Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការមិនបញ្ចេញរោគសញ្ញានៃជំងឺមហារីកពោះវៀនធំ (CRC) រហូតឈានដល់ដំណាក់កាលមានសភាពធ្ងន់ធ្ងរ គឺជាកង្វល់មួយដ៏ចម្បងដែលវាធ្វើឲ្យមានភាពយឺតយ៉ាវក្នុងការចាប់បានពីស្ថានភាពជំងឺ ដូច្នេះហើយទើបជំងឺនេះត្រូវបានគេចាត់ទុកថាជា “ឃាតករលាក់មុខ”។ អ្វីជាជំងឺមហារីកពោះវៀនធំ ឬColorectal Cancer (CRC)? ជំងឺមហារីកពោះវៀនធំ (CRC) បង្កឡើងពីកោសិកាពោះវៀនធំ ឬ កោសិកា rectum(ប្រវែង២ទៅ៣អុីញចុងក្រោយនៃពោះវៀនធំមុនដល់ទ្វារធំ)។អំឡុងពេលមានជំងឺ កោសិកាធម្មតានៃពោះវៀនធំនិងចុងពោះវៀនធំ ចាប់ផ្តើមមានបម្រែបម្រួលការរាលដាលមានសភាពមិនអាចគ្រប់គ្រងបានហើយមិនងាប់ទៅវិញនោះទេ។ជាទូទៅស្ថានភាពនៃកោសិកាដែលលូតលាស់នោះស្តែងចេញជាដំណាក់កាលដំបូងbenign(មិនទាន់មហារីក)ហៅថាpolypដែលអាចប្រែប្រួលនៅពេលណាមួយបង្កឲ្យក្លាយជាដុំមហារីក។ ករណីមិនមានការព្យាបាលឬធ្វើការកាត់ចេញpolypនោះវាអាចមានអានុភាពខ្ពស់ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺ។ ភាគច្រើននៃជំងឺមហារីកពោះវៀនធំ(CRC) គឺជាប្រភេទ adenocarcinomas ដែលកោសិកាស្ថិតក្នុងសភាពដែលអាចបញ្ចេញទឹករំអិល និងសារធាតុរាវពីកោសិកាពោះវៀនផ្សេងៗទៀត។   ជំងឺ CRC កើតឡើងញឹកញាប់ប៉ុណ្ណា? មិនថាក្នុងពិភពលោកឬប្រទេសកម្ពុជាជំងឺមហារីកពោះវៀនធំ(CRC)ស្ថិតក្នុងចំណោមជំងឺមហារីកដែលតែងកើតមានឡើងជាញឹកញាប់មិនថាចំពោះបុរស ឬស្រ្តី។ ផ្អែកតាមរបាយការណ៍ទិន្នន័យនៃGLOBOCAN ក្នុងឆ្នាំ ២០១២ ក៏បានបង្ហាញផងដែរថា៖ • ជំងឺមហារីកពោះវៀនធំ (CRC) កើតមានឡើងទូទាំងពិភពលោកក្នុងចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមជំងឺមហារីកទាំងអស់ (អត្រា ៩.៧%)៖ ចំពោះបុរសមានអត្រា ១០.០% ស្ថិតក្នុងចំណាត់ថ្នាក់ទី ៣និងចំពោះស្រ្តីក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងអត្រា៩.២%។ • ក្នុងប្រទេសកម្ពុជា ជំងឺមហារីកពោះវៀនធំ ឬCRC ស្ថិតក្នុងលេខរៀងទី ៥ក្នុងចំណោមជំងឺមហារីកទាំងអស់ (អត្រា ៥.៥%)៖ កើតមានលើបុរសស្ថិតក្នុងចំណាត់ថ្នាក់ទី ៦ (អត្រា ៦.៥%) និងចំពោះស្រ្តីក្នុងអត្រា ៤.៧% ក្នុងចំណាត់ថ្នាក់ទី ៥។មូលហេតុនិងកត្តាប្រឈមនៃជំងឺ CRCមូលហេតុ និងកត្តាប្រឈមដែលបង្កឲ្យមានជំងឺមហារីកពោះវៀនធំ (CRC) រួមបញ្ចូលទាំងកត្តាដែលមិនអាចគ្រប់គ្រង និងអាចគ្រប់គ្រងបាន៖ ១. មូលហេតុដែលមិនអាចគ្រប់គ្រងបាន៖ • អាយុ៖ បុគ្គលចាប់ពីវ័យ ៥០ឆ្នាំឡើងទៅមានហានិភ័យខ្ពស់ប្រឈមនឹងជំងឺមហារីកពោះវៀនធំដោយហេតុថាគេឃើញមានមនុស្ស ៩០% មានជំងឺ CRC តែងកើតលើបុគ្គលក្នុងវ័យ ៥០ឆ្នាំ ឬច្រើនជាងនេះ • ភេទ៖ បុរសមានការប្រឈមខ្ពស់ទៅនឹងជំងឺCRC ជាងស្រ្តី • ជាតិសាសន៍៖ ជនជាតិស្បែកខ្មៅមានអត្រាខ្ពស់ទៅនឹងជំងឺមហារីកពោះវៀនធំ ឬCRC (មិនតពូជ) ហើយជំងឺនេះជាមូលហេតុដ៏ចម្បង នៃអត្រាមរណៈក្នុងចំណោមជនជាតិស្បែកខ្មៅ • ប្រវត្តិគ្រួសារមានជំងឺ CRC៖ ប្រសិនសមាជិកគ្រួសារអ្នកមានប្រវត្តិនៃជំងឺ CRC ឬប្រភេទជំងឺadenomatous polyposis (FAP) អ្នកអាចងាយប្រឈមនឹងជំងឺនេះ ជាពិសេសករណីគ្រួសារអ្នកមានជំងឺមហារីកក្នុងវ័យក្មេងទៀតផង • មានកោសិកាត្រៀមមហារីកប្រភេទ Colorectalpolyps • មានជំងឺរលាកពោះវៀន (Inflammatoryboweldiseases)៖ ជាប្រភេទជំងឺដំបៅរលាកពោះវៀន(ulcerative colitis) ឬជំងឺ Crohn’s ដែលអាចស្តែងចេញជាការរលាកពោះវៀនធំ និងបន្តប្រឈមនឹងជំងឺមហារីកពោះវៀនធំ (CRC) នៅរយៈពេលយូរណាមួយ • ប្រវតិ្តមានជំងឺមហារីក៖ អ្នកដែលធ្លាប់មានជំងឺCRC អាចនឹងលាប់រើឡើងវិញម្តងទៀត។ ចំណែកស្រ្តីដែលមានប្រវត្តិជំងឺមហារីកក្រពេញអូវែ ស្បូនឬសុដន់ សុទ្ធតែជាមូលហេតុបង្កឲ្យមានជំងឺមហារីកពោះវៀនធំ (CRC) ក្នុងអត្រាខ្ពស់មួយ • ជំងឺទឹកនោមផ្អែមប្រភេទ ២៖ បុគ្គលដែលមានជំងឺទឹកនោមផ្អែមប្រភេទ ២ អាចនឹងវិវឌ្ឍទៅរកជំងឺមហារីកពោះវៀនធំ (CRC) ហើយលទ្ធផលនិងការព្យាករណ៍ជំងឺ CRC ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ មានការពិបាក។ ២. មូលហេតុដែលអាចគ្រប់គ្រងបាន៖ • ការជក់បារី៖ អាចបង្កើនការបង្កឲ្យមានកោសិកាត្រៀមមហារីក polyps ក្នុងពោះវៀនធំ ក៏ដូចជាបង្កឲ្យទៅជាជំងឺ CRC ផ្ទាល់តែម្តង។ អ្នកជក់បារីមានអត្រា ១៨% ប្រឈមខ្ពស់ទៅនឹងការវិវឌ្ឍជាជំងឺ CRC។ • កត្តាចំណីអាហារ៖ បរិភោគរបបអាហារជាប្រភេទសាច់ក្រហម ឬកែច្នៃ អាហារមានជាតិខ្លាញ់ខ្ពស់(fast food ឬសាច់មានខ្លាញ់) អាហារមានជាតិសរសៃទាប កង្វះអាហារប្រភេទផ្លែឈើ និងបន្លែសុទ្ធតែជាមូលហេតុនៃជំងឺមហារីក CRC • ជាតិអាល់កុល៖ អ្នកពិសាជាតិអាល់កុលកម្រិតមធ្យមប្រឈមក្នុងអត្រា ២០% នៃជំងឺCRC បើប្រៀបជាមួយអ្នកមិនសេពគ្រឿងស្រវឹង ចំណែកអ្នកពិសាក្នុងកម្រិតខ្លាំងក្លា (៤ដង ឬច្រើនជាងនេះក្នុង១ថ្ងៃ) នឹងស្ថិតក្នុងអត្រា ៥០%ប្រឈមទៅនឹងជំងឺ • ជំងឺធាត់៖ ការឡើងទម្ងន់ក្នុងកម្រិត ១.៥ដង បង្កើនការវិវឌ្ឍឲ្យទៅជាជំងឺមហារីកពោះវៀនធំ (CRC)សម្រាប់អ្នកមានជំងឺធាត់ បើប្រៀបជាមួយអ្នកមានទម្ងន់ធម្មតា • កង្វះការធ្វើលំហាត់ប្រាណ។ អ្នកណាប្រឈមមុខខ្ពស់នឺងជំងឺ CRC? • អ្នកមានអាយុ ៥០ឆ្នាំ ពិសេសមនុស្សប្រុស • អ្នកមានជំងឺរលាកពោះវៀនរ៉ាំរៃ និងមានកោសិកាត្រៀមមហារីក colorectal polyps • អ្នកមានសមាជិកគ្រួសារដែលមានប្រវត្តិជំងឺ CRC • អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ ២ • អ្នកមានជីវភាពរស់នៅគ្មានផាសុកភាព (អ្នកជក់បារី សេពគ្រឿងស្រវឹង អ្នកមានជំងឺធាត់ អ្នកគ្មានការធ្វើលំហាត់ប្រាណ  អ្នកអនុវត្តរបបអាហារគ្មានសុខភាព)។ ជារួម ការយល់ដឹងពីកត្តាប្រឈមនៃជំងឺ ក៏ដូចជាការពិភាក្សាពីសំណាក់គ្រូពេទ្យជំនាញ ជាវិធីសាស្ត្រមួយជួយអ្នកឲ្យមានជម្រើសក្នុងការអនុវត្តជីវភាពរស់នៅប្រចាំថ្ងៃល្អនិងការថែទាំសុខភាពដ៏មានប្រសិទ្ធភាព។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សុខភាពល្អ មិនមែនត្រឹមតែការអនុវត្តទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃល្អប៉ុណ្ណោះទេ តែរបបអាហាររបស់អ្នកក៏ចាំបាច់ ក្នុងនោះប្រូតេអុីនដើរតួយ៉ាងសំខាន់ដូចគ្នា។ តាមរយៈអត្ថបទខាងក្រោមអ្នកនឹងកានតែច្បាស់ អំពីថាតើហេតុអ្វីអ្នកត្រូវបន្ថែមប្រូតេអុីនក្នុងរបបអាហាររបស់អ្នក៖ ៤ចំណុចដែលជាគុណប្រយោជន៍នៃការទទួលទានពពួកប្រូតេអុីនចំពោះរាងកាយ •វាជាសមាសភាគមួយមាននៅគ្រប់កោសិកានៃរាងកាយរបស់អ្នក ជាការពិត សក់ និងក្រចក គឺត្រូវបានបង្កើតឡើងពីប្រូតេអុីនជាពិសេស។ •រាងកាយរបស់អ្នក ប្រើប្រាស់វាដើម្បីបង្កើតនិងជួសជុលជាលិកា។ •គ្រប់គ្នាត្រូវការប្រូតេអុីនដើម្បីបង្កើតអង់ស៊ីមអ័រម៉ូន និងសារធាតុគីមីចាំបាច់ក្នុងរាងកាយ។ •ប្រូតេអុីនពិតជាចាំបាច់ក្នុងការបង្កើតទម្រង់ឆ្អឹង សាច់ដុំ ឆ្អឹងខ្ចី ស្បែក និងឈាម។ ទម្រង់ និងប្រភពខុសគ្នានៃប្រូតេអុីន ប្រូតេអុីនមានប្រភពផ្សេងៗពីគ្នា រួមមាន សាច់ទឹកដោះគោ ត្រី សណ្តែកសៀង និងស៊ុត ក៏ដូចជាសណ្តែក បន្លែមួយចំនួន និងប៊័រ។ នៅក្នុងពេលដែលប្រូតេអុីនត្រូវបានរំលាយ វានឹងបំលែងជាអាមីណូអាស៊ីតដែលរាងកាយត្រូវការ។ ប្រភពប្រូតេអុីនដែលមានគុណភាពខ្ពស់បំផុត ត្រូវបានរកឃើញនៅក្នុងទឹកដោះគោ វាជាប្រូតេអុីនពេញលេញ និងមានផ្ទុកស្ទើរតែគ្រប់អាមីណូអាស៊ីតដែលរាងកាយត្រូវការ។ ជាទូទៅប្រូតេអុីនដែលមានប្រភពពីសត្វ (ឧទាហរណ៍៖ ទឹកដោះគោស៊ុត និងសាច់) គឺជាប្រូតេអុីនពេញលេញមែនប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ រាងកាយរបស់អ្នកមានលទ្ធភាពក្នុងការប្រើប្រាស់ប្រូតេអុីនផ្សេងៗច្រើនប្រភេទទៀតបានផងដែរ។ គុណសម្បត្តិនៃការរួមផ្សំប្រូតេអុីនកម្រិតខ្ពស់អ្វីដែលជាពិសេសពីគុណសម្បត្តិនៃការរួមផ្សំប្រូតេអុីនកម្រិតខ្ពស់ ក្នុងអាហារចំពោះការរស់នៅប្រចាំថ្ងៃរបស់អ្នក រួមមាន៖ •បង្កើនសន្ទុះឡើងវិញបន្ទាប់ពីធ្វើលំហាត់ប្រាណ •បន្ថយការបាត់បង់សាច់ដុំ •បង្កើតសាច់ដុំដែលគ្មានខ្លាញ់ •ជួយរក្សាទម្ងន់ឲ្យមានស្ថេរភាព •ទប់ស្កាត់ការឃ្លាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ផ្កាខាត់ណាពណ៌បៃតង  (Broccoli)   ជារុក្ខជាតិមួយប្រភេទដែលស្ថិតក្នុងអំបូរ   Cruciferousមានប្រភពមកពីប្រទេស អុីតាលី។ វាផ្ទុកនូវ សារធាតុចិញ្ចឹមល្អៗដែលផ្តល់ប្រយោជន៍ជាអនេកដល់រាងកាយរបស់យើងព្រមជាមួយនឹងកាល់ឡូរីទាបបំផុត។ ៥ចំណុចខាងក្រោមនេះនឹងបញ្ជាក់បានកាន​'តែច្បាស់អំពីអត្ថប្រយោជន៍ដែលមិនគួរមើលរំលងរបស់ផ្កាខាត់ណាពណ៌បៃតង។ ១. ប្រឆាំងនឹងជំងឺមហារីក សារធាតុគីមីម្យ៉ាងដែលធ្វើឲ្យបន្លែនេះមានរសជាតិល្វីងមានឈ្មោះថា Sulforaphane ជាសារធាតុ ដែលអាចបង្អាក់សកម្មភាពរបស់អង់ស៊ីម Histone deacetylase (HDAC) មានតួនាទីក្នុងការផលិតកោសិកាមហារីក។ ការសិក្សាថ្មីៗនេះបានបង្ហាញថាសារធាតុ Sulforaphane អាចពន្យារ ឬក៏បញ្ឈប់ជំងឺមហារីកមួយចំនួនដូចជាមហារីកស្បែក​ បំពង់អាហារ ក្រពេញប្រូស្តាតជាដើម។ លើសពីនេះទៅទៀត វាក៏មានផ្ទុកនូវវីតាមីនបេ៩ (Folate)ដែលដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាដែលនាំឲ្យកើតជំងឺមហារីក​សុដន់។ ការស្រូបយកវីតាមីនបេ ៩ បានគ្រប់គ្រាន់​តាមរយៈចំណីអាហារអាចធានាបាននូវការការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ក្រពះលំពែង និងមហារីកមាត់ស្បូនផងដែរ។ ២.  ជួយដល់សុខភាពឆ្អឹង ផ្កាខាត់ណាពណ៌បៃតងដែលចិតរួចត្រឹមតែមួយពែងអាចផ្តល់នូវវីតាមីនកា (Vitamin K) ៩២មីក្រូកាម និងកាល់ស្យូម(Calcium) ៤៣ មីលីក្រាមដែលអាចបំពេញតម្រូវការរបស់រាងកាយជាប្រចាំថ្ងៃ។ ដោយហេតុថា វីតាមីនកា មានតួនាទីការពារនិង ប្រឆាំងនូវការពុកផុយរបស់ឆ្អឹង រីឯកាល់ស្យូមគឺជាសារធាតុរ៉ែមួយប្រភេទដែលអាចជួយការពារ​ និងថែមទាំងធ្វើឲ្យឆ្អឹងលូតលាស់បាន​ល្អទៀតផង។ ៣.  ធ្វើឲ្យក្មេងជាងវ័យ នៅក្នុងផ្កាខាត់ណាពណ៌បៃតងចិតរួចត្រឹមតែមួយពែងផ្តល់នូវវីតាមីនសេ (VitaminC)ដល់ទៅ៨១មីលីក្រាមដែលរួមចំណែកយ៉ាងសំខាន់ក្នុងការផលិតសារធាតុកូឡាជែន (Collagen) ជាអ្នកទ្រទ្រង់ដ៏សំខាន់របស់ស្បែកនិងអាចជួយការពារស្បែកប្រឆាំងនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យជាតិពុលផ្សេងៗនិងកាត់បន្ថយភាពជ្រីវជ្រួញ។លើសពីនេះ​វាក៏មានផ្ទុកនូវវីតាមីន(AនិងE)ដែលជាតួឯកសំខាន់ផងដែរក្នុងការធ្វើឲ្យស្បែកមានសុខភាពល្អ។ ៤.  រំលាយអាហារ និងបន្សាបជាតិពុល ផ្កាខាត់ណាពណ៌បៃតងពិតជាសម្បូរនូវជាតិកាកសរសៃ (Fiber) ដែលអាចការពារពីការទល់លាមកធ្វើឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អហើយនិងជួយជំរុញដល់រាងកាយរបស់យើងឲ្យបញ្ចេញនូវសារជាតិពុលផ្សេងៗទៅតាមទឹកនោម​និងលាមក។     ៥.  ការពារពីជំងឺរ៉ាំរ៉ៃ តាមរយៈកម្មវិធីមួយរបស់សាកលវិទ្យាល័យ Kentucky នៃចក្រភពអង់គ្លេសបានបង្ហាញថាការ ស្រូបយកជាតិកាកសរសៃ (Fiber) តាមរយៈ ចំណីអាហារបានច្រើនអាចកាត់បន្ថយការវិវឌ្ឍនៃជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូង​ ទឹកនោមផ្អែម ដាច់សរសៃឈាមក្នុងខួរក្បាល លើសជាតិខ្លាញ់ លើសឈាម  និងជំងឺក្រពះពោះវៀន។Fiber អាចជួយបញ្ចុះសម្ពាធឈាម និងកម្រិត​- កូឡេស្តេរ៉ុល និងជំរុញឲ្យអាំងស៊ុយលីន ធ្វើការបានល្អហើយថែមទាំងជាឱសថដ៏មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់។ សរុបរួមមកផ្កាខាត់ណាពណ៌បៃតងពិតជា  ផ្តល់ប្រយោជន៍ជាច្រើនដល់រាងកាយរបស់យើង។ ដូចនេះយើងគួរគប្បីទទួលទានវាឲ្យបានច្រើន​ ហើយណែនាំ និងចែករំលែកចំណេះដឹងមួយនេះដល់អ្នករាល់គ្នាដែលនៅជុំវិញខ្លួនអ្នក ជាកត្តាមួយដែលនាំប្រជាជនយើងមានសុខភាពល្អគ្រប់ៗគ្នា។ ឯកសារយោង 1.    http://www.medicalnewstoday.com/articles/266765.php 2.    https://en.wikipedia.org/wiki/Broccoli អត្ថបទដោយ ៖ មួង ពេជ្រចិន្តា និស្សិតផ្នែកឱសថសាស្រ្ដឆ្នាំទី៣ នៃសាកលវិទ្យាល័យ ន័រតុន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ប្រជាជនដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ស្ថិតក្នុងកម្រិតហានិភ័យខ្ពស់បំផុតចំពោះការថយជាតិស្ករអំឡុងពេលធ្វើលំហាត់ប្រាណព្រោះថាពួកគាត់ពឹងផ្អែកលើអាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ខាងក្រោមនេះជាគោលការណ៍ណែនាំខ្លះៗពីសមាគមជំងឺ-ទឹកនោមផ្អែមសហរដ្ឋអាមេរិក នៅមុនពេល អំឡុងពេល និងក្រោយពេលហាត់ប្រាណ ប្រកបដោយសុវត្ថិភាព៖ ត្រូវត្រួតពិនិត្យកម្រិតជាតិស្ករមុនពេលធ្វើលំហាត់ប្រាណ • ប្រសិនបើកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់មុនពេលចាប់ផ្តើមហាត់ប្រាណ អ្នកត្រូវពិនិត្យមើលជាតិសេតូននៅក្នុងឈាម ឬក្នុង ទឹកនោម។ បើការធ្វើតេស្តឃើញវិជ្ជមាន ត្រូវចៀសនូវសកម្មភាពណាដែលខ្លាំងក្លា ផ្ទុយមកវិញបើគ្មានវត្តមានជាតិសេតូនក្នុងឈាម  ឬក្នុងទឹកនោម ហើយអ្នកមានអារម្មណ៍ល្អធម្មតា អ្នកក៏អាចហាត់ប្រាណបានជាធម្មតា។ • បើកម្រិតជាតិស្ករថយចុះ នៅមុនពេលហាត់ អ្នកគួរញ៉ាំអាហារសម្រន់ជាមុន ដូចជាពពួកអាហារមានផ្ទុកនូវកាបូអុីដ្រាត ឬទឹកផ្លែ-ឈើដែលបង្កើនកម្រិតជាតិស្ករក្នុងឈាមបានលឿន រួចសម្រាកបន្តិចមុននឹងចាប់ផ្តើមហាត់។ ញ៉ាំអាហារសម្រន់ លោកអ្នកចាំបាច់ត្រូវញ៉ាំអាហារសម្រន់ជាមុន ប្រសិនបើអ្នកមានគម្រោងហាត់ប្រាណលើសពី៦០នាទី (លើសពីធម្មតា) ឬប្រសិនបើអាកាសធាតុក្តៅ ឬត្រជាក់ជាងធម្មតា។ ក្នុងអាហារសម្រន់នេះទៀតសោត គួរមានផ្ទុកសមាសធាតុកាបូអីុដ្រាត បើជាតិស្ករក្នុងឈាមរបស់អ្នកមានត្រឹម១០០មីលីក្រាមក្នុងមួយដេស៊ីលីត ឬតិចជាងនេះ។ រង់ចាំប្រហែល១០នាទីទៅ១៥នាទី មុននឹងចាប់ផ្តើមសកម្មភាពរបស់អ្នក។ ម៉្យាងវិញទៀត អ្នកគួរតែយកតាមខ្លួននូវអាហារសម្រន់ប្រភេទមានជាតិស្ករ ឬកាបូអីុដ្រាត រួមបញ្ចូលទាំងភេសជ្ជៈសម្រាប់អ្នកកីឡា (Sport drink) ផងដែរ។ ជ្រើសរើសលំហាត់ប្រាណសមស្រប លោកអ្នកត្រូវហាត់ប្រាណបែបផ្សេងៗពីគ្នា ទើបអាចមានឥទ្ធិពលដល់កម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកបានដែលរួមមាន ការដើរ រត់ត្រឹកៗ វាយតឺនីស បោះបាល់ ហែលទឹក និងជិះកង់ ជាដើម។ ស្វែងយល់ពីសញ្ញានានា អ្នកគួរដឹងពីសញ្ញានានានៃការថយកម្រិតជាតិស្ករ ប្រសិនបើអ្នកមានអារម្មណ៍ចុះខ្សោយ ចាញ់ពន្លឺ  ឬត្រជាក់ចុងដៃចុងជើងខុសធម្មតា  ត្រូវបញ្ឈប់ចលនារបស់អ្នកហើយត្រួតពិនិត្យជាតិស្ករមួយរំពេច។   ប្រសិនបើចុះទាប អ្នកត្រូវញ៉ាំប្រភពជាតិស្ករសុទ្ធ ដូចជាគ្រាប់ថ្នាំជាតិស្ករ ឬជាជែល។ ចៀសវាងការធ្វើលំហាត់ប្រាណលឿនខ្លាំងពេក ឬប្រភេទកីឡាដែលប្រើប្រាស់ថាមពលខ្លាំង  បើសិនជាជាតិស្ករនៅក្នុងឈាមរបស់អ្នកមានលើសពី ២៥០ មីលីក្រាមក្នុងមួយដេស៊ីលីត្រ ហើយមានបរិមាណគួរឲ្យកត់សម្គាល់នៃសេតូនច្រើននៅក្នុងទឹកនោម។  ដោយហេតុថារាងកាយរបស់អ្នកផលិតសេតូនលើស  នៅពេលអ្នកដុតខ្លាញ់ដើម្បបង្កើនថាមពលសម្រាប់ប្រើប្រាស់ច្រើន។ ធ្វើកំណត់ហេតុ សរសេរកំណត់ហេតុជាលាយលក្ខណ៍អក្សរ អំពីសកម្មភាព ឬប្រភេទកីឡាដែលអ្នកបានធ្វើ រយៈពេលហាត់  អ្វីដែលអ្នកបានញ៉ាំ  ព្រមទាំងកម្រិតជាតិស្ករក្នុងឈាម មុន និងក្រោយពេលហាត់។ ការធ្វើបែបនេះអាចឲ្យអ្នកយល់កាន់តែច្បាស់ពីសកម្មភាពនៃការហាត់ប្រាណរបស់អ្នក មានឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាម និងការធ្វើការរបស់អាំងស៊ុយលីន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការយល់ច្រឡំជាច្រើនអំពីជំងឺទឹកនោមផ្អែម ត្រូវបានលើកឡើងនៅក្នុងសង្គមមនុស្សទូទៅ និងសូម្បីតែអ្នកជំងឺក៏ដូចជាក្រុមគ្រួសាររបស់ពួកគេផ្ទាល់ដែលក្នុងនោះកំហុសអំពីទំនាក់ទំនងរវាងអាហារនិងជាតិស្ករក្នុងឈាមជាមូលហេតុដ៏សំខាន់នៃការបរាជ័យក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ខាងក្រោមជាកំហុស ៨យ៉ាងអំពីរបបអាហារនិងជំងឺទឹកនោមផ្អែមដែលតែងតែកើតមានជាញឹកញាប់។ 1.    ការបរិភោគស្ករច្រើន ជាមូលហេតុនៃការកើតជំងឺទឹកនោមផ្អែម៖ ការបរិភោគស្ករច្រើនតែម្យ៉ាង មិនអាចបង្កជាជំងឺទឹកនោមផ្អែមឡើយ ប៉ុន្តែវាអាចជាកត្តាជំរុញនៃជំងឺក្នុងករណីខ្លះ។  គួរបញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទ១ អាចបង្កឡើងដោយកត្តាហ្សែន និងកត្តាដែលយើងមិនដឹងណាមួយ  រីឯជំងឺទឹកនោមផ្អែមប្រភេទ២ បង្កឡើងដោយកត្តាហ្សែន និងកត្តាប្រឈមមួយចំនួនទៀត  រួមទាំងកត្តារស់នៅប្រចាំថ្ងៃ។ ក្រៅពីនោះ ការលើសទម្ងន់ ឡើងសម្ពាធឈាមអាយុលើសពី៤៥ឆ្នាំនិងភាពមិនសូវសកម្មជាដើមសុទ្ធតែជាកត្តាអាចជំរុញឲ្យមានជំងឺទឹកនោមផ្អែម។ ដូចនេះ ស្របពេលដែលអ្នកចៀសវាងការញ៉ាំស្ករច្រើន ការរក្សាបែបផែនរស់នៅប្រកបដោយផាសុកភាព និងការតាមដានសុខភាពទៀងទាត់ក៏ជាកត្តាសំខាន់ផងដែរ។ 2.    អ្នកជំងឺទឹកនោមផ្អែម មិនអាចបរិភោគអាហារមានជាតិស្ករបានឡើយ៖ ដរាបណាជាតិស្ករក្នុងអាហារស្ថិតក្នុងកម្រិតសមស្របនិងមានការរួមផ្សំនឹងការហាត់ប្រាណអ្នកជំងឺនៅតែអាចបរិភោគអាហារទាំងនោះបាន។ផ្ទុយទៅវិញ ការហាមឃាត់ខ្លួនឯងពេក អាចនាំឲ្យអ្នកជំងឺចង់បរិភោគកាន់តែខ្លាំង និងញ៉ាំកាន់តែច្រើននៅពេលមានឱកាស។ ទោះយ៉ាងណា អ្នកគួរតែបរិភោគវាក្នុងកម្រិតតិចតួច និងរួមផ្សំជាមួយអាហារសុខភាពដទៃ ជាពិសេសគឺប្រូតេអុីន ដើម្បីជួយពន្យឺតការរំលាយ និងការជ្រៀបចូលទៅក្នុងឈាមនៃជាតិស្ករ។ សរុបមក អ្នកគួរចៀសវាងបរិភោគអាហារដែលមានស្ករតែឯង និងត្រូវបរិភោគក្នុងកម្រិតតិចល្មម។ 3.    អ្នកអាចបរិភោគអាហារដែលមិនមានជាតិស្ករ(SUGAR-FREE) បានតាមចិត្ត៖ អាហារជាច្រើននៅលើទីផ្សារជាអាហារគ្មានជាតិស្ករ ឬ SUGAR-FREE ក៏ប៉ុន្តែអាហារទាំងនោះនៅតែអាចមានសារធាតុដទៃទៀតដូចជាសារធាតុធាត់ឬខ្លាញ់(fat)កាល់ឡូរីនិងសូម្បីតែជាតិកា-បូហាយដ្រេតដែលអាចបំលែងជាជាតិស្ករក្នុងឈាមបាន។ដូចនេះអ្នកនៅតែត្រូវពិនិត្យនិងជ្រើសរើសអាហារទាំងនោះឲ្យបានត្រឹមត្រូវដោយការមើលស្លាកអាហារូបត្ថម្ភ និងប្រើប្រាស់ក្នុងកម្រិតត្រឹមត្រូវ។ 4.    ម្សៅ ផ្លែឈើ និងអាហារដែលមានកាបូហាយដ្រេត គឺជាសត្រូវរបស់ជំងឺទឹកនោមផ្អែម៖ កាបូហាយដ្រេតមិនមែនជាសត្រូវរបស់អ្នកជំងឺទឹកនោមផ្អែមទេ តែប្រភេទ និងបរិមាណរបស់វាដែលអ្នកបរិភោគ គឺជាអ្វីដែលអ្នកជំងឺត្រូវពិចារណា។ ជម្រើសកាបូហាយដ្រេតដែលល្អគឺពពួកដែលមានសន្ទស្សន៍ជាតិស្ករ(GI)ទាបដោយសារវាអាចជះឥទ្ធិពលដល់ជាតិស្ករក្នុងឈាមយឺតជាងពពួកមាន GI ខ្ពស់។កាបូហាយដ្រេតដែល GI ទាបមាន នំបុ័ងធញ្ញជាតិ សណ្តែក និងស្ពៃក្រៀម បន្លែដែលមិនសូវមានជាតិម្សៅដូចជា ផ្ទី ប្រូខូលី និងប៉េងប៉ោះជាដើម។ ដោយឡែក អាហារម្សៅនិងផ្លែឈើដែលមានជាតិកាបូហាយដ្រេតក៏អាចបញ្ចូលក្នុងរបបអាហាររបស់អ្នកជំងឺបានផងដែរដរាបណាវាស្ថិតក្នុងកម្រិតសមសម្យ។ អ្នកគួរជ្រើសរើសម្សៅដែលមានជាតិសរសៃខ្ពស់ ដូចជាផាស្តា នំបុ័ងធញ្ញជាតិ អង្ករ ដំឡូង ពោតជាដើម។ 5.    ការប្រើប្រាស់ថ្នាំទឹកនោមផ្អែម អាចឲ្យអ្នកជំងឺបរិភោគបានដោយមិនបាច់តម៖ ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម ទាមទារឲ្យមានការប្រើប្រាស់ថ្នាំបានត្រឹមត្រូវតាមការណែនាំ រួមជាមួយនឹងរបបអាហារសមស្រប និងប្រកបដោយសុខភាពក៏ដូចជាកត្តារស់នៅផ្សេងៗទៀតដែលមានន័យថាអ្នកជំងឺមិនអាចបរិភោគតាមចិត្តចង់ដោយសារតែបានប្រើប្រាស់ថ្នាំហើយនោះទេ។ផ្ទុយទៅវិញ ការបរិភោគមិនបានសមស្រប អាចរារាំងដល់ប្រសិទ្ធភាពរបស់ថ្នាំបានវិញទៀតផង។ទោះយ៉ាងណា អ្នកតែងតែអាចស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានចម្ងល់អំពីការសម្របសម្រួលរបបអាហារ  និងការប្រើប្រាស់ថ្នាំ។   6.    ការរំលងអាហារនៅពេលណាមួយ ឬរំលងយូរម៉ោង៖ ការរំលង ឬមិនបរិភោគអាហារនៅពេលណាមួយនឹងផ្តល់ផលមិនល្អ មិនថាចំពោះអ្នកជំងឺទឹកនោមផ្អែម ឬអ្នកគ្មានជំងឺឡើយ។ នៅពេលអ្នករំលងអាហារ ថ្លើមនឹងបំលែងជាតិស្ករពីគ្លីកូហ្សែនដែលស្តុកទុកស្របពេលដែលរាងកាយបញ្ចេញនូវអ័រម៉ូនcortisolដោយសារស្ត្រេសពីការមិនបរិភោគ។ កត្តាទាំងនេះត្រូវបានបង្ហាញថា អាចធ្វើឲ្យមានការកើនជាតិស្ករក្នុងឈាមច្រើនជាងអាហារមួយពេលទៅទៀត។ ដូចនេះ អ្នកជំងឺគួរព្យាយាមបរិភោគអាហារតូចៗរៀងរាល់ ៣ ទៅ ៤ម៉ោងម្តងដើម្បីជំរុញមេតាបូលីសរាងកាយ ការពារការកើនឡើង និងធ្លាក់ចុះខ្លាំងនៃជាតិស្ករក្នុងឈាម ព្រមទាំងដុតបំផ្លាញជាតិខ្លាញ់ផងដែរ។ 7.    អ្នកជំងឺទឹកនោមផ្អែមអាចប្រើប្រាស់ស្ករសិប្បនិម្មិតបានច្រើនតាមចិត្ត៖ ស្ករសិប្បនិម្មិតភាគច្រើន មានរសជាតិផ្អែមជាងស្ករធម្មតា និងមានកាល់ឡូរីទាបរហូតអាចផាត់ចោលបាន ព្រមទាំងអាចធ្វើឲ្យអ្នកប្រើប្រាស់វាតិចជាងស្ករធម្មតាផងដែរ។ ថ្វីត្បិតតែ សុវត្ថិភាពក្នុងការប្រើប្រាស់ស្ករប្រភេទនេះ នៅតែត្រូវបានលើកយកមកពិភាក្សា ក៏ប៉ុន្តែមានប្រភេទស្ករមួយចំនួនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់រួចមកហើយ ក្នុងនោះរួមមាន Saccharin, Aspartame, AcesulfamePotassium, Sucralose, Stevia ជាដើម។ ទោះជាស្ករសិប្បនិម្មិត នៅតែត្រូវបានណែនាំឲ្យប្រើប្រាស់ជំនួសស្ករធម្មតា តែអ្នកក៏ត្រូវចងចាំផងដែរថា ស្ករប្រភេទនេះក៏មានផ្ទុកនូវកាបូហាយដ្រេតក្នុងបរិមាណតិចតួច ដែលទាមទារឲ្យអ្នករក្សាការប្រើប្រាស់ក្នុងកម្រិតសមរម្យជានិច្ច។ 8.    អ្នកជំងឺទឹកនោមផ្អែមអាចបរិភោគទឹកឃ្មុំជំនួសស្ករបានធម្មតា៖ ទាំងទឹកឃ្មុំ និងស្ករធម្មតា សុទ្ធតែអាចបង្កើនជាតិស្ករក្នុងឈាមបាន តែដោយសារទឹកឃ្មុំមានរសជាតិផ្អែមជាង ដូចនេះ យើងអាចប្រើវាក្នុងបរិមាណតិចជាងបើធៀបនឹងស្ករ។ ទោះយ៉ាងណា ដោយសារទឹកឃ្មុំក៏មានកាបូហាយដ្រេត និងកាល់ឡូរីច្រើនជាងស្ករបន្តិចផងដែរ ដូចនេះ ភាពខុសគ្នានៃឥទ្ធិពលរបស់វាលើជាតិស្ករក្នុងឈាមមានតិចតួចប៉ុណ្ណោះ ដែលមានន័យថាការប្រើប្រាស់វាក៏ទាមទារឲ្យមានកម្រិតសមរម្យដូចស្ករធម្មតាផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

HbA1C ជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយរបស់មនុស្សយើង។ និយាយឲ្យស្រួលស្ដាប់ គឺជាមធ្យមភាគជាតិស្ករដែលខាំជាប់នឹងអេម៉ូក្លូប៊ីន ដែលជាផ្នែកមួយដ៏សំខាន់នៃគ្រាប់ឈាមក្រហមរបស់យើង។ កាលណាយើងធ្វើតេស្តHbA1C នេះ យើងនឹងអាចដឹងពីមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ។ ដោយសារគ្រាប់ឈាមក្រហមយើងមានអាយុ១២០ថ្ងៃ គឺប្រហាក់ប្រហែល៣ខែ។ ហេតុនេះហើយ ការវាយតម្លៃកម្រិតជាតិស្ករ ដែលទៅខាំជាប់ទៅលើអេម៉ូក្លូប៊ីននោះ អាចវាយតម្លៃជាតិស្កររបស់យើង ក្នុងរយៈពេល៣ខែចុងក្រោយ។ តើHbA1Cមានតួនាទីដូចម្តេច? HbA1Cមានតួនាទីសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម។ កាលណាHbA1Cធំជាង6.5% គឺអ្នកជំងឺមានកើតជំងឺទឹកនោមផ្អែមហើយ។ លើសពីនេះទៅទៀត HbA1Cមានតួនាទីយ៉ាងសំខាន់ក្នុងការតាមដានប្រសិទ្ធភាពព្យាបាលជំងឺទឹកនោមផ្អែម។ កាលណា HbA1Cកើនឡើងខ្ពស់ អ្នកជំងឺនឹងប្រឈមមុខនឹងផលវិបាកផ្សេងៗដូចជាផលវិបាកលើភ្នែក លើតម្រងនោម លើប្រពន័្ធសសៃវិញ្ញាណ ឬលើសរសៃឈាមបេះដូងជាដើម។ ហេតុនេះហើយ សម្រាប់បងប្អូនប្រជាជនដែលមានជំងឺទឹកនោមផ្អែមចាំបាច់ត្រូវស្គាល់អ្វីដែលជា HbA1C។ តើ HbA1Cត្រូវពិនិត្យនៅពេលណា? ហើយបូមឈាមដាក់ទីបអ្វី?  ដោយសារHbA1Cជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ ដូច្នោះហើយ HbA1Cអាចធ្វើតេស្ដពេលណាក៏បាន មុនបាយក៏បាន ក្រោយបាយក៏បានហើយបូមដាក់ទីប Hemogram។ នៅក្នុងការតាមដានប្រសិទ្ធភាពនៃការព្យាបាលជំងឺទឹកនោមផ្អែមអ្នកជំងឺគួរគប្បីពិនិត្យ HbA1Cយ៉ាងហោចណាស់ឲ្យបាន១ ឬ២ដងក្នុងមួយឆ្នាំ ហើយពិសេសពិនិត្យHbA1Cរាល់៣ខែម្ដង។ កត្តាអ្វីខ្លះដែលអាចធ្វើឲ្យប្រែប្រួល ឬប៉ះពាល់ដល់សុក្រិតភាពរបស់ HbA1C? កត្តាខ្លះអាចធ្វើឲ្យតម្លៃHbA1Cទាបជាងកម្រិតធម្មតាដូចជា៖  -ជំងឺខ្វះគ្រាប់ឈាមក្រហម  -ជំងឺThalassemia -អ្នកដែលបាត់បង់ឈាម  -អ្នកជំងឺដែលទើបតែទទួលការបញ្ចូលឈាម  -ស្រ្តីមានផ្ទៃពោះ កត្តាមួយចំនួនទៀតដែលអាចធ្វើឲ្យHbA1Cខ្ពស់ជាងតំលៃពិតដូចជា៖  -អ្នកជក់បារី  -អ្នកដែលខ្សោះជាតិទឹកខ្លាំង  -អ្នកជំងឺដែលមានបញ្ហាសួតហើយគ្រាប់ឈាមក្រហមកើនឡើង -កង្វះអុកស៊ីហ្សែនរ៉ាំរ៉ៃ ហេតុដូចនេះ ប្រជាពលរដ្ឋដែលមិនទាន់មានជំងឺទឹកនោមផ្អែម ឬមានហើយក្តីគួរតែទៅពិនិត្យរក HbA1Cឲ្យបានទៀងទាត់ ដើម្បីចៀសផុតពីផលលំបាកមួយចំនួនដូចដែលបានរៀបរាប់ខាងលើ។ អត្ថបទនេះរៀបរៀងដោយលោក អ៊ត ងីម (អ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរ-សូវៀត និងនាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និងម៉េឌីថិច) ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

រៀនពេទ្យមិនស្រួល ហើយនៅឆ្ងាយពីអ្នកផ្ទះទៀត នរណាខ្លះយល់អារម្មណ៍នេះ? មិនដឹងថាមានប៉ុន្មានភាគរយនៃនិស្សិតពេទ្យសព្វថ្ងៃមកពីខេត្តនោះទេ? តែជឿជាក់ថា រឿងរ៉ាវ និងដំណើរជីវិតរបស់គ្រប់គ្នាប្រហែលជាមិនសូវខុសគ្នាប៉ុន្មាននោះទេ…ខណៈនេះ ហេលស៍ថាម ក៏សូមនាំមិត្តអ្នកអានមកស្គាល់ យុវនិស្សិត ពិន ពន្លាក់ មកពីខេត្តតាកែវ ជានិស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៦ ជំនាន់ទី២ (២០១៧) នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត … ជំងឺទឹកនោមផ្អែម និងផលវិបាកទៅលើភ្នែក ជំងឺទឹកនោមផ្អែម ជាជំងឺដែលបណ្តាលមកពីការកើនឡើងជាតិស្ករនៅក្នុងឈាម។ ជំងឺនេះជាជំងឺរ៉ាំរ៉ៃ មិនអាចព្យាបាលអោយជាដាច់នោះទេ ហើយវានឹងវិវឌ្ឃន៍បន្តិចម្តងៗ និងបង្កជាផលវិបាក ប្រសិនបើគ្មានការព្យាបាលត្រឹមត្រូវណាមួយនោះទេ។ ផលវិបាកនៃជំងឺទឹកនោមផ្អែម កើតទៅលើសរីរាង្គជាច្រើនរបស់អ្នកជំងឺ ក្នុងនោះវាអាចក៏ប៉ះពាល់ទៅលើភ្នែករបស់អ្នកជំងឺផងដែរ។ យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញអរម៉ូន បម្រើការនៅមន្ទីរពេទ្យ ព្រះកុសុមៈនិងមជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម ( Diabetic Care Center)... សិក្ខាសាលាសម្រាប់វេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្រ្ត… នេះជាសិក្ខាសាលាពិសេសមួយសម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសវេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្រ្ត ដែលត្រូវបានរៀបចំដោយ IMATOKU MEDIC (CAMBODIA) ដោយមានការអញ្ជើញចូលរួមពីសំណាក់វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ (Sunrise Japan Hospital)ផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

លទ្ធផលការសិក្សាចុះផ្សាយនាខែឧសភា ថ្ងៃទី១៧ ក្នុងព្រឹត្តិប័ត្រ ឈ្មោះថា The New England Journal of Medicine បានបង្ហាញពីប្រសិទ្ធភាពមួយផ្សេងទៀតនៃឱសថព្យាបាលជំងឺមហារីកឈាមពពួកImatinib ដែលអាចប្រើចំពោះអ្នកជំងឺដែលមានជំងឺហឺត។ ការសិក្សាបានធ្វើឡើងនៅ Washington- University School of Medicine នៃ St.Louis ក្នុងចំណោមអ្នកជំងឺ ៦២នាក់ ដោយអ្នកជំងឺខ្លះបានប្រើប្រាស់ឱសថ Imatinib និងមួយផ្នែកទៀតបានដាក់ឲ្យប្រើប្រាស់ប្រភេទថ្នាំដែលមិនមានសារធាតុសកម្ម (placebo)។ ការសិក្សាប្រើរយៈពេល ៦ខែ  ដោយលទ្ធផលឃើញថា កម្រិតនៃការរលាកនៃជំងឺហឺតបានថយចុះចំពោះអ្នកជំងឺប្រើប្រាស់ឱសថ Imatinib ដោយប្រៀបធៀបទៅនឹងអ្នកប្រើឱសថគ្មានសារធាតុសកម្ម។  បន្ថែមពីនេះ ការសិក្សាក៏បានបង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់ឱសថផងដែរ ដូចជារមួលសាច់ដុំ និងការថយចុះនូវកម្រិត Phosphateក្នុងឈាម។ យ៉ាងណាមិញ  “យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយនៃការស្រាវជ្រាវ” នេះបើតាមប្រសាសន៍របស់សហអ្នកនិពន្ធ Mario Castro, MD, the Alan A ប្រចាំសាកលវិទ្យាល័យ Washington រួមជាមួយសាស្រ្តាចារ្យ Edith L. Wolff។ ការសិក្សាមានទំហំតូច ដូច្នេះពួកយើងត្រូវការធ្វើការសិក្សាស្រាវជ្រាវក្នុងទំហំធំមួយប្រមាណ ៣០០ ទៅ៥០០អ្នកជំងឺក្នុងរយៈពេលវែងមួយដើម្បីកំណត់ឲ្យកាន់តែច្បាស់ពីប្រសិទ្ធភាពរបស់ថ្នាំទៅលើអ្នកជំងឺហឺត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាទូទៅ អ្នកជំងឺទឹកនោមផ្អែម តែងមានផលប៉ះពាល់ស្ទើរតែគ្រប់ផ្នែកនៃសារពាង្គកាយ រួមទាំងស្បែកផងដែរ។ យ៉ាងហោចណាស់១ភាគ៣នៃអ្នកជំងឺ មានបញ្ហាស្បែកស្ងួត ដែលមានន័យថាស្បែកងាយនឹងមានរបួស ឬឆាប់ឆ្លងរោគ និងមិនងាយជាសះស្បើយ។ ដូចនេះ គោលការណ៍នៃការណែនាំខ្លីៗខាងក្រោមអាចនឹងកាត់បន្ថយបញ្ហាស្បែកខាងលើ ព្រមទាំងជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ៖ •គ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នកឲ្យបានល្អដោយសារ អ្នកជំងឺដែលមានកម្រិតជាតិស្ករក្នុងឈាមកើនឡើង មានទំនោរធ្វើឲ្យស្បែកស្ងួតជាងធម្មតា និងមានសមត្ថភាពតិចក្នុងការបង្ក្រាបបាក់តេរីបង្ករោគលើស្បែក។ លក្ខខណ្ឌទាំងពីរនេះបង្កើនហានិភ័យនៃការបង្ករោគជាពិសេសនៅលើស្បែក។ •នៅពេលអាកាសធាតុត្រជាក់ ត្រូវរក្សាសំណើមក្នុងផ្ទះអ្នកបន្ថែម និងកាត់បន្ថយការងូតទឹកបើអាច។ ការពារស្បែករបស់អ្នកពីអាកាសធាតុត្រជាក់ ឬខ្យល់ ដោយប្រើកន្សែងគ្រប ឬបិតត្រចៀក មុខ រួមទាំងច្រមុះ ពាក់មួកជាប្រចាំ ពាក់ស្រោមដៃ ស្រោមជើង និងស្បែកជើង ឬស្បែកជើងកវែង ជាការប្រសើរ។ •រក្សាឲ្យស្បែកអ្នកស្អាតជានិច្ច ប្រសិនអ្នកមានអារម្មណ៍ថាស្បែកស្ងួត សូមកុំជូតវាបន្ថែមទៀត ប៉ុន្តែគួរលាបផលិតផលផ្តល់សំណើមជំនួសវិញ។ ម៉្យាងទៀត អ្នកត្រូវកំណត់ចំនួនផលិតផលដែលអ្នកប្រើលើស្បែក ដើម្បីបន្ថយឱកាសក្នុងការមាន ប្រតិកម្ម។ •គួរងូតទឹកក្តៅឧណ្ហៗ (មិនមែនទឹកក្តៅខ្លាំងទេ) និងប្រើសាប៊ូដុសខ្លួនប្រភេទស្រាល ដែលមានប្រសិទ្ធភាពអាចផ្តល់សំណើមបាន និងចៀសវាងកុំងូតទឹកយូរពេក។ បន្ទាប់មកប្រើឡូសិន លាបលើស្បែក ប៉ុន្តែកុំប្រើវាលើម្រាមជើងរបស់អ្នក ដោយសារការផ្តល់សំណើមច្រើនពេកនៅទីតាំងនោះអាចបង្កើនការលូតលាស់នៃផ្សិតបាន។ •ព្យាបាលការមុត ឬរបួសតូចៗលើស្បែក ដោយសម្អាតមុខរបួសជាមួយសាប៊ូដុំ និងទឹក។ ម៉្យាង អ្នកអាចប្រើត្រឹមក្រែម ឬក្រមួនសម្លាប់បាក់តេរី ប្រសិនមានការណែនាំពីគ្រូពេទ្យថាប្រើបាន និងរុំជាមួយបង់ស្តេរីល។ ជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកមានការមុត រលាក ឬមានការបង្ករោគកម្រិតធ្ងន់។ •បន្ទាប់ពីលាង និងសម្ងួតដៃរបស់អ្នករួច គួរប្រើឡូសិនកម្រិតស្រាល ដើម្បីការពារស្បែក​ស្ងួត។ ដូចនេះ អ្នកត្រូវដាក់ឡូសិនលាបដៃនៅក្បែរកន្លែងលាងដៃរបស់អ្នក ដែលអាចប្រើវាលាបលើដៃភ្លាមៗ បន្ទាប់ពីលាងដៃរួច។ •ត្រូវបង្កើនការថែរក្សាប្រអប់ជើងរបស់អ្នកដោយពិនិត្យជាប្រចាំ ខ្លាចក្រែងមានឈឺចាប់ ឬមានរបួសស្នាម។ ពាក់ស្បែកជើងទូលាយៗ ឬស្បែកជើងផ្ទាត់ដែលល្មមនឹងជើងបានល្អ និងត្រូវពិនិត្យស្បែកជើងមុននឹងពាក់។ •ប្រសិនបើស្បែកអ្នកមានមុន អ្នកគួរពិភាក្សាជាមួយអ្នកជំនាញសើស្បែក មុននឹងជ្រើសរើសផលិតផលផ្តល់សំណើមលើមុខព្រោះផលិតផលខ្លះអាចបង្កជាមុន ឬធ្វើឲ្យវាកាន់តែធ្ងន់ធ្ងរ។ •គួរប្រើក្រែម ឬក្រមួនរលោង ដើម្បីការពារការរបកស្បែកបបូរមាត់។ •គួរប្រើសាប៊ូកក់សក់ ដែលមានកម្រិតស្រាលដូចជាប្រភេទសាប៊ូសម្រាប់កូនក្មេងជាដើម។ •ហាមប្រើទឹកអនាម័យស្ត្រីប្រភេទជាស្ព្រៃយន៍។ •ជ្រើសរើសផលិតផលថែស្បែកដែលមាន​បញ្ជាក់ថា «noncomedoge​nic» ឬ «nonacnegenic»។ •ប្រឹក្សាជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញសើស្បែក ប្រសិនបើអ្នកមិនអាចដោះស្រាយ​បញ្ហាស្បែករបស់អ្នកបាន។ រក្សានូវការអនុវត្តល្អខាងលើនៅថ្ងៃនេះ ដើម្បី បញ្ចៀសនូវហានិភ័យលើស្បែកទៅថ្ងៃក្រោយ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បម្រែបម្រួលដែលកើតមានឡើងនៅដំណាក់កាលអស់រដូវ និងក្បែរអស់រដូវរបស់ស្ត្រី សុទ្ធសឹងតែអាចចូលរួមផ្តល់ឲ្យស្ត្រីនូវបទពិសោធន៍អាក្រក់ជាច្រើនដែលជះឥទ្ធិពលដល់គុណភាពជីវិត។ ដូចនេះ ការថែទាំដែលជាក់លាក់ គួរតែត្រូវបានធ្វើឡើងដើម្បីទ្រទ្រង់ផាសុកភាពក្នុងពាក់កណ្តាលជីវិតក្រោយរបស់ពួកគាត់។ ការគាំទ្រផ្នែកផ្លូវចិត្ត ការធ្វើលំហាត់ប្រាណ របបអាហារ ក៏ដូចជាឱសថបំប៉នជាដើម ត្រូវបានពិចារណាក្នុងការរួមបញ្ចូលជាចាំបាច់ជាមួយនឹងការព្យាបាលចំពោះស្ត្រីអស់រដូវ។ តួយ៉ាង ជម្រើសនៃឱសថបំប៉នមួយចំនួន ត្រូវបានលើកយកមកពិភាក្សាជាបន្តបន្ទាប់ទាក់ទិននឹងការជួយគាំទ្រយ៉ាងប្រសើរដល់ការព្យាបាលដោយអ័រម៉ូន ក៏ដូចជាការកាត់បន្ថយរោគសញ្ញារំខាន និងការប្រឈមនឹងបញ្ហាសុខភាពជាច្រើនទៀតនៅពេលអស់រដូវ ជាពិសេសឱកាសក្នុងការកាត់បន្ថយកម្រិតអ័រម៉ូនដែលត្រូវប្រើប្រាស់ផងដែរ។ 1.    សារធាតុចម្រាញ់ពីតែបៃតង (Green Tea Extract) តែបៃតងត្រូវបានដឹងថាជាប្រភពដ៏សំខាន់មួយនៃសារធាតុ Phytochemicals (រួមមានខ្សែស្រឡាយមួយចំនួននៃពពួក Catechins  ដែលក្នុងនោះសម្បូរជាងគេគឺ Epigallocatechin Gallateឬ EGCG) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា បើប្រៀបទៅនឹងតែខ្មៅ និងតែអ៊ូឡុង។ ក្រៅពីនោះ តែបៃតងក៏មានផ្ទុកសារធាតុពោរ-ពេញដោយអត្ថប្រយោជន៍ជាច្រើនទៀត ដែលធ្វើឲ្យវាត្រូវបានប្រើប្រាស់ក្នុងការការពារជំងឺមហារីកច្រើនប្រភេទ ជំងឺបេះដូង រាក់ស៊ីធ្មេញលើសទម្ងន់ ទឹកនោមផ្អែម និងបង្កើនប្រព័ន្ធការពាររាងកាយ។ គុណប្រយោជន៍របស់វាក៏ត្រូវបានបង្ហាញយ៉ាងគួរឲ្យកត់សម្គាល់ចំពោះស្ត្រីអស់រដូវផងដែរ តាមរយៈការថយចុះនៃបរិមាណជាតិខ្លាញ់ (Triglycerides ឬ TC) និងកូឡេស្តេរ៉ុល (LDL-C) ក្នុងឈាម។ ក្រៅពីនោះ វាក៏ដើរតួយ៉ាងប្រសើរក្នុងការគ្រប់គ្រងទម្ងន់ទៀតផង។ 2.    សារធាតុ Isoflavones ក្នុងសណ្តែកសៀង (Soy Isoflavones) Isoflavones ដែលសម្បូរនៅក្នុងសណ្តែកសៀង ត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់ Phytoestrogensដោយសាររចនាសម្ព័ន្ធរបស់វាប្រហែលនឹងអ័រម៉ូនអឺស្ត្រូសែនដែលមានក្នុងខ្លួនរបស់យើង ដែលធ្វើឲ្យវាអាចមានលទ្ធភាពទៅភ្ជាប់នឹងរេស៊ិបទ័ររបស់អឺស្ត្រូសែនបាន និងអាចផ្តល់នូវឥទ្ធិពលដូចទៅនឹងអឺស្ត្រូសែនធម្មជាតិ។ ហេតុនេះហើយ វាត្រូវបានប្រើប្រាស់ជាពិសេសសម្រាប់ស្រ្តីអស់រដូវ ជាមួយនឹងឥទ្ធិពលកាត់បន្ថយរោគសញ្ញានៃការអស់រដូវ មហារីកសុដន់ មហារីកស្បូន ជំងឺប្រព័ន្ធសរសៃឈាមបេះដូង ឆ្អឹង និងបញ្ហាជាច្រើនទៀតដែលស្ត្រីអស់រដូវអាចរងគ្រោះ។ សារធាតុនេះក៏អាចប្រើប្រាស់បានចំពោះកូនក្មេងនិងមនុស្សជំទង់ ដោយពុំមានផលប៉ះពាល់ទៅលើការលូតលាស់របស់ពួកគេឡើយ។ ក្រៅពីនោះ Soy Isoflavones ក៏អាចបញ្ចេញនូវសកម្ម-ភាពការពារកោសិកាប្រសាទ ដែលមានសារប្រយោជន៍ដល់ការលូតលាស់ប្រាជ្ញាស្មារតីអាកប្បកិរិយា និងការបន្តពូជទៀតផង។ 3.លីកូប៉ែន (Lycopene) Lycopene គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានអានុភាពបំផុត ដែលត្រូវបានជ្រើសរើសក្នុងការប្រើប្រាស់សម្រាប់ស្ត្រីអស់រដូវក្នុងការបញ្ចេញចោលនូវពពួករ៉ាឌីកាល់សេរីដែលបង្កើតជាអុកស៊ីតកម្មនៅក្នុងរាងកាយ។ គួរបញ្ជាក់ថា ការថយចុះស្របពេលជាមួយគ្នានៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងអ័រម៉ូនអឺស្ត្រូសែនក្នុងរាងកាយរបស់យើងទៅតាមអាយុ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផលវិបាកពីរោគសញ្ញានៃការអស់រដូវ ក៏ដូចជាបញ្ហាសុខភាពជាច្រើនទៀតរបស់ស្រ្តីដូចជា ជំងឺបេះដូង និងពុកឆ្អឹងជាដើម។ ក្រៅពីនោះ Lycopene ក៏មានសកម្មភាពប្រឆាំងនឹងមហារីក និងការកកខ្លាញ់នៅសរសៃឈាមអាកទែរ(Antiatherogenic) ក៏ដូចជាចូលរួមក្នុងការសម្របសម្រួលអន្តរកម្មរវាងកោសិកា បម្រែបម្រួលអ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ព្រមទាំងការខូចខាតនូវចង្វាក់មេតាបូលីសផងដែរ។ 4.    វីតាមីនសេ (Vitamin C) ការសិក្សាបានបង្ហាញថា អាស៊ីតអាស្កូបប៊ិច ឬវីតាមីនសេ ជាសារធាតុដ៏សំខាន់សម្រាប់ការកកើតនៃកោសិកាឆ្អឹង ដោយសារតែវាជាអ្នកភ្ញោចProcollagen ដែលជំរុញឲ្យមានការផលិតកូឡាជែន (collagen) និងភ្ញោចសកម្មភាពរបស់ Alkaline phosphatase ដែលជាធាតុសម្គាល់របស់កោសិកាឆ្អឹងថ្មីៗ ក៏ដូចជាការពារការរសាត់នៃឆ្អឹងដែលជាមូលហេតុនៃការពុកឆ្អឹងផងដែរ។ ដោយឡែក ចំពោះស្ត្រីអស់រដូវដែលមានកង្វះនូវអ័រម៉ូនអឺស្ត្រូសែន សម្ពាធនៃអុកស៊ីត-កម្មគឺជាកត្តាដ៏ចម្បងមួយដែលធ្វើឲ្យមានការថយចុះនូវភាពយឺតនៃសរសៃឈាម និងជំរុញឲ្យមានការប្រឈមនឹងជំងឺសរសៃឈាមបេះដូង។ វីតាមីនសេ ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អមួយដែលត្រូវបានប្រើប្រាស់ក្នុងការចូលរួមជំរុញមុខ-ងាររបស់ជញ្ជាំងសរសៃឈាម (Endothelial function) និងរក្សាលំនឹងកូឡេស្តេរ៉ុល (Cholesterol homeostasis) ជាពិសេសចំពោះស្ត្រីដែលមានកត្តាប្រឈមនឹងជំងឺសរសៃឈាមបេះដូង។   5.    កាល់ស្យូម (Calcium) តម្រូវការកាល់ស្យូមនឹងមានការកើនឡើងចំពោះស្ត្រីក្នុងវ័យអស់រដូវ ឬនៅពេលស្ត្រីបាត់បង់នូវអ័រម៉ូនអឺស្ត្រូសែន។ គួរបញ្ជាក់ថា ការស្រូបចូលរបស់កាល់ស្យូមនៅពោះវៀននឹងថយចុះជាលំដាប់ផងដែរទៅតាមអាយុ (នៅអាយុ ៦៥ឆ្នាំ ការស្រូបនេះនឹងថយចុះរហូតដល់ ៥០% បើប្រៀបនឹងវ័យជំទង់)។ ដោយសារតែហេតុការណ៍នេះ ស្ត្រីអស់រដូវត្រូវបានប៉ាន់ប្រមាណថាមានការប្រឈមខ្ពស់ទៅនឹងការបាក់បែកឆ្អឹងដោយសារជំងឺពុកឆ្អឹង។ កាល់ស្យូម អាចបង្កើននូវអានុភាពនៃការធ្វើលំហាត់ប្រាណចំពោះស្ត្រីអស់រដូវ ព្រមទាំងមានសកម្មភាពជំរុញប្រសិទ្ធភាពនៃការព្យាបាលដើម្បីកាត់បន្ថយការបាត់បង់ឆ្អឹង។ ដូចនេះការប្រើប្រាស់កាល់ស្យូមក្នុងកម្រិតសមរម្យគឺជាគន្លឹះយ៉ាងសំខាន់រួមបញ្ចូលក្នុងការព្យាបាលនានាសម្រាប់អ្នកជំងឺដែលមានជំងឺពុកឆ្អឹង។កម្រិតប្រើប្រាស់មិនលើសពី២,៥០០ មីលីក្រាមក្នុងមួយថ្ងៃនៃកាល់ស្យូមតាមរយៈអាហារ និងឬ អាហារបំប៉ន ត្រូវបានបញ្ជាក់ថាមានសុវត្ថិភាពសម្រាប់អ្នកមានសុខភាពល្អទូទៅ។ បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្ស ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ចាប់ពីចន្លោះអាយុ ៦ខែ ទៅ ៣ឆ្នាំ កុមារចាប់ផ្តើមដុះ ធ្មេញព្រៃ ដែលមានទាំងអស់ ២០ធ្មេញ  ។ រីឯធ្មេញស្រុកវិញ ចាប់ផ្ដើមដុះនៅចន្លោះពី អាយុ ៦ឆ្នាំ ទៅ ១៨ឆ្នាំ ដែលមានទាំងអស់ចំនួន ៣២ធ្មេញ។ លោកទន្តបណ្ឌិត យូស ចាន់ថូ ឯកទេសធ្មេញកុមារ នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ មានប្រសាសន៍ថា ធ្មេញមានប្រយោជន៍សម្រាប់សុខភាព និងស្នាមញញឹម។ ធ្មេញមានមុខងារសំខាន់ សម្រាប់ទំពារចំណីអាហារ និងជាវត្ថុដ៏មានតម្លៃ សម្រាប់សុខភាព និងសោភ័ណភាពដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន។ តើអនាម័យមាត់ធ្មេញមានអត្ថន័យយ៉ាងណា? ពាក្យថាអនាម័យមាត់ធ្មេញទាក់ទងទៅនឹងប្រការ ៣ យ៉ាងដែលអ្នកគួរធ្វើ ដើម្បីថែទាំធ្មេញរបស់អ្នក៖ - ត្រូវដុសសម្អាតធ្មេញ និងអណ្តាតអោយបានស្អាត និងត្រឹមត្រូវ រៀងរាល់ក្រោយពេលទទួលទានអាហារ និងប្រើអំបោះទាក់សម្អាតតាមចន្លោះធ្មេញ។ - ពេលដុសធ្មេញម្តងៗ ត្រូវការរយៈពេលយ៉ាងហោចណាស់ពីរនាទី។ - ជៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។ - សូមនាំគ្រួសាររបស់អ្នកមកពិនិត្យ និងទទួលការអប់រំ អំពីសុខភាព មាត់ធ្មេញរៀងរាល់  ៦ខែម្តង។ តើឪពុកម្តាយគួរយល់ដឹងអ្វីខ្លះ អំពីសុខភាពមាត់ធ្មេញរបស់កូន? -ចំណុចគួរចងចាំដំបូងគឺ សុខភាពមាត់ធ្មេញល្អ ត្រូវចាប់ផ្តើមពីការថែទាំ តាំងពី ថ្ងៃទី១ ដែលក្មេងកើតមក។ សូម្បីធ្មេញមិនទាន់ដុះ ក៏ត្រូវមើលថែទាំអញ្ចាញ ធ្មេញក្មេងដោយការជូតសម្អាត ជាមួយក្រណាត់សើមទន់ ឬប្រើស្បៃក្រោយ បំបៅកូនរួច។ ជួយបង្រៀនកូនអោយចេះដុសសម្អាតធ្មេញ ឱ្យបានស្អាត និងត្រឹមត្រូវ បន្ទាប់មកត្រូវគិតពីចំណីអាហារ ដែលផ្តល់នូវសុខភាពរាង្គកាយ និងធ្វើឱ្យ ធ្មេញមានសុខភាពល្អរឹងមាំដូចជា ទឹកឆ្អិន ទឹកដោះគោ បន្លែ ផ្លែឈើ និងកាត់បន្ថយចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។ ការសហការគ្នារវាងឪពុកម្តាយ និងគ្រូពេទ្យធ្មេញដោយផ្តោតលើការពិនិត្យ ឲ្យបានទៀងទាត់ នោះនឹងជួយការពារ បញ្ហាធ្មេញកូនៗ របស់លោកអ្នក កុំឱ្យរីករាលដាលធំ ហើយធានាអោយពួកគាត់មាន សុខភាពមាត់ធ្មេញល្អ ពេញមួយជីវិត។ តើបញ្ហាធ្មេញអាចប្រឈមមុខនឹងជំងឺអ្វីខ្លះ? នៅពេលលោកអ្នកមិនបានដុសសម្អាតធ្មេញ ក្រោយទទួលទានអាហារ នៅចន្លោះពីមួយម៉ោងឡើងទៅ វានឹងបំលែងទៅជាជាតិអាស៊ីដ។ ជាតិអាស៊ីដ ធ្វើឱ្យកាចាធ្មេញរបស់អ្នក ងាយពុក និងរីករាលដាលដល់បណ្ដូលធ្មេញ។ មិនតែប៉ុណ្ណោះ កង្វះអនាម័យអាចធ្វើឲ្យអញ្ចាញធ្មេញ ហើមប៉ោង និងក្រហម ដែលបង្កឲ្យហូរឈាម នៅពេលដុសធ្មេញ និងមានខ្យល់ដង្ហើមមិនល្អ ហើយពេលខ្លះ ធ្វើឱ្យអ្នកមានអាការៈស្រៀវនៅតាមជើងធ្មេញផងដែរ។   ក្នុងករណីនេះ វាចាំបាច់ណាស់ ក្នុងការទាញយកសរសៃធ្មេញចេញ (សរសៃឈាម និងសរសៃប្រសាទ) ឬហៅថាការព្យាបាលរន្ធឬសធ្មេញ។ ក្រោយព្យាបាល ធ្មេញនោះតម្រូវឱ្យមានការប៉ះឡើងវិញ ឬការដាក់ធ្មេញ សិប្បនិម្មិតលើធ្មេញធម្មជាតិដែលខូចខាត។ ហេតុអ្វីពេទ្យធ្មេញចាំបាច់ទាញយកសរសៃធ្មេញចេញ ឬហៅថាការព្យាបាលរន្ធឫសធ្មេញ? តាមរយៈការពិនិត្យជាទូទៅ និងការថត X-ray អាចជួយដល់ការសម្រេចចិត្ត របស់ពេទ្យធ្មេញថា តើការព្យាបាលធ្មេញប្រភេទណា ដែលត្រឹមត្រូវសម្រាប់អ្នក? ការទាញយកសរសៃធ្មេញ ឬហៅថាការព្យាបាលរន្ធឬសធ្មេញគឺជាការព្យាបាល បណ្តូលធ្មេញដែលមានមេរោគ ឬរលាក។ ការរលាក ឬការឆ្លងមេរោគអាចមានមូលហេតុផ្សេងៗ គ្នា៖ - រោគពុកធ្មេញដែលជ្រៅដល់បណ្តូលធ្មេញ - ធ្មេញដែលទទួលការប៉ះធ្មេញច្រើនដង - ធ្មេញដែលធ្វើការព្យាបាល និងស្រោបមិនបានត្រឹមត្រូវ - ធ្មេញដែលប្រេះ ឬបែកដល់បណ្តូលធ្មេញ។ ការបង្ករបួសនៅលើធ្មេញអាចជាមូលហេតុធ្វើអោយមានការបំផ្លាញបណ្តូលធ្មេញ ទោះបីជាពុំមានការបង្ហាញអោយឃើញថាមានស្នាមប្រេះ ឬបែកក៏ដោយ។ ប្រសិនបើធ្មេញដែលមានការរលាក ឬឆ្លងមេរោគ ហើយពុំមានការព្យាបាលឲ្យទាន់ពេលវេលាទេនោះ វាអាចបង្កទៅជាខ្ទុះ ឬបណ្តាលឲ្យបាត់បង់ធ្មេញ។ ក្នងអំឡុងពេលព្យាបាល បណ្តូលធ្មេញដែលរលាក ឬឆ្លងមេរោគនឹងត្រូវបាន យកចេញ ហើយធ្វើការព្យាបាល និងសម្អាតយ៉ាងប្រុងប្រយ័ត្ន រួចដាក់ថ្នាំ បំពេញទៅក្នុងបណ្តូលធ្មេញ។ ការប៉ះធ្មេញ ឬការស្រោបធ្មេញជាជម្រើសល្អតែមួយគត់ ដើម្បីការពារការបែក ធ្មេញ ក្រោយទទួលការព្យាបាលរួច។ ធ្មេញដែលបានទទួលការប៉ះ ឬស្រោបរួច នឹងអាចបន្តមុខងារក្នុងការទំពារ ចំណីអាហារដូចធ្មេញដ៏ទៃទៀតដែរ។ តើអ្វីទៅដែលហៅថា ការប៉ះឡើងវិញ ឬការស្រោបធ្មេញ? ធ្មេញខូចប្រេះស្រាំ ឬមានប្រហោង តម្រូវឲ្យមាន ការព្យាបាលធ្មេញឡើងវិញ ដើម្បីទប់ស្កាត់ កុំឲ្យមានការរាលដាល ទៅកាន់ធ្មេញដទៃទៀត និងជួយ ការពារធ្មេញពីកំណើតផងដែរ។ ធ្មេញដែលទទួលការព្យាបាលបានត្រឹមត្រូវ និងការថែទាំអនាម័យបានល្អ និងជួយអោយលោកអ្នកមានស្នាមញញឹមស្រស់ស្អាត និងប្រើប្រាស់បានយូរអង្វែង។ ដូច្នេះ លោកអ្នកគួរដុសសម្អាតធ្មេញ រៀងរាល់ក្រោយទទួលទានអាហាររួច និងត្រូវមកជួបពេទ្យធ្មេញយ៉ាងហោចណាស់ ២ដង ក្នុងមួយឆ្នាំ ដើម្បីធ្វើការត្រួតពិនិត្យឃើញបញ្ហាទាន់ពេលវេលា។ អត្ថបទស្រដៀងគ្នា តើមូលហេតុអ្វីបណ្តាលអោយមានក្លិនមាត់មិនល្អ? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share
Top