Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

លំហាត់ប្រាណមិនត្រឹមតែជួយដល់សុខភាពទូទៅទេ វាក៏អាចជាជំនួយដល់សាច់ដុំភ្នែក និងធ្វើឲ្យភ្នែកមានសភាពសម្រាកទៀតផងតាមរយៈប្រភេទលំហាត់ជាក់លាក់នៅលើភ្នែកដែលក្នុងនោះ ក៏រួមមានទាំងរបៀបម៉ាស្សា ក៏ដូចជាសម្រាកមួយចំនួនផងដែរ។ ក៏ប៉ុន្តែ...អ្នកគួរតែពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតមុនពេលធ្វើលំហាត់ប្រាណនេះ ប្រសិនបើភ្នែកអ្នកមានជំងឺផ្សេងៗទៀត... ពង្រឹងត្របកភ្នែក អ្នកអាចពង្រឹងសាច់ដុំនៅជុំវិញភ្នែករបស់អ្នកឲ្យរឹងមាំបានដូចនឹងសាច់ដុំដទៃទៀតដែរ។ វាចាប់ផ្តើមដោយការបិទត្របកភ្នែកពាក់កណ្តាលព្រឹមៗ។ ពេលនោះអ្នកនឹងកត់សម្គាល់ថាត្របកភ្នែករបស់អ្នកនឹងញ័រតិចៗដោយការប្រឹង។ •    ដូច្នេះដើម្បីកុំឲ្យមានសភាពញ័រនេះ អ្នកគ្រាន់តែសម្លឹងមើលវត្ថុដែលនៅឆ្ងាយជាការស្រេច. •    ធ្វើភ្នែកព្រឹមៗបែបនេះរយៈពេល ១០ទៅ១៥វិនាទី រួចបិទភ្នែកតិចៗ។ ដកដង្ហើមវែងៗ ដើម្បីបង្កើនអុកស៊ីហ្សែននៅក្នុងឈាម។ នៅពេលអ្នកដកដង្ហើមចូល ខ្យល់ដែលពោរពេញទៅដោយអុកស៊ីហ្សែននឹងចូលតាមច្រមុះរបស់អ្នក។ ដកដង្ហើមចេញ ហើយធ្វើដូចនេះរយៈពេល១នាទី ឬក៏ច្រើន។ ម៉ាស្សាភ្នែក ម៉ាស្សា គឺជាការព្យាបាលដែលគេនិយមប្រើ ដើម្បីសម្រួលភាពតានតឹង និងសម្ពាធផ្សេងៗ ពីព្រោះវាជួយឲ្យឈាមរត់ស្រួល។ ការ ម៉ាស្សាចាប់ផ្តើមពីត្របកខាងលើចំនួន១០វិនាទី រួចត្របកខាងក្រោមជាបន្តបន្ទាប់។ •    ប្រើម្រាមដៃដំបូងទាំង៣សង្កត់ថ្នមៗ និងមានចលនាជារង្វង់ •    សង្កត់តិចៗនៅលើក្រពេញឡាគ្រីមាល(Lacrimal gland) ដែលជាក្រពេញបញ្ចេញទឹកភ្នែកច្រើនជាងគេ ដើម្បីធ្វើឲ្យមានទឹកភ្នែកចេញ និងមានសំណើមនៅក្នុងភ្នែក ហើយធ្វើឲ្យភ្នែកដែលមានភាពនឿយហត់បានសភាពសម្រាក។ •    នៅពេលម៉ាស្សាត្របកភ្នែកខាងក្រោម ត្រូវម៉ាស្សានៅម្តុំឆ្អឹងឡាគ្រីមាល(Lacrimal bone) ដែលនៅជិតភ្នែកផ្នែកខាងក្នុង។ ព្រិចភ្នែក ការព្រិចភ្នែកធ្វើឲ្យភ្នែកបានសម្រាក ដោយសារការព្រិចភ្នែកនេះធ្វើឲ្យភ្នែកសើម និងបញ្ចេញជាតិពុលតាមទឹកភ្នែក។ អ្នកគួរព្រិចភ្នែក៤វិនាទីម្តង ដើម្បីការពារភាពស្អិតស្ងួតរបស់គ្រាប់ភ្នែក។ សម្រាក អ្នកគួរតែសម្រាកភ្នែករបស់អ្នកនៅពេលអ្នកធ្វើការច្រើន ជាពិសេសពេលប្រើប្រាស់កុំព្យូទ័រ។ •    វិធីសាស្រ្ត 20-20-20៖ រៀងរាល់២០នាទី អ្នកគួរតែមើលរបស់ដែលនៅទីឆ្ងាយចម្ងាយប្រហែលជាង ២០ហ្វីត(20 feet) រយៈពេល២០វិនាទី។ •    ប្រសិនបើអ្នករវល់ពេក អ្នកអាចដាក់ម៉ោងរោទ៍ ដើម្បីរំលឹកពេលដែលភ្នែកត្រូវសម្រាក។ •    អ្នកអាចបើកភ្នែកឲ្យអស់ និងបន្ទាប់មកបិទភ្នែកឲ្យអស់ម្តងម្កាល ព្រោះការសិក្សាថ្មីៗបានបញ្ជាក់ថា សកម្មភាពបែបនេះកាត់បន្ថយការស្រវាំងភ្នែក ព្រិលភ្នែក ភ្នែកមានសភាពនឿយហត់ និងភ្នែកស្ងួត។ សម្រាកភ្នែកដោយប្រើបាតដៃ ការធ្វើឲ្យភ្នែកសម្រាក គឺធ្វើឡើយដោយគ្រាន់តែប្រើបាតដៃរបស់អ្នកដាក់លើភ្នែក២ ឬ៣នាទី។ •    អង្គុយនៅលើកៅអីដែលមានខ្នងត្រង់។ ដាក់កែងដៃនៅលើតុ ឬក៏ដាក់ក្រណាត់កល់ ដើម្បីកុំឲ្យឈឺកែងដៃ។ ត្រដុសបាតដៃអ្នកឲ្យមានកំដៅ រួចយកមកខ្ទប់លើភ្នែកទាំងសងខាង។ ដកដង្ហើមមួយៗធម្មតា និងសម្រាករយៈពេល ៥ទៅ១០នាទី។ អ្នកអាចដាក់ម៉ោងរោទ៍ ដើម្បីកំណាត់នាទី។ •    ប្រសិនបើអ្នកមានអារម្មណ៍ស្រស់ស្រាយ បន្ទាប់ពីម៉ោងរោទ៍នោះ រយៈពេលនេះ គឺគ្រប់គ្រាន់សម្រាប់អ្នកហើយ។តែអ្នកអាចបន្ថែមនាទី ប្រសិនបើអ្នកគិតថាមិនទាន់គ្រប់គ្រាន់។ ភ្នែកក៏ចេះនឿយហត់ដែរ...ហើយសុខភាពភ្នែកក៏រឹតតែត្រូវការថែទាំដូចផ្នែកដទៃដូចគ្នា...ចំណាយពេលតែបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីនេត្រាដ៏មានតម្លៃទាំងគូរបស់អ្នក...បើសាកហើយមានប្រសិទ្ធភាព ជួយចែករំលែកបន្តផង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្រៅពីរូបសម្បត្តិ សុភាពបុរសក៏អាចនឹងមានភាពទាក់ទាញជាមួយនឹងទេពកោសល្យ និងជំនាញផ្សេងៗរបស់ខ្លួន។ ជាក់ស្តែង ការចេះចម្អិនអាហារក៏ជាមន្តស្នេហ៍ទាក់ទាញមួយបែបផងដែររបស់បុរស....កាលពី៣០ឆ្នាំមុន មនុស្សប្រុសគិតថាការចម្អិនម្ហូបអាហារ គឺជាការងាររបស់ស្រ្តី។  តែបើក្រឡេកមកមើលបុរសសម័យថ្មីវិញ ៤៣%នៃពួកគេបានបែរមករកការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះ នេះបើយោងតាមទិន្នន័យរបស់កាសែតវ៉ាស៊ីនតោនផុស។ តើមូលហេតុអ្វីបានជាបុរសភាគច្រើនផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនបែបនេះ? ការផ្លាស់ប្តូររបស់ស្រ្តី កាលពីមុនមនុស្សស្រីជាស្រ្តីមេផ្ទះ ហើយបុរសជាអ្នកប្រកបរបរផ្គត់ផ្គង់គ្រួសារ ដូចនេះស្រ្តីមានតួនាទីតែមួយគត់ គឺធ្វើការងារផ្ទះ។ ប៉ុន្តែមកទល់នឹងពេលនេះមានការផ្លាស់ប្តូរដ៏ធំមួយដោយស្រ្តីក៏មានភាពមមាញឹកក្នុងការប្រកបរបរផ្គត់ផ្គង់គ្រួសារដូចនឹងបុរសដែរ។ ទាំងនេះហើយទើបធ្វើឲ្យបុរសងាកមករកការធ្វើការងារផ្ទះដូចជាការចម្អិនម្ហូបអាហារ គឺដើម្បីជួយសម្រួលការងារស្រ្តី។ កត្តាទាក់ទងនឹងបុរសខ្លួនឯង     •បង្កើនភាពស្និទ្ធស្នាល ការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះអាចចាត់ទុកថាជាការទុកពេលវេលាឲ្យខ្លួន ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារតាមរយៈរសជាតិចេញពីទឹកចិត្តផ្ទាល់។     •សន្សំថវិកា ជាការពិតសម្រាប់ការរស់នៅម្នាក់ឯង ការទិញអាហារចម្អិនស្រាប់ពិតជាងាយ និងពេលខ្លះមានតម្លៃថោក ក៏ប៉ុន្តែភាគច្រើនក៏អាចធ្វើឲ្យប្រឈមមុខនឹងជំងឺជាច្រើនផងដែរ ដែលនឹងធ្វើឲ្យខាតថវិកាកាន់តែច្រើនឡើង។ ដោយឡែកទទួលទានម្ហូបចម្អិនស្រាប់ ត្រូវចំណាយថវិកាច្រើនដើម្បីទទួលបានបរិមាណអាហារគ្រប់គ្រាន់ និងមានទាំងគុណភាព ព្រមទាំងសុវត្ថិភាព។     •សុខភាព ប្រហែលនឹងចំណុចខាងលើ បន្ទាប់ពីចំណាយពេលធ្វើការអស់រយៈពេលពេញមួយថ្ងៃ បុរសមួយចំនួនបានជ្រើសយកការត្រឡប់មកផ្ទះដើម្បីចម្អិនអាហារសម្រាប់សុខភាព ក៏ដូចជាដើម្បីបង្កើនថាមពលឡើងវិញ និងចៀសផុតពីជំងឺផ្សេងៗផងដែរ ដោយពួកគាត់អាចកំណត់នូវបរិមាណអាហារដែលផ្ដល់ថាមពលគ្រប់គ្រាន់សម្រាប់ខ្លួនបាន។     •បង្ហាញពីភាពរឹងមាំ និងឯករាជ្យ ផ្ទុយពីការគិតថាមានតែស្រ្តីប៉ុណ្ណោះដែលត្រូវធ្វើការងារទាំងនេះ និងអាចចម្អិនអាហារដ៏មានឱជារស បុរសមួយចំនួនព្យាយាមបង្ហាញថាខ្លួនក៏អាចបង្កើតនូវឱជារសនេះដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់នារីបានដែរ។     •បង្កើនភាពច្នៃប្រឌិតរបស់ខ្លួន ការចម្អិនអាហារក៏មិនខុសពីការងារដទៃដែរ ការធ្វើដោយការពេញចិត្ត និងទៅតាមចំណង់ចំណូលចិត្តនឹងនាំមកនូវគំនិតច្នៃប្រឌិតប្លែកៗជាច្រើន។ ភ្ជាប់ជាមួយស្នាដៃច្នៃប្រឌិតរបស់ពួកគេ បុរសសម័យថ្មីជាច្រើនក៏ចាត់ទុកការចម្អិនអាហារជាសិល្បៈមួយបែបដែលធ្វើឲ្យជីវិតរបស់គេមានភាពស្រស់ស្រាយបន្ថយភាពតានតឹង និងធ្វើឲ្យសុខភាពផ្លូវកាយ និងចិត្តរឹងមាំ។ ការពង្រឹងនូវចំណេះដឹងផ្នែកអាហារ ស្របពេលជាមួយនឹងការរីកចម្រើនខាងបច្ចេកវិទ្យានៃប្រព័ន្ធទំនាក់ទំនងសង្គមដូចជា​ Facebook ឬ Instagram និងការលូតលាស់វប្បធម៌នៃការអានសៀវភៅ ឬទស្សនាវដ្តីបានបង្កើនភាពងាយស្រួលក្នុងការបង្ហាញអំពីការធ្វើអាហារដែលអាចជម្រុញទឹកចិត្តបុរសៗឲ្យមានចំណង់ក្នុងការចម្អិនម្ហូបអាហារដោយពួកគាត់អាចអនុវត្តតាមការណែនាំក្នុងការចម្អិនអាហារតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។ ហើយពួកគេក៏អាចចែករំលែកស្នាដៃរបស់គេ និងលើកទឹកចិត្តដល់បុរសដទៃទៀតឲ្យចូលរួមចម្អិនម្ហូបអាហារដូចពួកគេដែរ។ សរុបមក…បុរសៗដែលបានយកការចម្អិនអាហារជាចំណង់ចំណូលចិត្តមួយ គួរតែបន្តការចូលចិត្តនេះដោយមិនចាំបាច់ខ្វល់ពីមជ្ឈដ្ឋានមួយចំនួនឡើយ ព្រោះការពិតវាជាសកម្មភាពទាន់សម័យមួយទៅវិញទេ។  រីឯអ្នកដែលមិនទាន់ចាប់អារម្មណ៍នឹងការចម្អិន ក៏គួរសាកល្បងល៎មើលថា អ្នកអាចទទួលបានអត្ថប្រយោជន៍ណាមួយក្នុងចំណោមខាងលើនេះ…ព្រោះថា…វាប្រៀបបានជាមន្តស្នេហ៍ទាក់ទាញមួយទៀតសម្រាប់សុភាពបុរសគ្រប់គ្នាផងដែរ… ដូចដែលគេតែងនិយាយតគ្នាថា «មនុស្សម្នាក់ៗមានភាពទាក់ទាញ ពេលដែលបញ្ចេញស្នាដៃ និងទេពកោសល្យរបស់ខ្លួន»…កុំលាក់បាំាងអី!!!​​បើចេះធ្វើម្ហូបអី បញ្ចេញថ្វីដៃឲ្យគេដឹងផង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការត្អូញត្អែរថាមើលឆ្ងាយមិនច្បាស់ដែលចាំបាច់ត្រូវទៅមើលជិតតែម្តង ឬការធ្វើភ្នែកព្រឹមៗនៅពេលចង់មើលអ្វីមួយច្បាស់ជាមួយនឹងអាការៈឈឺរោយជុំវិញក្រឡង់ភ្នែក (eyestrain) ដែលធ្វើឲ្យទទួលអារម្មណ៍ថាឈឺណែនក្បាលជាដើម អាចបង្ហាញថាជាសញ្ញានៃម៉្ញូប។ ថ្វីត្បិតថាម៉្ញូបកើតជាធម្មតាទៅហើយសម្រាប់មនុស្សសម័យថ្មីនេះ តែវាក៏ជាការពិតដែរ ដែលម៉្ញូបបានធ្វើឲ្យជីវិតអ្នកប្រែប្រួលមួយកម្រិតដែរ ដូចនេះការយកចិត្តទុកដាក់លើសុខភាពភ្នែករបស់អ្នកទាំងមុន និងក្រោយពេលម៉្ញូប គឺជារឿងដែលមិនគួរមើលរំលង។ ធ្វើយ៉ាងណាទើបដឹងថាអ្នកពិតជាម៉្ញូប? ការទៅពិគ្រោះជាមួយគ្រូពេទ្យខាងចក្ខុរោគ ឬក៏ហាងវាស់វ៉ែនតា (Optometry) ជារឿងដែលអ្នកគួរគិតដល់ ដើម្បីធ្វើការវាស់គំហើញ(VA)ជាមុន ដោយសារការវាស់នេះអាចឲ្យដឹងថា អ្នកគួរប្រើប្រាស់វ៉ែនតាប្រភេទភ្លឺ ឬមិនភ្លឺ។ បន្ទាប់មក គេធ្វើការវាស់ Pinhole ដែលតម្រូវឲ្យអ្នកមើលតាមចន្លោះតូចៗម្តង។ ក្រោយមកទៀត គ្រូពេទ្យនឹងធ្វើការវាស់ដឺក្រេតាម២របៀបបន្តបន្ទាប់គ្នាគឺ Subjective និង Objective ដែលការវាស់បែប Subjectiveត្រូវធ្វើជាមួយ Retinoscope ឬម៉ាស៊ីន Autorefractor  និងបន្ទាប់ពីនោះឲ្យអ្នកជំងឺសាកលវ៉ែនតាគំរូ (Trial lenses) ដែលនេះហៅថាការវាស់ដឺក្រេតាមបែប Objective ។ គួរបញ្ជាក់ថា​ការវាស់បែប Subjective និងobjective អាចមានភាពខុសគ្នា ដោយសារពេលខ្លះការវាស់ដោយម៉ាស៊ីន និងការសាកលវ៉ែនតាគំរូទៅតាមលទ្ធផលវាស់ដោយម៉ាស៊ីននោះ មិនត្រូវនឹងអ្នកជំងឺ ដូចនេះ តម្រូវឲ្យមានការកែតម្រូវដឺក្រេរហូតដល់អ្នកជំងឺទទួលយកបាន និងមើលច្បាស់ដែលមានន័យថា លទ្ធផលគឺផ្អែកលើ Objective តេស្តជាធំ។ ក្រៅពីនោះ គ្រូពេទ្យក៏អាចធ្វើការពិនិត្យបាតភ្នែកផងដែរ ដើម្បីរកផលវិបាកនៃជំងឺម៉្ញូប ប្រសិនបើគាត់មានម៉្ញូបខ្លាំង។ ពេលណាគួរមកពិគ្រោះជាមួយគ្រូពេទ្យ? វាអាស្រ័យលើស្ថានភាព និងមុខរបររបស់អ្នកជំងឺផ្ទាល់ ដែលក្នុងករណីស្រវាំងបន្តិចបន្តួច តែគាត់ជាអ្នកស្រែចំការដែលមិនសូវប្រើភ្នែកក្នុងការមើលរបស់តូចៗ ឬជិតៗច្រើននោះ គាត់មិនចាំបាច់មកជួបគ្រូពេទ្យក៏បាន។ ប៉ុន្តែអាការៈដដែលនេះ សម្រាប់អ្នកធ្វើការ ឬសិស្សនិស្សិត ដែលត្រូវការប្រើប្រាស់ភ្នែកជាចម្បងក្នុងការសម្លឹងមើលរបស់តូចៗរយៈពេលយូរ ដូចជាសៀវភៅ កុំព្យូទ័រ ក្តារខៀន ឬក៏ការបញ្ចាំងមេរៀនតាមស្លាយ (Slides show)ជាដើម គួរតែជាពេលដែលគាត់ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកវាស់វ៉ែនតាហើយ។ មូលហេតុនៃការម៉្ញូប ភាពលូតលាស់មិនស្របគ្នារវាងកញ្ចក់ភ្នែក និងទំហំនៃគ្រាប់ភ្នែក (វាស់ពីមុខមកក្រោយ) ដែលវាកើតឡើងមកពីភ្នែកទៅជារីកធំខុសពីធម្មតា ឬកញ្ចក់ភ្នែកកោងខ្លាំងពេក ដែលកំណោងកញ្ចក់ភ្នែកធ្វើឲ្យមានការបត់កាំពន្លឺជាកំនុំរូបភាពនៅខាងមុខបាតភ្នែកជាមូលហេតុនៃការម៉្ញូប។ ជាទូទៅ គេចាត់ទុកប្រវែងធម្មតារបស់ភ្នែក គឺ២៤មីលីម៉ែត្រ ប្រសិនបើអង្កត់ផ្ចិតនេះធំខុសពីធម្មតានោះកញ្ចក់ភ្នែកធម្មតារបស់យើង នឹងធ្វើការបត់កាំពន្លឺនៅខាងមុខបាតភ្នែក ធ្វើឲ្យកាំពន្លឺដែលផ្តុំគ្នាជាកំនុំរូបភាពត្រូវនៅខាងមុខបាតភ្នែក។ សូមបញ្ជាក់ថា តាមការស្រាវជ្រាវមួយចំនួន គេឃើញថាពុំមានមូលហេតុច្បាស់លាស់ដែលបង្កឲ្យម៉្ញូបទេ តែ៩០%ត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីតំណពូជ ឬហ្ស៊ែន តែមិនទាន់ដឹងថាក្រូម៉ូសូមប្រាកដណាមួយ ជាអ្នកកំណត់ការម៉្ញូបទេ។ កត្តាអាចឲ្យអ្នកប្រឈមមុខនឹងម៉្ញូប កត្តាប្រឈមមុខមួយចំនួនក៏ត្រូវបានដឹងផងដែរថា អាចបណ្តាលឲ្យម៉្ញូបក្នុងនោះរួមមានបរិយាកាសរស់នៅ ឬធ្វើការ ដូចជាការធ្វើការនៅការិយាល័យដែលការងារតម្រូវឲ្យមើលតែរបស់ជិតៗខ្លួន មិនសូវមានពេលសម្លឹងទៅឆ្ងាយ ឬសម្រាកភ្នែកបានគ្រប់គ្រាន់ ការមើល ឬសម្លឹងរបស់ជិតៗដូចជា ការអានសៀវភៅ ឬប្រើប្រាស់ទូរស័ព្ទថេបប្លេតជាដើម។ គួរឲ្យដឹងផងដែរថា ករណីដែលភ្នែកមើលជិតជាង៦ម៉ែត្រភ្នែក យើងនឹងធ្វើការសម្របសម្រួលដោយសាច់ដុំភ្នែកឲ្យចាប់ផ្តើមធ្វើការដែលជាហេតុធ្វើឲ្យផ្តល់សម្ពាធដល់ភ្នែក តែបើយើងមើលលើសពី៦ម៉ែត្រ ភ្នែករបស់យើងស្ថិតនៅក្នុងសភាពសម្រាក។ អ្នកណាខ្លះអាចប្រឈមមុខនឹងការម៉្ញូប? តាមការសិក្សាមួយរបស់លោកសាស្ត្រាចារ្យ ងី ម៉េង នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាលលើមនុស្សចំនួន៥,៥២៧នាក់ អាយុពី១២ទៅ១៤ឆ្នាំ ឃើញថាមាន៥,៥៧% ជាអ្នកមានកំហុសកំនុំ (Refractive error) ដែលរួមមានទាំងម៉្ញូប Hyperopia អាស្ទីម៉ាតដែលការស្រាវជ្រាវនោះ បង្ហាញថាអ្នករស់នៅទីក្រុង(១៣,៧%)មានអត្រាប្រឈមមុខខ្ពស់ជាងនៅជនបទ(២,៥%)។ មានការសិក្សាមួយទៀតនៅអាស៊ីអាគ្នេយ៍ ដោយសិក្សាទៅលើមនុស្សចំនួន២១៥ពាន់នាក់នៅលើ១០ប្រទេសពីអាយុទើបកើតដល់៩៦ឆ្នាំ ក្នុងនោះម៉្ញូបមានដល់ទៅ៩៦,៣% ដែលមួយផ្នែកធំគឺ ស្ថិតនៅវ័យ១៦ឆ្នាំ។ ម្យ៉ាងទៀត គេក៏សង្កេតឃើញផងដែរថា ករណីកំហុសកំនុំនៅកម្ពុជា គឺកើតមានតិចជាងនៅប្រទេសជឿនលឿនដទៃ ។ មានការព្យាបាលដែរឬទេសម្រាប់អ្នកភ្នែកម៉្ញូប? ករណីដែលម៉្ញូបទាក់ទងនឹងហ្ស៊ែននោះ ពុំមានវិធីក្នុងការបញ្ឈប់ការវិវឌ្ឍទៅរកភាពម៉្ញូប ឬឡើងដឺក្រេភ្នែកទេ។ ចំពោះម៉្ញូបដែលកើតមាននៅវ័យក្មេង ការវិវឌ្ឍនឹងមានសភាពលឿន ប៉ុន្តែវានឹងថយចុះវិញនៅក្រោយអាយុ១៩ឆ្នាំ ឬ២២ឆ្នាំ។ ក្នុងករណីដែលការម៉្ញូបរបស់គាត់ឈប់មានការវិវឌ្ឍមានន័យថា គាត់បានជោគជ័យក្នុងការព្យាបាល តែករណីដែលការវិវឌ្ឍនៅតែបន្តនោះការព្យាបាលនឹងត្រូវធ្វើជាបន្ត ហើយការពាក់វ៉ែនតា ឬធ្វើការវះកាត់បន្តទៀតក៏ត្រូវបានពិចារណាដដែល។ ដូចនេះ ការព្យាបាលដាច់ ឬក៏អត់ គឺអាស្រ័យនឹងការវិវឌ្ឍរបស់ម៉្ញូប។ ពុំមានថ្នាំណាមួយសម្រាប់បញ្ឈប់ការឡើងដឺក្រេបានទេ ហើយក៏ពុំមានការបញ្ជាក់ណាមួយពីប្រសិទ្ធភាពរបស់វាដែរ។ ការព្យាបាលដែលងាយបំផុត គឺពាក់វ៉ែនតាមុននឹងឈានដល់ដំណាក់កាលវះកាត់ ដែលជាទូទៅវ៉ែនតាប្រភេទដកត្រូវប្រើចំពោះអ្នកម៉្ញូប ឯ Hyperopia ត្រូវប្រើប្រាស់វ៉ែនតាបូក រីឯអាស្ទីម៉ាតអាចមានបូក និងដកទៅតាមការពិនិត្យ និងវាស់ឃើញជាក់ស្តែង ។ រីឯការវះកាត់លើកញ្ចក់ភ្នែកដូចជាការប្រើប្រាស់ឡាស៊ែរ ការបញ្ចូលកងទៅនឹងកម្រាស់កញ្ចក់ភ្នែក ដើម្បីធ្វើកំណោងកញ្ចក់ភ្នែកមានកំណោងមកធម្មតាវិញ។ សម្រាប់ដែលមានម៉្ញូបកម្រិតខ្ពស់ (២០ Diopters) អាចធ្វើការវះកាត់ដោយបញ្ចូលកញ្ចក់សិប្បនិម្មិតតម្រូវ នឹងភ្នែករបស់យើងជំនួសកញ្ចក់ភ្នែករបស់យើង។ គោលបំណងនៃការវះកាត់គឺ ដើម្បីឲ្យភ្នែករបស់យើងត្រលប់មកធម្មតាវិញ ប៉ុន្តែអ្នកជំងឺអាចប្រើប្រាស់វ៉ែនតាក្នុងកម្រិតស្រាលមួយ ដើម្បីមើលច្បាស់ ​ពីព្រោះការវះកាត់ជាក់ស្តែងអាចជួយអ្នកជំងឺបន្ថយដឺក្រេភ្នែកបានប៉ុន្តែមិនទាំងស្រុងទេ។ ការប្រឈមមុខនឹងផលវិបាកដោយសារការម៉្ញូប ករណីដែលមិនធ្វើការព្យាបាល ឬពាក់វ៉ែនតាជាជំនួយគឺ ដំបូងវានឹងជះឥទ្ធិពលមិនល្អដល់គុណភាពនៃជីវិតដោយការមើលឆ្ងាយមិនច្បាស់ដូចអ្នកដទៃ ធ្វើការងារផ្សេងៗដោយមិនសូវងាយស្រួល ព្រមទាំងរំខានដោយអាការៈនៃបញ្ហាម៉្ញូប ដូចជា ឈឺក្បាល តឹងគ្រាប់ភ្នែក ឈឺក្រឡង់ភ្នែក ហើយលើសពីនោះក៏ប្រឈមមុខនឹងជំងឺផ្សេងៗ ក្នុងករណីដែលម៉្ញូបកម្រិតខ្ពស់ដូចជា ជំងឺរបកបាតភ្នែក ដក់ទឹកក្នុងភ្នែកកោសិកាបាតភ្នែកហិនហោច ដែលជាទូទៅអាចកើតចំពោះអ្នកដែលម៉្ញូបខ្លាំងចាប់ពីកម្រិត៥ ឬ៦Diopters ឡើងទៅ។ «ចំពោះអ្នកដែលមានបញ្ហាភ្នែក ឬមានអាការៈដូចដែលបានរៀបរាប់ខាងលើ សូមទៅរកអ្នកផ្តល់សេវាកាត់វ៉ែនតា ឬទៅជួបគ្រូពេទ្យឲ្យបានត្រឹមត្រូវ ព្រោះការវាស់វ៉ែនតាខុសធ្វើឲ្យមានការខាតបង់មិនសំដៅដល់អាយុជីវិតផ្ទាល់ទេ តែសំដៅដល់ការខាតទាំងប្រយោជន៍ និងពេលវេលាដែលផ្ទុយពីការពាក់វ៉ែនតាត្រឹមត្រូវ ដែលផ្តល់នូវភាពងាយស្រួលពិតប្រាកដដល់ការរស់នៅជាងពេលមិនពាក់វ៉ែនតា។ ដោយឡែក ចំពោះជំនឿរបស់បងប្អូនយើងជាច្រើនមកដល់បច្ចុប្បន្នជាពិសេសមាតាបិតាដែលថា ការពាក់វ៉ែនតាធ្វើឲ្យភ្នែកកូនចេះតែឡើងដឺក្រេ និងមានអារម្មណ៍ថាកូនមិនល្អដូចអ្នកដទៃទៅវិញ គួរតែត្រូវបានពិចារណាឡើងវិញពីព្រោះការពិតវាពុំមែនជាបញ្ហាអ្វីធំដុំនោះទេ ហើយអ្វីដែលសំខាន់នោះ គឺគំហើញច្បាស់របស់កូនដែលអាចជួយឲ្យជីវិតពួកគេប្រសើរឡើងរួមទាំងការរៀនសូត្រ ការប្រកបការងារព្រមជាមួយនឹងគុណភាពជីវិតដ៏ល្អផងដែរ» នេះជាប្រសាសន៍ផ្តាំផ្ញើររបស់លោកវេជ្ជបណ្ឌិតប៉ោក ធន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំ អាយុ ២៦ឆ្នាំ រស់នៅចោមចៅ។ នាងខ្ញុំមានសំណួរមួយចង់សួរទៅកាន់លោកវេជ្ជបណ្ឌិតថា កូនរបស់ខ្ញុំទើបតែមានអាយុ ៦ខែ ហើយប៉ុន្មានថ្ងៃមុន លោកតារបស់ប្តីខ្ញុំបានមកលេង ដោយគាត់មានជំងឺរបេងផង ហើយបានស្នាក់នៅជាមួយពួកយើងក្នុងរយៈពេល២ទៅ ៣ថ្ងៃ។ តើកូនរបស់ខ្ញុំអាចឆ្លងជំងឺនេះបាន ដែរឬទេ? ហើយនាងខ្ញុំគួរនាំកូនខ្ញុំ ទៅជួបពេទ្យ ដែរឬទេ? ចម្លើយ ៖ ករណីនេះពឹងផ្អែកលើស្ថានភាពពីរយ៉ាង ប្រសិនបើលោកតាមានបញ្ហាជំងឺរបេងកំពុងមានសកម្មភាពខ្លាំង (ពិនិត្យឃើញមេរោគរបេងក្នុងកំហាក) និងកំពុងទទួលបានការព្យាបាល អ្នកគួរនាំកូនរបស់អ្នកទៅពិភាក្សាជាមួយគ្រូពេទ្យមានជំនាញខាងផ្នែករបេង ដោយសារកុមារអាចប្រឈមទៅនឹងការឆ្លងខ្លាំងក្លា យ៉ាងណាមិញ ប្រសិនបើស្ថានភាពរបេងនោះបានព្យាបាលបានចប់សព្វគ្រប់ នោះការប្រឈមក៏អាចថយចុះ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងទទួលបន្ទុកផ្នែកកុមារ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បុរសភាពច្រើនមិនបានចាប់អារម្មណ៍ទៅលើការកក់សក់ឡើយ ដោយគ្រាន់តែចាក់សាប៊ូលើក្បាល ហើយធ្វើការដុសចុះឡើង នឹងអាលចាក់ទឹកលាងជម្រុះចេញ។ និយាយរួមទៅ គឺធ្វើយ៉ាងណាឲ្យរួចពីដៃ។ តាមការពិតទៅ មិត្តបុរសគួរតែយល់ដឹងថាគុណប្រយោជន៍នៃការលាងសម្អាត ឬកក់សក់ជាមួយសាប៊ូនេះ គឺមានច្រើនលើសពីអ្វីដែលអ្នកអាចនឹងនឹកស្មានដល់ដែលរួមមានសម្អាតធូលី ជាតិប្រេង សារធាតុដែលថែរក្សាសុខភាពសក់ សម្អាតស្បែកក្បាល ជម្រុះចោលកោសិកាចាស់ៗលើស្បែកលលាដ៏ក្បាល។ល។ ទាំងនោះសុទ្ធតែជាមួយហេតុចម្បងនាំឲ្យសុខភាពស្បែកក្បាលរបស់អ្នក និងរឹងមាំ។ ១. ដំបូង អ្នកគួរមានសាប៊ូដែលត្រូវនឹងសភាពស្បែកក្បាលជាមុនសិន។ បើមានហើយតោះចាប់ផ្ដើមជាមួយគ្នា… ២. នៅពេលដែលងូតទឹក  អ្នកត្រូវពិនិត្យមើលថាទឹកក្ដៅល្មម (មិនក្ដៅខ្លាំងពេក) ឬនៅ? បើកកម្លាំងទឹកល្មមបានហើយ ដើម្បីកុំឲ្យខ្ជះខ្ជាយទឹកច្រើនពេក ហើយក៏ចៀសវាងការបាចសាចទៅផ្នែកផ្សេងៗផងដែរ ៣. ត្រូវធ្វើឲ្យសក់សើមជោគតែម្ដង  ៤. ដាក់សាប៊ូបន្តិចល្មម (ទំហំប្រហែលនឹងកាក់) នៅលើបាតដៃ បន្ទាប់មកដាក់វាទៅលើសក់។ ប្រសិនបើសក់របស់អ្នកមានប្រវែងវែង កុំប្រមូលផ្ដុំវាទៅលើក្បាលតែម្ដង។ អ្នកគួរប្រើម្រាមដៃធ្វើជាក្រាស់សិតបង្ហូសតាមសរសៃសក់ ដើម្បីចៀសវាងកុំឲ្យសក់ជំពាក់ចូលគ្នា ៥. ប្រើចុងម្រាមដៃរបស់អ្នកម៉ាស្សាជារង្វង់ពីផ្នែកខាងមុខនៃលលាដ៏ក្បាលចុះមកផ្នែកខាងក្រោយនៃក បន្ទាប់មក បង្ហូសតាមចំហៀងឡើងមកលើសៀតផ្កាវិញ។ ធ្វើបែបនេះប៉ុន្មាននាទី ដើម្បីរំញោច និងជម្រុះចោលនូវកោសិកាងាប់នៅលើស្បែកក្បាល ៦.លាងសម្អាតសក់ឲ្យបានសព្វ ហើយប្រសិនបើសក់របស់អ្នកវែង អ្នកអាចប្រើក្រាស់ដែលមានធ្មេញធំ សិតដើម្បីពន្លាសក់ដែលជំពាក់ចេញ  ៧. ប្រើសាប៊ូបន្ទន់សក់ក្នុងបរិមាណដូចគ្នាទៅនឹងសាប៊ូកក់ ហើយរក្សាវាទុកប្រមាណ២-៣នាទីសិន ៨. លាងសម្អាតសក់ជាមួយទឹកត្រជាក់ ហើយសឹមប្រើក្រាស់ធ្វើការសិតសក់ ៩. ប្រើក្រណាត់ស្អាត ជួតសក់ឲ្យស្ងួតដោយថ្នមៗ ចៀសវាងការជូតចុះឡើងៗ ឬជារង្វង់ ព្រោះវាអាចនឹងធ្វើឲ្យមានបញ្ហាដល់សក់។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្រាប់អត្ថបទប្រចាំសប្ដាហ៍ទី៣នេះផងដែរ គេហទំព័រហេលស៍ថាម ក៏នៅតែបន្តដាក់ផ្សាយនូវអត្ថបទដែលជាចំណះដឹងផ្នែកសុខាភិបាល នឹងគន្លឹះក្នុងការរស់នៅខ្លះៗមកចែកជូនមិត្តអ្នកអានទាំងអស់សម្រាប់ជាចំណេះដឹងទូទៅ និងជាវិធីបង្ការ ឬការពារសុខភាពសម្រាប់មនុស្សជាស្រលាញ់ និងខ្លួនអ្នកផ្ទាល់... ក្នុងនោះផងដែរ អត្ថបទដែលទទួលបានការពេញនិយមអានជាងគេប្រចាំសប្ដាហ៍នោះរួមមានដូចខាងក្រោម... គុណប្រយោជន៍នៃដំឡូងជ្វា ចំពោះសុខភាព លោកអ្នកធ្លាប់ទទួលទានដំឡូងជ្វាទេ? ដំឡូងជ្វា គឺមានផ្ទុកនូវជាតិសរសៃស្ទើរតែ២ដងច្រើនជាងប្រភេទដំឡូងផ្សេងៗទៀត។ ក្នុងដំឡូងជ្វាមួយផ្លែមានផ្ទុកនូវជាតិសរសៃប្រមាណជា៧ក្រាម ដែលវានឹងបង្កើតបានជាជាតិម៉្សៅដ៏ល្អម៉្យាងបន្ថែមលើរបបអាហារគ្រប់ប្រភេទ។ កម្រិតជាតិសរសៃដ៏ខ្ពស់នេះបានផ្ដល់នូវគុណភាពនៃការដុតបំផ្លាញចំណីដ៏យឺតក្នុងរាងកាយដែលវាមានន័យថា ថាមពលកាឡូរីនឹងត្រូវបានប្រើប្រាស់យ៉ាងយឺតៗ និងមានប្រសិទ្ធភាពជាងពពួកអាហារ កាបូអ៊ីដ្រាតដែលមានជាតិសរសៃទាប  យល់ដឹងពីជំងឺរបើកបាតភ្នែក យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ងី ម៉េង ជាប្រធាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាម្ចាស់គ្លីនិកភ្នែក ម៉េង រ័ត្ននីនបានឲ្យដឹងថា ជំងឺរបើកបាតភ្នែកគឺជាជាការរបើកចេញពីគ្នារវាងកោសិកាស្រទាប់បាទភ្នែកដែលមានមុខងារក្នុងការចាប់រូបភាព និងការមើលឃើញ ដែលធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងការមើលឃើញ ឬពិការភ្នែក…… កាត់បន្ថយការឡើងសម្ពាធឈាម ជាមួយនឹងវិធីដ៏មានប្រសិទ្ធភាពទាំងនេះ... សម្ពាធឈាម សំដៅដល់សម្ពាធនៃឈាមដែលហូរឆ្លងកាត់សរសៃឈាមរបស់រាងកាយអ្នក។ ប៉ុន្តែ នៅពេលកម្រិតឈាមលើសកំណត់ហូរឆ្លងកាត់សរសៃឈាម ជាហេតុបណ្ដាលឲ្យសម្ពាធឈាមរាងកាយមានការកើតឡើង។ សម្ពាធឈាម ត្រូវបានវាស់ស្ទង់ក្នុងដំណាក់កាលពីរលេខគឺ 120/80 ដំណាក់កាលលេខទី១ គឺវាស់ស្ទង់ថា តើបេះដូងអ្នកធ្វើការបូមឈាមជុំវិញសរសៃឈាមអាទ័រប្រកបដោយដោយប្រសិទ្ធភាព ឬយ៉ាងណា? ចំណែកប្រភេទលេខទី២ វិញនោះ ………… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះប៉ះពាល់ទៅលើស្ត្រីដែលមានគភ៌ប្រមាណ៦-៨%។ ជំងឺនេះសំដៅលើការកើនឡើងនៃសម្ពាធឈាមរហូតដល់ 140/90mmHg ឬខ្ពស់ជាងនេះ ក្រោយពីការពពោះបានរយៈពេល២០សប្ដាហ៍ ដោយមិនមានរោគសញ្ញាសំខាន់ៗនៃជំងឺបម្រុងក្រឡាភ្លើង។ ប្រសិនបើសម្ពាធឈាមនៅពេលមានផ្ទៃពោះកើនឡើងរឹតតែខ្ពស់ និងរយៈពេលនៃការកើតមាននេះកាន់តែឆាប់ នោះការប្រឈមនឹងបញ្ហាផ្សេងៗកើតមានកាន់តែខ្ពស់។  ម្នាក់ក្នុងចំណោម៤នាក់នៃអ្នកជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះនឹងបន្តកើតជំងឺបម្រុងក្រឡាភ្លើង អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល ឬបន្ទាប់ពីសម្រាល។ តើអ្វីខ្លះ ជាកត្តាជម្រុញឲ្យកើតមានជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះ? កត្តាជម្រុញឲ្យមានជំងឺនេះនឹងមាន ប្រសិនបើអ្នក៖ -មានគភ៌ជាលើកដំបូង -ធាត់ជ្រុល -មានអាយុលើសពី៤០ឆ្នាំ -មានសញ្ជាតិជាអាមេរិកកាត់អាហ្រ្វិច -ធ្លាប់មានប្រវត្តិ ឬមានក្រុមគ្រួសារកើតជំងឺនេះ ឬជំងឺបម្រុងក្រឡាភ្លើង -មានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ឬជំងឺទឹកនោមផ្អែម -មានគភ៌ដែលកំពុងពពោះជាកូនភ្លោះ។ តើរោគសញ្ញានៃជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះអាចមានអ្វីខ្លះ? រោគសញ្ញាសំខាន់ គឺសម្ពាធឈាមកើនឡើងពេលមានផ្ទៃពោះ ឯរោគសញ្ញាផ្សេងទៀតមានដូចជា ឈឺពោះ ឈឺក្បាលខ្លាំង បញ្ហាលើគំហើញ កម្រិតទឹកនោមថយចុះ ឬគ្មានតែម្ដង វត្តមានឈាមក្នុងទឹកនោម មានអារម្មណ៍ស្រាលក្បាល ឬអារម្មណ៏ក្អួតចង្អោរខ្លាំងជាដើម។  តើជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះមានផលប៉ះពាល់អ្វីខ្លះ? ជំងឺនេះអាចធ្វើឲ្យឈាមដែលហូរទៅកាន់សុកថយចុះជាហេតុបង្កឲ្យទារកមានទម្ងន់ស្រាល។ បើទោះជាផលប៉ះពាល់ខាងក្រោមនេះមិនសូវមាន ប៉ុន្តែជំងឺលើសឈាមនៅពេលមានផ្ទៃពោះអាចឲ្យមានបញ្ហាដូចជា៖  -ការដាច់ចេញនៃសុក -ម្ដាយប្រកាច់ -ខ្សោយតម្រងនោមបណ្ដោះអាសន្ន -បញ្ហាទៅលើថ្លើម -បញ្ហាកំណកឈាម -ការសម្រាលកូនទាំងមិនទាន់គ្រប់ខែ។ តើជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះអាចគ្រប់គ្រងបានដោយវិធីណាខ្លះ? ប្រសិនបើជំងឺនេះមានលក្ខណៈស្រាលទេ អ្នកអាចព្យាបាលនៅផ្ទះបានដោយការសម្រាកនៅក្នុងបរិយាកាសមួយដែលស្ងៀមស្ងាត់ កាត់បន្ថយសកម្មភាពផ្សេងៗដោយការសម្រាកបែបទៅខាងឆ្វេង និងអនុវត្តការបរិភោគអាហារតាមការណែនាំរបស់គ្រូពេទ្យ។ ប៉ុន្តែប្រសិនជាវាមានសភាពធ្ងន់ធ្ងរវិញ (សម្ពាធឈាមនៅត្រឹម 160/110mmHg ឬខ្ពស់ជាងនេះ) អ្នកជំងឺត្រូវបានឲ្យពិសាថ្នាំបញ្ចុះសម្ពាធឈាម និងត្រូវគេងពេទ្យដល់ពេលសម្រាល។  តើជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះនឹងបាត់ទៅវិញ ក្រោយពេលសម្រាលដែរឬទេ ? ស្ត្រីដែលមានបញ្ហានេះតែងតែមានសម្ពាធឈាមប្រែមកពីធម្មតាវិញ ក្រោយពេលសម្រាល។ ប៉ុន្តែស្ត្រីមួយចំនួន សម្ពាធឈាមរបស់គាត់នៅខ្ពស់ដដែល។ ប្រសិនបើសម្ពាធឈាមអ្នកនៅតែខ្ពស់បន្ទាប់ពីសម្រាលបានយ៉ាងតិចណាស់៣ខែ ស្ថានភាពនេះហៅថា«ការលើសសម្ពាធឈាមរុំាំរ៉ៃ (chronic hypertension)»។ ដូច្នេះ ស្ត្រីមានផ្ទៃពោះគ្រប់រូបគួរតែអញ្ជើញទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកកត់សម្គាល់នូវសភាពដូចជា ការថយចុះនៃចលនារបស់គភ៌ ការកន្ត្រាក់នៃស្បូន អារម្មណ៍ក្អួតចង្អោរដែលមិនអាចដោះស្រាយបាន មានការហូរឈាមតាមទ្វារមាស និងរោគសញ្ញាជាច្រើនទៀតដែលធ្វើឲ្យអ្នកបារម្ភ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានកិត្តិយសសូមជម្រាបជូន លោក លោកស្រី អ្នកនាងកញ្ញា ជាមន្ត្រីរាជការមន្ទីរពេទ្យ និងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា៖ គ្រូពេទ្យផ្នែក ប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួមសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង មានធ្វើការពិនិត្យជូនដោយឥតគិតថ្លៃដូចជា៖  -ធ្វើការពិនិត្យ-ពិគ្រោះ  -ព្យាបាលជំងឺរន្ធបាត (ឫសដូងបាត រហែកគូថ និងបូសអន្ទង់....) រយៈពេលចំនួន០៣ ថ្ងៃចាប់ពីថ្ងែទី៣០ ខែមេសា ដល់ថ្ងែទី០២ ខែឩសភា ឆ្នាំ២០១៨ ខាងមុខនេះ.... កាលបរិច្ឆេទ៖ ចាប់ពីថ្ងែទី៣០ ខែមេសា ដល់ថ្ងែទី០២ ខែឩសភា ឆ្នាំ២០១៨ -ព្រឹក ចាប់ពីម៉ោង ០៨:០០ ដល់ម៉ោង ១២:០០ ពិនិត្យនិងពិគ្រោះជំងឺ -រសៀល ចាប់ពីម៉ោង ១៣:៣០ ដល់ម៉ោង ១៧:៣០ ព្យាបាលដោយវះកាត់ អាស្រ័យហេតុដូចនេះ សូមប្រជាជនទាំងអស់ជ្រាបជាព័ត៌មាន៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការហូរឈាមច្រមុះ គឺជាបញ្ហាសុខភាពមួយ ដែលភាគច្រើនកើតនៅលើបុគ្គលដែលមានអាយុចន្លោះពី២ទៅ១០ និង ៥០ទៅ៨០ឆ្នាំ។ ជាសំណាងល្អ បញ្ហានេះច្រើនមានលក្ខណៈមិនធ្ងន់ធ្ងរ និងបាត់ទៅវិញឯកឯង ប៉ុន្តែ ពេលខ្លះវាអាចកើតឡើងមានជាញឹកញាប់។ ការហូរឈាមច្រមុះបង្កឡើងដោយមូលហេតុជាច្រើន​ដែលក្នុងនោះក៏មានជំងឺលើសសម្ពាធឈាមផងដែរ។ ប្រភពនៃការហូរឈាមច្រមុះមាន២ គឺ ៩០%មកពី little area ដែលនៅផ្នែកខាងមុខនៃច្រមុះ ឯ១០% ទៀតមកពីផ្នែកខាងក្រោមនៃច្រមុះ។  ការហូរឈាមច្រមុះកើតឡើងដោយសារការខូចខាតទៅលើសរសៃឈាមនៅស្រទាប់ភ្នាសជាលិកានៃច្រមុះ ឬឈាមកំណកឈាម។ មូលហេតុនៃការហូរឈាមច្រមុះមាន ៖ -ការប៉ះទង្គិច ៖ រួមមានការកេះច្រមុះ ការប៉ះទង្គិចមុខ មានការបង្ករោគនៅច្រមុះ ឬរន្ធឆ្អឹងច្រមុះ ឬវៀចសន្ទះច្រមុះ  -បរិស្ថាន ៖ ដូចជាអាកាសធាតុក្ដៅស្ងួត ឬការស្រូបចូលខ្យល់ស្ងួតរយៈពេលយូរ -ការបង្កដោយបុគ្គលិកសុខាភិបាល ៖ ដូចជាការដាក់សុកក្រពះ ឬការដាក់សុង intubation តាមច្រមុះ -ឱសថ ៖ ដូចជាការលាក corticosteroids and antihistamines ឬថ្នាំបង្ការឈាមកក (Aspirin, Warfarin, Platelet inhibitors) -បញ្ហាកំណកឈាម ៖ មានដូចជាបញ្ហាកំណកឈាមពីកំណើត អណ្ដើករីក ប្លាកែតចុះទាប ជំងឺប្លាកែត ជំងឺថ្លើម ខ្សោយតម្រងនោម ការពិសាគ្រឿងស្រវឹងច្រើន ឬអ្នកជំងឺអេដស៍ -បញ្ហាសរសៃឈាម ៖ សរសៃឈាមរឹង ក្រិនដុំសាច់ ការរីកប៉ោងនៃសរសៃឈាម ការវៀចឆ្អឹងសន្ទុះច្រមុះ -ជំងឺលើសសម្ពាធឈាម ៖ ការលើសសម្ពាធឈាមរយៈពេលយូរអាចធ្វើឲ្យមានការផុយស្រួយនៃសរសៃឈាម ។ ការហូរឈាមច្រមុះច្រើនកើតមាននៅលើច្រមុះម្ខាងតែប៉ុណ្ណោះ។ ប្រសិនជាការហូរឈាមនេះខ្លាំងនោះ ឈាមអាចនឹងច្រានចូលទៅម្ខាងទៀតធ្វើឲ្យមានការហូរឈាមមកទាំងសងខាងនៃរន្ធច្រមុះ។ ឈាមនេះក៏អាចហូរចូលទៅក្នុងក្រពះ នាំឲ្យមានឈាមនៅក្នុងកំហាក ឬក៏ក្អួតឈាមផែរ។  ការគ្រប់គ្រងបញ្ហាហូរឈាមច្រមុះអាចចាប់ផ្ដើមដំបូងដោយជួយសង្គ្រោះភ្លាមៗ ប្រសិនបើមានសញ្ញានៃការខ្វះឈាម។ បន្ទាប់មក ស្វែងរកកន្លែងដែលហូរឈាម ឃាត់ឈាម និងព្យាបាលមូលហេតុនៃការហូរឈាមនេះ។ ការឃាត់ឈាមមិនហូរ អ្នកអាចធ្វើបានតាមរយៈការស្អំទឹកកក ឬការសង្កត់ច្រមុះ។ ប្រសិនបើបរាជ័យ អ្នកអាចទៅមន្ទីរពេទ្យ ដើម្បីដុតកន្លែងហូរឈាម ហើយបើឈាមនៅតែបន្តហូរ អ្នកអាចញាត់ស្បៃរុំរបួស ដើម្បីឃាត់ឈាម។ វិធីសាស្ត្រចុងក្រោយ គឺការចងសរសៃឈាម។  ការស្លាប់ដោយសារការហូរឈាមច្រមុះជាករណីកម្រ ហើយជាទូទៅតែងតែមកពីការហូរឈាមច្រើនពេកនាំឲ្យមានកង្វះឈាម។ ការការពារបញ្ហាហូរឈាមច្រមុះនេះអាចធ្វើបានតាមរយៈ៖ -ការប្រើប្រាស់ស្ព្រៃយ៍បាញ់ឲ្យមានសំណើម -ការកណ្ដាស់ដោយមាត់ចំហ -ចៀសវាងការលូកកេះច្រមុះ -ចៀសវាងអាហារហិល -ចៀសវាងការងូតទឹកក្ដៅ -ចៀសវាងឱសថ Aspirin និងNSAIDs ផ្សេងទៀត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

១. ដូចម្ដេចដែលហៅថាជំងឺរបើកបាតភ្នែក? វាជាការរបើកចេញពីគ្នារវាងកោសិកាស្រទាប់បាទភ្នែកដែលមានមុខងារក្នុងការចាប់រូបភាព និងការមើលឃើញ ដែលធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងការមើលឃើញ ឬពិការភ្នែកបើមិនព្យាបាលទាន់ពេលវេលា។  ២. តើជំងឺរបើកបាតភ្នែកកើតឡើងដោយសារអ្វី ? ជំងឺរបើកបាតភ្នែកកើតឡើងដោយសារមូលហេតុជាច្រើនតាមប្រភេទរបស់ការរបើកដូចជា៖  -ជំងឺរបើកបាតភ្នែកដោយមានប្រហោង កើតឡើងដោយសារការប៉ះទង្គិចផ្ទាល់នូវភ្នែក ឬក្បាលដោយកត្តាណាមួយ។ ការដាច់ចេញនៃសារធាតុចាហួយបាតភ្នែក ដែលបង្កើតជាកម្លាំងទាញ។ ភាពម៉្ញូបដែលមានដឺក្រខ្ពស់ ឬការបើកដែលអាចកើតឡើងដោយឯកឯង។  -ជំងឺរបើកបាតភ្នែកដោយសារការគ្មានប្រហោងដែលកើតឡើងដោយសារជំងឺទឹកនោមផ្អែម ឬទារកកើតមិនគ្រប់ខែ។ -ជំងឺរបើកបាតភ្នែកដោយសារការរលាកបាតភ្នែក ដូចជាជំងឺរលាកបាតភ្នែករុំាំរ៉ៃ ការដុះដុំសាច់ ឬការដុះសរសៃឈាមថ្មីក្នុងបាតភ្នែក។  ៣.តើរោគសញ្ញារបស់ជំងឺរបើកបាតភ្នែកមានអ្វីខ្លះ?  អ្នកជំងឺរបើកបាតភ្នែកអាចគ្មានអាការៈអ្វីខុសធម្មតា នៅពេលដែលមានការរបើកមានប្រហោងតូច ឬនៅកម្រិតចាប់ផ្ដើម។  អ្នកជំងឺអាចមានថយចុះនៃគំហើញ និងពេលខ្លះអាចមានអារម្មណ៍ថា ដូចជាមានផ្ទាំងខ្មៅងងឹតមកបាំងនៅលើ ឬខាងក្រោមនៃភ្នែក អាស្រ័យទៅលើទីតាំងនៃកន្លែងរបើក។ អ្នកជំងឺក៏អាចមានអារម្មណ៍ថាមានដូច ជាភ្លើងផ្លេកបន្ទោរភ្លឺមួយពព្រិចភ្នែករួចបាត់រួចបាត់ទៅវិញបួករួមនឹងការមើលឃើញស្រមោលល្អិតៗដែលរត់កាត់មុខភ្នែក។ ៤.តើអ្នកណាខ្លះដែលប្រឈមនឹងជំងឺរបើកបាតភ្នែកនេះ ? អ្នកដែលប្រឈមនឹងជំងឺប្រភេទនេះមានដូចជាអ្នកដែលធ្លាប់ជួបការប៉ះទង្គិច។ អ្នកដែលមានដឺក្រេម៉្ញូបខ្ពស់លើសពី៦០០ ដឺក្រេ ឬធ្លាប់មានប្រវត្តិរបើកបាតភ្នែកនៅភ្នែកម្ខាងទៀត។ មនុស្សចាស់អាយុកលើសពី៥០ឆ្នាំ ឬមានរួមផ្សំជាមួយជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺភ្នែកដទៃទៀត។ ប៉ុន្តែពេលខ្លះជំងឺនេះអាចកើតមានដោយខ្លួនឯកឯងដោយមិនបាច់មានកត្តាប្រឈមទាំងនេះឡើយ។  ៥. តើអ្នកជំងឺរបើកបាតភ្នែកអាចព្យាបាលបានដែរឬទេ ? ចំពោះប្រហោងបាតភ្នែកនៅបាតភ្នែកដែលមិនទាន់ឈានទៅដល់ការរបើកបាតភ្នែកការបាញ់កាំរស្មីបិទប្រហោងជាវិធីបង្ការមួយដែលមានប្រសិទ្ធភាព និងអាចបញ្ជៀសមិនឲ្យមានការរបើកបាតភ្នែកទៅថ្ងៃក្រោយ។ចំពោះភ្នែកដែលឈានដល់ការរបើករួចហើយ ការវះកាត់គឺជាជម្រើសតែមួយគត់។ ការវះកាត់នេះតម្រូវឲ្យមានការដាក់បញ្ជូលហ្គាស ឬស៊ីលីកូនចូលក្នុងភ្នែកដើម្បីឲ្យមានការបិទជិតឲ្យបានល្អនៃបាតភ្នែកហើយពេលខ្លះក៏តម្រូវឲ្យមានការចាញ់កាំរស្មីបន្ថែមទៅលើស្នាមរហែកស្របពេលកំពុងវះកាត់ ដើម្បីបង្ការកុំឲ្យមានការរើឡើងវិញនៃជំងឺនេះ ៕ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង ឯកទេសចក្ខុរោគ និងជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាននៃ គ្លីនិកភ្នែក ម៉េង រ័ត្ននីន ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្ពាធឈាម សំដៅដល់សម្ពាធនៃឈាមដែលហូរឆ្លងកាត់សរសៃឈាមរបស់រាងកាយអ្នក។ ប៉ុន្តែ នៅពេលកម្រិតឈាមលើសកំណត់ហូរឆ្លងកាត់សរសៃឈាម ជាហេតុបណ្ដាលឲ្យសម្ពាធឈាមរាងកាយមានការកើតឡើង។ សម្ពាធឈាម ត្រូវបានវាស់ស្ទង់ក្នុងដំណាក់កាលពីរលេខគឺ 120/80 ដំណាក់កាលលេខទី១ គឺវាស់ស្ទង់ថា តើបេះដូងអ្នកធ្វើការបូមឈាមជុំវិញសរសៃឈាមអាទ័រប្រកបដោយដោយប្រសិទ្ធភាព ឬយ៉ាងណា? លេខទី២ គឺវាស់ស្ទង់បេះដូងរបស់អ្នកបានសម្រាកសមស្រប ឬទេនៅចន្លោះចង្វាក់បេះដូង។ មនុស្សដែលមានសម្ពាធឈាមលើសពី140/90 (ឬលើសពីនេះ) វាធ្វើឲ្យកើតឡើងឱកាសនៃការកើតឡើងនៃជំងឺមួយចំនួនដូចជា ដំងឺដាច់សរសៃឈាមក្នុងខួរក្បាល ការខ្សោយតម្រងនោម និងជំងឺបេះដូង។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ដែលអ្នកអាចអនុវត្តដើម្បីកាត់បន្ថយគ្រោះថា្នក់នៃការឡើងសម្ពាធឈាម៖  ១. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង  គឺជារឿងដ៏សំខាន់បំផុតក្នុងការអនុវត្ត ប្រសិនបើអ្នកចង់ឲ្យសម្ពាធឈាមរបស់អ្នកស្ថិតនៅក្រោមការគ្រប់គ្រង។ មិនថាអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំ ឬពិសាច្រើនដល់ថ្នាក់ស្រវឹងខ្លាំងនោះទេ ក៏គ្រោះថ្នាក់នៅតែមានទ្រង់ទ្រាយធំសម្បើមគួរឲ្យកត់សម្គាល់ដដែល ដូច្នេះ សូមកំណត់បរិមាណក្នុងការទទួលទានគ្រឿងស្រវឹងនេះឲ្យបានសមស្រប។  ២. មិនទទួលទានអាហារដែលប្រៃពេក សូមឲ្យប្រាកដថាអាហារអ្នកទទួលទានមិនប្រៃខ្លាំងនោះទេ។ អំបិលអាចបន្ថែមឲ្យអាហារមានរសជាតិឆ្ងាញ់ ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់សម្ពាធឈាម  ដោយបណ្តាលឲ្យស្រទាប់ខ្លាញ់កពូននៅក្នុងសរសៃឈាមអាកទ័ររបស់អ្នកផងដែរ។ ហេតុដូច្នេះ សូមកាត់បន្ថយអំបិលនៅក្នុងរបបអាហាររបស់អ្នក ហើយអ្នកនឹងឃើញភាពខុសប្លែកមិនខាន។  ៣. ​ធ្វើលំហាត់ប្រាណ មិនថាអ្នកប្រាថ្នាចង់សម្រកទម្ងន់ ឬរក្សារូបរាងឲ្យនៅដដែលនោះទេ ការធ្វើលំហាត់ប្រាណគឺជាប្រការចាំបាច់ដែលអ្នកត្រូវធ្វើ។ សូមអនុវត្តការហាត់ប្រាណមួយឲ្យបានជាក់លាក់ ហើយត្រូវប្រកាន់ភ្ជាប់នូវទម្លាប់នោះ។ ការហាត់ប្រាណជួយឲ្យអ្នកមានទម្លាប់រហ័សរហួន មានភាពអំណត់ និងរក្សារាងកាយអ្នកឲ្យមានសុខភាពល្អ។  ៤. បង្កើនការស្រូបយកជាតិប៉ូតាស្យូម សារធាតុនេះជួយរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយរបស់អ្នក ក្រៅពីនេះវាមានប្រសិទ្ធភាពគ្រប់គ្រងជាតិអាស៊ីតទៀតផង។ ជាតិប៉ូតាស្យូមជួយគ្រប់គ្រងលំហូរឈាម ដែលហូរកាត់សរសៃអាទ័ររបស់អ្នក ដើម្បីផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សាច់ដុំរបស់អ្នក ។ ចំណីអាហារដូចជា ចេក ដំឡូងបារាំង ត្រសក់ ក្រូចពោធិ៍សាត់ ស្ពៃក្ដោប ប៉េះប៉ោះ ផ្កាខាត់ណា ស្លឹកផ្ទី អាហារទាំងនេះសម្បូរទៅដោយជាតិប៉ូតាស្យូម។ ៥. បញ្ឈប់ការជក់បារី  ប្រសិនបើអ្នកជាអ្នកជក់បារី អ្នកចាំបាច់ត្រូវបញ្ឈប់វាឲ្យបានជាដាច់ខាត។ ការជក់បារីត្រូវបានគេឲ្យដឹងថាធ្វើឲ្យឡើងសម្អាធឈាម ពីព្រោះកាកសំណល់ជាតិពុលពីថ្នាំជក់ និងផ្សែងធ្វើឲ្យគ្រោះថ្នាក់ដល់កោសិកាឈាម និងសរសៃឈាម។  ៦. ទទួលទានពពួកបន្លែ និងផ្លែឈើ សូមប្រាកដថារបបអាហាររបស់អ្នកមាននូវបន្លែ និងផ្លែឈើច្រើនគួរសម។ ប្រភេទបន្លែ  និងផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹម សារធាតុរ៉ែសំខាន់ៗ និងវីតាមីនច្រើនប្រភេទដែលជំនួយដល់ការគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ងុំ អាយុ២៤ឆ្នាំ មានបញ្ហាឈឺច្រមុះ ហើយធ្លាប់ដុតសាច់ច្រមុះបាន៣សប្ដាហ៍ហើយនៅមន្ទីរពេទ្យរដ្ឋ ប៉ុន្តែឥឡូវខ្ងុំមានអាការៈឈឺ ហៀរសំបោរ និងហឹងត្រចៀក តើហេតុអ្វីបានជាមានអាការៈទាំងនេះកើតឡើង? តើមានការព្យាបាលណា ដែលល្អប្រសើរជាងការដុតនេះដែរឬទេ? ចម្លើយ ៖ សាច់ច្រមុះ គឺមានស្រាប់ពីធម្មជាតិ (Turbinate) ដែលអ្នកអាចមើលឃើញក្នុងរន្ធច្រមុះ។ ពេលវារីកធំ ភាសាធម្មតានិយមហៅថាដុះសាច់ច្រមុះ តែតាមពិតជាការរីកធំនៃសាច់ច្រមុះលើសទំហំធម្មជាតិ ដែលការដុតសាច់ច្រមុះជាជម្រើសមួយក្នុងការព្យាបាល ប្រសិនបើការរីកនេះនៅបន្តយូររ៉ាំរ៉ៃ។ នេះបញ្ជាក់ថា ច្រមុះរបស់លោកស្រីនៅមានបញ្ហា រលាក ហើម នៅឡើយ គឺមិនមែនដោយសារការដុតច្រមុះនោះទេ យើងអាចប្រើប្រាស់ថ្នាំបានដោយមិនចាំបាច់ធ្វើអ្វីទៀតទេ ប្រសិនអ្នកជំងឺមិនមានវៀចឆ្អឹងច្រមុះទេ។ ប៉ុន្តែតម្រូវឲ្យពិនិត្យច្បាស់លាស់ ដើម្បីធ្វើការវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ ៖ សាស្រ្តាចារ្យ ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top