Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺមហារីកសុដន់គឺ​ជាបញ្ហាសកលមួយដែលស្ថិតនៅក្នុងលំដាប់ទីមួយក្នុងចំណោមជំងឺដែលកើតមានលើស្រ្តីនៅទូទាំងពិភពលោក (២៥%) និងស្ថិតនៅលំដាប់ទីពីរក្នុងចំណោមជំងឺដែលកើតមានលើស្រ្តីកម្ពុជា (១៥%) បើយោងទៅតាមស្ថិតិរបស់ GLOBOCAN នៅឆ្នាំ២០១២។ ជំងឺមហារីកសុដន់វិវឌ្ឍចេញពីកោសិកាlobulesដែលជាកន្លែងផលិតទឹកដោះនិងកោសិកាបំពង់ដែលមាននាទីដឹកនាំទឹកដោះ។​ ជំងឺមហារីកត្រូវបានចែកចេញជា ២ ប្រភេទគឺ ប្រភេទដែលកើតនៅនឹងកន្លែងហើយមិនរីករាលដាល (in-situ or non-invasive)ដែលជាដំណាក់កាលដំបូងរបស់ជំងឺមហារីកសុដន់(ចែជា២ប្រភេទទៀតគឺកោសិកាមហារីកដែលកើតមាននៅក្នុង lobules និងកោសិកាបំពង់) និងប្រភេទរីករាលដាលទៅតំបន់ដទៃទៀត(Invasive)។ ចំពោះប្រភេទទីមួយអាចវិវឌ្ឍទៅជាប្រភេទទីពីរដែលរីករាលដាលទៅតំបន់ផ្សេងទៀត ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលា។ វាក៏ត្រូវបានចាត់ចូលជាជំងឺមហារីកសុដន់ប្រភេទទីពីរដូចគ្នា នៅពេលដែលកោសិកាមហារីកធ្វើការផ្លាស់ទីតាម lobules និងបំពង់បង្ហូរទឹកដោះទៅកាន់ជាលិកាដទៃទៀតដែលនៅជុំវិញនោះ ។ ជាការបញ្ចាក់ផងដែរ ជំងឺមហារីកសុដន់ ជាជំងឺមហារីកដែលកើតមានការប្រែប្រួលនៃហ្សែនពីរប្រភេទគឺ BRCA1 និង BRCA2 កាលណាស្ត្រីមានផ្ទុកនូវហ្សែនប្រភេទនេះ បង្កឲ្យមានហានិភ័យក្នុងការចម្លងដល់កូនៗ។ យ៉ាងណាមិញគ្រប់បុគ្គលទាំងអស់មិនសុទ្ធតែត្រូវឆ្លងមហារីកសុដន់ពីម្តាយរបស់ខ្លួននោះទេតែក្នុងករណីនេះពួកគេមានអត្រាដែលអាចកើតមានខ្ពស់ជាងអ្នកដែលពុំមានប្រវត្តិកើតមហារីកសុដន់។ ជាចុងក្រោយនេះ  លោកស្រីវេជ្ជបណ្ឌិត បានផ្តល់ជាប្រសាសន៍ថា ដោយសារជំងឺមហារីកស្ទើរតែគ្មានរោគសញ្ញាក្នុងដំណាក់កាលដំបូង ដូច្នេះការមកទទួលការតាមដានសុខភាពឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតត្រូវបានណែនាំជាពិសេសអ្នកដែលមានការប្រឈមខ្ពស់នឹងមហារីក។ ស្វែងយល់បន្ថែម៖  ទិដ្ឋភាពទូទៅនៃជំងឺមហារីកសុដន់ដែលអ្នកគួរដឹង បកស្រាយដោយ ៖  លោកស្រីវេជ្ជបណ្ឌិត Turobova Tatianaវេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅមកពីប្រទេសរុស្សី និងបច្ចុប្បន្នក៏ជាប្រធានផ្នែកជំងឺមហារីក និងជាអនុប្រធាននៅមន្ទីរពេទ្យអន្តរជាតិសែនសុខ  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

«បើធ្វើការជាមួយនឹងឯកទេសដែលខ្លួនស្រលាញ់  អញ្ចឹងគួរតែសប្បាយចិត្តនឹងធ្វើវា ដូចខ្ញុំចឹងដែរ» នេះជាការអះអាងរបស់យុវនិស្សិត តាំង ចាន់ណារ៉ុង ដែលជានិសិត្សឯកទេសផ្នែកវិកលវិទ្យា ជំនាន់ទី១១ ឆ្នាំទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានជម្នះនូវបំណងរបស់គ្រួសារជាអ្នករកស៊ី រហូតបានឈានជើងចូលសាលាពេទ្យតាមក្តីប្រាថ្នា។  គ្រាន់តែលឺពាក្យថា«វិកលវិទ្យា» តើនឹកគិតដល់អ្វីមុនគេដែរ? មិនថាពីមុនធ្លាប់គិតបែបណា ឬមានរូបភាពយ៉ាងណាខ្លះមកលើផ្នែកនេះ អត្ថបទខាងក្រោមនេះនឹងបង្ហាញជូនមិត្តអ្នកអាននូវរឿងរ៉ាវជាច្រើនអំពីឯកទេសវិកលសាស្រ្ត… តើការចូលរៀនពេទ្យដំបូង មានភាពលំបាកបែបណាខ្លះទៅ? ការចាប់ផ្តើមដំបូងក្រោយពេលប្រលងជាប់ ប្រាកដណាស់វាពិតជាមានភាពលំបាកពីមួយឆ្នាំទៅមួយឆ្នាំ ហើយការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យរឹតតែពិបាក ព្រោះវាទាមទារឲ្យខិតខំបន្ថែមទាំងការរៀននៅសាលា ទាំងការរៀននៅមន្ទីរពេទ្យតាមរយៈការចុះអនុវត្តផ្ទាល់ និងការរៀនតាមរយៈសៀវភៅ ឬអ៊ិនធឺណែត ជាដើម។ ចំណែក ភាសាបារាំងនិងអង់គ្លេស ក៏ត្រូវរៀនបន្ថែម ដើម្បីមានភាពងាយស្រួល ក្នុងការមើល អាន និងយល់ ពីមេរៀន ឬជំងឺនីមួយៗ។ ហេតុអ្វីបានជាសម្រេចជ្រើសរើសយកផ្នែកឯកទេសវិកលវិទ្យា ( ជំងឺផ្លូវចិត្ត) នេះ? វាមិនមែនជារឿងចៃដន្យនោះទេ តែវាជាគោលទៅតាំងពីខ្ញុំនៅជានិស្សិតវេជ្ជសាស្រ្តឆ្នាំទី៤មកម្ល៉េះ។ ឆ្លងកាត់ការសិក្សាមុខវិជ្ជាវិកលវិទ្យា( Psychiatry ) នៅឆ្នាំទី៤ ទី៥ និងទី៦ និងការចុះកម្មសិក្សាផ្នែកវិកលវិទ្យា នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត វាកាន់តែធ្វើឲ្យខ្ញុំចង់ដឹង ចង់លឺ ចង់ឃើញ ឲ្យស៊ីជម្រៅរៅនៅក្នុងផ្នែកនេះកាន់តែខ្លាំង។ តើការសិក្សាផ្នែកវិកលសាស្ត្រនេះមានលក្ខណៈពិសេសបែបណាខ្លះ?  ការសិក្សាផ្នែកវិកលវិទ្យានេះ ក៏ដូចជាផ្នែកផ្សេងទៀតដែរ វាទាមទារឲ្យមានភាពអំណត់អត់ធ្មត់ តស៊ូ ព្យាយាម និងការចុះកម្មសិក្សានៅមន្ទីរពេទ្យ រួមទាំងការសិក្សាផ្នែកទ្រឹស្ដីនៅសាលាឲ្យបានទៀងទាត់ ជាពិសេសត្រូវចេះស្វែងរកចំណេះដឹងបន្ថែមទៀត តាមប្រព័ន្ធinternet  ឬសៀវភៅវេជ្ជសាស្រ្តនានា ដើម្បីដើរទាន់វេជ្ជសាស្រ្តនៃប្រទេសជឿនលឿន។  ប៉ុន្តែលក្ខណៈពិសេសមួយនៃផ្នែកវិកលវិទ្យានេះ គឺវាមានភាពខុសគ្នាខ្លះៗទៅតាមជាតិសាសន៍ និង ប្រពៃណីនៃប្រជាជននីមួយៗ។ ឧទាហរណ៍ថា មនុស្សម្នាក់គាត់បានលឺសំលេងប្លែកៗ  ឬមើលឃើញអ្វីប្លែកៗដែលអ្នកដទៃមើលមិនឃើញ។ បើតាមវិទ្យាសាស្រ្ត ឬ ប្រទេសនៅអឺរ៉ុប គេគិតថាជារោគសញ្ញា ឬជំងឺសរសៃប្រសាទ( psychotic symptoms ) ប៉ុន្តែបើតាមប្រពៃណីក្នុងប្រទេសយើង ឬប្រទេសខ្លះដូចជាថៃ ចិន នោះ គេគិតថាជាភាពធម្មតា ជាអ្នកមានបុណ្យបារមី ឬមានអ្នកតាមកកាន់។  តើការសិក្សាផ្នែកវិកលសាស្ត្រនេះ តើមានភាពលំបាក និងឧបសគ្គអ្វីខ្លះ? -ការយល់ដឹងពីទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរ និងជំនឿរបស់ប្រជាជន ៖ នេះជាបញ្ហាចោទមួយ ដែលត្រូវធ្វើការវែកញែក និងចែកឲ្យដាច់ថា តើមនុស្សម្នាក់ដែលមកនៅពីមុខ ឬមកពិគ្រោះជំងឺ មានភាពធម្មតា ឬមិនធម្មតា? ហើយក៏ត្រូវនិយាយពន្យល់វែកញែកទៅកាន់គាត់ ឬក្រុមគ្រួសារគាត់បែបណា? ថាគាត់មានជំងឺផ្លូវចិត្ត ឬអត់? ដោយផ្អែកលើទ្រឹស្ដីវិទ្យាសាស្រ្ត និងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។  -បញ្ហាភាសាបរទេស ៖ រាល់ទ្រឹស្ដីអ្នកប្រាជ្ញ រោគសញ្ញានៃជំងឺ និង សៀវភៅនានា សុទ្ធសឹងជាភាសាអង់គ្លេសទាំងអស់ ហេតុដូចនេះ ត្រូវបន្តការរៀនបំប៉នភាសាបន្ថែម ដើម្បីងាយអាន ងាយស្វែលយល់ឲ្យកាន់តែស៊ីជម្រៅ។   ក្រៅពីការសិក្សានៅសាលា តើមានសកម្មភាពអ្វីខ្លះ ដែលនិសិ្សតផ្នែកវិកលសាស្ត្រគួរធ្វើ ដើម្បីឲ្យការសិក្សា និងការងារនាពេលអនាគតទទួលបានជោគជ័យ? -ខិតខំត្រងត្រាប់ស្ដាប់លោកគ្រូអ្នកគ្រូ និងសាស្រ្តាចារ្យ ពន្យល់ណែនាំទាំងនៅសាលាក្តី ទាំងនៅមន្ទីរពេទ្យក្តី  -គោរពពេលវេលា ការចុះកម្មសិក្សាអនុវត្តន៍ជាក់ស្ដែងនៅមន្ទីរពេទ្យ  -យកចិត្តទុកដាក់ក្នុងការដកស្រង់យកបទពិសោធន៍ដែលទទួលបានពីពេលចុះកម្មសិក្សានៅមន្ទីរពេទ្យ ដែលនឹងជួយឲ្យមានគ្រឹះសមល្មមសម្រាប់ធ្វើការងារនាពេលអនាគត -ដឹងពីប្រពៃណីទំនៀមទម្លាប់អរូបីនៃប្រជាជនខ្មែរកាន់តែច្រើន ដើម្បីចេះថ្លឹងថ្លែងពីកម្រិតធ្ងន់ធ្ងររបស់ជំងឺ។ បន្ថែមពីលើជំនាញរឹងដែលទទួលបានពីសាលា តើនិស្សិតផ្នែកវិកលសាស្ត្រគួរមានជំនាញអ្វីខ្លះទៀត សម្រាប់ការប្រកបវិជ្ជាជីវៈមួយនេះ? -ជំនាញ និងចំណេះដឹងខ្លះៗទាក់ទងនឹងជំងឺផ្លូវកាយដែលអាចឲ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺធ្ងន់ធ្ងរ ក្រៅតែពីជំងឺផ្លូវចិត្ត  -ជំនាញក្នុងការទំនាក់ទំនង ៖ ពាក្យសម្តីនិយាយស្ដីគួរតែជាសម្តីលើកទឹកចិត្ត ( ក្នុងករណីអ្នកជំងឺត្រូវការការលើកទឹកចិត្ត ឬធ្លាក់ទឹកចិត្ត ) និងនិយាយច្បាស់ៗ ងាយស្ដាប់ ងាយយល់ (វាល្អសម្រាប់អ្នកជនបទ ឬមានការសិក្សាទាប )។  -ការគិត ៖ ការគិត( គិតមុននិយាយចេញមកក្រៅនៅមុខអ្នកជំងឺ ឬក្រុមគ្រួសារគាត់ ) ដែលនឹងអាចឲ្យយើងជៀសផុតពីការនិយាយដែលជះឥទ្ធិពលអាក្រក់ដល់អ្នកជំងឺ ដែលពេលខ្លះវាអាចស្មើនឹងពាក្យថា «  មាក់ងាយមាក់ថោក ជាន់ពន្លិចបន្ថែម» -ការសង្កេត ៖ អាចជួយឲ្យយើងដឹងបានខ្លះៗ ថាតើអ្វីដែលអ្នកជំងឺ ឬក្រុមគ្រួសារគាត់និយាយ ជាពាក្យពិត ឬកុហក? ថាតើគាត់មានទំនុកចិត្តលើយើង ឬអត់? ជាពិសេស គឺការសង្កេតទៅលើអ្នកជំងឺកាចៗមួយចំនួន ដែលអាចបង្កគ្រោះថ្នាក់ដល់យើង ព្រោះអារម្មណ៍របស់ពួកគាត់មិនទៀងទាត់ទេ។  តើការងារប្រភេទនេះបានជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវចិត្តដែរឬទេ? តើមានវិធីសាស្ត្រក្នុងការការពារជាមុនអ្វីខ្លះ? ផលប៉ះពាល់ វាតែងតែមានគ្រាន់តែតិច ឬច្រើន។ ដើម្បីចៀសវាង និងការពារខ្លួនខ្ញុំ គឺដាច់ខាតមិនយកអារម្មណ៍និង ព័ត៌មានរបស់អ្នកជំងឺ មកគិតពេលនៅក្រៅមន្ទីរពេទ្យ ឬ ម៉ោងធ្វើការឡើយ។ បើយើងបណ្តោយឲ្យអារម្មណ៍ទាំងនោះតាមយើងជាប់នៅពេលទំនេរ នោះយើងនឹងងាយធ្លាក់ទៅក្នុងវិបត្តិនៃបញ្ហាផ្លូវចិត្តជាក់ជាមិនខាន។ វិធីសាស្រ្តផ្សេងទៀត រួមមានដូចជាការហាត់ប្រាណ ដើរលេង អានសៀវភៅ និងជួបជុំមិត្តនិយាយគ្នាលេង សុទ្ធតែអាចធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ។ តើនិស្សិតវិកលសាស្ត្រនឹងអាចចូលរួមចំណែកបែបណាខ្លះក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាយើង? ការថែរក្សាការពារ និង ព្យាបាលសុខភាពផ្លូវចិត្តប្រជាជនកម្ពុជាទាំងពេលបច្ចុប្បន្ន និងនាពេលអនាគ ដោយការចុះទៅតាមសហគមន៍ ពន្យល់ណែនាំពីមូលហេតុផ្សេងៗដែលអាចឲ្យកើតមានជំងឺ  វិធីដោះស្រាយ ឬការតទល់នឹងបញ្ហាដោយរបៀបណា ព្រមទាំងការព្យាបាល ដោយប្រើថ្នាំ និងពន្យល់ណែនាំពីការប្រព្រឹត្តទៅនៃថ្នាំ ផលរំខាន ...  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

លើសសម្ពាធឈាមគឺជាលក្ខខណ្ឌមួយដែលតែងកើតមានញឹកញាប់លើអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ជាការពិតគ្មានអំណះអំណាងណាមួយដែលអាចបញ្ជាក់ថា ជំងឺនេះមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា ហើយកើតតាំងពីពេលណាមួយនោះឡើយ។ ការលើសខ្លាញ់ លើសជាតិស្ករនិងលើសសម្ពាធឈាមហាក់ដូចជាលេចឡើងទន្ទឹមគ្នាប៉ុន្តែគេមិនអាចបែងចែកបានថាមួយណាលេចចេញមុនបានទេ។ វាត្រូវបានជឿថា  ភាពធាត់ហួស របបអាហារសម្បូរជាតិខ្លាញ់ហូបប្រៃ បារី  ស្រា  និងការរស់នៅអសកម្មភាពសុទ្ធតែរួមចំណែកដល់ការកើតជំងឺទាំងពីរខាងលើ។ សព្វថ្ងៃ អ្នកជំងឺប្រភេទនេះត្រូវបានជួបជាញឹកញាប់ និងមានការកើនឡើងជាលំដាប់ពី១ឆ្នាំទៅ១ឆ្នាំ ប្រហែល ៤០% រហូតដល់ឆ្នាំ២០៤០ ដែលស្របទៅនឹងការលូតលាស់នៃសង្គម និងសេដ្ឋកិច្ច។ មូលហេតុ និងកត្តាជំរុញ អ្នកជំងឺអាចនឹងមានហានិភ័យខ្លាំង ក្នុងការកើតជំងឺទឹកនោមផ្អែមរួមជាមួយជំងឺលើសសម្ពាធឈាមដោយសារ៖ •កត្តាពូជ •កត្តាជនជាតិ •កត្តាអាយុ៖ លើសពី៤៥ឆ្នាំ •ចូលចិត្តញ៉ាំប្រៃ ផ្អែម •មិនទម្លាប់ហាត់ប្រាណ លើសទម្ងន់ ឬធាត់ហួស •មានប្រវត្តិជក់បារី •ផឹកស្រាច្រើន។ ក្រៅពីនេះ ក៏នៅមានកត្តាជំរុញផ្សេងទៀត ដូចជា ការប្រើប្រាស់ថ្នាំ ពិសេសថ្នាំប្រឆាំងការរលាក ពពួក Corticoids (Prednisolone, Dexamethasone….)  និងជំងឺក្រពេញអ័រម៉ូនមួយចំនួន។ រោគសញ្ញាស្តែងចេញ ដោយហេតុថាភាគច្រើននៃអ្នកជំងឺលើសសម្ពាធឈាមមិនមានលេចចេញរោគសញ្ញាគួរឲ្យកត់សម្គាល់ឡើយ លុះត្រាតែអ្នកជំងឺបានវាស់សម្ពាធឈាម (ជាធម្មតា រាល់ពេលទៅជួបគ្រូពេទ្យ)។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺមួយចំនួនដែលមានជំងឺទាំងពីរខាងលើ អាចស្តែងចេញនូវសញ្ញាផ្សេងៗគ្នាក្នុងចំណោមសញ្ញាខាងក្រោម៖ •វិលមុខ •ស្រវាំងភ្នែក •អស់កម្លាំង ល្ហិតល្ហៃ •ស្រេកទឹក ផឹកទឹកច្រើនខុសធម្មតា •នោមច្រើន •ក្រហាយចុងជើងដៃ ហើយអាចស្ពឹក •ឈឺក្បាល រួយក •ញ័រទ្រូង និងណែនទ្រូង…។ ការធ្វើរោគវិនិច្ឆ័យ ជាដំបូងការធ្វើរោគវិនិច្ឆ័យគឺត្រូវពឹងលើរោគសញ្ញានិងកំណត់ត្រារបស់គិលានុបដ្ឋាកដែលមានដូចជា ការវាស់សម្ពាធឈាម ជីពចរ និងជាតិស្ករ។ បន្ថែមពីនេះ អ្នកជំងឺតម្រូវឲ្យបូមឈាមជាមូលដ្ឋានដើម្បីធ្វើការត្រួតពិនិត្យលើមុខងារតម្រងនោម (Urea, Creatinine, Electrolyte) ក្នុងគោលបំណងតាមដានផលប៉ះពាល់ទៅលើតម្រងនោម និងត្រួតពិនិត្យកម្រិតជាតិខ្លាញ់ (Total Cholesterol, Triglyceride, LDL, HDL) ដើម្បីគណនាហានិភ័យលើសរសៃឈាមបេះដូង។ ក្រៅពីនេះ អ្នកជំងឺត្រូវត្រួតពិនិត្យលើមុខងារថ្លើម Transaminase ធ្វើកំហាប់ស្ករHbA1c  អាចធ្វើតេស្តមុខងារក្រពេញទីរ៉ូអីុតTSH ពិនិត្យទឹកនោម ដើម្បីមើលថា មានប្រូតេអីុន (Proteinuria) និងជាតិឈាម នៅក្នុងទឹកនោម (Hematuria) ឬទេ និងវាស់ចង្វាក់បេះដូង (EKG) ផងដែរ ដើម្បីរកមើលថាមានបេះដូងរីក ខាងឆ្វេង ឬដើរខុសចង្វាក់ សញ្ញាស្ទះសរសៃឈាមបេះដូង   និងឡើងជាតិប៉ូតាស្យូម។ ការព្យាបាល ក្រោយពីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ អ្នកជំងឺត្រូវប្រើប្រាស់ឱសថរួមគ្នាតាមវេជ្ជបញ្ជា៖ ឱសថសមស្របចំពោះអ្នកជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ជាជម្រើសទីមួយគឺ ACEi (Enalapril, Lisinopril, Perindopril…) ឬARBi  (Losartan, Irbesartan, Telmisartan….) ត្រូវបានប្រើដើម្បីការពារ  ឬពន្យារការរវិវឌ្ឍនៃជំងឺតម្រងនោម(Diabetic Nephropathy), ហើយអាចប្រើជាមួយថ្នាំផ្សេងទៀតដូចជា Calcium Chanel Blocker (Amlodipine, Nifedipine, Nicardipine,…), Beta-Blocker (Atenolol, Bisoprolol, Carvedilol, Metoprolol…) និងពពួកថ្នាំបញ្ចុះទឹកនោម Thiazide Diuretic(Indapamide,Hydrochlorothiazide)។ក្នុងពេលជាមួយគ្នាអ្នកជំងឺត្រូវប្រើប្រាស់រួមជាមួយឱសថព្យាបាលជំងឺទឹកនោមផ្អែម លើសខ្លាញ់ទៅតាមគោលការណ៍ណែនាំ។ ផលវិបាក ការសិក្សាបង្ហាញថាអ្នកជំងឺដែលមានទាំងជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមអាចនឹងមានផលវិបាកទ្វេដង លើសរីរាង្គសំខាន់ៗចំនួន៤៖ •ប៉ះពាល់ដល់បេះដូងអាចឲ្យគាំងបេះដូង (Heart Attack) •ប៉ះពាល់លើសរសៃឈាមខួរក្បាល (Stroke) អាចឲ្យអ្នកជំងឺស្លាប់មួយចំហៀងខ្លួន ជំងឺឆាប់ភ្លេចភ្លាំង (Alzheimer’s disease និង Dementia) •ប៉ះពាល់លើតម្រងនោម (Nephropathy) ធ្វើឲ្យហើមជើង ទឹកចូលសួត ស្លេកស្លាំង អាចនឹងលាងឈាម •ប៉ះពាល់ដល់បាតភ្នែក (Retinopathy) ធ្វើឲ្យបែកសរសៃឈាម  ឬហើមបាតភ្នែក និងអាចឲ្យខ្វាក់ភ្នែកបាន។ ការការពារ ដើម្បីការពារខ្លួនពីការកើតឡើងរួមគ្នានៃជំងឺទាំងពីរនេះត្រូវចៀសវាងនូវកត្តាហានិភ័យដែលបានរៀបរាប់ខាងលើ និងធ្វើតាមការណែនាំដូចខាងក្រោម៖ •គ្រប់គ្រងជាតិស្ករ ឬសម្ពាធឈាម និងជាតិខ្លាញ់ឲ្យបានល្អ តាមរយៈពិសាថ្នាំ  និងមកតាមណាត់ឲ្យបានទៀងទាត់ •កាត់បន្ថយការញ៉ាំប្រៃ  (អំបិល៣-៤ក្រាមក្នុងមួយថ្ងៃ) ព្យាយាមកុំបន្ថែមទឹកត្រី ទឹកស៊ីអ៊ីវ   អំបិល ឬទឹកជ្រលក់…លើតុ •កាត់បន្ថយជាតិផ្អែម និងសាច់ ឬទឹកដោះគោដែលមានជាតិខ្លាញ់ច្រើន •បញ្ឈប់ការជក់បារី •បន្ថយការញ៉ាំស្រា៖ បុរសអាចផឹកស្រាបាន២កែវ   ខ្នាតក្នុងមួយថ្ងៃ   (~២កំប៉ុងស្រាបៀរធម្មតា,១០០ម.លស្រាទំពាំងបាយជូរ) រីឯស្រ្តីអាចផឹកបាន១កែវ •គេងឲ្យបានគ្រប់គ្រាន់ ៧-៨ម៉ោងក្នុងមួយថ្ងៃ •ញ៉ាំអាហារដើម្បីសុខភាពល្អ ដូចជា បន្លែបៃតង  ផ្លែឈើដែលសម្បូរជាតិប៉ូតាស្យូម •ហាត់ប្រាណឲ្យបានទៀងទាត់តាមការណែនាំរបស់សមាគទឹកនោមផ្អែមអាមេរិក(ADA)អ្នកជំងឺគួរហាត់ប្រាណឲ្យបានយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្តាហ៍បើជាការដើរគួរដើរឲ្យលឿននិងខ្លាំតាមដែលអាចធ្វើបាន។ ការហាត់ប្រាណជួយបន្ថយសម្ពាធឈាម ជាតិស្ករ ខ្លាញ់ អាចពង្រឹងសាច់ដុំបេះដូងនិងបន្ថយភាពរឹងនៃសរសៃឈាមអាកទែដែលកើតឡើងលើមនុស្សវ័យចំណាស់។ •គ្រប់គ្រងទម្ងន់រាងកាយឲ្យបានល្អ •កុំរំលងអាហារពេលព្រឹក។ ទោះបីជាគ្មានរោគសញ្ញាណាមួយស្តែងចេញក៏ដោយ ប្រសិនបើជាមនុស្សចាស់មានអាយុលើសពី៤0ឆ្នាំចាំបាច់ត្រូវតាមដានសុខភាពជាប្រចាំផ្ទាល់ខ្លួនម្នាក់ៗ យ៉ាងតិចមួយដងក្នុងមួយឆ្នាំ យោងតាមក្រុមកិច្ចការបង្ការរបស់សហរដ្ឋអាមេរិកឆ្នាំ2015 (USPSTF)។ ករណីកំពុងប្រឈមនឹងជំងឺទាំងនេះ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ ដើម្បីមើលផលប៉ះពាល់នៃសរីរាង្គផ្សេងធ្វើការគ្រប់គ្រង និងស្តារស្ថានភាពនៃជំងឺឲ្យបានប្រសើរប្រកបដោយប្រសិទ្ធភាព។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺមហារីកពោះវៀនធំមិនមានលក្ខណៈខុសគ្នាពីជំងឺមហារីកដទៃទៀតនោះទេដោយហេតុថាជំងឺតែងតែស្តែងមានឡើងជាដំណាក់កាល និងទាមទារឲ្យមានការធ្វើរោគវិនិច្ឆ័យដែលវាជាលក្ខខណ្ឌចាំបាច់ត្រូវធ្វើឡើងមុនឈានចូលដល់ការព្យាបាល។ ដំណាក់កាលជំងឺមហារីកពោះវៀនធំ •ដំណាក់កាល ០ (កោសិកាមហារីកនៅមួយកន្លែង)៖ កោសិកាមហារីកមានវត្តមាននៅក្នុងស្រទាប់ជ្រៅ (mucosa) នៃពោះវៀនធំ និងចុងពោះវៀនធំ។ •ដំណាក់កាល I ៖ កោសិកាមហារីកបានរាលដាលដល់ជញ្ជាំងខាងក្នុងនៃពោះវៀនធំនិងចុងពោះវៀនធំប៉ុន្តែពុំរីកលូតលាស់ទៅក្រៅជញ្ជាំងពោះវៀនធំ និងចុងពោះវៀនធំនោះទេ។ •ដំណាក់កាល II ៖ កោសិកាមហារីកចាប់ផ្តើមបន្តការលូតលាស់កាន់តែជ្រៅនៅជញ្ជាំងពោះវៀនធំ និងចុងពោះវៀនធំ។ វាអាចនឹងលុកលុយដល់កោសិកានៅក្បែរផ្សេងទៀត ប៉ុន្តែមិនទាន់អាចប៉ះពាល់ដល់ក្រពេញទឹករងៃ (lymph nodes) នៅឡើយ។ •ដំណាក់កាល III ៖ កោសិកាមហារីកបានរាលដាលដល់ក្រពេញទឹករងៃ (lymph nodes)ដែលនៅក្បែរប៉ុន្តែមិនទាន់ទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ •ដំណាក់កាល IV ៖ កោសិកាមហារីកបានរាលដាលទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ដូចជា ថ្លើម ឬសួតជាដើម។ ការស្តែងចេញនូវរោគសញ្ញាមហារីកពោះវៀនធំ រោគសញ្ញានៃជំងឺមហារីកពោះវៀនធំដែលទាមទារឲ្យមានការពិគ្រោះជំងឺជាចាំបាច់រួមមានដូចជា៖ •ភាពប្រែប្រួលនៃការបន្ទោរបង់ (ទល់លាមកឬរាក) •មានអាការៈបញ្ចេញចោលមិនអស់បន្ទាប់ពីការបន្ទោរបង់រួច •មានឈាមក្នុងលាមក (ពណ៌ក្រហមក្រម៉ៅ ឬខ្មៅ) ហើយលាមកមានសភាពតូចខុសធម្មតា •មានខ្យល់ធ្វើឲ្យឆ្អល់ ឬរមួលពោះជាញឹកញាប់  មានអារម្មណ៍ណែន ឬហើមពោះ •ស្រកទម្ងន់ •មានអាការៈចុះខ្សោយ •ចង្អោរ ឬក្អួត •តឹងនៅក្នុងពោះ  •កង្វះជាតិដែកដោយមិនដឹងមូលហេតុ (ថយចុះគោលិកាឈាមក្រហម និងជាតិដែកក្នុងឈាម)។ ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកពោះវៀនធំ ប្រសិនអ្នកមាននូវរោគសញ្ញានិងលទ្ធផលនៃការពិនិត្យជាបឋមពាក់ព័ន្ធនឹងជំងឺមហារីកពោះវៀនធំនោះការពិនិត្យត្រូវធ្វើឡើងជាបន្តបន្ទាប់ដោយអ្នកត្រូវបានសាកសួរពីប្រវត្តិផ្ទាល់ខ្លួនក្រុមគ្រួសាររួមទាំងការប្រើប្រាស់នូវវិធីសាស្រ្តសម្រាប់ធ្វើរោគវិនិច្ឆ័យមួយចំនួនទៀតដូចជា៖  ១ ការឆ្លុះពោះវៀនធំ (colonoscopy) ៖  ជាវិធីសាស្រ្តអនុញ្ញាតឲ្យអ្នកជំនាញធ្វើការពិនិត្យផ្នែកខាងក្នុងនៃពោះវៀនធំ និងចុងពោះវៀនអំឡុងពេលអ្នកជំងឺត្រូវបានសណ្តំ។ បំពង់ថ្លាមួយត្រូវបានស៊កចូលទៅក្នុងចុងពោះវៀនធំនិងពាសពេញពោះវៀនធំទាំងអស់ ដើម្បីរកមើល Polyps និងដុំមហារីក។ តាមរយៈដំណើរការនេះគេអាចធ្វើការកាត់ចេញដុំ polyps (Fig.4) ឬកាត់ផ្នែកខ្លះនៃដុំមហារីក។   ២ ការកាត់ដុំមហារីកមកពិនិត្យ(Biopsy)៖ ជាការកាត់ចេញផ្នែកខ្លះនៃជាលិកាយកមកពិនិត្យដោយប្រើប្រាស់microscope។វិធីសាស្រ្តនេះមានប្រសិទ្ធភាពក្នុងការវិនិច្ឆ័យឲ្យបានកាន់តែច្បាស់ពីវត្តមាននៃជំងឺមហារីកពោះវៀនធំ។បន្ថែមពីនេះដុំមហារីកដែលបានកាត់ចេញនឹងត្រូវបានបន្តយកទៅវិភាគក្នុងមន្ទីរពិសោធន៍ដើម្បីរកមើលប្រភេទហ្សែន និងប្រូតេអ៊ីនជាក់លាក់មួយ (វិភាគម៉ូលេគុលដុំមហារីក)។   ៣ ការវិភាគឈាម៖  ដោយសារជំងឺមហារីកពោះវៀនធំបង្កឲ្យមានការហូរឈាមក្នុងពោះវៀននិងចុងពោះវៀនទើបធ្វើឲ្យអ្នកជំងឺអាចស្ថិតក្នុងស្ថានភាពខ្វះឈាម។ការវិភាគរកមើលចំនួននៃគោលិកាឈាមក្រហមនេះជាការបញ្ជាក់ថាមានវត្តមានការហូរឈាមកើតឡើងចំណែកការវិភាគឈាមមួយបែបទៀត គឺធ្វើឡើងក្នុងគោលដៅរកវត្តមាននៃអង់ទីហ្សែនcarcinoembryonic(CEA)។ ដោយសារការកើនឡើងនៃអង់ទីហ្សែនប្រភេទនេះ បង្ហាញថាមានការរីករាលដាលនៃកោសិកាមហារីកទៅកាន់ផ្នែកផ្សេងនៃរាងកាយ យ៉ាងណាមិញ ការវិភាគនេះមិនមែនសម្រាប់តែជំងឺមហារីកពោះវៀនធំតែមួយនោះទេ។   ៤ ការវិភាគតាមរយៈរូបភាព (Imagine tests) - វិធីសាស្រ្ត Ultrasonography៖ ជាការប្រើរលកសំឡេង (មិនមែនអ៊ិចរ៉េ) បង្កើតឲ្យមានរូបភាពផ្នែកខាងក្នុងនៃសរីរាង្គដើម្បីរកមើលដំណើររាលដាលនៃដុំមហារីក។ រលកសម្លេងថតឆ្លុះចុងពោះវៀនធំនេះ (Endorectal ultrasound)តែងត្រូវបានប្រើប្រាស់សម្រាប់កំណត់ពីកម្រិត និងជម្រៅនៃដុំមហារីកនិងសម្រាប់បន្តការរៀបចំផែនការសម្រាប់ការព្យាបាល។យ៉ាងណាមិញវិធីសាស្រ្តនេះមិនទាន់អាចរកមើលការប៉ះពាល់ដល់ក្រពេញទឹករងៃ និងទីតាំងអាងត្រគាកនៅឡើយ។ - ការថតសួត (Chest X-ray)៖  ជាការថតមើលរចនាសម័្ពន្ធក្នុងរាងកាយដោយប្រើប្រាស់កាំរស្មីក្នុងកម្រិតទាប។វាអាចជួយក្នុងការស្វែងរកកោសិកាមហារីកដែលបានរាលដាលដល់សរីរាង្គសួត។ -  វិធីសាស្រ្ត Computed tomography (CT-scan)៖  ជាការបង្កើតរូបភាពរាងកាយក្នុងកម្រិត 3Dដោយប្រើប្រាស់អុិចរ៉េដើម្បីថតពីគ្រប់ផ្នែកខុសៗគ្នា។កុំព្យូទ័រនឹងធ្វើការបញ្ចូលគ្នានៃ គ្រប់រូបភាពទាំងអស់ឲ្យបានកាន់តែច្បាស់ពីភាពមិនប្រក្រតី និងទំហំរបស់ដុំមហារីក។ ពេលខ្លះអ្នកជំងឺត្រូវបានផ្តល់ឱសថប្រភេទ contrastmedium ក្នុងទម្រង់ជាគ្រាប់ឬការចាក់តាមសរសៃវ៉ែនជាមុនដើម្បីបង្កើននូវកម្រិតគុណភាពនៃរូបភាពបន្ថែមទៀត។វិធីសាស្រ្ត CT-scan នេះអាចរកមើលការរាលដាលនៃដុំមហារីកទៅកាន់សួត ថ្លើម និងសរីរាង្គផ្សេងៗ។       -    វិធីសាស្រ្ត Magnetic resonance imaging (MRI)៖ ជាការប្រើដែនម៉ាញេទិច (មិនមែនX-ray)ដើម្បីទទួលបានរូបភាពនៃសារពាង្គកាយ។វិធីសាស្រ្ត MRI អាចប្រាប់ពីទីតាំងនៃការលូតលាស់ដុំមហារីកបានយ៉ាងល្អ និងអាចវាស់ពីទំហំនៃដុំមហារីកកាន់តែច្បាស់ ដោយតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ឱសថ (contrast medium) តាមការចាក់តាមសរសៃវ៉ែន ឬក្នុងទម្រង់ជាគ្រាប់ជាមុនសិន។ -    វិធីសាស្រ្ត Positron emission tomography (PET-scan)៖ ក៏ជាវិធីបង្កើតឲ្យមានរូបភាពនៃសរីរាង្គ និងជាលិកាខាងក្នុងនៃរាងកាយ តាមរយៈការប្រើប្រាស់វិទ្យុសកម្មក្នុងទម្រង់ជាសារធាតុស្កររួចត្រូវបានចាក់បញ្ចូលទៅក្នុងរាងកាយ។សារធាតុស្ករប្រភេទនេះតែងត្រូវបានចាប់យកដោយកោសិកាដែលប្រើប្រាស់ថាមពលច្រើនជាងគេហើយដោយសារកោសិកាមហារីកមានទំនោរប្រើប្រាស់ថាមពលច្រើនដូចនេះវាត្រូវបានស្រូបយកសារធាតុវិទ្យុសកម្មបង្កើតឲ្យមានរូបភាពឡើង ប៉ុន្តែវាមិនទាន់អាចអនុវត្តលើអ្នកជំងឺមហារីកពោះវៀនធំទាំងអស់នោះទេ។ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យបានបញ្ចប់ការព្យាបាលនឹងត្រូវធ្វឡើងជាបន្តបន្ទាប់ក្នុងករណីលទ្ធផលបានបង្ហាញពីភាពវិជ្ជមាននៃជំងឺមហារីកពោះវៀនធំហើយការព្យាបាលនោះទៀតសោតត្រូវមានលក្ខខណ្ឌសមរម្យទៅតាមដំណាក់កាល និងស្ថានភាពរបស់ជំងឺ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក ចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែកមហារីក នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានសម្រេចលើលទ្ធផលដែលជាប្រវត្តិសាស្រ្តនៃប្រភេទថ្នាំព្យាបាលជំងឺមហារីកដែលបានមកពីការកែច្នៃប្រព័ន្ធរាងកាយអ្នកជំងឺផ្ទាល់តែម្តងនេះបើយោងតាមការផ្សព្វផ្សាយលើគេហទំព័រសារព័ត៌មាន BBC នាថ្ងៃទី ៣០ ឧសភា ឆ្នាំ២០១៧។ ក្រុមវេជ្ជបណ្ឌិតនៅចក្រភពអង់គ្លេស បាននិយាយថាការប្រកាសនោះគឺជាការចាប់ផ្តើមដ៏អស្ចារ្យដែលវាជាប្រភេទឱសថមានជីវិត ហៅថា CAR-T ត្រូវបានបង្កើតឡើងតាមការចម្រាញ់ចេញពីកោសិកាឈាមសរបស់អ្នកជំងឺ ហើយវាមានភាពខុសប្លែកពីការព្យាបាលតាមការវះកាត់ ឬការព្យាបាលដោយការប្រើគីមី។ កោសិកាឈាមស ត្រូវបានធ្វើការកែប្រែតាមកម្មវិធីសេនេទិច បង្កើតឲ្យមានសមត្ថភាពអាចសម្លាប់កោសិកាមហារីក រួចត្រូវបានចាក់បញ្ចូលត្រឡប់ចូលក្នុងខ្លួនអ្នកជំងឺវិញដែលវានឹងធ្វើការបំបែកខ្លួននៅពេលជួបជាមួយកោសិកាមហារីក។ បច្ចេកវិទ្យា CAR-T នេះត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីកទាក់ទងនឹងកោសិកាឈាមផ្សេងៗ។ ក្នុងចំណោមអ្នកជំងឺ ៦៣នាក់ដែលត្រូវបានធ្វើការព្យាបាលដោយ CAR-T មានចំនួន ៨៣% បានបញ្ចប់ការព្យាបាលក្នុងរយៈពេល៣ខែហើយចំពោះទិន្នន័យក្នុងរយៈពេលបន្ទាប់ទៀតនឹងត្រូវបានស្រង់ទុក។ វេជ្ជបណ្ឌិត Scott Gottlib ប្រចាំ FDAក៏បានបន្ថែមថា “យើងកំពុងឈានចូលព្រំដែនថ្មីមួយទៀតក្នុងការវិវឌ្ឍវិស័យសុខាភិបាលសម្រាប់ការបង្កើតការកែប្រែកោសិការបស់អ្នកជំងឺដើម្បីប្រឆាំងទៅនឹងកោសិកាមហារីក”។ ចំណែក វេជ្ជបណ្ឌិត David Maloney ជាប្រធានវេជ្ជសាស្រ្តផ្នែកការព្យាបាលកោសិកាប្រព័ន្ធភាពស៊ាំនៅមជ្ឈមណ្ឌលស្រាវជ្រាវ  Fred Hutchinson បាននិយាយថា ការសម្រេចរបស់ FDA គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ហើយវាត្រូវបានគេជឿជាក់ថា នេះជាការចាប់ផ្តើមមួយដើម្បីឈានទៅដល់ការរុករកឃើញការព្យាបាលប្រព័ន្ធភាពស៊ាំសម្រាប់ជំងឺមហារីកដទៃទៀត។ យ៉ាងណាមិញ ការព្យាបាលនៅតែបង្ហាញឲ្យមាននូវហានិភ័យដែលអាចគ្រោះថ្នាក់ដល់ជីវិត ដោយហេតុថាការបំបែកខ្លួនកោសិកាក្នុងរាងកាយមានសភាពលឿនតាមរយៈ CAR-T តែបញ្ហានេះនឹងអាចគ្រប់គ្រងបានតាមរយៈការប្រើប្រាស់ថ្នាំ។ ឱសថនេះទៀតសោតនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្រោមឈ្មោះថា Kymriah សម្រាប់ការព្យាបាលលើជំងឺមហារីកគោលិកាឈាមស (lymphoblastic leukaemia) ប៉ុន្តែ សក្តានុពលនៃបច្ចេកវិទ្យា CAR-T នឹងអាចមានច្រើនចំពោះប្រភេទជំងឺមហារីកផ្សេងដទៃទៀត។ ឯកសារយោង៖  First cancer 'living drug' gets go-ahead ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ផ្សែងបារី គឺជាមូលហេតុដ៏ចំបងដែលបានចូលរួមធ្វើអោយមានអត្រាមរណភាពខ្ពស់នៅលើសកលលោក។ គេបានរកឃើញសារធាតុប្រមាណជា4000ប្រភេទដែលមាននៅក្នុងផ្សែងបារី ហើយសាធាតុមួយចំនួនជាសារធាតុពុល (toxin) និងអាចបង្កឲ្យមានជំងឺមហារីកផ្សេងៗ (carcinogens)។ ដោយសារការញៀន(depen-dance)ភាពឆ្ងាញ់ពិសារ និងការកាត់បន្ថយភាពតានតឹងអារម្មណ៍ ធ្វើឲ្យអ្នកជក់បារីភាគច្រើនពុំបានអើពើអំពីផលប៉ះពាល់របស់ផ្សែងបារីលើសុខភាព។ មិនថាអ្នកជក់បារីផ្ទាល់ ( active smoking) ឬអ្នកដែលស្រូបយកផ្សែងបារីដោយប្រយោល (passive  smoking)នោះទេ សុទ្ធតែអាចទទួលផលប៉ះពាល់ពីផ្សែងបារីបានក្នុងកម្រិតណាមួយ។ ផលប៉ះពាល់ទៅលើសុខភាពកើនឡើងទៅតាមចំនួនបារីដែលជក់ប្រចាំថ្ងៃ និងទៅតាមពេលវេលាសរុបនៃការជក់បារី.ខាងក្រោមជាការពណ៌នាខ្លីៗអំពីជំងឺផ្លូវដង្ហើមដែលបណ្ដាលពីការជក់បារី ។ -ជំងឺមហារីកសួត ជំងឺមហារីកសួត ជាជំងឺដែលពិបាកទាំងក្នុងការធ្វើរោគវិនិច្ឆ័យទាំងក្នុងការព្យាបាល។អ្នកជក់បារីមានហានិភ័យកើតជំងឺមហារីកសួត ពី15ទៅ30ដងលើសមនុស្សធម្មតា(non smoker) ហើយតាមការសិក្សាបញ្ជាក់ថា90%នៃអ្នកជំងឺមហារីកសួត គឺអ្នកជក់បារី។យ៉ាងណាមិញការឈប់រឺការកាត់បន្ថយការជកបារីអាចកាត់បន្ថយហានិភ័យក្នុងការបង្កឲ្យមានជំងឺមហារីកសួតបាន។ -ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ (COPD)​ បារី គឺជាមូលហេតុទី1 ដែលបង្កឲ្យមានជំងឺត្បៀតទងសួតរ៉ាំរ៉ៃ។ នៅក្នុងផ្សែងបារី គេឃើញមានសារធាតុម៉្យាង(Acrolein) ដែលបណ្ដាលឲ្យមានការរលាកទងសួត ហើយការរលាករាំុរ៉ៃនឹងធ្វើឲ្យទងសួតត្បៀតបន្តិចម្ដងបន្តិចម្ដង។ ជាទូទៅ វាអាចស្ដែងចេញជា4 ដំណាក់កាល៖ ដំបូង គឺការក្អកមានកំហាករ៉ាំរ៉ៃ បន្ទាប់មកហត់​ បន្ទាប់មកទៀត គឺជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ​ និងចុងក្រោយឈាន ដល់ការបាត់បង់ជីវិត។ ការស្រាវជ្រាវបានបង្ហាញថា «ការឈប់ជក់បារី​ អាចបន្ថយល្បឿន​ នៃការវិវឌ្ឍនៃការត្បៀតទងសួត ក៏ដូចជាការធ្លាក់ចុះនៃតួនាទីប្រពន្ធ័ដង្ហើម​បាន»។ -ជំងឺហឺត(Asthma)​ ត្បិតថាការជក់បារីមិនមែនជាមូលហេតុផ្ទាល់ដែលបង្កឲ្យមានជំងឺហឺត ប៉ុន្តែគេបានសង្កេតឃើញថា អ្នកជំងឺហឺតដែលជាអ្នកជក់បារី ឬជាអ្នកដែលរស់នៅក្បែរអ្នកជក់បារី​ ច្រើនមានវិបត្តិជំងឺហឺត​(Asthma exacerbation)ញឹកញាប់ សញ្ញាគ្លីនិកធ្ងន់ធ្ងរ និងមានការឆ្លើយតបមិនសូវល្អទៅលើការព្យាបាលដោយថ្នាំ។ ក្រៅពីផលប៉ះពាល់ទៅលើប្រពន្ធ័ដង្ហើម ការជក់បារីក៏អាចធ្វើឲ្យមានផលប៉ះពាល់ទៅលើប្រព័ន្ធសសៃឈាមបេះដូង​ និងអាចបង្កឲ្យមានជំងឺមហារីកផ្សេងៗទៀត។ ហេតុដូចនេះ បងប្អូនគួរបោះបង់ការជក់បារី និង​ ជៀសឲ្យឆ្ងាយពីផ្សែងបារី ដើម្បីសុខភាពខ្លួនផ្ទាល់​ និងអ្នកនៅជុំវិញខ្លួន។ លើសពីនេះទៅទៀត បើបងប្អូនដែលជាអ្នកជក់បារីមានអាការៈដូចជា ក្អករ៉ាំរ៉ៃ ហត់ ឬថប់ពិបាកដកដង្ហើម សូមរួសរាន់រកការប្រឹក្សាពីគ្រូពេទ្យជំនាញ ដើម្បីធ្វើការរុករករោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងទទួលការព្យាបាលដែលមានប្រសិទ្ធភាព៕ បកស្រាយដោយ ៖  វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ធឯកទេស វេជ្ជសាស្ត្រទូទៅ និងជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នេះជាសប្តាហ៍ទី២នៃខែវិច្ឆិកាហើយ…ក្រុមការងារក៏នៅតែបន្តនាំមកជូននូវមិត្តអ្នកអាននូវវិធីសាស្ត្រ ក៏ដូចជាបទពិសោធន៍ និងចំណេះដឹងពីបុគ្គលល្បីៗរួមមានទាំងតារាសម្ដែង និងក្រុមវេជ្ជបណ្ឌិតផ្សេងមកជូនលោកអ្នក។ តើលោកអ្នកបានអនុវត្តតាម ឬ បង្ការការការពារសម្រាប់ខ្លួនឯងហើយឬនៅ ?បើមិនទាន់ទេ ចូរកុំបង្អង់យូរឡើយ សូមរួសរាន់ដើម្បីសុខភាពនិងសម្រស់របស់លោកអ្នកទាំងអស់គ្នា… សម្រាប់សប្តាហ៍នេះផងដែរ តើអត្ថបទណាដែលមានអ្នកអានច្រើនជាងគេ? គឺមានបង្ហាញជូននូវខាងក្រោមនេះ… 1. ជំងឺទឹកនោមផ្អែម & ទឹកនោមប្រៃ អាចកើតដំណាលគ្នាបានទេ? យោងតាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូននៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺម្យ៉ាងដែលជាតិស្ករអ្នកជំងឺកើនឡើងនៅក្នុងឈាមលើសពីធម្មតា។ ជួនកាល នៅពេលដែលចំនួនជាតិស្ករនៅក្នុងឈាម ក្នុងទឹកនោមអ្នកជំងឺក៏មានជាតិស្ករដែរ។ រីឯជំងឺទឹកនោមប្រៃ គឺជាជំងឺម្យ៉ាងដែលនៅក្នុងទឹកនោមអ្នកជំងឺមានជាតិសាច់ (Protein ប្រូតេអ៊ីន)….   2.  គន្លឹះមិនអាចខ្វះបាន បើចង់បានអាហារូបករណ៍ សិក្សាថ្នាក់បន្តនៅប្រទេសដែលអ្នកប្រាថ្នា... ប្រសិនបើអ្នកមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍នោះ អត្ថបទនេះដែលជាការចែករំលែកបទពិសោធន៍ពីសំណាក់ លោកវេជ្ជ. អោម ណាវុធ ដែលជាវេជ្ជបណ្ឌិតអនុបណ្ឌិតផ្នែកជំងឺតំបន់ត្រូពិក (Master of Clinical Tropical Medicine) ពីសាកលវិទ្យាល័យមហិតល (Mahidol University) ប្រទេសថៃ និងបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតពី សាកលវិទ្យាល័យអន្តរជាតិ (IU) ប្រទេសកម្ពុជា និងបច្ចុប្បន្នបម្រើការងារជាវេជ្ជបណ្ឌិតហាត់ការ(Fellowship) នៅផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អាចនឹងជាគុណប្រយោជន៍ដល់អ្នកក្នុងការត្រៀមខ្លួន និងយល់ដឹងពីគន្លឹះផ្សេងៗនៃការដាក់ពាក្យ ស្វែងរកព័ត៌មាន ការប្រឡង និងឆន្ទៈ … 3.  និយមន័យនៃភាពស្រស់ស្អាតរបស់ មាន សូនីតា នរណាៗក៏ចង់ឲ្យខ្លួនឯងមានភាពស្រស់ស្អាតដែរ តែមិនប្រាកដថាគ្រប់គ្នាសុទ្ធតែដឹងពីវិធីដែលធ្វើឲ្យខ្លួនឯងស្រស់ស្អាតហើយស័ក្តិសមនឹងរូបរាងក៏ដូចជាអ្វីដែលខ្លួនឯងមាននោះទេដូចនឹងអ្វីដែលសិល្បការិនីដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពជាមួយនឹងសម្រស់គួរឲ្យចង់គយគន់ សមសួននឹងរូបរាងស្រឡូនគួរឲ្យស្រលាញ់ ដែលត្រូវបានមហាជនជាពិសេសប្រជាជនកម្ពុជាយើងស្គាល់ថាជា«រាជនីក្រមាខ្មែរ» បានលើកឡើងថា …… ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រៀនផ្នែកអ្វីក៏មានលក្ខណៈពិសេសដែរ…ហើយក៏ល្អ និងស័ក្តិសមសម្រាប់និស្សិតផ្សេងៗគ្នាដែរ…មិនមែនថា ម្នាក់រៀនទៅល្អ-ចេះ ហើយម្នាក់ទៀតក៏អាចធ្វើបានដូចគ្នានោះទេ…ជាក់ស្តែង រៀនពេទ្យនេះផ្ទាល់ មិនមែនថារើសអើសនោះទេ ប៉ុន្តែប្រសិនបើមិនមានឆន្ទៈផ្ទាល់ខ្លួនក្នុងការសិក្សាទេ ប្រហែលជានឹងជួបប្រទះនឹងភាពលំបាកច្រើន ដែលសឹងតែអាចឲ្យបោះបង់ចោលក៏ថាបាន។ ប៉ុន្តែ…សម្រាប់អ្នកដែលស្រលាញ់ចូលចិត្ត ហើយតែងតែខំប្រឹងរហូតនោះ មិនថាលទ្ធផលយ៉ាងណា ជឿជាក់ថាប្រាកដជាអាចធ្វើបានមិនខាន។  ចង់ដឹងថារៀនពេទ្យមានអ្វីខ្លះខុសប្លែកនោះ? សូមតាមដានជាមួយនឹងការបកស្រាយរបស់យុវនិស្សិត លី ហ្សូកា ជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឆ្នាំទី៦នៃសាកលវិទ្យាល័យអន្តរជាតិ និងជាអតីតសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរថ្នាក់ខេត្តប្រចាំបាត់ដំបងហើយទទួលបាននិទ្ទេសB (លំដាប់ពិន្ទុ99.766)ប្រចាំវិទ្យាល័យព្រះមុនីវង្សនៃថ្នាក់ទុតិយភូមិផងដែរ… កត្តាជំរុញឲ្យសម្រេចចិត្តរៀនមុខវិជ្ជាពេទ្យ •កត្តាផ្ទាល់ខ្លួន ៖ ទឹកចិត្តស្រលាញ់មុខវិជ្ជាសុខាភិបាលនេះជាខ្លាំង តាំងពីនៅថ្នាក់បឋមសិក្សាម៉្លេះ ទោះជាពេលនោះ មិនដឹងថារៀនពេទ្យហ្នឹងមានន័យធំប៉ុណ្ណា គ្រាន់តែដឹងថា «ធំឡើង ខ្ញុំនឹងធ្វើជាគ្រូពេទ្យឲ្យបាន» ហើយជាពិសេស ការងារសង្គមផ្នែកសុខាភិបាលនៅតាមតំបន់ក្រីក្រជាការងារដែលខ្ញុំប្រាថ្នាតាំងពីកុមារ ព្រោះវាជាក្ដីសុខមួយដែលពិបាកនឹងបរិយាយ •កត្តាគ្រួសារ ៖ បើក្រឡេកមើលស្ថានភាពគ្រួសារ នាងខ្ញុំកើតក្នុងគ្រួសារខ្សែស្រឡាយដែលមានជីតា ម៉ាក់ អ៊ំប្រុស ស្រីនិងញាតិមិត្តជាគ្រូពេទ្យ ដូចនេះហើយ ទើបគ្រួសារជួយជំរុញបន្ថែមឲ្យដើរក្នុងវិស័យនេះ និយាយរួមទៅ គឺបន្តវង្សត្រកូល  •កត្តាបរិយាកាស ៖ តាំងពីតូចមក មន្ទីរពេទ្យ(កន្លែងម៉ាក់ធ្វើការ)ប្រៀបដូចជាផ្ទះទី២ ព្រោះម៉ាក់ជាពេទ្យ ខ្ញុំស្ទើរតែទៅតាមម៉ាក់ខ្ញុំទៅប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងស្ទើរគ្រប់វេនយាម។ ដូចនេះហើយ រាល់កាយវិការ និងសកម្មភាពនៅក្នុងមន្ទីរពេទ្យតែងតែសិ្ថតក្នុងការចងចាំនៃវ័យកុមាររបស់ខ្ញុំស្ទើរទាំងអស់ ជាពិសេសភាពលំបាករបស់អ្នកជំងឺ ហើយខ្ញុំប្រាប់ខ្លួនខ្ញុំថា «នឹងធ្វើជាគ្រូពេទ្យ និងជួយពួកគាត់ឲ្យបាន» •កត្តាសង្គម ៖ បើក្រឡេកមើលតាមតំបន់ជនបទ ការអប់រំផ្នែកសុខាភិបាលនៅមានកម្រិត នាងខ្ញុំពិតជាចង់ពង្រឹងប្រព័ន្ធអប់រំផ្នែកសុខាភិបាលដល់ប្រជាជនឲ្យបានរឹងមាំ ព្រោះចំណេះដឹងជាកត្តាមួយសំខាន់ ដើម្បីបញ្ចៀសពីបញ្ហាសុខភាពទាំងឡាយ។  ភាពខុសប្លែកនៃការសិក្សាផ្នែកសុខាភិបាល និងមុខវិជ្ជាដទៃ •ការប្រើប្រាស់ភាសាបរទេស ៖  គឺ ភាសាអង់គ្លេស ឬភាសាបារាំង ដោយសារពេទ្យភាគច្រើនប្រើប្រាស់ភាសា ដើម្បីសិក្សា ហើយមានគ្រូជាសាស្រ្តចារ្យបរទេសមកបង្រៀន បើមិនចេះភាសាច្បាស់លាស់ គឺពិបាកក្នុងការរៀន ព្រោះថា ភាសាជាយានសំខាន់ក្នុងវិស័យនេះ។ កាលណាបើយើងចេះច្បាស់ អាចជួយយើងឲ្យមានភាពងាយស្រួលក្នុងការអានសៀវភៅ ព្រោះថាសៀវភៅភាគច្រើនសរសេរជាភាសាអង់គ្លេស ឬភាសាបារាំង មិនតែប៉ុណ្ណោះ ភាសាបរទេសក៏ជាយានមួយជួយយើងក្នុងការផ្លាស់ប្ដូរបទពិសោធន៍រវាងនិសិ្សតពេទ្យក្នុងតំបន់អាស៊ានឬនិស្សិតអឺរ៉ុបផងដែរ។ • ថវិកា ៖ ពេទ្យជាមុខវិជ្ជាមួយ ដែលត្រូវចំណាយលុយច្រើនជាងមុខវិជ្ជាដទៃ ជាក់ស្តែង ថ្លៃសាលា បង់ថ្លៃហើយអស់លុយថ្លៃទិញមេរៀន និងសៀវភៅបន្ថែមទៀត។  •រយៈពេលសិក្សា ៖ រៀនពេទ្យចំណាយពេលយូរឆ្នាំទម្រាំរៀនចប់ សម្រាប់ថ្នាក់វេជ្ជបណ្ឌិតទូទៅ ចំណាយពេល៨ឆ្នាំ បើបន្តថ្នាក់ឯកទេស៤ឆ្នាំទៀត សរុប គឺ១២ឆ្នាំ និស្សិតខ្លះរៀន១០ឆ្នាំ ប្រសិនបើគាត់ប្រលងជាប់ថ្នាក់ឯកទេសតាំងពីឆ្នាំទី៦។ រយ:ពេល១០ឆ្នាំប្លាយ មិនមែនឆាប់ទេ…បើក្រឡេកមើលមិត្តវិទ្យាល័យដែលមិនមែនរៀនពេទ្យ អ្នកខ្លះមានការងារធ្វើហើយ អ្នកខ្លះឈានដល់បង្កើតគ្រួសារ ក្លាយជាម្ដាយឪពុកគេ មានគ្រួសារមួយដ៏រឹងមាំហើយក្រឡេកមើលខ្លួនឯង នៅសុំលុយអ្នកផ្ទះបង់សាលា និងថ្លៃជីវភាពនៅឡើយ។ •កាលវិភាគមមាញឹក ៖ និសិ្សតពេទ្យភាគច្រើន មិនថាខ្ញុំមិនថាគេ ភាគច្រើនរវល់ខ្លាំង ពេលខ្លះគ្មានពេលជិតសិ្នទ្ធនឹងគ្រួសារ ពេលខ្លះ សូម្បីតែពេលបុណ្យទានក៏ត្រូវប្រចាំការនៅមន្ទីរពេទ្យដែរ ព្រោះនេះជាភារកិច្ច ពេលខ្លះស្ទើរតែគ្មានពេលមើលខ្លួនឯងផង រៀនផង ទៅពេទ្យផង យាមផង បើនិយាយពីមេរៀនតែងតែកើនច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយបើមិនខំរៀនពីដើមឆ្នាំទេ ពេលប្រលងប្រាកដជាពិបាក។  •ទំនួលខុសត្រូវ ៖ និស្សិតពេទ្យរូបណាក៏ត្រូវស្ពាយជាប់ពាក្យថា«ទំនួលខុសត្រូវ»រហូត លុះដល់ពេលធ្វើជាគ្រូពេទ្យ ត្រូវមានទំនួសខុសត្រូវកាន់តែខ្ពស់ ព្រោះមុខវិជ្ជាដែលត្រូវរៀន និងធ្វើការជាមួយ គឺទាក់ទងនឹងជីវិតមនុស្ស មិនអាចធ្វើអ្វីមួយឲ្យរួចពីដៃនោះទេ។  •រៀនពេទ្យ គឺរៀនមួយជីវិត ៖ ត្រូវកាន់សៀវភៅរហូត ព្រោះតែងតែមានការUpdateថ្មីទាក់ទងនឹងជំងឺ ឬការព្យាបាលថ្មីៗ បើមិនខំអានមិនខំស្រាវជ្រាវ ច្បាស់ជាគ្មានការរីកចម្រើនក្នុងវិស័យនេះទេ។ ការចូលរួមក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ក្នុងនាមជានិសិ្សតផ្នែកវេជ្ជសាស្រ្តមួយរូប គឺជាអ្នកផ្សព្វផ្សាយអប់រំដល់ប្រជាជនឲ្យយល់ច្បាស់ពីបញ្ហាសុខភាព ការការពារ ការថែសុខភាព ក៏ដូចជាបញ្ចៀសពីជំងឺ អនាម័យ និងការសង្រ្គោះបឋមផ្សេងៗ ព្រោះមានតែកត្តាអប់រំមួយគត់ជាកត្តាសំខាន់ ដូចគេតែងតែនិយាយថា «ការពារប្រសើរជាងព្យាបាល»។  ជាក់ស្ដែង សាស្រ្តចារ្យនៃសាលាពេទ្យមួយចំនួន បានដឹកនាំក្រុមនិសិ្សតទៅចួលរួមក្នុងការងារសង្គមមានដូចជាទាក់ទងនឹងសុខភាពសាធារណ: ការអប់រំផ្នែកសុខភាពងាយៗនៅតាមផ្ទះដែលពួកគាត់អាចធ្វើបាន ការសង្រ្គោះបឋម និងណែនាំពីវិធីបង្ការ ព្រមទាំងបង្ហាញពីអនាម័យផ្សេងៗ ដើម្បីទទួលបានសុខភាពល្អ ។  មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាឱកាសក្នុងការធ្វើស្រាវជ្រាវឲ្យដឹងថាប្រជាជននៅក្នុងភូមិមួយនោះភាគច្រើនមានបញ្ហាសុខភាពផ្នែកអ្វី ដើម្បីងាយស្រួលក្នុងការរិះរកវិធីកែខៃបញ្ហាទាំងនោះ។ ទន្ទឹមនឹងគ្នាផងដែរ ក្រុមនិស្សិតក៏អាចចូលរួមព្យាបាល ផ្ដល់ប្រឹក្សាផ្នែកសុខាភិបាលដោយមិនគិតថ្លៃដល់ប្រជាជនផងដែរ។  ទាំងអស់នេះហើយដែលសរបញ្ជាក់ថា បញ្ញវន្ត័បានដើរតួសំខាន់ជួយដល់ការអភិវឌ្ឍក្នុងសង្គម ដោយហេតុថាបើប្រជាជនយល់ដឹងច្បាស់ពីការពារ និងថែរក្សាសុខភាពបានល្អ ប្រាកដណាស់ អត្រានៃការឈឺក៏ថយចុះ ហើយសង្គមជាតិក៏នឹងរីកចម្រើនផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យព្រះអង្គឌួង មានកិត្តិយសសូមជម្រាបជូន ដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា  ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ទីរពេទ្យព្រះអង្គឌួង និងមានការចូលរួមសហការពីក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េដោយសហប្រតិបត្តិការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA ) និងសមាគមចក្ខុខ្មែរ(Khmer Sight Foundation) ក្រោមការជួយឧបត្ថម្ភទទួលបានពីធនាគារភ្នំពេញ ពាណិជ្ជ (PPC Bank )។   ចំពោះលោក លោកស្រីនិងប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាដូចខាងក្រោមនេះសូមមកទទួលការព្យាបាលដោយឥតគិតថ្លៃ ៖  -ការព្យាបាល និងវះកាត់ចក្ខុរោគ -ការពិនិត្យពិគ្រោះជំងឺមាត់ធ្មេញ -ការពិនិត្យពិគ្រោះជំងឺសើស្បែក អាស្រ័យហេតុដូចនេះ សូមជម្រាបជូន ដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ជ្រាបជាពត៌មាន។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

បន្ថែមពីលើសៀវភៅសិក្សាដែលសមស្របតាមកម្មវិធីសិក្សារបស់សាលា និស្សិតពេទ្យគ្រប់រូបប្រាកដជាត្រូវការចំណាយពេលច្រើនលើស្វ័យសិក្សា ដែលជាចាំបាច់នឹងត្រូវការសៀវភៅដែលជាបណ្តុំនៃអត្ថបទប្រកបដោយគុណតម្លៃ និងអត្ថប្រយោជន៍ ជាពិសេសជាប្រភពនៃព័ត៌មានដែលអាចទុកចិត្តបាន។ ជាការរួមចំណែកមួយក្នុងការសម្រួលដល់ការសិក្សារបស់និស្សិតពេទ្យឆ្នាំទី១ និងឆ្នាំផ្សេងៗទៀត ខ្ញុំក៏សូមចែករំលែកនូវសៀវភៅ៨ក្បាលខាងក្រោមនេះ ដែលខ្ញុំបានឃើញលីងមួយដែលមិត្តភក្តិបានស៊ែរនៅលើហ្វេសប៊ុក ហើយខ្ញុំក៏បានធ្វើការបកប្រែបញ្ចប់ និងកែសម្រួលពាក្យពេចន៍ខ្លះៗពីប្រភពដើម (ដែលមានបញ្ជាក់ជូននៅខាងក្រោម)។ ដោយសារតែមិនមែនជានិស្សិតពេទ្យ ទើបពាក្យពេចន៍មិនសូវជាបានសមសួន ឬមិនត្រូវបច្ចេកទេស ប៉ុន្តែខ្ញុំក៏បានសូមឲ្យមិត្តភក្តិជានិស្សិតពេទ្យមួយរូបជួយធ្វើការកែសម្រួលដែរ មុននឹងធ្វើការចែករំលែកនៅទីនេះ…សង្ឃឹមថាគ្រប់គ្នានឹងមិនប្រកាន់ឡើយ… ១. Gray’s Anatomy for Students, 3rd Edition   វាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សាកាយវិភាគសាស្រ្ត (Anatomy) របស់និស្សិតក្នុងវិស័យសុខាភិបាលគ្រប់គ្នា ដែលពិតជាជួយសម្រួលដល់ការសិក្សាមុខវិជ្ជាមួយនេះតាមរយៈការចងក្រងនូវមេរៀនសំខាន់ៗ អមជាមួយនឹងរូបភាពយ៉ាងច្បាស់ និងការបកស្រាយយ៉ាងក្បោះក្បាយ។ ២. Human Physiology - Stuart Ira Fox | 12th Edition (2011) មុខវិជ្ជាដ៏សំខាន់មួយទៀត គឺសរីរវិទ្យា(Physiology) ដែលអាចឲ្យនិស្សិតបានសិក្សាស្វែងយល់អំពីមុខងារ និងដំណើរការរបស់សរីរាង្គកាយ។ បន្ថែមពីលើអ្វីដែលបានសិក្សាពីសាលានោះ ការអាន និងស្វ័យសិក្សាតាមរយៈសៀវភៅមួយនេះ នឹងជួយពង្រឹង និងពង្រីកនូវការយល់ដឹងរបស់អ្នកបានមួយកម្រិតទៀតជាក់ជាមិនខាន។ ៣. Histology: A Text and Atlas, with Correlated Cell and Molecular Biology, 6th Edition ជាសៀវភៅជីវវិទ្យាដ៏ល្អឯកសម្រាប់និស្សិតសុខាភិបាល ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ កម្រងអត្ថបទ និងAtlas ទាំងនេះ ប្រៀបបានជាបណ្តុំនៃសៀវភៅសិក្សាដែលមានបង្ហាញអំពីមុខងារ និងសញ្ញាណគ្លីនិកនៃជាលិកាសាស្រ្ត(Histology) ដែលត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈរូបភាព និងរូបថត។  Atlas ជាច្រើនត្រូវបានបង្ហាញនៅគ្រប់មេរៀន ដោយមានរូបធំៗ ដែលត្រូវបានរចនា និងរៀបចំឡើងជាមួយនឹងពណ៌យ៉ាងស្អាត និងត្រជាក់ភ្នែក។ ៤. Medical Terminology Systems 7th Edition (2012) នេះប្រៀបបាននឹងកញ្ចប់នៃឯកសារដែលប្លែកពីគេ ដែលអាចរកបានតាមអនឡាញនៅDavisPlus និង The Medical Language Lab ដែលនឹងផ្តល់នូវបទពិសោធន៍នៃការសិក្សាបែបថ្មី ដើម្បីឲ្យការសិក្សាកាន់តែច្បាស់ពីភាសានៅក្នុងវិស័យវេជ្ជសាស្រ្ត តាមរយៈបណ្តុំនៃពាក្យពេចន៍ និងបច្ចេកវិទ្យា។ មេរៀននៅក្នុងសៀវភៅនេះ ត្រូវបានចងក្រងទៅតាមលំដាប់លំដោយនៃប្រព័ន្ធក្នុងរាងកាយរបស់យើង និងបានផ្ដោតសំខាន់ទៅលើការផ្គុំពាក្យ។ ៥. Lippincott Illustrated Review Biochemistry វាជាឯកសារដំបូង និងល្អជាងគេបំផុតសម្រាប់ការសិក្សាផ្នែកជីវគីមីវិទ្យា ដែលជួយដល់និស្សិតក្នុងការសិក្សា ស្វែងយល់ និងរួមបញ្ចូលព័ត៌មានដែលត្រូវការវិភាគ និងមានភាពស្មុគស្មាញបានលឿន។ ៦. Longman's Medical Embryology-T.W. Sadler-12th edition Longman's Medical Embryology ជាប្រភពនៃឯកសារដ៏សំខាន់សម្រាប់ការសិក្សាអំពីការលូតលាស់នៃអំប្រ៊ីយ៉ូ សម្រាប់និស្សិតវេជ្ជសាស្រ្ត គិលានុបដ្ឋាក និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដោយបានផ្ដោតសំខាន់យ៉ាងខ្លាំងទៅលើសញ្ញាណគ្លីនិក។ អត្ថបទនៅក្នុងនេះត្រូវបានចាត់ទុកជាឯកសារ ក៏ដូចជាធនធានប្រកបដោយគុណតម្លៃសម្រាប់ការសិក្សាដោយសារតែវាមានការបង្ហាញអំពីសញ្ញាគ្លីនិក ការសង្ខេបខ្លីៗ កាថដោះស្រាយបញ្ហា ការបង្ហាញ និងរូបភាពគ្លីនិក… ៧. First Aid for the USMLE Step 1 2014 វាជាសៀវភៅដែលលក់ដាច់ជាងគេនៅពិភពលោក ជាមួយនឹងការពិតដែលត្រូវបានធ្វើតេស្តសាកល្បងបញ្ជាក់ជាង1,250 និងផ្តល់នូវភាពងាយស្រួលក្នុងការចងចាំដល់សិស្សានុសិស្ស។ រឿងរ៉ាវជាក់ស្តែងប្រមាណជាង1,250 ករណីបានផ្តល់នូវភាពងាយស្រួលដល់និស្សិតក្នុងការត្រៀមប្រលង USMLE។ ៨. Marieb Human Anatomy & Physiology  9th Edition វាជាសៀវភៅដែលជាជំនួយដ៏មានប្រយោជន៍សម្រាប់ការសិក្សាអំពីកាយវិភាគវិទ្យា និងការសិក្សាអំពីមុខងារក៏ដូចជាការដំណើរការនៃសរីរាង្គរបស់មនុស្ស ហើយលក្ខណៈពិសេសរបស់សៀវភៅនេះគឺការបញ្ចូលគ្នារវាងAnatomy & Physiology។ អត្ថបទមេរៀនមានលក្ខណៈងាយមើល ងាយយល់ និងមានមេរៀនដែលគេទើបតែសិក្សារកឃើញថ្មីៗ។ បញ្ជាក់ ៖ សូមចុចលើចំណងជើងនៃសៀវភៅនីមួយៗ ដើម្បីចូលទៅកាន់លីងសម្រាប់ទាញយក ប្រសិនបើមានឯកសារអ្វីបន្ថែមទៀត ដែលអ្នកគិតថាមានអត្ថប្រយោជន៍ដល់ការសិក្សាផ្នែកសុខាភិបាល អ្នកក៏អាចធ្វើការចែករំលែកបានដោយធ្វើការ Commentខាងក្រោមអត្ថបទនេះផ្ទាល់ ឬបង្កើតអត្ថបទថ្មីដោយខ្លួនឯងដូចជាខ្ញុំដែរ តាមរយៈ លីងនេះ… ប្រភព ៖  Angkor Rean

Share

មហារីកសុដន់ គឺជាប្រភេទជំងឺមហារីកដែលកើតមានច្រើនបំផុតចំពោះស្រ្តី។ វាគឺជាជំងឺដែល កោសិកាមហារីកត្រូវបានរកឃើញដំបូងនៅក្នុងជាលិកាសុដន់ និងបន្ទាប់មកទៅកាន់ផ្នែក ផ្សេងៗទៀតនៃរាងកាយ។ មហារីកសុដន់ អាចចាត់ទុកបានថាជាបញ្ហា សកលតាមរយៈទិន្នន័យខាងក្រោម៖ - មហារីកសុដន់ជាជំងឺស្ថិតក្នុងចំណាត់ថ្នាក់ទី ១ ដែលកើតមានចំពោះស្រ្តីទូទាំងពិភពលោកក្នុងអត្រា ២៥% (ទិន្នន័យពី GLOBOCAN 2012) - មហារីកសុដន់ជាជំងឺស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដែលកើតមានលើស្ត្រីកម្ពុជាក្នុងអត្រា ១៥% (ទិន្នន័យពី GLOBOCAN 2012) មហារីកសុដន់ក៏ត្រូវបានដឹងផងដែរថាស្ថិតក្នុងលំដាប់ទី ២ ក្នុងចំណោមមូលហេតុនៃការស្លាប់ របស់ស្ត្រីនាពេលបច្ចុប្បន្ន។ ដោយហេតុនេះហើយ ការស្វែងរកនូវសញ្ញាដំបូងនៃមហារីកសុដន់ និង ការចាប់ផ្តើមព្យាបាលឲ្យបានឆាប់រហ័សពិតជាមានសារសំខាន់។ ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ ឬការត្រួតពិនិត្យសុដន់ដោយខ្លួនឯង (Breast self-examination) គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយផ្សេងទៀតដែលអាចជួយស្ត្រីក្នុងការស្វែងរកមហារីកសុដន់នៅដំណាក់កាលដំបូង។ ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ជាទៀងទាត់ អាចជួយបង្កើនការប្រុងប្រយ័ត្ន និងធ្វើឲ្យស្ត្រីខ្លួនឯងផ្ទាល់ស្គាល់ពីសភាពនៃដើមទ្រូងរបស់ខ្លួនក៏ដូចជាបង្កើនយ៉ាងខ្លាំងនូវសមត្ថភាពក្នុងការកត់សម្គាល់ឃើញនូវសញ្ញាមិនប្រក្រតីដំបូងនៃមហារីកសុដន់ដូចជា ដុំពក ឬ lumps (masses) ជាដើម។ ដូចនេះហើយ ស្ត្រីគ្រប់រូបគួរធ្វើស្វ័យត្រួតពិនិត្យលើសុដន់ជារៀងរាល់ខែដើម្បីតាមដានរកបំលាស់ប្តូរមិនប្រក្រតីនៃសុដន់របស់ខ្លួនដែលរួមមាន ដូចជា ដុំពកៗ កន្ទួល ឬការហៀរសារធាតុរាវចេញ ពីចុងសុដន់ជាដើម។ គួរឲ្យដឹងផងដែរថា ពេលវេលាល្អបំផុតនៃខែនីមួយៗសម្រាប់ធ្វើស្វ័យត្រួតពិនិត្យលើសុដន់គឺ ក្រោយពីបញ្ចប់ការធ្លាក់ឈាម រដូវប្រចាំខែ ដោយសារនេះជាពេលដែលសុដន់មិនសូវមានភាពរីកធំ ឬតឹងណែន។ សម្រាប់ស្ត្រីដែលស្ថិតនៅវ័យអស់រដូវវិញចាំបាច់គួរតែកំណតពេលវេលាមួយជាក់លាក់ប្រចាំខែសម្រាប់ការត្រួតពិនិត្យនេះ ដើម្បីងាយស្រួលចងចាំ។ ជំហាននៃការធ្វើស្វ័យត្រួតពិនិត្យលើសុដន់៖ * ជំហានទី ១៖ ស្ត្រីត្រូវចាប់ផ្តើមតាមរយៈការមើលសុដន់ខ្លួនឯងនៅក្នុងកញ្ចក់ ដោយដាក់ស្មាឲ្យត្រង់ និងច្រត់ដៃទាំងពីរលើចង្កេះ។ អ្វីដែលស្ត្រីគួរកត់សម្គាល់នៅជំហាននេះគឺ៖ ទំហំ ទម្រង់និងពណ៌នៃសុដន់។  * ជំហានទី ២៖ ស្ត្រីត្រូវលើកដៃទាំងពីរឡើង និងធ្វើការកត់សម្គាល់លើការផ្លាស់ប្តូរដូចជំហាន ទី ១ ដែរ។ ក្រៅពីនោះ ពេលនៅពីមុខកញ្ចក់ ស្ត្រីក៏ត្រូវរកមើលផងដែរនូវសញ្ញានៃការហូរចេញមកក្រៅនៃសារធាតុរាវពីចុងសុដន់ម្ខាង ឬទាំងសងខាង (អាចរាវដូចទឹក ឬទឹកដោះ ឬធាតុរាវពណ៌ លឿង ឬឈាម)។ *  ជំហានទី ៣៖ ស្ត្រីត្រូវស្ទាបសុដន់នៅពេលផ្តេកខ្លួនត្រង់ និងធ្វើការត្រួតពិនិត្យដោយ៖ - ដាក់ដៃស្តាំស្ទាបលើសុដន់ខាងឆ្វេង និងដាក់ដៃឆ្វេងស្ទាបលើសុដន់ខាងស្តាំ - ដាក់ម្រាមដៃឲ្យលាត និងផ្អឹបចូលគ្នា - ស្ទាបតាមចលនាជារង្វង់ទំហំប្រហែល ១/៤ នៃសុដន់ម្ខាងៗ (ចាប់ផ្តើមស្ទាបពីចុងសុដន់)។ * ជំហានទី ៤៖ ស្ត្រីត្រូវស្ទាបសុដន់របស់ខ្លួន នៅពេលដែលឈរ ឬអង្គុយ ដោយប្រើប្រាស់ ចលនាដៃដដែល (ដូចជំហានទី ៣)។ ស្ត្រីជាច្រើនសង្កេតឃើញថាផ្លូវដែលងាយស្រួលជាងគេក្នុងការស្ទាបសុដន់របស់គេគឺនៅពេលស្បែកសើម ឬរអិល។ ដូចនេះ ពួកគេចូលចិត្តអនុវត្ត ជំហាននេះនៅពេលងូតទឹក។  ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ នឹងកាន់តែមានភាពងាយស្រួលដោយការប្រើប្រាស់សម្ភារៈជំនួ យ​ដូចជា បន្ទះAware™ ដែលបង្កើតឡើងមកដោយបន្ទះប្លាស្ទិកចំនួន២ស្រោបសារធាតុរាវ​(ធាតុរំអិល)នៅកណ្តាល។ការត្រួតពិនិត្យសុដន់ដោយខ្លួនឯងគួរតែត្រូវបានធ្វើឡើងដោយដៃជាមុនសិន និងបន្ទាប់មកទើបធ្វើឡើងជាមួយនឹង បន្ទះ Aware™ តាមជំហាននីមួយៗ (ពី១ដល់៤)។ ដោយសារស្រទាប់ខាងលើនៃបន្ទះAware™អាចរំកិលបានយ៉ាងងាយលើស្រទាប់ខាងក្រោមធ្វើឲ្យការត្រួតពិនិត្យលើសុដន់កាន់តែមានផាសុកភាពឡើង។ បន្ទះ Aware™ អាចបង្កើនការដឹងរបស់អ្នកតាម រយៈការ​ស្ទាប (វាមានអារម្មណ៍ថាដូចជាប្រើសាប៊ូ និងទឹកប៉ុន្តែអ្នកមិនចាំបាច់ត្រូវនៅក្នុងបន្ទប់ងូតទឹកទៀតទេ)ហើយការណែនាំក្នុងការប្រើប្រាស់ពិតជាមានភាពងាយស្រួលក្នុងការធ្វើតាម។ បន្ទះ Aware™ អាចបង្កើនអារម្មណ៍ដឹង និងឱកាសនៅក្នុងការស្ទាបដឹងថាជាដុំសាច់ ឬភាពមិនប្រក្រតីផ្សេងៗដែលអាចនឹងច្រើនត្រូវបានមើលរំលងនៅពេលធ្វើការពិនិត្យដោយម្រាមដៃទទេ។ដោយឡែកបន្ទះAware™ក៏អាចចាត់ទុកថាជាសម្ភារៈតឿនរំលឹកសម្រាប់ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ជារៀងរាល់ខែផងដែរ។ គួរបញ្ជាក់ថា ក្នុងឈុតសម្ភារៈសម្រាប់ធ្វើស្វ័យ ត្រួតពិនិត្យលើសុដន់នេះរួមមានបន្ទះ Aware™និង DVD សម្រាប់ណែនាំ ព្រមទាំងសម្ភារៈអប់រំ ផ្សេងៗទៀត ដែលរួមគ្នាផ្តល់នូវការជឿជាក់ និងភាពធូរស្រាលក្នុងការធ្វើការត្រួតពិនិត្យជារៀងរាល់ខែរបស់ស្ត្រី។ លើសពីនោះ ឈុតសម្ភារៈនេះត្រូវ បានឆ្លងកាត់ការអនុញ្ញាតឲ្យប្រើប្រាស់ពីរដ្ឋបាលនៃចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិកទៀតផង។ ទោះបីជាបន្ទះ Aware™ ត្រូវបានប្រើប្រាស់ជា​ ជំនួយដល់ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ក៏ដោយ ក៏មិនមានការលើកឡើងថា រាល់ភាពខុសប្រក្រតីទាំងអស់នៃសុដន់ នឹងត្រូវបានរកឃើញដោយការប្រើប្រាស់សម្ភារៈនេះតែម្យ៉ាងឡើយ។ ផ្ទុយទៅវិញ បន្ទះ Aware™ គួរតែត្រូវបានប្រើប្រាស់ទន្ទឹមនឹងការទៅត្រួតពិនិត្យជាមួយនឹងវេជ្ជបណ្ឌិតក៏ដូចជាការទទួលការថតសុដន់ជាទៀងទាត់ផងដែរ ដែលជំហានទាំង ៤ នេះ សុទ្ធតែមានសារសំខាន់ ក្នុងការតាមដានរកជំងឺមហារីកសុដន់តាំងពីដំណាក់កាលដំបូង។ ក្នុងករណីដែលអ្នករកឃើញនូវដុំសាច់នៅសុដន់(lumps)ការប្រែប្រួលនៅលើស្បែកការឈឺចាប់នៅតំបន់ណាមួយការហៀរចេញនៃសារធាតុរាវ ឬបញ្ហាផ្សេងៗទៀតនៅអំឡុងពេលត្រួតពិនិត្យសុដន់ដោយខ្លួនឯង អ្នកចាំបាច់ត្រូវទៅជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។សូមចងចាំថាការរកឃើញនូវរោគសញ្ញាតាំងពីដំបូងគឺជាការការពារនៃមហារីកសុដន់ដែលល្អបំផុត។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីក ចំពោះកូនក្មេង និងមហារីកទូទៅព្រមទាំងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top