
- Oct 26, 2017 |
- 7 years ago |
- 4.5K views
ក្រសួងសុខាភិបាលណែនាំអំពីវិធីបង្ការជំងឺ និងបញ្ហាសុខភាពនានា ក្នុងឱកាសបុណ្យអុំទូកនេះ..
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅចូលរួមអនុវត្តវិធានការបង្ការជំងឺ និងថែរក្សាសុខភាព ដើម្បីចៀសផុតពីបញ្ហាសុខភាពដូចជា ឈឺពោះ ក្អួត រាករួស ដែលបណ្តាលមកពីការបរិភោគចំណីអាហារមិនមានអនាម័យស្អាត ឬមានគ្រោះថ្នាក់ចរាចរដោយការបើកបរធ្វេសប្រហែស ឬការដួលសន្លប់ក្នុងពេលដើរកំសាន្ត។ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានធ្វើណែនាំនូវវិធានការសាមញ្ញាការពារសុខភាពដែលមានដូចខាងក្រោម ៖ ១ ការពុលចំណីអាហារ ៖ បណ្តាលមកពីការបរិភោគចំណីអាហារមិនស្អាត ចម្អិនមិនបានឆ្អិនល្អ ឬទឹកកខ្វក់ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី។ ដើម្បីចៀសផុតពីការពុលចំណីអាហារនេះ ដែលភាគច្រើនបណ្តាលមកពីការៀបចំទុកដាក់អាហារមិនមានអនាម័យ ឬចម្អិនមិនបានល្អ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គឺគ្រប់គ្នាៗចាប់តាំងពីអ្នកបរិភោគរហូតដល់អ្នកបម្រើអាហារ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ដោយ៖ -អនុវត្តអនាម័យចំណីអាហារល្អ -លាងសម្អាតចំណីអាហារ និងសម្ភារៈសម្រាប់ចម្អិនឲ្យបានត្រឹមត្រូវមុនពេលចម្អិន ឬមុនពេលបរិភោគ -រក្សាសុវត្ថិភាពចំណីអាហារជានិច្ចដោយរក្សាទុកដាក់ត្រឹមត្រូវ និងចម្អិនអាហារឲ្យបានឆ្អិនល្អ -កុំពិសារសាច់ឆៅ ឬអាហារដែលមិនឆ្អិនល្អ ឬអាហារដែលទុកយូរ -ពិសាទឹកឆ្អិន ឬទឹកស្អាត ឬទឹកបរិសុទ្ធ -លាងដៃឲ្យបានស្អាតជាមួយសាប៊ូ និងឲ្យបានញឹកញាប់ -បន្ទោរបង់នៅតាមកន្លែងដែលមានបង្គន់អនាម័យ -ចោលសំរាមក្នុងធុងសំរាម។ ២ ការពិសាគ្រឿងស្រវឹង ៖ ចំពោះមនុស្សពេញវ័យទាំងអស់ សូម៖ -ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវនៅក្នុងកម្រិតតិចតួច -ហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ហាគ្រឿងម៉ាស៊ីន -បើកបរដោយប្រុងប្រយ័ត្ន កុំបើកបរលឿនពេក និងប្រកាន់ខ្ជាប់នូវច្បាប់បើកបរ -កុំពិសាគ្រឿងស្រាដែលផលិតមិនមានបច្ចេកទេសត្រឹមត្រូវ -ករណីមានរោគសញ្ញានៃការពុលស្រាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ និងពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យព្យាបាល និងជួយសង្គ្រោះជាបន្ទាន់នៅតាមស្តង់គ្រូពេទ្យប្រចាំការចល័ត ឬទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។ ៣ ការប្រជ្រៀតគ្នា និងការដួលសន្លប់ ៖ ក្រសួងសុខាភិបាល សូមអំពាវនាវឲ្យប្រជាពលរដ្ឋដែលចូលរួម ឬដើរកំសាន្តក្នុងព្រះរាជពិធីបុណ្យខាងលើ សូម៖ -កុំឈរ ឬអង្គុយប្រជ្រៀតក្នា ដែលធ្វើឲ្យមានសភាពថប់ណែន(ត្រូវទុកកន្លែងឲ្យទូលាយបន្តិច ឬឲ្យមានខ្យល់ចេញចូលបាន) -ប្រសិនបើមានអាការៈសុខភាពមិនប្រក្រតី ដូចជាវិលមុខ ស្រវាំងភ្នែក ស្អាបច្រើនដង បែកញើសខុសធម្មតា ឬថប់ៗ សូមអង្គុយចុះ ហើយឆាប់រកភ្នាក់ងារសន្តិសុខ ឬបុគ្គលិកសុខាភិបាល ដើម្បីទទួលបាននូវការព្យាបាលបានទាន់ពេលនៅតាមស្តង់គ្រូពេទ្យប្រចាំការចល័ត ដែលមានទីតាំងនៅជិតពិធី។ ដើម្បីការពារអ្នក និងក្រុមគ្រួសារ សូមប្រជាពលរដ្ឋទាំងអស់អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ហើយក្រសួងសុខាភិបាលក៏សូមជូនពរឲ្យមានសុខភាពល្អ សប្បាយរីករាយ ក្នុងដំណើរកំសាន្តទៅទីជិតឆ្ងាយ។ សម្រាប់ព័ត៌មានបន្ថែម ៖ លោកវេជ្ជ. លី សូវ៉ាន់ ០១២ ៨២៥ ៤២៤ ប្រភព ៖ គេហទំព័រផ្លូវការនាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share