Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តាមរយៈ សេចក្តីបំភ្លឺរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា  បានឲ្យដឹងថា ក្រសួងមិនបានទទួលស្គាល់ថា ឱសថបុរាណ របស់លោកគ្រូក្មេង ថោង សុខុន ដែលជាស្វាមីរបស់អ្នកស្រី ស្វែង សុជាតា ថាមានសារជាតិបន្សាបជួយបន្សាបគ្រឿងញៀនទេ ដែលការផ្សព្វផ្សាយព័ត៌មាន​​របស់បណ្តាញទំនាក់ទំនងសង្គម ដែលមានឈ្មោះថា បាយក្តាំង ដែលបានចុះផ្សាយថ្ងៃទី០៦ ខែមេសា មានចំណងជើងថា និងទំព័រកាសែតភ្នំពេញប៉ុសិ៍្ត  ដែលចុះផ្សាយថ្ងៃទី០៧ ខែមេសា​ មានចំណងជើងថា ជាការបំផ្លើសពីការពិតទាំងស្រុង។​  ក្រសួងសុខាភិបាល បាន​ចេញសេចក្តីជូនព័ត៌មាន រួចមកហើយលើការផ្សព្វផ្សាយមិនត្រឹមត្រូវពីប្រសិទ្ធភាពបន្សាបថ្នាំញៀន​នៃឱសថបុរាណនេះ ហើយក៏មានការចុះស្រាវជ្រាវជាបន្ទាន់ដែរ និងជួបជាមួយលោកថោង សុខុន ដោយលោកបានយល់ព្រមបញ្ឈប់ការផ្សព្វផ្សាយប្រាសចាកការពិត ពីបណ្តាញទំនាក់ទំនងសង្គម និងព្រមគោរពច្បាប់ទម្លាប់ផងដែរ។  ក្រសួងសុខាភិបាល​ តាមរយៈគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ​ និងសេវា​សុខាភិបាលខុសច្បាប់ មិនទទួលស្គាល់ឱសថប្រភេទនេះ​ និងការបើកកន្លែងព្យាបាលឱសថបុរាណរបស់លោកគ្រូក្មេង ថោង សុខុននេះឡើយ ហើយនឹងចាត់់វិធានការតាមផ្លូវច្បាប់។  ក្រសួងសុខាភិបាល សូមបដិសេដមិនទទួលស្គាល់នូវការលើកឡើងដូចអត្ថបទខាងលើ។​ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការឃោសនាបោកប្រាស់ ពីការព្យាបាលដោយ​ឱសថបុរាណ និងការបន្សាបគ្រឿងញៀនរបស់​លោកគ្រូក្មេងនេះ។ សូមប្រជាជន​ ស្វែងរកការព្យាបាលជាមួយគ្រូពេទ្យ ដែលមានជំនាញ និងមានការបណ្តុះបណ្តាលត្រឹមត្រូវនៅតាមមូលដ្ឋានសុខាភិបាល។  ប្រភព ៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល

Share

នឹកដល់ថ្ងៃចូលឆ្នាំក្នុងខែមេសា អ្នកនឹងគិតដល់ប្រទេសណាខ្លះ? ហើយប្រទេសណាមួយដែលអ្នកប្រាថ្នាចំណាយពេលនៅថ្ងៃចូលឆ្នាំនេះ? ស្របពេលដែលឱកាសចូលឆ្នាំខ្មែរជិតឈានមកដល់ ប្រទេសជិតខាងរបស់យើង២ប្រទេសទៀតគឺថៃ និងឡាវ ក៏នឹងប្រារព្ធពិធីចូលឆ្នាំថ្មីក្នុងពេលឆាប់ៗដូចគ្នា។ ទាំង៣ប្រទេសអាចចាត់ទុកថាមាន វប្បធម៌ប្រពៃណីចំណាស់ដូចគ្នា ហើយមានការប្រារព្ធពិធីបុណ្យប្រពៃណីក្នុងខែជាមួយគ្នា ក៏ប៉ុន្តែភាពទាក់ទាញនៃការប្រារព្ធពិធីនៃប្រទេសនីមួយៗពិតជាស្ថិតក្នុងរូបភាពផ្សេងគ្នា។ ពិសេសនោះគឺប្រទេសនីមួយៗក៏មានខេត្តដែលលេចធ្លោជាងគេក្នុងការប្រារព្ធពិធីចូលឆ្នាំរួមជាមួយនឹងសកម្មភាពដ៏ឱឡារឹកពិសេសផ្សេងៗគ្នា ដែលពេលនេះហេលស៍ថាម នឹងបង្ហាញអ្នកនៅទីនេះតែម្តង។ កម្ពុជា (ចូលឆ្នាំខ្មែរ) ប្រសិនបើអ្នកសម្រេចចិត្តចំណាយពេលសម្រាកចូលឆ្នាំថ្មីក្នុងប្រទេស ខេត្តដែលអ្នកគួរទៅទស្សនានោះគឺ ខេត្តសៀមរាប  ដែលមានមហាព្រឹត្តិការណ៍ជាតិដែលធំជាងគេ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តហើយក្នុងឆ្នាំថ្មីនេះ នឹងមានការប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។ ក្នុងមហាព្រឹត្តិការណ៍នេះមានកម្មវិធីជាច្រើន ដែលអាចឲ្យអ្នកកម្សាន្ត និងស្វែងយល់ពីអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីខ្មែរ ជាមួយនឹងការរៀបចំឡើងបង្ហាញពីទិដ្ឋភាពសម័យបុរាណដែលអ្នកមិនធ្លាប់បានឃើញ។ កម្មវិធីពិសេសនៅក្នុងព្រឹត្តិការណ៍នេះរួមមាន មហោស្រពវប្បធម៌បុរាណ  កម្មវិធីភូមិខ្ញុំ ទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត និងកម្មវិធីក្បាច់គុណល្បុក្កតោជាដើម។ ក្រៅពីនេះក៏មានកម្មវិធីផ្សេងៗទៀត ដូចជាការលេងល្បែងប្រពៃណីខ្មែរ ការប្រគុំតន្រ្តី និងការរាំលេងកម្សាន្ត ក៏ជាសកម្មភាពដ៏រស់រវើកនាឱកាសនេះ។ កាន់តែអស្ចារ្យគឺទិដ្ឋភាពនៃការបង្ហោះគោម និងបណ្តែតប្រទីប ដ៏ស្រស់ស្អាតនៅពេលយប់ក្នុងរមណីយដ្ឋានឧទ្យានអង្គរផ្ទាល់ផងដែរ។ ដូចបណ្តាឆ្នាំមុនៗដែរ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅបរិវេណខាងមុខ ប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណពិព័រណ៍អង្គរឃ្យុងយូ ផាប់ស្រ្ទីត និងសួនច្បារមុខព្រះរាជដំណាក់។ ថៃ (សង្ក្រាន្ត) បើអ្នកទៅកាន់ប្រទេសថៃវិញ ពិធីបុណ្យចូលឆ្នាំថ្មីនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ១៣ដល់ទី១៥ខែមេសា។ សម្រាប់សង្ក្រាន្តប្រទេសថៃ ខេត្តឈៀងម៉ៃជាកន្លែងដែលអ្នកគួរទៅជាងគេ ព្រោះវាជាកន្លែងប្រារព្ធពិធីចូលឆ្នាំធំជាងគេក្នុងប្រទេស។ ការប្រារព្ធពិធីនេះ ត្រូវបានគេស្គាល់ និងមិនដែលខានបានប្រសិនបើទៅទីនោះ តាមរយៈ ការលេងជះទឹក និងប៉ាតម្សៅយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាផ្លូវនៃខេត្តនេះ។ អាចថាដោយសារតែអាកាសធាតុក្តៅផង បានជាការលេងបាញ់ទឹកក្លាយជាភាពទាក់ទាញមួយដែលគេនាំគ្នាលេងយ៉ាងរីករាយ។ ការលេងបាញ់ទឹកតាមដងផ្លូវដោយការគោរព និងរក្សាសិទ្ធិគ្នានេះ ជាសកម្មភាពដ៏ពេញនិយមដោយមានការចូលរួមលេងទាំងពីភ្ញៀវជាតិ និងអន្តរជាតិ។ ដោយឡែក អ្វីដែលអ្នកគួរត្រៀមនោះគឺអ្នកនឹងត្រូវទទឹកខ្លួនរហូតប្រសិនបើអ្នកចេញមកតាមដងផ្លូវ  អំឡុងពេលបុណ្យចូលឆ្នាំថ្មីក្នុងប្រទេសថៃ ដូចនេះអ្នកគួរតែរក្សារបស់របរសំខាន់ៗដូចជា ទូរស័ព្ទ ឬលិខិតឆ្លងដែនឲ្យល្អ ចៀសវាងការចូលទឹក។ ឡាវ (ភីមៃ ឡាវ) ក្រឡេកទៅមើលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសឡាវវិញ គឺធ្វើឡើងនៅថ្ងៃទី១៣ ដល់១៥ខែមេសាដូចប្រទេសថៃដែរ។ លួងព្រះបាង គឺជាខេត្តបុរាណរបស់ប្រទេសឡាវ ជាកន្លែងដែលអ្នកមិនគួរខកខានទៅទស្សនាក្នុងអំឡុងពិធីចូលឆ្នាំថ្មីរបស់គេ។ ពេលទៅដល់ខេត្តចំណាស់មួយនេះ ក្រៅពីទេសភាពដ៏ទាក់ទាញបែបភូមិតូចៗ អ្នកក៏នឹងឃើញពីការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិឡាវដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយការតុបតែងខ្លួនបែបបុរាណ  ទាំងក្មេង ចាស់ ដើរជាក្បួន ជាមួយសត្វដំរីដែលត្រូវបានតុបតែងខ្លួនជាលក្ខណៈប្រពៃណីរបស់ឡាវជាអ្នកដើរនាំមុខ។  រីឯភ្ញៀវទេសចរជាច្រើន ក៏អាចស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេដើរជាមួយក្បួនដ៏ឱឡារឹកនេះបានផងដែរ។  ការបាចទឹកដែល ផ្កាចម្រុះពណ៌តាមដងផ្លូវ ក៏ជាសកម្មភាពដែលប្រជាជនឡាវ ព្រមទាំងអ្នកទេសចរទាំងអស់មិនអាចខកខានដូចគ្នាព្រោះវាត្រូវបានធ្វើឡើងដើម្បីភាពសុខសប្បាយ និងត្រជាក់ត្រជុំក្នុងឱកាសបុណ្យប្រពៃណីរបស់ប្រទេសឡាវ។ ថ្ងៃចូលឆ្នាំនៅប្រទេសយើងគឺអស្ចារ្យស្រាប់ទៅហើយ ម្យ៉ាងទៀតពីមួយឆ្នាំទៅមួយឆ្នាំក៏កាន់តែសប្បាយទៅៗ ប៉ុន្តែបើទៅស្គាល់ពីប្រទេសជិតខាងខ្លះជាពិសេសអំពីថ្ងៃចូលឆ្នាំរបស់គេក៏ជាបទពិសោធន៍ថ្មីមួយផងដែរ។ ដូចនេះ រៀបគម្រោង៣ឆ្នាំជាប់គ្នាសម្រាប់ enjoy ម្តងមួយប្រទេសតែម្តងទៅ ដើម្បីទៅមើលផ្ទាល់ភ្នែកថាប្រទេសនីមួយៗធ្វើឲ្យអ្នកជាប់ចិត្តរបៀបណា។ @ 2017, Health Time Corporation

Share

សំណួរ ៖ ខ្ញុំបាទឈ្មោះ ភ.ត រស់នៅ ខេត្តបន្ទាយមានជ័យ។ខ្ញុំតែងតែមានសាច់ដុះតូចៗច្រើននៅបរិវេណ ដងខ្លួនជាប្រចាំ។ តែសាច់ដុះនេះក៏ដាច់ទៅវិញឯងៗនៅពេលខ្ញុំដុសសម្អាតខ្លួន ហើយក៏ដុះមកទៀតនៅកន្លែងដដែលឬកន្លែងផ្សេង។ តើនេះជាអាការៈនៃជំងឺធ្ងន់ធ្ងរណាមួយឬទេ? មានវិធីអ្វីអាចកំចាត់បញ្ហានេះឬទេ? ចម្លើយ ៖ ការដុះសាច់តូចៗនេះមាន២យ៉ាង៖ ទី១គឺស្បែកដែលដុះមែនទែន(skin tags) និងទី២ស្បែកដែលកើតឡើងដោយសារវីរុសនៅពេលយើងមានវ័យចាស់បន្តិច(Siberia Keratosis)ដែលមានស្នាមខ្មៅគ្រាប់នៅលើស្បែក។ ជាការពិតណាស់សាច់ដែលដុះមកនេះនៅពេលដំបូងវាតែងតែដាច់ទៅវិញនៅពេលដែលយើងងូតទឹកដុសជម្រះ ប៉ុន្តែវានឹងដុះមកវិញដោយសារតែកោសិកាដែលជ្រុះមក មិនបានអស់នោះទេ ហើយប្រសិនបើយើងចង់ឲ្យជ្រុះអស់នោះយើងមិនគួរដុសជម្រះតាមទម្លាប់តែមួយមុខនោះទេ ព្រោះវាអាចបណ្តាលឲ្យខូចដល់កោសិកាស្បែកដែលល្អ និងបង្កឲ្យយើងមានជំងឺស្បែកមួយហៅថាក្រាស់-ក្រិន ឬ អាល្លែកហ្ស៊ី ឬ តាអក។ ហើយបើបញ្ហានេះបង្កជាការលំបាកដល់សោភណ្ឌភាព ប្អូនគួរតែស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងការប្រើទម្លាប់ដុសជម្រះដែលអាចឲ្យខូចស្បែកធម្មតា។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិ សើស្បែក និងកាមរោគ

Share

មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តផ្សេងៗពីគ្នា តែចំណង់ចំណូលចិត្តរបស់មនុស្សប្រុសមួយចំនួន បង្ហាញតាមរយៈសកម្មភាពដែលមើលទៅឡូយហើយក៏គួរឲ្យចូលចិត្តជាពិសេសបានទាក់ទាញក្តីស្រឡាញ់ពីមនុស្សស្រីភាគច្រើនទៀតផង។ អញ្ចឹងបានថា បុរសៗខ្លះបានក្លាយទៅជា អាយដលរបស់មនុស្សជុំវិញដោយមិនដឹងខ្លួន។ ត៎ោះ នារីៗមើលថា ត្រូវចិត្តចំណុចណាមួយ? ហើយបុរសៗវិញក៏មើលដែរថា មានសកម្មភាពឃូលណាត្រូវនឹងខ្លួនឯងអត់? ការអានសៀវភៅ ដើម្បីបង្កើនចំណេះដឹងបន្ថែម និងប្រើប្រាស់ពេលវេលាទំនេរពីការសិក្សានិងការងារឲ្យមានប្រយោជន៍ ប្រុសៗបានយកការអានដើម្បីកែអផ្សុក។ សៀវភៅដែលពួកគេអាន អាចជាសៀវភៅរឿង ឬសៀវភៅអប់រំផ្សេងៗ។  ពួកគេចូលចិត្តអាននៅបណ្ណាល័យ  ឬហាងកាហ្វេជាដើម ដែលជាទីចាប់អារម្មណ៍នៃមនុស្សស្រីទាំងឡាយ។ ការសរសេរ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម បានអនុញ្ញាតឲ្យមនុស្សទូទៅអាចបង្ហាញពីអារម្មណ៍ ទស្សនវិស័យ ឬភាពជោគជ័យនានា។ ក្នុងនោះដែរ ការដែលបុរសបានសរសេរពីរឿងរ៉ាវផ្សេងៗ ហើយចែករំលែកលើប្រព័ន្ធទំនាក់ទំនងសង្គម បានធ្វើឲ្យស្រីៗភាគច្រើន ស្គាល់ យល់ពីអារម្មណ៍ និងស្រឡាញ់ពីទឹកដៃសរសេររបស់ពួកគេ។ ការលេងកីឡា ការលេងកីឡា បានបង្ហាញពីភាពរឹងមាំ និងភាពជាបុរសពេញលក្ខណៈ របស់មនុស្សប្រុស។ ការជិះកង់ ហែលទឹក វាយកូនបាល់ កីឡាបាល់ទាត់និងកីឡាផ្សេងៗទៀត សុទ្ធសឹងតែជាកីឡាដែលឆ្លុះបញ្ចាំងពី ភាពព្យាយាម អត់ធ្មត់ និងការស្រឡាញ់សុខភាព និងរាងកាយរបស់ពួកគេ។ ការលេងឧបករណ៍ភ្លេង និងចេះច្រៀង ការលេងហ្គីតា ព្យាណូ ឬឧបករណ៍ភ្លេងផ្សេងទៀតមិនត្រឹមកំសាន្តអារម្មណ៍ និងបន្ថយភាពតានតឹង ប៉ុន្តែភ្ជាប់ជាមួយគ្នាដែរ ពួកគេក៏មើលទៅ គួរឲ្យទាក់ទាញយ៉ាងខ្លាំង ហើយក៏អាចផ្តល់នូវអារម្មណ៍ល្អៗដល់អ្នកជុំវិញតាមរយៈបទភ្លេង និងសំនៀងរបស់ពួកគេផងដែរ។ ការចេះបង្កើតថ្មី មនុស្សមានភាពប៉ិនប្រសព្វផ្សេងៗគ្នា ពួកគេបានប្រើប្រាស់ខួរក្បាលរបស់គេយ៉ាងល្អ។ ការដែលបុរសមានសមត្ថភាព អាចបង្កើតរបស់ថ្មីបាន និងច្នៃរបស់ចាស់ៗដើម្បីប្រើឡើងវិញបាន ដែលជាអត្ថប្រយោជន៍រួមបង្ហាញពីភាពឈ្លាសវៃ ដែលជាភាពទាក់ទាញមួយកម្រនឹងឃើញ។ ការចូលរួមការងារសង្គម បុរសមើលទៅកាន់តែឃូល នៅពេលដែលពួកគេបានចំណាយពេលវេលារបស់គេ ជាមួយនឹងទឹកចិត្តសប្បុរសធម៌ ជួយអ្នកដទៃក៏ដូចជាចូលរួមរំលែកការងារក្នុងសង្គម។ ការងារស្ម័គ្រចិត្តធ្វើឲ្យពួកគេស្គាល់មនុស្សជាច្រើន និងបានចែក រំលែកក្តីស្រឡាញ់ទៅកាន់មនុស្សដទៃ។  មិនត្រឹមជួយសង្គម បង្ហាញភាពមានទឹកចិត្ត និងការងាយចុះសម្រុង តែក៏ធ្វើឲ្យគេទទួលបានប្រជាប្រិយភាពជាងមុនទៀតផង។ ការចូលចិត្តធ្វើម្ហូប ភាពសង្ហារបស់មនុស្សប្រុស អាស្រ័យលើភាពប៉ិនប្រសព្វ កិច្ចការងារផ្ទះ និងមិនមើលបំណាំមនុស្សស្រី។ ការអាចយល់    និងដឹងពីរសជាតិនៃម្ហូបអាហារបានបង្ហាញពីភាពយកចិត្តទុកដាក់ លើការងាររបស់ពួកគេ។ លេងសើចមិនបានទេ មេចុងភៅល្បីជាច្រើន ក៏ជាបុរសដែរណា៎... ការចូលចិត្តថតរូប ប្រណីតភាពនៃជីវិត បានបង្ហាញតាមរយៈរូបថត ដែលបានផ្តិតយកជាមួយនឹងទឹកដៃដែលល្អឥតខ្ចោះ។ មនុស្សចូលចិត្តថតរូប ជាប្រភេទមនុស្សដែលចូលចិត្តរក្សាការចងចាំល្អៗ និងផ្តល់ភាពរីករាយដល់អ្នកដទៃ។ ពួកគេក៏ជាមនុស្សដែលអាចមើលឃើញពីជ្រុងមួយដែលស្រស់ស្អាតពីគ្រប់វត្ថុទាំងអស់ដែលអ្នកធម្មតាមិនអាចមើលឃើញ។ នេះហើយជាលក្ខណៈពិសេសរបស់ពួកគេ។ ចូលចិត្តមើលក្មេង ក្មេងៗពិតជាគួរឲ្យស្រឡាញ់ តែក៏ពេលខ្លះពិបាកនឹងចូលទៅជិត សូម្បីតែនារីខ្លះក៏មិនអាចស៊ូមើលថែក្មេងបានដែរ មនុស្សប្រុសភាគច្រើនមិនចេះមើលក្មេងទេ ដូចនេះទើបធ្វើឲ្យបុរសដែលអាចមើលថែក្មេងបានមើលទៅពិសេស បំផុត។ ជាទូទៅ បុរសបែបនេះតែងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ មានចិត្តអំណត់ វៃឆ្លាត និងមានសេចក្តីស្រឡាញ់យ៉ាងកក់ក្តៅ។ សកម្មភាព ជាចំណែកមួយនៃភាពទាក់ទាញរបស់បុរស ប៉ុន្តែអត្តចរិត សមត្ថភាព និងកត្តាជាច្រើនទៀតជាអ្វីដែលអ្នកគ្រប់គ្នាសម្លឹងមកដូចគ្នាដូចនេះសកម្មភាពដែលអ្នកគិតថាអ្នកអាចធ្វើបាន គួរតែសាកល្បងដែរ តែបើអ្នកមិនចូលចិត្តមិនចាំបាច់ព្យាយាម ដើម្បីការចូលចិត្តរបស់អ្នកដទៃឡើយ គ្រាន់តែធ្វើជាខ្លួនឯងឲ្យល្អទៅ គឺគ្រប់គ្រាន់ហើយ។  

Share

គ្រប់វិនាទី សុទ្ធសឹងតម្រូវឲ្យយើងធ្វើការសម្រេចចិត្ត! គ្រាន់តែការសម្រេចចិត្តនេាះធំឬក៏តូច...   ការសម្រេចចិត្តមានតាំងពីរឿងសាមញ្ញដូចជា ព្រឹកឡើងនាឡិការោទិ៍ភ្លាម យើងត្រូវធ្វើការសម្រេចចិត្តថាគួរងើបភ្លាម ឬចុចបិទនាឡិកាហើយគេងបន្ត។ ងើបមកឃើញមេឃខ្មៅងងឺត យើងត្រូវសម្រេចចិត្តថាគួរទៅហាត់ប្រាណឬក៏អត់ ... ហើយមានការសម្រេចចិត្តបន្តបន្ទាប់ដូចជាគួររៀនបន្ត ឬបេាះបង់ការសិក្សាហើយរកការងារធ្វើ គួរវិនិយោគឬមិនគួរ រហូតដល់ការសម្រេចចិត្តដែលប៉ះពាល់ដល់អាយុជីវិតដូចជាពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរអ្វីមួយគួរទៅមន្ទីរពេទ្យណា គួរវះឬមិនគួរ ជាដើម។ ហេតុដូច្នេះហើយ ក្នុងឆាកជីវិតនេះមិនអាចចៀសផុតពីការសម្រេចចិត្តឡើយ ដែលការសម្រេចចិត្តនីមួយៗបានផ្តល់ជាលទ្ធផលមួយវិជ្ជមាន ឬអវិជ្ជមាន ហើយជានិច្ចជាកាលនៅពេលដែលយើងធ្វើការសម្រេចចិត្តខុស យើងនឹងមានវិប្បដិសារី។ ជួនកាល យើងរវល់នឹងការងារ ឬសប្បាយនឹងមិត្តភក្តិ ហើយភ្លេចឪពុកម្តាយនៅផ្ទះ រហូតដល់គាត់ធ្លាក់ខ្លួនឈឺ ហើយលាចាកលោក ទើបយើងមានវិប្បដិសារី ទាំងនេះសុទ្ធតែកើតចេញពីការសម្រេចរបស់យើងម្នាក់ៗ។   តែទេាះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចសម្រេចចិត្តត្រូវជានិច្ចនេាះទេ ជានិច្ចជាកាលយើងតែមានស្នាមខ្មៅដិតជាប់អារម្មណ៍របស់យើងដោយសារយើងគិតថា យើងបានសម្រេចចិត្តខុស ដូចជាប្រសិនបើខ្ញំុនៅផ្ទះ​ គាត់ប្រហែលជាមិនមានបញ្ហាទេ។ ប៉ុន្តែពេលខ្លះវាក៏អាចជាព្រហ្មលិខិតដែរ សង្ខារមនុស្សមិនទៀង រឿងខ្លះវាបានកើតឡើងរួចទៅហើយ ទេាះអង្គុយសោកស្តាយក៏បានត្រឹមតែបំបាក់ទឹកចិត្តខ្លួនឯងតែប៉ុណ្ណេាះ! តែអ្វីដែលសំខាន់គឺបច្ចុប្បន្ន និងអនាគត តើយើងកំពុងធ្វើអ្វី? តើអ្វីដែលយើងធ្វើ នឹងធ្វើឲ្យយើងមានវិប្បដិសារីដែរឬទេ? គេថាកំហុសចាស់ចាត់ទុកជាមេរៀន ហើយភាពឈឺចាប់ឲ្យវារសាត់តាមខ្យល់ទៅចុះ តែសំខាន់យើងត្រូវព្យាយាមឲ្យអស់ពីសមត្ថភាពចំពេាះអ្វីដែលយើងកំពុងធ្វើ។   ដូច្នេះហើយ ក្រឡេកមើលមនុស្សជំុវិញខ្លួនយើង អ្វីទាំងអស់ជំុវិញខ្លួនយើង គោលដៅដែលយើងចង់សម្រេចបាន ហើយដើរឆ្ពេាះទៅមុខដោយភាពរីករាយជាមួយមនុស្សដែលយើងស្រឡាញ់ និងមនុស្សដែលស្រឡាញ់យើង។ ឆាកជីវិតមិនដឹងថ្ងៃណាយើងត្រូវស្លាប់បាត់នេាះទេ ដូច្នេះហើយអ្វីដែលគួរធ្វើគឺមិនត្រូវរង់ចាំទេ!​ ធ្លាប់លឺគេថា ពេលខ្ញំុរមានលុយ ខ្ញំុនឹងនាំប៉ាម៉ាក់ខ្ញំុដើរលេង ខ្ញំុនឹងធ្វើនេះធ្វើនេាះ តែអ្នកត្រូវចាំថា ពេលដែលអ្នកដើរដល់គោលដៅណាមួយ មិនប្រាកដថាអ្នកដែលអ្នកចង់ឲ្យឃើញ នឹងឃើញនេាះទេ ប្រហែលជាពួកគាត់លែងមានឱកាសឃើញទៀតទេ។ ជីវិតជាដំណើរ មិនមែនជាគោលដៅនេាះទេ ហើយដំណើរត្រូវតែមានអ្វីពួកគាត់ មានតិចធ្វើតិច មានច្រើនធ្វើច្រើន គាត់នឹងសប្បាយចិត្ត ហើយយើងក៏សប្បាយចិត្ត។ នេះគ្រាន់តែជា ឧទាហរណ៍មួយតែប៉ុណ្ណេាះ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនអង្គុយពិបាកចិត្តចំពេាះអ្វីដែលកន្លងផុតហើយ និងដើរសម្លឹងទៅមុខដោយភាពរីករាយ មឺុងម៉ាត់ និងធ្វើការសម្រេចចិត្តដែលមិនធ្វើឲ្យអ្នកមានវិប្បដិសារីនាពេលអនាគត!   ពេលអ្នកមានវិប្បដិសារី ចំពេាះអ្វីដែលធ្លាប់សម្រេចចិត្តខុស តើអ្នកធ្វើដូចម្តេចដើម្បីលើកទឹកចិត្តខ្លួនឯង?

Share

បើនិយាយពីរឿងពិបាកចិត្ត បាក់ទឹកចិត្ត អស់សង្ឃឹម គិតមកដល់ពេលនេះគឺច្រើនរាប់មិនអស់ទេ ពេលខ្លះខំរៀនណាស់ តែនៅតែប្រឡងធ្លាក់ គ្មានធ្វើអ្វីកើតក្រៅពីអង្គុយយំម្នាក់ឯង គិតថាហេតុអីខ្លួនឯងគ្មានចេះអីសេាះ ដល់ពេលចេញធ្វើការ ការងារខ្លះធ្វើមិនបានល្អត្រូវថ្នាក់លើស្តីបន្ទោស ហើយមកដល់ផ្ទះឈ្លេាះជាមួយម៉ាក់ប៉ា បងប្អូនទៀត គិតថាថ្ងៃណាមួយចេញរកសីុបញ្ចេញស្នាដៃ មិនចាំបាច់ត្រូវធ្វើតាមការណែនាំរបស់គេ តែដល់ពេលចាប់ផ្តើមចេញរកសីុ បែរជារកសីុមិនទៅមុខទៅវិញ មានរឿងច្រើនណាស់ដែលមិនចេះ សំខាន់ត្រូវធ្វើគ្រប់រឿងទាំងអស់ ដល់អញ្ចឹងបានដឹងអារម្មណ៍របស់ថ្នាក់លើដែលខ្ញំុធ្លាប់ធ្វើការឲ្យ។ ពេលចេញរកសីុ ពេលខ្លះស្ទើរតែដាច់បាយក៏មាន ហត់ជាងពីធ្វើការទៅទៀត ពេលខ្លះគិតរហូតដល់ដេកលែងលក់ មិនដឹងថាអនាគតទៅជាយ៉ាងណា មិនដឹងថាគួរសួរយោបល់នរណា មិនដឹងថាពេលណាទើបរស់នៅស្រួលដូចគេ។ រឿងជាច្រើនក្លាយជាវិប្បដិសារីដែលមិនអាចកែកុនបាន បានត្រឹមតែអង្គុយយំម្នាក់ឯង ក្នុងឆាកជីវិតនេះ បើនិយាយពីចង់សម្លាប់ខ្លួនមិនតិចជាង ៣០ដងទេ អស់កម្លាំងខ្លាំងណាស់ ចង់សម្រាករយៈពេលវែង វែងរហូតមិនបាច់ងើបមកវិញ ព្រេាះរឿងដែលជួបកាន់តែធំទៅៗ កាន់តែពិបាកដេាះស្រាយ ហើយអ្វីដែលសំខាន់ គឺត្រូវព្យាយាមដេាះស្រាយដោយខ្លួនឯង មិនដឹងថាគួរពឹងពាក់នរណា និយាយប្រាប់នរណា?   តើមានប៉ុន្មាននាក់ធ្លាប់គិតចង់សម្លាប់ខ្លួនដូចខ្ញំុ? តែជារឿងល្អមួយដែលអ្នកមិនបានសម្រេចចិត្តសម្លាប់ខ្លួន ព្រេាះអ្នកនៅអាចអានអត្ថបទនេះបាន!   ខ្ញំុជឿថា អ្នកណាក៏មានរឿងពិបាកចិត្តកប់ក្នុងអារម្មណ៍យើងរៀងៗខ្លួនដែរ បើមិនរឿងរៀន រឿងការងារ រឿងលុយកាក់ ឬក៏រឿងគ្រួសារ ឬរឿងផ្សេងៗជាច្រើនទៀត ដែលអ្នកមិនអាចនិយាយប្រាប់គេបាន ពេលខ្លះគិតថាជារឿងអាម៉ាស់ ពេលខ្លះគិតថានិយាយនាំតែគេសើចចំអក និយាយរួមមិនដឹងគួរទុកចិត្តអ្នកណាបានទេ។ ចំណែក ឪពុកម្តាយ ក៏ពិបាកប្រាប់ ព្រេាះរឿងខ្លះនិយាយទៅ នាំតែឲ្យគាត់ខឹង ឬបន្ទោសបន្ថែម! អញ្ចឹងមានតែសម្រេចចិត្តទុកវាក្នុងចិត្តជាប់ជានិច្ច ប៉ុន្តែពេលដែលទុកវាយូរទៅ អារម្មណ៍រឹតតែស្មុគស្មាញទៅ គិតអ្វីក៏លែងចេញ លែងទុកចិត្តខ្លួនឯង ហើយមនុស្សមួយចំនួនក៏សម្រេចចិត្តសម្លាប់ខ្លួន ដូចខ្ញំុធ្លាប់សាកដែរ គ្រាន់តែមិនបានសម្រេច។   គិតៗទៅ បើយើងដឹងហើយថា អ្នកណាក៏ចៀសមិនផុតពីបញ្ហាទៅហើយ ហេតុអីយើងមិនរៀនយកបញ្ហាធ្វើជាលំហាត់សាកល្បងសម្រាប់ជីវិតយើងវិញទៅ? ដូចកីឡាករអញ្ចឹង អ្នកណាមិនដឹងថារត់ទៅអស់កម្លាំង លើកដំុដែកទៅឈឺសាច់ដំុ តែនៅពេលដែលយើងជម្នះនឹងវា យើងនឹងកាន់តែរត់បានឆ្ងាយ កាន់តែលើកបានធ្ងន់ កាត់តែរឹងមាំ តើមានកីឡាករខ្លាំងៗណា ដែលមិនដែលហាត់ មិនដែលឈឺ មិនដែលដួល ហើយស្រាប់តែក្លាយជាជើងឯកនេាះ? អញ្ចឹងហើយ ពេលជួបបញ្ហាទាំងឡាយ យើងគ្រាន់តែគិតថាយើងកំពុងហាត់សមដើម្បីឲ្យក្លាយជាជើងខ្លាំងមួយរូប គិតថាយើងពិតជាមានសំណាងណាស់ដែលមានឱកាសជួបកាលទេសៈលំបាកបែបហ្នឹង អញ្ចឹងផុតដំណាក់កាលហ្នឹង ប៉ុន្មានឆ្នាំទៀតខ្ញំុនឹងខ្លាំងជាងនេះ។ វាមិនមែនជារឿងងាយទេ ដែលចង់កែប្រែការគិតពីបញ្ហាឲ្យទៅជាសំណាងវិញនេាះ ក៏ប៉ុន្តែអ្នកត្រូវហាត់សមការគិតនេះជាប្រចាំពេលដែលអ្នកជួបបញ្ហា បន្តិចម្តងៗ អ្នកនឹងលែងសូវមានអារម្មណ៍តានតឹងខ្លាំង។ តែក៏មិនមែនថាអ្នកក្លាយជាមនុស្សលែងបារម្ភ លែងពិបាកចិត្តដែរ អ្នកនៅតែអាចយំ យំហើយ យំទៀត យំឲ្យធូរចិត្ត ហើយបន្តដំណើរទៅមុខទៀត។ គ្រាន់តែការហាត់សមចិត្តអ្នកបែបនេះ នឹងធ្វើឲ្យអ្នកពិបាកចិត្តក្នុងរយៈពេលខ្លី ហើយបន្តដំណើរទៅមុខដោយភាពរឹងមាំ និងមានទំនុកចិត្ត។   ពេលអ្នកជួបបញ្ហា អ្នកបាក់ទឹកចិត្ត តើអ្នកធ្វើយ៉ាងណា? ចែករំលែកបទពិសោធរបស់អ្នក ទីនេះ

Share

  ការងារទំនាក់ទំនងសាធារណៈ ឬហៅកាត់ជាភាសាអង់គ្លេសថា PR (Public Relations) គឺជាការងារមួយដែលទាមទារនូវជំនាញនិយាយ និង ការទំនាក់ទំនងល្អ ដើម្បីរកវិធីសាស្ត្រទាក់ទាញអតិថិជន និងសាធារណជនឲ្យស្គាល់ស្លាកយីហោរបស់ក្រុមហ៊ុនឬផលិតផលរបស់ខ្លួន។ លោក ធិន ឌីម៉ង់ ជាបុគ្គលិកទំនាក់ទំនងសាធារណៈនៅសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នឹងចែករំលែកបទពិសោធន៍ពីគន្លឹះមួយចំនួនដល់មិត្តអ្នកអាន ដើម្បីក្លាយខ្លួនទៅជាអ្នកទំនាក់ទំនងសាធារណៈម្នាក់ដោយជោគជ័យ។      តើការងារទំនាក់ទំនងសាធារណៈគឺជាអ្វី? មានទំនួលខុសត្រូវការងារអ្វីខ្លះ?  ដូចជាមួយនឹងឈ្មោះរបស់វា ការងារទំនាក់ទំនងសាធារណៈគឺជាការងារមួយត្រូវចាំបាច់ធ្វើការជិតស្និទ្ធជាមួយនឹង អតិថិជនរបស់ក្រុមហ៊ុន ដោយផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងក្រុមហ៊ុននិងដៃគូសហការ និងផ្សព្វផ្សាយឈ្មោះស្ថាប័នខ្លួនទៅកាន់សាធារណជនផងទាំងឡាយ បានស្គាល់ និងអាចមកទទួលយកសេវាកម្មរបស់ក្រុមហ៊ុនផងដែរ។ ទំនួលខុសត្រូវដែលសំខាន់បំផុតគឺការផ្តល់ព័ត៌មានដែលក្បោះក្បាយ និងពេញលក្ខណៈនៃក្រុមហ៊ុនទៅកាន់អតិថិជន និងសាធារណជន។ ក៏ដូចគ្នានេះដែរ អ្នកទំនាក់ទំនងសាធារណៈត្រូវមានអត្តចរិក និងការនិយាយស្តីសមរម្យ ដើម្បីរក្សានូវគុណតម្លៃរបស់ខ្លួន និងកិត្តិយសរបស់ក្រុមហ៊ុនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទំនាក់ទំនងសាធារណៈ ត្រូវរក្សារឲ្យបាននូវព័ត៌មានផ្ទៃក្នុងរបស់ស្ថាប័នខ្លួនឲ្យបានភ្ជាប់ភ្ជួន និងមិនត្រូវផ្តល់ព័ត៌មានមិនជាក់លាក់ ទៅកាន់សាធារណជន ឬក៏ស្ថាប័នដទៃឡើយ ជាស់វាងមានការយល់ច្រឡំ និងអាចប៉ះពាល់ស្ថាប័នខ្លួន។ តើអ្នកទំនាក់ទំនងសាធារណៈគួរមាន និងធ្វើអ្វីខ្លះ? ដើម្បីក្លាយជាអ្នកទំនាក់ទំនងសាធារណៈមួយដ៏ល្អមួយដល់ស្ថាប័នខ្លួន អ្នកត្រូវជាបុគ្គលម្នាក់ដែលមានចំណេះដឹងខ្ពស់ ចូលចិត្តអានសៀវភៅដើម្បីបង្កើនចំណេះដឹង និងត្រូវតាមដានព័ត៌មានក្នុងសង្គមឲ្យច្រើន ដើម្បីដឹងថាមានព្រឹត្តិការណ៍អ្វីខ្លះបាន និងកំពុងកើតឡើងផងដែរ។ បន្ថែមពីនេះអ្នកទំនាក់ទំនងសាធារណៈ ក៏ត្រូវចេះប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដូចជា Facebook ជាដើម ព្រោះថាពេលខ្លះអ្នកនឹងអាចផ្សព្វផ្សាយ ឬផ្តល់ព័ត៌មានរបស់ស្ថាប័នខ្លួនទៅកាន់សាធារណជន ដែលកំពុងប្រើប្រាស់បណ្តាញសង្គមនេះ។ ជាមួយគ្នានេះដែរ អ្នកគួរចូលរួមកម្មវិធី ឬសកម្មភាពសង្គមផ្សេងៗ ដើម្បីបានចូលរួមបង្កើតចំណងមិត្តភាព ឬក៏ដូចជាផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នខ្លួនទៅកាន់ក្រុមគោលដៅណាមួយដែលអ្នកអាចគិតថាពួកគេនឹងអាចក្លាយជាអតិថិជនប្រើប្រាស់សេវាកម្ម ឬផលិតផលរបស់ស្ថាប័នអ្នក។ ចំនុចបន្ថែមពីនេះគឺ អ្នកត្រូវស្គាល់បណ្តាសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានឲ្យបានច្រើន ព្រោះថាពួកគេអាចជួយផ្សព្វផ្សាយស្ថាប័នអ្នកទៅកាន់សាធារណជនជាច្រើននាក់ ដែលតាមដានសារព័ត៌មាននោះ។ ដូច្នេះអ្នកត្រូវធ្វើជិតស្និទ្ធជាមួយអ្នកសារព័ត៌មាន និងផ្តល់នូវព័ត៌មានជាក់ច្បាស់ដល់ពួកគេ ដើម្បីផ្សព្វផ្សាយបន្តទៅកាន់សាធារណជន ឲ្យបានយល់ដឹង និងស្គាល់ស្ថាប័នអ្នក។  គេថា ការងារទំនាក់ទំនងសាធារណៈ គឺមានជំនាញបញ្ចុះបញ្ចូល និងវិធីសាស្ត្រក្នុងការនិយាយពីរឿងរបស់ក្រុមហ៊ុនឲ្យជ្រាបចូលទៅដល់ចិត្តរបស់អតិថិជន និងដៃគូ។ តើជាទូទៅបងមានសិល្បវិធីបែបណាដើម្បីធ្វើវា? ការបញ្ចុះបញ្ចូលក្នុងវិស័យជំនួញគឺមានតែពន្យល់យ៉ាងណាអំពីសេវាកម្មផ្សេងៗដើម្បីឲ្យដៃគូរសហការឲ្យបានយល់ច្បាស់ដោយទាមទារនូវ ឯកសារយោង និងរបាយការណ៍ស្តីអំពីក្រុមហ៊ុនដើម្បីបង្កើនទំនុកចិត្តថាគាត់នឹងពិតជាអាចទទួលបានអ្វីដែលបានលើកឡើង។ ចំណុចដែលសំខាន់មួយទៀតនោះគឺត្រូវនិយាយពីអ្វីដែលដៃគូសហការនឹងទទួលបានបន្ទាប់ពីជាវសេវាកម្ម ឬចាប់ផ្តើមសហការជាមួយគ្នា។ ការពន្យល់នេះទាមទារឲ្យអ្នកត្រូវពន្យល់ម្តងមួយៗ ដោយក្បោះក្បាយ និងផ្តល់ទំនុបចិត្តដល់អតិថិជន។ មិនត្រឹមតែផ្តល់ព័ត៌មាននោះទេ អ្នកត្រូវយកចិត្តទុកដាក់លើអតិថិជនរបស់យើង ដោយនូវផ្តល់សេវាកម្មដល់ពួកគាត់ឲ្យបានល្អ យកចិត្តទុកដាក់លើពួកគាត់រហូតដល់ពួកគាត់ពេញចិត្តនឹងសេវាកម្មរបស់ស្ថាប័នអ្នក។  តើទុក្ខលំបាក ក៏ដូចជាឧបសគ្គអ្វីខ្លះដែលលោកធ្លាប់ជួបប្រទះក្នុងរយៈពេលដែលបងបានធ្វើការងារនេះ?  អ្វីដែលមានភាពលំបាកនោះគឺនៅពេលដែលត្រូវទាក់ទងក្រុមហ៊ុនថ្មីៗដែលមិនមែនជាដៃគូសហការ ឬអតិថិជនចាស់របស់ក្រុមហ៊ុនយើង ដោយសារតែយើងត្រូវផ្តល់ព័ត៌មានឲ្យបានក្បោះក្បាយ និងលម្អិតជាទីបំផុតដើម្បីចៀសវាងការយល់ច្រលំក្នុងកត្តាណាមួយ។ ក្នុងនេះដែរ នៅមានក្រុមហ៊ុនថ្មីៗមួយចំនួនទទួលយល់ព័ត៌មានខុស ក្នុងនាមយើងជាអ្នកទំនាក់ទំនងសាធារណៈត្រូវមានភាពអំណត់ដោយផ្តល់នូវព័ត៌មានដដែលនោះដល់គាត់។ រីឯចំណុចលំបាកមួយទៀតនោះគឹ លក្ខខណ្ឌភាសា។ ដោយសារតែប្រទេសរីកចម្រើន និងជាទីផ្សារសេរីផងនោះ សហគ្រិនឬអ្នកជំនួញជាច្រើនជាជនជាតិបរទេស ដែលចាំបាច់ត្រូវប្រើប្រាស់ភាសាអង់គ្លេសដើម្បីទំនាក់ទំនង។ ការប្រើប្រាស់ភាសាដទៃក្នុងការទំនាក់ទំនងមិនមែនជារឿងងាយស្រួលឡើយ ក្នុងករណីដែលសហគ្រិនមិននិយាយភាសាអង់គ្លេសដែលទាមទារវត្តមានអ្នកបកប្រែមកចូលរួម។ ដែលសកម្មភាពបែបនេះអាចបង្កឲ្យមានការទទួលព័ត៌មានខុសជាដើម។ លើសពីនេះទៀត ពេលខ្លះអ្នកទំនាក់ទំនងសាធារណៈត្រូវធ្វើដំណើរ និងចំនាយពេលវេលាច្រើនដើម្បីទៅជួបអតិថិជន ពេលខ្លះក៏មិនសូវបានឈប់សម្រាកផងដែរ។ ជាមួយគ្នានេះ ការងារទំនាក់ទំនងសាធារណៈក៏មានជាការរៀបចំកម្មវិធីផងដែរ។ តើបងអាចចែករំលែកបទពិសោធន៍ពីការរៀបចំកម្មវិធីដើម្បីទទួលបានភាពជោគជ័យនិងប្រកបដោយភាពរលូន? ជាការពិតណាស់ ការងាររៀបចំកម្មវិធីគឺជាការងារដែលត្រូវការមនុស្សជាច្រើនចូលរួមជួយ គឺមិនអាចបានទេក្នុងការធ្វើវាឡើងតែម្នាក់ឯង។ ដូចនេះ កត្តាដែលសំខាន់នោះគឺមានអ្នកចូលរួមច្រើន និងការគ្រប់គ្រងក្រុមឲ្យមានប្រសិទ្ធិភាព។ កម្មវិធីមួយអាចធ្វើឡើងបានដោយភាពជោគជ័យនិងរលូនទាល់តែសមាជិកក្នុងក្រុមសហការគ្នា មានភាពសាមគ្គីក្រុម ទទួលបានព័ត៌មានច្បាស់លាស់ពីក្រុមមួយទៅក្រុមមួយ និងចៀសវាងការទទួលបានព័ត៌មានខុស ដែលសកម្មភាពទាំងនេះត្រូវធ្វើនៅមុនពេលកម្មវិធីចាប់ផ្តើម។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង អ្នកត្រូវរាយការណ៍ទៅកាន់ប្រធានក្រុមរបស់អ្នក ដើម្បីឲ្យមានការសិក្សា និងដោះស្រាយបញ្ហានោះ ជៀសវាងមានបញ្ហាពេលមានកម្មវិធី។ ដូច្នេះនៅពេលដែលកម្មវិធីបានមកដល់ សមាជិកម្នាក់ៗនឹងច្បាស់អំពីតួនាទីរបស់ខ្លួន និងចូលរួមធ្វើការសហការគ្នាយ៉ាងសកម្ម។ អនុសាសន៍ កត្តាដែលសំខាន់ដែលអ្នកធ្វើការងារសាធារណៈត្រូវចេះគឺបត់បែនតាមកាលៈទេសៈ និងមានភាពឈ្លាសវៃ។ ការបត់បែននេះពេលខ្លះគឺតម្រូវឲ្យយើងធ្វើការសម្រេចចិត្តដោយខ្លួនឯងទៅលើរឿងមួយចំនួនដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង។ ម្យ៉ាងវិញទៀត អ្នកត្រូវត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយបញ្ហាពីព្រោះថាអាចនឹងមានបញ្ហាកើតឡើងគ្រប់ពេល។ 

Share

សម្រាប់ពេលធម្មតា សម្តីដែលយើងនិយាយហាក់ដូចជាខ្យល់ដែលបក់កាត់ត្រចៀកគេផុតទៅ… តែក្នុងខណៈដែលមនុស្សម្នាក់កំពុងតែបាក់ទឹកចិត្ត លែងមើលឃើញពីតម្លៃជីវិត ពាក្យពេចន៍មួយម៉ាត់ៗដែលស្រដីចេញទៅ គឺពិតជាមានឥទ្ធិពលខ្លាំងណាស់លើគេ… បើសិនមនុស្សម្នាក់ដែលអ្នកស្គាល់កំពុងតែមានបញ្ហាបាត់បង់នូវកម្លាំង និងទឹកចិត្ត តើលោកអ្នកនឹងប្រាប់ទៅកាន់ពួកគាត់នូវពាក្យពេចន៍អ្វីខ្លះ?តើមានអ្វីខ្លះចង់ប្រាប់ដល់ពួកគេ? ប្រហែលជាធ្លាប់ឆ្លងកាត់ច្រើន ឬតិចដងរួចហើយនូវអារម្មណ៍មួយនោះ ហើយក៏បានយល់ហើយមែនទេថាក្នុងកាលៈទេសៈបែបនោះ ក្នុងចិត្ត និងបេះដូងរងគ្រោះកម្រិតណា…  ជាការរួមចំណែកមួយក្នុងការផ្តល់នូវកម្លាំងចិត្តដល់អ្នកដែលកំពុងតែធ្លាក់ក្នុងការគិតបែបអវិជ្ជមាន យើងខ្ញុំក៏សូមនាំមកជូននូវពាក្យពេចន៍ប៉ុន្មានឃ្លាដែលសង្ឃឹមថាអាចនឹងផ្លាស់ប្តូរការគិតរបស់អ្នកបានខ្លះ…បើគិតថាមាននរណាម្នាក់ដែលគួរអាន សូមចែករំលែកទៅកាន់ពួកគេផង… ១ អ្វីៗនឹងប្រសើរឡើង មានអ្វីចង់និយាយ អាចចែករំលែកជាមួយខ្ញុំបាន ទោះបីជាពេលនេះ អ្នកអាចនឹងមានអារម្មណ៍ថាគ្រប់យ៉ាងហាក់ដូចជាងងឹតស្លុប តែត្រូវចាំថា «ក្រោយភ្លៀង មេឃស្រឡះ» អ្វីៗនឹងមិនដូចជាថ្ងៃនេះ និងពេលនេះនោះទេ…ហើយក៏ត្រូវចាំដែរថា «ម្នាក់នេះនឹងនៅទីនេះ ដើម្បីអ្នក…មានអ្វីចង់ចែករំលែក ម្នាក់នេះចាំស្តាប់ជានិច្ចណា៎…»  ២ ខ្ញុំប្រហែលជាមិនអាចជួយអ្វីបានច្រើន តែខ្ញុំនឹងធ្វើតាមដែលអាចធ្វើបាន ប្រសិនបើអ្នកប្រាប់ខ្ញុំ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីអ្នក…ខ្ញុំនឹងព្យាយាមតាមដែលអាចធ្វើបាន… ៣ វាមិនមែនជារឿងអ្វីចម្លែកទេ នរណាក៏ជួបរឿងបែបហ្នឹងដែរ គ្រាន់តែត្រូវចេះចែករំលែកវា នរណាៗក៏ឆ្លងកាត់រឿងហ្នឹងដែរ គ្រាន់តែដោយសារមូលហេតុខុសគ្នា ហើយរយៈពេលឆាប់ ឬយូរតែប៉ុណ្ណោះ ហើយអ្វីដែលសំខាន់ ជំហានដំបូងគេដែលអ្នកគួរធ្វើ គឺចែករំលែកវាជាមួយនឹងនរណាក៏បាន ឲ្យតែអ្នកទុកចិត្ត… ៤ និយាយវាចេញមកឲ្យអស់ កុំលាក់វាទុកក្នុងពោះអី អ្នកនឹងមានអារម្មណ៍ថាធូរសា្រលជាងមុន «លើលោកនេះ គ្មានទេអាថ៌កំបាំង» កុំចេះតែលាក់វាទុកម្នាក់ឯង…លាក់បានពេលខ្លី តែបើទុកយូរៗទៅ វាកាន់តែយូរៗទៅហា…មិននិយាយ ម៉េចនឹងដឹងថាបានធូរស្រាលកម្រិតណាទៅ.. ៥ បើសូម្បីតែអ្នកក៏បោះបង់ខ្លូនឯងចោលដែរ ចុះទម្រាំអ្នកដទៃ អ្នកនៅតែជាមនុស្សម្នាក់សំខាន់សម្រាប់ខ្លួនឯង បើអ្នកខ្លួនឯងក៏មិនបារម្ភ និងធ្វើបាបខ្លួនឯងដោយមិនព្រមងើបចេញពីវាបែបហ្នឹង នរណាៗ ជាពិសេសមនុស្សដែលមិនចូលចិត្តអ្នកកាន់តែបានចិត្ត ហើយចង់ធ្វើបាបអ្នកដែរ… ៦ អ្នកគួរគិតបែបវិជ្ជមាន ហើយគិតត្រឹមបច្ចុប្បន្ននៅចំពោះមុខអ្នកសិន អ្នកអាចសុំជំនួយពីអ្នកនៅជុំវិញគ្រប់ពេល ជាជាងការគិតម្នាក់ឯងធ្វើម្នាក់ឯង... យ៉ាងហោចណាស់ អ្នកក៏ទទួលបានការលើកទឹកចិត្តពីពួកគេដែរ…ទោះមិនបានច្រើន ក៏បានពីរបីម៉ាត់ដែរ…ដូចដែលបានប្រាប់ចឹងថា ក្នុងពេលបែបនេះ សម្ងំម្នាក់ឯង គឺគ្រោះថ្នាក់បំផុតហើយ      ៧  មិនថាក្នុងកាលៈទេសៈបែបណា តែងតែមានមនុស្សម្នាក់ដែលចាំចែករំលែកស្នាមញញឹម និងទឹកភ្នែករបស់អ្នកជានិច្ច ម្នាក់នេះណា…នឹងមិនបោះបង់ចោលអ្នកឡើយ បើទោះជាអ្នកផ្លាស់ប្តូរយ៉ាងណាក៏ដោយ…ក្តីបារម្ភ និងការយកចិត្តទុកដាក់តែងតែមានជានិច្ចសម្រាប់រូបអ្នក… ៨ The failure will lead us to succeed , be happy and try more!!! ៩ ខ្ញុំយល់អារម្មណ៍មួយនេះ…តែត្រូវគិតថាអ្នកឯកាប៉ុណ្ណោះ តែខ្ញុំវិញជួបរឿងលំបាកច្រើនជាងអ្នករាប់រយដងតែក៏នៅតែព្យាយាមដកដង្ហើមមួយនេះ ដើម្បីកំដរពិភពលោកដែលបានបង្កើតយើងមក…កុំទន់ជ្រាយអី!!! កុហកខ្លួនឯងក៏បានថា…យើងនឹងអាចធ្វើបាន ខ្ញុំនឹងនៅជាមិត្ត ជាប្អូន ជាបង របស់អ្នកណា…អ្នកមិនឯកាទេ… ១០ ការលើកទឹកចិត្តពីក្រុមគ្រួសារ និងអ្នកនៅជុំវិញខ្លួន ពិតជាអ្វីដែលត្រូវការបំផុត ហើយបើសិនជាអាច គួរតែព្យាយាមស្តាប់ធម៌អប់រំចិត្តផងដែរ… ១១ មុននឹងសម្រេចចិត្តគិតខ្លី សូមគិតដល់មនុស្សដែលស្រលាញ់ និងបារម្ភយើងជាងគេ តើពួកគាត់ពិបាកចិត្តយ៉ាងណា ពេលបាត់បង់រូបយើង? ហើយពេលទំនេរ គួរស្តាប់ធម៌អប់រំចិត្ត ដែលអាចជួយឲ្យចិត្តបានស្ងប់…  ១២ When you fail to the hard time, you should remember that it’s not the end of the life. When you are in hard time, someone might be in the worst time. So be positive and try to stand up again!!! ១៣ គ្មានអ្នកណា ចង់ធ្វើខុសនោះទេ…កុំចុះចាញ់ ស៊ូៗ!!! ជាថ្មីម្តងទៀត…កុំលាក់ទុក…មិនថាមានរឿងអ្វីកើតឡើងឡើយ…ត្រូវមាននរណាម្នាក់ដែលខ្លួនឯងទុកចិត្តជាងគេ សម្រាប់ចែករំលែករឿងរ៉ាវក្នុងចិត្ត…

Share

សេចក្តីផ្តើម ៖ ការគ្រេចថ្លោះគឺជាការរងរបួសនៅលើរាងកាយដែលកើតមានញឹកញាប់ជាងគេ ភាគច្រើនបណ្តាលមកពីសកម្មភាពប្រចាំថ្ងៃ។ គួរឲ្យកត់សំគាល់ផងដែរ ករណីមធ្យមនិងធ្ងន់ធ្ងរចំពោះអ្នកដែលជួបប្រទះនឹងការគ្រេចថ្លោះ ត្រូវចំនាយពេលយ៉ាងយូរទើបអាចជាសះស្បើយឡើងវិញ។ ជាលទ្ធផល ការគ្រេចថ្លោះជះឥទ្ធិពលលើទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលជាកត្តាដ៏សំខាន់មួយដែលប៉ះពាល់ទៅដល់ការប្រកបមុខរបរ និងការសិក្សា។ គោលបំណង ៖ ការសិក្សាបឋមទៅលើការគ្រេចថ្លោះចំពោះប្រជាជនរស់នៅទីក្រុងភ្នំពេញ ឆ្នាំ២០១៥ ធ្វើឡើងក្នុងគោលបំនងបង្ហាញអោយឃើញអំពី ទំនាក់ទំនងរវាងស្ថានភាពនៃការគ្រេចថ្លោះរបស់ប្រជាជនកម្ពុជាទៅនឹង ភេទ អាយុ មុខរបរ និងសកម្មភាពប្រចាំថ្ងៃ, ការវាយតំលៃទៅលើបច្ចុប្បន្នភាពនៃការព្យាបាលការគ្រេចថ្លោះចំពោះប្រជាជនរស់នៅទីក្រុងភ្នំពេញ និងធ្វើការពិចារណាឡើងវិញទៅលើមធ្យោបាយផ្សេងៗដើម្បីលើកកំពស់ស្ថានភាព ការគ្រេចថ្លោះនាពេលបច្ចុប្បន្ន។ វិធីសាស្រ្ត ៖ កម្រងសំណួររៀបចំឡើងទៅតាមសៀវភៅមគ្គុទេសនក៍របស់អង្គការសុខភាពពិភពលោក [1] ត្រូវបានសួរទៅកាន់អ្នកចូលរួមដែលជាប្រជាជនទូទៅចំនួន៣៨៦នាក់ នៅតាមទីកន្លែងផ្សេងៗក្នុងទីក្រុងភ្នំពេញ។ បន្ទាប់មក ទិន្នន័យដែលទទួលបានត្រូវបានយកមកវិភាគតាមលក្ខណៈស្ថិតិវិទ្យាដោយសិក្សាអំពីទំនាក់ទំនងរវាងការគ្រេចថ្លោះ ជាមួយនឹងអាកប្បកិរិយាក្នុងការប្រកបរបរ, ភេទ, អាយុ, Body Mass Index, សកម្មភាពប្រចាំថ្ងៃ និងសុខភាពផ្លូវកាយ។ លទ្ធផល ៖ ទិន្នន័យបង្ហាញថាមានអ្នកចូលរួម២៣១(៥៩.៨៤%)នាក់ ធ្លាប់មានការគ្រេចថ្លោះ (Figure1)។ ក្នុងនោះដែរ អាត្រានៃការគ្រេចថ្លោះចំពោះបុរសមាន ៦៨.៩២% ដែលខ្ពស់ជាងស្ត្រីដែលអាត្រាមានតែ៥៤.២០% (Figure2)។ រីឯក្រុមអាយុដែលរងការគ្រេចថ្លោះច្រើនជាងគេគឺនៅចន្លោះពី២០-២៥ឆ្នាំ (Figure3)។ ផ្នែកនៃរាងកាយដែលងាយនឹងរងការគ្រេចថ្លោះជាងគេគឺកជើង (Figure4)។ ក្នុងចំនោម២៣១ករណីនៃអ្នកគ្រេចថ្លោះ មាន១៧១ (៧៤.០៣%) ព្យាបាលដោយខ្លួនឯង, ៥៥ (២៣.៨១%) ទៅទិញថ្នាំនៅឱសថស្ថាន, ១០ (៤.៣៣%) ទៅពិគ្រោះជាមួយគ្រូពេទ្យ (Figure5)។ រីឯការជ្រើសរើសវិធីព្យាបាលដោយប្រើឱសថសម័យ យើងសង្កេតឃើញមានចំនួន ១៨៧ (៨០.៩៥%) នៃអ្នកចូលរួមសរុប ដែលភាគច្រើន អ្នកជម្ងឺប្រើប្រាស់ទំរង់លាបរឹត (Figure6)។ ជាមួយគ្នានេះដែរ ការប្រើប្រាស់ Nonsteroidal anti-inflammatory drugs គឺជាការព្យាបាលដែលឱសថការីជ្រើសរើសប្រើញឹកញាប់ជាងគេសំរាប់ការព្យាបាលការគ្រេចថ្លោះ (Figure7)។ ទន្ទឹមនឹងនេះដែរ ក៏មានអ្នកចូលរួមចំនួន៦៥ (២៨.១៤%) បានជ្រើសរើសវិធីព្យាបាលដោយមិនប្រើឱសថសម័យដូចជា ធ្វើលំហាត់ប្រាណ ស្អំទឹកកក អបឈើ និងប្រើប្រាស់រុក្ខជាតិឱសថ (Figure8)។ សេចក្តីសន្និដ្ឋាន ៖ ការសិក្សាស្រាវជ្រាវនេះបានបង្ហាញឲ្យឃើញថា មិនត្រឹមតែអ្នកលេងកីឡាទេដែលប្រឈមនឹងការគ្រេចថ្លោះ តែវាក៏កើតឡើងជាញឹកញាប់ចំពោះប្រជាជនទូទៅផងដែរ។ តាមរយៈលទ្ធផលនៃទំនាក់ទំនងតាមស្ថិតិវិទ្យា រវាងការគ្រេចថ្លោះ និងភេទ, ការហាត់ប្រាណ, និងការធ្វើការងារ បានស្តែងអោយឃើញថាការគ្រេចថ្លោះគឺជាបញ្ហាមួយដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ប្រជាជនកម្ពុជាទូទៅ។ ពាក្យគន្លឹះ ៖ Cross-sectional study, ការគ្រេចថ្លោះ, Prevalence ឯកសារយោង៖ [1]. D. Sethi…et al. Guidelines for conducting community survey on injuries and violence. Geneva: WHO; 2004. សិក្សាដោយ ៖  យុវនិស្សិត ខន ស្រ៊ឺ, តាំង ស៊ីវទៀង, នៅ សុវណ្ណី, អ៊ិត សុភារ៉ែន (និស្សិតឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល) ដកស្រង់ចេញពី ៖ ព្រឹត្តិ​បត្រព័ត៌មាននៃសមាគមឱសថការីកម្ពុជា

Share

ប្រជាជនទូទាំងពិភពលោកមានពណ៌សម្បុរផ្សេងគ្នាទៅតាមពូជសាសន៍នីមួយៗដូចជា ស្បែកស ស្បែកខ្មៅ ស្បែកលឿងជាដើម។ ទន្ទឹមនឹងការមានពណ៌សម្បុរខុសគ្នានេះដែរក៏មានជំងឺម្យ៉ាងដែលធ្វើឲ្យមានការប្រែពណ៌ស្បែករបស់ពួកគាត់ទៅជាពណ៌សខុសពីពណ៌ធម្មតាដែលយើងស្គាល់ថាជា ជំងឺឃ្លង់ល្ពៅ (វីទីលីហ្គោល)។ ដើម្បីឲ្យយល់ច្បាស់ពីជំងឺនេះ ហេលស៍ថាមបានធ្វើកិច្ចសម្ភាសន៍ជាមួយវេជ្ជបណ្ឌិត «ព្រហ្ម ផានិត» ដែលជាគ្រូពេទ្យឯកទេសសើស្បែកមកពីប្រទេសបារាំងបច្ចុប្បន្នកំពុងបម្រើការនៅផ្នែកជំងឺសើស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលលោកបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយពីជំងឺនេះ ៖ និយមន័យ ជំងឺវីទីលីហ្គោ ឬជំងឺឃ្លង់ល្ពៅគឺជាជំងឺស្បែកដែលប្រែពណ៌ពីធម្មតាទៅជាពណ៌សដោយសារតែការស្លាប់របស់កោសិកាផលិតពណ៌ (melanocyte)។ ជំងឺវីទីលីហ្គោនេះអាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យអាចកើតមាននៅលើផ្ទៃមុខដងខ្លួនចុងដៃចុងជើង និងតាមជាលិកាទន់ដូចជាភ្នែក ច្រមុះ បបូរមាត់ ។ល។ ជំងឺនេះដែរមានកើតលើប្រជាជនប្រហែល 0,1%-2% នៃប្រជាជនទាំងអស់ទូទាំងពិភពលោកតែប្រទេសកម្ពុជាយើងមិនមានទិន្នន័យច្បាស់លាស់ណាមួយលើការកើតជំងឺនេះទេ។ យ៉ាងណាមិញបើតាមតួរលេខរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានអ្នកកើតជំងឺនេះប្រហែល 1% ទៅ2% ប៉ុណ្ណោះក្នុងចំណោមអ្នកជំងឺដែលបានមកពិនិត្យព្យាបាលនៅអគារជំងឺសើស្បែកនិងកាមរោគ។ មូលហេតុ ជាក់ស្តែង ពុំមានការបញ្ជាក់ច្បាស់លាស់ណាមួយអំពីមូលហេតុដែលបណ្តាលឲ្យកើតជំងឺនេះនោះទេ។ ប៉ុន្តែបើតាមការស្រាវជ្រាវគេបានសន្និដ្ឋានថាប្រហែលជាទាក់ទង នឹងប្រព័ន្ធការពាររាងកាយទៅបំផ្លាញកោសិកាពណ៌ (melanocyte)ដែលគេហៅថា Autoimmune Diseases និងមួយទៀតអាចមកពីកត្តាសេនេទិច។ រោគសញ្ញា ជំងឺនេះ ស្តែងឡើងដោយមានការប្រែពណ៌ស្បែកខុសប្រក្រតីពោលគឺស្បែកបានប្តូរទៅជាពណ៌ស(Depigmetation) ដែលអាចមើលឃើញដោយភ្នែកទទេ។ ការប្រែប្រួលនេះកើតឡើងដុំៗ និងអាចមានទំហំតូចឬធំតែគ្មានបញ្ហារមាស់ និងអាការៈអ្វីឡើយ។ រោគវិនិច្ឆ័យ គ្រូពេទ្យឯកទេសខាងសើស្បែកអាចដឹងថាជាជំងឺវីទីលីហ្គោលបានដោយការពិនិត្យស្បែកជាក់ស្តែង (Physical Examination) ប្រវត្តិអ្នកជំងឺ(Medical History) និង Skin biopsy ។ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់គ្រូពេទ្យនឹងច្រិបយកស្បែកមួយផ្នែកណាមួយទៅពិនិត្យ(biopsy)ដើម្បីវិភាគកោសិកាពណ៌(melanocyte)។ បើកោសិកាទាំងនេះស្លាប់វាប្រាកដណាស់ថាអ្នកជំងឺបានបាត់បង់កោសិកាពណ៌ដែលជាហេតុធ្វើឲ្យស្បែកប្តូរពណ៌ទៅជាស។ វិធីមួយបែបទៀតគឺយកអំពូលមួយដែលមានកាំ-រស្មី ultra violet (wood  lamp) បញ្ចាំងលើស្បែក ដើម្បីរកមើលនូវផ្ទៃសតូចៗមានរាងដូចជាបង្អូចដែលជាកន្លែងកើតមានជំងឺវិទីលីហ្គោលនេះ។ ការព្យាបាល ចំពោះការព្យាបាល គ្រូពេទ្យនឹងធ្វើការព្យាបាលទៅតាមប្រភេទនិងទីតាំងដែលកើតជំងឺ៖ •ប្រសិនបើការប្រែពណ៌មានទំហំតូចដូចជាលើផ្ទៃមុខគ្រូពេទ្យព្យាបាលដោយថ្នាំពីរប្រភេទសំខាន់ គឺពួក Steroid ដែលយើងត្រូវលាបនៅកន្លែងដែលកើត២ដងក្នុង១ថ្ងៃដើម្បីកុំឲ្យប្រព័ន្ធការពាររាងកាយបំផ្លាញកន្លែងហ្នឹងបន្តទៀត និងមួយទៀត គឺពួកImmunosuppressive (tacrolimus) អាចលាបលើកន្លែងដែលកើតដើម្បីបន្ថយនូវសកម្មភាពរបស់ប្រព័ន្ធការពាររាងកាយរបស់យើងផងដែរ។ •ប្រសិនបើការប្រែពណ៌មានទំហំធំ (ពណ៌សសឹងទាំងអស់) គេព្យាបាលដោយថ្នាំមួយប្រភេទទៀត គឺពួក Hydroguinone ដើម្បីលុបកន្លែងដែលមានស្បែកពណ៌ខ្មៅចោលធ្វើឲ្យស្បែកសទាំងអស់វិញ។ •ប្រសិនបើការប្រែពណ៌ជាចំណុចពណ៌សតូចៗច្រើនពេញខ្លួនគេព្យាបាលដោយពន្លឺ (phototherapy, puva ឬ UVB)។ •ក្រៅពីមធ្យោបាយព្យាបាលខាងលើគេក៏អាចព្យាបាលតាមវិធីសាស្ត្រជាច្រើនទៀតដូចជា៖ ការយកស្បែកដែលល្អមកជួសកន្លែងដែលមានស្បែកខូច (Skin Graft) ដើម្បីឲ្យស្បែកដុះលូតលាស់មកពណ៌ធម្មតាវិញ និងមួយទៀតគឺការវះកាត់ដូរស្បែក (យកស្បែកនៅកន្លែងល្អមកដូរនៅកន្លែងដែលកើតមានជំងឺ)។ ការព្យាបាលជំងឺវីទីលីហ្គោលាចទទួលបានជោគជ័យឬអត់ វាអាស្រ័យទៅលើទំហំ និងប្រភេទនៃការប្រែពណ៌។ ដូចនេះអ្នកជំងឺត្រូវទៅជួបគ្រូពេទ្យឯកទេសដើម្បីជ្រើសរើសនូវវិធីព្យាបាលដ៏ត្រឹមត្រូវ។ ជំងឺវីទីលីហ្គោលនេះមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែវាធ្វើឲ្យអ្នកជំងឺបាត់បង់នូវសកម្មភាពសង្គមដោយសារការខ្មាសអៀន និងចង់លាក់បាំងនូវអ្វីដែលគាត់កើតមាន។ ប្រសិនបើអ្នកជំងឺកើតមាននូវជំងឺវីទីលីហ្គោលហើយគាត់មានជំងឺមួយចំនួនទៀតដូចជាទឹកនោមផ្អែម បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺក្រិនស្បែក (Scleroderma)  នោះវាធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត។ ការបង្ការ វិធីការពារ និងទប់ស្កាត់កុំឲ្យជំងឺនេះរីករាលដាលអ្នកជំងឺមិនត្រូវឲ្យប៉ះពាល់ពន្លឺថ្ងៃក្តៅខ្លាំងដែលអាចបណ្តោយឲ្យរលាកស្បែកនៅកន្លែងផ្សេងដូចជា មុខ ដងខ្លួន នៅចុងដៃចុងជើង និងនៅមាត់មិនគួរឲ្យប៉ះទង្គិច ឬប៉ះជាមួយទឹកក្តៅខ្លាំងដែលបណ្តាលឲ្យស្លាប់កោសិកាដទៃទៀតដែលបណ្តាលឲ្យកើតវីទីលីហ្គោបូកជាមួយ Phototherapy។ ជំងឺនេះមិនមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះទេដោយសារវាកើតឡើងដោយប្រព័ន្ធការពាររបស់ខ្លួនយើងផ្ទាល់ប្រឆាំងនឹងខ្លួនឯង(Auto Immune)។ ឯកត្តាសេនេទិចក៏មិនទាន់បានបញ្ជក់ឲ្យច្បាស់លាស់ផងដែរ ដោយគ្រាន់តែអាចដឹងថាបើគ្រួសារមួយមានជំងឺវីទីលីហ្គោនេះកូនចៅ ឬចៅទួតអាចមានកើតជំងឺនេះប៉ុន្តែអាចនឹងអត់កើតផងដែរ។ ជាចុងក្រោយ ប្រសិនបើបងប្អូនប្រិយមិត្តអានទាំងឡាយបានជួបប្រទះឬមានការសង្ស័យថាខ្លួនមានស្បែកខុសធម្មតាគួរតែទៅជួបជាមួយនឹងគ្រូពេទ្យឯកទេសខាងសើស្បែកដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវចៀសវាងការយល់ខុស និងការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពក៏ដូចជាការចំណាយប្រាក់ច្រើន ការជួបជាមួយគ្រូពេទ្យឯកទេសយើងអាចទទួលបាននូវការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលបានការព្យាបាលប្រកបដោយគុណភាពប្រសិទ្ធភាពនិងសុវត្ថិភាព។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺរលាកថ្លើមប្រភេទEជាជំងឺមួយប្រភេទដែលបណ្ដាលមកពីវីរុសរលាកថ្លើមប្រភេទ E ប៉ុន្តែមិនវិវឌ្ឍទៅជាជំងឺរលាកថ្លើមធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃនោះទេ។ វាមានលក្ខណៈខុសពីជំងឺរលាកថ្លើមប្រភេទB និងC ហើយវាអាចនឹងជាសះស្បើយទៅវិញក្នុងរយៈពេលពី២ទៅ៣ខែដោយពុំចាំបាច់ទទួលការព្យាបាល។ និយមន័យ ជំងឺរលាកថ្លើមប្រភេទ E ជាជំងឺដែលបណ្ដាលមកពីវីរុសរលាកថ្លើមប្រភេទE ដែលវីរុសនេះត្រូវបានគេចែកចេញជា៤ប្រភេទ ឬពូជ(Genotypes)ទៅតាមពូជសាសន៍និងតំបន់នីមួយៗ៖ • ពូជ(Genotype)ទី១ ៖ មានច្រើននៅតំបន់ត្រូពិច ដូចជាអាស៊ី និងអាហ្រ្វិច • ពូជ (Genotype)ទី២ ៖ មាននៅប្រទេស Kenya និង Nigeria ជាដើម • ពូជ (Genotype)ទី៣ ៖ ស្ទើរតែកើតមានពាសពេញពិភពលោក • ពូជ (Genotype)ទី៤ ៖ មិនទាន់អាចកត់សម្គាល់ទីតាំងជាក់នៅឡើយទេ។ ពូជទី១ និងទី២ត្រូវបានគេសងេ្កតឃើញថាវាអាចបង្កជាជំងឺរលាកថ្លើមនៅលើខ្លួនមនុស្ស ហើយមានការចម្លងពាសពេញផ្ទៃប្រទេសទៅលើប្រទេសកំពុងអភិវឌ្ឍដោយសារកង្វះអនាម័យ រីឯពូជទី៣និងទី៤វិញ វាបង្កជាជំងឺនៅលើទាំងខ្លួនមនុស្ស និងសត្វ ជាពិសេសកើតលើសត្វជ្រូក ហើយវាមិនមែនកើតមាននៅតែប្រទេសកំពុងអភិវឌ្ឍនោះទេ វាក៏ត្រូវបានរកឃើញនៅប្រទេសជឿនលឿនផងដែរ។ រយៈពេលនៃការបង្កជំងឺក៏បានបែងចែកជំងឺនេះជា២ទម្រង់ផ្សេងគ្នាផងដែរ គឺរលាកថ្លើមស្រួចស្រាវ និងរ៉ាំរ៉ៃ ប៉ុន្តែជាទូទៅការរលាកថ្លើមស្រួចស្រាវតែងជួបប្រទះជាញឹកញាប់ក្នុងជំងឺរលាកថ្លើមប្រភេទ E បន្ទាប់មកវានឹងជាទៅវិញដោយឯកឯង។ ដោយឡែក ជំងឺរលាកថ្លើមប្រភេទ E រ៉ាំរ៉ៃ ឃើញមានចំពោះតែបុគ្គលណាដែលមានប្រពន័្ធភាពស៊ាំចុះខ្សោយប៉ុណ្ណោះ តួយ៉ាងចំពោះអ្នកជំងឺដែលបានធ្វើការដាំសរីរាង្គដូចជាថ្លើម បេះដូង តម្រងនោម ឬ ខួរឆ្អឹង ជាដើម។ ការចម្លងរោគ ការចម្លងជំងឺនេះ ត្រូវបានគេហៅថា “Orofecal” ពោលគឺចម្លងពីចំណីអាហារដូចជា៖ • បរិភោគទឹកមិនស្អាត • បរិភោគសាច់សត្វដោយពុំបានចម្អិនឲ្យឆ្អិនល្អ គួរបញ្ជាក់ផងដែរថា វីរុសនេះមិនអាចធ្វើការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ ឬការរស់នៅជាមួយគ្នានោះទេ។      ការចេញរោគសញ្ញា ពុំមានឃើញនូវរោគសញ្ញាជាក់លាក់ណាមួយដែលបញ្ជាក់ថាជាជំងឺរលាកថ្លើមប្រភេទEប្រាកដទេ។ ក្នុងអំឡុងពេល២ទៅ៧សប្ដាហ៍បន្ទាប់ពីឆ្លងរួចអ្នកជំងឺភាគច្រើនពុំមានចេញនូវរោគសញ្ញាអ្វីទាំងអស់ ឬអាចនិយាយថាមានសុខភាពធម្មតា ព្រោះវាជារយៈពេលសម្ងំរបស់វីរុសដែលគេហៅថា ”Incubation period”។ បន្ទាប់ពីនោះទើបយើងឃើញមានចេញនូវរោគសញ្ញាមួយចំនួនដូចការឆ្លងវីរុសធម្មតាដូចជា ក្ដៅខ្លួន ឈឺសាច់ដុំ អស់កម្លាំង ស្រកទម្ងន់ដែលអាចច្រឡំទៅនឹងជំងឺផ្ដាសាយ។ ក្រៅពីនេះអ្នកជំងឺក៏អាចលេចចេញនូវរោគសញ្ញាទូទៅនៃជំងឺរលាកថ្លើម ដោយមានការឈឺចាប់នៅចំទីតាំងនៃថ្លើម (ក្រោមឆ្អឹងជំនីរស្ដាំ) កើតលឿងលើស្បែក ភ្នែក ហើយទឹកនោមមានពណ៌លឿងខុសធម្មតានិងលាមកមានពណ៌ស្លេកខុសធម្មតាដែលជាហេតុនាំឲ្យយើងមានការសង្ស័យឈានទៅរកការធ្វើរោគវិនិច្ឆ័យទៅលើជំងឺរលាកថ្លើមប្រភេទE។ ការធ្វើរោគវិនិច្ឆ័យ បន្ទាប់ពីមានលេចឡើងនូវរោគសញ្ញាខាងលើ ត្រូវធ្វើការសាកសួរពីរបបអាហារក្នុងមួយរយៈពេលខ្លីចុងក្រោយដែលវាជាកត្តាចម្លងដ៏សំខាន់ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យជាក់លាក់គឺត្រូវពឹងផ្អែកទៅលើការធ្វើតេស្តឈាមរកអង្គបដិបក្ខវីរុសរលាកថ្លើមប្រភេទ E (anti-HEV, Ig M) និង PCR តេស្ត។ ការព្យាបាល និងវិធីបង្ការ ចំពោះតែអ្នកជំងឺដែលបានធ្វើការផ្លាស់ប្ដូរ ឬផ្សាំសរីរាង្គ ត្រូវព្យាបាលដោយថ្នាំគ្រាប់ Ribavirin  ឬថ្នាំចាក់Interferon។ ចំពោះអ្នកជំងឺដែលមានសុខភាពធម្មតាយើងត្រូវធ្វើការព្យាបាលទៅតាមរោគសញ្ញា និងធ្វើការណែនាំអ្នកជំងឺផឹកទឹកឲ្យបានច្រើន បរិភោគឲ្យបានគ្រប់គ្រាន់ និងចៀសវាងការផឹកស្រា ឬថ្នាំណាដែលនាំឲ្យមានការខូចខាតនូវកោសិកាថ្លើម។   ទោះបីវាគ្មានភាពកាចសាហាវហើយករណីអាចមានតែ៥%ដែលអាចនឹងវិវឌ្ឍទៅជាជំងឺរលួយថ្លើម យើងក៏ត្រូវបង្ការការចម្លងជំងឺនេះដោយរស់នៅឲ្យមានអនាម័យខ្ពស់ ឬធ្វើការចាក់ថ្នាំបង្ការតែម្ដង។ បកស្រាយដោយ ៖ អ្នកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា គ្រូពេទ្យឯកទេសក្រពះ ពោះវៀន ថ្លើម និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត ហើយក៏ជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល

Share
Top