Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

រួយកញ្ចឹងក ហាក់ត្រូវបានគេគិតជាញឹកញាប់ទៅលើរោគសញ្ញានៃជំងឺលើសសម្ពាធឈាម។ យ៉ាងណាមិញ យោងតាមការបកស្រាយរបស់វេជ្ជបណ្ឌិតវាអាចជាអាការៈបណ្តាលមកពីជំងឺផ្សេងដទៃទៀត ដែលអ្នកនឹងស្វែងយល់បានតាមរយៈករណីរបស់អ្នកអានម្នាក់ខាងក្រោម៖ សំណួរ៖ ខ្ញុំបាទមានអាយុ ៣៣ឆ្នាំ កម្ពស់ ១ម៉ែត្រ៦៣ ទម្ងន់ ៦១គីឡូក្រាម ជាកសិករមកពីខេត្តកំពង់ចាម។ ខ្ញុំតែងមានអាការៈរួយកញ្ចឹងកជាញឹកញាប់ដោយមិនដឹងមូលហេតុក្នុងរយៈពេល ២អាទិត្យចុងក្រោយនេះ។ តើអាការៈនេះអាចទាក់ទងនឹងជំងឺលើសឈាមឬទេ? ចម្លើយ៖ យោងតាមអ្វីដែលបានរៀបរាប់ខាងលើ គឺមិនអាចបញ្ជាក់ថាជាជំងឺលើសសម្ពាធឈាមនោះទេ ដោយសារតែគាត់មានអាយុត្រឹមតែ ៣៣ឆ្នាំប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ប្អូនក៏តម្រូវឲ្យធ្វើការពិនិត្យសម្ពាធឈាមផងដែរកាលណាលទ្ធផលសម្ពាធឈាម ១៤០ លើ៩០មិល្លីម៉ែត្របារ៉ត ពីរដងជាប់ៗគ្នានោះមានន័យថាមានជំងឺលើសសម្ពាធឈាម ដូច្នោះប្អូនត្រូវទៅជួបគ្រូពេទ្យទូទៅ ឬគ្រូពេទ្យសរសៃឈាមបេះដូងដើម្បីពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា។ ផ្ទុយទៅវិញ អាការៈរួយកញ្ចឹងកក៏អាចបណ្តាលមកពីជំងឺមួយចំនួនដូចជា ការរលាកសន្លាក់ឆ្អឹងក ការសឹកសន្លាក់ឆ្អឹងក ការគេងកើយខ្នើយខុសទម្រង់ និងការមើលទូរស័ព្ទ ឬទូរទស្សន៍យូរពេកដែលអាចធ្វើឲ្យសាច់នៅកញ្ចឹងកកន្រ្តាក់រឹងផងដែរ។ ដូចនេះ ប្អូនគួរទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យសាច់ដុំកញ្ចឹងក ឬពេលខ្លះអាចឈានដល់ការថតឆ្លុះមើលស្ថានភាពឆ្អឹងកញ្ចឹងកថាមានសឹក ឬកៀបឆ្អឹងទេ ដោយឡែកអាការៈខាងលើមិនមានអ្វីទាក់ទងនឹងជំងឺបេះដូងឡើយ។ បកស្រាយដោយ៖ សាស្ត្រាចារ្យមហាបរិញ្ញា សុខ ជួរ ឯកទេសជំងឺបេះដូង ប្រធានអ៊ុយនីតេជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ចំណេះដឹងតាមរយៈការអាននៅតែផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការយល់ដឹងពីព្រឹត្តិការណ៍នានា ក៏ដូចជាគន្លឹះក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។ ជាក់ស្ដែង គេហទំព័រ healthtime.tips បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវអត្ថបទផ្នែកសុខភាពជាច្រើនប្រភេទ ដែលមិនខុសពីខែមុននោះទេ ដោយក្នុងនោះសម្រាប់ខែឧសភា ក៏សង្កេតឃើញមានអត្ថបទ ៣ដែលទទួលបានការអានច្រើនបំផុតរួមមាន៖ ១. ប្រសិទ្ធភាពនៃ Folic Acid និង DHA ចំពោះស្រ្តីមានផ្ទៃពោះ សារធាតុសកម្ម Folic Acid ជាទម្រង់មួយដែលសំយោគចេញពីវីតាមីន បេ មានលក្ខណៈរលាយក្នុងទឹក ជាមួយមុខងារសំខាន់ក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហមរបស់ទារកសម្រាប់ចាប់ផ្តើមអភិវឌ្ឍផ្នែកប្រព័ន្ធសរសៃប្រសាទ។ ជាក់ស្តែង ពពួកវីតាមីន បេ នេះអាចមានវត្តមាននៅក្នុងអាហារប្រចាំថ្ងៃ ដូចជាបន្លែពណ៌បៃតងចាស់ ផ្លែឈើដែលមានរសជាតិជូរ និងប្រភេទផលិតផលធញ្ញជាតិជាដើម។ ចំណែកសារធាតុសកម្មមួយទៀតដែលមានឈ្មោះ Docosahexaenoic Acid (DHA) គឺជាប្រភេទខ្លាញ់អូមេហ្គា ៣ ដែលសម្បូរទៅដោយអត្ថប្រយោជន៍មិនសម្រាប់តែការប្រើប្រាស់ទូទៅ តែក៏ត្រូវបានទទួលស្គាល់ជាជំនួយដល់ការពពោះចាប់តាំងពីខែដំបូងផងដែរ។ ក្រៅពីសារធាតុចាំបាច់ខាងលើ ឱសថបំប៉នប្រភេទនេះក៏មាននូវការរួមផ្សំនូវវីតាមីន និងសារធាតុរ៉ែផ្សេងទៀត ដែលខុសគ្នាទៅតាមផលិតផលនីមួយៗដើម្បីជាការបំពេញតម្រូវការបន្ថែមក្នុងអំឡុងពេលមានផ្ទៃពោះ។ ចង់ដឹងកាន់តែលម្អិតអាចចូលទៅកាន់៖ https://healthtime.tips/library/article/1939 ២. សញ្ញាណនៃជំងឺប្រគ្រីវដែលអ្នកត្រូវដឹង ក្នុងរយៈពេល ២ ទៅ ៣ទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ទំនោរនៃការកើតជំងឺប្រគ្រីវមានកាន់តែច្រើនឡើងៗជាលំដាប់។ ជាក់ស្តែងប្រជាជនអាមេរិកដែលបានកើតជំងឺនេះមានប្រមាណជា ៤៣.៣លាននាក់ ត្រូវនឹង ២៣%នៃប្រជាជនពេញវ័យនៃប្រជាជនសរុប។ ថ្វីត្បិតកម្ពុជាមិនទាន់មានទិន្នន័យគ្រប់គ្រាន់និងច្បាស់លាស់ ប៉ុន្តែគេសង្កេតឃើញថាអត្រានៃជំងឺនេះមានការកើនឡើងដូចគ្នា នេះបើយោងតាមប្រសាសន៍របស់ សាស្រ្តាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្វែងយល់បន្ថែមពីជំងឺនេះតាមរយៈ៖ https://healthtime.tips/library/article/1948 ៣. អារម្មណ៍ភ័យស្លន់ស្លោបណ្តាលមកពីបេះដូងឬ? “ខ្ញុំបាទមានអាយុ ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៥៨គីឡូក្រាម ជានិស្សិតរស់នៅភ្នំពេញ។ ខ្ញុំតែងតែឆាប់មានអារម្មណ៍ភ័យស្លន់ស្លោ ហើយជួនកាលពេលខ្លះមានអាការៈឈឺបន្តិចបន្តួចនៅលើទ្រូងផ្នែកខាងឆ្វេងនិងបេះដូងលោតកន្ត្រាក់ញាប់បន្ទាប់ពីខ្ញុំមានគ្រោះថ្នាក់ដួលខ្ទប់ទ្រូងនៅលើដៃកង់សន្លប់កាលពី ១ឆ្នាំមុន។ តើនេះជាសញ្ញាអ្វី? តើខ្ញុំគួរដោះស្រាយដោយវិធីណា?” នេះជាបញ្ហាដែលបានលើកឡើងពីសំណាក់អ្នកអានម្នាក់ និងត្រូវបានបកស្រាយពីសំណាក់គ្រូពេទ្យឯកទេស។ កាន់តែច្បាស់ពីការបកស្រាយអាចចូលទៅកាន់៖ https://healthtime.tips/library/article/1938 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការឈឺចង្កេះ ជាបញ្ហាដែលតែងកើតមានជាញឹកញាប់ចំពោះប្រជាជនស្ទើរគ្រប់វ័យក្នុងអត្រា ៩០%នៃប្រជាជនទាំងអស់បើយោងតាមការសិក្សានានាកន្លងមក។ និយមន័យ ការឈឺចង្កេះ ឬការឈឺឆ្អឹងខ្នងផ្នែកចង្កេះ (Low Back Pain) គឺជាការឈឺចាប់ត្រង់តំបន់ឆ្អឹងខ្នងចង្កេះដែលជាទូទៅចាប់ពីឆ្អឹងកងចង្កេះទី១ ដល់ទី៥ និងបន្តរហូតដល់ឆ្អឹងកងគូទទី ១។ ជំងឺនេះត្រូវបានចែកចេញជា២ ប្រភេទគឺ៖ - ការឈឺចាប់ចង្កេះទូទៅ (Common Low Back Pain)៖ មូលហេតុចម្បងបណ្តាលមកពីការខូចខាតរចនាសម្ព័ន្ធនៃឆ្អឹងខ្នងចង្កេះតែម្តងរួមមានការលៀនឌីស ឬការសឹកឌីសនៃឆ្អឹងខ្នងចង្កេះ និងការវៀចនៃឆ្អឹងខ្នងជាដើម។ - ការឈឺចាប់តាមរោគសញ្ញានៃជំងឺមួយចំនួន (Sym ptomatic Low Back Pain)៖ បណ្តាលមកពីកត្តានៃជំងឺផ្សេងទៀត រួមមានជំងឺរបេង ជំងឺរលាករ៉ាំរ៉ៃ ជំងឺពុកឆ្អឹង ការរាលដាលនៃជំងឺមហារីកក្រពេញប្រូស្តាតរបស់បុរស (Prostate cancer) មហារីកសុដន់របស់ស្រ្តី មហារីកក្រពេញបំពង់ក (Thyroid cancer) មហារីកសួត ឬដុំកោសិកាមហារីកផ្សេងៗទៀត។ល។ ទាំងអស់នេះគឺជាករណីធ្ងន់ធ្ងរនៃជំងឺឈឺចង្កេះ។ បុគ្គលប្រឈម មានកត្តាហានិភ័យជាច្រើនដែលអាចបណ្តាលឲ្យឈឺចាប់ឆ្អឹងកងខ្នង ដោយអាចរួមបញ្ចូលទាំងអាយុ មុខរបរ របៀបរបបរស់នៅប្រចាំថ្ងៃ ទម្ងន់ កាយវិការខុសឆ្គង ការមានផ្ទៃពោះ ការជក់បារី និងកត្តាសេនេទិច។ - អាយុ៖ វ័យកាន់តែចាស់ ស្ថានភាពឆ្អឹងខ្នងរបស់អ្នកកាន់តែទ្រុឌទ្រោម ដែលអាចប្រឈមនឹងជំងឺសឹកឌីសឆ្អឹងខ្នង (Disc degeneration) ឬ Spinal stenosis។ ជាក់ស្តែង ប្រជាជនវ័យចន្លោះ៣០ ទៅ ៦០ឆ្នាំ ប្រឈមនឹងជំងឺពាក់ព័ន្ធភាពមិនប្រក្រតីនៃឌីសឆ្អឹងខ្នង ចំណែកប្រជាជនវ័យ ៦០ឆ្នាំឡើងប្រឈមនឹងការឈឺចាប់បណ្តាលមកពីការរលាកសន្លាក់ឆ្អឹង ( Osteoarthritis) ។ - មុខរបរ៖ ចំពោះការងារដែលតម្រូវឲ្យមានការលើកវត្ថុ ឬពត់ពែនខ្នងច្រើន អាចបង្កជាហានិភ័យខ្ពស់។ ការងារទាំងនេះអាចមានដូចជា កម្មករលីសែង ឬសំណង់ និងកីឡាករជាដើម។ ក្រៅពីនេះ ការងារដែលតម្រូវឈរច្រើនម៉ោង ដោយមិនមានការឈប់សម្រាក (ជាងកាត់សក់...) ឬការងារដែលតម្រូវឲ្យអង្គុយយូរ (អ្នកធ្វើការជាមួយកុំព្យូទ័រ) ក៏អាចបង្កជាបញ្ហាដែរ។ - របៀបរបបរស់នៅ៖ ការមិនចូលចិត្តធ្វើការហាត់ប្រាណ ឬការធ្វើលំហាត់ប្រាណដែលធ្ងន់ធ្ងរពេក ឬមិនត្រឹមត្រូវ។  - ទម្ងន់៖ បុគ្គលដែលមានទម្ងន់លើស (តាមរយៈការគណនា Body Mass Index) អាចដាក់សម្ពាធចំពោះឆ្អឹងខ្នងព្រមទាំងសន្លាក់ផ្សេងៗទៀតដូចជា ជង្គង់ជាដើម។ - ការមានផ្ទៃពោះ៖ ស្រ្តីមានផ្ទៃពោះតែងមានបញ្ហាឈឺចាប់ត្រង់ចង្កេះជាញឹកញាប់ ប៉ុន្តែជាទូទៅការឈឺចាប់នេះនឹងបាត់ទៅវិញក្រោយសម្រាល។ - ការប្រើប្រាស់ថ្នាំស្តេរ៉យ (Steroids)៖ ករណីប្រើប្រាស់ជាប្រចាំ និងរយៈពេលយូរអាចបណ្តាលឲ្យឆ្អឹងពុក បន្ទាប់មកឆ្អឹងខ្នងក៏ស្រុត ជាហេតុបណ្តាលឲ្យឈឺចង្កេះ។ - ធ្លាប់មានប្រវត្តិប៉ះទង្គិច៖ ករណីធ្លាប់មានគ្រោះថ្នាក់ដែលប៉ះពាល់ទៅលើឆ្អឹងចង្កេះខ្លាំង ក៏អាចបណ្តាលឲ្យមានការឈឺចាប់នៅពេលបន្ទាប់។ - ការជក់បារី៖ ការសិក្សាវិទ្យាសាស្រ្តបានបង្ហាញថាបុគ្គលជក់បារីអាចប្រឈមនឹងជំងឺឈឺចង្កេះដែលបណ្តាលមកពីការពុកឆ្អឹង ច្រើនជាងបុគ្គលដែលមិនបានជក់បារី។ - កត្តាសេនេទិច៖ តាមរយៈការសិក្សាវិទ្យាសាស្រ្តមួយចំនួនបានបង្ហាញថា ជំងឺទាក់ទងនឹងការខូចខាតឌីសនៃឆ្អឹងខ្នងមានជាប់ពាក់ព័ន្ធនឹងកត្តាសេនេទិចផងដែរ។ គួរបញ្ជាក់ថា ជាទូទៅបុរសតែងមានបញ្ហាឈឺចង្កេះច្រើនជាងមនុស្សស្រី ប៉ុន្តែក្រោយអស់រដូវ ស្រ្តីអាចប្រឈមនឹងការឈឺចង្កេះច្រើន នេះអាចបណ្តាលមកពីបម្រែបម្រួលអ័រម៉ូន ជំងឺពុកឆ្អឹង ភាពស្រេ្តស ឬជំងឺថប់បារម្ភ។ រោគសញ្ញា ជាទូទៅ ការឈឺចាប់អាចមានសភាពប្រែប្រួល និងខុសគ្នាអាស្រ័យទៅតាមមូលហេតុពិតប្រាកដដែលបង្កឲ្យមានបញ្ហានេះ។ ក្នុងនោះរោគសញ្ញាមានដូចតទៅ៖ - អាចឈឺចាប់ខ្លាំងភា្លមៗ ឬឈឺងំត្រង់ចង្កេះ និងជួនកាលអាចឈឺចាប់ពីចង្កេះចុះមកក្រោមរហូតដល់បាតជើង ឬខ្នងជើង ឬម្រាមជើងជាដើម - អាចបណ្តាលឲ្យមានការឈឺចាប់ត្រង់ផ្នែកផ្សេងទៀតនៃរាងកាយ អាស្រ័យទៅតាមប្រភេទសរសៃប្រសាទដែលត្រូវបានប៉ះពាល់ - អាចហើម រឹង ពិបាកឱន ក្រហាយ  ស្ពឹកត្រង់តំបន់ចង្កេះ - ជួនកាល ការឈឺចាប់អាចកាន់តែកើនឡើង នៅពេលធ្វើសកម្មភាពលើសកម្រិត និងខុសប្រក្រតីករណី Common Low Back Pain។ ផ្ទុយមកវិញការឈឺចាប់នឹងកាន់តែខ្លាំង នៅពេលអ្នកជំងឺនៅស្ងៀមពេលយប់ ពេលព្រលឹម ឬពេលមានអាកាសធាតុត្រជាក់ ចំពោះ Symptomatic Low Back Pain។ ការធ្វើរោគវិនិច្ឆ័យ ជាធម្មតា ក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ(Physical Examination) តាមរយៈការបង្គាប់ឲ្យធ្វើចលនាផ្សេងៗ និងកំណត់អំពីកម្រិតនៃភាពឈឺចាប់ពីមាត្រដ្ឋាន ០ ទៅ ១០។ បន្ថែមពីនេះ ការពិនិត្យដោយប្រើប្រាស់ឧបករណ៍អមវេជ្ជសាស្ត្រនានានឹងត្រូវបានធ្វើឡើងផម៉ាស៊ីន X-ray MRI ឬ CT Scan និងវាស់កំហាប់ឆ្អឹង។ ម៉្យាង ការពិនិត្យឈាម និងបច្ចេកទេសអមវេជ្ជសាស្រ្ដផ្សេងទៀតក៏អាចត្រូវបានរាប់បញ្ចូលផងដែរ។ ការព្យាបាល ការព្យាបាលបញ្ហាឈឺចង្កេះជាទូទៅអាស្រ័យនឹងប្រភេទនៃមូលហេតុ ដោយអាចមានជាការវះកាត់ប្រសិនបើជាករណីធ្ងន់ធ្ងរ។ ជោគជ័យនៃការព្យាបាលជំងឺនេះភាគច្រើនលើសលប់ផ្អែកទៅលើការព្យាបាលដោយមិនបាច់ធ្វើការវះកាត់នោះទេ ដែលអាចមានដូចជា ការប្រើប្រាស់ឧបករណ៍ស្អំក្តៅ ឬត្រជាក់ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ (Analgesic), NSAID, Myorelaxant, Anticonvulsant និងAntidepressant។ ការចាក់ថ្នាំប្រភេទស្តេរ៉យ (Steroid) ចូលក្នុងឆ្អឹងខ្នង ការព្យាបាលដោយចលនា ការធ្វើលំហាត់ប្រាណ សុទ្ធតែជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពក្នុងការព្យាបាល។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៃជំងឺឈឺចង្កេះនេះអាចមានភាពផ្សេងៗគ្នា ប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀត។ ហេតុនេះ ការជួបប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាប្រការដែលចាំបាច់ និងខានពុំបាន ដើម្បីកំណត់អំពីមូលហេតុពិតប្រាកដ និងការព្យាបាលដែលត្រឹមត្រូវមានប្រសិទ្ធភាព និងសុវត្ថិភាព។ វិធានការការពារ ដើម្បីចៀសវាងគ្រោះថ្នាក់ទាក់ទងការឈឺចង្កេះ៖ - ត្រូវប្រុងប្រយ័ត្នរាល់ពេលលើក ឬសែងវត្ថុធ្ងន់ - ជានិច្ចកាល ត្រូវរក្សាដងខ្លួនឲ្យត្រង់ - ត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ (កុំអង្គុយយូរពេក ឬឈរច្រើនម៉ោងពេក) - កាត់បន្ថយទម្ងន់ ក្នុងករណីលើសទម្ងន់ - គ្រប់គ្រងរបបអាហារកុំឲ្យលើសទម្ងន់ ជាពិសេសត្រូវទទួលទានអាហារដែលសម្បូរទៅដោយកាល់ស្យូម - ធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ - ហាមជក់បារី និងកាត់បន្ថយការទទួលទានសុរា - ត្រូវប្រើប្រាស់ថ្នាំទៅតាមវេជ្ជបញ្ជា - ប្រើប្រាស់ឧបករណ៍ការពារទ្រទ្រង់ចង្កេះ (ក្រណាត់រុំ...) រាល់ពេលធ្វើសកម្មភាពធម្មតា (ឈឺរ៉ាំរ៉ៃ)។ ផលវិបាក ក្នុងករណីខ្លះ ប្រសិនបើមិនទទួលបានការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងភាពពិការ ដោយសារការវិវឌ្ឍទៅរកការគាបសរសៃស្យាទិច (Sciatic Nerve) ដែលជាផលវិបាកដ៏គួរឲ្យព្រួយបារម្ភ ព្រមទាំងជាមូលហេតុចម្បងដែលបណ្តាលឲ្យបាត់បង់ការងារ ឬសកម្មភាពប្រចាំថ្ងៃ។ លើសពីនេះ វាក៏បង្កឲ្យមានជំងឺធ្លាក់ទឹកចិត្ត ដែលបណ្តាលមកពីការឈឺចាប់រ៉ាំរ៉ៃផងដែរ។   សូមកុំមើលរំលងការឈឺចង្កេះរ៉ាំរ៉ៃដែលអាចប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកដោយគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងរកអំពីមូលហេតុពិតប្រាកដដើម្បីទទួលបានការព្យាបាលមួយដែលមានប្រសិទ្ធភាព សុវត្ថិភាព និងគុណភាព។ បកស្រាយដោយ៖ សាស្រ្តាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

កម្ពស់ អាចជាផ្នែកមួយដែលគេអាចវាស់វែងបានពីគុណភាពនៃការលូតលាស់របស់កុមារ។ បើទោះបីវាជាប់ពាក់ព័ន្ធជាចម្បងទៅនឹងហ្សែន និងអ័រម៉ូនរបស់បុគ្គលម្នាក់ៗ តែការផ្តល់ជីវជាតិពីរបបអាហារដែលត្រឹមត្រូវក៏រួមចំណែកក្នុងការលូតលាស់ និងជំរុញឲ្យអ័រម៉ូនដំណើរការបានល្អផងដែរ។ ការជ្រើសរើសអាហារបែបណាសម្រាប់កូនៗអាចជារឿងពិបាក ដែលអ្នកអាចស្វែងយល់តាមរយៈអាហារូបត្ថម្ភខាងក្រោម៖ សាច់មាន់ សាច់មាន់មានផ្ទុកប្រូតេអុីនខ្ពស់ ដែលអំណោយផលសម្រាប់ការលូតលាស់របស់ឆ្អឹង និងសាច់ដុំ ពិសេសការលូតលាស់ផ្នែករាងកាយរបស់កុមារ។ ឪពុកម្តាយគ្រប់រូបគួរតែបន្ថែមសាច់មាន់ជាប្រចាំទៅក្នុងអាហាររបស់កូនៗ ដែលអាចរកបានយ៉ាងងាយនៅលើទីផ្សារ។ ស៊ុត ក្រៅពីសាច់មាន់ ស៊ុតក៏ជាប្រភពនៃប្រូតេអុីនមិនអាចខ្វះបាននៅក្នុងរបបអាហារប្រចាំថ្ងៃរបស់កូនរបស់អ្នក។ ជាក់ស្តែង ស៊ុតសម្បូរទៅដោយសារជាតិបំប៉ន វីតាមីនA វីតាមីន B១២ វីតាមីន D ដែលជួយជំរុញដល់ការលូតលាស់ផ្នែករាងកាយរបស់កុមារបានយ៉ាងប្រសើរ។ អ្នកអាចឲ្យកូនទទួលទានស៊ុត ១ ទៅ២គ្រាប់ក្នុងមួយថ្ងៃ ដោយផ្តោតទៅលើផ្នែកសឲ្យបានច្រើន ពីព្រោះវាមានផ្ទុកនូវសារធាតុអាល់ប៊ុយមីនដែលមិនធ្វើឲ្យឡើងទម្ងន់ដល់ទៅ ១០០ ភាគរយ។ ត្រីសមុទ្រ ត្រីជាអាហារមួយប្រភេទដែលជួយជំរុញ និងមានប្រសិទ្ធភាពដល់ការលូតកម្ពស់ ផ្នែកស្មារតី ពិសេសផ្នែករាងកាយរបស់កុមារ។ អ្នកអាចជ្រើសរើស ត្រីសាម៉ុង ត្រីធូណា និងត្រីសាឌីន ដោយវាសម្បូរនូវវីតាមីន D ក្នុងការជួយស្រូបយកសារធាតុកាល់ស្យូម។ ចំណែកប្រូតេអុីនដែលមាននៅក្នុងសាច់ត្រីក៏មានតួនាទីពង្រឹង និងជួយឲ្យឆ្អឹងរបស់កុមារលូតលាស់បានល្អផងដែរ។ ទឹកដោះគោ ទឹកដោះគោសម្បូរនូវជាតិកាល់ស្យូមខ្ពស់ដែលជួយដល់ការលូតលាស់ផ្នែករាងកាយកុមារ ធ្វើឲ្យឆ្អឹងរឹងមាំ និងរួមចំណែកការពារមិនឲ្យឆ្អឹងពុកផុយ ឬបាក់។ ជាក់ស្តែង ផលិតផលទាំងនោះរួមមានដូចជា ឈីស យ៉ាអួរ និងទឹកដោះគោស្រស់ ដែលសម្បូរទៅដោយវីតាមីន A, B, D និងស័ង្កសីដែលជាសារធាតុជំរុញជាលិកាឆ្អឹងរបស់កុមារឲ្យស្រូបយកជាតិកាល់ស្យូម ព្រមទាំងជួយដល់ការលូតលាស់កោសិកាបានយ៉ាងឆាប់រហ័ស ដោយលោកអ្នកគ្រាន់តែឲ្យកូនញុំាទឹកដោះគោ ២ ទៅ៣កែវក្នុងមួយថ្ងៃជាការស្រេច។ បន្លែ និងផ្លែឈើ ប្រភេទអាហារជាបន្លែ និងផ្លែឈើសម្បូរនូវជាតិសរសៃវីតាមីនចម្រុះ ប៉ូតាស្យូម និងសារជាតិខនិជ និងសារជាតិចិញ្ចឹមជាច្រើនទៀត ដែលមានប្រសិទ្ធភាពប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងរាងកាយជួយឲ្យកោសិកាក្នុងរាងកាយកុមារលូតលាស់ និងអាចធ្វើឲ្យឆ្អឹងរឹងមាំបានល្អប្រសើរផងដែរ។ អ្នកអាចបញ្ចូល ផ្លែល្ហុង ប៉េងប៉ោះ ផ្លែស្វាយ ការ៉ុត ស្ពៃក្តោប ប្រូខូលី ផ្លែឪឡឹកនិងផ្លែប័រទៅក្នុងរបបអាហារជាប្រចាំថ្ងៃ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

អតិថិជន ឬអ្នកជំងឺទាំងអស់មានសិទ្ធិទទួលបានការរក្សាអាថ៌កំបាំងនូវរាល់ព័ត៌មានទាំងអស់ (ស្ថានភាព សុខភាព រោគវិនិច្ឆ័យ សភាពជំងឺ ការព្យាបាល និងព័ត៌មានផ្ទាល់ខ្លួនដទៃទៀត សូម្បីតែក្រោយពីគាត់ស្លាប់ក៏ដោយ។ ករណីសិក្សា៖ សុភា ជាគិលានុបដ្ឋាយិកានៅមណ្ឌលសុខភាព។ ថ្ងៃមួយមានអ្នកភូមិម្នាក់ឈ្មោះនារី បានមកមណ្ឌលសុខភាព ព្រោះនាងមានជំងឺទាក់ទងនឹងសុខភាពផ្លូវភេទ បន្ទាប់ពីបានពិនិត្យរួចរាល់ និងទទួលបានការណែនាំរួចមក នារីក៏បានជម្រាបលាអ្នកគ្រូពេទ្យសុភាទៅផ្ទះ ស្រាប់តែរំពេចនោះចិន្តាដែលជាអ្នកភូមិជាមួយនារីបានមកពិនិត្យសុខភាពនៅមណ្ឌលសុខភាពដែរ ហើយក៏បានលួចសួរអ្នកគ្រូពេទ្យសុភាអំពីអាការៈរោគរបស់នារី។ សុភា ដោយយល់ថា នារី និងចិន្តាជាអ្នកភូមិជាមួយគ្នា ក៏បានប្រាប់ពីអាការៈរោគរបស់នារី ទៅចិន្តា។ ការពិត នារីនិងចិន្តាបានឈ្លោះទាស់ទែងខ្វែងគំនិតគ្នាតាំងពីយូរមកហើយពួកគេរកឱកាសដើម្បីបង្ខូចកិត្តិយសគ្នាទៅវិញទៅមក។ បន្ទាប់ពីបានដឹងអំពីសភាពជំងឺរបស់នារី ចិន្តាបាននិយាយប្រាប់អ្នកភូមិពីម្នាក់ទៅម្នាក់ថានារី មានជំងឺស្វាយ ពីព្រោះនាងបានឆ្លងជំងឺនេះ និងជាមិនដាច់សោះដោយសារនាងធ្លាប់ធ្វើជានារីរកស៊ីផ្លូវភេទកាលពីនៅជាយុវតីដោយសារបញ្ហាគ្រួសាររបស់នាងក្រីក្រពេក។ សំណួរ៖ - តើនៅក្នុងរឿងនេះ នារីបានឆ្លើយតបវិញ (មានប្រតិកម្ម) យ៉ាងណាខ្លះ? តើនាងទទួលនូវការខូចចិត្តដែរឬទេ? - តើនារីមានអារម្មណ៍ចំពោះអ្នកគ្រូពេទ្យសុភាយ៉ាងណាដែរ? - បើអ្នកគ្រូសុភាបានដឹងរឿងរ៉ាវនេះកើតឡើង តើគាត់មានអារម្មណ៍យ៉ាងដូចម្តេច? - ក្នុងនាមជាគ្រូពេទ្យ តើយើងគួរធ្វើដូចជាអ្នកគ្រូពេទ្យសុភាដែរឬទេ? តើការអនុវត្តចំពោះសិទ្ធិក្នុងការរក្សាភាពអាថ៌កំបាំងមានអ្វីខ្លះ? • អ្នកគ្រប់គ្រងមូលដ្ឋានសុខាភិបាល និងអ្នកទទួលខុសត្រូវត្រូវធានាថារាល់ឯកសារ បញ្ជី និងទិន្នន័យរបស់អតិថិជនត្រូវរក្សាទុកឲ្យបានត្រឹមត្រូវ និងនៅកន្លែងមានសុវត្ថិភាព • មូលដ្ឋានសុខាភិបាលត្រូវមានទម្រង់បែបបទការងារច្បាស់លាស់សម្រាប់អនុញ្ញាតឲ្យបុគ្គលិកសុខាភិបាលក្នុងការចូលទៅប្រើប្រាស់នូវរាល់ឯកសារបញ្ជី និងទិន្នន័យរបស់អតិថិជន • រាល់ឯកសារ ឬបញ្ជីរបស់អតិថិជនអាចដកយកបានដោយបុគ្គលិកសុខាភិបាលដែលបានចាត់តាំងត្រឹមត្រូវ • អ្នកផ្តល់សេវាត្រូវប្រើប្រាស់បណ្តាញទំនាក់ទំនងដែលធានានូវការសម្ងាត់ និងដោយមានការយល់ព្រមពីអតិថិជន • អ្នកគ្រប់គ្រងសុខាភិបាល និងអ្នកទទួលខុសត្រូវត្រូវធានាថារាល់ព័ត៌មានសម្ងាត់ទាំងអស់អាចបង្ហាញឲ្យដឹង លុះត្រាតែអតិថិជនយល់ព្រម • ប្រសិនបើមានការស្នើសុំព័ត៌មាន សម្រាប់ការងារទាក់ទងនឹងច្បាប់ការស្នើសុំនោះត្រូវធ្វើតាមរយៈលិខិតផ្លូវការ • ព័ត៌មានសម្ងាត់ស្តីពីសុខភាពរបស់អតិថិជនអាចប្រើប្រាស់ ឬបង្ហាញឲ្យដឹង (ឈ្មោះ ទីកន្លែង) ដល់អង្គភាពរដ្ឋ ឬឯកជនដែលទទួលស្គាល់ដោយច្បាប់ ឬធម្មនុញ្ញ សម្រាប់តែវិធានការនានាក្នុងកិច្ចការទប់ស្កាត់ ភយន្តរាយ • អ្នកគ្រប់គ្រងសុខាភិបាល និងអ្នកទទួលខុសត្រូវ ត្រូវធានាថារាល់ទិន្នន័យសម្ងាត់ទាំងអស់របស់អតិថិជនត្រូវបានការពារ  និងរក្សាទុកបានត្រឹមត្រូវ • សារធាតុរបស់មនុស្សដូចជា ឈាម ជាលិកា និងសរីរាង្គដទៃទៀតដែលជាប្រភពនៃព័ត៌មានរបស់អតិថិជន ត្រូវកម្ទេចចោលឲ្យបានត្រឹមត្រូវ ឬរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព • អ្នកផ្តល់សេវាត្រូវប្រាប់អតិថិជនឲ្យដឹងពីរបៀប និងពេលវេលាដែលអាចដកយករាល់ទិន្នន័យនៅពេលដែលត្រូវការ • អ្នកផ្តល់សេវាត្រូវដឹងពីគោលបំណងនៃការប្រើទិន្នន័យរបស់អតិថិជន។ តើការទទួលខុសត្រូវ ចំពោះសិទ្ធិក្នុងការរក្សាភាពអាថ៌កំបំាងមានអ្វីខ្លះ? • អតិថិជនទទួលខុសត្រូវក្នុងការរក្សាទុកព័ត៌មានសុខាភិបាលដែលបានប្រគល់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈអនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជំងឺរលាកទ្វារមាស ជាការរលាកនៅនឹងជញ្ជាំងទ្វារមាសដែលបណ្តាលមកពីពពួកផ្សិត បាក់តេរី វីរុស ឬប៉ារ៉ាស៊ីត។ ជំងឺនេះកើតមានប្រមាណ ៣០%នៃស្រ្តី និងភាគច្រើនលើស្ត្រីក្នុងវ័យបន្តពូជអាយុ ១៥ ទៅ៤៩ឆ្នាំ។ ចំណែកមូលហេតុនៃការបង្ករោគអាចបណ្តាលមកពីកត្តាជាច្រើន ក្នុងនោះទម្លាប់មិនល្អប្រចាំថ្ងៃនានា ក៏បានជះឥទ្ធិពលដល់ការកកើតជាជំងឺនេះផងដែរ។ ចង់ដឹងថាទម្លាប់ទាំងនោះមានអ្វីខ្លះ អាចតាមដានអត្ថបទខាងក្រោម៖ - ចូលចិត្តប្រើសាប៊ូដុសខ្លួន ជំនួសទឹកអនាម័យ ជាទូទៅ សាប៊ូដុសខ្លួនដែលសុភាពនារីចូលចិត្តប្រើភាគច្រើនសុទ្ធតែមានក្លិនក្រអូបខ្លាំង ហើយកំហុសឆ្គងមួយដែលតែងតែកើតឡើងជាញឹកញាប់នោះគឺការទម្លាប់លាងសម្អាតតំបន់ទ្វារមាស ជាមួយសាប៊ូដែលមានក្លិនក្រអូបបែបនេះ។ ចូរចងចាំថាក្លិនក្រអូបទាំងនោះអាចធ្វើឲ្យបាត់បង់តុល្យភាពកម្រិតអាស៊ីត (pH) នៅតំបន់ទ្វារមាសរបស់អ្នកបាន។ តុល្យភាព pH មានតួនាទីក្នុងការរក្សាបាននូវការរស់រានរបស់បាក់តេរីល្អដែលជារបាំងការពារពីការឈ្លានពានមេរោគ និងបាក់តេរីអាក្រក់នានាពីមជ្ឈដ្ឋានខាងក្រៅព្រមទាំងអាចជួយរក្សាសំណើមដល់ទ្វារមាសទៀតផង។ - ទម្លាប់លាងទ្វារមាសជាមួយឧបករណ៍ Douche តាមធម្មតា Douche ត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ក្នុងករណីដែលមានជំងឺនៅទ្វារមាសចំពោះស្រ្តីមួយចំនួន។ តាមការសិក្សាវិទ្យាសាស្ត្រកន្លងមកបានបង្ហាញថា ការប្រើប្រាស់ Douche អាចបង្កជាហានិភ័យជាច្រើនចំពោះសុខភាពទ្វារមាស រួមមានការកើនឡើងនូវការរលាកទ្វារមាស រលាកអាងត្រគាកការពិបាកមានកូន និងជំងឺមហារីកមាត់ស្បូនជាដើម។ គួរបញ្ជាក់ថាមូលហេតុនៃហានិភ័យទាំងនេះ អាចបណ្តាលមកពីបម្រែបម្រួលនៃកម្រិតអាស៊ីត (pH) ព្រោះថា Douche មានផ្ទុកកម្រិតអាស៊ីតខ្ពស់ ព្រមទាំងមានក្លិនក្រអូបផងដែរ។ - ទម្លាប់ស្លៀកខោទ្រនាប់រឹបតឹងខ្លាំង សើម និងគ្មានខ្យល់ចេញចូល ខោទ្រនាប់ជាវត្ថុខាងក្រៅមួយដែលនៅជិតស្និទ្ធនឹងតំបន់ទ្វារមាសជាងគេហេតុនេះប្រសិនបើអ្នកមិនបានផ្លាស់ប្តូរខោទ្រនាប់ជាប្រចាំ ទុកឲ្យសើមផ្អាប់ ឬរឹបតឹងខ្លាំង មិនមានខ្យល់ចេញចូល អ្នកអាចប្រឈមនឹងការកើតជំងឺទ្វារមាសដោយពពួកផ្សិត។ ដូច្នេះ អ្នកគួរផ្លាស់ប្តូរការស្លៀកខោទ្រនាប់រឹបតឹង ឬអាចជ្រើសរើសខោទ្រនាប់ប្រភេទសាច់ក្រណាត់កប្បាស ដែលអាចសម្រួលដល់ខ្យល់ចេញចូលបានល្អជាងប្រភេទសាច់ក្រណាត់ដទៃទៀត ឬអ្នកអាចប្រើប្រាស់សំឡីអនាម័យតូចប្រចាំថ្ងៃដែលងាយស្រួលផ្លាស់ប្តូរ ពេលអ្នករវល់ធ្វើការងារពេញមួយថ្ងៃ។ - លាងសម្អាតផ្នែកខាងក្រោយមកទ្វារមាសខាងមុខ ក្រោយពីបន្ទោបង់រួច ស្ត្រីភាគច្រើនចូលចិត្តមានទម្លាប់បាញ់ទឹកសម្អាតពីទ្វារធំមកទ្វារមាសខាងមុខ។ អ្នកដឹងទេ? ទ្វារធំសម្បូរទៅដោយបាក់តេរីកាចសាហាវច្រើនប្រភេទណាស់ ដោយបាក់តេរីមួយចំនួនមិនបង្កជាជំងឺឡើយនៅទីតាំងទ្វារធំ តែវានឹងបង្កជាជំងឺធ្ងន់ធ្ងរទៅវិញចំពោះទ្វារមាស រួមមានជំងឺរលាកទ្វារមាសជាដើម។ - ហែលទឹករួច ចូលចិត្តផ្អាប់ទុក អាងហែលទឹកតែងមានកម្រិត pH ខ្ពស់ ដែលយើងអាចហៅម៉្យាងទៀតថាកម្រិតបាស។ មជ្ឈដ្ឋានបាសបែបនេះសម្រួលដល់ការលូតលាស់របស់ពពួកផ្សិតដែលជាមូលហេតុបង្កចំពោះការកកើតជំងឺរលាកទ្វារមាស។ ហេតុនេះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺអ្នកចាំបាច់ត្រូវរូតរះលាងសម្អាតទ្វារមាសជាមួយទឹកអនាម័យស្ត្រីដែលមាន pH សមរម្យ  រួមជាមួយទឹកស្អាតផងដែរ។ សូមចៀសវាងការផ្អាប់ទុករយៈពេលយូរ! - ប្រើប្រាស់ថ្នាំផ្សះជាញឹកញាប់ ជាក់ស្តែង ការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវនៅតែជាកង្វល់ចម្បងចំពោះសុខភាពសាធារណៈទូទាំងសកលលោក ជាពិសេសប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍតែម្តង។ ក្នុងនោះ ការប្រើប្រាស់ថ្នាំផ្សះញឹកញាប់អាចបណ្តាលឲ្យបាក់តេរីល្អរបស់រាងកាយត្រូវបានបាត់បង់ ពីព្រោះការប្រើប្រាស់ថ្នាំផ្សះមិនមែនសម្លាប់តែបាក់តេរីអាក្រក់នោះទេ។ ចំពោះសុខភាពទ្វារមាស ការបាត់បង់បាក់តេរីល្អជាបញ្ហាធ្ងន់ធ្ងរ និងគួរឲ្យបារម្ភ ដោយបាក់តេរីប្រភេទនេះដើរតួនាទីសំខាន់ក្នុងការរក្សាសុខភាពទ្វារមាស បញ្ចៀសពីជំងឺនានា។ សូមកុំប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯងដោយមិនបានពិភាក្សាជាមួយគ្រូពេទ្យ! - របបអាហារគ្មានជីវជាតិ អាហារកំប៉ុង អាហារកែច្នៃ ប្រហិត អាហារចៀនបំពងមានយ៉ាងសម្បូរបែបនៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ចំពោះសុភាពនារីដែលចូលចិត្តការបរិភោគអាហារបែបនេះ ពិតជាគំរាមកំហែងដល់សុខភាពទ្វារមាសយ៉ាងខ្លាំង។ ផ្ទុយមកវិញ អាហារសម្បូរទៅដោយសារធាតុចិញ្ចឹមមានសមត្ថភាពក្នុងការទ្រទ្រង់សុខភាពរាងកាយទាំងមូល និងសុខភាពទ្វារមាសឲ្យបានរឹងមាំ។ ក្រៅពីការអនុវត្តអនាម័យប្រចាំថ្ងៃដែលត្រឹមត្រូវចំពោះទ្វារមាសសុភាពនារីទាំងឡាយ ចាំបាច់ទទួលទានអាហារសំខាន់ៗមួយចំនួនបន្ថែមទៀតដូចជា បន្លែបៃតង ផ្លែឈើ ទឹកដោះគោជូរជាដើម។ - ការមានដៃគូរួមភេទច្រើន គឺជាកត្តាមួយក្នុងចំណោមកត្តាបង្កចម្បងនៃជំងឺរលាកទ្វារមាសដែលតែងកើតមានជាញឹកញាប់ចំពោះស្ត្រីដែលមានដៃគូរួមភេទច្រើន។ ដូចនេះដើម្បីបញ្ចៀសពីការកើតជំងឺនេះ អ្នកចាំបាច់កម្រិតនូវការមានដៃគូរួមភេទតាមតែអាចធ្វើបាន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជាតិដែក ជាសារធាតុចម្បងក្នុងការបង្កើតអេម៉ូក្លូប៊ីន ដែលជាប្រភេទគ្រាប់ឈាមក្រហមសម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់បុគ្គលម្នាក់ៗហើយវាត្រូវបានយកចូលក្នុងរាងកាយតាមរយៈរបបអាហារជាប្រចាំថ្ងៃ។ ដោយឡែកក្នុងលក្ខខណ្ឌ តម្រូវការជាតិដែកមានការកើនឡើងនោះទាមទារឲ្យមានការប្រើប្រាស់បន្ថែមនូវជាតិដែកក្រោមទម្រង់ជាឱសថបំប៉ន។ សកម្មភាពឱសថ ជាតិដែក ជាសារធាតុរ៉ែចាំបាច់ម៉្យាងសម្រាប់ធ្វើការផលិតកោសិកាឈាមក្រហមក្នុងរាងកាយ។ នៅពេលរាងកាយមិនអាចទទួលបានជាតិដែកគ្រប់ចំនួននោះការផលិតកោសិកាឈាមក្រហមក៏មិនអាចប្រព្រឹត្តិទៅបានពេញលេញ ដែលលក្ខខណ្ឌនេះហៅថាកង្វះជាតិដែក ឬកង្វះឈាម។ ជាក់ស្ដែងការប្រើប្រាស់បន្ថែមនូវថ្នាំគ្រាប់ជាតិដែកគឺសម្រាប់ស្ថានភាពបុគ្គលដែល៖ • មានបញ្ហាហូរឈាម • អ្នកជំងឺលាងឈាម • ជំងឺក្រពះ ពោះវៀន • អ្នកជំងឺខ្វះឈាម • ស្រ្តីមានផ្ទៃពោះ ឬទារកដែលត្រូវការជាតិដែកបន្ថែម។ ក្រៅពីនេះ គ្រាប់ថ្នាំជាតិដែកក៏អាចណែនាំឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌផ្សេងទៀតទៅតាមស្ថានភាពជំងឺ និងការអនុញ្ញាតពីសំណាក់អ្នកជំនាញ។ កម្រិត និងការប្រើប្រាស់ ជាទូទៅ គ្រាប់ថ្នាំជាតិដែកត្រូវបានឲ្យប្រើប្រាស់មួយថ្ងៃម្ដង ឬពីរដង អាស្រ័យទៅតាមតម្រូវការនីមួយៗរបស់បុគ្គលពេញវ័យ។ វាត្រូវបានស្រូបចូលបានយ៉ាងល្អនៅក្នុងក្រពះ ដែលអ្នកអាចប្រើប្រាស់បាន ១ម៉ោងមុន ឬ ២ម៉ោងក្រោយនៃការញ៉ាំអាហារនីមួយៗ និងត្រូវញ៉ាំទឹកឲ្យបានច្រើននៅពេលលេបហើយចៀសវាងលេបជាមួយសារធាតុផ្សេងដូចជា តែ ឬកាហ្វេដែលអាចធ្វើឲ្យថយចុះប្រសិទ្ធភាពរបស់ឱសថ។ ដោយឡែកសម្រាប់ការប្រើប្រាស់ចំពោះទារក ឬកុមារ អ្នកអាចលាយឱសថជាមួយទឹកដោះគោ ឬទឹកផ្លែឈើដើម្បីបង្កការងាយស្រួលក្នុងការលេប។ ចំណែកការប្រើប្រាស់ឱសថក្នុងទម្រង់ផ្សេងអាចនឹងមានការប្រែប្រួលតួយ៉ាង៖ • ទម្រង់គ្រាប់ទំពារ៖ ត្រូវទំពារឲ្យបានម៉ត់មុនពេលលេប • ទម្រង់ឱសថទឹក៖ ត្រូវធ្វើការក្រឡុកឲ្យបានសព្វ និងត្រូវវាស់តាមរយៈរង្វាល់ឲ្យបានត្រឹមត្រូវ។ ផលរំខាន ការប្រើប្រាស់គ្រាប់ថ្នាំជាតិដែកលើកដំបូងអាចបង្កជាផលរំខាននានាតែមិនចោទជាបញ្ហាធ្ងន់ធ្ងរនោះទេរួមមាន៖ • ទល់លាមក • រាក • ឈឺចាប់ក្នុងក្រពះ • ចង្អោរ • ប្រែប្រួលសភាពពណ៌នៃធ្មេញជាដើម។ ក្រៅពីផលរំខានមួយចំនួន ឱសថបំប៉ននេះក៏បណ្តាលឲ្យមានប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរផងដែរដែលអ្នកអាចសង្កេតឃើញមានមានរោគសញ្ញាដូចជា កន្ទួល រមាស់ ហើម (ពិសេសនៅមុខ អណ្ដាត បំពង់ក) អាការៈធីងធោងធ្ងន់ធ្ងរ ឬពិបាកដកដង្ហើម។ បម្រុងប្រយ័ត្ន មុនប្រើប្រាស់គ្រាប់ថ្នាំជាតិដែក អ្នកក៏គួរមានការប្រុងប្រយ័ត្នក្នុងករណី៖ • មានប្រតិកម្ម ឬអាល្លែកហ្ស៊ីជាមួយសារធាតុសកម្មជាតិដែក • ប្រាប់ទៅកាន់វេជ្ជបណ្ឌិតប្រសិនអ្នកកំពុងតែប្រើប្រាស់ឱសថផ្សេងទៀតជាប្រចាំថ្ងៃ ឬអ្នកមានជំងឺប្រចាំកាយដូចជាបញ្ហាថ្លើម ឬវិបត្តិក្រពះពោះវៀនជាដើម។ សម្រាប់ឱសថជាតិដែក ដែលអ្នកអាចរកបាននៅលើទីផ្សារមានឈ្មោះដូចជា Haemovit®Plus, Feroglobin ឬ Ferrovit ជាដើម។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ស្ករជាសារធាតុម៉្យាងដែលសឹងតែអាចមានក្នុងអាហារគ្រប់ប្រភេទ និងទទួលបានការពេញនិយមជាខ្លាំង។ ប៉ុន្តែ តើស្ករដែលយើងតែងបរិភោគរាល់ថ្ងៃពិតជាអាចបង្កឲ្យមានជំងឺមហារីកមែនទេ? ម៉្យាង តើប្រភេទស្ករទាំងអស់សុទ្ធតែអាចបង្កជាជំងឺមហារីក? សំណួរ៖ សំណួរមួយដែលតែងត្រូវបានចោទសួរពីសារធារណជននោះគឺ តើការបរិភោគស្ករមានទំនាក់ទំនងជាមួយជំងឺមហារីកដែរឬទេ? ចម្លើយ៖ ការឆ្លើយតបទៅនឹងសំណួរនេះគឺមិនងាយស្រួលនោះទេ។ ជាក់ស្តែងការសិក្សាបែបវិទ្យាសាស្ត្របានបង្ហាញថា ការបរិភោគស្ករបរិមាណច្រើនលើសលប់ និងរយៈពេលយូរអាចបង្កជាការកកើតខ្លាញ់ក្នុងរាងកាយកាន់តែច្រើនឡើងៗដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកច្រើនប្រភេទ (មហារីកសុដន់ ឬមហារីកពោះវៀនធំ...)។ អាហារដែលសម្បូរស្ករអាចជំនួសតួនាទីសំខាន់ៗរបស់អាហារដែលសម្បូរទៅដោយជីវជាតិ (មានដូចជាវីតាមីន ជាតិរ៉ែ អាហារប្រភេទសរសៃ) ក្នុងការប្រឆាំងនឹងជំងឺមហារីកនៅក្នុងរាងកាយរបស់យើង។ កោសិកាទាំងអស់នៅក្នុងរាងកាយ រួមបញ្ចូលទាំងកោសិកាមហារីក ជាប្រភេទកោសិកាដែលប្រើប្រាស់ស្ករសម្រាប់បង្កើតថាមពលដើម្បីដំណើរការមុខងារប្រចាំថ្ងៃនានា។ រាងកាយរបស់យើងមានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាមដូច្នេះគ្រប់កោសិកាទាំងអស់សុទ្ធតែអាចទទួលបានការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ និងមានស្ថេរភាព។ តើស្ករបានមកពីណា? ស្ករ ឬហៅម៉្យាងទៀតថា កាបូហាយដ្រេត ត្រូវបានរកឃើញក្នុងធម្មជាតិនៅក្នុងប្រភេទអាហារដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សណ្តែក សណ្តែកបាយ និងប្រភេទអាហារដែលមានសារធាតុទឹកដោះគោមួយចំនួនទៀត។ ស្ករក៏ត្រូវបានគេបន្ថែមក្នុងអាហារដូចជា ភេសជ្ជៈផ្អែម គ្រាប់ធញ្ញជាតិកែច្នៃ ស្ករគ្រាប់ នំដុត និងបង្អែមជាដើម ។ តើយើងគួរចៀសវាងការបរិភោគស្ករគ្រប់ប្រភេទឬទេ? វាពិតជាពិបាកណាស់ក្នុងការចៀសវាងការបរិភោគគ្រប់ប្រភេទស្ករនៅក្នុងអាហាររបស់ពួកយើង។ បើទោះបីយើងអាចកាត់ផ្តាច់អាហារដែលមានបរិមាណស្ករទាំងនោះបានពិតមែន ក៏ដំណើរការក្នុងរាងកាយរបស់យើងនឹងបំបែកស្ករស្តុកទុកក្នុងសាច់ដុំ និងការបំបែកខ្លាញ់ស្តុកទុក ដើម្បីបង្កើតស្ករ ដែលកោសិកាផ្សេងៗត្រូវការ។ ប្រសិនបើករណីនេះកើតឡើង យើងអាចបាត់បង់ម៉ាស់សាច់ដុំ ទម្ងន់ កម្លាំង និងថាមពលរបស់រាងកាយទាំងមូល។ ក្នុងអំឡុងពេលព្យាបាលមហារីក ការបាត់បង់ទាំងនេះអាចបណ្តាលឲ្យមានការពន្យារពេលការព្យាបាល និងពន្យារពេលការជាសះស្បើយនៃជំងឺផងដែរ។ ហេតុនេះសម្រាប់អ្នកជំងឺមហារីក គួរតែត្រូវបានផ្តល់អនុសាសន៍ឲ្យ៖ - បរិភោគ បន្លែ ផ្លែឈើ គ្រាប់់ធញ្ញជាតិ សណ្តែកនិងសណ្តែកបាយ ដែលសុទ្ធតែជាប្រភេទអាហារផ្ទុកទៅដោយស្ករធម្មជាតិ និងមានសារធាតុប្រឆាំងជំងឺមហារីក មានដូចជា វីតាមីន ជាតិរ៉ែ និងPhytochemicals ផ្សេងៗទៀត។ - កាត់បន្ថយនូវប្រភេទអាហារដែលបន្ថែមស្ករខាងក្រៅនានា។ តើអ្នកជំងឺមហារីកអាចកាត់បន្ថយការទទួលទានស្ករបន្ថែមតាមរបៀបណា? 1) អានស្លាកព័ត៌មានអាហារដើម្បីកំណត់ពីបរិមាណស្ករបន្ថែម៖ ដោយអ្នកអាចស្វែងរកពាក្យស្ករស (Sugar) ស្ករពណ៌ត្នោត (Brown Sugar) ស្កររាវ ស្ករដុំ (Icing Sugar) ស្ករអំពៅ (Cane Sugar) សេរ៉ូពោតដែលមានបរិមាណខ្ពស់ Fructose (High Fructose Corn Syrup) ទឹកឃ្មុំ ទឹកផ្លែឈើដែលមានកំហាប់ខ្ពស់, Molasses, Agave syrup, Maple syrup, Maltodextrin, Maltsyrup, Demerara។  ឈ្មោះផ្សេងទៀតសម្រាប់សម្គាល់ស្ករ គឺពាក្យទាំងឡាយណាដែលបញ្ចប់ដោយ "ose" ដូចជា Sucrose, Fructose, Glucose, Glucose-fructose, Maltose, Dextrose, និង Galactose។ ប្រសិនបើពាក្យទាំងនេះត្រូវបានបញ្ចូលក្នុងតារាងគ្រឿងផ្សំនៅផ្នែកខាងលើបំផុត នេះមានន័យថាស្ករជាសារធាតុចម្បងដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលដែលអ្នកកំពុងបរិភោគ។ 2) កម្រិតការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើន៖ ឧទាហរណ៍ ភេសជ្ជៈផ្អែមដែលគ្មានជាតិអាល់កុល កាហ្វេ ឬតែដែលបន្ថែមស្ករ និងភេសជ្ជៈផ្តល់ថាមពលនានា។ សូមជ្រើសរើសភេសជ្ជៈដែលគ្មានផ្ទុកស្ករបន្ថែម (Added Sugar) តាមដែលអាចធ្វើបាន។ កាហ្វេ តែដែលគ្មានស្ករ ទឹកសុទ្ធ និងទឹកដោះគោគឺជាជម្រើសល្អសម្រាប់អ្នក។ ប្រសិនបើអ្នកត្រូវការកាល់ឡូរីបន្ថែម សូមព្យាយាមទទួលទានភេសជ្ជៈដែលផ្តល់កាល់ឡូរីខ្ពស់បែបធម្មជាតិនិងសុខភាពល្អ ដែលរួមមាន ផ្លែឈើទាំងមូល ប្រូតេអីុន និងអាហារប្រភេទសរសៃ។  3) បន្ថយបរិមាណអាហារកែច្នៃ៖ ជាធម្មតា អាហារកែច្នៃតែងមានកម្រិតស្ករច្រើន ដូច្នេះអ្នកគួរជំនួសប្រភេទអាហារទាំងនេះ ដោយអាហារសុខភាពវិញ។ 4) រីករាយជាមួយបង្អែមនៅក្នុងឱកាសពិសេស និងបរិមាណតិច៖ ផ្លែឈើផ្អែមធម្មជាតិគឺជាជម្រើសល្អប្រចាំថ្ងៃ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយ

Share

ធ្លាប់គិតថាខ្លួនឯងឡើងទម្ងន់ដោយគ្មានមូលហេតុនិងឡើងជាលំដាប់ដែរឬទេ? អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថាវាអាចកើតឡើងពីកំហុសប្រចាំថ្ងៃដែលអ្នកតែងតែធ្វើ​​ ដែលខាងក្រោមនេះជាមូលហេតុទាំង ៦ធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួនបាន៖ ភាពតានតឹង (ស្រេ្តស) ភាពតានតឹងដែលមានរយៈពេលយូរអាចផ្សារភ្ជាប់ទៅនឹងការឡើងទម្ងន់ នេះបើយោងតាមគេហទំព័រ Obesity Journal។ ជាក់ស្ដែងភាពតានតឹងអាចបង្កើនការបញ្ចេញអ័រម៉ូន Cortisol ដែលជាប្រភេទអ័រម៉ូនជំរុញដល់ការបង្កើនចំណង់អាហារ និងឡើងទម្ងន់បានយ៉ាងលឿន។ ដើម្បីបញ្ចៀសចំពោះបញ្ហានេះ អ្នកត្រូវជ្រើសរើសអាហារដែលសមស្រប និងមានសុខភាពល្អសម្រាប់អ្នក រួមជាមួយការហាត់ប្រាណបែបសមាធិ និងយូហ្គាជាដើមដើម្បីកាត់បន្ថយភាពតានតឹង។ កត្តាអាយុ ស្រ្តីវ័យចំណាស់ ពិសេសស្រ្តីអស់រដូវ ហាក់ប្រឈមទៅនឹងអតុល្យភាពក្នុងរាងកាយ បង្កឲ្យទម្ងន់រាងកាយកើនឡើង ប៉ុន្តែនេះមិនមែនជាមូលហេតុតែមួយគត់នោះទេ។ លើសពីនេះ ការដុតបំផ្លាញកាល់ឡូរីអាចមានការថយចុះនៅពេលមានអាយុច្រើន រួមនឹងការផ្លាស់ប្តូររបៀបរស់នៅផងដែរ។ ដើម្បីបញ្ចៀសពីបញ្ហាឡើងទម្ងន់នៅពេលវ័យកាន់តែច្រើន ឬក្រោយពេលអស់រដូវនោះ អ្នកអាចធ្វើលំហាត់ប្រាណបែបចលនា និងសមាធិ ដើម្បីពង្រឹងម៉ាស់សាច់ដុំ និងរក្សាតុល្យភាពអ័រម៉ូនឲ្យត្រលប់មកសភាពធម្មតាវិញ។ បន្ថែមពីនោះ ត្រូវជ្រើសរើសរបបអាហារដែលស័ក្តិសមដូចជាទឹកដោះគោគ្មានជាតិខ្លាញ់ និងអាហារសុខភាពផ្សេងទៀត។ ការគេងមិនបានគ្រប់គ្រាន់ ការគេងមិនបានគ្រប់គ្រាន់ ជាមូលហតុមួយបណ្ដាលឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន។ ជាក់ស្ដែងអ្នកវិទ្យាសាស្រ្តបានបង្ហាញថាវាអាចប៉ះពាល់ទៅដល់សមត្ថភាពនៃប្រព័ន្ធរំលាយអាហារ បម្រែបម្រួលអាំងស៊ុយលីន អតុល្យភាពរបស់គ្លុយកូសក្នុងរាងកាយនិងការកើនឡើងកម្រិតជាតិ Cortisol ដែលជំរុញដល់ការកើនទម្ងន់។ ដូច្នេះអ្នកត្រូវមានទម្លាប់គេងយ៉ាងតិចឲ្យបាន ៧ ទៅ៨ម៉ោងជាប្រចាំ និងឲ្យបានទៀងទាត់។ ការញ៉ាំមិនទៀងទាត់ ការញ៉ាំអាហារមិនទៀងទាត់ជាមូលហេតុសំខាន់បំផុតដែលធ្វើឲ្យមានជាតិខ្លាញ់កើនឡើងនៅជុំវិញត្រគាកពិសេសក្បាលពោះ។ ជាក់ស្តែងដោយហេតុថានៅពេលរាងកាយទទួលរបបអាហារមិនបានទៀងទាត់ សរីរាង្គក៏ធ្វើការងារមិនប្រក្រតី ដែលជំរុញឲ្យមានការកើនឡើងជាតិខ្លាញ់ និងឡើងទម្ងន់បាន។ ដើម្បីគ្រប់គ្រងទម្ងន់ឲ្យសមស្រប អ្នកគ្រាន់តែទទួលទានអាហារឲ្យបានទៀងទាត់ ពិសេសជ្រើសរើសប្រភេទអាហារដែលល្អសម្រាប់សុខភាពដោយគួបផ្សំជាមួយការហាត់ប្រាណផងដែរ។ អតុល្យភាពក្រពេញទីរ៉ូអុីត ក្រពេញទីរ៉ូអីុត មានមុខងារបង្កើតអ័រម៉ូនសំខាន់បីរួមមាន T3 ,T4 និងកាល់ស៊ីតូនីន (Calcitonin) ដែលសម្រួលដល់ការលូតលាស់ និងការធ្វើមេតាបូលីស។ ជាក់ស្តែង កាលណាក្រពេញនេះបាត់បង់សមត្ថភាពក្នុងការផលិតអ័រម៉ូន វាអាចជះឥទ្ធិពលអវិជ្ជមានទៅលើដំណើរការមេតាបូលីស និងនាំឲ្យឡើងទម្ងន់ដែលជាសញ្ញានៃជំងឺ  Hypothyroidism (ជំងឺទាក់ទងក្រពេញនឹងនៅក ធ្វើឲ្យមានអារម្មណ៍អស់កម្លាំងខ្សោយ និងឡើងទម្ងន់)។ ដូច្នេះប្រសិនសង្កេតឃើញមានការឡើងទម្ងន់ភ្លាមៗ អ្នកអាចទទួលបានការធ្វើតេស្តរកមើលកម្រិតអ័រម៉ូនទាំងនេះ ឬអាចសាកល្បងវិធីសាស្រ្តសាមញ្ញនៅផ្ទះ ដូចជាកាត់បន្ថយជាតិស្ករ ប្រើអំបិលតិច និងផឹកទឹកសណ្ដែកប្រភេទ Fenugreek ជាដើម។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នាពេលបច្ចុប្បន្នជំងឺមហារីកប្រជ្រុយគេសង្កេតឃើញមិនមានបម្រែបម្រួល ឬកើនឡើងគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែវាកើតឡើងទៅតាមវ័យ និងកត្តាអាយុរបស់មនុស្ស ដោយក្នុងនោះភាគច្រើនកើតទៅលើស្រ្តីច្រើនជាងបុរសពិសេសអ្នកដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ហើយវាពាក់ព័ន្ធនឹងកត្តាតំណពូជផងដែរ។ និយមន័យ ជំងឺមហារីកប្រជ្រុយ ឬពាក្យបច្ចេកទេសហៅថា Melanoma គឺជាជំងឺមួយដែលកើតឡើងពីបណ្តុំនៃកោសិកា Melanocytes (កោសិកាផលិតជាតិពណ៌) ដោយភាគច្រើនកើតនៅតំបន់ដែលត្រូវពន្លឺព្រះអាទិត្យកាំរស្មីយូវី (UV) ពិសេសនៅលើថ្ងាស ខ្ទង់ច្រមុះ បបូរមាត់ផ្នែកខាងលើ ថ្ពាល់សងខាង បាតដៃ ម្រាមដៃ ក្រចក និងបាតជើង ម្រាមជើងជាដើម។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺមហារីកប្រជ្រុយ តែកត្តាសំខាន់ដែលធ្វើឲ្យមានជំងឺនេះឡើងរួមមាន៖ • កត្តាតំណពូជ • អ្នកវ័យចំណាស់ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ • ការប៉ះពន្លឺកាំរស្មីយូវី (UV) • ប្រជ្រុយដែលប្រឈមនឹងពន្លឺព្រះអាទិត្យ។ ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះបញ្ហាជំងឺនេះរួមមាន៖ • បុគ្គលដែលមានប្រវត្តិគ្រួសារកើតជំងឺមហារីកប្រជ្រុយ • បុគ្គលដែលមានប្រជ្រុយប្លែកខុសពីធម្មតា ឬច្រើន • បុគ្គលដែលធ្វើការក្រោមពន្លឺកាំរស្មីយូវី (UV)ញឹកញាប់។ រោគសញ្ញា និងយន្តការ ជាទូទៅ ជំងឺមហារីកប្រជ្រុយកម្រលេចចេញជារោគសញ្ញាសម្គាល់ ឬប្រែប្រួលខ្លាំងនោះទេ ប៉ុន្តែវាតែងវិវឌ្ឍបន្តិចម្តងៗខុសពីធម្មតា ឬក្លាយជាកោសិកាមហារីកតែម្តង។ ជាក់ស្ដែង វាបង្ហាញឲ្យឃើញតាមរយៈការប្រែប្រួលនូវ៖ • ទំហំរបស់ប្រជ្រុយប្រែប្រួលលឿន • ប្រជ្រុយមានលក្ខណៈប្រេះ ឬទ្រុឌខូង • ការប្រែពណ៌របស់ប្រជ្រុយទៅជាក្រហម ឬត្នោត ឬខ្មៅខ្លាំង • គែមរបស់ប្រជ្រុយប្រែប្រួលដោយផ្នែកមិនសមមាត្រនឹងរូបរាងចាស់ជាដើម។ ដោយឡែក ប្រជ្រុយគេសង្កេតឃើញមាន ២ សណ្ឋានគឺ៖ • ប្រភេទទី១៖ ប្រជ្រុយដែលដុះមានលក្ខណៈសើស្បែកជួនកាលវាដុះកប់ជ្រៅចូលទៅក្នុងស្បែក។ • ប្រភេទទី២៖ គឺមានលក្ខណៈដុះពងសាច់ពីលើស្បែក ហើយវិវឌ្ឍក្លាយទៅជាដុំពកពណ៌ខ្មៅ។ ការធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកប្រជ្រុយអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការច្រឹបយកសាច់ទៅវិភាគដើម្បីឲ្យដឹងថាវាជាប្រជ្រុយមហារីកមែន ឬអត់។ ការព្យាបាល និងផលវិបាក ឈ្មោះថាមហារីកប្រជ្រុយមិនមានលក្ខណៈធ្ងន់ធ្ងរទេ ព្រោះយើងអាចមើលឃើញវានឹងភ្នែកនៅពេលវាមានការប្រែប្រួលរូបរាង លុះត្រាតែអ្នកមិនមានការចាប់អារម្មណ៍ហើយបណ្តោយឲ្យវាតាមដំណើរ នោះវានឹងក្លាយជាកាចសាហាវដូចមហារីកដទៃទៀតដែរ។ ផ្ទុយទៅវិញបើលោកអ្នកមានប្រជ្រុយនៅលើបាតដៃ បាតជើង ម្រាមដៃម្រាមជើង ក្រចកដៃក្រចកជើង លោកអ្នកចូរប្រុងប្រយ័ត្នព្រោះវាកាចសាហាវខ្លាំងនៅពេលវាចាប់ផ្តើមមានស្នាមប្រេះ ឬបែកមានន័យថាវាបានសាយភាយរួចស្រេចទៅហើយ។ ជាទូទៅប្រសិនបើអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺមហារីកប្រជ្រុយនោះការព្យាបាលនឹងធ្វើតាមវិធីសាស្រ្ត ២យ៉ាងសំខាន់ៗគឺ៖ • ការចាក់ថ្នាំគីមី ឬបាញ់កាំរស្មីឡាស៊ែរដើម្បីបំផ្លាញកោសិកាមហារីក។ • ការវះកាត់យកសាច់ដុះ ឬប្រជ្រុយមហារីកចេញ។ ប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលានោះអ្នកជំងឺអាចមានគ្រោះថ្នាក់ដោយសារតែកោសិកាបានរីករាលដាលនៅក្នុងរាងកាយដូចជំងឺមហារីកដទៃទៀត។ វិធីសាស្រ្តការពារ ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកម្រជួបប្រទះ ប៉ុន្តែអ្នកគួរតែការពារខ្លួនពីជំងឺនេះដោយ៖ • ស្លៀកសម្លៀកបំពាក់ឲ្យជិត • ចៀសវាងការត្រូវពន្លឺព្រះអាទិត្យ ប្រសិនបើអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ដើម្បីធ្វើការពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ព្រមទាំងទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ឯកទេសសើស្បែក ឡាស៊ែ និងកាមរោគ និងជាប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ក្អកស្លេស្ម គឺជាដំណើរការធម្មតារបស់ប្រព័ន្ធដង្ហើមដើម្បីជម្រុះចោលសារធាតុរំខានចេញប៉ុន្តែប្រសិនបើលក្ខខណ្ឌនេះបង្កភាពរំខានចំពោះអ្នក អ្នកប្រាកដជាត្រូវការវិធីសាស្ត្រដ៏មានប្រសិទ្ធភាពនានាដើម្បីកម្ចាត់ភាពរំខានទាំងនោះ។ ជាក់ស្តែង អ្នកអាចអនុវត្តវិធីសាស្ត្រ ៧យ៉ាងដែលរួមបញ្ចូលទាំងឱសថធម្មជាតិដែលអ្នកអាចរកបានយ៉ាងងាយស្រួល ដែលមានដូចខាងក្រោម៖ ១. ផ្សើមខ្យល់ ការផ្សើមខ្យល់ជុំវិញបន្ទប់ អាចជួយធ្វើឲ្យស្លេស្មកាត់បន្ថយកម្រាស់ និងមិនអាចកកផ្តុំបាន។ ហេតុនេះអ្នកអាចប្រើប្រាស់ម៉ាស៊ីនបន្សើមខ្យល់ជាប្រចាំក្នុងអំឡុងពេលកើតមានបញ្ហានេះ។ គ្រាន់តែប្រាកដថាអ្នកត្រូវផ្លាស់ប្តូរទឹករៀងរាល់ថ្ងៃ និងសម្អាតម៉ាស៊ីនបន្សើមខ្យល់ឲ្យបានជាប្រចាំផង បើមិនដូច្នោះអ្នកអាចឆ្លងមេរោគតាមខ្យល់មិនស្អាតបែបនោះទៅវិញ។ ២. ពិសាទឹក ទឹកជាសារធាតុចាំបាច់ប្រចាំថ្ងៃ ហើយកាន់តែសំខាន់នៅពេលអ្នកកំពុងមានបញ្ហានេះ។ ការពិសាទឹកក្តៅឧណ្ហៗអាចធ្វើឲ្យស្លេស្មរាវ និងអាចជួយបំបាត់ភាពស្អិតរបស់វាបាន។ ព្យាយាមពិសាទឹកឲ្យបានច្រើន ឬអ្នកក៏អាចពិសាទឹកផ្លែឈើ ឬទឹកក្រូចឆ្មារបានផងដែរ។ ៣. គ្រឿងផ្សំសម្រួលដង្ហើម អ្នកអាចសាកល្បងពិសាអាហារ និងភេសជ្ជៈដែលមានក្រូច ខ្ញី ខ្ទឹម ឬទឹកឃ្មុំលាយជាមួយក្រូចឆ្មារ និងទឹកក្តៅផងដែរ។ មានការសិក្សាជាច្រើនបានបង្ហាញថា សារធាតុទាំងអស់នេះពិតជាមានប្រសិទ្ធភាពចំពោះការព្យាបាលក្អកស្ងួត ផ្តាសាយ ជាពិសេសក្អកស្លេស្មនេះតែម្តង។ ម៉្យាងគ្រឿងផ្សំដែលមានសារធាតុហឹរ ក៏ជួយសម្រួលផ្លូវដង្ហើម និងលំហូរស្លេស្មបានផងដែរ។ ៤. ខ្ពុរទឹកអំបិល ទឹកក្តៅឧណ្ហៗ លាយជាមួយអំបិលមានមុខងារសម្លាប់មេរោគ និងសម្រួលដង្ហើមត្រង់បំពង់កបានយ៉ាងប្រសើរ។ ដោយដំបូង អ្នកត្រូវលាយអំបិលប្រមាណ ១/២ ទៅ ២/៣ស្លាបព្រា ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ១កែវ រួចកូរឲ្យរលាយសព្វ និងអាចយកទៅច្រោះបន្ថែមទៀតក៏បាន។ ចាប់ផ្តើមខ្ពុរដោយងើយកទៅលើ រយៈពេល៣០ ទៅ ៦០វិនាទី រួចខ្ជាក់ចេញ និងខ្ពុរទឹកស្អាតបន្តជាការស្រេច។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះតាមត្រូវការ។ ៥. ប្រេងអឺកាលីបទីស (Eucalyptus oil) ប្រេងអឺកាលីបទីស ជាប្រភេទប្រេងដែលត្រូវបានយកមកប្រើប្រាស់យ៉ាងពេញនិយមសម្រាប់សម្រួលផ្លូវដង្ហើម។ ជាក់ស្តែង នាពេលបច្ចុប្បន្នប្រេងនេះតែងមានវត្តមាននៅក្នុងប្រេងខ្យល់ ប្រេងកូឡាជាដើម ប៉ុន្តែអ្នកក៏អាចស្វែងរកប្រភេទប្រេងនេះសុទ្ធនៅតាមទីផ្សារផងដែរ។ ប្រេងនេះមានប្រសិទ្ធភាពជួយកាត់ផ្តាច់ស្លេស្មមិនឲ្យជាប់គ្នា ជាហេតុធ្វើឲ្យអ្នកងាយស្រួលខាកស្តោះចេញមកក្រៅ។ អ្នកអាចលាបរឹតប្រេងនេះត្រង់តំបន់ក និងផ្នែកខាងក្រោយក ៣ដងក្នុងមួយថ្ងៃ។ ៦. តែទឹកឃ្មុំ យោងតាមការសិក្សាជាច្រើនបានដឹងថា ទឹកឃ្មុំមានប្រសិទ្ធភាពក្នុងការបន្ថយអាការៈក្អក។ ការសិក្សាទៅលើការព្យាបាលអាការៈក្អកពេលយប់លើកុមារដោយធ្វើការប្រៀបធៀបរវាងទឹកឃ្មុំខ្មៅនិងថ្នាំបំបាត់ក្អកប្រភេទ Dextromethorphan។ អ្នកស្រាវជ្រាវបានរកឃើញថា ទឹកឃ្មុំអាចបំបាត់អាការៈក្អកគួរឲ្យកត់សម្គាល់បើប្រៀបទៅលើប្រសិទ្ធភាពនៃ Dextromethorphan។ បើទោះបីជាគុណប្រយោជន៍នៃទឹកឃ្មុំល្អជាង Dextromethorphan តែបន្តិចបន្តួចក៏ពិតមែន ក៏ម្តាយឪពុកភាគច្រើនជ្រើសរើសប្រើប្រាស់ទឹកឃ្មុំជាជាងថ្នាំ។ វិធីប្រើទឹកឃ្មុំសម្រាប់ព្យាបាលអាការៈក្អក គឺអ្នកគ្រាន់តែលាយទឹកឃ្មុំ ២ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្តៅឧណ្ហៗឬទឹកតែ។ ផឹកទឹកឃ្មុំនេះម្តង ទៅពីរដងក្នុងមួយថ្ងៃ ប៉ុន្តែមិនត្រូវឲ្យទឹកឃ្មុំទៅក្មេងអាយុក្រោម ១ឆ្នាំហូបទេ។ ៧. ខ្ញី ខ្ញីអាចបំបាត់ទាំងក្អកស្ងួត និងក្អកស្លេស្ម ព្រោះវាមានប្រសិទ្ធភាពប្រឆាំងនឹងភាពរលាកបាន។ វាក៏អាចបំបាត់អាការៈចង្អោរ និងការឈឺចាប់។ ការសិក្សាមួយ បានណែនាំថា សារធាតុប្រឆាំងរលាកមួយចំនួននៅក្នុងខ្ញីអាចសម្អាតភ្នាសនៅតាមបំពង់ខ្យល់ដែលអាចកាត់បន្ថយអាការៈក្អកបាន។ ដាក់បន្ទះខ្ញីស្រស់ប្រហែល២០ទៅ៤០ក្រាម ឆុងជាមួយទឹកក្តៅមួយកែវ។ ទុកប្រហែលប៉ុន្មាននាទីមុនផឹក។ អ្នកអាចថែមទឹកឃ្មុំ ឬទឹកក្រូចឆ្មារដើម្បីបន្ថែមរសជាតិ។ គួរកត់សម្គាល់ថា តែខ្ញីអាចបណ្តាលឲ្យមានបញ្ហាក្រហាយក្រពះ។ ប្រសិនបើអ្នកបានសាកល្បងធម្មជាតិខាងលើមិនមានប្រសិទ្ធភាពទេនោះអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងតាមដានឲ្យបានកាន់តែច្បាស់ស្វែងរកមូលហេតុពិតប្រាកដ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នាពេលបច្ចុប្បន្ន ជំងឺប្រគ្រីវ (លើសជាតិអាស៊ីត) បានកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ទាំងនៅក្នុងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍដែលជាកង្វល់ត្រូវធ្វើការដោះស្រាយសម្រាប់បញ្ហាសុខភាពសាធារណៈ។ ក្នុងនោះការយល់ដឹងអំពីជំងឺព្រមទាំងការចាត់វិធានការការពារខ្លួនពីសំណាក់ប្រជាពលរដ្ឋផ្ទាល់ជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការកើនឡើងនៃជំងឺនេះ។   ក្នុងរយៈពេល ២ ទៅ ៣ទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ទំនោរនៃការកើតជំងឺប្រគ្រីវមានកាន់តែច្រើនឡើងៗជាលំដាប់។ ជាក់ស្តែងប្រជាជនអាមេរិកដែលបានកើតជំងឺនេះមានប្រមាណជា ៤៣.៣ លាននាក់ ត្រូវនឹង ២៣%នៃប្រជាជនពេញវ័យនៃប្រជាជនសរុប។ ថ្វីត្បិតកម្ពុជាមិនទាន់មានទិន្នន័យគ្រប់គ្រាន់ និងច្បាស់លាស់ ប៉ុន្តែគេសង្កេតឃើញថាអត្រានៃជំងឺនេះមានការកើនឡើងដូចគ្នា នេះបើយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិតជំនាញ។   និយមន័យ និងប្រភេទ ជំងឺប្រគ្រីវ ជាប្រភេទជំងឺរលាកសន្លាក់ស្រួចស្រាវកម្រិតខ្លាំងដែលបណ្តាលមកពីការលើសជាតិអាស៊ីត (អាស៊ីតអ៊ុយរិច) ដែលបានចូលទៅក្នុងសន្លាក់បង្កើតបានជាគ្រាប់គ្រីស្តាល់ (Crystal) ដ៏តូចៗយ៉ាងច្រើន។ ជាទូទៅ ការរលាកសន្លាក់នេះតែងស្តែងឡើងដំបូង និងញឹកញាប់ជាងគេនៅសន្លាក់មេជើង។ ជំងឺនេះត្រូវបានបែងចែកជា ២ ប្រភេទគឺ៖ - ប្រភេទទី ១៖ បណ្តាលមកពីកត្តាតំណពូជ - ប្រភេទទី ២៖ ជាផលវិបាកនៃជំងឺដទៃទៀត ដូចជាបណ្តាលមកពីជំងឺខ្សោយតម្រងនោមជាដើម។ មូលហេតុ និងកត្តាប្រឈម ជាទូទៅ ជំងឺនេះទាក់ទងទៅនឹងការប្រែប្រួល ឬខូចខាតនៃដំណើរការមេតាបូលីសក្នុងរាងកាយ ប៉ុន្តែកត្តាចម្បងបណ្តាលមកពីកត្តាតំណពូជ។ ក្រៅពីនេះរបបអាហារ និងរបៀបរបបនៃការរស់នៅ ក៏ជាកត្តាសំខាន់ដែលបានរួមចំណែកបង្កឲ្យមានការកើនឡើងកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមដែរ។ ក្នុងនោះបុគ្គលដែលប្រឈមនឹងជំងឺនេះមានដូចជា៖ - បុគ្គលដែលមានសមាជិកគ្រួសារធ្លាប់កើតជំងឺប្រគ្រីវ ឬមានជំងឺមេតាបូលីសផ្សេងៗ ដែលមានដូចជា ជំងឺលើសខ្លាញ់ ឬជំងឺទឹកនោមផ្អែម - បុគ្គលដែលតែងទទួលទានសាច់ និងសុរាច្រើន។ គួរបញ្ជាក់ថា គ្រប់ប្រភេទអាហារទាំងអស់សុទ្ធតែអាចបងើ្កតជាអាស៊ីតអ៊ុយរិច ជាពិសេសប្រភេទសាច់ក្រហម  សាច់ត្រីសមុទ្រ បន្លែក្រុមអម្បូរសណ្តែកជាដើម។ល។ -  បុគ្គលដែលមានវ័យចន្លោះពី ៣០ ទៅ ៥០ ឆ្នាំជាពិសេសមនុស្សប្រុស ។ រោគសញ្ញា រោគសញ្ញានៃជំងឺប្រគ្រីវមានលក្ខណៈខុសពីសញ្ញាណនៃជំងឺសន្លាក់ផ្សេងទៀតដែលជាទូទៅអ្នកជំងឺមានការឈឺចាប់ខ្លាំងភ្លាមៗ ពិបាកទ្រាំ នៅត្រង់សន្លាក់ដែលមានបញ្ហា ជាពិសេសនៅត្រង់សន្លាក់មេជើងដែលជាទីតាំងសម្គាល់ច្បាស់លាស់មួយ ព្រមទាំងកើតមានឡើងជាញឹកញាប់ផងដែរ។ បន្ថែមពីនេះក៏មានលេចចេញនូវសញ្ញារលាកទងសាច់ដុំ (Tendinitis) ជារឿយៗផងដែរ។ គួរបញ្ជាក់ថា អាការៈរលាកបែបនេះ អាចស្តែងចេញជាអាការៈខាងក្រៅតាមរយៈ ភាពហើម ក្រហម ក្តៅ និងមានការឈឺចាប់ខ្លាំងស្ទើរទ្រាំពុំបាន។ យន្តការជំងឺ តាមរយៈអង់ស៊ីមរបស់រាងកាយយើងម៉្យាងឈ្មោះXanthine oxidase បានបំប្លែងសារធាតុ ពូរីន (Purine) ដែលមាននៅក្នុងអាហារឲ្យក្លាយទៅជាអាសុីតអ៊ុយរិច នៅដំណាក់កាលចុងក្រោយនៃមេតាបូលីស។ នៅពេលបរិមាណអាស៊ីតអ៊ុយរិចកើនឡើងច្រើននៅក្នុងចរន្តឈាម នោះវានឹងបន្តចូលទៅក្នុងជាលិកាផ្សេងៗទៀត ជាពិសេសជាលិកាសន្លាក់ក្រោមទម្រង់ជា Sodium urate ស្តែងចេញជាគ្រាប់គ្រីស្តាល់ដ៏តូចល្អិត (Microcrystalline)។ លក្ខខណ្ឌនេះបណ្តាលឲ្យកោសិកាការពារសន្លាក់នៅក្នុងរាងកាយ ចាប់ផ្តើមធ្វើការកម្ទេច និងបំផ្លាញគ្រាប់គ្រីស្តាល់ដែលបានកកើតឡើង។ ដំណើរការបែបនេះវាធ្វើឲ្យលេចចេញនូវការរលាកសន្លាក់ដ៏ស្រួចស្រាវនេះឡើង។ ហេតុនេះអ្នកជំងឺនឹងចាប់ផ្តើមទទួលដឹងពីអាការៈឈឺចាប់ខ្លាំងភ្លាមៗ និងមិនអាចទ្រាំបានក្នុងរយៈពេលត្រឹម ១ ទៅ ២ ម៉ោងប៉ុណ្ណោះ។ ក្នុងករណីតំណពូជបម្រែបម្រួលហ្សែនទាក់ទងការបំប្លែងអាស៊ីតអ៊ុយរិចកើនឡើង នេះមានន័យថាសមត្ថភាពក្នុងការបង្កើតជាតិអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើង ប៉ុន្តែសមត្ថភាពក្នុងការបញ្ចេញចោលតាមទឹកនោមថយចុះ ដែលជាហេតុធ្វើឲ្យមានការកើនឡើងលើសពីប្រក្រតីនៃអាស៊ីតអ៊ុយរិចនៅក្នុងឈាម។  ការធ្វើរោគវិនិច្ឆ័យ ថ្វីត្បិតជំងឺនេះមានលក្ខណៈស្រួចស្រាវ និងមានលក្ខណៈខ្លាំងក្លា ប៉ុន្តែការធ្វើរោគវិនិច្ឆ័យជំងឺមិនមានភាពលំបាក ឬស្មុគស្មាញនោះឡើយ។ ក្រុមគ្រូពេទ្យជំនាញនឹងធ្វើការពិនិត្យ៖ • ស្ថានភាពនៃលក្ខណៈសន្លាក់ខាងក្រៅ (សញ្ញាណសម្គាល់សំខាន់គឺការហើម ក្រហម ក្ដៅ និងឈឺចាប់នៅត្រង់សន្លាក់) • ការបូមឈាមពិនិត្យរកកម្រិតលើសនៃអាស៊ីតអ៊ុយរិច ព្រមទាំងការបូមយកទឹកសន្លាក់ ដើម្បីពិនិត្យរកគ្រីស្តាល់ដ៏តូចៗ។ ប៉ុន្តែការលើសអាស៊ីតក្នុងឈាមតែមួយមុខមិនអាចកំណត់បានជាជំងឺប្រគ្រីវបានឡើយ បើគ្មានរោគសញ្ញារលាករួមផ្សំទេ។  ការព្យាបាល ជំងឺប្រគ្រីវមិនអាចព្យាបាលឲ្យជាដាច់នោះទេ  ប៉ុន្តែវាអាចត្រូវបានគ្រប់គ្រងយ៉ាងប្រសើរ និងមានប្រសិទ្ធភាព តាមរយៈវិធីសាស្រ្ត ២យ៉ាង៖ - វិធីសាស្រ្តប្រើប្រាស់ថ្នាំ គោលបំណងប្រើប្រាស់ថ្នាំគឺដើម្បីសម្រាលការឈឺចាប់ គ្រប់គ្រងកម្រិតអាស៊ីតដែលលើស ព្រមទាំងគ្រប់គ្រងមុខងារសន្លាក់ផងដែរ។ បន្ថែមពីនេះការព្យាបាលអាចរួមផ្សំជាមួយការព្យាបាលជំងឺមេតាបូលីសផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសខ្លាញ់ជំងឺធាត់ និងកត្តាប្រឈមផ្សេងទៀត។ ការព្យាបាលអាចប្រើរយៈពេលខ្លី ឬវែង ទៅតាមស្ថានភាពជំងឺ។  -  វិធីសាស្រ្តមិនប្រើប្រាស់ថ្នាំ សំដៅដល់ការអប់រំអ្នកជំងឺស្តីអំពីការគ្រប់គ្រងរបបអាហារ បូករួមជាមួយការធ្វើលំហាត់ប្រាណបន្ថែម។ ក្នុងនោះអ្នកជំងឺត្រូវប្រកាន់ខ្ជាប់ការទទួលទានអាហារសមស្រប ដូចជា ត្រីទឹកសាប បន្លែ ប៉ុន្តែត្រូវប្រយ័ត្នពពួកក្រុមសណ្ដែកព្រមទាំងហាមឃាត់ការទទួលទានសុរា ជាពិសេសស្រាបៀរ។ បន្ថែមពីនេះ អ្នកជំងឺត្រូវបញ្ចុះទម្ងន់ ករណីអ្នកជំងឺមានបញ្ហាលើសទម្ងន់បូករួមជាមួយការធ្វើលំហាត់ប្រាណឲ្យបានសមស្របតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។   គួរកត់ចំណាំផងដែរថា នៅពេលបុគ្គលម្នាក់កំពុងមានជំងឺខូចខាតមេតាបូលីសណាមួយ បុគ្គលនោះនឹងប្រឈមការកើតជំងឺមេតាបូលីសផ្សេងបន្ថែមទៀត។ ជាក់ស្ដែង ករណីបុគ្គលមានជំងឺប្រគ្រីវ នោះក្រុមគ្រូពេទ្យត្រូវបន្តស្វែងរកសញ្ញាណផ្សេងទៀតដែលអាចកើតមាន ដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺលើសជាតិខ្លាញ់ ឬបើមានជំងឺលើសជាតិខ្លាញ់ ក៏ត្រូវបន្តតាមដានរុករកជំងឺប្រគ្រីវ  និងទឹកនោមផ្អែមផងដែរ។   ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលាទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសរីរាង្គជាច្រើនទៀត ហើយបញ្ហាមួយដែលគួរឲ្យបារម្ភខ្លាំងជាងគេនោះគឺ ការវិវឌ្ឍទៅរកការខ្សោយតម្រងនោម។ នៅពេលតម្រងនោមខ្សោយគ្មានសមត្ថភាពក្នុងការបញ្ចេញចោលអាស៊ីតអ៊ុយរិច នោះសភាពជំងឺនឹងប្រែជាធ្ងន់ធ្ងរឡើងៗ។ យន្តការនៃជំងឺដែលអាចបំផ្លាញតម្រងនោមបានមាន ៣យ៉ាងសំខាន់ៗគឺ៖ • ការបំផ្លាញដោយផ្ទាល់ ដោយសារគ្រាប់គ្រីស្តាល់មានសភាពរឹង និងមានទំហំធំជាងរន្ធចម្រោះតម្រងនោម ដែលអាចធ្វើឲ្យតម្រងនោមពិបាកច្រោះនិងទទួលរងការប៉ះទង្គិចជាប្រចាំ • ការកកើតបានជាក្រួសក្នុងតម្រងនោម និងផ្លូវទឹកនោម ដែលមានទំហំកាន់តែធំ រាំងស្ទះផ្លូវបញ្ចេញទឹកនោមទាំងស្រុង ហើយអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតបានផងដែរ ប៉ុន្តែលក្ខខណ្ឌនេះត្រូវការរយៈពេលយូរ • និងបង្កើនឱកាសបង្កជាជំងឺទឹកនោមប្រៃ និងជំងឺតម្រងនោមផ្សេងៗទៀត។ លើសពីនេះទៀត អ្នកជំងឺនឹងប្រឈមជាមួយការខូចសន្លាក់ដែលបណ្តាលឲ្យពួកគាត់បាត់បង់សមត្ថភាពក្នុងការធ្វើចលនា និងការងារប្រចាំថ្ងៃដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ចំណុចសំខាន់មួយទៀតដែលមិនអាចត្រូវបានមើលរំលងនោះគឺ ការបាត់បង់សោភ័ណភាពខាងក្រៅ ដោយហេតុថានៅតាមសន្លាក់នានាដែលតែងបង្កជាការឈឺចាប់ញឹកញាប់ នឹងកកើតជាដុំពកធំៗ ឬតូចស្ទើរតែពេញរាងកាយ។   វិធីសាស្រ្តការពារ ក៏ដូចជាជំងឺមេតាបូលីសផ្សេងទៀតដែរ ដើម្បីការពារខ្លួន ពីជំងឺនេះយើងទាំងអស់គ្នាត្រូវ៖ • ឧស្សាហ៍តាមដាន និងពិនិត្យសុខភាពជាប្រចាំជាពិសេសចំពោះអ្នកដែលមានសាច់ញាតិ និងក្រុមគ្រួសារដែលមានជំងឺនេះ និងក្នុងករណីអ្នកដែលកំពុងមានជំងឺប្រចាំកាយប្រភេទជំងឺមេតាបូលីសដូចដែលបានរៀបរាប់ខាងលើ • បន្ថែមពីនេះ ការបរិភោគអាហារតាមការណែនាំរបស់គ្រូពេទ្យ ដោយកាត់បន្ថយអាហារប្រភេទសាច់ (សាច់ក្រហម ត្រីទឹកប្រៃ) សុរា ស្រាបៀរ បន្លែ ក្រុមសណ្តែក បន្ថយទម្ងន់ បូករួមជាមួយការធ្វើលំហាត់ប្រាណឲ្យបានសមស្របតាមការណែនាំរបស់គ្រូពេទ្យផងដែរ។   ជំងឺប្រគ្រីវមិនមែនជាជំងឺដែលពិបាកព្យាបាលនោះទេប៉ុន្តែតម្រូវឲ្យអ្នកជំងឺមានការយល់ដឹងឲ្យបានច្រើនអំពីជំងឺនេះ និងតម្រូវឲ្យមកទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ហើយកាន់តែឆាប់កាន់តែប្រសើរ ជាមួយគ្រូពេទ្យឯកទេស។ «ការពារប្រសើរជាងព្យាបាល» បកស្រាយដោយ៖ សាស្រ្តាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ​​​​​​

Share
Top