Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើអាកាសធាតុក្តៅអាចប៉ះពាល់យ៉ាងដូចម្តេចដល់អ្នកជំងឺទឹកនោមផ្អែម? ជាការពិតណាស់ នៅពេលដែលអាកាសធាតុក្តៅខ្លាំង វាអាចមានកត្តាមួយចំនួនដែលអាចប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្កររបស់អ្នកជំងឺទឹកនោមផ្អែមបាន។ មនុស្សយើងគ្រប់គ្នា រាល់សារធាតុទឹកក្នុងខ្លួនទាំងអស់ ត្រូវបានបញ្ចេញចោលទៅកាន់មជ្ឈដ្ឋានខាងក្រៅ តាមរយៈ ៖ - ការដកដង្ហើម - ការបែកញើស - តាមទឹកនោម - តាមការបន្ទោរបង់លាមក ហេតុដូចនេះ គេសង្កេតឃើញថា នៅពេលដែលមានអាកាសធាតុក្តៅខ្លាំង បណ្តាលឲ្យអ្នកជំងឺទឹកនោមផ្អែម បង្កើនការបាត់បង់ជាតិទឹកកាន់តែច្រើន ជាពិសេសតាមរយៈការបែកញើស ប្រសិនបើពួកគាត់មិនបានបង្គ្រប់ជាតិទឹកឲ្យបានគ្រប់គ្រាន់។ នៅពេលដែលមានកង្វះជាតិទឹក បណ្តាលឲ្យជាតិស្ករក្នុងឈាមកើនឡើង ជាហេតុនាំឲ្យអ្នកជំងឺមានអាការៈនោមច្រើន ដែលនេះវាកាន់តែបង្កឲ្យកង្វះជាតិទឹកកាន់តែធ្ងន់ធ្ងរ។  ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែម ប្រើប្រាស់ការចាក់ថ្នាំអាំងស៊ុយលីន នោះកង្វះជាតិទឹកអាចបង្កឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ដូច្នេះ វានាំឲ្យជាតិស្កររបស់អ្នកជំងឺមិនអាចគ្រប់គ្រងបានល្អ។   តើអ្នកជំងឺទឹកនោមផ្អែមត្រូវប្រុងប្រយ័ត្នអ្វីខ្លះនៅពេលអាកាសធាតុក្តៅ? - ត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ជាពិសេស ត្រូវទទួលទានទឹកបន្ថែមនៅពេលដែលធើ្វការក្រោមកំដៅថ្ងៃ ធ្វើការដែលមានការបញ្ចេញពលកម្មច្រើន ឬនៅពេលហាត់ប្រាណ។ - ត្រូវព្យាយាមតាមដានជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់តាមដែលអាចទៅរួច ព្រោះថានៅពេលដែលក្តៅខ្លាំង អ្នកជំងឺបើកញើស អាចឲ្យអ្នកជំងឺភាន់ច្រឡំនឹងអាការៈនៃការចុះជាតិស្ករ។ ដូច្នេះប្រសិនបើអ្នកជំងឺទឹកនោមផ្អែម ដែលងាយ ឬឧស្សាហ៍ចុះជាតិស្ករញឹកញាប់ គួរតែដាក់ចំណីអាហារបន្តិចបន្តួច (អាចជាស្ករគ្រាប់ ឬនំ) តាមខ្លួនដើម្បីទទួលទាន។ ឧទាហរណ៍ នៅពេលហាត់ប្រាណ - ត្រូវការពារថ្នាំព្យាបាលទឹកនោមផ្អែមរបស់លោកអ្នក រួមទាំងថ្នាំគ្រាប់សម្រាប់លេប និងថ្នាំប្រភេទសម្រាប់ចាក់។ ចូរចៀសវាសការទុកឱសថទាំងអស់នោះនៅទីកន្លែងដែលមានកម្តៅខ្លាំង ជាពិសេសត្រូវពន្លឺថ្ងៃ។ ប្រសិនបើជាប្រភេទថ្នាំចាក់ គួរតែទុកដាក់ឲ្យត្រឹមត្រូវក្នុងធុង ឬទូរទឹកកក។ - ប្រសិនបើអ្នកជំងឺដែលធ្វើការផ្ទាល់ក្រោមពន្លឺថ្ងៃ ក្រៅអំពីការទទួលទឹកបន្ថែមឲ្យបានច្រើន គាត់គួរប្រុងប្រយត្នផងដែរនូវការរលាកស្បែកដោយសារកម្តៅថ្ងៃ។ ចូរការពារស្បែកដោយពាក់អាវដៃវែង ឬធ្វើយ៉ាងណារកអ្វីមកគ្រប់ដណ្តប់ ឬក៏អាចប្រើប្រាស់ក្រែមការពារពន្លឺថ្ងៃដែលមានគុណភាព មកលាបដើម្បីកាត់បន្ថយគ្រោះថ្នាក់របស់កាំរស្មីព្រះអាទិត្យមកលើស្បែក។ បកស្រាយដោយលោក វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសុមៈ) ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

តើការឈឺចាប់ និងមានខ្ទុះតាមបាតជាសញ្ញាបញ្ជាក់ថាអាចកើតជំងឺបូសអន្ទង់ដែរឬទេ? ទៅតាមបទពិសោធន៍កន្លងមក អ្នកជំងឺតែងតែធ្វេសប្រហែសនឹងបញ្ហាមួយនេះ​ ដែលបណ្តាលឲ្យជំងឺនេះទៅជារ៉ាំរ៉ៃ និងលាប់ម្តងហើយម្តងទៀត។ ១).អ្វីទៅជាជំងឺបូសអន្ទង់?  ជំងឺបូសអន្ទង់ ជាបញ្ហាមួយនៅក្នុងចំណោមជំងឺរន្ធបាតផ្សេងៗទៀត​ ដែលជំងឺនេះលេចចេញជារោគសញ្ញាមួយចំនួនដូចជា ៖ - ដុំបូសមួយនៅជិតរន្ធបាតដែលអាចមានខ្ទុះហូរចេញពីកន្លែងនោះ - ការឈឺចាប់​ និងរមាស់នៅរន្ធបាតផងដែរ វានឹង​បាត់ទៅវិញនៅពេលដែលបូសនោះបែកហើយហូរខ្ទុះអស់​ ប៉ុន្តែវានឹងកើតមានឡើងវិញនៅពេលបូសនោះជិតមុខមកវិញ។  ២).​បូសអន្ទង់បណ្តាលមកពីកត្តាអ្វីខ្លះ?  ទៅតាមការសិក្សាគេបានឲ្យនិយមន័យបូសអន្ទង់ថាជា «ការរលាកនៅផ្នែកខាងក្នុងនៃរន្ធបាតដែលវាបានបង្កើតជាផ្លូវសុីឆ្លងកាត់សាច់ដុំខ្ជឹបរបស់រន្ធបាតចេញមកខាងក្រៅ។» តាមរយៈរន្ធនេះ វាបានហូរនាំខ្ទុះមកជាមួយ​​ និងបង្កើតជាដុំមួយដែលមាន លក្ខណៈជាបូសនៅផ្នែកខាងក្រៅនៃបាត។  មានកត្តាកម្រមួយចំនួនផ្សេងទៀតដូចជា ៖ - ការប៉ះទង្គិចរបួសពេលសម្រាលកូន - ការបាញ់កាំរស្មីអុិចនៅម្តុំបាត​ - ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ Cronh disease។ ៣).​ ការព្យាបាលជំងឺបូសអន្ទង់ មធ្យោបាយល្អបំផុត(Gold standard)សម្រាប់ធ្វើការព្យាបាល បូសអន្ទង់គឺ ការវះកាត់យកផ្លូវដែលរលាកមានខ្ទុះនោះចេញ ដែលជាវិធីសាស្ត្រមួយមានប្រសិទ្ធភាពខ្ពស់ និងមិនមានផលវិបាកអ្វីដល់អ្នកជំងឺឡើយ។ ការវះកាត់មានរយៈពេលខ្លី និងមានការសម្រាកតែ១ថ្ងៃប៉ុណ្ណោះ។ បើបងប្អូនមានចម្ងល់ សូមទំនាក់ទំនងមកកាន់ គ្លីនិក អេគីប២ តាមរយៈទូរស័ព្ទលេខ ០៧០ ៥៥ ៣៣ ១៨ ឬ ០៧៨ ៥៥ ៣៣ ១៨ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ព្រឹកថ្ងៃអាទិត្យ ទី ០៦ ខែ ឧសភា ឆ្នាំ ២០១៨ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន២៧៩នាក់ បន្តចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុក បរសេដ្ឋ ខេត្ត កំពង់ស្ពឺ (កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន២៧៩នាក់ នៅព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួន២,៨៨៩នាក់ នៅវត្តបុប្ផាវត្តី ភូមិ ស្រែរលួស ឃុំ ផុង ស្រុក បរសេដ្ឋ ខេត្ត កំពង់ស្ពឺ ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។   ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយ ឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានការចូលរួមសហការ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ លោក សួន សុខឃីម អនុរដ្ឋលេខាធិការក្រសួងផែនការ លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ លោក ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក​ អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោក​ ង៉ាក់ ប៊ុនធី អភិបាលស្រុកបរសេដ្ឋ លោកសាស្ត្រាចារ្យ នាង បូ ប្រធានសាខាសកម្មជន ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ Mr. Peang Phrearoth ប្រធានក្រុមហ៊ុនទឹកសុទ្ធអូរសិលា និងស.យ.យ.ក​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា និងក្រុមការងារ។   ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។   ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ​ព្យា​បាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា​ពលរដ្ឋ​មួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គម​ជាតិ។ សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថារយៈពេល៦៥ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន២,៤៤៥នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៤០លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន២៨៩០៥៤នាក់ (ម្ភៃប្រាំបីម៉ឺន ប្រាំបួនពាន់ សូន្យរយ ហាសិបបួននាក់)៕

Share

នៅពេលដែលធ្មេញរបស់កុមារចាប់ផ្ដើមដុះមកដំបូង អ្នកគួរតែចាប់ផ្ដើមជ្រើសរើសច្រាសដុសធ្មេញមួយសម្រាប់ពួកគេ។ អ្នកគួរជ្រើសរើសច្រាសដុសធ្មេញ ដែលមានជក់ទន់ ក្បាលតូច ដងកាន់មានទំហំធំ៖  អាយុ 0-2ឆ្នាំ  ជូតអញ្ចាញធ្មេញជាមួយនឹងក្រណាត់ស្អាតមួយ បន្ទាប់ពីបញ្ចុកចំណីអាហារហើយ ដើម្បីសម្អាតចោលនូវបាក់តេរីដែលអាចបង្កឲ្យពុកធ្មេញ។ ដុសធ្មេញពីរដងក្នុងមួយថ្ងៃ ជាមួយនឹងទឹក និងច្រាសដុសធ្មេញដែលទន់ ហើយក៏គួរតែនាំគេទៅពិនិត្យ មុនថ្ងៃខួបកំណើតទីមួយរបស់គេផងដែរ។ អាយុ 3-5 ឆ្នាំ ចាប់ផ្ដើមប្រើថ្នាំដុសធ្មេញដែលមានជាតិហ្វ្ល័រអឺរ៉ាយ(Fluoride) ពេលគេមានអាយុ៣ឆ្នាំប្រើប្រាស់ថ្នាំដុសធ្មេញក្នុងបរិមាណតិច (ប្រហែលទំហំគ្រាប់សណ្ដែក) ដោយត្រូវប្រាកដថាពួកគេនឹងខាកវាចេញមកវិញ ក្រោយពីធ្វើការដុសហើយ ។ សាកល្បងឲ្យគេបៀមដៃ និងបៀមក្បាលដោះ ពេលគេឈានចូលដល់អាយុ៤ឆ្នាំ ព្រមទាំងនាំគេទៅពិនិត្យរៀងរាល់៦ខែម្ដង។ អាយុ 6-9 ឆ្នាំ ចាប់ផ្ដើមរូសធ្មេញ ពេលណាដែលធ្មេញចាស់ផ្ដើមដុះជិតគ្នា វាជារឿងធម្មតាដែលថាធ្មេញអាចនឹងបាក់នៅក្នុងវ័យក្មេងនេះ មុនពេលដែលបុត្ររបស់អ្នកអាចធ្វើការអនុវត្តអនាម័យមាត់ធ្មេញដោយខ្លួនឯង ឳពុកម្ដាយគួរជួយពួកគេក្នុងការដុស និងរូសធ្មេញឲ្យបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃ ត្រូវត្រួតពិនិត្យ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះសភាពរបស់ធ្មេញក្រោយ ដែលអាចនឹងជាប់កាកសំណល់ផ្សេងៗ។ អាយុ 10-13 ឆ្នាំ ព្យាយាមរំលឹកកូនរបស់លោកអ្នកឲ្យថែរក្សាសុខភាពមាត់ធ្មេញឲ្យបានខ្ជាប់ខ្ជួន និងរំលឹកពួកគេពីភាពស្រស់ស្អាត  និងស្រស់ស្រាយដែលនិឹងកើតមាន កាលណាមាត់ធ្មេញរបស់គេមានសុខភាពល្អ និងក្លិនក្រអូបប្រហើរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្តីពី«ការទទួលស្គាល់សញ្ញាបត្រវេជ្ជបណ្ឌិតមកពីសាធារណរដ្ឋសង្គមនិយមវៀមណាម»បានឲ្យដឹងថា ក្រសួងសុខាភិបាលបានសម្រេចធ្វើការទទួលស្គាល់នូវសញ្ញាបត្រវេជ្ជបណ្ឌិតដែលត្រឹមត្រូវចេញដោយគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលស្របច្បាប់ពីសាធារណរដ្ឋសង្គមនិយមវៀមណាមវិញ ក្រោយពីបានធ្វើការពិនិត្យ និងពិភាក្សាឡើងវិញ ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ហេតុនេះហើយ សូមលោក-លោកស្រី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងមានសញ្ញាបត្រវេជ្ជបណ្ឌិត មកពីសាធារណរដ្ឋនិយមវៀមណាម ទទួលជ្រាបជាដំណឹង។ ជាមួយនឹងដំណឹងមួយនេះ យើងសង្កេតឃើញមានប្រតិកម្មតបវិជ្ជមាន និងអវិជ្ជមានផ្ទុះឡើងស្របពេលជាមួយគ្នា ហើយក៏បានក្លាយជាប្រធានបទមួយនៃការពិភាក្សាដ៏ក្តៅគគុកមួយជាពិសេសរវាងនិស្សិតនៅក្នុងវិស័យនេះផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក…ចុះសម្រាប់អ្នកវិញ តើអ្នកមានការយល់ឃើញយ៉ាងណាដែរ? ប្រភព ៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ម៉ោង ៧ ព្រឹក។ ពន្លឺព្រះអាទិត្យចែងចាំងចូលតាមបង្អួចបន្ទប់របស់អ្នក។ នៅជិតខ្លួនអ្នកវិញក៏មានពន្លឺទូរសព្ទរបស់អ្នកចែងចាំងព្រិចៗ ប្រណាំងគ្នាជាមួយព្រះអាទិត្យដែរ។ ហេតុអីបានជាវាចាំង? ដោយសារអ្នកកំពុងអូសមើលហ្វេសប៊ុក និងអុីនស្តាក្រាមនោះឯង។ គ្រាន់តែឆែកមើលមានគេផ្ញើរសារមកឬអត់ហ្នឹងណា! អីលូវម៉ោង ៨ ព្រឹក។ អ្នកស្លៀកពាក់ស្អាតបាត កំពុងឈប់ឆ្ងក់នៅកណ្តាលផ្លូវ មិនដឹងថាកន្លែងដែលអ្នកណាត់ញ៉ាំអីពេលព្រឹកជាមួយមិត្តភក្តិអ្នកនៅឯណាទេ។ តែមិនអីទេគ្រាន់តែចុចចូល ផែនទីហ្គូហ្គល (Google Maps) បន្តិចទៅដឹងហើយ។ កាច់ទៅឆ្វេង ទៅស្តាំ ត្រង់បន្តិច ហើយដល់ហើយ! ម៉ោង ៣ រសៀលហើយ។ អ្នកកំពុងកប់ខ្លួនធ្វើកិច្ចការសាលា។ តាមពិតអ្នកនៅអង្គុយស្រាវជ្រាវហ្នឹង អស់ជាង ៣ ម៉ោងមកហើយ មិនដែលហ៊ានដកខ្លួនពីកញ្ចក់កុំព្យូទ័រឡើយ។ គ្រាន់តែអើតមើលទៅឃើញថា អ្នកមានថាប ១៥ ហើយកំពុងបើកកម្មវិធីជាង ៥ ទៀតនៅក្នុងកុំព្យូទ័រដ៏តូចរបស់អ្នក។ អីលូវពេលយប់រាត្រីហើយ តែអ្នកមិនទាន់ចូលដេកទេ កំពុងតែនិយាយស្កែប (Skype) ជាមួយអតិថិជនម្នាក់។ ទោះស្តាប់គ្នាមិនសូវច្បាស់ ហើយពេលខ្លះសេវ៉ាដាច់ៗក៏ដោយ ក៏អ្នកនៅអាចយល់គ្នាបាន។ អ្នកសង្ឃឹមក្នុងចិត្តថាគេនឹងយល់ព្រមឲ្យគម្រោងនេះមកអ្នក។ នេះហើយជាសកម្មភាពប្រចាំថ្ងៃទូទៅរបស់អ្នកក្នុងក្រុងខ្មែរធម្មតាមួយរូប។ ទោះបីជាអ្នកមិនដែលបានស្កែបជាមួយអតិថិជន ឬ ចំណាយពេលអស់ទៅ ៣ ម៉ោងដើម្បីស្រាវជ្រាវកិច្ចការសាលាក៏ដោយ (មិនបាច់កុហកគេទេ គេក៏ដូចយើង យើងក៏ដូចគេ គ្មាននរណាគេធ្វើកិច្ចការសាលាម្តងៗ អស់ពេលដល់ទៅ ៣ ម៉ោងនោះទេ) ក៏ខ្ញុំជឿថា អុីនធឺណែតបានលបៗ វារលូនចូលក្នុងជីវិតរបស់អ្នក មិនដឹងតាំងពីអង្កាល់ ហើយអីលូវនេះបើរស់នៅគ្មានវា ហាក់ដូចជាមិនសូវសមនោះទេ។ តែបើយើងរាវមុជចូលទៅក្នុងស្រទាប់ខួរក្បាលរបស់យើង ទៅប៉ះការចងចាំខ្លះៗដែលយើងមិនសូវបានរំលឹកជាយូរណាស់មកហើយ។ ចាំទេ ពេលដែលយើងដាក់នាឡិការោទិ៍មែនទែន ដើម្បីដាស់យើងឲ្យទៅសាលាទាន់ពេល។ អាផ្លូវទៅសាលាហ្នឹង មិនបាច់មានហ្គូហ្គលទេ យើងចាំច្បាស់ណាស់ ដល់ថ្នាក់អ្នកខ្លះរាប់ជំហានទៅសាលាចាំទៀតផង។ ហើយពេលនោះ ដើម្បីស្រាវជ្រាវរកអ្វីមួយ លុះត្រាតែយើងទៅអានសៀវភៅក្នុងបណ្ណាល័យ។ គ្មានសារ គ្មានហ្វេសប៊ុកអីទេ។ បើចង់និយាយគ្នា ទាល់តែស្កាត់ជួបគ្នា ឬហ៊ានទូរសព្ទរកគ្នាប៉ុន្មាននាទី ព្រោះវាថ្លៃគ្រាន់បើដែរ។ បើចង់សប្បាយ គឺពេលខ្លះអង្គុយច្រៀងពីសៀវភៅទំនុកចម្រៀងតូចៗ (មិនបាច់ខ្មាសអៀនទេព្រោះថា ជំនាន់នោះ នរណាក៏មានសៀវភៅហ្នឹងដែរ។) ហើយពេលល្ងាចៗ គ្មានអ្វីធ្វើក្រៅពីអង្គុយស្តាប់រឿងចាស់ៗនិយាយពីជីវិតពួកគាត់នោះទេ។ តើពេលនោះល្អជាង ពេលអីលូវឬ? ប្រហែលជាអត់ទេ។ តែក្មេងៗអាយុម្ភៃជាងម្នាក់ណា ក៏ធ្លាប់នឹកគិតដល់ពេលខ្លួននៅតូច ហើយតែងមានអារម្មណ៍ថា ពេលនោះខ្លួនស្រាលជាងនេះ ជីវិតដូចមិនសូវបង្ខំ មិនសូវស្ត្រេសដូចអីលូវនោះទេ។ ដោយសារហេតុនេះហើយ ទើបយើងគួរយកពេលគិតបន្តិចថាតើហេតុអី? ហេតុអីបានជាជីវិតយើងអីលូវចាក់ស្រែះជាងមុនម៉្លេះ? ការផ្លាស់ប្តូរដ៏ធំបំផុតនោះ គឺ សម្លាញ់អុីនធឺណែតយើងនេះឯង។ ដោយសារតែការគិត និងស្រាវជ្រាវនេះហើយ ទើបនាំឲ្យយើងបង្កើត គម្រោងអុីនធឺណែតនេះឡើង! កុំច្រឡំថា នេះជាគម្រោង ១២ ដុល្លារក្នុងមួយខែដូចគេឯងឲ្យសោះ។ គម្រោងអុីនធឺណែតក្នុងវ៉ិបសាយវប្បធម៌យើងនេះ ជាអត្ថបទមួយក្រុម ដែលចង់វែកញែករកមើលអត្ថប្រយោជន៍ និងគុណវិបត្តិរបស់អុិនធឺណែតមកលើជីវិតយើង។ យើងបានជ្រើសរើសប៉ុន្មានចំនុចដែលមានសារៈសំខាន់ និងមានឥទ្ធិពលមកលើមនុស្សជាងគេដូចជា៖ -ការចងចាំ  -ការងារស៊ីជម្រៅ -បណ្តាញសង្គម -សមត្ថភាពក្នុងការយកចិត្តទុកដាក់ -ភាពងាយសូននៃខួរក្បាល (brain plasticity) នៅក្នុងអត្ថបទនីមួយៗ យើងនឹងវែកញែកពីឥទ្ធពលល្អ និងអាក្រក់របស់អុីនធឺណែតលើប្រធានបទនោះ។ មិនត្រឹមតែប៉ុណ្ណោះ យើងនឹងបញ្ចប់ដោយការសម្រចចិត្តថ្លឹងថ្លែងថាតើវាល្អឬអត់ ហើយនឹងធីបផ្សេងៗដើម្បីបង្ការឥទ្ធពលអាក្រក់របស់វា! សង្ឃឹមថា ពេលអ្នកបានអានក្រុមអត្ថបទនេះចប់ អ្នកនឹងយល់ពីមិត្តភក្តិថ្មីយើង (អុីនធឺណែតហ្នឹងឯង) បានកាន់តែជ្រៅជាងមុន ហើយអាចប្រើប្រាស់វា ដើម្បីឲ្យជីវិតអ្នកសប្បាយ និងមានន័យជាងមុនផងដែរ។ អត្ថបទជាភាសាអង់គ្លេស ៖ The Internet Package! អត្ថបទដោយ ៖  Sokcheng Seang -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

Share

ជំនឿ ៖ ចាស់ៗគាត់តែងជឿថា «ការទទួលទានផ្លែកន្ទួត និងសរសេរអក្សរ « ខ្លា » ឬ « ជា » នឹងធ្វើឲ្យអ្នកជំងឺស្រឡទែនជាសះស្បេីយ» ។   ការពិត ៖ បេីទោះជាគ្មានការសរសេរពាក្យ « ខ្លា ឬ ជា» ឬ ទទួលទានផ្លែកន្ទួតក្តី វាក៏នឹងបាត់ទៅវិញជាធម្មតា ក្នុងអំឡុងពេល ៧ថ្ងៃ ទៅ ១០ ថ្ងៃក្រោយថ្ងៃផ្តេីមរោគសញ្ញា នេះ បេីយេីងមិនផ្តោតលេីការចេញជាផលវិបាក (Complications) នៃជំងឺបន្តទៀត តែផ្ទុយទៅវិញ ហាក់កាន់តែរំញោចលេីក្រពេញទឹកមាត់ (Parotid gland) ឲ្យបញ្ចេញបន្ថែម បេីអ្នកជំងឺទទួលទានរបស់ជូរៗ ហេីយរឹតតែធ្វេីឲ្យអ្នកជំងឺ គាត់ឈឺ ឬពឺតៗខ្លាំងជាងមុនលេីសដេីម ។  បេីទោះជាយ៉ាងណាក្តី មូលហេតុនៃជំងឺនេះ គឺកេីតឡេីងដោយសារមេរោគស្រឡទែន ប្រភេទវីរុសនៅក្រុមគ្រួសារ Paramyxoviridae ទៅចម្លងរោគលេីក្រពេញទឹកមាត់យេីងឲ្យទៅជាហេីម ។ មេរោគនេះបាចសាចការចម្លងតាមរយៈតំណក់ទឹកផ្លូវដង្ហេីម (Respiratory droplet) ដូចជាកណ្តាស ក្អក ការប៉ះផ្ទាល់អ្នកជំងឺដែលឆ្លងហេីយ និងជាពិសេសតាមរយៈទឹកមាត់អ្នកជំងឺ ។  ជាសរុបរួម បេីប្រជាជនយេីងមានបញ្ហានេះ យេីងមិនគួរបន្តទម្លាប់នេះទៀតទេ ពីព្រោះវាគ្មានប្រយោជន៍ក្នុងការព្យាបាលជំងឺស្រឡទែនឲ្យជាសះស្បេីយនោះឡេីយ ពោល គឺវានឹងជាទៅវិញដោយឯងៗ អំឡុងពេលប្រហែល ៧ ទៅ ១០ថ្ងៃ និងការព្យាបាលទៀតសោត ជាការព្យាបាលតាមរោគសញ្ញា ។  បកស្រាយដោយ ៖ ហេង សុធារិទ្ធ និស្សិតផ្នែកវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

Share

បុគ្គលមួយចំនួនទម្លាប់គេងទ្រមក់ ឲ្យតែពេលព្រឹក ទោះបីជានាឡិកាចាប់ផ្ដើមរោទិ៍ហើយដឹងច្បាស់ថាខ្លួនត្រូវបំពេញការងារច្រើនក៏ដោយ ក៏នៅទ្រមក់មិនព្រមងើបខ្លួនពីពូកសោះ ដោយសារតែមានអារម្មណ៍មិនទាន់ស្វាហាប់ មិនដាច់អាល័យពីពេលដែលមានក្ដីសុខក្នុងការលង់លក់ក្នុងដំណេករបស់ខ្លួន។ នេះជាទម្លាប់អាក្រក់មួយដែលជាមូលហេតុចម្បងនៃការខាងបង់ពេលវេលាក្នុងការប្រកបកិច្ចការងារប្រចាំថ្ងៃរបស់អ្នក។ តែមិនអីទេ !!!យើងខ្ញុំសូមនាំមកជូនលោកអ្នកនូវគន្លឹះមួយចំនួនដែលជួយឲ្យលោកអ្នកប្រមូលផ្ដុំថាមពលសម្រាប់ចាប់ផ្ដើមថ្ងៃថ្មីប្រកបដោយភាពស្វាហាប់ ដែលមានរួមមានដូចខាងក្រោម៖  អានអត្ថបទដែលខ្លួនចូលចិត្ត ៖ អ្នកអាចសាកល្បងអានសៀវភៅ ទស្សនាវដ្ដី ឬអត្ថបទផ្សេងៗដែលខ្លួនចូលចិត្តរយៈពេលប្រមាណ៣០នាទីមុនពេលចូលគេង។ ចៀសវាងការទទួលទានអាហារ ឬពិសាភេសជ្ជៈដែលមានជាតិអាល់កុល ៖ វាអាចបណ្ដាលឲ្យក្រហាយទ្រូងក៏ដូចជាឆ្អល់ចុងដង្ហើម ហើយគេងមិនស្ងប់។ រៀបចំកិច្ចការសម្រាប់បំពេញពេលព្រឹក ៖ ធ្វើបែបនេះនឹងអាចជួយឲ្យអ្នកមានអារម្មណ៍ថាខ្លួនមានកាតព្វកិច្ចត្រូវបំពេញជាបន្តបន្ទាប់។ រៀបគម្រោងសម្រាប់អាហារពេលព្រឹក ៖ គម្រោងសម្រាប់អាហារពេលព្រឹក នឹងធ្វើឲ្យអ្នកនឹកគិតដល់ពេលទទួលទានអាហារពេលព្រឹក ហើយឆាប់ភ្ញាក់។ ធ្វើលំហាត់ប្រាណ ៖ ប្រសិនបើមានពេលច្រើន អ្នកអាចក្រាន់តែឆ្លៀតធ្វើក្បាច់យោគៈប្រមាណនាទីក៏ល្មមសម្រាប់ពញ្ញាក់ស្មារតីរបស់អ្នកឲ្យភ្ញាក់ពីគេងបានដែរ។ ទទួលទានទឹកមួយកែវ ៖ វានឹងជួយបំពេញបរិមាណទឹកដែលបាត់បង់ ដោយសារតែការបែកញើស និងដំណកដង្ហើម។ ដាក់នាឡិការោទិ៍នៅផ្នែកណាមួយនៃបន្ទប់ ៖ ចៀសវាងការដាក់ជិតខ្លួន ព្រោះអ្នកងាយនឹងចុចបិទហើយបន្តការគេងទៀត។ ដូច្នេះហើយការទុកវានៅឆ្ងាយពីខ្លួនបន្តិច នឹងជួយឲ្យអ្នកមានអារម្មណ៍ស្វាងជាង ហើយចៀសវាងដាច់ខាតការចុចដាក់ឲ្យរោទិ៍បន្តទៀតនៅប៉ុន្មាននាទីក្រោយ។ ទទួលយកពន្លឺព្រះអាទិត្យ ៖ ពន្លឺព្រះអាទិត្យនឹងបញ្ឈប់ការផលិតអ័រម៉ូនមេឡាតូនីន ដែលនឹងជួយឲ្យអ្នកមានអារម្មណ៍ស្វាហាប់ និងត្រៀមខ្លួនសម្រាប់ការផលិតវាម្ដងទៀតក្នុងយប់បន្ទប់ទៀត។ ទុកឧបករណ៍ដែលមានសារធាតុវិទ្យុសកម្មឲ្យឆ្ងាយពីខ្លួន ៖ ពន្លឺដែលចេញពីឧបករណ៍ទាំងនោះធ្វើត្រាប់តាមពន្លឺព្រះអាទិត្យ ដោយធ្វើការបញ្ឈប់ខួរក្បាលពីការផលិតអ័រម៉ូនមេឡាតូនីន ដែលជាអ័រម៉ូនជួយដល់ការគេងលក់ស្រួលពេលយប់។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ប្រភពនៃចំណេះដឹងសុខភាពឥតដែនកំណត់ និងគួរឲ្យទុកចិត្តបំផុតនៅតែបន្តចេញផ្សាយនូវអត្ថបទក្រោមប្រធានបទគួរឲ្យចាប់អារម្មណ៍ជាច្រើន ដើម្បីផ្តល់ជូនមិត្តអ្នកអាននូវចំណេះដឹងអំពីការថែទាំសុខភាព និងការរស់នៅប្រកបដោយសុខភាពល្អ ក៏ដូចជាការណែនាំអំពីជំងឺផ្សេងៗរួមមានទាំងវិធីបង្ការ ព្យាបាល រោគវិនិច្ឆ័យ និងចំណុចសំខាន់ផ្សេងៗទៀត។ ក្នុងចំណោមអត្ថបទដែលបានដាក់ចេញ ក៏មានអត្ថបទចំនួន៣ ដែលត្រូវបានប្រិយមិត្តអ្នកអានចូលអានច្រើនជាងគេប្រចាំខែទី៤នេះ ដែលរួមមានដូចខាងក្រោម… 1. តិចលោ មិនធ្លាប់ដឹងថា គ្រូពេទ្យសណ្តំសំខាន់បែបហ្នឹងសម្រាប់ការវះកាត់នីមួយៗ បើនិយាយអំពីការវះកាត់ណាមួយ អ្នកប្រាកដណាស់គិតដល់គ្រូពេទ្យវះកាត់ទាំងកម្រិតសិក្សា ការហ្វឹកហាត់ និងបទពិសោធន៏របស់គ្រូពេទ្យវះកាត់នោះមិនខាន ហើយអ្នកប្រហែលជាមិនគិតច្រើនដល់គ្រូពេទ្យសណ្ដំឡើយ ពោលគឺមិនបានគិតដល់កម្រិតសិក្សា ឬបទពិសោធន៍របស់គាត់ឡើយ ទាំងដែលការពិតគ្រូពេទ្យសណ្ដំ មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យអ្នកជំងឺមានសុវត្ថិភាព និងផាសុកភាពមុន អំឡុងពេល និងក្រោយពេលវះកាត់… លោក គ្រួច សុផល្លីដា (រ៉េស៊ីឌិនឯកទេសសណ្តំ  សង្គ្រោះបន្ទាន់ និង ជំងឺធ្ងន់) និងបច្ចុប្បន្នកំពុងសិក្សាអាហារូបករណ៍ស្រាវជ្រាវវេជ្ជសាស្ត្រសណ្តំ នៅសហរដ្ឋអាមេរិក ក៏បានផ្តល់កិត្តិយសបង្ហាញជូនមិត្តអ្នកអាននូវតួនាទី ក៏ដូចជាចំណុចសំខាន់ផ្សេងៗជាច្រើនអំពីគ្រូពេទ្យសណ្តំ… 2. យល់ដឹងពីជំងឺរបើកបាតភ្នែក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង ឯកទេសចក្ខុរោគ និងជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាននៃ គ្លីនិកភ្នែក ម៉េង រ័ត្ននីន បានមានប្រសាសន៍ថា «ជំងឺរបើកបាតភ្នែក ជាការរបើកចេញពីគ្នារវាងកោសិកាស្រទាប់បាទភ្នែកដែលមានមុខងារក្នុងការចាប់រូបភាព និងការមើលឃើញ ដែលធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងការមើលឃើញ ឬពិការភ្នែកបើមិនព្យាបាលទាន់ពេលវេលា» ហើយលោកក៏បានបកស្រាយបន្ថែមនូវចំណុចសំខាន់ៗទាក់ទិននឹងជំងឺនេះផងដែរ ដោយបានឆ្លើយតបទៅនឹងសំណួរ៥ខ្លឹម ៗ…   3. អ្នកធ្វើការច្រើនជាមួយកុំព្យូទ័រ...ចេះថែទាំភ្នែកខ្លួនឯងឬនៅ? បុគ្គលិកការិយាល័យភាគច្រើន ត្រូវការប្រើប្រាស់ភ្នែកក្នុងការសម្លឹងមើលអេក្រង់កុំព្យូទ័រច្រើនម៉ោងជារៀងរាល់ថ្ងៃ ដែលអាចបណ្ដាលឲ្យភ្នែកឈឺ ឬអាចរលាកភ្នែក ហើយក៏អាចជាមូលហេតុធ្វើឲ្យភ្នែករបស់អ្នកមើលមិនច្បាស់ ឬមានអារម្មណ៍ថាឈឺភ្នែក និងពិបាកក្នុងការសម្របទៅនឹងពន្លឺផ្សេងៗ។ ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ក្នុងការថែទាំលើសុខភាពភ្នែករបស់អ្នកទេនោះ អ្នកក៏អាចប្រឈមនឹងបញ្ហាមួយចំនួនផងដែរ។ ដើម្បីទប់ស្កាត់ ក៏ដូចជាការពារភ្នែករបស់អ្នកពីរោគសញ្ញាទាំងនេះ លោកអ្នកអាចសាកល្បងអនុវត្តនូវវិធីថែទាំភ្នែកងាយៗដែលត្រូវបានបង្ហាញនៅក្នុងអត្ថបទនេះ... ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំ អាយុ ២២ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។ នាងខ្ញុំមានសំណួរមួយចង់សួរទៅកាន់លោកវេជ្ជបណ្ឌិត “ហេតុអ្វីបានជាកូនរបស់ខ្ញុំមានអាយុ  ៣ឆ្នាំ  តែងតែហូរឈាមច្រមុះនៅពេលដែលមេឃក្តៅខ្លាំង”? ចម្លើយ ៖ កុមារអាចឈាមច្រមុះនៅពេលអាកាសធាតុប្រែប្រួល ជាពិសេសខែក្តៅដោយសរសៃងាយនឹងផុយនៅអាយុប៉ុណ្ណេះ ។ យ៉ាងណាមិញ ប្រសិនការឈាមនោះមានភាពមិនប្រក្រតី និងកើតឡើងជាញឹកញាប់ អ្នកគួរធ្វើការពិនិត្យជាមួយអ្នកឯកទេសខាងផ្នែក ត្រចៀក ច្រមុះ បំពង់ក ដោយសារវាអាចជាប់ទាក់ទងទៅនឹងបញ្ហាសរសៃច្រមុះ ឬ ឫសដូងច្រមុះ ឬជំងឺកំណកឈាម ឬគ្រាប់ឈាម។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងទទួលបន្ទុកផ្នែកកុមារ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យល់អារម្មណ៍អ្នកពេលនេះ...ក៏ធ្លាប់ឆ្លងកាត់ដូចគ្នា... មានពេលខ្លះ...យើងក៏ហត់នឿយ បាត់បង់ទាំងកម្លាំងចិត្ត ស្របពេលដែលកម្លាំងកាយចុះខ្សោយ មានរឿងរ៉ាវខ្លះមិនចង់ទទួលស្គាល់ក៏មិនអាចដែរ ព្រោះថា...ទេវតាគិតមិនដូចយើងគិតនោះទេ... មិនថាមនុស្សម្នាក់ជានរណា? ធ្វើការងារអ្វី? គឺសុទ្ធតែឆ្លងកាត់ពេលនេះដូចគ្នា គ្រាន់តែ...វិធីប្រឈម និងដោះស្រាយនឹងវា មានខុសៗគ្នា ក៏ដឹងថា...ពេលនេះ មិនចង់ធ្វើអ្វី មិនចង់គិតអ្វី មិនចង់ទៅណា ងាកទៅណាក៏មានអារម្មណ៍ថាងងឹតស្លុប ពន្លឺបន្តិចបន្តួចក៏លែងមើលឃើញ... លក្ខណៈថា...លែងមានរសជាតិជីវិត ហើយផ្លូវដើរក៏ត្រូវបានរាំងស្ទះទៀត ក៏ចង់ចែករំលែកប្រាប់ដល់អ្នកដទៃ តែក៏មិនដឹងប្រាប់នរណា មិនដឹងថាគួរចាប់ផ្តើមពីណាទៅ? គួរប្រាប់ឬទេ? បើប្រាប់ទៅ គេនឹងជួយអ្វីបានអត់? គេគ្រាន់តែស្តាប់? គេនឹងប្រឹក្សា? គេនឹងសើចចំអក? ដល់ពេលគិតដល់ហ្នឹង ក៏រឹតតែវល់វល់ទៀត... ដឹងទេ??? អ្វីដែលអ្នកត្រូវការបំផុត ក្នុងកាលៈទេសៈបែបនេះ??? គឺ...«ពាក្យសម្តីលើកទឹកចិត្ត និងសកម្មភាពរំសាយកង្វល់» មិនមែនជាការអង្គុយស្មុគ ឲ្យគំនាបផ្លូវចិត្តចាប់ទាញអ្នកឲ្យរឹតតែលង់ជ្រៅនោះទេ កុំគិតច្រើនថា...បើធ្វើទៅនឹងប្រសើរឬអត់? សំខាន់...មិនសាកមិនដឹង មិនចាំបាច់មានមនុស្សច្រើន គ្រាន់តែម្នាក់ក៏គ្រប់គ្រាន់ហើយ(ករណីពិបាករកមនុស្សដែលទុកចិត្ត) រឿងក្នុងចិត្តដែលកប់ទុកនឹងមិនផ្តល់ផលវិជ្ជមានអ្វីដល់អ្នកឡើយ តិចតួច ឬច្រើនក្តី ត្រូវចែករំលែកវាប្រាប់គេ កុំសួរថា...«ដើម្បីអ្វី?» គឺ ដើម្បីបន្ធូរសម្ពាធផ្លូវចិត្តហ្នឹងហើយ... តែបើមិនចង់បង្ហាញពីភាពទន់ខ្សោយ ឬវិបត្តិផ្លូវចិត្តហ្នឹងទេ... មានវិធីមួយទៀត...តែអាស្រ័យលើអ្នកទាំងស្រុងហើយ ថាតើ មានឆន្ទៈងើបចេញពីសំណាញ់ងងឹតនៃភាពស្មុគស្មាញនេះខ្លាំងប៉ុណ្ណា បើថាងើបរួច...សួរខ្លួនឯងថា« មានសកម្មភាពអ្វីខ្លះដែលគ្រាន់តែគិតដល់ ក៏ធ្វើឲ្យចង្វាក់បេះដូងលោតញាប់ខុសពីធម្មតា?» អាចជារាំ? ច្រៀង? ហាត់កីឡា? ដើរលេង? ស្រែក? អង្គុយស្តាប់ភ្លេង? ឆ្លើយចេញហើយ...យល់ល្អ កុំទៅតែម្នាក់ឯងអី!! (ខ្លាចលោស្ថានភាពកាន់តែអាក្រក់) បបួលគេឯងទៅជាមួយផងទៅ... មានមនុស្សខ្លះក៏មិនចង់នៅម្នាក់ឯងដែរ ចឹងមនុស្សពីរនាក់មិនចង់ឯកានៅជាមួយគ្នា ក៏បានជាមនុស្សច្រើនគ្នាហើយ... ជាថ្មីម្តងទៀត...ខ្លួនឯង ដើម្បីខ្លួនឯង!!! កុំឲ្យឧបសគ្គជីវិតយកឈ្នះអ្នកបានអី... ស៊ូស៊ូណា៎!!!

Share

​តើអ្វីជាជំងឺឫសដូងបាត? ជំងឺឫសដូងបាត ជាជំងឺដែលតែងតែកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅ។ ជាធម្មតា មនុស្សគ្រប់រូបតែងតែមានសរសៃឫសដូងបាត ប៉ុន្តែយើងហៅថាជាជំងឺឫសដូងបាតនៅពេលដែលសរសៃទាំងនេះរីកប៉ោងធំខុសធម្មតា និងបង្កជារោគសញ្ញាផ្សេងៗ។​ រោគសញ្ញាជំងឺឫសដូងបាត ជំងឺឫសដូងបាតមានពីរប្រភេទ គឺឫសដូងបាតផ្នែកខាងក្នុង និងឫសដូងបាតផ្នែកខាងក្រៅ។រោគសញ្ញាទាំងនោះមានដូចជា៖ - ការធ្លាក់ឈាមក្រហមស្រស់តាមបាត - ការលានធ្លាក់សរសៃឫសដូង - ការមានដុំពកហើម និងឈឺនៅបាត។ ជំងឺឫសដូងបាតផ្នែកខាងក្នុងមាន៤កម្រិត៖ - កម្រិត១៖ សរសៃឫសដូងប៉ោងធំ បណ្ដាលឲ្យ ធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់ ប៉ុន្តែសរសៃនេះមិនលានចេញក្រៅទេ។ - កម្រិត២៖ សរសៃឫសដូងប៉ោងធំលានចេញ មកក្រៅពេលបន្ទោបង់ រួចលឹបចូលទៅក្នុងវិញ ដោយខ្លួនឯង និងអាចមានធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់។ - កម្រិត៣៖ សរសៃឫសដូងប៉ោងធំលានចេញមកក្រៅពេលបន្ទោបង់ រួចលឹបចូលទៅក្នុងវិញលុះត្រាតែរុញបញ្ចូល និងអាចមានធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់។ - កម្រិត៤៖ សរសៃឫសដូងប៉ោងធំលានចេញមកក្រៅរហូតមិនលឹបចូលទៅក្នុងវិញទេ ទោះបីជាព្យាយាមរុញបញ្ចូលក៏ដោយ និងអាចមានធ្លាក់ឈាមក្រហមស្រស់។ មូលហេតុសំខាន់ៗនៃជំងឺឫសដូងបាត - ការទល់លាមក ឬរាករ៉ាំរ៉ៃ - ប្រើពេលយូរក្នុងការបន្ទោបង់ម្ដងៗ - មុន និងក្រោយពេលសម្រាលកូន ។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះនឹងត្រូវបានធ្វើឡើង បន្ទាប់ពីការពិគ្រោះសាកសួរនូវរោគសញ្ញា និងការពិនិត្យបាត ដោយឧបករណ៍ទំនើប ដែលមានភាពងាយស្រួល ឆាប់រហ័សដោយគ្មានការឈឺចាប់ និងគ្មានផលវិបាក ។ ការព្យាបាលជំងឺឫសដូងបាតនាពេលបច្ចុប្បន្ន វិធីព្យាបាលមានច្រើនប្រែប្រួលទៅតាមដំណាក់កាលនីមួយៗនៃសភាពជំងឺ និងអ្នកជំងឺ។​ ​គោលការណ៍រួមនៃការព្យាបាល គឺដោះស្រាយវិបត្តិ នៃការបន្ទោបង់។ ការព្យាបាលមានដូចជា៖ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ និង ជំងឺឫសដូងបាតផ្នែកខាងក្រៅ យើងចាប់ផ្ដើមព្យាបាលដោយការប្រើថ្នាំលេប និងលាប។ ក្នុងករណីបរាជ័យជាមួយការប្រើថ្នាំការព្យាបាលឈានទៅរកការចងឫសដូងសម្រាប់ជំងឺឫសដូងបាតក្នុង​ និងការវះកាត់តូចសម្រាប់ជំងឺឫសដូងបាតក្រៅ។ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត២ការព្យាបាលដោយការចងគួបផ្សំជាមួយថ្នាំលេបគឺជាជម្រើសដ៏ល្អប្រសើរ។ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត៣យើងចាប់ផ្ដើមព្យាបាលដោយការចងគួបផ្សំជាមួយ​ថ្នាំលេប។ ប៉ុន្តែប្រសិនបើឫសដូងបាតនោះធំខ្លាំងការចងនិងលេបថ្នាំអាចទទួលបរាជ័យ នោះការវះកាត់ជាជម្រើសចុងក្រោយដែលប្រសើរបំផុត។ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត៤ការវះកាត់គឺជាវិធីព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាព។ ផលប្រយោជន៍នៃការព្យាបាល ១- ការព្យាបាលដោយឧបករណ៍ ៖ ការចង ឫសដូងបាត ជាវិធីព្យាបាលដែលមានប្រសិទ្ធ ភាព ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ ២និង៣ ដែលមិនចំណាយពេលយូរ គ្មានស្នាមរបួស មិនមានការឈឺចាប់ មិនត្រូវការចាក់ថ្នាំស្ពឹកមិនតម្រូវឲ្យសម្រាកពេទ្យ អ្នកជំងឺអាចត្រឡប់ទៅផ្ទះ និងធ្វើការងារប្រចាំថ្ងៃជាធម្មតាបានភ្លាមក្រោយពេលចង។ ការចងឫសដូងបាតមិនមែនជាការព្យាបាលជាដាច់មិនលាប់ឡើងវិញនោះទេ ប្រសិនបើអ្នកជំងឺមិនដោះស្រាយវិបត្តិនៃការបន្ទោបង់។ វិធីព្យាបាលមួយផ្សេងទៀតគឺការដុតដោយកំដៅ Infrarouge ដែលអាចមានប្រសិទ្ធភាពចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ ប៉ុន្តែបើប្រៀបធៀបជាមួយការចង គឺការចងមានប្រសិទ្ធភាពខ្ពស់ជាង។ ២- ការវះកាត់ ៖ មានបច្ចេកទេសផ្សេងៗជាច្រើនរួមមានការកាត់យកសរសៃឫសដូងខាងក្រៅ និងខាងក្នុងចេញ ជាបច្ចេកទេសតែមួយគត់ក្នុងពេលបច្ចុប្បន្ន ដែលត្រូវបានសកលលោកទទួលស្គាល់ថាជាបច្ចេកទេសដែលល្អមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺឫសដូងបាតឲ្យជាដាច់។  នៅក្នុងសម័យទំនើបនេះ ទោះបីជាមានស្នាមរបួស និងការឈឺចាប់ក្រោយវះ ក៏យើងមានថ្នាំ និងវិធីសាស្ត្រ ដើម្បីបំបាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធភាពផងដែរ។ ជាទូទៅ ក្រោយពេលវះកាត់ តម្រូវឲ្យអ្នកជំងឺសម្រាកពេទ្យត្រឹមតែ១-២ថ្ងៃតែប៉ុណ្ណោះ។ ផលវិបាកដែលអាចជួបប្រទះមានដូចជា ការឈឺចាប់ដែលអាចគ្រប់គ្រងបាន ការធ្លាក់ឈាមក្រោយវះដែលមានដោយកម្រ ការពិបាកនោមដែលមាន រយៈពេលខ្លីក្រោយពេលវះថ្មីៗជាដើម ក៏ប៉ុន្តែទាំងនេះសុទ្ធតែជាផលវិបាកដែលអាចដោះស្រាយបាន។ ការរឹតបន្តឹងសរសៃឫសដូងខាងក្នុង (Stapled hemorrhoidopexy និង Hemorrhoidal arterial ligation)គឺជាបច្ចេកទេសផ្សេងទៀត វិធីនេះមិនមានស្នាមរបួស និងមានការឈឺចាប់ក្រោយវះតិចជាងការកាត់ឫសដូងចេញក៏ពិតមែន ក៏ប៉ុន្តែអត្រានៃការកើតមានជំងឺនេះឡើងវិញគឺខ្ពស់មិនមែនជាសះស្បើយដាច់នោះទេ រីឯតម្លៃវិញ គឺប្រហាក់ប្រហែលនឹងការកាត់ឫសដូងដែរ។ របបអាហារសម្រាប់អ្នកជំងឺឫសដូងបាត មិនតម្រូវឲ្យតមអាហារអ្វីទាំងអស់។ ចំណាំ ៖ ប្រជាជនទូទៅតែងតែប្រើពាក្យឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅបាត។ ក៏ប៉ុន្តែរោគសញ្ញាទាំងនេះអាចបណ្ដាលមកពីជំងឺផ្សេង ក្រៅពីឫសដូងបាត (ឧទាហណ៍៖ ការដាច់ក្រសាល់គូទ ដុំសាច់មហារីកនៅបាត និងបូស។ ដូច្នេះ ប្រសិនបើលោកអ្នកមានរោគសញ្ញា ផ្សេងៗនៅបាត លោកអ្នកគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និង ព្យាបាលឱ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា គ្លីនិកអេគីប មានទស្សនៈវិស័យមួយ គឺបង្កើន ស្តង់ដារ ក៏ដូចជាសមត្ថភាព សេវាកម្ម ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង រួមចំណែកក្នុងការលើកតម្កើងវិស័យសុខាភិបាល សេវាកម្មគ្លីនិកឯកជន និងសេវាសុខភាពក្នុងប្រទេសកម្ពុជាជូនដល់ប្រជាពលរដ្ឋក្នុងគោលបំណងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុកទៅស្វែងរកសេវាសុខាភិបាលបរទេស។ បកស្រាយដោយ  ៖ វេជ្ជបណ្ឌិត ថាវ ស៊ីដានីន ឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃគ្លីនិកអេគីប ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top