Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺ Eczema ឬខ្មែរហៅថា តាអក ត្រូវបានស្គាល់ថាជាជំងឺសើស្បែកម្យ៉ាង ដែលកើតមាននៅកម្ពុជាជាយូរមកហើយ។ បច្ចុប្បន្ន ជំងឺនេះក៏នៅតែបន្តមានវត្តមានជាញឹកញាប់ចំពោះមិនថាកូនក្មេង ឬមនុស្សចាស់ ប្រុស ឬស្រីឡើយ។ ជាមួយនឹងអាកាសធាតុក្តៅហើយសើមរបស់ប្រទេសកម្ពុជា ក៏ជាអំណោយផលល្អដល់ការកកើតនៃជំងឺនេះផងដែរ។ លោកវេជ្ជបណ្ឌិត សារុន សេងហួរ ឯកទេសជំងឺសើស្បែកនិងកាមរោគ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានចូលរួមធ្វើការបង្ហាញអំពីជំងឺ eczema ឬ តាអកនេះដល់អ្នកអានឲ្យបានយល់ដឹង។   តើអ្វីទៅជាជំងឺ Eczema? Eczema ឬ តាអក គឺជាការរលាកនៃស្រទាប់ស្បែកមិនថាស្រទាប់ខាងលើគេដែលហៅថា epiderm  ឬស្រទាប់កណ្តាលដែលហៅថា derm ឡើយ។ ដោយឡែក ជាទូទៅការរលាកនេះមិនរាប់បញ្ចូលទាំងការរលាកដល់ស្រទាប់ក្រោមគេនៃស្បែកឬ hypoderm ឡើយលុះត្រាតែករណីដែលមានការរលាក រ៉ាំរ៉ៃខ្លាំងតែវាជាករណីកម្រណាស់។ ប្រភេទនៃជំងឺ Eczema និងអ្នកដែលប្រឈមមុខ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា នៅប្រទេសកម្ពុជាមានជំងឺ Eczema តែ២ប្រភេទប៉ុណ្ណោះគឺ Atopic eczema និង Contact eczema ។ ចំពោះ atopic eczema កើតឡើងទៅលើកុមារ តែច្រើនលើក្មេងប្រុសជាងក្មេងស្រី។ ដោយឡែកចំពោះ contact eczema អាចកើតមានលើមនុស្សគ្រប់វ័យទាំងចាស់និងក្មេង ព្រមទាំងមិនចំពោះភេទប្រុស ឬស្រីឡើយ។ រោគសញ្ញានៃជំងឺ រោគសញ្ញានៃជំងឺ Eczema គឺមិនពិបាកនឹងកត់សម្គាល់ទេ ដែលជាទូទៅវានឹងបង្ហាញឡើងក្រោមរូបភាពជា ស្បែកក្រហម ការរមាស់ និងភាពស្ងួតនៅត្រង់កន្លែងកើតតែម្តង។ មូលហេតុនៃការកើតឡើងនៃជំងឺ ដោយសារតែជំងឺនេះមាន២ប្រភេទ ដូចនេះមូលហេតុនៃការកើតជំងឺនេះក៏អាស្រ័យនឹងប្រភេទនីមួយៗផងដែរ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត។សម្រាប់ Atopic eczema ដែលកើតមានលើក្មេង ជាទូទៅកើតឡើងទាក់ទងនឹងប្រវតិ្តជំងឺរបស់កុមារផ្ទាល់ដូចជា ការធ្លាប់កើតជំងឺហឺត រលាក ឬអាល្លែកហ្ស៊ីស្បែក ឬច្រមុះជាដើម។ ចំណែក Contact eczema  ដែលមនុស្សគ្រប់គ្នាអាចប្រឈមមុខ កើតឡើងដរាបណាមានការប៉ះផ្ទាល់ជាមួយភ្នាក់ងារបង្កការរលាកតែម្តង ពោលគឺទាក់ទងនឹងប្រតិកម្មពីសារធាតុខាងក្រៅ។ ការព្យាបាល ជាក់ស្តែង សម្រាប់ប្រភេទ Atopic eczema របស់ក្មេងច្រើនតែជាសះស្បើយទៅវិញដោយខ្លួនឯង។ ជាទូទៅខ្មែរយើងនិយមហៅជំងឺនេះថា ស្រែងទឹកដោះ ហើយពួកគាត់ជឿថាវានឹងជាសះស្បើយដោយការលាបទឹកដោះម្តាយត្រង់កន្លែងកើត តែតាមពិតគឺវាជាដោយខ្លួនឯង ៩០% ទៅហើយ។ ផ្ទុយទៅវិញ Contact ezem គឺទាមទារការព្យាបាលឲ្យបានទាន់ពេល ពីព្រោះវាអាចវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរបើមិនព្យាបាលត្រឹមត្រូវ ដោយវាអាចបង្កជាដំបៅរាលដាល។ ងាកមកមើលការព្យាបាលជំងឺ contact Eczema វិញត្រូវបានលោកវេជ្ជបណ្ឌិតលើកឡើងថា ដំណោះស្រាយចម្បងគេគឺត្រូវបញ្ឈប់ការប៉ះផ្ទាល់ជាមួយភ្នាក់ងារបង្កដែលសំដៅដល់សារធាតុដែលធ្វើឲ្យបុគ្គលផ្ទាល់មានប្រតិកម្ម ឬអាលែ្លកហ្ស៊ីជាមួយ រួចធ្វើការព្យាបាលដោយឱសថប្រឆាំងនឹងការរលាកប្រភេទ Corticoide (steroid) តាមរយៈការប្រើប្រាស់តាមការលេប ឬលាបផ្ទាល់ទៅលើស្បែកត្រង់កន្លែងដែលកើតនោះ។ ក្រៅពីនេះ ក៏គួរបន្ថែមផងដែរនូវការប្រើប្រាស់ពពួកប្រឆាំងនឹងអាល្លែកហ្ស៊ី គឺ Antihistamine ដើម្បីកាត់បន្ថយការរមាស់របស់អ្នកជំងឺ។ ការប្រុងប្រយ័ត្នសម្រាប់អ្នកប្រឈមនឹងការកើតជំងឺនេះ ជាដំបូង  ត្រូវចៀសវាងជាមួយភ្នាក់ងារដែលអ្នកដឹងថាអ្នកមានប្រតិកម្មជាមួយ ។ចំពោះកុមារជាមួយនឹងជំងឺនេះ សូមចៀសវាងកុំប្រើប្រាស់សារធាតុ ឬថ្នាំណាមួយផ្តេសផ្តាសលើស្បែករបស់ពួកគេ ព្រោះអាចកាន់តែធ្ងន់ធ្ងរ ឬក៏ឡើងដំបៅក្លាយ។ ដោយឡែក ដូចបានបញ្ជាក់រួចហើយថាការពិតវានឹងជាសះស្បើយទៅវិញដោយឯកឯងសម្រាប់ប្រភេទដែលកើតលើក្មេង។ ក្នុងនោះផងដែរ ត្រូវចៀសវាងកុំឲ្យមានការកេះ ដែលនាំឲ្យមានរបួស និងការឆ្លងរោគបន្ថែមទៀត។ ផលវិបាកនៃជំងឺ ករណីដែលមិនមានការព្យាបាលថែទាំ ឬនៅតែបន្តប៉ះភ្នាក់ងារបង្ក នោះការរលាកនឹងរាលដាលទៅដល់ស្រទាប់ក្រោមគេ Hypoderm ដែលនឹងក្លាយទៅជា Eczema ជាលក្ខណៈដំបៅ ហើយទាមទារនូវការលាងសម្អាតរៀងរាល់ថ្ងៃ និងពិសេសវានឹងបន្សល់នូវស្លាកស្នាមទៀតផង។   ម្យ៉ាងទៀត ការរលាក ឬដំបៅដែលរាលដាល ក៏អាចបណ្តាលឲ្យខូចសរសៃដែលនៅសើៗត្រង់ស្បែក ដែលជាមូលហេតុនៃការខូចខាតញ្ញាណដឹងនៅត្រង់នោះផងដែរ។ ជាទីបញ្ចប់នៃកិច្ចសម្ភាសន៍ លោកវេជ្ជបណ្ឌិត សារុន សេងហួរ បានផ្តល់ជាមតិផ្តាំផ្ញើរផងដែរថា ករណីមានជំងឺនេះកើតឡើង សូមកុំប្រើប្រាស់ថ្នាំតាមគ្នា ឬតាមទម្លាប់ ព្រោះថាទោះថ្នាំប្រភេទមួយអាចព្យាបាលអ្នកជំងឺម្នាក់ជា តែមិនប្រាកដថាអាចព្យាបាលម្នាក់ទៀតជាដែរទេ ព្រោះការកើតអាចស្ថិតនៅត្រង់កន្លែងខុសគ្នា រីឯការប្រើប្រាស់ថ្នាំប្រឆាំងរលាកទៀតសោតក៏មានច្រើនចំណាត់ថ្នាក់ផងដែរ ហើយថ្នាក់នីមួយៗមានការប្រើប្រាស់នៅទីតាំងខុសៗគ្នានិងរយៈពេលខុសៗគ្នា។ ដូចនេះ យកល្អគួរទៅពិគ្រោះជាមួយអ្នកជំនាញ ដើម្បីប្រឹក្សាយោបល់ និងធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ។

Share

ការឈឺចាប់ឆ្អល់ក្រហាយនៅម្តុំចុងដង្ហើមអ្នកជំងឺតែងចោទថាខ្លួនមានរោគក្រពះ។ ប៉ុន្តែវាមិនសុទ្ធតែអញ្ចឹងទេ។ សញ្ញារោគដូច្នេះក្រៅពីបញ្ហាក្រពះវាក៏អាចបណ្តាលមកពីរឿងរ៉ាវនៃសរីរាង្គនៅតំបន់ក្បែរខាងដែរដូចជា ផ្នែកក្រោមនៃបំពង់អាហារ (lower esophagus)ឫ ថ្លើមស្តាំ ឫផ្លូវប្រម៉ាត់ ឫលំពែង។ ដូចនេះហើយ មានតែគ្រូពេទ្យទេដែលអាចវិភាគបែងចែករោគទាំងនេះបាន។ យើងខ្ញុំសូមនាំមកជូនមិត្តអ្នកអាននូវការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកសាស្ត្រាចារ្យ តាន់ តេកស្រេង លើប្រធានបទជំងឺក្រពះ។ •ឈឺក្រពះ និយាយពីបញ្ហាក្រពះចំពោះគ្រូពេទ្យអាការៈនេះពុំសំដៅលើជំងឺអ្វីមួយរបស់ក្រពះឡើយ។ •រលាកក្រពះ រលាកក្រពះមានន័យថាស្រទាប់ភ្នាស (the mucosa  lining) មានរលាក (inflammation) ហើយមូលហេតុរបស់វាមានច្រើនដែលគ្រូពេទ្យគឺជាអ្នកត្រូវស្រាវជ្រាវរក។ •ដំបៅក្រពះ ដំបៅក្រពះ (ulcer) បង្ហាញខ្លួនដូចដំបៅ។ Helicobacter pylori (Hp) ក៏ជាមូលហេតុបង្កដំបៅនេះដែរក្នុងអត្រាមួយខ្ពស់។ មូលហេតុចម្បងមួយទៀត គឺការប្រើថ្នាំឈឺសន្លាក់ប្រភេទ AINS។ ក្រៅពីនោះមានស្រា បារី។ល។ Hp ត្រូវបានគេសិក្សា និងស្គាល់ច្រើនជាងប្រភេទមីក្រុបផ្សេងៗទៀត។ វានៅតែក្នុងក្រពះទេហើយវាឲ្យរលាកក្រពះតាមបែបផែនដោយឡែកមួយដែលយូរទៅអាចបង្កដំបៅ(ulcer) ឫឈានដល់មហារីកតែម្តង ដោយសារវាបញ្ចេញជាតិពុលម៉្យាង។ រលាកក្រពះដោយសារ Hp និងមូលហេតុផ្សេងទៀតអាចដឹងបានដោយការច្រិបស្រទាប់ភ្នាសក្រពះយកទៅវិភាគ។ •មហារីកក្រពះ គ្រូពេទ្យត្រូវគិតដល់ជំងឺនេះមុនជំងឺផ្សេងៗទៀត ព្រោះវាអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតបាន។ តើមហារីកក្រពះបណ្តាលពីអ្វី? មកដល់សព្វថ្ងៃនេះគេនៅមិនទាន់ច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺមួយនេះប៉ុន្តែក្នុងចំណោមមូលហេតុច្រើនដែលគេសង្ស័យហើយមានអំណះអំណាងរឹងមាំជាងគេនោះ គឺការមានវត្តមានមេរោគឈ្មោះ helicobacter  pylori (Hp) ក្នុងក្រពះ។ Hp គ្រាន់តែជាមីក្រុបមួយប្រភេទប៉ុណ្ណោះរបស់ក្រុមមីក្រុប Helicobacter។ សព្វថ្ងៃគេរកឃើញមានរហូតដល់ជាង ៣០ ប្រភេទនៃក្រុមមីក្រុបនេះដែលគេឲ្យឈ្មោះថាNPHS (Non Pylori Helicobacter Species)។ វាបោះទីតាំងរស់នៅខុសៗគ្នាក្នុងខ្លួនមនុស្សខ្លះនៅពោះវៀនតូច-ធំ ផ្លូវប្រម៉ាត់ ឬថ្លើម ។ល។ បច្ចុប្បន្ន គេកំពុងសិក្សារកបែបបទបង្ករោគរបស់ពួកវាទាំងនេះ។ ក្នុងន័យទប់ស្កាត់ការពារមហារីកក្រពះគ្រូពេទ្យឯកទេសផ្នែកផ្លូវអាហារគ្រប់ប្រទេសសំណូមពរធ្វើការសុងឆ្លុះក្រពះ(gastroscopy) ព្រោះចំណេញច្រើនចំណុច គឺ៖ •    បានឃើញរូបភាពស្រទាប់ភ្នាសក្រពះផ្ទាល់។ •    បានយកសាច់ភ្នាសក្រពះទៅវិភាគរកមេរោគHp ផង និងសិក្សាពីភាពធ្ងន់ស្រាលនៃរលាកផង។ •    បានឃើញផ្ទាល់នូវចលនាលឿន ឫយឺតនៃបំពង់អាហារ ឫវត្តមានទឹកប្រម៉ាត់នៅក្នុងក្រពះ។ (ឧទា. ច្រាលទឹកប្រម៉ាត់)។   កត់ចំណាំ៖ កុំប្រើឱសថ១ចំនួនពិសេសប្រភេទថ្នាំផ្សះមុនពេលឆ្លុះសុងព្រោះធ្វើបែបនេះអាចបិទបាំងនិងធ្វើឲ្យពិបាករក Hp។ ជាចុងក្រោយលោកសាស្ត្រចារ្យក៏បានផ្តាំផ្ញើផងដែរថា ប្រជាជនគួរបញ្ឈប់ទម្លាប់អវិជ្ជមានដែលប្រើប្រាស់ឱសថមុនឆ្លុះសុងដូចជាអ្នកខ្លះកំពុងលេបថ្នាំហើយពេលទៅលេងបរទេសក៏ឆ្លៀតឆ្លុះសុង។ ការធ្វើបែបនេះនាំឲ្យខាតថវិកាដោយសារលទ្ធផល ដែលទទួលបានមិនពេញលក្ខណ:បច្ចេកទេសហើយ ពេលនៅឈឺទៀតធ្វើឲ្យគ្រូពេទ្យលំបាកនឹងសម្រេចថាធ្វើការឆ្លុះសុងម្តងទៀតឬយ៉ាងណា។ ម្យ៉ាងទៀត សូមកុំរួញរាក្នុងការឆ្លុះសុងក្រពះបើអ្នកមានអាយុលើសពី៤៥ ឆ្នាំ។ បកស្រាយដោយសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ តឹកស្រេង ប្រធានសមាគមគ្រូពេទ្យ ថ្លើម ក្រពះ ពោះវៀន កម្ពុជា។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       

Share

លោកអ្នកប្រហែលជាធ្លាប់បានលឺខ្លះៗហើយអំពីការប្រឈមទៅនឹងជំងឺមហារីកមាត់ស្បូនរបស់ស្រ្តីនៅជុំវិញពិភពលោក រួមទាំងស្រ្តីកម្ពុជាផងដែរ…  យើងក៏ឃើញមានផងដែរនូវ «យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលើកទី៨» ដោយមានការពិនិត្យមាត់ស្បូនដោយមិនគិតថ្លៃសម្រាប់ស្រ្តីដែលរៀបការរួច (អាយុចាប់ពី៣០ ដល់៥០ឆ្នាំ) ពីថ្ងៃទី៨ ខែកុម្ភៈ ដល់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅឯមន្ទីរពេទ្យកាល់ម៉ែត។  ជាដំណឹងល្អមួយទៀតសម្រាប់ប្រជាជន ជាពិសេសស្រ្តីកម្ពុជា គឺនឹងមានការផ្សាយផ្ទាល់អំពី«វិធីសាស្រ្តក្នុងការបង្ការជំងឺមហារីកមាត់ស្បូន»  •នៅទីណា?  ទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត  Calmette Hospital •ថ្ងៃណា? ថ្ងៃអង្គារ ទី ៧ ខែ កុម្ភៈ ឆ្នាំ២០១៧  •ម៉ោងប៉ុន្មាន? ម៉ោង ១២: ៣០ នាទី រសៀល •នរណាជាវាគ្មិន? លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ប្រធានផ្នែករោគវិនិច្ឆ័យជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត អនុបណ្ឌិតផ្នែកវេជ្ជសាស្រ្តពីប្រទេសអូស្រ្តាលី និង បណ្ឌិតផ្នែកវេជ្ជសាស្រ្តពីប្រទេសប៊ែលហ្សិក។ សូមជួយផ្សព្វផ្សាយដំណឹងដ៏ល្អបន្តផង… លោកអ្នកក៏អាចស្វែងយល់បន្ថែមពីជំងឺនេះជាមួយនឹងអត្ថបទសម្ភាសន៍ផ្ទាល់របស់ហេលស៍ថាម និងលោកស្រីវេជ្ជបណ្ឌិតតាមរយៈ Q&A on Cervical Cancer

Share

មានជំងឺជាច្រើនដែលជាកង្វល់របស់ស្រ្តីគ្រប់រូប តែក្នុងនោះជំងឺរលាកដៃស្បូនត្រូវបានស្គាល់ថាជាជំងឺដែលកើតមានជាញឹកញាប់ និងផ្តល់ផលអវិជ្ជមានជាខ្លាំងចំពោះស្ត្រីយើង។ បើយោងទៅតាមការបង្ហាញរបស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសផ្នែកសម្ភព និងរោគស្រ្តី ព្រមទាំងមានជំនាញផ្នែកថតឆ្លុះ និងជំងឺមាត់ស្បូន ផ្នែកគភ៌មានវិបត្តិ និងអេកូសាស្ត្រ និងបច្ចុប្បន្នជាប្រធានផ្នែកសម្ភពនៅគ្លីនិក លុច្ស ផង នោះបានឲ្យដឹងថា «ជំងឺរលាកដៃស្បូននេះ ជាប្រភេទមួយនៃជំងឺកាមរោគដែលកើតមានលើស្ត្រី ១៥ ០០០ នាក់ក្នុងរយៈពេលមួយឆ្នាំ (ស្ថិតិប្រទេសបារាំង)ដែលក្នុងនោះ៥៥%នៃអ្នកជំងឺមានអាយុតិចជាង២៥ ឆ្នាំ។ កាន់តែធ្ងន់ធ្ងរនោះគឺ ២០ ទៅ ៤០% នៃបញ្ហាគ្មានកូនគឺមានការទាក់ទងនឹងផលវិបាកក្រោយពីកើតជំងឺរលាកដៃស្បូននេះតែម្តង»។ អ្វីជាជំងឺរលាកដៃស្បូន? ជំងឺរលាកដៃស្បូន គឺជាការរលាកដៃស្បូនតែម្ខាង ឬ ទាំងសងខាង (លើប្រដាប់បន្តពូជរបស់ស្រ្តីផ្នែកខាងលើ)។ មូលហេតុបង្កជំងឺ មូលហេតុដែលបណ្តាលឲ្យមានជំងឺនេះគឺ ជាទូទៅអាស្រ័យនឹងរូបភាពនៃការចម្លងរោគ។ ក្នុងនោះ ៨៥% នៃករណី ឆ្លងតាមការរួមភេទ ដោយមានវត្តមាន Chlamydiae Trachomatis ៦០%  និង Gonocoque ២០%  ហើយក៏មានពពួកAnaérobie, Mycoplasme, និង៣០%ទៀតជាពពួក Ecoli ។ ចំពោះការឆ្លងពីមូលហេតុវេជ្ជសាស្រ្ត មាន១៥% នៃករណី គឺកើតឡើងនៅអំឡុងពេលថតឆ្លុះក្នុងស្បូន (Hystéroscopie) ,HSG ( hysterosalpingographie ), ការសម្អាតក្នុងស្បូន និងការយកកូនចេញ (curettage) ឬវិធីពន្យារកំណើតដោយដាក់កងក្នុងស្បូន (stérilet)ជាដើម។ ចំណែកការចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសរីរាង្គជិតខាង ជាករណីកម្រដែលមានដូចជា ការឆ្លងពីការរលាកពោះវៀនធំ  ឬការរលាកខ្នែងពោះវៀន។ គួរបញ្ជាក់ថា កត្តាដែលអាចប្រឈមមុខនឹងជំងឺរួមមាន ស្ត្រីដែលមានអាយុតិចជាង២៥ឆ្នាំ ស្ត្រីដែលមានការរួមភេទលើកដំបូងឆាប់ពេក ស្រ្តីមានប្រវត្តិជំងឺកាមរោគ ស្ត្រីមានកម្រិតជីវភាពរស់នៅទាប ស្រ្តីដែលប្រើប្រាស់វិធីពន្យារ កំណើតដោយប្រើកងដាក់ក្នុងស្បូន និងស្ត្រីមានដៃគូរួមភេទច្រើន។   ការធ្វើរោគវិនិច្ឆ័យ ងាកមកមើលទម្រង់គ្លីនិកនៃជំងឺរលាកដៃស្បូនវិញ គឺត្រូវបានចែកជា២ទម្រង់ គឺទម្រង់ច្បាស់លាស់ដែលរួមមាន ក្តៅខ្លួន ឈឺពោះ ធ្លាក់ស និងទម្រង់មិនច្បាស់លាស់ ដែលមាន៥០%នៃករណី  ហើយក្នុងនោះរួមមាន ស្ត្រីមានរោគសញ្ញាបន្តិចបន្តួច ឬគ្មាន និងមានការធ្លាក់ឈាមប្រហែល ៣០ ទៅ ៤០% នៃករណីនេះ។ ដើម្បីឲ្យកាន់តែច្បាស់ពាក់ព័ន្ធនឹងទម្រង់គ្លីនិកនីមួយៗ លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចំពោះទម្រង់គ្លីនិកស្រួចស្រាវ ក្រៅពីការក្តៅខ្លួន នៅមានការធ្លាក់សមានក្លិន និងការឈឺពោះ ពោលគឺនៅត្រង់តំបន់លើថ្ងាសទាំងសងខាង។ ចំពោះទម្រង់គ្លីនិកមិនសូវ ស្រួចស្រាវ ដែលជាទម្រង់កើតញឹកញាប់ជាងគេនោះ គឺសម្តែងដោយអាការៈដូចជា ការឈឺនៅតំបន់លើថ្ងាសតិចតួច កម្តៅតិចជាង ៣៨°C  មានធ្លាក់សបន្តិចបន្តួច ឬពេលខ្លះ គ្មានរោគសញ្ញាអ្វីទាំងអស់។ ដោយឡែកការធ្វើរោគវិនិច្ឆ័យអមគ្លីនិក ដែលចូលរួមក្នុងការកំណត់ជំងឺរួមមាន ការវិភាគឈាម ការបណ្តុះមេរោគ ការពិនិត្យអេកូតាមទ្វារមាស ព្រមទាំងការវិភាគដោយការឆ្លុះក្នុងពោះក្នុងករណីចាំបាច់ខ្លះ ( coelioscopie )។ ការព្យាបាល ទាក់ទិននឹងការព្យាបាលជំងឺរលាកដៃស្បូនស្រួចស្រាវ ត្រូវធ្វើឡើងក្នុងលក្ខណៈបន្ទាន់ ដោយត្រូវសម្រាកពេទ្យនៅផ្នែករោគស្ត្រី និងការព្យាបាលដោយប្រើថ្នាំផ្សះ។  មធ្យោបាយព្យាបាលបន្ទាប់បន្សំរួមមាន ការសម្រាកនៅផ្ទះ ការដកកងក្នុងស្បូនចេញ ការស្អំទឹកកក ការរួមភេទដោយប្រើស្រោមអនាម័យ ការស្រាវជ្រាវ និងព្យាបាលដៃគូរួមភេទ ព្រមទាំងការប្រើប្រាស់ឱសថមួយចំនួនដូចជា ថ្នាំបំបាត់ការឈឺចាប់ (anti-spasmodique)  និងថ្នាំពន្យារកំណើតគ្រាប់ ដើម្បីឲ្យក្រពេញដៃស្បូនស្រ្តី (ovaire) បានសម្រាក ទាំងនេះជាការរៀបរាប់របស់លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី។ ការវិវឌ្ឍទៅមុខនៃជំងឺ ក្នុងករណីដែលទទួលការព្យាបាលបានត្រឹមត្រូវ ៨០%នៃជំងឺ មានការជាសះស្បើយល្អ ប៉ុន្តែ ២០% នឹងមានសំណល់នៃវិបត្តិក្រោយពេលព្យាបាល ។ ផលវិបាក ផលវិបាកសំដៅដល់ឥទ្ធិពលមិនល្អដែលបន្សល់ពីជំងឺរលាកដៃស្បូន។ ក្នុងនោះត្រូវបានចែកចេញជាពីរ គឺផលវិបាករយៈពេលខ្លី និងរយៈពេលវែង។ •    ផលវិបាករយៈពេលខ្លី អាចមានជា ការរលាកស្រោមអាងត្រគាក (pelvi-péritonite) ការកកើតខ្ទុះក្នុងដៃស្បូន (pyosalpinx) និងមេរោគក្នុងឈាម (septicémie)។ •    ផលលំបាករយៈពេលវែងវិញ មានទឹកដក់ក្នុងដៃស្បូន (hydrosalpinx) ការស្អិតក្នុងអាងត្រគាកដែលជាមូលហេតុបណ្តាលឲ្យឈឺអាងត្រគាករ៉ាំរ៉ៃ ២០% (adherence pelvienne) មានកូនក្រៅស្បូន (ប្រឈម ១០ ដង) ការខូចខាតក្រពេញដៃស្បូន (dystrophie ovarienne) វិបត្តិនៃការមិនមានកូន ៧០% (stérilité) ការកកើតឡើងវិញនៃជំងឺ (récidive)ជាដើម។ ការបង្ការជំងឺរលាកដៃស្បូនស្រួចស្រាវ ការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាលជំងឺកាមរោគឲ្យទាន់ពេល និងការព្យាបាលនូវរាល់ជំងឺផ្សេងៗនៅលើប្រដាប់បន្តពូជរបស់ស្រ្តីផ្នែកខាងក្រោម (ដៃគូទាំងពីរនាក់) តាមរយៈការតាមដានឲ្យបានលឿនទាក់ទងនឹងជំងឺកាមរោគ ផ្តល់ពត៌មាន និងអប់រំយុវជន និងយុវនារីឲ្យយល់ដឹងពីជំងឺកាមរោគ មានភាពប្រុងប្រយត្ន័ខ្ពស់ចំពោះទម្រង់ដែលមិនសូវមានរោគសញ្ញា (forme paucisymptomatique) ព្រមទាំងការគោរពតាមស្តង់ដារអនាម័យឲ្យបានល្អ នៅពេលដែលធ្វើសកម្មភាពព្យាបាលផ្សេងៗក្នុងស្បូន។ ជាពិសេស ដើម្បីការពារការកកើតឡើងវិញ ត្រូវប្រាកដថាបានធ្វើការព្យាបាលដៃគូរួមភេទរបស់អ្នកជំងឺផងដែរ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

១. នាងខ្ញុំឈ្មោះ ស.ស.ណ អាយុ៤៥ឆ្នាំ ទម្ងន់៧៦គីឡូក្រាម កម្ពស់១ម៉ែត្រ៤៨។ សព្វថ្ងៃ ខ្ញុំជាកសិករ។ ខ្ញុំធ្លាប់មានបញ្ហាភ្នែកឡើងលឿង ហើមជើង ទឹកនោមពណ៌លឿង និងក្តៅខ្លួនស្ទីងៗ។ សញ្ញាទាំងនេះបានបាត់ទៅវិញ ក្រោយពេលខ្ញុំប្រើប្រាស់ថ្នាំលេប។ ខ្ញុំចង់ដឹងថា ប្រសិនប្រើខ្ញុំប្រើថ្នាំពេទ្យបានជាង១ឆ្នាំ ហើយប្តូរទៅប្រើថ្នាំខ្មែរវិញបានទេ? វេជ្ជបណ្ឌិត សុខ ហ៊ាង៖ ការប្រើប្រាស់ថ្នាំបុរាណជំនួសឲ្យថ្នាំពេទ្យ គឺមិនត្រូវបានណែនាំទេតាមបែបវិទ្យាសាស្ត្រ។ ម្យ៉ាងទៀត ការព្យាបាលដោយថ្នាំពេទ្យនេះទៀតសោត គឺត្រូវបន្តរហូតដល់អ្នកជំងឺមានប្រព័ន្ធការពារខ្លួនពីជំងឺនេះទើបអាចឈប់បាន។ ២. ខ្ញុំបាទឈ្មោះ ង.ស.ស អាយុ៦០ឆ្នាំ ទម្ងន់៤៩គីឡូក្រាម កម្ពស់១ម៉ែត្រ៦៥ ហើយខ្ញុំជាគ្រូបង្រៀន។ ខ្ញុំមានរោគសញ្ញាស្បែកលឿង ភ្នែកលឿង   កន្ទួលរមាស់ខ្មៅ      ហត់    បត់ជើងតូចតិច  និង ហើមខ្លួន។ ខ្ញុំចង់ដឹងថាតើរោគសញ្ញានេះទាក់ទងនឹងបញ្ហាថ្លើមទេ? ហើយក្មួយស្រីរបស់ខ្ញុំឥលូវ ពោះរីកធំ និងស្រកទម្ងន់រហូត តើអាចទាក់ទងនឹងបញ្ហាថ្លើមនេះដែរឬទេ? លោកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា៖ តាមរយៈរោគសញ្ញាស្បែកលឿង ភ្នែកលឿង ដែលបានរៀបរាប់ខាងលើ គឺអាចសន្និដ្ឋានថាជាជំងឺទាក់ទងនឹងបញ្ហាថ្លើម រលាកថ្លើម បញ្ហាក្រិនថ្លើម ក្នុងនោះក៏អាចទាក់ទងនឹងក្រួសក្នុងថង់ទឹកប្រមាត់ កាលណាវាស្ទះផ្លូវទឹកប្រមាត់ ធ្វើឲ្យទឹកប្រមាត់ហូរចេញមិនបាន។ ម៉្យាងទៀត លោកជាមនុស្សចាស់ អញ្ចឹងវាក៏អាចជាមហារីកលំពែង ឬមហារីកនៅផ្លូវទឹកប្រមាត់ ព្រោះជាមូលហេតុមួយនៃបញ្ហាស្ទះថង់ទឹកប្រមាត់ដែរ។ មួយវិញទៀត អាការៈក្តៅខ្លួនអាចបង្ហាញថាជាបញ្ហានៃបង្ករោគនៅក្នុងឈាម។ ចំពោះក្មួយស្រីរបស់លោកដែលមានពោះរីកធំនោះហើយស្រកទម្ងន់ទៀត កាលណាពោះតឹងធំត្រូវរកឲ្យឃើញថាតើធំដោយសារខ្យល់ ឬដោយសារទឹក។ ដំណោះស្រាយដ៏ល្អបំផុត គួរទៅជួបគ្រូពេទ្យ ដើម្បីឲ្យប្រាកដថាជាជំងឺណាមួយ ព្រោះថាករណីគាត់មានអាយុក្រោម៤០ឆ្នាំ ហើយពោះចេះតែធំទៅៗ វាក៏អាចមានបញ្ហាលើការស្ទះពោះវៀន និង បញ្ហាស្បូនដែរ។ ៣. ខ្ញុំបាទឈ្មោះ ភ.ឃ អាយុ៥២ឆ្នាំ ទម្ងន់៦៥គីឡូក្រាម កម្ពស់១ម៉ែត្រ៦៥។ ខ្ញុំជាអ្នកលក់ដូរ។ ខ្ញុំធ្លាប់ពិនិត្យឃើញថាមានមេរោគថ្លើមប្រភេទB ហើយក៏បានរាប់មេរោគដែរ។ គ្រូពេទ្យបានឲ្យខ្ញុំប្រើថ្នាំសម្លាប់មេរោគ ក្រោយមកក៏ពិនិត្យម្តងទៀត គាត់ថាមេរោគខ្ញុំថយអស់ហើយ តែឲ្យខ្ញុំបន្តប្រើថ្នាំនោះរយៈពេល១ឆ្នាំទៀត។ ខ្ញុំបានបញ្ឈប់ការប្រើប្រាស់ថ្នាំប្រហែល២ឆ្នាំហើយ។ ខ្ញុំចង់ដឹងថា តើមេរោគខ្ញុំអាចកើនឡើងទៀតទេ? ហើយខ្ញុំត្រូវធ្វើអ្វីផ្សេងទៀតទេ? លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ៖ មុននឹងសម្រេចចិត្តព្យាបាលជំងឺរលាកថ្លើមប្រភេទB ត្រូវដឹងថាថ្លើមខូចខាតដល់កម្រិតណា។បើថ្លើមខូចខាត លើសកម្រិតទីមួយ ដែលមានមេរោគយ៉ាងតិចលើសពី១០០០០copies ហើយលើសពី កម្រិតទីពីរ គឺមានការរលាកលើសពីមួយដង ដែលរលាកជាងធម្មតា( ឬហៅថាជាតិពុលឡើង)។ បើលោកចូលដល់កម្រិតនេះហើយ គឺលោកត្រូវលេបថ្នាំមួយជីវិត។ ករណីខ្លះ ក្រោយពេលឈប់ប្រើថ្នាំ ក្នុងចំណោមអ្នកជំងឺ១០០នាក់ មាន៦០ ទៅ៦៥នាក់ ជំងឺនេះអាចរើឡើងវិញ។ ដូចនេះ លោកគួរតែត្រឡប់ទៅរកគ្រូពេទ្យវិញ ព្រោះក្នុងករណីនេះ បើថ្លើមរបស់លោកមិនទាន់ក្រិន ឬក្រិនដំបូងៗ ថ្លើមរបស់គាត់អាចមានសំណាងនៅល្អ។ ផ្ទុយមកវិញ ក្នុងករណីថ្លើមបានក្រិនដំបូងដោយគ្មានរោគសញ្ញា ហើយលោកឈប់រយៈពេលពីរឆ្នាំ ដូចនេះ ជំងឺរបស់លោកអាចរើមកវិញ ហើយអ្វីដែលគួរឲ្យភ័យបារម្ភនោះគឺវាអាចឈានទៅដល់មហារីកថ្លើមបាន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្មេងនៅក្នុងទីក្រុងត្រូវបានគេរកឃើញថាកើតជំងឺម៉្ញូបច្រើនជាងក្មេងដែលរស់នៅជនបទនេះ បើតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត ស៊ុន សារិន អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង។ជំងឺម៉្ញូបអាចកើតមាននៅលើកុមារតូចៗដែលឪពុកម្តាយអាចដឹងថាកូនរបស់ខ្លួនម៉្ញូបបានតាមរយៈការឃើញក្មេងធ្វើព្រិចភ្នែកឲ្យតូចនៅពេលសម្លឹងរបស់នៅឆ្ងាយ ហើយនៅពេលមើលទូរទស្សន៍ពួកគាត់តែងតែទៅឈរនៅជិតកញ្ចក់ទូរទស្សន៍ និងជារឿយៗតែងតែប្រាប់មនុស្សធំថាគាត់មើលរបស់ឆ្ងាយមិនច្បាស់ទេ។ ម្យ៉ាងទៀត ឪពុកម្តាយក៏អាចដឹងថាកូនរបស់ខ្លួនមានបញ្ហាគំហើញតាមរយៈគ្រូបង្រៀនផងដែរ ដោយសារតែគ្រូអាចសង្កេតឃើញសិស្សមិនចម្លងអក្សរលើក្តារខៀន តែបែរជាចម្លងតាមមិត្តភក្តិនៅជិតទៅវិញ។ ការធ្វើរោគវិនិច្ឆ័យ ម៉្ញូបអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការវាស់គំហើញដោយរកឃើញថាគំហើញរបស់ក្មេងទាបជាងធម្មតា។ ចំណែកឯការវាស់វ៉ែនតាវិញ ពីមុនគេវាស់ភ្នែកដោយប្រើ Retinoscope តែបច្ចុប្បន្នដោយសារបច្ចេកទេសរីកចម្រើនគេប្រើ Autorefractor  វិញ។ មូលហេតុ -ប្រវត្តិគ្រួសារ ៖ នៅក្នុងគ្រួសារមានអ្នកកើតម៉្ញូប នោះក្មេងនឹងមានឱកាសក្នុងការកើតជំងឺនេះ។ -ការងារជិត ៖ ការទម្លាប់ឲ្យកូនធ្វើអ្វីនៅជិតភ្នែកពេកដូចជា ការអានសៀវភៅដោយឱនជិតក្រដាសសៀវភៅ ការមើលគំនូរជីវចលលើiPad ការលេងហ្គេម ឬប្រើប្រាស់ Smartphone សម្រាប់មើលជាដើម។ -កង្វះអាហារូបត្ថម្ភ។ ការព្យាបាល -បើករណីតពូជ គឺមិនអាចព្យាបាលឲ្យជាបានទេ។ -ករណីមកពីទម្លាប់មិនល្អដូចជាការលេងហ្គេមនោះ ឪពុកម្តាយគួរតែឲ្យកូនកែទម្លាប់នេះចោល ព្រោះភ្នែករបស់ក្មេងងាយកើត ក៏ងាយបាត់ទៅវិញដែរ។ -ផ្តល់អាហារឲ្យគ្រប់គ្រាន់សម្រាប់កូនអ្នក ប្រសិនបើគេខ្វះអាហារូបត្ថម្ភ។ -ការកែគំហើញរបស់ក្មេងឲ្យមើលឃើញច្បាស់ដូចធម្មតាវិញក៏ចាំបាច់ត្រូវធ្វើដែរ។ ដូចនេះ ការពាក់វ៉ែនតាឡង់ទីដកត្រូវបានធ្វើឡើងលើកុមារដែលត្រូវការវ៉ែនតាជាជំនួយ។ យ៉ាងណាមិញ ចំពោះអ្នកដែលមិនចង់ពាក់វ៉ែនតាអាចជ្រើសរើសការបាញ់កាំរស្មីឡេសឺដែលធ្វើឲ្យកញ្ចក់ភ្នែកស្តើងជាងមុន និង Power lens ទាបជាងមុននាំឲ្យកំនុំរូបភាពត្រូវរ៉េទីន តែការព្យាបាលនេះទាមទារការរង់ចាំឲ្យពួកគាត់មានអាយុចាប់ពី២០ឆ្នាំឡើងទៅ និងនៅពេលដែលភ្នែករបស់គាត់ឈប់លូតលាស់។ ផលវិបាក វាអាចនឹងកើតមានឡើងចំពោះកុមារផ្ទាល់ និងមនុស្សនៅជុំវិញខ្លួនរបស់គាត់ដូចជា៖ -វិវឌ្ឍទៅជាភ្នែកខ្ជិល (Lazy eyes) ៖ ករណីម៉្ញូបនេះកើតឡើងលើកុមារតាំងពីពួកគាត់មានអាយុក្រោម៨ឆ្នាំហើយឪពុកម្តាយមិនបានដឹងថាកូនមានម៉្ញូប ឬមិនបានប្រើប្រាស់វ៉ែនតានោះ ពេលដែលគាត់មានអាយុច្រើនជាង៨ឆ្នាំ ភ្នែករបស់គាត់នឹងវិវឌ្ឍទៅជាភ្នែកខ្ជិលពោល គឺទោះបីជាគាត់ពាក់វ៉ែនតានៅពេលធំក៏ដោយក៏គាត់មិនអាចមើលឆ្ងាយច្បាស់ដែរ -វិវឌ្ឍទៅភ្នែកស្រលៀង -ការសិក្សាថយចុះ ៖ ដោយសារតែកុមារមិនអាចមើលឃើញច្បាស់ នោះការចាប់យកមេរៀនរបស់គាត់ក៏មិនបានល្អដែរ -គ្រោះថ្នាក់ពេលបើកបរ ៖ ការមើលមិនច្បាស់ធ្វើឲ្យអ្នកបើកបរពិបាកក្នុងការពិនិត្យមើលផ្លូវ ឬភ្នែកមិនរហ័ស។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតចង់ផ្តាំទៅកាន់មាតាបិតាគ្រប់រូបថា គួរយកកូនទៅពិនិត្យភ្នែកមុនពេលពួកគាត់ចូលរៀន ដើម្បីការពារការវិវឌ្ឍទៅរកជំងឺភ្នែកខ្ជិល ឬស្រលៀង ហើយប្រសិនបើពួកគាត់ត្រូវបានរកឃើញថាមានម៉្ញូបហើយនោះ ត្រូវឲ្យកូនរបស់លោកអ្នកពាក់វ៉ែនតា ដើម្បីឲ្យកូនៗរបស់អ្នកមើលឃើញច្បាស់ និងការពារការវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរឡើង និងមិនគួរមានជំនឿថា «ការពាក់វ៉ែនតានេះអាចធ្វើឲ្យម៉្ញូបកាន់តែឡើងដឺក្រេ» ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

និយមន័យ ភាពធាត់របស់កុមារ គឺអាស្រ័យទៅលើទំនាក់ទំនងរវាងទម្ងន់ និងគ្រោះថ្នាក់ (ជំងឺ) ដែលអាចកើតមានឡើង ទាំងរយៈពេលខ្លី និងវែង ចំពោះកុមារ។ ករណីគ្រោះថ្នាក់រយៈពេលខ្លី ពុំសូវជួបប្រទះនោះទេនៅវ័យកុមារ និងជំទង់ ប៉ុន្តែច្រើនប្រឈមមុខក្នុងពេលពេញវ័យតែម្តង។ ដូចនេះ និយមន័យអាចខុសគ្នា ទៅតាមការសិក្សានីមួយៗដែលជាទូទៅ៖ •បញ្ហាលើសទម្ងន់ (Overweight) របស់កុមារគឺ ការលើសនូវទម្ងន់២០% (ចាប់ពី៩៧ percentile) លើសពីកម្ពស់រំពឹងទុក។ •ជំងឺធាត់ហួស (Obesity) របស់កុមារ គឺការលើសនូវទម្ងន់៥០% លើសពីកម្ពស់រំពឹងទុក។ ការឲ្យនិយមន័យនេះ គឺគិតទៅលើរូបមន្តមួយ ហៅថាសន្ទស្សន៍ទម្ងន់ BMI (Body Mass Index)ដោយធ្វើការចែកទម្ងន់(គិតជាគីឡូក្រាម) និងកម្ពស់(គិតជាម៉ែត្រ)លើកជាការេ ។ ប៉ុន្តែរូបមន្តនេះ មិនត្រូវបានអនុវត្ត ចំពោះក្មេងក្រោមអាយុ២ឆ្នាំនោះទេ។ បើយោងតាមអង្គការសុខភាពពិភពលោក បានឲ្យនិយមន័យថា គឺជាការប្រមូលផ្តុំមិនធម្មតា ឬលើសជាតិខ្លាញ់ ដែលអាចផ្តល់គ្រោះថ្នាក់ដល់សុខភាព។ មូលហេតុ និងកត្តាជម្រុញ ការលើសទម្ងន់ និងជំងឺធាត់ហួស ចំពោះកុមារអាចមានមូលហេតុ និងកត្តាជម្រុញជាច្រើនរួមមាន៖ •កត្តាចំណីអាហារ៖ ក្មេងៗចូលចិត្តបរិភោគអាហារសម្បូរដោយខ្លាញ់ ហើយមានកាឡូរីខ្ពស់ ព្រោះតែងាយស្រួលក្នុងការទិញ និងមានរសជាតិឆ្ងាញ់ (fast food)។ •កត្តាអសកម្មភាព៖ កុមារគ្មានការនិយមលេងកម្សាន្ត ហាត់កីឡា នេះក៏ព្រោះតែមានការកើនឡើងនូវបច្ចេកវិទ្យាថ្មីៗ។ •កត្តាតំណពូជ៖ តាមការសិក្សាមួយបានបង្ហាញថា ឳពុកម្តាយធាត់ទាំងពីរនាក់ អាចមានហានិភ័យខ្ពស់ដល់កូន រហូតដល់៨០% បើធាត់តែម្នាក់ក្នុងចំណោមពួកគាត់ អត្រាហានិភ័យអាចនៅត្រឹម៤០% ប៉ុន្តែអាចមានហានិភ័យត្រឹម៧% ទោះជាគ្មាននរណាម្នាក់ធាត់ក៏ដោយ។ ម៉្យាងទៀត ជំងឺក្រូម៉ូសូមទី២១ រួមនឹង ជំងឺ Turner Syndrome ក៏ជាជំងឺតពូជ ដែលអាចឲ្យក្មេងប្រឈមនឹងធាត់ហួសនេះដែរ។ •ការប្រើប្រាស់ថ្នាំ៖ ភាគច្រើនគឺពពួកអាំងស៊ុយលីន ថ្នាំពន្យារកំណើត និងពពួក Cortisol។ •ជំងឺអង់ដូគ្រីន៖ កង្វះអ័រម៉ូនទីរ៉ូអ៊ីត ឬកង្វះអ័រម៉ូនលូតលាស់ (Growth Hormone)។ •កត្តាចិត្តសាស្រ្ត៖ កុមារមួយចំនួនចូលចិត្តញ៉ាំរាល់ពេលដែលពួកគេធុញទ្រាន់ និងតានតឹងក្នុងអារម្មណ៍។ •កត្តាបរិយាកាស៖ ការផ្សព្វផ្សាយអំពីចំណីអាហារដែលប៉ះពាល់ដល់សុខភាពក្រោមរូបភាពផ្សេងៗ។ •កត្តាសង្គម និងវប្បធម៌៖ ទម្លាប់ក្នុងការបរិភោគក្នុងគ្រួសារ ក៏ដូចជាឳពុកម្តាយជាដើម។ រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យ កុមារម្នាក់អាចកំណត់បានថាលើសទម្ងន់ តាមការគណនាសន្ទស្សន៍ទម្ងន់ (BMI) ដោយយកទម្ងន់(គិតជាគីឡូក្រាម)ចែកជាមួយកម្ពស់(គិតជាម៉ែត្រ)លើកជាការេ។ ជាលទ្ធផល ទទួលបាន៖ •ខ្វះទម្ងន់៖  < ១៨,៥ •ធម្មតា៖ ១៨,៥-២៥ •លើសទម្ងន់៖  ២៥-៣០ •ធាត់ហួស៖  > ៣០ ការព្យាបាល វាពិតជាមានការលំបាកក្នុងការព្យាបាលក្មេងដែលមានបញ្ហានេះ ព្រោះវាតម្រូវឲ្យមានការចូលរួមជាក្រុម ពីគ្រូពេទ្យជំនាញជាច្រើន រួមមាន គ្រូពេទ្យផ្នែករោគកុមារ អ្នកឯកទេសខាងចំណីអាហារ និងគ្រូពេទ្យឯកទេសចិត្តសាស្រ្ត ទាំងគ្រួសារ និងកុមារផ្ទាល់។ គោលការណ៍សំខាន់ក្នុងការព្យាបាលរួមមាន៖ •ការអប់រំ និងលើកទឹកចិត្តពីគ្រួសារ  សាលារៀន ព្រមទាំងគ្រូពេទ្យ •ការផ្លាស់ប្តូររបបចំណីអាហារ •ការបង្កើតសកម្មភាពដូចជារត់លេង ឬហាត់ប្រាណ •ឳពុកម្តាយត្រូវដើរជាគម្រូ •ការប្រើប្រាស់ថ្នាំ ជាប្រភេទថ្នាំលេប ដែលមានការណែនាំពីគ្រូពេទ្យឲ្យបានត្រឹមត្រូវ •ការវះកាត់ខ្លាញ់ ពិសេសខ្លាញ់ក្បាលពោះ លុះត្រាតែនៅក្នុងករណីមានផលវិបាកណាមួយកើតឡើងដែលតម្រូវការឲ្យមានការវះកាត់ទើបបានប្រើវិធីនេះ។ ផលវិបាក ករណីមិនទទួលយកការព្យាបាលឲ្យទាន់ពេលវេលាទេនោះ កុមារអាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖ •បញ្ហាបេះដូង និងសរសៃឈាម៖ លើសឈាមកើនឡើងពពួកខ្លាញ់ក្នុងសរសៃឈាម ដាច់សរសៃឈាមខួរក្បាល •ប្រឈមនឹងជំងឺសួត៖ ជំងឺហឺត ជំងឺស្ទះផ្លូវដង្ហើមស្លាប់ ឬដេកស្លាប់ (sleep apnea) •ប្រឈមនឹងជំងឺតម្រងនោម៖ រលាកតម្រងនោម •ប្រឈមនឹងជំងឺក្រពះពោះវៀន ថ្លើម៖ ងាយហើមពោះ ក្រួសក្នុងថង់ទឹកប្រម៉ាត់ ច្រាលទឹកក្រពះ ខ្លាញ់រុំថ្លើមទៅជាក្រិនថ្លើម •ប្រឈមនឹងជំងឺអង់ដូគ្រីន៖ ជំងឺទឹកនោមផ្អែមប្រភេទ២ •ប្រឈមនឹងជំងឺស្បែក៖ ដុះផ្សិត និងប្រេះស្រកា •វិបត្តិសាច់ដុំ និងឆ្អឹង៖ ងាយបាក់ឆ្អឹង និងពុកឆ្អឹង •ប្រឈមនឹងបញ្ហាផ្លូវចិត្ត៖ ធ្លាក់ទឹកចិត្ត ថយចុះគុណភាពជីវិត លែងចង់ទៅរៀន ឯកកា ដកខ្លួនពីសង្គម •ជំងឺមហារីក៖ មហារីកសុដន់ មហារីកមាត់ស្បូន និងមហារីកថ្លើម។ ការបង្ការ នេះមិនមែនជាជំងឺឆ្លងទេ ហើយវាអាចការពារបានដោយវិធីមួយចំនួន៖ • កុមារខ្លួនឯងផ្ទាល់៖  ត្រូវកំណត់ការបរិភោគអាហារណាដែលសម្បូរដោយជាតិខ្លាញ់ និងស្ករ បង្កើនការបរិភោគបន្លែ និងសកម្មភាពកីឡាឲ្យបានច្រើន រួមទាំងផ្លាស់ប្តូររបៀបក្នុងការរស់នៅដូចជា កាត់បន្ថយការជិះយានជំនិះ ឬអង្គុយមួយកន្លែងលេងហ្គេមជាដើម។ •សាលារៀន ៖ ត្រូវផ្តល់ឲ្យនូវរបបអាហារសុខភាពអប់រំ ព្រមទាំងបង្ហាញនូវផលប៉ះពាល់ដល់ក្មេង ពីការបរិភោគមិនល្អមួយចំនួន។ •គ្រួសារ ៖ ត្រូវធ្វើការផ្លាស់ប្តូរទម្លាប់ក្នុងការញ៉ាំ និងការរស់នៅ។ គ្មានអព្ភូតហេតុធ្វើឲ្យស្គមនោះទេ គឺមានតែការធ្វើឲ្យមានតុល្យភាពរវាងការញ៉ាំ និងការលេងកីឡាប៉ុណ្ណោះ ទើបអាចរក្សានូវទម្ងន់បានល្អ... ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សក់ជ្រុះ ជាបញ្ហាមួយដែលគ្រប់គ្នាតែងជួបប្រទះស្ទើរតែរៀងរាល់ថ្ងៃ ក្នុងនោះផងដែរ វាមានច្រើនប្រភេទ និងមានមូលហេតុផ្សេងៗពីគ្នា។ Trichotillomania ជាប្រភេទមួយនៃបញ្ហាសក់ជ្រុះ ដែល ហេលស៍ថាម បានលើកយកមកធ្វើបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ជំនាញសើស្បែក ព្រមទាំងជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា។ និយមន័យ Trichotillomania ជាប្រភេទជំងឺជ្រុះសក់ម៉្យាង ដែលបណ្តាលមកពីការមានទម្លាប់ដកសក់ខ្លួនឯងដោយការញៀន ហើយបន្តការដកសក់នេះជាប្រចាំ។ ចំណុចមួយទៀត អ្នកដែលមានបញ្ហានេះ អាចដោយសារគាត់មានបញ្ហាចិត្តសាស្ត្រ (mental health problem) ឬ វិបត្តិផ្លូវចិត្ត ហើយភាពតឹងតែងក្នុងអារម្មណ៍ក៏អាចឈានទៅរកការដកសក់ដោយមិនដឹងខ្លួនដែរ។ មូលហេតុ Trichotillomania មិនមែនជាជំងឺតពូជនោះទេ ហើយក៏មិនមានមូលហេតុច្បាស់លាស់ដែរ។ បើយោងតាមទ្រឹស្តី ដោយសារគាត់មានអារម្មណ៍តឹងតែង បញ្ហាផ្លូវចិត្ត ឬការប៉ះពាល់ទៅលើអារម្មណ៍ បណ្តាលឲ្យអ្នកជំងឺចេះតែដកសក់ និយាយរួមសក់ជ្រុះដោយដកខ្លួនឯង ជាលក្ខណៈញៀន និងទម្លាប់របស់គាត់ផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា ភាគរយនៃTrichotillomania ដែលគេតែងជួបប្រទះភាគច្រើន គឺទៅលើស្ត្រីជាងបុរស។ រោគសញ្ញា អ្នកអាចឃើញកន្លែងដែលមានរោមដូចជា នៅលើក្បាល ចិញ្ចើម រោមភ្នែកក្លៀក ដៃ ជើង ទ្រូង ឬសូម្បីតែរោមនៅតំបន់ភេទ រោមមុខ និងពុកមាត់ ទៅជាវាលនោះ សុទ្ធតែអាចហៅថាជំងឺTrichotillomaniaបានទាំងអស់។ គ្រាន់តែ ជាទូទៅគេសំដៅលើក្បាលខ្លាំងជាងគេប៉ុណ្ណោះ ព្រោះជាកន្លែងដែលគេមើលឃើញ។ រោគវិនិច្ឆ័យ គេមើលលើសញ្ញាជាលក្ខណៈផ្លូវចិត្ត(psycholo-gical symptoms) ការប៉ះពាល់ដល់អារម្មណ៍បុគ្គលនោះផ្ទាល់ ដែលធ្វើឲ្យ អ្នកជំងឺដកសក់ខ្លួនឯងជារឿយៗ។ ខណៈដែលគាត់មានបញ្ហាជ្រុះសក់នេះ គាត់មានអាការៈអៀនខ្មាស តែងតែបដិសេធក្នុងការចូលរួមសកម្មភាពសង្គមនានា  ព្រមទាំងចូលចិត្តលាក់ខ្លួននៅតែម្នាក់ឯង។ ការព្យាបាល ការជ្រុះសក់នេះកើតឡើងដោយសារទម្លាប់ ដូចនេះ ការព្យាបាល គឺត្រូវកែទម្លាប់របស់គាត់ ដែលការកែទម្លាប់នេះ ត្រូវមើលថាហេតុផលអ្វីដែលគាត់ចេះតែទាញសក់ខ្លួនឯង។ បើកាលណាគាត់មានបញ្ហាទាញសក់ដោយសារមានការតឹងតែងអារម្មណ៍ ខឹងមួរម៉ៅ ឬមានបញ្ហាទាក់ទងទៅនឹងផ្លូវចិត្តនោះ ការព្យាបាលគួរត្រូវបានណែនាំឲ្យទៅជួបជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកចិត្តសាស្ត្រ ដើម្បីផ្តល់ប្រឹក្សា ទាក់ទងនឹងការផ្លាស់ប្តូរការប្រព្រឹត្ត អប់រំឲ្យយល់ថាស្ថានភាពគាត់ប្រឈមនឹងការដែលសក់ជ្រុះខ្លាំងបើសិនជាមិនកែទម្លាប់។  វាអាចនឹងពិបាកក្នុងការព្យាបាល ដោយសារនេះជាលក្ខណៈញៀន ប៉ុន្តែអាចជួយបង្ការបានមួយផ្នែកទៀត ជាឧទាហរណ៍ប្រសិនបើអ្នកជំងឺឧស្សាហ៍ដក ឬទាញសក់ពេលធ្វើដំណើរ គួរឲ្យគាត់ពាក់មួក ឬកន្សែង រុំក្បាល រួមនឹងការលើកទឹកចិត្តគាត់ ព្រមទាំងមិនត្រូវស្តីបន្ទោសគាត់ទាក់ទងទៅនឹងបញ្ហានេះបញ្ហានោះទេ។ ផលវិបាក ប្រសិនបើគាត់មិនបានទទួលការព្យាបាលឲ្យបានទាន់ពេលវេលាទេនោះ  គឺប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេ ដូចជាធ្វើឲ្យបុគ្គលនោះមិនអាចចូលរួមនៅក្នុងសង្គមមានភាពខ្មាស់អៀនខ្លួនឯង និងចូលចិត្តនៅដាច់ពីគេ។   មួយវិញទៀត អ្នកជំងឺអាចប្រឈមជាមួយនឹងការជ្រុះសក់អស់ដោយសារសក់គាត់ដុះមិនទាន់។ សារជូនមិត្តអ្នកអាន ជាចុងក្រោយ ក្នុងនាមជាគ្រូពេទ្យសើស្បែក បើប្រជាពលរដ្ឋយើងមានបញ្ហាជ្រុះសក់ ធ្វើយ៉ាងណាគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងស្បែកសិន ដើម្បីឲ្យគ្រូពេទ្យមើលថាពិតជាជំងឺTrichotillomaniaមែន ឬអត់ បន្ទាប់មកទើបវេជ្ជបណ្ឌិតនឹងណែនាំបន្តឲ្យទៅជួបគ្រូពេទ្យផ្នែកខាងចិត្តសាស្ត្រ បើអ្នកមានបញ្ហាតឹងតែងក្នុងអារម្មណ៍ ឧស្សាហ៍មួរម៉ៅ ខឹង និយាយរួមគឺ បញ្ហាផ្លូវចិត្តគួរទៅជួបគ្រូពេទ្យជំនាញផ្លូវចិត្តចៀសវាងការបន្តទម្លាប់នេះតទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share

«នៅក្នុងប្រទេសកម្ពុជាយើង ស្រ្តីប្រមាណ១,៥០០នាក់បានកើតជំងឺនេះជារៀងរាល់ឆ្នាំ និងប្រមាណ ៦០%បានបាត់បង់ជីវិតដោយសារជំងឺមហារីកមាត់ស្បូនជារៀងរាល់ឆ្នាំ»  នេះបើយោងតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ជាវេជ្ជបណ្ឌិតឯកទេសផ្នែកកោសិកាមហារីក ព្រមទាំងជាប្រធានផ្នែកវិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត និងអ្នកសម្របសម្រួលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូនតាំងពីឆ្នាំ២០១៣។  ដោយសារតែជំងឺនេះ ជាកង្វល់ដ៏គួរព្រួយបារម្ភមួយនៃបញ្ហាសុខភាពស្រ្តីមិនថាតែនៅកម្ពុជា និងទូទាំងពិភពលោក យើងខ្ញុំក៏សូមនាំមកជូនអត្ថបទសំណួរ-ចម្លើយទាក់ទិននឹងជំងឺនេះ ដែលចម្លើយខាងក្រោមជាការបកស្រាយផ្ទាល់ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន។ ចង់ដឹងថាមានអត្ថន័យខ្លឹមសារយ៉ាងដូចម្តេចខ្លះ សូមតាមដានជាមួយគ្នា… សំណួរ ៖ ដូចម្តេចដែលហៅថា«ជំងឺមហារីកមាត់ស្បូន»? ចម្លើយ ៖ ជំងឺមហារីកមាត់ស្បូន ជាដំបៅមហារីកដែលកើតពីការលូតលាស់ឥតឈប់ឈររបស់កោសិកាមាត់ស្បូនបណ្តាលមកពីការឆ្លងរយៈពេលយូរអង្វែងរបស់វីរុស Human Papilloma Virus (HPV) នៅនឹងមាត់ស្បូន។ សំណួរ ៖ តើជំងឺនេះលេចឡើងជាមួយនឹងរោគសញ្ញាអ្វីខ្លះ? ចម្លើយ ៖ រោគសញ្ញាសំខាន់នៃជំងឺមហារីកមាត់ស្បូន គឺការធ្លាក់ឈាមដោយឯកឯង ក្រៅពីឈាមរដូវ។ រោគសញ្ញាផ្សេងៗទៀតមានដូចជា៖ ការឈឺចាប់ ឬ ធ្លាក់ឈាមក្នុងពេល ឬ ក្រោយពេលរួមភេទ ។ សំណួរ ៖ តើស្រ្តីណាខ្លះដែលមានការប្រឈមមុខខ្ពស់ទៅនឹងជំងឺមួយនេះ? ចម្លើយ ៖ ស្រ្តីដែលងាយប្រឈមនឹងជំងឺមហារីកមាត់ស្បួនមានដូចជា ៖ •ស្រ្តីដែលមានដៃគូរួមភេទច្រើន ឬដៃគូរបស់គាត់មានដៃគូរួមភេទច្រើន • ស្ត្រីដែលមានជំងឺអេដស៍ ឬជំងឺកាមរោគផ្សេងៗទៀត • ស្ត្រីដែលមានកូនច្រើន (មានផ្ទៃពោះដំបូងនៅអាយុក្មេងជាង ១៨ឆ្នាំ) • ស្ត្រីដែលមិនបានធ្វើការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគ HPV • ស្រ្តីដែលមិនធ្លាប់តាមដានកោសិកាមាត់ស្បូន (pap smear) •ស្ត្រីដែលមិនធ្លាប់ធ្វើតេស្តរកមេរោគ HPV (HPV DNA test) សំណួរ ៖ តើជំងឺនេះបង្កឡើងដោយសារអ្វីខ្លះ? ចម្លើយ ៖ មូលហេតុនៃជំងឺមហារីកមាត់ស្បូនមានតែមួយគត់គឺ ការផ្ទុកវីរុស Human Papilloma Virus (HPV) នៅនឹងមាត់ស្បូនរយៈពេលយូរ (ជាទូទៅលើសពី ៥ ឆ្នាំ)។ សំណួរ ៖ តើការធ្វើរោគវិនិច្ឆ័យជំងឺនេះប្រព្រឹត្តទៅដូចម្តេចដែរ? ចម្លើយ ៖ ជំងឺមួយនេះអាចធ្វើការរោគវិនិច្ឆ័យបានតាមរយៈវិធីមួយចំនួនដូចខាងក្រោម ៖ •វេជ្ជបណ្ឌិតធ្វើការពិនិត្យមាត់ស្បូនដោយប្រើសារធាតុជូរ ឬឆ្លុះមាត់ស្បូនដោយប្រើកែវពង្រីក (colposcopy) •ប្រសិនបើគ្មានដំបៅនៅនឹងមាត់ស្បូនទេ វេជ្ជបណ្ឌិតនឹងធ្វើការបៀកយកកោសិកាមាត់ស្បូនយកទៅវិភាគ (pap smear) ដើម្បីស្វែងរកកោសិកាដែលមិនប្រក្រតីដែលត្រៀមវិវឌ្ឍទៅជាកោសិកាមហារីក •ប្រសិនបើមានដំបៅគួរឲ្យសង្ស័យនៅនឹងមាត់ស្បូន វេជ្ជបណ្ឌិតនឹងធ្វើការដុតដំបៅមាត់ស្បូនដែលគួរឲ្យសង្ស័យនោះ (cryotherapy) ឬធ្វើការច្រឹបយកសាច់មាត់ស្បូនយកទៅវិភាគ (cervical biopsies)ដើម្បីរុករកកោសិកាមហារីក។ សំណួរ ៖  តើមានការព្យាបាលទេសម្រាប់ជំងឺមួយនេះ? បើមាន តើព្យាបាលដោយវិធីណា? ក្រោយពីព្យាបាលជាហើយ តើជំងឺនេះមានបន្សល់ទុកនូវផលវិបាកអ្វីខ្លះដល់អ្នកជំងឺទេ? ចម្លើយ ៖ ប្រសិនបើវេជ្ជបណ្ឌិតពិនិត្យរកឃើញកោសិកាមាត់ស្បូនមិនប្រក្រតីនៅដំណាក់កាលត្រៀមមហារីក(Pre-cancerous) ការព្យាបាលដោយកាត់យកតែមួយផ្នែកនៃមាត់ស្បូនចេញអាចព្យាបាលជំងឺនេះជាដាច់។ ដោយឡែក ប្រសិនបើកោសិកានោះក្លាយជាកោសិកាមហារីកដែលរាលដាលទៅហើយ ការព្យាបាល គឺផ្អែកទៅលើដំណាក់កាលនៃជំងឺ ឬ ផ្អែកលើការរាលដាលនៃកោសិកាមហារីកនោះផ្ទាល់។ ការព្យាបាលទាំងនោះរួមមាន៖  ១. ការវះកាត់យកស្បូនទាំងមូលព្រមទាំងដៃស្បូនទាំងសងខាងចេញ ២. ការព្យាបាលដោយថ្នាំគីមី ៣. ការព្យាបាលដោយថាមពលវិទ្យុសកម្ម។ ថ្វីត្បិតការព្យាបាលទាំង៣វិធីសាស្រ្តខាងលើនេះមានប្រសិទ្ធភាពខ្ពស់ ការព្យាបាលពុំអាចជាដាច់នោះទេ គឺគ្រាន់តែអាចពន្យារជីវិតរបស់អ្នកជំងឺបានមួយរយៈប៉ុណ្ណោះ យូរ ឬឆាប់អាស្រ័យលើដំណាក់កាលនៃមហារីក។  សំណួរ៖ ងាកទៅរកការបង្ការជំងឺនេះវិញ យើងឃើញមានវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ តើវ៉ាក់សាំងនេះអាចការពារស្ត្រីគ្រប់រូបឲ្យរួចផុតពីការកើតជំងឺនេះបានដល់កម្រិតណា? ចម្លើយ៖ វីរុស HPV ដែលកាចសាហាវ (high-risk HPV) ដែលនាំឲ្យកើតជំងឺមហារីកនេះមានជាង១០ប្រភេទ។ វ៉ាក់សាំងប្រឆាំងនឹងមេរោគ HPV មាន២ប្រភេទ គឺឈ្មោះ Gardasil និង Cervarix។ វ៉ាក់សាំងទាំង២ប្រភេទនេះ អាចការពារមេរោគ HPV ដែលកាចសាហាវជាងគេ (high-risk HPV) បានចំនួន២ប្រភេទដូចគ្នា គឺប្រភេទទី ១៦ និងប្រភេទទី១៨ (HPV16 and HPV18) ដែលមេរោគទាំង២ប្រភេទនេះ បង្កឲ្យកើត៧០% នៃជំងឺមហារីកមាត់ស្បូន។   សរុបមក វ៉ាក់សាំងពុំអាចបង្ការជំងឺមហារីកមាត់ស្បូនបាន ១០០%ទេ។ យ៉ាងណាមិញ កុមារីដែលមានអាយុចាប់ពី៩ឆ្នាំឡើងទៅអាចធ្វើការចាក់វ៉ាក់សាំងនេះបាន ប៉ុន្តែនៅពេលពួកគាត់ចាប់ផ្តើមសកម្មភាពផ្លូវភេទ ពួកគាត់ត្រូវមកធ្វើការពិនិត្យកោសិកាមាត់ស្បូន (pap smear) និងធ្វើតេស្តរកមេរោគ HPV (HPV DNA Test) ឲ្យបានទៀងទាត់ ដើម្បីអាចបង្ការ៣០%ទៀតនៃជំងឺមហារីកមាត់ស្បូន។ សំណួរ៖ មានការនិយាយតគ្នាថា វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ អាចចាក់បានចំពោះតែស្រ្តីដែលមិនទាន់រៀបការប៉ុណ្ណោះ  តើនេះជាការពិតដែរឬទេ? បើនេះជាការពិត តើស្ត្រីដែលរៀបការហើយអាចបង្ការខ្លួនគាត់ពីជំងឺនេះបានដោយរបៀបណា?  ចម្លើយ៖ កុមារីចាប់ពីអាយុ៩ឆ្នាំឡើង អាចធ្វើការចាក់វ៉ាក់សាំងនេះបាន ទោះបីជាគាត់មិនទាន់ពេញវ័យក៏ដោយ (មិនទាន់មានឈាមរដូវ)។ ការចាក់វ៉ាក់សាំងនេះមានប្រសិទ្ធិភាពខ្ពស់បំផុត នៅពេលស្រ្តីមិនទាន់ឆ្លងកាត់ការរួមភេទ។ ដោយឡែក ស្រ្តីដែលរៀបការរួចអាចចាក់វ៉ាក់សាំងនេះបាន ប៉ុន្តែប្រសិទ្ធិភាពនៃការបង្ការជំងឺមហារីកមានការថយចុះ។  ការបង្ការដែលមានប្រសិទ្ធិភាពបំផុតសម្រាប់ស្រ្តីដែលរៀបការរួច គឺការពិនិត្យកោសិកាមាត់ស្បូនរៀងរាល់២ ឬ៣ឆ្នាំម្តង និងការធ្វើតេស្តរកមេរោគ HPV ឲ្យបាន៣ ឬ៥ឆ្នាំម្តង។ សំណួរ៖ តើមានសកម្មភាពអ្វីខ្លះពីសំណាក់រដ្ឋាភិបាល ក៏ដូចជាវិស័យសុខាភិបាលផ្ទាល់ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូននេះ? ចម្លើយ៖ នាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការដៃគូសំខាន់ៗមួយចំនួនទៀត បាន និងកំពុងធ្វើការសិក្សាសាកល្បងមួយ(pilot study) សម្រាប់បង្ការជំងឺមហារីកមាត់ស្បូនដោយប្រើប្រាស់សារធាតុជូរ (VIA test) នៅខេត្តកំពង់ចាម។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះនឹងត្រូវបានដាក់បញ្ចូលជាមូលដ្ឋាន ក្នុងការបង្កើតកម្មវិធីជាតិប្រយុទ្ធប្រឆាំង នឹងជំងឺមហារីកមាត់ស្បូន។ ស្របពេលជាមួយគ្នានេះក្រសួងសុខាភិបាលក៏កំពុងធ្វើគម្រោងស្នើសុំជំនួយផ្នែកវ៉ាក់សាំងពីអង្គការ GAVI ដែលផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍលើពិភពលោក។ គួរបញ្ជាក់ផងដែរ សម្រាប់ឆ្នាំ២០១៧នេះ ក៏មានផងដែរនូវ«យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលើកទី៨» ដោយមានការពិនិត្យមាត់ស្បូនដោយមិនគិតថ្លៃសម្រាប់ស្ត្រីដែលរៀបការរួច (អាយុចាប់ពី៣០ដល់៥០ឆ្នាំ) រយៈពេលមួយខែ ចាប់ពីថ្ងៃទី០៨ កុម្ភៈ ដល់ថ្ងៃទី០៨ មិនា នៅឯមន្ទីរពេទ្យកាល់ម៉ែត។  បញ្ជាក់ ៖ សូមធ្វើការចុះឈ្មោះជាមុនតាមទូរស័ព្ទលេខ 085 22 12 92

Share

ជំងឺរលាកថ្លើម គឺជាជំងឺដែលមានការរលាកនៅលើសរីរាង្គថ្លើម ហើយមូលហេតុនៃការរលាក គឺមានច្រើន។ មូលហេតុសំខាន់ៗនៃជំងឺនេះ គឺបណ្តាលមកពីវីរុស ការពិសាស្រាច្រើន ថ្នាំមួយចំនួន បញ្ហាAutoimmune (សារពាង្គកាយរបស់អ្នកជំងឺបង្កើតអង់ទីក័រប្រឆាំងនឹងថ្លើមខ្លួនឯង)។  វីរុសដែលធ្វើឲ្យរលាកថ្លើមមាន៥ប្រភេទ គឺ A, B, C, D, និង Eហើយវីរុសសំខាន់ដែលឲ្យរលាកថ្លើមរ៉ាំរ៉ៃ គឺវីរុសរលាកថ្លើមB និងC។ គួរបញ្ជាក់ផងដែរថា អត្រានៃអ្នកកើតជំងឺរលាកថ្លើមប្រភេទBនៅកម្ពុជាមាន៤.៦% និងប្រភេទC ចំនួន៥.៨% មិនត្រឹមតែប៉ុណ្ណោះ រលាកថ្លើមដែលគេព្រួយបារម្ភ គឺរលាកថ្លើមរ៉ាំរ៉ៃដែលអាចវិវឌ្ឍទៅជាក្រិនថ្លើម និងមហារីកថ្លើម។ ដូចនេះ ការធ្វើតេស្តរកមេរោគរលាកថ្លើម គឺជាការចាំបាច់។ និយមន័យ ការធ្វើតេស្តរកមេរោគថ្លើម គឺជាការរាវរកវត្តមាននៃមេរោគថ្លើមនៅក្នុងឈាមរួមជាមួយវត្តមាននៃអង់ទីក័រប្រឆាំងនឹងមេរោគផងដែរ។ ក្នុងការធ្វើតេស្តរកមេរោគថ្លើម អ្នកជំងឺមិនចាំបាច់ធ្វើតេស្តឈាមមុនញ៉ាំអាហារទេ អាចធ្វើនៅពេលណាក៏បាន។ បរិមាណឈាមត្រូវការតិចតួចត្រឹមតែ១មីលីលីត្រឈាមប៉ុណ្ណោះសម្រាប់ម៉ាស៊ីនធ្វើតេស្តទំនើបនៅមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិ ហើយលទ្ធផលនឹងទទួលបានក្នុងរយៈពេល១ម៉ោង។ ប្រភេទតេស្តរកមេរោគថ្លើម ១. តេស្តរកវីរុសថ្លើមប្រភេទ A មាន២ប្រភេទគឺ ៖ •តេស្តរកជំងឺរលាកថ្លើមស្រួចស្រាវ (anti-HAV IgM) តេស្តនេះត្រូវបានប្រើ ដើម្បីរកការវិវឌ្ឍទៅជាជំងឺរលាកថ្លើមស្រួចស្រាវ (Acute Hepatitis) ដែលក្នុងករណីកម្រអាចវិវឌ្ឍទៅជាទម្រង់ធ្ងន់ធ្ងរ (Fulminant Hepatitis) ត្រូវព្យាបាលដោយធ្វើការផ្លាស់ប្តូរថ្លើមទើបអាចបន្តជីវិតបាន។ វីរុសនេះមានវ៉ាក់សាំងសម្រាប់ចាក់ការពារ ដើម្បីបង្ការទម្រង់ធ្ងន់ធ្ងរនេះ។ •តេស្តរកអង់ទីក័រគ្រប់ប្រភេទប្រឆាំងនឹងវីរុសថ្លើមA (anti-HAV IgM, IgG, IgA) វីរុសរលាកថ្លើមប្រភេទ A អាចឆ្លងតាមចំណីអាហារ និងទឹកដែលមានវីរុសនៅក្នុងនោះ ហើយចំពោះប្រទេសដែលអនាម័យនៅមានកម្រិត អ្នកជំងឺអាចនឹងមានវីរុសនេះតាំងពីតូច។ ចំពោះកូនក្មេង ៩០%នៃអ្នកដែលផ្ទុកវីរុសរលាកថ្លើមប្រភេទ A មិនមានលេចចេញជារោគសញ្ញាទេ។ ចំពោះប្រទេសកម្ពុជាយើង ភាគច្រើននៃអ្នកជំងឺដែលមកធ្វើតេស្តភាគច្រើនមានអង់ទីក័រទាំងមូលរួចជាស្រេច។ ដូចនេះ ការធ្វើតេស្តរកអង់ទីក័រទាំងមូល(anti-HAV -IgM, IgG, IgA) ត្រូវបានធ្វើឡើង ដើម្បីបញ្ជាក់ថាអ្នកជំងឺដែលបានឆ្លងវីរុសរលាកថ្លើមប្រភេទ A ហើយបានជាសះស្បើយដោយមានអង់ទីក័រការពារខ្លួនជាស្រេច ឬក៏ក្នុងករណីដែលមានសញ្ញារលាកថ្លើមស្រួចស្រាវចាំបាច់ត្រូវរកanti-HAV IgM បន្ថែមទៀត។ ២. តេស្តរកមេរោគរលាកថ្លើមប្រភេទ B (Seroimmunology test) មាន ៥តេស្តផ្សេងៗគ្នា ដែលអាចធ្វើបាន ២ទៅ៤សប្តាហ៍ក្រោយការឆ្លងវីរុស៖ - តេស្តរកអង់ទីហ្សែន HBs បញ្ជាក់ពីវត្តមានរបស់មេរោគក្នុងខ្លួនអ្នកជំងឺ - តេស្តរកអង់ទីក័រ anti-HBs បញ្ជាក់ពីវត្តមានអង់ទីក័រការពារអ្នកជំងឺពីមេរោគ - Anti-HBc total បញ្ជាក់ពីការធ្លាប់ប៉ះជាមួយមេរោគ - Anti-HBc IgM បញ្ជាក់ពីការរលាកថ្លើមស្រួចស្រាវ - HBe និង anti-HBe សម្រាប់តាមដានការវិវឌ្ឍរបស់មេរោគតេស្តមួយប្រភេទទៀត គឺតេស្តរាប់មេរោគ សម្រាប់តាមដាន ឬវាយតម្លៃការព្យាបាល។ តេស្តនេះអាចធ្វើបាន២សប្តាហ៍ បន្ទាប់ពីការឆ្លងមេរោគ។ សម្រាប់អ្នកដែលមិនធ្លាប់ធ្វើតេស្ត និងចង់ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B គួរធ្វើតេស្តរកអង់ទីហ្សែន HBs អង់ទីក័រ anti-HBs និងអង់ទីក័រ anti-HBc។ ៣. តេស្តរកមេរោគរលាកថ្លើមប្រភេទ C គឺរកអង់ទីក័រ anti-HCV  ករណីអង់ទីក័រ anti-HCV វិជ្ជមាន អាចបញ្ជាក់បានថា អ្នកជំងឺកំពុងមានវីរុសនៅក្នុងខ្លួន ឬអ្នកជំងឺបានជាសះស្បើយហើយ។ ជាទូទៅ ៧៥% នៃអ្នកឆ្លងមេរោគរលាកថ្លើមប្រភេទ C នឹងវិវឌ្ឍទៅរកជំងឺរលាកថ្លើមរ៉ាំរ៉ៃ និង២៥%ទៀតអាចជាដោយខ្លួនឯង។ ដូចនេះ ដើម្បីញែកឲ្យដាច់ពីស្ថានភាពទាំងពីរនេះ អ្នកជំងឺត្រូវធ្វើតេស្តរាប់ចំនួនវីរុសរលាកថ្លើមប្រភេទ C ក្នុងឈាមបន្តទៀត។ ៤. តេស្តរកមេរោគរលាកថ្លើមប្រភេទ D គឺរកអង់ទីក័រ anti-HDV ដោយសារជំងឺរលាកថ្លើមប្រភេទ D អាចកើតមានបាន លុះត្រាតែអ្នកជំងឺមានជំងឺរលាកថ្លើមប្រភេទ B ដូចនេះ ចំពោះអ្នកដែលមិនមានវីរុសរលាកថ្លើមប្រភេទ B ឬធ្លាប់ចាក់វ៉ាក់សាំងការពាររួចហើយ គឺមិនចាំបាច់បារម្ភពីការកើតជំងឺរលាកថ្លើមប្រភេទ D ទេ។ សព្វថ្ងៃ នៅកម្ពុជាយើងនៅមិនមានការធ្វើតេស្តរកវីរុសប្រភេទនេះទេ។ ៥. តេស្តរកមេរោគរលាកថ្លើមប្រភេទ E គឺរកអង់ទីក័រ anti-HEV វីរុសនេះឆ្លងតាមរយៈចំណីអាហារដូចទៅនឹងជំងឺរលាកថ្លើមប្រភេទ A ដែរ ហើយវាងាយនឹងជាទៅវិញដោយឯកឯង។ នៅកម្ពុជា តេស្តក្នុងមន្ទីរពិសោធន៍ដែលអាចធ្វើបានមាន តេស្តរកមេរោគថ្លើមប្រភេទ A មេរោគថ្លើមប្រភេទ B និងមេរោគថ្លើមប្រភេទ C ទាំង Serology test និងតេស្តរាប់មេរោគ។  លទ្ធផលនៃតេស្តរកមេរោគថ្លើមប្រភេទ B អាចមាន False-positive លើ Screening test ព្រោះតេស្តប្រភេទនេះ មាន Sensibility ខ្ពស់ជាមួយនឹងអង់ទីហ្សែនរបស់មេរោគ ប៉ុន្តែកំហុសនេះអាចចៀសវាងបានដោយការប្រើប្រាស់ម៉ាស៊ីនដែលមានគុណភាព (ម៉ាស៊ីនរបស់ក្រុមហ៊ុន Roche ដូចមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិកំពុងប្រើ) ជាមួយនឹងបច្ចេកទេសដែលមានការត្រួតពិនិត្យត្រឹមត្រូវ ឧបករណ៍ទំនើប និងប្រតិករដែលមានការទទួលស្គាល់គុណភាពត្រឹមត្រូវ។ តើអ្នកណាចាំបាច់ត្រូវធ្វើតេស្តទាំងនេះ? ការធ្វើតេស្តស្វែងរកមេរោគរលាកថ្លើមនេះ អ្នកដែលចាំបាច់ត្រូវតែធ្វើមានដូចជា៖ •ស្រ្តីមានផ្ទៃពោះដែលមិនធ្លាប់ចាក់វ៉ាក់សាំង ព្រោះវីរុសរលាកថ្លើមប្រភេទ B អាចឆ្លងពីម្តាយទៅកូនបានតាមរយៈឈាម ហើយក្មេងដែលឆ្លងវីរុសនេះពីម្តាយ មានការប្រឈមខ្ពស់លើការវិវឌ្ឍទៅរលាកថ្លើមរ៉ាំរ៉ៃរហូតដល់ទៅ៩០% ដូចនេះ មានការប្រឈមខ្ពស់នឹងជំងឺក្រិនថ្លើម និងមហារីកថ្លើម ។ •អ្នករស់នៅប្រទេសដែលប្រឈមនឹងការឆ្លងមេរោគនេះខ្ពស់ (ប្រទេសកម្ពុជា) ជាពិសេសវីរុសរលាកថ្លើមប្រភេទB និងវីរុសរលាកថ្លើមប្រភេទ C •អ្នកត្រូវបញ្ចូលឈាមញឹកញាប់ •អ្នកមានដៃគូរួមភេទច្រើន •អ្នកបម្រើការក្នុងសេវាកម្មសុខាភិបាលដូចជាក្នុងមន្ទីរពិសោធន៍ •អ្នកជំងឺទឹកនោមផ្អែម ព្រោះបើមានឆ្លងវីរុសរលាកថ្លើមប្រភេទ B អ្នកជំងឺអាចនឹងប្រឈមខ្ពស់ជាមួយនឹងការកើតជំងឺមហារីកថ្លើម •អ្នកដែលប៉ះពាល់ជាមួយរបស់មុតស្រួច ដូចជាអ្នកចូលចិត្តសាក់។ បកស្រាយដោយ ៖ លោកស្រីឱសថបណ្ឌិតឯកទេសវេជ្ជសាស្រ្ត តោ ពើទី ស្ថាបនិកនៃ«មន្ទីរពិសោធន៍វេជ្ជសាស្រ្តស្តង់ដារអន្តរជាតិ» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share

យោងតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យជំនួយ ទូច ឃុន ជាអនុប្រធានមន្ទីរពេទ្យព្រះកុសុមៈ ទទួលបន្ទុកគ្រប់គ្រងមជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ បានឲ្យដឹងថា«មជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េនៃមន្ទីរពេទ្យព្រះកុសុមៈ មានទទួលពិគ្រោះ និងព្យាបាលអ្នកជំងឺទឹកនោមផ្អែម ដោយមានកន្លែងទទួលរាល់អ្នកជំងឺទឹកនោមផ្អែមទាំងឡាយណា ដែលមានផលវិបាកឲ្យមកសម្រាក និងតាមដានជំងឺ២៤ម៉ោងលើ២៤ម៉ោង។» លោកសាស្រ្តាចារ្យក៏បញ្ជាក់ផងដែរថា ៖ «អ្នកជំងឺដែលបានមកតាមដាននៅមជ្ឈមណ្ឌលនេះ ត្រូវបានផ្តល់នូវការអប់រំ និងចំណេះដឹង ដែលទាក់ទងទៅនឹងជំងឺទឹកនោមផ្អែម ហើយធ្វើយ៉ាងណា ដើម្បីបញ្ចៀសនូវផលវិបាកដែលអាចកើតមានទៅថ្ងៃខាងមុខ។» មជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ រង់ចាំផ្តល់សេវាជូនបងប្អូនប្រជាជនទាំងអស់ដោយក្តីរីករាយ…ហើយក៏សូមជូនពរឲ្យប្រជាជនទាំងអស់ ដែលបានមកទទួលសេវាការព្យាបាលពីមជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈឲ្យឆាប់ជាសះស្បើយទាំងអស់គ្នា… សម្រាប់ព័ត៌មានបន្ថែម និងការផ្តល់នូវមតិរិះគន់ក្នុងន័យស្ថាបនា សូមទំនាក់ទំនងទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យផ្ទាល់ មន្ទីរពេទ្យ ព្រះកុសុមៈ ឬទូរស័ព្ទលេខ 098 644 408

Share

  លោក ហ៊ូ ក្រើន​ នាយករងអង្គការហេឡែនខេលល័រអន្តរជាតិ និងជាអ្នកសម្របសម្រួលអង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSACambodia) បានបញ្ជាក់ថាអាហារូបត្ថម្ភត្រូវបានចាត់ទុកថា មានសារសំខាន់ណាស់លើការលូតលាស់របស់ទារក និងកុមារ។ ការអនុវត្តការចិញ្ចឹមទារក និងកុមារបានពេញលេញ គឺធានាឲ្យមានអាហារូបត្ថម្ភគ្រាប់គ្រាន់។ ជាឧទាហរណ៍ជាក់ស្តែង មានភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ច្បាស់ថាការបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូង បន្ទាប់ពីសម្រាលរួចអាចទប់ស្កាត់មរណភាពទារកបានប្រហែល២០%  កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល៦ខែដំបូង  អាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយកុមារ ដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ ។ អាណាព្យាបាលត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុតលើអាហារូបត្ថម្ភកុមារក្នុងរយៈពេល១០០០ថ្ងៃដំបូងនៃជីវិត ពោលគឺចាប់ពីពេលទារកចាប់បដិសណ្ឋិរហូតដល់អាយុ២ឆ្នាំ ព្រោះដំណាក់កាលនេះ ជាពេលដែលកុមារត្រូវការលូតលាស់ខ្លាំាងទាំងផ្នែករាងកាយ និងសតិបញ្ញាស្មារតី ហើយបើមានកំហុសឆ្គងក្នុងដំណាក់កាលនេះ គឺមិនអាចកែខៃបានទេ។ បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជានៅតែមានកម្រិតខ្ពស់នៅឡើយគឺ៣២% បើទោះបីជាតួលេខនេះទាបជាងក្នុងឆ្នាំ២០១០ (៤០%)ក៏ដោយ។ លោក ហ៊ូ ក្រើន បញ្ជាក់ទៀតថាមានមូលហេតុជាច្រើនដែលបណ្តាលឲ្យមានបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជា ក្នុងនោះរួមមានការផ្តល់អាហារដល់កុមារមិនបានគ្រប់គ្រាន់ដូចជាការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារបន្ថែម របៀបផ្តល់ចំណីអាហារដល់កុមារមិនបានត្រឹមត្រូវតាមអាយុ និងតម្រូវការរបស់ពួកគេ ការមិនបានយកចិត្តទុកដាក់លើការថែទាំកុមារ ការអនុវត្តអនាម័យ និង ទឹកស្អាតមិនបានត្រឹមត្រូវ ការមិនទទួលសេវាសុខភាពគ្រប់គ្រាន់ ការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ ជាដើម។ ការអនុវត្តអនាម័យនិងទឹកស្អាតមិនបានត្រឹមត្រូវ គឺធ្វើឲ្យមានការរីករាលដាលជំងឺឆ្លង។ ជំងឺជាកត្តារារាំងសមត្ថភាពរាងកាយកុមារក្នុងការបឺតស្រូបយកថាមពល និងសារជាតិចិញ្ចឹមផ្សេងៗទៀត រួមទាំងធ្វើឲ្យរាងកាយចុះខ្សោយ។ ការបឺតស្រូបយកសារជាតិចិញ្ចឹមមិនបានល្អ គឺធ្វើឲ្យរាងកាយកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ ហើយនៅពេលរាងកាយខ្វះអាហារូបត្ថម្ភ វាធ្វើឲ្យកុមារមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគបន្ថែមទៀត និងកង្វះអាហារូបត្ថម្ភជាបន្តបន្ទាប់។ យោងតាមលទ្ធផលនៃការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា បង្ហាញថា អត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់កុមារអាយុ ០-៦ខែបានធ្លាក់ចុះពី ៧៤%នៅឆ្នាំ២០១០ មកត្រឹមតែ៦៥%ប៉ុណ្ណោះនៅឆ្នាំ២០១៤ ។ ក្រៅពីនេះ ទារកអាយុពី៦ដល់១១ខែមានត្រឹមតែ២០%ប៉ុណ្ណោះដែលទទួលបានអាហារបន្ថែមសមស្រប។ លោក ហ៊ូ ក្រើន បន្តទៀតថា បញ្ហាកង្វះអាហារូបត្ថម្ភនេះផ្តល់នូវផលវិបាកជាច្រើនចំពោះកុមារផ្ទាល់ គ្រួសារ និងសង្គមជាតិ ទាំងមូល។ ចំពោះកុមារ ការមិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់ធ្វើឲ្យការលូតលាស់របស់ពួកគាត់មិនបានពេញលេញ (ក្រិសក្រិន)​ និងសតិបញ្ញាស្មារតីមិនវាងវៃ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការសិក្សា ឯសុខភាពវិញ ក៏មិនសូវជារឹងមាំងាយឆ្លងជំងឺផ្សេងៗថែមទៀត។ ចំពោះគ្រួសារវិញ ត្រូវខាតបង់ប្រាក់កាស ធនធាន និងពេលវេលាក្នុងការថែទាំសុខភាពរបស់កូន។ រីឯសង្គមជាតិវិញ ត្រូវខាតបង់ធនធានមនុស្សដែលជាកម្លាំងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងខាតបង់ថវិកាជាតិលើសេវាសុខាភិបាលជាដើម។ ជាឧទាហរណ៍ជាក់ស្តែង ប្រទេសកម្ពុជាបានខាតបង់ប្រមា ណ ២៥០លានដុល្លាក្នុង១ឆ្នាំ ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភ ។ បញ្ហាទាំងនេះក៏មិនមែនគ្មានវិធីដោះស្រាយដែរ ។ បច្ចុប្បន្នអង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA Cambodia) បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីអាហារូបត្ថម្ភនៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា ។ សមាជិកអង្គការសម្ព័ន្ធជាតួអង្គសំខា ន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋានប្រព័ន្ធសុខាភិបាល និងជាធនធានសំខាន់សម្រាប់កសាងសមត្ថភាពសហគមន៍ ក្នុងការអនុវត្តកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនានា។ កិច្ចអន្តរាគមន៍ទាំងនេះរួមមាន ការលើកម្ពស់អាហារូបត្ថម្ភចំពោះមាតា ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារបន្ថែម ផលិតកម្មស្បៀង តាមគួ្រសារ អនាម័យនិងទឹកសា្អត ការផ្លាស់ប្តូរឥរិយាបថស្តីពីអាហារូបត្ថម្ភ និងអនាម័យ សកម្មភាពប្រឹក្សាយោបល់ ការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារ ការព្យាបាលកុមារកង្វះអាហារូបត្ថម្ភ និងការសិក្សាស្រាវជ្រាវស្តីពីអាហារូបត្ថម្ភ។ អង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជាបានរួមចំណែកជួយនិងគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើត និងផ្សព្វផ្សាយឯកសារស្តីពីតួនាទីភារកិច្ច និងការទទួលខុសត្រូវ និងគោលការណ៍ណែនាំស្តីពីការពង្រឹងការអនុវត្តអនុក្រិត្យលេខ១៣៣ (ស្តីពីការឃោសនាផ្សព្វផ្សាយផលិតផល ចិញ្ចឹមទារក&កុមារ ដូចជាម្សៅទឹកដោះជាដើម...)។ អង្គការសម្ព័ន្ធបន្តការគាំទ្រ និងជួយដល់ក្រសួងពាក់ព័ន្ធនានា ដើម្បីបន្តពងឹ្រងការអនុវត្តអនុក្រិត្យលេខ ១៣៣ ឲ្យមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើនេះក៏បានចូលរួមជាមួយអង្គការយូនី-សេហ្វ និងអង្គការសុខភាពពិភពលោកក្នុងការផលិត និងចែកចាយឯកសារសងេ្ខបសី្តពីខឹ្លមសារអនុកិ្រត្យលេខ១៣៣ដល់អ្នកធ្វើការសម្រេចចិត្តបុគ្គលិកតាមគ្រឹះស្ថានសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។ អង្គការសម្ព័ន្ធសង្គមស៊ីវិលបានខិតខំធ្វើកា រយ៉ាងច្រើនក្នុងកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិដើម្បីគាំទ្រសហគមន៍ធ្វើឲ្យប្រសើរឡើងដល់ការអនុវត្តអាហារូបត្ថម្ភ។ ដើម្បីអាចធ្វើដូច្នោះបាន អង្គការសម្ព័ន្ធតែងតែធ្វើឲ្យប្រាកដថាគម្រោង និងកម្មវិធីនានារបស់សមាជិកខ្លួន អនុវត្តស្របតាមយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ 2014-2018 និងផែនទីបង្ហាញផ្លូវអាហារូបត្ថម្ភឃជាតិ 2014-2020។ លើលពីនេះទៅទៀត អង្គការសម្ព័ន្ធបានសហការយ៉ាងទៀងទាត់ជាមួយបណ្តាញដទៃទៀត (រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងវិស័យឯកជន) ដើម្បីសម្របសម្រួល និងធ្វើការក្រោមទិសដៅរួម ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភនៅគ្រប់កម្រិតក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍកសិកម្ម និងជនបទ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ពន្ធ័ធ្វើឲ្យអត្រាកង្វះអាហារូបត្ថម្ភបានធ្លាក់ចុះពី៤០%នៅឆ្នាំ២០១០ មកត្រឹម៣២%ក្នុងឆ្នាំ២០១៦។ យ៉ាងណាមិញ ចំនួននៃការធ្លាក់ចុះនេះ នៅមានកម្រិតនៅឡើយ ដូចនេះហើយ ទាំងរាជរដ្ឋាភិបាលកម្ពុជា ដៃគូពាក់ព័ន្ធ និងសហគមន៍ត្រូវសហការបន្ថែមទៀតលើបញ្ហានេះ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយអាហារូបត្ថម្ភ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរជាងនេះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top