សំនូវវីតាមីន និងសារធាតុរ៉ែផ្សេងទៀត ដែលខុសគ្នាទៅតាមផលិតផលនីមួយៗដើម្បីជាការបំពេញតម្រូវការបន្ថែមក្នុងអំឡុងពេលមានផ្ទៃពោះ។ សកម្មភាពឱសថបំប៉ន ឱសថបំប៉នប្រភេទនេះមានប្រសិទ្ធភាពអាស្រ័យទៅនឹងសកម្មភាពរបស់សារធាតុសកម្មនីមួយៗរួមមាន៖ - Folic Acid មានតួនាទីជាចម្បងសម្រាប់គាំទ្រការលូតលាស់ខួរក្បាលរបស់ទារក និងការចងភ្ជាប់នៃសរសៃប្រសាទបង្កើតឲ្យបានជាឆ្អឹងខ្នងដែលជាផ្នែកដំបូងបង្អស់នៃប្រព័ន្ធសរសៃប្រសាទកណ្តាល។ ជាក់ស្តែង ការលូតលាស់ឆ្អឹងខ្នងរបស់ទារកចាប់ផ្តើមនៅចន្លោះ ១៤ និង ២៨ថ្ងៃនៃការពពោះ - DHA មានមុខងារមួយចំនួនក្នុងការធានាឲ្យការពពោះមានសុខភាពល្អ។ ជាក់ស្តែង ការកើនឡើងកម្រិត DHA អាចធ្វើឲ្យការពពោះដំណើរការបានល្អ សម្របសម្រួលទម្ងន់របស់ទារក និងកាត់បន្ថយហានិភ័យនៃការសម្រាលកូនមុនខែ។ DHA ត្រូវបានទទួលស្គាល់មិនត្រឹមតែអាចសម្រួលទៅដល់ការលូតលាស់ខួរក្បាលទារកនោះទេ វាក៏រួមចំណែកជាជំនួយនៃសមត្ថភាពនៃការគិត គំហើញ និងការធ្វើចលនារបស់ទារកផងដែរ។ កម្រិត និងរបៀបប្រើប្រាស់ ការប្រើប្រាស់ជាទូទៅគឺអាចម្តង ១ ទៅ ២គ្រាប់ក្នុងមួយថ្ងៃដែលប្រែប្រួលអាស្រ័យទៅតាមការណែនាំរបស់គ្រូពេទ្យជំនាញ ចំណែកឱសថក្នុងទម្រង់ជាគ្រាប់ទំពារ ការប្រើប្រាស់គឺត្រូវទំពារឲ្យម៉ត់ល្អមុនពេលលេប។ ដើម្បីទទួលបានប្រសិទ្ធភាពពីឱសថ អ្នកត្រូវប្រើប្រាស់ឲ្យបានទៀងទាត់ និងចៀសវាងលេបហួសកម្រិតពីការណែនាំ។ ជាទូទៅ ការប្រើប្រាស់ឱសថបំប៉នខាងលើអាចចាប់ផ្តើមតាំងពីការពពោះនៅខែដំបូង ពីព្រោះវាជារយៈពេលលូតលាស់នៃឆ្អឹងខ្នងរបស់ទារក ចំណែកការប្រើប្រាស់បន្តអាចប្រែប្រួលទៅតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ។ ផលរំខាន រោគសញ្ញាជាផលរំខាននៃឱសថបំប៉ននេះអាចមានដូចជា ទល់លាមក រាក ឬវិបត្តិក្រពះផ្សេងៗ ដែលអាចកើតមានជាបណ្តោះអាសន្ន និងបាត់ទៅវិញនៅពេលរាងកាយអាចទទួលយកសារធាតុនៅក្នុងឱសថ។ យ៉ាងណាមិញ ក្នុងករណីអាការៈខាងលើបន្តមានជាប់លាប់ នោះត្រូវទាមទាររាយការណ៍ទៅកាន់គ្រូពេទ្យ ឬឱសថការី។ ចំណែកប្រតិកម្មអាល្លែកហ្ស៊ីបណ្តាលមកពីឱសថ អាចមានភាពកម្រ តែអ្នកត្រូវសង្កេតមើលផងដែរប្រសិនមានរោគសញ្ញាដូចជា កន្ទួលរមាស់ ហើម (នៅមុខ អណ្តាត ឬបំពង់ក)អាការៈធីងធោងធ្ងន់ធ្ងរ និងពិបាកដកដង្ហើមជាដើម។ បម្រុងប្រយ័ត្ន ដោយហេតុថាការប្រើប្រាស់ឱសថបំប៉ននេះអាចនៅមានកម្រិត និងទាមទារឲ្យមានការប្រុងប្រយ័ត្នក្នុងលក្ខខណ្ឌណាមួយតួយ៉ាង៖ - ហាមប្រើប្រាស់ក្នុងករណីអ្នកមានប្រតិកម្មជាមួយសារធាតុសកម្មនៅក្នុងឱសថ - ប្រាប់ទៅកាន់គ្រូពេទ្យ ឬឱសថការី ប្រសិនអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀត ឬកំពុងទទួលការព្យាបាលជំងឺដូចជាជំងឺពាក់ព័ន្ធនឹងវិបត្តិឈាម បញ្ហាតម្រងនោម ថ្លើម ឬក្រពះ ពោះវៀនជាដើម។ អន្តរកម្មឱសថ អន្តរកម្មរវាងឱសថអាចនឹងកើតមានឡើង ដែលធ្វើឲ្យផលរំខានកាន់តែមានឥទ្ធិពលខ្លាំង ដូច្នេះអ្នកគួរ៖ - ប្រាប់ទៅកាន់វេជ្ជបណ្ឌិត ប្រសិនអ្នកកំពុងប្រើប្រាស់ឱសថសម្រាប់ព្យាបាលជំងឺផ្សេង - ចៀសវាងប្រើប្រាស់វីតាមីន ឬឱសថបំប៉នដទៃទៀតក្នុងពេលតែមួយដោយមិនបានទទួលការណែនាំពីគ្រូពេទ្យ - ស្តាប់ការណែនាំពីវេជ្ជបណ្ឌិត សម្រាប់រយៈពេលនិងកម្រិតក្នុងការប្រើប្រាស់ - ចៀសវាងប្រើប្រាស់ក្នុងពេលតែមួយជាមួយ ឱសថប្រឆាំងការប្រកាច់ដូចជា Phenytoin ជាដើម។ គួរបញ្ជាក់ផងដែរ ឱសថបំប៉នប្រភេទនេះអាចរកបាននៅលើទីផ្សារមានឈ្មោះ Nature’s Bounty Prenatal, Nature Made និងPregnacare®។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

អារម្មណ៍ភ័យស្លន់ស្លោ និងបេះដូងលោតកន្រ្តាក់ញាប់គួរគិតដល់បញ្ហាអ្វីខ្លះ? ឬឲ្យតែអារម្មណ៍ភ័យស្លន់ស្លោ និងបេះដូងលោតកន្ត្រាក់ សុទ្ធតែជាជំងឺបេះដូងមែនទេ? ដើម្បីស្រាយចម្ងល់នូវសំណួរទាំងអស់នេះ អត្ថបទខាងក្រោមនេះអាចជាចម្លើយសម្រាប់មិត្តអ្នកអានបាន……… សំណួរ៖ ខ្ញុំបាទមានអាយុ ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៥៨គីឡូក្រាម ជានិស្សិតរស់នៅភ្នំពេញ។ ខ្ញុំតែងតែឆាប់មានអារម្មណ៍ភ័យស្លន់ស្លោ ហើយជួនកាលពេលខ្លះមានអាការៈឈឺបន្តិចបន្តួចនៅលើទ្រូងផ្នែកខាងឆ្វេង និងបេះដូងលោតកន្ត្រាក់ញាប់បន្ទាប់ពីខ្ញុំមានគ្រោះថ្នាក់ដួលខ្ទប់ទ្រូងនៅលើដៃកង់សន្លប់កាលពី១ឆ្នាំមុន។ តើនេះជាសញ្ញាអ្វី? តើខ្ញុំគួរដោះស្រាយដោយវិធីណា? ចម្លើយ៖ ជាទូទៅ ទាក់ទងនឹងទម្ងន់ និងកម្ពស់របស់ប្អូនមិនមានបញ្ហាលើសទម្ងន់ទេ ហើយរោគសញ្ញាដូចបានរៀបរាប់ខាងលើគឺមិនពាក់ព័ន្ធនឹងជំងឺបេះដូងនោះដែរ។ ផ្ទុយទៅវិញ ប្អូននៅក្មេងអាយុត្រឹមតែ២២ឆ្នាំ ការកើតជំងឺស្ទះសរសៃឈាមបេះដូងពិតជាករណីកម្រណាស់។ ដោយឡែក អាការៈឈឺបន្តិចបន្តួចនៅលើទ្រូងផ្នែកខាងឆ្វេង និងបេះដូងលោតកន្រ្តាក់ញាប់នោះ គឺគ្រាន់តែជាអាការៈឈឺផ្នែកខាងក្រៅ (Non Cardiac Chest Pain) ដែលបណ្តាលមកពីការឡើងជាតិអាស៊ីតនៅបំពង់អាហារ សាច់ដុំនៅដោះកន្ត្រាក់ ឬធ្វើសកម្មភាពខុសទំនងជាដើម។ ម៉្យាងវិញទៀតអាការៈបែបនេះក៏អាចបណ្តាលមកពីគ្រោះថ្នាក់ដួលខ្ទប់ទ្រូងកាលពី១ឆ្នាំមុនផងដែរ។ រីឯអាការៈភ័យស្លន់ស្លោវិញ វាអាចទាក់ទងនឹងបញ្ហាផ្លូវចិត្តរបស់ប្អូនច្រើនជាង។ ដូចបានជម្រាបខាងលើនេះ ប្អូនគួរតែទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យទូទៅ និងវេជ្ជបណ្ឌិតជំនាញចិត្តសាស្ត្រ ដើម្បីប្រឹក្សាអំពីផ្លូវចិត្តធ្វើឲ្យផ្លូវចិត្តមានសភាពនឹងនរ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ឯកទេសជំងឺបេះដូង ប្រធានអ៊ុយនីតេជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជំងឺតម្រងនោម គឺជាបញ្ហាធំក្នុងវិស័យសុខភាពសាធារណៈ ដែលត្រូវបានបែងចែកចេញជាប្រភេទជំងឺរ៉ាំរ៉ៃ និងស្រួចស្រាវ។ ដោយយោងតាម National Kidney Foundation ចំនួនមនុស្សវ័យជំទង់ប្រហែលជាង ៣០ លាននាក់ កំពុងរងគ្រោះដោយជំងឺនេះ និងមានចំនួនជាច្រើនទៀតកំពុងតែវិវឌ្ឍទៅរកខូចខាតតម្រងនោមផងដែរ។ ការប្តូរសរីរាង្គគឺ ជាជម្រើសទី១សម្រាប់ការព្យាបាលជំងឺខូចខាតតម្រងនោមឲ្យបានប្រសើរវិញ ប៉ុន្តែវាពិតជាពិបាកក្នុងការព្យាបាល  ដែលរួមជាមួយកង្វះខាតនៃអ្នកបរិច្ចាគសរីរាង្គផងនោះ ធ្វើឲ្យសង្ឃឹមក្នុងការជាសះស្បើយកាន់តែតិច។ ដោយឡែក ក្នុងរយៈពេលថ្មីនេះៗ Stem cell therapy បានលេចចេញនូវសមិទ្ធផលវិជ្ជមានជាច្រើនក្នុងការព្យាបាលជំងឺផ្សេងៗដែលធ្វើឲ្យសរីរាង្គ និងកោសិកាក្នុងខ្លួនមនុស្សខូចខាត។ ជាក់ស្តែងអ្នកវិទ្យាសាស្ត្រនៅ West Forest Institute for Regenerative Medicine (WFIRM) បាននិងកំពុងសិក្សាអំពីការព្យាបាលកោសិកាខូចនៃជំងឺតម្រងនោមរ៉ាំរ៉ៃដោយការប្រើប្រាស់ Therapeutic cells។ ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថាការសិក្សានេះអាចធ្វើឲ្យកោសិកាមានមុខងារ និងតួនាទីបានល្អវិញក្នុង Pre-clinical model នៃជំងឺតម្រងនោម។ គួរបញ្ជាក់ថា Stem cell therapy គឺជាការព្យាបាលមួយប្រភេទដែលធ្វើឡើងតាមរយៈការចាក់ ឬដាក់បញ្ចូលនូវសារធាតុកោសិកាទៅក្នុងរាងកាយអ្នកជំងឺ។ សាស្រ្តាចារ្យ James J. Yoo ផ្នែក Regenerative medicine នៅ WFIRM បានបង្ហាញថា លទ្ធផលបញ្ជាក់ថា Stem cell  អាចប្រើប្រាស់ជា Alternative therapeutic strategy សម្រាប់អ្នកជំងឺរ៉ាំរ៉ៃបាន។ ទាក់ទងនឹងការសិក្សានេះដែរ អ្នកស្រាវជ្រាវបានរកឃើញថា Stem cell នៃទឹកភ្លោះដែលចាក់បញ្ចូលទៅក្នុងអ្នកជំងឺតម្រងនោមរ៉ាំរ៉ៃក្នុងលក្ខខណ្ឌ Pre-clinical model បានជួយឲ្យតួនាទីរបស់តម្រងនោមបានល្អប្រសើរឡើង។ ស្របពេលជាមួយគ្នា សាស្រ្តាចារ្យ Anthony Atala ប្រធានផ្នែក Regenerative medicine នៅ WFIRM បានលើកឡើងថាការសិក្សារបស់គាត់ដែលទាក់ទងនឹងការព្យាបាលជាមួយនឹង Stem cell នៃទឹកភ្លោះ ពិតជាមានភាពវិជ្ជមានជាច្រើនទៅលើតួនាទីនិងភាពប្រសើរឡើងរបស់តម្រងនោម។ ការសិក្សានេះកំពុងតែដំណើរទៅមុខ ជាមួយនឹងក្តីសង្ឃឹមថានឹងទទួលបានភាពជោគជ័យ ១០០ភាគរយនៅថ្ងៃអនាគត ដើម្បីផ្តល់ការព្យាបាលដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃបានជាសះស្បើយ ដោយពុំចាំបាច់ធ្វើការវះកាត់ផ្លាស់ប្តូរតម្រងនោម។ ប្រភព៖ https://www.sciencedaily.com/releases/2019/03/190314123215.htm https://www.bsgct.org/education/what-is-cell-therapy/ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការពិនិត្យសុខភាពមុនពេលមានផ្ទៃពោះរួមបញ្ចូលទាំងការធ្វើតេស្តសាកល្បងរវាងដៃគូ ឬស្វាមីរបស់អ្នក ដើម្បីធានាថាអ្នកទាំងពីរមិនមានជំងឺដែលអាចប៉ះពាល់ដល់ឱកាសក្នុងការមានកូនបាន។ ដោយឡែកចំពោះការត្រួតពិនិត្យសុខភាពមុនពេលអ្នកមានផ្ទៃពោះអាចផ្តល់នូវគុណសម្បត្តិមួយចំនួនដើម្បីដោះស្រាយបញ្ហាសុខភាពណាមួយដែលអាចមានមុនពេលដែលអ្នកចង់ចាប់ផ្តើមមាន ឬអំឡុងពេលមានផ្ទៃពោះ។ - ការពិនិត្យសុខភាពទូទៅ ការពិនិត្យសុខភាពមុនពេលចាប់ផ្តើមមានផ្ទៃពោះជួយឲ្យអ្នកទទួលបាននូវសុខភាពល្អ និងត្រៀមខ្លួនរួចរាល់សម្រាប់ការមានផ្ទៃពោះ។ ប្រសិនបើអាចអ្នកត្រូវត្រួតពិនិត្យសុខភាពមួយឆ្នាំមុនពេលអ្នកចង់មានផ្ទៃពោះ ដើម្បីទទួលបានការថែទាំសុខភាពផងដែរ។ ដោយហេតុថាអ្នកត្រូវធ្វើការពិនិត្យទៅលើសម្ពាធឈាម ពិនិត្យតេស្តឈាមរកមេរោគថ្លើម មេរោគអេដស៍មេរោគស្វាយ ពិសេសពិនិត្យទៅលើអាងត្រគាកជាដើម។ ជាក់ស្តែងដោយផ្អែកលើលទ្ធផលនៃការពិនិត្យសុខភាព និងការធ្វើតេស្តទាំងអស់នេះហើយ វេជ្ជបណ្ឌិតអាចនឹងផ្តល់ការណែនាំដល់អ្នកពីវិធីសាស្រ្តមួយចំនួន ដូចជាការធ្វើលំហាត់ប្រាណ របបអាហារ របៀបរស់នៅប្រចាំថ្ងៃ និងអាហារបំប៉នដែលចាំបាច់ដើម្បីជួយជំរុញដល់ការមានផ្ទៃពោះប្រកបដោយសុវត្ថិភាព និងកូនមានសុខភាពល្អផងដែរ។ - ការពិនិត្យទៅលើទម្ងន់ បើអ្នកម្តាយស្គមពេកអាចធ្វើឲ្យការមានផ្ទៃពោះកាន់តែពិបាក តែបើអ្នកម្តាយធាត់ពេកក៏អាចនឹងមានឱកាសក្នុងការកើតបញ្ហាមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺលើសជាតិអាស៊ីតជាដើម។ អ្នកពិតជាមិនចង់បានបែបនេះទេមែនទេ? ដូច្នោះអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្យជំនាញ ដើម្បីឲ្យដឹងអំពីទម្ងន់ដែលល្អសម្រាប់ការមានផ្ទៃពោះ ព្រមទាំងបញ្ចៀសពីបញ្ហាដែលងាយប្រឈមពេលមានផ្ទៃពោះផងដែរ។ - ការពិនិត្យលើសុខភាពផ្លូវចិត្ត សុខភាពផ្លូវចិត្តក៏មានសារៈសំខាន់ដូចសុខភាពរាងកាយផងដែរ​​ នៅពេលដែលអ្នកមានផែនការចង់មានផ្ទៃពោះ។ ការប្រែប្រួលអារម្មណ៍ ឬមានបញ្ហាសុខភាពផ្លូវចិត្ត ដូចជាជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ឬបញ្ហាការញុំាមិនសូវបានក៏អាចប្រឈមនឹងបញ្ហានៅពេលមានផ្ទៃពោះ។ លើសពីនេះសុខភាពផ្លូវចិត្តរបស់អ្នកអាចប៉ះពាល់ដល់ការគិត ឬការលូតលាស់ផ្នែករាងកាយ និងភាពឆ្លាតវៃរបស់ទារកដែលនៅក្នុងផ្ទៃផងដែរ។ បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានឲ្យដឹងថាស្ត្រី ១នាក់ក្នុងចំណោម ៩នាក់មានជំងឺធ្លាក់ទឹកចិត្តមុនពេល អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ។ ដូច្នោះ ប្រសិនបើអ្នកមានរាល់បញ្ហាដែលពាក់ព័ន្ធជាមួយសុខភាពផ្លូវចិត្តនោះ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងផ្លូវចិត្តដើម្បីបញ្ចៀសពីបញ្ហាទាំងអស់ខាងលើ និងជួយឲ្យកូនដែលនៅក្នុងផ្ទៃមានសុខភាពល្អ និងលូតលាស់បានល្អ។ - ការពិនិត្យគ្រាប់ឈាម នេះគឺជាការធ្វើតេស្តចាំបាច់ដើម្បីកំណត់ថាតើអ្នកត្រូវចាប់ផ្តើមលើថ្នាំគ្រាប់ជាតិដែកឬយ៉ាងណា ឬអាចទទួលបានការមានផ្ទៃពោះបានដែរឬទេ? ដោយឡែកអ្នកអាចទទួលរងនូវភាពស្លេកស្លាំង ប្រសិនបើអ្នកមានផ្ទៃពោះខណៈពេលដែលរាងកាយរបស់អ្នកកំពុងប្រឈមនឹងកង្វះជាតិដែក។ ការពិនិត្យទៅលើការពន្យារកំណើតដោយប្រាប់គ្រូពេទ្យអំពីវិធីពន្យារកំណើតដែលអ្នកបានប្រើប្រាស់។ ការអនុវត្តភាគច្រើនមិនមានឥទ្ធិពលលើរយៈពេលដែលត្រូវមានផ្ទៃពោះនៅពេលអ្នកឈប់ប្រើវា។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកបានប្រើថ្នាំពន្យារកំណើត អ្នកអាចចំណាយពេលមួយឆ្នាំដើម្បីឲ្យសមត្ថភាពនៃការមានផ្ទៃពោះត្រឡប់ទៅរកភាពធម្មតាវិញ ប៉ុន្តែអ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផងដែរ។ - ការធ្វើតេស្ត Pap smear ការធ្វើតេស្ត Pap smear គឺជាផ្នែកសំខាន់មួយនៃការទៅជួបគ្រូពេទ្យជាលើកដំបូងរបស់អ្នក។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងដោយការយកទឹករំអិល ឬច្រឹបសាច់ក្នុងទ្វារមាសដើម្បីពិនិត្យមើលពីសុខភាពមាត់ស្បូនបន្ទាប់មកគ្រូពេទ្យចាប់ផ្តើមវិភាគ ឬធ្វើរោគវិនិច្ឆ័យ។ ការធ្វើតេស្តនេះនឹងវាយតម្លៃថាតើអ្នកឆ្លងជំងឺកាមរោគ ដូចជាជំងឺប្រមេះ ជំងឺស្វាយ ជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទបេដែរឬទេ។ ប្រសិនបើគ្រូពេទ្យរកឃើញកោសិកាមិនប្រក្រតីអំឡុងពេលពិនិត្យសុខភាពនោះ អ្នកត្រូវទទួលការព្យាបាល ឬតាមដានបន្តមុនពេលមានផ្ទៃពោះផងដែរ។ គួរបញ្ជាក់ផងដែរថា ស្ត្រី ឬអ្នកម្តាយដែលត្រៀមខ្លួនជាម្តាយទាំងអស់សូមទៅពិនិត្យសុខភាព ឬធ្វើតេស្តខាងលើនោះអ្នកនឹងទទួលបានសុខភាពល្អ សុវត្ថិភាព និងទទួលបានបុត្រដែលគួរឲ្យស្រលាញ់មិនខានឡើយ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top