- Apr 08, 2017 |
- 7 years ago |
- 2.9K views
«ប្រសិនបើរវល់តែគិតថាមិនធ្លាប់ធ្វើទេ អ្នកបានសាងឧបសគ្គមួយសម្រាប់ខ្លួនឯងរួចទៅហើយ»ក្រុមជ័យលាភី2nd Prize of 2016 International Girl’s Health Student Writing Competition
2016 International Girl’s Health Student Writing Competition ជាការប្រកួតសំណេរស្នាដៃនិពន្ធថ្មីជាភាសាអង់គ្លេស (៣៥០០ពាក្យ ១៥ទំព័រ) អំពីបញ្ហាសុខភាពស្រ្តីដែលចោទខ្លាំងជាងគេនាពេលបច្ចុប្បន្ន អមដោយដំណោះស្រាយថ្មីប្រកបដោយភាពច្នៃប្រឌិត និងអាចអនុវត្តបាន ដោយបេក្ខភាពអាចជាសិស្សវិទ្យាល័យ ឬនិស្សិតមកពីប្រទេសទូទាំងពិភពលោក ក្រោមការរៀបចំឡើងដោយ Ewha Womans University ជាមួយនឹងការឧបត្ថម្ភពីស្ថាប័នពាក់ព័ន្ធមួយចំនួន ក្នុងគោលបំណងធ្វើការជម្រុញសិស្ស និងនិស្សិតនៅលើពិភពលោកឲ្យយកចិត្តទុកដាក់ចំពោះសុខភាពស្ត្រី ដោយស្វែងយល់ពីបញ្ហាប្រឈម និងស្វែករកនូវដំណោះស្រាយថ្មីដែលមានប្រសិទ្ធភាព ដើម្បីធានានូវសុខុមាលភាព និងអនាគតរបស់ស្ត្រីទូទៅជុំវិញពិភពលោក។ ប្រទេសកម្ពុជាក៏មានបេក្ខភាពចំនួន៣ក្រុម ដែលបានចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តែមានតែមួយក្រុមប៉ុណ្ណោះដែលទទួលបាននូវរង្វាន់ 2nd Prize ដែលជាមោទនភាពដ៏អស្ចារ្យនៃប្រទេសកម្ពុជាយើង ដែលរួមមានសមាជិកចំនួន៤រូប គឺកញ្ញា ង៉ូវ សុដាណែត,កញ្ញា ម៉ឹង វណ្ណរ៉ាស៊ី, លោក សំរិទ្ធិ សិរីឧត្តមនិងលោក ឌុល មុនីរក្ស ដែលបានលើកឡើងនូវប្រធានបទ «ការមានផ្ទៃពោះនៅវ័យជំទង់» ក្រោមចំណងជើងជាភាសាអង់គ្លេសថា “Adolescent Pregnancy and “Go Girls” Project ដែលជាបញ្ហាមួយកើតមាននៅស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោកជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍ។ ងាកមកការបង្កើតជាក្រុមវិញ គឺដោយសារតែសមាជិកទាំងអស់ជានិស្សិតផ្នែកសុខាភិបាលដូចគ្នា និងជាមិត្តរួមថ្នាក់នៅសាកលវិទ្យាល័យមួយទៀត ព្រមទាំងធ្លាប់ធ្វើការងារក្រុមជាមួយគ្នាផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺចំណាប់អារម្មណ៍ដូចគ្នា និងគោលដៅរួមមួយ ដែលចង់ប្រលូកក្នុងវិស័យ សុខាភិបាលឲ្យបានច្រើន បន្ថែមពីលើទ្រឹស្តីដែលម្នាក់ៗមានស្រាប់ហើយក៏បានឃើញនូវការផ្សាយអំពីកម្មវិធីប្រកួតនេះនៅលើទំព័រហ្វេសប៊ុកជាផ្លូវ ការរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ សម្រាប់ការជម្រុះជុំទី១ គឺមានអត្ថបទចូលរួមចំនួន១៥៥ ហើយក្នុងជុំទី២ គឺមានតែ២៧ក្រុមប៉ុណ្ណោះ មកពីប្រទេសចំនួន១៤ផ្សេងៗគ្នា ដែលត្រូវបាន ជ្រើសរើសឲ្យធ្វើបទបង្ហាញរយៈពេលប្រមាណ៧-៨នាទី និងធ្វើការឆ្លើយសំណួរពីគណៈកម្មការពី២-៣នាទី នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ផងដែរថា ការប្រកាសរង្វាន់ គឺធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុង 2016 International Conference on Girls’ Health ដោយរង្វាន់សរុប គឺមានចំនួន៨ ដោយមាន Grand Prize ១រង្វាន់, 1st Prize ២រង្វាន់(១សម្រាប់សិស្សវិទ្យាល័យ និង១ទៀតសម្រាប់និស្សិត) ,2nd Prize ៤រង្វាន់(១សម្រាប់សិស្សវិទ្យាល័យ និង៣សម្រាប់និស្សិត) ព្រមទាំងរង្វាន់លើកទឹកចិត្ត១រង្វាន់ទៀត។ ក្រុមដែលទទួលបានរង្វាន់ Grand Prize នឹងទទួលបានជំនួយឧបត្ថម្ភដល់អង្គការ ឬរដ្ឋាភិបាលប្រចាំប្រទេសដើម្បីធ្វើការអនុវត្តគម្រោងខ្លួន។ ត្រលប់មកដំណើរនៃការរៀបចំខ្លួនវិញ ការប្រមូលផ្តុំនូវឯកសារស្រាវជ្រាវ និងការជ្រើសរើសនូវប្រធានបទ គឺមានតែសមាជិក៤នាក់ប៉ុណ្ណោះ ដែលរួម សហការគ្នា និយាយរួមទៅ គឺមិនមានសាស្រ្តាចារ្យដឹកនាំនោះទេ ប៉ុន្តែដំណើរការនៃការរៀបចំឯកសារផ្សេងៗក៏ត្រូវបានទទួលបានការសម្របសម្រួលពី សំណាក់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផងដែរ។ បន្ថែមពីលើនេះការត្រួតពិនិត្យនូវសំណេរមុននឹងដាក់ផ្ញើបានធ្វើឡើងដោយសាស្រ្តាចារ្យជនជាតិហ្វីលីពីនមួយរូបដែលមានឈ្មោះថា Marilou S.Dela Sierra ។ ភាពលំបាកចម្បងជាងគេ គឺការសរសេរនូវគម្រោង(Project Writing) ដោយសារតែវាជាលើកដំបូងសម្រាប់គ្រប់គ្នា ហេតុនេះហើយ ការចាប់ផ្តើម ហាក់ដូចជាមិនច្បាស់ថាគួរធ្វើអ្វី ឬងាកទៅខាងណា ប៉ុន្តែបន្ទាប់ពីឈានជំហានដំបូង និងបន្តបន្ទាប់ហើយក៏មានការពិភាក្សាគ្នា និងផ្លាស់ប្តូរគំនិត យោបល់គ្នា។ យ៉ាងណាមិញ ដោយសារតែមានគ្នាដល់ទៅ៤នាក់ ដូចនេះហើយដំបូងគឺមានការទាស់ទែងគ្នារហូតដល់ថ្នាក់ទាស់ពាក្យសម្តីគ្នាទៀតផង តែក្រោយមកក៏ប្រមូលផ្តុំគំនិតរៀងខ្លួនរួចក៏សំយោគជាគំនិតប្រមូលផ្តុំរួមដែលល្អជាងគេ ព្រមទាំងសិក្សាទៅលើចំណុចខ្វះខាត ដើម្បីធ្វើការកែតម្រូវ។ បញ្ហា ទំនាក់ទំនង ក៏ពិបាកផងដែរ ដោយហេតុថាសមាជិកម្នាក់ៗរៀននៅពីរសាលាតាំងពីព្រឹកដល់យប់តែម្តង។ អ្វីដែលនាំឲ្យមានភាពជោគជ័យ គឺអាចនិយាយបានថាមកពីស្មារតីសាមគ្គីភាពនិងចេះអត់អោនឲ្យគ្នា ក្នុងការទទួលយកគំនិតពីគ្នាទៅវិញទៅមកដូចដែលបានលើកឡើងខាងលើស្រាប់ ដើម្បីរកបាននូវលទ្ធផលល្អមួយសម្រាប់ប្រយោជន៍ជាក្រុម ហើយក៏បានកាន់ដៃ និងប្រកៀកស្មាគ្នាធ្វើដំណើររហូតទៅបានទទួលជោគជ័យ។ ទន្ទឹមនឹងគ្នានេះដែរ ម្នាក់ៗតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន ដូច្នេះហើយ ការងារជាក្រុមនេះបានជួយបំពេញនូវចន្លោះប្រហោងដែលសមាជិកម្នាក់ៗមាន។ បើប្រៀបទៅនឹងការចម្អិនម្ហូបវិញ សមាជិកប្រៀបបាននឹងគ្រឿងផ្សំដែលមានរសជាតិពិសេសផ្សេងៗពីគ្នា ដែលចាំបាច់ត្រូវប្រមូលផ្តុំរួមគ្នាទើបបានជាសម្លមួយដ៏មានឱជារសឆ្ងាញ់ពិសា។ ម្យ៉ាងវិញទៀត ពេលដែលសមាជិកណាមានកំហុស ក៏តែងតែជួយកែសម្រួលបន្ថែមជាមួយនឹងពាក្យលើកកម្លាំងចិត្ត។ មានមេរៀនជាច្រើនដែលត្រូវបានរៀនសូត្រពីការប្រកួតប្រជែងថ្នាក់អន្តរជាតិ លើកដំបូងមួយនេះ ជាក់ស្តែងគឺការសិក្សាពីគំនិតនៃប្រទេសផ្សេងៗជាពិសេសបញ្ហាសុខភាពស្រ្តីដែលក្រុមជាបេក្ខភាពដទៃបានលើកឡើង ដែលយើងអាចយកទៅប្រើប្រាស់បាននៅថ្ងៃអនាគត ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងផ្ទាល់គ្រួសារ និងសង្គម។ មេរៀនជីវិតដ៏សំខាន់មួយទៀតគឺការសិក្សាពីជាតិសាសន៍ដទៃ ហើយអាចឆ្លុះបញ្ចាំងមកលើខ្លួនឯងថាគួរតែកែតម្រូវត្រង់ចំណុចអ្វីខ្លះបន្ថែមទៀត។ ស្របពេលជាមួយគ្នានេះដែរ ក៏មានឱកាសក្នុងការបង្កើតនូវចំណងមិត្តភាពជាមួយជាតិសាសន៍ដទៃ យល់ដឹងពីវប្បធម៌នៃប្រទេសដែលជឿនលឿន របៀបរបបនៃការរៀបចំកម្មវិធីផងដែរ។ ជាចុងក្រោយ ក្រុមជ័យលាភីក៏សូមថ្លែងអំណរគុណដល់ទស្សនាវដ្តីហេលស៍ថាម និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលបានជួយសម្របសម្រួលកិច្ចការងារផ្សេងៗទាក់ទិននឹងការប្រកួតនេះ ព្រមទាំងអ្នកគ្រូ Marilou S. Dela Sierra និងមិនអាចរំលងបាន គឺមិត្តរួមក្រុមដែលចេះយោគយល់គ្នា ហើយកាន់ដៃគ្នាតស៊ូរហូតដល់មានថ្ងៃនេះ។ សម្រាប់ជាសារដល់សិស្សនិស្សិតដែលមានបំណងចូលរួមប្រកួតប្រជែង ក្រុមជ័យលាភីក៏សូមផ្តាំផ្ញើថា«អ្វីដែលសំខាន់ជាងគេនោះ គឺការប្តេជ្ញា និងតាំងចិត្ត មិនរួញរាចំពោះឧបសគ្គ ឬបញ្ហាលំបាកផ្សេងៗ ជាពិសេសបទពិសោធន៍ថ្មី ដែលមិនធ្លាប់ធ្វើពីមុនមក។ ជាការពិតណាស់ ប្រសិនបើរវល់តែគិតថាមិនធ្លាប់ធ្វើទេ អ្នកគឺបានសាងឧបសគ្គមួយសម្រាប់ខ្លួនឯងរួចទៅហើយ ជាហេតុនាំឲ្យដំណើរកាន់តែស្មុគស្មាញថែមទៀត។ ចាំបាច់ណាស់ ត្រូវតែតាំងចិត្តខ្លួនឯងឲ្យមាំ ថាមិនខ្លាចអ្វីទាំងអស់ហើយបើជ្រុលជាធ្វើហើយ គឺធ្វើឲ្យអស់លទ្ធភាព និងសម្លឹងរកភាពជោគជ័យ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share