
- Nov 10, 2017 |
- 7 years ago |
- 17K views
[ឯកសារ] សៀវភៅ៨ក្បាល ពិសេសសម្រាប់និស្សិតពេទ្យពេលស្វ័យសិក្សា
បន្ថែមពីលើសៀវភៅសិក្សាដែលសមស្របតាមកម្មវិធីសិក្សារបស់សាលា និស្សិតពេទ្យគ្រប់រូបប្រាកដជាត្រូវការចំណាយពេលច្រើនលើស្វ័យសិក្សា ដែលជាចាំបាច់នឹងត្រូវការសៀវភៅដែលជាបណ្តុំនៃអត្ថបទប្រកបដោយគុណតម្លៃ និងអត្ថប្រយោជន៍ ជាពិសេសជាប្រភពនៃព័ត៌មានដែលអាចទុកចិត្តបាន។ ជាការរួមចំណែកមួយក្នុងការសម្រួលដល់ការសិក្សារបស់និស្សិតពេទ្យឆ្នាំទី១ និងឆ្នាំផ្សេងៗទៀត ខ្ញុំក៏សូមចែករំលែកនូវសៀវភៅ៨ក្បាលខាងក្រោមនេះ ដែលខ្ញុំបានឃើញលីងមួយដែលមិត្តភក្តិបានស៊ែរនៅលើហ្វេសប៊ុក ហើយខ្ញុំក៏បានធ្វើការបកប្រែបញ្ចប់ និងកែសម្រួលពាក្យពេចន៍ខ្លះៗពីប្រភពដើម (ដែលមានបញ្ជាក់ជូននៅខាងក្រោម)។ ដោយសារតែមិនមែនជានិស្សិតពេទ្យ ទើបពាក្យពេចន៍មិនសូវជាបានសមសួន ឬមិនត្រូវបច្ចេកទេស ប៉ុន្តែខ្ញុំក៏បានសូមឲ្យមិត្តភក្តិជានិស្សិតពេទ្យមួយរូបជួយធ្វើការកែសម្រួលដែរ មុននឹងធ្វើការចែករំលែកនៅទីនេះ…សង្ឃឹមថាគ្រប់គ្នានឹងមិនប្រកាន់ឡើយ… ១. Gray’s Anatomy for Students, 3rd Edition វាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សាកាយវិភាគសាស្រ្ត (Anatomy) របស់និស្សិតក្នុងវិស័យសុខាភិបាលគ្រប់គ្នា ដែលពិតជាជួយសម្រួលដល់ការសិក្សាមុខវិជ្ជាមួយនេះតាមរយៈការចងក្រងនូវមេរៀនសំខាន់ៗ អមជាមួយនឹងរូបភាពយ៉ាងច្បាស់ និងការបកស្រាយយ៉ាងក្បោះក្បាយ។ ២. Human Physiology - Stuart Ira Fox | 12th Edition (2011) មុខវិជ្ជាដ៏សំខាន់មួយទៀត គឺសរីរវិទ្យា(Physiology) ដែលអាចឲ្យនិស្សិតបានសិក្សាស្វែងយល់អំពីមុខងារ និងដំណើរការរបស់សរីរាង្គកាយ។ បន្ថែមពីលើអ្វីដែលបានសិក្សាពីសាលានោះ ការអាន និងស្វ័យសិក្សាតាមរយៈសៀវភៅមួយនេះ នឹងជួយពង្រឹង និងពង្រីកនូវការយល់ដឹងរបស់អ្នកបានមួយកម្រិតទៀតជាក់ជាមិនខាន។ ៣. Histology: A Text and Atlas, with Correlated Cell and Molecular Biology, 6th Edition ជាសៀវភៅជីវវិទ្យាដ៏ល្អឯកសម្រាប់និស្សិតសុខាភិបាល ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ កម្រងអត្ថបទ និងAtlas ទាំងនេះ ប្រៀបបានជាបណ្តុំនៃសៀវភៅសិក្សាដែលមានបង្ហាញអំពីមុខងារ និងសញ្ញាណគ្លីនិកនៃជាលិកាសាស្រ្ត(Histology) ដែលត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈរូបភាព និងរូបថត។ Atlas ជាច្រើនត្រូវបានបង្ហាញនៅគ្រប់មេរៀន ដោយមានរូបធំៗ ដែលត្រូវបានរចនា និងរៀបចំឡើងជាមួយនឹងពណ៌យ៉ាងស្អាត និងត្រជាក់ភ្នែក។ ៤. Medical Terminology Systems 7th Edition (2012) នេះប្រៀបបាននឹងកញ្ចប់នៃឯកសារដែលប្លែកពីគេ ដែលអាចរកបានតាមអនឡាញនៅDavisPlus និង The Medical Language Lab ដែលនឹងផ្តល់នូវបទពិសោធន៍នៃការសិក្សាបែបថ្មី ដើម្បីឲ្យការសិក្សាកាន់តែច្បាស់ពីភាសានៅក្នុងវិស័យវេជ្ជសាស្រ្ត តាមរយៈបណ្តុំនៃពាក្យពេចន៍ និងបច្ចេកវិទ្យា។ មេរៀននៅក្នុងសៀវភៅនេះ ត្រូវបានចងក្រងទៅតាមលំដាប់លំដោយនៃប្រព័ន្ធក្នុងរាងកាយរបស់យើង និងបានផ្ដោតសំខាន់ទៅលើការផ្គុំពាក្យ។ ៥. Lippincott Illustrated Review Biochemistry វាជាឯកសារដំបូង និងល្អជាងគេបំផុតសម្រាប់ការសិក្សាផ្នែកជីវគីមីវិទ្យា ដែលជួយដល់និស្សិតក្នុងការសិក្សា ស្វែងយល់ និងរួមបញ្ចូលព័ត៌មានដែលត្រូវការវិភាគ និងមានភាពស្មុគស្មាញបានលឿន។ ៦. Longman's Medical Embryology-T.W. Sadler-12th edition Longman's Medical Embryology ជាប្រភពនៃឯកសារដ៏សំខាន់សម្រាប់ការសិក្សាអំពីការលូតលាស់នៃអំប្រ៊ីយ៉ូ សម្រាប់និស្សិតវេជ្ជសាស្រ្ត គិលានុបដ្ឋាក និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដោយបានផ្ដោតសំខាន់យ៉ាងខ្លាំងទៅលើសញ្ញាណគ្លីនិក។ អត្ថបទនៅក្នុងនេះត្រូវបានចាត់ទុកជាឯកសារ ក៏ដូចជាធនធានប្រកបដោយគុណតម្លៃសម្រាប់ការសិក្សាដោយសារតែវាមានការបង្ហាញអំពីសញ្ញាគ្លីនិក ការសង្ខេបខ្លីៗ កាថដោះស្រាយបញ្ហា ការបង្ហាញ និងរូបភាពគ្លីនិក… ៧. First Aid for the USMLE Step 1 2014 វាជាសៀវភៅដែលលក់ដាច់ជាងគេនៅពិភពលោក ជាមួយនឹងការពិតដែលត្រូវបានធ្វើតេស្តសាកល្បងបញ្ជាក់ជាង1,250 និងផ្តល់នូវភាពងាយស្រួលក្នុងការចងចាំដល់សិស្សានុសិស្ស។ រឿងរ៉ាវជាក់ស្តែងប្រមាណជាង1,250 ករណីបានផ្តល់នូវភាពងាយស្រួលដល់និស្សិតក្នុងការត្រៀមប្រលង USMLE។ ៨. Marieb Human Anatomy & Physiology 9th Edition វាជាសៀវភៅដែលជាជំនួយដ៏មានប្រយោជន៍សម្រាប់ការសិក្សាអំពីកាយវិភាគវិទ្យា និងការសិក្សាអំពីមុខងារក៏ដូចជាការដំណើរការនៃសរីរាង្គរបស់មនុស្ស ហើយលក្ខណៈពិសេសរបស់សៀវភៅនេះគឺការបញ្ចូលគ្នារវាងAnatomy & Physiology។ អត្ថបទមេរៀនមានលក្ខណៈងាយមើល ងាយយល់ និងមានមេរៀនដែលគេទើបតែសិក្សារកឃើញថ្មីៗ។ បញ្ជាក់ ៖ សូមចុចលើចំណងជើងនៃសៀវភៅនីមួយៗ ដើម្បីចូលទៅកាន់លីងសម្រាប់ទាញយក ប្រសិនបើមានឯកសារអ្វីបន្ថែមទៀត ដែលអ្នកគិតថាមានអត្ថប្រយោជន៍ដល់ការសិក្សាផ្នែកសុខាភិបាល អ្នកក៏អាចធ្វើការចែករំលែកបានដោយធ្វើការ Commentខាងក្រោមអត្ថបទនេះផ្ទាល់ ឬបង្កើតអត្ថបទថ្មីដោយខ្លួនឯងដូចជាខ្ញុំដែរ តាមរយៈ លីងនេះ… ប្រភព ៖ Angkor Rean
Share