
- Nov 20, 2017 |
- 7 years ago |
- 10.1K views
ខ្សោយផ្លូវភេទជាមួយជំងឺទឹកនោមផ្អែម
មុននឹងធ្វើការបកស្រាយ ខ្ញុំបាទសូមអភ័យទោសចំពោះមិត្តសុភាពនារីទាំងឡាយនូវពាក្យពេចន៍ប្រើប្រាស់ក្នុងអត្ថបទនេះ អាចនឹងមិនពិរោះស្ដាប់ តែវាជារឿងសំខាន់មួយដែរនៅក្នុងសង្គមគ្រួសារសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរយល់ដឹង។ បញ្ហាផ្លូវភេទជារឿយៗជាប្រធានបទហាមឃាត់ ហើយបុរសជាច្រើនមានបញ្ហាក្នុងការនិយាយអំពីពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ ការនិយាយជាមួយអ្នកជំនាញថែទាំសុខភាពអំពីវា អាចជួយលោកអ្នកឲ្យដឹងបន្ថែមអំពីជម្រើសនៃការព្យាបាល និងវិធីបញ្ឈប់ស្ថានភាពដ៏អាក្រក់ដែលកើតឡើង។ ជាក់ស្តែង ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារនៃកម្សោយផ្លូវភេទរបស់បុរសពី 50% ទៅ 60% ក្នុងពេលម្តង ឬច្រើនដង នៅពេលដែលជំងឺវិវឌ្ឍទៅមុខ ហើយវាកើតឡើងមុន10 ទៅ 15 ឆ្នាំជាងបុរសដែលគ្មានជំងឺទឹកនោមផ្អែម។ តើជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារផ្លូវភេទយ៉ាងដូចម្តេច? ជំងឺទឹកនោមផ្អែមអាចមានផលប៉ះពាល់អវិជ្ជមានច្រើនចំពោះមុខងារផ្លូវភេទរួមមាន: •ប្រព័ន្ធអ័រម៉ូនដែលគ្រប់គ្រងការផលិតតេស្តូស្តេរ៉ូន(Testosterone) គឺជាអ័រម៉ូនចំណង់ផ្លូវភេទដែលអត្រាអាចធ្លាក់ចុះ •ប្រព័ន្ធសរសៃប្រសាទ(ញាណដឹង)ដែលអាចថយចុះផ្លូវភេទ ប្រសិនបើអ្នកជំងឺមានការខូចខាតសរសៃប្រសាទ(Neuropathy) ដែលជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែម •ប្រព័ន្ធសរសៃឈាមអាទែរបស់លិង្គ អាចដំណើរការមិនល្អ ឬស្ទះ •ប្រព័ន្ធភាពស៊ាំដែលបណ្តាលឲ្យបុរសកើតជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់នៃការឆ្លងមេរោគដូចជាមេរោគផ្សិតទៅលើស្បែកគ្របក្បាលលិង្គ។ ភាពកម្សោយផ្លូវភេទ ជំងឺទឹកនោមផ្អែម គឺជាមូលហេតុចម្បងនៃជំងឺខ្សោយផ្លូវភេទ(លិង្គ)។ ហេតុដូច្នេះ បញ្ហាខ្សោយផ្លូវភេទ គឺជាបញ្ហាចំណង់សិចដែលជាញឹកញាប់ជួបប្រទះនឹងបុរសដែលមានជំងឺទឹកនោមផ្អែម។ ភាពកម្សោយផ្លូវភេទមានផលប៉ះពាល់អវិជ្ជមានទៅលើគុណភាពជីវិតរបស់បុរស ដោយមិនគិតពីអាយុ និងអាចជាសញ្ញាដំបូងនៃជំងឺសរសៃឈាមបេះដូង។ នោះហើយជាមូលហេតុសំខាន់ក្នុងការពិភាក្សាជាមួយអ្នកជំនាញថែទាំសុខភាព។ កត្តាហានិភ័យ •អាយុ •រយៈពេលនៃការកើតជំងឺទឹកនោមផ្អែម •ព្យាបាលជំងឺទឹកនោមផ្អែមមិនបានល្អ •ជក់បារី •លើសសម្ពាធឈាម •លើសជាតិខ្លាញ់ក្នុងឈាម •កង្វះអ័រម៉ូន អង់ដ្រូសែន(Androgen-ជាអ័រម៉ូនភេទបុរស) •ជំងឺសរសៃឈាមបេះដូង មូលហេតុ ដោយសារជំងឺទឹកនោមផ្អែមជំរុញឲ្យមានភាពរឹងក្រិននៃសរសៃឈាម(Atherosclerosis) និងលិង្គត្រូវបានចញ្ចឹមដោយសរសៃឈាមតូចៗ ហើយសរសៃឈាមទាំងនេះត្រូវបានប៉ះពាល់។ នៅពេលដែលលំហូរឈាមមិនបានល្អ បញ្ហាខ្សោយផ្លូវភេទអាចលេចឡើង។ លើសពីនេះទៅទៀត ជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងមិនបានល្អអាចស្ទះសរសៃឈាមអាកទែរបស់លិង្គ និងនាំឲ្យមានផលវិបាកដែលប៉ះពាល់ដល់សរសៃប្រសាទរបស់លិង្គ។ ដូច្នេះ ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យខូចសរសៃឈាម និងសរសៃប្រសាទដែលរារាំងការឡើងរឹងរបស់លិង្គ។ បើទោះបីជាលោកអ្នកមានអ័រម៉ូនបុរសធម្មតា ហើយមានចំណង់រួមភេទក៏ដោយ ក៏លោកអ្នកនៅតែមិនអាចទទួលបានលិង្គឡើងរឹងដែរ។ ទិដ្ឋភាពផ្លូវចិត្តរបស់ជំងឺទឹកនោមផ្អែមក៏អាចជះឥទ្ធិពលដល់មុខងារផ្លូវភេទដែរដូចជា ភាពតក់ស្លុតនៃការធ្វើរោគវិនិច្ឆ័យ ការព្រួយបារម្ភអំពីជំងឺជាដើម។ ការព្យាបាល ជាការសំខាន់ណាស់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ការធ្វើរោគវិនិច្ឆ័យបញ្ហាផ្លូវភេទ និងស្វែងរកការព្យាបាលដ៏សមស្រប។ ពេលខ្លះ ថ្នាំSildenafil(Viagra®), Vardenafil(Levitra®), Tadalafil(Cialis®) នឹងត្រូវចេញវេជ្ជបញ្ជា។ មានវិធីជាច្រើន ដើម្បីមានជីវិតផ្លូវភេទឲ្យសកម្មធម្មតា ទោះបីជាមានបញ្ហាផ្លូវភេទក៏ដោយ។ ចិត្តវិទូ ឬអ្នកឯកទេសខាងសិចអាចជួយលោកអ្នកបាន។ ចូរពិភាក្សាអំពីបញ្ហានេះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក!!! វិធីការពារ ការណែនាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ភាពចាស់ជរា និងជំងឺទឹកនោមផ្អែមលើសកម្មភាពផ្លូវភេទ និងបង្ការជំងឺប្រព័ន្ធសរសៃប្រសាទ មានដូចជា •គ្រប់គ្រងជាតិស្ករ ខ្លាញ់ក្នុងឈាមឲ្យបានល្អ •ទទួលយករបៀបរស់នៅដែលមានសុខភាពល្អ ៖ បញ្ឈប់ការជក់បារី រក្សាទម្ងន់ឲ្យបានល្អ ធ្វើលំហាត់ប្រាណ ជៀសវាងការផឹកស្រាច្រើនហួសប្រមាណ ថែរក្សាជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុខដុមរមនាជាមួយសកម្មភាពផ្លូវភេទជាទៀងទាត់ និងរៀនបន្ធូរភាពតានតឹង(Stress)៕ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ
Share