Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក និងអង្កេតប្រជាសាស្ត្រ ជំងឺកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជាមានការធ្លាក់ចុះជាងពីមុន តែចំនួននៃកុមារមានបញ្ហានេះ នៅតែត្រូវបានគេចាត់ទុកថានៅខ្ពស់នៅឡើយ ដោយជាមធ្យម ក្មេងដែលត្រូវសម្រាកនៅពេទ្យកុមារជាតិដោយសារជំងឺ Marasmus និង Kwashiorkor មានប្រមាណពី៨០​ ដល់១០០នាក់ក្នុងមួយឆ្នាំ។ បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងមាន ការកើនឡើងក៏ដោយ តែមាតាកម្ពុជាយើងនៅខ្វះខាតចំណេះដឹងក្នុងការចិញ្ចឹមបីបាច់កូនឲ្យបានត្រឹមត្រូវ មាតាខ្លះមិនបានបំបៅដោះកូនដោយទឹកដោះម្តាយ និងពុំបានផ្តល់អាហារបន្ថែមឲ្យបានគ្រប់គ្រាន់ ចាប់ពីកូនមានអាយុ៦ខែឡើងទៅ។   ជំងឺ Marasmus  Marasmus គឺជាជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរដែលបណ្តាលមកពីខ្វះថាមពលសឹងតែគ្រប់មុខ ធ្វើឲ្យទម្ងន់របស់គាត់តិចជាង៦០%នៃទម្ងន់រំពឹងទុកធម្មតា ធៀបទៅនឹងអាយុ៖ • ទម្ងន់/អាយុ < -2 DS ជា Marasmus កម្រិតល្មម • ទម្ងន់/អាយុ < -3 DS ជា Marasmus ធ្ងន់ធ្ងរ។ Marasmus កើតឡើងពីកង្វះថាមពលធ្ងន់ធ្ងរស្ទើរគ្រប់ប្រភេទប្រភពថាមពល (ប្រូតេអ៊ីន លីពីត​ ជាតិស្ករ)។ ការខ្វះប្រភពថាមពលទាំងនេះ បណ្តាលមកពី៖ • ការបង្ករោគដោយវីរុស បាក់តេរី ឬប៉ារ៉ាស៊ីត ដែលធ្វើឲ្យកុមារញ៉ាំអាហារបានតិចជាងធម្មតា • ជំងឺរាករ៉ាំរ៉ៃ ដូចជាជំងឺរាកមួល ឬមានព្រូន ឬដង្កូវនៅក្នុងពោះ ដែលធ្វើឲ្យកុមារញ៉ាំតិច បាត់បង់អាហារទៅឲ្យពពួកព្រូន ឬពោះវៀនស្រូបមិនបានល្អ។   ក្មេងដែលមានជំងឺ Marasmus មានរូបរាងស្គមស្គាំងខ្លាំង ឃើញតែឆ្អឹង បាត់សាច់ដុំ និងខ្លាញ់ ជាពិសេសសាច់ដុំដើមដៃនិងសាច់ដុំគូថ សាច់ត្រជាក់ខ្លាំង តែអាចក្តៅខ្លួន ប្រសិនបើមានការបង្ករោគដោយពពួកមេរោគ បាត់បង់ជាតិទឹក និងស្លេកស្លាំង។ មានសញ្ញាទាក់ទងនឹងភ្នែក ដែលកើតឡើងដោយសារ តែខ្វះវីតាមីនអា។ ករណីធ្ងន់ធ្ងរ កុមារអាចនឹងឈានដល់ Shock (សម្ពាធឈាមធ្លាក់ចុះ ជីពចរខ្សោយ បេះដូងដើរញាប់) ពោះឡើងប៉ោង ដែលសញ្ញាទាំងនេះ អាចប៉ះពាល់ដល់អាយុជីវិតរបស់កុមារ។   ដើម្បីធ្វើរោគវិនិច្ឆ័យលើជំងឺ Marasmus មានដូចជា៖ • ដំបូងបំផុតគឺសាកសួរពីប្រវត្តិរបស់អ្នកជំងឺ លើរបៀបនៃការចិញ្ចឹមកូន និងរបៀបហូបចុករបស់គាត់ ដូចជាមិនបានបំបៅដោះកូន ឬបំបៅក្នុងរយៈពេលខ្លី ផ្តល់អាហារមិនមានសាច់ មិនមានជីជាតិគ្រប់គ្រាន់ ដូចជាបបរស ឬឲ្យកូនញ៉ាំតិចតួចពេក។ • ការពិនិត្យមើលការលេចឡើងនូវរោគសញ្ញាស្គមស្គាំងខ្លាំង ឃើញតែឆ្អឹង ដូចទៅនឹងរោគសញ្ញាដែលបានរៀបរាប់ខាងលើ។ • ក្រៅពីនេះ គ្រូពេទ្យនឹងធ្វើផលធៀបរវាងទម្ងន់ និងអាយុរបស់ក្មេង។ បើផលធៀបនេះ ទាបជាងឬស្មើនឹង -2DS ជាបញ្ហា Marasmus កម្រិតល្មម តែបើផលធៀបនេះ ទាបជាងឬស្មើ -3DS នោះជា Marasmus ធ្ងន់ធ្ងរ។   ជំងឺ Kwashiorkor Kwashiorkor ជាទម្រង់ធ្ងន់ធ្ងរនៃជំងឺកង្វះអាហារូបត្ថម្ភ ដែលខ្វះតែជាតិប្រូតេអ៊ីនតែមួយប្រភេទប៉ុណ្ណោះ។ នេះដោយសារតែទារកត្រូវម្តាយផ្តាច់ ដោះ ហើយមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់​ និងតាមធម្មតា ទារកត្រូវបានផ្តល់ឲ្យបៅទឹកស្ករ ឬទឹកដោះគោខាប់ជំនួស ដែលអាហារប្រភេទនេះ​ សម្បូរតែជាតិកាបូអ៊ីដ្រាត មិនមានជាតិប្រូតេអ៊ីន។   Kwashiorkor ជាភាសារបស់ Ghana មានន័យថា ជាជំងឺកើតលើកុមារបន្ទាប់ពីម្តាយមានផ្ទៃពោះកូនម្នាក់ទៀត ហើយត្រូវម្តាយផ្តាច់ដោះ និងមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់ ដោយឲ្យបៅត្រឹមតែទឹកស្ករ ឬទឹកដោះគោខាប់។ Kwashiorkor មានលក្ខណៈខុសគ្នាពី Marasmus ត្រង់ថា កុមារដែលមាន Kwashiorkor ដំបូងឡើយមានការលូតលាស់ល្អធម្មតា តែត្រូវបានធ្លាក់ចុះការលូតលាស់ ដោយសារតែ ម្តាយមានផ្ទៃពោះកូនមួយទៀត ហើយមិនបានយកចិត្តទុកដាក់ចំពោះកូនបង។ ក្មេងដែលមានជំងឺ Kwashiorkor មានរូបរាងស្គម ចេញឆ្អឹងជំនី មានហើមនៅដៃ និងជើង ពោះប៉ោងថ្លើមរីកធំ សក់ស្តើង ស្បែកមានសភាពមិនធម្មតាដូចជារបក និងរលាក ញ៉ាំបានតិច ឡេសឡាស មួម៉ៅ មិនរួសរាយ។   ការធ្វើរោគវិនិច្ឆ័យជំងឺ Kwashiorkor នឹងធ្វើឡើងដូចជា៖ • ដំបូងបំផុត គ្រូពេទ្យនឹងសួររកប្រវត្តិចិញ្ចឹមក្មេង៖ អ្នកជំងឺមានការលូតលាស់ធម្មតាដូចក្មេងដទៃ តែតាំងពីម្តាយមានផ្ទៃពោះកូនបន្ទាប់ គាត់បាត់ ការយកចិត្តទុកដាក់ពីម្តាយ ទាំងការឲ្យអាហារមិនគ្រប់គ្រាន់ ត្រឹមតែទឹកស្ករ ឬទឹកដោះគោខាប់។ • បន្ទាប់មក គ្រូពេទ្យនឹងពិនិត្យរោគសញ្ញាគ្លីនិកលើខ្លួនកុមារដូចជា ស្គមស្គាំង ហើមដៃជើង និងពោះប៉ោង ព្រមទាំងពិនិត្យលើផលធៀបទម្ងន់ និងអាយុ របស់កុមារនោះ។ បើផលធៀបនេះទាបជាងឬស្មើនឹង -2DS ជា Kwashiorkor កម្រិតល្មម តែបើផលធៀបនេះ ទាបជាង ឬស្មើ -3DS នោះជា Kwashiorkor ធ្ងន់ធ្ងរ។   ការព្យាបាល Marasmus និង Kwashiorkor បើទោះជំងឺទាំងពីរនេះ កើតឡើងដោយសារមូលហេតុផ្សេងគ្នាក៏ដោយ ការព្យាបាលជំងឺទាំងពីរនេះគឺធ្វើឡើងក្នុងលក្ខណៈដូចគ្នា ប៉ុន្តែទៅតាមទម្រង់នៃជំងឺ៖ • ករណីទម្រង់ស្រាល៖ ណែនាំម្តាយពីការចិញ្ចឹមទារក ដោយឲ្យបំបៅកូននឹងទឹកដោះឲ្យបានច្រើន។ ករណីកូនមានអាយុច្រើនជាង៦ខែ ត្រូវបន្ថែម អាហារបំប៉នចម្រុះ ដូចជាបន្លែ ផ្លែឈើ និងសាច់ឲ្យបានគ្រប់គ្រាន់។ • ករណីទម្រង់ធ្ងន់ធ្ងរ៖ ត្រូវឲ្យកុមារសម្រាកពេទ្យ និងធ្វើការព្យាបាលកង្វះអាហារូបត្ថម្ភដោយផ្តល់អាហារពិសេស (F75, F100) និងការព្យាបាលផលវិបាក ដូចជា ការបង្ករោគ បាត់បង់ជាតិទឹក ឬខ្វះវីតាមីនអាជាដើម។   បើទោះបីជា Marasmus និង Kwashiorkor ស្ថិតក្នុងទម្រង់កង្វះអាហារូបត្ថម្ភដូចគ្នាក៏ដោយ តែKwashiorkor មានលក្ខណៈ ធ្ងន់ធ្ងរជាង។ ការផ្តល់អាហារឲ្យកុមារ ត្រូវធ្វើឡើងបន្តិចម្តងៗ ព្រោះកុមារមិនអាចទទួលយកអាហារច្រើនភ្លាមៗបានទេ។   ក្រៅពីនេះ គ្រូពេទ្យនឹងអនុវត្តគោលការណ៍ទាំង១០ របស់អង្គការសុខភាពពិភពលោក គឺព្យាបាលលើ៖ ១.  ការខ្វះជាតិស្ករ ២.  កម្តៅត្រជាក់ខ្លាំង ៣.  ការបាត់បង់ជាតិទឹក ៤.   ការខ្វះអេឡិចត្រូលីត ៥.   ការបង្ករោគ ៦.   ការខ្វះអាហារូបត្ថម្ភ ៧.   ការប្រុងប្រយ័ត្នលើការផ្តល់អាហារ ៨.   ការតាមដាន ៩.   ការជម្រុញការលូតលាស់ផ្នែកផ្លូវចិត្ត ១០. ការតាមដានការវិវឌ្ឍរបស់កុមារ។   វិធីបង្ការ Marasmus និង Kwashiorkor​ មាតាគ្រប់រូបគួរបំបៅកូន ដោយទឹកដោះតែមួយមុខគត់ ហើយនៅពេលដែលកូនបានអាយុ៦ខែ មាតាត្រូវបន្ថែមអាហារចម្រុះ ដូចជា សាច់ ស៊ុត បន្លែ គឺបបរខាប់គ្រប់គ្រឿង មិនមែនបបរស ឬបាយស្រូបទឹកសម្លនោះទេ។ ឯការបំបៅដោះ ត្រូវបន្តបំបៅ ឲ្យបានយូរ អាចរហូតដល់កូនអាយុ២ឆ្នាំ។ បើទោះជាមាតាត្រូវទៅធ្វើការនៅក្រៅផ្ទះ គួរច្របាច់ទឹកដោះទុកឲ្យកូនបៅ ព្រោះទឹកដោះម្តាយ ជាអាហារដែលល្អបំផុត សម្រាប់កូន ឯការបំបៅទឹកដោះគោ គឺធ្វើឡើងប្រសិនបើ មាតាមានបញ្ហាសុខភាព ឬលក្ខខណ្ឌណាមួយ មិនអាចបំបៅដោះកូនបាន ហើយការបំបៅទឹកដោះគោ មាតាត្រូវចេះពីរបៀបឆុង ជ្រើសរើសទឹកដាំពុះ និងអនាម័យដបទឹកដោះគោផងដែរ។  ក្រៅពីនេះ មាតាគ្រប់រូបត្រូវនាំកូនទៅទទួលយកវ៉ាក់សាំងការពារជំងឺ ឲ្យបានគ្រប់មុខ ដើម្បីចៀសវាងពីការឆ្លងជំងឺផ្សេងៗដែលអាចបង្ការបាន។ អត្ថបទដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ីនៃមន្ទីរពេទ្យកុមារជាតិ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

Isoflavones ជាសារធាតុចម្រាញ់ចេញពីធម្មជាតិដែលមានប្រភពមកពីបន្លែ ជាពិសេសគឺ«សណ្តែកសៀង» បានក្លាយជារបបអាហារដែលមាននូវពពួកជីវសកម្ម (bioactive) ហើយសព្វថ្ងៃ វាកំពុងត្រូវបានប្រើប្រាស់ជំនួសនូវការព្យាបាលដោយអ័រម៉ូនអាស្រ័យនឹងស្ថានភាពនៃជំងឺមួយចំនួនរួមមានដូចជា ៖ •រោគសញ្ញាក្រោយពេលអស់រដូវ  •ជំងឺពុកឆ្អឹង  •បញ្ហាសុខភាពសរសៃឈាមបេះដូង •ជំងឺទឹកនោមផ្អែម •ជំងឺមហារីក  •សុខភាពស្បែក។ វាមានសកម្មភាពជាអ្នកជម្រុញឥទ្ធិពលរបស់អ័រម៉ូន estrogen  និងជាអ្នករារាំងឥទ្ធិពលរបស់ estrogen ផងដែរ។   សកម្មភាពប្រឆាំងនឹង estrogen របស់វាចំពោះកោសិកាបន្តពូជ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកដែលកើតមានឡើងដោយជាប់ទាក់ទងនឹងអ័រម៉ូន (រួមមានមហារីកសុដន់ មហារីកស្បូន មហារីកស្រទាប់ស្បូន ឬអង់ដូម៉ែត និងមហារីកប្រូស្តាត) ខណៈពេលដែលសកម្មភាពដូចនឹងអ័រម៉ូន estrogen របស់វាចំពោះជាលិកាដទៃទៀត អាចជួយរក្សាលំនឹងនៃដង់ស៊ីតេសារធាតុរ៉ែក្នុងឆ្អឹង និងជួយឲ្យកម្រិតនៃសារធាតុខ្លាញ់ក្នុងឈាមមានលក្ខណៈល្អប្រសើរ។ បកស្រាយដោយ ៖ លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព  និងរោគស្រ្តីនៃគ្លីនិកលុច្ស ស្វែងយល់ពីបន្ថែម ការព្យាបាលដោយធម្មជាតិដ៏អសា្ចរ្យាពីសណ្តែកសៀង © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

+ ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និង ផ្នែកអារម្មណ៍ផងដែរ ។ + ជម្ងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកត្តា និង មូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និង ពិនិត្យរុករកឫសគុលដែលបង្ករអោយមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជា ការឆ្លុះក្រពះ, ការធ្វើអេកូពោះ, ការធ្វើតេសឈាម ជាដើម ......។ + មូលហេតុដែលអាចបង្កអោយមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា:  - ជម្ងឺដុំសាច់ដុះនៅក្នុងពោះវៀនធំ (ជាពិសេសជម្ងឺមហារីកពោះវៀនធំ)  - ជម្ងឺខ្សោយពោះវៀនធំ (Irritable bowel syndrome)  - ជម្ងឺខ្សោយក្រពេញមេអំបៅ នៅបំពុងក (Hypothyroidism)  - ជម្ងឺរលាកពោះវៀនធំរាំរៃ  - គេប្រើប្រាស់ថ្នាំពេទ្យមួយចំនួន (Morphine or Amitriptyline.....)  - និង មានជំងឺប្រចាំរាងកាយផ្សេងៗទៀត ដូចជា ទឹកនោមផ្អែម, Stroke, Sclerodermie និង ជម្ងឺដែលបណ្តាលអោយខូច ឫ ខ្សោយនៃប្រពន្ធ័បញ្ជារបស់ចលនារបស់ពោះវៀនធំ ។ល។ + កត្តាដែលរួមផ្សំផ្សេងៗក៏មានដូចជា :  - ការគិតច្រើន ឬ Stress និង ពិបាកចិត្តច្រើន សំពាធការងារ និង ការរស់នៅប្រចាំថ្ងៃ  - ការបរិភោគអាហារមិនបានត្រឹមត្រូវ (ខ្វះជាតិសរសៃរ Fiber និង ការហូបទឹកមិនបានគ្រប់គ្រាន់ ......)  - មិនបានធ្វើលំហាត់ប្រាណបានគ្រប់គ្រាន់ .....។ + ផលវិបាកនៃជម្ងឺទល់លាមក :  - អាចបង្កទៅជាជម្ងឺឫសដូងបាទ ដែលអាចបង្កអោយមានការឈឺចុកចាប់ ឆ្លាក់ឈាម...  - អាចអោយមានការដាច់រហែកភ្នាសរបស់បាទ និង បង្កជាការធ្លាក់ឈាម និង មានការឈឺចាប់ពេលបន្ទោរបង់  - បើសិនជាមានការទល់លាមកនេះមានការរាំរ៉ៃយូរវាក៏អាចបណ្តាលអោយទៅជាបញ្ហាខ្សោយពោះវៀនធំ និង ជាការប្រឈមមុខទៅនឹងជម្ងឺមហារីកពោះវៀនធំផងដែរ ។ ជាការផ្ដាំផ្ញើរចុងក្រោយនេះ គឺយើងទាំងអស់គ្នាអាចជៀសវាង និង កាត់បន្ថយបញ្ហាមួយនេះបានដោយការកែប្រែរបៀបរស់នៅប្រចាំថ្ងៃ (កាត់បន្ថយការ Stress និង គិតពិបាកចិត្តច្រើន, របបអាហារត្រឹមត្រូវ និង ធ្វើលំហាត់ប្រាណបានទៀតទាត់ .......) ។ ក្នុងករណីធ្ងន់ធ្ងរដូចជា ការទល់លាមកលើសពី 2 ថ្ងៃឡើងទៅ, មានការស្រកចុះទម្ងន់លឿន និង ខុសពីធម្មតា, មានការស្លេកស្លាំង, មានការធ្លាក់ឈាមពេលបន្ទោរបង់ និង មានការឈឺចុកចាប់ក្នុងពោះរាំរ៉ៃ ។ល។ ដូចនេះបើសិនជាមានបញ្ហារទាំងអស់ដូចបានរាបរាប់ខាងលើ ជាចំបាច់គឺត្រូវតែមកធ្វើការ ពិគ្រោះ និង ពិនិត្យ​ជាមួយ​វេជ្ជ​បណ្ឌិតឯកទេសជំនាញ គឺជាការល្អ និង ដើម្បីបង្ការសភាពធ្ងន់ធ្ងរ និង គ្រោះថ្នាក់ដល់អាយុជីវិតយើងបាន ។ ជាពិសេសគឺសំខាន់បំផុតសំរាប់អ្នកជម្ងឺមានវយ័ចាស់ អាយុលើសពី 45ឆ្នាំ ឡើងទៅ ។ គ្លីនិក អេគីប ឯកទេសជម្ងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត អាស័យដ្ធាន​​​៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់​​ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ យើងខ្ញុំ និងរង់ចាំទទួលស្វាគមន៍ និង ព្យាបាលពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងរួសរាយរាក់ទាក់​​ ។ ទំនាក់ទំនងមកកាន់យើងខ្ញុំសំរាប់ពត៌មានបន្ថែម : Tel : 066/ 070/ 017- 553317 សូមអគុណ

Share

ក្នុងពេលមានផ្ទៃពោះ ស្ត្រីទទួលរងនូវបម្រែបម្រួលជាច្រើន ចាប់តាំងពីកូនចាប់បដិសន្ធិ រហូតដល់កូនចាប់កំណើត។ ពេលចាប់បដិសន្ធិ ម្តាយមានអាការៈ ចាញ់កូន ដែលធ្វើឲ្យពួកគាត់ត្រូវក្អួតចង្អោរ ហើយពេលខ្លះ មិនអាចញ៉ាំអាហារទៀតផង។ ប៉ុន្តែ វាមិនត្រឹមតែបែបនេះទេ មាតាត្រូវឡើងទម្ងន់ខ្លួនដោយសារតែ ទារកចេះតែលូតលាស់ធំទៅៗ ដែលនេះធ្វើឲ្យស្រ្តីជួបប្រទះនឹងបញ្ហាជាច្រើនដូចខាងក្រោមនេះ៖ ឈឺចង្កេះ រូបភាពដែលយើងតែងតែមើលឃើញចំពោះស្រ្តីមានផ្ទៃពោះ គឺការដាក់ដៃនៅពីក្រោយខ្នង តប់តិចៗដើម្បីកាត់បន្ថយការឈឺចាប់។ ដោយសារតែការកើនឡើង នៃសម្ពាធនៅលើឆ្អឹងខ្នងពីការឡើងទម្ងន់ក្នុងពេលមានផ្ទៃពោះ និងទីតាំងរបស់ទារក ធ្វើឲ្យស្ត្រីមានអារម្មណ៍ថាមិនសុខស្រួល។ ការឈឺចាប់ អាចនឹងកាន់តែខ្លាំង ដោយសារតែការសង្កត់កាន់តែខ្លាំង ព្រោះទារកចេះតែបន្តលូតលាស់។ ម្យ៉ាងទៀត ការគេងមិនគ្រប់គ្រាន់ក្នុងពេលនេះធ្វើឲ្យស្ថានភាពរបស់អ្នកកាន់តែអាក្រក់។   ជំងឺស្ពឹកស្រពន់ ផលរំខាននៃការមានផ្ទៃពោះ គឺការហើមដៃជើង និងជាលិកាទន់ក្នុងខ្លួន។ ការកើនឡើងនូវសារធាតុរាវក្នុងកដៃអាចបណ្តាលឲ្យឈឺ ឬស្ពឹកស្រពន់។ បញ្ហានេះ ត្រូវបានគេស្គាល់ថា ជាជំងឺស្ពឹកស្រពន់ អាចជាជំងឺតពូជ និងការរើឡើងវិញពេលមានផ្ទៃពោះលើកក្រោយ។ ការប៉ះទង្គិច ស្ថានភាពដ៏គួរឲ្យខ្លាចសម្រាប់ស្រ្តីមានផ្ទៃពោះ គឺបណ្តាលមកពីការប្រែប្រួលទីប្រជុំទម្ងន់របស់ដងខ្លួន ហើយការបាត់បង់នូវការសម្របសម្រួលដំណើរការរាងកាយ ដោយសារទារកនៅតែបន្តលូតលាស់។ កត្តានេះផ្តល់ការប្រឈមខ្ពស់ទៅនឹងការដួល អាចធ្វើឲ្យបាក់ គ្រេច និងរបួស ដែលនេះត្រូវការការយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យឯកទេសឆ្អឹង និងសន្លាក់ និងគ្រូពេទ្យសម្ភព។   បញ្ហាជើង រាល់ការឡើងទម្ងន់លើរាងកាយ គឺជាការបង្កើនសម្ពាធទៅលើសន្លាក់ រួមបញ្ចូលទាំងជើងផងដែរ។ សម្ពាធនេះ រួមជាមួយនឹងការឡើងហើម អាចបណ្តាលឲ្យសន្លាក់កជើង និងបាតជើង រួមនឹងសរសៃពួនៅជើង​ រលាក ហើយឈឺ។ ប្រសិនបើអ្នកមានការសង្ស័យថា​ មានបញ្ហាទាំងនេះ អ្នកត្រូវប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសឆ្អឹង និងសន្លាក់ឲ្យបានឆាប់តាមដែលអាចធ្វើបាន។ តាមរយៈការធ្វើលំហាត់ប្រាណតិចៗ ដូចជា យោគៈ អាចជួយអ្នកបន្ថយការឈឺសន្លាក់ និងភាពមិនសុខស្រួលក្នុងពេលមានផ្ទៃពោះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

មានការផ្លាស់ប្តូរជាច្រើន អំឡុងពេលអ្នកមានផ្ទៃពោះ ដែលជាហេតុធ្វើឲ្យអ្នកគិតថា វាជារឿងធម្មតារបស់មនុស្សស្រី ប៉ុន្តែ អ្នកគួរប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់តាមដានសុខភាពជាប្រចាំ ពីព្រោះពេលខ្លះ បម្រែបម្រួលមួយចំនួន គឺជារឿងគ្រោះថ្នាក់ ហើយវាអាចច្រឡំទៅនឹងសញ្ញាធម្មតាៗ នៃការមានផ្ទៃពោះបាន។ វាជារឿងចាំបាច់ណាស់ ដែលអ្នកត្រូវតែអាន និងសិក្សាបន្ថែម អំពីការមានផ្ទៃពោះរបស់អ្នក ដើម្បីដឹងថា ពេលណាជាសញ្ញាធម្មតា ហើយពេលណាជាសញ្ញាព្រមាន ដែលអ្នកគួរយកចិត្តទុកដាក់។   ប្រសិនបើអ្នកមានសញ្ញាខាងក្រោមនេះ អ្នកគួរតែទាក់ទង ឬពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកភា្លម ដើម្បីប្រាកដថា អ្នក និងកូនក្នុងផ្ទៃ មានសុខភាពល្អ៖   ១-  ចេះតែចុកក្នុងពោះ ហើយអាចមានលាយគ្នានឹងការក្អួតចង្អោរ ២-  ឈឺពោះផ្នែកខាងក្រោម (អាចមានលាយគ្នានឹងការធ្លាក់ឈាម) ៣- ក្តៅខ្លួនជាប់រហូត (អាចមានការឆ្លងរោគក្នុងរាងកាយ) ៤-  ពិបាកសម្លឹងមើល ឬមានបញ្ហាភ្នែក ៥-  ហើមដៃ ហើមជើង (អាចជាសញ្ញានៃជំងឺត្រៀមក្រឡាភ្លើង) ៦-  ឈឺក្បាល (អាចជារោគសញ្ញានៃជំងឺត្រៀមក្រឡាភ្លើង) ៧-  ចេះតែស្រេកទឹក ៨-  នោមញឹក នោមក្រហាយ ឬពិបាកនោម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

វិធីសាស្ត្រជាច្រើនត្រូវបានណែនាំសម្រាប់អ្នកពិបាកមានកូន ឬអ្នកកំពុងរៀបគម្រោងយកកូន ហើយក្នុងនោះអ្នកមុខជាបានឮអំពីវីតាមីនបំប៉នផងដែរ។ តើវាពិតជាមានប្រយោជន៍មែនឬទេ? ដោយសារការបង្កើតនូវរបបអាហារមាននូវគ្រប់យ៉ាង​ដែលរាងកាយត្រូវការឲ្យបានគ្រប់ពេល​អាចនឹងមានការពិបាក​ ដូចនេះហើយទើបអាហារ ឬវីតាមីនបំប៉ន ត្រូវបានណែនាំឲ្យប្រើប្រាស់ដោយអ្នកជំនាញសុខភាព ក្នុងការបំពេញនូវចន្លោះខ្វះខាត និងប្រាកដថា ស្ត្រីអាចទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ក្នុងការត្រៀមខ្លួនមានកូន ឬក៏កែខៃនូវបញ្ហាមិនមានកូនដោយសារកង្វះសារធាតុណាមួយ។   សារសំខាន់នៃសារធាតុចិញ្ចឹមចំពោះលទ្ធភាពក្នុងការមានកូន និងការមានទម្ងន់តាមការសិក្សាមួយពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Harvard ដែលបានសិក្សាលើស្ត្រីចំនួន ១៨០០០ នាក់ បានបង្ហាញអំពីការកើនឡើងនៃឱកាសក្នុងការមានកូន ចំពោះស្ត្រីដែលបានប្រើប្រាស់វីតាមីនចម្រុះ។ ជាមួយនឹង តួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យមានការបង្កកំណើតនេះ ធ្វើឲ្យកង្វះនូវសារជាតិចិញ្ចឹមអាចមានទំនាក់ទំនងនឹងបញ្ហាលើដំណើរអូវុល អតុល្យភាពអ័រម៉ូន ភាពខ្សោយ​ នៃមេជីវិត ចំនួនស្ពែមរបស់បុរសមិនគ្រប់គ្រាន់ និងបញ្ហាជាច្រើនទៀតដែលជាការរាំងស្ទះដល់ការមានកូន។ ដោយឡែក ប្រសិនសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ក៏មិនអាចធ្វើឲ្យការមានផ្ទៃពោះប្រកបដោយសុខភាពបានឡើយ បើទោះបីជាលទ្ធភាពនៃការមានកូនមិនមានបញ្ហាក៏ដោយ។ វីតាមីនចម្រុះជំនួយការបង្កកំណើត និងការមាន ផ្ទៃពោះគួរមានសមាសធាតុទាំងនេះ៖ • វីតាមីន B9 ឬអាស៊ីតហ្វូលិក (យកល្អប្រើក្រោមទម្រង់ methylated folate)៖​ ចាំបាច់បំផុតសម្រាប់ការមានផ្ទៃពោះ ដែលវាអាចជួយការពារ បញ្ហាការបិទមិនជិតនៃឆ្អឹងខ្នងរបស់ទារក (Spina fibrida) បញ្ហាបេះដូង ព្រមទាំងការលូតលាស់ផ្សេងៗផងដែរ។ គួរបញ្ជាក់ថា អាស៊ីតហ្វូលិក ត្រូវបានណែនាំឲ្យញ៉ាំមុនពេលគ្រោងយកកូនមួយខែ។ វាមានសារសំខាន់ផងដែរ សម្រាប់លទ្ធភាពនៃការមានកូន ទាំងចំពោះបុរស (ជួយរក្សាគុណភាព និងចំនួនស្ពែម) និងស្ត្រី (ការពារការរលូត)។ • វីតាមីន D៖ សម្រាប់ជួយបង្កើនអ័រម៉ូនដែលមានឥទ្ធិពលលើដំណើរអូវុល និងតុល្យភាពអ័រម៉ូន។ ការសិក្សារបស់សាកលវិទ្យាល័យ Yale បានបង្ហាញថា មានតែស្ត្រី ៧%ប៉ុណ្ណោះ នៃស្ត្រីដែលមិនមានកូន មានកម្រិតវីតាមីនដេក្នុងខ្លួនធម្មតា។ • វីតាមីន E៖ ត្រូវបានដឹងថាអាចជួយបង្កើនសុខភាពស្ពែមរបស់បុរស។ វាក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ផងដែរ ក្នុងការការពារភាពខូចខាត នៃDNA របស់ស្ពែម និងអូវុល។ • វីតាមីន C៖ ជំរុញកម្រិតអ័រម៉ូន និងបង្កើនលទ្ធភាពបង្កកំណើតចំពោះស្ត្រី។ រីឯចំពោះបុរស វាអាចបង្កើនគុណភាពស្ពែម ការពារការខូតខាតនៃ DNA និងការកកផ្តុំរបស់ស្ពែម។ • វីតាមីន B6៖ គឺជាអ្នកសម្របសម្រួលអ័រម៉ូន និងជួយអន្តរាគមនៅក្នុងបញ្ហាដែលកើតមានក្នុងវគ្គនៃវដ្តរដូវ ដែលអាចជាបញ្ហានៃការមិនមានកូន ឬការរលូតកូន។ • វីតាមីន B12៖ ជួយជំរុញការផលិតស្ពែម  បង្កើនគុណភាពរបស់វា និងជំរុញការបង្កើតជាស្រទាប់ស្បូនឲ្យសមស្របសម្រាប់ឲ្យមេជីវិតញីធ្វើការកាច់សម្បុក កាត់បន្ថយការរលូតកូនផងដែរ។ កង្វះ B12 អាចធ្វើឲ្យដំណើរអូវុលមិនទៀងទាត់ ឬឈានដល់ការបាត់ដំណើរការនេះតែម្តង។ • ជាតិដែក (Iron)៖ កង្វះជាតិដែកអាចឲ្យស្ត្រីប្រឈមនឹងការរាំងដំណើរអូវុល និងសុខភាពមេជីវិតញីខ្សោយ ដែលរាំងស្ទះដល់ការមានផ្ទៃពោះ។ តាមការសិក្សា ស្ត្រីដែលមានបញ្ហាលើដំណើរការនេះ 40%នឹងអាចមានផ្ទៃពោះវិញ ក្រោយពេលបំពេញជាតិដែកបានគ្រប់គ្រាន់។ • សេលេនីញ៉ូម (Selenium)៖ ជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយមេជីវិតញី និងឈ្មោល ពីការខូតខាតដែលនាំទៅដល់ការរលូតកូន និងកំហុសកំណលើទារក ព្រមទាំងជួយបង្កើនការផលិតស្ពែម។ • ស័ង្កសី (Zinc)៖ ជាសមាសធាតុដែលធ្វើការជាមួយអង់ស៊ីមក្នុងខ្លួនជាង 300ប្រភេទ ដើម្បីធ្វើឲ្យមុខងារនៃដំណើរការផ្សេងៗប្រព្រឹត្តិទៅបានល្អ។ កង្វះនៃសារធាតុនេះ នាំឲ្យមានអតុល្យភាពអ័រម៉ូន និងប្រព័ន្ធបន្តពូជមិនដំណើរការល្អ ហើយអាចមានទំនាក់ទំនងនឹងការរលូតកូនផងដែរ។ • អាស៊ីតខ្លាញ់អូមេហ្កាបី៖ ជួយសម្រួលវដ្តរដូវរបស់ស្ត្រីដើម្បីជំរុញការបង្កកំណើត។ អូមេហ្កាបីក៏អាចជួយឲ្យអារម្មណ៍ល្អ ព្រមទាំងបង្កើនលទ្ធភាព ក្នុងការបង្កកំណើតដូចគ្នា (ស្ត្រេសអាចជាអ្នករារាំងដល់ការមានកូន)។ វាក៏ត្រូវបានប្រើដើម្បីកាត់បន្ថយការប្រឈមនឹងការរលូតកូន ការសម្រាលមុនខែ ព្រមទាំងជួយដល់សុខភាពខួរក្បាល ភ្នែក និងប្រព័ន្ធប្រសាទរបស់ទារកផងដែរ។ មានសមាសធាតុសំខាន់ជាច្រើនទៀត ដែលមានមុខងារផ្សេងៗ ដើម្បីជាជំនួយចំពោះការលំបាកក្នុងការមានកូន ក៏ដូចជាដើម្បីរក្សាសុខភាពកូន និងម្តាយ ពេលមានផ្ទៃពោះ។ ដោយឡែក របបអាហារ និងការរស់នៅ តែងជាកត្តាពាក់ព័ន្ធនឹងលទ្ធភាពនៃការមានកូន ដែលចាំបាច់ឲ្យមានការពិគ្រោះ​ នឹងអ្នកជំនាញជានិច្ច មុនពេលសម្រេចចិត្តប្រើប្រាស់វិធីសាស្ត្រណាមួយ រួមទាំងវីតាមីនចម្រុះផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

សម្រាប់សប្តាហ៍ទី២នៃខែមិថុនា (ចាប់គិតពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែមិថុនា) នេះ សន្ទុះនៃអ្នកចូលអាន និងទស្សនាគេហទំព័រហេលស៍ថារបស់យើង ក៏ហាក់ដូចជាមានច្រើនមែនទែន ដោយហេតុថាយើងបានធ្វើការជ្រើសរើសជាពិសេសនូវប្រភេទអត្ថបទដែលជឿជាក់មិត្តអ្នកអាននឹងចាប់អារម្មណ៍ស្វែងយល់។ ក្នុងនោះផងដែរយើងក៏សង្កេតឃើញអត្ថបទចំនួន៣ ដែលមានប្រជាប្រិយភាពជាងគេ ៖ ១ បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ ថ្ងៃប្រឡងក្របខណ្ឌក្រសួងសុខាភិបាលក៏បានខិតកៀកមកដល់ដែរ ហើយក៏មានបេក្ខភាពជាច្រើន ទាំងអ្នកធ្លាប់ប្រឡង និងអ្នកមិនធ្លាប់បាន និងកំពុងត្រៀមខ្លួនសម្រាប់ការប្រឡងនាខែកក្កដាខាងមុខនេះ ហើយក៏មានរៀមច្បងមួយរូបដែលសុំមិនបញ្ជាក់ឈ្មោះបានចែករំលែកបទពិសោធន៍របស់ខ្លួន និងបានណែនាំដល់បេក្ខភាពឆ្នាំនេះថា… ២ មជ្ឈមណ្ឌលជាតិផ្នែកមហារីកដំបូងគេបង្អស់នៅកម្ពុជាជិតមានវត្តមានហើយ… ជាដំណឹងថ្មីដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ដោយយើងនឹងមានវត្តមាននៃមជ្ឈមណ្ឌលនេះជាលើកដំបូងបង្អស់ ដើម្បីត្រៀមរួមចំណែកដោះស្រាយបញ្ហា និងព្យាបាលជំងឺមហារីកនៅក្នុងប្រទេសយើងឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត… ៣ គ្រូពេទ្យខ្មែរសុទ្ធតែគ្មានបានការ! កុំអានតែចំណងជើង ហើយចុចshare…សូមអានដល់ចប់ ទើបអាចដឹងអំពីអត្ថន័យពិតនៃអត្ថបទមួយនេះ។ សង្ឃឹមថា អ្នកនឹងមិនទម្លាប់ជឿជាក់ និងសន្និដ្ឋានលើអត្ថបទដែលអ្នកបានអាន បន្ទាប់ពីគ្រាន់តែអាចចំណងជើងនោះទេ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មនុស្សគ្រប់គ្នាចៀសមិនផុតពីការឈឺថ្កាត់ ហើយត្រូវប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬអ្នកជំនាញនោះទេ។ ហេតុនេះ ដើម្បីធ្វើជាអ្នកជំងឺឆ្លាតម្នាក់ និងដើម្បីសន្សំថវិកា ព្រមទាំងពេលវេលាតើអ្នកគួរធ្វើដូចម្តេចខ្លះ មុនពេលទៅជួបគ្រូពេទ្យ?   ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនសម្រាប់ការរៀបចំខ្លួនទុក មុននឹងទៅមន្ទីរពេទ្យ៖   ១. ឯកសារសុខភាព ឬកាតពេទ្យ ប្រសិនបើអ្នកធ្លាប់មកកាន់មន្ទីរពេទ្យនេះពីមុន អ្នកគួរតែយកអត្តលេខ ឬឯកសារផ្សេងៗមកជាមួយ ដើម្បីងាយស្រួលនិងឆាប់រហ័សរកឃើញឯកសារ ពាក់ព័ន្ធរបស់អ្នក ឬអាចទទួលបានការបញ្ចុះតម្លៃផ្សេងៗផងដែរ ទៅតាមឱកាសនានា សេវាកម្ម ឬមន្ទីរពេទ្យ។    ២. ឯកសារវេជ្ជសាស្រ្ត ការថត ឬការពិនិត្យនានា ប្រសិនបើអ្នកទើបតែធ្វើការពិនិត្យឈាម ថតអេកូ ឬធ្វើតេស្តផ្សេងៗទៀត អ្នកគួរតែយកវាមកជាមួយ ដើម្បីងាយស្រួលឲ្យគ្រូពេទ្យណែនាំ និងពិនិត្យ មើលភាពខុសគ្នា ឬអាចទាញទៅរកការធ្វើរោគវិនិច្ឆ័យបន្ទាប់កាន់តែជាក់លាក់ ដែលអាចកាត់បន្ថយការចំណាយពេលវេលា ព្រមទាំងថវិកាបាន។   ៣. ថ្នាំពេទ្យ មិនថាថ្នាំមានវេជ្ជបញ្ជា ថ្នាំគ្មានវេជ្ជបញ្ជា ឬអាហារបំប៉នអ្វីនោះទេ គឺអ្នកគួរតែនាំយមកជាមួយ ដើម្បីឲ្យគ្រូពេទ្យរបស់អ្នកពិនិត្យមើលថាតើអ្នកអាចបន្ត ការញ៉ាំទៀត ឬយ៉ាងណា ចៀសវាងប្រើប្រាស់បន្តដោយខ្លួនឯង ឬបញ្ឈប់ដោយខ្លួនឯង ដែលអាចឲ្យជួបបញ្ហានៅពេលក្រោយ។    ៤. ការព្យាបាលនានាដែលអ្នកកំពុងធ្វើ ឬបានធ្វើពីមុន តើអ្នកមានចាក់ម្ជុលវិទ្យាសាស្រ្ត ព្យាបាលដោយចលនា ឬការព្យាបាលអ្វីផ្សេងទៀតដែរឬទេ? តើអ្នកមានប្រើថ្នាំជំនួយ ឬអាហារបំប៉នណាមួយដែរឬទេ? អ្នកត្រូវជម្រាបគ្រូពេទ្យនូវព័ត៌មានទាំងនេះផងដែរ ចៀសវាងការទទួលយកការព្យាបាលដោយវិធីសាស្ត្រ ឬថ្នាំណាមួយដែលអ្នកមានហើយឬកំពុងទទួល ការព្យាបាលហើយ។    ៥. តារាងរោគសញ្ញា និងបញ្ហារបស់អ្នក ដើម្បីកុំឲ្យភ្លេច ចូរកត់ត្រាទុកនូវរោគសញ្ញា និងអាការៈមិនស្រួលណាមួយ ដែលអ្នកបានជួបប្រទះពីមុន និងឥឡូវនេះ ចៀសជាងចំណាយពេលរកនឹក នៅពេលបានជួបគ្រូពេទ្យ។   ៦. កម្រងសំណួរសួរគ្រូពេទ្យ ដូចគ្នានឹងចំណុចខាងលើ អ្នកអាចនឹងភ្លេច ឬត្រូវរកនឹកសំណួរផ្សេងៗពេលជួបគ្រូពេទ្យ ដូច្នេះ ដើម្បីចំណេញពេលវេលា និងថវិកា អ្នកគួរតែត្រៀមសំណួរ និងចម្ងល់នានា ដែលអ្នកចង់ដឹង ដើម្បីប្រាកដថាអ្នកទទួលបានព័ត៌មានគ្រប់គ្រាន់ និងចៀសវាង ឬកាត់បន្ថយការមានបញ្ហានៅលើកក្រោយ។   ៧. ប៊ិច និងសៀវភៅ វាហាក់បីដូចជាចម្លែក ប៉ុន្តែ អ្នកមិនអាចចងចាំការណែនាំរបស់គ្រូពេទ្យបានទាំងស្រុងនោះទេ ដូចនេះការកត់ត្រាចំណុចសំខាន់នានា ពិតជាអ្វីដែល អ្នកមិនគួរមើលរំលងឡើយ មិនដូច្នោះទេ អ្នកអាចនឹងត្រូវចំណាយពេល និងថវិកាមកជួបគ្រូពេទ្យម្តងទៀតក្នុងករណីដែលអ្នកភ្លេចត្រង់ចំណុចណាមួយ។   ៨. សមាជិកគ្រួសារ ឬមិត្តភក្តិ ការមានមនុស្សទៅជាមួយ អាចជួយអ្នកបានច្រើនពេលពិនិត្យសុខភាព ដោយពួកគេអាចជួយសម្របសម្រួលការរត់ឯកសារនានា និងការងារផ្សេងទៀត ដើម្បីឲ្យអ្នកអាចចំណេញពេលវេលាបានច្រើន។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

បញ្ហាសុខភាពមួយចំនួន អាចនឹងរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ជំងឺឫសដូងបាត ក៏ជាផ្នែកមួយនៃបញ្ហាទាំងនេះដែរ។ ពេលជំងឺឫសដូងបាតចាប់ផ្តើមកើតឡើង អ្នកប្រហែលជាពិបាកទ្រាំ ហើយកើតស្រ្តេសក្នុងអារម្មណ៍ជាមិនខានឡើយ។ តើជំងឺឫសដូងបាតគឺជាអ្វី? ឫសដូងបាត គឺជាការរលាកទៅលើបណ្តុំជាលិកានៅក្នុងរន្ធគូថ ដែលមានដូចជា សាច់ដុំ សរសៃឈាម និងសរសៃតូចៗនៅក្បែរៗនោះ។ ពេលការរលាកចាប់ផ្តើមកើតមានឡើងទៅលើបណ្តុំជាលិកាទាំងនេះគេហៅថា វាជំងឺឫសដូងបាត ហើយវាអាចកើតមាននៅខាងក្នុង និងខាងក្រៅរន្ធគូថ។ ក្នុងករណីខ្លះ ការប្រើប្រាស់ថ្នាំមិនអាចទប់ស្កាត់ផលវិបាក ឬព្យាបាលវាឲ្យជាសះស្បើយនោះឡើយដូច្នេះ អ្នកជំងឺត្រូវការញ៉ាំទឹក និងអាហារសំបូរជាតិសរសៃបន្ថែមដើម្បីសម្រួលដល់ការបន្ទោរបង់។ ក្នុងករណីខ្លះទៀតការវះកាត់ គឺជាជម្រើសចុងក្រោយ និងតែមួយគត់ដើម្បីដោះស្រាយបញ្ហាមួយនេះ។ ធ្វើដូចម្តេចទើបអាចដឹងថា អ្នកមានជំងឺឬសដូងបាតហើយមិនច្រឡំទៅនឹងជំងឺរន្ធគូថផ្សេងៗទៀត? 1. សញ្ញាដំបូង គឺការលេចឈាមនៅក្នុងលាមករបស់អ្នក ដោយសារតែការដាច់រលាត់បណ្តុំជាលិការន្ធគូថ 2. ពិបាកបត់ជើង មានន័យថាអ្នកត្រូវប្រឹង ឬចំណាយពេលយូរ ដើម្បីបញ្ចេញលាមកមកក្រៅ 3. លាមកមានសភាពរឹង ហើយត្រូវការពេលយូរថ្ងៃ ទើបអ្នកបត់ជើងម្តង 4. ឈឺក្រហាយរន្ធគូថ ក្រោយពេលបន្ទោរបង់រួច ដោយសារតែការដាច់រលាត់ជាលិការន្ធគូថ 5. វាអាចធ្វើឲ្យអ្នករមាស់រន្ធគូថ ហើម និងឈឺចុកចាប់ 6. ធ្លាក់ជាលិកា ឬដុំសាច់ចេញមកក្រៅ ក្រោយពេលបត់ជើងរួច ហើយវាអាចបាត់ទៅវិញដោយខ្លួនឯង ឬត្រូវការរុញបញ្ចូល។ ជំងឺឬសដូងបាត អាចបង្កផលវិបាក និងកាត់បន្ថយគុណភាពជីវិតរបស់អ្នក ដូច្នេះត្រូវប្រញាប់ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញបើអ្នកមានរោគសញ្ញាដូចខាងលើនេះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អ្នកដែលមានទម្លាប់ញ៉ាំទឹកដោះគោមានជាតិខ្លាញ់ទាប ច្រើនជាងម្តងក្នុងមួយថ្ងៃមានអត្រាប្រឈមខខ្ពស់ទៅនឹងជំងឺ Parkinson's បើប្រៀបធៀបទៅនឹងអ្នកដែលញ៉ាំទឹកដោះគោនេះតិចជាងម្តងក្នុងមួយថ្ងៃ។ ការសិក្សាដែលត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តិបត្រសុខភាព Journal Neurology បានបង្ហាញថាអ្នកដែលញ៉ាំទឹកដោះគោមានជាតិខ្លាញ់ទាបយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ មានការប្រឈមមុខខ្ពស់ទៅនឹងជំងឺ Parkinson's ដល់ទៅ ៣៤ ភាគរយ បើធៀបទៅនឹងអ្នកដែលញ៉ាំតិចជាងម្តងក្នុងមួយថ្ងៃ។ "លទ្ធផលនេះបង្ហាញថា អ្នកមានជំងឺ Parkinson's មិនគួរញ៉ាំទឹកដោះគោដែលមានជាតិខ្លាញ់ទាបឡើយ។ ផលិតផលនានាដែលធ្វើពីដោះគោនេះ អ្នកក៏គួរតែចៀសវាងផងដែរដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារជំងឺនេះ" នេះបើប្រសាសន៍របស់អ្នកដឹកនាំការស្រាវជ្រាវឈ្មោះ Katherine C. Hughes មកពីសាកលវិទ្យាល័យ Harvard T.H។ ការសិក្សាបានវិភាគទៅលើអ្នកជំងឺស្រ្តី ចំនួន ៨០,៧៣៦ នាក់ និងបុរសចំនួន ៤៨,៦១០ នាក់។ អ្នកចូលរួមត្រូវបំពេញកម្រងសំណួរនានាដែលទាក់ទងនឹងសុខភាព ជារៀងរាល់ពីរឆ្នាំម្តង និងសំណួរទាក់ទងនឹងរបបអាហារជារៀងរាល់បួនឆ្នាំម្តង។ អំឡុងពេលសិក្សាមានអ្នកចូលរួមដល់ទៅ ១,០៣៦ បានវិវត្តកើតជំងឺមួយនេះ។ ជាសរុប គេបានរកឃើញថា អ្នកដែលមានទម្លាប់ញ៉ាំផលិតផលធ្វើពីទឹកដោះគោ មានជាប់ទាក់ទងទៅនឹងជំងឺ Parkinson's។ គួរបញ្ជាក់ផងដែរថា Parkinson’s គឺជាជំងឺមួយនៃកោសិកាប្រសាទនៅក្នុងខួរក្បាល ដែលជាធម្មតាផលិតនូវសារធាតុគីមីម្យ៉ាង ហៅថា ដូប៉ាមីន (dopamine) ដែលជួយខួរក្បាលក្នុងការគ្រប់គ្រងចលនា និងទិសដៅ។ អ្នកមានជំងឺនេះ កោសិកាសសៃប្រសាទដែលមាននាទីក្នុងការផលិតដូប៉ាមីន ត្រូវបានខូចខាត ដែលជាហេតុធ្វើឲ្យកម្រិតដូប៉ាមីនធ្លាក់ចុះ ហើយបង្កផលប៉ះពាល់ដល់ខួរក្បាលក្នុងការបញ្ជាលើចលនា និងទិសដៅ ជាលទ្ធផល អ្នកជំងឺមានមានសភាពញ័រដៃញ័រជើងជាប់រហូត៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

និយមន័យ ជាបញ្ហាបេះដូងដ៏ធ្ងន់ធ្ងរមួយ ដែលកើតមានឡើងដោយសារទំនាក់ទំនងរវាងអ្នកជំងឺA និងB ដែលពេលខ្លះអាចបណ្តាលឲ្យបាត់បង់ជីវិតតែម្នាក់ ឬទាំងពីរនាក់តែម្តង អាស្រ័យលើភាពអត់ធន់ដែលពាក់ព័ន្ធ។ ប្រភេទ •ទំនាក់ទំនងពីភាគីតែម្ខាង •ទំនាក់ទំនងពីភាគីទាំងសងខាង អាយុ និងកតា្តប្រឈម ៖ ភាគច្រើនកើតមាននៅពេលពេញវ័យ ប៉ុន្តែការសិក្សាថ្មីនេះបានបង្ហាញថា វាអាចកើតមានចំពោះមនុស្សគ្រប់វ័យ រួមទាំងវ័យក្មេងផងដែរ។ ផលរំខាន៖ ខួរក្បាល និងបេះដូង  ដើមចម/ មូលហេតុ៖ •ពេលវេលាកន្លងផុតទៅ ៖ អាចមកពីការដែលនៅម្នាក់ឯងយូរពេក ការឃ្លាតឆ្ងាយពីគ្នាយូរពេក អារម្មណ៍ដែលខំលួចស្រលាញ់គេតែម្នាក់ឯងយូរពេក ក៏ដូចជាមូលហេតុផ្សេងៗជាច្រើនទៀត។ •បំណងចង់ឲ្យគេស្រលាញ់ ៖ ម្នាក់ៗពិតជាចង់ឲ្យខ្លួនឯងមានមនុស្សម្នាក់ដែលតែងតែស្រលាញ់ ចាំយកចិត្តទុកដាក់ និងមើលថែ។ •ទ្រព្យសម្បត្តិ ៖ ប្រាកដណាស់ប្រាក់កាសអាចជាមូលហេតុនៃរឿងរ៉ាវជាច្រើន ហើយរឹតតែមិនអាចប្រកែកបានត្រង់ថា «លុយអាចទិញបានអ្វីគ្រប់យ៉ាង» ជាក់ស្តែងណាស់ ស្នេហាខ្លះបែកបាក់គ្នាមិនមែនព្រោះតែអស់ចិត្តស្រលាញ់នោះទេ គឺព្រោះតែអំណាចទឹកប្រាក់ •កាយសម្បត្តិ ៖ «កុំវាយតម្លៃមនុស្សតែសម្បកក្រៅ» តែនរណាក៏ចាប់អារម្មណ៍ស្រីស្អាតប្រុសស្អាតដែរ រឿងសម្ផស្សនេះមួយ បំផ្លាញបេះដូងមនុស្សអស់មិនតិចនោះទេ។ រោគសញ្ញា •មានអារម្មណ៍ថាមានសម្ពាធ និងថប់អារម្មណ៍ •គេងមិនបានយូរ •គេងមិនសូវលក់ •ស្រមើស្រមៃច្រើន •បេះដូងលោតញាប់ខុសធម្មតា •វក់នឹងទូរស័ព្ទ •បាត់បង់ការផ្តោតអារម្មណ៍ វិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងតាមដាន •កំណត់ហេតុ  •អាល់ប៊ុមរូបថត និងចម្រៀង  •សៀវភៅសរសេរ ឬសៀវភៅអាន  •ទូរស័ព្ទ (មានប្រសិទ្ធភាពបំផុត) ការបង្ការ និងការព្យាបាល •មិនទាន់មានវិធីបង្ការនោះទេ ជាពិសេសចំពោះការវាយប្រហារលើកដំបូង លក្ខណៈស្នេហាផ្លេកបន្ទោរ •វិធីព្យាបាលដែលមានប្រសិទ្ធភាពបំផុត គឺ «ចំណងអាពាហ៍ពិពាហ៍» និង «ចំណងស្នេហ៍ស្មោះសរ»  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ការឈឺក្បាល មានច្រើនសណ្ឋាន និងបណ្តាលមកពីមូលហេតុជាច្រើនផងដែរ។ ការឈឺក្បាលបែបប្រកាំង អាចបណ្តាលមកពីការរងសម្ពាធ ឬស្រ្តេស ខ្លាំងពេក។ ការឈឺក្បាលខ្លះ អាចបណ្តាលមកពីការសិ្ថតក្រោមកម្តៅថ្ងៃខ្លាំង ការខ្វះជាតិទឹក ឬពុលចំណីអាហារជាដើម។   ការឈឺក្បាល ពិតជារឿងមួយរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ និងផលិតភាពការងារ។ សរុបទៅ កាលណាឈឺក្បាល អ្នកគ្មានអារម្មណ៍ចង់ធ្វើអ្វីនោះទេ ហើយជាលទ្ធផល អ្នកនឹងទៅរកថ្នាំមួយគ្រាប់ពីរ ដើម្បីបំបាត់ការឈឺចាប់។ ប៉ុន្តែ ការប្រើថ្នាំញឹកញាប់ ពិតជាមិនល្អ សម្រាប់សុខភាពរបស់អ្នកឡើយ។   ខាងក្រោមនេះ គឺជាដំណោះស្រាយធម្មជាតិ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់អ្នកឈឺក្បាលបែបប្រកាំង ៖   ១ ញ៉ាំទឹកក្រូចឆ្មារ លាយអំបិលបន្តិច វាមានផ្ទុកសារធាតុរ៉ែ និងអេឡិចត្រូលីត។ ក្រោយញ៉ាំរួច អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា ហើយវាក៏ជួយបង្កើនថាមពល និងពង្រឹងដល់ ប្រព័ន្ធភាពស៊ាំផងដែរ។   ២ ញ៉ាំទឹកដូង ក្នុងករណីអ្នកឈឺក្បាល ដោយសារខ្វះជាតិទឹក ការញ៉ាំទឹកដូងមួយផ្លែ ពិតជាអាចជួយអ្នកបានយ៉ាងលឿនជាទីបំផុត៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top