-
Aug 27, 2017
|
-
7 years ago
|
-
13.4K views
តើការឡើងជាតិលឿងនៅលើស្បែក និង ភ្នែក (Ictère ) អាចជាបញ្ហាសុខភាពដែរឬទេ ហើយវាសុទ្ធតែបណ្តាលមកពីជម្ងឺថ្លើមទាំងអស់មែនទេ ?
ជំងឺខាន់លឿង ជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Biliubine) ដែលជាធម្មតា យើងមិនអាចមាននូវសញ្ញានេះកើតឡើងបាននោះឡើយសំរាប់មនុស្សដែលមានសុខភាពប្រក្រតី ។
1/. មូលហេតុនៃការកើតជំងឺខាន់លឿងនេះគឺអាចបណ្តាលមកពីមូលហេតុចំបងធំ២គឺ ៖
- ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirunbine Conjuguée ) ដោយសារ
•ការរលាកថ្លើម ឫក្រិនថ្លើម
•គ្រួសក្នុងថង់ទឹកប្រមាត់
•ការរលាកលំពែករ៉ាំរៃ
•ការរលាកផ្លូវទឹកប្រមាត់រ៉ាំរៃ
•មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រមាត់ជាដើម ល)
•និង ការស្ទះនូវផ្លូវទឹកប្រមាត់ដោយមានឧបសគ្គផ្សេងទៀតផងដែរ ។
- ទី២ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនមិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirunbine non Conjuguée ) ដោយសារ ការបែកគ្រាប់ឈាមក្រហមដោយជម្ងឺផ្សេងៗ (ជំងឺបែកគ្រាប់ឈាមក្រហម Thalassemia, គ្រុនចាញ់ ....។ល។) ។
2/. រោគសញ្ញារួមមាន ៖
- ការឡើងលឿងតាមស្បែក និងភ្នែក
- រមាស់លើស្បែក
- លាមកពណ៌ស
- ទឹកនោមលឿងចាស់
- រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជា
•ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនឺខាងស្តាំ
•ស្ទាបប៉ះដុំពោះ
•ថ្លើមរីក
•ក្តៅខ្លួន
•ស្លេកស្លាំង និងរោគសញ្ញាផ្សេងៗជាច្រើនទៀតផងដែរ ។
3/ . ការធ្វើរោគវិនិច្ឆ័យ ៖
រោគវិនិច្ឆ័យពឹងផ្អែកទៅលើការសាកសួរពីប្រវត្តិជំងឺរបស់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសាររួមទាំងការពិនិត្យ ទៅលើរោគសញ្ញារាងកាយដែលបានរៀបរាប់ដូចខាងលើ ។ ជាក់ស្តែងការកើតលឿងតំរូវអោយយើងមើលឈាមមួយចំនួនដូចជា ៖ គ្រាប់ឈាម, ប៊ីលីរុយប៊ីន, កំណកឈាម (TP, TCA), មុខងារថ្លើម, មេរោគថ្លើម A, B, C និង ពិនិត្យឈាមផ្សេងៗមួយចំនួនទៀត ទៅតាមរោគសញ្ញាដែលសង្ស័យ ។ វាចាំបាច់តំរូវអោយមានការធ្វើអេកូពោះ និង អាចឈានទៅដល់ការធ្វើស៊ីធីស្កែន រឺIRM ព្រមទាំងការឆ្លុះរកគ្រួសទឹកប្រម៉ាត់តាមផ្លូវលំពែង (CPRE) ។
4/. ការព្យាបាល ៖
ការព្យាបាលមានលក្ខណៈខុសគ្នាពីមូលហេតុមួយទៅមូលហេតុមួយផ្សេងទៀតដែលរួមមាន ការប្រើប្រាស់ថ្នាំគ្រាប់ ការឆ្លុះចាប់គ្រួស ការវះកាត់ផ្សេងៗទៅតាមមូលហេតុដែលបង្កជំងឺ ។ ការកើតលឿងគឺជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើន ដែលតំរូវអោយមានការសាកសួរដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីឈានទៅដល់ការព្យាបាលដែលប្រកបទៅដោយគុណភាព និង ប្រសិទ្ធភាព ហើយក៏ដូចជាការព្យាបាលនូវមូលហេតុដែលជាឫសគុលនៃជម្ងឺនេះផងដែរ ។
* គួរចងចាំដែរថាបង ប្អូន មិនគួរសាកល្បងធ្វើការព្យាបាល ឫ ប្រើប្រាស់ថ្នាំបុរាណ ក៏ដូចជាថ្នាំពេទ្យផ្សេងៗផ្ដេសផ្ដាសដោយគ្មានវេជ្ជបញ្ជារពីវេជ្ជបណ្ឌិតជំនាញនោះឡើយ ពីព្រោះវាអាចបង្ករផលវិបាកធ្ងន់ធ្ងរជាច្រើនដល់មុខងាររបស់ថ្លើម និង ពិបាកក្នុងការព្យាបាល និង ជួយសង្គ្រោះអ្នកជំងឺផងដែរ ។ ដូចបានការអធិប្បាយរួចខាងលើនេះ ប្រសិនបើបង ប្អូន ពូ មីង លោកតា លោកយាយ ទាំងអស់គ្នាពិតជាមានបញ្ហាដូចនេះមែន គួរគប្បីយកចិត្តទុកដាក់ និង ជួបជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញ ដើម្បីទទួលបាននូវការពិគ្រោះ ពិនិត្យ និង ព្យាបាលបានត្រឹមត្រូវតាមបញ្ចេកទេសវេជ្ជសាស្រ្ត 100%។
គ្លីនិក អេគីប ឯកទេសជម្ងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត
អាស័យដ្ធានផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ យើងខ្ញុំនិងរង់ចាំទទួលស្វាគមន៍ និង ព្យាបាលពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងរួសរាយរាក់ទាក់ ។ ទំនាក់ទំនងមកកាន់យើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម : Tel : 066/ 070/ 017 55 3317
សូមអគុណ
Share