Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មុន មុន គឺជាជំងឺរបស់ក្រពេញគល់រោម “Pilosebaceous“ វាកើតឡើងជាញឹកញាប់ មិនថាបុរស ឬស្រ្តី។ ជាទូទៅ គេឃើញថាមុនកើតឡើងក្នុងកំឡុងពេល អាយុពី ១០ ទៅ៤០ឆ្នាំ។មូលហេតុនៃការកើតមុន បណ្តាលមកពីការស្ទះ ក្រពេញបញ្ចេញក្រៅរបស់ក្រពេញ Sebaceous  និងការកើនឡើងលើសលុបនូវ ការបញ្ចេញរបស់ក្រពេញនេះ។ រួមជាមួយបំរែបំរួលអ័រម៉ូន Aldosterone បន្ថែមពីលើនោះ គឺមានការប្រមូលផ្តុំ នូវពពួកបាក់តេរីទៀតផង។ មុនត្រូវបានបែងចែកជាច្រើនប្រភេទ ដែលបង្កឡើងដោយមូលហេតុច្រើនយ៉ាង បន្ថែមពីលើការកកស្ទះ និងការបញ្ចេញច្រើនលើសលុបរបស់ក្រពេញសេបាសេ ”Sebaceas” ដូចជា Acne  vulgaris, Acne Cosmetica, Acne Occupational, Acne Senile Comedone, Acne Neonatorum, Acne Medicamentosa ជាដើម។ តែទោះជាយ៉ាងណា យើងធ្វើចំណាត់ថ្នាក់ មុន តែពីរប្រភេទធំៗ គឺ មុនគ្មានការរលាក (Acne non inflame), មុនមានការរលាក (Acne inflame) ។ • នៅក្នុងចំណាត់ថ្នាក់ Acne non inflame មានដូចជា Acne vulgaris ដែលចែកជា  ពីរ  ក្រុមទៀតគឺ ៖    comedone      white     head ( មុនគ្រាប់ស )និង comedone black head (មុនក្បាលខ្មៅ) ។ • រីឯចំណាត់ថ្នាក់ Acne inflame មានដូចជា Acne fulminance, Acne Conglobata ជាដើម។ បើនិយាយពីរោគវិនិច្ឆ័យ មុន (Acne) គឺតំរូវទៅតាម គ្លីនិក និងធ្វើការបែងចែកទៅតាមអាយុ ប្រភេទមុន និងចំណាត់ថ្នាក់ដើម្បីធ្វើការព្យាបាល។ ការព្យាបាល ក៏ដូចរោគវិនិច្ឆ័យដែរ គឺតំរូវទៅតាមប្រភេទ និងចំណាត់ថ្នាក់របស់មុនដូចគ្នា។ ១. Topical Therapy • Acne non inflame ៖ សំដៅលើមុនដែលមិនមានការរលាក - Acne cream and Acne lotion ៖ សម្រាប់ធ្វើឲ្យមុខស្ងួត និង peeling effect - Retinoic acid ៖ លាបដើម្បីកាត់បន្ថយការបញ្ចេញរបស់ក្រពេញ Sebaceas ។ • Acne inflame ៖ សំដៅលើមុនដែលមានការរលាក រួមនិងមានបណ្តុំនៃពពួកបាក់តេរី -Benzoyl Peroxide : 2.5%  5%  10% ទៅតាមកម្រិតនៃការរលាក -Erythromycine gel, ( Clindamycinegel ) ២. Systemic therapy • Antibiotic ដែលប្រើប្រាស់ជាញឹកញាប់មានដូចជា :  Doxycycline, Erythromycine, Azithromycine, Cotrime (ពេលខ្លះ) ជាដើម ។ • Hormonal therapy • Roaccutane “Isotretinoin” ករណីមុនដែលធ្ងន់ធ្ងរ ការព្យាបាលកាន់តែពិបាក អាចតំរូវឲ្យចាក់ពពួក Anti-inflammatory ទៅក្នុងបណ្តុំមុនដែល មានគ្រាប់ធំ ហើយរឹង។ ជារួម “មុន” ជាជំងឺដែលសុំាញុំា ហើយពិបាកក្នុងការព្យាបាលឲ្យជាសះស្បើយដាច់ណាស់។ បច្ចេកវិទ្យាបច្ចុប្បន្ន ដែលទាន់សម័យ ហើយទំនើបនៅប្រទេសជឿនលឿន គឺការព្យាបាលរបស់គេអាចរហូតដល់ប្រើប្រាស់ Laserនិងម៉ាស៊ីនឈ្មោះ ‘AGNESTM “ ទៅហើយ។ អាស្រ័យហេតុនេះ ដើម្បីព្យាបាលមុនឲ្យមានប្រសិទ្ធភាព សូមបណ្តាអតិថិជនទាំងអស់ ស្វែងរកការព្យាបាលដោយវេជ្ជបណ្ឌិតមានជំនាញ ចៀសវាងការព្យាបាលតាមបែប ប្រថុយប្រថាន ជាមួយផលិតផលក្នុងទីផ្សារសេរី ដោយមិនគោរពតាមវេជ្ជបញ្ជាច្បាស់លាស់។ ជាំ ជាំ គឺជាការកើតឡើងនូវពណ៌លើស្បែកដែលបណ្តាលឲ្យពណ៌ស្បែកប្រែទៅជាពណ៌ក្រមៅជាងស្បែកធម្មតាកើតថ្មីៗ ហើយមានកម្រិតព្រំដែនច្បាស់លាស់។ គេសង្កេតឃើញថា «ជាំ» កើតមានលើស្រ្តីច្រើនជាងបុរស ហើយច្រើនកើតលើមនុស្សចាប់ពីអាយុលើសពី២០ឆ្នាំ តែមូលហេតុរបស់ជាំមិនត្រូវបានបញ្ជាក់ច្បាស់លាស់ទេ។ វាអាចបណ្តាលមកពីមូលហេតុច្រើនយ៉ាង គ្រាន់តែអាចសំគាល់ឃើញថាវាមានទំនាក់ទំនងនឹងបម្រែបម្រួលរបស់អរម៉ូន និងកម្តៅថ្ងៃ។  ជាក់ស្តែង ការប្រមូលផ្តុំនូវកោសិកាពណ៌របស់ស្បែកឈ្មោះថា «មេឡានីន» ច្រើនលើសលុប បណ្តាលឲ្យជំងឺ «ជាំ» នេះកើតឡើង។ កន្លែងដែលកើតមានអាការៈជាំជាញឹកញាប់មានដូចជា៖ ថ្ងាស ថ្ពាល់ សៀតផ្កា ច្រមុះ និងចង្កា។ ជាទូទៅ គេសង្កេតឃើញថាជាំច្រើនចេញនៅពេលដែលស្រ្តីមានផ្ទៃពោះ ស្រ្តីដែលប្រើប្រាស់ថ្នាំពន្យារកំណើត ក្រុមពពួក Oestrogen ជាដើម។ កត្តាមួយចំនួនទៀតដែលជម្រុញឲ្យជាំកើតមានដែរ គឺជំងឺរ៉ាំរ៉ៃ ជំងឺស្រេ្តសជាដើម។ យ៉ាងណាមិញ ការព្យាបាលមានការលំបាកនឹងឲ្យជាដាច់ក្នុងរយៈពេលខ្លីណាស់ មានន័យថាការព្យាបាលត្រូវប្រើពេលយូរ ឬសឹងតែអស់មួយជីវិតទៅតាមដំណាក់កាលនីមួយៗ លើកលែងតែជាំដោយសារការមានផ្ទៃពោះជាទូទៅក្រោយពេលសម្រាលកូន៦ខែ ជាំអាចវិវឌ្ឍន៍ទៅជាសះស្បើយវិញដោយខ្លួនឯង។ រីឯជាំបណ្តាលមកពីការលេបថ្នាំពន្យារកំណើត ក្រោយពីបញ្ចប់ការលេបក៏ត្រឡប់មកធម្មតាវិញដូចគ្នាដែរ។ ជាទូទៅ ថ្នាំដែលប្រើក្នុងការព្យាបាលជាំមានដូចជា «Hydroquinone» លាយជាមួយ Tretinoin  និងCorticoides។ ម្យ៉ាងវិញទៀត គេក៏អាចព្យាបាលជាមួយ Azelaic acid រួមបន្ថែមនូវគ្រីមការពារកម្តៅថ្ងៃ SPF 30-50 ផងដែរ។ Atopic Dermatitis Atopic Dermatitis ជាជំងឺរលាកស្បែកម្យ៉ាងដែលមានរោគសញ្ញារមាស់ ជាចម្បង និងសើរើជាញឹកញាប់ (Recurrent) ដែលជាទូទៅការប៉ះទង្គិចកើតមាននៅលើផ្នែកទាំងសងខាងនៃដងខ្លួន (Symmetrical) ជាពិសេស គឺតំបន់បត់ ឬគន្លាក់ ដូចជាគន្លាក់ដៃ គន្លាក់ជើង ថ្ពាល់ ហើយលក្ខណៈពិសេសរបស់ជំងឺនេះ  គឺមាននៅទាំងសងខាង ដែលហៅថា   Symmetrical។ ជាទូទៅ វាចាប់ផ្តើមនៅពេលទើបនឹងកើតភ្លាម និងច្រើនកើតមានមុនអាយុ២ឆ្នាំ ហើយច្រើនតែកែសម្រួលបានដោយជំងឺនេះថយចុះទៅតាមអាយុអាចថយចុះ មានន័យថាកាលណាអាយុ កើនឡើងជំងឺនេះ ប៉ុន្តែរោគសញ្ញាកាន់តែធ្ងន់ធ្ងរដោយសារការអេះ និងកកិត ។ រោគសញ្ញាចម្បងនៃជំងឺនេះ មានដូចជា ៖ • ការរមាស់ (Pruritus)  មាននៅតំបន់គន្លាក់ចំពោះមនុស្សពេញវ័យនិង នៅមុខ ដៃ កំបេះគូថ សម្រាប់ក្មេង • ជាប្រភេទជំងឺរ៉ាំរ៉ៃដែលសើរើជាញឹកញាប់ • មានប្រវត្តិជំងឺគ្រួសារដែលមានប្រតិកម្ម ៖ ស្បែក ច្រមុះ ទងសួត ដែលហៅថា Atopic Dermatitis, Allergic rhinitis, Asthma allergic conjonctivale (រលាកភ្នែកដោយប្រតិកម្ម) រីឯរោគសញ្ញាបន្ទាប់បន្សំវិញរួមមានដូចជា ៖ • រលាកភ្នែកញឹកញាប់ • រលាកមាត់ • រលាកមុខរលាត់ៗ របកៗ • ពុលចំណីអាហារ • រលាកដៃ (បាតដៃ)ញឹកញាប់ • ស្បែកស្ងួតរបកៗ • អង់ទីករ(IgE) ឡើងខ្ពស់ • រមាស់ រួមនឹងហើមៗ • ឡើងកន្ទួលៗ គ្រាប់ៗ (Keratosis pilaris) • គូសលើស្បែកឡើងពណ៌ស (White dermographism) កន្លែងដែលចេញជាញឹកញាប់ (Morphology and distribution)៖ • អាយុពីកើតដល់២ឆ្នាំ ៖ ច្រើនកើតមានជាប្រភេទ Acute និង Sub acute eczema មាននៅមុខ ថ្ងាស ថ្ពាល់ ជុំវិញមាត់ ជុំវិញច្រមុះ ដៃ និងជើង។ • អាយុពី២ឆ្នាំដល់១២ឆ្នាំ ៖ ជាប្រភេទ Sub acute និង Chronic eczema រួមជាមួយ Secondary Infection ដោយពពួកបាក់តេរីច្រើនមាននៅតំបន់ខ្នងដៃ ខ្នងជើង កដៃ កញ្ចឹងក ក្បាលជង្គង់...។ • សម្រាប់មនុស្សពេញវ័យ ៖ កន្លែងដែលកើតមានច្រើននៅថ្ងាស ត្របកភ្នែក    កញ្ចឹងក    ខ្នងដៃ    ខ្នងជើង   កដៃ។ ជំងឺនេះកើតមានលើក្មេងប្រុស និងមនុស្សប្រុសច្រើនជាងក្មេងស្រី និងមនុស្សស្រី។ វិធីព្យាបាល និងបង្ការនៃជំងឺមួយនេះរួមមានដូចជា ៖ • ចៀសវាងនូវទង្វើមួយចំនួនដូចជា ៖ ការប៉ះទង្គិចជាមួយសារធាតុដែលនាំឲ្យមានប្រតិកម្មដូចជាប៉ះជាមួយទឹក ទឹកសាប៊ូ ឬជាតិកាត់ដូចជា សាប៊ូ មេសាប៊ូគ្រឿងក្រអូបមួយចំនួន។ បន្ថែមពីលើនេះ លោកអ្នកក៏គួរចៀសវាងការអេះ និងកកិត ភាពសើម ធូលី និងលំអងព្រមជាមួយនឹងភាពតានតឹង ឬធុញថប់ផងដែរ។ • ប្រើថ្នាំលាប (Topical Therapy) ៖  Topical Steroid  រហូតដល់ស្បែកស្អាតល្អ ទើបប្រើគ្រីមដែលផ្តល់នូវសំណើម។ • ប្រើថ្នាំលាបប្រភេទ Antibiotic សម្រាប់ស្បែករលាកដែលមាន Secondary Infection ជាពិសេសថ្នាំ ដែលមានប្រសិទ្ធភាពលើពពួកStaphy lococcus aureus ដូចជា Erythromycine, Cephalexine, Cloxacilline ជាដើម។ • ថ្នាំប្រភេទ Anti-Histamine  ដើម្បីការពាររមាស់។ • ថ្នាំប្រភេទ Systemic Corticosteroid ប្រសិនបើមានការរលាកខ្លាំង។ • ប្រើ  PUVA or UVB phototherapy ក្នុងករណីដែលប្រើថ្នាំខាងលើមិនជោគជ័យ។ បកស្រាយដោយ ៖ លោកស្រីវេជ្ជបណ្ឌិត ញ៉ែម ណាវី ឯកទេសជំងឺសើស្បែក  និងកាមរោគ  ម្ចាស់បន្ទប់ពិគ្រោះជំងឺរតនា និងជាវេជ្ជបណ្ឌិតបម្រើការនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ

Share

BACLOFEN ជាអាស៊ីត Gamma  Amino  Butyric  Acid (GABA) ដែលជាភ្នាក់ងារប្រឆាំងការកន្រ្តាក់ ជួយឲ្យសាច់ដុំសម្រាក មានប្រសិទ្ធភាពបំបាត់ការឈឺចាប់ ហើយវាដើរតួនៅក្នុងប្រព័ន្ធប្រសាទកណ្តាលជាការបន្ធូរសាច់ដុំ។ មិនតែប៉ុណ្ណោះ BACLOFEN មានលក្ខណៈជាប្រភេទថ្នាំព្យាបាលការញៀនសុរា   ឬដើម្បីផ្តាច់ស្រា។   ការពិតទៅ BACLOFEN ជាសារធាតុមួយស្រដៀងជាមួយនឹងសរសៃប្រសាទដែលត្រូវបានគេស្គាល់ថាGABAវាមានប្រតិកម្មតបលើអារម្មណ៍និងរាងកាយទាំងមូល។ រេសិបទ័រទទួលGABAត្រូវបានរកឃើញនៅមជ្ឈមណ្ឌលកណ្តាលនៃខួរក្បាលហើយនេះវាដូចទៅនឹងប្រសិទ្ធភាពក្នុងការព្យាបាលញៀនដោយសារថ្នាំ ឬស្រាដោយរ៉េសិបទ័រទាំងនោះ។សរសៃប្រសាទផ្សេងៗពីគ្នាត្រូវបានកំណត់ថាផលជាមូលដ្ឋានគួរជាទីគាប់ចិត្តចូលរួមជាមួយការប្រើសារធាតុអាល់កុល និងថ្នាំញៀន។ តាមទ្រឹស្តី BACLOFENដើរតួជារ៉េសិបទ័រGABAវាអាចជួយកាត់បន្ថយចំណង់ខ្លាំងនៃសុរានិងថ្នាំញៀនព្រមទាំងបន្ថយរោគសញ្ញានៃការផ្តាច់ស្រា គឺមានន័យថាសញ្ញាមិនធម្មតានានាដែលតែងកើតមានឡើងក្នុងពេលឈប់ប្រើប្រាស់សារធាតុទាំងនោះ។ ទាក់ទងទៅនឹងការប្រើប្រាស់BACLOFENសម្រាប់មនុស្សពេញវ័យ ជាទូទៅ គឺលេបម្តង១គ្រាប់ (១០មីលីក្រាម) ៣ដងក្នុងមួយថ្ងៃ ប៉ុន្តែ សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់នេះ ចាំបាច់ត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ។ ក្នុងពេលប្រើគួរប្រុងប្រយ័ត្នពេលបើកបរ ឬ ធ្វើកិច្ចការណាមួយដែលទាមទារនូវការប្រុងប្រយ័ត្នខ្ពស់។ ចៀសវាងពិសាសារធាតុអាល់កុលខណៈពេលប្រើBACLOFEN ព្រោះវាអាចបណ្តាលឲ្យកើនឡើងប្រតិកម្មBACLOFENកាន់តែខ្លាំង មួយវិញទៀត មិនគួរប្រើBACLOFENបើត្រូវធ្វើការងារដោយប្រើសាច់ដុំ។ ផលរំខានរបស់វាBACLOFENមានដូចជា ៖មានអារម្មណ៍ល្ហិតល្ហៃ អស់កម្លាំង ភ្លឹកៗ វិបត្តិដំណេក អាចមានអាការៈខ្យល់ចាប់ចង្អោរ ក្អួត ឈឺក្បាលបញ្ហាលើប្រព័ន្ធរំលាយអាហារដូចជា រាក ឬទល់លាមកស្រកទម្ងន់ ឬ ឡើងទម្ងន់ អាចថយការចងចាំ ករណីខ្លះអាចឈានដល់ការពិបាកដកដង្ហើម តែកម្រ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                        

Share

ប្រជាជនកម្ពុជាហាក់យល់ដឹងច្រើនពីបញ្ហាសុខភាព ទើបយើងសង្កេតឃើញថាប្រជាជនទាំងក្មេង ទាំងចាស់ ហាក់ងាកទៅរកការហាត់ប្រាណជាប្រចាំនៅតាមទីសាធារណៈ និងក្លិបហាត់ប្រាណឯកជន។ ហេលស៍ថាម សូមលើកយក ៩ចំណុចដែលអ្នកគួរពិចារណាក្នុងការរើសក្លិបហាត់ប្រាណ៖ 1.    តម្លៃ ទោះអ្នកមានជីវភាពណាក៏ដោយ ការសន្សំសំចៃនៅតែជារឿងល្អមួយ។ •ការបញ្ចុះតម្លៃពិសេស៖ អ្នកមិនគួរឲ្យរំលងនូវឱកាសបុណ្យនានាឡើយព្រោះក្លិបហាត់ប្រាណ នីមួយៗ តែងមានការបញ្ចុះតម្លៃពិសេសក្នុងឱកាសបុណ្យទាំងនោះ ។ •ការចុះជាសមាជិករយៈពេលវែង៖ សម្រាប់អ្នកទើបតែចូល អ្នកមិនគួរចុះជាសមាជិករយៈពេលវែងដូចជា ១ឆ្នាំ ២ឆ្នាំ ភ្លាមៗនោះទេ។ អ្នកគួរសាកល្បងហាត់នៅក្លិបនោះឲ្យបានមួយរយៈសិន ដើម្បីដឹងថាអ្នកពិតជា ពេញចិត្តនឹងក្លិបនោះពិតប្រាកដមែន។   2. ប្រភេទអ្នកចូលចិត្តទៅក្លិប ក្លិបនីមួយៗតែងមានប្រភេទអ្នកទៅផ្សេងៗគ្នាដូចជាក្លិបខ្លះ សម្បូរដោយ ប្រុសៗ ខ្លះដោយស្រីៗ ជាដើម។ •ប្រសិនបើអ្នកជាស្រី៖ អ្នកប្រហែលមិនចង់ឲ្យប្រុសៗជាច្រើនសម្លឹងមើលអ្នកពេលអ្នកកំពុងហាត់ប្រាណនោះទេ ដែលធ្វើឲ្យអ្នកអៀន ឬមិនហ៊ានសាកល្បងហាត់ឧបករណ៍ថ្មីៗជាដើម។ •ចំនួនអ្នកទៅក្លិបនោះ៖ អ្នកក៏គួរតែសង្កេតមើលថាក្លិបនោះមានអ្នកហាត់ប៉ុន្មាននាក់ដែរជាពិសេសពេលល្ងាច និងថ្ងៃចុងសប្តាហ៍ព្រោះ អ្នកប្រហែលជាមិនចង់អង្គុយរង់ចាំឧបករណ៍ ហាត់ប្រាណដែលអ្នកចង់ប្រើនោះទេ។ 3. ឧបករណ៍ហាត់ប្រាណ ពេលរើសកន្លែងហាត់ប្រាណ អ្នកគួរដើរមើលមួយជុំក្លិបនោះ តើក្លិបនោះមានឧបករណ៍ហាត់ប្រាណ គ្រប់គ្រាន់ដែរឬទេ  ជាពិសេសឧបករណ៍ដែល អ្នកចូលចិត្តហាត់។ 4. សេវាកម្មបន្ថែម ក្លិបហាត់ប្រាណមួយចំនួនមានការផ្តល់ជូនសេវាកម្មបន្ថែមដូចជាកន្លែងក្មេងលេង ការម៉ាស្សា ធ្វើសរសៃ ឬសាឡនផងដែរ។ ក្រៅពីនេះ អ្នកក៏អាចសាកសួរថាក្លិបនោះមានអ្នកប្រឹក្សាយោបល់ពីចំណីអាហារផ្សេងៗដែរឬទេជាពិសេសសម្រាប់អ្នកចង់សម្រកទម្ងន់ ឬចង់បានសាច់ដុំ ៦កង់ជាដើម។ 5.ទីតាំង អ្នកគួរជ្រើសរើសយកក្លិបហាត់ប្រាណណាដែលនៅក្បែរផ្ទះ សាលា ឬកន្លែងធ្វើការរបស់អ្នក បើមិនដូច្នោះទេ អ្នកទំនងជាមិនអាចទៅហាត់ប្រាណបានទៀងទាត់ទេ ឬខ្ជិលទៅហាត់ប្រាណតែម្តង ជាពិសេសក្នុងក្រុងភ្នំពេញដែលមានការកកស្ទះចរាចរណ៍ច្រើនផងដែរ។ 6. ភាពស្អាត និងអនាម័យ ក្លិបហាត់ប្រាណក៏ជាកន្លែងដែលអ្នកសម្រាកអារម្មណ៍ពីការងារ និងបញ្ចេញស្រេ្តសផងដែរ  ដូច្នេះហើយក្លិបហាត់ប្រាណត្រូវជាកន្លែងដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ អ្វីដែលអ្នកគួរសង្កេតមានដូចជា ឧបករណ៍ហាត់ប្រាណរប៉ាត់រប៉ាយឬទេ ឧបករណ៍ដែលខូចមានអ្នកធ្វើឬទេ ក្លិបនោះមានធុំក្លិនអាក្រក់ឬទេ កន្សែងបោកបានស្អាតឬទេ ឬសំរាមទុកដាក់មានរបៀបជាដើម។ 7. ម៉ោងដែលបំរើការ អ្នកខ្លះចូលចិត្តហាត់ពេលព្រឹក ខ្លះក៏ចូលចិត្តហាត់ពេលល្ងាច ដូច្នេះអ្នកត្រូវពិនិត្យឲ្យច្បាស់ថាក្លិបនោះបើកពីពេលណាដល់ពេលណា។ ដោយឡែក អ្នកក៏គួរសួរពីកាលវិភាគបិទក្នុងកម្មវិធីបុណ្យផ្សេងៗផងដែរ ព្រោះជួនកាលបើថ្ងៃបុណ្យផ្សេងៗ យើងក៏អាចទៅហាត់ប្រាណលេងផងដែរ។ 8. គ្រូបង្ហាត់ គ្រូបង្ហាត់ក្នុងក្លិបហាត់ប្រាណក៏ជាកត្តាសំខាន់មួយផងដែរ ព្រោះបើមានគ្រូត្រឹមត្រូវ នោះយើងនឹងហាត់បានត្រូវតាមការណែនាំ និងឆាប់ទទួលបានលទ្ធផលផងដែរ។ 9. ការផ្តល់ជូនពិសេសៗសម្រាប់សមាជិក ក្លិបហាត់ប្រាណមួយចំនួនមានការសហការណ៍ជាមួយហាងផ្សេង ដូច្នេះប័ណ្ណសមាជិកដែលអ្នកកាន់អាចនឹងទទួលបានការបញ្ចុះតម្លៃផ្សេងៗ ឬទទួលបានសេវាកម្មមួយចំនួនដោយឥតគិតថ្លៃផងដែរ។

Share

ភាពមមាញឹករបស់សិស្សនិសិ្សតមិនថាជាការងារផ្ទះ ឬការងារស្រាវជ្រាវ ដែលតម្រូវឲ្យធ្វើទាំងថ្ងៃ និងយប់ ឬត្រូវឆ្លៀតបំពេញការងារក្រៅម៉ោងបន្ថែម ព្រមទាំងការងារដែលធ្វើមិនចេះចប់ របស់អ្នកធ្វើការពេញម៉ោង ទាំងក្នុងការិយាល័យ និងការចេញក្រៅធ្វើបេសកកម្មយ៉ាងច្រើនទៀត ធ្វើឲ្យពេលវេលាមួយថ្ងៃរបស់យើងម្នាក់ៗសឹងតែមិនគ្រប់គ្រាន់ក្នុងការសម្រាក ហេតុនេះមិនមានអ្វីគួរឲ្យឆ្ងល់ឡើយ ដែលការប្រើប្រាស់ភេសជ្ជៈជំនួយកម្លាំងមានការពេញនិយមខ្លាំងបែបនេះ។ ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ន នៅតែមានមន្ទិលជាច្រើនទាក់ទងនឹងប្រសិទ្ធភាព ព្រមទាំងសុវត្ថិភាពក្នុងការប្រើប្រាស់ភេសជ្ជៈដ៏ពេញនិយមនេះ ដែលទាមទារឲ្យអ្នកគ្រប់គ្នាធ្វើការស្វែងយល់បន្ថែម។ តើភេសជ្ជៈប៉ូវកម្លាំងគឺជាអ្វី? វាត្រូវបានស្គាល់ថាជាផលិតផលសម្រាប់បង្កើនភាពស្វាហាប់ ដាស់ស្មារតី ព្រមទាំងសកម្មភាព ជាមួយនឹងការជួយបង្កើនថាមពល។ សារធាតុចម្បងពីរត្រូវបានប្រើប្រាស់ក្នុងភេសជ្ជៈប៉ូវកម្លាំងគឺ ស្ករ និងកាហ្វេអីុន ហើយក្រៅពីនោះមានសារធាតុមួយចំនួនទៀតរួម-មាន អេហ្វេដ្រីន តូរីន យិនស៊ីន វីតាមីនបេ គីងកូ ក្រេអាទីនជាដើម  ដែលត្រូវបានរកឃើញបន្ថែមផងដែរក្នុងភេសជ្ជៈនេះ ទៅតាមរូបមន្តរបស់ម៉ាកយីហោនីមួយៗ  ក្នុងគោលបំណងបន្ថែមអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អ្នកបរិភោគ  ដូចជាដើម្បីជួយក្នុងការសម្រកទម្ងន់ កសាងសាច់ដុំឲ្យរឹងមាំ កាត់បន្ថយស្ត្រេស និងភាពងងុយ បង្កើនថាមពល និងជំនួយការចងចាំ។ បើយោងតាមព្រឹត្តបត្រព័ត៌មានដែលបានចុះផ្សាយដោយសមាគមឱសថការីកម្ពុជាបានបង្ហាញថា មូលហេតុដែលអ្នកប្រើប្រាស់ជ្រើសរើសភេសជ្ជៈនេះគឺដោយសារតែពួកគេជឿថាភេសជ្ជៈប៉ូវកម្លាំងអាចជួយបង្កើនថាមពល កាត់បន្ថយភាពអស់កម្លាំង រក្សាលំនឹងផ្លូវចិត្ត បង្កើនល្បឿនរំលាយអាហារ និងផ្តល់ភាពស្រស់ស្រាយឲ្យពួកគេបាន។ តាមរយៈការសិក្សាដដែលនេះ ក៏បង្ហាញផងដែរថា ការប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំងទទួលបានការពេញនិយមក្នុងការប្រើប្រាស់យ៉ាងខ្លាំងដោយសិស្សនិសិ្សត អ្នកធ្វើការដែលមមាញឹកខ្លាំង អ្នកធ្វើដំណើរ អ្នកដែលធ្វើការបញ្ចេញពលកម្មខ្លាំង និងជាពិសេសគឺអ្នកបើកបរផ្លូវឆ្ងាយ។ តើការប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំងផ្តល់ផលប៉ះពាល់ដែរឬទេ? ការលាយភេសជ្ជៈប៉ូវកម្លាំងជាមួយស្រា ឬអាល់កុល ជារូបភាពមួយដែលឃើញមានជាញឹកញាប់ពីសំណាក់អ្នកប្រើប្រាស់ ដោយសារវាធ្វើឲ្យអ្នកពិសាស្រាមិនដឹងស្រវឹង  និងអាចពិសាបានកាន់តែច្រើន  ដែលទង្វើនេះត្រូវបានណែនាំឲ្យចៀសវាងព្រោះវាអាចបង្កនូវហានិភ័យមួយចំនួនដល់សុខភាព។ រីឯការពិសាភេសជ្ជៈដែលមានផ្ទុកនូវកាហ្វេអ៊ីនត្រឹមកម្រិត ១០០ទៅ ២០០មីលីក្រាមក្នុងមួយថ្ងៃអាចប្រឆាំងនឹងការអស់កម្លាំងបាន ផ្ទុយទៅវិញបរិមាណដ៏ច្រើននៃកាហ្វេអ៊ីនដដែលនេះ អាចធ្វើឲ្យអ្នកមានការពិបាកក្នុងការគេង ជាលទ្ធផលនាំឲ្យមានអាការៈអស់កម្លាំងទៅវិញ ថែមទាំងអាចឈឺពោះ រាក និងឈឺក្បាលផងដែរ។ ដោយឡែក ការប្រើប្រាស់ហួសកម្រិតនូវភេសជ្ជៈនេះ ត្រូវបានដឹងថាអាចបង្កឲ្យមានការឆាប់មួម៉ៅ និងការលើសសម្ពាធឈាមទៀតផង។ តើអ្នកគួរពិសាភេសជ្ជៈប៉ូវកម្លាំងយ៉ាងដូចម្តេច? •កម្រិតក្នុងការពិសាត្រឹមមួយ ឬពីរកំប៉ុងយ៉ាងច្រើនក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យដែលមានសុខភាពធម្មតា •កុំលាយភេសជ្ជៈប៉ូវកម្លាំងជាមួយភេសជ្ជៈផ្សេងទៀតពិសេសគឺស្រា ឬអាល់កុល •កុំពិសាភេសជ្ជៈនេះនៅមុន និងអំឡុងពេលការធ្វើសកម្មភាពរាងកាយខ្លាំងក្លាដូចជាការហាត់ប្រាណ ឬធ្វើការងារដែលត្រូវធ្វើសកម្មភាពនិងតម្រូវឲ្យបាត់បង់ជាតិទឹកខ្លាំង •ត្រូវជ្រើសរើសផលិតផលដែលមានបង្ហាញព័ត៌មានអំពីសារធាតុផ្សំ និងសារធាតុចិញ្ចឹមត្រឹមត្រូវលើកំប៉ុង •ចៀសវាងប្រើសម្រាប់ក្មេង មនុស្សវ័យជំទង់ ឬអ្នកមានបញ្ហាសុខភាពផ្សេងៗពិសេសទាក់ទងនឹងបេះដូ •កម្រិតការញ៉ាំចំពោះស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះ •កម្រិតការញ៉ាំកាហ្វេអីុន និងជាតិស្ករដែលមាននៅក្នុងអាហារ ឬភេសជ្ជៈដទៃទៀត។ ទោះជាភេសជ្ជៈប៉ូវកម្លាំងនៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក អ្នកប្រើប្រាស់ទាំងអស់ក៏ត្រូវតែប្រាកដផងដែរថាបានធ្វើការជ្រើសរើសផលិតផល និងប្រើប្រាស់ឲ្យបានត្រឹមត្រូវដើម្បីសុវត្ថិភាព ចៀសផុតពីផលរំខាននានា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

តើអ្នកធ្លាប់ចាប់អារម្មណ៍លើស្លាកអាហារូបត្ថម្ភ(Nutrition-Facts)ដ៏ស្មុគស្មាញមានលើផលិតផលអាហារដែលអ្នកប្រើប្រាស់ជាប្រចាំដែរឬទេ? ហើយអ្នកដឹងទេថាវាចាំបាច់យ៉ាងណាសម្រាប់អ្នក និងក្រុមគ្រួសារ? ស្លាកព័ត៌មានអាហារូបត្ថម្ភគឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ចង្អុលបង្ហាញពីការប្រើប្រាស់ផលិតផលនោះឲ្យបានត្រឹមត្រូវ និងវត្តមានសារធាតុចិញ្ចឹមដែលមានឥទ្ធិពលចំពោះសុខភាព។ ស្លាកអាហារទាំងនោះ ក៏ជាគន្លឹះដើម្បីឲ្យអ្នកមានភាពងាយស្រួលក្នុងការជ្រើសរើសផលិតផលអាហារដែលត្រូវនឹងអ្នកផងដែរ។ អ្នកអាចនឹងគិតថា វាពិបាកក្នុងការយល់បន្តិច តែ ហេលស៍ថាម នឹងបង្ហាញអ្នកថាការរៀនមើលស្លាកអាហារូបត្ថម្ភលើផលិតផលអាហារពិតជាចាំបាច់ ហើយក៏មិនស្មុគស្មាញដូចដែលអ្នកបានឃើញនោះទេ។     1. រង្វាស់នៃការញ៉ាំ (Serving Size) វាជាអ្នកប្រាប់ថាអ្នកគួរញ៉ាំម្តងក្នុងបរិមាណប៉ុណ្ណា និងអាចញ៉ាំបានប៉ុន្មានដងក្នុងមួយកញ្ចប់នៃផលិតផលនោះដោយប្រើប្រាស់ខ្នាតប្រៀបធៀបជាពែង ស្លាបព្រា ឬដុំជាដើម។    អ្នកគួរតែប្រុងប្រយ័ត្នលើរង្វាស់នេះ  ដើម្បីដឹងថាអ្នកគួរបែងចែកវាសម្រាប់ញ៉ាំប៉ុន្មានដង ចៀសវាងការញ៉ាំលើស ឬខ្វះនៃសារធាតុក្នុងអាហារ។     2. កាឡូរី កាឡូរីអាចវាស់ពីបរិមាណថាមពលដែលអ្នកទទួលបានពីការញ៉ាំម្តងៗ ឬមួយរង្វាស់(One serving)។ ការមើលបរិមាណកាឡូរី ក្នុងស្លាកព័ត៌មានអាហារូបត្ថម្ភ ពិតជាមានសារសំខាន់ អាចឲ្យអ្នកកំណត់ពីការទទួលបានបរិមាណកាឡូរីក្នុងមួយថ្ងៃ ដើម្បីអាចរក្សាទម្ងន់ ឬសម្រកទម្ងន់បាន។ ចំណាំ៖   បរិមាណទូទៅនៃកាឡូរីសម្រាប់មួយ រង្វាស់៖ ៤០ កាឡូរី គឺកម្រិតទាប ១០០ កាឡូរី គឺកម្រិតមធ្យម និង៤០០ កាឡូរី ឬច្រើនជាងនេះ គឺកម្រិតខ្ពស់។     3. សារធាតុចិញ្ចឹមដែលគួរញ៉ាំក្នុងបរិមាណកំណត់ ការញ៉ាំសារធាតុខ្លាញ់ដូចជាខ្លាញ់ឆ្អែត   (ពពួកខ្លាញ់មិនល្អ)  ខ្លាញ់មិនឆ្អែត (ពពួកខ្លាញ់ល្អ)  កូឡេស្តេរ៉ុល  និងសូដ្យូមច្រើនអាចបង្កហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺបេះដូង មហារីក លើសសម្ពាធឈាមជាដើម។   ដូចនេះ គួរតែជ្រើសរើសយកផលិតផលអាហារណាដែលមានធាតុខ្លាញ់ទាំងនេះ    ក្នុងកម្រិតមួយទាបបំផុតតាមដែលអាចធ្វើបាន។ ចំណាំ៖ អាហារដែលបញ្ជាក់ថា Fat–freeឬ   Low-fat មិនមានន័យថា គ្មានកាឡូរីទេ ដូចនេះគួរមើលបរិមាណកាឡូរីឡើងវិញ។     4.សារធាតុចិញ្ចឹមដែលគួរញ៉ាំឲ្យបានគ្រប់គ្រាន់ វាជាសារធាតុដែលសរីរាង្គត្រូវការក្នុងបរិមាណតិចតួចតែមិនអាចខ្វះវាបានទេ។  ការញ៉ាំពពួកកាកសរសៃ (Fiber) ដូចជា វីតាមីនA  វីតាមីនC កាល់ស្យូម និងដែក អាចជួយកែតម្រូវសុខភាពរបស់អ្នកឲ្យមានភាពប្រសើរឡើង ប៉ុន្តែលុះត្រាតែវាស្ថិតក្នុងបរិមាណកំណត់មួយប៉ុណ្ណោះ។     5.យល់អំពីកំណត់សម្គាល់ដែលមាននៅខាងក្រោមនៃស្លាកអាហារ តួលេខបញ្ជាក់ពី កម្រិតប្រើប្រាស់ក្នុងមួយថ្ងៃនៃសារធាតុនីមួយៗ   ទៅតាមបរិមាណកាឡូរីនៃរបបអាហារទូទៅ ដែលទិន្នន័យនេះមិនមានការផ្លាស់ប្តូរពីផលិតមួយទៅផលិតផលមួយទេ។ ចំណាំ៖ ពាក្យ   មានន័យថា អ្នកគួរតែទទួលបរិមាណនៃសារធាតុនោះឲ្យទាបជាងការណែនាំ និងពាក្យ   មានន័យថាអ្នកគួរទទួលបរិមាណនៃសារធាតុនោះយ៉ាងតិចឲ្យស្មើការណែនាំ។     6. ភាគរយបរិមាណសារធាតុចិញ្ចឹមប្រចាំថ្ងៃ (The Percent Daily Value (%DV)) %DV អាចឲ្យដឹងអំពីភាគរយនៃសារធាតុចិញ្ចឹមដែលអ្នកទទួលបានក្នុងការបរិភោគម្តងៗ (One serving) បើធៀបនឹងបរិមាណដែលអ្នកគួរតែទទួលបានសរុបក្នុងមួយថ្ងៃ។ ដូចនេះ អ្នកអាចដឹងបានថា    អ្នកទទួលបានប៉ុន្មានភាគរយនៃសារធាតុចិញ្ចឹមនីមួយៗនៅពេលដែលអ្នកបរិភោគវាម្តង និងដឹងថាគួរបន្ថែមសារធាតុទាំងនោះតាមរយៈអាហារផ្សេងៗក្នុងបរិមាណប៉ុន្មានទៀតទើបគ្រប់គ្រាន់។ តាមរយៈ%DVវាក៏បានបង្ហាញផងដែរថា មួយរង្វាស់នៃផលិតផលអាហារ មានបរិមាណសារធាតុចិញ្ចឹមខ្ពស់ ឬទាប (%DV

Share

រដូវក្តៅនេះ អ្នកអាចនឹងទទួលបានផាសុកភាពបំផុត  ឬក៏ពិបាកក្នុងខ្លួនបំផុតក៏ថាបានបើអ្នកច្របូកច្របល់ចូលគ្នារវាងរឿងដែលគួរធ្វើ និងរឿងដែលមិនគួរធ្វើ។  ហេលស៍ថាម បានណែនាំខ្លះមកហើយអំពីរឿងផ្សេងៗទាក់ទងនឹងរដូវក្តៅដូចជាកន្លែងដែលគួរទៅ ការហាត់ប្រាណ ក៏ដូចជាសម្រស់ ពេលនេះក៏ងាកមកមើលសកម្មភាពជារួមដែលនៅសល់ផ្សេងទៀតដែលសុទ្ធតែមានឥទ្ធិពលលើរដូវក្តៅរបស់អ្នក។ គួរធ្វើអ្វី និងមិនគួរធ្វើអ្វី   អ្នកអាចទាយដឹងហើយមែនទេ?  ផ្ទៀងផ្ទាត់ចម្លើយអ្នកនៅខាងក្រោម៖ DOs (អ្វីដែលអ្នកគួរធ្វើ)     •ផឹកទឹកឲ្យបានច្រើន ប្រាកដណាស់ថាអ្នកណាក៏ដឹង ប៉ុន្តែអ្នកត្រូវចងចាំថា ការបរិភោគភេសជ្ជៈដែលមានរសជាតិផ្អែម មានជាតិកាហ្វេអ៊ីន ឬជាតិអាល់កុលអាចត្រឹមតែឲ្យអ្នកបាត់ស្រេកទឹកតែមួយរយៈតែប៉ុណ្ណោះ  បន្ទាប់មកអ្នកនឹងស្រេកទឹកលើសដើម បត់ជើងញឹកញាប់ ជាហេតុធ្វើឲ្យអ្នកកាន់តែបាត់បង់ជាតិទឹក ដូចនេះអ្វីដែលលោកអ្នកត្រូវការគឺមានតែទឹកតែមួយមុខគត់។ លើសពីនេះ អ្នកត្រូវដឹងថាប្រសិនបើអ្នកស្រេកទឹក នោះមានន័យថាខ្លួនប្រាណរបស់អ្នកបានបាត់បង់ជាតិទឹកអស់ ១៥% បាត់ទៅហើយ ការរង់ចាំដល់ពេលអ្នកស្រេកទឹកទើបផឹក មិនមែនជាការល្អទេ។     •ពិនិត្យពណ៌នៃទឹកនោម ត្រូវសង្កេតទៅលើពណ៌នៃទឹកនោម ហើយត្រូវប្រាកដថាទឹកនោមថ្លា តែប្រសិនក្នុងករណីពណ៌ទឹកនោមលឿងល្អក់នោះបញ្ជាក់ថាអ្នកកំពុងជួបបញ្ហាកង្វះជាតិទឹក ហេតុនេះគួរពិសាទឹកឲ្យបានច្រើន និងពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីអាការៈកាន់តែច្បាស់។     •ប្រយ័ត្នប្រយែងចំពោះអាហារ រដូវក្តៅ ជារដូវដែលអ្នកត្រូវតែប្រយ័ត្នចំពោះចំណីអាហារព្រោះមេរោគងាយនឹងឆ្លងចូលអាហារ    ដោយត្រូវប្រាកដថាអាហារចម្អិនឲ្យបានល្អ ទុកដាក់បានត្រឹមត្រូវ និងចៀសវាងអាហារតាមចិញ្ចើមថ្នល់ ហើយងាកមកបរិភោគបន្លែ ផ្លែឈើដែលសម្បូរសារធាតុទឹក ដើម្បីឲ្យខ្លួនប្រាណទទួលបានជាតិទឹកគ្រប់គ្រាន់។     •ងូតទឹកយ៉ាងហោចណាស់ឲ្យបានពីរដង ប្រសិនជាអាច អ្នកគប្បីងូតទឹកយ៉ាងហោចណាស់ឲ្យបាន២ដង ព្រោះមិនត្រឹមតែធ្វើឲ្យស្បែកមានសភាពត្រជាក់ទេ តែក៏ជាការលាងជម្រះមេរោគផ្សេងៗពីស្បែកខាងក្រៅ ការពារការឆ្លងមេរោគដែលបង្កមកពីបរិយាកាសដ៏ក្តៅអាប់អួរផងដែរ។     •លាបឡេការពារកម្តៅថ្ងៃ មិនថាអ្នកមិនទម្លាប់លាបយ៉ាងណានោះទេ ចូលដល់រដូវក្តៅបែបនេះត្រូវតែលាបឡេការពារកម្តៅថ្ងៃ ព្រោះកម្តៅខ្លាំងបែបនេះអាចបង្កជាផលវិបាកដល់ស្បែក ហើយបើធ្ងន់ធ្ងរអាចបង្កទៅជាមហារីកស្បែកថែមទៀតផង។ បន្ថែមពីនេះប្រសិនបើអ្នកមានបញ្ហារលាកស្បែកដោយសារកម្តៅ ផលិតផលប្រទាលកន្ទុយក្រពើអាចបន្ថយអាការៈរលាកបានយ៉ាងល្អ។ DON’Ts (អ្វីដែលអ្នកមិនគួរធ្វើ)     •មិនត្រូវញុំាអាហារដែលសេសសល់ ដោយសារអាកាសធាតុក្តៅ ស្អុះស្អាប់ អាហារងាយនឹងជូរ ផ្អូម ប្រសិនបើអ្នកមិនបានទុកដាក់អាហារបានត្រឹមត្រូវ  ហើយងាយនឹងឆ្លងជំងឺ  ដូចជារាករូស  ឬបញ្ហាពោះវៀនជាដើម។     •បន្ថយអាហារដែលសម្បូរជាតិខ្លាញ់ អាហារចៀន បំពង សុទ្ធតែបង្កផលមិនល្អទៅដល់សុខភាព ហេតុដូចនេះ ចៀសវាងការចាយវាយច្រើនទៅលើការព្យាបាល លោកអ្នកគប្បីងាកមកគិតគូរពីការបរិភោគបន្លែឲ្យបានកាន់តែច្រើន។     •កុំព្យាយាមនៅក្រោមកម្តៅថ្ងៃដោយផ្ទាល់ ធ្វើយ៉ាងណាកុំស្ថិតនៅក្រោមកម្តៅថ្ងៃយូរពេក  ព្រោះក្តៅផង  ត្រជាក់ផងងាយនឹងឈឺខ្លាំងណាស់  តែប្រសិនជាចាំបាច់ត្រូវចេញទៅក្រៅព្យាយាមពាក់អាវដៃវែង មួក ឆ័ត្រ ឬវ៉ែនតាការពារដើម្បីការពារខ្លួនអ្នកពីកម្តៅផ្ទាល់។     •ខោអាវក្រាស់ៗ ដាច់ខាត កុំព្យាយាមស្លៀកពាក់ខោអាវក្រាស់ៗ ព្រោះវាអាចធ្វើឲ្យលោកអ្នកកាន់តែអស់ថាមពលដោយសារតែការបែកញើសច្រើនហួសហេតុក្រោមអាកាសធាតុហប់ខ្យល់បែបនេះ ហើយពេលខ្លះអាចឈានដល់ការបាត់បង់ស្មារតីទៀតផង។     •កុំព្យាយាមបង្ខំខ្លួនឯង ពេលដែលដឹងថាខ្លួនឯងអស់កម្លាំងបន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនម៉ោងហើយនោះ គប្បីសម្រាក និងហូបអាហារឲ្យបានគ្រប់គ្រាន់ មិនត្រូវបង្ខំបង្ហើយការងារទាំងដឹងថាខ្លួនឯងមិនស្រួលខ្លួននោះទេ ព្រោះលោកអ្នកត្រូវចាំថាសុខភាពជាចម្បង ហើយការពារប្រសើរជាងព្យាបាល។ រដូវក្តៅដូចជាយូរគួរសមដែរ ដូចនេះហេតុអ្វីត្រូវប្រហែសចំពោះរឿងដែលអ្នកគួរ និងមិនគួរធ្វើនោះ បើអ្នកនៅតែចង់មានថាមពលសម្រាប់ប្រយុទ្ធពេញមួយរដូវនេះ?

Share

បង្ហួរនោមដើរតួនាទីសំខាន់ណាស់សម្រាប់បញ្ចេញទឹកនោម និងបញ្ចេញទឹកកាមហើយក៏មានប្រយោជន៍ផងដែរសម្រាប់ធ្វើការទំនាក់ទំនងសរីរៈផ្សេងៗ ក្នុងការជួយសម្រួលដល់តម្រងនោមឲ្យមានដំណើរការល្អទៀតផង។ ប្រសិនបើបង្ហួរនោមមានបញ្ហា ដោយសារអ្វីមួយ ដូចជាគាបឬត្បៀត វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺយ៉ាងឆាប់រហ័ស បើមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ។ អ្វីទៅជាជំងឺត្បៀតបង្ហួរនោម? ជំងឺត្បៀតបង្ហួរនោម គឺជាការរួមត្បៀតរង្វង់បង្ហួរនោមតូចខុស ពីធម្មតា ហើយដំណើរការឆ្លងកាត់របស់តម្រងនោមមានលក្ខណៈខុសប្រក្រតី បង្កឲ្យមានផលលំបាកជាច្រើនក្នុងការបញ្ចេញទឹកនោម។ មូលហេតុបណ្ដាលឲ្យមានជំងឺត្បៀតបង្ហួរនោម កត្ដាដែលបានជម្រុញឲ្យមានជំងឺត្បៀតបង្ហួរនោម គឺបណ្ដាលមកពីការប៉ះទង្គិច ដោយសារការដាក់សុងតាមបង្ហួរនោម។ កត្ដាមួយទៀត គឺអាចបណ្ដាលមកពីការបង្ករោគក្នុងផ្លូវទឹកនោមដែលមាន មេរោគបាក់តេរីផ្សេងៗ ជាពិសេសមេរោគកាមរោគ ប្រមេះទឹកបាយ និងទឹកថ្លាតែម្ដង។ មេរោគទាំងនោះ គឺជាដើមចមដែលអាចបណ្ដាលឲ្យបង្ហួរនោមទទួលផលអវិជ្ជមាន និងងាយរងគ្រោះផងដែរ ។ រោគសញ្ញាជំងឺត្បៀតបង្ហួរនោម អ្នកដែលមានជំងឺត្បៀតបង្ហួរនោមបានបង្ហាញជារោគសញ្ញាដូចជា នោម ក្រហាយ ពិបាកនោម នោមតឹង មានអារម្មណ៍ចុកត្រង់ក្រលៀន លើថ្ងាសបង្ហួរនោម មានសភាពស្លេកស្លាំង ហើមជាដើម។ វិធីព្យាបាលជំងឺត្បៀតបង្ហួរនោម ប្រសិនបើវេជ្ជបណ្ឌិតពិនិត្យដឹងថាមានជំងឺត្បៀតបង្ហួរនោម គឺត្រូវប្រើវិធីព្យាបាលដោយថ្នាំ ដោយតម្រូវឲ្យអ្នកជំងឺធ្វើការព្យាបាលឱ្យបានដិតដល់ផងដែរ ព្រោះជំងឺនេះជាជំងឺក្លាយពីជំងឺកាមរោគមួយចំនួន ដែលបានរក្សានៅក្នុងខ្លួនយូរអង្វែងដោយមិនបានធ្វើការព្យាបាលទាន់ពេល វេលា។ មិនតែប៉ុណ្ណោះប្រសិនបើការព្យាបាលជំងឺត្បៀតបង្ហួរនោមមិនយកចិត្ដទុកដាក់់ឲ្យទាន់ពេលវេលាទេនោះ អ្នកជំងឺអាចប្រឈមមុខផលវិបាកធ្ងន់ធ្ងរផងដែរ។ វិធីការពារជំងឺត្បៀតបង្ហួរនោម ដើម្បីការពារជំងឺត្បៀតបង្ហួរនោម គឺត្រូវការពារជំងឺកាមរោគផ្សេងៗ ដែលបានបង្កឲ្យមានរោគតាមផ្លូវទឹកនោម។ ជាពិសេសនោះ បុរសដែលឧស្សាហ៍រួមភេទជាមួយដៃគូច្រើនចាប់ពីពីរនាក់ឡើង ទៅ ត្រូវឧស្សាហ៍ទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ដើម្បីស្វែងរកជំងឺមួយចំនួន ដូចជាជំងឺប្រមេះ ទឹកបាយ ប្រមេះទឹកថ្លាជាដើម ព្រោះជំងឺទាំងនេះអាចបង្កហេតុឲ្យមានជំងឺត្បៀតបង្ហួរនោម។ លើសពីនេះលោកអ្នកបុរសៗក៏ត្រូវការពារឲ្យបានល្អផងដែរ មិនត្រូវឱ្យមានការប៉ះទង្គិចទៅលើប្រដាប់ភេទខ្លួនឯងច្រើននោះទេ ព្រោះបញ្ហានេះក៏ជាកត្ដាបង្កឲ្យមានជំងឺត្បៀតបង្ហួរនោមនេះដែរ។ ផលប៉ះពាល់នៃជំងឺត្បៀតបង្ហួរនោម ប្រសិនបើអ្នកជំងឺមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ ជំងឺនេះអាចរាលដាលដល់តម្រងនោម ឬចាល់ទឹកនោមបង្កលក្ខណៈឲ្យខ្សោយតម្រងនោមតែម្ដង។ មិនតែប៉ុណ្ណោះក៏អាចជម្រុញឲ្យមានផលប៉ះពាល់ដល់សរីរៈផ្សេងៗទៀតផង។ ក្រៅពីនេះ ក៏មានផលប៉ះពាល់ទៅលើប្រព័ន្ធបញ្ជាផ្សេងៗនៃសរីរាង្គកាយ ថមថយនូវទំនាក់ទំនងនានាគ្រប់ប្រព័ន្ធចិញ្ចឹមកោសិកាទាំងអស់ផងដែរ។ វិធីចៀសផុតពីជំងឺត្បៀតបង្ហួរនោម លោកបុរសៗដែលមានដៃគូរួមភេទច្រើនត្រូវឧស្សាហ៍ទៅកាន់គ្លីនិក ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យរកជំងឺកាមរោគផ្សេងៗ ជាពិសេសពិនិត្យរកមើលជំងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា ព្រោះជំងឺនេះអាចជាដើមហេតុបង្កឲ្យមានជំងឺត្បៀតបង្ហួរនោម។

Share

ប៊ន បូរិ និស្សិតថ្នាក់ឯកទេសជំងឺលើស្បែក និងកាមរោគនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មូលហេតុដែលខ្ញុំជ្រើសរើសជំនាញមួយនេះ ព្រោះខ្ញុំគិតថាជំងឺលើស្បែកជាប្រភេទជំងឺមួយ ដែលមានលក្ខណៈស្មុគស្មាញក្នុងការធ្វើរោគវិនិច្ឆ័យ និងក្នុងការព្យាបាល ព្រោះជំងឺខ្លះស្តែងចេញជារោគសញ្ញាសើស្បែកស្រដៀងគ្នា ឯជំងឺសើស្បែកខ្លះ ទៀតកើតឡើងដោយសារជំងឺនៃសរីរាង្គដទៃ ដូច្នេះវាទាមទារ ឲ្យប្រទេសយើងត្រូវការក្រុមគ្រូពេទ្យឯកទេសជំងឺសើស្បែកនេះ ដើម្បីផ្តល់សេវាព្យាបាលក៏ដូចជាការថែទាំ និងការអប់រំដល់ពួកគាត់ឲ្យបានត្រឹមត្រូវ ព្រមទាំងដើម្បីចូលរួមកាត់បន្ថយការចំណាយប្រាក់កាស របស់ពួកគាត់ក្នុងការស្វែងរកសេវាព្យាបាលនៅខាងក្រៅប្រទេស។ ហេតុដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តចង់ក្លាយជាសមាជិកនៃក្រុមគ្រូពេទ្យឯកទេសសើស្បែកនេះ ព្រោះវាជាមុខជំនាញ ដែលខ្ញុំស្រលាញ់ចូលចិត្ត ក៏ដូចជាផ្តល់ឱកាសសម្រាប់ខ្ញុំក្នុងការបម្រើដល់សង្គមរបស់យើងផ្ទាល់តែម្តង។ ឧបសគ្គក្នុងការសិក្សា ការសិក្សាក៏តែងតែជួបប្រទះនឹងការលំបាកច្រើនយ៉ាងផងដែរ ដែលកន្លងមកខ្ញុំធ្លាប់បានជួបប្រទះនឹងការលំបាកមួយចំនួនដូចជា ការប្រលងប្រជែងជាមួយបេក្ខជនដទៃ ព្រោះតែចំនួននិស្សិតដែលទទួលឲ្យចូលរៀន គឺមានកំណត់។ ក្រៅពីនោះ ខ្ញុំក៏ដូចជានិស្សិតនៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដទៃទៀតដែរ គឺចាំបាច់ត្រូវមើលមេរៀន ក៏ដូចជាធ្វើការស្រាវជ្រាវឯកសារជាភាសាបារាំង និងអង់គ្លេស។ មិនត្រឹមតែមើល មេរៀនឲ្យយល់តែមួយមុខប៉ុណ្ណោះទេ តែនិស្សិតគ្រប់រូបត្រូវចាំមេរៀនទាំងនោះឲ្យបានល្អ ដើម្បីទទួលបានលទ្ធផលគាប់ប្រសើអក្នុងការប្រលងផងដែរ។ បន្ថែមពីលើនេះទៀតនោះ ការរិះគន់បន្ទោសបង្អាប់ និងការជេរប្រមាថរបស់ប្រជាជនមួយចំនួនទៅលើវិស័យសុខាភិបាលកម្ពុជាបានធ្វើឲ្យខ្ញុំ ក៏ជាដូចជានិស្សិតដទៃទៀតមានការតូចចិត្តផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការជួបប្រទះនឹងការលំបាកដែលបានរៀបរាប់ខាងលើនេះមិនបានធ្វើឲ្យខ្ញុំមានគំនិតចង់បោះបង់ចោលជំនាញនេះឡើយ ផ្ទុយទៅវិញវាបានធ្វើឲ្យខ្ញុំខិតខំប្រឹងប្រែង ដើម្បីបម្រើសេវាសុខាភិបាលរបស់ប្រទេសយើង ឲ្យបានជឿនលឿនដូចប្រទេសជិតខាង។ គន្លឹះក្នុងការសិក្សា ដើម្បីធ្វើការជំនះចំពោះឧបសគ្គទាំងនោះ ខ្ញុំបានដាក់ផែនការខ្លះៗចំពោះខ្លួនឯងដែល ក្នុងនោះមានដូចជា ៖ ការសិក្សាភាសាបារាំង និងអង់គ្លេសបន្ថែម ការមើលមេរៀនឲ្យបានយ៉ាងហោចណាស់១មេរៀនក្នុងមួយថ្ងៃ ការអានមេរៀនឬសៀវភៅម្តងហើយម្តងទៀត ក៏ដូចជាការសិក្សាស្រាវជ្រាវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធអ៊ីនធឺណែតផងដែរ។ ក្រៅពីការសិក្សានៅឯសាលា ខ្ញុំយល់ថាការចុះកម្មសិក្សានៅមន្ទីរពេទ្យ និងការចុះធ្វើជានិស្សិតស្ម័គ្រចិត្ត បានផ្តល់ចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនពីសំណាក់លោកគ្រូ និងរៀមច្បង។ ក្តីប្រាថា្នក្រោយបញ្ចប់ការសិក្សា ដោយឡែក ក្រោយពេលបញ្ចប់ការសិក្សា ខ្ញុំមានបំណងប្រាថ្នាធំចំនួន ២ គឺ ទីមួយ ជាការប្រលងចូលជាមន្រ្តីសុខាភិបាល ដើម្បីមានឱកាសបម្រើសង្គមរបស់យើង ក៏ដូចជាដើម្បីទទួលបានបទពិសោធន៍បន្ថែមទៀតលើជំនាញសើស្បែកនេះ។ បំណងប្រាថ្នាមួយទៀត គឺការធ្វើជាគ្រូបណ្តុះបណ្តាលលើជំនាញសើស្បែក ដើម្បីបន្តការផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់ប្អូនៗជំនាន់ក្រោយៗទៀត។ សារជូនដល់មិត្តអ្នកអាន ជាចុងក្រោយ ខ្ញុំមានពាក្យពេច៍ខ្លះផ្ញើរដល់ប្អូនៗ ដែលមានបំណងចូលរៀនផ្នែកនេះ គឺប្អូនៗ ត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេស និងបារាំងឲ្យបានល្អ។ ម្យ៉ាងទៀត ប្អូនត្រូវមានផែនការ និងកាលវិភាគច្បាស់លាស់ត្រូវធ្វើស្វ័យសិក្សាជាលក្ខណៈបុគ្គលក៏ដូចជាសិក្សាជាក្រុម ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រលងជ្រើសរើសចូលសិក្សាជំនាញសើស្បែកនេះ។

Share

អាយុសង្ឃឹមរស់ របស់មនុស្សទូទៅលើពិភពលោក គឺ ៧៣.៨ ឆ្នាំ សម្រាប់ស្រី្ត   និង៦៩.១ ឆ្នាំសម្រាប់បុរស។ ចំណែកអាយុសង្ឃឹមរស់ក្នុងប្រទេសកម្ពុជា គឺ ៧១ ឆ្នាំសម្រាប់ស្រី្ត និង ៦៧ ឆ្នាំសម្រាប់បុរស បើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។ យើងឃើញថាអាយុសង្ឃឹមរស់របស់ស្រ្តីវែងជាងបុរស៥ភាគរយ។ មូលហេតុដែលធ្វើឲ្យបុរសមានអាយុសង្ឃឹមរស់ខ្លីជាងស្រ្តីគឺមានកត្តាចូលរួមជាច្រើនដូចជា កត្តាហ្សែន កត្តាការថែទាំសុខភាព កត្តាបរិស្ថានជុំវិញ និងកត្តាទំនាក់ទំនងសង្គម។ កត្តាហ្សែន ការបកស្រាយចំពោះ កត្តាហ្សែនគឺត្រូវបានផ្តោតទៅលើ ក្រូម៉ូសូមភេទដែលជាធាតុបង្ករបស់ADN។ ការស្វ័យតំឡើងទ្វេរបស់ក្រូម៉ូសូមកំណត់ភេទស្រ្តី(XX) បានរក្សាក្រូម៉ូសូមកូន Xដដែល ផ្ទុយពីការស្វ័យតំឡើងទ្វេរបស់ក្រូម៉ូសូមកំណត់ភេទប្រុស(XY) ដែលបំបែកជាក្រូម៉ូសូមកូនX,Y។ ចំនុចនេះហើយដែលធ្វើឲ្យការរក្សាតួនាទីរបស់ក្រូម៉ូសូមកំណត់ភេទបុរសមិនបានល្អ ដែលធ្វើឲ្យបុរសងាយប្រឈមនឹងជំងឺជាងស្រ្តី។ ការថែទាំសុខភាព បុរសភាគច្រើនមិនសូវបានយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អនៅឡើយទេ។ ការបរិភោគបរិមាណអាហារមិនបានត្រឹមត្រូវ ការជក់បារី និងការសេពគ្រឿងស្រវឹង សុទ្ធតែជាកត្តាបង្កបញ្ហាទាំងអស់។ តាមការសិក្សារបស់ Agency for Healthcare Research and Quality បង្ហាញឲ្យឃើញថា បុរស ២៤ភាគរយ មិនបានទៅជួបពិគ្រោះ និងពិនិត្យជំងឺជាទៀងទាត់ជាមួយគ្រូពេទ្យទេ។ កត្តាបរិស្ថានជុំវិញ លក្ខខណ្ឌការងារដូចជា អ្នកធ្វើការងារសំណង់ អ្នកបើកបររថយន្ត កសិករ អ្នកធ្វើការនៅរោងចក្រឧស្សាហកម្ម ជួបគ្រោះថ្នាក់អំឡុងពេលធ្វើការ ដែលជាកត្តាចម្បងដែលធ្វើឲ្យអាយុសង្ឃឹមរស់របស់បុរសខ្លីជាងស្រ្តី។ បើយោងតាមទិន្នន័យរបស់សហភាពអឺរុ៉ប បង្ហាញថាមនុស្ស១៩នាក់ ក្នុងចំណោម ២០នាក់(៩៥.៦ភាគរយ)   បានស្លាប់ដោយសារគ្រោះថ្នាក់នៅកន្លែងធ្វើការ ដែលពួកគេជាបុរស។ កត្តាទំនាក់ទំនងសង្គម តាមការសិក្សារបស់សាកលវិទ្យាល័យ Brigham Young របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១០ បានបញ្ជាក់ថា មនុស្សដែលមានទំនាក់ទំនងសង្គមបានល្អ អត្រានៃការស្លាប់របស់ពួកគេគឺមាន៥០ភាគរយទាបជាង អ្នកមិនមានទំនាក់ទំនងសង្គមល្អ។  ភ្ជាប់ជាមួយគ្នានេះដែរ ជនជាតិអឺរ៉ុបច្រើនជាង៥៥ពាន់នាក់ បានធ្វើអត្តឃាត ជារៀងរាល់ឆ្នាំដែលក្នុងនោះ មានបុរស២៥.១នាក់ ក្នុងចំណោម១០០ពាន់នាក់ ដែលនៅចន្លោះអាយុ  ៤៥និង ៥៩ឆ្នាំ។ មូលហេតុនៃការធ្វើអត្តឃាតនេះបណ្តាលមកពី ភាពក្រីក្រ ការរើសអើង ភាពអត់ការងារធ្វើ អំពើហិង្សាក្នុងគ្រួសារ មានជំងឺរ៉ាំរ៉ៃ និងការប្រើថ្នាំញៀនជាដើម។ កត្តាទាំងនេះហើយដែលធ្វើឲ្យបុរសភាគច្រើនមានភាពតានតឹង ស្មុគស្មាញ និងតប់ប្រមល់ ដោយពួកគេមិនបានព្យាយាមរកដំណោះស្រាយ ខណៈពេលដែល ស្ត្រីភាគច្រើនបានចំណាយពេលទំនេររបស់ពួកគេជាមួយមិត្តភក្តិ ដើម្បីជួយកិច្ចការសង្គម ជជែកពិភាក្សាដោះ-ស្រាយបញ្ហានានាក៏ដូចបញ្ហាផ្ទាល់ខ្លួនដែរ។ទាំងនេះហើយទើបស្រ្តីមានគុណភាពជីវិតល្អជាងបុរស។ ដើម្បីចូលរួមចំណែកក្នុងការការពារ និងបន្ថយករណីធ្វើអត្តឃាតនេះ អង្គការសុខភាពពិភពលោក បានដាក់ករណីធ្វើអត្តឃាតជាផ្នែកមួយនៃសុខភាពសាធារណៈ ដោយបង្កើតជាកម្មវិធីមួយគឺ  WHO World Suicide Report “Preventing suicide: a global imperative” ក្នុងឆ្នាំ២០១៤ ក្នុងគោលបំណង ផ្តល់ចំណេះដឹង និងកាត់បន្ថយករណីធ្វើអត្តឃាតឲ្យបាន១០ភាគរយ ក្នុងឆ្នាំ២០២០។

Share

ការប្រឡងបញ្ចប់ថ្នាក់ឯកទេសជាដំណាក់កាលមួយទៀតដែលនិសិ្សតពេទ្យមានការព្រួយបារម្ភ ហេតុនេះហើយ ហេលស៍ថាម បានធ្វើការសម្ភាសជាមួយនិស្សិតដែលទទួលបានចំណាត់ថ្នាក់ឆ្នើម៣រូបក្នុងការប្រឡងដែលនឹងធ្វើការចែករំលែកបទពិសោធន៍ក្នុងការប្រឡងដូចខាងក្រោម... Top 1 «សុង គឹមលាង» ◊     ការត្រៀមខ្លួនមុននឹងការប្រឡងបញ្ចប់ថ្នាក់ឯកទេស៖ ត្រូវមានការរៀបចំសង្ខេបមេរៀនទាំង ២០ម៉ូឌុល និងឯកសារនានាឲ្យមានសណ្តាប់ធ្នាប់រួមជាមួយការរៀបចំកាលវិភាគរំលឹកមេរៀន ដើម្បីធានាឲ្យបាននូវការស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយ។ ការវាយតម្លៃមេរៀន ឬជំងឺណាដែលសំខាន់ និងជួបច្រើននៅមន្ទីរពេទ្យ ក៏ត្រូវយកមកធ្វើការរំលឹក ហើយត្រូវមានការបែងចែកពេលវេលាក្នុងការបន្ធូរអារម្មណ៍តានតឹងផងដែរ។ ◊    វិធីសាស្រ្តក្នុងពេលប្រឡង៖ ចំពោះវិញ្ញាសាសរសេរ ទាមទារឲ្យយើងយល់ដឹងច្បាស់ពីគន្លឹះនៃមេរៀនក្នុងការអនុវត្តជាក់ស្តែងតាមមន្ទីរពេទ្យ ចំណេះដឹងភាសាបារាំង និងភាពរហ័សរហួនក្នុងការរៀបចំពេលវេលា រីឯការប្រឡងវិញ្ញាសាផ្ទាល់មាត់វិញ គឺការរៀបចំត្រៀមលក្ខណៈក្នុងការក្តាប់យកចំណុចសំខាន់របស់មេរៀន បន្ថែមពីនេះត្រូវមានជំនឿចិត្ត និងសេចក្តីក្លាហានក្នុងការឆ្លើយសំណួរ។ ◊    លក្ខណៈសម្បត្តិក្នុងនាមជានិសិ្សតឯកទេសនេះ៖ អ្វីដែលសំខាន់ត្រូវតែស្រឡាញ់មុខជំនាញនេះ បូកផ្សំនឹងចំណេះដឹងវេជ្ជសាស្រ្តនៅថ្នាក់មូលដ្ឋានឲ្យបានច្បាស់លាស់។ គួរតែមានការចុះកម្មសិក្សាឲ្យបានច្រើន ពីព្រោះការបំពេញបន្ថែមសម្រាប់ទ្រឹស្តីដែលបានរៀន ហើយនេះត្រូវមានបុគ្គលិកលក្ខណៈ ក៏ដូចជាអត្តចរិតស្លូតបូត ឧស្សាហ៍ព្យាយាម និងស្មារតីជាក្រុម។ ◊    សារជូនដល់និស្សិតជំនាន់ក្រោយ៖ ត្រូវដុសខាត់ចំណេះដឹងវេជ្ជសាស្រ្តឲ្យបានល្អ រួមទាំងទ្រឹស្តី និងការអនុវត្ត ពីព្រោះមានតែពួកយើងដែលជាវេជ្ជបណ្ឌិតឯកទេស ឬ អនាគតវេជ្ជបណ្ឌិតឯកទេសសម្ភព និង រោគស្រ្តី ទាំងអស់គ្នា អភិវឌ្ឍខ្លួនចែករំលែក និងសាមគ្គីគ្នាជាធ្លុងមួយនោះទេ ទើបអាចចូលរួមអភិវឌ្ឍវិស័យសម្ភព និងរោគស្រ្តីនៃប្រទេសកម្ពុជាយើងឲ្យរីកចម្រើនជឿនលឿន ដើម្បីចូលរួមបម្រើប្រជាជនកម្ពុជាក្នុងគោលបំណងជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និង លើកកម្ពស់សុខភាពស្រ្តីនៃប្រទេសយើងឲ្យបានល្អប្រសើរ។ Top 2  «សោម ដូណា » ◊    ការត្រៀមខ្លួនមុននឹងការប្រឡងបញ្ចប់ថ្នាក់ឯកទេស៖ o   ផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងក្នុងការសិក្សា និងការសង្ខេបមេរៀនឲ្យបានគ្រប់គ្រាន់។ o   រកកន្លែងសមស្របដើម្បីសិក្សា ហើយចៀសវាងការប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលសិក្សា។ o   សម្រាកឲ្យបានគ្រប់គ្រាន់ រួមជាមួយការបរិភោគអាហារឲ្យបានត្រឹមត្រូវ និងមានលំហាត់ប្រាណ។ ◊    វិធីសាស្រ្តក្នុងពេលប្រឡង៖ o   មុនពេលប្រឡង -គេងឲ្យបានគ្រប់គ្រាន់នៅយប់មុនថ្ងៃប្រឡង -រៀបចំឧបករណ៍ប្រឡង -មកដល់បន្ទប់ប្រឡងមុនយ៉ាងហោច ១ ម៉ោងដើម្បីត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ការប្រឡង o   ពេលកំពុងប្រឡង -អានការណែនាំក្នុងការប្រឡងឲ្យបានម៉ត់ចត់ និងអានសំណួរទាំងអស់ដោយត្រួសៗឲ្យបាន១ចប់ -គ្រប់គ្រងពេលវេលាប្រឡងឲ្យបានល្អ -រក្សាការផ្ចង់អារម្មណ៍ កុំឲ្យបែកអារម្មណ៍ដោយសារមិត្តភក្តិក្នុងបន្ទប់ប្រឡង -អានឡើងវិញនូវចម្លើយដែលបានសរសេរ ប្រសិនបើមានពេលនៅសល់ចុងម៉ោង។ o   ក្រោយពេលប្រឡង៖ គួរធ្វើអ្វីដែលអាចជួយសម្រាលអារម្មណ៍យើង ដើម្បីត្រៀមខ្លួនសម្រាប់ប្រឡងថ្ងៃបន្ទាប់។ ◊ លក្ខណៈសម្បត្តិក្នុងនាមជានិសិ្សតឯកទេសនេះ៖ o   ត្រូវជាមនុស្សមានទំនួលខុសត្រូវខ្ពស់ និងមានការសម្រេចចិត្តបានរហ័ស និងមានហេតុផល។ o   ត្រូវជាមនុស្សមិនឆាប់តក់ស្លុតពេលមានបញ្ហា ជាពិសេស គឺកុំខ្លាចឈាម ព្រោះស្ថានភាពជំងឺរបស់ស្រ្តីផ្នែកសម្ភព និងរោគស្រ្តីខ្លះ មានការផ្លាស់ប្តូរលឿន រហូតដល់មានគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ។ o   ត្រូវជាមនុស្សមានភាពអត់ធ្មត់ ពីព្រោះការព្យាបាលត្រូវប្រើរយៈពេលយូរ។ ◊    សារជូនដល់និស្សិតជំនាន់ក្រោយ៖ ការស្រឡាញ់ដោយចេញពីចិត្តផ្ទាល់ខ្លួនដោយគ្មានការបង្ខំពីមជ្ឈដ្ឋានខាងក្រៅ គឺជាកត្តាដ៏សំខាន់ក្នុងការសិក្សាឯកទេសនេះ ព្រោះវានឹងក្លាយជាកម្លាំងចិត្ត ក៏ដូចជាការតាំងចិត្តដ៏មុតមាំក្នុងការហែលឆ្លងភាពលំបាកទាំងអស់ក្នុងអំឡុងពេលសិក្សា ហើយចៀសវាងនូវការបង្ខំខ្លួនឯងឲ្យជ្រើសរើសនូវអ្វីដែលយើងមិនស្រឡាញ់។ Top 3  «ហ៊ុយ  វីននីកា» ◊    ការត្រៀមខ្លួនមុននឹងការប្រឡងបញ្ចប់ថ្នាក់ឯកទេស៖ o  ខិតខំធ្វើការស្រាវជ្រាវបន្ថែមទៅលើមេរៀនដែលធ្លាប់បានរៀន និងមិនធ្លាប់បានរៀន o   រៀបចំជាប្លង់មេរៀនសង្ខេបទៅតាមម៉ូឌុលហើយនឹងបានរៀបចំជាកម្រងសំណួរ និងចម្លើយ ដើម្បីងាយស្រួលក្នុងការស្រង់យកនូវចំណុចសំខាន់ៗរបស់មេរៀននីមួយៗ។ ◊         វិធីសាស្រ្តក្នុងពេលប្រឡង៖ o      ចំពោះវិញ្ញាសាសរសេរ៖ -គ្រប់គ្រងពេលវេលាក្នុងការឆ្លើយសំណួរនីមួយៗ -រកពាក្យគន្លឹះ -យល់ពីសំណួរ -ឆ្លើយពីចំណុចសំខាន់ៗ -ប្រើប្រាស់បទពិសោធន៍នៅមន្ទីរពេទ្យ ជាគន្លឹះក្នុងការឆ្លើយសំណួរ។ o      ចំពោះវិញ្ញាសាផ្ទាល់មាត់៖ សំខាន់ត្រូវមានជំនឿចិត្តលើខ្លួនឯង មិនត្រូវភិតភ័យនៅចំពោះមុខមេប្រយោគ។ ◊    លក្ខណៈសម្បត្តិក្នុងនាមជានិសិ្សតឯកទេសនេះ៖ ខ្ញុំយល់ថានិស្សិតឯកទេសគួរតែមានសុខភាពល្អ អត់ធ្មត់តស៊ូ ធន់នឹងការងារ ភាពនឿយហត់ រហ័សរហួន មិនឆាប់តក់ស្លុត ធ្វើការសម្រេចចិត្តលឿន និងជាមនុស្សអាចធ្វើការងារជាក្រុមបាន  ។ ◊    សារជូនដល់និស្សិតជំនាន់ក្រោយ៖ ចំពោះនិស្សិតជំនាន់ក្រោយដែលចង់សិក្សាឯកទេសនេះ ត្រូវខិតខំរៀនសូត្រទាំងមុខវិជ្ជាពេទ្យ និងភាសាបារាំង អង់គ្លេស សំខាន់គឺត្រូវមានឆន្ទៈ និងចិត្តស្រឡាញ់ ចំពោះមុខវិជ្ជានេះទើបអាចតស៊ូក្នុងវិស័យនេះបាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំអាយុ ៣៥ឆ្នាំ រស់នៅខេត្តក្រចេះ។ នាងខ្ញុំចង់សួរថា ហេតុអ្វីក៏ជំងឺមហារីកពិបាកព្យាបាលជាងជំងឺផ្សេងម្ល៉េះ?ហេតុអ្វីការព្យាបាលដោយចាក់គីមី ធ្វើឲ្យអ្នកជំងឺក្អួតផង ជ្រុះសក់ផងយ៉ាងនេះ? ចម្លើយ ៖ វិធីព្យាបាលជំងឺមហារីកមានច្រើន ដូចជា ការវះកាត់ បញ្ចាំងកាំរស្មីចាក់គីមី ប្រើថ្នាំអ័រម៉ូនជាដើម។ ដើម្បីអាចដឹងថាត្រូវព្យាបាលជំងឺមហារីក គឺទាមទារនូវការសម្រេចចិត្តដោយក្រុមពហុបច្ចេកទេសនៃគ្រូពេទ្យឯកទេស ដើម្បីរកការព្យាបាលមួយដែលល្អ សម្រាប់ស្ថានភាពអ្នកជំងឺ ក៏ដូចជាការជួយអ្នកជំងឺឲ្យរស់រានមានជីវិតពីជំងឺកាចសាហាវនេះហើយលើសពីនេះ ក៏តម្រូវឲ្យមានការចូលរួមពីក្រុមគ្រួសារ មិត្តភក្តិរបស់អ្នកជំងឺដែរ សម្រាប់ជំនួយផ្លូវចិត្តក៏ដូចជាអារម្មណ៍។ និយាយពីការព្យាបាលដោយចាក់គីមីវិញ ថ្នាំដែលត្រូវប្រើប្រាស់ជាប្រភេទថ្នាំដែលពុលកោសិកាពិសេសកោសិកាលូតលាស់លឿន។ យ៉ាងណាមិញ ក្នុងខ្លួនយើងមិនមានកោសិកាដុះជាអចិន្ត្រៃយ៍ទេ លើកលែងតែកោសិកាសក់ ដែលដុះលឿន ជាហេតុនាំឲ្យសក់ជ្រុះ។ ថ្នាំនេះផងដែរក៏ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងប្រព័ន្ធរំលាយអាហារដែរដែលនាំឲ្យអ្នកជំងឺហេវហត់ ហូបមិនបាន និងក្អួតចង្អោរ។ មួយវិញទៀត វាបណ្តាលឲ្យអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមនិងស ដែលបញ្ហានេះត្រូវតែមានការតាមដានអ្នកជំងឺឲ្យបានដិតដល់ពីសំណាក់គ្រូពេទ្យ ដើម្បីបញ្ចៀសនូវហានិភ័យដល់ជីវិត។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share

សំណួរ៖ នាងខ្ញុំអាយុ៦០ឆ្នាំ   រស់នៅរាជធានីភ្នំពេញ។ ខ្ញុំចេះតែញ័រខ្លួននៅពេលឃ្លានហើយធាត់ទៅៗ។កូនខ្ញុំក៏នាំខ្ញុំទៅជួបគ្រូពេទ្យនៅជិតផ្ទះហើយគាត់ប្រាប់ខ្ញុំថាខ្ញុំមានជំងឺទឹកនោមផ្អែម។ ខ្ញុំបានទទួលយកការព្យាបាលជាមួយគ្រូពេទ្យនោះ តែខ្ញុំមិនយល់ថាហេតុអ្វីបានជាគ្រូពេទ្យមិនព្រមឲ្យតែថ្នាំខ្ញុំលេបទៅបានហើយម៉េចចាំបាច់ណាត់ឲ្យខ្ញុំទៅជួបមួយខែម្តង? ចម្លើយ៖ ខ្ញុំសូមជម្រាបជូនថា អ្នកដែលមានទម្ងន់ខ្ពស់ មុននឹងកើតជំងឺទឹកនោមផ្អែមមានរយៈពេលត្រៀមទឹកនោមផ្អែម ពី៥ទៅ១៥ឆ្នាំ។ ក្នុងពេលនេះ អ្នកជំងឺតែងមានអារម្មណ៍ឃ្លានខ្លាំងមុនពេលបាយ និងគាត់មានទំនោរចង់ញ៉ាំស្ករ ទឹកផ្អែម និងរបស់ផ្អែម។ គាត់យល់ថា គាត់ខ្វះជាតិស្ករ គាត់ត្រូវហូបបង្អែម និងជាតិផ្អែមច្រើន។ រយៈពេល៥ទៅ១៥ឆ្នាំក្រោយមក ស្រាប់តែគាត់កើតជំងឺទឹកនោមផ្អែម។ នេះជាយន្តការធម្មជាតិនៃការកើតជំងឺទឹកនោមផ្អែម គឺក្នុងដំណាក់កាលត្រៀមទឹកនោមផ្អែម អាំងស៊ុយលីនខ្ពស់ក្នុងឈាមដែលនាំឲ្យស្ករចុះទាប ធ្វើឲ្យយើងឃ្លាន។ តែនៅពេលដែលយើងញ៉ាំច្រើនក្នុងពេលមួយដែលអាំងស៊ុយលីនមិនមានលទ្ធភាពទប់ជាតិស្ករឲ្យចុះទាបវិញបាន ពេលនោះស្ករនឹងកើនលើសលប់នៅក្នុងឈាម ហើយរោគវិនិច្ឆ័យក៏បញ្ជាក់ថា មានកើតជំងឺទឹកនោមផ្អែម។ ចំពោះរឿងដែលថាពេទ្យឲ្យថ្នាំព្យាបាលហើយនៅមានការណាត់ឲ្យទៅជួបមួយខែម្តងនោះ ខ្ញុំសូមជម្រាបលោកស្រីថា ក្នុងករណីអ្នកជំងឺថ្មីដែលទើបជួបដំបូង ការស្វែងយល់ពីអ្នកជំងឺច្បាស់លាស់ ទាំងការរស់នៅ ហូបចុក ទទួលថ្នាំ លទ្ធភាព និងតាមដានឥទ្ធិពលទាំងអស់នេះ គ្រូពេទ្យត្រូវស្គាល់លោកស្រីឲ្យច្បាស់ ដើម្បីសម្របសម្រួលថ្នាំដែលដាក់ទៅដំបូងឲ្យស្របនឹងការវិវឌ្ឍរបស់អ្នកជំងឺ ដូច្នេះរយៈពេលនៃការតាមដានដំបូង អាចជួបមួយសប្តាហ៍ម្តង ក្រោយមកមួយខែម្តង ក្រោយមកទៀតអាចឈានដល់បីខែម្តង។ ដូច្នោះ ការតាមដានការព្យាបាលជំងឺទឹកនោមផ្អែម មិនទាមទារការតាមដានមួយខែម្តង មួយជីវិតទេ គឺទាមទារការជួប៣ទៅ៤ខែម្តងប្រសិនបើជំងឺទឹកនោមផ្អែមនោះត្រូវគ្រប់គ្រងបានល្អ ដោយថ្នាំដោយរបៀបរស់នៅ ដោយការស្វែងយល់ច្បាស់លាស់។ ហើយចំពោះការពិនិត្យឈាម ដើម្បីតាមដានការប៉ះពាល់ចំពោះអ្នកជំងឺថ្មីក្នុងពេល១០ទៅ២០ឆ្នាំដំបូង បើគាត់នៅមិនទាន់មានការប៉ះពាល់អ្វីទេ ការពិនិត្យឈាមអាចធ្វើ២ទៅ៣ដងក្នុងមួយឆ្នាំ តែបើសិនគាត់មានបញ្ហាខ្សោយតម្រងនោម ខ្សោយបេះដូង មានជំងឺសរសៃឈាមខួរក្បាលជាដើម បានន័យថា ជំងឺទឹកនោមផ្អែមមានការប៉ះពាល់ខ្ពស់ លើសរីរាង្គផ្សេង ហើយគ្រូពេទ្យត្រូវជួបគាត់ឲ្យបាន១ទៅ២ខែម្តង ដើម្បីពិនិត្យ និងរក្សាជីវិតឲ្យរស់បានដូចធម្មតា។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែមនិងក្រពេញ ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត

Share
Top