Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

p.p1 {margin: 0.0px 0.0px 2.0px 0.0px; font: 14.0px 'Khmer Sangam MN'; color: #454545} p.p2 {margin: 0.0px 0.0px 2.0px 0.0px; font: 14.0px Helvetica; color: #454545; min-height: 17.0px} span.s1 {font: 14.0px Helvetica} គ្រូពេទ្យសុទ្ធតែមុខលុយ អ្នកក្រមិនព្យាបាល មើលថែតែអ្នកមាន មិនដឹងថាធ្វើគ្រូពេទ្យធ្វើស្អីទេ​ បើមិនចេះព្យាបាលអ្នកជំងឺ ទុកឲ្យអ្នកជំងឺស្លាប់!    ជារឿយៗ ពាក្យប្រមាទទាំងនេះ និងជួនកាលលើសពីនេះទៀតត្រូវបានគេប្រើប្រាស់ពាសពេញបណ្តាញសង្គម នៅពេលដែលមានរឿងមួយកើតឡើងទាក់ទងនឹងគ្រូពេទ្យ ហើយយើងតែងតែសង្កេតឃើញថា វីដេអូថតនៅមន្ទីរពេទ្យ ស្រែកឡូឡានៅពេទ្យ ត្រូវបានចែករំលែកពេញហេ្វសប៊ុក ទាំងអ្នកខ្លះមិនទាន់បានមើលវីដេអូ ពេញលេញ ឬអានអត្ថបទចប់នៅឡើយ។ តើគ្រូពេទ្យនៅស្រុកខ្មែរពិតជាសុទ្ធតែអន់ដលម្លឹងឬ?    បរិបទមួយដែលម្នាក់ៗកំពុងតែព្យាយាមចាប់កំហុសគ្នាទៅវិញទៅមក ចែករំលែកព័ត៌មានមិនមានប្រភពច្បាស់លាស់ ឬពេញលេញ ដើម្បីទទួលបានប្រជាប្រិយ និងរកប្រាក់ចំណូលតាមរយៈហ្វេសប៊ុក បានបង្កើតជាក្រដាសខ្មៅមួយផ្ទាំងដ៏ធំដែលបែងចែកសាធារណជន និងក្រុមគ្រូពេទ្យ។ ជាការពិតណាស់ មិនមែនក្រុមគ្រូពេទ្យទាំងអស់សុទ្ធតែល្អនេាះទេ តែក៏មិនមែនមានន័យថាពួកគាត់សុទ្ធតែអាក្រក់នេាះទេ ប្រៀបបាននឹងវិជ្ជាជីវៈផ្សេងៗដែរតែមានមនុស្សល្អ និងអាក្រក់។ តើអ្នកមានអារម្មណ៍បែបណាប្រសិនបើអ្នកជាអ្នកលក់ចាប់ហួយ ហើយពេលមានរឿងអីមួយទាក់ទងនឹងហាងចាប់ហួយមួយ ស្រាប់តែគេជេរថាអ្នកលក់ចាប់ហួយសុទ្ធតែកោរលុយ បោកប្រាស់! ចុះបើអ្នកជាអ្នកលក់បាយ ស្រាប់តែមានរឿងហាងបាយមួយផ្សេងថាអង្ករផ្លាស្ទីក ហើយគ្រប់គ្នាជេរថាពួកលក់បាយសុទ្ធតែចោរម្សៀត រកតែចំណេញមិនខ្វល់ពីសុខភាពគេឯង! អ្នកនឹងមានអារម្មណ៍បែបណា បើអ្នកជាមនុស្សម្នាក់ដែលមិនដែលធ្វើអ្វីអាក្រក់ចឹងផង? គេថាទាល់តែប៉ះខ្លួនឯងបានដឹងថាឈឺប៉ុណ្ណា។ ជាការពិតណាស់ ករណីមួយចំនួនពិតជាកំហុសរបស់ក្រុមគ្រូពេទ្យមួយចំនួន តែជាច្រើនករណីដែលក្រុមគ្រូពេទ្យត្រូវបានគេចោទប្រកាន់ និងជេរប្រទិច រហូតពិបាកទទួលយកបាន។ គ្រូពេទ្យគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ដែលមានចិត្តចង់រៀនផ្នែកនេះដើម្បីសង្រ្គេាះមនុស្ស តាមសមត្ថភាពរបស់ពួកគាត់រៀងៗខ្លួន។ គ្រូពេទ្យមិនមែនជាទេវតាដែលអាចប្រោសមនុស្សគ្រប់គ្នាឲ្យរស់នៅបានទេ។ គ្រូពេទ្យម្នាក់ៗត្រូវរៀនមិនតិចជាង ៧ ឆ្នាំនេាះទេ នេះមិនទាន់រាប់បញ្ចូលរៀនឯកទេសផ្សេងៗផង អញ្ចឹងហើយការតស៊ូព្យាយាម ឆ្លងកាត់ភាពតប់ប្រមល់ពិតជាមិនតិចទេ ទម្រាំអាចមើលថែអ្នកជំងឺម្នាក់ៗបាន តើមានមនុស្សប៉ុន្មាននាក់ដែលអាចតស៊ូបានបែបហ្នឹង? ក្នុងវិជ្ជាជីវៈមួយតែងតែមានមនុស្សល្អ និងអាក្រក់ មនុស្សមានសមត្ថភាព និងអសមត្ថភាព ចុះហេតុអីបានជាកូនខ្មែរគ្រប់រូបមិនព្រមថយក្រោយមួយជំហាន ហើយគិតវិភាគឲ្យបានស៊ីុជម្រៅលើតត្តភាពជាក់ស្តែង ហើយស្តែងចេញនូវពាក្យពេជ្យដែលមានសុជីវធម៌ និងប្រកបដោយសេចក្តីថ្លៃថ្នូរ? តើអនាគតទៅជាយ៉ាងណា បើខ្មែរស្អប់គ្នាដល់ម្លឹង ថ្ងៃនេះ ជាមួយគ្រូពេទ្យ ថ្ងៃក្រោយបន្ថែមភាពស្អប់ជាមួយប៉ូលីស មេធាវី ចៅក្រម ប្រហែលជាថ្ងៃណាមួយសម្បីតែអ្នកលក់ចាប់ហួយ លក់បាយ លក់បន្លែ លក់ទឹកអំពៅ ក៏ត្រូវបានផ្នត់គំនិតបែបនេះបង្វែរឲ្យស្អប់គ្នាទៅវិញទៅមកដែរ។   តើពាក្យជេរប្រទិច ប្រមាទមាក់ងាយ ផ្តល់នូវប្រយោជន៍អ្វីខ្លះដល់អ្នក?

Share

កែវដាក់ក្នុងភ្នែក (contact lenses) អាចជួយដល់មនុស្សមួយចំនួន ដែលមានបញ្ហាភ្នែកមើលជិត ឬឆ្ងាយមិនសូវឃើញ ជាពិសេស អ្នកដែលមាន ភ្នែកម៉្ញូប ហើយមិនចង់ប្រើប្រាស់វ៉ែនតាម្តងម្កាល។ យ៉ាងណាមិញ សព្វថ្ងៃ កែវដាក់ក្នុងភ្នែកនេះ ត្រូវបានមនុស្សភាគច្រើនប្រើប្រាស់ដើម្បី តុបតែងលម្អខ្លួន ធ្វើជាស្តាយ ឬលេងពណ៌ភ្នែកផងដែរ។ ស្របពេលនេះផងដែរ ក៏មានការនិយាយតៗគ្នាផងដែរអំពី ករណីគ្រោះថ្នាក់ដែលបណ្តាលពីការប្រើប្រាស់ កែវដាក់ភ្នែកនេះ។ តើការពាក់បែបនេះ អាចមានផលប៉ះពាល់ចំពោះភ្នែកពិតមែនឬទេ?   ខាងក្រោមជាការបកស្រាយរបស់ក្រុមវេជ្ជបណ្ឌិតឯកទេសភ្នែកចំពោះបញ្ហានេះ៖ ជាការពិត កែវដាក់ភ្នែកសព្វថ្ងៃមានគុណភាពខ្ពស់ ទន់ ហើយងាយស្រួលពាក់។ វាមិនធ្វើឲ្យឈឺភ្នែក រកាំ ឬមានបញ្ហាក្នុងការមើលឡើយ។ ប៉ុន្តែ វាមិនប្រាកដថា មានសុវត្ថិភាពក្នុងការពាក់ ១០០ ភាគរយនោះទេ។ ហេតុអ្វី?   ពេលអ្នកពាក់កែវក្នុងភ្នែក ការឆ្លងមេរោគតាមរយៈដៃរបស់អ្នក អាចកើតឡើងគ្រប់ពេលវេលា។ វាក៏អាចមានជាប់ធូលីដី ឬកម្ទេចកម្ទីផ្សេងៗ ដែលជាហេតុធ្វើឲ្យភ្នែករបស់អ្នករកាំ ឬឆ្កូតបានដោយងាយ។ ការពាក់កែវក្នុងភ្នែកនេះយូរម៉ោង ក៏មិនល្អ ចំពោះសុខភាពភ្នែកដែរ ជាពិសេស ប្រសិនបើអ្នកភ្លេចដោះវាចេញពេលគេង។ ក្រៅពីនេះ កែវដាក់ក្នុងភ្នែកដែលមានតម្លៃថោក និងគ្មានគុណភាព ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះភ្នែក រហូតអាចធ្វើឲ្យអ្នក បាត់បង់ភ្នែករបស់អ្នកផងក៏ថាបាន។   គ្រូពេទ្យជំនាញបានណែនាំថា កែវដាក់ក្នុងភ្នែក គឺជាឧបករណ៍ពេទ្យ ដើម្បីព្យាបាល ឬដោះស្រាយបញ្ហាភ្នែកប៉ុណ្ណោះ ដូច្នេះ ប្រសិនបើមិនចាំបាច់ទេ ការចៀសវាងប្រើប្រាស់ក្នុងករណីមិនចាំបាច់ គឺជាការល្អបំផុត។ អ្នកត្រូវចងចាំថា ទោះបីជាអ្នកប្រយ័ត្នយ៉ាងណាក៏ដោយ មេរោគ ឬបញ្ហានានា អាចនឹងកើតឡើងបាន នៅពេលអ្នកពាក់ ឬដោះកែវដាក់ក្នុងភ្នែកម្តងៗ។ អ្វីដែលអ្នកគួរធ្វើ ប្រសិនបើអ្នកត្រូវពាក់កែវដាក់ក្នុងភ្នែក ៖     · ជ្រើសរើស ឬពាក់កែវដាក់ក្នុងភ្នែក ដែលគ្រូពេទ្យ ឬអ្នកជំនាញបានណែនាំប៉ុណ្ណោះ     · កុំប្រើប្រាស់វាម្តងទៀត​ ប្រសិនបើអ្នកគិតថា វាជ្រុះធ្លាក់ ហួសថ្ងៃកំណត់ ឬសឹកខ្លាំង     · លាងសម្អាតដៃរបស់អ្នកឲ្យបានស្អាតបំផុត មុន និងក្រោយពេលពាក់     · ផ្លាស់ប្តូរកែវក្នុងភ្នែកនេះ តាមកាលកំណត់ ទៅតាមផលិតផលដែលអ្នកទិញ     · ដកកែវនេះចេញភ្លាម ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួល ឬពិបាកមើល    ​ · កុំពាក់វា នៅពេលហែលទឹក ឬអំឡុងពេលគេង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ទម្លាប់សុខភាពខាងក្រោមនេះអាចនឹងមានសភាពចម្លែក ប៉ុន្តែវាពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នកពិតមែនដោយឆ្លងកាត់តាមរយៈ ការពិសោធន៍ក៏ដូចជាការស្រាវជ្រាវ។ គន្លឹះជាច្រើនហាក់ដូចជាបង្ហាញត្រង់ៗដូចជា ដើម្បីសម្រកទម្ងន់យើងត្រូវទទួលទានអាហារតិច និងធ្វើលំហាត់ប្រាណឲ្យបានច្រើន ឬដើម្បីទទួល បានថាមពលឲ្យបានច្រើន យើងត្រូវទទួលទានដំណេកឲ្យបានច្រើន ហើយដើម្បីរក្សាជាតិទឹកក្នុងសារពាង្គកាយ ត្រូវទទួលទានទឹកឲ្យបានច្រើន។ ផ្ទុយទៅវិញ គន្លឺះទាំង១២ខាងក្រោមហាក់ដូចជាមានន័យផ្ទុយបន្តិចតែវាជារឿងពិត ៖   ១    ទទួលទានកាហ្វេដើម្បីគេងសម្រន់លក់បានស្រួល  ការសិក្សារបស់ប្រទេសជប៉ុនបានបង្ហាញថាអ្នកដែលគេងសម្រន់បានលក់ល្អ គឺជាអ្នកដែលបានទទួលទានជាតិកាហ្វេអ៊ីនប្រហែល 200mg (ប្រហែល 2 ទៅ 3កែវ) ហើយគេងប្រមាណ 20នាទីមានស្មារតីខ្លាំងក្លា និងបំពេញការងារជាមួយកុំព្យូទ័របានល្អជាងអ្នកដែលមិនបានទទួលទានកាហ្វេ។ «ការគេង រយៈពេល 20នាទី នឹងត្រូវបានបញ្ចប់ស្របពេលដែលជាតិកាហ្វេអ៊ីនជ្រាបចូល និងសម្អាតម៉ូលេគុលមួយនៅក្នុងខួរក្បាលដែលមានឈ្មោះថាអាដេណូស៊ីន (Adenosine) ដែលជាអនុផលនៃសកម្មភាព និងការភ្ញាក់ ឬស្វាងពីដំណេក» យោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិតផ្នែកសរសៃប្រសាទ និងដំណេកនៅ ទីក្រុងញូវយ៉ក។   ២    ដើម្បីឲ្យធ្មេញស្រស់ស្អាតកុំដុសធ្មេញបន្ទាប់ពីទទួលទានអាហារ កុំធ្វើការដុសសម្អាតធ្មេញភ្លាមៗបន្ទាប់ពីទទួលទានអាហារ ឬភេសជ្ជៈ ជាពិសេសអាហារដែលមានជាតិអាស៊ីតដូចជា ពពួកផ្លែក្រូច ភេសជ្ជៈប៉ូវកម្លាំង ប៉េងប៉ោះជាដើម ព្រោះអាហារប្រភេទនេះនឹងបន្ទន់កាចាធ្មេញ។ លោក Howard R. Gamble អតីតប្រធានបណ្ឌិតសភាទូទៅផ្នែកទន្តសាស្រ្តបន្ថែម ផងដែរថា «ការដុសធ្មេញភា្លមបន្ទាប់ពីបរិភោគអាហារបែបនោះ នឹងបង្កើនល្បឿននៃការប៉ះពាល់ដល់កាចាធ្មេញ  និងធ្វើឲ្យស្រទាប់ខាងក្រោមសឹក។ អ្នកគួររង់ចាំប្រហែលពី 30 ទៅ 60 នាទីសិន។»   ៣    ដើម្បីពាក់សម្លៀកពាក់ទំហំតូចជាងមុនត្រូវឡើងទម្ងន់ ទម្ងន់ត្រង់នេះសំដៅលើទម្ងន់សាច់ដុំ។ ប្រសិនបើយើងធ្វើការប្រៀបធៀបរវាងទម្ងន់សាច់ដុំ និងទម្ងន់ខ្លាញ់យើងនឹងងាយស្រួលយល់ជាង។ បុគ្គលពីររូប ដែលមានទម្ងន់ស្មើគ្នាតែមួយសំបូរសាច់ដុំ និងមួយទៀតសំបូរខ្លាញ់ អ្នកដែលមានសាច់ដុំអាចនឹងស្លៀកសម្លៀកបំពាក់ទំហំតូចជាងអ្នកដែលមានខ្លាញ់។ នាយក SACO Sport & Fitness បានមានប្រសាសន៍ថា «អ្នកអាចនឹងមានសាច់ដុំធំតែមាឌតូចប្រសិនបើអ្នកសម្រកខ្លាញ់»។   ៤    ដើម្បីញ៉ាំតិចពេលក្រោយ ត្រូវញ៉ាំច្រើន  រាល់ពេលដែលឃ្លានម្តងៗអ្នកប្រហែលជាចង់ញ៉ាំនេះញ៉ាំនោះ តែក៏មានកូនចិត្តមួយថាខ្លាចធាត់ហេតុនេះហើយក៏ព្យាយាមញ៉ាំក្នុងបរិមាណតិច។ ប៉ុន្តែ អ្នកមិនបានដឹងទេថាការញ៉ាំបែបនេះធ្វើឲ្យអ្នកនឹកឃើញចង់ញ៉ាំបន្តទៀត។ អ្នកគួរទទួលទានអាហារដែលសំបូរដោយជាតិប្រូតេអ៊ីនដែលនឹងធ្វើឲ្យឆាប់ ឆ្អែតហើយអាហារទៀតសោតក៏ស្ថិតនៅបានយូរផងដែរ។   ៥ ​​   កុំទទួលទានភេសជ្ជៈប៉ូវកម្លាំងពេលអស់កម្លាំង ភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកនូវជាតិកាហ្វេអ៊ីនដល់ ទៅ 5ដងលើសពីនៅក្នុងកាហ្វេ ហើយថាមពលដែលផ្តល់ឲ្យនោះនឹងបាត់ទៅវិញក្នុងរយៈពេលខ្លី រួចក៏ផ្តល់នូវអាការៈមួយចំនួនដូចជាញ័រខ្លួន ភាពក្រហល់ក្រហាយ និងបេះដូងលោតញាប់។ ម្យ៉ាងទៀត ភេសជ្ជៈប្រភេទនេះក៏មានផ្ទុកផងដែរនូវកម្រិត ខ្ពស់នៃតូរីន (ភ្នាក់ងាររំញោចប្រព័ន្ធប្រសាទ) និងមានជាតិស្ករដល់ទៅ 50g។ បន្ទាប់ពីអស់ប្រសិទ្ធភាពវានឹងធ្វើឲ្យអ្នកស្ពឹក និងវល់វល់រួចក៏ស្រវា បន្ថែមទៀត។   ៦    ទទួលទានទឹកនៅពេលហើមពោះ ពេលឮពាក្យថាហើមពោះអ្នកប្រាកដជាគិតថា ទឹកនឹងធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងប៉ុន្តែលោកវេជ្ជបណ្ឌិត  James Lee បានប្រាប់ថា «ទឹកនឹងលាយជាមួយជាតិសរសៃដែលអាចរលាយបានហើយបង្កើតជាសារធាតុមួយស្រដៀងនឹងជែល (Gel) ដែលនឹងប៉ះពាល់ដល់ដំណើររបស់លាមក និងកាត់បន្ថយអាការៈហើមពោះនេះ»។ ទឹកក៏មានប្រសិទ្ធភាពដូចគ្នាចំពោះអាការៈហើមពោះដោយសារខ្វះជាតិទឹក។   ៧    កុំទទួលទាន Diet Soda ដើម្បីសម្រកទម្ងន់ អ្នកគួរចៀសវាង Soda Drinks ទាំងអស់ទោះជាប្រភេទ Diet ក៏ដោយ។ ការសិក្សារបស់ Johns Hopkins Bloomberg School of Public Health បានបង្ហាញថាយុវវ័យដែលមានទម្ងន់ច្រើនហួសដែលទទួលទានភេសជ្ជៈប្រភេទ Diet នេះស្រូបយកបរិមាណកាឡូរីច្រើនជាងអ្នកទទួលទាន ប្រភេទធម្មតា។ ការសិក្សាមួយទៀត ក៏បានរកឃើញផងដែរថាពួកគេនឹងត្រូវប្រឈមនឹងបញ្ហាចង្កេះរីកសាយដល់ទៅ 70% លើសអ្នកដែលមិនបានផឹក។ ដូចគ្នាទៅនឹងភេសជ្ជៈដែរ ចំណីអាហារមួយចំនួនដែលមានដាក់ស្លាកយ៉ាងធំៗថា “Low-fat”,“Low sugar” ឬ “light” ត្រូវបានអតិថិជនយល់ច្រឡំ ក៏ដូចជាជឿជាក់ថាដូចនឹងអ្វីដែលបានដាក់បង្ហាញនោះមែន តែតាមការពិតទៅវាមិនពិតប្រាកដទាំងស្រុងនោះទេ។  ៨    ទទួលទានភេសជ្ជៈក្តៅៗដើម្បីឲ្យត្រជាក់ចិត្ត ពេលអាកាសធាតុក្តៅស្អុះស្អាប់ហើយមានញើសហូរនោះ តើអ្នកគួរជ្រើសរើសភេសជ្ជៈមួយណារវាងភេសជ្ជៈត្រជាក់ ឬក្តៅ? ការសិក្សាថ្មីៗចំនួនពីរ បានបង្ហាញថា ភេសជ្ជៈក្តៅៗជាជម្រើសដ៏ល្អប្រសើរជាងគេ។ ដោយសារមូលហេតុថាពេលដែលអ្នកផឹកវា រាងកាយនឹងទទួលដឹងពីបម្រែបម្រួលនៃ សីតុណ្ហភាពនៅក្នុងរាងកាយរបស់អ្នកហើយបង្កើននូវការផលិតញើស។ បន្ទាប់មក ពេលដែលញើសហួតចេញពីស្បែករបស់អ្នក អ្នកនឹងមានអារម្មណ៍ ត្រជាក់ជាមិនខាន។   ៩    ធ្វើលំហាត់ប្រាណពេលនឿយហត់ បន្ទាប់ពីការធ្វើកិច្ចការងារជាច្រើនហើយមានអារម្មណ៍ថានឿយហត់លំហាត់ប្រាណអាចនឹងជាជម្រើសចុងក្រោយដែលអ្នកចង់ធ្វើតែការបញ្ចេញញើស នឹងបង្កើនថាមពលដល់អ្នក។ ការសិក្សារបស់ Medicine and Science in Sports and Exercise បានបញ្ជាក់ថា ការនឿយហត់ផ្នែកអារម្មណ៍ ឬជំងឺធ្លាក់ទឹកចិត្ត នឹងបានរសាយបន្ទាប់ពីការធ្វើលំហាត់ប្រាណកម្រិតមធ្យមរយៈពេល 30នាទី។ «រាល់សកម្មភាពដែលយើងធ្វើ យើងត្រូវប្រើប្រាស់ អុកស៊ីហ្ស៊ែន ដូច្នេះហើយ ពេលដែលអ្នកហាត់ប្រាណវានឹងជួយឲ្យអ្នកប្រកបកិច្ចការកាន់តែប្រកបដោយ ប្រសិទ្ធភាព និងមិនងាយនឿយហត់ម្យ៉ាងទៀត ផ្នែកចិត្តគំនិតក៏ល្អប្រសើរផងដែរ»។     ១០    សរសេរកត់ចំណាំដោយដៃដើម្បីបង្កើនថាមពលខួរក្បាល ការស្រាវជ្រាវនៅសាកលវិទ្យាល័យ Indiana បានបង្ហាញឲ្យឃើញថា ការសរសេរកត់ចំណាំជាមួយនឹងក្តារចុច ថ្វីត្បិតថាមានមុខងារប្លែកៗជាច្រើនមែន តែអ្នកនឹងមិនងាយចងចាំវាដូចជាការសរសេរដោយប្រើដៃនោះទេ។ «នៅពេលដែលអ្នករៀនអ្វីមួយដែលថ្មី អ្នកត្រូវអនុលោមវាហើយនៅពេលដែល អ្នកកត់ចំណាំវាដោយដៃ អ្នកបានអនុលោមនិងរៀនព័ត៌មានទាំងនោះ»។ លុះដល់ពេលអ្នកត្រឡប់ទៅមើលទំព័រដែលបានកត់នោះ អ្នកនឹងងាយរំលឹក នូវព័ត៌មានទាំងនោះឡើងវិញ។   ១១ ដើម្បីឲ្យទំនាក់ទំនងស្នេហាកាន់តែស្អិតរមួតចំណាយពេលតិចនៅជាមួយគ្នា ការនៅជាមួយគ្នាស្ទើរគ្រប់វិនាទីដោយមិនបែកពីគ្នាមួយជំហានណាសោះមិនមែនជាវិធីដែលធ្វើឲ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែស្អិតរមួតទេ។ ការចំណាយពេលនៅម្នាក់ឯងនឹងអភិវឌ្ឍគំនិតរបស់អ្នក កាត់បន្ថយការសម្រេចចិត្ដដោយគ្មានវិចារណញ្ញាណ ហើយក៏ធ្វើឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ ផងដែរ។ ពេលវេលាដែលអ្នកចំណាយ ធ្វើឲ្យអ្នកដើរតួនាទីបានកាន់តែល្អជាអ្នកលះបង់ និងទទួលក្នុងជីវិតស្នេហារបស់ខ្លួនតាមរយៈការកាត់បន្ថយស្ត្រេស និងការថប់អារម្មណ៍។   ១២ កុំប្រើប្រាស់សាប៊ូកម្ចាត់បាក់តេរីដើម្បីបង្ការជំងឺ រដ្ឋបាលផ្នែកចំណីអាហារ និងឱសថបានបង្ហាញថាសាប៊ូដែលមានដាក់ស្លាកសញ្ញា “Antibacterial” មិនទាន់មានភស្តុតាងថាកាត់បន្ថយនូវហានិភ័យ ក្នុងការកើតមានរោគសញ្ញា ឬចម្លងជំងឺទៅអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះការប៉ះពាល់ជាមួយសាប៊ូប្រភេទនេះអាចប្រឈមនឹងបញ្ហាសុខភាពមួយចំនួន ដូចជាភាពស៊ាំ ឬធន់នឹងបាក់តេរី ឬប៉ះពាល់ដល់អ័រម៉ូនផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជាដំណឹងល្អមួយសម្រាប់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីទទួលបានឱកាសអាហារូករណ៍ទៅសិក្សាបន្តវគ្គDFMS នៅឯប្រទេសបារាំង ដោយយោងតាមលក្ខខណ្ឌដែលបានបញ្ជាក់ជូនក្នុងសេចក្តីជូនដំណឹងខាងលើ   … កាលបរិច្ឆេទសំខាន់ ៖  ឈប់ទទួលពាក្យ ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច ប្រកាសលទ្ធផល ៖ បញ្ជាក់ជូនតាមក្រោយ ទីកន្លែងទទួលពាក្យ ៖ ផ្នែកកិច្ចការនិស្សិត ផ្នែកវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សូមពិនិត្យមើលលក្ខខណ្ឌឲ្យបានច្បាស់លាស់ និងជូនពរសំណាងល្អ!!

Share

 ការសិក្សាថ្មីមួយដែលបានបោះពុម្ពផ្សាយក្នុង the American Journal of Clinical Nutrition បានរកឃើញថា «កុមារដែលទទួលទានទឹកដោះគោដែលមិនមែនចម្រាញ់ពីគោ (Non-cow’s milk) ជារៀងរាល់ថ្ងៃ អាចមានកម្ពស់0.4សង់ទីម៉ែត្រទាបជាងកម្ពស់មធ្យម បើធៀបនឹងកម្ពស់ស្ដង់ដារបស់កុមារ»។ លោកវេជ្ជបណ្ឌិត Jonathon Maguire ជាគ្រូពេទ្យឯកទេសផ្នែកកុមារ និងជាអ្នកស្រាវជ្រាវនៅឯមន្ទីរពេទ្យ St. Michael ក្នុងទីក្រុង Toronto  និង ជាអ្នកដឹកនាំការសិក្សានេះ ហើយលោក បាននិយាយថា “យើងបានរកឃើញថា កុមារដែលបានទទួលទានទឹកដោះគោដែលចម្រាញ់ពីអង្ករ គ្រាប់អាល់ម៉ុង និងសណ្ដែក គឺអាចមានកម្ពស់ទាបជាងកុមារដែលទទួលទានទឹកដោះរបស់គោ”។ វាខុសគ្នារហូតដល់ទៅកន្លះអ៊ីញ ហើយវាមិនមែនជាការខុសគ្នាបន្ដិចបន្ដួចទេចំពោះកុមារដែលមានអាយុ៣ឆ្នាំ”។    អ្វីដែលធ្វើឲ្យការរកឃើញនេះកាន់តែភ្ញាក់ផ្អើលនោះគឺ កម្រិតនៃការទាបរបស់កុមារ គឺអាស្រ័យលើបរិមាណនៃទឹកដោះគោដែលពួកគេទទួលទាន ប៉ុន្តែមិនមានន័យថា បើអ្នកមិនបានទទួលទានទឹកដោះរបស់គោ អ្នកអាចមានកម្ពស់ទាបនោះទេ តែវាមានន័យថាបើអ្នកទទួលទានទឹកដោះគោដែលមិនមែនចម្រាញ់ពីគោ ជាមធ្យមអាចធ្វើឲ្យអ្នកមានរាងតូចបន្តិច និងទាបបន្តិច។     តើវាមានទំនាក់ទំនងនឹងការលូតលាស់កម្ពស់ពេលពេញវ័យទេ? លោកវេជ្ជបណ្ឌិតបានឆ្លើយថា វាមិនទាន់មានការបង្ហាញជាក់លាក់មួយនោះទេ។ ក្នុងនាមជាគ្រូពេទ្យឯកទេសផ្នែកកុមារ យើងគ្រាន់តែដឹងថាជាទូទៅកុមារដែលមានការលូតលាស់កម្ពស់ស្របតាមអាយុត្រឹមត្រូវក្នុងវ័យកុមារហើយនោះ ការលូតលាស់របស់ពួកគេនឹងបន្តត្រឹមត្រូវរហូតដល់ពេញវ័យ។   លោកស្រី Amy Joy Lanou ជាសាស្ត្រាចារ្យផ្នែកសុខភាពនៃសាកលវិទ្យាល័យNorth Carolina នៃទីក្រុង Asheville បាននិយាយថា ការលូតលាស់កម្ពស់និងសុខភាពរបស់កុមារមិនមែនកំណត់ដោយទឹកដោះគោតែមួយមុខទេ ហើយយើងគួរតែមើលទៅលើរបបអាហាររបស់កុមារវិញទើបត្រឹមត្រូវ  ហើយការជ្រើសយកកម្ពស់មកធ្វើជាកត្តាវាស់ស្ទង់សុខភាពនេះ គឺមិនត្រឹមត្រូវទេ ព្រោះថាកុមារដែលមានកម្ពស់ខ្ពស់ និងមានមាឌធំមិនប្រាកដថាពួកគេមានសុខភាពល្អនោះទេ។   ចំណែកឯលោកស្រី Connie Weaver ដែលលោកស្រីជាសាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភនៅឯសាកលវិទ្យាល័យ Purdue បាននិយាយថា ការសិក្សានេះបានធ្វើការប្រៀបធៀបអំពីអត្ថប្រយោជន៍ដែលផ្ដល់ឲ្យសារពាង្គកាយយើងតាមរយៈទឹកដោះគោដែលចម្រាញ់ពីរុក្ខជាតិ និងទឹកដោះរបស់គោ។ យើងដឹងថាភេសជ្ជៈដែលចម្រាញ់ពីរុក្ខជាតិមួយចំនួន គឺមានប្រូតេអ៊ីនទាប ដូច្នេះការស្រូបយកកាល់ស្យូមក៏អាចមានលក្ខណៈទាបដែរ។   ការសិក្សាបានបង្ហាញថា កត្តាដែលធ្វើឲ្យមានភាពខុសគ្នាចំពោះកម្ពស់អាចបណ្ដាលមកពីទឹកដោះគោដែលចម្រាញ់ពីរុក្ខជាតិមិនបានទៅភ្ញោចឲ្យមានការបញេ្ចញនូវ Insulin-like Growth Factor (IGF) ដូចទឹកដោះរបស់គោទេ។ ប៉ុន្តែការសិក្សាជាច្រើនបានរកឃើញថា មនុស្សពេញវ័យដែលមានកម្រិត IGFs ច្រើនអាចមានហានិភ័យខ្ពស់ទៅក្នុងជំងឺមហារីកប្រព័ន្ធបន្តពូជ។ លោកស្រីបានបន្តថា កាលដែលមាន IGF តិចអាចធ្វើឲ្យមានភាពខុសគ្នានៃកម្ពស់ ប៉ុន្តែវាអាចកាត់បន្ថយការបាក់ឆ្អឹង និងជំងឺមហារីកបាន។    ទោះបីជាយ៉ាងណាក៏ដោយលោក Maguire បាននិយាយថា ក្នុងនាមអ្នកជាមាតាបិតា និងជាអ្នកទទួលទានវា អ្នកគួរតែមានការយល់ដឹងនិងបទពិសោធន៍ខ្លះៗជុំវិញបញ្ហាទាំងនេះ ហើយអ្នកគួរជ្រើសរើសយកទឹកដោះគោដែលចម្រាញ់ចេញពីវត្ថុធាតុដើមណាដែលមានសារធាតុចិញ្ចឹមប្រហាក់ប្រហែលនឹងទឹកដោះរបស់គោដែរ ព្រោះថាមានភេសជ្ជៈជាច្រើនបានដាក់លក់នៅលើទីផ្សារ ហើយអះអាងថាមានអត្ថប្រយោជន៍ដូចទឹកដោះរបស់គោ ប៉ុន្តែធាតុពិតនោះ គឺគ្មានទេ។   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការសិក្សាដ៏តូច ប៉ុន្តែមានសារៈសំខាន់មួយបានធ្វើឲ្យអ្នកជំនាញមានការភ្ញាក់ផ្អើលបន្ទាប់ពីមានការរកឃើញ«អំពីថ្នាំប្រឆាំងនឹងជំងឺមហារីកមួយអាចជួយកម្ចាត់ដុំសាច់ចំពោះអ្នកជំងឺមហារីកដែលមានសភាពធន់ទៅនឹងការព្យាបាលស្ទើរគ្រប់ទម្រង់»ហើយនោះ។  ការសិក្សាដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី Science បានតាមដានទៅលើអ្នកជំងឺ៨៦នាក់ដែលមានជំងឺមហារីកកម្រិតធ្ងន់ធ្ងរទៅលើលំពែង ក្រពេញប្រូស្តេត ស្បូនឬឆ្អឹង។ អ្នកជំងឺត្រូវបានព្យាបាលដោយថ្នាំដែលមានម៉ាកឈ្មោះ Keytruda វាគឺស្ថិតនៅក្នុងពពួកថ្នាំ Pembrolizumab ហើយវាទទួលបានលទ្ធផលយ៉ាងជោគជ័យ។ អ្នកជំងឺ៦៦នាក់ដែលមានដុំសាច់ បានមានសភាពថយបាត់ទៅវិញនិងមានសភាពថេរ ហើយក្នុងចំណោមនោះមានអ្នកជំងឺ១៨នាក់ដែលដុំសាច់របស់ពួកគេបានជាទៅវិញ និងមិនមានការកើតឡើងវិញទេ។   អ្នកជំងឺទាំងអស់សុទ្ធតែមានការផ្លាស់ប្ដូរហ្សែនខុសប្រក្រតី (Genetic mutations)ដែលហាមឃាត់កោសិការបស់ពូកគេពីការជួសជុលDNA ដែលខូចខាត។ Pembrolizumab គឺត្រូវបានស្គាល់ថាជា PD-1 blocker ដែលវាគឺជាប្រភេទថ្នាំសម្រាប់ព្យាបាលប្រព័ន្ធភាពស៊ាំ ដែលវាមាននាទីជួយប្រព័ន្ធភាពស៊ាំស្វែងរកកោសិកាមហារីក និងវាយប្រហារទៅលើដុំសាច់។   ទំហំនៃការសិក្សាមានលក្ខណៈតូច និងមិនមានក្រុមមនុស្សដែលមិនទទួលបាន Pembrolizumab (Control group) ដើម្បីឲ្យអ្នកវិទ្យាសាស្ត្រអាចធ្វើការប្រៀបធៀបលទ្ធផលទេ ប៉ុន្តែលទ្ធផលត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយFood and Drug Administration (FDA) បានសម្រេចអនុញ្ញាតឲ្យប្រើ Pembrolizumab សម្រាប់អ្នកជំងឺដែលមានមហារីកមកពីការផ្លាស់ប្ដូរហ្សែនខុសប្រក្រតី។   សារពត៌មាន New York Times បានសរសេរថា «នេះគឺជាលើកទីមួយដែលថ្នាំប្រភេទត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដើម្បីប្រឆាំងនឹងដុំសាច់ដែលមានទម្រង់ហ្សែនជាក់លាក់មួយ ដោយមិនគិតពីកន្លែងដែលពួកវាកើតនៅក្នុងខ្លួនយើង»។   លោកវេជ្ជបណ្ឌិត Jack Jacoub ដែលលោកជាគ្រូពេទ្យឯកទេសផ្នែកជំងឺមហារីក បាននិយាយថា មានមតិទូទៅមួយលើកឡើងថាប្រព័ន្ធភាពស៊ាំគឺជាចំណុចសំខាន់ក្នុងការអភិវឌ្ឍនិងការរីករាលដាលនៃជំងឺមហារីក ហើយការរកឃើញថ្មីទាំងនេះបង្ហាញថា ការកំណត់គោលដៅយកប្រព័ន្ធភាពស៊ាំក្នុងការព្យាបាលមហារីកគឺអាចមានប្រសិទ្ធភាពខ្ពស់។ ការកំណត់គោលដៅលើប្រព័ន្ធភាពស៊ាំបានធ្វើឲ្យស្ថានភាពជំងឺមានភាពប្រសើរឡើង ហើយវាពុំចាំបាច់ត្រូវមានទំនាក់ទំនងនឹងជំងឺមហារីកណាមួយជាក់លាក់ទេ។    លោកគិតថាថ្នាំប្រភេទនេះនឹងត្រូវបានប្រើនាពេលអនាគតដើម្បីផ្សារភ្ជាប់ជាមួយនឹងការបង្កើតការព្យាបាលជំងឺមហារីកសម្រាប់ប្រភេទជំងឺជាក់លាក់មួយ។ លោកបានបន្ដទៀតថា នេះអាចធ្វើឲ្យលទ្ធផលកាន់តែប្រសើរឡើង ហើយទម្រង់នៃការព្យាបាលនេះ ឬតាមរយៈទម្រង់ផ្សេងៗ អាចឲ្យយើងធ្វើការព្យាបាលនិងលុបបំបាត់ចោលនូវជំងឺមហារីកបាន។ ទាំងនេះគឺជាជំហានដែលធ្វើឲ្យយើងឈានទៅកាន់តែជិតនឹងគោលដៅរបស់យើង។   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ឪពុកម្តាយគ្រប់រូប គួរតែចំណាយពេលឲ្យបានច្រើនបន្តិច សម្រាកពីការងាររបស់អ្នក ហើយយកសៀវភៅមកអានឲ្យកូនរបស់អ្នកស្តាប់ ទោះបីជាគេនៅតូច មិនទាន់អាចនិយាយគ្នាបានក៏ដោយ។  ការសិក្សាជាច្រើនបានរកឃើញថា ការទម្លាប់អានសៀវភៅឲ្យកូនស្តាប់ ឬឲ្យគេអានដោយខ្លួនឯងអាចជួយបណ្តុះគំនិត និងជំនាញរបស់គេឲ្យកាន់តែល្អឡើងៗ។ ការអានសៀវភៅឲ្យកូនស្តាប់ នឹងជួយឲ្យគេឆាប់ចេះ ឆាប់ស្តាប់ និងឆាប់ចេះនិយាយ ព្រមទាំងឆ្លាតទៀតផង ជាពិសេស ពេលគេចាប់ផ្តើមចូលរៀន។ កូនអាយុបួនឆ្នាំ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់អ្នក ក្នុងការអប់រំ និងជួយឲ្យគេមានជំនាញស្តាប់ និងអភិវឌ្ឍខួរក្បាលឲ្យកាន់តែរស់រវើក។ ការសិក្សាក៏បានណែនាំផងដែរថា អ្នកគួរតែចាប់ផ្តើមបិទទូរទស្សន៍ និងទុកទូរស័ព្ទឲ្យឆ្ងាយពីដៃរបស់កូន ដើម្បីឲ្យគេងាកមកចាប់អារម្មណ៍ទៅលើសៀវភៅ និងការអាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អាការៈញឹកញាប់នៃជំងឺផ្តាសាយ ជាទូទៅ មានរយៈពេលពីមួយទៅបីថ្ងៃ បន្ទាប់ពីអ្នកឆ្លងវីរុសដែលនាំឲ្យផ្តាសាយ។ រោគសញ្ញា និងសញ្ញាអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលអាចមានដូចជា៖ • ហៀរសំបោរ • ឈឺបំពង់ក • តឹងច្រមុះ • ក្អក • មានស្លេស្ម • កណ្តាស់ • អស់កម្លាំង • ក្តៅខ្លួនតិចៗ។ សំបោរដែលហូរចេញពីច្រមុះ នឹងចាប់ផ្តើមខាប់ ឬឡើងជាពណ៌លឿង ឬបៃតង ដោយសារជំងឺផ្តាសាយ ប៉ុន្តែ វាមិនមែនជាសញ្ញានៃការឆ្លងបាក់តេរីឡើយ។ តើខ្ញុំគួរញ៉ាំថ្នាំនៅផ្ទះ ទុកឲ្យវាជាដោយខ្លួនឯង ឬប្រញាប់ទៅមន្ទីរពេទ្យ? ជាធម្មតា ជំងឺនេះមានសភាពស្រាល ហើយនឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែ សូមប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នក ក្នុងករណីដូចខាងក្រោមនេះ។ សម្រាប់មនុស្សធំ សូមប្រញាប់ទៅមន្ទីរពេទ្យភ្លាម ប្រសិនបើអ្នក ៖ • គ្រុនក្តៅលើសពី ៣៨,៥ អង្សារសេ • គ្រុនក្តៅមានរយៈពេលលើសពី ៥ ថ្ងៃ ហើយមិនបាត់សោះ • ពិបាកដកដង្ហើម • ដកដង្ហើមលឺសូរខុសធម្មតា • ឈឺបំពង់កខ្លាំង • ឈឺក្បាលមិនបាត់។ សម្រាប់កូនក្មេង បើមានសញ្ញាខាងក្រោមនេះ សូមប្រញាប់នាំកូន ទៅកាន់មន្ទីរពេទ្យភ្លាម ៖ • ក្តៅខ្លួនលើសពី ៣៨ អង្សារសេ • ក្តៅខ្លួនមិនបាត់ក្នុងរយៈពេលពីរបីថ្ងៃ • រោគសញ្ញាកាន់តែធ្ងន់ធ្ងរទៅៗ ដូចជា ក្អក ឬឈឺក្បាលជាដើម • ពិបាកដកដង្ហើម • ឈឺក្នុងត្រចៀក • សន្លឹម មិនសូវមានសកម្មភាព • មិនញ៉ាំអាហារ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អ្នកដែលចាប់អារម្មណ៍ដែរឬទេថាមានមនុស្សមួយចំនួនហាក់បីដូចជាមានអាការៈដូចផ្តាសាយរយៈពេលយូរ និងមិនបានធូរស្បើយបើទោះបីជាបានប្រើប្រាស់ថ្នាំផ្តាសាយហើយក៏ដោយ? បើដូច្នោះ ឫសដូងច្រមុះជាជំងឺមួយដែលគួរតែត្រូវបានគិតដល់។ យ៉ាងណាមិញរោគសញ្ញាផ្សេងៗមួយចំនួនទៀតអាចឲ្យធ្វើរោគវិច្ឆ័យបានទៅលើជំងឺនេះផងដែរ។ ការពិតអ្នកអាចនឹងមានឫសដូងច្រមុះដោយមិនដឹងខ្លួនដោយសារជាញឹកញាប់វាមិនបង្ហាញនូវរោគសញ្ញាណាមួយឡើយ។ តើឫសដូងច្រមុះគឺជាអ្វី? តើវាសម្គាល់បានដោយរោគសញ្ញាអ្វីខ្លះ? ឫសដូងច្រមុះ (Nasal polyps) គឺជាដុំសាច់ធម្មតាមិនមែនមហារីកដែលដុះនៅក្នុងច្រមុះ ឬប្រហោងឆ្អឹងមុខហើយដូចដែលបានបញ្ជាក់ពីខាងលើជាទូទៅដុំសាច់នេះមិនបង្ហាញជារោគសញ្ញាអ្វីគួរកត់សម្គាល់ឡើយពីព្រោះដុំសាច់នោះមានសភាពទន់ និងមិនបង្កឲ្យមានការឈឺចាប់ទេជាពិសេសនៅពេលសាច់ដុះនោះតូច។ ប៉ុន្តែករណីដែលដុំសាច់នេះធំឬមានចំនួនច្រើនវាអាចបិទទៅលើរន្ធឆ្អឹងមុខ (Sinus) ហើយបង្កឲ្យមានការស្ទះ និងការប្រមូលផ្តុំនៃសារធាតុអន្ធិលរបស់ប្រហោងឆ្អឹងមុខអាចបង្កឲ្យមានការឆ្លងរោគធ្ងន់ធ្ងរដែលសម្គាល់បានដោយការឡើងខាប់នៃសារធាតុអន្ធិល និងការប្តូរពណ៌របស់វា។ ក្នុងខណៈពេលនោះ រោគសញ្ញាមួយចំនួនអាចនឹងសង្កេតឃើញមានដូចជាតឹងច្រមុះ ហៀរសំបោរ កណ្តាស់ ស្លេស្ម៍នៅក្នុងបំពង់ក ឈឺមុខ ឈឺក្បាលការថយចុះឬបាត់បង់តែម្តងនូវសមត្ថភាព ក្នុងការហិតក្លិនបាត់បង់ការដឹងរសជាតិ រមាស់ឆៀបនៅជុំវិញភ្នែក មានអារម្មណ៍ធ្ងន់នៅថ្ងាសឬមុខ គេងស្រមុក បាត់ដង្ហើមពេលគេង ដកដង្ហើមតាមមាត់ជាដើម។ ក្រៅពីនេះអ្នកជំងឺខ្លះអាចនឹងមានការវិវឌ្ឍនូវរោគសញ្ញានៃជំងឺហឺត ដូចជាថប់ដង្ហើម និងខ្លះទៀតក៏អាចមានការកើតឡើងនូវការប្រតិកម្មជាមួយថ្នាំមួយចំនួន ពិសេសគឺអាស្ពីរីនតែម្តង។ មូលហេតុអ្វីបានជាមានឫសដូងច្រមុះ? ទោះបីជាមូលហេតុនៃការដុះសាច់ច្រមុះនៅមិនទាន់បានកំណត់ឲ្យច្បាស់លាស់នៅឡើយតែការរលាកច្រមុះរ៉ាំរ៉ៃ និងប្រវត្តិគ្រួសារ (តំណពូជ) ហាក់មានទំនោរបង្កឲ្យមានឫសដូងច្រមុះនេះកើតឡើង។ ជាក់ស្តែង មនុស្សមួយចំនួនអាចកើតមានឫសដូងច្រមុះដោយគ្មានមូលហេតុ ប៉ុន្តែកត្តាមួយចំនួនត្រូវបានរកឃើញថាចូលរួមចំណែកបង្កើនហានិភ័យនៃជំងឺដែលក្នុងនោះរួមមានអ្នកជំងឺហឺត ភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ ការរលាកប្រហោងឆ្អឹងមុខរ៉ាំរ៉ៃឬក៏រើឡើងវិញ  និងការអាលែ្លកហ្ស៊ីជាមួយថ្នាំអាស្ពីរីនឬប្រភេទថ្នាំមួយចំនួនទៀតជាដើម។ អ្នកណាខ្លះងាយនិងប្រឈមនឹងជំងឺនេះ? ថ្វីត្បិតមនុស្សគ្រប់វ័យអាចវិវត្តនូវឫសដូងច្រមុះនេះក៏ប៉ុន្តែអ្នកដែលស្ថិតក្នុងវ័យកណ្តាល ឬលើសពីអាយុ៤០ឆ្នាំត្រូវបានសង្កេតឃើញថាមានការប្រឈមខ្ពស់ជាងគេហើយក្នុងនោះផងដែរបុរសមានភាគរយកើតខ្ពស់ជាងស្រ្តី។ មានករណីកម្រណាស់ដែលកុមារអាយុក្រោម១០ឆ្នាំមានកើតនូវជំងឺនេះ។ ផលវិបាកអ្វីខ្លះដែលអាច នឹងកើតឡើងដោយសារឫសដូងច្រមុះ? ផលវិបាកនៃជំងឺគឺការប្រឈមនឹងហានិភ័យខ្ពស់នឹងការរលាកប្រហោងឆ្អឹងមុខរ៉ាំរ៉ៃ និងការកើនឡើងនូវការរើឡើងនៃអាការៈជំងឺហឺតជាដើម។ ក្រៅពីនោះការព្យាបាលដោយការវះកាត់នឹងផ្តល់នូវផលរំខានមួយចំនួនផងដែររួមមានការហូរឈាមច្រមុះការឆ្លងរោគផ្សេងៗ និងអាចឈានទៅដល់ការរលាកស្រោមខួរទៀតផង។ រីឯការប្រើប្រាស់ថ្នាំប្រភេទ Corticosteroid យូរក៏អាចបង្កឲ្យរាងកាយមានការថយចុះនូវភាពធន់ទៅនឹងការឆ្លងរោគផងដែរ។ ឫសដូងច្រមុះត្រូវព្យាបាលដោយរបៀបណា? គួរបញ្ជាក់ជាមុនថាគោលដៅនៃការព្យាបាលគឺដើម្បីកាត់បន្ថយទំហំ ឬបង្រួញ និងបំបាត់ដុំសាច់ដុះនោះចេញ។ ការប្រើប្រាស់ថ្នាំជាជម្រើសទីមួយក្នុងការព្យាបាលហើយប្រភេទថ្នាំដែលត្រូវយកមកប្រើប្រាស់រួមមាន៖ • ស្ព្រៃយន៍បាញ់ច្រមុះប្រភេទ Corticosteroid អាចជួយកាត់បន្ថយការរលាកនៅក្នុងច្រមុះហើយក៏ត្រូវបានប្រើក្នុងរយៈពេលយូរសម្រាប់ការពារការលាប់ឡើងនូវឫសដូងច្រមុះផងដែរ • ថ្នាំគ្រាប់និងថ្នាំចាក់ប្រភេទ Corticosteroid នឹងត្រូវបានយកមកប្រើប្រាស់តែឯង ឬរួមផ្សំជាមួយស្ព្រៃយន៍បាញ់ច្រមុះក្នុងករណីដែលការប្រើប្រាស់ស្ព្រៃយន៍បាញ់ច្រមុះតែឯងពុំមានប្រសិទ្ធភាព។ ដោយឡែក ចំពោះប្រភេទថ្នាំចាក់នឹងត្រូវប្រើតែក្នុងករណីដែលរលាកធ្ងន់ធ្ងរប៉ុណ្ណោះ រីឯការប្រើប្រាស់ថ្នាំគ្រាប់ក៏ត្រូវប្រើក្នុងរយៈពេលខ្លីផងដែរដោយសារតែផលរំខានធ្ងន់ធ្ងររបស់វា • ថ្នាំមួយចំនួនទៀតដែលអាចនឹងត្រូវបានប្រើប្រាស់បន្ទាប់បន្សំដើម្បីព្យាបាលនិងការពារការលាប់ឡើងវិញរួមមានដូចជា ថ្នាំ Antihistamine (ប្រឆាំងអាលែ្លកហ្ស៊ី) ថ្នាំផ្សះ (ប្រឆាំងបាក់តេរី)។ • ថ្នាំសម្រាប់ព្យាបាលអាស្រ័យនឹងរោគសញ្ញាខ្លះត្រូវបានប្រើសម្រាប់សម្រួលអាការៈរបស់អ្នកជំងឺ រួមមាន ថ្នាំបំបាត់ការតឹងច្រមុះ ហៀរសំបោរ និងបំបាត់ការឈឺចាប់ជាដើម។ • ចុងក្រោយគឺការព្យាបាលដោយការដកភាពស៊ាំ (Desensitization) ទៅនឹងថ្នាំអាស្ពីរីន ឬសារធាតុណាមួយក៏ត្រូវបានពិចារណាផងដែរក្នុងករណីដែលមូលហេតុពិតប្រាកដនៃការរលាកទាក់ទងនឹងការឆ្លើយតបយ៉ាងខ្លាំងនៃប្រពន្ធ័ភាពស៊ាំទៅនឹងសារធាតុឬថ្នាំទាំងនោះ។ បន្ទាប់មក ការវះកាត់ជាជម្រើសមួយទៀតក្នុងការព្យាបាលនៅដំណាក់កាលដែលឫសដូងច្រមុះរីកធំ ឬបង្កការស្ទះដល់ការជ្រាបទៅដល់របស់ថ្នាំ នាំឲ្យការប្រើប្រាស់ថ្នាំមិនមានប្រសិទ្ធភាព។ ការវះកាត់ធ្វើឡើងដើម្បីកាត់ដុំសាច់ចេញ ឬកែតម្រូវបញ្ហាដែលមានមូលហេតុទាក់ទង នឹងប្រហោងឆ្អឹងមុខជាដើម។ អ្វីដែលអ្នកគួរកត់សម្គាល់បំផុតនោះគឺការងាយនឹងកើតឡើងវិញបន្ទាប់ពីការព្យាបាលដោយជោគជ័យទៅលើឫសដូងច្រមុះដូចនេះអ្នកជំងឺជាទូទៅត្រូវបន្តប្រើស្ព្រៃយន៍បាញ់ច្រមុះប្រភេទ Corticosteroid ដើម្បីប្រឆាំងនឹងការរលាកឬការលាប់ឡើងវិញ។ ក្រៅពីនោះការលាងច្រមុះដោយទឹកសាលីន(ស៊ីរ៉ូមប្រៃ) ក៏ត្រូវបានណែនាំផងដែរដើម្បីឲ្យរបួសពីការវះកាត់ឆាប់បានជាសះស្បើយ។ លើសពីនេះអ្នកជំងឺក៏គួរធ្វើការត្រួតពិនិត្យ ឬថតឆ្លុះសាច់ច្រមុះឲ្យបានទៀតទាត់ដើម្បីតាមដាននិងការពារការកកើតឡើងវិញ។ ជាមួយគ្នាផងដែរការគ្រប់គ្រងជំងឺហឺត ឬអាលែ្លកហ្ស៊ីដែលមានស្រាប់របស់អ្នកជំងឺក៏អាចកាត់បន្ថយហានិភ័យនេះមួយភាគធំ។ ពេលណាអ្នកជំងឺគួរទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់? សញ្ញាគ្រោះថ្នាក់ដែលអាចឲ្យប្រឈមមុខនឹងគ្រោះថ្នាក់មានដូចជា៖ • ការពិបាកដកដង្ហើមខ្លាំង • ភាពវិវត្តទៅជាធ្ងន់ធ្ងរយ៉ាងឆាប់រហ័សនៃអាការៈជំងឺ • ការមើលឃើញពីការថយចុះសមត្ថភាពក្នុងការមើល ឬការរេចុះឡើងនៃភ្នែក • ការហើមធ្ងន់ធ្ងរនៅជុំវិញភ្នែក • ការឈឺក្បាលខ្លាំងក្លារួមជាមួយនឹងកម្តៅក្នុងខ្លួនកើនឡើងឬពិបាកក្នុងការឱនក្បាលទៅមុខ។ មានវិធីសាស្ត្រ អ្វីខ្លះក្នុងការបង្ការឫសដូងច្រមុះ? • គ្រប់គ្រងជំងឺហឺត និងអាការៈអាលែ្លកហ្ស៊ីឲ្យបានត្រឹមត្រូវ • ចៀសវាងនូវសារធាតុដែលធ្វើឲ្យរលាកដល់ច្រមុះ ដូចជាផ្សែង បារី ថ្នាំជក់ ធូលីដី លម្អងផ្កាជាដើម • ត្រូវអនុវត្តអនាម័យស្អាត និងត្រឹមត្រូវដើម្បីចៀសវាងនូវការឆ្លងរោគផ្សេងៗ • ផ្តល់សំណើមដល់បរិយាកាសក្នុងផ្ទះដើម្បីសម្រួលដល់ចរន្តចេញចូលនៃសារធាតុអន្ធិលរបស់ប្រហោងឆ្អឹងមុខនិងការពារការកកស្ទះរបស់វា • ប្រើប្រាស់ទឹកលាងច្រមុះ(ស៊ីរ៉ូមប្រៃ)សម្រាប់ឲ្យមានចរន្តចេញចូលស្រួលនៃសារធាតុអន្ធិលរបស់ប្រហោងឆ្អឹងមុខព្រមទាំងលាងសម្អាតចេញនូវសារធាតុដែលបង្កឲ្យរលាកផ្សេងៗចេញផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៉ោក ធន បានមានប្រសាសន៍ថា «ភាពលូតលាស់មិនស្របគ្នារវាងកញ្ចក់ភ្នែក និងទំហំនៃគ្រាប់ភ្នែក (វាស់ពីមុខមកក្រោយ) ដែលវាកើតឡើងមកពីភ្នែកទៅជារីកធំខុសពីធម្មតា ឬកញ្ចក់ភ្នែកកោងខ្លាំងពេក ដែលកំណោងកញ្ចក់ភ្នែកធ្វើឲ្យមានការបត់កាំពន្លឺជាកំនុំរូបភាពនៅខាងមុខបាតភ្នែកជាមូលហេតុនៃការម៉្ញូប ដែលពុំទាន់រកឃើញពីមូលហេតុច្បាស់លាស់ តែ៩០%ត្រូវ បានគេសន្និដ្ឋានថា បណ្តាលមកពីតំណពូជ តែមិនទាន់ដឹងថាកំណត់ដោយក្រូម៉ូសូមប្រាកដណាមួយ»។  មានការព្យាបាលដែរឬទេសម្រាប់អ្នកភ្នែកម៉្ញូប? -ករណីដែលម៉្ញូបទាក់ទងនឹងហ្ស៊ែននោះ ពុំមានវិធីក្នុងការបញ្ឈប់ការវិវឌ្ឍទៅរកភាពម៉្ញូប ឬឡើងដឺក្រេភ្នែកទេ។  -ចំពោះម៉្ញូបដែលកើតមាននៅវ័យក្មេង ការវិវឌ្ឍនឹងមានសភាពលឿន ប៉ុន្តែវានឹងថយចុះវិញនៅក្រោយអាយុ១៩ឆ្នាំ ឬ២២ឆ្នាំ។ ក្នុងករណីដែលការម៉្ញូបរបស់គាត់ឈប់មានការវិវឌ្ឍ មានន័យថា គាត់បានជោគជ័យក្នុងការព្យាបាល តែករណីដែលការវិវឌ្ឍនៅតែបន្តនោះ ការព្យាបាលនឹងត្រូវធ្វើជាបន្ត ហើយការពាក់វ៉ែនតា ឬធ្វើការវះកាត់បន្តទៀតក៏ត្រូវបានពិចារណាដដែល។ ដូចនេះ ការព្យាបាលដាច់ ឬក៏អត់ គឺអាស្រ័យនឹងការវិវឌ្ឍរបស់ម៉្ញូប។  បញ្ជាក់ ៖ ពុំមានថ្នាំណាមួយសម្រាប់បញ្ឈប់ការឡើងដឺក្រេបានទេ ហើយក៏ពុំមានការបញ្ជាក់ណាមួយពីប្រសិទ្ធភាពរបស់វាដែរ។ -ការព្យាបាលដែលងាយបំផុត គឺពាក់វ៉ែនតាមុននឹងឈានដល់ដំណាក់កាលវះកាត់ ដែលជាទូទៅវ៉ែនតាប្រភេទដកត្រូវប្រើចំពោះអ្នកម៉្ញូប ឯ Hyperopia ត្រូវប្រើប្រាស់វ៉ែនតាបូក រីឯអាស្ទីម៉ាតអាចមានបូក និងដកទៅតាមការពិនិត្យ និងវាស់ឃើញជាក់ស្តែង ។ -រីឯការវះកាត់លើកញ្ចក់ភ្នែកដូចជាការប្រើប្រាស់ឡាស៊ែរ ការបញ្ចូលកងទៅនឹងកម្រាស់កញ្ចក់ភ្នែក ដើម្បីធ្វើកំណោងកញ្ចក់ភ្នែកមានកំណោងមកធម្មតាវិញ។ សម្រាប់ដែលមានម៉្ញូបកម្រិតខ្ពស់ (២០ Diopters) អាចធ្វើការវះកាត់ដោយបញ្ចូលកញ្ចក់សិប្បនិម្មិតតម្រូវនឹងភ្នែករបស់យើងជំនួសកញ្ចក់ភ្នែករបស់យើង។ គោលបំណងនៃការវះកាត់គឺ ដើម្បីឲ្យភ្នែករបស់យើងត្រលប់មកធម្មតាវិញ ប៉ុន្តែអ្នកជំងឺអាចប្រើប្រាស់វ៉ែនតាក្នុងកម្រិតស្រាលមួយដើម្បីមើលច្បាស់ ពីព្រោះការវះកាត់ជាក់ស្តែងអាចជួយអ្នកជំងឺបន្ថយដឺក្រេភ្នែកបាន ប៉ុន្តែមិនទាំងស្រុងទេ។ ចំពោះជំនឿរបស់បងប្អូនយើង ជាពិសេសមាតាបិតាដែលថា «ការពាក់វ៉ែនតាធ្វើឲ្យភ្នែកកូនចេះតែឡើងដឺក្រេ និងមានអារម្មណ៍ថាកូនមិនល្អដូចអ្នកដទៃទៅវិញ» គួរតែត្រូវបានពិចារណាឡើងវិញ ពីព្រោះអ្វីដែលសំខាន់ គឺគំហើញច្បាស់របស់កូនដែលអាចជួយឲ្យជីវិតពួកគេប្រសើរឡើងរួមទាំងការរៀនសូត្រ ការប្រកបការងារព្រមជាមួយនឹងគុណភាពជីវិតដ៏ល្អផងដែរ។ យល់ដឹងបន្ថែមពី បញ្ហាភ្នែកម៉្ញូប © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រោគសញ្ញាមួយចំនួនដូចជា កុមារដែលមានការលូតលាស់ផ្នែករាងកាយមិនបានល្អ ជាពិសេសមិនឡើងទម្ងន់បើធៀបនឹងអាយុ និងកម្ពស់របស់គាត់នោះ ឬកុមារមិនឡើងទម្ងន់ ឬស្រកទម្ងន់ជារៀងរាល់ខែ  កុមារមិនញ៉ាំចំណី កុមារអស់កម្លាំងល្វឹងល្វើយ ស្លេកស្លាំង កុមារមានរោគសញ្ញារាករ៉ាំរ៉ៃបណ្ដាលមកពីជំងឺពោះវៀន ឬប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរ និងកុមារមានសកម្មភាពមិនរហ័សរហួន សុទ្ធតែបញ្ជាក់ថាកុមារមានការថយចុះការលូតលាស់។ ក្នុងនាមជាឪពុកម្តាយ ដើម្បីឲ្យកុមារមានការរីកលូតលាស់ឡើងវិញ លោកអ្នកគួរតែ៖ -ព្យាយាមបំប៉នចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ដល់កុមារ -ព្យាបាលជំងឺដែលកុមារមានតាំងពីកំណើត  -ព្យាយាមតាមដាន និង ស្វែងរកជំងឺរ៉ាំរ៉ៃ ព្រមទាំងព្យាបាលវា -ថែទាំកុមារ និងចិញ្ចឹមកុមារឲ្យបានល្អ -ជ្រើសរើសចំណីអាហារបំប៉នណាដែលមិនប្រតិកម្មនឹងខ្លួនរបស់កុមារ។ ជាក់ស្តែង ចំណីអាហារដែលអាចធ្វើឲ្យកុមាររីកធំធាត់ គឺចំណីអាហារណាដែលមានអនាម័យល្អ និងមានជីវជាតិគ្រប់គ្រាន់ មានន័យថាកុមារអាចបៅទឹកដោះម្ដាយ បរិភោគបបរគ្រឿងគ្រប់មុខ ឬ បាយជាមួយម្ហូបដែលមានសាច់ បន្លែ ស៊ុត គ្រឿងក្នុងមាន់  ឬជ្រូក រួមទាំងផ្លែឈើ និងភេសជ្ជៈណាដែលទ្រទ្រង់សុខភាព។ ព័ត៌មានបន្ថែមអំពី សារធាតុចិញ្ចឹម៣ប្រភេទចាំបាច់សម្រាប់កុមារ ស្វែងយល់ឲ្យកាន់តែលម្អិតពី ការថយចុះការលូតលាស់របស់កុមារ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង) គឺជាជំងឺដែលរលាកនៅត្រង់កន្លែងណាមួយនៃត្រចៀកខាងក្នុងដែលមានរោគសញ្ញាដូចជា ៖ វិលមុខ គ្រាប់ភ្នែករេទៅម្ខាងដោយឯកឯង ពោល គឺទៅខាងដែលរលាក (Nyst-agmus) ចង្អោរ ក្អួតជាដើម ថយចុះនូវការស្តាប់ ឬស្តាប់មិនលឺតែម្តង (សម្រាប់ករណីធ្ងន់ធ្ងរ)។ គួរបញ្ជាក់ផងដែរថា ជំងឺនេះមាន៣កម្រិត រួមមាន៖ -កម្រិតទី ១ ហៅថា Circumscribed labyrinthitis : កើតនៅតែមួយកន្លែងនៃត្រចៀកខាងក្នុង ហើយអាចព្យាបាលជាដោយធ្វើការវះកាត់ និងប្រើជេលហ្វូម រួមទាំងកម្ទេចឆ្អឹងទៅបិទនៅនឹងកន្លែងប្រហោងដែលបណ្តាលឲ្យរលាកនោះ។បន្ទាប់មកត្រចៀកម្ខាងទៀតរបស់អ្នកជំងឺ នឹងធ្វើការប៉ះប៉ូវនូវមុខងាររបស់ត្រចៀកដែលរលាកដោយឯកឯង នៅពេលនោះអ្នកជំងឺនឹងមិនមានអាការៈវិលមុខបន្តទៀតទេ ហើយការរលាកនេះនឹងជាសះស្បើយបន្តិចម្តងៗ។ -កម្រិតទី ២ ហៅថា Diffuses serous labyrinthitis: ការរលាកបានសាយភាយពីកន្លែងមួយទៅកន្លែងផ្សេងទៀតរបស់ត្រចៀកខាងក្នុងរួចទៅហើយ ហើយមានការ ពិបាកក្នុងការព្យាបាល។ -កម្រិតទី ៣ ហៅថា  Diffuse suppurative labyrinthitis: វត្តមានខ្ទុះបានលេចឡើងនៅក្នុងត្រចៀកខាងក្នុង ហើយបានសាយភាយទៅដល់ស្រោមខួរ ដែលការព្យាបាល មានការពិបាក និងអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិត។  ករណីដែលអ្នកជំងឺមិនបានមកជួបគ្រូពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលានោះ ជំងឺនេះនឹងវិវឌ្ឍបន្តិចម្តងៗទៅដំណាក់កាលចុងក្រោយ ហើយក៏អាចបណ្តាលឲ្យកើតជំងឺរលាកស្រោមខួរ និងអាចឈានដល់អាប់សែខួរក្បាលថែមទៀត។ បកស្រាយដោយ ៖ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសវះកាត់ និងព្យាបាលជំងឺ ត្រចៀក ច្រមុះ បំពង់ក ដែលបានបញ្ចប់ការសិក្សាថ្នាក់ឯកទេសពីប្រទេសថៃ  និងជាប្រធានផ្នែកត្រចៀក ច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង អនុប្រធាននៃគ្លីនិកលុច្ស និងជាអនុប្រធានសមាគមជាតិ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាលនិងកម្ពុជា យល់ដឹងបន្ថែមពី ជំងឺរលាកត្រចៀកខាងក្នុង  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share
Top