Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ដោយសារជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ នោះការព្យាបាលត្រូវទាមទារធ្វើឡើងពេញមួយជីវិត  ហើយក្រៅពីការប្រើប្រាស់ឱសថដើម្បីសម្រួលដល់ស្ថានភាពជំងឺ ការអនុវត្តជីវភាពប្រចាំថ្ងៃឲ្យមានផាសុកភាពក៏ត្រូវរួមបញ្ចូលផងដែរ។ ដោយឡែកអ្នកជំងឺអាចនឹងជួបប្រទះនូវអាការៈមួយចំនួនទៀត ដែលប្រហែលជាមិនអាចបែងចែកថាបណ្តាលមកពីជំងឺ ឬយ៉ាងណា ដូចទៅនឹងករណីអ្នកជំងឺម្នាក់តាមរយៈការបកស្រាយខាងក្រោម សំណួរ ៖  ខ្ញុំអាយុ ៥២ឆ្នាំ ភេទស្រី កម្ពស់ ១ម៉ែត្រ៥៥ និងទម្ងន់ ៧៨គីឡូក្រាម ជាមេផ្ទះ។ខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានកើតជំងឺទឹកនោមផ្អែមប្រភេទ ២ រយៈពេលជាង ១០ ឆ្នាំមកហើយ។ ខ្ញុំត្រូវប្រើប្រាស់ថ្នាំជាប្រចាំ និងមានការផ្លាស់ប្តូរខ្លះ តែបច្ចុប្បន្នកំពុងប្រើប្រាស់ថ្នាំ Zoliget៣០mg/៤mg ក្នុងកម្រិត១គ្រាប់ក្នុងមួយថ្ងៃ។ ជាទូទៅ ខ្ញុំមានទម្លាប់គ្រប់គ្រងរបបអាហារបានល្អ និងហាត់ប្រាណជារៀងរាល់ព្រឹក ក៏ប៉ុន្តែនៅតែឧស្សាហ៍មានអាការៈល្ហិតល្ហៃក្នុងខ្លួននិងឈឺក្បាល។ តើអាការៈនេះមានជាប់ទាក់ទងនឹងជំងឺរបស់ខ្ញុំដែរឬទេ? តើខ្ញុំគួរធ្វើយ៉ាងណាចំពោះបញ្ហានេះ? ចម្លើយ ៖ ផ្អែកតាមទិន្នន័យនៃទម្ងន់ និងកម្ពស់ ឃើញថាអ្នកជំងឺមានបញ្ហាលើសទម្ងន់ច្រើន ដែលទម្ងន់ពិតប្រាកដគួរមានត្រឹមតែ ៥០.៥ គីឡួក្រាមតែប៉ុណ្ណោះ។ ចំពោះការសន្និដ្ឋានលើអាការៈដែលកើតមានឡើង គឺទាមទារឲ្យមានសម្មតិកម្មបន្ថែមលើកម្រិតសម្ពាធឈាម ដែលសម្ពាធឈាមរបស់អ្នកជំងឺទឹកនោមផ្អែមជាទូទៅគឺត្រូវស្ថិតនៅក្រោម១៤០/៩០mmHg ចំណែកការគ្រប់គ្រងកម្រិតជាតិស្ករឲ្យបានល្អគឺមុនអាហារគួរស្ថិតក្នុងចន្លោះតែ ៨០-១៣០ ហើយក្រោយអាហារ (២ ម៉ោងក្រោយ) ត្រូវតិចជាង ១៨០។ បើទោះបីអ្នកជំងឺបានប្រើប្រាស់ថ្នាំ ឬមានទម្លាប់ប្រចាំថ្ងៃល្អយ៉ាងណានោះ អាការៈល្ហិតល្ហៃអាចជាប់នឹងកត្តាផ្សេងមួយចំនួនទៀតដូចជាសម្ពាធឈាម កម្រិតជាតិស្ករ និងជាតិខ្លាញ់ ដូច្នេះអ្នកជំងឺគួរតាមដានស្ថានភាពជំងឺរៀងរាល់ ៣ ទៅ ៦ ខែម្តងជាមួយវេជ្ជបណ្ឌិត។ ម៉្យាងទៀតការធ្វើតេស្តរកកម្រិត HbA1c ក៏គួរត្រូវបានធ្វើការតាមដានផងដែរ ដើម្បីបញ្ជាក់ថាការប្រើប្រាស់ថ្នាំ និងការព្យាបាលមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពជំងឺ។ គួរបញ្ជាក់ផងដែរថា ក្នុងករណីជំងឺមានដល់រយៈពេល១០ឆ្នាំមកហើយ នោះមុខងារលំពែងនឹងមានសភាពខ្សោយខ្លាំង ដែលការប្រើប្រាស់ថ្នាំតែមួយមុខអាចនឹងគ្មានប្រសិទ្ធភាព។ បកស្រាយដោយ​ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទូច ឃុន ប្រធានផ្នែកជំងឺទឹកនោមផ្អែម និងជានាយករងមន្ទីរពេទ្យព្រះកុសុមៈ  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ការលូតលាស់របស់កុមារត្រូវធ្វើឡើងទៅតាមលំដាប់ការធំធាត់នៃរាងកាយ រួមបញ្ចូលទាំងការចាប់កាន់ ចេះដើរ ឬការនិយាយជាដើម ដែលភាពមិនប្រក្រតី ឬយឺតយ៉ាវនៃដំណើរការណាមួយ អាចជាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាពខ្លះដែលអ្នកគួរតែធ្វើការស្វែងយល់។ សំណួរ ៖ នាងខ្ញុំរស់នៅខេត្តកំពង់ស្ពឺ។ នាងខ្ញុំមានកូនចំនួន ៣នាក់ ហើយនាងខ្ញុំមានចម្ងល់មួយចង់សួរទៅកាន់លោកវេជ្ជបណ្ឌិតថា ចំពោះកូនទី ៣របស់ខ្ញុំដែលមានអាយុ ១ឆ្នាំ ៨ខែ ហេតុអ្វីបានជាកូនរបស់ខ្ញុំមិនទាន់ចេះដើរទៀត បើកូនរបស់ខ្ញុំ ២នាក់មុនសុទ្ធតែចេះដើរបាននៅអាយុ ១ឆ្នាំ ២ខែ? ចម្លើយ ៖ ប្រក្រតីភាពនៃការមានផ្ទៃពោះ ឬការសម្រាលកូនដែលមានភាពត្រឹមត្រូវ គឺកូនទី១ត្រូវមានទម្ងន់ស្រាល ជាងកូនទី២ ហើយកូនទី ២ត្រូវមានទម្ងន់ស្រាល ជាងកូនទី៣ (ខុសគ្នាតែ ១ ឬ២ខាំ ក៏ត្រូវរាប់បញ្ចូលផងដែរ)៖ • បើកូនទី ៣ មានទម្ងន់ស្រាលជាងកូនទី២ នោះការមិនទាន់ចេះដើររបស់កុមារអាចមកពីសុខភាពមិនសូវល្អ ដែលបណ្តាលមកពីកុមារខ្លួនឯង (ទាក់ទងនឹងការលូតលាស់ផ្នែកបញ្ញារបស់កុមារ) ឬនៅអំឡុងពេលពពោះ ការបរិភោគ និងការគេងរបស់ម្តាយមិនសូវបានល្អ ឬម្តាយមានជំងឺប្រចាំកាយជាដើម។ • បើកូនទី ៣ មានទម្ងន់ធ្ងន់ជាងកូនទី ២ នោះការមិនទាន់ចេះដើរអាចបណ្តាលមកពីសរីរាង្គរបស់កុមារដែលមិនមែនជាជំងឺទាក់ទងនឹងបញ្ញានោះទេ។ បកស្រាយដោយ​៖​  វេជ្ជបណ្ឌិត ជា គឹមហោ ឯកទេសរោគកុមារ នាយករងប្រតិបត្តិមន្ទីរពេទ្យចំការមន និងជាប្រធាន គ្លីនិក ពេជ្រ ស័ក្តិសិទ្ធិ  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺរលាកសួតកើតឡើងនៅពេលដែលមេរោគជ្រាតចូលតាមផ្លូវដង្ហើមទៅក្នុងសួត ហើយប្រព័ន្ធការពាររបស់ខ្លួនយើងមិនអាចទប់ទល់នឹងភាពកាចសាហាវរបស់វាបាន។ មេរោគនេះនឹងបង្កឲ្យមានការរលាកខូចខាតសាច់សួត និងធ្វើឲ្យមុខងារសួតថយចុះ។  នៅសហរដ្ឋអាមេរិច មានអ្នកជំងឺជាង ៦ម៉ឺននាក់បានស្លាប់ដោយសារជំងឺរលាកសួតនេះ។ ដោយឡែក នៅប្រទេសសិង្ហបុរី ជំងឺនេះបានដើរតួជាឃាតករទី២ដែលសំលាប់មនុស្សច្រើនជាងគេបន្ទាប់ពីជំងឺមហារីក។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំមានអ្នកស្លាប់ដោយសារជំងឺនេះពី២៥ម៉ឺនទៅ៥លាននាក់។ ចំណែកឯនៅប្រទេសកម្ពុជាយើងវិញ ជំងឺរលាកសួតនេះក៏កំពុងតែសម្លាប់បងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃដែរ។ ១) រោគសញ្ញា - ក្តៅខ្លួន  - ក្អក  - ហត់  - ឈឺទ្រូង…។ ២) ការធ្វើរោគវិនិច្ឆ័យ អ្នកដែលប្រឈមមុខនឹងការកើតជំងឺរលាកសួតនេះ មានដូចជា៖ - មនុស្សចាស់ - អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយ(ជំងឺទឹកនោមផ្អែម ជំងឺខ្សោយតំរងនោម ជំងឺមហារីក ជំងឺអេដស៍...) - អ្នកជំងឺមានបញ្ហាត្បៀតទងសួត  ជាដើម។ យ៉ាងណាមិញ អ្នកមានសុខភាពបរិបូរណ៍ធម្មតា ក៏អាចកើតជំងឺរលាកសួតនេះបានដែរ។ ៣)ការព្យាបាល ជំងឺរលាកសួតជាជំងឺដែលអាចព្យាបាលជាសះស្បើយ ប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលទាន់ពេលវេលា។ មេរោគដែលបង្កជំងឺនេះមានជាង១០០ប្រភេទ (រួមមានបាក់តេរី វីរុស ផ្សិត ប៉ារ៉ាស៊ីត ជាច្រើនប្រភេទ)។ ដូច្នេះដើម្បីសំគាល់អត្តសញ្ញាណមេរោគទាំងនេះ គ្រូពេទ្យនឹងអាចស្នើសុំ ការថតសួត ការពិនិត្យឈាម ការពិនិត្យកំហាក ការឆ្លុះទងសួតជាដើម ដើម្បីឈានដល់ការព្យាបាលប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។ ៤) ការវិវឌ្ឍ ផលវិបាកនៃជំងឺនេះ ករណីមិនមានដំណោះស្រាយទាន់ពេលវេលា អាចធ្វើឲ្យមេរោគរីករាលដាលខ្លាំងឡើងៗ រហូតដល់អាចជ្រៀតចូលពេញសារពាង្គកាយទាំងមូល និងអាចធ្វើឲ្យអ្នកជំងឺស្លាប់បាន។ ៥) ការការពារ សព្វថ្ងៃ មានវ៉ាក់សាំងមួយចំនួនអាចកាត់បន្ថយការកើតជំងឺរលាកសួតនេះ ដែលត្រូវបានណែនាំអោយប្រើដូចជាវ៉ាក់សាំងផ្តាសាយInfluenza វ៉ាក់សាំងPneumococcus ជាដើម។ បកស្រាយដោយ  ៖ លោក វេជ្ជបណ្ឌិត ពៅ សុធា ឯកទេស ជំងឺប្រព័ន្ធដង្ហើមនៃមន្ទីរពេទ្យ ព្រះកុសមៈ និងមន្ទីរពេទ្យ សូរិយា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ស្វែងយល់អំពីជំងឺរលាកសួត ជំងឺរលាកសួតកើតឡើងនៅពេលដែលមេរោគជ្រាតចូលតាមផ្លូវដង្ហើមទៅក្នុងសួត ហើយប្រព័ន្ធការពាររបស់ខ្លួនយើងមិនអាចទប់ទល់នឹងភាពកាចសាហាវរបស់វាបាន។ មេរោគនេះនឹងបង្កអោយមានការរលាកខូចខាតសាច់សួត និងធ្វើអោយមុខងារសួតថយចុះ។  នៅសហរដ្ឋអាមេរិច មានអ្នកជំងឺជាង ៦ម៉ឺននាក់ស្លាប់ដោយសារជំងឺរលាកសួត។ ដោយឡែក នៅប្រទេសសិង្ហបុរី ជំងឺនេះបានដើរតួជាឃាតករទី២ដែលសំលាប់មនុស្សច្រើនជាងគេបន្ទាប់ពីជំងឺមហារីក។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំមានអ្នកស្លាប់ដោយសារជំងឺនេះពី២៥ម៉ឺនទៅ៥លាននាក់។ ចំនែកឯនៅប្រទេសកម្ពុជាយើងវិញ ជំងឺរលាកសួតនេះក៏កំពុងតែសំលាប់បងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃដែរ។ ១) រោគសញ្ញា៖  - ក្តៅខ្លួន  - ក្អក  - ហត់  - ឈឺទ្រូង…។ ២) ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល៖ អ្នកដែលប្រឈមមុខនឹងការកើតជំងឺរលាកសួតនេះ មានដូចជា មនុស្សចាស់ អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយ(ជំងឺទឹកនោមផ្អែម ជំងឺខ្សោយតំរងនោម ជំងឺមហារីក ជំងឺអេដស៍...) អ្នកជំងឺមានបញ្ហាត្បៀតទងសួត  ជាដើម។ យ៉ាងណាមិញ អ្នកមានសុខភាពបរិបូរណ៍ធម្មតា ក៏អាចកើតជំងឺរលាកសួតនេះបានដែរ។ ជំងឺរលាកសួតជាជំងឺដែលអាចព្យាបាលជាសះស្បើយ ប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលទាន់ពេលវេលា។ មេរោគដែលបង្កជំងឺនេះមានជាង១០០ប្រភេទ (រួមមានបាក់តេរី វីរុស ផ្សិត ប៉ារ៉ាស៊ីត ជាច្រើនប្រភេទ) ។ ដូច្នេះដើម្បីសំគាល់អត្តសញ្ញាណមេរោគទាំងនេះ គ្រូពេទ្យនឹងអាចស្នើសុំ ការថតសួត ការពិនិត្យឈាម ការពិនិត្យកំហាក ការឆ្លុះទងសួតជាដើម ដើម្បីឈានដល់ការព្យាបាលប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។ ៣) ការវិវត្តន៍ ផលវិបាកនៃជំងឺនេះ ករណីមិនមានដំណោះស្រាយទាន់ពេលវេលា អាចធ្វើអោយមេរោគរីករាលដាលខ្លាំងឡើងៗ រហូតដល់អាចជ្រៀតចូលពេញសរពាង្គកាយទាំងមូល និងអាចធ្វើអោយអ្នកជំងឺស្លាប់បាន។ ៤) ការការពារ សព្វថ្ងៃ មានវ៉ាក់សាំងមួយចំនួនអាចកាត់បន្ថយការកើតជំងឺរលាកសួតនេះ ដែលត្រូវបានណែនាំអោយប្រើដូចជាវ៉ាក់សាំងផ្តាសាយInfluenza វ៉ាក់សាំងPneumococcus ជាដើម។ អត្ថបទ វេជ្ជបណ្ឌិត ពៅ សុធា ឯកទេស ជំងឺប្រព័ន្ធដង្ហើម

Share

តើអ្នកផ្តល់អាហារឲ្យសក់របស់អ្នក បានគ្រប់គ្រាន់ហើយឬនៅ? តើអាហារបំប៉នទាំងនោះ គួរតែជាអ្វីខ្លះ? សរសៃសក់ដ៏ស្រស់ស្អាតប្រកបដោយផាសុកភាពរបស់អ្នក ជាផ្នែកមួយនៃរាងកាយដែលត្រូវការអាហារ ក៏ដូចជាសារធាតុចិញ្ចឹមសមស្រប ដើម្បីទ្រទ្រង់ និងដំណើរការលូតលាស់ទៅមុខតាមអាយុកាល។ ដោយហេតុនេះ ហេលស៍ថាម នឹងបង្ហាញនូវអាហារបំប៉នសក់៣យ៉ាង ដែលលោកអ្នកគួរមាន ៖                                             វីតាមីនសំខាន់ៗ -វីតាមីន A ៖ វីតាមីនដ៏សំខាន់សម្រាប់ជួយឲ្យសក់មានសុខភាពល្អគឺវីតាមីនA ដូចទៅនឹងលទ្ធផលនៃដំណើរការធ្វើមេតាបូលីសផ្សេងៗគ្នា។ រាងកាយរបស់យើងផលិតជាបន្តបន្ទាប់នូវរ៉ាឌីកាល់សេរី ដែលអាចបំផ្លាញការលូតលាស់របស់កោសិកាធម្មតាកម្រិតខ្ពស់។ ស្រដៀងគ្នានេះ គល់សក់របស់អ្នកក៏ត្រូវបានបំផ្លាញទៅតាមការផលិតនូវរ៉ាឌីកាល់សេរីនេះដូចគ្នាដែរ។ វីតាមីនA មានលក្ខណៈប្រឆាំងអុកស៊ីតកម្ម ដែលជួយបញ្ឈប់ការបង្កើតរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ និងស្តារសុខភាពសក់ឡើងវិញ។ -វីតាមីន C ៖ ការបំផ្លាញពីរ៉ាឌីកាល់សេរីអាចរារាំងការលូតលាស់ និងធ្វើឲ្យសក់របស់អ្នកចាស់មុនអាយុ។ វីតាមីនC គឺជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ជួយការពារប្រឆាំងការធ្វើអុកស៊ីតកម្មដោយសាររ៉ាឌីកាល់សេរី។ បន្ថែមពីនេះ រាងកាយរបស់អ្នកត្រូវការវីតាមីនC ដើម្បីបង្កើតប្រូតេអុីនមួយប្រភេទ ហៅថាកូឡាជែន ដែលសំខាន់នៅក្នុងផ្នែកមួយនៃការបង្កើតរចនាសម្ព័ន្ធសក់។ បន្លែផ្លែឈើមួយចំនួនដូចជា ស្ត្រូប័ររីម្ទេសផ្លោក ត្របែក និងផ្លែក្រូច សុទ្ធតែជាប្រភពដ៏ល្អនៃវីតាមីនC ធម្មជាតិ។ -វីតាមីន E ៖ ក្នុងការសិក្សាមួយបង្ហាញថាវីតាមីន E មានឥទ្ធិពលប្រហាក់ប្រហែលនឹងវីតាមីនCដែរ វាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារកំណើនច្រើននៃរ៉ាឌីកាល់សេរី។ តាមការពិសោធន៍រកឃើញថា ប្រជាជនដែលមានបញ្ហាសក់ជ្រុះប្រមាណ៣៤.៥% មានការកើនឡើងនូវការលូតលាស់នៃសរសៃសក់ បន្ទាប់ពីបានប្រើប្រាស់វីតាមីន E រយៈពេល៨ខែ។ គួរបញ្ជាក់ថាអាហារដែលសម្បូរដោយវីតាមីន E រួមមាន គ្រាប់ផ្កាឈូករ័ត្ន អាល់ម៉ុង ផ្លែប័រជាដើម។ សារធាតុរ៉ែចាំបាច់ -ជាតិដែក៖  រាងកាយរបស់អ្នក ត្រូវការជាតិដែកដើម្បីជួយឲ្យកោសិកាឈាមក្រហម អាចចាប់យកអុកស៊ីសែនទៅគ្រប់កោសិកាទាំងអស់។ ម៉្យាង វាធ្វើឲ្យជាតិរ៉ែចាំបាច់មួយចំនួន ចូលរួមក្នុងមុខងារសំខាន់ៗនៃរាងកាយ រួមទាំងការលូតលាស់នៃសរសៃសក់ផងដែរ។ គួរបញ្ជាក់ថា ខ្វះជាតិដែកជាមូលហេតុនៃកង្វះគ្រាប់ឈាមក្រហម និងចូលរួមចំណែកក្នុងការបង្កឲ្យសក់ជ្រុះ ពិសេសចំពោះស្ត្រី។ ភាគច្រើនប្រភេទអាហារសម្បូរជាតិដែកជាងគេគឺ អ៊័យស្ទ័រ ស៊ុត សាច់ក្រហម និងបន្លែពណ៌បៃតងចាស់ ជាដើម។ -ជាតិស័ង្កសី៖  វាដើរតួនាទីសំខាន់ក្នុងការលូតលាស់របស់ជាលិកាសក់ និងចូលរួមជួសជុលនូវការខូចខាតផ្សេងៗ។ ជាតិស័ង្កសីក៏ជួយរក្សាក្រពេញប្រេងជុំវិញគល់សក់ ឲ្យដំណើរការបានល្អផងដែរ។អាការៈជ្រុះសក់អាចជាសញ្ញាធម្មតានៃកង្វះជាតិស័ង្កសីនៅក្នុងរាងកាយ។ ដូចនេះ វាអាចជារឿងមួយល្អបំផុតដែលអ្នកបង្កើនបរិមាណជាតិស័ង្កសីពីរបបអាហារប្រចាំថ្ងៃរបស់អ្នក ក្នុងនោះប្រភេទអាហារដែលសម្បូរដោយជាតិស័ង្កសីរួមមានអ៊័យស្ទ័រ សាច់គោ និងស្រូវសាលី ជាដើម។ ប្រូតេអ៊ីនដ៏មានគុណប្រយោជន៍ សក់របស់អ្នកត្រូវបានបង្កើតឡើងស្ទើរតែទាំងស្រុងដោយប្រូតេអ៊ីន ដូច្នេះការបរិភោគប្រូតេអ៊ីនគ្រប់គ្រាន់គឺសំខាន់បំផុត សម្រាប់ដំណើរការលូតលាស់នៃសក់។ កាលណាកម្រិតនៃជាតិប្រូតេអ៊ីនគ្រប់គ្រាន់វានឹងជួយរក្សាឫសសក់របស់អ្នកឲ្យរឹងមាំល្អ និងបង្កើនការលូតលាស់មួយកម្រិតទៀត។ ផ្ទុយមកវិញ ការដែលគ្មាននូវកម្រិតប្រូតេអ៊ីនគ្រប់គ្រាន់មិនត្រឹមតែប៉ះពាល់ដល់សុខភាពអ្នកប៉ុណ្ណោះទេវារឹតតែប៉ះពាល់ដល់សក់ធ្ងន់ធ្ងរថែមទៀត។ អាហារបំប៉នខាងលើនេះ លោកអ្នកអាចបង្គ្រប់បានដោយការទទួលទានចំណីអាហារ ឬអាចប្រើប្រាស់វាក្រោមទម្រង់ជាប្រេងលាបសក់ដោយផ្ទាល់ជាប្រចាំ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ….. ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ថ្ងៃមុន មាននិស្សិតពេទ្យមួយរូបបានចេញផ្សាយនូវ«បទចម្រៀងអង្រួនបេះដូងនិស្សិតពេទ្យ (Vol I)» (បើមិនទាន់អានទេ អាចចុចអាន ត្រង់នេះ បាន) !!! ក្រុមការងារ ក៏បានប្រមូលនូវមតិយោបល់ និងពាក្យណែនាំខ្លះៗរបស់ប្រិយមិត្តអ្នកអាន ជាពិសេសនិស្សិតពេទ្យដទៃទៀត ហើយចងក្រងជាវ៉ុលថ្មីនេះ... ចង់ដឹងថា វ៉ុលនេះ មានអ្វីប្លែកខ្លះ? ហើយអង្រួនបេះដូងដល់កម្រិតណានោះ? តោះ! អានខាងក្រោមជាមួយគ្នា… 1.ដាក់ Braceបេះដូង 2.មាន You, Meលែងត្រូវការ Ibuprofen 3.ជួសឈាម ជំពាក់ស្នេហ៍ 4.មានវ៉ាក់សាំងណាចាក់ឲ្យឈប់នឹកគេ? 5.សារភាពស្នេហ៍តាមវេជ្ជបញ្ជាបេះដូង 6.ត្រូវការអ្នកវាស់ចង្វាក់បេះដូង 7.ស្នេហាអូន/បង មិន resistance 8.ស្រលាញ់មនុស្សម្នាក់ មិនគិតពីក្រុមឈាម 9.ច្រណែនអ្នកថែបេះដូងYou មិនមែន Me 10.ពេលស្តារ មានគេនៅក្បែរ សែនកក់ក្តៅ 11.អូន/បង ជាVidalរបស់បង/អូន 12.ជួបស្នេហ៍ពេលរៀន Botanique 13.បានមើលត្រឹម Anatomy បង 14.ឃើញអូន/បង បង/អូនចង់លេប Para(cetamol) 15.You are my Ibu បើមានអ្វីចង់ចែករំលែកបន្ថែម អាចcommentខាងក្រោមនេះបាន បើបានច្រើន ក្រុមការងារនឹងចងក្រងជាវ៉ុលបន្ទាប់ផងដែរ…ហើយបើមានអ្នកចាប់អារម្មណ៍ចង់សរសេរជាបទចម្រៀងមែនទែននោះ កុំភ្លេចប្រាប់ដល់ក្រុមការងារឲ្យបានដឹងផង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការចិញ្ចឹមបីបាច់ថែរក្សាកូន ជាកាតព្វកិច្ចដ៏ធំ និងចាំបាច់របស់មាតាបិតាគ្រប់រូប ហើយលោកអ្នកក៏ត្រូវតែប្រាកដថាអ្នកនឹងអាចមើលថែទាំពួកគេបានល្អ ឲ្យមានសុខភាពល្អ និងរឹងមាំ ទើបអាចចៀសឆ្ងាយអំពីបញ្ហាសុខភាព ក៏ដូចជាជំងឺផ្សេងៗ។ តើអ្នកដឹងទេថា…ការផ្តល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណ ក៏ដូចជាបំពេញសកម្មភាពមួយចំនួនរយៈពេលប្រមាណ៦០នាទីក្នុងមួយថ្ងៃ ដល់កូនៗរបស់អ្នក គឺអាចការពារពួកគេពីបញ្ហាលើសទម្ងន់ ជំងឺទឹកនោមផ្អែម និងជំងឺរ៉ាំរ៉ៃមួយចំនួនផងដែរ?   បើសិនជាអាច លោកអ្នកអាចសាកល្បងនូវទង្វើ ក៏ដូចជាសកម្មភាពខាងក្រោមនេះ ដើម្បីភាពរឹងមាំ នៃសុខភាព និងជីវិតរបស់កូនជាទីស្រឡាញ់របស់អ្នក…   បង្កើតនូវទម្លាប់ធ្វើអ្វីដែលសកម្ម ត្រឹមតែ៦០នាទី ក្នុងរយៈពេល២៤ម៉ោង (មួយថ្ងៃ)ក៏ល្មមគ្រប់គ្រាន់សម្រាប់ឲ្យអ្នក និងកូនរបស់អ្នកបំពេញនូវសកម្មភាពខ្លះដែលបង្កនូវភាពសកម្មនៅក្នុងក្រុមគ្រួសារ។ ក្នុងនោះ អ្នកអាចសាកល្បងនូវហ្គេមមួយចំនួនដូចខាងក្រោម ៖ - បោះប៉េងប៉ោងលេងទៅវិញទៅមក - ផ្លុំពពុះសាប៊ូ ដែលអាចឲ្យកូនរបស់អ្នករត់ចាប់លេង - លេងបាល់ទាត់ ឬលេងបោះបាល់ - ដើរកម្សាន្តនៅសួនច្បារ ឬទីធ្លាណាមួយ។ លើកទឹកចិត្តពួកគេក្នុងការបំពេញសកម្មភាព មានវិធីជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីបង្ហាញអំពីការផ្តល់កម្លាំងចិត្តដល់ពួកគេក្នុងការបំពេញសកម្មភាពដែលជួយឲ្យសុខភាពរឹងមាំ។ ជាក់ស្តែងបន្ថែមពីលើការចុះឈ្មោះឲ្យពួកគេក្នុងក្លឹបកីឡា ឬថ្នាក់រៀនអ្វីនោះ អ្នកក៏គួរតែចំណាយពេលខ្លះទៅចូលរួមមើលពួកគេ ឬលើកទឹកចិត្តពេលមានការប្រកួតមិនថាមិត្តភាព ឬប្រកួតដណ្តើមពានរង្វាន់ក្តី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចគាំទ្រដល់ពួកគេ ដោយការត្រៀមនូវសម្លៀកបំពាក់ត្រឹមត្រូវសមស្របទៅនឹងសកម្មភាព ឬធ្វើការរៀបចំអាហារ ឬភេសជ្ជៈដែលជួយទ្រទ្រង់ដល់សកម្មភាពទាំងនោះផងដែរ។ កាត់បន្ថយ ឬកម្រិតពេលសម្លឹងអេក្រង់ ពេលសម្លឹងអេក្រង់ ជាពិសេសការមើលទូរទស្សន៍និងលេងអុីនធើណែត សុទ្ធតែបង្អាក់ពួកគេពីការធ្វើសកម្មភាព ហេតុនេះហើយ អ្នកត្រូវតែមានការដាក់កម្រិត និងកំណត់ពេលវេលា (អ្នកជំនាញណែនាំថា គួរតែចំណាយពេលតិចជាង២ម៉ោង សម្រាប់កុមារដែលមានអាយុ២ឆ្នាំ ឬលើសពីនេះ)ដែលពួកគេគួរតែចំណាយក្នុងការសម្លឹងមើលអេក្រង់។ បើសិនជាអាច អ្នកគួរតែចៀសវាងការដាក់ទូរទស្សន៍ ឬកុំព្យូទ័រនៅក្នុងបន្ទប់របស់ពួកគេហើយដាក់នៅបន្ទប់ទទួលភ្ញៀវ ឬ កន្លែងណាដែលអ្នកអាចឃ្លាំមើលពួកគេបាន។ បន្ថែមពីលើនេះ អ្នកក៏គួរតែមានគម្រោងក្នុងការធ្វើសកម្មភាពផ្សេងៗដើម្បីជំនួសឲ្យការចំណាយពេលអង្គុយចុច និងសម្លឹងមើលតែអេក្រង់។   បង្កើតទម្លាប់ក្នុងការរៀបចំអាហារដែលល្អសម្រាប់សុខភាព វាអាចជាទង្វើតូចតាចដែលអ្នកធ្វើជាប្រចាំក្នុងការរៀបចំម្ហូបអាហារសម្រាប់ក្រុមគ្រួសារ ក្នុងនោះមានដូចជា ការចម្អិនអាហារដោយប្រើប្រេងអូលីវជំនួសឲ្យប៊័រ  ការកាត់បន្ថយការទទួលទានអាហារដែលមានជាតិផ្អែមជាពិសេសនៅពេលយប់ ជំនួសឲ្យការរៀបចំនូវភេសជ្ជៈកំប៉ុង អ្នកគួររៀបចំទឹកធម្មតា ទឹកដោះគោមានជាតិខ្លាញ់ទាប(Low-fat milk) ទឹកផ្លែឈើស្រស់ និងប្រើប្រាស់បន្លែក្នុងអាហារឲ្យបានច្រើន។ល។ ប្រុងប្រយ័ត្នជាមួយរបៀបរបបក្នុងការទុកដាក់អាហារ អ្នកប្រហែលជាមិនចាប់អារម្មណ៍ទេថា ទម្លាប់មួយចំនួនជាពិសេសការទុកដាក់ចំណីអាហារនៅក្នុងផ្ទះរបស់អ្នកក៏មានឥទ្ធិពលលើសុខភាពរបស់ពួកគេដែរ។ ជាក់ស្តែង ជាជាងការដាក់នូវប្រអប់នំ ឬចំណីកញ្ចប់ អ្នកគួរត្រៀមនូវផ្លែឈើ ឬអាហារដែលចម្អិននៅផ្ទះសម្រាប់ពួកគេវិញ។ គន្លឹះមួយទៀត គឺការប្រើប្រាស់ចានដែលមានទំហំតូចល្មមនិងប្រើជាប្រចាំ ដើម្បីកម្រិតនូវបរិមាណនៃការទទួលទានរបស់ពួកគេ។   ធ្វើជាគំរូដល់កូនរបស់អ្នក ដូចដែលដឹងស្រាប់ហើយថា លោកអ្នកជាគំរូទីមួយ និងជិតស្និទ្ធជាងគេសម្រាប់បុត្រធីតារបស់អ្នក ហេតុនេះហើយ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវទម្លាប់ល្អអ្វីនោះ ពួកគេក៏នឹងងាយអនុវត្តតាមផងដែរ។ ជាឧទាហរណ៍ អ្នកអាចមានទម្លាប់ក្នុងការចាត់ទុកសុខភាពជាអាទិភាព តាមរយៈសកម្មភាពប្រចាំថ្ងៃនៅចំពោះមុខពួកគេ ហើយពន្យល់ប្រាប់ ក៏ដូចជារំលឹកជារឿយៗអំពីអត្ថប្រយោជន៍របស់វា។ ថ្វីត្បិតថា វាត្រូវការពេលវេលាខ្លះក៏ដោយ ពួកគេនឹងសង្កេតឃើញ និងអនុវត្តតាមបន្តិចម្តងៗជាមិនខាន។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

កញ្ចក់ភ្នែកជាស្រទាប់ការពារភ្នែកមួយដ៏ល្អ ជួយការពារពីភាពកខ្វក់ មេរោគ និងការប៉ះទង្គិចពីវត្ថុផ្សេងៗ ព្រមទាំងមានតួនាទីសំខាន់ក្នុងគំហើញ។ ករណីកញ្ចក់ភ្នែកមានបញ្ហា វាអាចធ្វើឲ្យមានស្នាមជាប់កញ្ចក់ភ្នែក ជាហេតុឲ្យប៉ះពាល់គំហើញ។ តាមបច្ចេកវិទ្យាជឿនលឿនថ្មីៗនេះ ទើបមានការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតតាមលក្ខណៈ 3D Printing ដែលអាចជំនួសកញ្ចក់ភ្នែកចាស់ដែលខូចបាន។បច្ចេកវិទ្យា 3D Printing ធ្លាប់បានយកមកប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រផងដែរដោយបង្កើតឧបករណ៍សិប្បនិម្មិតសម្រាប់ជំនួយដល់អ្នកពិការផលិតទម្រង់កាយវិភាគវិទ្យា (Ana-tomical Model) ជំនួយបន្ថែមសម្រាប់ការសិក្សារបស់និស្សិតវេជ្ជសាស្ត្រ ហើយក៏កំពុងសិក្សាបង្កើតសរីរាង្គខាងក្នុងជាច្រើន ចំាបាច់សម្រាប់តម្រូវការរបស់មនុស្ស ដោយហេតុថា ការបរិច្ចាគសរីរាង្គមានចំនួនកំណត់ក្នុងពេលបច្ចុប្បន្ន។  កញ្ចក់ភ្នែកសិប្បនិម្មិតត្រូវបានផលិតដោយក្រុមអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Newcastle ប្រទេសអង់គ្លេស។ ការផលិតនេះ ចាត់ទុកថាជាសមិទ្ធិផលដ៏ល្អមួយក្នុងន័យធ្វើឲ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើងនាពេលអនាគត។សព្វថ្ងៃ មានចំនួន ការបរិច្ចាគកញ្ចក់ភ្នែកតិចតួចដែលអាចធ្វើការប្តូរបាន មិនតែប៉ុណ្ណោះ មានប្រជាជនប្រហែល ១០លាននាក់ក្នុងពិភពលោកចាំបាច់ត្រូវការវះកាត់ដើម្បីការពារកញ្ចក់ភ្នែកពីការខ្វាក់ដោយសារបញ្ហាដូចជា ជំងឺ Trachoma និងការឆ្លងមេរោគផ្សេងៗ។ លើសពីនេះទៅទៀត មានប្រជាជនចំនួនប្រហែល ៥លាននាក់ជួបបញ្ហាខ្វាក់ភ្នែកដោយសារមានស្នាមនៅកញ្ចក់ភ្នែក ដោយពីការរលាក ការប៉ះទង្គិច និងជំងឺភ្នែកជាច្រើន។  នៅក្នុងការស្រាវជ្រាវមួយ ផ្សាយចេញនៅក្នុង Exprimental Eye Research បានឲ្យឃើញថារបៀបបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតដោយយក Stromal cell របស់អ្នកបរិច្ចាគកញ្ចក់ភ្នែកដែលនៅល្អ ទៅលាយជាមួយនឹង Alginate និង Collagen  ដើម្បីបង្កើតជាសូលុយស្យុងដែលអាចបោះពុម្ពបាន ហៅថា Bio-Ink។ ការប្រើប្រាស់ 3D Bio-Printing ដែលមានតម្លៃមិនសូវថ្លៃ អាចមានសមត្ថភាព បង្កើតកញ្ចក់ភ្នែកសិប្បនិម្មិត ដូចទៅនឹងកញ្ចក់ភ្នែកពិតរបស់មនុស្ស ព្រមទាំងប្រើប្រាស់រយៈពេលខ្លី ត្រឹមតែ ១០នាទីប៉ុណ្ណោះ។  សាស្រ្តាចារ្យ Che Connon ផ្នែកវិស្វកម្មជាលិកានៃសាកលវិទ្យាល័យ Newcastle ប្រទេសអង់គ្លេស បានលើកឡើងថា មានក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនទូទាំងពិភពលោកដែលស្រាវជ្រាវអំពី Bio-Ink ដើម្បីចង់ឲ្យការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតនេះបានជោគជ័យ។ ការប្រើប្រាស់ Alginate និងCollagen របស់គាត់ អាចធ្វើឲ្យកោសិកានៅរស់បាន ស្របពេលបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតដែលតម្រូវតាមទំហំកញ្ចក់ភ្នែករបស់អ្នកជំងឺ។ អ្នកវិទ្យាសាស្ត្រ និងក្រុមនិស្សិតផ្នែក Genetic Medicine  នៃសាកលវិទ្យាល័យ Newcastle បានបញ្ជាក់ថា ការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតតាម 3D Bio-Printing ពិតជាអាចទៅរួច ព្រមទាំងតម្រូវចំភាពលម្អិតនៃកញ្ចក់ភ្នែករបស់អ្នកជំងឺផងដែរ។  សាស្រ្តាចារ្យ Che Connon បន្ថែមទៀតថា ការសិក្សារបស់គាត់នេះកំពុងសិ្ថតក្នុងការធ្វើតេស្តបន្ថែមទៀត ហើយប្រហែលជាច្រើនឆ្នាំទៅអនាគតនឹងអាចមានការប្រើប្រាស់កញ្ចក់ភ្នែកសិប្បនិម្មិតនេះ ដើម្បីផ្លាស់ប្តូរឲ្យអ្នកជំងឺផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

និយមន័យ ដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ (Ulcèregastro duodénal: UGD) ជាដំបៅស៊ីរូងទៅលើភ្នាសរបស់ក្រពះ ឬក៏ពោះវៀនតូចជាប់ក្រពះ (Couche muqueuse Couche musculeuse)។ ដំបៅទាំងនេះអាចកើតចំពោះមនុស្សគ្រប់វ័យ ដែលអាយុភាគច្រើន គឺចាប់ពី៤០ឆ្នាំឡើងទៅ ជាពិសេសកើតលើបុរសច្រើនជាងស្ត្រី (3M/1F)។ កត្តាបង្កហេតុ ជាទូទៅ ជំងឺនេះមានមូលហេតុចម្បង៥ រួមមាន៖ 1.     ការបង្កដោយមេរោគក្រពះ (Helicobacter pylori : HP) 2.     ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទ AINS ៨-២០% 3.     បញ្ហាស្ត្រេស (កំពុងតែជជែកគ្នានៅឡើយរវាងគ្រូពេទ្យឯកទេស និងគ្រូពេទ្យឯកទេស) 4.     ការមានទម្លាប់ជក់បារីជាប្រចាំ 5.     ការផឹកស្រា ឬប្រភេទអាល់កុលកម្រិតខ្ពស់ញឹកញាប់។   រោគសញ្ញា ភាគច្រើននៃអ្នកជំងឺដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ លេចចេញសញ្ញាដូចជា ការឈឺចុកចាប់នៅត្រង់ចុងដង្ហើម ឬផ្នែកខាងក្រោមឆ្អឹងជំនីស្តាំ ជួនកាល សាយដល់ក្រោយខ្នង ឬ ស្មាក្នុងកម្រិតតិច ឫ ខ្លាំងមានលក្ខណៈដូចជា អួលៗ រមួល ឬតឹងពោះ ជួនកាល ធ្ងន់ធ្ងរខ្លាំងបន្ទោបង់អាចមានលាមកពណ៌ខ្មៅ។ ការធ្វើរោគវិនិច្ឆ័យ អ្នកជំងឺត្រូវបានសាកសួរ និងពិនិត្យលើដំបៅក្រពះបង្ហាញថា មានសញ្ញាច្បាស់លាស់ (៥០%) គឺជាការឈឺចុកចាប់របៀបជារមួលនៅតំបន់ចុងដង្ហើម មានលក្ខណៈរ៉ាំរ៉ៃ កើតរាល់ពេលមុនការហូបបាយ ហើយធូរស្រាល បន្ទាប់ពីបរិភោគអាហាររួច។ លើសពីនេះ ដើម្បីបញ្ជាក់រោគវិនិច្ឆ័យឲ្យកាន់តែច្បាស់ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការឆ្លុះក្រពះ និងពោះវៀនតូចជាប់ក្រពះ (Fibroscopie Œso Gastro Duodenale: FOGD) ហើយច្រឹបយកសាច់ក្រពះ ទៅវិភាគ។   ផលវិបាកនៃជំងឺ ករណីមិនទទួលបានការព្យាបាលទាន់ពេលវេលា អ្នកជំងឺអាចជួបនឹងផលវិបាកដូចជា៖ • ការហូរឈាមចេញពីដំបៅ ដែលបណ្តាលឲ្យមានការក្អួតឈាម ឬលាមកពណ៌ខ្មៅ • ការធ្លាយក្រពះ ឬពោះវៀនតូចជាប់ក្រពះ • ការស្ទះចំណីអាហារបញ្ជូនពីក្រពះទៅពោះវៀនតូចជាប់នឹងក្រពះ • បង្កឲ្យទៅជាដំបៅមហារីក។   ការព្យាបាល ចំពោះការព្យាបាលអ្នកជំងឺដំបៅក្រពះ ត្រូវប្រើថ្នាំលេបរយៈពេល ១ខែទៅ២ខែ ព្រមទាំងបរិភោគអាហារមានអនាម័យ ទៀងទាត់ពេលវេលា ចៀសវាងការប្រើថ្នាំផ្តេសផ្តាសដោយពុំបានពិគ្រោះជាមួយគ្រូពេទ្យ។ ការព្យាបាលដោយការវះកាត់ នឹងធ្វើឡើងចំពោះភាពធ្ងន់ធ្ងរនៃដំបៅខ្លាំងពេក ដូចជាការធ្លាយ ការស្ទះ ឬក៏មហារីកក្រពះជាដើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត អ៊ុក សារ៉ម ឯកទេសថ្លើម ក្រពះ ពោះវៀន និងមានតួនាទីជាអនុប្រធាន Département ផ្នែកវេជ្ជសាស្ត្រទូទៅ នៃមន្ទីរពេទ្យព្រះកុសុមៈ  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការប្រើប្រាស់ឱសថសម្រាប់បំបាត់ជំងឺរាកអាចធ្វើទៅបាន និងមានប្រសិទ្ធភាព ប្រសិនបានដឹងពីមូលហេតុដែលបង្កឲ្យមានជំងឺនោះឡើង យ៉ាងណាមិញ ត្រូវប្រុងប្រយ័ត្នដោយសារការសន្និដ្ឋានអាចមានភាពមិនត្រឹមត្រូវ។ គួរដឹងអ្វីខ្លះ ពីជំងឺរាក? ជំងឺរាកស្រួចស្រាវ អាចកើតមានឡើងភ្លាមៗ ដែលឱសថការីអាចធ្វើការព្យាបាលបាន ចំណែក ចំពោះជំងឺរាកដែលអូសបន្លាយច្រើនជាង  ៤សប្តាហ៍ អាចចាត់ចូលជាជំងឺរាករ៉ាំរ៉ៃ បង្កឡើងដោយមូលហេតុច្រើនរួមបញ្ចូលគ្នា   នាំឲ្យការព្យាបាលក៏ត្រូវប្រព្រឹត្តឡើងទៅតាមស្ថានភាពនីមួយៗ ជាមួយនឹងការប្រើប្រាស់ឱសថខុសៗគ្នាផងដែរ។ ឱសថមួយចំនួនទៀតក៏អាចបណ្តាលឲ្យមានជំងឺរាកផងដែរដូចជា៖ •Colchicine •Digitaline •ឱសថពាសក្រពះ (Pansements digestifs) ក្នុងកម្រិតខ្ពស់ •Benfluorex •ថ្នាំផ្សះ។ ភាគច្រើននៃជំងឺរាកស្រួចស្រាវចំពោះមនុស្សពេញវ័យបណ្តាលមកពីការចម្លងដោយពពួកវីរុស Rotavirus និងពពួក Colibacilles Salmonelles Staphylocoques ចំណែកក្នុងករណីកម្រអាចបណ្តាលមកពី Shigelles ដែលការឆ្លងមានលក្ខណៈពេញមួយគ្រួសារ ឬចម្លងតាមភោជនីយដ្ឋាន។ បន្ថែមពីនោះ ជំងឺរាកក៏អាចលេចឡើង បន្ទាប់ពីមានដំណើរកម្សាន្តទៅកាន់ប្រទេសដែលមានបញ្ហាខ្វះខាតអនាម័យផងដែរ។ អ្វីគួរណែនាំ? ការតមអាហារហាក់ដូចជាគ្មានប្រសិទ្ធភាពក្នុងការធ្វើឲ្យរោគសញ្ញាធូរស្បើយនោះទេ   ដោយឡែក អ្នកត្រូវឲ្យអ្នកជំងឺបន្តញ៉ាំទឹកឲ្យបានច្រើន ដើម្បីបង្ការការបាត់បង់ជាតិទឹក  មានដូចជា  ទឹកឆ្អិនធម្មតា ទឹកតែ ទឹកដែលចម្រាញ់ពីបន្លែនានា (ដែលមានរួមបញ្ចូលនូវទឹក និងសារធាតុរ៉ែ) ឬកូកាកូឡា ដែលធ្វើការយ៉ាងល្អសម្រាប់ប្រឆាំងនឹងអាការៈរាក។ សម្រាប់ការណែនាំផ្សេងទៀតអាចមានដូចជា៖ • អាចប្រើប្រាស់ឱសថពពួក Lopéramide ដែលមានសមត្ថភាពទៅបន្ថយលំហូរនៃចលនាពោះវៀនដែលមានឈ្មោះដូចជា Lodiarid (Clément), Imossel (JP Martin), Dyspagon (Pirre Fabre) ឬ Peracel (Monot)។ សម្រាប់ការប្រើប្រាស់ គឺអាចលេប ២គ្រាប់ក្នុងមួយថ្ងៃ ហាមលើសពី ៦គ្រាប់ក្នុងមួយថ្ងៃ ប៉ុន្តែ ឱសថនេះមិនអាចប្រើប្រាស់ចំពោះកុមារអាយុក្រោម ៨ឆ្នាំ និងស្រ្តីមានផ្ទៃពោះទេ។ • ក្នុងករណីអ្នកដឹងពីមូលហេតុពិតប្រាកដក្នុងការបង្កជាបញ្ហារាកនេះ ថាទាក់ទងនឹងបាក់តេរី​អាចណែនាំឲ្យប្រើប្រាស់ឱសថអង់ទីប៊ីយ៉ូទិកពពួក Nifuroxazide ដែលអាចមានឈ្មោះ Bifix (Roche-Nicholas)។ សម្រាប់ការប្រើប្រាស់គឺអាចលេប ៤គ្រាប់ក្នុងមួយថ្ងៃ ដែលប្រើតែក្នុងរយៈពេល៣ថ្ងៃ។ ប្រភពយោង៖ Le vademecum de la médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជំងឺអុតស្វាយកើតមាននៅលើអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ មិនមានអង់ទីក័រការពារពីម្តាយឬមិនបានចាក់វ៉ាក់សាំងការពារ។ គេច្រើនសង្កេតឃើញជំងឺនេះ កើតច្រើនលើកុមារមានអាយុចន្លោះពី ៦ខែដល់១៥ឆ្នាំ។ សំណួរ ៖ កូនប្រុសនាងខ្ញុំអាយុ ៥ឆ្នាំ ប៉ុន្មានថ្ងៃនេះ កូនខ្ញុំមានចេញអុតស្វាយស្ទើរពេញខ្លួន។ នាងខ្ញុំចង់សួរគ្រូពេទ្យថាតើជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតឬទេ? ហើយធ្វើយ៉ាងណាទៅទើបឆាប់ជាទៅវិញ? ចម្លើយ ៖ ជំងឺអុតស្វាយមាន៥ ប្រភេទ ហើយក៏អាចបង្ការ និងព្យាបាលបានដែរ។ ចំពោះជំងឺអុតស្វាយ អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបានតាមរយៈទឹករងៃ។ ជំងឺនេះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រោះវាកើតជាដំបៅធំៗ និងគ្រប់កន្លែង ជាពិសេសកើតមានលើភ្នែក បំពង់ក ក្នុងត្រចៀក និងលើប្រដាប់ភេទជាដើម ហើយបន្សល់ជាស្នាមធំៗ។  គួរបញ្ជាក់ផងដែរថា ជំងឺអុតស្វាយអាចកើតលើសពីម្តងចំពោះមនុស្សម្នាក់ ហេតុនេះការចាក់វ៉ាក់សាំងការពារបានចំពោះអ្នកធ្លាប់កើតប្រភេទអុតស្វាយកម្រិតស្រាល។ ពេលកូនមានជំងឺនេះ គួរតែបញ្ជូនកុមារ ទៅមន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ដើម្បីព្យាបាល និងគួរតែលុបបំបាត់គំនិតដែលថាពេល មានជំងឺអុតស្វាយ មិនបាច់ទៅជួបគ្រូពេទ្យជំនាញគ្រាន់តែទុកឲ្យអ្នកជំងឺ ងូតទឹក និងមិនបាច់មានការព្យាបាលនោះ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ជា គឹមហោ ឯកទេសរោគកុមារ នាយករងប្រតិបត្តិមន្ទីរពេទ្យចំការមន និងជាប្រធានគ្លីនិកពេជ្រស័ក្តិសិទ្ធិ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top