Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជាការពិត បញ្ហាមាត់ធ្មេញ ពេលខ្លះអាចបន្សល់នូវផលវិបាកមួយចំនួនទៅលើសរីរាង្គផ្សេងទៀតដែលទាក់ទង បើទោះបីជាបានទទួលការព្យាបាលហើយក៏ដោយ។ ក្នុងចំណោមនោះ ការរលាកឆ្អឹងសងខាងច្រមុះ ក៏ជាករណីដែលត្រូវបានរាយការណ៍ឡើងផងដែរ។ សំណួរ៖ ខ្ញុំបាទធ្លាប់មានបញ្ហាធ្មេញជួរខាងលើ និងបានទទួលការព្យាបាលដោយទន្តបណ្ឌិតរួចហើយ។ ប៉ុន្តែក្រោយការព្យាបាលធ្មេញរួចរាល់ហើយ ខ្ញុំបែរជាមានបញ្ហារលាកច្រមុះដែលអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងច្រមុះ។ តើបញ្ហានេះអាចទាក់ទងមកពីការព្យាបាលធ្មេញរបស់ខ្ញុំដែរឬទេ? តើខ្ញុំគួរទទួលយកការព្យាបាលរបៀបណាទើបល្អ? ចម្លើយ៖ ជាធម្មតាធ្មេញជួរខាងលើមានការជាប់ទាក់ទងនឹងប្រអប់ស៊ីនុសដែលនៅសងខាងច្រមុះ ដូច្នោះបញ្ហាធ្មេញជួរខាងលើអាចឲ្យមេរោគចម្លងចូលទៅក្នុងស៊ីនុសបង្កើតជាការរលាកក្នុងប្រអប់នេះ និងបញ្ចេញមកក្នុងច្រមុះ។ អ្នកជំងឺគួរតែមកពិនិត្យដោយថតមើលប្រអប់នេះ និងច្រមុះដើម្បីដឹងពីកម្រិតនៃការរលាក។ បកស្រាយដោយ ៖ សាស្រ្តាចារ្យ ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្បែកស្ងួតជាទូទៅមិនមានធ្ងន់ធ្ងរអ្វីនោះទេ ប៉ុន្តែវាអាចទៅជាមិនមានផាសុកភាព មិនច្បាស់លាស់ មើលមិនឃើញ ហើយក៏មិនអាចដឹង។ ជាមួយនឹងអត្ថបទនេះ អ្នកនឹងកាន់តែច្បាស់ពីចំណុចទាំង៤ ពីក្រោយស្បែកស្ងួតរបស់អ្នក៖    ១. តើសញ្ញាណាខ្លះបញ្ជាក់ថាអ្នកកំពុងមានស្បែកស្ងួត? អាការៈមួយចំនួនដែលអាចបញ្ជាក់បានថាស្បែករបស់អ្នកមិនមែនស្ងួតធម្មតា គឺអ្នកសម្គាល់ឃើញថាស្បែកហាក់ដូចជាស្ងួតជាប្រចាំ ទោះអាកាសធាតុក្តៅ ឬត្រជាក់ក៏ដោយ។ ជាក់ស្តែង អ្នកអាចមានអារម្មណ៍ដឹងដោយញាណថា ស្បែកតឹងជាងធម្មតា ពិសេសបន្ទាប់ពីងូតទឹករួច ស្បែកឡើងក្រហម មានរមាស់ របក ជ្រួញ ហើយរបើកស្បែកងាយនឹងឡើងស្រអាប់ ឬពេលខ្លះប្រេះរហូតដល់ចេញឈាម។   ២. ហេតុអ្វីអ្នកងាយប្រឈមនឹងស្បែកស្ងួតជាងគេ? -កត្តាអាកាសធាតុ ៖ ស្បែកភាគច្រើនមានទំនោរទៅជាស្ងួតនៅរដូវត្រជាក់ នៅពេលដែលសីតុណ្ហភាព និងសំណើមធ្លាក់ចុះ។ ប៉ុន្តែ រដូវអាចប្រហែលមិនមែនជាមូលហេតុនោះទេ នៅតំបន់ក្តៅខ្លាំង មួយចំនួន។ -កត្តាកម្តៅ ៖ ករណីខ្លះ កម្តៅក្តៅខ្លាំង ឬកន្លែងដែលប្រើប្រាស់ភ្លើងធ្វើឲ្យក្តៅ សុទ្ធតែបន្ថយ នូវសំណើម និងធ្វើឲ្យស្បែករបស់អ្នកស្ងួតដូចគ្នា។ -ការងូតទឹកក្តៅជាប្រចាំ ៖ ងូតទឹកក្តៅជាប្រចាំ ហើយរយៈពេលយូរ អាចធ្វើឲ្យស្បែកអ្នកស្ងួតជាប្រចាំដោយមិនដឹងខ្លួន។ -សាប៊ូដុំ ៖  ប្រភេទសាប៊ូដុំភាគច្រើនបំផ្លាញសំណើមពីស្បែករបស់អ្នក ដោយសារវាផលិតពីរូបមន្តដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ប្រេងលើស្បែក។ -លក្ខខណ្ឌស្បែកផ្សេងទៀត ៖ ប្រជាជនមានបញ្ហាស្បែក ដោយសារប្រព័ន្ធភាពស៊ាំក្នុងរាងកាយមួយចំនួន ដូចជា Eczema or Psoriasis តែងធ្វើឲ្យស្បែកស្ងួតជានិច្ច។   មនុស្សគ្រប់រូបសុទ្ធតែអាចវិវឌ្ឍទៅស្បែកស្ងួតបានដូចគ្នា ប៉ុន្តែអ្នកប្រហែលងាយកើតជាងអ្នកផ្សេងទៀត ប្រសិនបើអ្នកមានអាយុ៤០ឆ្នាំ ឬលើសពីនេះ ដោយហេតុថាវាកើនឡើងតាមអាយុ ជាក់ស្តែង លើសពី៥០%នៃអ្នកដែលមានអាយុច្រើនគឺមានបញ្ហាស្បែកស្ងួត។ ទោះជាយ៉ាងណាក៏ដោយ យុវវ័យមួយចំនួនដែលនិយមចូលចិត្តការហែលទឹកនៅក្នុងអាងដែលប្រើប្រាស់ក្លរ ដើម្បីសម្លាប់មេរោគ មានភាគរយខ្ពស់ក្នុងការប្រឈមនឹងបញ្ហាស្បែកស្ងួតនេះជាពិសេស។   ៣. ផលរំខានអ្វីខ្លះ ដែលអ្នកស្បែកស្ងួតងាយប្រឈម? បញ្ហាស្បែកស្ងួត ជាទូទៅងាយប្រឈមបំផុត ប្រសិនបើមិនបានថែរក្សាឲ្យបានដិតដល់ ករណីខ្លះ ភាពស្ងួតកើនឡើង អាចបង្កឲ្យទៅជាជំងឺផ្សេងៗ ដែលស្បែកនឹងឡើងទៅជាក្រហម របក និងរលាកធ្ងន់ធ្ងរ។ ម៉្យាងទៀត អាចឈានដល់ការបង្ករោគលើស្បែកដោយសារបាក់តេរីចូល។   ៤. តើអ្នកគួរដោះស្រាយបញ្ហានេះដោយរបៀបណា? -ផ្តល់សំណើម ៖ ក្រែមផ្តល់សំណើមមានប្រសិទ្ធភាពធ្វើឲ្យស្បែករបស់អ្នករក្សាជាតិទឹកកុំឲ្យចេញ ក្នុងរយៈពេលកំណត់មួយ ដូច្នេះ អ្នកត្រូវរក្សាការផ្តល់សំណើមជាប្រចាំតាមការណែនាំពិសេសបន្ទាប់ពីអ្នកងូតទឹករួចភ្លាមៗ។ -ប៉ះពាល់ជាមួយទឹកមានកម្រិត ៖ ការងូតទឹកយូរ និងទឹកក្តៅខ្លាំង គឺជាមូលហេតុបំផ្លាញជាតិប្រេងនៅលើស្បែក។ ដូចនេះ អ្នកគួររក្សាការងូតទឹកសម្អាតខ្លួន យ៉ាងហោចណាស់ត្រឹម១០នាទី ឬតិចជាងនេះ និងគួរប្រើប្រាស់ប្រភេទទឹកក្តៅឧណ្ហៗ ឬក្តៅល្មម មិនក្តៅខ្លាំង។ លោកអ្នកត្រូវព្យាយាមងូតទឹកមិនឲ្យលើសពីម្តងក្នុងមួយថ្ងៃបើស្បែកអ្នកស្ងួតខ្លាំង។ -បញ្ឈប់ការប្រើសាប៊ូដុំ ៖ ព្យាយាមប្រើប្រាស់ក្រែមសម្អាតស្បែក ឬសាប៊ូដុសខ្លួន និងមុខ ប្រភេទទឹក ដែលមានមុខងារបន្ថែមសំណើម ដល់ស្បែក។ -ស្លៀកពាក់ឲ្យជិតៗ នៅពេលត្រជាក់ ៖ រដូវរងារ អាចធ្វើឲ្យស្បែកស្ងួត ដូច្នេះហើយ អ្នកត្រូវប្រាកដថាអ្នកបានស្លៀកពាក់ជិតមានស្រោមដៃមានមួកពេលអ្នកចេញក្រៅ។ ម៉្យាងទៀត អ្នកគួរពាក់ស្រោមដៃជាប្រចាំ បើអ្នកប្រើដៃដើម្បីសម្អាត ឬលាងរបស់របរផ្សេងៗ។   ការថែរក្សារបស់អ្នក ត្រូវតែអមជាមួយនឹងការចៀសវាង ទើបលោកអ្នកអាចទទួលបានស្បែក មានសុខភាពល្អដូចក្តីប្រាថ្នា។ តែប្រសិនបើការអនុវត្តរបស់អ្នកមិនទទួលបានជោគជ័យទេនោះ អ្នកអាចត្រូវការ ការប្រឹក្សាបន្ថែមពីឱសថការី ឬគ្រូពេទ្យជំនាញដែលនៅជិតអ្នកបំផុត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ភាគច្រើនបញ្ហាក្រពះពោះវៀន មិនមែនកើតតែចំពោះមនុស្សចាស់នោះទេ យុវវ័យមួយចំនួនធំក៏កំពុងប្រឈមនឹងបញ្ហានេះដូចគ្នាដែរ។ ព្រោះតែញ៉ាំអ្វីប្លែកបន្តិចបន្តួចក៏មិនស្រួលពោះ ឬពេលខ្លះនៅសុខៗដូចចេញទឹកក្រពះឈឺមួយរំពេច ដែលហោចណាស់ក៏ត្រូវញ៉ាំថ្នាំទើបបាត់។ អំឡុងពេលនេះ ក៏មានប្រភេទអាហារខ្លះទាមទារឲ្យអ្នកត្រូវតមដោយហេតុផលផ្សេងៗផងដែរ៖   អាល់កុល អាល់កុល ជាអាស៊ីតរាវ ដែលផ្ទុកនូវវត្តមាន អេតាណុល និងអាចចូលរួមបង្កើនការបញ្ចេញអាស៊ីតថែមមួយកម្រិតទៀត។ ម៉្យាងទៀត វាក៏ធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកធ្ងន់ធ្ងរ បន្ថយការរំលាយអាហារ និងបង្កើនការក្អែអាស៊ីត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនអ្នកមានអារម្មណ៍ថាចង់ ចង្អោរ ក្អួត រឿងមួយដែលអ្នកត្រូវដឹង និងចៀសឲ្យផុតគឺ ភេសជ្ជៈដែលមានជាតិអាល់កុល ព្រោះវានឹងធ្វើឲ្យអាការៈដែលអ្នកកំពុងមាន វិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរដោយសារអាល់កុល អាចឲ្យ ពុលដល់ក្រពះ និងអាចផ្លាស់ប្តូរការធ្វើមេតាប៉ូលីសថ្លើមបាន។ គួរបញ្ជាក់ថា ប្រជាជនដែលមានបញ្ហាថ្លើមស្រាប់ មិនគួរទទួលទានជាតិអាល់កុលច្រើននោះទេ ហើយបើនរណាម្នាក់ដែល មានបញ្ហាក្រពះ ក៏ត្រូវផ្តល់ដំបូន្មានឲ្យចៀសពីសារធាតុនេះដែរ។   អាហារហឹរ ការទទួលទានអាហារហឹរ គឺមានការប្រែប្រួលទៅតាមបុគ្គលម្នាក់ៗ អ្នកខ្លះគ្មានផលប៉ះពាល់អ្វីនោះទេ ស្របពេលដែលវាអាចជាមូលហេតុនៃការពិបាករំលាយអាហារម្រាប់បុគ្គលផ្សេងទៀត។ ប្រសិនបើអ្នកមានសញ្ញាដូចជា ចង្អោរ ក្អួត និងរាក អ្នកគួរតែចៀសវាងនូវអាហារមួយចំនួន ដែលមានលទ្ធភាពអាចភ្ញោចប្រព័ន្ធរំលាយអាហារក្នុងនោះអាហារមានរសជាតិហឹរជាមួយក្នុងចំណោមអាហារទាំងនោះ។ ជាពិសេស អ្នកគួរជ្រើសរើសអាហារមានរសជាតិសាបបន្តិចនៅពេលអ្នកមានបញ្ហារំលាយអាហារ ហើយត្រូវប្រាកដថាអ្នក មិនបានញ៉ាំអាហារហឹរ បើអ្នកមានប្រតិកម្មជាមួយវា។ សូមប្រយ័ត្ន ប្រភេទអាហារហឹរដែលចម្អិនជាមួយប្រេង ឬខ្លាញ់ អាចចាត់ចូលជាប្រភេទអាហារដែលមិនល្អដល់អ្នកខ្សោយក្រពះពោះវៀនទ្វេដង។   ផលិតផលទឹកដោះគោ តាមរយៈការស្រាវជ្រាវកន្លងមក គេបានរកឃើញថា ប្រជាជនជាងពាក់កណ្តាលពិភពលោក គឺមានប្រតិកម្មជាមួយនឹងឡាក់តូសក្នុងទឹកដោះគោមានន័យថា ពួកគេគ្មាននូវអង់ស៊ីមចាំបាច់ក្នុងការរំលាយផលិតផលទឹកដោះគោនោះ។ ប៉ុន្តែទោះបីអ្នកមិនមានប្រតិកម្មនឹងឡាក់តូសក៏ដោយ តែការបង្ករោគពីវីរុស ឬបាក់តេរី អាចប៉ះពាល់ដល់ឡាក់តាស ដែលជាអង់ស៊ីមសំខាន់សម្រាប់រំលាយឡាក់តូស និងអាចជាមូលហេតុចម្បងធ្វើឲ្យបាត់បង់សមត្ថភាពក្នុងការរំលាយឡាក់តូសផងដែរ។ ការទទួលទានផលិតផលទឹកដោះគោដូចជាទឹកដោះគោឆៅ និងឈីស ត្រូវបានបង្ហាញថាធ្វើឲ្យមនុស្សមួយចំនួនឆាប់ឈឺក្រពះ។   អាហារចៀន-កែច្នៃ មានផលិតផលខ្លាញ់ដូចជាប្រេងអូលីវ ប័រ និងអាហារប្រភេទចៀនខ្លះមានផ្ទុកនូវប្រភេទខ្លាញ់Trans ក្នុងកម្រិតខ្ពស់ ជាមូលហេតុធ្វើឲ្យពិបាក ដល់ប្រព័ន្ធរំលាយអាហារ ព្រោះវាពិបាកបំបែក។ខ្លាញ់ទាំងនេះអាចរក្សាឲ្យអាស៊ីតកើនឡើង ដែលជាមូលហេតុនៅពីក្រោយការក្អែរអាស៊ីត។ សម្រាប់ប្រភេទអាហារកែច្នៃដែលមានអាយុកាល ឬកាលបរិច្ឆេទផុតកំណត់រយៈពេលយូរ ជាទូទៅ គឺមាន ជាតិគីមីច្រើរួមទាំងសារធាតុសម្រាប់ថែរក្សាដែលរំខានដល់សរីរាង្គផ្នែកពោះរបស់អ្នកជាទូទៅ។ កាហ្វេអ៊ីន កាហ្វេអ៊ីនភ្ញោចការកន្ត្រាក់នៃស្រទាប់ពោះវៀនធ្វើឲ្យចលនាក្រពះ ពោះវៀន កើនឡើងឆាប់រហ័សងាយនឹងបង្កជារាក ស្ទើរគ្រប់គ្នា។ ដូច្នេះ ប្រសិនអ្នកមានបញ្ហារាកស្រាប់ នោះកាហ្វេអ៊ីននឹង ធ្វើឲ្យអ្នកកាន់តែរាកធ្ងន់ធ្ងរ។ ត្រូវចាំថាមិនត្រឹម តែកាហ្វេទេ សូដា និងសូកូឡា ជាប្រភពផ្សេងទៀតនៃកាហ្វេអ៊ីន និងដែលអាចបង្កជាការឈឺក្រពះកាន់តែខ្លាំង។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងស្តីពីគណនេយ្យក្នុងសង្គមហ្វេសប៊ុកឈ្មោះ My-Big-Zone បានផ្សព្វផ្សាយឱសថឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជិកា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសបុករៀងរាល់ថ្ងៃ មានគណនេយ្យឈ្មោះ My-Big-Zone បានផ្សព្វផ្សាយឱសថឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជិកានៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១០ មកម៉្លេះ។ គណនេយ្យ My-Big-Zone បានផ្សព្វផ្សាយឱសថឈ្មោះ TRANKAL ដោយបំផ្លើសហួសពីការពិតដូចជាចាត់ទុកថា ឱសថបុរាណថៃ+ចិនមិនមែនជាថ្នាំគីមី សម្រាប់ព្យាបាលជំងឺដូចជាជំងឺសន្លាក់រ៉ាំរ៉ៃ ឈឺដើរមិនរួចជាដើម។ ក្រសួងសុខាភិបាលសូមបញ្ជាក់ថា សារធាតុផ្សំទាំងនេះមិនមែនជាឱសថបុរាណទេ គឺជាឱសថសម័យសុទ្ធសាធដែលក្រសួងសុខាភិបាលបានពិនិត្យឃើញថាការប្រើប្រាស់សារធាតុ Indomethacine Dexamethasone និងសារធាតុដទៃទៀតបញ្ចូលគ្នានឹងធ្វើឲ្យមានការប៉ះពាល់ដល់ក្រពះធ្ងន់ធ្ងរ និងគ្មានឯកសារយោងច្បាស់លាស់ទើបក្រសួងសុខាភិបាលសម្រេចលុបបញ្ជិកាចេញ និងមិនអនុញ្ញាតឲ្យឱសថឈ្មោះ TRANKAL នេះចរាចរក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១០ មកម៉្លេះ។   ដើម្បីចៀសវាងការខាតបង់ប្រាក់កាស ប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ក្រសួងសុខាភិបាលសង្ឃឹមថា៖សាធារណជនទាំងអស់ក្រោយពីបានទទួលសេចក្តីជូនដំណឹងនេះហើយ ត្រូវឈប់ប្រើប្រាស់ ឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូត កុហក បំផ្លើសពីការពិតរបស់ជនខិលខូចនេះទៀតហើយម្ចាស់គណនេយ្យឈ្មោះ My-Big-Zone ខាងលើ ត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់ឬចែកចាយឱសថឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជិកានេះជាបន្ទាន់។   ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ចំពោះម្ចាស់គណនេយ្យឈ្មោះ My-Big-Zone ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយឱសថឈ្មោះ TRANKAL។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញកំពុងប្រើប្រាស់ លក់ ចែកចាយ ផលិតផលឱសថឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជិកាខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សម្រាប់ខែមិថុនានេះ ហាក់ដូចជាមានកំណើននៃអត្ថបទចែករំលែកដោយសមាជិកនៃសហគមន៍របស់យើង ដែលសរបញ្ជាក់ឲ្យឃើញអំពីការចូលរួមចំណែកជាមួយគ្នាក្នុងការលើកស្ទួយវប្បធម៌នៃការចែករំលែក ក៏ដូចជាពង្រឹងការយល់ដឹងអំពីសុខភាពដល់ប្រជាជនយើង។ ក្នុងចំណោមអត្ថបទដែលបានចេញផ្សាយដោយក្រុមការងារនិពន្ធ និងសមាជិកទាំងអស់ យើងសង្កេតឃើញមានអត្ថបទ៣ខាងក្រោមនេះ ដែលមានចំនួនអ្នកអានច្រើនជាងគេ… ១. អ្នកជក់បារីនៅទីសាធារណៈ  និងតំបន់ហាមឃាត់ នឹងត្រូវផាកពិន័យ… យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានថ្លែងឡើងក្នុងទិវាពិភពលោកគ្មានថ្នាំជាក់ ក្រោមប្រធានបទ«ថ្នាំជក់ និងជំងឺបេះដូង» បានឲ្យដឹងថា «ក្រសួងសុខាភិបាលនឹងចាប់ផ្តើមផាកពិន័យចំពោះអ្នកជក់បារី នៅតាមសាធារណៈ និងតំបន់ហាមឃាត់ រួមទាំងតាមភោជនីយដ្ឋាន និងសណ្ឋាគារផងដែរ»។  ២. ការយល់ដឹងអំពីជំងឺមហារីកមាត់ និងបំពង់កផ្នែកខាងលើ ការសិក្សានៅប្រទេសអាមេរិកឆ្នាំនេះ បានបង្ហាញថា «មានជាង ៥១,៥៥០ ករណីនៃជំងឺមហារីកមាត់ និងបំពង់កផ្នែកខាងលើ ដោយ៤០% មិនអាចរស់លើសពី៥ឆ្នាំនោះទេ ហើយអ្នកដែលអាចរស់បានរយៈពេលវែង នឹងមានបញ្ហាដូចជា ការខូចទ្រង់ទ្រាយមុខ ឬ មានការពិបាកក្នុងការនិយាយ និង ការញ៉ាំអាហារជាដើម។ ចំណែកឯអត្រាស្លាប់ដោយសារជំងឺនេះនៅមានកម្រិតខ្ពស់ ដោយសារការរកឃើញជំងឺយឺតពេល។ យ៉ាងណាមិញ បើមានការរកឃើញបានរហ័សជាងនេះ និងព្យាបាលទាន់ពេលវេលានោះ ការព្យាបាលនឹងមានភាពជោគជ័យខ្ពស់ ព្រមទាំងកាត់បន្ថយផលលំបាកក្រោយការព្យាបាលបានច្រើន… ៣. ទម្លាប់មិនល្អ ដែលគួរផ្លាស់ប្តូរ «គេសង្កេតឃើញថា ប្រជាជនខ្មែរយើងមួយចំនួនតូច ហាក់ដូចជាមានការធ្វេសប្រហែសច្រើន ជាមួយជំងឺ និងមិនបានយកចិត្តទុកដាក់នឹងសុខភាពផ្ទាល់ខ្លួនឡើយ។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យបងប្អូនយើងពេលមានជំងឺម្តងៗ ច្រើនតែធ្ងន់ធ្ងរ ពិបាកព្យាបាល ឬព្យាបាលមិនងាយជា ហើយការព្យាបាលទៀតសោត ក៏ត្រូវប្រើពេលវេលា និងលុយកាក់ច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះក៏ចាប់ផ្តើមភ័យរត់ចុះរត់ឡើង ដោយខ្លះបានរត់ដល់បរទេសទៀតផង។» នេះជាកាលើកឡើងរបស់ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត ហើយលោកបានចាត់ទុកនេះជាទម្លាប់មិនល្អ ដែលគួរតែមានការផ្លាស់ប្តូរ។  ***កំណត់សម្គាល់ ៖ សូមចុចលើចំណងជើង ដើម្បីអានអត្ថបទដើម ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កម្មវិធីប្រចាំឆ្នាំមួយដែលមានឈ្មោះថា «ពិធីបុណ្យផ្កាយ ឬតាណាបាតា» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា CJCC បានត្រឡប់មកវិញហើយ!!! ក្រោមការចូលរួមសហការជាមួយស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន រួមទាំងការឧបត្ថម្ភធំពីក្រុមហ៊ុនជាច្រើន ពិធីបុណ្យផ្កាយឆ្នាំនេះ នឹងប្រព្រឹត្តនៅថ្ងៃទី៥ និងទី៦ ខែកក្កដា នេះ ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ដែលនឹងនាំមកនូវកម្មវិធីសប្បាយជាច្រើន ដើម្បីឲ្យសាធារណជនបានស្គាល់ ក៏ដូចជាយល់ដឹងពីវប្បធម៌ខ្មែរនិងជប៉ុន ឲ្យកាន់តែសម្បូរបែបជាងមុន។ គួរបញ្ជាក់ផងដែរថា «ពិធីបុណ្យផ្កាយ ឬតាណាបាតា» នេះ ជាបុណ្យប្រពៃណីជប៉ុន ដែលមានកម្មវិធីពិសេសមួយជារៀងរាល់ឆ្នាំ គឺការសរសេរនូវបំណងប្រាថ្នារបស់ខ្លួន ឬមនុស្សជាទីស្រលាញ់ ហើយចងនៅលើដើមឫស្សី ដែលគ្រប់គ្នាសុទ្ធតែអាចចូលរួមបាន។ ក្រៅពីនេះ ក៏នឹងមានកម្មវិធីកម្សាន្តសប្បាយទាំងសិល្បៈចម្រៀង ភាពយន្ត ការតុបតែងខ្លួនតាមវប្បធម៌នៃប្រទេសទាំងពីរជាច្រើនទៀត ដែលក្នុងនោះរួមមានដូចជា ការចាក់បញ្ចាំងខ្សែភាពយន្តគំនូរជីវចលជប៉ុន ការប្រឡងចម្រៀងណូដូជីម៉ាន់លើកទី៩ ការប្រគំតន្រ្តីបុរាណជប៉ុន ក៏ដូចជាការស្លៀកសម្លៀកបំពាក់បុរាណខ្មែរសម័យលង្វែក ការស្លៀកសម្លៀកបំពាក់ជប៉ុន យូកាតា ការសាកល្បងចម្អិននំជប៉ុន និងការបណ្តែតប្រទីបពេលរាត្រីផងដែរ… ចូលរួមពិធីបុណ្យផ្កាយទាំងអស់គ្នា ដើម្បីកម្សាន្តសប្បាយ និងស្វែងយល់ពីវប្បធម៌របស់ប្រទេសទាំងពីរ!!! កាលបរិច្ឆេទ ៖ ថ្ងៃទី៥-៦ កក្កដា ២០១៨ ពេលវេលា ៖ ៨:០០ព្រឹក ដល់ ៨:០០យប់ ទីកន្លែង ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) សម្រាប់ព័ត៌មានបន្ថែម ៖ ពិធីបុណ្យផ្កាយ Tanabata Festival 2018 ឬ តាមរយៈគេហទំព័រផ្លូវការរបស់ CJCC ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាមួយមុខងារបំបាត់ការឈឺចាប់ និងហើម ឱសថ Meloxicam ត្រូវបានគេប្រើប្រាស់ ដើម្បីព្យាបាលជំងឺរលាកសន្លាក់ (Arthritis) ស្ថិតនៅក្នុងក្រុម Nonsteroidal anti-inflammatory drug (NSAID) ។ យ៉ាងណាមិញ ការព្យាបាលជំងឺរលាកសន្លាក់ដែលមានសភាពរ៉ាំរ៉ៃ ទាមទារឲ្យមានការពិភាក្សា និងណែនាំពីសំណាក់វេជ្ជបណ្ឌិតមានជំនាញក្នុងការប្រើប្រាស់ប្រភេទឱសថណាមួយ រួមបញ្ចូលទាំងឱសថដែលត្រូវការ ឬមិនត្រូវការវេជ្ជបញ្ជា។   សកម្មភាពរបស់ឱសថ ប្រសិទ្ធភាពរបស់ Meloxicam បានមកពីការរារាំង Cyclooxygenase (COX) ជាអង់ស៊ីមសម្រាប់បំលែង Arachidonic acid ទៅជាProstaglandin H2 ដែលវាជាដំណាក់កាលដំបូងនៃការសំយោគសារធាតុបង្កឲ្យមានការរលាកហៅថា Prostaglandins ។ កម្រិតនៃការស្រូបចូលរបស់ឱសថ មិនរងការប៉ះពាល់ពីចំណីអាហារនោះទេ ដែលកំហាប់ក្នុងឈាមខ្ពស់បំផុត គឺមានឡើងក្នុងរយៈពេល ៧ ទៅ៨ម៉ោងក្រោយការលេប ចំណែកការបញ្ចេញចោលពាក់កណ្តាល គឺធ្វើឡើងបន្ទាប់ពី ២៤ម៉ោង។   កម្រិត និងការប្រើប្រាស់ កម្រិតក្នុងការប្រើប្រាស់ឱសថ Meloxicam ប្រែប្រួលទៅតាមសភាពជំងឺ និងអាយុរបស់អ្នកជំងឺដែលមានដូចជា ៖ • ចំពោះជំងឺរលាកសន្លាក់ឆ្អឹង (Osteoarthritis) ៖ ការប្រើប្រាស់គឺ ៧.៥mg ក្នុងមួយថ្ងៃ ឬអាចកម្រិតខ្ពស់បំផុតត្រឹម ១៥mg សម្រាប់មនុស្សពេញវ័យ • ចំពោះជំងឺរលាកសន្លាក់ម្រាមដៃ ឬជើង (Rheumatoid Arthritis) ៖ កម្រិតក្នុងមួយថ្ងៃគឺ ៧.៥mg សម្រាប់មនុស្សពេញវ័យ ចំណែកកុមារចាប់ពី ២ឆ្នាំឡើងទៅ ការប្រើប្រាស់គឺ ០.១២៥ mg/Kg ក្នុងមួយថ្ងៃ • ចំពោះការប្រើប្រាស់ឱសថក្នុងទម្រង់ជាទឹក អ្នកគួរធ្វើការក្រឡុកឲ្យបានសព្វជាមុន រួចវាល់ជាមួយស្លាបព្រារង្វាល់ ចៀសវាងការប្រើប្រាស់ស្លាបព្រាធម្មតាដែលអាចបណ្តាលឲ្យខុសពីកម្រិតដែលត្រូវប្រើប្រាស់។   ឱសថអាចនឹងបង្កឲ្យមានផលរំខានដល់ក្រពះ ដូចនេះ គួរប្រើប្រាស់ឱសថនៅអំឡុងពេលបរិភោគអាហារ ទឹកដោះគោ ឬលេបជាមួយឱសថប្រឆាំងនឹងទឹកក្រពះ។   ផលរំខាន គួរផ្តល់ដំណឹងដល់ឱសថការី ឬវេជ្ជបណ្ឌិត ក្នុងករណីសង្កេតឃើញមានរោគសញ្ញានៃផលរំខាននានាដូចជា៖ • ឈឺក្រពះ ឬចង្អោរ • វិលមុខ • ឡើងសម្ពាធឈាម • រាក • ឈឺក្បាលខ្លាំង និងជាប់លាប់ • ស្រកទម្ងន់ • ហើមដៃ ឬជើង ដែលជាសញ្ញាទាក់ទងនឹងតម្រងនោម • ពិបាកដកដង្ហើម • ប្រតិកម្មលើស្បែក ឬភ្នែកដូចជា ក្រហមឡើងកន្ទួលជាដើម។   អន្តរកម្មឱសថ • ឱសថមួយចំនួនអាចនឹងបង្កជាអន្តរកម្មជាមួយឱសថ Meloxicam មានដូចជា ៖ Aliskiren, ឱសថបញ្ចុះសម្ពាធឈាម (Captopril, Lisinopril, Losartan, Valsartan) ឱសថ Cidofovir, Lithium, Methotrexate • ចៀសវាងការប្រើប្រាស់ឱសថបំបាត់ការឈឺចាប់ដែលមានប្រសិទ្ធភាពប្រហាក់ប្រហែលទៅនឹង Meloxicam ដូចជា Aspirin, Celecoxib, Ibuprofen ឬ Ketorolac ដែលវាអាចបណ្តាលឲ្យបង្កើននូវផលរំខាននៅពេលប្រើប្រាស់ជាមួយគ្នា។   បម្រុងប្រយ័ត្ន • ប្រាប់ដល់វេជ្ជបណ្ឌិត ឬឱសថការី ប្រសិនអ្នកមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុសកម្ម ឬឱសថ Aspirin រួមទាំងឱសថក្នុងក្រុម NSAID ដទៃទៀតដូចជា Ibuprofen Naproxen Celecoxib ជាដើម • ធ្វើការប្រុងប្រយ័ត្ន ចំពោះអ្នកដែលមានជំងឺហឺតជំងឺថ្លើម ក្រពះ បេះដូង សម្ពាធឈាមខ្ពស់ ដោយត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត មុនពេលប្រើប្រាស់ឱសថ • ការខ្សោយតម្រងនោមអាចនឹងកើតមានឡើងអំឡុងពេលប្រើប្រាស់ឱសថ ដូចនេះ អ្នកត្រូវបន្ថែមជាតិទឹកដល់រាងកាយឲ្យបានគ្រប់គ្រាន់ ដើម្បីបង្ការពីបញ្ហានានាដែលនឹងអាចមានឡើង • ចៀសវាងការបើកបរ ឬបញ្ជាម៉ាស៊ីន ដោយឱសថនេះអាចបង្កឲ្យមានអាការៈវិលមុខ • កាត់បន្ថយការនៅក្រោម ឬប៉ះពាល់ផ្ទាល់ជាមួយកម្តៅថ្ងៃ ដោយសារឱសថនេះអាចបង្កឲ្យមានប្រតិកម្មនៅក្រោមពន្លឺថ្ងៃ។ អ្នកគួរស្លៀកពាក់ឲ្យបានជិត និងប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃ • ឱសថ Meloxicam មិនត្រូវបានណែនាំឲ្យប្រើប្រាស់ ចំពោះស្រ្តីមានផ្ទៃពោះអំឡុងត្រីមាសទី ១ និងទី៣ នោះទេ ដោយសារវាអាចបង្កផលប៉ះពាល់ដល់ទារក។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការសម្រេចចិត្តមានកូននៅវ័យក្មេងពេកមិនត្រូវបានណែនាំទេ ដោយសារតែករណីនៃបញ្ហាសុខភាពជាច្រើនត្រូវបានសង្កេតឃើញកើតមានចំពោះម្តាយ និងទារក។ តើស្ត្រីពិតជាពុំគួរមានផ្ទៃពោះនៅពេលនេះ ឬយ៉ាងណា? ហើយប្រសិនបើសម្រេចចិត្តមានផ្ទៃពោះនៅពេលនេះ តើនឹងមានបញ្ហាអ្វីខ្លះដែលពួកគេអាចប្រឈម? សំណួរ៖ នាងខ្ញុំមានអាយុ១៦ឆ្នាំ កម្ពស់១ម៉ែត្រ៥៩ ទម្ងន់៤១គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។ នាងខ្ញុំទើបនឹងរៀបការបានប្រហែលជា២ខែមកហើយ ពួកយើងកំពុងមានគម្រោងនឹងមានកូន ដូច្នេះ នាងខ្ញុំចង់សួរអ្នកគ្រូពេទ្យថា តើនាងខ្ញុំនៅក្មេងពេក ឬយ៉ាងណា? តើការមានកូននៅវ័យក្មេង អាចមានគុណវិបត្តិ ឬគុណសម្បត្តិដូចម្តេចខ្លះ? តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីចៀសវាងបញ្ហាទាំងនោះ? ចម្លើយ៖ ការមានទម្ងន់នៅក្នុងវ័យក្មេង អាចនឹងមិនមានភាពងាយស្រួលនោះទេ ក៏ប៉ុន្តែ វាពិតជាអាចទៅរួច បើប្អូន និងគ្រួសារប្អូនបានសម្រេចចិត្តហើយទៅលើពេលវេលាសម្រាប់ការមានកូន។ បើតាមអង្គការសុខភាពពិភពលោក (WHO)មានក្មេងស្រីជាង ១៥ លាននាក់ក្នុងមួយឆ្នាំ បានរៀបការមុនអាយុ ១៨ឆ្នាំ ហើយ ៩០% នៃការផ្តល់កំណើតគឺបានពីក្មេងស្រីអាយុពី ១៥ ទៅ ១៩ឆ្នាំដែលបានរៀបការហើយ។ យោងតាមស្ថិតិផងដែរការមានទម្ងន់នៅវ័យក្មេង នៅតែជាមូលហេតុចម្បងគេនៃការស្លាប់របស់ម្តាយ និងទារក។ ម្យ៉ាងទៀត ម្តាយដែលមានវ័យក្មេង (១០ ទៅ ១៩ឆ្នាំ)អាចប្រឈមនឹងបញ្ហាក្រឡាភ្លើង និងការឆ្លងរោគក្នុងឈាម ខ្ពស់ជាងម្តាយដែលមានអាយុពី ២០ ទៅ ២៤ឆ្នាំ។ ក្រៅពីនោះស្រ្តីមានទម្ងន់នៅក្នុងវ័យជំទង់ក៏អាចជួបនឹងបញ្ហាផ្នែកសតិអារម្មណ៍បញ្ហាផ្លូវចិត្ត និងសង្គមខ្លាំងជាងស្ត្រីដទៃផងដែរ។ សំណួរសួរថា តើប្អូនគួរធ្វើយ៉ាងណា? ចម្លើយគឺ ប្អូនគួរទៅជួបនឹងវេជ្ជបណ្ឌិតផ្នែករោគស្ត្រីដើម្បីពិគ្រោះអំពីជម្រើសដែលអាចទៅរួច និងស័ក្តិសមសម្រាប់ប្អូនក្នុងការកាត់បន្ថយការមានផ្ទៃពោះមុនអាយុ ១៨ឆ្នាំ តាមរយៈការប្រើប្រាស់មធ្យោបាយពន្យារកំណើតសិន ឬស្វែងយល់ពីលទ្ធភាពផ្សេងៗក្នុងការមានផ្ទៃពោះក្នុងពេលនេះ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ANNA ROSLYAKOVA ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ភាពស្រស់ស្អាត នរណាៗក៏ចង់បានដែរ… គឺ ស្អាតអមជាមួយនឹងសុខភាពរឹងមាំនៃសរីរាង្គផ្សេងៗ ជាពិសេសអ្វីដែលងាយនឹងមើលឃើញ ឬត្រូវបានចាប់អារម្មណ៍មុនគេ រាល់ពេលដែលជួបគ្នាម្តងៗ។  ក្នុងនោះ សក់ក៏ជាចំណែកមួយផងដែរ ព្រោះថាមើលពីចម្ងាយបើទោះជាមិនទាន់ឃើញមុខច្បាស់   ក៏គេអាចមើលឃើញពីសណ្ឋាននៃសក់របស់យើងដែរ ហើយការដែលស្អាតមួយបែបមិនគ្រប់គ្រាន់នោះទេ  ព្រោះពេលមើលជិត  គេនឹងអាចឃើញពីរូបភាពកាន់តែច្បាស់នៃសុខភាពសក់ ដែលជាទូទៅមើលពីខាងក្រៅ ក៏អាចដឹងបានខ្លះៗ។   យ៉ាងណាមិញ សរសៃសក់ជារឿយៗត្រូវបានទទួលរងផលប៉ះពាល់ទៅនឹងកត្តាផ្សេងៗដូចជាកម្តៅព្រះអាទិត្យ ខ្យល់អាកាស ធូលីដី ទឹកភ្លៀង។ល។  ដែលអាចជាហេតុនាំឲ្យស្ងួត ប្រេះបែក និងមើលទៅមិនភ្លឺរលោង។ ប៉ុន្តែ…យើងគ្រប់គ្នាសុទ្ធតែអាចធ្វើឲ្យសក់របស់ខ្លួនឯងមានសុខភាពល្អ   ហើយមើលទៅរឹងមាំបានជាមួយនឹងគន្លឹះដែលត្រូវបានណែនាំរួមមានដូចខាងក្រោម ៖   ប្រុងប្រយ័ត្នចំពោះរបបអាហារ ស្ថានភាពសក់របស់អ្នក ក៏អាចបង្ហាញពីភាពប្រក្រតីនៅក្នុងរាងកាយ  និងរបបអាហារមិនត្រឹមត្រូវផងដែរ។ ប្រសិនបើអ្នកមិនបានបរិភោគសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេនោះ សរសៃសក់របស់អ្នកមើលទៅហាក់មិនមានជីវិតឡើយ (មិនភ្លឺរលោង មិនមានសំណើម...) ហើយជួនកាលក៏ជ្រុះទៀតផង។  អ្នកជំនាញផ្នែកសក់បានណែនាំឲ្យបរិភោគអាហារដែលសម្បូរដោយវីតាមីនA, C, E ជាតិដែក និង អូមេហ្គា៣ គឺសុទ្ធតែមានសារសំខាន់សម្រាប់ការថែរក្សាសុខភាពស្បែកក្បាលសរសៃសក់ឲ្យមានសុខភាពល្អ ទប់ស្កាត់ការខូចខាត ឬស្ងួតបែកចុង ហើយក៏អាចការពារពីសារធាតុពុលផ្សេងៗផងដែរ។   ការពារសរសៃសក់ ត្រៀមខ្លួនជានិច្ចសម្រាប់ការការពារសរសៃសក់របស់អ្នក រួមមានដូចជាពាក់មួក ឬប្រើប្រេងបន្ទន់ពេលត្រូវស្ថិតនៅក្រោមកម្តៅព្រះអាទិត្យខ្លាំងដើម្បីកុំឲ្យសក់រសាត់ ឬការពារកម្តៅថ្ងៃរាល់ពេលចេញទៅក្រៅ។ អ្នកក៏គួរចៀសវាងការចេញទៅក្រៅ ពេលមានខ្យល់ត្រជាក់ ឬភ្លៀងធ្លាក់ ទាំងសក់នៅសើម ព្រោះវាអាចនឹងធ្វើឲ្យសក់ស្រួយផុយ។ ចំណែកឯអ្នកហែលទឹកវិញ គួរតែពាក់មួកគ្របសក់ ឬប្រើប្រាស់ប្រេងការពារព្រោះអ្នកមិនដឹងថាមានសារធាតុអ្វីខ្លះនៅក្នុងអាងហែលទឹកឡើយ។   កាត់បន្ថយការរឹតសង្កត់ ការចងសក់ ឬលេងម៉ូតសក់ដែលតឹងរាល់ថ្ងៃ អាចនាំឲ្យសរសៃសក់ខូចបាន ជាពិសេសការក្រងសក់ ឬចងដោយប្រើកៅស៊ូរឹតខ្លាំង។ សម្រាប់អ្នកក្រង ឬចងសក់ជាប្រចាំ គួរតែផ្លាស់ប្តូរកន្លែងចង ដើម្បីកុំឲ្យសម្ពាធមានទៅលើតែកន្លែងដដែល និងជំនួសដោយការប្រើកៅស៊ូកង ឬរឹតគួរតែប្រើរបស់ផ្សេងដែលអាចចងបានដែរដូចជាបូក្រណាត់ ឬក្រណាត់សូត្រជាដើម។   កុំកក់សម្អាតសក់ញឹកញាប់ពេក ការកក់សក់រាល់ថ្ងៃ នាំឲ្យជាតិប្រេងពីធម្មជាតិនៅសរសៃសក់ថយចុះជាបន្តបន្ទាប់។ វានឹងជាការប្រសើរ ប្រសិនបើអ្នក កក់សក់ពី៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់ក្រែមបន្ទន់រាល់ពេលកក់។ សីតុណ្ហភាពទឹកគួរតែកុំក្តៅពេក ពីព្រោះវាធ្វើឲ្យមានការរលាកស្បែកក្បាល និងសក់ប្រែជារួញ។   ថ្នាក់ថ្នមសក់ជាប្រចាំ ថែទាំសរសៃសក់របស់អ្នកដោយយកចិត្តទុកដាក់ និងជាប្រចាំរាល់ពេលកក់សក់ ឬសិតសក់។ ជាក់ស្តែង សូមកុំប្រើកម្លាំងដៃធ្ងន់ៗ នាំឲ្យភាពរឹងមាំនៃសុខភាពសក់មានការថយចុះ ដូចនេះហើយ គួរកុំកេះខ្លាំងដល់លលាដ៍ក្បាលដោយគ្មានទិសដៅច្បាស់លាស់ គួរតែច្បូតតិចៗតាមទិសដៅតែមួយពីលើចុះក្រោម និងដូចគ្នាដែរចំពោះការជូតសក់ សូមប្រើក្រណាត់ច្បូតថ្នមៗ ជំនួសឲ្យការញីខ្លាំងៗ។   កាត់បន្ថយការលេងម៉ូតសក់ រាល់ពេលអ្នកកៀបសក់ម្តងៗ គឺប្រៀបដូចជាចម្អិនសក់ដែរ ហើយជាហេតុនាំឲ្យសក់បាត់បង់ភាពរឹងមាំ។   ហេតុនេះហើយអ្នកគួរព្យាយាមកំណត់ចំនួនដងនៃការផ្លុំ ឬការកៀបសក់របស់អ្នក ហើយវាជាការល្អ បើអ្នកផ្លុំសក់ដោយប្រើកម្លាំងខ្យល់ និងកម្តៅល្មមៗ និងកៀបសក់តែ២ដងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់ផលិតផលការពារកម្តៅលើសក់ជានិច្ច។   ប្រើប្រាស់អាហារបំប៉នសក់ បន្ថែមពីលើការញ៉ាំអាហារត្រឹមត្រូវ និងមានទម្លាប់ល្អក្នុងការថែទាំសុខភាពសក់ជាប្រចាំហើយ អ្នកអាចជ្រើសរើសផលិតផលថែរក្សាសក់ដែលអាចចិញ្ចឹម និងបំប៉នសរសៃសក់របស់អ្នក។ ឧទាហរណ៍៖ប្រទាលកន្ទុយក្រពើ ប្រេងដូងជាដើម ដែលអាចផ្តល់សំណើមដល់សរសៃសក់បន្ថែមទៀត។   កាត់តម្រឹមសក់ឲ្យបានទៀងទាត់ អ្នកគួរតែធ្វើការកាត់សក់ដែលបែកចុង និងស្ងួតចេញឲ្យបានទៀងទាត់ ដើម្បីឲ្យសរសៃសក់អ្នកមើលទៅមានសភាពស្រស់ស្អាត និងមានសុខភាពល្អ ក៏ដូចជាប្រសើរជាងមុន ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

តើអ្នកទើបតែផ្តាច់បារីមែនទេ? ហើយក៏កំពុងតែមានអារម្មណ៍ថា ចង់ជក់ម្តងៗដែរ មែនទេ? ការពិតទៅ វាជារឿងធម្មតា ដែលអ្នកទើបតែផ្តាច់បារី ចេះតែមានអារម្មណ៍ចង់ជក់ម្តងៗ ព្រោះអ្នកមិនអាចចៀសផុតពីការលាប់ទ្បើងវិញ ដោយសារការញៀនជាតិនីកូទីនក្នុងបារីបានឡើយ។ ករណីនេះ អ្នកចាំបាច់ត្រូវរៀបចំផែនការ និងប្រុងស្មារតី ក្នុងការយកឈ្នះការជក់បារីទ្បើងវិញ  និងជួយឲ្យអាចផ្តាច់បានអស់មួយជីវិតតាមការអនុវត្ត៣ចំណុចខាងក្រោម៖ ពង្រឹងកម្លាំងចិត្ត សកម្មភាពមួយចំនួន ដែលជួយធ្វើឲ្យចិត្តរបស់អ្នកមានភាពរឹងមាំ រួមមាន៖ • ដំណើរការមួយជំហានម្ដងៗ • ផ្តាច់ការញៀនជាតិនីកូទីន • អនុវត្តការគិតដូចអ្នកមិនជក់បារី • មានអារម្មណ៍ល្អអំពីការរស់នៅថ្មី • តាំងចិត្តដោះស្រាយរាល់ឧបសគ្គ។   សកម្មភាពត្រូវធ្វើ ពេលលាប់ទ្បើងវិញ ប្រសិនបើអ្នកដឹងខ្លួនឯងថា អ្នកកំពុងលាប់ឡើងវិញនោះ អ្នកចាំបាច់ត្រូវ៖ • រក្សាការជំរុញ និងលើកទឹកចិត្តដល់ខ្លួនឯង • មានអាកប្បកិរិយាវិជ្ជមានជានិច្ច • រំឭកអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់ • រៀបចំផែនការសកម្មភាពទ្បើងវិញដដែលៗ៖ ចៀសវាង - ផ្លាស់ប្តូរ  - ពន្យារពេល។   ពេលក្លាយខ្លួនជាអ្នកផ្តាច់បារីបាន១០០% ទោះអ្នកបានផ្តាច់រួចហើយក៏ដោយ​ អ្នកចាំបាច់ត្រូវមានទម្លាប់៖ • ថែរក្សាការប្តេជ្ញាចិត្ត និងលើកទឹកចិត្ត • ប្រើប្រាស់ជំនាញដែលបានរៀន ដើម្បីស្ថិតនៅជាអ្នកមិនជក់បារី • ស្វែងរកឲ្យឃើញនូវលទ្ធភាពវិជ្ជមានដ៏ពេញលេញរបស់អ្នក ដើម្បីឲ្យអនាគតស្ថិតក្នុងដៃរបស់អ្នក • ត្រូវគិតថា អ្នកបានក្លាយខ្លួនជាអ្នកមិនជក់បារី គឺអ្នកបានសម្រេចនូវកិច្ចការ និងការផ្លាស់ប្តូរដ៏មហាអស្ចារ្យ នៅក្នុងជីវិតរបស់អ្នក។   បកស្រាយដោយ៖  វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ជំងឺរាករូសត្រូវបានបែងចែកចេញជាពីរប្រភេទធំៗ អាស្រ័យតាមរយៈពេល រួមមាន ជំងឺរាកស្រួចស្រាវ (តិចជាង២១ថ្ងៃ) និងជំងឺរាករ៉ាំរ៉ៃ (លើសពី២១ថ្ងៃ)។ អ្នកខ្លះ រាកដោយសារជំងឺឆ្លងដោយបាក់តេរី វីរុស ឬប៉ារ៉ាស៊ីត រីឯខ្លះទៀត គ្មានការចម្លងរោគអ្វីនោះទេ ដូចជា អ្នកជំងឺពក ក ដែលបណ្តាលមកពីអ័រម៉ូនរបស់ក្រពេញទីរ៉ូអីុតឡើងច្រើនពេក ធ្វើឲ្យគាត់មានបញ្ហារាករូសរ៉ាំរ៉ៃ និងមួយប្រភេទទៀត រាកដោយសារតែការព្យាបាល។ តើអ្វីជាការរាកដោយសារការព្យាបាល? ជំងឺរាកក្រោយការព្យាបាលត្រូវបានចែកចេញជា ២ប្រភេទ៖ • ក្រុមទី១ ៖ អ្នកជំងឺមានបញ្ហារាករូសក្រោយពេលពួកគាត់ទទួលការព្យាបាល មានការជ្រៀតចូលដោយមេរោគម៉្យាងឈ្មោះថា Clostridium difficile ដែលបង្កជាជំងឺ Pseudomembranous colitis។ • ក្រុមទី២ ៖ អ្នកជំងឺមិនមានការចម្លងរោគនោះទេ  គឺ ក្រោយការព្យាបាលពួកគាត់មានជំងឺរាករូសដោយសារឥទ្ធិពលបន្ទាប់បន្សំនៃថ្នាំ ដូចជាពពួកថ្នាំទឹកនោមផ្អែម ប្រភេទថ្នាំរលាកសន្លាក់ សម្រាប់អ្នកជំងឺឡើងជាតិអាស៊ីតជាដើម។   អ្វីជាមូលហេតុនៃការរាកក្រោយការព្យាបាល? ការប្រើថ្នាំផ្សះរយៈពេលយូរ (លើសពី១៤ថ្ងៃ) និងថ្នាំផ្សះដែលមានសកម្មភាពធំមានន័យថាអាចសម្លាប់មេរោគបានច្រើនប្រភេទ នាំឲ្យមានការប៉ះពាល់ ឬការបំផ្លាញបាក់តេរីល្អនៅក្នុងពោះវៀនរបស់អ្នកជំងឺ ហើយអាចបង្កឲ្យទៅជា Pseudomembranous colitis។ ក្រៅពីនេះក៏មានមូលហេតុដទៃទៀត  ដូចជា   ការប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំប្រឆាំងការរលាក និងថ្នាំទាំងឡាយណាដែលសម្បូរទៅដោយវីតាមីនសេច្រើនពេក ព្រោះវាអាចធ្វើឲ្យមានវិបត្តិក្នុងការរំលាយអាហារ និងវិបត្តិពោះវៀនធំ។   សញ្ញាណាខ្លះជាការរាកក្រោយការព្យាបាល? ជាទូទៅ រោគសញ្ញាដែលបញ្ជាក់ថាមានជំងឺរាកក្រោយការព្យាបាលរួមមាន៖ • សភាពលាមកខុសប្រក្រតី មានលក្ខណៈរាវជាទឹក ឬខាប់ៗ និងច្រើនជាងបីដងក្នុងមួយថ្ងៃ • អស់កម្លាំង ល្ហិតល្ហៃ • សញ្ញាបាត់បង់ជាតិទឹកដូចជា ស្ងួតមាត់ ស្ងួតស្បែក ស្បែកជ្រួញ បាត់បង់ភាពតឹងណែន (Increase skin turgor) និងស្រេកទឹកខ្លាំង • សញ្ញាបាត់បង់អីុយ៉ុង (Electrolyte) • ក្ដៅខ្លួន (ដែលជាសញ្ញាស្ដែងថាមានមេរោគឆ្លង) • ឈឺចុកចាប់ក្នុងពោះ (ដែលជាសញ្ញាស្ដែងថាមានការរលាកនៃភ្នាសពោះវៀន)។      ការធ្វើរោគវិនិច្ឆ័យណាខ្លះត្រឹមត្រូវ ក្នុងករណីរាកនេះ? ដោយហេតុតែរោគសញ្ញានៃជំងឺនេះមិនមានភាពខុសគ្នាទៅនឹងរោគសញ្ញានៃជំងឺរាកធម្មតា នោះការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកទៅលើការសាកសួរលម្អិតអំពីប្រវត្តិអ្នកជំងឺ ពិសេសពិនិត្យមើលប្រភេទថ្នាំដែលគាត់បានប្រើប្រាស់ មុនពេលមានការរាករូស។ លើសពីនេះ វេជ្ជបណ្ឌិតអាចសាកល្បងធ្វើការព្យាបាលតាជំងឺរាកធម្មតាសិន  ហើយប្រសិនបើគ្មានការឆ្លើយតប ឬសង្ស័យថាជាជំងឺរលាកភ្នាសពោះវៀន អ្នកជំងឺអាចឈានទៅដល់ការស្នើសុំពិនិត្យលាមក ដើម្បីរកមើលអង់ទីហ្សែនរបស់ Clostridium difficile ឬអាចរហូតដល់យកលាមកទៅបណ្ដុះរកមេរោគដែលធ្វើឲ្យរលាកក្នុងពោះវៀន។   វិធីសាស្ត្រព្យាបាលសមស្របមានអ្វីខ្លះ? ការព្យាបាលត្រូវធ្វើឡើងតាមដើមចមនៃមូលហេតុបង្ក តួយ៉ាងក្នុងករណីជំងឺរាកដែលបង្កឡើងដោយសារការប្រើប្រាស់ឱសថណាមួយ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការផ្លាស់ប្ដូរនូវឱសថទាំងនោះចេញរួចយកក្រុមផ្សេងដែលមានប្រសិទ្ធភាពដូចគ្នាមកជំនួសវិញ។ ក្នុងករណីអ្នកជំងឺរាកដោយសារតែការប្រើប្រាស់ថ្នាំផ្សះច្រើនពេក   រហូតដល់រលាកភ្នាសពោះវៀន (Pseudomembranous colitis)អ្នកជំងឺត្រូវទទួលការព្យាបាលពិសេសជាមួយគ្រូពេទ្យឯកទេស (ក្រោយការបណ្តុះមេរោគ មើលតេស្តលាមក តេស្តឈាម) និងធ្វើការព្យាបាលដោយប្រើប្រាស់ថ្នាំផ្សះ ដែលអាចសម្លាប់បានតែមេរោគមួយប្រភេទដូចជា Vencomycine ឬ Metronidazole ជាដើម។   ផលវិបាកណាខ្លះដែលអាចកើតមាន? បើទោះបីជាមានការរាករូសដោយសារការព្យាបាល ឬដោយមូលហេតុអ្វីផ្សេងក្ដី ផលវិបាកអាចមានប្រហាក់ប្រហែលគ្នាដូចខាងក្រោម៖ • បាត់បង់ជាតិរ៉ែ ដូចជា សូដ្យូម ប៉ូតាស្យូម និងកាល់ស្យូម ធ្វើឲ្យបាត់បង់តុល្យភាពរបស់អីុយ៉ុង • បាត់បង់ជាតិទឹក • បង្កឲ្យរលាក ឬដំបៅលើភ្នាសពោះវៀន • មានការសាយភាយមេរោគចូលទៅពាសពេញចរន្តឈាម (Septicemia) ធ្វើឲ្យអ្នកជំងឺធ្លាក់សម្ពាធឈាម ឬរហូតដល់សន្លប់ ដែលត្រូវការសង្គ្រោះបន្ទាន់ភ្លាមៗ។   ធ្វើបែបណាដើម្បីការពារពីការរាកនេះ? ការបង្ការជំងឺរាកដោយសារការព្យាបាលត្រូវពឹងផ្អែកលើក្រុមគ្រូពេទ្យ ឬឱសថការី មានន័យថាមុនពេលផ្ដល់ថ្នាំជូនអ្នកជំងឺប្រើប្រាស់ ត្រូវធ្វើការថ្លឹងថ្លែងឲ្យបានច្បាស់លាស់ពីឥទ្ធិពលថ្នាំដើម្បីបញ្ចៀសនូវផលវិបាកក្រោយការព្យាបាលឧទាហរណ៍ ក្នុងការប្រើប្រាស់ថ្នាំផ្សះ គឺត្រូវផ្តល់ជូនតាមរយៈពេល និងកម្រិតទៅតាមស្ដង់ដាបច្ចេកទេស។ ក្នុងករណីមួយចំនួន អាចឲ្យអ្នកជំងឺប្រើប្រាស់ប្រភេទថ្នាំទប់ចលនាពោះវៀនកុំឲ្យដំណើរការលឿនពេក គួបផ្សំជាមួយនឹងឱសថជំនួយពោះវៀន (Probiotic) ដែលអាចជួយការពារភ្នាសពោះវៀន ឬកាត់បន្ថយកម្រិតថ្នាំបើចាំបាច់។   ដោយហេតុថាការព្យាបាល ឬការប្រើប្រាស់ថ្នាំ គឺជាអាវុធមុខ២ នោះរាល់ពេលមានបញ្ហាសុខភាពលោកអ្នកត្រូវតែប្រឹក្សាជាមួយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់  ឬឱសថការីដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីទទួលយកការព្យាបាលមួយសមស្រប។ម៉្យាងវិញទៀត ចំពោះគ្រូពេទ្យ ឬឱសថការី មុននឹងធ្វើការព្យាបាល ត្រូវថ្លឹងថ្លែងឲ្យបានច្បាស់លាស់ ពិសេសគឺការប្រើប្រាស់ថ្នាំផ្សះ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈាង ស៊ីដេត ឯកទេស ក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

Porcelain Veneer, Dental Veneerឬ Laminate Veneer ជាឈ្មោះសំដៅទៅ លើការបិតធ្មេញ ស្តែងចេញជាបន្ទះស្តើង ថ្លាដូចកញ្ចក់បិតទៅលើផ្ទៃធ្មេញ ជាពិសេសផ្នែកខាងមុខ ដើម្បីបង្កើនសោភ័ណភាព។ វាត្រូវបានចែកចេញជាពីរប្រភេទគឺ៖ • ប្រភេទផ្ទាល់ (Direct)៖ សំដៅលើ ផ្ទៃសមាសធាតុ (Composite)ដែលត្រូវបានឆ្លាក់បិតទៅលើធ្មេញផ្ទាល់ដោយធ្វើឡើងក្នុងមាត់តែម្តងទាមទាររយៈពេលតែ ១ ទៅ ២ម៉ោងប៉ុណ្ណោះ។ • ប្រភេទមិនផ្ទាល់ (Indirect)៖ ជាវិធីសាស្រ្តតម្រូវឲ្យមានការខាំពុម្ព រួចទើបធ្វើការឆ្លាក់ទៅតាមធ្មេញរបស់បុគ្គលនីមួយៗ មុននឹងធ្វើការបិតទៅលើធ្មេញ ដែលសមាសធាតុក្នុងការប្រើប្រាស់អាចមានដូចជា៖ -Resin Composite៖ ធ្វើការឆ្លាក់ និងរចនាផ្ទាល់នៅលើពុម្ព រួចធ្វើឲ្យរឹងដើម្បីយកទៅបិតនៅលើធ្មេញវិញ។ -Ceramic៖ ធ្វើឡើងដោយការដុតរំលាយម្សៅ Ceramic​ចេញជារាងធ្មេញវាមានសភាពស្មើសាច់ និងរឹងល្អ។          -CAD-CAM Veneer៖ ជាវិធីសាស្រ្តជំនាន់ថ្មី ប្រើប្រាស់ដោយកុំព្យូទ័រ សម្រាប់ការកាត់ និងឆ្លាក់ ដែលមានគុណភាពរឹងមាំល្អជាងគេ។   ក្នុងករណីធ្មេញមានបញ្ហាដូចជា រូបរាង ពណ៌មិនស្អាត មានប្រហោង ធ្មេញខ្លី សឹក និងមិនត្រង់ជួរ អាចជ្រើសរើសការបិតធ្មេញសម្រាប់ជាដំណោះស្រាយ ដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបានសេវាកម្មនេះ ជាពិសេសបុគ្គលដែលមាន តម្រូវការផ្នែកសោភ័ណភាពខ្លាំង ភាគច្រើនមនុស្សស្ថិតក្នុងវ័យយុវវ័យ លើកលែងតែកុមារដែលនៅមានធ្មេញទឹកដោះ។   ដំណាក់កាលនៃការបិតធ្មេញ • ជំហានដំបូង  ទន្តបណ្ឌិត ត្រូវពិនិត្យមើលរូបរាងធ្មេញ ពណ៌ធ្មេញ  អញ្ចាញ ទំនាក់ទំនងការញញឹម ជាមួយធ្មេញ និងបបូរមាត់ ក៏ដូចជាទម្រង់មុខដែលត្រូវធ្វើការវិភាគឲ្យបានស៊ីជម្រៅប្រើប្រាស់ដោយប្រព័ន្ធកុំព្យូទ័រ។ បន្ទាប់មក ត្រូវធ្វើការ ឆ្លាក់ធ្មេញជាក្រមួនរួចចម្លងចូលទៅក្នុងមាត់ ដើម្បីដឹងថាវាមានភាពស៊ីគ្នាជាមួយទម្រង់មាត់ដែរឬទេ។ • ជំហានបន្ទាប់ គឺត្រូវធ្វើការខាំពុម្ព ដើម្បីយកទៅផលិតនៅក្នុងឡាបូ ដែលទាមទាររយៈពេលប្រហែល ១ ទៅ ២អាទិត្យ ប្រែប្រួលទៅតាមចំនួន គ្រាប់ធ្មេញដែលបិត។   ចំពោះការសម្រេចបានលទ្ធផលនៃការបិតធ្មេញបានទាំងស្រុង គឺអាចទាមទារពេល ២ ទៅ ៣ សប្តាហ៍ ប្រែប្រួលទៅតាមស្ថានភាព និងបញ្ហា បន្ទាប់បន្សំនានាដែលត្រូវកែលម្អ។    គោលការណ៍ថែទាំការបិតធ្មេញ ទោះបីជាការបិតធ្មេញធ្វើឡើងដោយប្រើប្រាស់ប្រភេទសមាសធាតុខុសគ្នាយ៉ាងណាក្តី បុគ្គលដែលទទួលការបិតធ្មេញ ត្រូវណែនាំឲ្យ៖ • ធ្វើការដុសសម្អាតធ្មេញឲ្យបានស្អាតត្រឹមត្រូវជាប្រចាំ និង​ទៀងទាត់ • ប្រើប្រាស់អំបោះសម្រាប់ទាក់ចំណីអាហារនៅ​ចន្លោះធ្មេញ • ចៀសវាងខាំអាហារដែលរឹង ឬមានជាតិពណ៌ខ្លាំង • តម្រូវឲ្យមានការពាក់បន្ទះជ័រស្តើងសម្រាប់ការពារពេលយប់(ក្នុងករណីខ្លះ) • ឧស្សាហ៍ធ្វើការពិនិត្យសុខភាពមាត់ធ្មេញជា​មួយទន្តពេទ្យជារៀងរាល់ ៦ខែម្តង ដើម្បីអាចកែខៃបញ្ហានានាឲ្យបានទាន់ពេលវេលា។   ចំពោះប្រសិទ្ធភាពនៃការបិតធ្មេញអាចមានរយៈពេលយូរ ដែលឈានដល់រយៈពេលចន្លោះពី ៧ ទៅ ១៥ឆ្នាំ និងអាចប្រែប្រួលទៅតាមការថែទាំ។   ផលវិបាកនៃការបិតធ្មេញ ជាទូទៅ ការបិតធ្មេញអាចបង្កជាផលវិបាកកម្រិតដំបូងមួយចំនួនដូចជា៖ • តម្រូវឲ្យមានការឆាបសាច់ធ្មេញ ដែលសាច់ធ្មេញនោះមិនអាចដុះឡើងវិញបានទេ • មានការកើតជាស្នឹមនៅតាមតំណធ្មេញ និង Veneer • អាចមានបញ្ហាស្រៀវតិចតួចនៅសប្តាហ៍ដំបូង • ប្រសិនក្នុងករណីការបិតធ្មេញធ្វើឡើងមិនបានត្រឹមត្រូវ និងខុសបច្ចេកទេស អាចបង្កឲ្យមានការរលាក​ ប្រែប្រួលអញ្ចាញ ឬជាលិកាជុំវិញធ្មេញធុំក្លិន ធ្វើឲ្យធ្មេញសណ្តកងាយនឹងបែកក្នុងរយៈពេលខាងមុខ។ សូមចាំដែរថា កុំចាត់ទុកការបិតធ្មេញគ្រាន់តែជាការបន្ថែមសោភ័ណភាព ដែលគ្រប់គ្នាចាំបាច់ត្រូវ តែទទួលបានសេវាកម្មនេះទេ ពីព្រោះវាគួរធ្វើឡើងសម្រាប់តែបុគ្គលដែលមានតម្រូវការចាំបាច់ខ្លាំងក្នុងជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ។ បកស្រាយដោយ៖ ទន្តបណ្ឌិត ម៉េង ហ៊ ទន្តបណ្ឌិតផ្នែកវះកាត់ ជាលិកាជុំវិញធ្មេញបង្គោលធ្មេញ និងសោភ័ណភាពមាត់ធ្មេញ ប្រចាំ​ មន្ទីរព្យាបាលធ្មេញម៉ាស្ទ័រឃែរ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share
Top