- Mar 15, 2019 |
- 5 years ago |
- 3.1K views
ការពារពីការបង្ករោគនៅតម្រងនោមពិសេសស្ត្រីមានផ្ទៃពោះ
ការបង្ករោគនៅតម្រងនោម ជាការរលាកដែលបណ្តាលមកពីមេរោគនៅបំពង់បង្ហួរនោម ដែលជាទូទៅស្ត្រីមានផ្ទៃពោះអាចប្រឈមកាន់តែខ្លាំងឡើងចន្លោះសប្តាហ៍ទី៦ និងសប្តាហ៍ទី២៤។ ការកើនឡើងនូវភាពប្រឈមនេះមួយផ្នែកដោយសារការផ្លាស់ប្តូររូបរាងតម្រងនោម ព្រោះស្បូនរបស់ស្ត្រីចាប់ផ្តើមរីកធំ ហើយធ្ងន់ប៉ះលើប្លោកនោម កាត់បន្ថយលំហូរទឹកនោម ជាហេតុបណ្តាលឲ្យមានការបង្ករោគ។ ក្នុងករណីម្តាយមានការបង្ករោគនៅតម្រងនោម នោះទារកអាចប្រឈមនឹងការកើតមិនគ្រប់ខែ ឬមិនគ្រប់ទម្ងន់ រីឯម្តាយមានការពិបាកក្នុងការព្យាបាលដោយសារការប្រើប្រាស់ថ្នាំក្នុងរយៈពេលមានផ្ទៃពោះមានកម្រិត ហើយប្រសិនបើម្តាយធ្វើការការពារបានត្រឹមត្រូវ នោះការបង្កគ្រោះថ្នាក់ដល់ទារកនឹងត្រូវបានកាត់បន្ថយ។ ដូច្នេះ គន្លឹះមួយចំនួនខាងក្រោមនឹងជួយឲ្យអនាគតអ្នកម្តាយជំនាន់ថ្មី ឬអ្នកម្តាយគ្រប់រូប អាចកាត់បន្ថយនូវហានិភ័យ ក៏ដូចជាការពារខ្លួនពីការបង្ករោគទាំងនោះ៖ • ពិសាទឹក ៦ទៅ៨កែវក្នុងមួយថ្ងៃ ប្រសិនបើអាចអ្នកគួរពិសា បន្ថែមនូវទឹកក្រែនបឺរីច្របាច់ស្រស់ដែលមិនដាក់ស្ករឲ្យបានជាប្រចាំ • ទទួលទានវីតាមីន C (២៥០ ទៅ៥០០មីលីក្រាម) បេតាការូទែន (២៥០០០ ទៅ ៥០០០០ IU ក្នុងមួយថ្ងៃ) និងស័ង្កសី (៣០ទៅ៥០មីលីក្រាម) ដើម្បីប្រឆាំងជំងឺ • មុនពេលប្រើប្រាស់បន្ទប់ទឹកសាធារណៈ អ្នកគួរសម្អាតជាមួយផលិតផលសម្លាប់មេរោគនៅចានបង្គន់ និងកម្រាលឥដ្ឋជុំវិញបង្គន់ជាមុនសិនដែលអាចមានជាស្ព្រៃយ៍បាញ់ ឬក្រដាសសើមសម្លាប់មេរោគជាដើម • បង្កើតទម្លាប់បត់ជើងតូចភ្លាមៗ រាល់ពេលឈឺបត់ជើង និងបត់ជើងឲ្យអស់ • ត្រូវបត់ជើងតូចរាល់មុនពេល និងក្រោយពេលរួមភេទ • បន្ទាប់ពីបត់ជើងតូច ត្រូវជូតដោយក្រដាសសើមថ្នមៗឲ្យស្អាត និងស្ងួត តែត្រូវប្រាកដថាជូតពីមុខទៅក្រោយ • ឧស្សាហ៍ផ្លាស់ប្តូរខោទ្រនាប់ជាប្រចាំ ហាមស្លៀកខោរឹប និងតឹងពេក • កុំត្រាំក្នុងអាងហែលទឹកច្រើនជាង៣០នាទី ឬ២ដងក្នុងមួយថ្ងៃ • ចៀសវាងការបរិភោគអាហារកំប៉ុង ស្រា បារី កាហ្វេ • មិនត្រូវប្រើប្រាស់សាប៊ូដែលកាត់ខ្លាំង សាប៊ូដុសខ្លួន ក្រែមប្រឆាំងមេរោគត្រង់តំបន់ផ្លូវទឹកនោម។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរប្រញាប់ជួបជាមួយគ្រូពេទ្យ និងធ្វើការព្យាបាលឲ្យបានលឿនបំផុត ប្រសិនបើអ្នកនៅតែមានឱកាសឆ្លងមេរោគនៅត្រង់ប្លោកនោម ដែលអ្នកអាចដឹងបានតាមរយៈសញ្ញាមួយចំនួនខាងក្រោម៖ • ឈឺចាប់រាល់ពេលបត់ជើង • បត់ជើងតូចញឹកញាប់ជាងមុន និង/ឬមានអារម្មណ៍ថាមិនអស់ • មានអារម្មណ៍ថាចង់បត់ជើងតូចភ្លាមៗរាល់ពេលឈឺបត់ជើង • មានឈាម ឬខ្ទុះក្នុងទឹកនោម • ឈឺចាប់ត្រង់តំបន់ពោះផ្នែកខាងក្រោម • ឈឺចាប់រាល់ពេលធ្វើការរួមភេទ • គ្រុនញាក់ ក្តៅខ្លួន បែកញើស ចង្អោរ ក្អួត • បរិមាណទឹកនោមខុសធម្មតា អាចតិច ឬច្រើនជាងមុន • ទឹកនោមមានសភាពល្អក់ មានក្លិនអាក្រក់ ឬក្លិនឆ្អេះជាងមុន • មានអារម្មណ៍ឈឺ តឹង និងធ្ងន់ត្រង់តំបន់ប្លោកនោម។ “ការពារប្រសើរជាងព្យាបាល” ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share