- Jun 21, 2018 |
- 7 years ago |
- 4.8K views
Meloxicam ឱសថបំបាត់បញ្ហារលាក
ជាមួយមុខងារបំបាត់ការឈឺចាប់ និងហើម ឱសថ Meloxicam ត្រូវបានគេប្រើប្រាស់ ដើម្បីព្យាបាលជំងឺរលាកសន្លាក់ (Arthritis) ស្ថិតនៅក្នុងក្រុម Nonsteroidal anti-inflammatory drug (NSAID) ។ យ៉ាងណាមិញ ការព្យាបាលជំងឺរលាកសន្លាក់ដែលមានសភាពរ៉ាំរ៉ៃ ទាមទារឲ្យមានការពិភាក្សា និងណែនាំពីសំណាក់វេជ្ជបណ្ឌិតមានជំនាញក្នុងការប្រើប្រាស់ប្រភេទឱសថណាមួយ រួមបញ្ចូលទាំងឱសថដែលត្រូវការ ឬមិនត្រូវការវេជ្ជបញ្ជា។ សកម្មភាពរបស់ឱសថ ប្រសិទ្ធភាពរបស់ Meloxicam បានមកពីការរារាំង Cyclooxygenase (COX) ជាអង់ស៊ីមសម្រាប់បំលែង Arachidonic acid ទៅជាProstaglandin H2 ដែលវាជាដំណាក់កាលដំបូងនៃការសំយោគសារធាតុបង្កឲ្យមានការរលាកហៅថា Prostaglandins ។ កម្រិតនៃការស្រូបចូលរបស់ឱសថ មិនរងការប៉ះពាល់ពីចំណីអាហារនោះទេ ដែលកំហាប់ក្នុងឈាមខ្ពស់បំផុត គឺមានឡើងក្នុងរយៈពេល ៧ ទៅ៨ម៉ោងក្រោយការលេប ចំណែកការបញ្ចេញចោលពាក់កណ្តាល គឺធ្វើឡើងបន្ទាប់ពី ២៤ម៉ោង។ កម្រិត និងការប្រើប្រាស់ កម្រិតក្នុងការប្រើប្រាស់ឱសថ Meloxicam ប្រែប្រួលទៅតាមសភាពជំងឺ និងអាយុរបស់អ្នកជំងឺដែលមានដូចជា ៖ • ចំពោះជំងឺរលាកសន្លាក់ឆ្អឹង (Osteoarthritis) ៖ ការប្រើប្រាស់គឺ ៧.៥mg ក្នុងមួយថ្ងៃ ឬអាចកម្រិតខ្ពស់បំផុតត្រឹម ១៥mg សម្រាប់មនុស្សពេញវ័យ • ចំពោះជំងឺរលាកសន្លាក់ម្រាមដៃ ឬជើង (Rheumatoid Arthritis) ៖ កម្រិតក្នុងមួយថ្ងៃគឺ ៧.៥mg សម្រាប់មនុស្សពេញវ័យ ចំណែកកុមារចាប់ពី ២ឆ្នាំឡើងទៅ ការប្រើប្រាស់គឺ ០.១២៥ mg/Kg ក្នុងមួយថ្ងៃ • ចំពោះការប្រើប្រាស់ឱសថក្នុងទម្រង់ជាទឹក អ្នកគួរធ្វើការក្រឡុកឲ្យបានសព្វជាមុន រួចវាល់ជាមួយស្លាបព្រារង្វាល់ ចៀសវាងការប្រើប្រាស់ស្លាបព្រាធម្មតាដែលអាចបណ្តាលឲ្យខុសពីកម្រិតដែលត្រូវប្រើប្រាស់។ ឱសថអាចនឹងបង្កឲ្យមានផលរំខានដល់ក្រពះ ដូចនេះ គួរប្រើប្រាស់ឱសថនៅអំឡុងពេលបរិភោគអាហារ ទឹកដោះគោ ឬលេបជាមួយឱសថប្រឆាំងនឹងទឹកក្រពះ។ ផលរំខាន គួរផ្តល់ដំណឹងដល់ឱសថការី ឬវេជ្ជបណ្ឌិត ក្នុងករណីសង្កេតឃើញមានរោគសញ្ញានៃផលរំខាននានាដូចជា៖ • ឈឺក្រពះ ឬចង្អោរ • វិលមុខ • ឡើងសម្ពាធឈាម • រាក • ឈឺក្បាលខ្លាំង និងជាប់លាប់ • ស្រកទម្ងន់ • ហើមដៃ ឬជើង ដែលជាសញ្ញាទាក់ទងនឹងតម្រងនោម • ពិបាកដកដង្ហើម • ប្រតិកម្មលើស្បែក ឬភ្នែកដូចជា ក្រហមឡើងកន្ទួលជាដើម។ អន្តរកម្មឱសថ • ឱសថមួយចំនួនអាចនឹងបង្កជាអន្តរកម្មជាមួយឱសថ Meloxicam មានដូចជា ៖ Aliskiren, ឱសថបញ្ចុះសម្ពាធឈាម (Captopril, Lisinopril, Losartan, Valsartan) ឱសថ Cidofovir, Lithium, Methotrexate • ចៀសវាងការប្រើប្រាស់ឱសថបំបាត់ការឈឺចាប់ដែលមានប្រសិទ្ធភាពប្រហាក់ប្រហែលទៅនឹង Meloxicam ដូចជា Aspirin, Celecoxib, Ibuprofen ឬ Ketorolac ដែលវាអាចបណ្តាលឲ្យបង្កើននូវផលរំខាននៅពេលប្រើប្រាស់ជាមួយគ្នា។ បម្រុងប្រយ័ត្ន • ប្រាប់ដល់វេជ្ជបណ្ឌិត ឬឱសថការី ប្រសិនអ្នកមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុសកម្ម ឬឱសថ Aspirin រួមទាំងឱសថក្នុងក្រុម NSAID ដទៃទៀតដូចជា Ibuprofen Naproxen Celecoxib ជាដើម • ធ្វើការប្រុងប្រយ័ត្ន ចំពោះអ្នកដែលមានជំងឺហឺតជំងឺថ្លើម ក្រពះ បេះដូង សម្ពាធឈាមខ្ពស់ ដោយត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត មុនពេលប្រើប្រាស់ឱសថ • ការខ្សោយតម្រងនោមអាចនឹងកើតមានឡើងអំឡុងពេលប្រើប្រាស់ឱសថ ដូចនេះ អ្នកត្រូវបន្ថែមជាតិទឹកដល់រាងកាយឲ្យបានគ្រប់គ្រាន់ ដើម្បីបង្ការពីបញ្ហានានាដែលនឹងអាចមានឡើង • ចៀសវាងការបើកបរ ឬបញ្ជាម៉ាស៊ីន ដោយឱសថនេះអាចបង្កឲ្យមានអាការៈវិលមុខ • កាត់បន្ថយការនៅក្រោម ឬប៉ះពាល់ផ្ទាល់ជាមួយកម្តៅថ្ងៃ ដោយសារឱសថនេះអាចបង្កឲ្យមានប្រតិកម្មនៅក្រោមពន្លឺថ្ងៃ។ អ្នកគួរស្លៀកពាក់ឲ្យបានជិត និងប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃ • ឱសថ Meloxicam មិនត្រូវបានណែនាំឲ្យប្រើប្រាស់ ចំពោះស្រ្តីមានផ្ទៃពោះអំឡុងត្រីមាសទី ១ និងទី៣ នោះទេ ដោយសារវាអាចបង្កផលប៉ះពាល់ដល់ទារក។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share
