Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺគ្រុនឈាម ជាទូទៅត្រូវបានដឹងថាជាជំងឺដែលងាយនឹងរងគ្រោះទៅលើកុមារ ក៏ប៉ុន្តែជំងឺនេះក៏អាចកើតមានចំពោះមនុស្សពេញវ័យ ឬមនុស្សធំផងដែរ។ជំងឺគ្រុនឈាមហាក់បីដូចជាលែងក្លាយទៅជាប្រធានបទក្តៅជាយូរមកហើយក្រោយពីមានយុទ្ធនាការប្រឆាំងនឹងជំងឺនេះជាច្រើនកន្លងមកពីសំណាក់ក្រសួងសុខាភិបាល ក៏ប៉ុន្តែជំងឺនេះនៅតែមិនអាចធ្វេសប្រហែសបានឡើយ ត្បិតតែក្នុងពេលបច្ចុប្បន្ននេះករណីជំងឺគ្រុនឈាមដែលកើតឡើងនៅតែមានច្រើន។ ជាក់ស្តែង នៅមន្ទីរពេទ្យកាល់ម៉ែតផ្ទាល់ ស្ថិតក្រោមការតាមដានរយៈពេល ៦ខែចុងក្រោយនេះ (ចាប់ពីខែតុលាឆ្នាំ២០១៧ ដល់ខែមីនាឆ្នាំ២០១៨) មានចំនួនសរុបប្រហែលជាង ១៦៥ ករណីសង្ស័យជាជំងឺគ្រុនឈាមកើតឡើងចំពោះមនុស្សពេញវ័យ។ ក្នុងចំណោមនោះ ករណីដែលផ្ទៀងផ្ទាត់ដោយតេស្ត Serology NS1 ផ្តល់លទ្ធផលវិជ្ជមានមានលើសពី១០០ករណីរីឯករណីផ្សេងទៀតផ្តល់លទ្ធផលអវិជ្ជមានក្នុងតេស្ត Serology NS1 ប៉ុន្តែមានការលេចឡើងនូវសញ្ញាគ្លីនិកសង្ស័យមួយចំនួន ដែលពុំមែនមានន័យថាអ្នកជំងឺមិនមានជំងឺគ្រុនឈាមឡើយ។ និយមន័យនៃជំងឺគ្រុនឈាម ជំងឺគ្រុនឈាមចំពោះមនុស្សធំ មិនខុសពីជំងឺគ្រុនឈាមកើតលើកុមារឡើយ ដោយវាកើតឡើងពីការខាំរបស់មូសខ្លាញី Aedes ដែលមានមេរោគ Flavirvirusបញ្ចូលទៅក្នុងខ្លួនរបស់មនុស្ស និងធ្វើឲ្យមនុស្សឈឺ។ជំងឺនេះត្រូវបានហៅថាជំងឺគ្រុនឈាមដោយសារតែវាអាចផ្តល់ជារោគសញ្ញាគ្រុនក្តៅ និងការហូរឈាម។ ប្រភេទនៃជំងឺគ្រុនឈាមដែលកើតលើមនុស្សពេញវ័យ គ្រុនឈាមត្រូវបានបែងចែកចេញជាបីប្រភេទផ្សេងៗគ្នា Dengue Fever, Dengue Hemorrhagic Fever និង Dengue Shock Syndrome។ ជាទូទៅមនុស្សធំច្រើនតែមានទំនោរនឹងកើតមានជំងឺគ្រុនឈាមកម្រិត Dengue Fever ច្រើនជាង Dengue Hemorrhagic Fever ផ្ទុយពីកុមារដែលច្រើនតែកើត Dengue Hemorrhagic Fever ច្រើនជាង Dengue Fever ប៉ុន្តែប្រសិនបើមនុស្សធំមាន Dengue Hemorrhagic Fever វិញនោះស្ថានភាពនឹងអាក្រក់ជាងការដែលកើតលើកុមារ។ យន្តការនៃជំងឺគ្រុនឈាម មេរោគគ្រុនឈាមនឹងត្រូវបានចម្លងទៅកាន់មនុស្សក្រោយពីមូសខ្លាញី Aedes ខាំ  ដែលដំបូងមេរោគនេះគឺនៅក្រោមស្បែកប៉ុណ្ណោះ   ប៉ុន្តែភ្នាក់ងារបង្ហាញអង់ទីហ្សែនរបស់ខ្លួនយើង ដែលជាពពួក Antigen-presenting cells (APCs)ជាអ្នកចាប់យកមេរោគនេះទៅទីកន្លែងផ្សេងៗ ហើយនាំយករហូតដល់ក្នុងសរសៃឈាមដើម្បីឲ្យរាងកាយផលិតជាអង់ទីករកម្ចាត់មេរោគទាំងនេះ។ស្របពេលជាមួយគ្នានេះដែរ សរីរាង្គរបស់អ្នកជំងឺក៏បានបញ្ចេញនូវពពួកសារធាតុគីមីមួយចំនួនក្នុងរាងកាយរបស់យើងគឺពពួក ProinflammatoryដូចជាពពួកInterleukins  និងCytokines មួយចំនួន ដែលសារធាតុទាំងនោះអាចទៅបំផ្លាញសរសៃឈាមរបស់អ្នកជំងឺហើយអាចបង្កឲ្យមានការហូរឈាម។ គួរបញ្ជាក់ថា កម្រិតនៃជំងឺគ្រុនឈាម ក៏ត្រូវបានសម្គាល់ដោយចលនការ Proinflammation នេះផ្ទាល់ផងដែរ ហើយកម្រិតនីមួយៗកើតឡើងអាស្រ័យនឹងការឆ្លើយតបនៃរាងកាយរបស់មនុស្សម្នាក់ៗ។ ចំណែកពពួក Antigens (NS1) របស់មេរោគនឹងបាត់ពីក្នុងឈាមរបស់អ្នកជំងឺទៅវិញនៅចន្លោះថ្ងៃទី៣ ឬទី៤បន្ទាប់ពីចាប់ផ្តើមមានការក្តៅខ្លួន។   កត្តាប្រឈម ដូចគ្នាផងដែរ កត្តាប្រឈមនៃជំងឺគ្រុនឈាមចំពោះមនុស្សធំគឺ ពុំមានមូលហេតុដែលពិសេសជាងករណីកើតលើកុមារឡើយ មានន័យថា មិនថាអ្នកមានជំងឺទឹកនោមផ្អែម លើសឈាម ឬអ្នកពិសាស្រាច្រើន  ក្មេង ឬចាស់នោះឡើយ  គឺសុទ្ធតែអាចប្រឈមនឹងជំងឺនេះបានដូចគ្នាឲ្យតែគាត់ត្រូវបានមូសខ្លាញីខាំ (ជាពិសេសការស្ថិតនៅទីកន្លែងងងឹតក្នុងពេលថ្ងៃ)។ រោគសញ្ញា ចំពោះមនុស្សធំដែលច្រើនមានជំងឺគ្រុនឈាមអាចចេញជារោគសញ្ញាដូចជា៖ •កម្រិត Dengue Fever (DF)៖ ក្តៅខ្លួន (កើតមានសឹងមនុស្សគ្រប់គ្នា) ឈឺក្បាល ក្អួត ចង្អោរ និងការឈឺសាច់ដុំឬឈឺចុកចាប់នៅក្នុងសន្លាក់ហើយពេលខ្លះអាចលេចចេញជាកន្ទួលក្រហមនៅលើស្បែក។ •កម្រិត Dengue Hemorrhagic Fever (DHF)៖ រោគសញ្ញានៃការហូរឈាម ឬហៅថាPlasma leakage syndrome។ ការហូរឈាមអាចមានជាការហូរឈាមធ្ងន់ធ្ងរ និងហូរឈាមតិចតួច ដែលក្នុងនោះករណីហូរឈាមតិចតួចមានដូចជាការហូរឈាមក្រោមស្បែក (purpura or petechiae)ដែលច្រើនកើតមាននៅលើដៃនិងជើង  ឬហូរឈាមអញ្ចាញធ្មេញនៅពេលដុសធ្មេញ ឬខ្លះហូរឈាមច្រមុះជាដើម។ រីឯការដែលហូរឈាមខ្លាំង   អាចមានជាការហូរឈាមតាមប្រព័ន្ធរំលាយអាហារ (ការក្អួតឈាមឬការបត់ជើងចេញឈាម)   ហើយដែលករណីខ្លះធ្ងន់ធ្ងររហូតដល់ត្រូវការការបញ្ចូលឈាមទៀតផង។ •កម្រិតធ្ងន់ធ្ងរ Dengue Shock Syndrome(DSS)៖ អាចនឹងមានការធ្លាក់ចុះនៃសម្ពាធឈាមជីពចរដើរញាប់ ដែលជាទូទៅបណ្តាលមកពីអ្នកជំងឺបាត់បង់គ្រាប់ឈាម និងប្លាស្មា ដោយសារការខូចខាតនៃសរសៃឈាម។ ជាធម្មតាជញ្ជាំងសរសៃឈាមទប់មិនឲ្យមានការហូរចេញនៃប្លាស្មាពីសរសៃឈាមឡើយ តែកាលណាមានមេរោគគ្រុនឈាម វាអាចទៅបង្កើតជាបណ្តុំអង់ទីករអង់ទីហ្សែនដែលនាំឲ្យមានការបញ្ចេញសារធាតុProinflammatory ទៅបំផ្លាញស្រទាប់សរសៃឈាម ធ្វើឲ្យមានការហូរឈាម រួចក៏បង្កឲ្យមានការធ្លាក់ទាបនៃបរិមាណឈាម ដែលហៅថា Hypovolemic shock។ កម្រិតទី៣ នៃជំងឺគ្រុនឈាមនេះគឺជាកម្រិតធ្ងន់ធ្ងរដែលទាមទារឲ្យមានការព្យាបាលកម្រិតសង្គ្រោះបន្ទាន់ (ICU)។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺគ្រុនឈាមជាដំណាក់កាលដ៏សំខាន់បំផុតសម្រាប់គ្រូពេទ្យក្នុងការសន្និដ្ឋានអំពីជំងឺ ក្នុងនោះការធ្វើរោគវិនិច្ឆ័យរួមមាន៖ 1. ការធ្វើរោគវិនិច្ឆ័យលើរោគសញ្ញាគ្លីនិក៖  មេរោគគ្រុនឈាមគឺប្រភេទជាវីរុស ដែលអាចស្តែងជារោគសញ្ញាប្រហាក់ប្រហែលទៅនឹងការចម្លងរោគដោយពពួកវីរុសដទៃទៀតដូចជាជំងឺផ្តាសាយជាដើមដែលអាចមានរោគសញ្ញាដូចជាការក្តៅខ្លួន ឈឺសាច់ដុំ  ក្អួតចង្អោរ   ឈឺក្បាល(តែគ្រុនឈាមនឹងពុំមានអាការៈហៀរសម្បោរឡើយ)  រួមនឹងសញ្ញាមួយចំនួនទៀតដូចជាការឡើងកន្ទួលក្រហមលើស្បែក   និងការហូរឈាមតិចឬច្រើនផងដែរ។ ក្នុងនោះការធ្វើតេស្តនៅលើស្បែកដែលត្រូវបានគេស្គាល់ថាTourniquet Test  ដោយក្រុមគ្រូពេទ្យ  ក៏អាចដាក់ឲ្យមានការសង្ស័យផងដែរចំពោះជំងឺគ្រុនឈាមនេះបើសិនជាតេស្តនេះបង្ហាញលទ្ធផលវិជ្ជមាន។ 2. ការមើលឈាម (Hemogramme ឬ Full Blood Count (FBC)៖  ជាការរាប់គ្រាប់ឈាម ស ក្រហម និងប្លាកែត ដែលអាចជាសញ្ញានៃការវាយលុកដោយមេរោគគ្រុនឈាមបើ៖ - មានការធ្លាក់ចុះនៃប្លាកែត (តែជំងឺឆ្លងបង្កដោយវីរុស និងបាក់តេរីមួយចំនួនក៏បង្កឲ្យមានការធ្លាក់ចុះនៃប្លាកែតផងដែរ) - មានការកើនឡើងនៃ Hematocrit (កំហាប់ឈាមខាប់)   ដោយសារមេរោគគ្រុនឈាមអាចបង្កឲ្យមានការហូរចេញនៃប្លាស្មា ដែលធ្វើឲ្យបាត់បង់បរិមាណទឹករបស់ឈាមដែលស្ថិតនៅក្នុងសរសៃឈាម - មានការថយចុះ ឬមានការកើនឡើងបន្តិចបន្តួច របស់គ្រាប់ឈាមស។ 3. តេស្តឈាមរកអង់ទីហ្សែន (Serology NS1)៖ ជាការវាស់បរិមាណ អង់ទីហ្សែន NS1 នៅក្នុងឈាមរបស់អ្នកជំងឺ។ ក៏ប៉ុន្តែ ចំពោះតេស្តនេះផ្ទាល់ពុំអាចបង្ហាញលទ្ធផលទេប្រសិនបើអ្នកជំងឺចេញរោគសញ្ញាបាន ៤ ឬ ៥ថ្ងៃ រួចមកហើយនោះ ដោយសារតែ អង់ទីហ្សែនដែលបញ្ចេញដោយមេរោគបានបាត់ទៅវិញទៅហើយ។ 4. តេស្តឈាមរកអង់ទីករ (Serology antibod)៖   ក្នុងករណីដែលអ្នកជំងឺបានចេញរោគសញ្ញាលើសពី៤ ទៅ ៥ថ្ងៃមកហើយ តាមរយៈតេស្តនេះ  គ្រូពេទ្យនឹងតាមដានរកមើលអង់ទីករIgM ឬ IgG ដែលមិនបាត់ទៅវិញទោះអង់ទីហ្សែនរបស់មេរោគបានបាត់ទៅហើយក៏ដោយ។ 5. តេស្ត PCR Virus (Polymerase chain reaction)៖  ជាការពិនិត្យឈាមរកមើល DNAរបស់វីរុសផ្ទាល់តែម្តង។ ដោយឡែក តេស្តនេះគឺមានតម្លៃថ្លៃ   ហើយដែលគេនឹងមិនប្រើប្រាស់សម្រាប់ធ្វើរោគវិនិច្ឆ័យជាទូទៅឡើយ។ 6. តេស្តផ្សេងៗទៀត ៖ គួរឲ្យដឹងផងដែរថា  តេស្តមួយបែបទៀត ដែលហៅថាតេស្តរហ័ស (Rapid test) គឺជាតេស្តទាក់ទងនឹងការរកមើលពពួកមេរោគគ្រុនឈាមនៅក្នុងឈាមរបស់អ្នកជំងឺដែលតេស្តប្រភេទនេះអាចបង្ហាញលទ្ធផលឆាប់រហ័សនឹងមិនមានទាមទារឲ្យមានមន្ទីរពិសោធន៍ទំនើបឡើយ តែផលវិបាកដ៏ធំរបស់តេស្តប្រភេទនេះគឺការដែលអាចមានលទ្ធផលវិជ្ជមានច្រឡំដោយសារវាអាចមាន Cross reactionជាមួយនឹងប្រភេទមេរោគដទៃទៀតនាំឲ្យមានការធ្វើរោគវិនិច្ឆ័យខុស។ តេស្តនេះត្រូវបានប្រើប្រាស់សម្រាប់ករណីដែលយើងសង្ស័យភ្លាមៗប៉ុណ្ណោះប៉ុន្តែមិនអាចយកមកផ្ទៀងផ្ទាត់សម្រាប់សន្មតជំងឺឡើយ។ ដូចនេះ ជម្រើសនៃការធ្វើរោគវិនិច្ឆ័យនឹងជ្រើសរើសទៅតាមស្ថានភាព និងលទ្ធភាពដែលអាចធ្វើបាន។  ទោះយ៉ាងណា តេស្តដែលអាចកំណត់រោគវិនិច្ឆ័យបានច្បាស់ហើយមានភាពលម្អៀងតិចនោះគឺមានតែ Serology NS1,Serology Antibody និង PCR ប៉ុណ្ណោះ។   ការព្យាបាលជំងឺគ្រុនឈាម មកដល់បច្ចុប្បន្នពុំមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺគ្រុនឈាមឡើយនៅទូទាំងសកលលោកដូចនេះការព្យាបាលរបស់វាគឺអាស្រ័យនឹងរោគសញ្ញាដែលស្តែងចេញ។ - ករណីអ្នកជំងឺមាន Dengue Fever ដែលមិនបណ្តាលឲ្យមានការហូរឈាមខ្លាំងទេនោះគាត់ក៏មិនតម្រូវឲ្យសម្រាកព្យាបាលនៅពេទ្យ ឬបញ្ចូលសេរ៉ូមឡើយ  គឺគ្រាន់តែសម្រាកនៅផ្ទះ និងផឹកទឹកឲ្យបានច្រើនប៉ុណ្ណោះ   (មេរោគអាចធ្វើឲ្យឈាមចេញពីសរសៃឈាម   នាំឲ្យខ្វះជាតិទឹកក្នុងឈាម)។ - ករណីអ្នកជំងឺមាន Dengue Hemorrhagic Fever ដែលអាចបង្កឲ្យមានការថយចុះនៃប្លាកែត   នោះអ្នកជំងឺអាចនឹងត្រូវការការចាក់បញ្ចូលឈាម។ ប៉ុន្តែ គ្រូពេទ្យនឹងសាកល្បងធ្វើការបញ្ចូលសូលុយស្យុងមួយចំនួនជាមុនដូចជាColloid ឬករណីខ្លះ គេបញ្ចូលតែ ប្លាកែត ប៉ុណ្ណោះ ហើយបើសិនជាលទ្ធផលល្អគេនឹងមិនធ្វើការបញ្ចូលឈាមឡើយ។ សរុបមក ការព្យាបាលចំពោះជំងឺគ្រុនឈាមគឺមានការខុសគ្នាទៅតាមករណីនីមួយៗ ដែលនឹងត្រូវសម្រេចចិត្តដោយគ្រូពេទ្យក្រោយពីធ្វើការវិនិច្ឆ័យយ៉ាងល្អិតល្អន់ទៅលើស្ថានភាពរបស់អ្នកជំងឺ ឯការបញ្ចូលឈាមនឹងធ្វើទៅតាមក្រឹត្យក្រមដែលបានកំណត់ត្រឹមត្រូវដើម្បីចៀសវាងនូវផលវិបាកដោយសារការព្យាបាលទៅលើអ្នកជំងឺ។ម្យ៉ាងទៀត ជាទូទៅចំពោះមនុស្សធំដែលកើតមានជំងឺគ្រុនឈាមនឹងត្រូវបានណែនាំឲ្យចូលសម្រាកនៅមន្ទីរពេទ្យ ជាពិសេសគឺករណីមាន Dengue Hemorrhagic Fever (ដែលអាចចូលផ្នែកទូទៅ ឬផ្នែកសង្គ្រោះបន្ទាន់) ហើយក្នុងករណី Dengue Shock Syndrome គឺតម្រូវឲ្យចូលក្នុងផ្នែកសង្គ្រោះបន្ទាន់តែម្តង។ ទាក់ទងនឹងការតមចំណីអំឡុងពេលព្យាបាលក្នុងករណីជំងឺឆ្លងជាទូទៅដែលមិនថាជាជំងឺគ្រុនឈាម  ឬគ្រុនពោះវៀន វាជាការយល់ច្រឡំមួយរបស់ប្រជាជនភាគច្រើន។ ក្នុងករណីនេះ គ្រូពេទ្យនឹងណែនាំឲ្យមានការពិសាអាហារមានជីវជាតិឲ្យបានច្រើន ដើម្បីបំប៉នដល់សរីរាង្គ និងជាពិសេសដល់ពពួកគ្រាប់ឈាមស ដែលជាអ្នកប្រឆាំងនឹងមេរោគក្នុងខ្លួនរបស់យើង។ ករណីត្រូវប្រុងប្រយ័ត្ន ក្នុងករណីដែលមានរោគសញ្ញាក្តៅខ្លួន ហើយមានការសង្ស័យថាអាចជាជំងឺគ្រុនឈាម និងមុនពេលធ្វើរោគវិនិច្ឆ័យច្បាស់លាស់នោះ អ្នកជំងឺគួរចៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង ក្នុងនោះរួមមានពពួក NSAIDs និងអាស្ពីរីនជាដើម ពីព្រោះឱសថអាស្ពីរីនមានមុខងារទប់មិនឲ្យប្លាកែតចាប់ជាប់គ្នា ដែលអំណោយផលដល់រោគសញ្ញានៃការហូរឈាម ជាហេតុអាចបង្កឲ្យមានការគ្រោះថ្នាក់ខ្លាំងក្នុងករណីដែលមានជំងឺគ្រុនឈាម។ ដូចគ្នាផងដែរ ពពួក NSAIDs ក៏អាចបង្កការគ្រោះថ្នាក់ដោយការហូរឈាមនេះផងដែរ។ ចំពោះការប្រើប្រាស់ថ្នាំពពួក ប៉ារ៉ាសេតាម៉ុល ក៏គួរតែមានការប្រុងប្រយ័ត្នផងដែរ ដោយមិនគួរប្រើប្រាស់ឲ្យលើសពីកម្រិតនៃការប្រើប្រាស់ឡើយ។ ម្យ៉ាងទៀត អ្នកជំងឺក៏ត្រូវប្រយ័ត្នប្រយែងចំពោះកត្តាដែលបណ្តាលឲ្យមានការហូរឈាមដូចជាការដួល បុកទង្គិច និងកោសខ្យល់ជាដើម ទោះបីក្នុងកម្រិតស្រាលក៏ដោយដោយសារមេរោគគ្រុនឈាមអាចបំផ្លាញសរសៃឈាម និងប្លាកែតស្រាប់ធ្វើឲ្យងាយទទួលរងការប៉ះទង្គិចជាងធម្មតា (គ្រោះថ្នាក់បំផុតប្រសិនបើវាបង្កឲ្យមានការហូរឈាមនៅខាងក្នុង)។ ការការពារជំងឺគ្រុនឈាម ការពារជំងឺគ្រុនឈាមសម្រាប់មនុស្សធំមិនខុសពីកុមារឡើយ គឺតម្រូវឲ្យធ្វើការស្លៀកពាក់ជិតៗ និងបើអាចគឺសម្លៀកបំពាក់ដែលមានពណ៌ចាំងៗឬពណ៌ស្រស់ ហើយគួរព្យាយាមកុំស្ថិតនៅទីកន្លែងងងឹត ការលាបផលិតផលការពារមូសនៅលើស្បែក និងការគេងក្នុងមុងជាដើម ដែលនេះជាការការពារបុគ្គល។ រីឯការការពារជារួម គឺការបំបាត់ទឹកថ្លុក ប្រើថ្នាំអាល់បែតក្នុងពាង កម្ទេចសម្បកកង់និងសម្ភារៈដែលអាចដក់ទឹកបាន។ចំពោះការការពារដោយវ៉ាក់សាំង គឺកំពុងតែស្ថិតនៅក្នុងការពិភាក្សាគ្នាក្នុងចំណោមអង្គការសុខភាពពិភពលោកនៅឡើយ ហើយក៏នៅមិនទាន់មានការប្រើប្រាស់ទូលំទូលាយក្នុងពិភពលោកដែរបើទោះបីជាវ៉ាក់សាំងរបស់ជំងឺគ្រុនឈាមនេះត្រូវបានផលិត និងចរាចរណ៍តាំងពីឆ្នាំ ២០១៦មកម្ល៉េះក៏ដោយ។ ផលវិបាកនៃជំងឺគ្រុនឈាម ផលវិបាកនៃគ្រុនឈាមគឺ ការហូរឈាម ឬឈានដល់មាន Shock Syndrome (ការធ្លាក់ទាបនៃសម្ពាធឈាម) ដែលអាចគ្រោះថ្នាក់ដល់ជីវិត។ អាចមានការប៉ះពាល់ដោយកម្រផងដែរ ទៅលើសរីរាង្គថ្លើមដោយសារមេរោគគ្រុនឈាមនេះ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងររហូតប៉ះពាល់ដល់អាយុជីវិត (Fulminant hepatic failure)។ជារួមមក លោកវេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ បានក្រើនរំលឹកម្តងទៀត ចំពោះអ្នកជំងឺដែលសង្ស័យថាមានជំងឺគ្រុនឈាម ជាពិសេសពេលក្តៅខ្លួននៅអំឡុងពេលខែវស្សា ត្រូវចៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង មុនពេលដឹងមូលហេតុច្បាស់លាស់ ព្រមទាំងរួសរាន់ទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ឬមន្ទីរពេទ្យធំដែលមានលទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យបានរហ័ស។ លោកក៏បានលើកទឹកចិត្តផងដែរដល់ក្រុមគ្រូពេទ្យឲ្យបន្តធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ (តាមរយៈការវិភាគរោគសញ្ញាគ្លីនិក និងការវិភាគទៅលើលទ្ធផលឈាម អេម៉ូក្រាម ដែលសុទ្ធតែអាចធ្វើទៅបានស្ទើរតែនៅគ្រប់កន្លែងទាំងអស់) ដើម្បីចៀសវាងក្នុងការបណ្តោយឲ្យជំងឺនេះវិវឌ្ឍទៅរកស្ថានភាពដែលធ្ងន់ និងផ្តល់ការព្យាបាលដែលសមស្របទៅនឹងករណីរបស់អ្នកជំងឺ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ឯកទេសវេជ្ជសាស្រ្តទូទៅ (Internal Medicine) និងជំងឺឆ្លង នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្ដីក៏ដូចជាពាក្យពេចន៍ដែលអ្នកនិយាយទៅកាន់កូនរបស់អ្នក ជាពិសេសក្មេងតូចគឺសុទ្ធតែមានឥទ្ធិពលដល់ពួកគេ ដែលស្របពេលជាមួយគ្នាគឺអាចជះឥទ្ធិពលដល់ទំនាក់ទំនងរវាងលោកអ្នក និងកូនផងដែរ។ ដោយហេតុថា ក្មេងងាយនឹងទទួលការប៉ះទង្គិចផ្លូវអារម្មណ៍ និងងាយចាប់យកនូវអ្វីដែលពួកគេបានឃើញ និងឮ ដូចនេះហើយ អ្នកគួរមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពាក្យពេចន៍ ពិសេសក្នុងការសន្ទនាប្រចាំថ្ងៃ។ ខាងក្រោមនេះ ជាសម្តីខ្លះដែលអ្នកគួរនិយាយឲ្យបានជាប្រចាំ ដើម្បីបង្កើតនូវផលវិជ្ជមានដល់ទំនាក់ទំនងរវាងអ្នក និងកូន ដែលក្នុងនោះមានដូចជា ៖ «ប៉ាម៉ាក់ស្រឡាញ់កូន» អត្ថន័យ គឺវិសេសវិសាលណាស់ ហើយវាប្រៀបបានជាកម្លាំងចិត្តមួយដល់កូនរបស់អ្នក ដែលអាចធ្វើឲ្យគេទទួលបានអារម្មណ៍ ក៏ដូចជាឥទ្ធិពលនៃក្តីស្រឡាញ់ពីអ្នកផងដែរ ដែលនេះ គឺមានន័យថា «អ្នកស្រឡាញ់គេក្នុងនាមជាសមាជិកគ្រួសារដ៏ជិតស្និទ្ធ និងគួរឲ្យស្រឡាញ់មួយរូប»។ «កូនឯង រៀនឆាប់ចេះណាស់!» ការរៀនសូត្រអ្វីមួយដែលថ្មី ជាជំនាញដ៏ពិសេសមួយរបស់កូនក្មេង ហើយពេលខ្លះវាប្រៀបបានជាសកម្មភាពនៃការលេងកម្សាន្តរបស់គេដែរដែលជាហេតុធ្វើឲ្យគេមិនបានចាប់អារម្មណ៍ថាខ្លួនឯងកំពុងរៀន តែក៏អាចរីកចម្រើន និងសប្បាយក្នុងពេលតែមួយ។ មិនថាលទ្ធផលដែលគេធ្វើបានល្អ ឬមិនល្អយ៉ាងណានោះទេ សូមកុំភ្លេចនិយាយសរសើរពួកគេ មុននឹងផ្តល់នូវមតិយោបល់រិះគន់ក្នុងន័យស្ថាបនាផ្សេងៗ។ «អរគុណ» កុំភ្លេចថា អ្នកជាគំរូរបស់កូនអ្នក ហេតុនេះហើយ ប្រសិនបើចង់បង្រៀនឲ្យពួកគេចេះអំពីការគួរសម ឬការថ្លែងនូវអំណរដល់អ្នកដទៃ អ្នកត្រូវធ្វើវាជាមុនសិន ហើយការដែលនិយាយជាប្រចាំចំពោះគេ នឹងធ្វើឲ្យពួកគេចំណាំមើល និងអនុវត្តតាមអ្នក។ ជាក់ស្តែង ទម្លាប់នៃការមានអំណរចំពោះអ្វីៗ និងមនុស្សល្អៗនៅជុំវិញខ្លួនជាជំនាញក្នុងទំនាក់ទំនងសង្គមមួយដ៏ចាំបាច់។ «សុំទោស» ស្រដៀងនឹងពាក្យ«អរគុណ»ដែរ អ្នកប្រាកដជាចង់ឲ្យកូនអ្នកចេះគួរសមចំពោះអ្នកដទៃ ដូចនេះហើយ មិនថាជាកំហុសតូច ឬធំនោះទេ អ្នកត្រូវហ៊ាននិយាយពាក្យ«សុំទោស» និងបង្ហាញដោយចិត្តស្មោះ នោះកូនរបស់អ្នកនឹងព្យាយាមនិយាយដូចគ្នា រាល់ពេលដែលគេកសាងកំហុសអ្វីមួយ។ «តើកូនគិតបែបណាដែរ  ប្រសិនបើយើង…?» ការសួរសំណួរបែបនេះ ជាជំហានមួយក្នុងការបង្ហាញនូវកិច្ចសហការក្នុងក្រុមគ្រួសារ ហើយអ្នកក៏អាចដឹងឮអំពីមតិយោបល់ថាតើពួកគេយល់ព្រម ឬមានយោបល់យ៉ាងណាដែរ។  វាក៏ប្រៀបបាននឹងលំហាត់ប្រាណក្នុងការគិតមួយសម្រាប់ពួកគេ   ដែលអាចឲ្យកូនរបស់អ្នករៀនធ្វើការសម្រេចចិត្ត និងមានទំនួលខុសត្រូវចំពោះជម្រើស ក៏ដូចជាការសម្រេចចិត្តរបស់ពួកគេ។   មិនត្រឹមតែប៉ុណ្ណោះវាក៏នឹងអាចធ្វើឲ្យគេគិតថា គេជាចំណែកមួយដ៏សំខាន់ហើយយោបល់របស់គេក៏មានតម្លៃផងដែរ។ «តោះ!អាន…» ការអានសៀវភៅឲ្យកូនអ្នកស្តាប់ ឬការបង្រៀនកូនរបស់អ្នកឲ្យរៀនអាន ជួយពង្រឹងជំនាញជាច្រើនដល់ពួកគេ ស្របពេលដែលពង្រឹងនូវទំនាក់ទំនងរវាងអ្នកទាំងពីរឲ្យកាន់តែរឹងមាំផងដែរ។ការអាន ជាការរៀនដែលបើកបង្ហាញកូនរបស់អ្នកទៅកាន់ពិភពលោក ជីវិត និងគំនិតជាច្រើន ដែលចាំបាច់សម្រាប់ជីវិត។ «នរណាក៏ធ្លាប់ខុស ក៏មានបញ្ហាដែរ» បញ្ហា និងកំហុសតែងតែកើតមានហើយនរណាក៏ធ្លាប់ជាចំណែកនៃបញ្ហា ឬកំហុសដែរ តែការទទួលស្គាល់ការពិត និងរៀនសូត្រអំពីកំហុសដែលបានប្រព្រឹត្តទាំងនោះ ទើបជាអ្វីដែលមិនមែនមនុស្សគ្រប់គ្នាធ្វើបាន។ រាល់ពេលដែលកូនរបស់អ្នកធ្វើអ្វីខុសឆ្គង ឬមិនបានដូចក្តីប្រាថ្នានោះ សូមលើកឡើងនូវមេរៀនណាមួយដែលអ្នកធ្លាប់ឆ្លងកាត់កន្លងមក ហើយពន្យល់ប្រាប់ពួកគេឲ្យចេះប្រឈម   និងដោះស្រាយនឹងវាប្រកបដោយប្រសិទ្ធភាព។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺទឹកក្នុងស្រោមសួត(Pleural effusion) ជាជំងឺដែលបណ្ដាលមកពីមានវត្តមានទឹក(Liquide)ច្រើនខុសធម្មតានៅក្នុងចន្លោះសួត និងប្រអប់ទ្រូង(Visceral and Parietal pleura) ។ ជាធម្មតា នៅចន្លោះរវាង សួត និង ប្រអប់ទ្រូង (pleural space) តែងតែមានបរិមាណទឹកតិចតួច (10-20ml) សំរាប់ជាសំណើមជួយសម្រួល(Lubricate) នៅពេលសួត កកិតជាមួយប្រអប់ទ្រូងក្នុងកំឡុងពេលធ្វើចលនាដង្ហើម ប៉ុន្តែបរិមាណទឹកនេះអាចកើនឡើងខុសធម្មតានៅក្នុងករណីមួយចំនួន។ នៅពេលដែលបរិមាណទឹកនេះកើនឡើងច្រើនក្នុងកម្រិតណាមួយ វាអាចបណ្តាលអោយអ្នកជំងឺហត់ ពិបាកដកដង្ហើម ឈឺទ្រូង ក្អក និង រួមផ្សំជាមួយសញ្ញាមួយចំនួនទៀតប្រែប្រួលទៅតាមមូលហេតុរបស់វា។ ជាទូទៅ គេចែកប្រភេទទឹកនេះជា2ក្រុមធំៗ៖ -Transudative pleural effusion: ទឹកប្រភេទនេះអាចជាលទ្ធផលនៃការធ្លាក់ចុះប្រូតេអ៊ីនក្នុងឈាម ឬ កើនឡើងសំពាធក្នុងសរសៃឈាម ដែលលក្ខខណ្ឌ័ទាំង2នេះជំរុញអោយមានការជ្រាបទឹកពីសសៃឈាមចាក់ចូលទៅក្នងចន្លោះស្រោមសួត។ ជាធម្មតា បើគេវិភាគឃើញទឹកប្រភេទនេះ គេអាចសន្និដ្ឋានបានថាស្រោមសួតពុំមានជំងឺទេ មូលហេតុគឺមកពីជំងឺផ្សេង។ -exudative pleural effusion: ទឹកប្រភេទនេះភាគច្រើនជាផលនៃការរលាកស្រោមសួតផ្ទាល់ដោយមេរោគប្រភេទណាមួយ ឬ ដោយជំងឺមហារីក និងជំងឺមួយចំនួនទៀត។ គេអាចដឹងថាមានទឹកចូលក្នុងស្រោមសួតបាន ដំបូងតាមរយៈការថតសួតដោយកាំរស្មី (Chest X-ray) ហើយគេអាចបញ្ជាក់អោយបានកាន់តែច្បាស់លាស់នូវបរិមាណ ជំរៅ កំហាប់ទឹក និងភាពស្អិត (loculation) ដោយការធ្វើ Ultrasound និង Scan។ ការព្យាបាលជំងឺនេះអោយមានប្រសិទ្ធភាព ទាមទារជាមុន នូវការធ្វើរោគវិនិច្ឆ័យរកមូលហេតុអោយបានត្រឹមត្រូវច្បាស់លាស់ តាមរយៈការសិក្សាលើរោគសញ្ញារាងកាយ ការបូមទឹកស្រោមសួតទៅពិនិត្យវិភាគ (Thoracentesis) ហើយក្នុងករណីខ្លះ គឺតំរូវរហូតដល់ការច្រិបសាច់ស្រោមសួត(Pleural biopsy) យកទៅវិភាគទៀតផង។ ការបូមទឹកពីក្នុងស្រោមសួត ឬច្រិបសាច់សួត ត្រូវធ្វើដោយគ្រូពេទ្យជំនាញ ហើយក្នុងករណីខ្លះត្រូវទាមទារអោយមានការតម្រង់ទិស និងដៅចំណុចដែលត្រូវបូមអោយបានជាក់លាក់ ដើម្បីអោយការបូមមានប្រសិទ្ធភាព និងជៀសវាងនូវផលវិបាកផ្សេងៗ ដូចជា ខ្យល់ចូលក្នុងស្រោមសួត(Pneumothorax) ការហូរឈាមច្រើន និងចាក់ម្ចុលចំសរីរាង្គផ្សេង។ បកស្រាយដោយ វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ឯកទេសជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លេខ ទូរស័ព្ទទំនាក់ទំនង(017 333 251) ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

Isoflavones អាចរក្សាកម្រិតរបស់អឺស្ត្រូសែនឲ្យនៅក្រោមការគ្រប់គ្រងបានដោយវាអាចបញ្ចេញសកម្មភាពជាអឺស្ត្រូសែនខ្សោយនៅពេលអឺស្ត្រូសែនរាងកាយចុះទាប និងអាចរារាំងទៅវិញនូវឥទ្ធិពលរបស់អឺស្ត្រូសែននៅពេលអឺស្ត្រូសែនរបស់រាងកាយយើងមានកម្រិតខ្ពស់។ ក្នុងករណីរបស់ស្ត្រីត្រៀមអស់រដូវ ដែលជាទូទៅមានការកើនឡើងនូវកម្រិតអឺស្ត្រូសែនក្នុងរាងកាយ នោះ Isoflavones នឹងធ្វើការរារាំងឥទ្ធិពលរបស់វាទៅលើកោសិកា។ រីឯក្នុងករណីស្ត្រីក្រោយពីអស់រដូវ ដែលជាទូទៅមានការថយចុះនៃអឺស្ត្រូសែនក្នុងខ្លួន នោះ Isoflavones ដើរតួដូចជាអឺស្ត្រូសែន ជាមួយនឹងឥទ្ធិពលស្រាលអឺស្ត្រូសែនក្នុងរាងកាយ។ គួរបញ្ជាក់ថា Isoflavones ២ប្រភេទដែលរកឃើញច្រើនបំផុតនៅក្នុងផលិតផលពីសណ្តែកសៀងគឺ Genistein និង Daidzein  ដែលអត្ថប្រយោជន៍របស់វានឹងត្រូវបានលើកយកមកពិភាក្សាដូចខាងក្រោម៖ 1. ឥទ្ធិពលធ្វើឲ្យឆ្អឹងរឹងមាំ ការសិក្សាលើប្រជាជានអាស៊ី បានរកឃើញថា ស្ត្រីក្រោយអស់រដូវដែលបានទទួលទានអាហារសម្បូរដោយ Isoflavone មានដង់ស៊ីតេរ៉ែក្នុងឆ្អឹងខ្ពស់បើធៀបនឹងអ្នកដែលមិនសូវបានទទួលទាន។ក្រៅពីនោះ ការសិក្សារយៈពេលខ្លីលើរាងកាយមនុស្ស បានបង្ហាញថា Isoflavones អាចបន្ថយការបាត់បង់ឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវដែលជាទូទៅអាចបាត់បង់ឆ្អឹងជារៀងរាល់ឆ្នាំក្នុងអត្រាពី ១,៥ ទៅ ៣%។ ឥទ្ធិពលក្នុងការការពារនេះក្នុងរយៈពេលច្រើនឆ្នាំ អាចបន្ថយនូវការប្រឈមមុខនឹងជំងឺពុកឆ្អឹង និងអត្រានៃការបែកបាក់ឆ្អឹងបាន។ 2. សកម្មភាពប្រឆាំងអុកស៊ីតកម្ម សកម្មភាពប្រឆាំង អុកស៊ីតកម្មរបស់ Isoflavoneពីសណ្តែកសៀងត្រូវបានសង្កេតឃើញនៅក្នុងមន្ទីរពិសោធន៍ភាគច្រើនថាអាចបង្កើនភាពធន់នៃLDL ទៅនឹងប្រតិកម្មអុកស៊ីតកម្មដែលកើតមានក្នុងខ្លួន និងការការពារកោសិកាខួរក្បាល បើតាមការពិសោធណ៍លើកណ្តុរឈ្មោលដែលមានបញ្ហាស្ទះសរសៃឈាមខួរក្បាល   និងកណ្តុរញីដែលបានកាត់យកអូវែចេញ។ ម្យ៉ាងទៀត ការការពារការបាត់បង់ម៉ាស់សាច់ដុំក៏ត្រូវបានបង្ហាញផងដែរពីការប្រឆាំងអុកស៊ីតកម្ម ការពារការងាប់របស់កោសិកាសាច់ដុំ ស្របពេលដែលការស្វិតសាច់ដុំជាបញ្ហាដែលកើនឡើងជាបន្តបន្ទាប់ចំពោះមនុស្សវ័យចំណាស់ មានជីវិតមិនសូវសកម្ម ឬអ្នកដែលមានរបួសរយៈពេលយូរ។ 3. សកម្មភាពប្រឆាំងនឹងការធាត់លើសទម្ងន់ ការធាត់លើសទម្ងន់ និងជំងឺទឹកនោមផ្អែម ជាបញ្ហាខុសប្រក្រតីទាក់ទងនឹងសារធាតុចិញ្ចឹមក្នុងរាងកាយរបស់យើង និងភាគច្រើនមានទំនាក់ទំនងទៅនឹងការប្រឈមនឹងជំងឺសរសៃឈាមបេះដូងមួយចំនួនដែលអាចបង្កឲ្យមានបញ្ហាសុខភាព និងគ្រោះថ្នាក់ដល់ជីវិត។ Isoflavoneត្រូវបានជឿថាអាចមានសកម្មភាពលើរេសិបទ័ររបស់អឺស្ត្រូសែន ដែលជាលទ្ធផលធ្វើឲ្យមានការថយចុះនូវការប្រមូលផ្តុំជាតិខ្លាញ់ និងការចែកចាយរបស់ជាលិកាខ្លាញ់។ ការសិក្សាមួយដែលបានបោះពុម្ពលើព្រឹត្តិបត្រព័ត៌មាន Nutrition នៅឆ្នាំ ២០១៣  ក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍របស់Isoflavone ក្នុងការសម្រកទម្ងន់ និងការគ្រប់គ្រងជាតិស្ករក្នុងឈាមផងដែរ។ 4. សកម្មភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែម Isoflavones  ពីសណ្តែកសៀងអាចមានអត្ថប្រយោជន៍ចំពោះជំងឺទឹកនោមផ្អែមដោយសារសកម្មភាពដូចនឹងអឺស្ត្រូសែនរបស់វា និងការការពារការបង្កើតជាគ្លុយកូសដោយសារការធ្វើប្រតិកម្មរបស់ជាតិខ្លាញ់ ក៏ដូចជាការរារាំងការស្រូបយកជាតិស្ករពីពោះវៀនផងដែរ ដែលជាលទ្ធផលធ្វើឲ្យមានការថយចុះនៃជាតិស្ករក្នុងឈាមក្រោយពីញ៉ាំអាហាររួច។ 5. សកម្មភាពលើប្រព័ន្ធសរសៃឈាមនិងបេះដូង Isoflavone មានលក្ខណៈជីវសាស្ត្រយ៉ាងខ្លាំងក្នុងការធ្វើឲ្យមានការរីកឡើងនៃសរសៃឈាមអាកទែរ បន្ថយកូឡេស្តេរ៉ូលក្នុងឈាម និងរារាំងការកករឹងនៃសរសៃ ឈាមលើសត្វស្វាញីដែលអស់រដូវ។ Isoflavones អាចរារាំងផងដែរលើការស្អិតជាប់នៃកោសិកា និងបំផ្លាញសកម្មភាពនៃសារធាតុមួយចំនួនក្នុងរាងកាយដូចជា cytokines និង platelet derived growth factor ដែលជះឥទ្ធិពលដល់ការកកើតនៃដំបៅ។ ម្យ៉ាងទៀត សមត្ថភាពក្នុងការប្រឆាំងអុកស៊ីតកម្មរបស់វាក៏អាចបន្ថយរាលដាលនៃប្រតិកម្ម peroxidation របស់ជាតិខ្លាញ់ផងដែរ។ 6. សកម្មភាពលើស្បែក បញ្ហាស្បែកជាច្រើនត្រូវបានសង្កេតឃើញថាអាចកើតមានឡើងចំពោះស្ត្រីអស់រដូវដែលក្នុងនោះមានមួយចំនួនហាក់ដូចជាមានទំនាក់ទំនងជាចម្បងទៅនឹងភាពចាស់ជរា  និងការប៉ះពាល់ជាមួយពន្លឺថ្ងៃ ព្រមទាំងខ្លះទៀតគឺជាលទ្ធផលនៃការថយចុះអ័រម៉ូនអឺស្ត្រូសែនក្នុងរាងកាយ។ Isoflavone ត្រូវបានបង្ហាញមានប្រសិទ្ធភាពបន្ថយភាពជ្រីវជ្រួញ ក៏ដូចជាអាចការការពារស្បែកប្រឆាំងនឹងមហារីក និងជំងឺរលាកស្បែក Erythremia ដែលបង្កដោយកាំរស្មី UV។ 7. សកម្មភាពលើការរួមនៃទ្វារមាស ការរួមនៃទ្វារមាស ជាបញ្ហារួមមួយក្នុងចំណោមស្រ្តីអស់រដូវជាច្រើន ដោយវានាំមកជាមួយនូវរោគសញ្ញារួមមានដូចជា ភាពស្ងួត រមាស់ ធ្លាក់ស រលាក និងឈឺចាប់ពេលរួមភេទ។ ក្នុងការសិក្សាដែលបានចុះផ្សាយក្នុង Journal of Obstetrics & Gynaecology នៅឆ្នាំ ២០១៦ បានបង្ហាញថា Isoflavones  ពីសណ្តែកសៀងអាចជួយសម្រួលអាការៈនៃការរួមរបស់ទ្វារមាសបាន។ 8. សកម្មភាពលើមុខងារនៃការគិត ការសិក្សាមួយដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រព័ត៌មាន Menopause នៅក្នុងឆ្នាំ ២០១៥បានបង្ហាញអំពីឥទ្ធិពលវិជ្ជមាននៃ Isoflavones របស់សណ្តែកសៀង លើមុខងារក្នុងការរៀនសូត្រ ការគិត ក៏ដូចជាការចងចាំ ចំពោះស្រ្តីក្រោយអស់រដូវ។ Isoflavone ពីសណ្តែកសៀងដែលត្រូវបានប្រើប្រាស់ដោយប្រជាជនអាស៊ីជាច្រើនជំនាន់មកហើយនោះគឺជាសមាសធាតុថ្មីមួយចំពោះពិភពលោក ហើយត្រូវបានលើកយកមកពិភាក្សា  និងសិក្សាលើសត្វ និងមនុស្សជាបន្តបន្ទាប់ ដើម្បីធ្វើការស្វែងរកឥទ្ធិពលវិជ្ជមានផ្សេងៗទៀតរបស់វាទៅលើសុខភាព។ ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ដូចម្តេចដែលហៅថាជំងឺគ្រុនឈាម? គ្រុនឈាមជាជំងឺឆ្លងមួយប្រភេទ បង្កឡើងដោយវីរុសដាំង កើតជាពិសេសនៅរដូវភ្លៀង និងអាចប្រឈមចំពោះមនុស្សគ្រប់វ័យ ទាំងក្មេង និងមនុស្សចាស់។ ជាក់ស្តែង ជំងឺគ្រុនឈាមបង្កឡើងដោយមូសខ្លាញីមានផ្ទុកនូវមេរោគគ្រុនឈាមខាំ ដែលវាមានបែងចែកជា២ប្រភេទ៖ • Aedes aegypti ជាប្រភេទមូសខ្លាញី ខាំនៅក្នុងផ្ទះ • Aedes albopictus ជាប្រភេទមូសខ្លាញីខាំនៅក្រៅផ្ទះ។           បុគ្គលដែលមានកត្តាប្រឈមខ្លាំងជាមួយនឹងជំងឺគ្រុនឈាមខ្ពស់បំផុត រួមមាន ៖ • កុមារអាយុក្រោម១ឆ្នាំ • ហូរឈាមធ្ងន់ធ្ងរ • មានស្ហុករយៈពេលយូរ • កុមារដែលធាត់លើសទម្ងន់ • កុមារដែលមានជំងឺពីកំណើត • ស្ត្រីមានផ្ទៃពោះ • មនុស្សចាស់។          សញ្ញានៃក្មេងកើតជំងឺគ្រុនឈាមស្តែងឡើង ដូចជា៖ • មានក្តៅខ្លួន និងប្រវត្តិក្តៅខ្លួនខ្លាំង ពី៣៩-៤០អង្សា ក្នុងរយៈពេលពី២ទៅ៧ថ្ងៃ • មិនឆ្លើយតបនឹងថ្នាំប៉ារ៉ាសេតាម៉ុលដែលប្រើដើម្បីបញ្ចុះកម្តៅ • មានអាការៈសន្លឹម មិនលេង ញ៉ាំមិនបានអស់កម្លាំង ឈឺក្នុងពោះ ក្អួត ឈឺក្បាល ចុករួយគ្រាប់ភ្នែក  និងរង្វង់ភ្នែក ឈឺចុកចាប់រាងកាយ  កន្ទួលរោលលើស្បែក   និងមានសញ្ញានៃការហូរឈាមផ្សេងៗ។ គ្រុនឈាមចំពោះកុមារមានការវិវឌ្ឍ និងយន្តការដូចម្តេច? ដំបូង មូសខ្លាញីមិនមានមេរោគគ្រុនឈាមនោះទេប៉ុន្តែវាអាចចម្លងបានលុះត្រាតែវាបានខាំបឺតឈាមអ្នកជំងឺដែលមានផ្ទុកមេរោគគ្រុនឈាមក្នុងដំណាក់កាលក្តៅខ្លួន បន្ទាប់មករយៈពេលពី៧-១០ថ្ងៃក្រោយ ទើបវាអាចខាំចម្លងទៅកុមារមួយទៀតបាន ក្រោយមកទៀតរយៈពេលពី៥-៨ថ្ងៃ ទើបកុមារនោះមានស្តែងចេញនូវរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ។ ជំងឺគ្រុនឈាមមានយន្តការពីរសំខាន់គឺ បង្កឲ្យមានការជ្រាបចេញនៃប្លាស្មាពីក្នុងសរសៃឈាម និងមានការហូរឈាម ដែលអាចធ្វើឲ្យកុមារបាត់បង់ជាតិទឹកនៅក្នុងខ្លួន រហូតដល់មានស្ហុក (ជីពចរខ្សោយហើយញាប់  ត្រជាក់ចុងដៃចុងជើង បែកញើសស្អិត ការបំពេញសរសៃឈាមកាពីលែយូរលើសពី៣វិនាទី និងមានសម្ពាធឈាមធ្លាក់ទាប) ដែលងាយបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ប្រសិនបើកុមារមានសញ្ញានេះយូរលើសចាប់ពី៤ម៉ោងទៅ នោះនឹងបង្កឲ្យកុមារប្រឈមនឹងការខ្សោយនូវសរីរាង្គមួយចំនួនមានដូចជា ថ្លើម សួត បេះដូង និងតម្រងនោមជាដើម ដែលអាចធ្វើឲ្យកុមារបាត់បង់អាយុជីវិតបាន។          តើធ្វើដូចម្តេច ដើម្បីដឹងថាជាជំងឺគ្រុនឈាម? ករណីសង្ស័យថាកុមារមានជំងឺគ្រុនឈាម គ្រូពេទ្យនឹងតម្រូវឲ្យកុមារពិនិត្យឈាម មើលលើអេម៉ូក្រាម និងតេស្តមួយទៀតហៅថា NS1 អាចមើលដឹងថាកុមារមានមេរោគគ្រុនឈាមបានលឿននៅដំណាក់កាល២-៥ថ្ងៃដំបូងដែលក្មេងក្តៅខ្លួនខ្លាំង ប៉ុន្តែមិនអាចបែងចែកចេញអំពីកម្រិត និងដំណាក់កាលរបស់ជំងឺនោះទេ។         តើធ្វើដូចម្តេច ដើម្បីដឹងពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម? ជំងឺគ្រុនឈាមត្រូវបានបែងចែកចំណាត់ថ្នាក់ជា៤កម្រិតធំៗ អាស្រ័យលើរោគសញ្ញា និងដំណាក់កាលរបស់វា៖ • កម្រិតទី១៖ ស្តែងចេញជាសញ្ញាហូរឈាមដោយការធ្វើឡាសេតេស្តវិជ្ជមាន (កន្ទួលក្រហមក្រោមស្បែក) និង ជាំលើស្បែកដោយសារការចាក់ថ្នាំ • កម្រិតទី២៖ គ្រុនឈាមកម្រិតទី១ រួមផ្សំជាមួយសញ្ញានៃការហូរឈាមដោយឯងៗដូចជាឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ក្អួតឈាម និងបន្ទោបង់ឈាម ជាដើម • កម្រិតទី៣៖ គ្រុនឈាមកម្រិតទី១ និងកម្រិតទី២ រួមផ្សំជាមួយនឹងកុមារមានជីពចរខ្សោយហើយញាប់ ត្រជាក់ចុងដៃចុងជើង បែកញើសស្អិត ការបំពេញសរសៃឈាមកាពីលែយូរលើសពី៣វិនាទីនិងមានសម្ពាធឈាមធ្លាក់ទាប • កម្រិតទី៤៖ ជីពចរ និង សម្ពាធឈាមកុមារយកមិនបាន។ តើកុមារគ្រុនឈាមត្រូវព្យាបាលរបៀបណា? រហូតដល់បច្ចុប្បន្ននេះ ពុំមានឱសថ ឬការព្យាបាលណាមួយជាក់លាក់ចំពោះកុមារដែលមានជំងឺគ្រុនឈាមនោះទេ ប៉ុន្តែជំងឺនេះអាចធ្វើការព្យាបាល តាមដំណាក់កាលនីមួយៗ និងរោគសញ្ញាដែលកើតមានឡើង។ ជាឧទាហរណ៍ ប្រសិនបើក្មេងក្តៅខ្លួន គ្រូពេទ្យនឹងផ្តល់ថ្នាំបញ្ចុះកំដៅ ឬបើកុមារមានក្អួតផ្តល់ថ្នាំបំបាត់ក្អួតជាដើម។ សំខាន់បំផុត ការព្យាបាលជំងឺគ្រុនឈាមត្រូវពឹងផ្អែក លើការធ្វើរោគវិនិច្ឆ័យ ប្រសិនបើធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា  នោះកុមារនឹងទទួលបានការព្យាបាលមួយត្រឹមត្រូវសមស្រប ហើយអត្រាស្លាប់ចំពោះកុមារមានជំងឺគ្រុនឈាមក៏ត្រូវបានកាត់បន្ថយដូចគ្នាផងដែរ។         ឱសថ និងអាហារអ្វីខ្លះ ត្រូវប្រើដោយប្រុងប្រយ័ត្ន ឬចៀសវាង? គួរបញ្ជាក់ថា បើកុមារមានអាការៈក្តៅខ្លួននៅរដូវភ្លៀង ឬជារដូវគ្រុនឈាម ហើយសង្ស័យថាកុមារមានជំងឺគ្រុនឈាម  អាណាព្យាបាល  ឬអ្នកថែទាំកុមារត្រូវចៀសវាងនូវការប្រើប្រាស់ថ្នាំ Aspirin ឬIbuprofen ព្រោះវាអាចបង្កផលវិបាកឲ្យកុមារមានហូរឈាមកាន់តែខ្លាំង  បើគាត់ពិតជាមានជំងឺគ្រុនឈាម។  ក្នុងអំឡុងពេលទទួលការព្យាបាលនេះ កុមារគួរទទួលទានអាហារទន់ៗ ហើយញ៉ាំតិចៗ និងច្រើនដង  ចៀសវាងហូបអាហារ ឬទឹកភេសជ្ជៈដែលមានពណ៌ក្រហម ឬក្រមៅ(ដោយហេតុថាពណ៌អាហារទាំងនេះអាចច្រឡំជាមួយនឹងឈាម)។ ធ្វើបែបណា ដើម្បីការពារកុមារពីជំងឺគ្រុនឈាម? • ឪពុកម្តាយ ឬអាណាព្យាបាលត្រូវជ្រើសរើសកន្លែងណាដែល កុមារដេក ឬលេង ឬរៀន ឬហូបអាហារ ដោយមិនឲ្យមូសខ្លាខាំបាន៖       -រក្សាកុមារតូចដេកនៅក្នុងមុងជានិច្ច       -ទីធ្លាកុមារលេងត្រូវមានខ្យល់ចេញចូល និងពន្លឺគ្រប់គ្រាន់។ • សម្អាតទីធ្លាជុំវិញផ្ទះ និងក្នុងផ្ទះឲ្យបានស្អាតជាពិសេសកន្លែងមានទឹកដក់ដែលអាចជាជម្រកនៃមូសខ្លា • ចិញ្ចឹមត្រីក្នុងពាងឲ្យស៊ីដង្កូវទឹក ឬគ្របពាងទឹកជាប្រចាំ ឬដាក់ថ្នាំអាបែតបើមាន • ស្លៀកសម្លៀកបំពាក់វែងៗឲ្យកុមារ • ប្រើស្រៃ្ពយ៍បាញ់លើស្បែកកុមារការពារមូសខាំ។ ប្រសិនបើមាតាបិតាគ្រប់រូបបានជួបនឹងរោគសញ្ញាសង្ស័យចំពោះកូនៗដូចរៀបរាប់ខាងលើ រួមមានអាការៈសន្លឹម មិនលេង   ញ៉ាំមិនបាន អស់កម្លាំង ឈឺក្នុងពោះ ក្អួត ឈឺក្បាល ចុករួយគ្រាប់ភ្នែក និងរង្វង់ភ្នែក ឈឺចុកចាប់រាងកាយ កន្ទួលរោលលើស្បែក និងមានសញ្ញានៃការហូរឈាមផ្សេងៗ  គួរប្រញាប់បញ្ជូនកូនទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ក្តាន់ យុវឌ្ឍនា ឯកទេសជំងឺឆ្លង និងគ្រុនឈាម នៃមន្ទីរពេទ្យកុមារជាតិ ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ពីពិពណ៌រូបភាព សតិ, រៀនជំនួញបណ្តើរ គូររូបបណ្តើរ, សេចក្តីសំខាន់របស់សិល្បៈ និងសតិមនុស្ស និងរឿងផ្សេងៗទៀត… កនសិរីសុភ័គ ដែលមានឈ្មោះក្រៅហៅថា ទីល ជាសិល្បករវ័យក្មេង ដែលធ្លាប់បានតាំងពិពណ៌គំនូររបស់គាត់ បានធ្វើការបង្កើតភាពយន្តជីវចល និងជាផ្នែកមួយនៃក្រុមសិល្បករដែលមានឈ្មោះថា ខ្ជិលផងដែរ។ អំពី ការគូរគំនូរជីវចលឲ្យបទ Hell ច្រៀងដោយ Sophia Kao … ទីល៖ «សួស្តី បើនិយាយទៅ វីដេអូចម្រៀង  ហ្នឹងគឺខ្ញុំធ្វើតែឯង ប្រហែលជា ៦ ខែ ព្រោះវាច្រើនទាំងការរៀបឈុត និងអ្វីផ្សេងៗទៀត។ ខ្ញុំធ្វើវាទាំងអស់ ដោយខ្លួនឯង ដោយមិនបាន feedback អ្វីពីគេទេ គឺខ្ញុំ ដាក់អារម្មណ៍ជាមួយបទចម្រៀង ហើយចាប់ផ្តើមគូរតែម្តង។ ពេលខ្លះដើម្បីឲ្យបានគំនូរជីវចលរយៈពេលតែ ១០ វិនាទី ប៉ុណ្ណោះ ត្រូវការរយៈពេលគូរអស់ ៥ ទៅ ៦ ម៉ោងក៏មានដែរ ដោយសារ ខ្ញុំគូរគ្រប់សន្លឹក (frame by frame)។  វាអត់មាន ទម្រង់ឆ្អឹង (bone structure) អី ដែលយើងអាចទាញឲ្យវាមានចលនាបាននោះទេ។ បើនិយាយពីគំនិតវិញ ខ្ញុំរកបានខ្លះពី Tumblr ខ្លះ ពី Pinterest ព្រោះវ៉ិបសាយទាំងនេះ វាជាកន្លែងដែលខ្ញុំ ស្វែងរកគំនិត និងការលើកទឹកចិត្ត។ ហើយម៉្យាងវិញទៀត ខ្ញុំយកគំនិតពីបទ ក៏ដូចជារឿងផ្ទាល់ខ្លួនខ្ញុំផងដែរ។» អំពី ការរៀនគូរផ្នែកសិល្បៈ និងរៀនគូរឌីជីថល… ទីល៖ «អត់ដែលធ្លាប់បានរៀនសោះតែម្តង។ គ្រាន់តែថាខ្លួនឯងចូលចិត្តគូរលេង និងចូលចិត្តមើលតុក្កតាតាំងពីតូចមក។ ក៏ចេះតែចាប់យកទម្លាប់ហ្នឹងរហូតមក។ ខ្ញុំគូរតាំងពីតូច តែចាប់ផ្តើមខ្លាំងពេលថ្នាក់ទី ៨ ។ ពេលនោះ ដោយសារខ្ញុំមើលរឿង Naruto ដែលបានជម្រុញទឹកចិត្តឲ្យខ្ញុំចាប់ផ្តើមគូរខ្លាំងជាងមុន។ ក្រោយមក ខ្ញុំក៏ចាប់ផ្តើមអភិវឌ្ឍន៍ស្ទីលគំនូររបស់ខ្ញុំឲ្យចេញពីស្ទីលគំនូរជីវចលជប៉ុនឲ្យក្លាយទៅជាស្ទីលផ្ទាល់ខ្លួន។ បើនិយាយពីការរៀនវិញ  ភាគច្រើន ខ្ញុំអត់ដែលសូវរៀនតាម YouTube ទេ ព្រោះមានអារម្មណ៍ថា យើងតាមគេ មានរបៀបច្រើនពេក។ ខ្ញុំតែងគូរតាមអ្វីដែលខ្ញុំមើលឃើញ និងគិតឃើញ។ មិនអញ្ចឹងទេ គឺគូរតាមរូបយោងទៅវិញ។ និយាយទៅ គឺខ្ញុំរៀនពីកំហុសខ្លួនរហូត។ បើខ្ញុំគូរមើលទៅមិនទំនង ខ្ញុំសាកដាក់ធ្វើបែបផ្សេង ដើម្បីឲ្យវាមើលមកសមវិញ។ មួយទៀត ខ្ញុំរៀនច្រើនពីមិត្តភក្តិជុំវិញខ្លួន ដែលគាត់គូររូបដែរ ដូចប៉ែន ឧត្តមជាដើម។ ពេលហ្នឹង ពួកខ្ញុំទើបចាប់ផ្តើមដូចគ្នា ដូច្នេះ យើងជួយមើលគ្នាទៅវិញទៅមក ហើយរៀនពីគ្នាទៅវិញទៅមកផងដែរ។ បើនិយាយពីការរៀនគូរឌីជីថលវិញ ខ្ញុំក៏រៀនតាមរយៈកំហុសខ្លួនផងដែរ តែម្តងនេះ ខ្ញុំរៀនពី YouTube ច្រើន ព្រោះពីដំបូង ខ្ញុំមិនសូវចេះប្រើ Photoshop ទេ  អញ្ចឹងត្រូវរៀនថា យើងត្រូវរៀបចំជក់យ៉ាងម៉េច ដោយសារវាខុសពីពេលយើងគូរដោយដៃ ដោយប្រើប្រាស់ខ្មៅដៃជាដើម។ » វប្បធម៌៖ «ទីលទើបបានថតរូបបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មជាមួយ រិន តារា Photography ហេតុអ្វីបានជាមិនបានរៀនផ្នែកសិល្បៈ តែរៀនផ្នែកពាណិជ្ជកម្មទៅវិញ?» ទីល៖ «ដោយសារប៉ាម៉ាក់គាត់មិនសូវពេញចិត្ត ការងារខាងគូរនោះទេ។ គាត់គិតថា វាមិនមានប្រាក់ចំនូលស្ថិតស្ថេរ។ ធម្មតា ចាស់ៗចង់ឲ្យយើងមានអនាគតភ្លឺស្វាង ដូច្នេះ គាត់ឲ្យទៅរៀនផ្នែកសហគ្រិនភាពទៅវិញ។ ខ្ញុំអត់សូវសប្បាយចិត្តដែរ ប៉ុន្តែក៏រៀនតាមគាត់ ព្រោះយើងក៏អត់មានជម្រើសដែរ។ តាមពិតទៅ ពេលរឿនទើបដឹងថាចំនេះដឹងពីផ្នែកទាំងពីរនេះជួយច្រើនមែនទែន។ ការគូររូបជួយឲ្យខ្ញុំបាត់ស្ត្រេសពីរៀន។ រីឯការរៀនផ្នែកសហគ្រិនភាពជួយឲ្យខ្ញុំទំនាក់ទំនងល្អជាងមុន។  មនុស្សខ្ញុំកាលមុនមិនចូលចិត្តនិយាយស្តី មិនសូវចេះខាងទំនាក់ទំនងនោះទេ។ ប៉ុន្តែពេលខ្ញុំចូលរៀនខាងផ្នែកហ្នឹង ខ្ញុំចេះច្រើនមែនទែន។តួយ៉ាង ពេលខ្ញុំចេញទៅក្រៅ ទៅជួបនិយាយពីខាងការងារគំនូរជាដើម វាជួយខ្ញុំ ហើយខ្ញុំចេះនិយាយច្រើនជាងមុន និងចេះខាងតម្លៃការងារជាដើម។» រូបភាពទី២ ខាងលើ គឺ ពី អ្នកថតរូបតារា ទីល និងក្រុមខ្ជិល… នៅមានរូបឡូយៗទៀត ចូលមើលទីនេះ អំពីការចាត់ចែងពេលវេលាដើម្បីការរៀន និងការគូរ … ទីល៖ «ពេលខ្ញុំរៀន ខ្ញុំទុកការគូរជាការលំហែកាយ និងអារម្មណ៍ ព្រោះបើយើងឲ្យតម្លៃវាច្រើនពេក នោះវានឹងដាក់សម្ពាធលើយើងទៅវិញទេ។ ខ្ញុំចាត់ទុកការគូរជាការបន្ធូរអារម្មណ៍របស់ខ្ញុំវិញ ដើម្បីកុំឲ្យខ្ញុំធុញទ្រាន់នឹងអាហ្នឹងទៀត។ ដូច្នេះវាទាំងពីរអាចដើរទន្ទឹមគ្នាបាន តាមរបៀបនេះឯង។ » វប្បធម៌៖ «អាន ចនផននិយាយថា៖ «យើងមានមន្ទីរពេទ្យដើម្បីជួយព្យាបាលមនុស្ស តែកម្ពុជាត្រូវការសិល្បៈដើម្បីឲ្យមនុស្សមានអត្តសញ្ញាណ មានឧត្តមភាព សន្តិភាព និងសាមគ្គីភាព។ » ការតាំងពិពណ៌ «សតិ» ដែលនិយាយពីជម្ងឺផ្លូវចិត្តផ្សេងៗ។ ពេលខ្ញុំមើលជុំវិញខ្លួន ខ្ញុំចាប់អារម្មណ៍ថា ចាស់ៗ មានជម្ងឺទាំងនេះដែរ តែគាត់អត់ទទួលស្គាល់នោះទេ។ គាត់សុខចិត្តលាក់បាំងពីក្រុមគ្រួសារ ហើយចុងក្រោយពេលគាត់មានបញ្ហាកាន់តែខ្លាំង គាត់ទៅជាធ្វើអ្វីផ្សេង ដូចជាជះកំហឹងមកគ្រួសារ ឬផឹកស្រាផឹកអីទៅវិញ។ ខ្ញុំក៏សួរខ្លួនឯងថា ហេតុអ្វីបានជាយើងត្រូវលាក់រឿងទាំងនេះ? ណាមួយ នៅកម្ពុជា ក៏មិនសូវមានអ្នកយល់ដឹងពីរឿងនេះច្រើនដែរ។ អ្នកខ្លះគាត់ពិបាកចិត្តតែមួយភ្លែត ក៏នាំគ្នាបង្ហោះក្នុងហ្វេសប៊ុកថាខ្លួនមានជម្ងឺបាក់ទឹកចិត្ត។ ខ្ញុំមិនមែនថាគាត់អត់មានជម្ងឺនេះទេ តែពេលខ្លះគាត់គួរដឹងពីអត្ថន័យវាឲ្យច្បាស់សិន មុនពេលគាត់និយាយអញ្ចឹង ដោយសារវាមិនមែនជារឿងលេងសើចនោះទេ។ ខ្ញុំមិនចង់ឲ្យមនុស្សគិតថា មានជម្ងឺទាំងនេះវាឡូយ ក៏និយាយតាមគ្នានោះទេ។ ម៉្យាងវិញទៀត មិត្តភក្តិជិតស្និទ្ធិខ្ញុំ និងខ្លួនខ្ញុំផ្ទាល់តែម្តង ក៏មានជម្ងឺទាំងនេះតែម្តង។ ឧទាហរណ៍ដូចរឿង ជម្ងឺភ័យតក់ស្លុត (anxiety) ។ ខ្ញុំមានមិត្តម្នាក់ដែលស្គាល់គ្នាជាង ១៥ ឆ្នាំហើយដែល គាត់មានជម្ងឺនេះ ដល់ថ្នាក់ ពេលខ្លះសូម្បីតែខ្ញុំក៏គាត់លែងចង់ជួបដែរ។ គាត់ខ្លាចបំផុតគឺបរាជ័យ ហើយគាត់ចាប់ផ្តើមមានជម្ងឺនេះពេលគាត់ប្រឡងធ្លាក់ចូលសាលាពេទ្យ។ ពេលនោះ គាត់ចាប់ផ្តើមមានអារម្មណ៍តូចចិត្ត ហើយគិតថា ម៉ាក់គាត់មិនពេញចិត្តគាត់ជាដើម។ ខ្ញុំគូររូបនេះដើម្បីគាត់ ដោយសារខ្ញុំបាននៅទីនោះ ហើយខ្ញុំបានឃើញពេលដែលគាត់ទទួលអារម្មណ៍ទាំងអស់នេះ។» អំពីសិល្បៈ និងការព្យាបាលជម្ងឺផ្លូវចិត្ត… ទីល៖ «ពេលដែលខ្ញុំបាក់ទឹកចិត្តខ្លាំងមែនទែន ខ្ញុំអរគុណដល់ពួកម៉ាកជិតស្និទ្ធិរបស់ខ្ញុំ ដែលពួកគាត់តែងនៅកំដរខ្ញុំជានិច្ច។ ប៉ុន្តែខ្ញុំចេញរួចពីជម្ងឺនេះដោយសារខ្លួនឯងដែរ។ ខ្ញុំគិតថា ពេលខ្លះវាផ្អែកលើខ្លួនយើងដែរ។ បើយើងទន់តាមវា នោះយើងប្រាកដជាធ្លាក់ជ្រៅហើយ! យើងត្រូវជម្នះ ថាបើយើងចេញពីអាហ្នឹងរួច យើងមានអ្វីច្រើនទៀតដែលយើងអាចចែករំលែក ដែលយើងអាចធ្វើ និងជួយដល់សង្គមបាន។ ហេតុអ្វីបានជាយើងត្រូវឈប់ត្រឹមហ្នឹង? ពេលខ្ញុំពិបាកចិត្តខ្លាំងមែនទែនហ្នឹង ខ្ញុំខំប្រឹងជម្រុញឲ្យខ្លួនចេញទៅក្រៅ ទោះបីជាទៅតែម្នាក់ឯងក៏ដោយ ក៏ត្រូវទៅដែរ ដើម្បីឲ្យឃើញគេឃើញឯងជាដើម។ ហើយមួយវិញទៀត គឺការគូររូប។ ពេលខ្លះបើសិនជាខ្ញុំមិនបានធ្វើអ្វី មិនបានចេញក្រៅជាដើម ខ្ញុំនៅក្នុងបន្ទប់គូររូបឲ្យបានច្រើន។ វាជួយខ្ញុំ ហាក់ដូចជាវាព្យាបាលខ្ញុំអញ្ចឹង។» សៀវភៅដែលអ្នកចូលចិត្ត ព្រះអង្គម្ចាស់តូច (The Little Prince) ភាពយន្តដែលអ្នកចូលចិត្ត ភាពយន្តពី ស្ទូឌីយ៉ូ ជីប្ល៊ី (Studio Ghibli) [មិនដឹងចាប់ផ្តើមពីណាទៅមែនទេ? អានអត្ថបទខ្លីនេះ ដែលក្នុងនោះយើងបានជ្រើសរើសរឿបពីជីប៊្លី បីរឿងដែលអ្នកគួរមើល!] សិល្បករដែលអ្នកចូលចិត្ត ស៊ីស៊ីល អេកនីស (Agnes Cecile) និងមិត្តភក្តិគំនូរខ្មែរទាំងអស់ កន្លែងដែលចូលចិត្តធ្វើការ ហាងកាហ្វេស្ងាត់ៗដូចជា ប៊ូដាផេស ជាដើម សម្រាប់ការស្តាប់ ៖ សូមចុច ត្រង់នេះ អត្ថបទដោយ ៖  Sokcheng Seang -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

Share

ពក ក ជាការរីកធំនៃក្រពេញទីរ៉ូអ៊ីត។ កាលមុនគេសង្កេតឃើញពកក កើតមានចំពោះតែមនុស្សចាស់ភាគច្រើន តែឥឡូវពកក ឃើញកើតមានច្រើនផងដែរចំពោះក្មេងៗ ពិសេសគឺក្មេងខ្លះមានអាយុ ត្រឹម៩ឆ្នាំប៉ុេណ្ណាះ ក៏ឃើញមានជំងឺនេះដែរ។មូលហេតុដែលនាំឲ្យមានជំងឺពកក ៨០% បណ្តាលមកពី កង្វះជាតិអុីយ៉ូត។ មូលហេតុផ្សេងទៀតមានដូចជា តំណពូជប្រហែល៥% Grave's disease,Hashimoto's disease, មហារីកក្រពេញទីរ៉ូអ៊ីតរលាកក្រពេញទីរ៉ូអ៊ីត ស្រ្តីមានផ្ទៃពោះជាដើមសុទ្ធតែជាមូលហេតុដែលអាចបង្កជាជំងឺពកក។អ្នកមិនចូលចិត្តញ៉ាំអាហារសម្បូរជាតិអ៊ីយ៉ូត ឬអ្នកមានឳពុកម្តាយកើតជំងឺពកក សុទ្ធតែជាក្រុមដែលងាយប្រឈមនឹងជំងឺនេះជាងគេ។ សញ្ញាណាខ្លះកើតមានលើអ្នកជំងឺពកក? ភាគច្រើននៃអ្នកជំងឺពកកអាចសង្កេតឃើញសញ្ញាមួយចំនួនដូចជា៖ • ដុំហើមនៅនឹងកផ្នែកខាងក្រោម និងខាងមុខ • មានអារម្មណ៍តឹងក • អាចមានក្អក ពេលខ្លះស្អក • ពិបាកលេបអាហារ • ពិបាកដកដង្ហើម • ពេលលេបទឹកមាត់មានដុំឡើងចុះនៅនឹងកដែលអាចដឹងដោយដាក់ដៃលើចំណុចនោះ។ តើពកកត្រូវធ្វើរោគវិនិច្ឆ័យដូចម្តេច? អ្នកជំងឺអាចធ្វើរោគវិនិច្ឆ័យច្បាស់លាស់ដោយពឹងផ្អែកលើអេកូសាស្ត្រ(Echography) ដើម្បីអាចវាស់ទំហំ ចំនួនដុំ ឬក៏សមាសធាតុរបស់ដុំ ដែលអាចជា ទឹក ដុំសាច់រឹង និងអាចចម្រុះ។ ការថតអេកូសាស្ត្រក៏អាចឲ្យដឹងផងដែរថា ពកនេះជាប្រភេទធំ ស្មើសាច់ ឬមានដុំ រដិបរដុបមិនស្មើសាច់។ ចំពោះមុខ ជំងឺពកក ចាំបាច់ត្រូវពិនិត្យផងដែរដោយចៀសមិនផុតនូវកម្រិត T3 T4 និងTSH ។ ជំងឺពកកត្រូវព្យាបាលដោយរបៀបណា? ការព្យាបាលដ៏ត្រឹមត្រូវនៃអ្នកជំងឺពកក ធ្វើឡើងតាម២របៀប រួមមានដោយការវះកាត់ ឬប្រើប្រាស់ថ្នាំ។ ចំពោះការព្យាបាលដោយវះកាត់ អាចជួបផលវិបាកខ្លះៗ សម្រាប់ពេលមុនដូចជា អ្នកជំងឺ ស្អកថប់ស្ទះដង្ហើម ឬហូរឈាមក្រោយវះកាត់ជាដើម។ប៉ុន្តែ តាំងពីឆ្នាំ ២០០៧ រហូតដល់បច្ចុប្បន្ន ការវះកាត់ពុំដែលមានបញ្ហាទាំងអស់នេះកើតមានឡើងទៀតទេ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាល្អ និងទាន់សម័យ។ ដើម្បីការពារ ឬកាត់បន្ថយការកើតមានជំងឺពកកគ្រប់គ្នាគប្បីបង្កើនការទទួលទានអាហារមានជាតិអ៊ីយ៉ូតតដូចជា អំបិលអុីយ៉ូត អាហារសមុទ្រ ឬបន្លែ ផ្លែឈើដុះតាមបណ្តោយឆ្នេរសមុទ្រ ដែលសម្បូរអ៊ីយ៉ូតច្រើន។ សូមកុំធ្វេសប្រហែស គួរអញ្ជើញទៅជួបគ្រូពេទ្យជំនាញឯកទេសច្បាស់លាស់ដើម្បីទទួលការព្យាបាលមួយល្អ ត្រឹមត្រូវ និងចៀសផុតពីផលវិបាកទាំងឡាយដែលអាចនឹងកើតមាន។ គួរបញ្ជាក់ផងដែរថា ជំងឺពកកមិនអាចព្យាបាលដោយការដុតនឹងប៉ុយ ឬធូបបាននោះទេ។ បកស្រាយដោយ ៖ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសផ្នែក ត្រចៀក ច្រមុះ បំពង់ក វះកាត់ ក្បាល និង ក ព្រមទាំងជាអនុប្រធានមន្ទីរសំរាកព្យាបាលលុច្ស និងជាប្រធានសមាគមត្រចៀក ច្រមុះ បំពង់ក វះកាត់ក្បាល និង ក កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នៅពេលអ្នកឆ្លុះកញ្ចក់ម្តងៗ ចេះតែមានអារម្មណ៍ថាមុខស្ងួត ស្រអាប់ មិនស្រស់ស្រាយ ឬហាក់ដូចជាចាស់ជាងមុនមែនទេ?ប្រហែលជាដល់ពេលដែលអ្នកត្រូវបង្កើនសកម្មភាពបន្ថែមហើយ នោះគឺការម៉ាស្សាមុខ ព្រោះតែគុណសម្បត្តិទាំង៥ខាងក្រោម៖  1. បន្ថយភាពតានតឹង និងបង្កើនអារម្មណ៍ល្អ ការម៉ាស្សាមុខ ជាជម្រើសមួយដែលត្រូវបានណែនាំដោយអ្នកជំនាញ ដើម្បីបន្ថយនូវភាពតានតឹង។ ដោយឡែក រយៈពេលនៃការម៉ាស្សាមុខ គឺអាស្រ័យទៅតាមប្រភេទស្បែកនីមួយៗ សម្រាប់ស្បែកមុខខ្លាញ់ ល្អបំផុតក្រោម១០នាទី រីឯស្បែកមុខធម្មតា និងស្ងួត មិនត្រូវម៉ាស្សាលើសពី២០នាទីនោះទេ។ ការម៉ាស្សាមុខ អាចជួយកាត់បន្ថយភាពស្ត្រេស និងបង្កើនអារម្មណ៍ស្រស់ស្រាយ ទោះស្ថិតក្នុងវ័យណាក៏ដោយ។ យោងតាមការសិក្សាពីវិទ្យាស្ថានវិទ្យាសាស្ត្រមួយបង្ហាញថា ការម៉ាស្សាមុខបន្ថយការថប់បារម្ភ និងអាចកែលម្អអារម្មណ៍អវិជ្ជមានមួយចំនួន។ លើសពីនេះ ការធ្វើតេស្តចិត្តសាស្ត្រនៅឆ្នាំ២០០៨ ក្នុងរយៈពេល៤៥នាទីនៃការម៉ាស្សាមុខ បង្ហាញថាវាជួយកែលម្អទាំងអារម្មណ៍ និងកម្រិតនៃការថប់បារម្ភ។ ម៉្យាងទៀត ការសម្រាកក្នុងពេលម៉ាស្សាមុខ អាចចាត់ទុកជាពេលមួយដែលអ្នកអាចកាត់បន្ថយស្ត្រេសបានយ៉ាងមានប្រសិទ្ធភាព។ 2. បង្កើនលំហូរ និងជម្រាប ជាក់ស្តែង ការម៉ាស្សាជួយសម្រួលឲ្យសរសៃឈាមដំណើរការបានល្អ មិនថាជាការម៉ាស្សាដងខ្លួនទាំងមូល ឬម៉ាស្សាមុខ។ ដោយហេតុថា ការម៉ាស្សាជួយបង្កើនលំហូរនៃឈាម និងអុកស៊ីសែននៅលើផ្ទៃមុខ។ ចំណុចល្អបំផុតនៅលើមុខរបស់អ្នកដែលចាំបាច់ត្រូវការម៉ាស្សានោះគឺ នៅជុំវិញមាត់ ភ្នែក និងចិញ្ចើម។ ការម៉ាស្សាដែលគ្រាន់តែជាការភ្ញោចចរន្តឈាមនោះ អាចត្រឹមជាការអង្អែលថ្នមៗ និងលុញចុះឡើង នោះផ្ទៃមុខរបស់អ្នកមើលទៅមានសុខភាពល្អស្រស់ថ្លា។ មិនតែប៉ុណ្ណោះ វាអាចជួយបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ដទៃទៀតឲ្យជ្រាបចូលស្បែកងាយស្រួល។ ចាប់ផ្តើមដោយអ្នកគ្រាន់តែចំណាយពេលបន្តិចបន្តួចសម្រាប់ខ្លួនឯងនៅផ្ទះជារៀងរាល់យប់មុនពេលចូលគេង លាងសម្អាតមុខឲ្យស្អាត ប្រើសឺរ៉ូម និងក្រែមលាបស្បែកមុខ ហើយធ្វើការម៉ាស្សាថ្នមៗ ជាការស្រេច។ 3. ការពារភាពជ្រីវជ្រួញ ស្ត្រេសប្រចាំថ្ងៃញឹកញាប់ ជាលទ្ធផលនៃការកើនឡើងនូវភាពតានតឹងក្នុងសាច់ដុំ ពិសេសនៅលើផ្ទៃមុខ។ ការម៉ាស្សាមុខ ជួយឲ្យសាច់ដុំនៅទីតាំងទាំងនោះសម្រាក បន្ថយស្នាមដែលវាបានបង្កើតឡើង។ អ្នកអាចអនុវត្តជាមួយការផ្តល់សំណើម ក៏អាចជួយបន្ថយស្នាម និងភាពស្ងួតនៅលើស្បែកមុខបានផងដែរ។ នៅពេលសាច់ដុំមុខសម្រាក នោះជាលទ្ធផលអាចកាត់បន្ថយស្នាមជ្រីវជ្រួញរបស់អ្នកបាន។ វារឹតតែពិសេសសម្រាប់អ្នកដែលមានអាយុចាប់ពី៤០ឆ្នាំ ដែលស្បែករបស់ពួកគាត់ភាគច្រើនចាប់ផ្តើមបាត់បង់ភាពរលាស់ ហើយសាច់ដុំថយចុះនូវភាពរឹងមាំបន្តិចម្តងៗ។ 4. បន្ថយការស្ទះ ការព្យាបាលដោយការម៉ាស្សាអាចជួយបន្ថយសញ្ញាអាល្លែកហ្ស៊ី ដូចជាការស្ទះប្រហោងឆ្អឹងសងខាងច្រមុះ។ ការកើនឡើងស្លេស្មក្នុងប្រហោងឆ្អឹងសងខាងច្រមុះ អាចជាលទ្ធផលធ្វើឲ្យមានសម្ពាធ និងឈឺក្បាល។ ចំហាយទឹក និងការម៉ាស្សាថ្នមៗជួយដល់ចលនានៃការបញ្ចេញ សម្រួលកម្រិតការបង្ហូរ និងបន្ថយការកកស្ទះ។អ្នកអាចជួបពិភាក្សាជាមួយគ្រូពេទ្យប្រសិនបើអ្នកមានការស្ទះធ្ងន់ធ្ងររហូតដល់រលាកជាដើម។ 5. កម្ចាត់មុន ប្រេងនៅលើស្បែកមុខភាគច្រើនស្ទះតាមរន្ធរោមដែលវាអាចជាមូលហេតុមួយបង្កឲ្យកើតមុន។ប្រសិនបើអ្នកមានមុនលើស្បែកមុខ ការម៉ាស្សាមុខបន្ថយការកើនឡើងនៃការចេញមុន។ ម៉ាស្សាមុខបណ្តេញមុនដែលបណ្តាលមកពីប្រេង ថែមទាំងរក្សាឲ្យស្បែកមានផាសុកភាព។ ក្នុងពេលជាមួយគ្នានេះផងដែរ អ្នកនៅតែបន្តអនុវត្តរួមគ្នា ជាមួយនឹងការសម្អាតជាប្រចាំឲ្យបានទៀងទាត់។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរទី១ ៖ តើជំងឺមហារីកជាជំងឺឆ្លងឬទេ? ចម្លើយ ៖ ជំងឺមហារីក មិនមែនជាជំងឺឆ្លងទេ ដូចនេះ សូមកុំបារម្ភ ប្រសិនបើសមាជិកគ្រួសាររបស់អ្នក ឬមិត្តភក្តិជិតស្និទ្ធមានកើតជំងឺមហារីក ពីព្រោះអ្នកនឹងមិនអាចឆ្លងជំងឺនេះដោយផ្ទាល់នោះឡើយ។ សំណួរទី២ ៖ តើផ្នែកណាខ្លះនៃរាងកាយរបស់យើងដែលអាចកើតជំងឺមហារីកបាន? ចម្លើយ ៖ ជាអកុសល ដុំមហារីកអាចកើតមាននៅលើគ្រប់សរីរាង្គ និងជាលិកានៃរាងកាយរបស់យើង។ ចំពោះមនុស្សធំ ដុំមហារីកដែលអាចកើតមានញឹកញាប់ជាងគេបំផុតគឺ មហារីកសួត មហារីកសុដន់ មហារីកពោះវៀនធំនិងបាត មហារីកក្រពេញប្រូស្តាត មហារីកក្រពះ មហារីកថ្លើម មហារីកមាត់ស្បូន និងតួស្បូន មហារីកបំពង់អាហារ មហារីកប្លោកនោម មហារីកលំពែង។ រីឯចំពោះកុមារ (រាប់បញ្ចូលទាំងទារកទើបនឹងកើត និងទារក) ព្រមទាំងក្មេងជំទង់ ក៏អាចប្រឈមនឹងការកើតមានមហារីកផងដែរ ដែលញឹកញាប់បំផុតគឺ៖ - មហារីកគ្រាប់ឈាម (Leukaemias) - ដុំមហារីកនៅជាលិកា lymphatic (Lymphomas) ដែលរួមមាន ក្រពេញ Lymph (lymph nodes) និងសរីរាង្គអណ្តើក (spleen) ជាដើម - មហារីកខួរក្បាល - មហារីកលើជាលិកាទន់ និងឆ្អឹង (Sarcomas) - មហារីកពីកំណើតដូចជា មហារីកលើកោសិកាបង្កកំណើត (រួមមាន មហារីក Teratoma ដែលជាមហារីករួមផ្សំគ្នាដោយជាលិកាច្រើនប្រភេទ) មហារីកតម្រងនោម មហារីកស្រទាប់រេទីន(បាតភ្នែក) និងមហារីកថ្លើមជាដើម។ គួរបញ្ជាក់ថា គ្រប់ដុំមហារីកទាំងអស់ដែលត្រូវបានរកឃើញ ក្រោយពេលធ្វើរោគវិនិច្ឆ័យហើយសុទ្ធតែទាមទារឲ្យមានការព្យាបាលឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

 ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd នឹងរៀបចំកម្មវិធីសិក្ខាសាលា "សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា" ចូលរួមដោយសេរី និងទទួលបានការពិនិត្យភ្នែកដោយឥតគិតថ្លៃ ពីលោក ចក្ខុបណ្ឌិត ម៉ារ អមរិន្ទ ព្រមទំាងទទួលបានកាដូពីផលិតផល V.Rohto Cool ថែមទៀតផង។ ជួបជាមួយ ពិធីការិនី ឌីជេ ណាណា ជាពិសេសលោកអ្នកនឹងបានជួបជាមួយកំពូលតារាចម្រៀង គឺលោក ព្រាប សុវត្ថិ នៅថ្ងៃទី ១១ ខែឧសភា ឆ្នំា ២០១៨ នៅផ្សារទំនើប AEON ( Lively Plaza ជាន់ផ្ទាល់ដី) ចាប់ពីម៉ោង ១០ព្រឹក ដល់ ម៉ោង ៨ យប់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Facebook Page V.Rohto Cambodia ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ក្រចក ក៏ជាភ្នែកមួយសំខាន់ដែលបង្កប់នូវភាពទាក់ទាញដែរ ប្រសិនបើអ្នកមានរាងកាយស្អាតបាត ហើយតែក្រចកដៃ និងជើងគ្មានសម្រស់នោះ វាហាក់ដូចជាពន្លេចចេញនូវចន្លោះខ្វះខាតមួយ។ អ្នកមិនគួរមើលរំលងនូវចំណុចមិនប្រក្រតីមួយចំនួន ដែលកើតមានលើក្រចករបស់អ្នកឡើយ ប្រសិនបើអ្នកជួបប្រទះនឹងភាពដូចខាងក្រោមនេះ អ្នកត្រូវទទួលការប្រឹក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញផ្នែកស្បែក ៖  -ពណ៍ និងរូបរាងក្រចកមានការប្រែប្រួល ដូចជាការប្រែពណ៍ក្រចកទាំងមូល ឬកើតមានចំណុចខ្មៅនៅក្រោមក្រចក -ក្រចកឡើងស្ដើង ឬក្រាស់ខុសពីធម្មតា -ក្រចកបែកចេញពីស្បែកដែលនៅជុំវិញ -ឈាមចេញពីក្រចក -ស្បែកជុំវិញក្រចកឡើងហើម ឬមានការឈឺចាប់។ ចំពោះក្រចកដែលមានភាពប្រក្រតី អ្នកក៏គួរតែស្វែងយល់ពីទង្វើមួយចំនួន ដែលលោកអ្នកគួរប្រកាន់ភា្ជប់ និងចៀសវាងផងដែរ ដើម្បីថែរក្សាក្រចកឲ្យមានសភាពល្អជាប្រចាំ៖ ១. ទុកក្រចកឲ្យស្ងួត និងស្អាតជានិច្ច ការដែលក្រចកប៉ះទឹកច្រើន ហើយមានសំណើមនោះនឹងបណ្ដាលឲ្យបាត់តេរីលូតលាស់នៅក្រោមក្រចករបស់អ្នក ដូច្នេះហើយ ចូរប្រើស្រោមដៃពេលលាងចាន ឬបោកសម្លៀកបំពាក់។ ២. អនុវត្តអនាម័យក្រចក ប្រើកន្ត្រៃដែលគេប្រើសម្រាប់ការធ្វើក្រចក  កាត់តម្រឹមក្រចកឲ្យត្រង់ ហើយកាត់ឲ្យរាងកោងល្មម។ ៣. ប្រើផលិតផលផ្ដល់សំណើម  ពេលប្រើឡេលាបដៃ ត្រដុសវាចូលក្នុងក្រចកដៃ និងស្បែកចុងក្រចករបស់អ្នកផង ។ ៤. ប្រើប្រាស់ស្រទាប់ការពារ ប្រើប្រាស់ Nail Hardener ដើម្បីពង្រឹងក្រចកឲ្យរឹងមាំ។ ៥.ប្រើប្រាស់ Biotion ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា សារធាតុដែលមាននៅក្នុង Biotion អាចជួយពង្រឹងក្រចក ដែលទន់ និងផុយ។ ៦. ចៀសវាងការខាំក្រចក ឬទាញស្បែកចុងក្រចក មុខរបួស ឬរបកស្បែកបន្តិចបន្តួចនៅក្បែរក្រចកក៏បណ្ដាលឲ្យបាក់តេរី ឬផ្សិតចូលក្នុងក្រចក ហើយបង្កឲ្យមានការឆ្លងមេរោគផងដែរ។ ៧. ហាមដកក្រចក ដែលបាក់ ឬមានរបួសចេញ អ្នកអាចនឹងទាញដោយ ទាំងជាលិកាមានជីវិតមួយចំនួនទៅផង ដូចនេះហើយ កាត់វាម្ដងបន្តិចៗដោយប្រុងប្រយ័ត្នវិញ។ ៨.ហាមច្រានចោលនូវបញ្ហា ប្រសិនបើអ្នកមានបញ្ហាក្រចកដែលមើលទៅមិនអាចនឹងអាចបាត់ទៅដោយឯងៗនោះទេ អ្នកគួរទទួលការពិនិត្យជាមួយនឹងអ្នកជំនាញ។ ៩.ចៀសវាងប្រើប្រាស់ផលិតផលថែរក្សាក្រចកហួសកម្រិត ជាពិសេស កម្រិតការប្រើប្រាស់ថ្នាំលាបក្រចក។ នៅពេលដែលប្រិយមិត្តបានអាន និងស្វែងពីបញ្ហាក្រចកមិនប្រក្រតីនេះហើយ ហេលស៍ថាម សង្ឃឹមថា មិត្តអ្នកអាទាំងអស់នឹងបន្ថែមការយកចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយសួមកុំគិតថាវាជារឿងតូចតាចនោះ ព្រោះថាយូរៗទៅ វាអាចនឹងបំផ្លាញជីវិតយើងបាន៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ទន្តបណ្ឌិត កោ ហុកស៊ីម ប្រធាននៃសមគមទន្តពេទ្យកម្ពុជា និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យអន្តរជាតិ ទន្តបណ្ឌិត ហង្ស សុមេធ ស្ថាបនិកនៃសមាគមនិស្សិតទន្តសាស្ត្រកម្ពុជា និងលោក ជាង ប៉េងលាង ប្រធាននៃសមាគមនិស្សិតទន្តសាស្ត្រកម្ពុជា ព្រមជាមួយនឹងវាគ្មិនកិត្តិយសជាច្រើនរូប កម្មវិធីសិក្ខាលាលើកដំបូងបង្អស់រៀបចំឡើងដោយ Asia Pacific Dental Students Association (APDSA) Cambodia កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ដោយមានវត្តមានអ្នកចូលរួមជានិស្សិតទន្តសាស្ត្រប្រមាណជា១០០នាក់ ពីសាកលវិទ្យាល័យ៥ក្នុងប្រទេសកម្ពុជា រួមជាមួយនឹងទន្តពេទ្យមួយចំនួនផងដែរ ដោយមានការតាំងបង្ហាញនូវផលិតផលរបស់ក្រុមហ៊ុនចំនួន៨ ដែលក្នុងនោះក៏មានហេលស៍ថាម ខប និងក្រុមហ៊ុនផ្គត់ផ្គង់នូវសម្ភារៈបរិក្ខាទន្តសាស្រ្តផងដែរ។ ទោះបីនេះជាការរៀបចំជាលើកដំបូងក្តី ប៉ុន្តែលទ្ធផលដែលទទួលបាន គឺពិតជាគួរជាទីគាប់ចិត្ត និងល្អប្រសើរលើសពីការរំពឹងទុកទៅទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងស្មោះអស់ពីចិត្តក្នុងការរៀបចំនូវកម្មវិធីនេះ ដើម្បីផ្តល់ជូននូវបទពិសោធន៍ និងចំណេះដឹងដ៏សម្បូរបែបជូនដល់អ្នកចូលរួមជាមិត្តរួមវិស័យនេះ ក្នុងកម្មវិធីសិក្ខាសាលារយៈពេល១ថ្ងៃពេញនេះ ក្រោមប្រធានបទ«The Peak of Dentistry»។ កញ្ញា ឡៅ រីណា ជាប្រធាននៃ APDSA Cambodia  និងជាតំណាងនៃក្រុមការងារជាអ្នករៀបចំកម្មវិធីផ្ទាល់ ក៏បានលើកឡើងផងដែរថា«ការខិតខំប្រឹងប្រែងរបស់យើងពិតជាផ្តល់នូវលទ្ធផលជាផ្លែផ្កា ដោយយើងសង្កេតឃើញថា អ្នកចូលរួមបានទទួលនូវអ្វីដែលជាគោលដៅរបស់យើងដោយក្តីរីករាយ ហើយយើងពិតជាមិនអាចភ្លេចបាននូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការឧបត្ថម្ភគាំទ្រពីសំណាក់ភ្ញៀវកិត្តិយស វាគ្មិនកិត្តិយស និងក្រុមហ៊ុនដៃគូជាអ្នកឧបត្ថម្ភផងដែរ»។ លោក យ៉ានណែត បណ្ឌិតដានីគែល ដែលបានចូលរួមជាអ្នកចូលរួម និងជាផ្នែកមួយនៃក្រុមការងាររៀបចំកម្មវិធីផងនោះ បានឲ្យដឹងថា«ក្នុងនាមជាអ្នកចូលរួមមួយរូប ខ្ញុំពិតជារៀនបានច្រើនអំពីចំណេះដឹង និងបទពិសោធន៍អំពីវាគ្មិនកិត្តិយស តាមរយៈគន្លឹះ និងវិធីសាស្ត្រពិសេសៗដែលជួយឲ្យទទួលបានជោគជ័យលើដំណើរជីវិតជានិស្សិតផ្នែកនេះ សម្រាប់ជូនដល់និស្សិតទន្តសាស្ត្រជំនាន់ក្រោយដូចជារូបខ្ញុំផ្ទាល់ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមជាចំណែកមួយនៃការរៀបចំកម្មវិធី ខ្ញុំពិតជាបានឆ្លងកាត់នូវការជម្នះលើខ្លួនឯងក្នុងការបំពេញកាតព្វកិច្ចជាអ្នកដឹកនាំក្រុមមួយរូប (ដែលខ្ញុំមិនធ្លាប់គិតថាអាចធ្វើបានពីមុនមក) ហើយវា គឺបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំក្នុងការសាកល្បងនូវអ្វីដែលថ្មី មានការប្រាស្រ័យទាក់ទង និងស្គាល់មិត្តភក្តិថ្មីជាអ្នកនៅក្នុងវិស័យតែមួយនៃសាកលវិទ្យាល័យខុសគ្នា។ អ្វីដែលពិសេសជាងគេ គឺហ្គេមពង្រឹងស្មារតីជាក្រុមដែលត្រូវបានរៀបចំឡើង ដើម្បីលុបបំបាត់នូវភាពទើសទាល់រវាងអ្នកទើបស្គាល់គ្នាថ្មី ព្រមទាំងបង្កនូវបរិយាកាសប្បាយរីករាយ ក៏ដូចជាបង្កើតនូវការរួបរួមគ្នាជាថ្លុងមួយផងដែរ។ ខ្ញុំពិតជាពេញចិត្ត និងមានមោទនភាពដែលបានចូលរួមកម្មវិធីលើកនេះ…» រីឯអ្នកចូលរួមមួយរូបទៀត គឺ កញ្ញា ទុយ ដាវីន ជានិស្សិតឆ្នាំទី5ផ្នែកទន្តសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏បានប្រាប់ដល់ក្រុមការងារយើងផងដែរថា កញ្ញាបានទទួលនូវចំណេះដឹងថ្មីៗជាច្រើនរួមមានការត្រៀមខ្លួនសម្រាប់ការសិក្សានៅក្រៅប្រទេស វិធីសាស្ត្រសិក្សាដោយជោគជ័យ និងស្ត្រីក្នុងភាពជាអ្នកដឹកនាំ ផ្តោតពិសេសលើការសិក្សាផ្នែកទន្តសាស្ត្រ ដោយវាគ្មិនគ្រប់រូបជាមួយនឹងបទពិសោធន៍នៃភាពជោគជ័យក្នុងអាជីពការងារ  សុទ្ធតែផ្តល់នូវកម្លាំងជម្រុញទឹកចិត្ត និងបង្ហាញជូននូវចក្ខុវិស័យដ៏ល្អប្រសើរអំពីអនាគតនៃវិស័យទន្តសាស្ត្រនៅកម្ពុជា។ កញ្ញាក៏បានបញ្ជាក់ផងដែរថា«ខ្ញុំប្រាកដជាចូលរួមកម្មវិធីនេះនៅឱកាសក្រោយទៀត ដោយហេតុថានេះជាសិក្ខាសាលាប្រចាំឆ្នាំដ៏ធំមួយ និងផ្តល់គុណប្រយោជន៍ដល់អ្នកចូលរួម។ ហើយខ្ញុំពិតជាសូមសរសើរដល់ក្រុមការងារដែលបានរៀបចំនូវពេលវេលាដ៏ពិសេសនេះឡើងជាមួយនឹងទំនួលខុសត្រូវ និងឆន្ទៈយ៉ាងមុតមាំក្នុងការបំពេញនូវកាតព្វកិច្ចរបស់ពួកគាត់»។ គួរបញ្ជាក់ផងដែរថា APDSA Cambodia ជាផ្នែកមួយនេះ APDSA International ដោយមានចក្ខុវិស័យធំក្នុងការពង្រឹងនូវគុណភាពនៃការអប់រំផ្នែកទន្តសាស្ត្រនៅកម្ពុជា តាមរយៈការផ្លាស់ប្តូរ និងចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងពីសំណាក់ទន្តពេទ្យដែលធ្លាប់បានទទួលការសិក្សានៅក្រៅប្រទេស រួមមានការបង្ហាញនូវជំនាញទន់ និងភាពជាអ្នកដឹកនាំក្នុងវិស័យទន្តសាស្ត្រ។ មិនត្រឹមតែប៉ុណ្ណោះ APDSA Cambodia ក៏មានគោលដៅក្នុងការជួយដល់សហគមន៍ និងលើកកម្ពស់វិស័យទន្តសាស្ត្រនៅក្នុងប្រទេសកម្ពុជាយើង តាមរយៈការពង្រឹងនូវកិច្ចសហការរវាងអ្នកផ្គត់ផ្គង់សម្ភារៈបរិក្ខារទន្តសាស្ត្រ និងអ្នកប្រកបវិជ្ជាជីៈក្នុងវិស័យនេះផ្ទាល់ ព្រមទាំងជម្រុញ និងលើកទឹកចិត្តដល់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងបន្តការសិក្សាកម្រិតអនុបណ្ឌិត និងបណ្ឌិតផងដែរ។ ជាមួយនឹងទស្សនវិស័យដែលបានលើកឡើងខាងលើនេះ សិក្ខាសាលាក្រោមប្រធានបទ«The Peak of Dentistry»ក៏បានលេចចេញនូវវត្តមានឡើង ហើយក្រុមការងារក៏បានសន្យាថានឹងរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ… លោកអ្នកក៏អាចតាមដានបាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ APDSA Cambodia… Photos Credit : APDSA Cambodia ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top