
- Sep 07, 2017 |
- 7 years ago |
- 21.4K views
រៀនឱសថសាស្រ្តមិនអាចក្លាយជាអ្នកមាន តែអាចផ្តល់ឱសថដ៏ត្រឹមត្រូវក្នុងពេលសមស្របទៅអ្នកជំងឺ
អានតែចំណងជើងក៏បានដឹងខ្លះៗហើយថា អត្ថបទនេះនឹងនិយាយអំពីអ្វី? ប្រាកដណាស់! គឺនិយាយអំពីការសិក្សាផ្នែកឱសថសាស្រ្ត។ ប៉ុន្តែ មិនមែនជាការបង្ហាញលម្អិតពីការសិក្សាផ្នែកនេះទាំងស្រុងនោះឡើយ តែជាការចែករំលែកបទពិសោធន៍សិក្សារបស់អតីតនិស្សិតមួយរូប ដែលបានបព្ចាប់ការសិក្សាផ្នែកឱសថសាស្រ្ត(ខែមេសា ឆ្នាំ២០១៦) នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយបច្ចុប្បន្ន ជាឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) គឺកញ្ញា វ៉ាន់ គឹមរួន ។ ហេតុអ្វីបានជ្រើសរើសសិក្សាមុខវិជ្ជាមួយនេះ? នាងខ្ញុំជ្រើសរើសមុខវិជ្ជានេះ ដោយសារតែហេតុផល៣ចម្បង ក្នុងនោះរួមមាន ៖ -វាជាបំណងប្រាថ្នារបស់ខ្ញុំតាំងពីក្មេងវ័យ -ចង់ឲ្យមានការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវប្រកបដោយសុពលភាព និង ប្រសិទ្ធភាពខ្ពស់ ពីព្រោះថ្នាំជាអាវុធមុខពីរ យើងនឹងប្រឈមមុខនឹងគ្រោះថ្នាក់ ប្រសិនបើប្រើប្រាស់មិនបានសមស្របទៅតាមប្រភេទជំងឺនីមួយៗ។ នាងខ្ញុំក៏បានសម្រេចចិត្តជ្រើសរើសចូលសិក្សាផ្នែកឱសថសាស្រ្តនេះ ទោះបីជានាងខ្ញុំដឹងថាការរៀនមុខវិជ្ជានេះមានការពិបាកច្រើនក៏ដោយ ព្រោះថាគ្មានការទទួលបានជោគជ័យណា ដែលមិនកើតចេញការខិតខំប្រឹងប្រែងនោះទេ ហើយនាងខ្ញុំតែងតែគិតថាឪពុកម្តាយដែលខំរកលុយឲ្យយើងរៀនមានការលំបាកជាងយើងរាប់រយដងទៅទៀត។ ប៉ុន្តែ សម្រាប់នាងខ្ញុំផ្ទាល់ មិនបានចំណាយលុយច្រើនក្នុងការរៀនមុខវិជ្ជានេះទេ ព្រោះបានទទួលអាហារូបករណ៍។ តើមានចំណាប់អារម្មណ៍យ៉ាងណាដែរ សម្រាប់ការសិក្សានេះ? ក្រោយពេលបានចូលរៀន ខ្ញុំមានមោទនភាពដែលបានក្លាយជានិស្សិតនៅសាលាពេទ្យ និង រំពឹងគិតថាក្លាយជាឱសថការីដ៏ល្អម្នាក់នាថ្ងៃអនាគត។ ជាការពិត ខ្ញុំមិនដែលគិតថាខ្លួនឯងជ្រើសរើសខុសទេ តែពេលខ្លះមានអារម្មណ៍ថាហត់ ពីព្រោះមេរៀននីមួយៗមានការលំបាកច្រើន ប៉ុន្តែខ្ញុំមិនដែលមានគំនិតចង់បោះបង់នោះទេ។ ប្រសិនបើពេលវេលាអាចត្រទ្បប់ក្រោយបាន តើនឹងផ្លាស់ប្តូរមុខវិជ្ជាសិក្សាដែរឬទេ? ខ្ញុំនៅតែជ្រើសរើសរៀនជំនាញនេះដដែល ពីព្រោះខ្ញុំពិតជារីករាយក្នុងការបំពេញការងារនេះ ព្រោះនេះជាចំណុចសំខាន់ដោយយើងមិនត្រូវគិតតែទៅលើប្រាក់កម្រៃតែមួយមុខនោះទេ តែយើងក៏ត្រូវគិតទៅដល់សុខភាពអ្នកជំងឺជាចម្បង ហើយត្រូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺឲ្យដូចបងប្អូនយើងដូចគ្នា។ តើការសិក្សាផ្នែកនេះ ត្រូវជួបប្រទះនឹងការលំបាកអ្វីខ្លះ? ក្នុងអំទ្បុងពេលសិក្សា ខ្ញុំអាចនិយាយបានថា ពិតជាមានការលំបាកច្រើនពិតមែន ដូចជាមុខវិជ្ជាខ្លះត្រូវចំណាយពេលច្រើនក្នុងការយល់ និង ចងចាំបានល្អ។ មុខវិជ្ជាខ្លះទៀត គ្មានក្បូនខ្នាតត្រូវរៀនទេ តែទាមទារឲ្យចាំតែម្តង។ ចំពោះរាល់ចំណុចដែលខ្ញុំមិនយល់ ខ្ញុំតែងតែចំណាយពេលច្រើនលើវាដោយប្រើយុទ្ធសាស្រ្ត «បើមើល១ដងមិនយល់ មើលថែម២ដងទៀត ឬ៥ដងទៀត» ហើយក៏ត្រូវសុំជំនួយពីលោកគ្រូអ្នកគ្រូ ដើម្បីឲ្យគាត់ពន្យល់បន្ថែមទៀត។ តើយល់យ៉ាងណាដែរ ចំពោះពាក្យដែលគេនិយាយថា«រៀនពេទ្យមិនស្រួល»? ខ្ញុំក៏យល់ស្របនឹងគំនិតនេះដែរ ប៉ុន្តែមិនមែនពិបាករហូតដល់ថ្នាក់យើងមិនអាចធ្វើបាននោះទេ ព្រោះមុខវិជ្ជានេះទាមទារឲ្យយល់ច្បាស់នូវចំណុចសំខាន់ ព្រោះត្រូវប្រើប្រាស់ឱសថក្នុងការព្យាបាលជំងឺ សុវត្ថិភាព ប្រសិទ្ធភាព និង អាយុជីវិតអ្នកជំងឺពិតជាសំខាន់មិនអាចកាត់ថ្លៃបាន ហើយក៏ទាមទារនូវការអត់ធ្មត់ និង ការខិតខំប្រឹងប្រែងខ្ពស់។ ចំពោះការសិក្សាកន្លងមក តើមានគន្លឹះអ្វីខ្លះចែករំលែកដែរឬទេ? ចំពោះយុទ្ធសាស្រ្តក្នុងការសិក្សា ខ្ញុំមិនមានអ្វីពិសេសនោះទេ តែខ្ញុំជ្រើសរើសការរៀនជាក្រុម។ ជាក់ស្តែង ពួកយើងតែងតែសង្ខេបគ្រប់មេរៀន និងបង្កើតសំណួរជាមួយគ្នា ដោយសារតែវាមានសារសំខាន់ណាស់ ព្រោះ គំនិតផ្សេងៗគ្នាពីម្នាក់ៗ ជំរុញឲ្យការឆ្លើយសំណួរបានល្អ និង បានយល់ច្បាស់ពីមេរៀន។ មិនត្រឹមតែប៉ុណ្ណោះ ពេលជិតប្រទ្បង យើងទៅមើលមេរៀនជាមួយគ្នា និងសួរសំណួរគ្នាទៅវិញទៅមក ដើម្បីឲ្យបានចាំកាន់តែច្បាស់ ហើយយើងក៏ត្រូវរៀបចំពេលវេលាឲ្យបានគ្រប់គ្រាន់ក្នុងការរំលឹកមេរៀនទ្បើងវិញផងដែរ។ តើមានសារអ្វីជូនដល់និស្សិតជំនាន់ក្រោយដែរ ជាពិសេសអ្នកចង់សិក្សាផ្នែកឱសថសាស្រ្តដែរឬទេ? មិនត្រូវរៀនដោយចិត្តមិនចង់រៀន ឬ ប៉ាម៉ាក់បង្ខំ ហើយត្រូវមានការប្តេជ្ញាខ្ពស់ក្នុងការរៀនឲ្យបានចប់ចុងចប់ដើមប្រកបដោយភាពជោគជ័យ។ ត្រូវជឿ និងចាំថា «ការរៀនឱសថមិនបានធ្វើឲ្យយើងក្លាយជាអ្នកមាននោះទេ តែផ្ទុយទៅវិញវាបង្រៀនយើងឲ្យចេះផ្តល់ឱសថត្រឹមត្រូវទៅអ្នកជំងឺត្រឹមត្រូវនៅពេលដ៏សមស្រប (Give the right medicine to the right patient at the right time)»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share