Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មានអ្នកខ្លះមិនសូវជាភ័យខ្លាចនឹងភាពលំបាកក្នុងការសិក្សានោះទេ តែហាក់ដូចភ័យថានឹងត្រូវមុខចាស់ និងបាក់សម្រស់។ ប៉ុន្តែ មាននិស្សិតស្រីផ្នែកវេជ្ជសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តមួយរូបបានបញ្ជាក់ថា«ខ្ញុំយល់ស្របដែលថានិស្សិតច្រើនតែមុខចាស់ តែមិនទាំងអស់នោះទេ ហើយអ្វីដែលសំខាន់គឺ បើសិនជាចង់ស្អាតត្រូវតែឆ្លាត ហើយកុំខ្ជិល!!!»  ជាមួយនឹងបទពិសោធន៍ក្នុងការថែទាំនូវសម្ផស្សរបស់ខ្លួនឲ្យនៅស្រស់ស្អាត មិនថាមានកាលវិភាគមមាញឹកយ៉ាងណាក្នុងនាមជានិស្សិតពេទ្យមួយរូប កញ្ញា អ៊ិត ម៉ូលីកា ក៏បានបង្ហើប និងបង្ហាញពីគន្លឹះរបស់គាត់ដែលតែងតែធ្វើជាប្រចាំ និងមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា កញ្ញាសម្រេចចិត្តជ្រើសរើសការសិក្សាផ្នែកវេជ្ជសាស្រ្តនេះក៏ដោយសារទឹកចិត្តស្រលាញ់ និងឆន្ទៈដ៏មុតមាំតាំងតែពីក្មេងមក។ ម្យ៉ាងទៀត កម្លាំងជំរុញ និងគម្រូនៃភាពជាវេជ្ជបណ្ឌិតនៃលោកអ្នកមានគុណទាំងពីរ ក៏បណ្តុះចិត្តកញ្ញាឲ្យស្រលាញ់ ហើយក៏តែងតែមានចិត្តស្រលាញ់   និងចង់យកការងារជាមុខរបរអនាគត បើទោះបីជាត្រូវលះបង់ច្រើន ទាំងពេលវេលា ថវិកា ។ល។ ហេលស៍ថាម ៖ នរណាក៏ថា«និស្សិតពេទ្យភាគច្រើនមុខចាស់»តើបងយល់ឃើញបែបណាដែរ? ម៉ូលីកា ៖ ខ្ញុំយល់ស្រប  ហើយភាគច្រើនក៏បែបហ្នឹងមែន គ្រាន់តែមិនទាំងអស់នោះទេ។ ជាក់ស្តែង ការសិក្សាផ្នែកមួយនេះ គឺមានកត្តាច្រើនដែលជំរុញឲ្យនិស្សិតក្លាយទៅជាបែបហ្នឹង ក្នុងនោះ ប្រាកដណាស់គឺកាលវិភាគមមាញឹកខ្លាំង ពេលវេលារៀនក៏យូរ ត្រូវប្រើពេលច្រើន ជួនកាលពេលធ្វើការ និស្សិតពេទ្យធ្វើការ ហើយពេលគេគេង គាត់នៅតែធ្វើការ។ ជាទូទៅ ក៏ត្រូវគេងមិនគ្រប់គ្រាន់ ហើយចំណុចនេះហើយដែលជាសត្រូវនឹងសម្រស់របស់និស្សិតពេទ្យម្នាក់ៗ។ ហេលស៍ថាម ៖ រៀនពេទ្យរវល់យ៉ាងហ្នឹង រៀនក៏យូរ ហើយក៏ពិបាក ម្នាក់ៗហាក់ដូចជាមិនសូវមានពេលគ្រប់គ្រាន់សម្រាប់ថែទាំសម្រស់របស់ខ្លួនឡើយ តែម៉ូលីកាក៏អាចធ្វើបាន តើមានគន្លឹះអ្វីជាពិសេសដែរឬទេ? ម៉ូលីកា ៖ កត្តាចម្បងជាងគេនោះ គឺការបែងចែកពេលវេលារវាងការងារ និងទម្លាប់រស់នៅប្រចាំថ្ងៃ។ ជាក់ស្តែង សម្រាប់ខ្ញុំ ក្រោយពេលចុះកម្មសិក្សា ខ្ញុំតែងតែឆ្លៀតពេលហាត់ប្រាណឲ្យបានប្រហែលកន្លះម៉ោង។   សម្រាប់ថ្ងៃដែលមិនត្រូវវេនយាមវិញ (ព្រោះនិស្សិតពេទ្យមិនមែនយាមរាល់ថ្ងៃនោះទេ)  ខ្ញុំតែងតែចំណាយពេលកន្លះ ឬ១ម៉ោង ធ្វើកិច្ចការខ្លះដើម្បីខ្លួនឯង ដូចជាការបិទម៉ាស់ និងម៉ាស្សាមុខជាដើម។  សម្រាប់អ្នកមិនសូវមានពេលច្រើន និងមិនចង់ចំណាយថវិកាច្រើនទេនោះ វិធីតាមបែបធម្មជាតិពិតជាអាចជួយបាន ដោយប្រើប្រាស់គ្រឿងផ្សំពីធម្មជាតិ។ ការធ្វើបែបនេះ នឹងមិនចំណយពេលច្រើននោះទេ ដូចនេះហើយ ជាជាងការចុចទូរស័ព្ទលេង គួរតែចំណាយពេលខ្លះដើម្បីសម្រស់របស់ខ្លួន។  នរណាក៏រវល់ដែរ តែសំខាន់កុំឲ្យវាក្លាយជាលេស ហើយបើចង់ឆ្លៀត គឺប្រាកដជាបាន។ ពេលទំនេរពីម៉ោងរៀន ត្រូវមានពេលសម្រាប់់សម្រាក ទើបល្អប្រសើរសម្រាប់ទាំងសុខភាព និងសម្ផស្ស។ គន្លឹះមួយទៀត គឺមុនពេលចេញទៅក្រៅម្តងៗ  ខ្ញុំមិនដែលភ្លេច ឬខកខានលាបក្រែមការពារកម្តៅថ្ងៃនោះទេ ព្រោះវាអាចជួយការពារកាំរស្មីUV  ដែលអាចសត្រូវ និងប្រាកដណាស់ជាដើមហេតុនៃភាពបាក់សម្រស់ និងធ្វើឲ្យវាកាន់តែទ្រុឌទ្រោម។ ហេលស៍ថាម ៖ ជាញឹកញាប់ គឺនិស្សិតពេទ្យមិនសូវបានគេងគ្រប់គ្រាន់នោះទេ ភាគច្រើនក៏ត្រូវគិតច្រើន ធ្វើការងារច្រើន រៀនច្រើនដែរ តើគួរធ្វើបែបណាខ្លះ ទើបមិនប៉ះពាល់ដល់សម្រស់? ម៉ូលីកា ៖ វិធីមិនឲ្យប៉ះពាល់សោះ គឺមិនមាននោះទេ ព្រោះថាដូចដែលដឹងស្រាប់ហើយ គឺក្នុងនាមជានិស្សិតពេទ្យមួយរូប មិនមានពេលវេលាគ្រប់គ្រាន់នោះឡើយ។ ស្ទើរតែអាចនិយាយបានថា មិនមានវិធីដែលជួយឲ្យសម្រស់នៅអមតៈឡើយ។ ប៉ុន្តែយើងមានសិទ្ធិក្នុងការពន្យារភាពចាស់របស់យើង ដើម្បីចៀសវាងនូវពាក្យដែលគេហៅថា«មុខចាស់ជាងវ័យ» ដោយការឆ្លៀតឱកាស និងបែងចែកពេលវេលាច្បាស់លាស់ ដូចដែលបានជម្រាបជូនខាងលើ។ និយាយរួមទៅ សម្ផស្សគឺអាស្រ័យលើបុគ្គលម្នាក់ៗថាតើឆ្លាតប៉ុណ្ណា? ឧស្សាហ៍កម្រិតណា?  ហេលស៍ថាម ៖ តើចំណីអាហារ និងភេសជ្ជៈអ្វីខ្លះ ដែលនិស្សិតពេទ្យគួរទទួលទាន ដើម្បីមានថាមពលសម្រាប់កាលវិភាគមមាញឹក និងថែរក្សាសម្រស់កុំឲ្យទ្រុឌទ្រោម? ម៉ូលីកា ៖ តាមការពិតទៅ មិនមានអី្វពិសេសខ្លាំងនោះទេ ព្រោះថាគ្រប់អាហារសុទ្ធតែផ្តល់នូវថាមពលដល់រូបរាងកាយ។ យ៉ាងណាមិញ មានប្រភេទអាហារខ្លះដែលគួរតែចៀសវាង រួមមានអាហារដែលមានជាតិកូលេស្តរ៉ូលខ្ពស់ (អាហារបំពង-ចៀន) គ្រឿងស្រវឹង និងអាហារដែលមានជាតិផ្អែម ព្រោះនេះសុទ្ធតែបង្កផលប៉ះពាល់ដល់សុខភាព និងរាងកាយ ជាពិសេស គឺធ្វើឲ្យរាងមិនសូវស្អាត ហើយនាពេលអនាគក៏ប្រឈមនឹងបញ្ហាសុខភាពច្រើនដែរ។ ជាទូទៅ ប្រហែលជាមានអារម្មណ៍ថាចង់ញ៉ាំអ្វីដែលផ្អែម ជាពិសេសពេលហត់នឿយ តែគួរកុំទទួលទានញឹកញាប់ពេក។ ចំពោះប្រភេទអាហារដែលគួរបរិភោគវិញ គឺប្រាកដណាស់ បន្លែ។ ប្រហែលជាភាគច្រើនបារម្ភថាបន្លែមានជាតិគីមី ប៉ុន្តែក៏អាចជ្រើសរើសបន្លែសរីរាង្គមកទទួលទានបាន ដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារ។  រីឯសាច់វិញ ចំពោះខ្ញុំផ្ទាល់ ខ្ញុំញ៉ាំសាច់គោ សាច់មាន់ និងត្រី តែមិនសូវញ៉ាំសាច់ជ្រូក ព្រោះវាផ្តល់នូវប្រូតេអ៊ីនតិចជាងសោច់គោ ហើយក៏មានខ្លាញ់ច្រើនដែរ។   ចំណែកឯភេសជ្ជៈវិញ  គឺទឹកបរិសុទ្ធ (ទឹកសាប)ជាជម្រើសយ៉ាងល្អបំផុតហើយ។ ខ្ញុំគិតថា គួរតែញ៉ាំឲ្យបានយ៉ាងហោច២លីត្រទៅ២លីត្រកន្លះសម្រាប់មនុស្សស្រី ឬលើសពីហ្នឹង សម្រាប់មនុស្សប្រុស ព្រោះវាមានគុណតម្លៃច្រើនណាស់ចំពោះសុខភាព ដូចជាជួយឲ្យស្រកគីឡូ បណ្តុះកោសិកាថ្មីៗ បង្ការវីរុសផ្សេងៗជាដើម។ ហេលស៍ថាម ៖ ពេលដែលទំនេរពីកម្មវិធីសិក្សា និងកាតព្វកិច្ចជានិស្សិតពេទ្យ តើមានសកម្មភាពអ្វីខ្លះ (Lifestyle) ដែលនិស្សិតពេទ្យគួរធ្វើ ដើម្បីជួយដល់សុខភាព ជាពិសេសសម្រស់របស់ខ្លួន? ម៉ូលីកា ៖ «ហាត់ប្រាណ»  គឺពិតជាល្អខ្លាំងសម្រាប់សុខភាព និងរូបរាងកាយ។ សំខាន់ត្រូវមានការតាំងចិត្តឲ្យបានមុតមាំ ដែលជាការប្រសើរ និងកម្លាំងជំរុញទឹកចិត្ត គួរតែមានគោលដៅច្បាស់លាស់សម្រាប់ការហាត់ប្រាណរបស់ខ្លួន។ «ស្ទីមសូណា» ក៏ល្អ និងអាចធ្វើបានសម្រាប់ទាំងប្រុសស្រី ដោយហេតុថាការធ្វើបែបនេះ គឺមិនត្រឹមតែដើម្បីសម្រស់ស្រស់ស្អាតនោះទេ។ ប៉ុន្តែ វាក៏ជួយបណ្តេញជាតិពុលចេញពីក្នុងខ្លួនរបស់យើងបានផងដែរ។  ជាទូទៅ គឺបានធ្វើការហួសពីកម្លាំងរួចទៅហើយ ហេតុនេះហើយ ពេលទំនេរគួរតែមានពេលសម្រាក និងធ្វើអ្វីដើម្បីខ្លួនឯង ព្រោះថាខួរក្បាលបានធ្វើការច្រើនហើយ ខ្លួនប្រាណក៏ត្រូវតែសម្រាកដូចគ្នាដែរ។   ហេល៍ថាម ៖ ជាចុងក្រោយ តើបងមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់អនាគតនិស្សិតពេទ្យដែលបារម្ភថារៀនពេទ្យនឹងត្រូវមុខចាស់ដែរឬទេ?  ម៉ូលីកា ៖ ប្រសិនបើចង់ស្អាត ត្រូវតែឆ្លាតវៃ ហើយដាច់ខាតកុំខ្ជិល។ អ្វីដែលសំខាន់ជាងគេ គឺសិល្បៈ និងភាពវៃឆ្លាតក្នុងការបែងចែកពេលវេលារបស់ខ្លួន(ដូចដែលបានលើកឡើងខាងលើ) ហើយរៀបចំគម្រោង និងផែនការច្បាស់លាស់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ពេលមានផ្ទៃពោះ អ្នកមិនគួរហាត់ប្រាណ ជាការពិតទេ? នៅមានការលើកឡើងជាច្រើនទៀតអំពីការហាត់ប្រាណពេលមានផ្ទៃពោះនេះ ដែលអ្នកមិនដឹងថាជារឿងពិត ឬគ្រាន់តែជាអាថ៌កំបាំង។ ទោះបីមានការយល់ដឹងច្រើនរួចមកហើយអំពីអត្ថប្រយោជន៍នៃការហាត់ប្រាណចំពោះស្ត្រីមានផ្ទៃពោះ ការចែករំលែកនូវបទពិសោធន៍ខុសៗគ្នាជាច្រើនកន្លងមករបស់ស្ត្រីជាច្រើនរូបទៀតនៅតែធ្វើឲ្យមានការយល់ច្រឡំនឹងអាថ៌កំបាំងខ្លះៗដែលយើងតែងតែឮតៗគ្នា។តើអាថ៌កំបាំងទាំងនោះជាការពិតឬទេ? អាថ៌កំបាំងទី 1៖ ស្ត្រីមានផ្ទៃពោះមិនគួរធ្វើលំហាត់ប្រាណក្បាលពោះឡើយ។ ការពិត ៖  វាមិនត្រឹមតែមិនមានបញ្ហាតែវាថែមទាំងមានអត្ថប្រយោជន៍ចំពោះស្ត្រីមានផ្ទៃពោះទៀតផង។  មិនថាតំបន់ពោះ និងគ្រប់កន្លែងនៃរាងកាយ រួមទាំងត្រគាក សុទ្ធតែត្រូវធ្វើឲ្យមានភាពរឹងមាំនៅអំឡុងពេលនេះ ដើម្បីជាជំនួយពេលសម្រាលកូន  និងការសះស្បើយឡើងវិញក្រោយសម្រាល។ អាថ៌កំបាំងទី 2 ៖   ប្រសិនបើស្ត្រីមានផ្ទៃពោះហាត់ប្រាណច្រើនពេកនោះនឹងអាចស្រូបយកសារធាតុចិញ្ចឹមពីកូនវិញ   ដែលនឹងធ្វើឲ្យកូនលូតលាស់មិនពេញលេញ។ ការពិត ៖   ការប៉ះពាល់នេះអាចទាក់ទងនឹងការស្តុកទុកសារធាតុចិញ្ចឹមរបស់ស្ត្រីខ្លួនឯងផ្ទាល់ប៉ុណ្ណោះ តែមិនមែនជាសារធាតុចិញ្ចឹមរបស់កូនអ្នកឡើយ។  ទោះយ៉ាងណា ដើម្បីចៀសវាងបញ្ហានេះ អ្នកត្រូវគ្រប់គ្រងកម្រិតជាតិស្ករឲ្យបានល្អ ដោយញ៉ាំអាហារតិចៗ តែច្រើនដង។ អាថ៌កំបាំងទី 3៖ ការមានទម្ងន់ធ្វើឲ្យស្ត្រីងាយប្រឈមនឹងការរងរបួសនៅពេលហាត់ប្រាណ។ ការពិត៖  ពេលមានផ្ទៃពោះ រាងកាយរបស់ស្ត្រីបង្កើតនូវអ័រម៉ូន relaxin ដែលជួយឲ្យសន្លាក់មានភាពរអិល និងជួយឲ្យការសម្រាលកូនបានស្រួល។  ប៉ុន្តែ នៅពេលសន្លាក់រអិល ឬធូរពេក ធ្វើឲ្យស្ត្រីបង្កើនការធ្វើចលនាដែលនាំឲ្យប្រឈមនឹងការរងរបួសទៅវិញ។ ដូចនេះ  ស្រ្តីគួរចៀសវាងនូវសកម្មភាពដែលត្រូវប្រើសាច់ដុំខ្លាំង ឬចលនាសន្លាក់ច្រើន។ អាថ៌កំបាំងទី 4៖   បើអ្នកមិនធ្លាប់ហាត់ប្រាណពីមុន អ្នកក៏មិនគួរចាប់ផ្តើមហាត់ពេលមានផ្ទៃពោះដែរ។ ការពិត ៖   បើអ្នកមិនដែលហាត់ប្រាណពីមុន អ្នកមិនគួរក្លាយជាអ្នកហាត់យ៉ាងសកម្មអំឡុងពេលពពោះឡើយ។ អ្នកអាចចាប់ផ្តើមបានសន្សឹមៗដោយគ្រាន់តែជាការដើរ ឬហែលទឹកធម្មតាក៏អាចជួយឲ្យអ្នកមានការធូរស្រាលពីសម្ពាធនៃការមានផ្ទៃពោះ ព្រមទាំងជួយឲ្យគេងបានលក់ស្រួលផងដែរ។  ១០នាទីក្នុងមួយថ្ងៃជាការចាប់ផ្តើមល្អមួយ រួចអ្នកអាចបង្កើនការហាត់បន្តិចម្តងៗ។ អាថ៌កំបាំងទី 5៖   អ្នកមិនចាំបាច់ហ្វឹកហាត់អាងត្រគាកឡើយ បើអ្នកនឹងសម្រាលកូនដោយវះកាត់។ ការពិត ៖ សាច់ដុំត្រង់ត្រគាករបស់ស្ត្រីនឹងចុះខ្សោយអំឡុងពេលមានផ្ទៃពោះ។    អាងត្រគាករឹងមាំអាចកាត់បន្ថយការប្រឈមនឹងការយារធ្លាក់នៃសរីរាង្គនៅតំបន់នោះ ដូចនេះ វាជាការល្អដែលស្រ្តីហ្វឹកហាត់លំហាត់ប្រាណនេះ ទោះជាគាត់សម្រាលកូនដោយវះកាត់ក៏ដោយ។ អាថ៌កំបាំងទី 6៖ ស្ត្រីគួរតែហាត់ប្រាណរហូតដល់ពេលសម្រាល។ ការពិត ៖  លទ្ធផលនឹងកាន់តែល្អចំពោះម្តាយ និងទារក កាលណាការហាត់ប្រាណត្រូវបានបន្តកាន់តែជិតដល់ពេលសម្រាលប្រសិនស្ថានភាពអ្នកមិនត្រូវបានណែនាំឲ្យឈប់។ តែបើអ្នកមិនមានអារម្មណ៍ចង់ហាត់ទេនោះ យកល្អគួរកាត់បន្ថយការហាត់ជាជាងការឈប់ហាត់តែម្តង។ អាថ៌កំបាំងទី 7៖  ការដកដង្ហើមបានខ្លីរបស់ស្ត្រីមានផ្ទៃពោះ គឺជាសញ្ញាដែលពួកគេមិនគួរហាត់ប្រាណ។ ការពិត ៖  ដង្ហើមខ្លីៗរបស់ស្ត្រីនៅអំឡុងពេលមានផ្ទៃពោះ គឺការពិតទាក់ទងនឹងកម្រិតអ័រម៉ូនប្រូសេស្តេរ៉ូន   ដែលទៅភ្ញោចការដកដង្ហើម និងធ្វើឲ្យមានបន្ទេរឧស្ម័នពីម្តាយទៅទារក។ ការហាត់ប្រាណអាចជួយបង្កើនសរសៃឈាមនៅសុកដែលជាផ្លូវបញ្ជូនអុកស៊ីហែ្សន និងសារធាតុចិញ្ចឹមទៅទារក។ អាថ៌កំបាំងទី 8៖ ការហាត់ប្រាណខ្លាំងពេក អាចធ្វើឲ្យកើនកម្តៅដែលគ្រោះថ្នាក់ចំពោះទារក។ ការពិត ៖  ការមានផ្ទៃពោះអាចជួយទប់ទល់នឹងការឡើងកម្តៅរបស់ម្តាយដែលអាចប៉ះពាល់ដល់ទារកស្រាប់ហើយ តាមរយៈការកើនឡើងនៃបរិមាណឈាម ការបែកញើស ឬការស្តុកកម្តៅសម្រាប់ជាលិកា។  ការហាត់ប្រាណអាចជួយឲ្យស្ត្រីមានផ្ទៃពោះអាចគ្រប់គ្រងកម្តៅនេះបានកាន់តែល្អ   តែគួរប្រាកដថាបានហាត់នៅកន្លែងមានខ្យល់ចេញចូលល្អ មិនក្តៅពេក   និងត្រូវផ្តល់ជាតិទឹកជាប្រចាំផងដែរ។ រាល់ការធ្វើលំហាត់ប្រាណរបស់អ្នកគួរមានការពិគ្រោះ  និងណែនាំដោយអ្នកជំនាញ  ទោះយ៉ាងណា  មិនមែនគ្រប់សកម្មភាពហាត់ប្រាណតម្រូវឲ្យស្ថិតក្រោមការតាមដានរបស់អ្នកជំនាញនោះដែរ(ការដើរ ឬរត់ត្រឹកៗជាដើម) ដរាបណាអ្នកមិនមានកត្តាហានិភ័យ ឬស្ថិតក្នុងស្ថានភាពពិសេសណាមួយ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី២នៅកម្ពុជាមានការកើនឡើងជាលំដាប់ស្របពេលមានការអភិវឌ្ឍរីកចម្រើន នៃប្រទេសនិងសាកលភាវូបនីយកម្ម។ គេប៉ាន់ប្រមាណថា មានអ្នកជំងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជាប្រមាណ១៧០,០០០នាក់ក្នុងឆ្នាំ២០១០ ហើយចំនួននេះនឹងហក់ឡើងទៅដល់ ២៦៤,០០០នាក់ក្នុងឆ្នាំ២០២៨(ស្មើនឹងកើនឡើងប្រមាណ៨០%)។ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីជំងឺទឹកនោមផ្អែមនិងការការពារផលលំបាក ខ្ញុំបាទសុំធ្វើការបង្ហាញនូវគន្លឹះជោគជ័យ៨ចំណុច។ 1.ការគ្រប់គ្រងជាតិស្ករ ការគ្រប់គ្រងជាតិស្ករជាចំណុចសំខាន់នៃការគ្រប់គ្រងនិងការពារផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចមួយ ចំនួនដូចខាងក្រោម៖ -  ស្វែងយល់ពីប្រភេទចំណីអាហារដែលសម្បូរជាតិស្ករនិងបរិភោគក្នុងបរិមាណសមរម្យ ដោយចៀសវាងបរិភោគអាហារដែលសម្បូរជាតិស្ករពីរបីមុខជាន់គ្នា -  ត្រូវស្វែងយល់ពីសន្ទស្សន៍ជាតិស្ករក្នុងចំណីអាហារ (សន្ទស្សន៍ជាតិស្ករជាល្បឿននៃការស្រូបចូលក្នុងឈាមនៃជាតិស្ករក្រោយពេលយើងទទួលទានចំណីអាហារដែលមានជាតិស្ករ។ ចំណីអាហារខ្លះមានសន្ទស្សន៍ជាតិស្ករខ្ពស់ ចំណីអាហារខ្លះមានសន្ទស្សន៍ជាតិស្ករមធ្យម ចំណីអាហារខ្លះមានសន្ទស្សន៍ជាតិស្ករទាប អ្នកជំងឺទឹកនោមផ្អែមគប្បីបន្ថយចំណីអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់) -  ហាត់ប្រាណជាប្រចាំ ៣០នាទី ២ទៅ៣ដងក្នុងមួយសប្តាហ៍។ ការហាត់ប្រាណធ្វើឲ្យជាតិស្កររបស់អ្នកជំងឺថយចុះ - ស្វែងរកគ្រូពេទ្យនៅពេលដែលជាតិស្ករមិនអាចគ្រប់គ្រងបានតាមរយៈរបប អាហារនិងការហាត់ប្រាណ - ជួសជាតិស្ករជាប្រចាំនិងកត់ត្រាទុក ហើយចៀសវាងជួសជាតិស្ករតែពេលព្រឹករួចមិនបានជួស ជាតិស្ករក្រោយអាហារ។ 2. គ្រប់គ្រងសម្ពាធឈាម ការព្យាបាលអ្នកជំងឺទឹកនោមផ្អែមមិនមែនមានត្រឹមតែការបញ្ចុះជាតិស្ករនោះទេគឺត្រូវគិតអំពីសម្ពាធឈាមថែមទៀត ដើម្បីកាត់បន្ថយផលវិបាកនានា។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចខាងក្រោម៖ -  បន្ថយការពិសាប្រៃ មានដូចជាគ្រឿងផ្អាប់ -  រក្សាសម្ពាធឈាមឲ្យនៅក្រោម ១៤០/៩០មីលីម៉ែត្របារ៉តសម្រាប់អ្នកជំងឺទឹកនោមផ្អែមទូទៅ និងក្រោម១៣០/៨០មីលីម៉ែត្របារ៉ត សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលមានមុខងារតម្រងនោមធ្លាក់ចុះ - ឆាប់ពិភាក្សាជាមួយគ្រូពេទ្យអំពីសម្ពាធឈាម ក្នុងករណីដែលសម្ពាធឈាមលោកអ្នកលើសពីកម្រិតដែលបានជម្រាបជូនខាងលើ។ 3. គ្រប់គ្រងជាតិខ្លាញ់ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ភាគច្រើនមាន ផលវិបាកលើសរសៃឈាមបេះដូង ខួរក្បាល និងសរសៃឈាមនៅអវយវៈខាងក្រោមជាដើម។ ហេតុនេះហើយ ដើម្បីកាត់បន្ថយនូវហានិភ័យខាងលើ អ្នកជំងឺគួរគប្បីអនុវត្តដូចខាងក្រោម៖ - បន្ថយបរិភោគអាហារដែលមានខ្លាញ់ច្រើន ដូចជាអាហារដែលបំពងអាហារដែលចៀន ឬក៏គ្រឿងក្នុងសត្វ។ល។ -  រក្សាកុំឲ្យលើសទម្ងន់ - ពិនិត្យជាតិខ្លាញ់យ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ រួចប្រឹក្សាជាមួយគ្រូពេទ្យ តើជាតិខ្លាញ់របស់យើងលើសហើយឬនៅ។ 4. ពិនិត្យនិងតាមដានតម្រងនោម ការសិក្សាបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២នៅអាស៊ីយើងនេះមានផលប៉ះពាល់លើតម្រងនោមខ្ពស់ ហេតុនេះហើយអ្នកជំងឺគួរគប្បីយល់ដឹង និងអនុវត្តនូវចំណុចខាងក្រោមដើម្បីកាត់បន្ថយនូវហានិភ័យបន្ថែមពីលើការគ្រប់គ្រងជាតិស្ករ សម្ពាធឈាម និងខ្លាញ់។ -  ពិនិត្យមើលមុខងារតម្រងនោមតាមរយៈការពិនិត្យឈាម Creatinine, Urée ឲ្យបានយ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ - ពិនិត្យមើលទឹកនោម Microalbumine យ៉ាងហោចណាស់ឲ្យបាន១ ដងក្នុង១ឆ្នាំ -  ពិភាក្សាជាមួយនឹងគ្រូពេទ្យអំពីការតាមដាន តម្រងនោមនិងព្យាបាលឲ្យបានទាន់ពេលវេលា - ចៀសវាងការយល់ច្រឡំថា ថ្នាំពេទ្យដែលព្យាបាលជំងឺទឹកនោមផ្អែមនាំឲ្យខូចតម្រងនោម។ ការសិក្សាមិនបានបង្ហាញថាមានថ្នាំពេទ្យ សម្រាប់ព្យាបាលទឹកនោមផ្អែមណាមួយដែលធ្វើឲ្យខូចតម្រងនោមនោះទេ។ ផ្ទុយទៅវិញ ការ-គ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អនោះទេដែលធ្វើឲ្យខូចតម្រងនោម។ 5. ពិនិត្យ និងតាមដានភ្នែក ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចធ្វើឲ្យអ្នកជំងឺមានបញ្ហាបាតភ្នែក និងជំងឺ ភ្នែកមួយចំនួនទៀត ហេតុដូច្នេះហើយ អ្នកជំងឺគួរគប្បីអនុវត្តដូចខាងក្រោម៖ - ត្រួតពិនិត្យភ្នែកយ៉ាងតិចឲ្យបាន១ដងក្នុង១ឆ្នាំទោះបីមិនមានរោគសញ្ញាអ្វីក៏ដោយ - ប្រឹក្សាជាមួយនឹងគ្រូពេទ្យភ្នែកក្នុងករណីមានរោគសញ្ញាដូចជាស្រវាំងភ្នែក ព្រិលភ្នែកជាដើម។ 6. ពិនិត្យ និងតាមដានជើង អ្នកជំងឺទឹកនោមផ្អែមប្រឈមមុខខ្ពស់នឹងការមានដំបៅក្រជា ឬក៏កាត់ម្រាមជើង ឬក៏កាត់ជើងតែម្តង ខ្ពស់ជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម ហេតុដូច្នេះហើយ មានចំណុចមួយចំនួនដែលយើងត្រូវអនុវត្តប្រតិបត្តិ៖ - ដុសសម្អាតជើងឲ្យបានស្អាតជាប្រចាំ - ចៀសវាងយកទឹកក្តៅ ឬឆ្នាំងអ៊ុតមកស្អំ - ចៀសវាងដើរជើងទទេ - ករណីមានដំបៅ ដាច់ខាតត្រូវតែទៅប្រឹក្សាជាមួយគ្រូពេទ្យទោះបីដំបៅនោះតូចយ៉ាងណាក៏ដោយ។ 7. បញ្ឈប់ការជក់បារី បារីនិងជំងឺទឹកនោមផ្អែម បើបូកបញ្ចូលគ្នាគឺជាគ្រោះធំរបស់អ្នកជំងឺ ។ ដាច់ខាតត្រូវតែបោះបង់ការជក់បារីឲ្យបាន កត្តាដែលគួរចងចាំគឺ៖ - អ្នកជក់បារីអាចប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែម៣០ទៅ៤០%លើសអ្នកអត់ជក់បារី - អ្នកជំងឺទឹកនោមផ្អែមដែលជក់បារីប្រឈមមុខខ្ពស់ជាងអ្នកដែលអត់ជក់បារីទៅលើជំងឺសរសៃឈាមបេះដូង ការកាត់ជើង និងការខូចបាតភ្នែក។ 8. ប្រឹក្សាជាប្រចាំជាមួយគ្រូពេទ្យ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ គួរគប្បីយល់ថា ជំងឺទឹកនោមផ្អែមប្រភេទី២ជាជំងឺដែលវិវឌ្ឍទៅមុខជាប្រចាំ ពីព្រោះថា ខ្លួនយើងអាចចាស់ លំពែងយើងក៏ចាស់ ក៏ចុះទ្រុឌទ្រោមផងដែរ (លំពែងជាដើមហេតុធ្វើឲ្យយើងកើតជំងឺទឹកនោមផ្អែមប្រភេទទី២)។ ហេតុដូច្នេះហើយការតាមដានជាប្រចាំជាមួយគ្រូពេទ្យគឺពិតជាកត្តាសំខាន់ ។ អ្នកជំងឺគួរគប្បី៖ - ចៀសវាងការលេបថ្នាំតាមគ្នា - ចៀសវាងការទិញថ្នាំទឹកនោមផ្អែមដោយគ្មានវេជ្ជបញ្ជា - ប្រឹក្សាអំពីថ្នាំដែលអ្នកជំងឺទទួលទាន ពីព្រោះជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ អ្នកជំងឺត្រូវទទួលទាន ថ្នាំរយៈពេលយូរ ដូច្នេះហើយ អ្នកជំងឺ និងក្រុមគ្រួសារ គួរគប្បីស្វែងយល់អំពីប្រភេទថ្នាំលេបនីមួយៗ ឬក៏ថ្នាំចាក់នីមួយៗដែលអ្នកជំងឺប្រើប្រាស់រាល់ថ្ងៃ៕ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសក្រពេញអ័រម៉ូន និងទឹកនោមផ្អែមនៃមន្ទីរពេទ្យកាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានផ្តល់ដំណឹងជូនដល់មាតាបិតា អាណាព្យាបាលដែលមានកុមារតូចៗទាំងអស់ដែលមានជំងឺភ្នែកឡើងបាយ និងបញ្ហាត្របកភ្នែកមកទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។ កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ទីតាំង៖ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គ្រប់ម៉ោងធ្វើការ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

មានមនុស្សជាច្រើនសួរពួកគាត់ថា«រៀនពេទ្យចប់ ហេតុអ្វីមិនធ្វើពេទ្យ?បែរជាធ្វើគ្រូបង្រៀន ឬសាស្រ្តាចារ្យទៅវិញ?» ចម្លើយក៏មានច្រើនបែបច្រើនសណ្ឋានទៅតាមការយល់ឃើញរបស់ពួកគាត់ម្នាក់ៗដែរ។ ប្រាកដណាស់ថា ម្នាក់ៗសុទ្ធតែស្ញើចសរសើរនឹងទឹកចិត្ត និងការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការបង្ហាត់បង្រៀននូវមុខវិជ្ជាផ្សេងៗទៅតាមជំនាញរបស់ពួកគាត់ ព្រោះថាត្រឹមជានិស្សិតពេទ្យមួយរូបដែលរៀនសូត្រពីពួកគាត់ ក៏បានដឹងរួចស្រាប់ហើយថាការរៀនហ្នឹងមិនងាយនោះទេ ចុះទម្រាំតែអ្នកបង្រៀនវិញនោះ? ដូចដែលយើងបានដឹងហើយថា ពន្យល់ និងបង្រៀនគេបាន ដរាបណាបុគ្គលម្នាក់នោះយល់ច្បាស់ និងធ្លាប់បានសិក្សាស្រាវជ្រាវ ក៏ដូចជាសិក្សាលើចំណុចទាំងនោះ… ថ្វីត្បិថា ខ្ញុំមិនធ្លាប់បានរៀនពេទ្យហ្នឹងគេមែន តែខ្ញុំឃើញលោកសាស្រ្តាចារ្យមួយរូបរបស់បងប្រុសខ្ញុំ ដែលពិតជានិមិត្តរូបមែន…គាត់មិនត្រឹមតែបំពេញកាតព្វកិច្ចជាសាស្រ្តាចារ្យមួយរូបនៅសាលាប៉ុណ្ណោះទេ តែគាត់បានដើរតួនាទីជាឱពុកទីពីរដែលតែងតែមើលថែទាំ និងយកចិត្តទុកដាក់លើការរៀនសូត្រ និងការងាររបស់សិស្សនិស្សិតគ្រប់រូប ដោយមិនត្រឹមតែជួយពង្រឹងនូវការយល់ដឹងឡើយ គឺជួយជំរុញលើកទឹកចិត្តនិស្សិតៗគ្រប់រូបក្នុងការបន្តដំណើរក្នុងការសិក្សាផ្នែកសុខាភិបាលនេះ។ ធ្លាប់លឺបងប្រុសនិយាយថា រៀនម៉ោងផ្សេង ត្រូវចំណាយពេលច្រើនក្នុងការស្វែងយល់បន្ថែម តែសម្រាប់ម៉ោងរបស់គាត់វិញ គឺហាក់ដូចជាប្លែកជាងគេបន្តិច។ ដោយហេតុថាវិធីសាស្រ្តបង្រៀន និងពន្យល់របស់គាត់ មានលក្ខណៈងាយយល់ និងមិនស្មុគស្មាញច្រើនឡើយ… អត្តចរិតម៉ត់ចត់ ម៉ឺងម៉ាត់ តែប្រកបដោយក្តីស្រលាញ់រាប់អាន និងឆន្ទៈក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល បានធ្វើឲ្យគាត់ក្លាយជាបុគ្គលមួយរូបដែលមិត្តរួមការងារ និងសិស្សនិស្សិតជាច្រើនគោរពស្រលាញ់… យ៉ាងណាមិញ លោកគ្រូ អ្នកគ្រូ និងសាស្រ្តាចារ្យគ្រប់រូបសុទ្ធតែបានរួមចំណែកក្នុងការបណ្តុះបណ្តាល និងត្រួសត្រាយផ្លូវសម្រាប់ការសិក្សារបស់សិស្សនិស្សិត គ្រាន់តែវិធីសាស្រ្ត និងបច្ចេកទេសមានលក្ខណៈខុសៗពីគ្នា តែអ្វីដែពួកគាត់មានដូចគ្នានោះ គឺទឹកចិត្តចង់ឲ្យកូនសិស្សរបស់ខ្លួនបានចេះបានដឹង បានរីកចម្រើន… ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តើមិត្តៗនិស្សិតគោរពស្រលាញ់ និងកោតសរសើរសាស្ត្រាចារ្យមួយរូបណាជាងគេដែរ? ហេតុអ្វី? ខាងក្រោមនេះជាវីដេអូដែលបានឃើញនៅហ្វេសប៊ុក ដែលគេបង្ហាញពីទឹកចិត្តដ៏មហិមារបស់សាស្រ្តាចារ្យនៅសាលាពេទ្យមួយរូប...This is kind of a Try Not To Cry Challenge, so brace urself...u may cut onion when seeing this... ប្រភព ៖ ហ្នឹងក៏ផុសដែរ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

វិស័យសុខាភិបាលកំពុងត្រូវបានគេយកចិត្តទុកដាក់ និងខិតខំស្រាវជ្រាវពីសំណាក់អ្នកវិទ្យាសាស្រ្តក្នុងការរុករកនូវអ្វីដែលថ្មីៗ ដើម្បីបំពេញ និងបន្ថែមជាភាពងាយស្រួលទៅតាមតម្រូវការរបស់មនុស្ស ។ ​​បច្ចុប្បន្ន តួយ៉ាង ផ្នែកសុខភាពធ្មេញ ក៏កំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដូចជា ការដាំបង្គោលធ្មេញ និងពត់ធ្មេញជាដើម។ ការដាំបង្គោលធ្មេញ Dental Implant ជាវិធីសាស្រ្តក្នុងការដាំលោហៈចូលទៅក្នុងធ្មេញជំនួសឫសធ្មេញកំណើតដែលបានបាត់បង់ ដោយប្រើប្រាស់ប្រភេទលោហៈ ដែលអាចរស់នៅក្នុងឆ្អឹងធ្មេញរបស់មនុស្សបាន ហើយវាត្រូវបានគេចម្រាញ់ជាច្រើនដំណាក់កាល និងផ្តល់ជាអត្ថប្រយោជន៍ច្រើនជាង វិធីសាស្រ្តដាក់ធ្មេញដែលធ្លាប់អនុវត្តកន្លងមក។ •សារប្រយោជន៍នៃការដាំបង្គោលធ្មេញបច្ចុប្បន្នមានលក្ខណៈ៖ -មិនមានផលប៉ះពាល់ដល់ធ្មេញល្អដទៃទៀត -មានលក្ខណៈដូចទៅនឹងធ្មេញកំណើត និងមានភាពរឹងមាំ។ •ចំពោះលោហៈធាតុដែលគេចាប់ផ្តើមប្រើប្រាស់ គឺពពួក Pure Titanium ដែលពេលខ្លះវាផ្តល់អារម្មណ៍ភ័យខ្លាចដល់អ្នកដែលចង់សាកល្បងសេវាកម្មនោះ។ ប៉ុន្តែ ថ្មីៗនេះមានការដាក់ឲ្យប្រើប្រាស់នូវប្រភេទលោហៈម្យ៉ាងទៀតដែលមិនស្តែងចេញជារូបភាពដែក គឺពពួក Zirconiaមានពណ៌សដូចទៅនឹងភ្លុកធ្មេញ តែមានតម្លៃខ្ពស់។ ការពត់ធ្មេញ Orthodontic  ជាសេវាកម្មមួយដែលកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសចំពោះយុវវ័យ​ ក្នុងបំណងកែលម្អសភាពទម្រង់ធ្មេញ ក៏ដូចជាបង្កើនសម្រស់ផងដែរ។ •ការពត់តម្រង់ធ្មេញដែលអ្នកតែងតែឃើញជាញឹកញាប់ ត្រូវបានគេប្រើប្រាស់ដោយដែកតូចៗ Conventional Braces បិទភ្ជាប់ដោយសរសៃដែក និងបន្ថែមដោយកៅស៊ូ ដែលអាចប្តូរពណ៌តាមចំណង់ចំណូលចិត្ត ដែលការតាមដានពីសំណាក់ទន្តបណ្ឌិតនៃការពត់ធ្មេញប្រភេទនេះគឺអាចប្រើប្រាស់ពេលយ៉ាងហោចណាស់ ១៥ដង។ •ការវិវឌ្ឍចុងក្រោយនេះ ការពត់ធ្មេញអាចធ្វើឡើងបានដោយគ្រាន់តែប្រើប្រាស់ពពួកប្លាស្ទិកដែលមានពណ៌ថ្លា Clear Bracesអាចផ្តល់ឲ្យអ្នកនូវអត្ថប្រយោជន៍ច្រើនជាងការប្រើប្រាស់ពពួកដែក Conventional Braces តួយ៉ាង៖ -មានសភាពរឹង និងស្វិត -ដោយសារវាមានពណ៌ថ្លា នោះអ្នកដទៃអាចមិនដឹងថាអ្នកបានធ្វើការពត់ធ្មេញ -មានលក្ខណៈជាប់បានល្អ ដោយមិនបារម្ភពីការជ្រុះ ឬរបូតចេញ -កម្រិតលទ្ធផលមានភាពជាក់លាក់ និងល្អជាងការប្រើប្រាស់ដែក -អាចបត់បែនគ្រប់កាលៈទេសៈ ប្រសិនអ្នកត្រូវការដោះចេញដើម្បចូលរួមក្នុងកម្មវិធីនានា -កាត់បន្ថយពេលវេលាក្នុងការណាត់ជួបជាមួយគ្រូពេទ្យ ដោយអាចធ្វើឡើងត្រឹមតែ ៥ ទៅ៦ដងតែប៉ុណ្ណោះ។ មិនថាការវិវឌ្ឍមានសភាពយឺត ឬលឿន ច្រើន​ ឬតិចយ៉ាងណាក្តីសុទ្ធតែជាផលវិជ្ជមានមួយដែលបង្ហាញពីការរីកចម្រើននៃវិស័យសុខាភិបាលគួរឲ្យកត់សម្គាល់ក្នុងយុគសម័យបច្ចុប្បន្ននេះ។ បកស្រោយដោយ៖  លោកទន្តបណ្ឌិត នូ រតនា នាយកប្រចាំ ពេទ្យធ្មេញ ឌី ឃែរ ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការដាច់សរសៃនៅត្រង់ជង្គង់ភាគច្រើនកើតលើមនុស្សវ័យកណ្តាលជាពិសេសក្នុងវ័យលេងកីឡាឬអ្នកមានសកម្មភាពខ្លាំងតែពួកគាត់ហាក់ដូចជាមិនទាន់យល់ច្បាស់ពីបញ្ហានេះនៅឡើយទេ។ដោយបញ្ហាដាច់សរសៃនៅត្រង់ជង្គង់ត្រូវបានមើលរំលងពីផលវិបាករបស់វា ព្រោះអ្នកលេងកីឡាយល់ថាខ្លូនគ្រាន់តែ គ្រិច ថ្លោះ ឬភ្លាត់ជាដើម ហើយកន្លែងដែលងាយរងគ្រោះជាងគេនោះនៃរាងកាយមាន កជើង និងជង្គង់។  ការដាច់សរសៃនៅត្រង់ជង្គង់នេះចែកជាបីប្រភេទ៖ •ករណីស្រាល (គ្រិច) ៖ ជាករណីដែលមានប៉ះពាល់ដល់សរសៃនៅត្រង់ជង្គង់ ( Ligament ) ធ្វើឲ្យមានសភាពយ៉ារ យឺត តែមិនដាច់។ •ករណីមធ្យម (ថ្លោះ) ៖ ជាករណីដាច់ខ្លះនៃសរសៃនៅត្រង់ជង្គង់( Ligament )។ •ករណីធ្ងន់ (ភ្លាត់) ៖ ជាករណីដែលធ្វើឲ្យការដាច់សរសៃនៅត្រង់ជង្គង់( Ligament ) ទាំងអស់ ហើយមានការឈាមកក និងសន្លាក់គ្មានលំនឹង។ រោគសញ្ញា ៖ មានការឈឺចាប់ភ្លាមៗ ហើម និងមានកកឈាមក្នុងសន្លាក់ព្រមទាំងពិបាកធ្វើចលនា តែវាអាចធូរស្រាលពេលប្រើប្រាស់ថ្នាំប្រភេទបំបាត់ការឈឺចាប់ (រឹត ស្អំ លេប) ដែលបណ្តាលឲ្យអ្នកជំងឺមិនបានមកពិនិត្យឲ្យបានត្រឹមត្រូវ។ ការព្យាបាល ៖ ផ្នែកដែលរងប៉ះទង្គិចជាងគេនោះគឺ សរសៃដែលនៅសងខាង និសរសៃដែលនៅខាងក្នុងសន្លាក់របស់ជង្គង់។ ការព្យាបាលគឺមានភាពខុសប្លែកពីគ្នា និងអាស្រ័យទៅតាមការខូចខាតផងដែរ ៖ •ប្រសិនបើក្នុងករណីគ្រិច ៖ ការព្យាបាលដោយការប្រើប្រាស់ថ្នាំ និងការសម្រាកឲ្យបានច្រើនក្នុងរយៈពេលមួយខែកន្លះ ព្រមជាមួយគ្នានោះសកម្មភាពកីឡាក៏ត្រូវបានបញ្ឈប់ក្នុងពេលតែមួយផងដែរ។ •ប្រសិនបើក្នុងករណីថ្លោះ ៖ ការព្យាបាលដែលល្អប្រសើរគឹ ការអបជង្គង់ក្នុងរយៈពេលមួយខែ អ្នកជំងឺនឹងអាចចាប់ផ្តើមធ្វើចលនាជង្គង់ថ្នមៗ។ ក្រោយការព្យាបាលគាត់អាចត្រឡប់មកសភាពធម្មតាក្នុងរយៈពេលមួយខែកន្លះ។ •ប្រសិនបើមានការដាច់សរសៃនៅខាងក្នុងសន្លាក់វិញ អាចនាំឲ្យជង្គង់លែងមានលំនឹង អាចមានការភ្លាត់ភ្លាមៗ កម្លាំងនៃជង្គង់នេះក៏ចុះខ្សោយស្របពេលគ្នា។  ការព្យាបាលនេះទាមទាររហូតដល់ការវះកាត់តសរសៃដែលដាច់មកវិញ ធ្វើឲ្យសភាពអ្នកជំងឺមានភាពប្រសើរឡើង ប៉ុន្តែក្រោយការវះកាត់ គឺតម្រូវឲ្យអ្នកជំងឺធ្វើសកម្មភាពស្រាលៗ និងមិនអនុញ្ញាតឲ្យគាត់បន្តសកម្មភាពកីឡាដូចមុនក្នុងរយៈពេលមួយរយៈពេលធំ។ ការការពារ ៖ •ការពារខ្លួនពីគ្រោះថ្នាក់ធ្ងន់ធ្ងរនានា •មានការប្រុងប្រយ័ត្នខ្លួនក្នុងពេលលេងកីឡា •ការជ្រើសរើសកីឡាណាមួយដែលសាកសមនឹងសមត្ថភាពដងខ្លួនរបស់អ្នក។ ប្រសិនយើងមានរបួសរួចហើយការព្យាបាលត្រឹមត្រូវគឺអាចចៀសវាងនូវផលវិបាកនៅថ្ងៃខាងមុខ ពិសេសសុខភាពឆ្អឹង (ជង្គង់មិនមានលំនឹងពេលធ្វើចលនា មុខងារសាច់ដុំ និងការធ្វើចលនាមានភាពលំបាកឬឈឺចាប់) ព្រមទាំងសន្លាក់ផងដែរ ។ ប្រសិនអ្នកមិនបានទទួលការពិនិត្យបានទាន់ពេលវេលា អ្នកអាចមានការប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំង រហូតដល់ការវះកាត់ប្តូរសន្លាក់ ដែលខាតទាំងពេលវេលានិងប្រាក់កាក់កាន់តែច្រើន។  បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ម៉េង សុខ ឯកទេសបាក់បែកឆ្អឹង និងសន្លាក់ បម្រើការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមន្ទីរសម្រាកព្យាបាល លឹម តាំង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាទូទៅប្រព័ន្ធទឹកនោមរាប់បញ្ចូលតាំងពីលើចុះមកក្រោម ខាងលើហៅថាតម្រងនោម ដែលមនុស្សម្នាក់់ៗមានតម្រងនោម២ គឺសរីរៈដែលច្រោះនូវជាតិពុលទាំងឡាយ ចម្រាញ់ចេញពីក្នុងឈាម បន្ទាប់មកក្រលៀនទាំងពីរនេះច្រោះបានជាទឹកនោម ហើយទឹកនោមនោះត្រូវបានហូរមកក្រោមតាមរយៈបំពង់បង្ហូរទឹកនោមសងខាង មានប្រវែងពី២,៥ទៅ៣តឹក រួចហូរចូលទៅក្នុងផ្លោកនោម។ ផ្លោកនោមមានតួនាទីមួយ គឺច្របាច់បញ្ជូនទឹកនោមឲ្យឆ្លងកាត់ក្រពេញប្រូស្តាតចំពោះបុរស និងហូរចេញមកក្រៅពេលបត់ជើងតូច។មនុស្សយើងម្នាក់ៗរស់នៅដោយពឹងផ្អែកលើអវៈយវៈទាំងពីរនេះដោយហេតុថាបើគ្មានតម្រងនោមជាតិពុលទាំងឡាយនឹងកើនឡើងក្នុងឈាម ហើយទីបំផុតនឹងអាចបណ្តាលឲ្យស្លាប់បាន។ លក្ខខណ្ឌដែលតម្រូវឲ្យមានការវះកាត់តម្រងនោម សញ្ញានានាដែលពាក់ព័ន្ធនឹងការវះកាត់តម្រងនោមត្រូវបានគេចែកដូចខាងក្រោម៖ •ជំងឺកើតក្រោយ មិនពាក់ព័ន្ធនឹងជំងឺមហារីក ដូចជាជំងឺក្រួសក្នុងតម្រងនោម ដែលវារំខានដល់ការហូរទឹកនោម ធ្វើឲ្យស្ទះ ឈឺចុកចាប់នៅផ្នែកខ្នងចុះមកផ្នែកខាងក្រោម មានសញ្ញាក្តៅញាក់ញ័រ។ ករណីនេះ អ្នកជំងឺត្រូវតែជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីរកមូលហេតុពិតប្រាកដ។ •អ្នកជំងឺមានដុំសង្កត់មកលើបំពង់ទឹកនោម ធ្វើឲ្យមានការស្ទះដូចគ្នាផងដែរ ដូចនេះហើយ អ្នកជំងឺចុកផ្នែកខាងក្រោយ អាចម្ខាង ឬសងខាងទៅតាមទំហំដុំ។ •មានការថយចុះនូវការច្រោះទឹកនោម ក្រេអាទីនីនកើនឡើងខ្លាំងក្នុងឈាម ដែលធ្វើឲ្យអ្នកជំងឺមានការហើមជើងបរិមាណទឹកនោមធ្លាក់ចុះទាបហើយអ្នកជំងឺមានក្តៅខ្លួន នោមឈាម ស្លេកស្លាំង ស្រក់ទម្ងន់ទាំងនេះហើយជាសញ្ញាពាក់ព័ន្ធនឹងមហារីក ដែលទាមទារឲ្យអ្នកជំងឺត្រូវព្យាបាលដោយការវះកាត់។ ការធ្វើតេស្តមុននឹងសម្រេចវះកាត់ •វិធីទី១៖ ដំបូងអ្នកជំងឺគឺត្រូវពិនិត្យអេកូសាស្ត្រ ជាលទ្ធផលអាចឲ្យយើងដឹងពីទំហំរបស់តម្រងនោមទាំងសងខាង ពិនិត្យមើលថាតម្រងនោមមានដក់ទឹក ស្ទះ ក្រួស ឬដុំនៅក្នុងតម្រងនោម និងដំណើរការរបស់សរសៃឈាមចិញ្ចឹមតម្រងនោម។ •វិធីទី២៖ ថតកាំរស្មីពោះ (ASP) ដែលវាអាចបង្ហាញនូវរូបភាពច្បាស់ ឃើញស្រមោលក្រួស ឬក្រួស និងភាពមិនធម្មតានៃតម្រងនោម។ •វិធីទី៣៖ មធ្យោបាយចុងក្រោយគឺអាចឈានដល់ការធ្វើស្កែន ដោយពុំចាក់ថ្នាំ ឬដោយចាក់ថ្នាំ ដែលវានឹងផ្តល់ឲ្យនូវព័ត៌មានលម្អិតពាក់ព័ន្ធនឹងទីតាំង ទំហំដុំ ឬទំហំក្រួស បង្ហាញអំពីការច្រោះ និងសមត្ថភាពច្រោះនៃតម្រងនោមជាដើម។ មុនពេលគ្រូពេទ្យឯកទេសតម្រងនោមសម្រេចចិត្តវះកាត់ អ្នកជំងឺភាគច្រើនត្រូវពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញផ្សេងទៀត ដូចជា ជំនាញបេះដូង ដើម្បីពិនិត្យសុខភាពបេះដូងមុនពេលវះកាត់។ មួយផ្នែកទៀតត្រូវពិគ្រោះជាមួយគ្រូពេទ្យដាក់ថ្នាំសន្តំ ដើម្បីបានព័ត៌មានអំពីថាតើរយៈពេលវះកាត់ណាមួយដែលអ្នកជំងឺអាចទ្រាំទ្រជាមួយនឹងភាពសន្តំបាន។ វិធីសាស្ត្រក្នុងការវះកាត់ ការវះកាត់តម្រងនោមដោយប្រើអង់ដូស្កុប ដែលជាការលូកចូលតាមផ្លូវធម្មជាតិ ដោយពុំមានស្នាម គ្មានការហូរឈាម ជាធម្មតាចំណាយរយៈពេល១ម៉ោងទៅ១ម៉ោង៣០នាទី ហើយសម្រាកពេទ្យត្រឹមតែ១ថ្ងៃ ឬ២ថ្ងៃប៉ុណ្ណោះ។ ចំណែកការវះកាត់ផ្សេងទៀត គឺការវះកាត់បើក ដែលអាចចំណាយពេលពី១ម៉ោងកន្លះទៅ៣ម៉ោង និងសម្រាកពេទ្យចន្លោះពី៥ថ្ងៃទៅ៧ថ្ងៃ។ គួរបញ្ជាក់ថា មុនពេល អំឡុងពេល និងក្រោយពេលវះកាត់ អ្នកជំងឺត្រូវបានពន្យល់យ៉ាងច្បាស់លាស់ជាមុន ពាក់ព័ន្ធដឹងសុវត្ថិភាពនៃការវះកាត់ ដើម្បីឲ្យគាត់ត្រៀមខ្លួនជាស្រេចក្នុងការទទួលយកលទ្ធផល។ គោលការណ៍ណែនាំក្រោយវះកាត់ ក្រោយពេលវះកាត់ អ្នកជំងឺត្រូវគោរព និងអនុវត្តតាមការណ៍ណែនាំរបស់គ្រូពេទ្យ ដែលវាខុសៗពីគ្នាតាមប្រភេទនៃជំងឺ។ ជាក់ស្តែង ប្រសិនបើវះកាត់ជំងឺក្រួសក្នុងតម្រងនោម ក្រោយពីការវះកាត់ទទួលបានជោគជ័យ អ្នកជំងឺត្រូវញ៉ាំទឹកឲ្យបានច្រើនជាង២លីត្រក្នុង១ថ្ងៃ និងចៀសវាងកត្តាទាំងឡាយណាដែលអាចឲ្យគាត់កើតក្រួសឡើងវិញ ដូចជាការទទួលទានសាច់ច្រើន ឬសារធាតុសម្បូរកាល់ស្យូម ក្នុងទឹកដោះគោ សុកូឡាជាដើម។ ភាគរយនៃហានិភ័យពីការវះកាត់លើតម្រងនោម បានបង្ហាញនូវអត្រាទាបបំផុត សឹងតែគ្មាន ប្រសិបបើការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងការជ្រើសរើសវិធីសាស្ត្រល្អបំផុត។ តម្រងនោមនីមួយៗពិតជាសំខាន់ណាស់ វាស្មើនឹងអាយុជីវិតយើងដូច្នេះដែរ ដែលគ្រប់គ្នាត្រូវធ្វើការថែរក្សា ដោយត្រួតពិនិត្យជាប្រចាំ និងគ្រប់គ្រងរបបអាហារ ចៀសវាងនូវការញ៉ាំពពួកកាល់ស្យូម ជាតិសាច់ លើសកម្រិត ហាត់ប្រាណជាទៀងទាត់ និងពិសាទឹកឲ្យបានច្រើន យ៉ាងហោចណាស់២-៣លីត្រក្នុងមួយថ្ងៃ។ បកស្រាយដោយ ៖ លោក វេជ្ជបណ្ឌិត ប៉ុល វិបុល ឯកទេសវះកាត់តម្រងនោម នៃមន្ទីរពេទ្យកាល់ម៉ែត្រ និងបម្រើការនៅគ្លីនិក សុនីតា។ គ្លីនិក សុនីតា​មានអាសយដ្ឋាន៖ ផ្ទះលេខ៦៤ ផ្លូវលេខ១៣៤  សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យោងតាមទិន្នន័យចុងក្រោយផ្តល់ដោយអង្គការសុខភាពពិភពលោកបានបង្ហាញឲ្យដឹងថា «មានប្រជាជនកម្ពុជាចំនួន ១១,៣២១ នាក់ បានបាត់បង់ជីវិតដោយសារជំងឺមហារីកនៅក្នុងឆ្នាំ ២០១២» ដែលជាក់ស្តែងណាស់ គឺវាជាជំងឺដែលមិនត្រឹមតែបង្កផលវិបាកដល់សុខភាពផ្ទាល់ខ្លួនរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ វាថែមទាំងបង្កភាពរាំងស្ទះដល់សេដ្ឋកិច្ចសង្គមកម្ពុជាទៀតផង។ ហេតុដូចនេះហើយ ក្រោមការផ្តួចផ្តើមគំនិតដោយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងរៀបចំឡើងដោយក្រុមប្រតិភូយុវជនកម្ពុជាឆ្នាំ ២០១៧  Cancer Remembrance Appeal for the NEedy ហៅកាត់ថា #ProjectCRANE ជាកម្មវិធីសង្គមថ្មីមួយ ដែលមានការគាំទ្រចំពោះកិច្ចការស្រាវជ្រាវ និង ការបង្ការជំងឺដ៏កាចសាហាវក្នុងសង្គមបច្ចុប្បន្នគឺ «ជំងឺមហារីក» ក៏បានមានវត្តមានឡើង ។ អ្វីដែលរឹតតែពិសេសទៀតនោះ គឺក្រោមគម្រោង CRANE នេះ វេទិកាសុខភាពដ៍ធំជាងគេនៅក្នុងប្រទេសកម្ពុជាស្តីអំពីវិធានការប្រចាំថ្ងៃក្នុងការបង្ការជំងឺមហារីក ក៏នឹងត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងពីការបង្ការជំងឺមហារីកផងដែរ។  តើអ្នកចង់ក្លាយជាអ្នកសង្រ្គោះប្រជាជនខ្មែរដែរឬទេ?  លោកអ្នកអាចចូលរួមជាផ្នែកមួយនៃគម្រោងនេះដោយចូលរួម«វេទិកាសុខភាពស្តីពីការបង្ការជំងឺមហារីក» ដែលនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង២ ដល់ម៉ោង៥រសៀល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ដោយគ្រាន់តែចំណាយ១ម៉ឺនរៀលសម្រាប់ការទិញសំបុត្រ ដោយថវិកាដែលប្រមូលបានពីកម្មវិធីនេះនឹងត្រូវបានប្រើប្រាស់ក្នុងការបង្កើតDatabaseសម្រាប់ស្រាវជ្រាវពីជំងឺមហារីកនៅកម្ពុជា ដើម្បីគាំទ្រសកម្មភាពស្រាវជ្រាវ និងបង្ការជំងឺមហារីករបស់«មជ្ឈមណ្ឌលជាតិជំងឺមហារីក» ។ គួរបញ្ជាក់ផងដែរថា វេទិកាដ៏ពិសេសមួយនេះ នឹងមានវត្តមានចូលរួមពីសំណាក់ ៖ -លោកសាស្រ្តាចារ្យ អ៊ាវ សុខា ជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងធ្វើការបកស្រាយលើប្រធាន«បន្ទុកនៃជំងឺមហារីកក្នុងប្រទេសកម្ពុជា» -លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ជាប្រធានផ្នែកវិភាគដុំសាច់មហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងធ្វើការបកស្រាយលើប្រធាន«វិធានការបង្ការប្រចាំថ្ងៃក្នុងការបង្ការជំងឺមហារីក»។ សម្រាប់ព័ត៌មានបន្ថែម និងការជាវសំបុត្រ ៖  លេខទូរស័ព្ទ ៖  012 509 856/  010 229 997 E-mail ៖ chhoysokunthaneth@gmail.com គ្រប់គ្នាសុទ្ធតែអាចចូលរួម… កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីសុខមាលភាពប្រជាជនខ្មែរ និង ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើង !!! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មានរឿងជាច្រើន បានលឺច្រើនដងយ៉ាងណា មិនស្មើនឹងបានជួបផ្ទាល់ ឬឆ្លងកាត់ម្តងឡើយ ជាក់ស្តែង ប្រាកដជាធ្លាប់បានលឺច្រើនដងហើយ ឃ្លាដែលគេនិយាយថា«រៀនពេទ្យ ពិបាក»  (ចង់ដឹងនិស្សិតពេទ្យយល់ឃើញយ៉ាងណាអំពីឃ្លានេះ អាចចូលទៅកាន់ ពេលសួរថា«រៀនពេទ្យពិបាក»មែនក៏អី? ទាំងនេះជាចម្លើយ…) តែកិច្ចការមួយលំបាក មិនមែនជាកិច្ចការដែលមិនអាចទៅរួចឡើយ។ ហើយចុះបើអាចទៅរួចបាននោះ តើមានវិធីសាស្រ្តអ្វីខ្លះទៅ? ក្រុមការងារក៏ធ្លាប់បានធ្វើការសាកសួរ និងជួបសម្ភាសន៍ជាមួយនឹងនិស្សិតពេទ្យមួយចំនួនអំពីបទពិសោធន៍នៃការសិក្សា ក៏ដូចជាចំណាប់អារម្មណ៍របស់ពួកគាត់ក្នុងនាមជានិស្សិតពេទ្យមួយរូប ហើយក្នុងនោះផងដែរ តាមរយៈចម្លើយជាច្រើនដែលបានទទួលក្នុងការឆ្លើយតបរបស់ពួកគាត់ ក្រុមការងារអ្នកនិពន្ធបានធ្វើការសង្កេតឃើញថា មានចំណុច៣ ដែលស្ទើរតែគ្រប់និស្សិតពេទ្យដែលបានផ្តល់បទសម្ភាសន៍បានលើកឡើង ពេលដែលឆ្លើយនឹងសំណួរ«តាមរយៈបទពិសោធន៍ក្នុងការសិក្សាកន្លងមកនេះ តើមានវិធីសាស្រ្តអ្វីខ្លះដែលនិស្សិតពេទ្យគួរប្រតិបត្តិ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា?» ដែលរួមមានដូចខាងក្រោម ៖ ស្វ័យសិក្សា  បន្ថែមពីលើកាលវិភាគសាលាដ៏សែនមមាញឹក រយៈពេល២៤ម៉ោង ដែលគ្រប់គ្នាមាន គួរតែត្រូវមានម៉ោងសម្រាប់ស្វ័យសិក្សាផងដែរ។ មិនថាជាការសិក្សាដោយរំលឹកមេរៀន ឬស្វែងយល់បបន្ថែមពីមេរៀនដែលបានមកពីសាលា ឬការស្រាវជ្រាវឯកសារថ្មីៗនោះទេ សុទ្ធតែមានអត្ថប្រយោជន៍សម្រាប់ការសិក្សារបស់អ្នក។ មិនមែនឆ្លៀតនោះទេ គឺត្រូវមានកាលវិភាគច្បាស់លាស់ ដើម្បីឲ្យប្រាកដចិត្តថា នឹងមិនរៀនលំៗនោះទេ… យ៉ាងណាមិញ ស្វ័យសិក្សាក៏អាចកើតមានក្នុងរូបភាពផ្សេងគ្នា ដោយអ្នកខ្លះក៏ចូលចិត្តអាន អ្នកខ្លះក៏ចូលចិត្តមើលវីដេអូ ហើយខ្លះទៀតក៏ចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាទំនើប ឬទាក់ទងគ្នាតាមប្រព័ន្ធអ៊ិនធឺណែតជាដើម។ ដើម្បីសម្រួលដល់ស្វ័យសិក្សា តាមចំណង់ចំណូលចិត្តរបស់អ្នកនោះ យើងខ្ញុំក៏សូមណែនាំនូវអត្ថបទខាងក្រោមដែលសុទ្ធតែមធ្យោបាយនៃស្វ័យសិក្សាដែលអ្នកអាចជ្រើសរើសបាន… -App ទាំង៦ដែលនិស្សិតពេទ្យ និងគ្រូពេទ្យគួរតែមាន  -Medical YouTube Channel ពេញនិយមទាំង៧ ជួយដល់ការសិក្សារបស់និស្សិតពេទ្យ  -TED Talks ទាំង៦ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល  -ស្ថិតក្នុងវិស័យសុខភាព អ្នកគួរតែស្គាល់ Websites ទាំងនេះ!  -ឯកសារដែលនិស្សិតពេទ្យគួរតែមាន(មិនគិតថ្លៃ)  ការសិក្សាជាក្រុម  ដូចដែលបានដឹងស្រាប់ហើយថា «គ្មាននរណាម្នាក់ ល្អឥតខ្ចោះ» នោះទេ ហើយយើងម្នាក់ៗសុទ្ធតែអាចបំពេញចន្លោះគ្នា ដើម្បីភាពពេញលេញទាំងអស់គ្នា។ ក្រៅពីត្រងត្រប់ស្តាប់ក្នុងថ្នាក់រៀន និងរៀនបន្ថែមដោយខ្លួនឯងហើយនោះ ការជួបពិភាក្សា និងសិក្សាជាក្រុមប្រាកដណាស់គឺជួយបន្ថែមនូវភាពខ្វះខាត ត្រង់ចំណុចណាដែលអ្នកមិនទាន់យល់ច្បាស់ ហើយអ្នកក៏អាចជាអ្នកពន្យល់បន្ថែមដល់មិត្តរួមថ្នាក់អំពីអ្វីដែលអ្នកយល់ដឹងផងដែរ។ ស្មារតីសិក្សាជាក្រុមនឹងមិនត្រឹមតែជួយពង្រឹងនូវការយល់ដឹងរបស់អ្នកនោះទេ វាក៏អាចនឹងជាគុណប្រយោជន៍សម្រាប់ក្រោយពេលបញ្ចប់ការសិក្សាផងដែរ ព្រោះចំណងមិត្តភាពជាបណ្តាញទំនាក់ទំនងដែលមិនងាយសាងនោះទេ ហេតុនេះហើយ ការចំណាយពេលនៅជាមួយគ្នា ចែករំលែកគ្នា និងជួយគ្នាទៅវិញទៅមកក្នុងពេលសិក្សា នឹងរឹតបន្តឹងចំណងទាំងនោះឲ្យកាន់តែរឹងមាំ ហើយដល់ពេលអនាគតក៏នៅតែអាចរាប់អាន និងជួយយកអាសារបន្តទៀត។  គួរប្រកាន់គោលជំហរ និងអនុវត្ត«វប្បធម៌នៃការចែករំលែក» ឲ្យបានខ្ជាប់ខ្ជួន ព្រោះថាការចែករំលែកជាការរៀនសូត្រ ការចែករំលែកជាបង្ហាញក្តីស្រលាញ់ ហើយការចែករំលែកជាការវិវឌ្ឍ។ យកចិត្តទុកដាក់ទាំងការរៀនទ្រឹស្តី និងការអនុវត្ត ប្រហែលជាមានអ្នកខ្លះមានការពិបាកក្នុងការធ្វើឲ្យមានតុល្យភាព តែត្រូវចាំក្នុងចិត្តជានិច្ចថា មួយផ្នែកណាក៏សុទ្ធតែសំខាន់ដូចគ្នា។ យ៉ាងណាមិញ វាជាការពិតដែលថាអ្នកខ្លះពូកែខាងទ្រឹស្តីជាង តែអ្នកខ្លះក៏ពូកែពេលចុះអនុវត្តជាក់ស្តែងជាង តែដូចដែលបានបញ្ជាក់ជូនរួចខាងលើដែរថា សុទ្ធតែមិនអាចខ្វះមួយណា។ អ្វីដែលសំខាន់ គឺប្រឹងប្រែងបន្ថែមនូវផ្នែកដែលគិតថាខ្លួនឯងមិនសូវជាធ្វើបានល្អ  មិនមែនដឹងថាមិនសូវពូកែ ហើយក៏បោះបង់ចោលដោយមិនព្រងើយកន្តើយនោះឡើយ។ ប្រសិនបើខ្លួនឯងជួយខ្លួនឯងមិនបាន ក៏តែងតែអាចសុំជំនួយជាការណែនាំ និងបង្ហាត់បង្រៀនពីមិត្តរួមថ្នាក់ សិស្សច្បង ក៏ដូចជាសាស្រ្តាចារ្យផងដែរ។  យ៉ាងណាមិញ គន្លឹះនៃការសិក្សាតាមឯកទេស និងមុខវិជ្ជានីមួយៗ អាចនឹងមានផ្សេងៗពីគ្នា ហើយគន្លឹះមួយដែលមានប្រសិទ្ធភាពចំពោះនិស្សិតម្នាក់ ក៏មិនប្រាកដថាមានប្រសិទ្ធភាពចំពោះនិស្សិតផ្សេងនោះដែរ។ ខាងលើនេះ គ្រាន់តែជាគន្លឹះជាទូទៅសម្រាប់ការសិក្សាផ្នែកសុខាភិបាលក្រោមការណែនាំពីសំណាក់និស្សិតពេទ្យដែលក្រុមការងារធ្លាប់បានធ្វើការសម្ភាសន៍ ប្រសិនបើមានអ្វីចង់ចែករំលែកបន្ថែម សូមចុច ត្រង់នេះ   ឬ commentខាងក្រោមនេះបាន… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្នកជំងឺស្លេកស្លាំង ឬខ្វះគ្រាប់ឈាមក្រហមភាគច្រើន តែងរកជាវថ្នាំជាតិដែក និងវីតាមីនដោយមានជំនឿថា អាចប៉ះប៉ូវគ្រាប់ឈាម។ ប៉ុន្តែជំងឺខ្វះគ្រាប់ឈាមក្រហមមិនមែនសុទ្ធតែត្រូវព្យាបាលដោយថ្នាំជាតិដែក និងវីតាមីននោះទេ ពីព្រោះមានមូលហេតុផ្សេងៗគ្នាជាច្រើន ដែលបណ្តាលអោយខ្វះគ្រាប់ឈាមក្រហម។ ជាឧទាហរណ៍: បើមូលហេតុខ្វះឈាមក្រហមដោយសារមានហូរឈាមតិចៗរ៉ាំរ៉ៃតាមក្រពះពោះវៀន គឺត្រូវរកមើលថាតើវាជាដំបៅធម្មតា ឬដំបៅមហារីកដើម្បីព្យាបាលឲ្យចំទិសដៅ។ល។ តាមស្ថិតិឆ្នាំ២០១៦ នៅផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត បានរកឃើញមូលហេតុធំៗនៅពីក្រោយជំងឺកង្វះគ្រាប់ឈាមក្រហម ដែលគួរឲ្យតក់ស្លុត៖    ១) មហារីកក្រពះ     ២) មហារីកពោះវៀន      ៣) មហារីកមាត់ស្បូន     ៤) មហារីកឈាមស៊ីឆ្អឹង (Multiple Myeloma)     5) ដំបៅក្រពះ ដំបៅពោះវៀនរ៉ាំរ៉ៃ     6) ដុំសាច់ក្នុងស្បូន     7) មហារីកគ្រាប់ឈាម    ៨) ជំងឺគ្រាប់ឈាមផ្សេងៗ។-ល-។  ដូចនេះអ្នកជំងឺស្លេកស្លាំងគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរកមូលហេតុនៃកង្វះគ្រាប់ឈាមក្រហម និងដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវ។  “ការលេបថ្នាំជាតិដែក​​ និងវីតាមីនដោយមិនបានស្រាវជ្រាវពិនិត្យរកមូលហេតុឲ្យអស់សេចក្តី អាចជាការផ្តល់ឱកាសឲ្យជំងឺចេះតែ វិវត្តន៍រហូតដល់ដំណាក់កាលធ្ងន់ធ្ងរ​ និងនាំមកនូវភាពយឺតយ៉ាវក្នុងការព្យាបាលប្រកបដោយប្រសិទ្ធភាព។” បកស្រាយដោយ ៖​ លោកវេជ្ជបណ្ឌិត ផេង បូរ៉ា  ឯកទេសព្យាបាលដោយកោសិកា ឯកទេសជំងឺគ្រាប់ឈាម និង មហារីក បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធាននៃ មជ្ឈមណ្ឌលរក្សាសុខភាពអូហ្វីលីស ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top